Author: វល័ក្ខ

  • ចុម! សេង សូណា តារាល្បីខាងសិចស៊ី ចេះឈឺចាប់រឿងស្នេហាដែរតើ!!

    ចុម! សេង សូណា តារាល្បីខាងសិចស៊ី ចេះឈឺចាប់រឿងស្នេហាដែរតើ!!

    កញ្ញា សេង សូណា ត្រូវបានគេដឹងថា នាងជាតារាសម្ដែងនិយមលេងល្បែងស្នេហា ទោះជានាងជាតារាសម្ដែងពុំសូវលេចធ្លោដូចតារាដទៃក៏ដោយ តែក៏ធ្លាប់មានបុរសជាច្រើនរងការឈឺចាប់ដោយសាររូបនាងមិនតិចឡើយ។

    ចាប់តាំងពីនាងចាប់អាជីពជាតារាសិល្បៈមក អ្វីដែលគេធ្លាប់ឮញឹកញាប់ជាងគេគឺដំណឹងស្នេហារបស់នាងដែលថា ម្ដងមានបុរសនេះស្រឡាញ់ ម្ដងបុរសនោះស្រឡាញ់ តែជារៀងរាល់ដងនាងតែងតែលើកឡើងថា បុរសម្នាក់នោះមិនស្ថិតនៅក្នុងចិត្ដនាងឡើយ ពិសេសនាងតែងតែអះអាងថា នាងជាតារាស្រីម្នាក់មានចិត្ដរឹង មិនងាយនឹងទទួលយកស្នេហាពីបុរសណាម្នាក់ឡើយ។

    ទោះជាយ៉ាងណាតារាស្រីដែលតែងបង្កើតភាពល្បីល្បាញតាមរយៈការបង្ហាញភាពសិចស៊ីនៅត្រង់ដើមទ្រូងម្នាក់នេះ ពេលនេះប្រៀបដូចជាខ្លាដែលអត់ក្រចក និងបាក់ចង្កូមអស់អ៊ីចឹង ដោយគេអាចមើលឃើញបានតាមរយៈសារដ៏សោកសៅខូចចិត្តមួយដែលបានសរសេរក្នុងបណ្ដាញសង្គមថា៖ ”មនុស្សម្នាក់ស្រឡាញ់ខ្ញុំ ស្បថថាមិនក្បត់ខ្ញុំ បើក្បត់ខ្ញុំនោះ គេនឹងស្លាប់ តែខ្ញុំមិនឱ្យគេស្លាប់ទេ ខ្ញុំសុខចិត្ដចាកចេញពីគេ ដើម្បីឱ្យគេមានសេចក្ដីសុខ ព្រោះការស្រឡាញ់របស់ខ្ញុំចេញពីបេះដូង មិនមែនចេញពីអារម្មណ៍មួយឆាវនោះទេ ថ្ងៃណាមួយអ្នកនឹងយល់ពីតម្លៃបេះដូងខ្ញុំ ហើយក្នុងសុបិនខ្ញុំដែលឃើញអ្នកជួបគ្រោះនោះ សូមឱ្យចៀសផុតឱ្យអស់ ទោះបីអ្នកក្បត់ខ្ញុំក៏ដោយ តែអូនចង់និយាយពាក្យមួយម៉ាត់ គឺអូននៅតែស្រឡាញ់បងដូចមុនរហូតដល់ចាស់ ទោះយើងមិននៅជិតគ្នាក៏ដោយ”៕

  • ការ​ប្រមូល​ពន្ធ​ទៅលើ​មធ្យោបាយ​ដឹកជញ្ជូន ចាប់​ផ្តើម​សប្តាហ៍នេះ

    ការ​ប្រមូល​ពន្ធ​ទៅលើ​មធ្យោបាយ​ដឹកជញ្ជូន ចាប់​ផ្តើម​សប្តាហ៍នេះ

    ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​កំណត់​កាល​បរិច្ឆេទ​ចាប់​ផ្តើម​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ 2017 ចាប់ពី​ថ្ងៃទី15 ខែមិថុនា ដល់​ថ្ងៃទី30 ខែវិច្ឆិកាឆ្នាំ2017 ​ដែល​​​នេះ​គឺ​ជា​ឆ្នាំ​ទី​2 ​ហើយ​នៃ​ការអនុវត្ត​ច្បាប់​ហិរញ្ញវត្ថុទាក់​ទង​នឹង​​ការ​លើក​លែង​ការ​យក​ពន្ធ​ពី​ទោ​ចក្រយាន​យាន្ត ដែល​មាន​កម្លាំង​ចាប់​ពី 125​CC ចុះ​ក្រោម។

    ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃទី​24 ខែឧសភា បានបញ្ជាក់​​ថា ម្ចាស់​មធ្យោ​បាយ​​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ត្រូវ​ទៅ​បង់​ប្រាក់​ពន្ធ​នេះ​នៅតាម​សាខា​ពន្ធដារ​ខេត្ត ខណ្ឌ ឬ​នៅ​ធនា​គារ​កាណាឌីយ៉ា ក.អ ឬ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ឬ​ធនាគារ​កម្ពុជា​សាធារណៈ​ ភីអិលស៊ី ឬ​នៅ​ធនាគារ​វឌ្ឍនៈ ឬ​នៅ​ធនាគារ​ អេអុិន​ហ្សេត រ៉ូយ៉ាល់​។

    យោង​តាម​សេចក្តី​ជូន​ដំណឹង​​​របស់​ក្រសួង ​​ដើម្បី​បង់​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យាន​ជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​2017 ម្ចាស់​យានយន្ត​ត្រូវ​ភ្ជាប់​មក​ជា​មួយ​នូវ៖

    ក- ចំពោះ​ម្ចាស់​យាន​យន្ត​​មាន​ប័ណ្ណ​សម្គាល់​ការ​បង់​ពន្ធ​ប័ណ្ណ​សម្គាល់​ការ​បង់​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យាន​ជំនិះ​គ្រប់​ប្រភេទ ដោយ​មិន​ចាំ​បាច់​ដាក់​​លិខិត​ប្រកាស​បង់​ពន្ធ។ ករណី​បាត់​ប័ណ្ណ​នេះ ម្ចាស់​យាន​យន្ត​ត្រូវ​ដាក់​ពាក្យ​ស្នើ​បោះ​ពុម្ភ​ប័ណ្ណបង់​ពន្ធ​សា​ជាថ្មី​នៅសាខា​ពន្ធដារ​ខេត្ត​-ខណ្ឌ ឬ​នៅ​សាខា​ណាមួយ​នៃ​ធនាគារ​ទាំង​5​ខាង​លើ ដោយ​ត្រូវ​បង់​កម្រៃ​សេវា​ក្នុង​ការ​ធ្វើ​ប័ណ្ណ​នេះ​ចំនួន​5,000​រៀល។

    ខ- ចំពោះ​ម្ចាស់​យាន​យន្ត​ដែល​មិន​មាន​ប័ណ្ណ​សម្គាល់​ការ​បង់​ពន្ធ​ត្រូវ​បំពេញ និង​ដាក់​លិខិត​ប្រកាស​បង់​ពន្ធ​ចំនួន​2​សន្លឹក តាម​ទម្រង់​ដែល​ចេញ​ដោយ​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​ ដោយ​ភ្ជាប់​មក​ជា​មួយ​ឯកសារ​បង់​ពន្ធ​ឆ្នាំ​2016 ករណី​បាត់​ឯកសារ​បង់​ពន្ធ​នេះ ម្ចាស់​យាន​យន្ត​ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​លិខិត​បញ្ជាក់​ការ​បង់​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ និង​យាន​ជំនិះគ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​2016 នៅ​សាខា​ពន្ធដារ​ខេត្ត​-ខណ្ឌ ដើម្បី​ប្រើ​ប្រាស់​ក្នុង​ការ​បង់​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យាន​ជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​2017។

    គ- ចំពោះ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យាន​ជំនិះ​គ្រប់​ប្រភេទ​ទើប​មក​ប្រកាស​បង់​ពន្ធ​លើក​ដំបូងត្រូវ​បំពេញ​ និង​ដាក់​លិខិត​ប្រកាស​បង់​ពន្ធ​ចំនួន​2​សន្លឹក តាម​ទម្រង់​ដែល​ចេញ​ដោយ​អគ្គនាយក-ដ្ឋាន​ពន្ធដារ និង​ភ្ជាប់​មក​ជា​មួយ​នូវ​ឯកសារ​ដូច​ជា​ប័ណ្ណ​សម្គាល់​យាន​យន្ត ឬ​វិញ្ញាបន​បត្រត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​យាន​យន្ត ដែល​ចេញ​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឬបង្កាន់​ដៃ​បង់​ពន្ធ​នាំ​ចូល ឬលិខិត​បញ្ជាក់​ការ​ប្រើ​ប្រាស់​យាន​យន្ត​ចេញ​ដោយ​​ឃុំ​ ឬ​សង្កាត់ ចំពោះ​យានយន្ត​កែច្នៃ​ក្នុងស្រុក និង​អត្តសញ្ញាណ​ប័ណ្ណ​សម្គាល់​ខ្លួន​របស់​ម្ចាស់​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ ឬ​លិខិតឆ្លងដែន ឬ​លិខិត​បញ្ជាក់​សំបុត្រ​កំណើត​ចេញ​ដោយ​មន្ត្រី​អត្រានុកូលដ្ឋាន។

    ឃ- ចំពោះ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យាន​ជំនិះ​គ្រប់ប្រភេទ​ដែល​បាន​បង់​ពន្ធ​ឆ្នាំ​កន្លង​មក ហើយ​ត្រូវ​បាន​ប្តូរ​ប័ណ្ណសម្គាល់​យានយន្ត​ថ្មីម្ចាស់​យានយន្ត​ត្រូវ​ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌មាន​យាន​យន្ត​ ដើម្បី​ប្រកាស​បង់​ពន្ធ​បន្ត និង​ប្តូរ​ប័ណ្ណ​សម្គាល់​ការ​បង់​ពន្ធ​ក្នុង​ករណី​រថយន្ត​នោះ​ត្រូវ​បាន​ប្តូរ​ស្លាក​លេខ។ ដើម្បី​មាន​ភាព​ងាយ​ស្រួល​​​ក្នុងការ​ប្រកាស​បង់ពន្ធ​ប្រភេទ​នេះ​នៅ​ឆ្នាំ​បន្ត​បន្ទាប់​ខាង​មុខ​ ម្ចាស់​យាន​ជំនិះ​អាច​ស្នើ​សុំ​ការ​ធ្វើ​ប័ណ្ណ​សម្គាល់​ការ​បង់​ពន្ធលើ​​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ ដោយ​គ្រាន់​តែ​គូស​ក្នុង​ប្រអប់​ដូច​មាន​បង្ហាញ​ក្នុង​លិខិត​ប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ2017។ ការ​ស្នើសុំ​បោះពុម្ព​ប័ណ្ណ​នេះ​ត្រូវ​បង់​ថ្លៃ​សេវា​ចំនួន 5,000រៀល។

    ចាប់​ពី​ថ្ងៃ​ទី​01 ខែ​មករា ឆ្នាំ​2018 តទៅ​អង្គភាព​ពន្ធដារនឹងរៀបចំ​យន្តការ​ត្រួត​ពិនិត្យការ​បង់​ពន្ធ និង​ផាក​ពិន័យ​ចំពោះ​មធ្យោ​បាយ​​ដឹក​ជញ្ជូន និង​យាន​ជំនិះ​ទាំង​ឡាយ​ណា​ដែល​មិន​ទាន់​បាន​ប្រកាស​បង់​ពន្ធតាម​ការ​កំណត់​ខាង​លើ​៕

  • អ្នកជំនាញគ្រោងបង្កើតក្លិបសំណង់ដើម្បីការពារហានិភ័យលើការសាងសង់

    អ្នកជំនាញគ្រោងបង្កើតក្លិបសំណង់ដើម្បីការពារហានិភ័យលើការសាងសង់

    ភ្នំពេញៈ អ្នកជំនាញឯកទេសផ្នែកវិស្វកម្មសំណង់មួយក្រុមបានមូលមតិគ្នាដើម្បីបង្កើតក្លិបវាយតម្លៃការសាងសង់​ រួមទាំងសហការជាមួយស្ថាប័នរដ្ឋដើម្បីបញ្ចៀសនូវហានិភ័យ និងបញ្ហាប្រឈមនានាចំពោះការសាងសង់សំណង់អគារ ដែលកំពុងមានការរីកចម្រើននៅកម្ពុជា។

    លោកវិស្វករ សាធ ដារ៉ា សាស្រ្តាចារ្យជំនាញសំណង់ស៊ីវិល នៃសាកលវិទ្យាល័យវេស្ទើនបានថ្លែងឱ្យដឹងក្នុងវេទិកាដែលមានការជួបជុំអ្នកឯកទេស វិស្វករ ស្ថាបត្យករមកពីប្រទេសចិន និងកោះតៃវ៉ាន់កាលពីល្ងាចថ្ងៃទី12 មិថុនាកន្លងមកថា ការគ្រោងរៀបចំបង្កើតក្លិបនេះ គឺដើម្បីឱ្យមានសុវត្ថិភាពដល់បរិស្ថាន និងប្រជាពលរដ្ឋរស់នៅចៀសផុតពីហានិភ័យនាពេលខាងមុខ និងពិសេសមួយទៀតនោះគឺគោលដៅស្វែងរកការរួមគំនិតឯកភាពគ្នាឈានទៅបង្កើតក្លិបវាយតម្លៃ និងពិនិត្យមើលការសាងសង់សំណង់អគារនៅកម្ពុជា ដើម្បីបញ្ចៀសនូវហានិភ័យ និងបញ្ហាប្រឈមនានាដូចជា ការបាក់ស្រុតនៃសំណង់អគារ អគារសាងសង់ដោយគ្មានប្រព័ន្ធការពារសុវត្ថិភាពត្រឹមត្រូវ ការសាងសង់អគារបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ និងការសាងសង់អគារដោយគ្មានប្រព័ន្ធលូត្រឹមត្រូវ បណ្តាលឱ្យទឹកលិចបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល ពិសេសគឺការបង្កផលប៉ះពាល់ដល់បរិស្ថាន។

    លោកបន្តថា បច្ចុប្បន្ននេះសំណង់អគារនៅកម្ពុជាកំពុងតែរីកស្គុសស្គាយ ហើយការសាងសង់ទាំងនោះមិនទាន់បានឆ្លងកាត់ការវាយតម្លៃពីអ្នកជំនាញខាងណាមួយនោះទេ បញ្ហាទាំងអស់នេះគឺជាហានិភ័យដែលត្រូវព្រួយបារម្ភបំផុត។ ជាគោលការណ៍គួរតែមានវិធានការទប់ស្កាត់តាមរយៈក្រុមហ៊ុនការពារសុវត្តិភាព និងពិនិត្យមើលឱ្យបានត្រឹមត្រូវដែលទទួលបានអាជ្ញាប័ណ្ណចេញពីរដ្ឋ ហើយក្រុមហ៊ុនត្រូវមានស្តង់ដារត្រឹមត្រូវក្នុងការឆែកមើល ដើម្បីបញ្ចៀ​សរាល់ហានិភ័យដែលតែងតែកើតមាននាពេលកន្លងមក ។

    លោកសាធ ដារ៉ាបាន​បន្ថែម​ទៀតថា ក្លិបដែលពួកយើងឯកភាពគ្នាបង្កើតនោះមានឈ្មោះថាក្លិបស្ថាបត្យករ និងវិស្វករក្នុងកិច្ចការងារត្រួតពិនិត្យមើលសុវត្ថិភាពក្នុងអគារ និងដំណើរការសាងសង់នៅកម្ពុជា។ ហើយបន្ទាប់ពីកិច្ចពិភាក្សាបញ្ចប់ នឹងរៀបចំបទដ្ឋានស្នើសុំទៅស្ថាប័នរដ្ឋដើម្បសុំបង្កើតក្លិបមួយនេះ រួមសហការជាមួយស្ថាប័នរដ្ឋក្នុងការចូលរួមចំណែកការពារប្រព័ន្ធសុវត្ថិភាពអគារសំណង់នៅកម្ពុជា បញ្ចៀសរាល់ហានិភ័យដែលតែងតែកើតមាននាពេលកន្លងមក៕

  • ឆាយ វីរៈយុទ្ធ យល់បែបណាពីការចាក់ស៊ីឌី និងការច្រៀងផ្ទាល់ក្នុងការប្រគំតន្រី្ដ?

    ឆាយ វីរៈយុទ្ធ យល់បែបណាពីការចាក់ស៊ីឌី និងការច្រៀងផ្ទាល់ក្នុងការប្រគំតន្រី្ដ?

    បើទោះជាបច្ចុប្បន្នវិស័យសិល្បៈចម្រៀងនៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ដែលសូម្បីតែតារាចម្រៀងក៏មានសមត្ថភាពក្នុងការច្រៀងកាន់តែល្អឡើងពិតមែនក៏ដោយ តែក៏គេនៅតែមើលឃើញថា មានតារាចម្រៀងល្បីឈ្មោះមួយចំនួននៅតែបន្ដយកបទចម្រៀងរបស់ខ្លួនដែលបានថតជាស៊ីឌីទៅចាក់នៅលើឆាកតន្រ្ដីដដែល។

    ជាធម្មតាទស្សនិកជនដែលចូលទៅទស្សនាការប្រគំតន្រ្ដីតែងរំពឹងថា ពួកគេនឹងបានស្ដាប់ និងឮសំឡេងផ្ទាល់ពីតារាចម្រៀងនៅក្នុងដួងចិត្ដរបស់ពួកគេដែលមកច្រៀងនៅក្នុងកម្មវិធីនោះមិនខាន។ តែផ្ទុយទៅវិញតារាចម្រៀងស្រីប្រុសល្បីឈ្មោះមួយចំនួន បែរជាចាក់ស៊ីឌី និងគ្រាន់តែធ្វើមាត់ត្រាប់តាមសំឡេងនៅក្នុងស៊ីឌីនោះ ដែលជាហេតុធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនមានការខកចិត្ដយ៉ាងខ្លាំង។

    តែទោះយ៉ាងណាតារាចម្រៀង ឆាយ វីរៈយុទ្ធ ដែលកំពុងតែមានប្រជាប្រិយភាពនៅក្នុងស្រទាប់យុវវ័យបានអះអាងថា មួយជីវិតអាជីពជាអ្នកចម្រៀងរបស់លោកតាំងពីលោកចេះច្រៀងរហូតមកដល់ពេលបច្ចុប្បន្ន គឺលោកមិនដែលបានចាក់ CD សំឡេងរបស់ខ្លួននៅក្នុងការប្រគំតន្រ្ដីម្តងណាឡើយ។

    ឆាយ វីរៈយុទ្ធ បានបញ្ជាក់ថា ៖ «ចាប់តាំងពីខ្ញុំចេះច្រៀង (នៅឆ្នាំ2002) មកដល់ពេលនេះ ខ្ញុំមិនដែលបានចាក់សំឡេងលើឆាកប្រគំតន្រ្ដីទេ គឺខ្ញុំច្រៀងផ្ទាល់ៗរហូត ប៉ុន្ដែបើចាក់សាច់ភ្លេងធ្លាប់មាន តែក៏នៅតែច្រៀងផ្ទាល់ក្នុងការប្រគំតន្រ្ដីនោះដែរ»។
    លោកបញ្ជាក់ថា ការច្រៀងផ្ទាល់វាពិតជាបានផ្ដល់អត្ថប្រយោជន៍ច្រើនសម្រាប់តារាចម្រៀងដូចជារូបលោកខ្លាំងណាស់ ដោយសារនៅពេលច្រៀងផ្ទាល់លោកអាចដាក់អារម្មណ៍ទៅតាមបទចម្រៀងបានល្អ។ បើបទកម្សត់ អ្នកស្ដាប់នឹងស្លុងអារម្មណ៍តាមហ្នឹង ឯបទញាក់វិញអ្នកស្ដាប់ឮហើយចង់តែរាំតាមតែម្តង។ លើសពីនេះទៀត លោកបានសង្កេតឃើញថា ទស្សនិកជនដែលមកទស្សនាការប្រគំតន្រ្ដីតែងតែមានការគាំទ្រលើការច្រៀងផ្ទាល់ច្រើនជាងការចាក់ស៊ីឌី។

    ដោយឡែកចំពោះការចាក់សាច់ភ្លេងវិញ ត្រូវបានលោក ឆាយ  វីរៈយុទ្ធ បញ្ជាក់ថា មិនថាតែនៅស្រុកខ្មែរទេ សូម្បីតែនៅបរទេសក៏នៅតែមានការចាក់សាច់ភ្លេងដែរ ព្រោះបទថ្មីៗមួយចំនួនដែលចេញលក់លើទីផ្សារភ្លាម ទទួលបានការគាំទ្រភ្លែតនោះ តម្រូវឱ្យតារាចម្រៀងនោះត្រូវតែយកមកច្រៀងជាការផ្សព្វផ្សាយបន្ថែម ប៉ុន្ដែសម្រាប់អ្នកតន្រ្តីគាត់ពិបាកចាប់ណោតភ្លេងណាស់ ដោយសារបទនោះនៅថ្មីពេក និងបទខ្លះទោះជាយូរហើយក៏ដោយ ក៏ពិបាកលេងតាមដែរ ដូច្នេះទើបតម្រូវឱ្យមានការចាក់សាច់ភ្លេងដើម្បីច្រៀងតាមជាញឹកញាប់ ដែលវាជារឿងធម្មតាទេ៕

  • Jennifer Lawrence រួចជីវិតពីគ្រោះថ្នាក់ បន្ទាប់ពីយន្ដហោះផ្ទាល់ខ្លួននាងមានបញ្ហាម៉ាស៊ីន

    Jennifer Lawrence រួចជីវិតពីគ្រោះថ្នាក់ បន្ទាប់ពីយន្ដហោះផ្ទាល់ខ្លួននាងមានបញ្ហាម៉ាស៊ីន

    សារព័ត៌មាន Yahoo បានចេញផ្សាយថា តារាសម្ដែងស្រីដែលកំពុងតែល្បីនៅក្នុងពិភពភាពយន្តហូលីវូដ នាង Jennifer Lawrence បានរួចជីវិត ពីគ្រោះថ្នាក់យន្ដហោះផ្ទាល់ខ្លួនរបស់នាងដែលមានបញ្ហាគ្រឿងម៉ាស៊ីន ហើយត្រូវបង្ខំចុះចតភ្លាមៗនៅក្នុងព្រលានយន្ដហោះ នៅតំបន់ Buffalo ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។

    ប្រភពស្និទ្ធនឹងតារាស្រីរូបនេះ បានបង្ហើបប្រាប់សារព័ត៌មាន Yahoo ថា នាង Jennifer Lawrence បានហោះចេញពីទីក្រុង Louisville រដ្ឋ Kentuckyក្រោយពេលនាងបានទៅសួរសុខទុក្ខក្រុមគ្រួសារនៅទីនោះ លុះដល់ពេលត្រឡប់មកវិញ យន្ដហោះរបស់នាងមានបញ្ហាគ្រឿងម៉ាស៊ីន ប៉ុន្តែសំណាងល្អណាស់ដែលអ្នកបើកបរបានបញ្ជាយន្តហោះ និងចុះចតដោយសុវត្ថិភាព ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុលម្អិតនៃបញ្ហានោះឡើយ ដែលពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យរបស់ទីភ្នាក់ងារអាកាសចរណ៍ប្រចាំតំបន់ គ្រាន់តែបានឲ្យដឹងថា “យន្ដហោះ Hawker Beechcraft B40 មួយគ្រឿងនោះបានចុះចតបន្ទាន់យ៉ាងមានសុវត្ថិភាពនៅអាកាសយានដ្ឋាន Buffalo ចំណែកឯបញ្ហាដែលនាំឱ្យមានការសុំចុះចតបន្ទាន់នោះត្រូវបានគេរកឃើញថា មានបញ្ហាផ្នែកគ្រឿងម៉ាស៊ីន៕

  • ឈុមភូ អារ៉ាយ៉ា បង្ហាញរូបកូនភ្លោះ ក្រោយឆ្លុះអេកូរួច

    ឈុមភូ អារ៉ាយ៉ា បង្ហាញរូបកូនភ្លោះ ក្រោយឆ្លុះអេកូរួច

    តារាឯកស្រី ឈុមភូ អារ៉ាយ៉ា និងស្វាមីមហាសេដ្ឋី បានបង្ហោះរូបភាពកូនភ្លោះនៅក្នុងផ្ទៃ ក្រោយពេលថតអេកូរួច ដោយរឿងតាំងគភ៌នៅគ្រានេះ អ្នកនាងបានត្រៀមរួចជាស្រេចក្នុងការដាក់ឈ្មោះឱ្យកូន ថែមទាំងបានកក់សាលារៀន និង មហាវិទ្យាល័យទុកឱ្យកូនភ្លោះអ្នកនាងរួចរាល់ហើយទៀតផង បើទោះបីជាមិនទាន់បានប្រសូតក្ដី។

    អ្នកទាំងពីរជាគូស្វាមីភរិយាដែលគួរឱ្យចាប់អារម្មណ៍បំផុតនាពេលបច្ចុប្បន្ននេះ សម្រាប់តារាស្រី ឈុមភូ អារ៉ាយ៉ា ជាមួយស្វាមីដែលរូបសង្ហាបំផុត ពេលនេះអ្នកនាងតាំងគភ៌បាន 23 សប្ដាហ៍ហើយ ដោយរូបសម្ផស្សរបស់អ្នកនាងនៅតែស្រស់ស្អាតដដែល គ្មានផ្លាស់ប្ដូរឡើយ។ គួរកត់សម្គាល់ថា មានបណ្ដាអ្នកគាំទ្រអ្នកនាងជាច្រើនដែលកំពុងរង់ចាំមើលមុខមាត់កូនភ្លោះរបស់អ្នកនាងយ៉ាងអន្ទះសា តែនៅទីបំផុត នៅថ្ងៃទី12 ខែមិថុនា ឆ្នាំ2017 សាមីខ្លួនបានបើកចំហចំពោះរឿងកូនភ្លោះនេះ ដោយបានបង្ហាញនូវរូបភាពថតអេកូ ជាលើកដំបូងនៅក្នុងកម្មវិធី 3 Zab របស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ 3 ថៃ។

    អ្នកនាងបានពោលថា កាលពីដំណាក់កាលពពោះដំបូងៗ អ្នកនាងធ្វើអ្វីមិនបានឡើយ ចាញ់កូនខ្លាំងណាស់ មានអាការវិលមុខ ក្អួតចង្អោរ ពិបាកក្នុងការញ៉ាំអាហារមែនទែន ជាពិសេសនៅពេលព្រឹកៗដែលអ័រម៉ូនឡើងខ្លាំង បណ្ដាលឱ្យអ្នកនាងបរិភោគអ្វីក៏មិនចូលដែរ។ នៅពេលចាញ់កូនខ្លាំងម្ដងៗ មានអារម្មណ៍ថា ក្ដៅខ្លួនខ្លាំងណាស់ រហូតដល់ថ្នាក់ដាក់ឧបករណ៍ស្អំឱ្យត្រជាក់ជាប់តាមខ្លួនជានិច្ច ។ ទន្ទឹមនឹងនោះ អ្នកនាង ឈុមភូ បានបន្ដពោលទៀតថា នៅអំឡុងពេលដែលខ្លួនទៅដើរបង្ហាញម៉ូដលើកម្រាលព្រំក្រហមនៅទីក្រុងកាន ប្រទេសបារាំង អ្នកនាងបានត្រៀមខ្លួនយ៉ាងខ្លាំង ព្រោះអ្នកនាងចាញ់កូន ទទួលទានអ្វីក៏មិនបាន ញ៉ាំបានតែផ្លែទុរេនតែមួយមុខគត់ ដោយអ្នកនាងត្រូវញ៉ាំវាអស់ឡើង 3ផ្លែ មុនពេលដើរលើកម្រាលព្រំក្រហមនៅថ្ងៃនោះ។ លុះដល់ថ្ងៃបន្ទាប់ ភ្ញាក់ឡើងមកក៏នៅតែញ៉ាំអ្វីមិនបាន ញ៉ាំបានតែផ្លែធូរ៉េនតែមួយមុខគត់ដដែល។

    ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាពវីដេអូ និងបទសម្ភាសអ្នកនាង ខាងក្រោមនេះ៖

  • ក្នុងមួយឆ្នាំ FORTE ទទួលបានបុព្វលាភជាង 33លានដុល្លារលើទីផ្សារកម្ពុជា

    ក្នុងមួយឆ្នាំ FORTE ទទួលបានបុព្វលាភជាង 33លានដុល្លារលើទីផ្សារកម្ពុជា

    លោក យក់ ចំរើនឫទ្ឋិ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ កម្ពុជា ភីអិលស៊ី (FORTE Insurance) បានឱ្យដឹងថានៅក្នុងឆ្នាំ2016 កន្លងទៅនេះ ក្រុមហ៊ុនធានារ៉ាប់រង ដែលមានវ័យចំណាស់មួយនេះ ទទួលបានបុព្វលាភពីអតិថិជនប្រមាណជាង 33លានដុល្លារលើសេវាកម្មធានារ៉ាប់រងជាច្រើនប្រភេទនៅលើទីផ្សារកម្ពុជា។

    លោកមានប្រសាសន៍ថា ក្នុងចំណោមក្រុមហ៊ុនសរុបចំនួន7 នៅលើទីផ្សារឧស្សាហកម្មធានារ៉ាប់រងទូទៅនៅកម្ពុជា ក្រុមហ៊ុនទទូលបានបុព្វលាភសរុបប្រមាណជា 100លានដុល្លារ ពីអតិថិជនក្នុងឆ្នាំ2016 កន្លងទៅនេះ ខណៈដែលក្រុមហ៊ុន FORTE Insurance ទទួលបានចំណែកទីផ្សាររហូតដល់ជាង 47% ដែលជាចំណែកទីផ្សារនាំមុខគេនៅកម្ពុជា។

    លោកថា «អ្វីដែលធ្វើឱ្យក្រុមហ៊ុន FORTE អាចទទួលបានបុព្វលាភច្រើនបែបនេះ ដោយសារក្រុមហ៊ុន FORTE Insurance មានវ័យចំណាស់ និងមានទំនុកចិត្តខ្លាំងពីអតិថិជន បើធៀបជាមួយក្រុមហ៊ុនធានារ៉ាប់រងផ្សេងៗទៀត»។

    គួរបញ្ជាក់ថា ក្រុមហ៊ុន FORTE Insurance បានផ្តល់ការធានារ៉ាប់រងជាច្រើនប្រភេទដូចជាធានារ៉ាប់រងទៅលើគ្រោះថ្នាក់ការងារ គ្រោះថ្នាក់នៅពេលបើកបរ ធានារ៉ាប់រងលើសុខភាព រ៉ាប់រងផ្នែកអគ្គិភ័យតាមផ្ទះ អគារតូចធំ រោងចក្រ សហគ្រាស ធានារ៉ាប់រងលើការសាងសង់អគារ និងមានសេវាធានារ៉ាប់រងជាច្រើនប្រភេទផ្សេងទៀត រហូតដល់ជិត 200ប្រភេទ៕

  • អស់ទាស់!! កាន់តែស្រស់ស្អាត ជាមួយសម្លៀកបំពាក់ម៉ាក PHOENIX_V ដ៏ល្បីល្បាញមកពីវៀតណាម

    អស់ទាស់!! កាន់តែស្រស់ស្អាត ជាមួយសម្លៀកបំពាក់ម៉ាក PHOENIX_V ដ៏ល្បីល្បាញមកពីវៀតណាម

    បន្ទាប់ពីទទួលបានការគាំទ្រពីសំណាក់អតិថិជនដែលប្រើប្រាស់សម្លៀកបំពាក់ម៉ាក PHOENIX_V ដ៏ល្បីល្បាញមកពីប្រទេសវៀតណាមរួចមក ហាងលក់សម្លៀកបំពាក់ PHOENIX_V បានរៀបចំព្រឹត្តិការណ៍ដើរបង្ហាញម៉ូដសម្លៀកបំពាក់ឈ្មោះថា PHOENIX_V RESORT COLLECTION 2017 ដើម្បីជាការថ្លែងអំណរគុណដល់អ្នកគាំទ្រ។

    ការបង្ហាញម៉ូដ PHOENIX_V RESORT COLLECTION 2017 បានដាក់បង្ហាញសម្លៀកបំពាក់ប្រមាណជា 60ម៉ូដ ដោយមានការចូលរួមពីសំណាក់សុភាពនារីជាច្រើន ពិសេសមានការចូលរួមពីកញ្ញាឯកឆ្នាំ2016 របស់ប្រទេសវៀតណាមទៀតផង។

    អ្នកស្រី លន់ សុដាណា ម្ចាស់ហាងសំលៀកបំពាក់ PHOENIX_V បានលើកឡើងថា ហាងរបស់អ្នកស្រីបានបើកដំណើរការលក់តាំងពីឆ្នាំ 2014 មកម្ល៉េះដោយបាននាំចូលផ្ដាច់មុខនូវសម្លៀកបំពាក់ម៉ាក PHOENIX_V មកពីប្រទេសវៀតណាមផ្ទាល់តែម្ដង ព្រមទាំងទទួលបានការគាំទ្រពីអតិថិជនជាច្រើន។ អ្នកស្រីបន្ដថា ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជនដែលធ្លាប់គាំទ្រដល់ម៉ាកនេះ ក៏ដូចជាការដាក់បង្ហាញនូវម៉ូដសម្លៀកបំពាក់ថ្មីៗទើបតែនាំចូលមកដល់កម្ពុជាដែរនោះ ទើបជំរុញឱ្យអ្នកស្រីរៀបចំឱ្យមានព្រឹត្តិការណ៍ដើរបង្ហាញម៉ូដសម្លៀកបំពាក់នេះឡើង។

    គួរបញ្ជាក់ថាសម្លៀកបំពាក់ម៉ាក PHOENIX_V ដែលមានសាខានៅប្រទេសវៀតណាម កម្ពុជា និងអៀរឡង់ ទទួលបានការពេញនិយម និងជាប់ចំណាត់ថ្នាក់លេខ1 នៅប្រទេសវៀតណាមរយៈពេល 3ឆ្នាំជាប់គ្នា។ សម្លៀកបំពាក់នេះត្រូវបានច្នៃម៉ូដដោយអតីតតារាម៉ូដែល និងជាតារាសម្ដែងដ៏ល្បីរបស់ប្រទេសវៀតណាម និងមានតម្លៃចន្លោះពី200 ដល់ 2,000ដុល្លារអាមេរិក ដែលអតិថិជនអាចបញ្ជាទិញបានគ្រប់ទំហំទាំងអស់។

    ម្ចាស់ហាងរូបនេះបានបញ្ជាក់ថា មូលហេតុដែលអ្នកស្រីនាំយកសម្លៀកបំពាក់ម៉ាក PHOENIX_V មកកាន់កម្ពុជា ដោយសារតែសម្លៀកបំពាក់ម៉ាកនេះមានម៉ូដច្រើនអាចបំពេញតាមតម្រូវការ និងចំណង់ចំណូលចិត្ដរបស់អតិថិជនបាន ពិសេសនៅពេលយកមកពាក់លើខ្លួនហើយនឹងទទួលបានភាពស្រស់ស្អាត និងថ្លៃថ្នូរជាខ្លាំង។ ជាក់ស្ដែងរូបអ្នកស្រីផ្ទាល់ក៏បានប្រើប្រាស់សម្លៀកបំពាក់ម៉ាកនេះដែរ។ ជាងនេះទៅទៀតអ្នកស្រីបានបង្ហាញជាទស្សនៈវិស័យទៅអនាគតថា ប្រសិនបើហាងនេះទទួលបានការគាំទ្រកាន់តែខ្លាំងលោកស្រីនឹងពិចារណានាំយកម៉ាកល្បីៗពីប្រទេសផ្សេងទៀតមកកាន់កម្ពុជា៕

  • Coutinho និង Souza រំពឹងជួយឲ្យប្រេស៊ីលស្តារមុខមាត់វិញ ពេលប៉ះអូស្ត្រាលី ល្ងាចនេះ

    Coutinho និង Souza រំពឹងជួយឲ្យប្រេស៊ីលស្តារមុខមាត់វិញ ពេលប៉ះអូស្ត្រាលី ល្ងាចនេះ

    ខ្សែបម្រើប្រយុទ្ធដ៏មានឥទ្ធិពល Philippe Coutinho នឹងត្រូវដឹកនាំក្នុងតំបន់ប្រយុទ្ធរបស់ប្រេស៊ីល ក្នុងការប្រកួតមិត្តភាពអន្តរជាតិជាមួយនឹងក្រុមជម្រើសជាតិអូស្ត្រាលី ក្នុងទីក្រុង Melbourne នៅល្ងាចនេះ ខណៈដែលខ្សែប្រយុទ្ធ Diego Souza នឹងត្រូវចូលជំនួសកន្លែងរបស់ Gabriel Jesus ដែលកំពុងសម្រាកព្យាបាលរបួស។

    ការរកកីឡាករថ្មីម្នាក់មកជំនួសត្រូវធ្វើឡើងសម្រាប់ Jesus របស់ក្លិប Manchester City ខណៈដែលរូបគេបានវិលទៅផ្ទះវិញ ក្រោយពីរបួសឆ្អឹងរង្វង់ភ្នែក ក្នុងពេលក្រុមជម្រើសជាតិប្រេស៊ីល បានរងបរាជ័យក្នុងលទ្ធផល 1-០ ក្រោមស្នាដៃក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងការប្រកួតមិត្តភាពនៅកីឡដ្ឋាន MCG កាលពីថ្ងៃសុក្រ។ វានឹងផ្តល់ឱកាសដល់ Souza ក្នុងការធ្វើឲ្យលោកគ្រូបង្វឹក Tite ចាប់អារម្មណ៍នៅមុនពេលយុទ្ធនាការ World Cup នៅឆ្នាំក្រោយ ក្នុងប្រទេសរុស្ស៊ី ហើយនេះក៏ជាឱកាសលើកដំបូងរបស់គេផងដែរ ក្នុងការចូលលេងក្នុងជម្រើសទាំង11នាក់ដំបូងសម្រាប់ប្រេស៊ីល ក្រោយពីចូលលេងក្នុងនាមជាកីឡាករបម្រុងក្នុងការប្រកួតវគ្គជម្រុះជាមួយនឹងក្រុមជម្រើសជាតិអ៊ុយរូហ្គាយ និងប៉ារ៉ាហ្គាយ កាលពីដើមឆ្នាំនេះមក។

    Souza ដែលលេងក្នុងតួនាទីជាខ្សែបម្រើប្រយុទ្ធ សម្រាប់ក្លិប Sport Recife បានឲ្យដឹងថា៖ «សម្រាប់ខ្ញុំ វាពិតជាអស្ចារ្យណាស់ ក្នុងការទទួលបានការកោះហៅ និងមានឱកាសក្នុងការលេង។ វាពិតជាសំខាន់ណាស់ ក្នុងការបង្ហាញពីសមត្ថភាពដ៏ខ្លាំងបំផុតរបស់ខ្ញុំ»។ ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានឈ្នះកៅអីទៅប្រកួតក្នុងព្រឹត្តិការណ៍ World Cup ជុំផ្តាច់ព្រ័ត្រ នៅឆ្នាំក្រោយរួចជាស្រេចហើយ ខណៈដែលអូស្ត្រាលី បានរក្សាក្តីសង្ឃឹមក្នុងការប្រជែងយកកៅអីជាស្វ័យប្រវត្តិរបស់ពួកគេ តាមរយៈការដណ្តើមយកជ័យជម្នះ 3-2 លើក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត ក្នុងទីក្រុង Adelaide កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។

    ប៉ុន្តែ ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល ដែលមានចំណាត់ថ្នាក់លេខ1ក្នុងពិភពលោក នឹងមិនមើលស្រាលទៅលើក្រុមជម្រើសជាតិអូស្ត្រាលីឡើយ ខណៈដែលពួកគេកំពុងសម្លឹងរកការស្តារមុខមាត់មួយក្រោយពីការចាញ់របស់ពួកគេក្រោមស្នាដៃក្រុមជម្រើសជាតិអាហ្សង់ទីនរួចមក។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង5:05ល្ងាចថ្ងៃនេះ៕
    ប្រភពពី៖ Sport24

  • Honor 9 ស្មាតហ្វូនកាមេរ៉ាភ្លោះថ្មីរបស់ Huawei តម្លៃអាចទទួលយកបាន

    Honor 9 ស្មាតហ្វូនកាមេរ៉ាភ្លោះថ្មីរបស់ Huawei តម្លៃអាចទទួលយកបាន

    កាលពីថ្ងៃម្សិលមិញ ក្រុមហ៊ុន Huawei បានដាក់ចេញនូវស្រឡាយស្មាតហ្វូនត្រកូល Honor មួយទៀតហើយ ដែលមានបំពាក់នូវកាមេរ៉ាភ្លោះមានសមត្ថភាពខ្លាំង រូបរាងស្រោបដោយកញ្ចក់ទាំងខាងមុខ និងខាងក្រោយស្រដៀងទៅនឹង Honor 8 ជំនាន់មុន និង Mi 6 ដែរ។

    លក្ខណសម្បត្តិរបស់ Honor 9 ចេញមកដូចនឹងព័ត៌មានដែលបានបែកធ្លាយកាលពីពេលកន្លងទៅមែន ដោយវាត្រូវបានបំពាក់នូវអេក្រង់ Full HD ទំហំ 5.15 អ៊ីញ ប្រើបច្ចេកវិទ្យាពណ៌ DCI-P3 ដូចនឹងទូរស័ព្ទ iPhone 7 និង Galaxy S8 ដែរ។ ក្នុងនោះ វាក៏ប្រើនូវបន្ទះឈីបផ្ទាល់ពីក្រុមហ៊ុន HiSilicon Kirin 960 ដូចនឹងទូរស័ព្ទ Mate 9 និង P10 និងដំណើរការដោយប្រព័ន្ធ Android 7.0 Nougat ស្រោបដោយផ្ទាំងប្រើប្រាស់ EMUI 5.1។

    ទូរស័ព្ទនេះ បានបំពាក់ដោយប្រព័ន្ធកាមេរ៉ាភ្លោះនៅខាងក្រោយទំហំ 20MP/12MP និងមានទ្រនាប់ស្គែនក្រយៅម្រាមដៃនៅលើHome Button ដូច Honor Magic, P10 Series និង Mate 9 Pro ។ មួយវិញទៀត វាក៏មាន Ram ទំហំ 6GB និងមាន Memory ម៉ាស៊ីន 64GB/128GB បន្ថែមក្រៅបានដល់ 256GB អាចប្រើបានស៊ីម 2 ប្រភេទ hybrid SIM និងមានថាមពលថ្ម 3200mAh ប្រើរន្ធសាកបញ្ចូលថ្ម USB Type-C។

    ចំពោះតម្លៃខុសគ្នាអាស្រ័យលើជម្រើស ដោយទំហំផ្ទុកទិន្នន័យ 64GB/Ram4GB តម្លៃស្ថិតក្នុងខ្ទង់ 323 ដុល្លារ, ទំហំផ្ទុក 64GB/Ram6GB តម្លៃខ្ទង់ 398 ដុល្លារ និងទំហំផ្ទុក128GB/ Ram 6GB មានតម្លៃខ្ទង់ 441 ដុល្លារ ដោយតម្លៃទាំងអស់នេះអាចនឹងប្រែប្រួលតាមប្រទេសនីមួយៗ៕