Author: វល័ក្ខ

  • ទូរស័ព្ទ Nokia 3310 ចេញលក់ក្នុងទីផ្សារកម្ពុជាថ្ងៃនេះហើយ

    ទូរស័ព្ទ Nokia 3310 ចេញលក់ក្នុងទីផ្សារកម្ពុជាថ្ងៃនេះហើយ

    ទីបំផុតទូរស័ព្ទ Nokia 3310 ស៊េរីថ្មីបានចាប់ផ្ដើមដាក់លក់ក្នុងទីផ្សារកម្ពុជាយើងហើយនៅល្ងាចថ្ងៃទី 23 ខែមិថុនា ឆ្នាំ2017 នេះជាមួយនឹងតម្លៃ 48ដុល្លារ មាន 4ពណ៌ដ៏ស្រស់ស្អាតសម្រាប់ជ្រើសរើសដូចជា ពណ៌ទឹកក្រូច លឿង ខៀវ និងទឹកប្រាក់។

    សម្រាប់លក្ខណៈសម្បត្តិទូរស័ព្ទ Nokia 3310 ស៊េរីថ្មីនេះគឺ មានអេក្រង់ 2.4អ៊ីញ និងមានទំហំតួខ្លួន បណ្តោយ 115.6 x ទទឹង51 x កម្រាស់ 12.8 មីល្លីម៉ែត្រ និងមានទម្ងន់ 79.6 ក្រាម។ ទូរស័ព្ទនេះអាចដាក់ Memory បានទំហំ 32GB ប្រភេទ microSD ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Nokia Series 30+ អាចថតរូបបានលើទំហំកាមេរ៉ា 2MP មានភ្លើង LED Flash ហើយមានថ្ម 1200mAh អាចដោះដូរបាន៕

  • នីតា វរវង្ស ក្រោយជួបបញ្ហាទើបជឿលើរឿងហុងស៊ុយ

    នីតា វរវង្ស ក្រោយជួបបញ្ហាទើបជឿលើរឿងហុងស៊ុយ

    ក្រោយពីកញ្ញា នីតា វរវង្ស ទទួលបានប្រជាប្រិយភាពប្រមាណពីរឆ្នាំជាប់គ្នាមានអ្នកគាំទ្ររបស់នាងជាច្រើនបានសរសើរនាងថា ទើបតែចាប់អាជីពសម្ដែងមិនទាន់បានប៉ុន្មានផងក៏មានកេរ្ដិ៍ឈ្មោះល្បីក្នុងសិល្បៈប្រដំប្រសងនឹងរៀមច្បងទៅហើយ។

    ពាក់ព័ន្ធនឹងប្រជាប្រិយភាពក្នុងសិល្បៈនេះ គេតែងតែលើកឡើងថា លុះត្រាតែតារាសម្ដែងនោះមានហុងស៊ុយខ្លាំងទើបឆាប់ល្បី។ ផ្ទុយទៅវិញតារាសម្ដែងស្រីស្រស់វ័យក្មេងនីតា វរវង្ស បានបញ្ជាក់ថា ទោះជានាងកំពុងតែមានកេរ្ដិ៍ឈ្មោះបោះសំឡេងក្នុងសិល្បៈពិតមែន ប៉ុន្ដែមួយរយៈចុងក្រោយនេះនាងជួបបញ្ហាមិនចេះដាច់សោះ។

    កញ្ញា នីតា វរវង្ស បញ្ជាក់ថា មូលហេតុដែលនាងលើកយកបញ្ហានេះមកនិយាយក៏ព្រោះតែរយៈពេលពីរខែចុងក្រោយនេះ នាងចេះតែមានរឿងមិនចេះចប់សោះ អស់ពីមួយចូលមួយ។ នាងបន្ដថា បញ្ហាកើតមានឡើងនោះគ្មានអ្វីធំដុំទេ គ្រាន់តែធ្វើឱ្យនាងមានអារម្មណ៍ស្មុគស្មាញ ព្រោះគ្រាដែលនាងកំពុងតែមានអារម្មណ៍មិនល្អជាមួយរឿងផ្ទាល់ខ្លួនមួយចំនួននោះ ពេលបើករថយន្ដទៅបំពេញការងារក៏ស្រាប់តែរថយន្តខូច និងអស់ពីរថយន្ដខូច ក៏ស្រាប់តែទៅបើករថយន្ដប៉ះគេត្រូវសងលុយការខូចខាតគេទៀត។

    តារាសម្ដែងរូបនេះបញ្ជាក់ថា នាងមិនដឹងថា មកពីឆុងឆ្នាំ ឬយីអ៊ុនធ្លាក់ ឬគ្មានហុងស៊ុយ ឬយ៉ាងណានោះទេ? ប៉ុន្ដែក្រោយពីកើតរឿងហេតុមិនល្អទាំងនោះហើយ នាងបានទៅវត្ដដើម្បីនិមន្ដព្រះសង្ឃប្រោះព្រំសុំសិរីសួស្ដី។ វរវង្ស ប្រាប់បន្ដទៀតថា៖ «មិនមែនខ្ញុំជឿងប់ងល់លើអបិយជំនឿពេកទេ ប៉ុន្ដែជឿខ្លះក៏ល្អដែរ ព្រោះនៅពេលខ្ញុំកើតអារម្មណ៍ស្មុគស្មាញក្នុងចិត្ដ និងកើតរឿងជាបន្ដបន្ទាប់នោះ ខ្ញុំមិនដឹងជាទៅរកអ្វីមកដោះស្រាយទេ តែក្រោយពីបានស្រោចទឹកប្រោះព្រំរួចហើយ ក៏រាងធូរស្រឡះក្នុងចិត្ដតែម្ដង លែងមានអារម្មណ៍ធុញថប់ក្នុងចិត្ដអស់រលីង។ នេះប្រហែលជាដូចពាក្យគេថា អាគមផ្សំអាយ៉ូសហើយមើលទៅ»៕

  • ឆាប់ៗនេះស្លាកលេខរថយន្តទាំងអស់នឹងមានភ្ជាប់ QR Code

    ឆាប់ៗនេះស្លាកលេខរថយន្តទាំងអស់នឹងមានភ្ជាប់ QR Code

    ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនប្រកាសថា ក្រសួងនឹងចាប់ផ្ដើមអ៊ុត QR Code ( Quick Response Code ) នៅផ្នែកខាងចុងលើស្លាកលេខរថយន្ដគ្រប់ប្រភេទនៅទូទាំងប្រទេស យ៉ាងយូរបំផុតនៅចុងឆ្នាំ 2017 ខាងមុខនេះដើម្បីធានាសុវត្ថិភាពមិនឱ្យមានការក្លែងបន្លំលើស្លាកលេខរថយន្ដ និងងាយស្រួលក្នុងការគ្រប់គ្រងត្រួតពិនិត្យរបស់សមត្ថកិច្ច។

    ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ការដាក់ QR Code នៅលើស្លាកលេខរថយន្ដនេះ គឺដើម្បីងាយស្រួលឱ្យសមត្ថកិច្ចនគរបាលចរាចរណ៍ងាយស្រួលក្នុងការត្រួតពិនិត្យដោយគ្រាន់តែយកទូរស័ព្ទដៃស្គែនលើស្លាកលេខដើម្បីបង្ហាញពីទិន្នន័យទាំងអស់ ដូចជា ប្រភេទរថយន្ដ ស្លាកលេខ លេខតួ លេខម៉ាស៊ីន និងពណ៌រថយន្ដ ដែលផ្ដល់ព័ត៌មានគ្រប់គ្រាន់ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។

    ឯកឧត្តមបានបញ្ជាក់ថា «2017 ចាប់ពីចុងឆ្នាំតទៅ រាល់ការចេញស្លាកលេខរថយន្ដ ត្រូវតែមានដាក់បញ្ចូល QR កូដទាំងអស់ ដើម្បីចៀសវាងការប្រើប្រាស់ស្លាកលេខក្លែងក្លាយ ឬលេខសេះហោះ ហើយក្រសួងនឹងតភ្ជាប់ប្រព័ន្ធនេះជាមួយនឹងពន្ធដារ និងគយបន្ថែមទៀតដើម្បីងាយស្រួលក្នុងការស្វែងរកមើលថាតើ យានយន្ដណាមួយបង់ពន្ធឬមិនបង់ពន្ធ»។

    ប្រព័ន្ធទិន្នន័យ QR Code នេះ ក្រសួងសាធារណការនឹងមិនផ្ដល់ព័ត៌មានជូនដល់សមត្ថកិច្ចទាំងអស់នោះទេ ដោយផ្ដល់តែប្រភេទរថយន្ដ ពណ៌ លេខតួ និងលេខម៉ាស៊ីនតែប៉ុណ្ណោះ។ ចំណែកព័ត៌មានទាក់ទងនឹងឈ្មោះម្ចាស់រថយន្ដ អាសយដ្ឋានរបស់ម្ចាស់យានយន្ដ មិនត្រូវផ្ដល់ឱ្យនោះទេ ដើម្បីរក្សាសុវត្ថិភាព និងជួយការពារដល់ម្ចាស់រថយន្ដ៕

  • ក្រសួងពាណិជ្ជកម្ម បង្កើតក្រុមការងារឃ្លាំមើលតម្លៃទំនិញទីផ្សារ

    ក្រសួងពាណិជ្ជកម្ម បង្កើតក្រុមការងារឃ្លាំមើលតម្លៃទំនិញទីផ្សារ

    ភ្នំពេញ៖ ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ ក្រសួងពាណិជ្ជកម្មបានបង្កើតក្រុមការងារពិសេសមួយ ដើម្បីឃ្លាំមើលស្ថានភាព និងសន្ទស្សន៍តម្លៃមុខទំនិញចាំបាច់ៗដែលបម្រើឱ្យជីវភាពប្រចាំថ្ងៃ។

    ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ក្រុមការងារនេះបង្កើតឡើងមានភារកិច្ចមួយចំនួនដូចជា សិក្សា និងចងក្រងឯកសារទាក់ទងនឹងស្ថានភាពផលិតកម្ម ថ្លៃដើម សមត្ថភាពផ្គត់ផ្គង់ការប្រើប្រាស់ និងសន្ទស្សន៍តម្លៃនៃមុខទំនិញអាទិភាពដូចជា ស្រូវ-អង្ករ សាច់ត្រី សាច់មាន់ សាច់ជ្រូក ប្រេងសាំងធម្មតា និងម៉ាស៊ូត និងដំឡូងមី ជាដើម។ល ។

    លើសពីនេះក្រុមការងារនេះបង្កើតឡើងដើម្បីតាមដានពិនិត្យឃ្លាំមើល ស្ថានភាពប្រែប្រួលនៃផលិតកម្ម ស្ថានភាពចរាចរណ៍ទំនិញលើទីផ្សារ និងដាក់ចេញនូវវិធានការចាំបាច់ ដើម្បីទ្រទ្រង់ផលិតកម្ម និងតម្លៃទំនិញលើទីផ្សារប្រចាំថ្ងៃ។

    ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំក្រុមការងារឱ្យរៀបចំតារាងតាមដាន និងឃ្លាំមើលស្ថានភាព និងសន្ទស្សន៍ថ្លៃទំនិញឲ្យបានជាប្រចាំ ដើម្បីសិក្សាពីបញ្ហាផលិតកម្ម និងតម្លៃ ឬបញ្ហានានាផ្សេងទៀត សំដៅទៅដល់ការរៀបចំកិច្ចអន្តរាគមន៍ជាលក្ខណៈប្រព័ន្ធ សម្រាប់កាត់បន្ថយផលប៉ះពាល់ដល់ជីវភាពរបស់ប្រជាជន៕

  • វិស័យឯកជនស្នើកុំឲ្យសាងសង់ស្ថានីយប្រេងនៅលើកោះ

    វិស័យឯកជនស្នើកុំឲ្យសាងសង់ស្ថានីយប្រេងនៅលើកោះ

    ភ្នំពេញៈ ក្រុមការងារឯកជនផ្នែកវិស័យទេសចរណ៍ បានស្នើរដ្ឋាភិបាលកុំឲ្យមានការសាងសង់ស្ថានីយប្រេងនៅតាមបណ្តាកោះនានា ពិសេសកោះរ៉ុង ដើម្បីធ្វើយ៉ាងណាកុំឲ្យមានការបំពុលបរិស្ថាន និងធនធានធម្មជាតិនៅក្នុងតំបន់ទាំងនោះ។

    លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីម្សិលមិញថា ការសាងសង់ស្ថានីយប្រេងនឹងធ្វើឲ្យប៉ះពាល់ដល់ជីវចម្រុះ និងបរិស្ថាននៅលើកោះ ព្រោះពេលមានរថយន្តបើកបរច្រើននឹងធ្វើឲ្យខូចបរិស្ថាន ហេតុនេះនៅតាមបណ្តាកោះនានាគួរមានត្រឹមតែម៉ូតូ ឬរថយន្តអគ្គិសនី គឺជាការប្រសើរបំផុត។ លោកបន្តថា នៅពេលមានការបំពុលបរិស្ថាន វានឹងបំផ្លាញអ្វីៗទាំងអស់ ហើយយើងនឹងបាត់បង់ទាំងអស់ ប្រសិនជាយើងមិនយកចិត្តទុកដាក់ពីឥឡូវនេះទៅទេនោះ។

    លោក ហូ វណ្ឌី បានបន្តថា ការបំពុលទឹកតាមរយៈការបង្ហូរកាកសំណល់ ចូលប្រភពទឹក ការបោះចោលថង់ផ្លាស្ទិក និងសំរាមនៅតាមតំបន់ឆ្នេរ និងលើឆ្នេរជាការបំផ្លាញវិស័យទេសចរណ៍ដ៏ខ្លាំងសម្បើម ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានជួយយកចិត្តទុកដាក់ចំពោះបញ្ហានេះផង។

    សហប្រធានក្រុមការងារឯកជនផ្នែកវិស័យទេសចរណ៍លោក លូ ម៉េង បានបន្ថែមថា សំរាម និងការបំពុលបរិស្ថានជាបញ្ហារបស់យើងទាំងអស់គ្នាដែលទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីលើកកម្ពស់បរិស្ថាន និងទីក្រុងឲ្យបានស្អាត ព្រោះសំរាមជាសត្រូវរបស់ទេសចរណ៍ដែលភ្ញៀវទេសចរមកពីប្រទេសមួយចំនួនពួកគេមានការខ្លាចរអា មិនចង់មកកាន់ប្រទេសដែលមានការបំពុលបរិស្ថាន និងការបោះចោលសំរាមពាសវាលពាសកាលនោះទេ។

    លោកបន្តថា “សូមចាប់ផ្តើមឥឡូវនេះពីយើងទាំងអស់គ្នា កុំបោះសំរាម ឬថង់ផ្លាស្ទិកចោលពាសវាលពាសកាល ដើម្បីធ្វើឲ្យប្រទេសយើងស្អាត និងទីក្រុងរបស់យើងគ្មានសំរាម”៕

  • 2ថ្ងៃទៀត ពិព័រណ៍ការងារដ៏ធំ នឹងត្រូវរៀបចំឡើងនៅផ្សារទំនើបអ៊ីអនម៉ល

    2ថ្ងៃទៀត ពិព័រណ៍ការងារដ៏ធំ នឹងត្រូវរៀបចំឡើងនៅផ្សារទំនើបអ៊ីអនម៉ល

    ភ្នំពេញ៖ everjobs.com.kh ដែលជាគេហទំព័រការងារដែលរីកលូតលាស់ជាងគេនៅក្នុងប្រទេសកម្ពុជា ថ្មីៗនេះបានប្រកាសថានឹងប្រារព្ធកម្មវិធីពិព័រណ៍ការងារលើកទី 2 នៅក្នុងឱកាសខួបលើកទី2 របស់ក្រុមហ៊ុននៅក្នុងក្រុងភ្នំពេញ ដែលនឹងធ្វើឡើងនៅក្នុងថ្ងៃទី 25 ខែមិថុនា ឆ្នាំ 2017 នៅក្នុងផ្សារទំនើបអ៊ីអនម៉ល។

    Niels Van Klooster ដែលជាអ្នកគ្រប់គ្រងប្រចាំការនៅកម្ពុជានៅ everjobs.com.kh បានមានប្រសាសន៍ថា « មានអ្វីដែលជាវិធីដ៏ល្អបំផុតក្នុងការប្រារព្ធពិធីគម្រប់ខួបលើកទី2 នៅក្នុងប្រទេសកម្ពុជា ជាងការដែលដឹងថា ការប្រមូលផ្ដុំនិយោជក និងអ្នកមានទេព្យកោសល្យនៅក្នុងប្រទេសកម្ពុជាទៀតនោះទេ។ កម្មវិធីលើកទី2នេះ ត្រូវបានរៀបចំដោយញគេហទំព័រការងារនៅក្នុងទីក្រុងភ្នំពេញ ហើយត្រូវបានគេរំពឹងទុកថានឹងមានអ្នកជំនាញការងាររាប់ពាន់មកចូលរួម ដោយគិតទាំងអ្នកមកទស្សនាផ្សារទំនើបផងដែរ លើសពីនេះក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកចំនួន 30ក្រុមហ៊ុននឹងមានវត្តមាននៅទៅនោះ ដែលក្នុងនោះមាន ក្រុមហ៊ុនជីបម៉ុង ក្រុមសេលកាត ក្រុមហ៊ុនស្រាបៀរកម្ពុជា DKSH និងធនាគារ ស្ថាបនាផងដែរ។

    ក្នុងកំឡុងពេលពីរឆ្នាំកន្លងមកនេះ everjobs បានក្លាយជាតួអង្គដ៏សំខាន់នៅក្នុងទីផ្សារការងារលើបណ្ដាញអ៊ីនធឺណេតក្នុងប្រទេសកម្ពុជា ដោយមានអ្នកចូលទស្សនាជាមធ្យមចំនួន 7,500នាក់ក្នុងមួយថ្ងៃ ហើយមានប្រវត្តិរូបសង្ខេបចំនួន 46,000ឯកសារ ហើយក្រុមហ៊ុនច្រើនជាង 800បានចូលរួមក្នុងឆ្នាំ 2016នេះផងដែរ។ ការផ្សព្វផ្សាយលើកទីមួយរបស់ពិព័រណ៍ការងារ everjobs បានប្រារព្ធឡើងនៅខែមិថុនាឆ្នាំ2016 នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជាជាមួយនឹងក្រុមហ៊ុនដ៏ល្បីល្បាញនៅក្នុងទីផ្សារចំនូន30 និងអ្នកស្វែងរកការងារធ្វើច្រើនជាង1,500នាក់ថែមទៀតផង។

    Niels Van Klooster បានបន្ថែមទៀតថា “ព្រឹត្តិការណ៍ពិព័រណ៍ការងាររបស់ពូកយើងបានរៀបចំឡើងកាលពីឆ្នាំមុនដែលជាការជោគជ័យដ៏ពិតប្រាកដ និងបានបង្ហាញអំពីភាពលេចធ្លោរបស់ everjobs នៅក្នុងប្រទេសកម្ពុជា” ។ យ៉ាងណាមិញនៅឆ្នាំនេះពូកយើងធ្វើឲ្យកម្រិតវាកើនឡើងដោយជ្រើសកន្លែងដែលផ្ដល់ការទំនាក់ទំនងច្រើនជាងមុនទៅដល់អ្នកស្វែងរកការងារ និងការទទួលបានព័ត៌មានលម្អិតឲ្យបានកាន់តែទូលំទូលាយទៅដល់អ្នកជំនាញផងដែរ។

    ក្នុងកំឡុងពេលពិរព័ណ៍ការងាររបស់ everjobs ក្នុងឆ្នាំ2017ខាងមុខនេះ អ្នកស្វែងរកការងារនឹងមានឱកាសដើម្បីជួបជាមួយអ្នកគ្រប់គ្រងធនធានមនុស្ស និងធ្វើការសិក្សាអំពីឱកាសការងារដែលមានក្នុងទីផ្សារការងារ ហើយអាចមានឱកាសបានជួបសំណេះសំណាលជាមួយម្ចាស់ក្រុមហ៊ុនផ្ទាល់ផងដែល។ ទីកន្លែងពិព័រណ៍នឹងមានទីធ្លាធំទូលាយគ្រប់គ្រាន់សម្រាប់ក្រុមហ៊ុនធ្វើបទបង្ហាញ និងធ្វើសិក្ខាសាលាលើប្រធានបទភាពជាអ្នកដឹកនាំ ក៏ដូចជាការបង្ហាញអំពីរបៀបសរសេរប្រវត្តិរូបសង្ខេប និងលិខិតឧទ្ទេសនាម ព្រមទាំងប្រាប់ពីរបៀបក្នុងការសម្ភាសន៍ការងារផងដែរ។

    Marie Balandreau ប្រធានគ្រប់គ្រងផ្នែកអភិអឌ្ឍន៍ការងារក្នុងក្រុមហ៊ុន everjobs នៅប្រទេសកម្ពុជាក៏បានមានប្រសាសន៍ដែលថា «វាមិនអាចទៅរួចទេក្នុងការជួបជាមួយម្ចាស់ក្រុមហ៊ុន30 ក្នុងមួយថ្ងៃនៅក្នុងពិរព័រណ៍ការងារផ្សេងទៀតនោះ។ ក្នុងការចូលរួមពិរព័រណ៍ការងារនេះចំពោះអ្នកស្វែងរកការងារមានឱកាសក្នុងការជ្រើសរើសស្តង់ដើម្បីទស្សនា និងទទួលបានអត្ថប្រយោជន៍ដើម្បីជួយដល់អាជីពការងាររបស់ពួកគេ។ វាថែមទាំងជាឱកាសដ៏ល្អសម្រាប់អ្នកស្វែងរកការងារដើម្បីស្វែងរកការងារមួយដែលសមរម្យដែលពួកគេមិនចាំបាច់ធ្វើតេស្តសមត្ថភាពទៀតផង»។

    ពិរព័រណ៌ការងារនេះ គឺបើកចំហរសម្រាប់គ្រប់និស្សិតដែលទើបបញ្ចប់ការសិក្សាដើម្បីទទួលបានបទពិសោធន៍អំពីក្រុមហ៊ុនគ្រប់ប្រភេទផងដែរ។ បេក្ខជនទាំងអស់ត្រូវបានជំរុញឲ្យយកប្រវត្តិរូបសង្ខេបជាក្រដាស់ថតចំឡង ដើម្បីដាក់ពាក្យស្នើរសុំការងារសម្រាប់មុខដំណែងដោយផ្ទាល់ ឬក៏ផ្ញើប្រវត្តិរូបសង្ខេបជាឯកសារទៅវេបសាយ www.everjobs.com.kh ដើម្បីបញ្ជាក់ពីការចូលរួម៕

  • Oscar រងពិន័យព្យួរ 8 ប្រកួតដោយសារបង្កជម្លោះក្នុងពេលប្រកួត

    Oscar រងពិន័យព្យួរ 8 ប្រកួតដោយសារបង្កជម្លោះក្នុងពេលប្រកួត

    ខ្សែបម្រើអន្តរជាតិប្រេស៊ីល Oscar បានរងពិន័យព្យួរដល់ទៅ 8ប្រកួតកាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ការបង្កឲ្យមានជម្លោះដ៏ធំមួយក្នុងការប្រកួតក្របខ័ណ្ឌ Super League របស់ចិន រវាងក្រុម Shanghai SIPG របស់គេ និងក្រុម Guangzhou R&F។

    ក្រោយពីអតីតខ្សែបម្រើរបស់ក្លិប Chelsea រូបនេះហាក់ដូចជាមានចេតនាទាត់បាល់សំដៅទៅលើកីឡាកររបស់ Guangzhou ចំនួន2 លើកកាលពីថ្ងៃអាទិត្យ រូបគេត្រូវបានរុញឲ្យដួលដោយកីឡាករនៃក្រុមបដិបក្ខ។ Oscar បានដួលទៅលើទីលាន ហើយជម្លោះវាយតប់គ្នាមួយក៏ផ្ទុះឡើងតែម្តង។


    សហព័ន្ធកីឡាបាល់ទាត់របស់ចិនបានប្រកាសដាក់ពិន័យព្យួរដ៏វែងមួយដល់កីឡាករ 4រូប ក្នុងនោះរាប់បញ្ចូលទាំង Oscar វ័យ 25ឆ្នាំផងដែរ និងបានពិន័យរូបគេជាទឹកប្រាក់ 40,000 យន់ (ស្មើនឹង 6,000ដុល្លារអាមេរិក)។ Oscar ដែលមិនត្រូវបានផ្តល់ការពិន័យកាតលឿងក្នុងពេលផ្ទុះជម្លោះនោះ ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដ៏ល្អបំផុតក្នុងក្របខ័ណ្ឌចិន Super League (CSL) ក្រោយពីរូបគេបានចូលរួមជាមួយនឹងក្លិប SIPG ក្នុងតម្លៃខ្លួនជាកំណត់ត្រារបស់ទ្វីបអាស៊ីចំនួន 60លានអឺរ៉ូ (ស្មើនឹង 66.9លានដុល្លារអាមេរិក) នៅរដូវកាលនេះ។ ប៉ុន្តែ តម្លៃខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់នោះ មិនបានជួយឲ្យ Oscar គេចផុតពីការរងនូវការពិន័យដ៏ធំនេះឡើយ ខណៈដែលសហព័ន្ធកីឡាបាល់ទាត់ចិន បានឲ្យដឹងថា រូបគេជាអ្នកទទួលខុសត្រូវសម្រាប់ការនាំឲ្យមានការផ្ទុះជម្លោះយ៉ាងខ្លាំងក្លាមុនពេលបញ្ចប់តង់ទី1 ក្នុងការប្រកួតលីកគ្រានោះ។ Oscar នឹងមិនបានចូលលេងរហូតដល់ចុងខែសីហា៕
    ប្រភពពី៖ Sports.yahoo

     

  • កម្ពុជា-វៀតណាម នឹងបង្កើនទំហំពាណិជ្ជកម្ម ឲ្យដល់ 5ពាន់លានដុល្លារ

    កម្ពុជា-វៀតណាម នឹងបង្កើនទំហំពាណិជ្ជកម្ម ឲ្យដល់ 5ពាន់លានដុល្លារ

    ភ្នំពេញៈ មេដឹកនាំកម្ពុជា-វៀតណាម បានខិតខំជំរុញធ្វើយ៉ាងណាឲ្យទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន 5ពាន់លានដុល្លារអាមេរិក នៅក្នុងពេលឆាប់ៗខាងមុខនេះ។

    លោក ថាច់ យ៉ឺ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានបញ្ជាក់ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី50 ថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម (24 មិថុនា ឆ្នាំ1967-24 មិថុនា ឆ្នាំ2017) នាយប់ថ្ងៃទី22 ខែមិថុនាម្សិលមិញនេះថា កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងមកដល់ពេលនេះវៀតណាមបានក្លាយជាដៃគូសេដ្ឋកិច្ចមួយក្នុងចំណោមដៃគូសេដ្ឋកិច្ចចម្បងរបស់កម្ពុជា។
    ក្នុងឆ្នាំ2016 ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងជិតដល់ 3ពាន់លានដុល្លារអាមេរិក ហើយភាគីទាំងពីរបានឯកភាពគ្នាថា នឹងខិតខំជំរុញ ដើម្បីឱ្យទំហំពាណិជ្ជកម្មទ្វេភាគីអាចសម្រេចបានដល់ 5ពាន់លានដុល្លារអាមេរិក នៅក្នុងពេលឆាប់ៗខាងមុខ។

    សេដ្ឋវិទូ ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា លោកជឿថាពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម និងជាមួយប្រទេសក្នុងតំបន់ដទៃទៀតនឹងបន្តរីកចម្រើនទៅមុខ ប៉ុន្តែបើគិតពីការនាំចូលវិញ គឺកម្ពុជាបាននាំចូលទំនិញពីប្រទេសថៃច្រើនជាងវៀតណាម។ លោកបន្តថា មានការលើកឡើងពីអ្នកជំនាញនៃមូលនិធិរូបិយប័ណ្ណអន្តរជាតិថា ប្រទេសដែលស្ថិតនៅក្បែរប្រទេសជឿនលឿននឹងទទួលបានភាពជឿនលឿនផងដែរ ដោយសារតែការទទួលបានឥទ្ធិពលវិជ្ជមានពីប្រទេសទាំងនោះ។

    លោកបន្តថា “គំនិតធំនៅក្នុងការធ្វើពាណិជ្ជកម្មជាមួយប្រទេសក្នុងតំបន់គឺ ធ្វើយ៉ាងណាឲ្យមានទំនាក់ទំនងល្អជាមួយគ្នា ហើយទំហំសេដ្ឋកិច្ចតូចឬធំជារឿងធម្មតា”។ លោកបន្តថា “យើងមានវត្ថុធាតុដើម ប៉ុន្តែយើងមិនអាចកែច្នៃបាន ហេតុនេះយើងត្រូវពឹងប្រទេសជិតខាងដែលមានកន្លែងកែច្នៃ មានកំពង់ផែជិតដែលធ្វើឲ្យតម្លៃដឹកជញ្ជូនទាបជាងយើង”៕

  • អស់ទាស់! ស៊ឹម  ស្រីមុំ លេងឈុតហែលទឹកធ្វើឱ្យប្រុសៗចង់ក្ដៅខ្លួនអស់ទាស់!

    អស់ទាស់! ស៊ឹម  ស្រីមុំ លេងឈុតហែលទឹកធ្វើឱ្យប្រុសៗចង់ក្ដៅខ្លួនអស់ទាស់!

    កន្លងមកគេធ្លាប់តែឃើញកញ្ញាស៊ឹម ស្រីមុំ ស្លៀកពាក់សុភាពៗ មិនថាជីវិតក្នុងឆាក ឬក្រៅឆាកសម្ដែងនោះទេ តែថ្មីៗនេះនាងបានធ្វើឱ្យមហាជន ពិសេសប្រុសៗតែម្តង នាំគ្នាជ្រួលជ្រើមបន្ទាប់ពីបានឃើញនាងស្លៀកឈុតហែលទឹកបង្ហាញសាច់ឈរនៅមាត់សមុទ្រ។

    អ្នកដែលចូលចិត្ដបទរបស់លោកខេម ដែលមានចំណងជើងថា៖ «ខា្លចហើយលុយ» ប្រាកដជាចាំមុខតារាសម្ដែងស្រីរូបនេះមិនខាន។ ម៉េចដែរ! តើការសម្ដែងនៅក្នុងបទចម្រៀងនោះចរិតឫកពាសុភាពរាបសារទេ?  អ៊ីចឹងហើយទើបគេមិននឹកស្មានថា កញ្ញាស៊ឹម ស្រីមុំ ហ៊ានលេងខ្លួនឡើងកប់ស៊េរីដូចនារីអឺរុបបែបនេះសោះ។ ជាមួយគ្នានេះដែរ គេបានចាប់អារម្មណ៍នូវសំដីរបស់នាងដែលនិយាយថា៖ «ចូរដាស់តឿនខ្លួនឯងថា អ្វីដែលគេធ្វើកើត យើងក៏ធ្វើកើតដែរ ការងារច្រើន ការងារធ្ងន់ ខ្ញុំមិនខ្លាចទេ ខ្ញុំខ្លាចតែអត់ការងារធ្វើ»។

    តាមរយៈឃ្លាទាំងនេះគេសន្និដ្ឋានថា តារាសម្ដែងដែលធ្លាប់តែស្លៀកពាក់សុភាព រម្យទមនោះ ទំនងជាកំពុងតែចង់ផ្លាស់ប្ដូរស្ទីលការតុបតែងខ្លួនហើយ ព្រោះឃើញតារាជាច្រើនហ៊ានចំណាយភាពសិចស៊ីបង្អួតមហាជនតាមរយៈការសម្ដែងហើយទទួលបានជោគជ័យ។

    កញ្ញាស៊ឹម ស្រីមុំ បញ្ជាក់ថា នាងគ្មានបំណងចង់បញ្ចេញភាពសិចស៊ីបង្អួតនរណាទេ ការស្លៀកឈុតប៊ីគីនីនេះ គឺនាងស្លៀកនៅពេលទៅហែលទឹកសមុទ្រ  ពោលគឺក្នុងតែគ្រាដែលនាងប្រើជីវិតឯកជនដើម្បីសប្បាយរីករាយជាមួយនឹងមិត្ដភ័ក្ដិប៉ុណ្ណោះ។ នាងបន្ដថា នាងពុំមានអារម្មណ៍ខ្មាស់អៀនអ្វីទេ ព្រោះនៅមាត់សមុទ្រ ភាគច្រើនគេស្លៀកអ៊ីចឹង បើអ្នកណាគេមិនហ៊ានស្លៀកឈុតហែលទឹក គេក៏ស្លៀកជិតៗទៅ ជាសិទ្ធិរបស់គេតើ!។

    តារាសម្ដែងរូបនេះបញ្ជាក់ថា ទោះជានាងគ្មានចេតនាបង្អួតភាពសិចស៊ីទៅកាន់មហាជនពិតមែន ប៉ុន្ដែប្រសិនបើមានអ្នកដឹកនាំរឿងណាមានចំណាប់អារម្មណ៍លើនាង  តម្រូវឱ្យនាងលេងស្ទីលសិចស៊ីបែបនេះ ឬឈុតស្នេហាក្នុងរឿងណាមួយ គឺនាងអាចធ្វើបាន។ ស្រីមុំ បញ្ជាក់ថា៖ «កន្លងមកដោយសារតែមានកិច្ចការផ្ទាល់ខ្លួនរវល់ច្រើន ទើបខ្ញុំមិនទាន់ទទួលយកការងារសម្ដែងភាពយន្ដច្រើន ព្រោះខ្លាចខូចការងារគេ ប៉ុន្ដែពេលនេះខ្ញុំអាចទទួលយកការងារសម្ដែងបានពេញទំហឹងហើយ ដូច្នេះប្រសិនបើមានរឿងណាតម្រូវឱ្យសម្ដែងឈុតសិចស៊ីនោះខ្ញុំក៏ចង់ភ្លក្សរសជាតិនៃការសម្ដែងបែបហ្នឹងដែរ ព្រោះធ្លាប់តែសម្ដែងសុភាពៗមករហូតហើយ»៕

  • រឿងពិតនៅពីក្រោយ​ភាពជោគជ័យ​របស់​ប្រធាន​អគ្គ​នាយក​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ហត្ថា​កសិករ

    រឿងពិតនៅពីក្រោយ​ភាពជោគជ័យ​របស់​ប្រធាន​អគ្គ​នាយក​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ហត្ថា​កសិករ

    ភ្នំពេញ៖ ជា​កូន​កសិករ​រស់​នៅ​ទី​ជនបទ​ដាច់​ស្រយាល ដែល​ពី​តូច​ដើរ​លក់​នំបុ័ង​ដើម្បី​យក​លុយ​ទៅ​រៀន លោក​ឧកញ៉ា ហួត អៀងតុង បាន​ខិត​ខំ​តស៊ូ​ព្យាយាម​យ៉ាង​ខ្លាំង ​គួបផ្សំ​នឹង​ឱកាស​ហុច​ឱ្យ​ផង​នោះ លោក​ក៏​បាន​អភិវឌ្ឍន៍​ខ្លួន​បន្តិច​ម្តងៗ​ពី​បាត​ដៃ​ទទេ រហូត​ក្លាយ​ជា​ប្រធាន​អគ្គ​នាយក​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីតធីត និង​ជា​ប្រធាន​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា។

    ពាក់ព័ន្ធ​នឹង​ប្រវត្តិ​ដ៏​កំសត់​នេះ ​អ្នក​យក​ព័ត៌មាន​ ​ឡារ៉ែន ​បាន​ជួប​សម្ភាសន៍​ជា​មួយ​លោក​ឧកញ៉ា ដែល​ស្តាប់​ទៅ​សឹង​មិន​គួរ​ឱ្យ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​លោក​ឧកញ៉ា​បញ្ជាក់​ថា៖​ “​មិន​គួរ​ឱ្យ​ជឿ​យ៉ាង​ម៉េច បើ​ខ្ញុំ​មាន​ប្រវត្តិ​កំសត់​ដូច្នេះ​មែន​នោះ”។ លោក​ឧកញ៉ា ហួត អៀងតុង ចាប់​កំណើត​ក្នុង​ឆ្នាំ 1968 ក្នុង​ភូមិ​លាច ឃុំ​លាច ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយ​មាន​ឪពុក​ជា​គ្រូ​បង្រៀន និង​ម្តាយជា​កសិករ។ ក្នុង​ចំណោម​បង​ប្អូន​ចំនួន ​5​នាក់ លោក​គឺ​ជា​កូន​ទី2 ដែល​មាន​បងស្រី​តែ​ម្នាក់​គត់ ​អាច​ជួយ​ធ្វើ​ការ​ទំនុក​បម្រុង​ក្នុង​គ្រួសារ​ជាមួយ​ម្តាយ។ បន្ទាប់​ពី​ចាប់​កំណើត​មិនទាន់បាន​ដឹង​ក្តី​ផង សង្គ្រាម​បង្ហូរ​ឈាម​រវាង​ខ្មែរ​នឹង​ខ្មែរ​ក៏​បាន​ផ្ទុះ​ឡើង​ ដែល​នៅ​ពេល​នោះជីវិត​កាន់​តែ​កម្សត់​បាន​ធ្លាក់​មក​លើ​​កុមារ​ អៀងតុង ព្រោះ​លោក​ឪពុក​ត្រូវ​ពួក​ខ្មែរ​ក្រហម​យក​ទៅ​សម្លាប់​ចោល ចំណែក​ម្តាយ​ និង​បងប្អូន​ទាំង ​5​នាក់ ត្រូវ​ជម្លៀស​ឱ្យ​ទៅ​នៅ​កន្លែង​ដែល​ជីតា​រស់​នៅ​គឺ​ក្នុង​ឃុំ​ស្យា ស្រុក​កណ្តៀង ខេត្ត​ពោធិ៍សាត់។ យ៉ាង​ណា​ក៏​ដោយ​សារ​នៅ​វ័យ​ក្មេង​ពេក​ ពេល​នោះ​កុមារ អៀងតុង ​មិន​សូវ​បាន​ចាំ​ពី​ការ​លំបាក​ទេ ប៉ុន្តែ​អ្វី​ដែល​រូប​គេ​ចាំ​មិន​ភ្លេច​នោះគឺ​៖ “នា​សម័យ​នោះ​ គេ​មិន​ឱ្យ​ខ្ញុំ​ហូប​គ្រប់​គ្រាន់ទេ ​ជា​ហេតុ​ធ្វើ​ឱ្យ​ខ្ញុំ​​​តែង​លួច​រត់​ចេញ​ពី​កង​កុមារ​ទៅ​រក​ជីតា​ចាស់​ជរា​នៅ​ផ្ទះ​ ហើយ​ទៅ​​ចាប់​ត្រី​ក្នុង​បឹង​ដើម្បី​យក​មក​ឱ្យ​ជីតា​ធ្វើ​ម្ហូប​ឱ្យ​ហូប”។

    ព្រលឹម​បាត់​ព្រលប់​មក​ដល់​ ធ្មេច​បើកៗ​ឆ្នាំ​1979 បាន​មក​ដល់ ប្រទេស​ក៏​ត្រូវ​បាន​រំដោះ​ ពេល​នោះ​លោក​ត្រូវ​​ចូល​រៀន តែ​ម្តាយ​ត្រូវ​ត្រឡប់​ទៅ​នៅផ្ទះ​វិញ​ជាមួយ​បង​ប្អូន។ ដូច្នេះ​​កុមារ អៀងតុង ត្រូវ​នៅ​ជាមួយ​ម្តាយ​មីង​នៅ​ទីនោះ​​ដើម្បី​ចុះ​ឈ្មោះ​ចូល​រៀន។ ការ​រស់​នៅ​ជា​មួយ​ម្តាយ​មីង គឺ​លោក​ត្រូវ​ជួយ​ធ្វើ​ការ​សព្វ​បែប​យ៉ាង​នៅ​ក្នុង​ឡ​នំបុ័ង​ ដោយ​​ក្រៅពី​ជួយ​​កិន​ម្សៅ ​ហើយ​នោះ​កុមារា អៀងតុង ត្រូវ​ងើប​ពី​ដំណេក​នៅ​ម៉ោង​​1 ​ឬ2​រំលង​អធ្រាត្រ​ជា​រៀង​រាល់​ថ្ងៃ ​​ដើម្បី​ជួយ​ដុត​ភ្លើង​ឡ​​នំបុ័ង។ នៅ​ជា​មួយ​ម្តាយ​មីង ដោយ​សារ​តែ​ជីវភាព​គ្រួសារ​ខ្សត់​​ខ្សោយ​ដែរ​នោះ គាត់​បាន​ត្រឹម​តែ​ផ្គត់​ផ្គង់​​បាយ​ទឹកប៉ុណ្ណោះ ដោយ​​មិន​មាន​លុយ​ផ្តល់​ឱ្យ​សម្រាប់​ទៅ​រៀន​នោះ​​ទេ ដូច្នេះ​កុមារ អៀងតុង ត្រូវ​ដើរ​ទូល​នំបុ័ង​លក់​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​បាន​លុយ​ញ៉ាំទឹកកក​ឈូស​ និង​ទិញ​អន្សម​អាំង​ញ៉ាំ ហើយ​នឹង​សន្សំ​ទុកខ្លះ​សម្រាប់​​ទិញ​សៀវភៅ​ និង​សម្លៀក​បំពាក់​​។

    លោក​ឧកញ៉ា​ បាន​រំលឹក​ថា​៖ “ពេល​​នោះដើម្បី​បាន​លុយ​ទៅ​រៀន ខ្ញុំ​ត្រូវ​ដើរ​ទូល​នំបុ័ង​លក់​មួយ​ថ្ងៃ​ឱ្យ​បាន​20​​ ព្រោះ​​​នំ​10​ចំណេញ​បាន​ 2​រៀល ហើយ​នំ​20 ​ចំណេញ​បាន​4​រៀល ដូច្នេះ​ខ្ញុំ​ចាយ​ 2រៀល​ ទុក​2រៀល​សន្សំ​ទិញ​​សៀវភៅ​ និង​ខោអាវ។ កាល​នោះ​​ខ្ញុំ​ចាំ​បាន​ថា ខ្ញុំ​ចូល​ចិត្ត​ញ៉ាំ​បបរ ទឹកកក​ឈូស និង​អន្សមអាំង ដោយ​​អន្សម​​អាំង​មួយ​ថ្លៃ​5​កាក់ ហើយ​ទឹកកក​ឈូស​មួយ​កែវ​​ថ្លៃ​ 5កាក់​ដែរ។ ដោយ​សារ​មាន​អនុស្សាវរីយ៍​បែប​នេះ ទើប​​​​បច្ចុប្បន្ន​ខ្ញុំ​តែង​ទិញ​នំ​អន្សម​​ច្រើនៗ ​យក​មក​ចែកឱ្យ​​បុគ្គលិក​ហូប ទោះ​ហូប​មិន​អស់​ក៏​ទិញ​ច្រើន​ដែរ ព្រោះ​​អន្សម​អាំង​នឹង​ហើយ​ដែល​រួម​ចំណែក​ជួយ​ឱ្យ​ខ្ញុំ​មាន​ថ្ងៃ​នេះ”។

    ងាក​មក​ការ​សិក្សា​ដោយ​សារ​វ័យ​កាន់​តែ​ច្រើន នៅ​សម័យ​នោះ​លោកគ្រូ​បាន​តម្រូវ​ឱ្យ​សិស្ស​រៀន​ផ្លោះ​ជា​ច្រើ​នថ្នាក់​ដើម្បី​តាម​ឱ្យទាន់​កម្មវិធី ហើយ​មិនបាន​ប៉ុន្មាន​ផង លោក​ក៏បាន​ជាប់​អាហា​រូបករណ៍​ទៅ​រៀន​នៅ​វិទ្យាល័យ​នេតយ៉ង់ (ខេត្ត​បាត់ដំបង) ដោយ​ត្រូវ​វេច​បង្វិច​ចេញ​ពី​ផ្ទះ​ម្តាយ​មីង​ទៅ​​ស្នាក់​នៅ​រៀន​សូត្រ​ក្នុង​វិទ្យា​ល័យ​​។ លោក​បាន​បន្ត​ថា លោក​ហាក់​ដូចជា​មាន​សំណាង​ដែរ ដែល​បាន​ជាប់​អាហារូបករណ៍​ក្នុង​ចំណោម​​សិស្ស ​​100​នាក់ ចេញ​ពី​អនុវិទ្យាល័យ​ពោធិ៍សាត់។

    ឧកញ៉ាថ្លែងថា៖ “បន្ទាប់​ពី​បាន​ទៅ​បន្ត​ការ​សិក្សា​​​ អ្វី​ដែល​កម្សត់​នោះ​ គឺ​កន្លែង​គេង​ចង្អៀត​ ហើយ​ត្រូវ​គេង​លើ​តុ​ស្ទើរ​រាល់​យប់ ចំណែក​​ម្ហូប​អាហារ​គឺ​ហូប​គ្រាន់តែ​កុំឱ្យ​ឃ្លាន​ប៉ុណ្ណោះ មិនមាន​អនាម័យ​​ទេ ត្បិត​ថា​ស្ពៃ​ដែល​គេ​យក​មក​ស្ល​មិនមាន​ជាតិ​គីមី ប៉ុន្តែ​មាន​សុទ្ធ​តែ​ចៃ​ ពេល​ស្ល​ហើយ​អណ្តែត​​ពេញ​ឆ្នាំង ទាល់​តែ​យក​វែក​ដួស​ចេញ​ទើប​អាច​ហូប​បានរីឯ​អង្ករ​ គឺ​អង្ករ​លិច​ទឹក​ក្រហម​ពេញ​ឆ្នាំង​តែ​ម្តង។ តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​វា​​មិន​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​​រឹតតែ​ធ្វើឱ្យ​សុខភាព​រឹងមាំ ព្រោះ​បាន​ហូប​អង្ករ​សម្រូប​​​​ច្រើន ហើយ​នៅ​ពេល​មក​លេង​ស្រុក​ម្តង​ៗខ្ញុំ​​តែង​តែ​​យក​ត្រីងៀត​ទៅវិញ​ទុក​គ្រាន់​ដាំ​ហូប​ខ្លួន​ឯង​ម្តង​ម្កាល​​”។

    រំលង​ទៅ​ប្រមាណ​ជា2-​3ឆ្នាំ ការសិក្សា​ក៏​ដល់​ថ្ងៃ​ប្រឡង​បាក់​ឌុប ហើយ​ទោះបី​ជា​សម័យ​នោះ​ការ​សិក្សា​​​តឹងរឹង​យ៉ាងណា ក៏​លោកបាន​ប្រឡង​ជាប់​បាក់​ឌុប​ក្នុង​ឆ្នាំ​1983​។ ក្រោយ​​ប្រឡង​ជាប់​បាក់​ឌុបគ្រួសារ​របស់​លោកមិនមាន​លទ្ធ​ភាព​ក្នុង​ការ​បញ្ជូន​​​លោក​ឱ្យ​មក​បន្តការ​សិក្សា​នៅ​​​ភ្នំពេញ​ឡើយ​ ពេល​នោះ​លោក​ក៏​បាន​​ចូលធ្វើការ​នៅ​មន្ទីរ​ស្បៀង​​ខេត្តពោធិ៍​សាត់។ ​កាលនោះ​​ដោយ​សារ​មិន​ទាន់​​អស់​សង្គ្រាម​ ​គេ​តែង​​តម្រូវឱ្យ​កម្មាភិបាល​ទាំង​អស់​ត្រូវ​​កាន់​កាំភ្លើង ដើម្បី​ត្រៀមចាំ​ឃ្លាំមើល​កម្លាំង​ខ្មែរ​ក្រហម​​ខ្លាចក្រែង​ចូលមកឆក់​​ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ។ ដោយ​ចិញ្ចឹមចិត្ត​ចង់​រៀន​បាន​ខ្ពស់​លោក​ក៏បាន​ដាក់ពាក្យ​ប្រឡង​យក​អាហារូបករណ៍​នៅវិទ្យាស្ថាន​អប់រំ​កសិកម្ម (​សាកល​វិទ្យាល័យ​​ភូមិន្ទ​កសិកម្ម​) ហើយពេល​នោះ​លោក​ក៏​បានប្រឡង​ជាប់​ ដោយ​ការ​ស្នាក់នៅ​ហូប​ចុក​​ជា​បន្ទុក​របស់​វិទ្យាស្ថាន​។

    លោកឧកញ៉ា ​បាន​រំលឹក​ថា ជំនាញ​កសិកម្មនៅ​​ពេល​នោះ គេ​មិនសូវ​ចង់បាន​ទេ ប៉ុន្តែ​ដោយ​សារ​មិន​មាន​​ថវិកាសម្រាប់​ចូល​រៀន​សាលា​ល្អៗ​លោក​ក៏​​ចេះតែ​រៀន​ទៅ។ អំឡុង​ពេល​រៀន​​នោះ​លោក​ក៏បាន​រៀប​អាពាហ៍​ពិពាហ៍​​ជាមួយ​កូនអ្នក​ភ្នំពេញ ជា​អាជីវក​របោះ​ដុំ​សា​រ៉ុង​នៅ​ផ្សារ​អូឡាំពិក ហើយលោក​ក៏​នៅតែ​​​បន្ត​​ការ​សិក្សា​រហូតដល់​ចប់​ក្នុង​​ឆ្នាំ1992។ ជា​​ចៃដន្យនៅ​ពេល​បញ្ចប់​ការ​សិក្សា​​អង្គការ Cambodia Canada Development Bank ត្រូវការ​អ្នកស្រាវជ្រាវ​ផ្នែក​កសិកម្ម​នៅ​ខេត្តពោធិ៍សាត់ លោកក៏បាន​ដាក់ពាក្យ​ជាប់​នៅ​ទីនោះ ក្រោយពី​ចាប់​ប៉ុ​ស្តិ៍​ធ្វើការ​នៅ​មន្ទីរ​កសិកម្ម​ទីនោះ​រួចមក​។

    ដោយសារ​​មានការ​យកចិត្តទុកដាក់​ធ្វើការងារ​បាន​ជោគជ័យ​ អង្គការ​ក៏​បាន​ផ្តល់​សេចក្តី​ទុក​ចិត្តឱ្យ​លោក​​​គ្រប់គ្រង​គម្រោង​ថ្មី​ខាង​ផ្នែក​ឥណទាន គឺ​អង្គការ​ហត្ថាកសិករ​នេះ​តែម្តង ដែល​​​​ធ្វើការ​ដំបូង​នៅ​ក្នុង​​ស្រុក​ក្រគរ និង​ស្រុក​សំពៅ​មាស ដោយ​ផ្តល់​តែ​កម្ចី​លើ​ផ្នែក​កសិកម្ម​​​ប៉ុណ្ណោះ។ ដោយសារ​គម្រោង​ទទួល​បាន​ជោគ​ជ័យ លោក​ក៏​បាន​ពង្រឹង​សកម្មភាព​​កាន់​តែ​ធំ​រហូត​ក្នុង​​​ខេត្ត​ពោធិ៍សាត់​​​ទាំង​មូល​តែ​ម្តង​។ នៅ​ឆ្នាំ​2001 ធនាគារជាតិ​​នៃ​កម្ពុជា​ ក៏​បានចេញ​ច្បាប់មួយ​​ដោយ​​បាន​តម្រូវឱ្យ​អង្គការ​ឥណទាន​ទាំងអស់ ត្រូវ​ប្តូរទៅ​ជា​ក្រុម​ហ៊ុន​​ឯក​ជន ពេល​នោះ​លោក​ក៏​បំពេញ​សំណុំបែបបទ​ផ្លាស់ប្តូរ​មកជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ហើយ​​ក្រោយមក​ក៏​មាន​​អង្គការ Oxfarm កាណាដា ផ្តល់ជំនួយ​ប្រមាណ​​​​​ 40ម៉ឺន​ដុល្លារ ដើម្បី​ពង្រីកសកម្ម​ភាព​​ទៅគ្រប់​ខេត្ត​នៅ​តាម​​ដង​ទន្លេ​សាប ទើប​ធ្វើឱ្យ​គ្រឹះស្ថាន​កាន់​តែ​រីក​ធំធាត់ ហើយ​ពង្រីក​ជា​បន្តបន្ទាប់​រហូត​គ្រប់​ខេត្ត​ក្រុង​ទូទាំង​ប្រទេស ដោយ​ផ្តល់​កម្ចី​លើ​វិស័យផ្សេងៗជាច្រើន។

    គួរ​បញ្ជាក់ថា មកទល់​បច្ចុប្បន្ន​ហត្ថា​កសិករ​មាន​ការិយាល័យ ចំនួន156 នៅ​ទូទាំង​ប្រទេស និង​មាន​បុគ្គលិក​រហូតដល់ ​2,600នាក់។ អ្វីដែល​ធ្វើឱ្យ​គ្រឹះស្ថាន​របស់លោកឧកញ៉ា​ទទួល​បាន​​ជោគជ័យ គឺ​ដោយសារ​កត្តា​ខាងក្នុង​ និង​ខាង​ក្រៅ ដែល​កត្តា​​ខាងក្នុង​នោះ​គឺ​ ហត្ថាកសិករ​មាន​​ធនធានមនុស្ស​មាន​ជំនាញ​គ្រប់​គ្រាន់​ ចំណែក​កត្តា​ខាងក្រៅ នោះគឺ​​កំណើនសេដ្ឋកិច្ច​ដ៏​រឹង​មាំ ​និង​មាន​ស្ថិរភាព​នយោបាយ​ដ៏​ល្អរបស់​កម្ពុជា​៕