Author: វល័ក្ខ

  • បិសាចក្រហម Man Utd បំពេញការផ្ទេរ Lindelof ពី Benfica ជាផ្លូវការ

    បិសាចក្រហម Man Utd បំពេញការផ្ទេរ Lindelof ពី Benfica ជាផ្លូវការ

    ក្លិប Manchester United បានបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែការពារអន្តរជាតិស៊ុយអែត Victor Lindelof ជាផ្លូវការពីក្លិបម្ចាស់ជើងឯកព័រទុយហ្គាល់ Benfica ហើយ ក្នុងកិច្ចសន្យារយៈពេល 4ឆ្នាំ ជាមួយនឹងជម្រើសក្នុងការបន្តកិច្ចសន្យារយៈពេល1ឆ្នាំទៀត។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ កាលពីថ្ងៃពុធ។

    ក្រុមម្ចាស់ជើងឯករបស់អង់គ្លេស 2០សម័យកាលមួយនេះ បានឲ្យដឹងនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា៖ «ក្លិប Manchester United ពិតជារីករាយណាស់ក្នុងការប្រកាសពីការចុះហត្ថលេខាជាមួយនឹង Victor Lindelof មកពីក្លិប Benfica ចាប់ពីថ្ងៃទី1 ខែកក្កដា ឆ្នាំ2017 តទៅ»។ Man United បានបន្ថែមទៀតថា៖ «ខ្សែការពារកណ្តាលអន្តរជាតិស៊ុយអែតរូបនេះ គឺជាខ្សែការពារដ៏រឹងមាំម្នាក់ ហើយនឹងធ្វើការបង្ហាញខ្លួនជាលើកទី1របស់គេក្នុងដំណើរទៅប្រកួតមិត្តភាពលើទឹកដីសហរដ្ឋអាមេរិក នៅខែកក្កដាខាងមុខ»។

    Lindelof ដែលក្លិប Benfica បានបញ្ជាក់ថា នឹងមានតម្លៃខ្លួន35លានអឺរ៉ូ (ស្មើនឹង39លានដុល្លារអាមេរិក) នោះ គឺជាកីឡាករចំណូលថ្មីដំបូងគេរបស់លោក Jose Mourinho នារដូវក្តៅនេះ ក្រោយពីក្រុមរបស់លោកបានឈ្នះពាន Europa League កាលពីខែមុន ដើម្បីឈ្នះសិទ្ធិទៅប្រកួតក្របខ័ណ្ឌ Champions League នារដូវកាលក្រោយ។ លោក Mourinho អ្នកចាត់ការទូទៅរបស់ Man United បានប្រាប់គេហទំព័ររបស់ក្លិបនេះថា៖ «Victor ពិតជាកីឡាករវ័យក្មេងដ៏មានទេពកោសល្យម្នាក់ ដែលមានអនាគតដ៏អស្ចារ្យសម្រាប់រូបគេនៅក្នុងក្លិប Man United»។

    គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបានបន្ថែមទៀតថា៖ «រដូវកាលរបស់យើងកាលពីឆ្នាំមុន បានបង្ហាញឲ្យយើងឃើញហើយថា យើងត្រូវការជម្រើស និងគុណភាពជាច្រើនទៀតសម្រាប់បន្ថែមឱ្យក្រុមយើងនេះ ហើយ Victor គឺកីឡាករដំបូងគេក្នុងការចូលរួមជាមួយយើងនៅរដូវក្តៅនេះ។ ខ្ញុំដឹងថា ក្រុមកីឡាករដ៏អស្ចារ្យរបស់យើង នឹងស្វាគមន៍រូបគេក្នុងនាមជាសមាជិកម្នាក់របស់យើង»៕
    ប្រភពពី៖ Sports.yahoo

     

     

  • ព្រឹត្តិការណ៍ពិព័រណ៍កុមារឆ្នាំ2017 នឹងធ្វើនៅចុងសប្តាហ៍នេះ

    ព្រឹត្តិការណ៍ពិព័រណ៍កុមារឆ្នាំ2017 នឹងធ្វើនៅចុងសប្តាហ៍នេះ

    ពិព័រណ៌សម្រាប់កុមារ និងគ្រួសារលើកទី 4 នឹងរៀបចំឡើងនៅថ្ងៃទី 17-18 (សៅរ៍ – អាទិត្យ) ខែមិថុនា ចុងសប្តាហ៍នេះ ចាប់ពីម៉ោង 8ព្រឹក រហូតដល់ម៉ោង 8យប់ នៅអគារពិព័រណ៍កោះពេជ្រ។ ក្រុមគ្រួសារដែលចូលរួមទាំងអស់ នឹងទទួលបានការសប្បាយរីករាយជាមួយនឹងការរៀបចំទីធ្លាកម្សាន្តសប្បាយ ការតុបតែងពិសេសៗតាមបែបគំនូរជីវចលល្បីៗ និងការសម្តែងកម្សាន្ត រួមទាំងសកម្មភាពប្លែកៗជាច្រើនទៀត។

    នៅក្នុងពិព័រណ៍នៅឆ្នាំនេះ អ្នកចូលរួមនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ 50% រាល់ការទិញសម្ភារ និងសេវាកម្មសម្រាប់កូនៗពីបណ្តាក្រុមហ៊ុនដែលពាក់ព័ន្ធ ដូចជាក្រុមហ៊ុនម្សៅទឹកដោះគោ អាហារបំប៉ន សម្លៀកបំពាក់ ឧបករណ៍ក្មេងលេង សម្ភារសិក្សា សាលារៀន សាលាភាសា មជ្ឈមណ្ឌលថែទាំកុមារ សេវាកម្មហិរញ្ញវត្ថុ ធានារ៉ាប់រង និងស្តង់អាហារផ្សេងទៀត រួមទាំងរង្វាន់ដោយឥតគិតថ្លៃជាច្រើនមុខទៀត។

    លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិនៃក្រុមហ៊ុន អនុស្សារៀបចំពិព័រណ៍ បានលើកឡើងថា សមិទ្ធផលដែលពិព័រណ៍សម្រេចបានក្នុងរយៈពេល 3ឆ្នាំកន្លងមកនេះ គឺការផ្តល់ស្នាមញញឹមដល់ក្រុមគ្រួសារជាច្រើន សារអប់រំ និងបទពិសោធល្អៗដល់កុមារតូចៗ។ មានអាណាព្យាបាលប្រមាណ 20,000នាក់ បានចូលរួមពិព័រណ៍កាលពីឆ្នាំមុន ហើយឆ្នាំនេះ យើងរង់ចាំស្វាគមន៍អ្នកចូលរួមឱ្យបានច្រើនជាងមុន។

    លោក សេង ពិសិដ្ឋ បាននិយាយថា៖ «ការជំរុញភាពក្លាហាន និងស្មារតីប្រកួតប្រជែងរបស់កុមារ គឺជាប្រធានបទសំខាន់សម្រាប់ពិព័រណ៍ក្នុងឆ្នាំនេះ»។

    លោកបានបន្ថែមទៀតថា ឆ្នាំនេះយើងនឹងមានរៀបចំការប្រកួតប្រជែងជាច្រើនប្រភេទសម្រាប់កុមារដូចជា ការប្រកួតសូត្រកំណាព្យ និយាយរឿង សរសេរតាមអាន និងប្រកួតគិតលេខជាដើម៕

  • លោក Claude Puel ត្រូវបានបណ្តេញចេញពី Southampton

    លោក Claude Puel ត្រូវបានបណ្តេញចេញពី Southampton

    លោក Claude Puel ត្រូវបានបណ្តេញចេញពីតំណែងអ្នកចាត់ការទូទៅរបស់ក្លិប Southampton កាលពីថ្ងៃពុធ ក្រោយពីដឹកនាំបានរយៈពេលត្រឹមតែ1រដូវកាលប៉ុណ្ណោះ។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌអង់គ្លេស Premier League មួយនេះ។

    លោក Puel វ័យ55ឆ្នាំ បានដឹកនាំឲ្យក្រុម Southampton បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៨ នៅលើតារាងក្របខ័ណ្ឌ Premier League និងឈានទៅដល់វគ្គផ្តាច់ព្រ័ត្រដណ្តើមពាន League Cup មុននឹងចាញ់ក្រុម Manchester United ក្នុងលទ្ធផល 3 – 2។ ក្លិបនេះបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្លិបកីឡាបាល់ទាត់ Southampton អាចធ្វើការប្រកាសនៅថ្ងៃនេះថា យើងបានបញ្ចប់កិច្ចសន្យាជាមួយនឹងលោក Claude Puel ចាប់ពេលនេះតទៅហើយ»។

    លោក Puel ដែលជាអតីតគ្រូបង្វឹករបស់ក្លិប Monaco, Lille, Lyon និង Nice នោះ បានរងនូវការស្រែកចំអកឲ្យពីអ្នកគាំទ្រផ្ទាល់របស់លោក នៅពេលដែលក្រុមភ្ញៀវ Stoke City ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 1-០ នៅកីឡដ្ឋាន St Mary’s នៅថ្ងៃប្រកួតចុងក្រោយនៃក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន ក្នុងខែឧសភា។ ថ្ងៃនោះ មន្ត្រីក្នុងក្លិប Southampton បានប្រកាសរួចជាស្រេចអំពីគម្រោងនៃការត្រួតពិនិត្យទៅលើអនាគតរបស់លោកគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ ហើយតួនាទីរបស់លោកមិនអាចរក្សាបានឡើយ ក្រោយពីក្រុមរបស់លោកមិនអាចរកគ្រាប់បាល់បញ្ចូលទីបានសោះក្នុងការប្រកួត៥លើកជាប់ៗគ្នា។

    Southampton បានឲ្យដឹងថា៖ «គ្រប់គ្នាក្នុងក្លិប Southampton សូមសម្តែងនូវការអរគុណដល់លោក Claude ចំពោះការខិតខំរបស់លោក និងការប្តេជ្ញាចិត្តនៅឆ្នាំនេះ។ រដូវកាលមុននេះ លោកបានផ្តល់នូវថ្ងៃដ៏គួរឲ្យចងចាំមួយនៅកីឡដ្ឋាន Wembley ក្នុងពាន EFL Cup វគ្គផ្តាច់ព្រ័ត្រ គឺជាថ្ងៃមួយដែលអ្នកគាំទ្ររបស់យើងតែងតែឲ្យតម្លៃជានិច្ច»៕
    ប្រភពពី៖ Sky Sport24

     

  • Bayern ចុះហត្ថលេខាជាមួយ Tolisso ក្នុងតម្លៃខ្លួនជាកំណត់ត្រារបស់ Bundesliga

    Bayern ចុះហត្ថលេខាជាមួយ Tolisso ក្នុងតម្លៃខ្លួនជាកំណត់ត្រារបស់ Bundesliga

    ក្លិប Bayern Munich បានចុះហត្ថលេខាជាមួយនឹងខ្សែបម្រើអន្តរជាតិបារាំងដ៏មានឥទ្ធិពល Corentin Tolisso សម្រាប់តម្លៃខ្លួនជាកំណត់ត្រាក្នុងក្របខ័ណ្ឌ Bundesliga ដែលមានចំនួន 41.5លានអឺរ៉ូ (ស្មើនឹង 46.8លានដុល្លារអាមេរិក) ពីក្លិប Lyon កាលពីថ្ងៃពុធ។

    Bayern បានឲ្យដឹងថា Tolisso វ័យ 22ឆ្នាំ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 5ឆ្នាំ ស្របពេលដែលក្លិប Lyon បានប្រកាសពីតម្លៃខ្លួននៃការផ្ទេរនេះ និងបានបញ្ជាក់ថា ការបន្ថែមប្រាក់ឧបត្ថម្ភផ្សេងៗ អាចនឹងធ្វើឲ្យតម្លៃខ្លួនរបស់ Tolisso កើនឡើងក្នុងទឹកប្រាក់ 6លានអឺរ៉ូ បន្ថែមទៀត។

    Tolisso បានប្រាប់គេហទំព័ររបស់ក្លិបនេះថា៖ «ខ្ញុំមានពេលវេលាដ៏អស្ចារ្យជាមួយនឹងក្លិប Lyon ហើយខ្ញុំពិតជាថ្លែងអំណរគុណចំពោះពេលវេលានោះ។ ខ្ញុំពិតជារីករាយណាស់ក្នុងការស្ថិតនៅក្នុងក្លិបមួយក្នុងចំណោមក្លិបដ៏ខ្លាំងបំផុតនៅអឺរ៉ុប។ ខ្ញុំមានគោលបំណងដ៏អស្ចារ្យសម្រាប់ពេលវេលារបស់ខ្ញុំនៅឯ FC Bayern នេះ។ ថ្ងៃនេះគឺជាថ្ងៃដ៏អស្ចារ្យមួយសម្រាប់ខ្ញុំ»។ Tolisso ដែលបានចូលរួមជាមួយនឹង Lyon តាំងពីមានវ័យ 13ឆ្នាំនោះ បានធ្វើការបង្ហាញខ្លួនជាលើកដំបូងរបស់គេក្នុងក្រុមឈុតធំ កាលពីឆ្នាំ 2013 និងបានបន្តលេងរហូតបានដល់ទៅ 60ប្រកួត ក្នុងនោះរាប់បញ្ចូលទាំងការប្រកួត32លើកក្នុងក្របខ័ណ្ឌ Champions League និង Europa League ផងដែរ ដោយបានស៊ុតបាល់បញ្ចូលទី29គ្រាប់។ រូបគេក៏ជាគោលដៅមួយសម្រាប់ក្លិប Chelsea ផងដែរ។

    លោក Karl-Heinz Rummenigge ប្រធានក្លិប Bayern បានឲ្យដឹងថា៖ «យើងពិតជារីករាយណាស់ដែលយើងអាចចុះហត្ថលេខាជាមួយនឹងកីឡាករវ័យក្មេងម្នាក់ និងជាកីឡាករដ៏គួរឲ្យចាប់អារម្មណ៍ម្នាក់ នៅមុនពេលយុទ្ធនាការដ៏ស្វិតស្វាញមួយ។ Corentin Tolisso គឺជាគោលដៅរបស់លោកគ្រូបង្វឹក Carlo Ancelotti សម្រាប់តំបន់បម្រើរបស់យើង»៕
    ប្រភពពី៖ FOXSports

     

  • នួន បូរ៉ា៖បទ «Sorry អូនសម្លាញ់» នឹងមិនចាញ់បទ «ប៉ង» ប៉ុន្មានឡើយ

    នួន បូរ៉ា៖បទ «Sorry អូនសម្លាញ់» នឹងមិនចាញ់បទ «ប៉ង» ប៉ុន្មានឡើយ

    បន្ទាប់ពីលោក នួន បូរ៉ា ចេញបទចម្រៀង Original Song របស់ខ្លួន គឺបទ «ប៉ង» ដោយទទួលបានការគាំទ្រខ្លាំងពីប្រិយមិត្ដអ្នកស្ដាប់កាលពីពេលថ្មីៗនេះរួចមក លោកបានចេញបទថ្មីមួយទៀតដែលមានចំណងជើងថា «Sorry អូនសម្លាញ់»។

    ក្នុងបទថ្មីដែលលោក នួន បូរ៉ា ទើបបង្ហោះនៅក្នុងបណ្ដាញសង្គមនេះ មានមហាជនជាច្រើនរំពឹងថា បទថ្មីមួយនេះនឹងទទួលបានការគាំទ្រមិនចាញ់បទចាស់ប៉ុន្មានឡើយ។ដោយឡែកសាមីខ្លួនតារាចម្រៀងលោក នួន បូរ៉ា បានលើកឡើងថា កន្លងមកលោកធ្លាប់តែយកបទចម្រៀងរបស់រៀមច្បងនៅក្នុងផលិតកម្មមួយចំនួនមកច្រៀង ទើបធ្វើឱ្យលោកមានគំនិតចង់ផលិតបទចម្រៀងដោយខ្លួនឯងជារបស់ខ្លួនឯង ខណៈយុវវ័យបច្ចុប្បន្នកំពុងតែផ្ដល់តម្លៃឱ្យស្នាដៃកូនខ្មែរ និងម្យ៉ាងទៀត ការផលិតបទចម្រៀង Original Song ក៏មិនចំណាយថវិកាច្រើនប៉ុន្មានដែរ។

    នួន បូរ៉ា បន្ដថា បើទោះជាមានការលំបាកបន្ដិចបន្ដួចក្ដី ប៉ុន្ដែចិត្ដរបស់លោកពុំធ្លាប់រួញរាចំពោះការងារនេះឡើយ ព្រោះការផលិតបទចម្រៀងថ្មី  ឧបសគ្គរបស់វាមិនស្ថិតនៅលើថវិកាទេ វាស្ថិតនៅលើឆន្ទៈតែប៉ុណ្ណោះ។ ដូច្នេះសម្រាប់អ្នកស្រឡាញ់ការច្រៀងតាំងពីអាយុ13ឆ្នាំដូចជារូបលោក នឹងនៅតែប្រឹងប្រែងផលិតបទចម្រៀងថ្មីៗជាបន្ដបន្ទាប់ទៀតរហូត។

    លោកបញ្ជាក់ថា៖ «អ្វីដែលខ្ញុំចង់បានពីមហាជននៅពេលនេះ គឺកម្លាំងចិត្ដតាមរយៈការគាំទ្រលើបទចម្រៀងថ្មីៗជាច្រើន មិនថាតែបទចម្រៀងរបស់ខ្ញុំ ឬរបស់តារាចម្រៀងរូបណាទេ សូមចូលរួមគាំទ្រទាំងអស់គ្នា»។ ទោះយ៉ាងណានួន បូរ៉ា បានបង្ហាញនូវក្ដីរំពឹងថា បទទីពីររបស់លោកនឹងទទួលបានការគាំទ្រមិនចាញ់បទទីមួយនោះឡើយ៕

    https://www.youtube.com/watch?v=oh6dcJZUefk

  • Nokia នឹងប្រកាសបង្ហាញ ព្រមទាំងដាក់លក់ស្មាតហ្វូនថ្មីជាផ្លូវការនៅទីផ្សារកម្ពុជានាល្ងាចនេះ

    Nokia នឹងប្រកាសបង្ហាញ ព្រមទាំងដាក់លក់ស្មាតហ្វូនថ្មីជាផ្លូវការនៅទីផ្សារកម្ពុជានាល្ងាចនេះ

    ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ដែលទទួលបានសិទ្ធិប្រើប្រាស់ស្លាកយីហោ Nokia នៅថ្ងៃនេះ បានដាក់បង្ហាញស្មាតហ្វូនស៊េរីថ្មី ជាលើកដំបូងរបស់ខ្លួន នៅក្នុងរួមមាន Nokia 6, Nokia 5 និង Nokia 3 ដែលនឹងមានលក់នៅទីផ្សារកម្ពុជា ចាប់ពីខែមិថុនានេះតទៅ ក្នុងនោះក៏មានទូរស័ព្ទ Nokia 3310 ផងដែរ។

    កម្មវិធីប្រកាសបង្ហាញ និងដាក់លក់ស្មាតហ្វូនថ្មីនេះ ត្រូវបានធ្វើឡើងនៅភោជនីយដ្ឋាន Topaz ដែលមានអសយដ្ឋានផ្ទះលេខ 162 មហាវិថីព្រះនរោត្ដម រាជធានីភ្នំពេញ។

    សម្រាប់ព័ត៌មានបន្ថែម គេហទំព័រ ឡារ៉ែន នឹងជម្រាប់ជូននៅពេលក្រោយទៀត សូមកុំភ្លេចតាមដាន៕

     

  • លោកបណ្ឌិតសុក ស៊ីផាន់ណា៖ កម្ពុជាមានច្បាប់វិនិយោគសឹងគ្រប់អស់ហើយ…

    លោកបណ្ឌិតសុក ស៊ីផាន់ណា៖ កម្ពុជាមានច្បាប់វិនិយោគសឹងគ្រប់អស់ហើយ…

    លោកបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន CDRI បានលើកឡើងថា កម្ពុជាមានច្បាប់សឹងគ្រប់អស់ហើយ ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ។

    លោកបានផ្តល់ពេលវេលាខ្លីមួយ ដើម្បីឲ្យអ្នកយកព័ត៌មានផ្នែកសេដ្ឋកិច្ច និងអចលនទ្រព្យនៃគេហទំព័រឡារ៉ែន បានជួបសម្ភាស ៖
    -សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនជាង 7ភាគរយ ក្នុងរយៈពេលពីរទសវត្សរ៍ តើអ្វីជាមូលដ្ឋាននៃការសម្រេចបាននូវកំណើននេះ?
    សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនជាង7ភាគរយជាមធ្យមភាគក្នុងរយៈពេលជាងពីរទសវត្សរ៍ ហើយបើប្រៀបធៀបជាមួយប្រទេសនានាក្នុងពិភពលោក តើប្រទេសណាដែលសម្រេចបានកំណើនសេដ្ឋកិច្ចបែបនេះ?។ អ្វីដែលកម្ពុជាសម្រេចបាននូវលទ្ធផលដ៏គាប់ប្រសើរនេះ ដោយសារភាពបើកចំហនៃសេដ្ឋកិច្ចរបស់យើង និងសេរីភាវូបនីយកម្មនៃពាណិជ្ជកម្ម ការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក និងការផ្តល់លទ្ធភាពឲ្យអ្នកវិនិយោគមកវិនិយោគនៅប្រទេសយើងបានស្ទើរគ្រប់វិស័យ (លើកលែងតែជនបរទេសមិនអាចទិញដីធ្លី) ព្រោះប្រទេសយើងមិនមានការដាក់កំហិត ប៉ុន្តែប្រទេសខ្លះបានដាក់កំហិតក្នុងរឿងមួយចំនួន។

    នេះជាការលើកទឹកចិត្តសម្រាប់អ្នកវិនិយោគទុន ពិសេសក្រុមហ៊ុនធំៗដែលមានលក់ភាគហ៊ុននៅក្នុងទីផ្សារហ៊ុន និងក្រុមហ៊ុនខ្លះមិនបានលក់ភាគហ៊ុនទេ តែពួកគេមានក្រុមប្រឹក្សាភិបាលរបស់ពួកគេ។ ក្រុមប្រឹក្សាភិបាលនេះ ជាអ្នកសិក្សាមើលថា គួរវិនិយោគនៅប្រទេសណាដែលគេអាចមានឯករាជ្យភាពក្នុងការសម្រេច និងគ្រប់គ្រងក្រុមហ៊ុនរបស់គេបាន។ នេះជាចំណុចសំខាន់ណាស់។

    -មានការរិះគន់ពីគោលនយោបាយថា មានភាពបើកចំហពេក តើអ្វីជាគុណសម្បត្តិ និងគុណវិបត្តិពីភាពបើកចំហរបស់កម្ពុជានេះ?
    អ្វីក៏មានគុណសម្បត្តិ និងគុណវិបត្តិដែរ ប៉ុន្តែក្នុងបរិបទកម្ពុជាដែលឆ្លងកាត់សង្រ្គាម ចាប់ផ្តើមពីបាតដៃទទេ និងទទួលបានសន្តិភាពនៅឆ្នាំ1993 យើងមិនអាចប្រៀបធៀបជាមួយប្រទេសថៃ និងមិនអាចធៀបទាំងជាមួយវៀតណាមផង ព្រោះវៀតណាមមានសង្រ្គាមមែន តែមិនមានសោកនាដកម្មដែលមានគេកាប់សម្លាប់អស់បញ្ញវ័ន្តនោះទេ។ កុំនិយាយពីលុយ ធនធានអត់មាន ចំណេះអត់មាន បច្ចេកវិទ្យាអត់មាន និងធនធានមនុស្សក៏កម្ពុជាអត់មាន។

    អ៊ីចឹងស្រុកខ្មែរត្រូវចាប់ដៃគូសហការជាមួយបរទេស ដែលពួកគេយកចំណេះដឹង បច្ចេកវិទ្យា និងធនធានមកស្រុកយើងដែលផ្តល់លទ្ធភាពឲ្យខ្មែរដែលមានការព្យាយាម ការប្រឹងប្រែង និងការខិតខំនោះអាចចាប់បាននូវឱកាសទាំងនោះ។ នៅសៀមរាបក្រោយបញ្ចប់សង្រ្គាម យើងមានអូតែលប៉ុន្មាន? ឥឡូវយើងមានអូតែល និងផ្ទះសំណាក់ប៉ុន្មាន? ហើយមានម្ចាស់ភាគហ៊ុនច្រើនជាខ្មែរទៀត។ នេះជាអ្វីដែលយើងទទួលបានពីការរៀនសូត្រអំពីពួកគេ។

    -យើងមានគោលនយោបាយសេដ្ឋកិច្ចបើកចំហ ធ្វើពាណិជ្ជកម្មតាមបែបសេរីភាវូបនីយកម្ម តែបើយើងក្រឡេកមើលទៅលើទិដ្ឋភាពច្បាប់វិញ តើច្បាប់របស់កម្ពុជាត្រូវមានលក្ខណៈបែបណាដើម្បីផ្តល់ទំនុកចិត្ត និងទាក់ទាញអ្នកវិនិយោគថ្មីៗ?

    ខ្ញុំថា បូកសរុបទាំងមូលក្នុងរយៈពេល2០ឆ្នាំកន្លងមកនេះ ក្នុងពេលដែលយើងទទួលបានសន្តិភាពមកនេះ និងបោះឆ្នោតប៉ុន្មានអាណត្តិមកនេះ យើងឃើញថារដ្ឋាភិបាលបានប្រឹងប្រែងតាក់តែងច្បាប់ ហើយច្បាប់ដែលត្រូវការសម្រាប់អ្នកវិនិយោគទុនសឹងតែមានគ្រប់អស់ហើយ នៅខ្វះខាតតិចតួចប៉ុណ្ណោះ តែមិនមែនមានន័យថា អត់ច្បាប់ហ្នឹងសេដ្ឋកិច្ចយើងមិនដើរទៅមុខនោះទេ។

    សំខាន់យើងបានធ្វើច្បាប់វិនិយោគតាំងពីឆ្នាំ1994 ក្រោយមកយើងធ្វើវិសោធនកម្មច្បាប់វិនិយោគជាបន្តបន្ទាប់បីបួនលើកមកហើយ។ ឥឡូវយើងធ្វើវិសោធនកម្មម្តងទៀត ដើម្បីឲ្យកាន់តែល្អ និងទាក់ទាញខ្លាំងឡើង។ យើងមានច្បាប់វិនិយោគទុន យើងមានច្បាប់ក្រុមហ៊ុន យើងមានច្បាប់ក្ស័យទុន យើងមានច្បាប់វិមជ្ឈកម្ម គឺច្បាប់ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ច្បាប់កម្មសិទ្ធិបញ្ញា និងច្បាប់ធនាគារជាដើម។

    យើងក៏កំពុងព្រាងច្បាប់សំណង់ ច្បាប់ប្រកួតប្រជែង ច្បាប់ការពារអ្នកប្រើប្រាស់ និងច្បាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម ប៉ុន្តែទោះជាមិនទាន់មានច្បាប់ធ្វើពាណិជ្ជកម្មតាមបច្ចេកវិទ្យាក្តី ក៏ការធ្វើពាណិជ្ជកម្មតាមបច្ចេកវិទ្យាបានដំណើរការបណ្តើរៗរួចទៅហើយនៅកម្ពុជា៕

  • តារាស្រី Gal Gadot ពពោះ5ខែ ខណៈថតរឿង Wonder Woman

    តារាស្រី Gal Gadot ពពោះ5ខែ ខណៈថតរឿង Wonder Woman

    ប្រសិនបើនិយាយដល់រឿង Wonder Woman គឺជារឿងដែលកំពុងល្បីល្បាញពាសពេញពិភពលោក ក្នុងនោះប្រទេសកម្ពុជាយើងក៏ទើបតែបានដាក់បញ្ចាំងរឿងនេះកាលពីថ្ងៃទី2 ខែមិថុនា ឆ្នាំ2017 ថ្មីៗនេះ ដែរ ដែលមានវត្តមានតារាស្រី Gal Gadot ជាតួឯកក្នុងសាច់រឿងទាំងមូល។

    តារាស្រីមុខស្រស់វ័យ 32 ឆ្នាំរូបនេះ បាននិយាយថា “ការថតរឿងនេះ ហាក់បីដូចជារឿងកំប្លែងបែប Wonder Woman កំពុងមានផ្ទៃពោះអ៊ីចឹង វាពិតជាគួរឱ្យអស់សំណើចណាស់” ហើយនាងបានបន្ដទៀតថា បើមើលពីចម្ងាយនាងខ្ញុំមានរូបរាងដូច Wonder Woman ខ្លាំងណាស់ តែបើទាញ (Zoom)មកមើលឱ្យជិត គឺជា Wonder Woman ដែលកំពុងពោះធំ ធ្វើឱ្យរឹតតែដូចសត្វកង្កែបខ្លួនខៀវអ៊ីចឹង។

    អ្នកនាង Patty Jenkins ជាអ្នកដឹកនាំរឿងនេះ បាននិយាយថា ” Gadot ពិតជាមានផ្ទៃពោះក្នុងអំឡុងពេលថតខ្សែភាពយន្ដនេះមែន តែមានហេតុផលជាច្រើនដែលយើងស្នើសុំឱ្យនាងចូលរួមថត និងមានការសហការជាមួយរឿងនេះ ដែលមើលទៅវាហាក់ដូចជាខ្ញុំកំពុងតែឃៅរឃៅចំពោះនាងខ្លាំងណាស់(ព្រោះប្រើមនុស្សដែលកំពុងមានផ្ទៃពោះ) តែក៏សូមអរគុណដល់ Gadot អស់ពីដួងចិត្តដែរ”។

    Gal Gadotនាងត្រូវបានសម្ដែងជាតួអង្គ ព្រះនាងឌាយអាណា នៃអាណាចក្រ អាម៉ាស្សូន ហើយទ្រង់មានដើមកំណើតនៅសួនមនោរម្យ កោះសួគ៌ា ។ ពេលដែលអ្នកបើកយន្តហោះ ជនជាតិអាមេរិកម្នាក់ ធ្លាក់យានលើឆ្នេរសមុទ្រទ្រង់ ព្រះនាងក៏បានប្រាប់ពីជម្លោះធំមួយកំពុងកើតឡើងនៅលើពិភពលោក។ ព្រះនាងបានចាកចេញពីស្រុកកំណើត ដោយជឿថា ព្រះនាងអាចបញ្ឈប់ការគំរាមកំហែងនេះបាន។ ការប្រយុទ្ធគ្នាក្នុងសង្គ្រាមរួមជាមួយបុរសម្នាក់ គឺដើម្បីបញ្ចប់សង្គ្រាមទាំងអស់ ព្រះនាងដាយអាណា នឹងរកឃើញអំណាចពេញលេញ និងវាសនាពិតរបស់ទ្រង់ផងដែរ ។ ផ្ទៃរឿងសង្ខេបនេះ សង្កេតឃើញមានការប្រយុទ្ធ ការផ្សងគ្រោះថ្នាក់ជាច្រើន ដែលបានតម្រូវឱ្យ នាង Gal Gadotសម្ដែង ទាំងខណៈនោះមានកំពុងតាំងគភ៌រយៈពេល 5 ខែហើយក្ដី៕

  • ស្រីស្អាត Mina សមាជិកក្រុមចម្រៀង Twice ត្រូវជនមិនស្គាល់មុខគំរាមសម្លាប់

    ស្រីស្អាត Mina សមាជិកក្រុមចម្រៀង Twice ត្រូវជនមិនស្គាល់មុខគំរាមសម្លាប់

    នាង Mina សមាជិកក្រុមចម្រៀងស្រី Twice ដែលកំពុងល្បីនៅក្នុងពិភពសិល្បៈចម្រៀង K-Pop ថ្មីៗនេះ ត្រូវបានជនមិនស្គាល់មុខគំរាមសម្លាប់ ហើយដំណឹងនេះក៏ត្រូវបានចែកចាយបន្តគ្នាដែរតាមរយៈបណ្ដាញសង្គម Viberតាមរយៈគណនីមួយដែលមានឈ្មោះថា IIbe។

    តារាស្រីជនជាតិជប៉ុនរូបនេះត្រូវបានជនមិនស្គាល់មុខសរសេរសារគំរាមថា “Mina ខ្ញុំមានកាំបិត” មិនតែប៉ុណ្ណោះ មនុស្សរោគចិត្តម្នាក់នេះថែមទាំងបានពោលគំរាមទៀតថា “ប្រសិនបើនាងមិនទះកំផ្លៀងមិត្តប្រុសរបស់នាងទេ យើងនឹងទៅរកនាង ហើយយើងនឹងសម្លាប់នាងចោល” ។

    ពាក់ព័ន្ធនឹងករណីនេះផងដែរ នាង Mina បានទៅប្ដឹងប៉ូលិស ដើម្បីឱ្យជួយរកមុខជនដែលគំរាមសម្លាប់នាង ដែលមកទល់ពេលនេះ សូម្បីតែតម្រុយបន្តិចក៏គ្មានដែរ។

    គួរបញ្ជាក់ផងដែរថា តារាស្រី Mina ទើបតែបង្ហាញពីទំនាក់ទំនងស្នេហាជាមួយតារាប្រុស Bambamកាលពីពាក់កណ្ដាលខែមីនាកន្លងទៅ ហើយអ្នកទាំងពីរបានក្លាយជាគូស្នេហ៍ដែលមានអ្នកគាំទ្រស្រឡាញ់ពេញចិត្តច្រើនទៀតផង៕

  • តាមរយៈ Krou Cambodia សិស្សនឹងលែងបារម្ភពីការស្វែងយល់បាតុភូតនៃរូបវិទ្យា

    តាមរយៈ Krou Cambodia សិស្សនឹងលែងបារម្ភពីការស្វែងយល់បាតុភូតនៃរូបវិទ្យា

    ការសិក្សារូបវិទ្យា គឺចាំបាច់ត្រូវយល់ច្បាស់ពីចំណុចសំខាន់ៗចំនួន 2 គឺ បាតុភូត និងរូបមន្ត ហើយជាទូទៅរូបមន្តជាក្បួនជាក់លាក់មួយដែលសិស្សគ្រប់គ្នាអាចទន្ទេញ ឬអាចចាំបាននៅពេលដែលឧស្សាហ៍ធ្វើលំហាត់ តែសម្រាប់បាតុភូតវិញ គឺទាមទារឱ្យមានការយល់ពីហេតុផលច្បាស់លាស់។

    ហេតុផលនៃបាតុភូតចាំបាច់ត្រូវធ្វើការពិសោធជាក់ស្តែង និងចំណាយពេលវេលាស្វែងយល់ពីប្រភពរួមទាំងផលប្រយោជន៍នៃមេរៀនក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ឬសម្រាប់ផលិតឱ្យចេញជាផលិតផលណាមួយ។ អ្នកដែលពូកែរូបវិទ្យាភាគច្រើន គឺជាអ្នកយល់ច្បាស់ពីហេតុផលនៃបាតុភូតក្នុងមេរៀននីមួយៗបានច្បាស់លាស់។ នៅពេលដែលពួកគេយល់ដឹងពីបាតុភូតបានច្បាស់លាស់ ពួកគេនឹងអាចប្រើប្រាស់រូបមន្តបានត្រឹមត្រូវដើម្បីដោះស្រាយលំហាត់នីមួយៗ ទោះបីក្នុងលក្ខខណ្ឌណាក៏ដោយ។ ពេលខ្លះ អ្នកដែលច្បាស់ពីបាតុភូតក៏អាចដឹងថែមទៀតផងដែរថា ប្រធានបទលំហាត់ណាមានកំហុស ដែលភាគច្រើនកើតចេញពីកំហុសអចេតនារបស់គ្រូ។

    ដោយមើលឃើញពីសារៈសំខាន់នៃការស្វែងយល់ពីបាតុភូតរូបវិទ្យា ក្រសួងអប់រំ យុវជន និងកិឡា តាមរយៈទំព័រ Facebook ដែលមានឈ្មោះថា Krou Cambodia បានផលិតវីដេអូដើម្បីបង្ហាញពីការពិសោធលើទ្រឹស្តីនានារបស់រូបវិទ្យាដើម្បីឱ្យសិស្សស្វែងយល់ជាក់ស្តែង និងងាយចងចាំបានល្អ។ វីដេអូទាំងអស់នោះ គឺពន្យល់ដោយសាស្រ្តាចារ្យដែលមានបទពិសោធខ្ពស់ក្នុងការបង្រៀនដែលអាចធ្វើឱ្យសិស្សទទួលបានការអប់រំល្អ ជាមួយនឹងការកម្សាន្តក្នុងវីដេអូមេរៀនទាំងអស់នោះផងដែរ៕