Author: វល័ក្ខ

  • ផ្ទុះទៀតហើយ! MV «ប្រុសម្នាក់នេះសំខាន់នៅពេលណា» ចម្លងប្លង់បរទេស

    ផ្ទុះទៀតហើយ! MV «ប្រុសម្នាក់នេះសំខាន់នៅពេលណា» ចម្លងប្លង់បរទេស

    គ្រាន់តែ MV មិនទាន់ចេញបានស្រួលបួលប៉ុន្មានផង ស្រាប់តែអ្នកលេងបណ្ដាញសង្គម ហ្វេសប៊ុក ម្នាក់មានឈ្មោះថា ភី ណាត់ បានចូលទៅបញ្ចេញមតិក្នុងទំព័រផ្លូវការរបស់ V Studio ចំពោះវីដេអូបទចម្រៀងដែលមានចំណងជើងថា «ប្រុសម្នាក់នេះសំខាន់នៅពេលណា» ហេតុអ្វីបានជាចម្លងប្លង់ពីបរទេស ព្រមទាំងបង្ហោះរូបភាពកាត់តបទបរទេសចំនួន 4 សន្លឹកជាមួយបទនេះថែមទៀតផង។

    ជាមួយគ្នានេះដែរ គេសង្កេតឃើញថាបទចម្រៀង «ប្រុសម្នាក់នេះសំខាន់នៅពេលណា» ដែលបកស្រាយដោយក្រុមតន្រ្តី Mustache Band ដែលទើបតែចេញវីដេអូចម្រៀងជាផ្លូវការ ក៏ប៉ុន្ដែឃើញមានប្លង់ថតមួយចំនួនស្រដៀងនឹងបទ «Be Together» ច្រៀងដោយ Major Lazer feat. Wild Belle ដែលនេះហើយជាការរិះគន់មួយបានធ្វើឱ្យមានការពន្យល់ពីអ្នកដឹកនាំសម្ដែងវីដេអូចម្រៀងខាងលើ។

    ទន្ទឹមគ្នានោះដែរ ខាង V Studio បានឆ្លើយតបនៅក្នុងគេហទំព័ររបស់ខ្លួនថា “សូមអរគុណច្រើនដែលចោទជាសំណួរក្នុងបញ្ហានេះ។ អ្វីដែលអ្នកបានឃើញនេះ គឺគ្រាន់តែជាវិឌីអូរយៈពេលខ្លីរបស់បទចម្រៀងដែលមានរយៈពេលត្រឹមតែ 55 វិនាទីនៃបទចម្រៀងទាំងមូលតែប៉ុណ្ណោះ។ អ្វីដែលក្រុមការងារយើងខិតខំប្រឹងប្រែងធ្វើនេះគឺដើម្បីធ្វើឱ្យទទួលបាននូវការផលិតដែលល្អឥតខ្ចោះមួយជាមួយនឹងគំនិត ទីតាំង ប្លង់ និង សាច់រឿងដែលមិនធ្លាប់មាននៅក្នុងប្រទេសយើង ដែលជាផ្នែកមួយក្នុងការលើកតម្កើងស្នាដៃក្នុងស្រុកផងដែរ។ ក្រុមការងារយើងសង្ឃឹមថា ភី ណាត់ នឹងយល់អំពីបញ្ហានេះជាជាងវាយតម្លៃ និង សន្និដ្ឋានតាមរយៈពាក្យចចាមអារ៉ាមដែលឃើញត្រឹមតែរូបភាពទាំង4នេះ។ សូមតាមដាននៅលើផេចរបស់យើងជាបន្តដើម្បីដឹងពីការចេញនូវវីឌីអូពេញនៃបទចម្រៀងនេះ”។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូចម្រៀងទាំងមូលខាងក្រោមនេះ ៖ MV  “ប្រុសម្នាក់នេះសំខាន់នៅពេលណា ” ចម្លងប្លង់បរទេស៖

  • Samsung បង្ហាញពីភាពជោគជ័យលើការលក់ Galaxy S8 និង S8Plus

    Samsung បង្ហាញពីភាពជោគជ័យលើការលក់ Galaxy S8 និង S8Plus

    ក្រោយចេញលក់ទូរស័ព្ទ Galaxy S8 និង S8Plus ជាផ្លូវការកាលពីដើមខែឧសភារួចមក ក្រុមហ៊ុន Samsung បានប្រកាសពីភាពជោគ​ជ័យ​ថ្មីមួយ ដោយគិតត្រឹមចុងខែមិថុនា ឆ្នាំ2017​​ នេះ ការលក់របស់ទូរស័ព្ទទាំង 2 ម៉ូដែលបានទទួលការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់អ្នកប្រើប្រាស់ជាច្រើនលាននាក់។

    តាមរបាយការណ៍ដែលចេញផ្សាយដោយក្រុមហ៊ុន Samsung កាលពីពេលថ្មីៗនេះបង្ហាញថា ការលក់ Galaxy S8 និង S8Plus បានកើនឡើងដល់ 5 លានគ្រឿងហើយលើទីផ្សារសកល ត្រឹមតែរយៈពេលជិត 2 ខែមកនេះប៉ុណ្ណោះ។ ក្នុងនោះ បើយោងតាមទីផ្សារភាគហ៊ុន Yuanta នៃប្រទេសកូរ៉េ (តាមរបាយការណ៍ The Korea Herald) ក្រុមហ៊ុនបានរំពឹងទុកថា ការលក់នឹងអាចឈានទៅដល់ 50.4 លានគ្រឿង នៅពេញមួយ​ឆ្នាំ 2017 នេះ។ ប្រភពដដែលបានបន្ដទៀតថា ក្នុងចំណោមទូរស័ព្ទទាំង 2 ស៊េរីនេះ ទូរស័ព្ទ S8Plus មានការគាំទ្រច្រើនជាង S8 ធម្មតា ខណៈស្មាតហ្វូននេះ អាចរកចំណូលពីការលក់បានរហូតដល់ 27.1 លានដុល្លាអាមេរិក ស្មើនឹង 54% នៃការលក់សរុប។

    លោក Seungho Choi នាយកគ្រប់គ្រងនៃ Samsung សាខាកម្ពុជា បានឱ្យដឹងបន្ថែមថា សម្ទុះនៃការលក់ទូរស័ព្ទ Galaxy S8 និង S8 Plus មានកម្រិតខ្លាំងនៅតាមខេត្តធំៗក្នុងព្រះរាជាណាចក្រកម្ពុជា លើសពីអ្វីដែលក្រុមហ៊ុនបានរំពឹងទុក។ ភាពខ្លាំងនៃការសម្ពោធទូរស័ព្ទ Galaxy S8 គឺការជឿទុកចិត្តពីអ្នកប្រើប្រាស់ខ្មែរជាច្រើនឆ្នាំមកហើយ។

    ទូរស័ព្ទ Galaxy S8 និង S8 Plus ជាទូរស័ព្ទដំបូងគេដែលត្រូវបានរចនាទ្បើងដោយបំពាក់នូវអេក្រង់ដ៏ធំភ្លឺច្បាស់ល្អ។ គែម​សងខាងនៃទូរស័ព្ទធ្វើពីលោហៈសុទ្ធ និងបំពាក់នូវ Infinity Display ដែលធ្វើឱ្យមានរូបរាងស្អាត និងមានភាពរលោងងា​យ​ស្រួលចាប់កាន់ ដែលវាជាដំណោះស្រាយដ៏វិសេសវិសាលមួយដោយបំពាក់នូវប៊ូតុងដែលបង្កប់ក្នុងអេក្រង់៕

  • កម្ពុជា U17 និងវៀតណាម U17 នឹងប្រើកីឡាករខ្លាំងៗដូចគ្នាពេលល្ងាចនេះ

    កម្ពុជា U17 និងវៀតណាម U17 នឹងប្រើកីឡាករខ្លាំងៗដូចគ្នាពេលល្ងាចនេះ

    ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម 17ឆ្នាំ និងក្រុមជម្រើសជាតិវៀតណាមអាយុក្រោម 17ឆ្នាំ សុទ្ធសឹងប្តេជ្ញាថា នឹងប្រឹងឲ្យអស់ពីលទ្ធភាពដូចគ្នា នៅពេលដែលក្រុមទាំងពីរជួបគ្នាក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅកីឡដ្ឋានជាតិអូឡាំពិក ក្នុងទីក្រុងភ្នំពេញនៅថ្ងៃនេះចាប់ពីម៉ោង 6:30ល្ងាចតទៅ។ នេះបើយោងទៅតាមការបញ្ជាក់ពីគ្រូបង្វឹកនៃក្រុមទាំងពីរកាលពីថ្ងៃម្សិលមិញ។

    នៅមុនពេលការប្រកួតមិត្តភាពអន្តរជាតិនៅល្ងាចនេះ ដើម្បីអបអរដល់ខួបទី 50ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម ទាំងលោក Inoue Kazunori គ្រូបង្វឹករបស់កម្ពុជា និងលោក Dinh The Nam គ្រូបង្វឹករបស់វៀតណាម បានអះអាងដូចគ្នាថា លោកនឹងប្រើប្រាស់ក្រុមជម្រើសដំបូងដែលប្រជុំដោយកីឡាករឆ្នើមៗ បើទោះបីវាគ្រាន់តែជាការប្រកួតមិត្តភាពក៏ដោយ។

    គ្រូបង្វឹកសញ្ជាតិជប៉ុន Kazunori របស់ក្រុមកម្ពុជា អាយុក្រោម 17ឆ្នាំ បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃម្សិលមិញថា៖ «ពិតណាស់ យើងត្រៀមលក្ខណៈរួចរាល់ហើយថា យើងនឹងប្រើប្រាស់ក្រុមខ្លាំងរបស់យើង បើទោះបីវាគ្រាន់តែជាការប្រកួតមិត្តភាពក៏ដោយ។ យើងនឹងប្រើប្រាស់កីឡាករខ្លាំងៗដើម្បីសាកល្បងទៅលើកម្រិតការលេងរបស់យើង»។

    ជាមួយគ្នានេះដែរ លោក Dinh The Nam គ្រូបង្វឹករបស់ក្រុមវៀតណាមអាយុក្រោម17ឆ្នាំ ក៏បានអះអាងក្នុងសន្និសីទសារព័ត៌មានដូចគ្នាផងដែរថា៖ «យើងនឹងប្រើប្រាស់ក្រុមខ្លាំងរបស់យើង។ យើងនឹងប្រឹងឲ្យអស់ពីសមត្ថភាពរបស់យើង ហើយជាការរំពឹងទុក ក្រុមទាំងពីរនឹងបង្ហាញពីទម្រង់លេងយ៉ាងល្អ ក៏ដូចជាការផ្តល់ភាពរំភើបដល់អ្នកគាំទ្រទាំងអស់ដែរ»។

    ក្រុមទាំងពីរធ្លាប់បានជួបគ្នាមួយលើករួចមកហើយក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ AFF U-16 Youth Championship ឆ្នាំ2016 ដោយកាលនោះកម្ពុជាU16 បានចាញ់នៅលើទឹកដីខ្លួនក្នុងលទ្ធផល 1-០៕

  • មេរបស់ Nokia ស្នើសុំលុបកូដ Nokia 9 ដែលមាន Ram 4GB ចោល

    មេរបស់ Nokia ស្នើសុំលុបកូដ Nokia 9 ដែលមាន Ram 4GB ចោល

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន HMD ដែលជាមេរបស់ Nokia បានស្នើឱ្យស្ថាប័ន FFC លុបលេខកូដទូរស័ព្ទ Nokia 9 ដែលមាន Ram ទំហំ 4 GB ចេញវិញ ខណៈក្រុមហ៊ុនមួយនេះ បញ្ជាក់ថា ទំហំប៉ុនហ្នឹងវាតូចពេក មិនអាចបំពេញតម្រូវការអ្នកប្រើប្រាស់បានគ្រប់គ្រាន់ទេ។

    តាមការបង្ហាញរបស់បណ្ដាញព័ត៌មាន Geekbench បានឱ្យដឹងថា លេខកូដដែលទូរស័ព្ទ Nokia 9 ទទួលបានគឺ TA-1004 តែឥឡូវវាបានផ្លាស់ប្ដូរមកជា TA-1012 វិញហើយ ក្រោយពីមានការស្នើសុំលុបរួចមក។ សម្រាប់លេខកូដថ្មីនេះ នឹងមាន Ram 2 ជម្រើសសម្រាប់អ្នកប្រើប្រាស់ គឺ Ramទំហំ 6GB និង 8GB ដោយប្រើនូវបន្ធះឈីប Qualcomm Snapdragon 835។

    Nokia 9 អាចនឹងប្រើប្រាស់កញ្ចក់អេក្រង់កម្រិត QHD Display ទំហំ 5.2 អ៊ីញជាមួយសមត្ថភាពបង្ហាញកម្រិត 1440x2560px, បំពាក់កាមេរ៉ាក្រោយ 2 គ្រាប់ទំហំ 13MP និងដំណើរការដោយ Android 7.0 Nougat៕

     

     

     

  • ក្រុមហ៊ុនចិន ចង់វិនិយោគលើវិស័យថាមពលស្អាត និងសង់មន្ទីរពេទ្យធំមួយនៅកម្ពុជា

    ក្រុមហ៊ុនចិន ចង់វិនិយោគលើវិស័យថាមពលស្អាត និងសង់មន្ទីរពេទ្យធំមួយនៅកម្ពុជា

    ភ្នំពេញៈ សាជីវកម្មធំមួយដែលមានមូលដ្ឋាននៅប្រទេសចិន បានបង្ហាញពីបំណងធ្វើការវិនិយោគលើវិស័យថាមពលស្អាត និងសាងសង់មន្ទីរពេទ្យដ៏ធំមួយនៅកម្ពុជា ជាការវិនិយោគមួយដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងការអភិវឌ្ឍនៅកម្ពុជា។

    លោក វ៉ាង ជីនហ្វេង អនុប្រធានសាជីវកម្មវិស្វកម្ម ZhengYuan នៃក្រុមហ៊ុន CNNC របស់ចិនបានជម្រាបនូវព័ត៌មាននេះជូនដល់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងបានថ្លែងអំណរគុណ ដល់ឯកឧត្តមរដ្ឋមន្ត្រី ដែលតែងតែទទួលជួបថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនចិនក្នុងឱកាសរៀបចំវេទិកាជំរុញពាណិជ្ជកម្មកន្លងមក ដែលបានផ្ដល់នូវទំនុកចិត្តក្នុងការចូលមកវិនិយោគនៅកម្ពុជា។

    លោក វ៉ាង គ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយជាមួយក្រសួងពាក់ព័ន្ធរបស់កម្ពុជា ដើម្បីអភិវឌ្ឍធនធានមនុស្សក្នុងវិស័យថាមពលស្អាត (Clean Energy) និងថាមពលនុយក្លេអ៊ែរ។ ក្រុមហ៊ុននឹងសហការជាមួយក្រុមហ៊ុននៅកម្ពុជាសាងសង់មន្ទីរពេទ្យដ៏ធំមួយនៅកម្ពុជា ដែលមានលទ្ធភាពព្យាបាលជំងឺមហារីក ដោយប្រើបច្ចេកវិទ្យានុយក្លេអ៊ែរទៀតផង។

    ក្នុងជំនួបនោះលោករដ្ឋមន្ត្រីបានស្វាគមន៍គម្រោងវិនិយោគដ៏ធំនេះ និងបានជម្រាបសង្ខេបអំពីគោលនយោបាយជំរុញពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសវិនិយោគមកពីប្រទេសមហាមិត្តចិន ដោយស្វាគមន៍រាល់ការមកចូលធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ និងត្រៀមជួយដល់ការមកធ្វើពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសផ្នែកសុខាភិបាល ដែលនឹងជួយដល់ប្រជាជនកម្ពុជាទាំងមូល៕

     

  • បណ្ឌិត តាន់ មុនីវណ្ណ ៖ ការតាំងចិត្តខ្ពស់ជាចំណុចខុសគ្នារវាងអ្នកជោគជ័យ និងបុគ្គលធម្មតា

    បណ្ឌិត តាន់ មុនីវណ្ណ ៖ ការតាំងចិត្តខ្ពស់ជាចំណុចខុសគ្នារវាងអ្នកជោគជ័យ និងបុគ្គលធម្មតា

    ជាសហគ្រិនកម្ពុជាប្រកបដោយភាពជោគជ័យម្នាក់ លោកបណ្ឌិត តាន់ មុនីវណ្ណ បានកសាងខ្លួនពីកូនអ្នកក្រម្នាក់នៅជនបទក្រោយបញ្ចប់សម័យប៉ុលពត ក្លាយមកជានិស្សិតច្បាប់ ជាអ្នកជំនាញពាណិជ្ជកម្ម និងអ្នកជំនួញ។

    បណ្ឌិត តាន់ មុនីវណ្ណ បានថ្លែងនៅក្នុងវេទិកា “មាគ៌ាឆ្ពោះទៅរកភាពជាបុគ្គលឆ្នើម” ថា លោកតែងតែប្រកាន់ថា ការតាំងចិត្តខ្ពស់អាចធ្វើឱ្យមនុស្សទទួលបានជោគជ័យក្នុងជីវិត ហើយការខិតខំប្រឹងប្រែងអាចនឹងធ្វើឱ្យមនុស្សទទួលបានលទ្ធផលល្អហួសពីការស្មានទុក។ លោកបានបញ្ជាក់ផងដែរថា កាលពីពេលដែលលោកនៅក្មេង លោកស្រមៃថាលោកនឹងរៀនចប់ត្រឹមបាក់ឌុបតែប៉ុណ្ណោះ ព្រោះបាក់ឌុបសម័យនោះមានតម្លៃធំខ្លាំងណាស់ តែក្រោយពេលដែលលោកខិតខំប្រឹងប្រែងពីមួយដំណាក់កាលទៅមួយដំណាក់កាល លោកបានឈានជើងមកទទួលបានងារបណ្ឌិតមួយចំនួននាពេលបច្ចុប្បន្ននេះ។

    ការតាំងចិត្ត និងការខិតខំប្រឹងប្រែងរបស់មនុស្ស ពិតជាមានសារៈសំខាន់ខ្លាំងណាស់ តែបើគ្រាន់តែមានការតាំងចិត្តនោះ មិនទាន់គ្រប់គ្រាន់ទេ វាត្រូវការវិធីសាស្រ្តដើម្បីទទួលយកវា។ បង្ហាញពីចំណុចនេះលោក មុនីវណ្ណ បានសង្កត់ធ្ងន់លើការប្រឹងប្រែង និងការជឿជាក់លើភាពវិជ្ជមាន រួមទាំងការខិតខំប្រឹងប្រែងពិចារណាឱ្យអស់លទ្ធភាពលើរឿងណាមួយដែលកើតឡើងនៅក្នុងជីវិត។

    លោកបណ្ឌិត តាន់ មុនីវណ្ណ បាននិយាយថា៖ «ខ្ញុំតែងតែគិតឱ្យបានច្បាស់លាស់បំផុត មុនពេលវិនិច្ឆ័យលើរឿងអ្វីមួយក្នុងជីវិតការងារ និងការសិក្សាជាដើម»។

    លោកបានបន្ថែមទៀតថា ការតាំងចិត្ត និងការវិនិច្ឆ័យច្បាស់លាស់ ជាវិធីសាស្រ្តមួយដែលធ្វើឱ្យមនុស្សរីកចម្រើន ហើយក៏ជាចំណុចមួយដែលលោកយកចិត្តទុកដាក់បំផុត ព្រោះការវិនិច្ឆ័យខុស វាអាចធ្វើឱ្យមនុស្សស្តាយក្រោយ។ គ្រប់ពេលដែលលោកមើលឃើញរឿងអ្វីមួយ ឬស្តាប់នូវយោបល់ណាមួយ លោកគ្រាន់តែស្តាប់តែប៉ុណ្ណោះ បន្ទាប់មកលោកធ្វើការវិនិច្ឆ័យដោយគិតឱ្យបានល្អិតល្អន់បំផុតមុននឹងឆ្លើយតប ឬធ្វើសកម្មភាពណាមួយ។ ការគិតច្បាស់លាស់នេះហើយ ទើបធ្វើឱ្យលោកហ៊ានសម្រេចចិត្ត ហើយធ្វើការតាំងចិត្តខ្ពស់ដើម្បីធ្វើអ្វីមួយប្រកបដោយភាពច្បាស់លាស់ និងល្អិតល្អន់។

    ចំណុចសំខាន់មួយផ្សេងទៀតដែលជាចំណុចអប់រំសម្រាប់បុគ្គលិក និងយុវជនកម្ពុជា គឺការខិតខំឱ្យអស់ពីសមត្ថភាពប្រកបដោយភាពវៃឆ្លាត និងមានគំនិតច្នៃប្រឌិតខ្ពស់។

    លោក មុនីវណ្ណ បានបញ្ជាក់ថា ការដែលបុគ្គលម្នាក់អាចឡើងតំណែងបាន ឬអាចក្លាយជាមនុស្សដែលអ្នកគ្រប់គ្រងពេញចិត្ត គឺពួកគាត់មានការតាំងចិត្តដែលពោរពេញទៅដោយថាមពល។ នៅពេលដែលមានគម្រោងមួយត្រូវធ្វើ ឬមានភារកិច្ចត្រូវអនុវត្តសូមខិតខំឱ្យអស់ពីលទ្ធភាពដើម្បីដោះស្រាយវា នៅពេលនោះបើយើងធ្វើមិនកើត អ្នកផ្សេងក៏ពិបាកធ្វើកើតដែរ។

    លោកបានបញ្ជាក់ថា ការខិតខំរបស់យើងក្នុងការបញ្ចេញសកម្មភាពការងារនេះ ជាកត្តាជំរុញខ្លាំងមួយដែលធ្វើឱ្យអ្នកគ្រប់គ្រងចាប់អារម្មណ៍ ហើយការខិតខំនេះក៏ត្រូវមានភាពវៃឆ្លាតផងដែរ។ សូមកុំធ្វើការងារតែម្នាក់ឯង តែត្រូវចេះរកជំនួយពីអ្នកជុំវិញខ្លួន ឬអ្នកជំនាញលើផ្នែកដែលខ្លួនមិនទាន់យល់ច្បាស់ នៅពេលនោះយើងនឹងទទួលបានលទ្ធភាពការងារខ្ពស់ ហើយវាក៏បង្ហាញពីលទ្ធផលនៃការតាំងចិត្តប្រកបដោយភាពឆ្លាតវៃផងដែរ៕

  • ផលិតផលម្រេចទូទាំងពិភពលោកកើនឡើង តែតម្លៃធ្លាក់ចុះខ្លាំង

    ផលិតផលម្រេចទូទាំងពិភពលោកកើនឡើង តែតម្លៃធ្លាក់ចុះខ្លាំង

    តាមរបាយការណ៍ស្រាវជ្រាវរបស់ NEDSPICE បង្ហាញថា ផលិតផលម្រេចឆ្នាំ 2017 នៅទូទាំងពិភពលោកមានប្រហែល 523,000តោន កើនជាងឆ្នាំ 2016 ប្រហែល 20% ដោយសារមានកំណើននៅវៀតណាម ឥណ្ឌូនេស៊ី ប្រេស៊ីល និងកម្ពុជាយើងផងដែរ ដែលចំនួននេះបានកើនឡើងពី 11,200តោន ដល់ 20,000តោន ត្រូវជា 4% នៃផលិតផលសរុបលើពិភពលោក។

    របាយការណ៏ខាងលើបានលើកឡើងថា សម្រាប់ប្រទេសវៀតណាមវិញផលិតម្រេចបានដល់ទៅ 40% នៃផលិតផលសរុបពិភពលោកដែលជាចំនួនមួយច្រើនជាងគេ។ ក្រៅពីនោះគឺឥណ្ឌូនេស៊ី ឥណ្ឌា និង ប្រេស៊ីល ផលិតបានប្រហាក់ប្រហែលគ្នា គឺប្រហែល 60,000 ទៅ 70,000តោនក្នុងមួយឆ្នាំ។

    លោក ចាន់ សុផល អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យបានឱ្យដឹងថា តម្លៃម្រេចបានធ្លាក់ពី 8,000ដុល្លារក្នុងមួយតោន មកនៅត្រឹម 4,000ដុល្លារក្នុងមួយតោន ដែលជាតម្លៃធ្លាក់ចុះជាមធ្យមក្នុងឆ្នាំនេះ។ លោកថា តម្លៃម្រេចរបស់កម្ពុជាត្រូវបានកំណត់ថ្លៃពីឈ្មួញវៀតណាមដោយម្រេចខ្មែរមិនតិចជាង 70% ទេ ត្រូវបានទិញដោយឈ្មួញកណ្ដាលយកទៅលក់នៅប្រទេសវៀតណាម។

    លោកថា ប្រសិនបើមានអ្នកវិនិយោគទុនក្នុងប្រទេសនាំចេញផ្ទាល់ទៅប្រទេសផ្សេងៗ ដូចជាការវិនិយោគនៅក្នុងវិស័យស្រូវអង្ករដែរនោះ គឺជាការល្អប្រសើរណាស់ បើយកផលិតផល 30,000តោន ក្នុងឆ្នាំខាងមុខគុណនឹងតម្លៃប្រហែល 4,000ដុល្លារក្នុងមួយតោននោះ នឹងបានប្រាក់ប្រមាណជា 120,000,000ដុល្លារ ដែលជាចំនួនមួយច្រើនគួរសមដែរគឺប្រហែលជិតពាក់កណ្ដាលនៃការនាំចេញអង្ករពីកម្ពុជាទៅកាន់ក្រៅប្រទេស៕

  • ប្រទះឃើញ Song Joong Ki និង Song Hyekyo បណ្ដើរគ្នាលើកោះបាលី

    ប្រទះឃើញ Song Joong Ki និង Song Hyekyo បណ្ដើរគ្នាលើកោះបាលី

    គូស្នេហ៍នៅក្នុងរឿង Descendants of the Sun គឺលោក Song Joong Ki និងតារាឯកស្រី Song Hyekyo ត្រូវបានគេប្រទះឃើញបណ្ដើរគ្នាត្រសងនៅលើកោះបាលី នៃប្រទេសឥណ្ឌូនេស៊ី ធ្វើឱ្យមានការសង្ស័យឡើងថា គូស្នេហ៍ក្នុងរឿងមួយគូនេះកំពុងមានទំនាក់ទំនងស្នេហ៍ក្រៅសិល្បៈ ក៏ប៉ុន្ដែដំណឹងលេចឮនេះត្រូវបានអ្នកគ្រប់គ្រងតារាប្រុស Song Joong Ki បដិសេធថាមិនមែនជាការពិតឡើយ។


    ជុំវិញបញ្ហានេះ សារព័ត៌មានមួយបានចេញផ្សាយថា កាលដែលទៅកោះបាលីនោះ គឺជាដំណើររៀងៗខ្លួន មិនបានពាក់ព័ន្ធគ្នាទេ ដោយតារាប្រុស Song Joong Ki មានវត្តមាននៅលើកោះបាលី ជាលក្ខណៈដំណើរកម្សាន្ដវិស្សមកាលនៅថ្ងៃទី8 ដល់13 ខែមិថុនា ឆ្នាំ2017 ហើយលោកបានត្រឡប់មកប្រទេសកំណើតវិញហើយកាលពីថ្ងៃទី15 ព្រមទាំងបានបង្ហាញខ្លួននៅក្នុងកម្មវិធីសម្ភោធបើកដំណើរការថតខ្សែភាពយន្ដរឿង” Battleship Island ” ទៀតផង។

    ទន្ទឹមគ្នានោះដែរ អ្នកគ្រប់គ្រងតារាស្រី Song Hyekyo បានអះអាងថា នាងបានទៅដល់កោះបាលី នៅថ្ងៃទី16 ខែមិថុនា ឆ្នាំ2017 បន្ទាប់មកក៏វិលត្រឡប់មកកូរ៉េវិញភ្លាមៗ។ ក៏ប៉ុន្ដែយ៉ាងក៏ដោយ អ្នកគ្រប់គ្រងរបស់ផលិតកម្ម Blossom Entainment បានបដិសេធថា Song Joong Ki ទៅកោះបាលីជាមួយមិត្តភ័ក្តិរបស់គេដើម្បីចូលរួមផ្សព្វផ្សាយខ្សែភាពយន្ដថ្មីរបស់លោក គឺជាមានដំណើរកម្សាន្តជាលក្ខណៈផ្ទាល់ខ្លួន គេគ្មានគម្រោងណាត់ជួបជាមួយតារាស្រី Song Hyekyoឡើយ ៕

  • ព្រលានយន្តហោះខេត្តព្រះសីហនុ កាន់តែមានសកម្មភាពមមាញឹក

    ព្រលានយន្តហោះខេត្តព្រះសីហនុ កាន់តែមានសកម្មភាពមមាញឹក

    ភ្នំពេញៈ ព្រលានយន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុ បាននិងកំពុងមានសកម្មភាពនៃការហោះឡើង និងចុះចតរបស់យន្តហោះផ្សេងៗកាន់តែច្រើនឡើង ដោយសារតែការមកដល់របស់ក្រុមហ៊ុនអាកាសចរណ៍ថ្មីៗ។

    លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី20 មិថុនានេះថា បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍កាន់តែច្រើនបានចុះចតនៅព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដោយបច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ Air Asia បានភ្ជាប់ជើងហោះហើរចំនួន 4លើក ក្នុងមួយសប្តាហ៍ រវាងទីក្រុងកូឡាឡាំពួ និងខេត្តព្រះសីហនុ និងក្រុមហ៊ុន JC Airline ក៏បានភ្ជាប់ជើងហោះហើរត្រង់ ពីខេត្តព្រះសីហនុ ទៅកាន់ទីក្រុងកូឡាឡាំពួផងដែរ។

    លោកបន្តថា “ក្រៅពីនេះក្រុមហ៊ុនអាកាសចរណ៍មកពីប្រទេសចិនផ្សេងៗទៀតក៏បានហោះហើរជាលក្ខណៈជួលមកកាន់ព្រលាននេះជាបន្តបន្ទាប់ផងដែរ”។ លោកបន្តថា “យើងរំពឹងថា អ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះនេះនឹងកើនពី 60ម៉ឺននាក់កាលពីឆ្នាំមុនដល់ 90ម៉ឺននាក់នៅដំណាច់ឆ្នាំនេះ”។

    លោក ហូ វណ្ឌី ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា ខេត្តព្រះសីហនុកំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកវិនិយោគមកពីប្រទេសចិន ដែលធ្វើឲ្យតម្រូវការនៃជើងហោះហើរក្នុងស្រុក និងមកពីបរទេសកើនឡើងជាបន្តបន្ទាប់។ លោកបន្តថា ចំនួនអ្នកដំណើរ និងការភ្ជាប់ជើងហោះហើរទៅកាន់ខេត្តនេះ នឹងកើនឡើងកាន់តែច្រើននាពេលអនាគត ដោយសារសក្តានុពលរបស់ខេត្តដែលមានទាំងកំពង់ផែ ផ្លូវគោក និងផ្លូវអាកាសមួយនេះ។

    រដ្ឋាភិបាលបានដាក់ខេត្តព្រះសីហនុជាតំបន់ឧស្សាហកម្ម នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ 2015 – 2025 ជាគោលនយោបាយមួយដែលនឹងរុញកម្ពុជាទៅកាន់កម្រិតថ្មីមួយទៀតសម្រាប់សេដ្ឋកិច្ចរបស់ខ្លួន៕

  • អាន់ ដា សាកម្ដងចង់ញ៉ាមនឹងអាជីពសម្ដែង

    អាន់ ដា សាកម្ដងចង់ញ៉ាមនឹងអាជីពសម្ដែង

    បើគិតចាប់តាំងពីពេលវេលាដែលលោក អាន់ ដា បានចាប់ផ្តើមអាជីពជាតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម KH promotion មក មានរយៈពេលជិត 10ឆ្នាំហើយ និងនេះគឺជាលើកទី1 ហើយដែលលោកមានឱកាសសម្ដែងក្នុងខ្សែភាពយន្ដ។

    រឿង «ម្ចាស់គ្រងបេះដូង» ជាវណ្ណកម្មរបស់ផលិតកម្ម KH Promotion ដែលបានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍កំពុងតែទទួលបានការគាំទ្រពីមហាជន ដែលក្នុងនោះក៍មានវត្ដមានលោក អាន់ ដា សម្ដែងជាតួអង្គនាយប៉ូលិសផងដែរ។ មានអ្នកគាំទ្ររបស់លោកមួយចំនួនបានសម្ដែងការភ្ញាក់ផ្អើល គ្រាដែលឃើញលោកទើបតែចាប់អាជីពសម្តែងជាលើកដំបូងសោះ តែលោកធ្វើបានល្អមិនខុសពីតារាអាជីពមានបទពិសោធរាប់ឆ្នាំឡើយ។

    ពាក់ព័ន្ធនឹងការសម្ដែងនេះត្រូវបានលោក អាន់ ដា បញ្ជាក់ថា លោកពុំនឹកស្មានថា មានឱកាសបានសម្ដែងក្នុងភាពយន្ដដូច្នេះទេ ព្រោះកន្លងមកលោកធ្លាប់សម្ដែងតែក្នុងឈុតខារ៉ាអូខេប៉ុណ្ណោះ។ ពីមុនលោកចាត់ទុកថា ការសម្ដែងខារ៉ាអូខេមិនខុសពីសម្ដែងភាពយន្ដទេ តែផ្ទុយទៅវិញក្រោយពីសម្ដែងបានប្រហែល 4ទៅ 5ឈុត ទើបដឹងថា វាមានភាពខុសគ្នាឆ្ងាយណាស់ ព្រោះការសម្ដែងភាពយន្ដត្រូវការចងចាំច្រើន ដូចជាការតុបតែងខ្លួន ចរិតនៃតួអង្គដែលយើងកំពុងតែសម្តែង ពិសេស ការចូលអារម្មណ៍គឺខ្លាំងជាងការសម្ដែងខារ៉ាអូខេទៅទៀត។

    លោកអាន់ ដា បន្ដថា៖ «ក្នុងរឿងនេះខ្ញុំសម្ដែងជាតួអង្គប៉ូលិសដែលត្រូវទាមទារឱ្យខ្ញុំត្រូវប្រឹងសម្ដែងខ្លាំង ព្រោះខ្ញុំត្រូវស្វែងយល់ពីចរិតឫកពាប៉ូលីសដ៏ម៉ឺងម៉ាត់ម្នាក់ថា តើគេត្រូវធ្វើបែបណា? ពោលគឺប្រឹងសម្ដែងយ៉ាងណាឱ្យមានលក្ខណៈធម្មជាតិ»។ លោកបន្ដថា បើទោះជារឿងនេះលោកមិនមានឱកាសធ្វើជាតួឯក ដ្បិតអីរឿងនេះជាវណ្ណកម្មរបស់ផលិតកម្ម KH Promotionក៏ដោយ ប៉ុន្ដែលោកពេញចិត្ដនូវតួអង្គប៉ូលិសនេះខ្លាំងព្រោះលោកចង់សម្ដែងជាយូរមកហើយ និងអ្វីដែលកាន់តែធ្វើឱ្យលោករំភើបនោះគឺលោកទទួលបានអ្នកគាំទ្រច្រើន។

    ជាមួយគ្នានេះដែរ លោកអាន់ ដា បញ្ជាក់ថា ប្រសិនបើក្រោយពីការចាក់បញ្ចាំងរឿងនេះចប់ លោកទទួលបានការគាំទ្រច្រើនរហូតមានផលិតកម្មផ្សេងចង់បានលោកទៅសម្ដែងនោះ លោកនឹងបន្ដចាប់អាជីពមួយនេះបន្ថែមទៀត។ ទោះជាយ៉ាងណាលោកអះអាងថា លោកនឹងមិនបោះបង់ចោលអាជីពចម្រៀងជាដាច់ខាត ព្រោះយ៉ាងហោចណាស់ ក៏វាបានធ្វើឱ្យលោកនៅមានប្រជាប្រិយភាពក្នុងអាជីពសិល្បៈដែរ ដែលពិសេសនោះ គឺការសម្ដែងរបស់លោកកំពុងតែមានការពេញនិយមតាមរយៈការថតដាក់នៅក្នុងភាពយន្ដភាគនានាដែលបានចាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍បាយ័ន និង PNN ជាដើម៕