Author: វល័ក្ខ

  • ADB ផ្តល់​ហិរញ្ញប្បទាន​ចំនួន​ជិត 250លាន​ដុល្លារ

    ADB ផ្តល់​ហិរញ្ញប្បទាន​ចំនួន​ជិត 250លាន​ដុល្លារ

    ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់​ហិរញ្ញប្បទាន​សម្រាប់​គម្រោង និង​កម្មវិធី​លើ​កិច្ចព្រមព្រៀង​ឥណទាន4 ដែលមាន​ទឹកប្រាក់​សរុប​ជិត 250លាន​ដុល្លារ។ កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោកស្រី Durrani-Jamal នាយិកា​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី24 ខែតុលា ឆ្នាំ2018 នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច។

    យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានឱ្យដឹងថា៖ សម្រាប់​គម្រោង​ទាំងនេះ​គឺ

    1-អភិវឌ្ឍ​ទីក្រុង​របៀង​នៃ​មហា​អនុតំបន់​ទន្លេមេគង្គ​ជំហាន​ទី4។ គម្រោង​នេះ​នឹង​ជួយ​លើកកម្ពស់​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​តាមរយៈ​ការអភិវឌ្ឍ​ក្រុង​របៀង​អាទិភាព​ចំនួន3 គឺ​ក្រុង​កំពង់ចាម ក្រចេះ និង​ស្ទឹងត្រែង ដែលជា​ក្រុង​របៀង​នៃ​មហា​អនុតំបន់​ទន្លេមេគង្គ។ ក្នុងនោះ​ទឹកប្រាក់ 88,50លាន​ដុល្លារ នឹងត្រូវ​ប្រើប្រាស់​ក្នុងការ​អភិវឌ្ឍ​នេះ​រួមមាន ការសាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ការតភ្ជាប់​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ដល់​ប្រជាជន ការសាងសង់​ទីលាន​ចាក់សំរាម និង​ការសាងសង់​ស្ថានីយ​បូមទឹក​កខ្វក់។

    2-កម្មវិធី​អភិវឌ្ឍន៍​វិស័យ​អប់រំ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​ជំហាន​ទី2៖ ដែលមាន​គោលបំណង​លើកកម្ពស់​គុណភាព​នៃ​ការបង្រៀន និង​សមត្ថភាព​ស្ថាប័ន​នៅក្នុង​ការអប់រំ​កម្រិត​វិទ្យាល័យ ដោយ​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ 53,50លាន​ដុល្លារ។

    3-គម្រោង​កែលម្អ​ការគ្រប់គ្រង​បរិស្ថាន​ក្រុង​ជុំវិញ​បឹង​ទន្លេសាប​ជំហាន​ទី2៖ គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ 97,70លាន​ដុល្លារ​សម្រាប់​ការអភិវឌ្ឍ និង​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​គម្រោង​អាងទឹក​ទន្លេសាប​ដែល​ផ្តោតលើ​ការគ្រប់គ្រង​ទឹក​សំណល់​នៅក្នុង​ទីក្រុង​បាត់ដំបង សិរីសោភ័ណ និង​ស្ទឹងសែន។

    4-គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​សម្រាប់​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន​ក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ​ជំហាន​ទី2៖ គ្រោង​ចំណាយ​ថវិកា​វិនិយោគ​សរុប​ប្រមាណ 30,89លាន​ដុល្លារ ក្នុង​ខេត្ត​គោលដៅ​ចំនួន2(កែប និង​ព្រះសីហនុ)។

    គម្រោង​នេះ​មាន​គោលបំណង​បង្កើន​ការទាក់ទាញ​ទេសចរណ៍​ក្នុង​ខេត្ត​កែប និង​ក្រុងព្រះសីហនុ​ដោយ​លើកកម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន សេវាកម្ម បរិស្ថាន​នៅ​ទីក្រុង និង​សមត្ថភាព​របស់​ពួកគេ​ក្នុងការ​គ្រប់គ្រង​និរន្តរភាព​ទេសចរណ៍៕

  • សម្រេច​ក្តី​ប្រាថ្នា​លោកអ្នក​ដើម្បី​ទទួលយក​បុត្រ​ធីតា​ជាទី​ស្រលាញ់​នៅថ្ងៃនេះ!

    សម្រេច​ក្តី​ប្រាថ្នា​លោកអ្នក​ដើម្បី​ទទួលយក​បុត្រ​ធីតា​ជាទី​ស្រលាញ់​នៅថ្ងៃនេះ!

    ជីវិត​អាពាហ៍ពិពាហ៍​របស់​មនុស្ស​គ្រប់រូប​អាចមាន​សុភមង្គល​បាន​ដោយ​ការ​មាន​បុត្រ​ដ៏​គួរ​ឲ្យ​ស្រលាញ់ ។ ប៉ុន្តែ​បច្ចុប្បន្ន មាន​ស្វាមីភរិយា​មួយចំនួន​កំពុងតែជួបប្រទះ​បញ្ហា​មិនអាច​មាន​បុត្រ។

    តើ​អ្វី​ទៅជា​មូលហេតុ​បណ្តាលអោយ​ស្វាមីភរិយា​មិន​អាចមាន​បុត្រ?
    ភាពមិន​អាចមាន​បុត្រ​គឺជា​ជំងឺ ហើយ​អាច​កើតមានឡើង​ដោយសារ​កត្តា​ជាច្រើន​ដែល​អាច​បណ្តាលមកពី​ភរិយា ឬ​ស្វាមី។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ គ្រួសារ​មួយចំនួន​បានសម្រេច​ចិត្ត​ចាក​ចេញទៅ​ក្រៅប្រទេស​ដើម្បី​ស្វែងរក​សេវា​ព្យាបាល ដែល​ធ្វើអោយ​ពួកគេ​ត្រូវ​ចំណាយ​ថវិកា និង​ពេលវេលា​ជាច្រើន។ ហើយ​ពេលខ្លះ លទ្ធផល​ក៏​មិនអាច​បាន​ដូច​បំណង​ទៀតផង។

    ដោយ​មើលឃើញ​នូវ​បញ្ហា​នេះ មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព អ​រៀន​ដា ដែលជា​គ្លីនិក​ឈានមុខ​គេ​មួយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បង្កើត​សេវាកម្ម​ព្យាបាល​ជំងឺ​គ្មាន​បុត្រ ។ សេវាកម្ម​ព្យាបាល​ជំងឺ​គ្មាន​បុត្រ ត្រូវបាន​បង្កើតឡើង​ដើម្បី​បំពេញតម្រូវការ​របស់​ក្រុមគ្រួសារ​ដែល​កំពុង​ស្វែងរក​សេវាកម្ម​នេះ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ត្រូវបាន​រៀបចំឡើង​អោយមាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ ជាមួយនឹង​គ្រូពេទ្យ​ឯកទេស​ដែលមាន​វិជ្ជាជីវៈ​ច្បាស់លាស់ និង​បទពិសោធន៍​យូរ​ឆ្នាំ​ក្នុង​ការជួយ​អ្នកជំងឺ​អោយទទួល​បាន​បុត្រ​តាម​បំណងប្រាថ្នា។ រីឯ​ឧបករណ៍​វេជ្ជសាស្ត្រ មន្ទីរពិសោធន៍ បន្ទប់វះកាត់ និង​បន្ទប់​ស្នាក់នៅ​ត្រូវបាន​រៀបចំ​ដោយ​វិស្វករ​វេជ្ជសាស្ត្រ​បរទេស​ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព និង​គុណភាព​នៃ​ការព្យាបាល។ នៅ​រង់ចាំ​អី​ទៀត! សូម​មក​ទទួល​ការព្យាបាល​នៅ​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព អ​រៀន​ដា ឥឡូវនេះ។

    អំពី​មន្ទីរ​ពហុ​ព្យាបាល៖ អ​រៀន​ដា គឺជា​ស្ថាបន​សុខាភិបាល​ឯកជន​មួយ​ដែល​ផ្តល់នូវ​សេវាកម្ម​ផ្នែក​វេជ្ជសាស្ត្រ ឈានមុខ​គេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ មន្ទីរ​ពហុ​ព្យាបាល អ​រៀន​ដា មាន​ផ្តល់​សេវា​ពិគ្រោះ និង​ព្យាបាល​លើ​ផ្នែក​ជាច្រើន​ដូចជា ជំងឺ​អត់​កូន ជំងឺ​បេះដូង សម្ភព រោគ​ស្ត្រី ជំងឺ​កុមារ ជំងឺ​ទូទៅ និង​សេវា​សង្គ្រោះបន្ទាន់ ដែល​រាល់​សេវាកម្ម​ទាំងអស់​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អ្នកជំងឺ​នាពេល​បច្ចុប្បន្ន។

    មន្ទីរ​ពហុ​ព្យាបាល អ​រៀន​ដា មាន​វេជ្ជបណ្ឌិតល្បីៗដែល​កំពុង​បម្រើការ​ក្នុង​ស្ថាបន​ជាតិ និង​អន្តរជាតិ​ដែលមាន​ជំនាញ​ឯកទេស និង​បទពិសោធន៍​ជាច្រើន​ឆ្នាំ​រួមផ្សំ​ជាមួយ​បរិក្ខារ​វេជ្ជសាស្ត្រទំនើបៗ បន្ទប់ពិសោធន៍ សាល​វះកាត់ បន្ទប់​សំរាល និង​បន្ទប់​សំរាក​ត្រូវ​បានរៀបចំ​ដោយ​វិស្វករ​វេជ្ជសាស្ត្រ​បរទេស​ដើម្បី​ផ្ដល់ជូន​ផាសុកភាព និង​គុណភាព​នៃ​ការព្យាបាល​កម្រិតស្តង់ដា​រ​អន្តរជាតិ។ មន្ទីរ​ពហុ​ព្យាបាល និង សម្ភព អ​រៀន​ដា មាន​ទីតាំង​ស្ថិតនៅ​អគារ 9A ផ្លូវ​លេខ 466 សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។ ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ ០២៣ ២២៣ ៧៨៩ ដើម្បី​ទទួលបាន​បុត្រ​ធីតា​តាម​បំណងប្រាថ្នា​របស់លោក​អ្នក៕

  • អេ អឹម ខេ ផ្តល់ជូន​ឱកាស​ការងារ​ចំនួន​ជាង ៥០០កន្លែង

    អេ អឹម ខេ ផ្តល់ជូន​ឱកាស​ការងារ​ចំនួន​ជាង ៥០០កន្លែង

    ភ្នំពេញ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ប្រកាស​ផ្តល់ជូន​ឱកាស​ការងារ​ចំនួន​ប្រមាណ​ជាង ៥០០កន្លែង នៅក្នុង​ការតាំងពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ២០១៨ រៀបចំ​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៧-២៨ ខែតុលា ឆ្នាំ២០១៨ ចាប់ពី​ម៉ោង ៨:០០ព្រឹក  ដល់​ម៉ោង ៦:០០ល្ងាច នៅ​មជ្ឈមណ្ឌលពិព័រណ៍​ការងារ និង​សន្និបាត​កោះ​ពេជ្រ។

    អេ អឹម ខេ គឺជា​គ្រឹះស្ថាន​មីក្រូ​វ​ហិរញ្ញវត្ថុ ដែល​ផ្តោតទៅលើ​ការជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ភាគច្រើន​ក្នុង​គោលបំណង​ជួយ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ​រប​ស់​ពួកគេ តាមរយៈ​ការផ្តល់សេវា​មីក្រូហិរញ្ញវត្ថុ​សមស្រប និង​ឋិតថេរ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ អេ អឹម ខេ មានការ​រីកចម្រើន​ទាំង​តំបន់​ប្រតិបត្តិការ ផលប​ត្រ​ឥណទាន ចំនួន​អតិថិជន ជាពិសេស​ចំនួន​បុគ្គលិក​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ គឺ​ពី​ចំនួន​ប្រមាណ​ជា ២.៣០០នាក់ ក្នុង​ឆ្នាំ២០១៦ និង​ប្រមាណ​ជា ២.៥០០នាក់ ក្នុង​ឆ្នាំ២០១។ គិត​ត្រឹម​ខែតុលា ២០១៨ នេះ អេ អឹម ខេ មាន​បុគ្គលិក​កំពុងតែ​បម្រើ​ការងារ​ចំនួន​ជាង ២.៧០០នាក់។ ដើម្បី​ឆ្លើយតប​ទៅនឹង​ការរីកចម្រើន អេ អឹម ខេ បាន និង​កំពុងតែ​ផ្តល់ឱកាស​ការងារ​ជាច្រើន​កន្លែង​ដល់​បេក្ខជន ដែលមាន​បំណង​ចង់​អភិវឌ្ឍ អាជីព​ការងារ​ជាមួយ អេ អឹម ខេ។

    លោកស្រី ពាំង ពិសាខ នាយិកា​ប្រតិបត្តិ​ធនធានមនុស្ស​បាន​ឲ្យ​ដឹងថា ចំនួន​បុគ្គលិក អេ អឹម ខេ បាន​កើន​ឡើងជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។ យើង​ដឹង​ហើយ​ថា អេ អឹម ខេ គឺជា​ជម្រើស​អាជីព​ការងារ​ដ៏​សាក​សម​បំផុត​សម្រាប់​បុគ្គលិក​ទូទៅ ដោយសារតែ អេ អឹម ខេ បាន​ផ្តោត​សំខាន់​ទៅលើ​បី​ចំនុច​រួមមាន៖ ១. ការអភិវឌ្ឍ​សមត្ថភាព ២. បរិយាកាស​ការងារ​ល្អ ៣. អត្ថប្រយោជន៍​បុគ្គលិក។ លោកស្រី​បាន​បន្តទៀតថា “អ្វីដែល​ពិសេស​នោះ​គឺ នៅពេលថ្មីៗនេះ អេ អឹម ខេ បាន​ក្លាយជា​សមាជិករ​បស់​ធនាគារ​ស៊ា​ង​ហៃ​ពាណិជ្ជ និង​សន្សំ ដែលជា​ធនាគារ​មួយ មានបទពិសោធន៍​ជាង១០០ឆ្នាំ​លើ​វិស័យ​ធនាគារ។ ដូចនេះ​ធនាគារ​ស៊ា​ង​ហៃ​មួយ​នេះ​នឹង​ធ្វើឱ្យ អេ អឹម ខេ ប្រែ​មុខមាត់​ថ្មី​ដើម្បី​ក្លាយជា​គ្រឹះស្ថាន​មីក្រូ ហិរញ្ញវត្ថុ​មួយ ឈានមុខ​គេ​នៅ​កម្ពុជា។

    ទាក់ទង​នឹង​អត្ថប្រយោជន៍​បុគ្គលិក​វិញ លោកស្រី​បានឱ្យដឹង​ដែរ​ថា បុគ្គលិក អេ អឹម ខេ ទាំងអស់​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​ដូចជា៖  ប្រាក់ឧបត្ថម្ភ​ក្នុងឱកាស​ចូលឆ្នាំ​ខ្មែរ ប្រាក់ឧបត្ថម្ភ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ប្រាក់ឧបត្ថម្ភ​សម្រាប់​បុគ្គលិក​ដែល​បម្រើ​ការងារ​យូរ ប្រាក់រង្វាន់​លើកទឹកចិត្ត ការធានារ៉ាប់រង​សុខភាព ១០០% សម្រាប់​បុគ្គលិក និង​អ្នក​ក្នុងបន្ទុក ការធានារ៉ាប់រង​គ្រោះថ្នាក់២៤ម៉ោង ប្រាក់ឧបត្ថម្ភ​លើ​ការ​សម្រាល​បុត្រ ជាពិសេស​បុគ្គលិក​អាច​ព្យាបាល​ជំងឺ​នៅក្រៅ​ប្រទេស ព្រមទាំង​អត្ថប្រយោជន៍ផ្សេងៗជាច្រើន​ទៀត។

    លោកស្រី​បាន​ផ្តាំផ្ញើ​ដល់ សិស្ស-និស្សិត ដែល​កំពុង ឬ បញ្ចប់​ការសិក្សា ឬ អ្នក​ដែល​កំពុងតែ​ស្វែងរក​ការងារ​ធ្វើ ត្រូវ​ចាប់យក​ឱកាស​ដ៏​ល្អ​នេះ ដើម្បី​ទទួលយក​ការងារ​នៅ អេ អឹម ខេ។ លោកស្រី​បន្តទៀតថា “ប្រសិនបើ​សាធារណជន ជាពិសេស​អ្នក​ដែល​កំពុងតែ​ស្វែងរក​ការងារ​ធ្វើ​ទាំងអស់ មាន​ចំណាប់អារម្មណ៍​ចង់​ចូល​រួមជាមួយ​ក្រុមគ្រួសា​រ អេ អឹម ខេ សូម​អ​ញ្ជើ​មក​ទស្សនា​ស្តង់ អេ អឹម ខេ គឺ​លេខ G39 & G40 ដើម្បី​ទទួលបាន​ព័ត៌មាន​លម្អិត​ពី​ឱកាស​ការងារ​នៅ​គ្រឹះស្ថាន យើងខ្ញុំ​ឱ្យបាន​ពេញលេញ និង​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ធ្វើការ​សម្រេចចិត្ត។ អ្នក​ដែលមាន​ចំណាប់អារម្មណ៍​លើ​មុខតំណែង​ណាមួយ​ដែល​ត្រូវ​ជំនាញ និង​បទពិសោធន៍​ការងារ​អាច​យក CV មក​ដាក់​ដោយផ្ទាល់​នៅ​ស្តង់ អេ អឹម ខេ បាន។ ក្រុមការងារ​យើងខ្ញុំ​នឹង​ទាក់ទង​ទៅវិញ​ប្រសិនបើ CV របស់​អ្នក​ត្រូវ​នឹង​មុខតំណែង​ណាមួយ” គួរបញ្ជាក់​ផងដែរ​ថា នេះ​ជា​ឆ្នាំ​ទី៨ហើយ ដែល អេ អឹម ខេ បាន​ចូលរួម​ក្នុងការ​តាំងពិព័រណ៍​កា​រងារ​ថ្នាក់ជាតិ​មួយ​នេះ។

    អេ អឹម ខេ គឺជា​គ្រឹះស្ថាន​ដែល​ឈានមុខ​គេ​លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​ប្រាក់កម្ចី។ គិត​ត្រឹម​ខែកញ្ញា ឆ្នាំ២០១៨ នេះ អេ អឹម ខេ មាន​អតិថិជន​ចំនួន​ជាង ៨៣ ម៉ឺន​នាក់ ជាមួយនឹង​ផលប័ត្រ​ប្រាក់កម្ចី​ជាង ២៤៤ លាន​ដុល្លារ​អាមេរិក  និង​ប្រាក់​បញ្ញើ​ជាង ១៤៣ លាន​ដុល្លារ​អាមេរិក មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ១៤៩ កន្លែង និង​មាន​ភ្នាក់ងារ​ជាង ៣.៥០០ កន្លែង​នៅ​ទូទាំងប្រទេស។  អេ អឹម ខេ មាន​ផលិតផល និង​សេវាកម្ម​ជាច្រើន​កំពុង​ផ្តល់ជូន​អតិថិជន​ដូចជា៖  សេវា​ប្រាក់កម្ចី  ប្រាក់​សន្សំ  ផ្ទេរប្រាក់​ក្នុង និង​ក្រៅប្រទេស សេវា​ទូទាត់​វិក្កយបត្រ  ធានារ៉ាប់រង​ខ្នាតតូច ធនាគារ​ចល័ត  សេវា​បើកប្រាក់​បៀវត្សរ៍  ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs)៕

  • Epson ចាប់ផ្តើម​ចេញលក់​ម៉ាស៊ីន​ព្រី​ន​ម៉ូ​ឌែ​ល EcoTank និង ម៉ាស៊ីន Laser Projector ផ្លូវការ

    Epson ចាប់ផ្តើម​ចេញលក់​ម៉ាស៊ីន​ព្រី​ន​ម៉ូ​ឌែ​ល EcoTank និង ម៉ាស៊ីន Laser Projector ផ្លូវការ

    ក្រុមហ៊ុន Epson ទើបតែ​បានចេញ​លក់​ជា​ផ្លូវការ​នូវ​ម៉ាស៊ីន​ព្រី​ន EcoTank ប្រភេទ​ថ្មី និង ទំនើ​បំផុត របស់ខ្លួន​នាពេលថ្មីៗនេះ ដើម្បី​បង្ហាញ​ពី​គោលជំហរ ក្នុងនាម​ជា​ម៉ាក​យីហោ​ដ៏​ល្បី​លេខ១ នៅលើ​ទីផ្សារ ខាង​ផលិតផល​ម៉ាស៊ីន​ព្រី​ន ដែល​ផ្តល់នូវ​ការចំណាយ​ប្រកបដោយ​ប្រសិទ្ធភាព ការប្រើប្រាស់​បានយូរ​អង្វែង សន្សំសំចៃ​ខ្ពស់ និង​មានតម្លៃ​សមរម្យ ។ ក្រុមហ៊ុន បាន​បញ្ចេញ​លក់​ម៉ាស៊ីន​ព្រី​ន    ម៉ូ​ឌែ​ល L និង M ស៊េរី ក៏ដូចជា​ម៉ាស៊ីន Projector ខា្ន​ត​មធ្យម ប្រភេទ ឡាស៊ែរ ផងដែរ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ដ៏​ចាំបាច់​របស់​ស្ថាប័ន និង​សហគ្រាស​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា។

     

    លោក Yunyong Muneemongkoltorn  នាយក​ផ្នែក​លក់ និង​ទីផ្សារ​របស់​ក្រុមហ៊ុន Epson ប្រចាំ​ប្រទេស​ថៃ បាន​មានប្រសាសន៍ថា «ក្រុមហ៊ុន Epson គឺជា​ក្រុមហ៊ុន​ដែលមាន​រោងចក្រ​ផលិត​ម៉ាស៊ីន​ព្រី​ន​ដំបូង​គេ ដែល​បានដាក់​បង្ហាញ​ម៉ាស៊ីន​ព្រី​ន ប្រភេទ Genuine Ink Tank ដំបូង​គេ​បង្អស់ នៅលើ​ទីផ្សារ​តាំងពី​ឆ្នាំ២០១០ មកម្ល៉េះ ។ ចាប់តាំងពី​ពេលនោះ​មក  ម៉ាស៊ីន​ព្រី​ន​ស៊េរី L និង​ស៊េរី M ទទួលបាន​នូវ​ការគាំទ្រ​កាន់តែខ្លាំងឡើងៗ ពី​សំណាក់​អតិថិជន​ទាំងអស់ ដោយសារតែ​ភាព​ធន់ និង​ការ​ដំណើរការបាន​យ៉ាង​ល្អ​របស់​ម៉ាស៊ីន​ព្រី​ន​ប្រភេទ​នេះ រួម​ជាមួយនឹង​ការខិតខំ​អភិវឌ្ឍ​បច្ចេកទេស របស់​យើង​ជា​បន្តបន្ទាប់ ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​អតិថិជន​គ្រប់ទិសទី។

    ជា​លទ្ធផល ក្រុមហ៊ុន Epson បាន​ក្លាយទៅជា​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន​ព្រី​ន ប្រភេទ Ink Tank ជាប់​ចំណាត់ថ្នាក់​លេខ១ នៅលើ​ពិភពលោក។ ជាមួយនឹង​ចំណែក​ទីផ្សារ​ដ៏​ធំ​បំផុត ក្រុមហ៊ុន Epson បាន​លក់​ម៉ាស៊ីន​ព្រី​ន Ink Tank អស់​ជាង ៣០ លាន​គ្រឿង រួចទៅហើយ​នៅក្នុង​បណ្តា​ប្រទេស​ចំនួន ១៥០ ប្រទេស នៅ​ទូទាំង​ពិភពលោក។ ចំណែកឯ​នៅក្នុង​ប្រទេស​កម្ពុជា​វិញ ក្រុមហ៊ុន Epson បាន​ដាក់លក់​ម៉ាស៊ីន​ព្រី​ន​យ៉ាងច្រើន​ប្រភេទ​ដែលមាន​រហូតដល់​ទៅ ១៩ ប្រភេទ​ឯណោះ។ ក្នុងចំណោម​ម៉ូ​ឌែ​ល​ទាំងអស់នោះ មាន ១៥ ម៉ូ​ឌែ​ល ជា​ស៊េរី L និង ៤ ម៉ូ​ឌែ​ល​ផ្សេងទៀត ជា​ប្រភេទ​ស៊េរី M។ ការ​ផ្តល់នូវ​ជម្រើស​ជាច្រើន​នេះ​មានន័យថា អតិថិជន​ទាំងអស់​អាច​រក​ជាវ​បាន​យ៉ាង​ងាយស្រួល​បំផុត​នូវ​ម៉ូ​ឌែ​ល​ណាមួយ​ដែល​ពួកគេ​ពេញចិត្ត​ទៅតាម​តម្រូវការ​ជាក់ស្តែង ដោយ​អាស្រ័យ​ទៅនឹង​ទំហំ​ថវិកា និង​ទំហំ​នៃ​ការបោះពុម្ព​របស់​ពួកគេ។ អតិថិជន​របស់​យើង មាន​គ្រប់​ប្រភេទ​ទាំងអស់ រាប់​ចាប់ពី​សហគ្រាស​ធុន​តូច និង​មធ្យម រហូតដល់​បណ្តា​ក្រុមហ៊ុន​សាជីវកម្មធំៗនានា»

    លោក​បាន​បន្តថា «ថ្ងៃនេះ យើង​បានកំណត់​យក​ម៉ាស៊ីន​ព្រី​ន EcoTank ឬ​អាច​ហៅ​ម្យ៉ាង​ទៀតថា ម៉ាស៊ីន​ព្រី​ន Economical Tank ដែលមាន​លក្ខណៈ​សន្សំសំចៃ​ខ្ពស់ មក​បង្ហាញជូន​ដល់​អតិថិជន ដើម្បី​បញ្ជាក់​ពី​ប្រសិទ្ធភាព​នៃ​ការចំណាយ​តិច តែ​ទទួលបាន​ផលចំណេញ​ច្រើន។ នៅក្នុង​ឱកាស​នេះ យើង​ក៏បាន​សម្រេចចិត្ត​ដាក់លក់​ម៉ាស៊ីន​ព្រី​ន ចំនួន ពីរ​ស៊េរី  គឺ L និង M  ដែលមាន​ចំនួន ៥ ម៉ូ​ឌែ​ល ហើយ​ម៉ូ​ឌែ​ល​ទាំងអស់នោះ​មាន​ដួច​ជា EcoTank L3110, L3150, M1100, M1120 និង M2140 ។ ម៉ាស៊ីន​ទាំងអស់នេះ គឺជា​ប្រភេទ​ម៉ាស៊ីន មិន​ប្រើប្រាស់ cartridge ដោយ​រួមបញ្ចូល​ប្រអប់​ទឹក​ថ្នាំ​នៅ​ខាងក្នុង អម​ជាមួយ​រូបរាង​តូច​ល្មម​សាក​សមជា​មូ​យ​កន្លែង​តូចចង្អៀត។ ជាមួយនឹង​ការ​រចនា​ម៉ូដ​យ៉ាង​ពិសេស ម៉ាស៊ីន​ព្រី​ន​ម៉ូ​ឌែ​ល​នេះ​ត្រូវបាន​បំពាក់​ដោយ​ប្រព័ន្ធ​បញ្ចូល​ទឹក​ថ្នាំ​ប្រភេទ ­­­Spill-free ការពារ​មិន​ឲ្យ​កំពប់ ។  សម្រាប់​ការ​រចនា​បច្ចេក​វិទ្យា​ក្បាល​ដប​នៃ​ពណ៌​ទឹក​ថ្នាំ​វិញ គឺមាន​ភាពល្អ​ឥតខ្ចោះ​ដែល​ធានាថា  ទឹក​ថ្នាំ​ពណ៌ណា​អាចដាក់​ចូលទៅក្នុង​ប្រអប់​ទឹក​ថ្នាំ​ពណ៌​ហ្នឹង​បាន​ដោយ​មិន​ច្រឡំ​ពណ៌​គ្នា​នោះឡើយ។ ដើម្បី​ជៀសវាង​ពី​ការ​កំពប់ទឹក​ថ្នាំ ម៉ាស៊ីន​ព្រី​ន​ទាំងនេះ​ធានាបាន​ថា ទឹក​ថ្នាំ​ហូរ​ចេញពី​ដប តែ​នៅពេលដែល​ទឹក​ថ្នាំ​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​ប្រអប់​ទឹក​ថ្នាំ​របស់​ម៉ាស៊ីន​តែប៉ុណ្ណោះ។

    លោក​បាន​បន្ថែមថា «ម៉ាស៊ីន​ព្រី​ន​ថ្មី​ទាំង ៥ ម៉ូ​ឌែ​ល​នេះ គឺមាន​ភាព​ស័ក្តិសម​ល្អឥតខ្ចោះ​បំផុត​សម្រាប់ SOHO (ការិយាល័យ​តូច និង ការិយាល័យ​នៅផ្ទះ) និង សហគ្រាស​ធុន​តូច និង​មធ្យម ដែលមាន​តម្រូវការ បោះពុម្ព​ឯកសារ​ច្រើន និង​ចង់​គ្រប់គ្រង​ការចំនាយ​ទៅលើ​ការបោះពុម្ព​ដោយ​ខ្លួនឯង​ផ្ទាល់ ។ EcoTank ស៊េរី L មានភ្ជាប់​មកជា​មួយ​ទឹក​ថ្នាំ​ចំនួន ៤ ពណ៌។ ពណ៌​ទឹក​ថ្នាំនីមួយៗ អាច​បោះពុម្ព​បាន​រហូតដល់​ទៅ ៤,៥០០ ទំព័រ ចំពោះ​ឯកសារ ស-ខ្មៅ និង​ឯកសារ​ពណ៌​រហូតដល់​ទៅ ៧,៥០០ ទំព័រ ។ ហើយ​ផ្តល់ជូន​នូវ​ការធានា​រយៈពេល ២ ឆ្នាំ ឬ​ការ​ព្រី​ន​រហូតដល់ ៣០,០០០ ទំព័រ។ ចំពោះ EcoTank ស៊េរី M វិញ វា​អាច​បោះពុម្ព​បាន​រហូតដល់​ទៅ ៦,០០០ ទំព័រ ចំពោះ​ឯកសារ ស-ខ្មៅ និង​ផ្តល់ជូន​នូវ​ការធានា​រយៈពេល ៤ ឆ្នាំ ឬ​ការ​ព្រី​ន​រហូតដល់ ៥០,០០០    ទំព័រ»

    លោក Yunyong បាន​ពន្យល់​ឲ្យ​ដឹង​ទៀតថា «បច្ចុប្បន្ននេះ ក្រុមហ៊ុន Epson មាន​គម្រោង​ផ្សព្វផ្សាយ​ម៉ាស៊ីន​ព្រី​ន​របស់ខ្លួន​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត ទៅដល់​ការិយាល័យ និង​ស្ថាប័ន​រដ្ឋាភិបាល​ជាច្រើន ដោយហេតុថា ស្ថាប័ន​ទាំ​អស់នោះ​នៅតែ​ប្រើ​ម៉ាស៊ីន​ព្រី​ន ប្រើ​បច្ចេកវិទ្យា ទ្បែ​ស៊ែរ នៅឡើយ។ យើង​បានដាក់​បង្ហាញ​នូវ​ម៉ាស៊ីន​ព្រី​ន​ជាច្រើន​ប្រភេទ​រួចមកហើយ​នៅ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា  ដូច្នេះ  អ្នកប្រើប្រាស់​ទាំងអស់​បាន​មើលឃើញ​យ៉ាងច្បាស់​អំពី​ដំណើរការ​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​នៃ​ម៉ាស៊ីន​ព្រី​ន​ទាំងអស់នោះ។ រហូតមកដល់​ពេលនេះ អ្នក​ប្រើ​បានដឹង​រួចមកហើយ​ថា ម៉ាស៊ីន​ព្រី​ន inkjet ដំណើរការបាន​យ៉ាង​ល្អ ហើយ​រាល់​ការចំណាយ​ក៏​កាន់​តែមាន​ប្រសិទ្ធភាព​ជាង ប្រភេទ​ម៉ាស៊ីន​ព្រី​ន ទ្បា​ស៊ែរ ផងដែរ។ ម៉ាស៊ីន​ព្រី​ន​របស់​ក្រុមហ៊ុន Epson ផ្តល់ជូន​នូវ​តម្លៃ​សមរម្យ​ក្នុងការ​ព្រី​ន​មួយទំព័រៗ ងាយ​ស្រូល​ក្នុងការ​ធ្វើ​តំ​ហែរ​ទំ ហើយ​ការប្រើប្រាស់​ថាមពល​អគ្គិសនី​ទៀតសោត​ក៏​អស់​តិច​ផងដែរ។ ការចាប់ផ្តើម​ដាក់លក់ EcoTank គឺជា​យុទ្ធសាស្ត្រ​ថ្មី​មួយទៀត​របស់​យើង ដែល​ស្របតាម​យុទ្ធសាស្ត្រ​ជំនួញ​របស់​ក្រុមហ៊ុន ដែល​ម៉ាស៊ីន​ព្រី​ន EcoTank ស៊េរី M នឹង​ប្រកួតប្រជែង​ជាមួយ​ម៉ាស៊ីន​ព្រី​ន ទ្បែ​ស៊ែរ ពណ៌​ស-ខ្មៅ​ដទៃទៀត។

    EcoTank ស៊េរី M ប្រើ​ប្រភេទ​ទឹក​ថ្នាំ​ម្យ៉ាង ដែល​ផ្តល់នូវ​ពណ៌​ច្បាស់​ល្អ និង​ត្រជាក់​ភ្នែក។ នៅពេល​ប្រៀបធៀប​ជាមួយនឹង ម៉ាស៊ីន​ព្រី​ន EPSON  EcoTank ស៊េរី M ទៅនឹង​ម៉ាស៊ីន​ព្រី​ន ទ្បា​ស៊ែរ  ប្រភេទ​ម៉ាស៊ីន​ទាំងពីរ​នេះ ផ្តល់នូវ​គុណភាព​បោះពុម្ព​ដូចគ្នា ប៉ុន្តែ EPSON  EcoTank ស៊េរី M វា​មាន​ភាព​សន្សំសំចៃ​ជាង​បាន​រហូតដល់​ទៅ ១៦ ដង ឯណោះ​ក្នុង​មួយ​ទំព័រ ហើយ កាត់បន្ថយ ការប្រើប្រាស់​ថាមពល​អគ្គិសនី​បាន​រហូតដល់​ទៅ ២៧ ដង។ សរុបមក រាល់​ការ​ព្រី​ន​មួយទំព័រៗ តាមរយៈ​ការប្រើប្រាស់ EcoTank ស៊េរី M របស់ Epson ចំណាយ​ត្រឹមតែ ១០ រៀល ក្នុង ១ទំព័រ ឬ ១០ទំព័រ ក្នុង ១០០ រៀល​តែប៉ុណ្ណោះ ។ EcoTank ស៊េរី M នេះ មាន​ពីរ​ជម្រើស​នៃ​ទំហំ​ទឹក​ថ្នាំ​សម្រាប់​អតិថិជន​ដើម្បី​ជ្រើសរើស​ប្រើប្រាស់។ មួយ​គឺ​សម្រាប់​ចំនួន ២,០០០ ទំព័រ និង​មួយទៀត​សម្រាប់ ចំនួន ៦,០០០ទំព័រ ។ ជម្រើស​ទាំងពីរ​នេះ គឺ​ល្អប្រសើរ​ជាង​ម្សៅ​ថ្នាំ​របស់​ម៉ាស៊ីន Laser ដែល​អាច​បោះពុម្ព​បានតែ ១,០០០ ទំព័រ និង ១,៦០០ ទំព័រ​ប៉ុណ្ណោះ»

    ក្នុងចំណោម​ម៉ូ​ឌែ​ល​ទាំងអស់ ដែល​យើង​បញ្ចេញ​លក់​ក្នុងថ្ងៃនេះ គឺ M2140 ជា​ម៉ូ​ឌែ​ល​ដែលមាន​លក្ខណៈពិសេស​ជាងគេ។ អ្នកប្រើប្រាស់​អាចធ្វើ​ការ ព្រី​ន ស្គែ​ន និង ថតចំលង បាន​ក្នុង​ម៉ាស៊ីន​តែមួយ។  វា​ត្រូវបាន​បំពាក់​ដោយ បច្ចេកវិទ្យា Print Head ជាមួយ​ប្រព័ន្ធ Precision Core ដែល​អាច​ព្រី​ន​ក្រដាស​ខ្នាត​ធំ​ក្នុង​ល្បឿន​លឿន និង​ចំណាយ​តិច។ ម៉ាស៊ីន​ព្រី​ន M2140 អាច​បោះពុម្ព​បាន ២០ ឯកសារ​ក្នុង​មួយ​នាទី (20 ipm) ដែលមាន​គុណភាព​កម្រិត​ច្បាស់ 1,200 x 2,400 dpi ។ លើសពីនេះទៅទៀត​ម៉ាស៊ីន​ព្រី​ន​ម៉ាក​នេះ មានមុខ​ងារ​ព្រី​ន   ឯកសារ​ទាំងសងខាង​បាន​ដោយ​ស្វ័យប្រវត្តិ ដែលជា​ការចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​សន្សំសំចៃ             ក្រដាស។ មុខងារ​នេះ​បាន​ឆ្លើយតប​យ៉ាង​ជាក់ច្បាស់​ទៅនឹង​និន្នាការ​ប្រើប្រាស់ នាពេល​បច្ចុប្បន្ននេះ ដែល​ត្រូវបាន​មើលឃើញថា ការិយាល័យ​ភាគច្រើន​តែងតែ​ខិតខំ​កាត់បន្ថយ​ការប្រើប្រាស់​ក្រដាស ។  បន្ថែម​ពីនេះ​ទៀត M2140 មាន​បំពាក់​នូវ​មុខងារ BarcodePrinting Function ដែល​ផ្តល់​ការ​ព្រី​ន​ឯកសារ​ប្រភេទ​បញ្ឈរ ដែលមាន​គុណភាព​ល្អ​ដូច​ម៉ាស៊ីន​ព្រី​ន ទ្បា​ស៊ែរ ដែរ ។ សម្រាប់​ម៉ូ​ឌែ​ល​ថ្មី​ពីរ​ផ្សេងទៀត​របស់ EcoTank ស៊េរី M គឺ M1100 និង M1120 ដែល​អាច​បោះពុម្ព​បាន ១៥ ឯកសារ​ក្នុង​មួយ​នាទី (15 ipm) ។ ម៉ូ​ឌែ​ល​ទាំងនេះ ក៏​អាច​ព្រី​ន​ដោយ​ប្រើ Wi-Fi បាន​ផងដែរ។

    នៅពេលនេះ EcoTank ស៊េរី L ក៏បាន​បង្ហាញ​ពី​ម៉ូ​ឌែ​ល​ថ្មី​ចំនួន ពីរ​ផងដែរ។ ទាំង L3110 ទាំង L3150 សុទ្ធតែជា​ឧបករណ៍​ពហុមុខ​ងារ (ព្រី​ន ស្កែ​ន និង​ថតចំលង) ជាមួយនឹង​ការប្រើរ​ប្រាស់​ទឹក​ថ្នាំ​ចំនួន ៤ ពណ៍ និង ព្រី​ន​រហូតដល់​ទំហំ 4R សម្រាប់​រូបថត និង​រូបភាព ។  L3150 ក៏មាន​ភាព​ឆ្លាត​វៃ​ផងដែរ ដែល​អាច​ព្រី​ន​តាមរយៈ Wi-Fi ពី​ឧបករណ៍ផ្សេងៗរហូតដល់ ៨ គ្រឿង ដោយ​ប្រើប្រាស់​ប្រព័ន្ធ Wi-Fi Direct ។

    «ក្រុមហ៊ុន Epson រំពឹងថា EcoTank នឹង​អាច​ផ្លាស់ប្តូរ​ទំលាប់ និង​ឥរិយាបថ​របស់​អ្នកប្រើប្រាស់ ជាពិសេស​អ្នកប្រើប្រាស់​ម៉ាស៊ីន​ព្រី​ន​ប្រភេទ Laser Printer ។ នេះ​គឺ​ដោយសារតែ​ម៉ាស៊ីន EcoTank ស៊េរី L និង M ដំណើរការបាន​យ៉ាង​ល្អ​ទាំង​ល្បឿន​នៃ​ការ​ព្រី​ន និង ទាំង​គុណភាព។ EcoTank ផ្តល់នូវ​ការចំណាយ​ប្រកបដោយ​ប្រសិទ្ធភាព ពោលគឺ​ការចំណាយ​តិចជាង​មុន​បើ​ប្រៀបធៀប​ទៅនឹង​ម៉ាស៊ីន Laser Printers ក៏ដូចជា​ម៉ាស៊ីន​ព្រី​ន Inkjet Printers ដែល​ផលិត​ដោយ​ដៃគូ​ប្រកួតប្រជែង​របស់ Epson ។ លើសពីនេះទៅទៀត​ម៉ាស៊ីន​ព្រី​ន​របស់ Epson អាច​ប្រើប្រាស់​បានយូរ​អង្វែង​ជាង​ម៉ាស៊ីន​ព្រី​ន​របស់​ក្រុមហ៊ុន​ដទៃទៀត។ នេះ​គឺជា​ចំណុចខ្លាំង​ដែល​គ្មាន​ដៃគូ​ប្រកួតប្រជែង​ណាមួយ​អាច​ប្រកួតប្រជែង​ជាមួយ Epson បានឡើយ។ ជាមួយនឹង​ភាពខ្លាំង​នេះហើយ Epson ក៏​ផ្តល់ជូន​នូវ​ការធានា​រយៈពេល​យូរ​ជាងគេ​ផងដែរ។ ជា​ឧទាហរណ៍ EcoTank ស៊េរី M គឺ​យើង​ផ្តល់ជូន​នូវ​ការធានា​រយៈពេល​រហូត​ដល់​ទៅ ៤ ឆ្នាំ ឬ​ការ​ព្រី​ន​រហូតដល់​ទៅ ៥០,០០០ ទំព័រ​ឯណោះ ខណៈដែល ម៉ាស៊ីន​ព្រី​ន ទ្បា​ស៊ែរ ផ្តល់ជូន​ការធានា​ត្រឹមតែ ៣ ឆ្នាំ​ប៉ុណ្ណោះ»

    លើសពីនេះទៅទៀត Epson កំពុងតែ​បង្កើន​ការផលិត និង​ដាក់លក់​នូវ​ម៉ាស៊ីន 3LCD Projector ប្រភេទ    ឡាស៊ែរ​របស់ខ្លួន​ជាមួយនឹង​ការបង្ហាញ​នូវ ម៉ូ​ឌែ​ល​ថ្មី​ចំនួន ៣ ដែលមាន​ពន្លឺ​ភ្លឺ​ច្បាស់​ចាប់ពី ៥,០០០ lumen រហូតដល់ ៦,០០០ lumen។ សម្រាប់​ម៉ូ​ឌែ​ល​ដែល​ត្រូវបាន​បញ្ចេញ​លក់​នៅថ្ងៃនេះ​គឺ EB-L510U, 5000 lumen WUXGA projector; EB-L610W, 6000 lumen WXGA projector, និង EB-L610U, 6000 lumen WUXGA projector។ ម៉ូ​ឌែ​ល​ទាំង បី​នេះ មាន​ទំហំ​តូច និង​មាន​ទម្ងន់​ស្រាល​ជាង​ឧបករណ៍​ដូចគ្នា បើ​ប្រៀបធៀប​នឹង គូប្រកួត​ប្រជែង​របស់​ខ្លួន ។ កាន់តែ​អស្ចារ្យ​ទៅទៀត​នោះ ម៉ូ​ដែល​ថ្មី​របស់ Epson ទាំងបី​នេះ មានមុខ​ងារ​ល្អរ​លើសគេ ដោយ​វា​អាច​បញ្ចេញ​ពន្លឺ​បាន​ខ្ពស់ ហើយ​អាច​សំរប​ខ្លួន​គ្រប់​ស្ថាន​ការ​ណ៏ និង កាលៈទេសៈ​នៃ​ទីតាំង​នៃ​ការតំឡើង។ ពោលគឺ វា​អាច​បង្វិល​បាន 360 ដឺ​ក្រេ និង​មាន​សមត្ថភាព​ពេញលេញ​សម្រាប់​ចាប់​នៅ​ទីតាំង​ណាមួយ​ក៏បាន។ ម​ន្ថែ​ម​ពីនេះ លក្ខណៈពិសេស​នៃ Projector ទាំងអស់នេះ គឺអាច​បញ្ចាំង​បាន​លើ​គ្រប់​ស្ថានភាព​នៃ​ផ្ទៃ​រាបស្មើ​ទាំងអស់ រួមបញ្ចូល​ទាំងមុខ​ងារ​ពិសេស ដួច​ជា មុខងារ Edge Blending, Curve Projection និង Corner Wall។ ម៉ូ​ឌែ​ល​ទាំងបី​នេះ មាន​កម្រិត​ពណ៌​នៃ​ការបញ្ចេញ​រូបភាព Contrast Ratio  2,500,000:1 ដែល​បង្ហាញ​នូវ​រូបភាព​ច្បាស់​ល្អ និង​បង្ហាញ​ភាព​លម្អិត​នៃ​រូបភាពនីមួយៗ ។ Projector ទាំងអស់នេះ ផលិត មក​ភ្ជាប់​ទៅនឹង​ប្រព័ន្ធ HDBaseT ដោយ​ប្រើប្រាស់ ប្រព័ន្ធ​ខ្សែរ Network តាមរយះ​ផត LAN ដែល​អាច​តំឡើង​នៅ​ទីតាំង​ឆ្ងាយ​ពី​ឧបករណ៍​ប​ញ្ចួ​ន​រូបភាព បាន​ចម្ងាយ​ឆ្ងាយ​រហូតដល់ ១០០ ម៉ែត្រ ឬ ៣២៨ ហ្វី​ត។

    «ម៉ាស៊ីន Projector ថ្មី​ទាំងបី​ម៉ូ​ឌែ​ល​នេះ​ផ្តោតលើ ការិយាល័យ ស្ថាប័ន​អប់រំ និង អាជីវកម្ម​កម្សាន្ត ដូចជា ក្លឹប​កម្សាន្ត ខារ៉ាអូខេ​ជាដើម ដែល​បច្ចុប្បន្ននេះ កំពុង​តែមាន​ការរីក​លូតលាស់​គួ​អោយ​កត់​ស​ម្គ​ល់ ដែល​កំពុង ត្រូវការ​ប្រភេទ Projector ទាំងឡាយណា ដែលមាន​ពន្លឺ​កម្រិត​មធ្យម​នៅក្នុង​ការប្រកប​អាជីវកម្មរ​របស់​ពួកគេ។ ផលិតផល​របស់ Epson នឹង​ផ្តល់ឱ្យ​ពួកគេ​មិន​ត្រឹម​តែមាន​គុណភាព​ខ្ពស់​ប៉ុណ្ណោះ​ទេ ថែមទាំង​ប្រើប្រាស់​បានយូរ​អង្វែង​ទៀតផង។ យើង​នឹង​ផ្តល់ជូន​នូវ​ការធានារ​ប្រើប្រាស់ ដោយ​រាប់បញ្ចូល ទាំង​ចំនួន​ម៉ោង​របស់ បច្ចេកវិទ្យា ឡេ​ស៊ែរ ហូត​ដល់ ២០,០០០ ម៉ោង ឬ​រយៈពេល ៣ ឆ្នាំ ។ ដូច្នេះ អតិថិជន​ទាំងអស់​នឹង​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​ក្នុងការ​ចំណាយ នៅពេលដែល​ពួកគេ​ទិញ​ម៉ាស៊ីន Projector ពី​ក្រុមហ៊ុន Epson» ទាំងអស់នេះ ជាការ​អះអាង​របស់លោក Yunyong៕

  • ទីផ្សារ​ផលិតផល​កាត់ដេរ​កម្ពុជា នឹង​នៅតែ​បន្ត​កំណើន​រឹងមាំ

    ទីផ្សារ​ផលិតផល​កាត់ដេរ​កម្ពុជា នឹង​នៅតែ​បន្ត​កំណើន​រឹងមាំ

    ទោះបីជា​កំពុង​រង​ការគំរាមកំហែង​ថា នឹងត្រូវ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ទីផ្សារ​សហភាព​អឺរ៉ុប ដែលជា​ទីផ្សារ​សំខាន់​របស់ខ្លួន​ក៏ដោយ ក៏​ការបញ្ជាទិញ​សម្រាប់​ការនាំចេញ​នៅ​ត្រីមាស​ចុងក្រោយ​ឆ្នាំនេះ​ត្រូវបាន​ព្រមព្រៀង​រួចរាល់ ធ្វើឱ្យ​ទីផ្សារ​ការនាំចេញ​ផលិតផល​កាត់ដេរ​កម្ពុជា​នឹង​នៅ​បន្ត​កំណើន​រឹងមាំ​រហូតដល់​ដាច់​ឆ្នាំនេះ។ នេះ​បើតាម​ការបញ្ជាក់​ពី​តំណាង​ឧស្សាហកម្ម​កាត់ដេរ។

    លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បានឱ្យដឹងថា សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​នៅតែ​មើលឃើញ​កំណើន​ការនាំចេញ​ដ៏​រឹងមាំ​ក្នុងអំឡុង​ខែតុលា ដល់​ខែធ្នូ ឆ្នាំ2018 ដោយសារតែ​ការបញ្ជាទិញ​នៅ​អំឡុង​ពេលនេះ​ត្រូវ​បានដាក់​រួចរាល់ ដែល​នឹង​ធ្វើឱ្យ​ទំហំ​ការនាំចេញ​នៅ​ឆមាស​ទី2 នេះ​នៅតែ​រឹងមាំ​ដូច​ឆមាស​ទី1 ដែរ។

    ប៉ុន្តែ លោក ម៉ូ​នី​កា បានឱ្យដឹងថា ការព្រមាន​ពី​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ «អ្វីៗគ្រប់យ៉ាង​លើកលែងតែ​អាវុធ (EBA)» ទៅ​ទីផ្សារ​អឺរ៉ុប​អាចធ្វើ​ឱ្យមាន​ផលប៉ះពាល់​ដល់​ផ្លូវចិត្ត ព្រោះ​ព័ត៌មាន​ទាក់ទង​នឹង​ការព្រមាន ឬ​លទ្ធភាព​នៃ​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​អ្នកបញ្ជា​ទិញ ដែល​អាចធ្វើឱ្យ​មានការ​ស្ទាក់ស្ទើរ ឬ​កាត់បន្ថយ​បរិមាណ​បញ្ជា​ទិញ ឬ​អ្នកទិញ​អន្តរជាតិ ហើយ​ឥទ្ធិពល​របស់​វា នឹង​មើលឃើញ​កាន់តែច្បាស់ឡើងៗ នៅ​ឆ្នាំក្រោយ។

    លោក​បាន​ថ្លែងថា៖ «សម្រាប់​ការនាំចេញ​ត្រីមាស​ចុងក្រោយ ការបញ្ជាទិញ​ត្រូវបាន​ធ្វើឡើង​ប្រហែល 2ខែ​មុន​អំឡុង​ខែសីហា និង​ខែកញ្ញា ពេល​មិនទាន់មាន​ព័ត៌មាន​រសើប​អំពី EBA នៅឡើយ»។ លោក​ព្យាករ​ថា អត្រាកំណើន​ការនាំចេញ​សម្លៀកបំពាក់​នៅ​ឆមាស​ទី2 ឆ្នាំនេះ​នឹង​មើលឃើញ​កំណើន​ស្រដៀង​គ្នា​នឹង​ឆមាស​ទី1ដែរ»

    យោងតាម​របាយការណ៍​ពាក់កណ្ដាល​ឆ្នាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ដែល​ចេញផ្សាយ​កាលពី​ខែកក្កដា បានឱ្យដឹងថា ការនាំចេញ​សម្លៀកបំពាក់ និង​ស្បែកជើង​របស់​កម្ពុ​ជាមាន​តម្លៃ 4ពាន់​លាន​ដុល្លារ​នៅ​ឆមាស​ទី1 ឆ្នាំនេះ​បាន​កើនឡើង11% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

    រោងចក្រ​កាត់ដេរ​របស់​កម្ពុជា​បាន​ផ្គត់ផ្គង់​ដល់​យីហោ​ពិភពលោក​ដូចជា ក្រុមហ៊ុន Gap Inc (GPS.N) យីហោ​សម្លៀកបំពាក់​ទាន់សម័យ​របស់​ប្រទេស ស៊ុយអែត H & M Hennes&Mauritz AB (HMb.ST) យីហោ​សម្លៀកបំពាក់​កីឡា Nike (NKE.N) យីហោ Puma និង​យីហោ Adidas (ADSGn.DE) និង​យីហោ​ជាច្រើន​ផ្សេងទៀត។

    ទីផ្សារ​សំខាន់​របស់​កម្ពុជា​សម្រាប់​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង គឺ​អាមេរិក និង​អឺរ៉ុប។ ការនាំចេញ​របស់​កម្ពុ​ជា​ទៅ EU មាន​ប្រហែល 40%ដែលមាន​តម្លៃ 4,3ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ2017 ឬ20%នៃ GDP ហើយ​ប្រហែល 90%ស្ថិតក្រោម​ប្រព័ន្ធ​អនុគ្រោះ EBA

    ភ្នាក់ងារ​វាយតម្លៃ​ចំណាត់ថ្នាក់​ឥណទាន​ពិភពលោក Moody’s Investors Services ព្រមាន​ថា ការបាត់បង់​សក្ដានុពល​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ចូលទៅ​សហភាព​អឺរ៉ុប នឹង​ធ្វើឱ្យ​ចុះខ្សោយ​ដល់​កំណើនសេដ្ឋកិច្ច​រប​ស់​ខ្លួន ហើយនឹង​ធ្វើឱ្យ​ចំណាត់ថ្នាក់​របស់​ប្រទេស​កម្ពុជា​ស្ថិតក្នុង​ភាពអវិជ្ជមាន៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 147

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 147

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2018/10/LRPN_147-Final-For-Web.pdf” force_dl=”1″]

  • លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី ប្រារព្ធ​ពិធី​សម្ពោធ​សៀវភៅ “108 ចក្ខុវិស័យ គួច ម៉េង​លី”

    លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី ប្រារព្ធ​ពិធី​សម្ពោធ​សៀវភៅ “108 ចក្ខុវិស័យ គួច ម៉េង​លី”

    កាលពី​ព្រឹក​ថ្ងៃទី19 ខែតុលា លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េង​លី និង ក្រុមការងារ​និពន្ធ​របស់លោក​បាន​ប្រារព្ធ​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ​នូវ​សៀវភៅ​ដែលមាន​ចំណងជើង​ថា “108 ចក្ខុវិស័យ គួច ម៉េង​លី” នៅឯ​ម៉ូ​នូ​មែន​ប៊ុ​ក (Monument Books) ហើយ​គួរ​បញ្ជាក់ថា សៀវភៅ​នេះ​គឺជា​ស្នាដៃ​ទី5របស់លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី។ សៀវភៅ​មាន​កម្រាស់ 487ទំព័រ និង បោះពុម្ពផ្សាយ​លើក​ទី1 ចំនួន3000ក្បាល និង​អ្វីដែល​សំខាន់​នោះ គឺ​រាល់​ថវិកា​ដែល​បានមកពី​ការលក់​សៀវភៅ​នេះ នឹង​បរិច្ចាគ​ជូន​មូលនិធិ​ម៉េង​លី​ជេ. គួច។

    ខ្លឹមសារ​ក្នុង​សៀវភៅ៖ និយាយ​អំពី​បទពិសោធ​ជីវិត​ក្នុង​អាជីព​ជា​ធុរជន (ជា​ចក្ខុវិស័យ ជា​ទស្សនទាន​ស្ដីពី​គំនិត​យោបល់ ការយល់ឃើញ និង​បទពិសោធ​ផ្ទាល់ របស់លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួច​ម៉េង​លី​ក្នុងនាម​ជា​ធុរជន​វិស័យ​អប់រំ​ឈានមុខ​គេ​នៅ​កម្ពុជា)។ បង្ហាញ​ពី​ចក្ខុវិស័យ​ចម្រុះខ្លះៗនៃ​យុទ្ធសាស្ត្រ​ធ្វើ​ជំនួញ​ប្រកបដោយ​និរន្ដរភាព និង ចែករំលែក​វិធីសាស្ត្រ​លើកទឹកចិត្តខ្លះៗដើម្បី​គោលដៅ​ជីវិត​ច្បាស់លាស់ មិន​ថា​ក្នុង​អាជីព​ការងារ គ្រួសារ ស្នេហា ការសិក្សា និង​សហគមន៍​រស់នៅ​នោះទេ។

    បណ្ដុះ​ឱ្យមាន​ភាពក្លាហាន មិន​កំសាកញី​មិន​បាក់ស្បាត ផ្ទុយទៅវិញ​អត្ថន័យ​ក្នុង​សៀវភៅ​នៅបាន​ណែនាំ​ឱ្យមាន​ការតស៊ូ​ព្យាយាម ម្ចាស់ការ និង​មិន​ប្រញាប់​ចុះចាញ់​ចំពោះ​បញ្ហា​ផងដែរ។ បណ្ដុះ​ឱ្យមាន​វប្បធម៌​ចែករំលែក​ក្នុងការ​ចាប់យក​ឱកាស​នៃ​អាជីព​ការងារ​ចំពោះមុខ និង​ទៅ​អនាគត​តាម​ចំណេះ​ចំណង់​ជំនាញ និង​បទពិសោធ​ដែលជា​ទេពកោសល្យ​របស់​មនុស្សម្នាក់។

    គុណ​តម្លៃ​របស់​សៀវភៅ “108 ចក្ខុវិស័យ គួច ម៉េង​លី” ជា​ចក្ខុវិស័យ ផ្ទាល់​របស់លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េង​លី ដោយ​មិន​ឆ្លុះបញ្ចាំង ឬ​ពាក់ព័ន្ធ​នឹង​គោលការណ៍​ឬ​ចក្ខុវិស័យ​របស់​ទ្រឹស្ដី​ណាមួយ​ឡើយ។ ពោល​ជា​គោល​គំនិត​បណ្ដុះ និង​ពង្រីក​ចក្ខុវិស័យ​វែងឆ្ងាយ​ប្រកបដោយ​ញាណទស្សនៈ​ស្ដីពី​ជីវិត ការសិក្សា ការងារ គ្រួសារ សង្គម ទំនាក់ទំនង​សង្គម និង​មធ្យោបាយ​បង្កើត​គំនិត រក្សា​គំនិត និង​ដោះស្រាយ ប្រកបដោយ​ចីរភាព ដែល​ស្ដែង​ចេញពី​គុណ​តម្លៃ​នៃ​បទពិសោធ​របស់​អ្នកនិពន្ធ​ផ្ទាល់៕

  • លោក Mourinho សន្យាថា នឹងមាន​ឥរិយាបថ​ដ៏​ល្អ​បំផុត​នៅ​ទឹកដី Chelsea ល្ងាច​នេះ

    លោក Mourinho សន្យាថា នឹងមាន​ឥរិយាបថ​ដ៏​ល្អ​បំផុត​នៅ​ទឹកដី Chelsea ល្ងាច​នេះ

    លោក Jose Mourinho អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Manchester United បាន​សន្យាថា នឹង​បង្ហាញ​ពី​ភាព​អត់ធ្មត់ និង​ការគោរព ប្រសិនបើ​លោក​រង​បរាជ័យ​ក្នុងការ​ប្រកួត​ក្របខ័ណ្ឌ Premier League ជា​លើក​ទី១នៅ​រដូវ​កាល​នេះ នៅលើ​ទឹកដី​អតីត​ក្រុម Chelsea របស់លោក​នៅ​ថ្ងៃ​សៅរ៍​នេះ។

    លោក Mourinho ដែល​បាន​ដឹកនាំ​ក្លិប​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​មួយ​នេះ២លើក និង​បាន​ជួយ​ឲ្យ​ពួកគេ​ឈ្នះ​ពាន​លី​ក៣លើក​នោះ មិនបាន​រីករាយ​ចំពោះ​ការជួបគ្នា​កាលពីមុន​ជាមួយនឹង​ក្រុម Chelsea ក្នុងនាម​ជា​គ្រូបង្វឹក​របស់ Man United ដោយ​ចាញ់៤លើក​ក្នុងចំណោម​ការប្រកួត៦លើក ក្នុងនោះ​រាប់បញ្ចូល​ទាំង​ពាន FA Cup វគ្គ​ផ្តាច់ព្រ័ត្រ កាលពីដើម​ឆ្នាំនេះ​ផងដែរ។

    លោក Mourinho បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​សុក្រ​ថា៖ «សម្រាប់​ខ្ញុំ វា​ជាការ​ប្រកួត១ផ្សេងទៀត។ តើ​ខ្ញុំ​នឹង​អបអរ​ដូច​មនុស្ស​ឆ្កួត​សម្រាប់​ការរក​គ្រាប់​បាល់​បញ្ចូល​ទី​របស់​ក្រុម​ខ្ញុំ ឬ​ដណ្តើមបាន​ជ័យជម្នះ​នៅ​កីឡដ្ឋាន Stamford Bridge ឬ? ខ្ញុំ​មិន​គិត​អ៊ីចឹង​ឡើយ»។

    លោក Mourinho បាន​ធ្លាក់​ចូលក្នុង​ជម្លោះ​ពាក្យសម្តី ជាមួយនឹង​អតីត​គ្រូបង្វឹក​របស់​ក្រុម Chelsea លោក Antonio Conte ដែល​លោក​បាន​រិះគន់​សម្រាប់​ការអបអរ​ជ្រុល​ហួសហេតុ ក្រោយពី​ក្រុម Chelsea ដណ្តើមបាន​ជ័យជម្នះ ៤-០ លើ​ក្រុម Man United ក្នុង​រដូវ​កាល​ឆ្នាំ២០១៦-២០១។

    បើ​គិត​គ្មាន​ហេតុការណ៍​នោះ ឬ​លោក Conte លោក Mourinho បាន​បញ្ជាក់ថា លោក​តែងតែមាន​ការពិចារណា​ខ្ពស់​ចំពោះ​សកម្មភាព​របស់លោក នៅពេលដែល​ធ្វើដំណើរ​ទៅ​ជួប​អតីត​ក្លិប​របស់លោក ដែល​កំពុងតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ២លើ​តារាង ពោលគឺ៦ចំណាត់ថ្នាក់​ខ្ពស់ជាង​ក្រុម Man United។

    លោក Mourinho បាន​បន្ថែមទៀតថា៖ «ខ្ញុំ​នឹង​ព្យាយាម​គ្រប់គ្រង​ខ្លួន​ខ្ញុំ និង​គោរព​ដល់​កីឡដ្ឋាន និង​អ្នកគាំទ្រ ដែល​ធ្លាប់ជា​អ្នកគាំទ្ររ​សប់​ខ្ញុំ និង​ជា​កីឡដ្ឋាន​របស់ខ្ញុំ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង៦:៣០ល្ងាច៕

    ប្រភពពី៖ Channel News Asia

  • ឧបករណ៍​បំពង​សំឡេង XBOOM របស់​ក្រុមហ៊ុន LG ជា​ឧបករណ៍ មាន​អានុភាព​ដ៏​អស្ចារ្យ​ជាង​ឧបករណ៍​ដ៏​ទៃ

    ឧបករណ៍​បំពង​សំឡេង XBOOM របស់​ក្រុមហ៊ុន LG ជា​ឧបករណ៍ មាន​អានុភាព​ដ៏​អស្ចារ្យ​ជាង​ឧបករណ៍​ដ៏​ទៃ

    នៅក្នុង​ព្រឹត្តិការណ៍ IFA 2018 នៅ​ទីក្រុង​ប៊ែ​កឡាំង ក្រុមហ៊ុន LG Electronics បានបង្ហាញ​ផលិតផល​ដែលមាន​លក្ខណៈពិសេស បន្ថែមទៀត​របស់ខ្លួន​ដូចជា ផលិតផល​បំពង​សម្លេង​ចល័ត​ប្ល៊ូ​ធូ XBOOM  និង​ឧបករណ៍​បំពង​សម្លេង XBOOM AI ThinQ ឆ្លាត​វ័យ​ជាដើម។  XBOOM តែងតែ​ឈានមុខ​និង​មាន​សំឡេង​ពិ​រោះ​ដ៏​អស្ចារ្យ ដែល​បានរួម​ចំណែក​ដល់​ចំណែក​ទីផ្សារ​លើ​ពិភពលោក 35% ក្នុងចំណោម​ផលិតផល​ខ្នាតតូច​និង​ឧបករណ៍​បំពង​សម្លេង។

    នៅ​ខួប​លើក​ទី 60 របស់ខ្លួន​ក្រុមហ៊ុន LG កំពុង​ជំរុញ​យុទ្ធសាស្ត្រ​ផ្នែក​ឧបករណ៍ សម្លេង​របស់ខ្លួន​ដោយ​ផ្តោត​ជា​ចម្បង​ទៅលើ​គុណភាព​សម្លេង។  ដោយ​ផ្ដោតលើ​ការផ្តួចផ្តើម​ផ្នែក​ស្រាវ ជ្រាវ​និង​អភិវឌ្ឍ​ដ៏​ធំ។ កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ក្នុងចំណោម កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ គឺ​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Meridian Audio ដែល​បច្ចេកវិទ្យា​របស់​វា​ត្រូវបាន អនុវត្ត​នៅក្នុង​ផលិតផល LG XBOOM ។ ក្នុងនាម​ជា​ក្រុមហ៊ុន​ដែល​ឈរ​នៅ​ពីក្រោយ ឧបករណ៍​បំពង​សម្លេង​ឌីជីថល​ដំបូង​គេ​បង្អស់​របស់​ពិភពលោក និង​ម៉ាស៊ីន​ឌី​ស​តូច​ឌីជីថល​ដំបូង​គេ។ បច្ចេកវិទ្យា របស់​ក្រុម​ហ៊​ន Meridian បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍន៍​និង​ការអនុវត្ត​ការវិវត្តន៍    បច្ចេកវិទ្យា​សម្លេង ដូចជា MQA ហើយក៏​ប្រើប្រាស់​សម្រាប់​រថយន្តទំនើបៗដូចជា Land Rover, McLaren និង Jaguar  ជាដើម។

    ឧបករណ៍​បំពង​សម្លេង XBOOM ស៊េរី​តូច(ម៉ូ​ដែល CK99) និង (ម៉ូ​ដែល OK99) គឺ​ពិតជា​លាន់ សម្លេង​ខ្លាំង​អស្ចារ្យ បញ្ចេញ​ថាមពល​ពី 1800 វ៉ា​ត់​រហូតដល់ 5,000 វ៉ា​ត់​សម្រាប់​ក្នុង​បរិយាកាស​ពិធីជប់លៀង​ដ៏​រីករាយ។

    ការបន្ថែម​នៃ​ឧបករណ៍​បំពង​សម្លេង XBOOM Go (ម៉ូ​ដែល PK3 / PK5 / PK7) អនុញ្ញាតឱ្យ​អ្នក​ស្រលាញ់​តន្ត្រី​កាន់តែច្រើន​ថែមទៀត ដើម្បី​រីករាយ​ជាមួយ​អត្ថប្រយោជន៍​នៃ​ជំនាញ​សម្លេង​របស់​ក្រុមហ៊ុន LG ។ ឧបករណ៍​បំពង​សម្លេង XBOOM Go ជា​ម៉ាក​សញ្ញា​កេ​រ្ត៍​ដំណែល​នៃ​ឧបករណ៍​បំពង​សម្លេង​និង​ពិធីជប់លៀង​ដ៏​អស្ចារ្យ​របស់​យើង។ វា​ត្រូវបាន​រចនា​ឡើង​ដើម្បី​ទាក់ទាញ​អ្នក​ស្តាប់​ដែលមាន​គុណភាព​ខ្ពស់ និង​ភាពងាយស្រួល​ដល់​អ្នកប្រើប្រាស់​ផងដែរ។ ជាមួយនឹង​បច្ចេកវិទ្យា​សម្លេង​កម្រិត​ខ្ពស់​របស់​ក្រុមហ៊ុន Meridian ឧបករណ៍​បំពង​សម្លេង XBOOM Go ផ្តល់ជូន​នូវ​គុណភាព​ខ្ពស់​រហូតដល់​បី​ដង​យ៉ាងច្បាស់​ល្អ​ព្រមទាំង​មាន​សំលេង​ដ៏​ពរោះ​ទោះ បី​ជាមាន​ទំហំ​តូច​ក៏ដោយ។

    XBOOM Go គឺជា​ឧបករណ៍​បំពង​សំឡេង​ឥត​ខ្សែ​លើកដំបូង​ដែល Support ជាមួយ​បច្ចេកវិទ្យា aptX HD ពី​ក្រុមហ៊ុន Qualcomm សម្រាប់​ការចាក់​សម្លេង​ឌីជីថល​កម្រិត​ខ្ពស់ 24bit / 576kbps ដែល​បំពេញ​តាម​តម្រូវការ​ខ្ពស់​នៃ​សម្លេង​ដែល​ងាយ​នឹង​បាត់បង់​តាម​ប្ល៊ូ​ធូ​ស។

    ក្រុមហ៊ុន LG គឺជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​រួមបញ្ចូល​នូវ​បច្ចេកវិទ្យា aptX HD នៅក្នុង​ស្មា​ត​ហ្វូ​ន G5 ហើយ​បច្ចេកវិទ្យា​សម្លេង​កម្រិត​ខ្ពស់​ត្រូវបាន​រកឃើញ​នៅថ្ងៃនេះ​ក្នុង LG G7 ThinQ

    ឧបករណ៍​បំពង​សម្លេង​ម៉ូ​ឌែ​ល XBOOM Go ក៏មាន​ភ្លើង​បំភ្លឺ​ច្រើន​ពណ៌​ផងដែរ​ព្រមទាំង​ចំណុច​ទាញ Grab-N-Go និង X-grip សម្រាប់​បំលាស់​ទី​និង​ការរក្សា​លំនឹង។ ថ្ម​កាន់​បានយូរ​និង​ភាព​ធន់​ទៅនឹង​ទឹក​ធ្វើឱ្យ​ឧបករណ៍​បំពង​សម្លេង XBOOM Go ល្អឥតខ្ចោះ​សម្រាប់​សកម្មភាព​នៅ​ខាងក្រៅ។

    ឧបករណ៍​បំពង​សម្លេង LG XBOOM AI ThinQ មាន​ម៉ូ​ដែល WK7 និង​ម៉ូ​ដែល WK9 មានកម្ម​វិធី Google Assistant ដើម្បី​ជួយ​ឱ្យអ្វីៗដំណើរការបាន ដោយ​គ្រាន់តែ​បញ្ចា​ដោយ​សំឡេង ប៉ុណ្ណោះ ។ ភាពជា​ដៃគូ​របស់​ក្រុមហ៊ុន LG ជាមួយ​ក្រុមហ៊ុន Meridian នាំមក​នូវ​សក្តានុពល​ពេញលេញ​នៃ​ជំនាញ​សម្លេង​របស់​ក្រុមហ៊ុន​ទាំងពីរ, ផ្តល់នូវ​សំឡេង​គុណភាព​ខ្ពស់, សំលេង ពិ​រោះ។ គុណភាព​សម្លេង​ខ្ពស់​មិន​បែក​នៅក្នុង LG XBOOM AI ThinQ អាច​ផលិត​នូវ​សម្លេង​ដែល​ថត​នៅក្នុង​ស្ទូ​ឌី​យោ​បាន។ ក្រុមហ៊ុន LG បាន​សហការ​ជាមួយ Google ដើម្បី​បញ្ចូល​កម្មវិធី Google Assistant   ដោយផ្ទាល់​ទៅក្នុង​ផលិតផល​ជា​មជ្ឈមណ្ឌល​ផ្ទះ ដែល​អនុញ្ញាតឱ្យ​ឧបករណ៍​បំពង​សម្លេង​ម៉ូ​ឌែ​ល WK7 និង WK9 គ្រប់គ្រង​ឧបករណ៍​ផ្ទះ​ឆ្លាត​វៃ​ដែល​អាច​ប្រើ​បានជា​មួយ Google ដែល​អាច​ប្រើ​បានជា​មួយ LG ThinQ ។ ឧបករណ៍​បំពង​សម្លេង XBOOM AI ThinQ WK7  ដែល​បច្ចុប្បន្នកំពុង​ដាក់លក់​នៅ​ទីផ្សារសំខាន់ៗ នឹង​មកដល់​នៅ​ចុង​ឆ្នាំនេះ ដោយ ឧបករណ៍​បំពង​សម្លេង​ម៉ូ​ឌែ​ល WK9 ជាមួយនឹង​អេក្រង់ Smart Display ទំហំ 8 អ៊ី​ញ​របស់ខ្លួន​សម្រាប់​បទ​ពិសោធ​ន៏​ដ៏​ទាក់ទាញ។

    លោក Seo Young-jae ប្រធាន​ផ្នែក​សម្លេង​និង​វីដេអូ​នៅ​ក្រុមហ៊ុន LG បាន​និយាយថា ” តាមរយៈ​ការពង្រីក​ម៉ាក​យីហោ XBOOM  របស់​យើង​ដើម្បី​បញ្ចូល​ឧបករណ៍​បំពង​សម្លេង​ឥត​ខ្សែ​និង

    ឆ្លាត​វៃ ក្រុមហ៊ុន LG កំពុងបើក​លទ្ធភាពថ្មីៗជាមួយ XBOOM ដែល​ឈានមុខ​ក្នុង ការងារ​ផ្នែក សម្លេង​នៅក្នុង​ផ្ទះ​យើង​ទាំងមូល ” ។ ជាមួយនឹង​ក្រុមហ៊ុន Meridian ដែលជា​ដៃគូ​បច្ចេកវិទ្យា​សម្លេង​យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា XBOOM នឹង​ទទួលបាន​ភាពជោគជ័យ​ដ៏​ត្រ​ចេះ​ត្រចង់​នៅក្នុង​ទ្វីបអឺរ៉ុប​ក៏ដូចជា​នៅ​តំបន់​ផ្សេងទៀត​នៅ​ជុំវិញ​ពិភពលោក»។

  • លោក Pochettino ពេញចិត្ត​ក្រុម Spurs បច្ចុប្បន្ន បើទោះបី​មិន​ទិញ​កីឡាករ​ថ្មី​ចូល

    លោក Pochettino ពេញចិត្ត​ក្រុម Spurs បច្ចុប្បន្ន បើទោះបី​មិន​ទិញ​កីឡាករ​ថ្មី​ចូល

    លោក Mauricio Pochettino អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Tottenham បាន​សម្ដែង​ការមិន​សោកស្តាយ​ជុំវិញ​ការមិន​បាន​ទិញ​ចូល​កីឡាករ​ថ្មី​ក្នុង​ក្រុម​របស់លោក​ក្នុងពេល​បិទ​រដូវ​កាល តាមរយៈ​ការបញ្ជា​ក់ថា ការចាប់ផ្តើម​យ៉ាង​ល្អ​របស់​ក្រុម​របស់លោក​ក្នុង​ក្របខ័ណ្ឌ Premier League បង្ហាញថា ការសម្រេចចិត្ត​នេះ​ពិតជា​ត្រឹមត្រូវ។

    Spurs ដែល​បាន​ក្លាយជា​ក្រុម​ដំបូង​គេ​ក្នុង​ការមិន​ទិញ​ចូល​កីឡាករ​ថ្មី​សូម្បីតែ​ម្នាក់ បើ​គិត​ចាប់តាំងពី​ទីផ្សារ​ដោះដូរ​កីឡាករ​ត្រូវបាន​បង្កើតឡើង​នោះ បាន​តាម​ស្មើ​ទៅនឹង​កំណត់ត្រា​ដ៏​ល្អ​បំផុត​របស់​ពួកគេ​ក្នុង​ក្របខ័ណ្ឌ Premier League តាមរយៈ​ការរកបាន 18ពិន្ទុ​ពី​ការប្រកួត 8លើក។

    លោក Daniel Levy ប្រធាន​ប្រតិបត្តិ​ក្លិប​បាន​បង្ហើប​ឱ្យដឹង​នៅ​សប្តាហ៍​នេះ​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយនឹង​អ្នកគាំទ្រ​របស់​ក្លិប Tottenham ថា លោក​មានការ​រីករាយ​ចំពោះ​សកម្មភាព​នា​រដូវក្តៅ​របស់​ក្លិប ហើយ​លោក Pochettino ក៏បាន​យល់ស្រប​បែប​នោះដែរ។

    លោក Pochettino បានឱ្យដឹងថា៖ «វា​ពិតជា​លំបាក​ណាស់​ក្នុងការ​ទទួលបាន​កីឡាករ​ថ្មី​ដែល​យើង​ត្រូវការ វា​មិនអាច​ទៅរួច​ឡើយ តែ​ខ្ញុំ​ពិតជា​រីករាយ និង​ពេញចិត្ត​ជាមួយនឹង​ក្រុម​ដដែល​របស់ខ្ញុំ ពោលគឺ​កីឡាករ​ទាំង 25នាក់»។

    គ្រូបង្វឹក​រូបនេះ​បាន​ប្រាប់​បន្តថា៖ «យើង​មិនមាន​ការសោកស្តាយ​ឡើយ ប៉ុន្តែ យើង​ពិតជា​រីករាយ​ណាស់ នៅពេលដែល​យើង​បានចាប់ផ្តើម​រដូវ​កាល​នេះ ជាមួយនឹង​ការប្រកួត 3លើក​ដែល​យើង​ឈ្នះ ហើយ​យើង​បាន​ស្ថិតនៅលើ​កំពូល​តារាង ដែលនាំឱ្យ​មនុស្ស​ជាច្រើន​និយាយផ្សេងៗគ្នា​ថា ក្រុម Tottenham ពិតជា​ឆ្លាត​វៃ​ណាស់ ពីព្រោះ​ពួកគេ​រក្សាទុក​រាល់​កីឡាករ​ពី​រដូវ​កាល​មុន​ទាំងអស់»។

    លោក Pochettino បាន​បន្ថែមទៀតថា៖ «ក្រោយពី​យើង​បានចាប់ផ្តើម​ចាញ់​ការប្រកួត​ប៉ុន្មាន​លើក​មក ការបារម្ភផ្សេងៗបានចាប់ផ្តើម​បង្កើតឱ្យមាន​ឥទ្ធិពល​ដ៏​ធំ​មួយ​ក្នុង​ទស្សនៈ​នោះ។ ប៉ុន្តែ ខ្ញុំ​ត្រូវតែ​រំឭក​អ្នក​គ្រប់គ្នា​ថា នេះ​គឺជា​ការចាប់ផ្តើម​យ៉ាង​ល្អ​បំផុត​របស់​យើង ក្រោយពី​ការប្រកួត 8លើក»៕

    ប្រភពពី៖ Sport24