Author: វល័ក្ខ

  • IFAB ពិចារណាទៅលើការកាត់បន្ថយការប្រកួតបាល់ទាត់មកត្រឹម 60នាទី

    IFAB ពិចារណាទៅលើការកាត់បន្ថយការប្រកួតបាល់ទាត់មកត្រឹម 60នាទី

    ក្រុមប្រឹក្សាសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា IFAB កំពុងតែធ្វើការពិចារណាទៅលើការកាត់បន្ថយពេលវេលាការប្រកួត និងបង្កើតប្រព័ន្ធលេងថ្មីមួយ ស្របពេលដែលមានការលើកឡើងពីមតិផ្សេងៗគ្នាជាច្រើន។

    លោក David Elleray អតីតអាជ្ញាកណ្តាលក្នុងក្របខ័ណ្ឌ Premier League បាននិយាយថា វានឹងចំណាយពេលច្រើន ប្រសិនបើច្បាប់ថ្មីដ៏ចម្លែកៗជាច្រើនដែលបង្កើតឡើងដោយក្រុមអ្នកច្បាប់របស់កីឡាបាល់ទាត់ពិភពលោក ក្នុងនោះរាប់បញ្ចូលទាំងការកាត់បន្ថយរយៈពេលការប្រកួតមកនៅត្រឹម 30នាទីក្នុងតង់នីមួយៗ ត្រូវអនុម័តជាផ្លូវការនោះ។ IFAB នៅសប្តាហ៍នេះ បានដាក់ចេញនូវកម្មវិធីនៃការច្នៃប្រឌិតដ៏មានសក្តានុពលមួយដែលមានឈ្មោះថា Fair Play! ដើម្បីកាត់បន្ថយពេលវេលានៃការលេងក្នុងតង់នីមួយៗ និងពេលសម្រាក នៅពេលដែលបាល់មិនស្ថិតក្នុងទីតាំងលេង។ ការកាត់បន្ថយការប្រកួតក្នុងតង់នីមួយៗមកត្រឹមរយៈពេល 30នាទី ដោយម៉ោងនឹងឈប់ដើរ នៅពេលដែលបាល់ឈប់មានចលនាដែរនោះ គឺជាគំនិតមួយក្នុងចំណោមគំនិតជាច្រើនដែលត្រូវបានលើកយកមកពិភាក្សាដោយ IFAB ដើម្បីធ្វើឲ្យការប្រកួតកីឡាបាល់ទាត់កាន់តែមានភាពទាក់ទាញ។

    IFAB បានបញ្ជាក់ថា ឯកសារច្បាប់ Fair Play! មានគោលបំណង 3គឺ ធ្វើឲ្យឥរិយាបថកីឡាករកាន់តែល្អប្រសើរឡើង និងបង្កើនការគោរពគ្នាទៅវិញទៅមក បង្កើនពេលវេលានៃការលេង និងបង្កើនភាពស្មើភាពគ្នា និងភាពទាក់ទាញ។ លោក Elleray ប្រធានបច្ចេកទេសរបស់ IFAB បានទទួលស្គាល់ថា សំណើនេះអាចនឹងទទួលរងនូវការរិះគន់។ នៅពេលដែលត្រូវបានចោទសួរអំពីមូលដ្ឋាននៃការកាត់បន្ថយរយៈពេលការប្រកួតឲ្យកាន់តែខ្លីនេះ លោក Elleray បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «វាហាក់ដូចជាចម្លែកបន្តិចមែន ប៉ុន្តែក្នុងកីឡាផ្សេងទៀត ម៉ោងនឹងឈប់ដើរទៅមុខនៅពេលដែលបាល់មិនស្ថិតក្នុងទីតាំងលេង។ យើងដឹងថា ក្នុងកីឡាបាល់ទាត់កម្រិតខ្ពស់ អ្នកមានពេលវេលាលេងយ៉ាងពិតប្រាកដត្រឹមតែ 60នាទីប៉ុណ្ណោះ»៕
    ប្រភពពី៖ Goal.com

  • តម្លៃស្វាយកែវរមៀតងើបឡើងវិញបន្តិច ខណៈរដូវប្រមូលផលជិតផុត

    តម្លៃស្វាយកែវរមៀតងើបឡើងវិញបន្តិច ខណៈរដូវប្រមូលផលជិតផុត

    ក្រោយពីធ្លាក់ថ្លៃយ៉ាងគំហុកកាលពីពាក់កណ្តាលរដូវ មកទល់ពេលនេះតម្លៃផ្លែស្វាយកែវរមៀតចាប់ផ្តើមងើបឡើងវិញបន្តិច ប៉ុន្តែយ៉ាងណានោះ វាហាក់ដូចជាហួសពេលទៅហើយដោយសារការប្រមូលផលជិតផុតរដូវកាល។

    កសិករម្នាក់ក្នុងចំណោមកសិករជាច្រើន ដែលដាំស្វាយនៅក្នុងភូមិលេខ5 ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល អ្នកស្រី ទោ ប៊ុនថា បានផ្តល់បទសម្ភាសថា តម្លៃស្វាយកាលពីដើមដៃ គឺប្រហាក់ប្រហែលគ្នានឹងឆ្នាំកន្លងទៅដែរ ប៉ុន្តែស្វាយបានធ្លាក់ថ្លៃយ៉ាងខ្លាំង កាលពីពាក់កណ្តាលដៃ បន្ទាប់ពីឈ្មួញវៀតណាមទទួលទិញស្វាយពីកម្ពុជាមានចំនួនកំណត់។ ប៉ុន្តែ ពេលនេះស្វាយហាក់ចាប់ផ្តើមមានហាងឆេងគ្រាន់បើបន្តិចវិញ ដោយឈ្មួញវៀតណាមបានចុះមកទិញដល់ចម្ការតែម្តង ហើយថែមទាំងបេះ និងដឹកជញ្ជូនដោយខ្លួនឯងទៀតផង ម្ចាស់ចាំតែថ្លឹង និងគិតរាប់ប្រាក់តែប៉ុណ្ណោះ។

    ម្ចាស់ចម្ការរូបនេះបានប្រាប់ថា ផ្លែស្វាយកែវរមៀតគេបែងចែកជា3ប្រភេទ ដែលកាលពីដើមដៃ ប្រភេទលេខ1 ក្នុង1គីឡូក្រាម តម្លៃ1,800រៀល លេខ2ក្នុង1គីឡូក្រាម 1,200ទៅ1,300រៀល និងប្រភេទលេខ3 បាន 800រៀលក្នុង 1គីឡូក្រាម ហើយជាង 90ភាគរយ ត្រូវបានឈ្មួញនាំទៅលក់បន្តនៅប្រទេសវៀតណាម។ លុះពាក់កណ្តាលដៃ ស្វាយស្រាប់តែធ្លាក់ថ្លៃហៅលែងឮតែម្តង ដោយ1គីឡូក្រាមបានត្រឹមតែជាង 200ទៅ 400រៀលប៉ុណ្ណោះ ហើយបេះយកទៅលក់ខ្លួនឯងទៀត ធ្វើឱ្យអ្នកដាំអស់សង្ឃឹមយ៉ាងខ្លាំងដោយសារការខាតបង់ ប៉ុន្តែមកដល់ចុងដៃនេះតម្លៃស្វាយបានឡើងថ្លៃគ្រាន់បើបន្តិចវិញ ដោយអាលេខ 1ក្នុង 1គីឡូក្រាមតម្លៃចន្លោះពី 1,200ទៅ 1,300រៀល និងលេខ2 បាន 600រៀលដែរក្នុង 1គីឡូក្រាម។

    អ្នកស្រីក៏បានបន្ថែមដែរថា គាត់មានចម្ការស្វាយចំនួន 2កន្លែង ហើយកាលពីឆ្នាំកន្លងទៅ សល់បាន 6ទៅ 7ពាន់ដុល្លារដែរក្នុង1ឆ្នាំ ប៉ុន្តែឆ្នាំនេះមិនបានដូចឆ្នាំមុនទេ ហើយបើកុំតែចុងដៃនេះឡើងថ្លៃបានបន្តិចវិញនោះ កុំអីប្រាកដជាខាតធ្ងន់ហើយ។ ម្ចាស់ចម្ការខាងលើប្រាប់ថា ស្វាយកែវរមៀតត្រូវចំណាយចាប់តាំងពីដាំ រហូតដល់បានផលត្រូវប្រើរយៈពេល3ឆ្នាំ ចំណែកឯការដាំវិញ គឺត្រូវជីករណ្តៅដាំឃ្លាតពីគ្នាចម្ងាយពី6ទៅ7ម៉ែត្រ និងដាក់ជីលាមកគោបន្តិច ហើយបើខែប្រាំងរាំងស្ងួត 1ខែទៅ2ខែត្រូវបូមទឹកស្រោចម្តង។ ចំពោះការបាញ់ថ្នាំវិញនោះ គឺមិនមែនបាញ់បង្ខំឱ្យផ្លែនោះទេ គឺបាញ់ដើម្បីសម្លាប់សត្វល្អិត ដង្កូវឌួង និងឱ្យកាន់ផ្កានៅពេលមានភ្លៀងប៉ុណ្ណោះ ហើយសព្វថ្ងៃនេះ គេនិយមច្រកផ្លែស្វាយក្នុងថង់ក្រដាសដើម្បីឱ្យផ្លែវាពណ៌សល្អ ព្រោះលក់បានតម្លៃថ្លៃជាងស្វាយធម្មតា និងអាចការពារកុំឱ្យសត្វល្អិតទិចទៀតផង ហើយបើយើងថែវាល្អក្នុង1ឆ្នាំអាចទទួលផលបានដល់ទៅ3ដងឯណោះ។


    ចំណែកឯស្ត្រីជនជាតិវៀតណាមម្នាក់ដែលជាឈ្មួញចូលមកទិញស្វាយក្នុងចំណោមឈ្មួញដ៏ទៃទៀតក៏បានប្រាប់ដែរថា ទើបតែជាង20ថ្ងៃមកនេះទេដែលខាងវៀតណាមអនុញ្ញាតឱ្យស្វាយខ្មែរចូលដោយអនុញ្ញាតឱ្យដឹកឡានចូល (កាលពីកណ្តាលដៃអនុញ្ញាតឱ្យដឹកតែតាមម៉ូតូ) ទើបស្វាយបានថ្លៃឡើងវិញនេះ។ កាលពីមុនគេមិនឱ្យចូលទេដោយប្រាប់ថា ស្វាយខ្មែរមិនទាន់បានចុះបញ្ជីការត្រឹមត្រូវ ក្រោយមកឱ្យចូលដែរតែកំណត់ឱ្យដឹកតែតាមម៉ូតូប៉ុណ្ណោះ ជាហេតុធ្វើឱ្យស្វាយចុះថ្លៃ តែឥឡូវវៀតណាមអនុញ្ញាតវិញហើយ ទើបអ្នកស្រីអាចចូលមកទិញវិញបាន ដោយក្នុង1ថ្ងៃអាចប្រមូលទិញបានប្រមាណ30តោនដែរ ព្រោះតែស្វាយក៏ជិតផុតរដូវហើយដែរ និង1គីឡូក្រាមសម្រាប់ស្វាយលេខ1ទិញក្នុងតម្លៃ1,300រៀល និងលេខ2ថ្លៃ600រៀល និងដឹកចេញតាមច្រកព្រំដែនចក្រី ខេត្តព្រៃវែង។ ដែលក្នុង1ថ្ងៃៗ អ្នកស្រីត្រូវចំណាយលុយជាង2លានរៀលទៅលើកម្មករបេះស្វាយ និងដឹកជញ្ជូនឡើងពីចម្ការ ព្រមទាំងរើស និងរៀបស្វាយដាក់ចូលកេស៕

  • ស៊ីលី ឈ្នះ កាមេរូន ខណៈព័រទុយហ្គាល់ បានត្រឹមស្មើក្នុង Confederations Cup

    ស៊ីលី ឈ្នះ កាមេរូន ខណៈព័រទុយហ្គាល់ បានត្រឹមស្មើក្នុង Confederations Cup

    ក្រុមម្ចាស់ជើងឯកប្រចាំទ្វីបអាហ្វ្រិក កាមេរូន មិនបានជួបលទ្ធផលជាវិជ្ជមានឡើយក្នុងការប្រកួតបើកឆាកនៃពូល B ក្នុងព្រឹត្តិការណ៍ Confederations Cup របស់ពួកគេ ដោយសារតែក្រុមបាល់ទាត់ជម្រើសជាតិស៊ីលីបានផ្តួលពួកគេក្នុងលទ្ធផល 2-០ ក្នុងការប្រកួតនៅទីក្រុង Moscow កាលពីថ្ងៃអាទិត្យ។

    ស្របពេលដែលការប្រកួតនេះហាក់ដូចជាត្រូវបញ្ចប់ក្នុងលទ្ធផលស្មើទៅហើយនោះ ស្រាប់តែខ្សែបម្រើប្រយុទ្ធ Arturo Vidal បានទម្លុះតំបន់ការពារ និងរកគ្រាប់បាល់បើកឆាកបាននៅរយៈពេល10នាទីចុងក្រោយ មុនពេល Eduardo Vargas បានបង្ហាញពីទម្រង់លេងយ៉ាងល្អ ហើយរកគ្រាប់បាល់ទី2បានសម្រាប់ស៊ីលី។ អ្នកចាំទី Jospeh Ondoa របស់ក្រុមជម្រើសជាតិកាមេរូន ត្រូវបំពេញការងារជាច្រើនក្នុងតង់ទី1 ខណៈដែលរូបគេក៏បានសង្គ្រោះបាល់យ៉ាងល្អផងដែរនៅនាទីទី1ពីការស៊ុតរបស់កីឡាករ Vargas។

    ស្របពេលពេលជាមួយគ្នានេះដែរ ក្រុមជម្រើសជាតិម៉ិកស៊ិក បានរកគ្រាប់បាល់តាមស្មើនៅពេលជិតបញ្ចប់ការប្រកួត ដោយបានផ្តល់នូវការខកចិត្តដល់ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ក្នុងការប្រកួតលើពូល A នៃយុទ្ធនាការ Confederations Cupនេះដែរ ដោយក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផល 2 – 2 នៅកីឡដ្ឋាន Kazan Arena កាលពីថ្ងៃអាទិត្យ។ កីឡាករ Ricardo Quaresma បានរកគ្រាប់បាល់បើកឆាកសម្រាប់ព័រទុយហ្គាល់ ប៉ុន្តែខ្សែប្រយុទ្ធ Javier Hernandez បានរកគ្រាប់បាល់តាមស្មើវិញនៅពេលជិតបញ្ចប់តង់ទី1 មុនពេល Cedric បានរក្សាឲ្យក្រុមខ្លួនមានគ្រាប់បាល់នាំមុខជាថ្មី នៅជិតបញ្ចប់ការប្រកួត តែទោះបីជាយ៉ាងណា ម៉ិកស៊ិក បានតាមស្មើវិញនៅនាទីបន្ថែម តាមរយៈគ្រាប់បាល់របស់កីឡាករ Hector Moreno។

    លោក Fernando Santos គ្រូបង្វឹកនៃក្រុមជម្រើសជាតិព័រទុយហ្គាល់ បានឲ្យដឹងថា៖ «យើងគួរតែអាចបង្រ្កាបការប្រកួតនេះបាន ប៉ុន្តែវាមិនបានកើតឡើងឡើយ។ ពិតណាស់ លទ្ធផលស្មើ គឺជាលទ្ធផលដ៏យុត្តិធម៌»៕
    ប្រភពពី៖ Sport24

     

  • ដំបូន្មានជីវិតល្អៗរបស់ជនជាតិចិន វគ្គ “តើលោកម្ចាស់គិតយ៉ាងណា?”

    ដំបូន្មានជីវិតល្អៗរបស់ជនជាតិចិន វគ្គ “តើលោកម្ចាស់គិតយ៉ាងណា?”

    ជឺកុង ពោលថា «តើលោកម្ចាស់គិតយ៉ាងណាចំពោះបុគ្គលប្រភេទនេះ 1.ទាល់ក្រ តែមិនរណេបរណឺបអែបអប   2.សម្បូរទ្រព្យ តែមិនអួតអាង?»

    ខុងជឺ ឆ្លើយថា «ប្រសើរហើយ តែនឹងរឹតតែប្រសើរជាងនេះទៀតគឺ ទាល់ក្រហើយមានសេចក្តីសុខ និងសម្បូរទ្រព្យហើយសុភាពទន់ភ្លន់»

    ស្រាវជ្រាវដោយ តាវ៉ែនតា 

  • ឌី សូនីតា ខ្លាចអត់គូ ព្រោះតែលេចដំណឹងថាជិតរៀបការ

    ឌី សូនីតា ខ្លាចអត់គូ ព្រោះតែលេចដំណឹងថាជិតរៀបការ

    ក្រោយពីមានដំណឹងថាកញ្ញា ឌី សូនីតា ជាតារាសម្ដែង និងតារាចម្រៀងដ៏មានប្រជាប្រិយភាព បានត្រៀមខ្លួនចូលរោងការ ក៏មានការសាទរពីមហាជនជាច្រើនជាមួយដំណឹងនេះ។ ទោះយ៉ាងណាព័ត៌មាននេះបានធ្វើឱ្យសាមីខ្លួនមានការបារម្ភជាខ្លាំងទៅលើកេរ្ដិ៍ឈ្មោះខ្លួន។

    ចូលមកដល់ឆ្នាំនេះកញ្ញា ឌី សូនីតា មានវ័យ 25ឆ្នាំ ដែលមហាជនទូទៅគិតថានាងសមល្មមនឹងចូលរោងការហើយ។ គួបផ្សំជាមួយដំណឹងខាងលើបានផ្ទុះចេញមកផងនោះ អ្នកគាំទ្ររបស់នាងជាច្រើនមានចម្ងល់ថា តើកញ្ញាឌី សូនីតា ត្រូវរៀបការជាមួយបុរសណា? បើកន្លងមកមិនដែលធ្លាប់លេចឮដំណឹងពីរឿងស្នេហាផងនោះ?។

    កញ្ញា ឌី សូនីតា បានប្រាប់ថាមិនដឹងជាគេបានដំណឹងនោះមកពីណាទេ ព្រោះនាង និងគ្រួសារមិនបានដឹងពីបញ្ហានេះឡើយ។ ទោះជាយ៉ាងណានាងបានអះអាងថា ពាក្យទាំងនោះនាងមិនបាននិយាយចេញពីមាត់របស់នាងឡើយ។

    តារាសម្ដែងរូបនេះបញ្ជាក់ថា៖ «ខ្ញុំអត់បានដឹងរឿងនេះមែន មិនដឹងថាពួកគាត់បានព័ត៌មានទាំងនោះមកពីណាទេ។និយាយតាមត្រង់ទៅ សូម្បីតែម៉ាក់ខ្ញុំក៏គាត់អត់ដឹងអីដែរ គាត់ឆ្ងល់ថា ហេតុអ្វីបានជាគេលើកយករឿងផ្ទាល់ខ្លួនខ្ញុំទៅនិយាយទាំងសាមីខ្លួនគេអត់បានដឹងបែបនេះ?»។

    សូនីតា ប្រាប់ទៀតថា បើនិយាយពីពាក្យចចាមអារ៉ាមចំពោះអ្នកសិល្បៈវិញ វាស្ទើរតែក្លាយជារឿងសាមញ្ញទៅហើយ ប៉ុន្ដែសម្រាប់នាងវាជារឿងថ្មី ព្រោះតាំងពីនាងចូលសិល្បៈមកពុំដែលទទួលរងនូវពាក្យចចាមអារ៉ាម និងដំណឹងស្នេហាឡើយ។នាងបញ្ជាក់ថា គ្រាន់តែឮដំណឹងនេះភ្លាម នាងពិបាកទទួលយកណាស់ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់ទីផ្សារសិល្បៈរបស់នាងផង និងបញ្ហាផ្ទាល់ខ្លួននាងផង។

    បន្ទាប់ពីបញ្ចេញភាពមួហ្មងក្នុងចិត្ដហើយ កញ្ញាឌី សូនីតា បានសើចទាំងអារម្មណ៍ហួសចិត្ដ និងប្រាប់ថា ៖ «ពេលដែលមានលេចឮដំណឹងបែបនេះ គឺខ្ញុំជាអ្នកខាតបង់ ព្រោះបើមានបុរសណាម្នាក់គាត់កំពុងតែលួចស្រលាញ់ខ្ញុំ គ្រាន់តែឮដំណឹងនេះគាត់មិនខកចិត្ដបាត់ទៅហើយទេហ្អី?!»៕

     

  • រឿងគួរឱ្យអស់សំណើចក្នុងយុគសម័យរាជវង្សចិន វគ្គ «កើតជំងឺដូចគ្នា»

    រឿងគួរឱ្យអស់សំណើចក្នុងយុគសម័យរាជវង្សចិន វគ្គ «កើតជំងឺដូចគ្នា»

    ចាង ស៊ីវ ជឺ ទើបនឹងដំឡើងគ្រែឈើថ្មីមួយឱ្យខ្លួនឯងហើយថ្មីៗ នៅផ្នែកគែមនៃគ្រែមានក្បាច់ចម្លាក់យ៉ាងល្អិតល្អន់ និងស្រស់ស្អាតបំផុត។ ខណៈកំពុងឈរមើលស្នាដៃរបស់ខ្លួនឯងនោះ ក៏ស្រាប់តែនឹកឃើញឡើងថា គ្រែឈើដ៏ស្រស់ស្អាតដល់ថ្នាក់នេះ ប្រហែលជារឿងគួរឱ្យសោកស្តាយណាស់បើសិនជាទុកវានៅតែក្នុងបន្ទប់ដើម្បីមើលតែម្នាក់ឯងបែបនេះ ដូច្នេះដើម្បីកុំឱ្យស្នាដៃដ៏ល្អបែបនេះគ្មានអ្នកណាបានឃើញនោះ ហេតុអីមិនអញ្ជើញញាតិមិត្តបងប្អូនឱ្យពួកគេមកមើលផងទៅ?

    នៅពេលនឹកឃើញបែបហ្នឹង គេក៏បង្កើតឧបាយកលបន្លំធ្វើជាដេកឈឺនៅលើគ្រែ មុននឹងពឹងពាក់ឱ្យអ្នកជិតខាងទៅប្រាប់សាច់ញាតិបងប្អូន និងអ្នកស្គាល់ទាំងប៉ុន្មានឱ្យធ្វើដំណើរមកមើលគេ។ តែវាជារឿងចៃដន្យមែនទែនដែលសាច់ញាតិរបស់ចាង ស៊ីវ ជឺម្នាក់ឈ្មោះ យ៉ូ យ៉ាង ជឺ ទើបនឹងកាត់ខោថ្មីមួយហើយ និងគិតចង់យកមកបង្ហាញអួតអ្នកដទៃដែរ លុះបានឮថា សាច់ញាតិសែ ចាង ធ្លាក់ខ្លួនឈឺ ក៏ប្រញាប់ស្លៀកខោថ្មីមួយនោះទៅសួរសុខទុក្ខអ្នកជំងឺនោះភ្លាមតែម្តង។

    ក្រោយពីធ្វើដំណើរទៅដល់ យ៉ូ យ៉ាង ជឺ ក៏ចាប់យកកៅអីដែលនៅក្បែរគ្រែមកអង្គុយគងអន្ទាក់ខ្លាយ៉ាងមានចេតនាចង់ឱ្យបងប្អូនដែលកំពុងដេកឈឺនៅលើគ្រែមើលឃើញម៉ូដម៉ាកខោថ្មីរបស់ខ្លួន បន្ទាប់ពីនោះក៏ហាមាត់សួរឡើងថា “ប្អូនសម្លាញ់ តើប្អូនកើតរោគអ្វីដែរ ហេតុអីបានឈឺដេកដួលដល់ថ្នាក់ហ្នឹង?។

    ចាង ស៊ីវ ជឺ ដែលសង្កេតឃើញអាការ និងដឹងពីចេតនារបស់បងជីដូនមួយតាំងពីដំបូងមកម្ល៉េះនោះ ក៏លើកដៃគោះ និងអង្អែលគ្រែថ្មីរបស់ខ្លួន មុននឹងពោលឡើងទាំងញញឹមថា “លោកបង…ជំងឺដែលប្អូនកំពុងឈឺនេះ ក៏ដូចគ្នានឹងជំងឺរបស់លោកបងដែរហ្នឹងណា៎” ៕

    ស្រាវជ្រាវដោយ តាវ៉ែនតា

  • ទេព រិន្ទដារ៉ូ ប្រាប់ពីអាថ៌កំបាំងពេលសម្តែងរឿង «ពស់កេងកង»

    ទេព រិន្ទដារ៉ូ ប្រាប់ពីអាថ៌កំបាំងពេលសម្តែងរឿង «ពស់កេងកង»

    កាលពីឆ្នាំ 2000 តារាឯកប្រុស ទេព រិន្ទដារ៉ូធ្លាប់បានសម្ដែងក្នុងរឿង «កូនពស់កេងកង» ដែលជាស្នាដៃដឹកនាំដោយលោក ហ្វៃ សំអាងម្តងហើយ ដែលនៅគ្រានោះ លោក ដារ៉ូ ក៏បានសម្ដែងជាតួអង្គសត្វពស់កេងកងដូចគ្នានឹងវណ្ណកម្មថ្មីរបស់ស្ថានីយទូរទស្សន៍ PNN ដែលទើបសម្ពោធកាលពីថ្ងៃទី15 ខែមិថុនា ឆ្នាំ2017 នៅក្នុងបន្ទប់សិក្ខាសាលានៃសណ្ឋាគារភ្នំពេញនេះដែរ ។

    តែ អ្វីដែលប្រិយមិត្តមិនអាចស្មានដឹងនោះគឺ ការសម្ដែងជាតួអង្គពស់នៅក្នុងរឿង «ពស់កេងកង» នេះ លោក ទេព រិន្ទដារ៉ូ សម្ដែងបានយ៉ាងល្អឥតខ្ចោះ ទាំងការលេងទឹកមុខ កាយវិការ ធ្វើដូចជាបុរសម្នាក់មិនចេះខ្លាចសត្វពស់សោះអ៊ីចឹង តែនៅក្រៅឆាកសម្ដែងវិញទើបគេដឹងថា លោកជាបុរសម្នាក់ដែលមហាសែនខ្លាចសត្វពស់ មិនថាកូនពស់ មេពស់ ឬឪពស់នោះទេ គ្រាន់បានឃើញភ្លាមលោកខ្លាចឡើងញ័រដៃញ័រជើងខ្លាំងជាងខ្លាចខ្មោចលងទៅទៀត។ លោកបានប្រាប់ថា នៅពេលដែលលោកចូលសម្ដែង គឺត្រូវយកសត្វពស់ទៅទុកឱ្យឆ្ងាយពីលោក កាន់តែឆ្ងាយកាន់តែល្អ ។

    លោក ទេព រិន្ទដារ៉ូ បានថ្លែងថា «ពេលខ្ញុំដល់វេនសម្តែង ត្រូវយកតួពស់ចេញ ទើបខ្ញុំហ៊ានចូលសម្ដែង ឱ្យតែពស់គឺខ្លាចតែម្តង លើកលែងតែពោះមនុស្សប៉ុណ្ណោះដែលមិនខ្លាច»។ ក្នុងរឿងពស់កេងកង របស់ស្ថានីយ៍ទូរទស្សន៍ PNN នេះគឺលោកត្រូវសម្ដែងជាដៃគូជាមួយកញ្ញា ដួង ម៉ានិច ដែលសម្ដែងជាតួអង្គនាងនី ដែលខុសកាលពីរឿងមុន លោកធ្លាប់សម្ដែងជាមួយអ្នកនាង អម្ពរ ទេវី និងនៅក្នុងរឿងថ្មីនេះផងដែរ ថែមទាំងមានឈុតស្នេហារោលរាលស៊ីជម្រៅរវាងមនុស្ស និងសត្វពស់ និងមានឆាកមនុស្សជាមួយពស់ប្រែកាឡាចុះឡើង ទាំងឈុតនៅក្នុងទឹក ទាំងឈុតនៅលើគ្រែ ធានាថាមិនអាចឱ្យទស្សនិកជនប៉ប្រិចភ្នែកបានឡើយ ។

    ជាចុងក្រោយលោកបានផ្ដាំផ្ញើស្នាដៃសម្ដែងក្នុងរឿងនេះជូនដល់ប្រិយមិត្តទស្សនិកជនដែលនិយមគាំទ្ររឿងភាគក្នុងទូរទស្សន៍ PNN ឱ្យជួយបន្ដគាំទ្ររឿងភាគថ្មីមួយនេះរបស់លោកផង និងរឿងថ្មីមួយទៀតដែលលោកបានចូលរួមសម្ដែងផងដែរនោះគឺ ខ្សែភាពយន្ដខ្នាតធំរឿង «ហ្លួងព្រះស្ដេចកន» ក្រោមស្នាដៃដឹកនាំរឿងរបស់ឯកឧត្តម ម៉ៅ អាយុទ្ធ ដែលនឹង បញ្ជាំងនៅតាមរោងភាពយន្តនានាក្នុងប្រទេសកម្ពុជា នាពេលខាងមុខនេះ៕

  • ធី វ៉ាន់នីវ៉ា៖ សង្ឃឹមថា មហាជននឹងយល់ពីតម្លៃនៃការលះបង់របស់ខ្ញុំ

    ធី វ៉ាន់នីវ៉ា៖ សង្ឃឹមថា មហាជននឹងយល់ពីតម្លៃនៃការលះបង់របស់ខ្ញុំ

    ទោះជាកញ្ញា ធី វ៉ាន់នីវ៉ា ជាតារាសិល្បៈមានបទពិសោធតិចតួចក្នុងការសម្ដែងក៏ដោយ ប៉ុន្ដែទេពកោសល្យរបស់នាង បានទាក់អារម្មណ៍របស់អ្នកដឹកនាំរឿងឱ្យទទួលយកនាងសម្ដែងពីមួយរឿងទៅមួយរឿងដោយគ្មានការស្ទាក់ស្ទើរឡើយ រហូតមានការលើកឡើងពីមិត្ដភ័ក្ដិជាតារាសម្ដែងដូចគ្នាថា នាងកំពុងតែឈោងចាប់ងារជាតារាសិចស៊ីប្រចាំផលិតកម្មមហាហង្សហើយ។

    បច្ចុប្បន្នកញ្ញា ធី វ៉ាន់នីវ៉ា កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីការសម្ដែងនៅក្នុងរឿង «មន្ដស្នេហ៍លេខា» ជាវណ្ណកម្មរបស់មហាហង្ស ដែលកំពុងចាក់ផ្សាយនៅស្ថានីយទូរទស្សន៍ PNN។ អ្វីដែលធ្វើឱ្យនាងទទួលបានការគាំទ្រនោះ គឺចរិតនៃការសម្ដែងជាតួអង្គសិចស៊ី ដូច្នេះទើបរឿងនេះមិនទាន់បញ្ចប់ការចាក់បញ្ចាំងស្រួលបួលផង នាងក៏ទទួលបានការងារក្នុងរឿងថ្មីមួយទៀតបាត់ទៅហើយ គឺរឿងដែលមានចំណងជើងថា៖ «មរតកចុកឈាម» ដែលអ្នកដឹកនាំរឿងតម្រូវឱ្យនាងសម្ដែងជាតួអង្គសិចស៊ី និងមានចរិតច្រណែនឈ្នានីសទៀតផង ។

    កញ្ញា ធី វ៉ាន់នីវ៉ា បញ្ជាក់ថា បើទោះជានាងមានបទពិសោធក្នុងការសម្ដែងតិចតួចមែន តែនាងហាក់ពុំមានការលំបាកក្នុងការសម្ដែងឡើយ ដោយសារតែចរិតតួអង្គដែលនាងសម្ដែងនោះ វាស៊ីគ្នាហ្នឹងចរិតពីធម្មជាតិរបស់នាងដែលនិយមការស្លៀកពាក់សិចស៊ីហ្នឹងឯង។ វ៉ាន់នីវ៉ា បន្ដថានាងក៏មិនបានដឹងច្បាស់ដែរថា សមត្ថភាពនៃការសម្ដែងរបស់នាងមានកម្រិតណានោះទេ តែនាងហ៊ានត្រឹមតែគិតថា ប្រហែលជាការសម្ដែងរបស់នាងទទួលបានការគាំទ្រហើយ ទើបផលិតកម្មមហាហង្សតម្រូវឱ្យនាងសម្ដែងជាតួអង្គមានចរិតដដែលនៅក្នុងរឿងភាគថ្មីមួយទៀត។

    គួរបញ្ជាក់ថារឿង «មរតកចុកឈាម» ជាខ្សែរឿងភាគបែបមនោសញ្ចេតនា មានឈុតឆាកច្រណែនឈ្នានីស កាច់កុងលាយឡំនឹងល្បិចកិច្ចកល។ រឿងនេះមានចំនួន45 ភាគនឹងត្រូវដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍រយៈពេលបីខែខាងមុខនេះ។

    ជាមួយគ្នានេះដែរ កញ្ញាធី វ៉ាន់នីវ៉ា រំពឹងថា នៅក្នុងរឿងថ្មីនេះនាងនឹងទទួលបានការគាំទ្រមិនចាញ់រឿងមុនឡើយ ព្រោះនាងបានតាំងចិត្ដថា នឹងខំប្រឹងសម្ដែងឱ្យកាន់តែល្អជាងមុន បើទោះជាត្រូវជួបឧបសគ្គបែបណាក៏ដោយ ពិសេសត្រង់ចំណុចដែលត្រូវសិចស៊ី ដើម្បីជាការទាក់ទាញយកការគាំទ្រពីមហាជន។


    ទោះយ៉ាងណាកញ្ញា វ៉ាន់នីវ៉ា បានអះអាងថា៖ «ការប្រឹងបញ្ចេញឱ្យអស់សមត្ថភាពក្នុងការសម្ដែងឈុតសិចស៊ីក្នុងរឿងថ្មីនេះ ខ្ញុំគិតថាអាចមានអ្នកគាំទ្រច្រើនជាងអ្នករិះគន់ ព្រោះការសម្ដែងរបស់ខ្ញុំផុសចេញពីបេះដូង និងអារម្មណ៍សិល្បៈ មិនមែនធ្វើឡើងបែបអាក្រក់ហួសហេតុដែលធ្វើឱ្យមហាជនមិនអាចទទួលយកបាននោះទេ។ ផ្ទុយទៅវិញអ្នកស្រឡាញ់ និងឱ្យតម្លៃសិល្បៈនឹងយល់ពីតម្លៃនៃការលះបង់របស់ខ្ញុំ»៕

  • សិក្ខាសាលាស្តីពី «បេសកកម្មនិស្សិតសាកលវិទ្យាល័យ»

    សិក្ខាសាលាស្តីពី «បេសកកម្មនិស្សិតសាកលវិទ្យាល័យ»

    នេះគឺជាប្រធានបទសំខាន់ ដែលបានរៀបចំឡើងក្នុងគោលបំណងចែករំលែកពីទស្សនៈទាន គោលគំនិតសំខាន់ៗ ការរៀបចំផែនការជីវិតក្នុងវ័យសិក្សានៅសាកលវិទ្យាល័យឲ្យមានប្រសិទ្ធភាព ការស្វែងយល់ពីទេពកោសល្យផ្ទាល់ខ្លួន រួមទាំងការជ្រើសរើសជម្រើសដ៏ត្រឹមត្រូវសម្រាប់ជីវិត។

    លើសពីនេះទៅទៀត «បេសកកម្មនិស្សិតសាកលវិទ្យាល័យ» ជួយឲ្យយុវជន មានគោលដៅ និងការប្ដេជ្ញាចិត្តក្នុងការសម្រេចគោលដៅយ៉ាងមុតមាំ ថែមទាំងទទួលបាននូវការងារ ដែលសមស្របជាមួយនឹងមុខជំនាញដែលពួកគេកំពុងតែសិក្សា និងទេព្យកោសល្យនៃជីវិតរបស់ខ្លួន។

    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង 093 422 862 ឬ 012 32 00 15 ឬ [email protected]

  • ធនាគារហ្វីលីព និងក្រុមហ៊ុនជាច្រើននឹងចូលរួមពិព័រណ៍អប់រំ

    ធនាគារហ្វីលីព និងក្រុមហ៊ុនជាច្រើននឹងចូលរួមពិព័រណ៍អប់រំ

    ធនាគារហ្វីលីព ភីអឹលស៊ី គឺជាធនាគារទីមួយដែលទទួលបានការគាំទ្រពីក្រសួងអប់រំយុវជន និងកីឡា និងបានការសហការឧបត្ថម្ភធំពីបណ្តាក្រុមហ៊ុន សាលាអន្តរជាតិជាច្រើនដូចជា H&K International School, Southbrigh International School, IDP Education(Cambodia), Kungfu Education and Technology Group, EZECOM, HGB Auto, Panha Chiet School, Manulife , Attipas, ICE Watch, TrueMoney ក្នុងការរៀបចំ និងបង្កើតព្រឹត្តិការណ៍ពិព័រណ៍អំពីវិស័យអប់រំប្រចាំឆ្នាំ2017 ដែលនឹងប្រព្រឹត្តទៅរយៈពេល 2ថ្ងៃ គឺចាប់ពីថ្ងៃទី24 ដល់ថ្ងៃទី25 ខែមិថុនា ឆ្នាំ2017 ចាប់ពីម៉ោង8ព្រឹកដល់ម៉ោង7យប់ នៅសាលតាំងពិព័រណ៍កោះពេជ្រ អគារ I។

    លោក ហាន់ ប៉េង គាន់ (Mr. Han Peng Khwan) ដែលជាអ្នកគ្រប់គ្រងទូទៅរបស់ធនាគារហ្វីលីព មានប្រសាសន៍ថា មូលហេតុនៃការរៀបចំពិព័រណ៍នេះ គឺដោយសារតែពួកយើងជឿជាក់ថា ការអប់រំគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ពលរដ្ឋគ្រប់រូប។ តាមរយៈការអប់រំមានគុណភាព ធ្វើឱ្យប្រជាពលរដ្ឋទទួលបានការងារល្អ ប្រាក់បៀវត្សរ៍ខ្ពស់ និងមានបរិបទការរស់នៅខ្ពស់ ព្រមទាំងចូលរួមចំណែកក្នុងការស្ថាបនាសង្គមឱ្យមានភាពល្អប្រសើរ និងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។

    ធនាគារហ្វីលីព មានគោលបំណងផ្សេងផងដែរចំពោះការផ្តល់ចំណេះដឹងបន្ថែម សម្រាប់ជួយដល់មាតាបិតា និងអាណាព្យាបាលរបស់កុមារ ដឹងអំពីតម្រូវការរបស់ក្មេង និងរបៀបនៃការណែនាំអប់រំដល់កុមារដើម្បីក្លាយជាអ្នកទទួលបានជោគជ័យ «យើងបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់សំខាន់ៗដល់មាតាបិតា កុមារ ក្រុមយុវជន និងមនុស្សពេញវ័យឱ្យយល់ដឹងបន្ថែមអំពីយុទ្ធសាស្រ្តគ្រប់គ្រងហិរញ្ញវត្ថុ បង្តើតទម្លាប់ការសន្សំ និងដឹងពីសារៈសំខាន់នៃគោលដៅផែនការសម្រាប់ជីវិត។

    លោក ហាន់ ប៉េង គាន់ បញ្ជាក់បន្ថែមថា «ធនាគារហ្វីលីពជម្រាបជូនដល់មាតាបិតា អាណាព្យាបាល អំពីសារៈសំខាន់នៃការសន្សំតាំងពីវ័យក្មេង ដើម្បីឱ្យមានសេរីភាពផ្នែកហិរញ្ញវត្ថុនាពេលអនាគត។ យោងតាមមូលដ្ឋាននេះ ធនាគារហ្វីលីពបានសម្រេចចិត្តបង្កើត និងដាក់ពាក្យស្លោកមួយ ដែលមានអត្ថន័យថា «ការសិក្សា សន្សំចំណេះ ចំណេញទ្រព្យ»។

    លោក ហាន់ ប៉េង គាន់ បានគូសបញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍ពិព័រណ៍ស្តីអំពីការអប់រំនេះ បានរៀបចំសិក្ខាសាលាសំខាន់ៗជាច្រើនវគ្គរយៈពេលពីរថ្ងៃដ៏មានអត្ថប្រយោជន៍ដែលមានប្រធានបទដូចជា 1.យុទ្ធសាស្រ្តជួយឱ្យកូនលោកអ្នកចេះកំណត់ភាពជោគជ័យ 2.សារៈសំខាន់នៃការយល់ដឹងផ្នែកហិរញ្ញវត្ថុសម្រាប់កុមារ 3.ធ្វើខ្លួនឱ្យទទួលបានជោគជ័យក្នុងអំឡុងពេលសិក្សា 4.ការៀបចំគម្រោងហិរញ្ញវត្ថុសំរាប់បុគ្គល និងអាជីវកម្ម។

    គួរបញ្ជាក់ថា កម្មវិធីនេះស្វាគមន៍ដោយសេរីសម្រាប់មាតាបិតា អាណាព្យាបាល កុមារ សិស្សនិស្សិតដែលកំពុងសិក្សា ឬត្រៀមបញ្ចប់ការសិក្សាលើជំនាញផ្សេងៗ និងសម្រាប់មហាជនទូទៅជាពិសេសអ្នកមានបំណងចង់បើកអាជីវកម្មផ្ទាល់ខ្លួន មានឱកាសចូលរួមបានស្តាប់ និងសិក្សាពីបទពិសោធ ទស្សនៈជោគជ័យនានាដែលនឹងចែករំលែកដោយវាគ្មិនល្បីៗ ដូចជាអ្នកស្រី គង់ សុរីតា មកពីក្រុមហ៊ុន Ocean Technology លោក សរ គីណាល់ មកពីក្រុមហ៊ុន Plus Consulting លោក ប៉ិច បូឡែន មកពីសាលា Westline Group លោកសាស្រ្តាចារ្យ ឡុង បូរិន្ទ មកពីសាលា FTMS និងវាគ្មិនកិត្តិយសល្បីៗជាច្រើនរូបទៀតដែលអញ្ជើញមកពីបណ្តាក្រុមហ៊ុនធំៗជាច្រើន។

    កម្មវិធីនេះនឹងមានស្តង់ពិព័រណ៍របស់ក្រុមហ៊ុន សាលាអន្តរជាតិធំៗ ប្រមាណជា30 នឹងដាក់តាំងផលិតផល សេវាកម្ម និងមានកម្មវិធីកម្សាន្តសម្រាប់កុមារប្រកួតប្រជែងលក្ខណៈគ្រួសារ ការប្រកួតជាក្រុមសម្រាប់អ្នកចូលរួមទាំងអស់ បញ្ចេញសមត្ថភាព និងទេពកោសល្យរៀងៗខ្លួន ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ និងឈ្នះរង្វាន់សម្រាប់អ្នកចូលរួមទស្សនាក្នុងការតាំងពិព័រណ៍ផងដែរ៕