Author: វល័ក្ខ

  • ឈុន ស្រីមុំ៖ ខ្ញុំអាចឈរបានថ្ងៃនេះ គ្មានជំនួយពីនរណាទេ…

    ឈុន ស្រីមុំ៖ ខ្ញុំអាចឈរបានថ្ងៃនេះ គ្មានជំនួយពីនរណាទេ…

    មួយរយៈចុងក្រោយនេះគេឧស្សាហ៍ឃើញតារាសម្ដែង ឈុន ស្រីមុំ មានវត្ដមានក្នុងការសម្ដែងភាពយន្ដឱ្យស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ 5ញឹកញាប់ណាស់ សូម្បីតែរឿងដុំដែលមានចំណងជើងថា «នាងនាថបាត់ដំបង» ជាវណ្ណកម្មដំបូងដែលបានយកមកដាក់បញ្ចាំងក្នុងរោងភាពយន្ដក៏មានវត្ដមានរូបនាងដែរ។

    ថ្វីដ្បិតតែនាងជាតារាទើបចូលប្រឡូកសិល្បៈនៅមិនទាន់មានបទពិសោធច្រើនដូចតារាដទៃមែន ប៉ុន្ដែមើលទៅទេពកោសល្យក្នុងការសម្ដែងរបស់នាងត្រូវបានមហាជនភាគច្រើនទទួលយកបាន និងមានការគាំទ្រ រហូតបច្ចុប្បន្ននាងក៏មានហ្វ៊ែនផ្ទាល់ខ្លួនដែលគាំទ្រលើការសម្ដែងរបស់នាងដែរ តែក្រោយពីគេបានដឹងថា នាងជាបងស្រីបង្កើតរបស់អ្នកគ្រប់គ្រងនៅក្នុងផលិតកម្ម BKS គឺលោក ឈុន សុវណ្ណភក្ដី មកនោះ ក៏ស្រាប់តែមានការលើកឡើងថា ប្រសិនបើមិនមានការជួយជ្រោមជ្រែងពីប្អូនប្រុសទេ ប្រហែលជានាងគ្មានឱកាសបែបនេះឡើយ។

    ជួបកញ្ញា ឈុន ស្រីមុំ នាងបានបកស្រាយប្រាប់ថា៖ «វាមិនមែនដូចអ្វីដែលគេបានលើកឡើងនោះទេ សម្រាប់ភក្ដី ប្អូនប្រុសរបស់ខ្ញុំវិញ កុំថាឡើយជួយជ្រោមជ្រែងខ្ញុំ សូម្បីតែខ្ញុំចូលសិល្បៈ ក៏គាត់មិនទាំងចង់ឱ្យខ្ញុំចូលប្រឡូកក្នុងអាជីពនេះផង»។ នាងបន្ដថា នាងហាក់មិនយល់ច្បាស់ពីអារម្មណ៍របស់ប្អូនប្រុសឡើយ ប៉ុន្ដែនាងអាចសន្និដ្ឋានបានថា ប្រហែលជាបណ្ដាលមកពីគាត់ខ្លាចនាងចូលប្រឡូកសិល្បៈហើយ ត្រូវរងការរិះគន់ពីរឿងមិនល្អណាមួយដែលអាចបណ្ដាលឱ្យប៉ះពាល់ដល់កិត្ដិយសគ្រួសារ។

    ដោយឡែកពាក់ព័ន្ធនឹងការសម្ដែងរឿងភាគនៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ5ជាញឹកញាប់នោះត្រូវបាន ស្រីមុំ ប្រាប់ថា អ្វីៗដែលនាងទទួលបាន វាកើតចេញពីសមត្ថភាព និងទេពកោសល្យរបស់នាងសុទ្ធសាធ គ្មានការជួយពីនរណាទាំងអស់។ ប្រសិនបើគ្មានសមត្ថភាព ប្រហែលជាអ្នកដឹកនាំរឿងគេមិនត្រូវការទេ។ នាងបានបន្ដថា បើទោះជាមានការលើកឡើងបែបនេះក៏ដោយ ក៏នាងគ្មានអារម្មណ៍អាក់អន់ស្រពន់ចិត្ដអ្វីដែរ ព្រោះជាធម្មតា មានឪពុកជាចាងហ្វាងផលិតកម្ម និងប្អូនជាអ្នកប្រឡូកក្នុងវិស័យសិល្បៈយូរហើយ ហើយគេនាំគ្នានិយាយបែបហ្នឹង វាមិនមានអ្វីប្លែកទេ។

    ទោះជាយ៉ាងណានាងបានសម្ដែងនូវមោទនភាពចំពោះខ្លួនឯងដែលអាចធ្វើបាន គ្រាដែលនាងមិនដែលធ្លាប់គិតថា នាងដើរលើផ្លូវនេះតែម្នាក់ឯងបែបនេះ ប្រហែលជាមិនអាចទៅរួចឡើយ ព្រោះអំឡុងពេលនាងចូលសិល្បៈដំបូងក្រុមគ្រួសារពុំសូវជាគាំទ្រប៉ុន្មានឡើយ ដោយសារតែបារម្ភ។

    ជាមួយគ្នានេះកញ្ញា ឈុន ស្រីមុំ ប្រាប់បន្ថែមទៀតថា កាលពីចូលសិល្បៈដំបូងៗគ្រួសារពិតជាមានការបារម្ភចំពោះនាងអំពីការចេញទៅថតទីឆ្ងាយៗ និងខ្លាចជួបរឿងមិនល្អពាក់ព័ន្ធនឹងស្នេហា ប៉ុន្ដែពេលនេះអ្នកផ្ទះរបស់នាងមានការទុកចិត្ដលើរូបនាងហើយ។ ម្យ៉ាងនាងក៏មានបទពិសោធច្រើនហើយក្នុងសង្គមសិល្បៈ បន្ទាប់ពីការចេញទៅសម្ដែងឆ្ងាយៗតែឯងញឹកញាប់មកនោះ៕

  • បានដឹងតម្លៃទូរស័ព្ទដែលក្រុមហ៊ុន Nokia សម្ពោធល្ងាចមិញហើយឬនៅ?

    បានដឹងតម្លៃទូរស័ព្ទដែលក្រុមហ៊ុន Nokia សម្ពោធល្ងាចមិញហើយឬនៅ?

    ល្ងាចមិញនេះ ក្រុមហ៊ុន Nokia ប្រចាំកម្ពុជា បានធ្វើការសម្ពោធជាផ្លូវការនូវទូរស័ព្ទស៊េរីថ្មីរបស់ខ្លួនហើយ ក្រោយពីបានបង្ហាញខ្លួនតាំងពីដើមឆ្នាំក្នុងព្រឹត្តិការណ៍ MWC ឆ្នាំ2017 ដែលរួមមានទូរស័ព្ទស្មាតហ្វូនប្រើប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ចុងក្រោយគេទាំង 3ម៉ូដែល និងទូរស័ព្ទស៊េរីចាស់ តែផ្លាស់ប្ដូរមុខមាត់ថ្មី Nokia 3310 មួយផងដែរ។

    ក្នុងការដាក់បង្ហាញនេះ តំណាងក្រុមហ៊ុន Nokia ប្រចាំកម្ពុជា បានឱ្យដឹងថាទូរស័ព្ទទាំង 4ម៉ូដែល មានតម្លៃចាប់ពី 48ដុល្លារ ដល់ 229ដុល្លារ ដោយទូរស័ព្ទ Nokia 3 ដាក់លក់ក្នុងតម្លៃ 143ដុល្លារ ខណៈ Nokia 3310 មានតម្លៃ 48ដុល្លារ ដែលនឹងមានលក់នៅចុងខែមិថុនា ឆ្នាំ2017 នេះជាមួយគ្នា ឯទូរស័ព្ទ Nokia 5 លក់ក្នុងតម្លៃ 193 ដុល្លារ និងទូរស័ព្ទ Nokia 6 លក់ក្នុងតម្លៃ 229ដុល្លារ ដោយគ្រោងនឹងចេញលក់នៅពាក់កណ្តាលខែកក្តដា ឆ្នាំ2017 ខាងមុខ៕

  • រដ្ឋាភិបាលប្រកាសជាផ្លូវការនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ 2016-2025

    រដ្ឋាភិបាលប្រកាសជាផ្លូវការនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ 2016-2025

    ភ្នំពេញៈ រដ្ឋាភិបាលបានប្រកាសដាក់ចេញជាផ្លូវការនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ 2016-2025 បន្ទាប់ពីរាជរដ្ឋាភិបាលបានពិនិត្យឃើញថា កម្ពុជារក្សាបាននូវស្ថិរភាពពេញលេញ និងមានស្ថិរភាពនយោបាយរឹងមាំ ព្រមទាំងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាពក្នុងអត្រាជាមធ្យមជិត8ភាគរយក្នុងមួយឆ្នាំ។

    ឯកឧត្ដម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ 2016-2025 បានថ្លែងថា ការសម្រេចដាក់សម្ពោធជាផ្លូវការនូវផែនការយុទ្ធសាស្រ្តនេះ គឺជាផ្លែផ្កាដ៏ត្រចះត្រចង់មួយដែលឆ្លុះបញ្ចាំងពីការរួមចំណែកយ៉ាងសកម្មពីវិស័យហិរញ្ញវត្ថុដែលបាន និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគំនិតផ្ដួចផ្ដើមដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុដ៏ក្មេងខ្ចីរបស់ខ្លួន។

    ឯកឧត្ដមបន្តថា ដើម្បីអភិវឌ្ឍវិស័យហិរញ្ញវត្ថុឲ្យកាន់តែរឹងមាំស្របតាមការរីកចម្រើនសេដ្ឋកិច្ចនៃនិម្មាបនកម្មហិរញ្ញវត្ថុអន្តរជាតិ និងសម្ទុះនៃសមាហរណកម្មតំបន់ និងពិភពលោក ព្រមទាំងផ្អែកលើបទពិសោធ និងមេរៀនថ្មីៗដែលបានជួបប្រទះក្នុងការអនុវត្តកន្លងមកនៅឆ្នាំ 2016 រាជរដ្ឋាភិបាលបានសម្រេចធ្វើបច្ចុប្បន្នកម្មផែនការយុទ្ធសាស្ត្រជាលើកទី3 ពីយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ 2011-2020 ទៅជាយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ 2016-2025 ដែលដាក់សម្ពោធឲ្យប្រើប្រាស់នាពេលនេះ។

    យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ 2016-2025 រៀបចំឡើងដោយមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ជាពិសេសធនាគារអភិវឌ្ឍន៍អាស៊ីដែលបានចូលរួមចំណែក និងគាំទ្រការធ្វើបច្ចុប្បន្នកម្មឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ 2016-2025 រហូតទទួលបានជោគជ័យ។

    ឯកឧត្ដមទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថាយុទ្ធសាស្រ្តដែលបានសម្រេចដាក់សម្ពោធជាផ្លូវការនេះជាឯកសារបច្ចុប្បន្នកម្មថ្មីមួយរបស់កម្ពុជាដើម្បីធ្វើឲ្យវិស័យហិរញ្ញវត្ថុមានការអភិវឌ្ឍបានយ៉ាងរហ័សក្នុងការនាំកម្ពុជាឈានចូលទំព័រប្រវត្តិសាស្ត្រថ្មី និងមានមុខមាត់ថ្មី និងមានការរីកចម្រើនយ៉ាងឆាប់រហ័សស្របតាមការរីកចម្រើនរបស់សេដ្ឋកិច្ចជាតិ និងពិភពលោក។

    ឯកឧត្ដមបន្តថា យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ 2016-2025 នេះគឺផ្ដើមចេញពីជម្រើស និងការអនុវត្តគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការបង្កបរិស្ថានអំណោយផលសម្រាប់វិស័យឯកជន និងការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចតាមរយៈការអនុវត្តគោលនយោបាយរូបិយវត្ថុ និងគោលនយោបាយសារពើពន្ធប្រកបដោយការប្រុងប្រយត្ន័គួបផ្សំនឹងការអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមកម្មវិធីកំណែទម្រង់ស៊ីជម្រៅចាំបាច់នានាលើគ្រប់វិស័យ។

    យោងតាមឯកសារនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ 2016-2025 បានបង្ហាញឲ្យដឹងដែរថា តាមរយៈការរក្សាបាននូវសន្តិភាពពេញលេញ ស្ថិរភាពនយោបាយរឹងមាំ និងកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាពក្នុងអត្រាមធ្យមជិត 8% ក្នុង1ឆ្នាំនោះបានធ្វើឲ្យអត្រាភាពក្រីក្រថយចុះយ៉ាងលឿនពីជាង 53% ក្នុងឆ្នាំ 2004 មកត្រឹម 13.5% នៅឆ្នាំ 2014។

    ការអភិវឌ្ឍយ៉ាងឆាប់រហ័សនេះបានធ្វើឲ្យកម្ពុជាឈានចូលទំព័រប្រវត្តិសាស្ត្រថ្មីដោយប្រែក្លាយមុខមាត់ពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងត្រូវបានធនាគារពិភពលោកចាត់ទុកជាប្រទេសក្នុងក្រុមឯកទគ្គករកំណើនទាំង 8ក្នុងពិភពលោក៕

  • បទចម្រៀងដំបូងរបស់សុខ ស្រីនាង នៅរស្មីហង្សមាស ចេញ Full MV ហើយ!!!

    បទចម្រៀងដំបូងរបស់សុខ ស្រីនាង នៅរស្មីហង្សមាស ចេញ Full MV ហើយ!!!

    ចាប់តាំងពីបានចូលទៅជ្រកក្នុងផលិតកម្មរស្មីហង្សមាស តារាចម្រៀងសម្បុរខ្មៅស្រអែមសំឡេងក្រអួនក្រអៅ សុខ ស្រីនាង ទើបតែចេញវីដេអូចម្រៀងរបស់ខ្លួនជាលើកដំបូង។ បទចម្រៀងដែលនិយាយពីអារម្មណ៍លួចស្រលាញ់បុរសម្នាក់តែម្នាក់ឯង វាពិតជាលំបាកក្នុងការសម្រួលអារម្មណ៍ខ្លាំងណាស់ ហើយវាពិតជាហត់ក្នុងការតាមស្រលាញ់គេ សូម្បីតែម្ដងក៏គ្មានទេពាក្យថា ស្រលាញ់សម្រាប់យើង ។ អារម្មណ៍ទាំងអស់នេះ បានបង្ហាញនៅក្នុងសាច់រឿងនៃវីដេអូចម្រៀងរបស់ សុខ ស្រីនាង ដែលមានចំណងជើងថា «ហត់ទេស្រលាញ់គេម្នាក់ឯង»។

    តាមរយៈគណនី YouTube របស់ រស្មីហង្សមាស បានឱ្យដឹងថា បទចម្រៀង «ហត់ទេស្រលាញ់គេម្នាក់ឯង» ជាទឹកដៃនិពន្ធរបស់កវី នីសគន្ធា និងនិពន្ធបទភ្លេងដោយ សាន់ សុវណ្ណឌីន ហើយក្រោយការដឹកនាំសម្ដែងដោយ លោក Eco Vak Song ផងដែរ ។ មានតែអ្នកដែលស្នេហ៍គេតែម្នាក់ឯងទេដែលយល់អារម្មណ៍មួយនេះ សួរថាហត់ទេ?

    ចម្លើយគឺ ពិតជាហត់ តែពេញចិត្តនឹងធ្វើចិត្ត ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូចម្រៀងខាងក្រោមនេះ៖

  • ស្រាបៀរថៃហ្គ័រ ផ្តល់ជំនួយ 1លានដុល្លារដល់អង្គការ WWF

    ស្រាបៀរថៃហ្គ័រ ផ្តល់ជំនួយ 1លានដុល្លារដល់អង្គការ WWF

    ក្រុមហ៊ុនស្រាបៀរថៃហ័្គរ ប្រកាសផ្តល់ជំនួយ 1លានដុល្លារដល់អង្គការ​មូលនិធិសត្វព្រៃ​ពិភពលោក (WWF) ក្នុងការធ្វើយុទ្ឋនាការ ដែលមានឈ្មោះថា 3890Tigers ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វខ្លាធំខុសច្បាប់ និងក្នុងគោលបំណងបង្កើនចំនួនសត្វខ្លាធំរបស់ពិភពលោកពី 3,890ក្បាល នេះឱ្យបានដល់ 6,000ក្បាលត្រឹមឆ្នាំ 2022។

    លោក Roland Bala នាយកគ្រប់គ្រងក្រុមហ៊ុនស្រាបៀរថៃហ្គ័រប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា ការផ្តល់ជំនួយនេះគឺដើម្បីធ្វើយុទ្ធនាការមួយដែលមានឈ្មោះថា 3890Tigers គឺជាផ្នែកមួយនៃកិច្ចសហការជាសកលរយៈពេល 6ឆ្នាំរវាងស្រាបៀរ Tiger និងអង្គការ WWF ក្នុងការគាំទ្រដល់ការប្តេជ្ញាចិត្តជាសកល Tx2 ដែលធ្វើឡើងដោយបណ្តារដ្ឋាភិបាលនៃប្រទេសចំនួន13 ដែលមានសត្វខ្លាធំក្នុងគោលបំណងបង្កើនចំនួនសត្វខ្លាធំរបស់ពិភពលោកឲ្យបាន 6,000 ក្បាលត្រឹមឆ្នាំ 2022។
    កិច្ចសហការរយៈពេល 6ឆ្នាំនេះបានចាប់ផ្តើមនៅឆ្នាំ 2017 នេះដោយទទួលបានអំណោយបរិច្ចាគជាទឹកប្រាក់ 1លានដុល្លារអាមេរិកពីស្រាបៀរថៃហ្គ័រ។ លោកថា ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោម13 ប្រទេសដែលមានសត្វខ្លាធំ ហើយរដ្ឋាភិបាលបានប្តេជ្ញាចិត្តក្នុងការបង្កើនចំនួនសត្វខ្លាធំទូទាំងពិភពលោក ដោយអនុម័តផែនការសកម្មភាពសម្រាប់សត្វខ្លាធំនៃប្រទេសកម្ពុជា ដែលផ្តោតលើការនាំសត្វខ្លាធំទៅកាន់តំបន់ទេសភាពខ្ពង់រាបភាគខាងកើតនៃប្រទេសកម្ពុជា។
    សត្វខ្លាធំគឺជាប្រភេទសត្វជិតផុតពូជនៅទូទាំងពិភពលោក។ ចំនួនសត្វខ្លាធំបានធ្លាក់ចុះ 96 ភាគរយក្នុងរយៈពេលមួយសតវត្សរ៍ចុងក្រោយនេះ គឺចាប់ពី 100,000 ក្បាលធ្លាក់នៅសល់ត្រឹមតែ 3,890 ក្បាលប៉ុណ្ណោះមកទល់សព្វថ្ងៃនេះ។ លោក Roland Bala មានប្រសាសន៍ដូច្នេះថា៖ «យើងមិនអាចស្រមៃឃើញថា ពិភពលោកនឹងគ្មានសត្វខ្លាធំនោះទេ ហើយវាជាកិត្តិយសសម្រាប់យើងដែលបានចាប់ដៃគូជាមួយអង្គការ WWF ដើម្បីគាំទ្រកិច្ចប្រឹងប្រែងអភិរក្សក្នុងរឿងនេះ។ ប្រសិនបើសត្វខ្លាធំបាត់បង់ វាមិនត្រឹមតែមានផលប៉ះពាល់ដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបាត់បង់ពិតប្រាកដសម្រាប់វប្បធម៍របស់យើងទៀតផង។


    សត្វខ្លាធំគឺជាសត្វដ៏ស្រស់ស្អាតដែលជានិមិត្តរូបនៃកម្លាំង ភាពក្លាហាន និងអំណាច ហើយជាទូទៅសិល្បៈជាច្រើននៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្សត្រូវបានបំផុសឡើងចេញពីសត្វខ្លាធំនេះឯង។ នោះហើយជាមូលហេតុដែលយើងបានជ្រើសរើសយកសិល្បៈជាវិធីមួយដើម្បីបង្ហាញរឿងនេះរួមគ្នាជាមួយអតិថិជនរបស់យើង»។

    លោក ឈិត សំអាត នាយកអង្គការ WWF ប្រចាំកម្ពុជា បានមានប្រសាសន៍ថា សត្វខ្លាធំជាប្រភេទសត្វនិមិត្តរូប និងជាផ្នែកមួយនៃបេតិកភណ្ឌធម្មជាតិរបស់យើង។ ការនាំយកសត្វខ្លាធំត្រឡប់មកប្រទេសកម្ពុជាវិញនឹងក្លាយជាកិច្ចអភិរក្សដ៍ធំបំផុត ហើយនិងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សតំបន់ទេសភាពទាំងមូលផងដែរ។ មានបញ្ហាប្រឈមជាច្រើន រួមមានការបរបាញ់ ការដាក់អន្ទាក់ចាប់ ការកាប់ឈើខុសច្បាប់ ការរុករករ៉ែ និងការអភិវឌ្ឍគ្មាននិរន្តរភាពផ្សេងទៀតដែលត្រូវការការដោះស្រាយដើម្បីធ្វើឱ្យទេសភាពនេះក្លាយជាតំបន់ការពារលំដាប់ថ្នាក់ពិភពលោកមុនពេលដោះលែងសត្វខ្លាធំចូលទៅក្នុងតំបន់នេះ។ យើងប្តេជ្ញាក្នុងការសម្រេចគោលដៅ Tx2 និងសង្ឃឹមថា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល6ឆ្នាំខាងមុខដើម្បីធ្វើឱ្យគម្រោងនេះក្លាយជាការពិត។

    ដើម្បីចូលរួមក្នុងយុទ្ធនាការនេះ សាធារណជនអាចចូលទៅកាន់គេហទំព័រ៖ 3890Tigers.com ដើម្បីអាប់ឡូដថតរូបស៊ែលហ្វ៊ី ហើយនិងជ្រើសរើសយកសិល្បករម្នាក់សហការជាមួយដើម្បីបង្កើតសិល្បៈថតរូបស៊ែលហ្វ៊ីមួយប្រភេទដែលបង្កើតដោយ AI។ មិនថាវាជាសិល្បៈដងវិថី និងអក្សរផ្ចង់ដ៏អាថ៌កំបាំង គំនូរដោយប្រើថ្នាំលាប និងទឹកថ្នាំ ឬរូបឥន្ទធនូនោះទេ មនុស្សអាចជ្រើសរើសពីរចនាប័ទ្មសិល្បៈរបស់ HuaTunan របស់ប្រទេសចិន Mademoiselle Maurice របស់បារាំង Kenji Chai របស់ម៉ាឡេស៊ី Nookt របស់រុស្ស៊ី Nick Gentry របស់ចក្រភពអង់គ្លេស និងTran Nguyen របស់សហរដ្ឋអាមេរិកដើម្បីបង្កើតសិល្បៈថតរូបស៊ែលហ្វ៊ីរបស់គេ៕

  • ការប្រឡងជ្រើសរើសសិស្សក្រឡាបញ្ជីជំនាន់ទី5 ចាប់ផ្តើមហើយ

    ការប្រឡងជ្រើសរើសសិស្សក្រឡាបញ្ជីជំនាន់ទី5 ចាប់ផ្តើមហើយ

    បេក្ខជនជាច្រើនមកពីបណ្តាសាកលវិទ្យាល័យគ្រប់រាជធានី-ខេត្ត រួមទាំងស្ថាប័នមួយចំនួន បានមកជួបជុំគ្នាដើម្បីចូលរួមការប្រឡងជ្រើសរើសក្រឡាបញ្ជីជំនាន់ទី5 ដែលប្រព្រឹត្តទៅនៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។

    ការប្រឡងនេះ គឺធ្វើឡើងដោយបែងចែកចេញជា 2 ដំណាក់កាល។ ដំណាក់កាលទី 1 គឺត្រូវប្រឡងលើវិញ្ញាសាសរសេរចំនួន 3 រួមមាន នីតិរដ្ឋធម្មនុញ្ញ នីតិព្រហ្មទណ្ឌ (ច្បាប់សារធាតុ) និងនីតិរដ្ឋប្បវេណី (ច្បាប់សារធាតុ) 2។ ចំណែកឯវិញ្ញាសាទី ( 2 គឺប្រឡងដោយផ្ទាល់មាត់ស្តីពីវប្បធម៌ទូទៅ ជាមួយនិងជំនាញស្តាប់ និងកត់ត្រា។

    គួររំឭកដែរថា កាលពីថ្ងៃទី 13 ខែមិថុនា ឆ្នាំ2017 មុនពេលប្រឡងពីរថ្ងៃ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានរៀបចំកិច្ចប្រជុំពិភាក្សាអំពីនីតិវិធី និងការប្រព្រឹត្តទៅសម្រាប់ការប្រឡងនៅថ្ងៃនេះ ក្រោមអធិបតីភាព ឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ និងរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ព្រមទាំងតំណាងអង្គភាពប្រឆាំងអំពើពុករលួយផងដែរ៕

  • ក្រសួងពាណិជ្ជកម្ម និងសហគមន៍ម្រេចអន្តរជាតិ រួមគ្នាលើកកម្ពស់ផលិតផលម្រេចកម្ពុជា

    ក្រសួងពាណិជ្ជកម្ម និងសហគមន៍ម្រេចអន្តរជាតិ រួមគ្នាលើកកម្ពស់ផលិតផលម្រេចកម្ពុជា

    ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានជួបពិភាក្សាជាមួយលោកស្រី ហ័ង ធីលៀន (Hoang Thi Lien) នាយិកាប្រតិបត្តិនៃសហគមន៍ម្រេចអន្តរជាតិ (International Pepper Community) ដែលជាស្ថាប័នមួយបង្កើតឡើងក្រោមក្របខ័ណ្ឌគណៈកម្មការសេដ្ឋកិច្ច និងសង្គមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UNESCAP) ក្នុងគោលដៅលើកកម្ពស់ផលិតផលម្រេចកម្ពុជា។

    លោកស្រី ហ័ង ធីលៀនមានប្រសាសន៍ថា គោលបំណងនៃជំនួបនេះគឺដើម្បីណែនាំពីគុណប្រយោជន៍នៃការចូលជាសមាជិករបស់សហគមន៍ដែលបច្ចុប្បន្នមានសមាជិកពេញសិទ្ធិចំនួន6 ប្រទេសរួមមាន វៀតណាម ឥណ្ឌូណេស៊ី ប្រេស៊ីល ឥណ្ឌា ស្រីលង្កា និងម៉ាឡេស៊ី។ ការចូលជាសមាជិករបស់សហគមន៍ ប្រទេសជាសមាជិកនឹងទទួលបានអត្ថប្រយោជន៍លើការលើកកម្ពស់ផលិតភាព បច្ចេកទេសថ្មីៗ ការស្រាវជ្រាវនានា ក្នុងការគាំទ្រលើខ្សែសង្វាក់ផលិតផលទាំងមូល ក៏ដូចជាការសម្របសម្រួលរវាងកសិករ និងឈ្មួញ ដើម្បីឈានទៅដល់ការនាំចេញទៅទីផ្សារបរទេស។

    ឯកឧត្តមប៉ាន សូរស័ក្ដិបានមានប្រសាសន៍ដែរថា ម្រេចកម្ពុជាជាកសិផលមួយដែលមានភាពល្បីល្បាញ ជាពិសេសម្រេចកំពតដែលជាទំនិញបញ្ជាក់ភូមិសាស្ត្រ (Geographical Indication) និងមានតម្លៃខ្ពស់នៅលើទីផ្សារពិភពលោក។ ចំពោះការចូលជាសមាជិកនេះ ឯកឧត្តម មានប្រសាសន៍ថា កម្ពុជានឹងអាចចូលជាសមាជិកសង្កេតការណ៍របស់សហគមន៍ម្រេចអន្តរជាតិជាមុនសិន ហើយនឹងសិក្សាបន្ថែមទៀតលើលទ្ធភាពក្នុងការចូលជាសមាជិកពេញសិទ្ធិនៅពេលក្រោយ។


    ឯកឧត្តមបានណែនាំឲ្យសហគមន៍ម្រេចអន្តរជាតិសហការជាមួយក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាមួយនៅកម្ពុជាដើម្បីបង្កើតជាវេទិកាប្រឹក្សាជាមួយកសិករ អ្នកប្រមូលទិញ និងអ្នកនាំចេញផលិតផលម្រេច ក្នុងគោលបំណងលើកស្ទួយការអភិវឌ្ឍផលិតផលម្រេចនៅកម្ពុជាបន្ថែមទៀត៕

  • វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) បើកសាខាដំបូងបំផុតនៅត្បូងឃ្មុំ

    វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) បើកសាខាដំបូងបំផុតនៅត្បូងឃ្មុំ

    វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដែលគ្រប់គ្នាហៅថា សាលាតិចណូ ជាសាលាល្បីឈ្មោះមួយដែលបង្ហាត់បង្រៀនលើផ្នែកដែលសិស្ស-និស្សិតទូទាំងប្រទេសស្រមៃចង់ចូលរៀន ព្រោះគ្រឹះស្ថានអប់រំមួយនេះ ជាស្ថាប័នបណ្តុះបណ្តាលដែលមានគុណភាពខ្ពស់ រួមទាំងសញ្ញាបត្រប្រកបដោយគុណតម្លៃ និងលេចធ្លោនៅកម្ពុជា។

    ជារៀងរាល់ឆ្នាំ សិស្សដែលបញ្ចប់ថ្នាក់ទី12 តែងតែដេករៀននៅរាជធានីភ្នំពេញដើម្បីត្រៀមប្រឡងចូលសាលាដែលល្បីថាមានគុណភាពមួយនេះ។ ថ្មីៗនេះ សិស្ស និស្សិតដែលស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ កំពង់ចាម និងខេត្តជិតៗនោះ អាចនឹងមានភាពងាយស្រួលជាងមុនក្នុងការសម្រេចក្តីស្រមៃរបស់ខ្លួនដែលចង់ក្លាយជាសិស្សរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ព្រោះវិទ្យាស្ថាននេះបានពង្រីកសាខារបស់ខ្លួនទៅកាន់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។

    ចំពោះបញ្ហាគុណភាព ដែលគ្រប់គ្នាតែងតែគិតថានៅខេត្តច្រើនតែអន់ជាងនៅរាជធានីភ្នំពេញនោះ នឹងលែងជាក្តីបារម្ភទៀតហើយ ព្រោះកម្មវិធីសិក្សា សាស្រ្តាចារ្យ និងសញ្ញាបត្រ នៃសាខាវិទ្យាស្ថានបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ គឺដូចគ្នា និងមានតម្លៃស្មើនឹងវិទ្យាស្ថានបច្ចេកវិទ្យានៅភ្នំពេញដែរ។

    មុខវិជ្ជាដែលមានសម្រាប់សិស្សនៅត្បូងឃ្មុំ រួមមានមុខវិជ្ជាវិស្វកម្មគីមី និងស្ថាបត្យកម្ម មុខវិជ្ជាវិស្វកម្មសំណង់ និងស្ថាបត្យកម្ម មុខវិជ្ជាវិស្វកម្មអគ្គិសនី ថាមពល និងទូរគមនាគមន៍ និងមុខវិជ្ជាវិស្វកម្មឧស្សាហកម្ម និងមេកានិក៕

     

  • សុខ ពិសី ចង់បានការចាប់អារម្មណ៍លើការងារច្រើនជាងរឿងផ្ទាល់ខ្លួន

    សុខ ពិសី ចង់បានការចាប់អារម្មណ៍លើការងារច្រើនជាងរឿងផ្ទាល់ខ្លួន

    ប្រហែលជាមួយខែមុននេះមានសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយយ៉ាងព្រោងព្រាតអំពីរឿងផ្ទាល់ខ្លួនរបស់តារាចម្រៀងសុខ ពិសី ថានាងបានសម្ងំសាងស្នេហ៍ជាមួយអ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្មសាន់ដេ គឺលោក ឡាយ សុខចំរើន។
    គ្រានោះមានមហាជនមួយចំនួនបានលើកឡើងថា វាមិនទាស់ខុសអ្វីទេដែលតារាចម្រៀងរូបនេះទៅសាងស្នេហ៍ជាមួយអ្នកគ្រប់គ្រងរបស់ខ្លួន ព្រោះអ្នកទាំងពីរមានសិទ្ធគ្រប់គ្រាន់ ខណៈពួកគេនៅអាចប្រើប្រាស់ជីវិតលីវបាននៅឡើយនោះ។

    ទោះជាយ៉ាងណាសាមីខ្លួនកញ្ញាសុខ ពិសី ហាក់ពុំសប្បាយចិត្ដនឹងដំណឹងបែបនេះឡើយ ព្រោះកន្លងមកសារព័ត៌មានក្នុងស្រុកជាច្រើនតែងតែចាប់អារម្មណ៍ផ្សាយតែពីរឿងផ្ទាល់ខ្លួនរបស់នាង ដោយលើកឡើងថា នាងមានចំណងស្នេហ៍ជាមួយបុរសនេះ បុរសនោះ ជាដើម។ នាងបន្ដថា៖ «ខ្ញុំមិនចង់ឱ្យមហាជនចាប់អារម្មណ៍លើរឿងស្នេហារបស់ខ្ញុំពេកទេ ដោយសារតែរឿងទាំងនោះវាពុំមានអ្វីជាការពិតទេ ផ្ទុយទៅវិញខ្ញុំចង់ឱ្យមហាជនចាប់អារម្មណ៍មកលើការងារដែលខ្ញុំកំពុងតែខំប្រឹងវិញល្អជាង ដូចជាការបង្កើតបទចម្រៀងថ្មីៗ ឬការប្រឹងហ្វឹកហាត់ក្បាច់រាំថ្មីៗជាដើម »។

    សុខ ពិសី បន្ដថា ការគាំទ្រទៅលើការងាររបស់តារាសិល្បៈជាកម្លាំងចិត្ដមួយដ៏ធំសម្រាប់នាង ក៏ដូចជាតារាសិល្បៈដទៃទៀតដែលគេកំពុងតែខំប្រឹងប្រែងបង្កើនសមត្ថភាពដើម្បីប្រកួតប្រជែងក្នុងទីផ្សារ  ពិសេសពួកគេត្រូវការឱ្យមានជាចាំបាច់ និងមិនអាចខ្វះបាន គឺការគាំទ្រពីមហាជន។

    គួបញ្ជាក់ថា អ្វីដែលនាំឱ្យមានដំណឹងលេចឮជុំវិញចំណងស្នេហ៍រវាងកញ្ញា សុខ ពិសី និងអ្នកគ្រប់គ្រង ដោយសារតែកន្លងមកនាងពុំដែលស្និទ្ធស្នាលជាមួយបុរសណាម្នាក់ឡើយ តែក្រោយមកស្រាប់តែមានមហាជនមួយចំនួនបានឃើញលោកឡាយ សុខចំរើន ឧស្សាហ៍ជូននាងទៅផ្ទះ ទើបធ្វើឱ្យមានការសន្និដ្ឋានបែបនេះឡើង៕

  • អាការ 5យ៉ាង​ ដែល​បុរស​ច្រើន​ធ្វេសប្រហែស

    អាការ 5យ៉ាង​ ដែល​បុរស​ច្រើន​ធ្វេសប្រហែស

    មាន​ព័ត៌មាន​ពី​លោកគ្រូ​ពេទ្យ​ជាច្រើន​នាក់​បាន​បញ្ជាក់ថា អ្នកជំងឺ​ភេទ​ប្រុស​របស់​ពួកគាត់​ច្រើនតែ​មិន​ចាប់អារម្មណ៍​នឹង​អា​ការដែល​ចង្អុលបង្ហាញ​ពី​សុខភាព​រាងកាយ​ខ្លួនឯង​ប៉ុន្មាន​ឡើយ ទោះ​វា​ជា​អា-​ការដែល​កើតឡើង​យ៉ាង​មើលឃើញ​ច្បាស់​ក៏ដោយ ហើយ​អាការ​តទៅ​នេះ​គឺជា​រឿង​ដែលបុរសៗច្រើន​មើលរំលង… ដែល​ប្រាកដ​ណាស់​ថា វា​មិនមែនជា​រឿង​ល្អ​ឡើយ ដូច្នេះ​បើ​អ្នកមាន​អាការ​ទាំងនោះ គួរ​នឹក​ដល់​ការ​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​មុនគេ​បង្អស់។

    1/ ឈឺ​ដើមទ្រូង : ជឿ​ចុះ​ថា អាការ​នេះ​ត្រូវបានបុរសៗយើង​ព្រងើយកន្តើយ​មករ​ហូត ព្រោះ​ច្រើនតែ​គិតថា គ្រាន់តែ​ខ្លួនឯង​មាន​រាងកាយ​មិនសូវ​មាំមួន មាន​បញ្ហា​បន្តិចបន្តួច​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​រំលាយ​អាហារ ឬ​គ្រាន់​តែមាន​អារម្មណ៍​តានតឹង​បន្តិច​ប៉ុណ្ណោះ តែ​ការពិត​វិញ នៅពេល​បុរស​មាន​អាការ​ណែន ឬ​ឈឺ​ដើមទ្រូង ឬ​ដកដង្ហើមញាប់ៗ គួរ​ប្រញាប់​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ។

    2/ ដុះ​ក្បាលពោះ : អ្នក​ដែលមាន​ខ្លាញ់​ប្រមូល​សន្សំ​ច្រើន​នៅ​ម្តុំ​ក្បាលពោះ​ច្រើន តែងមាន​ភាព​ប្រថុយប្រថាន​នឹង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​អ្នក​ដែលមាន​ខ្លាញ់​ច្រើន​នៅលើ​កន្លែង​ផ្សេងទៀត​របស់​រាងកាយ ដែល​ខ្លាញ់​ក្បាលពោះ​នេះ​នឹង​បន្ថែម​ភាព​ប្រថុយប្រថាន​ដល់​អ្នក​នូវ​ជំងឺ ឬ​មាន​អាការផ្សេងៗបាន​ដូចជា ជំងឺ​បេះដូង ជំងឺ​សរសៃឈាម​ខួរក្បាល ជំងឺមហារីក​ប្រភេទ​ខ្លះ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី2 មាន​សភាវ​ស៊ាំ​នឹង អុ​ី​ន​ស៊ូ​លីន ត្រៃ​គ្លី​ស៊ើ​រ៉ា​យ​ដ៍​ខ្ពស់ កម្រិត​កូ​លេ​ស្តេ​រ៉ូ​លល្អ​ស្ថិតក្នុង​កម្រិត​ទាប មាន​អាការ​របស់​រោគ​ដែល​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ដុតបំផ្លាញ កើត​សភាវ​ឈប់​ដកដង្ហើម​ខណៈពេល​គេង​លក់​ជាដើម។

    3/ ទន់ជ្រាយ : ក្នុង​ទីនេះ​គឺ ភាព​ទន់ជ្រាយ​ខាង​ផ្នែក​ផ្លូវចិត្ត ឬ​ក្នុង​រឿង​សុខភាព​ផ្លូវចិត្ត តែ​អាចជា​សញ្ញា​មួយ​ដាស់តឿន​ថា​អ្នក​នឹងមាន​ជំងឺ​បេះដូង និង​ជំងឺ​សរសៃឈាម។ បើសិន​សរសៃឈាម​ក្រហម​ដែលមាន​តួនាទី​ដឹកជញ្ជូន​ឈាម​ទៅ​ចិញ្ចឹម​អវយវៈ​ភេទ បេះដូង និង​ខួរក្បាលមួយណា​ធ្វើ​ការមិន​ស្រួល ឬ​មិន​ពេញ​ប្រសិទ្ធភាព​នោះ វា​នឹង​ហុច​ផល​ឱ្យ​បុរស​យើង​កើតរោគ​សរសៃឈាម​បេះដូង សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​កូលេ​ស្តេ​រ៉ូ​ល ដែល​ច្រើនតែ​នាំទៅរក​សភាវ​ចុះខ្សោយ​សមត្ថភាព​ផ្លូវភេទ។

    4/ នោម​ញឹកញាប់ : ការដែល​បុរស​យើង​មាន​អារម្មណ៍​ថា​ខ្លួនឯង​បត់ជើងតូច​កាន់តែ​ញឹកញាប់​ឡើង​នោះ សូមកុំ​មើលរំលង​ឱ្យសោះព្រោះ​វា​អាចជា​សញ្ញា​មួយ​ប្រាប់​ពី​អាការ​រលាក​ក្រពេញ​ពងស្វាស ដូច្នេះបើ​លោកអ្នក​ចាប់ផ្តើម​ឈឺ​បត់ជើងតូច2-3ដង​នៅពេល​យប់នោះ គួរ​ប្រញាប់​ទៅ​ប្រឹក្សា​នឹង​គ្រូពេទ្យ​ជាបន្ទាន់។

    5/ សោកសៅ : ខណៈដែល​សភាវ​សោកសៅ​នេះ​គឺជា​រឿង​ធម្មតា​ដែល​តែង​ជួប​ច្រើន​នៅលើ​ស្ត្រី​នោះ តែ​លោកអ្នក​ជឿ​ទេ​ថា សម្រាប់​បុរស​វិញ អាការ​សោកសៅ​នេះ​អាច​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​នាំទៅរក​ការធ្វើ​អត្ថ​ឃាត​បាន ដោយសារតែ​មនុស្ស​ប្រុស​មាន​ភាពស្ទាក់ស្ទើរ​ក្នុង​ការសុំ​ការជួយ​យកអាសា ឬ​សុំ​ការប្រឹក្សា​ពី​អ្នក​នៅ​ជុំវិញខ្លួន​ហ្នឹងឯង។ ក្រៅពីនេះ​អាការ​សោកសៅ​នៅ​ធ្វើឱ្យប៉ះពាល់​ដល់​ការធ្វើការងារ​សង្គម និង​ជីវិត​គ្រួសារ​របស់លោក​អ្នក​ទៀ​ត​ផង។

    បើ​ការធ្វើជា​មនុស្ស​ប្រុស ធ្វើឱ្យ​លោកអ្នក​ជ្រើស​រើសយក​ការចៀសវាង​ទៅ​ជួប​លោកគ្រូ​ពេទ្យ ឬ​គិត​កាន់ជើង​ខ្លួនឯង​ថា ទុកចោល​កុំ​រវល់​មួយរយៈ អាការ​នោះ​នឹង​បាត់​ទៅវិញ ហើយ​លោក​អ្នកនឹង​ជា​ឡើងវិញ​នោះ សូម​ជឿ​ចុះ​ថា លោកអ្នក​អាច​គិត​ខុស​ហើយ ព្រោះ​ការពិត​វិញរឿងរ៉ាវ​ដែល​នឹង​កើតឡើង​នោះ អាច​នឹង​ធ្ងន់ធ្ងរ​ជាង​ការគិត​ទៅទៀត៕