Author: វល័ក្ខ

  • សូ ស្រីលាភ ស្រាយចម្ងល់រឿងលុយទិញរថយន្ដ

    សូ ស្រីលាភ ស្រាយចម្ងល់រឿងលុយទិញរថយន្ដ

    ត្រឹមតែរយៈពេលដ៏ខ្លីប៉ុណ្ណោះ កញ្ញាសូ ស្រីលាភ ហាក់ទទួលបានការគាំទ្រពីមហាជនយ៉ាងច្រើន តាមរយៈការសម្ដែងភាពយន្ដភាគនៅតាមបណ្ដាស្ថានីយទូរទស្សន៍នានា។ ស្របពេលគ្នានេះដែរ ក៏មានការលើកឡើងថា តារាសម្ដែងរាងខ្ពស់ស្រឡះនេះមិនត្រឹមឡើងកូដលឿនទេ សូម្បីតែជីវភាពរស់នៅប្រចាំថ្ងៃរបស់នាងឥឡូវ ក៏មានការប្រែប្រួលលឿនខុសពីធម្មតាដែរ ។

    គេនៅចាំបានថាគ្រាដែលកញ្ញា សូ ស្រីលាភ ចូលប្រឡូកក្នុងសិល្បៈដំបូងៗ នាងពុំមានជីវភាពធូរធារទេ មានម្ដងម្កាលនាងត្រូវជិះរ៉ឺម៉កកង់បីជាមធ្យោបាយសម្រាប់ធ្វើដំណើរទៅបំពេញការងារថតនៅតាមទីកន្លែងផ្សេងៗនៅក្នុងក្រុងភ្នំពេញ តែមិនបានមួយឆ្នាំផង តារាសម្ដែងរូបនេះស្រាប់តែចាប់ផ្ដើមសម្ញែងភាពហ៊ឺហាតាមរយៈការប្រើសម្ភារល្អៗ និងប្រើប្រាស់រថយន្ដ។
    បើទោះជារថយន្ដនោះស្ថិតក្នុងតម្លៃខ្ពង់ត្រឹមជាង 1ម៉ឺនដុល្លារក៏ពិតមែន ប៉ុន្ដែអ្នកស្គាល់នាងពីមុនពិតជាមានការងឿងឆ្ងល់ថា តើនាងបានថវិកាមកពីណាលឿនម្ល៉េះ បើកាលពីមួយឆ្នាំមុន តម្លៃខ្លួនក្នុងការងាររបស់នាងនៅមានកម្រិតទាបសោះហ្នឹង?!។

     

     

    ជួបជាមួយកញ្ញា សូ ស្រីលាភ នាងពិតជាទទួលស្គាល់ថា ពេលចូលសិល្បៈដំបូង នាងជួបបញ្ហាខ្វះខាតលើជីវភាពពិតមែន ព្រោះពេលនោះឪពុកម្ដាយនាងពុំចង់ឱ្យនាងចូលប្រឡូកក្នុងសិល្បៈឡើយ ព្រោះខ្លាចនាងចំណាយពេលឥតប្រយោជន៍ តែនាងបានជម្នះចិត្ដធ្វើអ្វីៗដោយខ្លួនឯង ប៉ុន្ដែក្រោយពីទទួលបានប្រជាប្រិយភាពមកឪពុកម្ដាយរបស់នាងមានការពេញចិត្ដលើការងាររបស់នាងជាខ្លាំង។

    នាងបន្ដថា៖ ”ក្រោយពីមើលឃើញការលំបាករបស់ខ្ញុំដែលបានតស៊ូកន្លងមក ពួកគាត់ក៏សម្រេចទិញរថយន្ដ Prius មួយគ្រឿងឱ្យខ្ញុំធ្វើជាមធ្យោបាយធ្វើដំណើរសម្រាប់បំពេញការងារសិល្បៈ”។

    ជាមួយគ្នានេះដែរ កញ្ញាសូ ស្រីលាភ ក៏បានលើកឡើងថា អ្វីៗដែលនាងមានសព្វថ្ងៃនេះ គឺជាកម្លាំងញើសឈាមរបស់នាង លាយគ្នាជាមួយទ្រព្យសម្បត្ដិឪពុកម្ដាយនាង។ នាងមិនធ្លាប់បានទទួលយកការជួយជ្រោមជ្រែងពីនរណាក្រៅពីគ្រួសារឡើយ ព្រោះសូម្បីតែឪពុកម្ដាយនាងក៏ពុំពេញចិត្ដឱ្យនាងទៅធ្វើ ទង្វើខុសសីលធម៌ណាមួយដែរ បើពុំដូច្នេះទេពួកគាត់នឹងឱ្យនាងផ្អាកពីសិល្បៈភ្លាម៕

  • អ្នកចិញ្ចឹមជ្រូកត្អូញពីការធ្លាក់ថ្លៃ ខណៈកម្ពុជាបន្តនាំជ្រូកចូល

    អ្នកចិញ្ចឹមជ្រូកត្អូញពីការធ្លាក់ថ្លៃ ខណៈកម្ពុជាបន្តនាំជ្រូកចូល

    ប្រជាពលរដ្ឋ និងសហគមន៍ចិញ្ចឹមជ្រូកនៅក្នុងខេត្តស្វាយរៀងបានបោះបង់ការចិញ្ចឹមជ្រូកប្រមាណ60 ភាគរយ គិតមកដល់ខែមិថុនា ឆ្នាំ2017នេះ ដោយពួកគាត់លើកឡើងថា បច្ចុប្បន្នការចិញ្ចឹមជ្រូកកំពុងជួបផលលំបាកខ្លាំង ដោយសារឈ្មួញបាននាំជ្រូកចូលមកយ៉ាងគំហុកពីប្រទេសវៀតណាម ដែលជាកត្តាចម្បងនាំឱ្យជ្រូកចិញ្ចឹមក្នុងស្រុកធ្លាក់ថ្លៃ ។

    លោក កឹម ផល កសិករចិញ្ចឹមជ្រូកក្នុងសហគមន៍នៅភូមិជៀសឬស្សី ឃុំកំពង់ចម្លង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បាននិយាយថា ការចិញ្ចឹមជ្រូកឆ្នាំនេះបានថយចុះមកនៅត្រឹម17ក្បាល ព្រោះលក់មិនចេញខណៈដែលឆ្នាំមុនៗគ្រួសារគាត់ចិញ្ចឹមជ្រូកចន្លោះពី30 ទៅ40ក្បាល ហើយស្រួលលក់ចេញទៀតផង ដោយមានឈ្មួញមកទិញដល់ផ្ទះភ្លាមៗតែម្តង។ លោកបន្តថា ពេលចិញ្ចឹមជ្រូកកាលពីឆ្នាំមុនៗងាយលក់ចេញណាស់ និងបានតម្លៃថ្លៃទៀតផង ក្នុង1គីឡូក្រាមបានតម្លៃជាមធ្យមចន្លោះពី 7,500រៀល ដល់ 9,000រៀល តែបច្ចុប្បន្នជ្រូករស់1គីឡូក្រាមតម្លៃត្រឹម 5,000រៀល ដល់ 6,000រៀលប៉ុណ្ណោះ ហើយគ្មានអ្នកដើរទិញទៀត។

    ពាក់ព័ន្ធរឿងនេះលោក ប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្មបសុព្យាបាលខេត្តស្វាយរៀង បានថ្លែងប្រាប់តាមទូរស័ព្ទថា ពលរដ្ឋបានបោះបង់ចោលការចិញ្ចឹមជ្រូកពិតមែន ហើយកត្តាបោះបង់ការចិញ្ចឹមជ្រូកនេះ គឺដោយសារការទិញកូនជ្រូកមកចិញ្ចឹមមានតម្លៃថ្លៃ និងកត្តារួមផ្សំដូចជា ចំណីជ្រូកក៏មានតម្លៃខ្ពស់ទៀត ទើបបញ្ហាទាំងនោះធ្វើឲ្យការចិញ្ចឹមជ្រូកថយចុះ ស្របនឹងគ្មានទីផ្សារលក់ចេញទៀតផង។

    លោកនិយាយថា ក្រសួងកសិកម្មបានអនុញ្ញាតឲ្យនាំជ្រូកចូលថែមទៀតទើបកសិករគ្មានជម្រើស ក៏បោះបង់ចោលការចិញ្ចឹមជ្រូកច្រើនបែបនេះ។ ហើយដំណោះស្រាយគឺ មានតែរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ត្រូវដោះស្រាយបញ្ហាប្រឈម និងរឹតបន្តឹងច្បាប់ការនាំជ្រូកពីប្រទេសជិតខាងប៉ុណ្ណោះ៕

  • ជយលាភីចុងភៅដ៏ល្បីនៅបារាំង នឹងមកកម្ពុជាដើម្បីរាត្រីដ៏មានរសជាតិ

    ជយលាភីចុងភៅដ៏ល្បីនៅបារាំង នឹងមកកម្ពុជាដើម្បីរាត្រីដ៏មានរសជាតិ

    ម្ចាស់ពានរង្វាន់ចុងភៅដ៏ល្បីនៅប្រទេសបារាំង ដែលមានរហស្សនាមថា «ស្តេចរសជាតិ» លោក HERVE RODRIGUEZ នឹងធ្វើដំណើរផ្សេងព្រេងមកកម្ពុជាក្នុងកម្មវិធីសិល្បៈម្ហូបអាហារ ដែលនឹងរៀបចំឡើងនៅថ្ងៃទី15 ខែមិថុនា នៅភោជនីយដ្ឋាន តូប៉ាហ្ស ( TOPAZ )។ លោកនឹងត្រៀមនូវមុខម្ហូបពិសេស 7មុខ សម្រាប់អាហារពេលល្ងាច ដែលមុខម្ហូបនីមួយៗត្រូវបានសម្រិតសម្រាំងចេញពីភាពជំនាញដ៏ល្បីល្បាញរបស់លោក រួមជាមួយតារាមេចុងភៅ Michelin 3 នាក់ទៀតផងដែរ។

    លោក HERVE RODRIGUEZ ដែលជាម្ចាស់ផង និងជាមេចុងភៅផងនៅភោជនីយដ្ឋាន Masa នៅតំបន់ Boulogne Billancourt ធ្លាប់ទទួលបានពានរង្វាន់ចុងភៅចុងក្រោយបង្អស់នៅឆ្នាំ2013 ប្រមាណជា10ខែប៉ុណ្ណោះ បន្ទាប់ពីលោកចាប់ផ្តើមគ្រប់គ្រងភោជនីយដ្ឋាន។ នេះជាពានរង្វាន់ចុងភៅទី2 ក្នុងនាមជាចុងភៅម្ចាស់ហាង និងពានរង្វាន់តារាចុងភៅទី3 ក្នុងនាមមេចុងភៅ។ លោកជាម្ចាស់ «អ្នកជំនាញច្នៃរសជាតិ» តាមរបៀបខ្លួនឯងដែលទទួលឥទ្ធិពលពីប្រទេសបារាំង អេស្ប៉ាញ និងប្រទេសផ្សេងៗទៀតផងដែរ។ មុខម្ហូបក្នុងចំណោមម្ហូបល្បីៗរបស់គាត់គឺ ស៊ុបបន្លែជាមួយបង្កងន័រវែស និងទន្សាយ។

    ពានរង្វាន់នេះស្ទើរតែគ្មានការភ្ញាក់ផ្អើលអំពីនរណាម្នាក់ដែលដើរតាមអាជីពរបស់ Rodriguez ដែលបានចាប់ផ្តើមនៅអាយុ 21ឆ្នាំនៅសណ្ឋាគារ De la Côte d’Or។ ទី2 តារាចុងភៅ Michelin មុនពេលគាត់រើទៅ La meloise និងទី3 តារាចុងភៅ Michelin គាត់បន្តអភិវឌ្ឍជំនាញ និងសមត្ថភាពរបស់គាត់នៅហាងល្បីៗ ដូចជាFernie Castle នៅប្រទេសស្កុតលែន និងបន្ទាប់មក La Chouette និង La Mere Bourgeois។ លោកទទួលបានពានរង្វាន់ តារាចុងភៅ Michelin នៅកន្លែងទាំងពីនេះនៅពេលលោកធ្វើជាមេចុងភៅ និងជាម្ចាស់ភោជនីយដ្ឋាន La Mere Bourgeois ផងដែរ។

    មេចុងភៅ Rodriguez មានភាពល្បីល្បាញខ្លាំងខាងការបង្កើតមុខម្ហូបដែលមានភាពទាក់ទាញ និងរស់រវើក ទាក់ភ្នែក មុនពេលបង្ហាញពីរសជាតិដែលមាននៅក្នុងនោះ។ ម្ហូបពិសេសរបស់គាត់ដែលមានភាពសាមញ្ញដោយគ្រាន់តែបន្ថែមរសជាតិមិនធម្មតាប៉ុណ្ណោះ ដូចជាក្រែមផ្កាខាត់ណាជាមួយពពុះម្គុដកាពុឈីណូ និងស៊ុតដែលចម្អិនកម្រិត 62អង្សារជាមួយនឹងសាច់ហ៊ែម Pata Negra និងទឹកជ្រលក់ពិសេស។

    ក្នុងអំឡុងពេលស្នាក់នៅទីក្រុងភ្នំពេញ មេចុងភៅ Rodriguez នឹងចំណាយពេលជាមួយលោក ពៅ សុភក្រ័ មេចុងភៅរបស់ភោជនីយដ្ឋានតូប៉ាហ្ស និងសហការីរបស់លោកផងដែរ ដើម្បីផ្ទេរចំណេះជំនាញ និងណែនាំក្រុមការងាររបស់គាត់ឱ្យចេះរៀបចំមុខម្ហូបថ្មីៗល្បីៗ សម្រាប់សប្តាហ៍ខាងមុខនៅចំពោះមុខវត្តមានភ្ញៀវ៕

  • ស្ថាប័នចំនួន 2 រួមគ្នាប្រឆាំងការលាងប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

    ស្ថាប័នចំនួន 2 រួមគ្នាប្រឆាំងការលាងប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

    ភ្នំពេញៈ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជារបស់ធនាគារជាតិនៃកម្ពុជា និងគណៈកម្មការមូលបត្រកម្ពុជា បានយល់ព្រមធ្វើកិច្ចសហការជាមួយគ្នា ក្នុងការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធនឹងការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

    អនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នរដ្ឋទាំង2នេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្ដមស៊ូ សុជាតិ ប្រធានគណៈកម្មការមូលបត្រកម្ពុជា ជាមួយលោកជំទាវសាយ សំអាតអគ្គលេខាធិការអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាកាលពីថ្ងៃទី13 មិថុនាកន្លងមកនេះ។

    យោងតាមសេចក្តីប្រកាសព័ត៌មានរវាងស្ថាប័នទាំងពីរបានឲ្យដឹងថា គោលដៅនៃកិច្ចសហការរវាងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជារបស់ធនាគារជាតិនៃកម្ពុជា និងគណៈកម្មការមូលបត្រកម្ពុជានេះមានគោលបំណងដើម្បីរួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និងបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងស្វែងរក និងទប់ស្កាត់ ព្រមទាំងលុបបំបាត់ និងស៊ើបអង្កេតលើករណីលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មដោយអនុវត្តស្របតាម តួនាទី និងភារកិច្ចរបស់អាជ្ញាធរទាំង2 ស្ថិតក្រោមច្បាប់ និងបទប្បញ្ញត្តិជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។

    អនុស្សរណៈនៃការយោគយល់នេះ គឺជាយន្តការដ៏មានសារៈសំខាន់ និងបំពេញឲ្យគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការផ្ទៃក្នុង ស្តីពីការផ្លាស់ប្តូរព័ត៌មានហិរញ្ញវត្ថុ ព័ត៌មានរបស់បុគ្គល ឬអង្គភាព និងស្ថាប័នពាក់ព័ន្ធនឹងសកម្មភាពលាងសម្អាតប្រាក់ ឬហិរញ្ញប្បទានភេរវកម្ម៕

  • អាហ្សង់ទីន ផ្តល់ភាពរំភើបដល់អ្នកគាំទ្រ ដោយផ្តួល សិង្ហបុរី យ៉ាងចាស់ដៃ

    អាហ្សង់ទីន ផ្តល់ភាពរំភើបដល់អ្នកគាំទ្រ ដោយផ្តួល សិង្ហបុរី យ៉ាងចាស់ដៃ

    ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានបង្ហាញពីទម្រង់លេងយ៉ាងរឹងមាំលើក្រុមជម្រើសជាតិសិង្ហបុរី ខណៈដែលក្រុមជើងខ្លាំងមកពីតំបន់អាមេរិកខាងត្បូងមួយនេះ បានបំបាក់ក្រុមម្ចាស់ផ្ទះសិង្ហបុរី យ៉ាងចាស់ដៃក្នុងលទ្ធផល 6-០ ក្នុងការប្រកួតមិត្តភាពអន្តរជាតិមួយ កាលពីថ្ងៃអង្គារម្សិលមិញ។

    ការប្រកួតនេះត្រូវបានរៀបចំឡើងដើម្បីអបអរដល់ការគម្រប់ខួបលើកទី125ឆ្នាំនៃការបង្កើតសហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី ប៉ុន្តែក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន មិនបានបន្ធូរដៃឲ្យឡើយ ខណៈដែលលោកគ្រូបង្វឹកថ្មី Jorge Sampaoli បានបង្ហាញពីបំណងនៃការចង់ឈ្នះជាមួយនឹងគ្រាប់បាល់ស៊ុតបញ្ចូលទីដ៏ច្រើនតាមរយៈការប្រើប្រាស់រូបមន្តលេង 2-3-5។

    អ្នកគាំទ្ររបស់សិង្ហបុរីមួយចំនួនបានទាមទារឲ្យសងប្រាក់ពួកគេមកវិញ នៅពេលដែលតារាឆ្នើម Lionel Messi និង Gonzalo Higuain បានដកខ្លួនចេញពីការប្រកួតនេះ ប៉ុន្តែលោក Sampaoli បានទទួលឱកាសក្នុងការសាកល្បងប្រើប្រាស់ខ្សែប្រយុទ្ធ5នាក់ ដែលដឹកនាំដោយខ្សែប្រយុទ្ធ Joaquin Correa របស់ក្លិប Sevilla។ ក្រោយពីលេងបានរយៈពេល25នាទី ក្រុមជើងខ្លាំងមកពីអាមេរិកខាងត្បូងមួយនេះ បានរកគ្រាប់បាល់បើកឆាកបានតាមរយៈ Federico Fazio ដែលជាខ្សែការពារម្នាក់ក្នុងចំណោមខ្សែការពារទាំងពីរនាក់នៅក្នុងបញ្ជីឈ្មោះក្រុមរបស់ពួកគេ។ រយៈពេល5នាទីក្រោយមកទៀត កីឡាករ Joaquin Correa បានបន្ថែមការនាំមុខឱ្យក្រុមខ្លួន តាមរយៈការរកគ្រាប់បាល់អន្តរជាតិជាលើកទី1របស់គេ។ ស្របពេលដែលក្រុមម្ចាស់ផ្ទះហាក់ដូចជាស្រុតចុះកម្លាំងក្នុងតង់ទី2 ខ្សែបម្រើ Alejandro Gomez របស់ក្លិប Atalanta បានស៊ុតបាល់បំប៉ោងសំណាញ់ទីយ៉ាងល្អនៅនាទីទី6០។

    ការឈឺចាប់របស់សិង្ហបុរីបានកើនឡើង នៅពេលការទាត់បាល់ចេញមិនបានល្អពីសំណាក់អ្នកចាំទីបម្រុងនៃក្រុមម្ចាស់ផ្ទះ Izwan Mahmud បានបណ្តោយឲ្យ Leandro Paredes បន្ថែមគ្រាប់បាល់1គ្រាប់ទៀត នៅមុនពេល Lucas Alario និងតារាឆ្នើម Angel Di Maria របស់ក្លិប Paris Saint-Germain រកគ្រាប់បាល់ទី5 និងទី6 បានជាបន្តបន្ទាប់សម្រាប់ក្រុមភ្ញៀវ៕
    ប្រភពពី៖ The Straits Times

     

  • Everton កំពុងពិភាក្សាជាមួយ Sunderland ជុំវិញការទិញយក Pickford

    Everton កំពុងពិភាក្សាជាមួយ Sunderland ជុំវិញការទិញយក Pickford

    ក្លិប Everton កំពុងតែធ្វើការពិភាក្សាជាមួយនឹងក្លិប Sunderland ជុំវិញការផ្ទេរអ្នកចាំទី Jordan Pickford ហើយក្លិបទូកក្តោងមួយនេះកំពុងតែមានបំណងក្នុងការផ្តល់តម្លៃខ្លួនតាមការស្នើសុំក្នុងទឹកប្រាក់3០លានផោន (ស្មើនឹង38លានដុល្លារអាមេរិក) ដើម្បីទិញយកអ្នកចាំទីជម្រើសជាតិអង់គ្លេសអាយុក្រោម21ឆ្នាំរូបនេះ។

    ក្លិប Everton បានបង្ហាញពីការចាប់អារម្មណ៍របស់ខ្លួនទៅលើអ្នកចាំទីវ័យក្មេងរូបនេះភ្លាមៗ ក្រោយពីក្លិប Sunderland ត្រូវបានកាត់ចេញពីក្របខ័ណ្ឌ Premier League ប៉ុន្តែការដាក់តម្លៃខ្លួនជាបឋមរបស់ពួកគេត្រូវបានច្រានចោល។ ទោះបីជាយ៉ាងណា ការចរចាផ្សេងៗត្រូវបានធ្វើបន្ត ហើយក្លិប Everton បានយល់ព្រមលើលក្ខខណ្ឌជាចម្បងផ្សេងៗដើម្បីផ្តល់តម្លៃខ្លួនតាមការស្នើសុំក្នុងទំហំទឹកប្រាក់3០លានផោន។

    រចនាសម្ព័ន្ធនៃការផ្ទេរដែលទាក់ទងនឹងទំហំនៃទឹកប្រាក់ក្នុងដំណាក់កាលដំបូងនេះ និងប្រាក់ឧបត្ថម្ភផ្សេងៗនោះ មិនទាន់បានបំពេញជាផ្លូវការនៅឡើយទេ។ Pickford បានធ្វើការពន្យារពេលនៃការសម្រេចចិត្តលើអនាគតរបស់គេ រហូតទាល់តែបញ្ចប់យុទ្ធនាការ Euro អាយុក្រោម21ឆ្នាំក្នុងប្រទេសប៉ូឡូញ។ អ្នកចាំទីរូបនេះ បានធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញ ជាមួយនឹងក្រុមរបស់លោក Aidy Boothroyd កាលពីថ្ងៃចន្ទ និងត្រូវប្រកួតជាមួយនឹងក្រុមជម្រើសជាតិស៊ុយអែត ក្នុងការប្រកួតបើកឆាករបស់អង់គ្លេស នៅថ្ងៃសុក្រនេះ។

    Pickford បាននិយាយកាលពីសប្តាហ៍មុនថា៖ «ខ្ញុំបាននិយាយទៅកាន់ភ្នាក់ងារតំណាងរបស់ខ្ញុំ និងបានប្រាប់គាត់ថា ខ្ញុំចង់ផ្តោតទៅលើយុទ្ធនាការ Euro និងបង្ហាញពីទម្រង់លេងដ៏ល្អបំផុតតាមដែលខ្ញុំអាច។ ខ្ញុំនឹងរង់ចាំមើលថា ខ្ញុំនឹងស្ថិតនៅទីណា។ ក្នុងនាមជាកីឡាកររបស់ Sunderland ដែលធ្លាក់ចេញក្របខ័ណ្ឌកំពូល វាពិតជាលំបាកក្នុងការទទួលយកណាស់»៕
    ប្រភពពី៖ The Guardian

  • រដ្ឋមន្រ្ដីស្នើឱ្យប្រទេសឆេក ចាប់អារម្មណ៍កម្ពុជាជាទីតាំងផលិតសម្រាប់ការនាំចេញ

    រដ្ឋមន្រ្ដីស្នើឱ្យប្រទេសឆេក ចាប់អារម្មណ៍កម្ពុជាជាទីតាំងផលិតសម្រាប់ការនាំចេញ

    ដើម្បីជាការទាក់ទាញធ្វើជាដៃគូវិនិយោគពីសាធារណរដ្ឋឆេក ឯកឧត្តម ចម ប្រសិទ្ធ បានស្នើឲ្យខាងភាគីឆេកចាប់អារម្មណ៍លើការបណ្តាក់ទុនវិនិយោគ ដោយយកកម្ពុជាធ្វើជាទីតាំងផលិត ដើម្បីធ្វើការនាំចេញ និងពង្រីកការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

    ការស្នើសុំនេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងារនៅទីស្តីការក្រសួងកាលពីព្រឹកថ្ងៃទី13 ខែមិថុនា ឆ្នាំ2017 រវាងឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងឯកឧត្តម Marek Libricky ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆេក ប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ។

    ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើងពីសក្តានុភាពរបស់ប្រទេសកម្ពុជាក្នុងនាមជាប្រទេសអភិវឌ្ឍន៍តិចតួច និងបានធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនទៅក្នុងតំបន់ និងពិភពលោក ដោយបានទទួលភាពអនុគ្រោះពាណិជ្ជកម្មពីប្រទេសអភិវឌ្ឃន៍ និងប្រទេសជាដៃគូជាច្រើនបានអនុញ្ញាតឲ្យនាំទំនិញចេញពីកម្ពុជារាប់ពាន់មុខដោយមិនជាប់ពន្ធ និងកូតា ដូចជា៖ ទីផ្សារសហគមន៍អឺរុប អាមេរិក កាណាដា ចិន ជប៉ុន កូរ៉េ និងអូស្ត្រាលី ជាដើម។ ដោយឡែកក្រោមក្របខ័ណ្ឌសហគមន៍សេដ្ឋកិច្ចអាស៊ានវិញ កម្ពុជាជាចំណុចកណ្តាល ឬជាបេះដូងអាស៊ាន ដែលមានលក្ខណៈអំណោយផលទាំងភូមិសាស្ត្រ និងសេដ្ឋកិច្ច។

    ដោយមើលឃើញពីចំណុចសក្ដានុពលធំៗទាំងនេះរបស់ប្រទេសកម្ពុជា ពិសេសទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋឆេកដែលមានរយៈពេលជាយូរឆ្នាំមកហើយនោះ ឯកឧត្តម ចម ប្រសិទ្ធ បានស្នើឲ្យខាងភាគីឆេក ចាប់អារម្មណ៍ការបណ្តាក់ទុនវិនិយោគដោយយកកម្ពុជាធ្វើជាទីតាំងផលិត ដើម្បីធ្វើការនាំចេញ និងពង្រីកការដោះដូរពាណិជ្ជកម្ម ព្រោះថាប្រទេសទាំងពីរនៅមានជញ្ជីងពាណិជ្ជកម្មនាំចេញ-នាំចូល ក្នុងកម្រិតទាបនៅឡើយ។

    ក្នុងជំនួបកិច្ចពិភាក្សានេះ ត្រូវបានផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើកិច្ចពង្រឹងទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពង្រីកការដោះដូរពាណិជ្ជកម្ម និងការទាក់ទាញការវិនិយោគ ព្រមទាំងបានផ្តល់សារៈសំខាន់ទៅលើវិស័យឧស្សាហកម្មបច្ចេកវិទ្យា និងការផលិតកែច្នៃដើម្បីនាំចេញទៀតផង។

    ឯកឧត្តម Marek Libricky ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេក ប្រចាំកម្ពុជា ក្នុងបេសកកម្មលើកទី1 នៅកម្ពុជា បានសន្យានឹងធ្វើការផ្សព្វផ្សាយ ព្រមទាំងអំពាវនាវឲ្យអ្នកវិនិយោគពីប្រទេសឆេកមកបណ្តាក់ទុននៅកម្ពុជាឲ្យបានកាន់តែច្រើនឡើង ដោយបានឯកភាព និងតាមរយៈសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងដៃគូសេដ្ឋកិច្ច ដោយនឹងមានរៀបចំឲ្យមានសិក្ខាសាលាផ្គូផ្គងរវាងធុរជន ឧស្សាហករ ពាណិជ្ជករ និងសហគ្រិន នៃប្រទេសទាំងពីរផងដែរ៕

  • Microsoft បើកសម្ពោធឧបករណ៍កំពូលហ្គេមបំពាក់បច្ចេកវិទ្យា UHD Blu-ray

    Microsoft បើកសម្ពោធឧបករណ៍កំពូលហ្គេមបំពាក់បច្ចេកវិទ្យា UHD Blu-ray

    ពិតជាថ្មី ហើយប្លែកមែន ជាមួយនឹងឧបករណ៍កំពូលហ្គេមរបស់ក្រុមហ៊ុន Microsoft ដែលទើបដាក់ចេញកាលពីប៉ុន្មានថ្ងៃមុននេះ ជាមួយនឹងការប្រើបច្ចេកវិទ្យា UHD Blu-ray អាចបង្ហាញរូបភាពបានច្បាស់ដល់កម្រិត 4K UHD និងសមត្ថភាពម៉ាស៊ីនកាន់តែខ្លាំង ដោយមាន Ram រហូតដល់ 8 GB លើទំហំផ្ទុក 1TB ។

    ឧបករណ៍កំពូលហ្គេម Xbox One X នេះត្រូវបាន Microsoft និយាយថា វាមានសមត្ថភាពដ៏មហិមា (The world’s most powerful gaming console) ដោយមានសមត្ថភាពដំណើរការលឿនជាងមុន 6ដង ជាមួយនឹងការបំពាក់ដោយអង្គប្រតិបត្តិការ ប្រភេទ AMD CPU ផ្ទាល់ខ្លួនចំនួន 8 គ្រាប់ ល្បឿន 2.3GHz និងមានប្រើបច្ចេកវិទ្យា Liquid Cooling និងមានប្រើកង្ហារប្រភេទ Supercharger-Style Centrifugal ដើម្បីធានាថា វាស្ថិតនៅក្នុងភាពត្រជាក់ជានិច្ច ទោះជាប្រើយូរច្រើនម៉ោងយ៉ាងណាក្ដី។

    សម្រាប់ការមកដល់ថ្មីនេះ Xbox One X ត្រូវបាន Microsoft ដាក់លក់ក្នុងតម្លៃ 499 ដុល្លារ ដែលអាចរកទិញបានចាប់ផ្តើមនៅថ្ងៃទី 7 ខែវិច្ឆិកានេះតទៅក្នុងទីផ្សារអាមេរិក៕

  • ចន ច័ន្ទលក្ខិណា និងសប្បុរសជន នាំយកថវិកាជួយតារាជើងចាស់ កាន់ សុវណ្ណនី

    ចន ច័ន្ទលក្ខិណា និងសប្បុរសជន នាំយកថវិកាជួយតារាជើងចាស់ កាន់ សុវណ្ណនី

    បន្ទាប់ពីទទួលបានដំណឹងគ្រោះថ្នាក់ដោយចៃដន្យដ៏ធ្ងន់ធ្ងររបស់យាយ ផាន់ ឬអ្នកគ្រូ កាន់ សុវណ្ណនី រួចមកនោះ គេសង្កេតឃើញមានសិល្បករ សិល្បការិនី ព្រមទាំងប្រិយមិត្តអ្នកគាំទ្រជាច្រើនបានយកចិត្តទុកដាក់ក្នុងស្ថានភាពជំងឺរបស់អ្នកគ្រូ។ ក្នុងនោះដែរ នៅថ្ងៃទី13 ខែមិថុនា ឆ្នាំ2017នេះ អ្នកនាង ចន ច័ន្ទលក្ខិណា ព្រមទាំងលោក ហេង ឡុង និងលោក សុះ ម៉ាច បានពាំនាំនូវទឹកចិត្តអាណិតអាសូរ ក្ដីស្រឡាញ៉ រួមទាំងថវិកាមួយចំនួនទៅជូនអ្នកគ្រូ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាល់ម៉ែត្រ។

    បើតាមរយៈ Facebook page របស់លោក ហេងឡុង បានបង្ហោះរូបស្ថានភាពជំងឺរបស់អ្នកគ្រូ ព្រមទាំងនិយាយរៀបរាប់ថា ” សូមជួយស៊ែរជូនពរអ្នកគ្រូឱ្យឆាប់ជាសះស្បើយផង! សំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់ អ្នកគ្រូកាន់ សុវណ្ណនី ដែលជាតួយាយផាន់នៅក្នុងបទទុំទាវដ៏ល្បីល្បាញបានជួបគ្រោះថ្នាក់ចៃដន្យធ្លាក់ផ្ងារក្រោយពីលើតុរបួសក្បាលផ្នែកខាងក្រោយធ្ងន់ធ្ងរ ប៉ុន្តែពិតជាមហាសំណាងខ្លាំងណាស់ដែលអ្នកគ្រូត្រូវបានសង្គ្រោះទាន់ពេលវេលា។ ព្រឹកមិញនេះ ថ្ងៃទី13 ខែឧសភា ឆ្នាំ2017 តំណាងមូលនិធិសិល្បករចាស់ជរា រួមមានលោក ហេង ឡុង លោក សុះ ម៉ាច និង អ្នកនាង ចន ច័ន្ទលក្ខិណា បានចុះទៅសួរសុខទុក្ខអ្នកគ្រូដោយផ្ទាល់នៅមន្ទីពេទ្យកាល់ម៉ែត្រ ដោយបានយកថវិកាចំនួន 1លានរៀល និង ទឹកដោះគោឆៅ 2ឡូ ទឹកត្រចៀកកាំ 1យួរ ទៅជួយសម្រាលថ្លៃព្យាបាល និងលើកទឹកចិត្តអ្នកគ្រូ។ បើសិនជាបងប្អូនណាដែលមានចិត្តចង់ជួយអ្នកគ្រូសូមទំនាក់ទំនងទៅកាន់លេខអ្នកគ្រូផ្ទាល់ 012 85 44 50 ” ។

    គួរបញ្ជាក់ផងដែរថា អ្នកគ្រូ កាន់សុវណ្ណនី ឬ យាយផាន់ នៅក្នុងបទចម្រៀងយីកេ ទុំទាវ របស់ផលិតកម្មរស្មី ហង្សមាស បានជួបគ្រោះថ្នាក់ដួលផ្ងារក្រោយដោយចៃដន្យរបួសក្បាលធ្ងន់ធ្ងរ កាលពីថ្ងៃទី 11 ខែមិថុនា ឆ្នាំ2017 ដែលដំណឹងនេះត្រូវបានបង្ហោះដោយគណនី ហ្វេស ប៊ុក ឈ្មោះថា SokmeanAlexadra៕

  • Bill Gates ណែនាំសៀវភៅដែលអានដើម្បីអភិវឌ្ឍខ្លួនឯង

    Bill Gates ណែនាំសៀវភៅដែលអានដើម្បីអភិវឌ្ឍខ្លួនឯង

    គេហទំព័រវេទិកាសេដ្ឋកិច្ចពិភពលោកបានដកស្រង់យកការណែនាំរបស់លោក Bill Gates មហាសេដ្ឋីពិភពលោក ដែលគ្រប់គ្នាស្គាល់ថា ជាស្ថាបនិកក្រុមហ៊ុន Microsoft អំពីការជ្រើសរើសសៀវភៅដើម្បីអានក្នុងពេលវិស្សមកាល ឬពេលទំនេរៗដើម្បីអភិវឌ្ឍខ្លួនឯង។

    ខាងក្រោមនេះ ជាសៀវភៅចំនួន 3ក្បាលដែលណែនាំដោយមហាសេដ្ឋី Bill Gates៖

    1. សៀវភៅ Hillbilly Elegy របស់អ្នកនិពន្ធ JD Vance


    សៀវភៅនេះគឺជាបទពិសោធរបស់អ្នកនិពន្ធផ្ទាល់ដែលគាត់បានឆ្លងកាត់ភាពក្រីក្រ ហើយការអភិវឌ្ឍនេះស្ថិតក្នុងភាពស្វិតស្វាញបំផុត។ Hillbilly Elegy ជាកំណត់ត្រាជីវិតរបស់ Vance ដែលស្ថិតក្នុងស្ថានភាពដ៏ខ្មៅងងឹត ភាពរីករាយ និងការប្រមើលមើលពីអនាគតនៃវប្បធម៌នៃជីវិតរបស់មនុស្សម្នាក់ដែលរស់នៅក្នុងទីក្រុងតូចមួយត្រូវបានគេបំភ្លេចចោលនៅសហរដ្ឋអាមេរិក។ វាបង្ហាញពីដំណើរឆ្លងកាត់ភាពក្រីក្រ និងការតស៊ូរបស់មនុស្សម្នាក់នៅពីក្រោយភាពក្រីក្រ។

    2. A Full life ដោយអ្នកនិពន្ធ Jimmy Carter


    បន្ទាប់ពីបានឆ្លងកាត់ការសរសេរសៀវភៅអស់ 24ក្បាលរួចមក លោក Carter បានបង្កើតទស្សនីយភាពគំនិតកាន់តែស៊ីជម្រៅឡើង។ នៅក្នុងសៀវភៅ A Full Life នេះអ្នកនិពន្ធបានបកស្រាយឱ្យមនុស្សលើពិភពលោកបានឃើញពីវិធីអភិវឌ្ឍន៍ និងការងើបឡើងរបស់បុគ្គលម្នាក់មកនៅតំបន់ជនបទមួយរបស់ Georgia ក្នុងផ្ទះដែលគ្មានប្រព័ន្ធទឹកស្អាត គ្មានអគ្គិសនី និងគ្មានអ្វីទាំងអស់។

    3. Born a Crime ដោយអ្នកនិពន្ធ Trevor Noah

    Gifts for a Man on the Go

    សៀវភៅនេះរៀបរាប់ពីបទពិសោធនៃការងើបឡើងរបស់គ្រួសារមួយដែលមានម្តាយជាជនជាតិអាហ្វ្រិកខាងត្បូង និងឪពុកជាជនជាតិស្បែកសស្វ៊ីស នៅក្នុងសង្គមដែលមានការប្រកាន់ពណ៌សម្បុរ (apartheid)និងរើសអើងពូជសាសន៍ នៅអាហ្វ្រិកខាងត្បូងកាលពីចុងទសវត្សរ៍ 1980៕