Author: វល័ក្ខ

  • គូស្វាមី 11គូ មានសំណាងឈ្នះរង្វាន់ពីស្រាបៀថៃហ្គ័រ

    គូស្វាមី 11គូ មានសំណាងឈ្នះរង្វាន់ពីស្រាបៀថៃហ្គ័រ

    ភ្នំពេញ៖ នៅថ្ងៃទី 11 ខែមិថុនា ឆ្នាំ2017 ស្រាបៀរថៃហ្គ័រ (Tiger Beer) បានរៀបចំកម្មវិធីចាប់ឆ្នោតជ័យមង្គលលើកទី1 រដូវកាលថ្មីនៅស្ថានីយទូរទស្សន៍ PNN ដើម្បីផ្តល់រង្វាន់ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរថៃហ្គ័រក្នុងកម្មពិធីអាពាហ៍ពិពាហ៍ក្នុង ឆ្នាំ 2017 ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ក្រុមការងារស្រាបៀរថៃហ្គ័រ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

    កម្មវិធីចាប់ឆ្នោតរដូវកាលថ្មីនេះ ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរថៃហ្គ័រក្នុងគោលបំណង ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនស្រាបៀរថៃហ្គ័រចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរថៃហ្គ័ររក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ រង្វាន់ដែលបានចាប់ឆ្នោតលើកទីមួយនេះរួមមាន iPhone 7 ចំនួន 3 រង្វាន់ ទូរទស្សន៍ Smart TV ចំនួន 3 រង្វាន់ និងទូរទឹកកក ចំនួន 5 រង្វាន់។

    លោកអ្នកអាចស្វែងរកឈ្មោះរបស់លោកអ្នកនៅលើកាសែត កោះសន្តិភាព ឬលើគេហទំព័រ Facebook (Tiger Beer KH)។

    ចំពោះគូស្វាមីដែលមានភ័ព្វសំណាងឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់។ ដើម្បីបើករង្វាន់ សូមភ្ជាប់មកជាមួយនូវសំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹកឆ្នោតឈ្នះរង្វាន់ វិក្កយបត្រទិញផលិតផល លិខិតអញ្ជើញអាពាហ៍ពិពាហ៍ និងរូបថតអាពាហ៍ពិពាហ៍ចំនួន 1សន្លឹក។

    គួររម្លឹកផងដែរថា ថៃហ្គ័រគឺជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានលក់ច្រើនជាង 70 ប្រទេសដែលកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃពីអតិថិជនទាំងនៅលើទីផ្សារកម្ពុជា និង ពិភពលោក ហើយជាពិសេស Tiger ជាស្រាបៀរដែលសក្ត័សមបំផុតសម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេងៗ។ សម្រាប់ឆ្នាំ 2017 នេះ អតិថិជនដែលជាវស្រាបៀរ Tiger កំប៉ុង ឬ ដប ចាប់ពី 25កេសឡើងទៅសម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍របស់ខ្លួននឹងអាចមានឱកាសឈ្នះរង្វាន់ធំរថយន្ត AUDI Q5 2016 ស៊េរីទំនើបថ្មីសន្លាងចំនួន 1រង្វាន់ រួមជាមួយរង្វាន់ជាច្រើនទៀតដូចជា iPhone 7 ចំនួន 5 រង្វាន់ ទូរទស្សន៍ Smart TV ចំនួន 5 រង្វាន់ និង ទូរទឹកកក ចំនួន 10 រង្វាន់។

    ឆ្លុះបញ្ចាំងប្រណិតភាពនៃអាពាហ៍ពិពាហ៍ ជាមួយស្រាបៀរ Tiger!

    ពិសាដោយការទទួលខុសត្រូវ

  • នៅកម្ពុជា កុមារដែលធ្វើការលើសម៉ោងអាចបោះបង់ការសិក្សាចោល

    នៅកម្ពុជា កុមារដែលធ្វើការលើសម៉ោងអាចបោះបង់ការសិក្សាចោល

    កុមារជាទំពាំងស្នងឫស្សី ហើយក៏ជាអ្នកបន្តវេនសម្រាប់សង្គមដែរ។ នៅពេលដែលកុមារទទួលបានការអប់រំល្អ នោះអនាគតរបស់សង្គមជាតិក៏នឹងស្ថិតក្នុងស្ថានភាពល្អដូចគ្នា តែនៅកម្ពុជាកុមារមួយចំនួន ជាពិសេសនៅតាមតំបន់ជនបទកំពុងស្ថិតក្នុងស្ថានភាពមិនសូវល្អ ព្រោះពួកគេមានអត្រាបោះបង់ចោលការសិក្សាច្រើន។

    ក្រសួងអប់រំ យុវជន និងកីឡា បានចេញរបាយការណ៍ ក៏ដូចជាសូចនាករអប់រំសម្រាប់ថ្នាក់បឋមសិក្សាមួយដែលបង្ហាញថា អត្រានៃការបោះបង់ចោលការសិក្សារបស់កុមារមានការថយចុះ តែទោះជាយ៉ាងណាសញ្ញាអវិជ្ជមានមួយចំនួនក៏កំពុងកើតមានផងដែរនៅកម្ពុជា។

    ការបោះបង់ចោលការសិក្សារបស់កុមារភាគច្រើនកើតចេញមកពីកត្តាជីវភាព និងការបណ្តោយ ឬបង្ខំឱ្យកុមារធ្វើការងារច្រើន លើសម៉ោងដើម្បីរកប្រាក់ចំណូលមកជួយចិញ្ចឹមគ្រួសារ។

    ថ្មីៗនេះ អង្គការ UNICEF នៅកម្ពុជា បានបង្ហាញថា កុមារដែលធ្វើការងារច្រើនជាង 23ម៉ោងក្នុងមួយសប្តាហ៍ អាចនឹងបោះបង់ចោលការសិក្សាច្រើនជាងកុមារដែលមិនបានធ្វើការ។ ទន្ទឹមនឹងនេះ ស្ថាប័នខាងលើក៏បានបង្ហាញផងដែរថា កុមារគួរតែទៅសាលារៀនដើម្បីទទួលបានចំណេះដឹង មិនមែនទៅធ្វើការងាររកប្រាក់ទេ។ ការអប់រំកុមារ មានឥទ្ធិពលក្នុងការបញ្ចប់វិសមភាពឆ្លងជំនាន់ និងជួយលើកកម្ពស់ជីវិតកុមារនាពេលអនាគត៕

  • អ៉ីរ៉ង់ ចូល​រួម​ជា​មួយ ប្រេស៊ីល ក្នុង​ការ​ឈ្នះ​កៅអី​ទៅ World Cup ឆ្នាំ​ 2018

    អ៉ីរ៉ង់ ចូល​រួម​ជា​មួយ ប្រេស៊ីល ក្នុង​ការ​ឈ្នះ​កៅអី​ទៅ World Cup ឆ្នាំ​ 2018

    ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អ៊ី​រ៉ង់ បាន​​ក្លាយ​ជាក្រុម​ទី​2​ក្នុង​ការ​ឈ្នះ​សិទ្ធិ​ទៅ​ប្រកួតក្នុង​ព្រឹត្តិការណ៍ World Cup ជុំ​ផ្តាច់​ព្រ័ត្រនៅ​ឆ្នាំ​ក្រោយ បន្ទាប់ពីពួក​គេ​បាន​ផ្តួល​ក្រុម​ជម្រើស​ជាតិ​​អ៊ូស​បេ​គី​ស្ថាន ក្នុង​លទ្ធ​ផល 2-០ ក្រោយ​ពី​មាន​គ្រាប់​បាល់​​ស៊ុត​បញ្ចូល​ទីពី​សំណាក់​ខ្សែ​ប្រយុទ្ធ Sardar Azmoun និង Mehdi Taremi នា​កីឡដ្ឋាន Azadi កាល​ពី​ថ្ងៃ​ចន្ទ​។

    គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​នៅ​ពាក់​កណ្តាល​តង់​ទី1​របស់ Azmoun បាន​ជួយ​ឲ្យ​​ក្រុម​ជម្រើស​ជាតិ​​អ៊ី​រ៉ង់ ស្ថិត​នៅ​​លើ​​ផ្លូវ​ឆ្ពោះ​ទៅកាន់​ការ​ឈ្នះ​​សិទ្ធិ​ទៅ​លេង​ក្នុង​ព្រឹត្តិ​ការណ៍ World Cup ឆ្នាំ​2018 ក្នុង​​ប្រទេស​រុស្ស៊ី នៅ​មុន​ពេល Taremi បាន​បន្ថែម​​គ្រាប់​បាល់​ទី​2​នៅ​រយៈ​​ពេល​2នាទី​ចុង​ក្រោយ​ ធ្វើឱ្យអ៊ី​រ៉ង់ បាន​ឈាន​ទៅកាន់​យុទ្ធ​នា​ការ World Cup ពីរ​លើក​ជាប់​ៗ​​គ្នា​ជា​លើក​ទី​មួយ​។ ក្រុម​ម្ចាស់​ជើ​ង​​ឯក​ទ្វីប​អាស៊ី​​3​សម័យ​កាល​មួយ​នេះ ដែល​​​បាន​ស៊ុត​បាល់​ប៉េ​ណាល់​ទីមិន​ចូល​ទី​1​គ្រាប់​ផង​ដែរ​នោះ នឹង​ចូល​រួម​ជា​មួយ​នឹ​ងក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ក្នុង​នាម​ជា​ក្រុម​ដែល​ឈ្នះ​សិទ្ធិ​ទៅ​ប្រកួ​ត​មក​ទល់​ពេល​នេះ ក្រោយ​ពី​អ៊ី​រ៉ង់ បាន​​​ឈ្នះ​កៅអី​ទៅ​លេង​ក្នុង​យុទ្ធ​នា​ការ World Cup ជាលើក​ទី​5របស់​ខ្លួន​។ ជ័យ​ជម្នះ​នេះ​មានន័យ​ថា ក្រុម​អ៊ី​រ៉ង់​​របស់លោក​​​គ្រូ​បង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គាល់​ Carlos Queiroz នឹង​​បញ្ចប់​​ក្នុង​ចំណាត់​ថ្នាក់​​លេខ​1 ឬ​​លេខ​​2​ក្នុង​ពូល A នៃ​ការ​ប្រកួត​ជម្រុះ​ជុំ​ចុង​ក្រោយ​ក្នុង​តំបន់​អាស៊ី​។

    ក្រុម​ជម្រើស​ជាតិ​អ៊ូស​បេ​គីស្ថាន កំពុង​តែ​ដេញ​តាម​ពី​ក្រោយ​​ក្រុម​កំពុង​នាំ​មុខ​មួយ​នេះ​8​ពិន្ទុ ក្នុង​ចំណាត់​ថ្នាក់​លេខ​3 ខណៈ​ដែល​នៅ​សល់​ការ​ប្រកួត​​ត្រឹម​តែ​2​លើក​​ទៀត​ប៉ុណ្ណោះ​។ ក្រុម​​ឈរ​លេខ​1 និង​លេខ​2 ពី​ពូល​ទាំង​ពីរនេះ​​ក្នុង​វគ្គ​ជម្រុះ​នៅ​អាស៊ី នឹង​​ឈាន​ទៅ​ប្រកួត World Cup ដោយ​ស្វ័យ​ប្រវត្តិ ខណៈ​ដែល​ក្រុម​ឈរ​លេខ​3 នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​វគ្គ Playoff​៕

    ប្រភព​ពី​៖ Eurosport.com

  • ASUS បើកសម្ពោធ Gaming Store ដំបូងគេបង្អស់នៅកម្ពុជា

    ASUS បើកសម្ពោធ Gaming Store ដំបូងគេបង្អស់នៅកម្ពុជា

    ក្រោយមានតម្រូវការខ្ពស់ជាមួយនឹងកុំព្យូទ័រសម្រាប់លេងហ្គេម និងការងារផ្នែករចនាប្លង់ កាត់តវីដេអូ ក្រុមហ៊ុន Asus បានសម្រេចបើកនូវហាង Gaming Store ដំបូងគេបង្អស់នៅកម្ពុជា ដើម្បីឱ្យអតិថិជនរបស់ខ្លួនអាចធ្វើការចុចប្រើសាកល្បង រាល់កុំព្យូទ័រស៊េរីថ្មីៗដែលមានលក់ក្នុងទីផ្សារ។

    ហាង Gaming Store នោះមានទីតាំងនៅក្នុងផ្សារទំនើប City Mall ជាន់ផ្ទាល់ដី ផ្តោតសំខាន់ទៅលើផលិតផលសម្រាប់ហ្គេម រួមមានដូចជា កុំព្យូទ័រយួរដៃ កុំព្យូទ័រលើតុ គ្រឿងផ្គុំ (Hardware) និងឧបករណ៍ចាំបាច់ជាច្រើនទៀត។

    លោក ឈុន ហ៊ុយ នាយកគ្រប់គ្រងហាង Gaming Store បានឱ្យដឹងថា ការបើកសម្ពោធហាងថ្មីនេះ ផ្ដោតសំខាន់លើក្រុមយុវវ័យដែលនិយមចូលចិត្តលេងហ្គេមតាមរយៈកុំព្យូទ័រ សិស្សនិស្សិត និងអ្នកដែលធ្វើការងារផ្នែករចនាប្លង់ ដែលត្រូវការកុំព្យូទ័រមានសមត្ថភាពខ្លាំង ដំណើរការរលូន ប្រើយូរមិនក្ដៅ ជាដើម។

     

    លោកថ្លែងថា៖«ខ្ញុំចង់អ្នកឱ្យប្រើប្រាស់ ទាំង Gamer ឬអ្នកប្រើប្រាស់ទូទៅ ទទួលបានបទពិសោធដ៏ល្អក្នុងការប្រើប្រាស់របស់ដែលមានគុណភាព និងសេវាកម្មល្អ។ នៅទីនេះ ពួកគាត់អាចប៉ះផ្ទាល់ និងសាកល្បងសមត្ថភាពផលិតផលមុននឹងសម្រេចចិត្តទិញ»។ លោកបន្តថា លក្ខណៈល្អមួយទៀតរបស់ហាងនេះ គឺអ្នកប្រើប្រាស់អាចចូលមកធ្វើការតេស្តសាកល្បងនៅហាងផ្ទាល់តែម្តងមុននឹងធ្វើការសម្រេចចិត្តទិញផលិតផលនានារបស់ ASUS យកទៅប្រើ ដែលនេះវាស្រដៀងនឹង Showroom របស់ក្រុមហ៊ុនលក់ទូរស័ព្ទមួយដូច្នោះដែរ។

     

    ក្នុងនោះ រាល់អតិថិជនទាំងអស់នឹងទទួលបានការប្រឹក្សាយោបល់ពីការទិញឱ្យចំតម្រូវការដែលគាត់ត្រូវការប្រើប្រាស់ មិនថាតែកុំព្យូទ័រយួរដៃ ឬកុំព្យូទ័រលើតុឡើយ៕

  • តារាសិល្បៈជិត 100នាក់ នឹងប្រគំតន្រ្ដីជំរុញឱ្យមានការផ្ដល់ឈាមថ្នាក់ជាតិ

    តារាសិល្បៈជិត 100នាក់ នឹងប្រគំតន្រ្ដីជំរុញឱ្យមានការផ្ដល់ឈាមថ្នាក់ជាតិ

    ក្រោយពីគ្រួសារតារាកម្ពុជា បានរៀបចំការប្រគំតន្រ្ដីដើម្បីជំរុញឱ្យមានការចូលរួមបរិច្ចាគឈាមពីសំណាក់និស្សិត និងសាធារណជន ព្រមទាំងតារាសិល្បៈ កាលពីថ្ងៃទី14 កុម្ភៈកន្លងទៅនោះ នៅថ្ងៃទី14 ខែមិថុនា ខាងមុខនេះតារាសិល្បៈជិត 100នាក់ នឹងចូលរួមក្នុងព្រឹត្តិការណ៍ប្រគំតន្រ្ដីជាលើកទី 2 ក្នុងទិវាបរិច្ចាគឈាម។

    កាលពីការប្រគំតន្រ្ដីលើកទី1 គ្រួសារតារាកម្ពុជាអាចកៀងគរអ្នកបរិច្ចាគឈាមបានចំនួនជាង 700កំប្លោកដែលគេមើលឃើញថា ជាតួលេខខ្ពស់ជាងគេក្នុងចំណោមកម្មវិធីទាំងឡាយដែលមជ្ឈមណ្ឌលជាតិផ្ដល់ឈាមទទួលបាន។

    តាមរយៈការចូលរួមក្នុងកម្មវិធីផ្ដល់ឈាមថ្នាក់ជាតិរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម សហការជាមួយគ្រួសារតារាកម្ពុជាដែលមានការចូលរួមពីតារាសិល្បៈសម្ដែង តារាកំប្លែង និងតារាចម្រៀងមកពីផលិតកម្មនានារួមទាំងតារាចម្រៀងមកពីកម្មវិធី Cambodia Idol ផងនោះ គេរំពឹងថា លើកនេះមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនឹងទទួលបានឈាមជាច្រើនកំប្លោកដែលមានកំណើនជាងកម្មវិធីប្រគំតន្រ្ដីលើកទី1 ជាមិនខាន៕

  • ការរក្សារចនាប័ទ្មខ្មែរក្នុងវិស័យស្ថាបត្យកម្មមានសារៈសំខាន់យ៉ាងណាខ្លះ?

    ការរក្សារចនាប័ទ្មខ្មែរក្នុងវិស័យស្ថាបត្យកម្មមានសារៈសំខាន់យ៉ាងណាខ្លះ?

    អំឡុងពេល 3ខែចុងក្រោយនេះ អាជ្ញាធរតែងតែលើកជាសំណើទៅដល់វិស្វករ ក៏ដូចជាអ្នកអភិវឌ្ឍន៍ឱ្យចូលរួមថែរក្សារចនាប័ទ្មខ្មែរសម្រាប់គម្រោងអភិវឌ្ឍន៍របស់ខ្លួន ពិសេសថ្មីៗនេះសូម្បីតែអគារ 135ជាន់ដែលជាអគារខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជាក៏ត្រូវបាននិងកំពុងតែកែប្រែប្លង់ដើម្បីដាក់បញ្ចូលរចនាប័ទ្មខ្មែរដែរ។

    ឯកឧត្ដម ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងថាស្ថាបត្យករគួរតែរក្សាឱ្យបាននូវអត្ដសញ្ញាណជាតិដើម្បីឱ្យស្របគ្នាទៅនឹងការដាក់ចេញរបស់ថ្នាក់ដឹកនាំក្រសួង។ ក្នុងនោះក៏មានការតម្រូវឱ្យគណៈស្ថាបត្យករមានការចងក្រងនូវលក្ខណៈស្ថាបត្យកម្មណាដែលមានលក្ខណៈល្អ ទុកជូនវិនិយោគិនជាតិ និងអន្ដរជាតិធ្វើជាគំរូខ្លះៗសម្រាប់ការងារវិនិយោគ។

    រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបញ្ជាក់ថា៖” ការងារបញ្ជ្រាបចូលនូវរចនាប័ទ្មខ្មែរនេះជាកត្តាសំខាន់ក្នុងរក្សាបានអត្ដសញ្ញាណជាតិ នៅពេលណាដែលយើងធ្វើបានល្អ និងខុសប្លែកពីគេ ទេសចរនឹងមិនទៅមើលកន្លែងផ្សេងទេ គេនឹងមកទស្សនាប្រទេសយើងដោយសារតែយើងមានលក្ខណសម្បត្ដិល្អ និងរក្សាបាននូវអ្វីដែលជារបស់ខ្មែរ ប៉ុន្ដែយើងក៏ត្រូវចេះធ្វើឱ្យទៅជាទំនើបកម្មផងដែរ។ យើងអាចធ្វើរចនាប័ទ្មជាខ្មែរ តែយើងប្រើសម្ភារទំនើបៗដូចជាបេតុង ឬជាកញ្ចក់ក៏បាន”។ ឯកឧត្ដមបន្ដថា អត្ដសញ្ញាណខ្មែរមិនមែនមានន័យថា យើងចាំបាច់ត្រូវធ្វើរូបរាងខាងក្រៅឱ្យចេញមកជាបែបខ្មែរទើបហៅថាមាននិយមន័យបែបហ្នឹងទេ យើងធ្វើរចនាប័ទ្មនៅខាងក្នុងផ្ទះក៏អាចមាននិយមន័យថាជាអត្ដសញ្ញាណខ្មែរបានដែរ។

    លោកសេង វណ្ណៈ ជាម្ចាស់អគារលំនៅដ្ឋានមានឈ្មោះថា “ទ្រនំ” ដែលគេមើលឃើញថា ការតុបតែងរចនាផ្ទៃខាងក្នុងអគាររបស់លោកមានលក្ខណៈជារចនាប័ទ្មខ្មែរច្រើន ព្រមទាំងគោរពបាននូវបទដ្ឋានបរិស្ថានបៃតងផងនោះ បានបញ្ជាក់ថា ការសាងសង់អគារមួយនោះគឺលោកបានគិតថា ត្រូវធ្វើយ៉ាងណាឱ្យបានដាក់បញ្ចូលរចនាប័ទ្មខ្មែរខ្លះ និងមានគំនិតអ្វីដែលថ្មី ប្លែក ទើបទីតាំងរបស់លោកអាចទាក់ទាញអ្នកចូលមករស់នៅបានច្រើន ព្រមទាំងទទួលបានកម្រៃពីការជួលខ្ពស់ផងដែរ។

    លោកសាស្រ្តាចារ្យ ទួស សាភឿន ប្រធានផ្តួចផ្តើមសម្រាប់គម្រោងប្លង់អគារពាណិជ្ជកម្មភ្លោះ ថៃ ប៊ុនរ៉ុង និងជាអគ្គលេខាធិការរងនៃគណៈស្ថាបត្យករកម្ពុជា បានឱ្យដឹងថា ប្លង់អគារពាណិជ្ជកម្មនេះកំពុងកែប្រែប្រមាណ 40 ភាគរយពីប្លង់អគារចាស់។ ការកែប្រែនេះ គឺដើម្បីបង្កើនសោភ័ណភាព រចនាប័ទ្ម ស្ថាបត្យកម្មពិសេស ការដាក់បញ្ចូលនូវអ្វីជារចនាប័ទ្មរបស់ខ្មែរទៅក្នុងអគារនេះ នឹងត្រូវសាងសង់ដោយប្រើបច្ចេកវិទ្យាទំនើបបំផុត៕

  • សួន ពិសិដ្ឋ ទទូចសុំឱ្យក្រសួងវប្បធម៌អើពើរឿងប្រតិកម្មឈុតប្រពៃណីខ្មែរ

    សួន ពិសិដ្ឋ ទទូចសុំឱ្យក្រសួងវប្បធម៌អើពើរឿងប្រតិកម្មឈុតប្រពៃណីខ្មែរ

    នៅថ្ងៃទី12 ខែមិថុនា ឆ្នាំ2017 នេះ តារាចម្រៀង និងជាអ្នកនិពន្ធបទភ្លេងល្បីឈ្មោះប្រចាំផលិតកម្មរស្មី ហង្សមាស គឺ លោក សួន ពិសិដ្ឋ បានចូលរួមរិះគន់ជុំវិញប្រតិកម្មរឿង ឈុតសម្លៀកបំពាក់ប្រពៃណីជាតិ ដែលត្រូវបានច្នៃម៉ូដដោយជនជាតិថៃ នៅក្នុងកម្មវិធី Mister National Universe 2017 តាមរយៈគណនីបណ្ដាញសង្គមហ្វេសប៊ុក ។

    ជុំវិញបញ្ហានេះ លោក សួន ពិសិដ្ឋ បានសរសេរសារលើរូបភាពដែលបានចែករំលែកបន្ដពីគេហទំព័រ AjathomNokorReachថា “សុទ្ធតែពលរដ្ឋខ្មែរធ្វើអន្តរាគមន៍! ចុះឯណាមន្ត្រីពាក់ព័ន្ធរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ម៉េចអត់មានឃើញអើពើអីសោះអ៊ីចឹង!!?” ។ គួរកត់សម្គាល់ដែរថា អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បានគាំទ្រជុំវិញការរិះគន់ទៅដល់ខាងមន្ត្រីក្រសួងវប្បធម៌ សមាគមសិល្បៈ និងសុំឱ្យមានការចាត់វិធានការ និងចំណាត់ការផ្សេងៗ និងមិនគួរស្ងាត់ចំពោះរឿងនោះដូច្នេះឡើយ ព្រោះមិនដឹងថា បេក្ខជនទៅប្រកួតតាំងពីពេលណា នៅកន្លែងណា និងអ្នករៀបចំកម្មវិធីនោះជាអ្នកណាឡើយ ។លោក ពិសិដ្ឋ បានឆ្លើយតបបន្ដថា “អ៊ីចឹង អ្នករៀបចំកម្មវិធីហ្នឹង ពិតជាកាន់តែគួរឱ្យខ្លាច និងគួរឱ្យប្រយ័ត្នហើយ” ។

    គួររំឭកបន្តិចផងដែរថា កម្មវិធី Mister National Universe 2017 ត្រូវបានអ្នកលេងបណ្ដាញសង្គមរិះគន់យ៉ាងខ្លាំងអំពីការស្លៀកឈុតបុរាណប្រពៃណីខ្មែរដែលខុសលំនាំដោយអ្នកចូលរួមប្រកួតជាជនជាតិខ្មែរកាលពីម្សិលមិញនេះ ដោយកម្មវិធីនោះត្រូវបានរៀបចំឡើងនៅទីក្រុងបាងកក និង តំបន់ទេសចរណ៍ហួហ៊ីន ប្រទេសថៃ ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី 5 ដល់ថ្ងៃទី 13 ខែ មិថុនា ឆ្នាំ 2017 នេះ ដោយមានបេក្ខជនចូលរួមប្រកួតមកពីបណ្ដាប្រទេសនានា សរុបចំនួន 25នាក់ ជាបេក្ខជនតំណាងឱ្យជាតិនីមួយៗ និងគួរបញ្ជាក់ផងដែរថា បេក្ខជនដែលបានទៅចូលរួមប្រកួតក្នុងកម្មវិធីខាងលើនោះ ក៏បានចេញសារសុំទោស និងពន្យល់ពីមូលហេតុ និងរាល់កំហុសឆ្គងដែលបានកើតឡើងជាសាធារណៈតាមរយៈហ្វេសប៊ុកហើយដែរ ដោយលោកសង្ឃឹមថា បណ្ដាអ្នករិះគន់នឹងយោគយល់ដល់រូបលោក ហើយប្រទេសកម្ពុជានឹងមានកម្មវិធីចូលប្រកួតលើឆាកអន្ដរជាតិនាពេលខាងមុខនេះដែរ ហើយលោកបានបញ្ជាក់ថា ខ្ញុំគ្រាន់តែចង់បាននូវបទពិសោធសម្រាប់ជីវិតតែប៉ុណ្ណោះ ៕

  • Taec Yeon ប្រាប់អ្នកគាំទ្រឱ្យមើលទូរទស្សន៍ ពេលនឹករូបលោក…

    Taec Yeon ប្រាប់អ្នកគាំទ្រឱ្យមើលទូរទស្សន៍ ពេលនឹករូបលោក…

    កាលពីរាត្រីថ្ងៃទី11 ខែមិថុនា ឆ្នាំ2017 គឺជារាត្រីចុងក្រោយនៃការប្រគំតន្រ្តីរបស់ក្រុមតារាចម្រៀងប្រុស 2PM ជាជំនួបជាមួយអ្នកគាំទ្រ គឺនៅក្នុងពេលនោះហើយ ដែលសមាជិក្នុងក្រុម គឺលោក Taec Yeon បានបង្ហើបប្រាប់ដល់អ្នកគាំទ្ររបស់លោកថា នៅពេលយើងបែកគ្នា បើអ្នកទាំងអស់គ្នានឹកខ្ញុំ គ្រាន់តែមើលទូរទស្សន៍ទៅបាត់នឹកហើយ។

    ជាឱកាសល្អក្នុងការផ្សព្វផ្សាយពីរឿងភាគថ្មីក្នុងទូរទស្សន៍របស់តារាប្រុស Taec Yeon ដែលពេលនោះលោកបានប្រាប់ទៅអ្នកគាំទ្រថា “បើពិតជានឹកខ្ញុំមែន គឺគ្រាន់តែទស្សនារឿងភាគថ្មី ដែលមានចំណងជើងថា “Save Me” ដែលនឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍នារដូវក្ដៅនេះទៅ នឹងបាត់នឹកខ្ញុំហើយ” ។ នៅពេលនោះ Taec Yeon បានបញ្ចេញអារម្មណ៍អាឡោះអាល័យកម្សត់ចំពោះអ្នកគាំទ្រលោក ព្រមទាំងនិយាយដដែលៗទៀតថា នឹងជួបគ្នាតាមរយៈរឿងភាគនៅក្នុងកញ្ចក់ទូរទស្សន៍។

    គួរបញ្ជាក់ផងដែរថា រឿងភាគថ្មីដែលមានចំណងជើងថា “Save Me” នឹងដាក់បញ្ចាំងនៅតាមកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍ OCN នៅក្នុងខែសីហាខាងមុខនេះ និងសូមរំឭកបន្តិចផងដែរថា នៅក្នុងរឿងខាងលើនេះ Taec Yeon ត្រូវបានសម្ដែងជាតួឯកប្រុស គូគ្នាជាមួយតួឯកស្រី Seo Ye Ji រួមទាំងតារាល្បីៗជាច្រើនរូបទៀត ដូចជា Woo Do Hwan, Jo Sung Ha, Park Ji Young, Jo Jae Yoon ជាដើម៕

  • ចង់បង្កើតរូបភាពប្រភេទ Gif ប្លែកៗលើទូរស័ព្ទ Galaxy S8 ត្រូវធ្វើយ៉ាងណា?

    ចង់បង្កើតរូបភាពប្រភេទ Gif ប្លែកៗលើទូរស័ព្ទ Galaxy S8 ត្រូវធ្វើយ៉ាងណា?

    មានមុខងារជាច្រើនដែលទូរស័ព្ទ Samsung Galaxy S8 អាចធ្វើបាន ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់លើការទំនាក់ទំនង ការសិក្សា និងការកម្សាន្តជាដើម។ ក្នុងនោះ ទូរស័ព្ទមួយនេះ នៅបន្ដមានមុខងារពិសេសមួយពីរៀមច្បងរបស់វា គឺការធ្វើរូបភាពប្រភេទ Gif ចេញពីវីដេអូបានយ៉ាងងាយស្រួល ដោយគ្រាន់តែអនុវត្តតាមវិធីខាងក្រោម។

    1. មុនដំបូង បើកវីដេអូដែលចង់បំប្លែងទៅជារូបភាពប្រភេទ Gif
    2. បន្ទាប់មក អូសអេក្រង់ពីស្ដាំទៅឆ្វេងដៃ (ដូចក្នុងរូបខាងក្រោម)
    3. បន្ទាប់មកទៀត អូសអេក្រង់ពីស្ដាំទៅឆ្វេងដៃចំនួន 2 ដងទៀត
    4. ចុចលើ Animation
    5. សូមជ្រើសរើសសកម្មភាពវីដេអូដែលចង់បំប្លែងទៅជារូបភាពប្រភេទ Gif
    6. លោកអ្នកអាចកាត់តម្រឹមវីដេអូបាន
    7. ចុចលើ High qualityដើម្បីជ្រើសរើសគុណភាពវីដេអូ
    8. ចុចលើ recordដើម្បីថតសកម្មភាពវីដេអូ ហើយចុចលើ Stop នៅពេលឈប់ថត
    9. ចុងក្រោយ ចុចលើ Save ដើម្បីរក្សាទុករូបភាពប្រភេទ Gif លើទូរស័ព្ទ ឬចុចលើ Share ដើម្បីចែករំលែកចូលទៅកាន់បណ្ដាញសង្គម។
  • លោកឆាយ ថន៖ សេដ្ឋកិច្ចកម្ពុជាជាប់ចំណាត់ថ្នាក់ទី6 លើពិភពលោក

    លោកឆាយ ថន៖ សេដ្ឋកិច្ចកម្ពុជាជាប់ចំណាត់ថ្នាក់ទី6 លើពិភពលោក

    ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តី ឆាយ ថន បានថ្លែងថា កម្ពុជាជាប់ចំណាត់ថ្នាក់ទី6 ក្នុងពិភពលោក គិតក្នុងរយៈពេលជាង 2០ឆ្នាំចុងក្រោយមកនេះ ដែលមានកំណើនសេដ្ឋកិច្ចរីកលូតលាស់លឿនជាងគេនៅក្នុងពិភពលោក។

    លោកឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត និងបច្ចេកទេសបានថ្លែងលើកឡើងក្នុងសិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការត្បូង ត្បូង និងកិច្ចសហប្រតិបត្តិការត្រីកោណ ដើម្បីជំរុញការអភិវឌ្ឍតាមរយៈវិទ្យាសាស្រ្ត និងបច្ចេកទេសនៅថ្ងៃទី12 ខែមិថុនា ឆ្នាំ2017នេះថា ប្រទេសកម្ពុជាសម្រេចបានការអភិវឌ្ឍយ៉ាងធំធេង ក្នុងបណ្តាទសវត្សរ៍ចុងក្រោយនេះ គឺចាប់តាំងពីឆ្នាំ1994 ដល់ឆ្នាំ2015 កម្ពុជាមានអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ជាមធ្យមប្រចាំឆ្នាំចំនួន 7.6ភាគរយ ក្នុងឋានៈជាប្រទេសមានកំណើនលឿនជាងគេបង្អស់សម្រាប់រយៈពេលនោះ ។

    លោកបន្តទៀតថា «ក្រៅពីការសម្រេចបានកំណើន GDP ល្អហើយ កម្ពុជាក៏សម្រេចបានដោយជោគជ័យក្នុងគោលដៅអភិវឌ្ឍសហវត្សរ៍ ក្នុងការកាត់បន្ថយភាពក្រីក្រ បើគិតមកដល់ឆ្នាំ2015 គឺមុនកាលកំណត់ដែលបានគ្រោងទុកកាលពីឆ្នាំ2009 ក្នុងនោះអត្រានៃភាពក្រីក្របានធ្លាក់ចុះពី47.3ភាគរយនៅឆ្នាំ2007 មកនៅត្រឹម13.5ភាគរយនៅឆ្នាំ2014ផងដែរ ។ ចំណែកនៅឆ្នាំ2015 កម្ពុជាបានចាកចេញផុតពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួច ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ។

    លោកទេសរដ្ឋមន្រ្តីឆាយ ថន បន្ថែមថា ទន្ទឹមនឹងការរីកចម្រើនជាវិជ្ជមានទាំងនេះ ការរក្សាល្បឿន និងនិរន្តរភាពនៃកំណើន គឺជាកត្តាប្រឈមនៅកម្ពុជាផងដែរ ដើម្បីរក្សានូវស្ថេរភាពនៃកំណើនជាវិជ្ជមាននេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តសំខាន់ៗមួយចំនួន ក្នុងនោះមានការអភិវឌ្ឍវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដើម្បីបង្កើនភាពចម្រុះនៃប្រភពកំណើន បង្កើនប្រសិទ្ធភាពការងារ បង្កើនភាពប្រកួតប្រជែងសម្រាប់ជំនួសការនាំចូល ជំរុញការនាំចេញ និងការឈានពីពលកម្មអតិពលកម្ម ទៅពលកម្មជំរុញជាដើម៕