Author: វល័ក្ខ

  • ពិព័រណ៍ជំនាញ និងការសិក្សាជំរុញសិស្សកម្ពុជាឱ្យដើរលើផ្លូវត្រូវ

    ពិព័រណ៍ជំនាញ និងការសិក្សាជំរុញសិស្សកម្ពុជាឱ្យដើរលើផ្លូវត្រូវ

    ការជ្រើសរើសជំនាញសិក្សាត្រឹមត្រូវជារឿងមួយដែលសំខាន់សម្រាប់និស្សិតម្នាក់ៗ និងសង្គមទាំងមូល ព្រោះនៅពេលដែលសង្គមជាតិសម្បូរដោយមនុស្សមានសមត្ថភាព ឬជំនាញច្បាស់លាស់ នៅពេលនោះគ្រប់វិស័យនឹងមានការរីកចម្រើន។

    ដើម្បីផ្តល់ជូននូវព័ត៌មានស្តីពីអាជីពការងារនានាដល់សិស្សានុសិស្សនៅកម្ពុជា សមាគមអតីតនិស្សិតអាហារូបករណ៍ Fulbright បានរៀបចំពិព័រណ៍ជំនាញ និងការសិក្សា ឆ្នាំ 2017 ដោយមានការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធ។

    ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងនៅក្នុងពិព័រណ៍ជំនាញ និងការសិក្សាថា ការសិក្សារបស់មនុស្សនាពេលបច្ចុប្បន្ននេះ គឺមានសារៈសំខាន់ណាស់សម្រាប់ការរស់នៅ ហើយជំនាញទាំងអស់នោះចាំបាច់ត្រូវតែឆ្លើយតបជាមួយនឹងបញ្ហានានាដែលកំពុងកើតឡើង ឬជាប្រភពនៃចំណេះដឹងដើម្បីដោះស្រាយបញ្ហាមនុស្ស។

    ឯកឧត្តម ហង់ ជួនណារ៉ុន មានប្រសាសន៍ថា៖ «យុវជនកម្ពុជា គួររៀនស្គាល់ជំនាញឱ្យបានច្បាស់ ហើយព្យាយាមប្រើប្រាស់ចំណេះដឹងដែលមាននោះឱ្យអស់លទ្ធភាពដើម្បីដោះស្រាយបញ្ហានានាដែលកើតមានឡើងនៅក្នុងការរស់នៅ និងក្នុងសង្គម»។
    នៅក្នុងពិព័រណ៍ជំនាញ និងការសិក្សាឆ្នាំ 2017 នេះក៏មានការចូលរួមផងដែរពី ឯកឧត្តម William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងអ្នកជំនាញជាច្រើនទៀតដែលបានចែករំលែកបទពិសោធលើប្រធានបទមួយចំនួនដូចជា ការជ្រើសរើសជំនាញសិក្សា កម្រងសំណួរដើម្បីស្គាល់ខ្លួនឯង កិច្ចពិភាក្សាពីមុខជំនាញសិក្សា និងការសិក្សាតាមអេឡិចត្រូនិក ដើម្បីទាញយកអត្ថប្រយោជន៍ពីប្រព័ន្ធអ៊ីនធើណេត ដើម្បីអភិវឌ្ឍជំនាញ ជាដើម។ល៕

  • មាន​ឆ្ងល់​អត់! ហេតុអ្វី​បានជា​យើង​ស្ងាប?​

    មាន​ឆ្ងល់​អត់! ហេតុអ្វី​បានជា​យើង​ស្ងាប?​

    មនុស្ស​យើងម្នាក់ៗ ចេះ​ស្ងាប​តាំងពី​មិនទាន់​កើត ចេញពី​ផ្ទៃ​ម្តាយ រហូត​ទៅដល់​វ័យ ធ្វើជា​ជីដូន ជីតា ទួត​គេ។ មិនតែប៉ុណ្ណោះ សត្វ​ក៏​ចេះ​ស្ងាប​ដែរ។ ក៏ប៉ុន្តែ ហេតុអ្វី​បានជា​អ្នក​ទាំងអស់ នោះ​ចាំបាច់​ស្ងាប? គ្មាន​អ្នកណា​ដឹង​ច្បាស់​អំពី​មូលហេតុ​របស់​វា​ឡើយ ទោះជា​យ៉ាងណាក្តី​ក៏​នៅមាន​ទ្រឹស្តី​ជាច្រើន​ដែល​និយាយ​អំពី​មូល​ហេតុដែល​ធ្វើ​ឲ្យ​មនុស្ស​ត្រូវ​ស្ងាប។

    មូលហេតុ​ទីមួយ​នោះ​គឺ​នៅពេលដែល​យើង​មាន​ភាព​នឿយហត់ និង​មាន​អារម្មណ៍​ធុញថប់​ពីព្រោះ​នៅពេលដែល​យើង​មាន​អារម្មណ៍​បែបនេះ យើង​មិនអាច​ដកដង្ហើម​បាន​វែង​ដូចជា​ពេល​ធម្មតា​នោះទេ។

    យោងទៅតាម​ទ្រឹស្តី​មួយ​នេះ​បាន​ឲ្យ​ដឹងថា ខ្លួនប្រាណ​របស់​យើង​ស្រូបយក​អុកស៊ីសែន​បាន​តិច​ពីព្រោះ​ការដកដង្ហើម​របស់​យើង​មានការ​ថយចុះ។ដូច្នេះ​ការ​ស្ងាប​អាចជួយ​ឲ្យ​យើង​ស្រូបយក​អុកស៊ីសែន​ចូលទៅក្នុង​ឈាម និង​បញ្ជូន​ឧស្ម័ន​កាបូ​និ​ច​ចេញពី​ក្នុង​ឈាម។មួយវិញទៀត​ការ​ស្ងាប​អាចជួយ​ឲ្យ​យើង​គ្រប់គ្រង​កម្រិត​អុកស៊ីសែន និង​ឧស្ម័ន​ការ​បូ​និ​ច​នៅក្នុង​សារពាង្គកាយ​របស់​យើង។

    ការអះអាង​មួយ​នេះ​ស្តាប់ទៅ​ពិតជា​ល្អ​ខ្លាំងណាស់​ដោយឡែក​ការសិក្សា​ដទៃទៀត​បាន​បង្ហាញថា​ការ​ស្រូបយក​ឧស្ម័ន​អុកស៊ីសែន​ច្រើន​មិនអាច​កាត់បន្ថយ​ការ​ស្ងាប​បាន​នោះទេ។ ដូចគ្នានេះដែរ​ការទទួល​យក​នូវ​ឧស្ម័ន​កាបូ​និ​ច​ច្រើន​ក៏​មិនមែន​ធ្វើ​ឲ្យ​យើង​ស្ងាប​ច្រើន​ដែរ។

    អ្នក​ផ្សេងទៀត​ជឿជាក់ថា​ការ​ស្ងាប​អាចជួយ​ឲ្យ​សួត​របស់​យើង​មាន​ដំណើរការ​បានល្អ​ព្រមទាំង​មាន​សុខភាព​ល្អ។ទោះជា​យ៉ាងណាក្តី​ក៏​នៅមាន​ទ្រឺ​ស្តី​មួយទៀត​ដែល​និយាយ​អំពី រឿងនេះ​ដោយ​ពូកគេ​បាន​លើកឡើងថា​ស្ងាប​គឺ​ហាក់បីដូចជា​ជំងឺឆ្លង​មួយ​ប្រភេទ​ដែរ។

    ប្រសិនបើ​អ្នក​ស្ងាប​នៅក្នុង​ថ្នាក់​អ្នកដទៃ​ដែល​នៅក្នុង​ថ្នាក់​នោះ​ក៏​ចាប់ផ្តើម​ស្ងាប​តាម​អ្នក​ដែរ។ ជាពិសេស​ទៀត​នោះ​សូម្បីតែ​អ្នក​គិត​អំពី​រឿង​ស្ងាប​ក៏​អាចធ្វើ​ឲ្យ​អ្នក​ស្ងាប​បានដែរ៕

  • អូរឫស្សី ជាទីផ្សារម៉ូតូល្អទី 2 ដែលក្រុមហ៊ុនម៉ូតូជប៉ុនចង់បាន

    អូរឫស្សី ជាទីផ្សារម៉ូតូល្អទី 2 ដែលក្រុមហ៊ុនម៉ូតូជប៉ុនចង់បាន

    ក្រុមហ៊ុនម៉ូតូរបស់ជប៉ុន បានចាត់ទុកថា តំបន់អូរឫស្សីជាទីផ្សារល្អទី2 បន្ទាប់ពីតំបន់រោងកុនគីរីរម្យ ដែលក្រុមហ៊ុនចង់ដណ្តើមយក ដើម្បីបន្តយុទ្ធសាស្រ្ដវាយលុកទីផ្សារម៉ូតូនៅកម្ពុជា តាមរយៈការដាក់ចេញនូវស៊េរីម៉ូតូថ្មីៗ បំពាក់បច្ចេកវិទ្យាខ្ពស់។

    លោកឧកញ៉ា គង់ នួន អគ្គនាយកក្រុមហ៊ុន គង់ នួន គ្រុប ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិផ្តាច់មុខនាំចូល និងចែកចាយម៉ូតូ Yamaha នៅក្នុងប្រទេសកម្ពុជាពីប្រទេសជប៉ុន បានមានប្រសាសន៍អំពីទីផ្សារម៉ូតូនៅទីក្រុងភ្នំពេញថា តំបន់អូរឫស្សីជាទីផ្សារល្អ ដែលក្រុមហ៊ុនចង់ដណ្តើមយកបន្ថែមទៀតបន្ទាប់តំបន់រោងកុនគីរីរម្យ តាមរយៈការចាប់ដៃគូជាមួយនឹងតំណាងចែកចាយដែលមានបទពិសោធក្នុងវិស័យនេះជាង 30ឆ្នាំមកហើយធ្វើជាតំណាងចែកចាយម៉ូតូ Yamaha ដូចហាង អ៊ីវ ភីរុណ ជាដើម។

    លោកឧកញ៉ា ថ្លែងថា៖«តំបន់ក្បែររោងកុនគីរីរម្យជាទីផ្សារធំមួយ ខណៈតំបន់អូរឫស្សីជាទីផ្សារល្អទី 2 ដែលខាង Yamaha កំពុងធ្វើការវាយយក»។
    ក្រោយពីអវត្តមានជាច្រើនឆ្នាំនៃប្រភេទម៉ូតូម៉ូដែល Yamaha នៅក្នុងតំបន់អូរឫស្សី ដែលជាតំបន់លក់-ទិញម៉ូតូគ្រប់ម៉ូដែល គ្រប់ធុនមួយនៅក្នុងក្រុងភ្នំពេញ ឥឡូវនេះ Yamaha បាននឹងកំពុងពង្រីកវិសាលភាពរបស់ខ្លួនឡើងវិញហើយ។ យុទ្ធសាស្រ្ដរបស់ក្រុមហ៊ុនមិនអាចដំណើរការទៅមុខល្អបានទេ ប្រសិនបើគ្មានការសហការពីតំណាងចែកចាយតាមតំបន់សំខាន់ៗទាំងនោះ។

    លោកឧកញ៉ាបានបញ្ជាក់ថា «តាមរយៈបទពិសោធរបស់ខ្ញុំ និងយុទ្ធសាស្រ្តថ្មីរបស់ Yamaha ក្រោមការគ្រប់គ្រងរបស់ខ្ញុំផ្ទាល់ ខ្ញុំមានជំនឿចិត្តយ៉ាងមុតមាំថា គ្រប់ដៃគូអាជីវកម្មទាំងអស់ និងតំណាងចែកចាយរបស់Yamaha គ្រប់ប្រភេទនឹងទទួលបាននូវអត្ថប្រយោជន៍ និងភាគលាភគួរជាទីគាប់ចិត្ត ខ្ញុំ និងសហការី នឹងខិតខំស្វែងរកគ្រប់វិធីសាស្រ្ត ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ដៃគូអាជីវកម្មរបស់យើង ព្រមជាមួយនឹងតម្រូវការទីផ្សារបច្ចុប្បន្ន និងទៅថ្ងៃអនាគតផងដែរ។ ថ្ងៃនេះ គឺជាចំណុចចាប់ផ្តើមមួយដ៏ល្អបំផុត ដែលបង្ហាញអំពីភាពជាដៃគូយូរអង្វែងរវាងក្រុមហ៊ុន និងតំណាងចែកចាយថ្មី អ៊ីវ ភិរុណ»៕

  • ធ្លាយភ័ស្តុតាង Song Joong Ki និង Song Hyekyo នៅកោះបាលីជាមួយគ្នា

    ធ្លាយភ័ស្តុតាង Song Joong Ki និង Song Hyekyo នៅកោះបាលីជាមួយគ្នា

    ប្រព័ន្ធព័ត៌មាន MBC បានធ្វើបទសម្ភាសជាមួយអង្គរក្សរបស់តារាស្រី Song HyeKyoនៅលើកោះបាលី ដែលមានឈ្មោះថា Airbnb ដោយអះអាងថា លោកមានភ័ស្តុតាងដែលបង្ហាញថា តារាស្រី Song HyeKyo ពិតជាបានស្នាក់នៅលើកោះបាលីជាមួយតារាប្រុសរូបសង្ហា Song Joong Ki ពិតប្រាកដមែន ។

    ការដែលបានដឹងថា Airbnb ជាអង្គរក្សការពាររបស់តារាស្រី Song HyeKyo គឺដោយសារតែនាងបានបង្ហោះរូបជាមួយគ្នានៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាម របស់នាង ដោយមាន Kim Woo ri មិត្តភ័ក្ដិស្និទ្ធរបស់តារាស្រីរូបនេះ ជាអ្នកថតរូបឱ្យផងដែរ ។

    គួរបញ្ជាក់ផងដែរថា រូបភាពដែលអះអាងថា Song Hyekyo ពិតជាបាននៅលើកោះបាលីជាមួយ Song Joong Ki មែននេះ ត្រូវបានយកមកបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ MBC ហើយ Airbnb ថែមទាំងបានយកឃ្លីបវីដេអូមកបើកបង្ហាញនៅខណៈនោះផងដែរ ដូច្នោះហើយទើបបើទោះបីជា គូស្នេហ៍នៅក្នុងរឿង Descendants of the Sun លោក Song Joong Ki និងតារាឯកស្រី Song Hyekyo បានប្រកែកថា មិនបានបណ្ដើរគ្នាត្រសងនៅលើកោះបាលីនៃប្រទេសឥណ្ឌូនេស៊ីយ៉ាងណាក៏ដោយ ក៏សារព័ត៌មាន Koreabooបានបញ្ជាក់ថា គូស្នេហ៍ក្នុងរឿងមួយគូនេះកំពុងមានទំនាក់ទំនងស្នេហាក្រៅសិល្បៈ ពិតប្រាកដមែនហើយ៕

  • តារាស្រីថៃម្នាក់រិះគន់ការប្រគំតន្ត្រីរបស់ Britney Spears

    តារាស្រីថៃម្នាក់រិះគន់ការប្រគំតន្ត្រីរបស់ Britney Spears

    ការប្រគំតន្រ្តីដ៏ធំមួយរបស់កំពូលតារាចម្រៀង Britney Spears នៅក្នុងទីក្រុងបាងកក ប្រទេសថៃពិតជាកក្រើកមែនដោយសារមានអ្នកគាំទ្រជាច្រើនបានចូលរួម។

    នៅក្នុងវេទិកាប្រគំតន្រ្តី Britney Spears Live in Bangkok 2017 កំពូលតារាចម្រៀងប៉ុបស្រីរូបនេះ បានរៀបចំបទចម្រៀងដែលមានភាពពេញនិយមខ្លាំងដូចជាបទ Work Bitch, Womanizer, Gimme More, Slave4U, Toxic, Stronger, Me against the music ដែលសុទ្ធសឹងតែជាបទចម្រៀងដ៏ពេញចិត្តពេញថ្លើមរបស់អ្នកគាំទ្រ។

    ទន្ទឹមនឹងមានការគាំទ្រចំពោះការរៀបចំប្រគំតន្ត្រីខា្នតធំនេះ ស្រាប់តែតារាចម្រៀងស្រីថៃ Gam Wichayanee ជាតារាចម្រៀងប្រចាំផលិតកម្ម GMM Grammy បានចេញមុខរិះគន់អ្នករៀបចំការប្រគំតន្រ្តីនេះយ៉ាងចាស់ដៃ ដោយនាងបានអន់ចិត្តចំពោះអ្នករៀបចំកម្មវិធីដែលបានបណ្ដោយឱ្យអ្នកគាំទ្រមកឈរខាងមុខវេទិកាពាសពេញ ទាំងដែលនាងបានទិញសំបុត្រអស់ 12,000បាត ជាតម្លៃសំបុត្រថ្លៃជាងគេបំផុត ក្នុងការចូលទស្សនាការសម្ដែង Britney Spears ជួរមុខក្បែរឆាកវេទិកា តែបែរជាត្រូវខកចិត្តទៅវិញ។ នាងនិយាយថា” ខ្ញុំបានទិញសំបុត្រកៅអីជួរមុខគេតម្លៃ 12,000បាត ចំនួន 2សន្លឹក តែត្រូវខាងអ្នករៀបចំកម្មវិធីបណ្តោយឱ្យមនុស្សនៅខាងក្រោយរត់មកឈរបាំងជិតអស់ទៅវិញ ពិតជាល្អមែនទែន Britney Live in Bangkok” ៕

  • ភីយ៉ា វេកា រំពឹងទទួលបានប្រជាប្រិយភាពតាមរយៈ រូបភាពចេញពីកាមេរ៉ាទូរស័ព្ទ

    ភីយ៉ា វេកា រំពឹងទទួលបានប្រជាប្រិយភាពតាមរយៈ រូបភាពចេញពីកាមេរ៉ាទូរស័ព្ទ

    កាលពីប៉ុន្មានថ្ងៃមុនគ្រាដែលកញ្ញា ភីយ៉ា វេកា បានបង្ហោះរូបនាងថតនៅជិតអាងហែលទឹកដោយបានបង្ហាញឈុតប៊ីគីនីយ៉ាងស្រស់ស្អាតនោះ បានធ្វើឱ្យកើតមានចំណាប់អារម្មណ៍ជាខ្លាំងក្នុងបណ្ដាញសង្គមហ្វេសប៊ុក។

    ការបង្ហាញរូបភាពសិចស៊ីគួរឱ្យស្រឡាញ់នេះមិនត្រឹមតែធ្វើឱ្យអ្នកលេងក្នុងបណ្ដាញសង្គមមានចំណាប់អារម្មណ៍ប៉ុណ្ណោះទេ តែរូបភាពទាំងនោះក៏បានធ្វើឱ្យមហាជនជាច្រើនចង់ដឹងដែរថា តើកញ្ញាភីយ៉ា វេកា ជានរណា ជាតារាខ្មែរឬជាកូនកាត់រស់នៅបរទេស។


    កញ្ញា ភីយ៉ា វេកា ប្រាប់ថា នាងធ្លាប់ចូលប្រឡូកសិល្បៈតាំងពីប៉ុន្មានឆ្នាំមុនម្ល៉េះ គ្រាន់តែពេលនោះមិនទាន់មានមហាជនស្គាល់នាង។ ម្យ៉ាងដោយសារតែរវល់ជាមួយការសិក្សាផងនាងក៏ដកខ្លួនចេញពីសិល្បៈវិញទៅ។ ក្រោយពីមានពេលទំនេរច្រើន ពិសេសបានដឹងថាខ្លួនអាចមានទេពកោសល្យក្នុងសិល្បៈហើយ ទើបនាងសម្រេចចិត្ដចូលប្រឡូកក្នុងវិថីសិល្បៈនេះជាលើកទីពីរក្នុងនាមជាតារាបង្ហាញម៉ូដ។

    ជាមួយនឹងដងខ្លួនរាងតូចច្រឡឹង និងស្រឡូន ម្រាមដៃតូចស្ដើង-ងដូចបន្លាក្រូច លម្អរដោយសក់ខ្មៅវែងអន្លាយ ទម្រង់មុខអក្សរ V ច្រមុះស្រួច កែវភ្នែកខ្មៅយង់ បបូរមាត់ពណ៌ផ្កាឈូក ពិតជាធ្វើឱ្យបុរសៗដែលបានឃើញរូបនាងពត់ពេនលើអាងហែលទឹកនេះហើយ មិនត្រឹមតែធ្វើឱ្យគេនឹកសរសើរនូវទឹកដៃក្នុងការថតរូបដែលហាក់ដូចជាអ្នកថតរូបអាជីពប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យមានអារម្មណ៍ញាប់ញ័រមិនស្ងប់ទៀតផង។

    ភីយ៉ា វេកាបានបញ្ជាក់ថា រូបទាំងនោះនាងបានថតលេងដោយប្រើកាមេរ៉ាភ្លោះ Huawei P10 Plus គ្រាដែលនាងទៅកម្សាន្ដនៅឯខេត្ដសៀមរាប។ នាងបន្ដថា៖ «នៅពេលថតបានមួយប៉ុស្ដិ៍ គ្រាន់តែខ្ញុំយកទូរស័ព្ទមកមើល ខ្ញុំដឹងភ្លាមតែម្តងថា រូបនេះពេលបង្ហោះចេញទៅច្បាស់ជាមានការគាំទ្រច្រើនពីមហាជនជាមិនខាន»។

    តារាម៉ូដែលរូបនេះបានប្រាប់ទៀតថា នាងជាតារាសិល្បៈម្នាក់ដែលនិយមថតរូបលេង និងក្រោយពីបានឃើញរូបភាពនេះមានភាពស្រស់ស្អាតហើយ ធ្វើឱ្យនាងមានចិត្ដចង់បង្ហោះរូបភាពនេះតែម្ដង។ នាងបញ្ជាក់ថា ការបង្ហោះរូបភាពនេះអាចផ្ដល់ប្រយោជន៍ដល់នាងច្រើន គឺទី1អាចធ្វើឱ្យមហាជនបានស្គាល់នាងច្បាស់។ ទី2 គឺចង់ឱ្យបណ្ដាក្រុមហ៊ុននានាមើលឃើញពីសមត្ថភាពនៃការសម្ដែងរបស់នាង ខណៈនាងកំពុងតែចង់ទទួលបានការងារសិល្បៈច្រើនដើម្បីពង្រីកនូវប្រជាប្រិយភាព។
    ទោះជាយ៉ាងណាកញ្ញាភីយ៉ា វេកា ប្រាប់ថា ចាប់តាំងពីនាងចូលប្រឡូកសិល្បៈជាលើកទីពីរ នាងពុំទាន់បានថតភាពយន្ដម្ដងទេដូច្នេះនាងក៏ចង់ភ្លក្សរសជាតិការថតភាពយន្ដដែរប្រសិនបើមានផលិតកម្មណាត្រូវការនាង។

    ជាមួយសម្រស់ធម្មជាតិ និងរូបភាពប៉ុន្មានសន្លឹករបស់កញ្ញាភីយ៉ា វេកា ត្រូវបានគេទស្សន៍ទាយថា មិនយូរទេនាងនឹងទទួលបានប្រជាប្រិយភាព និងការពេញនិយមក្នុងវិស័យបង្ហាញម៉ូដ និង ថតស្ប៉តពាណិជ្ជកម្មឲ្យក្រុមហ៊ុន ទាំងក្នុង និងក្រៅសុ្រក គ្រាដែលបច្ចុប្បន្ននាងទទួលបានស្ប៉តសាប៊ូ Clear មួយរួចហើយ។ពាក់ព័ន្ធបញ្ហាផ្ទាល់ខ្លួន ភីយ៉ា នាងប្រាប់ថា បច្ចុប្បន្ននាងមិនទាន់មានគូកំណាន់ចិត្ដ ឬមានបុរសណាម្នាក់មើលថែចិត្ដគ្នាឡើយ ដោយសារចង់កសាងកេរ្តិ៍ឈ្មោះសិន។ ដូច្នេះបុរសណាដែលកំពុងតែចង់តាមដានបញ្ហាផ្ទាល់ខ្លួន និងមានចិត្ដលួចបេតីនាងអាចមានសង្ឃឹមឡើងវិញហើយ៕

  • អ្នកវិនិយោគធំៗក្នុងស្រុកមានសុទិដ្ឋិនិយមពីវិស័យអចលនទ្រព្យនៅ 10ឆ្នាំខាងមុខ

    អ្នកវិនិយោគធំៗក្នុងស្រុកមានសុទិដ្ឋិនិយមពីវិស័យអចលនទ្រព្យនៅ 10ឆ្នាំខាងមុខ

    ភ្នំពេញៈ អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យធំៗក្នុងស្រុកបាន សម្តែងសុទិដ្ឋិនិយមចំពោះវិស័យសំណង់ និងអចលនវត្ថុថា នឹងបន្តរីកចម្រើនបន្ថែមទៀតនៅរយៈពេល 10ឆ្នាំខាងមុខ។

    លោកជំទាវឧកញ៉ា លឹម ឈីវហូ អគ្គនាយិកាក្រុមហ៊ុន Attwood Group បានថ្លែងក្នុងវេទិកាតុមូលដែលផ្តោតការពិភាក្សាលើប្រធានបទ “លំនៅដ្ឋាន ខុនដូ និងតំបន់សេដ្ឋកិច្ចពិសេស” ក្នុងសន្និសីទ និងពិព័រណ៍អចលនទ្រព្យកាលពីម្សិលមិញថា មានការព្រួយបារម្ភពីអ្នកវិនិយោគក្នុងស្រុកមួយចំនួននៅពេលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាឆ្នាំ2018ខាងមុខ ប៉ុន្តែលោកជំទាវនៅតែបន្តវិនិយោគ និងជឿជាក់លើស្ថិរភាពនយោបាយរបស់ប្រទេស និងការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា។

    លោកជំទាវ លឹម ឈីវហូ បានបន្តថា “វិស័យនេះនៅតែមានការរីកចម្រើន និងទាក់ទាញអ្នកវិនិយោគថ្មីៗជាច្រើនទៀតមកកាន់កម្ពុជា ហើយលោកជំទាវទើបបានជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនចិនធំៗប្រមាណ 10ក្រុមហ៊ុនដែលចង់វិនិយោគលើវិស័យនេះនៅកម្ពុជា”។ លោកជំទាវបន្តថា “ប្រសិនជាប្រទេសចិនទម្លាក់អ្នកវិនិយោគមកតែបន្តិច កម្ពុជានឹងមានការរីកចម្រើនកាន់តែលឿនបន្ថែមទៀត”។

    លោកជំទាវបានបន្តថា ប្រសិនបើអ្នកវិនិយោគជប៉ុនតែ2ភាគរយ មកពីប្រទេសថៃមកវិនិយោគនៅកម្ពុជា ប្រជាជនកម្ពុជានឹងក្លាយជាអ្នកមានទាំងអស់គ្នា ព្រោះនៅប្រទេសថៃមានក្រុមហ៊ុនជប៉ុនរាប់ម៉ឺនក្រុមហ៊ុនដែលបាននិងកំពុងវិនិយោគនៅទីនោះ។

    លោកឧកញ៉ា សៀ រិទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge LandGroup បានថ្លែងថា លោកនៅតែមានសុទិដ្ឋិនិយមពីទីផ្សារអចលនវត្ថុនៅកម្ពុជា បើទោះជាគម្រោងដទៃទៀតអាចប្រឈមបញ្ហាក្តី ប៉ុន្តែគម្រោងរបស់លោកតែងទទួលបានជោគជ័យ ព្រោះលោកបានសិក្សាពីទីផ្សារច្បាស់លាស់ មានហិរញ្ញវត្ថុរឹងមាំ ហើយគម្រោងដែលលោកលក់ គឺលក់ Lifestyle មិនមែនលក់ខុនដូតែមួយមុខនោះទេ។

    ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ា លី ហួរ បានថ្លែងថា ប្រសិនជាកម្ពុជារក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយបែបនេះ វិស័យអចលនទ្រព្យនៅកម្ពុជានឹងបន្តរីកចម្រើនបន្តទៀត ដោយសារកំណើនសេដ្ឋកិច្ច កំណើនប្រជាពលរដ្ឋចូលមករស់នៅទីក្រុងភ្នំពេញ និងការកើនឡើងនូវចំនួនយុវជនដែលត្រូវការលំនៅដ្ឋានកើនឡើង។

    យោងតាមការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានរកឃើញថា ចាប់តាំងពីឆ្នាំ 2015ដល់ឆ្នាំ2030 កម្ពុជាត្រូវការលំនៅដ្ឋានចំនួន 80ម៉ឺនលំនៅដ្ឋានបន្ថែមទៀត ដោយសារ ចំនួនប្រជាជនរស់នៅរាជធានី ក្រុង និងទីប្រជុំជននៅឆ្នាំ2014 មានចំនួន 4.5លាននាក់ ស្មើនឹង 27.1ភាគរយ និងបន្តកើនឡើងដល់ 7.92លាននាក់នៅឆ្នាំ2030 ស្មើនឹង 44ភាគរយនៃចំនួនប្រជាជនកម្ពុជាសរុប៕

  • ចិនបើកការិយាល័យតំណាងពាណិជ្ជកម្មខេត្តគួយចូវនៅកម្ពុជា

    ចិនបើកការិយាល័យតំណាងពាណិជ្ជកម្មខេត្តគួយចូវនៅកម្ពុជា

    ភ្នំពេញ៖ ដើម្បីភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែមានសកម្មភាពរស់រវើកថែមទៀត ឯកឧត្តម Sun zhigang អភិបាលខេត្តគួយចូវកាលពីចុងសប្តាហ៍មុននេះបានសម្ពោធបើកការិយាល័យតំណាងពាណិជ្ជកម្មខេត្តគួយចូវ ប្រចាំកម្ពុជាក្រោមអធិបតីភាពឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

    ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មតំណាងរាជរដ្ឋាភិបាល និងក្នុងនាមឯកឧត្តមផ្ទាល់បានសម្តែងនូវការស្វាគមន៍ និងមោទនភាពជាខ្លាំងដែលខេត្តគួយចូវបានជ្រើសរើសកម្ពុជាជាប្រទេសដំបូងគេក្នុងប្រទេសអាស៊ានក្នុងការបង្កើតការិយាល័យតំណាងពាណិជ្ជកម្មក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរវាងកម្ពុជា និងខេត្តគួយចូវក្រោមក្របខ័ណ្ឌអនុវត្តគោលនយោបាយ ផ្លូវមួយខ្សែក្រវាត់មួយរបស់រដ្ឋចិន។

    ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបង្ហាញនូវលក្ខណៈអំណោយផលដែលដៃគូទាំងពីរ ត្រូវពូនជ្រំប្រើប្រាស់សក្តានុពលដែលក្នុងកិច្ចសហប្រតិបត្តិការលើវិស័យជាអាទិភាព ដូចជា ៖ការដោះដូរទំនិញ និងវិស័យទេសចរណ៍ជាដើម។ ដោយឡែកទាក់ទងនឹងវិស័យឧស្សាហកម្ម ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានស្នើឲ្យក្រុមហ៊ុនមកពីខេត្តគួយចូវវិនិយោគផ្នែកការបង្កើតសួនឧស្សាហកម្ម ផ្នែកបច្ចេកវិទ្យាព័ត៌មាន (IT) ដែលខេត្តគួយចូវមានការរីកចម្រើនជាខ្លាំងលើវិស័យនេះ។

    ក្នុងនោះដោយមានអំណោយផលផ្នែកធនធានធម្មជាតិស្រស់ត្រកាល សម្បូរដោយព្រៃភ្នំ និងទឹកជ្រោះ កម្ពុជាក៏ចង់បានបទពិសោធពីខេត្តគួយចូវនូវវិធីព្យាបាលរោគតាមបែបធម្មជាតិ អេកូ-បរិស្ថានដែលកម្ពុជាក៏មានទីតាំងបរិស្ថានធម្មជាតិអាចអនុវត្តបានដូចគ្នា ដែលវាក៏ជាចំណែកមួយក្នុងការទាក់ទាញវិស័យទេសចរណ៍ផងដែរ។ តាមរយៈការបើកការិយាល័យតំណាងនេះ ក្រុមហ៊ុនមកពីគួយចូវនឹងមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនឡើង ហើយភាគីកម្ពុជានៅរង់ចាំសហការសម្របសម្រួលជានិច្ច ។

    ឯកឧត្តម Sun zhigang អភិបាលខេត្តគួយចូវបានបង្ហាញនូវជំហរសហការរឹងមាំ និងមានជំនឿលើសក្តានុពលនៃប្រទេសទាំងពីរ ដែលអាចជំរុញក្នុងការផ្លាស់ប្តូរផ្នែកពាណិជ្ជកម្ម ទេសចរណ៍ ឧស្សាហកម្ម និងអប់រំ ជាដើម។ ឯកឧត្តមបានបញ្ជាក់ថា៖ បច្ចុប្បន្នមាននិស្សិតកម្ពុជាទៅសិក្សាជំនាញផ្សេងៗនៅខេត្តគួយចូវ ប្រមាណជា300នាក់ ស្របពេលដែលខេត្តគួយ ចូវមានកិច្ចសហការជាមួយគ្រឹះស្ថានសិក្សានៅកម្ពុជាប្រមាណជាង20កន្លែង ដែលជាផ្នែកមួយក្នុងកិច្ចជំរុញវិស័យអប់រំនៃប្រទេសទាំងពីរ៕

     

     

  • គូស្នេហ៍តឿជាងគេលើពិភពលោកបំបែកឯកទគ្គកម្ម

    គូស្នេហ៍តឿជាងគេលើពិភពលោកបំបែកឯកទគ្គកម្ម

    ជួបជាមួយគូស្នេហ៍ដែលទាបជាងគេបំផុតនៅលើពិភពលោកយើងនេះ គឺលោក Paulo Gabriel da Silva Barros និងនាង Katyucia Lie Hoshino ដែលជាគូស្នេហ៍តឿបំផុតបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាដោយសេចក្តីស្រឡាញ់ និងពេញចិត្តពេញថ្លើមរវាងគ្នានឹងគ្នា។

    កូនកំលោះ Paulo ជាជនជាតិប្រេស៊ីល អាយុ 30 ឆ្នាំ មានតួនាទីការងារជាអនុលេខាធិការច្បាប់ ហើយបានជួបគូស្នេហ៍នាង Katyucia ជាជនជាតិដូចគ្នា អាយុ 27 ឆ្នាំ តាមរយៈបណ្ដាញសង្គមអនឡាញ ហើយនាងគឺម្ចាស់ហាងសម្អាងសម្ផស្សមួយកន្លែង ហើយភ្លាមៗនាងក៏មានអារម្មណ៍ស្នេហាផ្ទុះឡើង ហើយក៏បានទាក់ទងណាត់ជួបជាមួយ Paulo។

    យ៉ាងណាក៏ដោយ រឿងរ៉ាវដែលកើតឡើងនេះមិនមែនជារឿងងាយស្រួលនោះទេ ពួកគេបានពុះពារគ្រប់ឧបសគ្គ ដើម្បីបំពេញឱ្យបាននូវថ្ងៃអាពាហ៍ពិពាហ៍របស់ខ្លួន ហើយជាសំណាងល្អណាស់ដែល Katyucia បានសម្រេចចិត្តទទួលយកសេចក្ដីស្រឡាញ់ពីគូស្នេហ៍ និងមានឱកាសសប្បាយចិត្តដូចនៅថ្ងៃនេះ គឺជាថ្ងៃដែលអ្នកតាំងពីរបានប្រកាសការបំបែកឯកទគ្គកម្មពិភពលោកក្នុងនាមជាគូស្នេហ៍ទាបជាងគេបំផុតលើពិភពលោក។

    កម្ពស់របស់គូស្នេហ៍មួយគូនេះគឺ 71.42 inch ហើយទាបជាង 5 ហ្វីត ដែលរឿងនេះបានបង្ហាញឱ្យយើងឃើញពីកំណត់ត្រាថ្មី ដែលបានលើកទឹកចិត្តឱ្យមនុស្សជុំវិញពិភពលោកសម្លឹងឃើញនូវគុណសម្បត្តិនៃភាពខុសគ្នាខាងរូបរាង តែមានភាពស្មើគ្នាក្នុងរឿងស្នេហា និងអាពាហ៍ពិពាហ៍៕

  • ភាសា​អង់គ្លេស 16 ពាក្យ​ដែល​យើង​គិតថា​ដូចគ្នា តែ​ការពិត​វិញ វា​ខុសគ្នា​

    ភាសា​អង់គ្លេស 16 ពាក្យ​ដែល​យើង​គិតថា​ដូចគ្នា តែ​ការពិត​វិញ វា​ខុសគ្នា​

    ឡារ៉ែន ជឿថាមានមនុស្សជាច្រើនប្រហែលជាងឿងឆ្ងល់នឹងពាក្យដែលជាភាសាអង់គ្លេសដែលមានអត្ថន័យស្រដៀងគ្នា និងសង្ស័យថា តើហេតុអីបានភាសាអង់គ្លេសចាំបាច់បង្កើតពាក្យដែលមានអត្ថន័យដូចគ្នាឡើងមក 2ពាក្យធ្វើអី? ដើម្បីកុំឱ្យងឿងឆ្ងល់តទៅទៀត ថ្ងៃនេះទំព័រចំណេះដឹងទូទៅរបស់គេហទំព័រ ឡារ៉ែន សុំនាំលោកអ្នក និងប្អូនៗដែលជាសិស្សទាំងអស់មករៀនយល់ដឹងជាមួយអត្ថន័យរបស់ពាក្យដែលស្រដៀងគ្នាទាំងនោះដូចតទៅ ។

    ធាតុអាកាស


    Weather: មានន័យពីសភាពធាតុអាកាសដែលកើតឡើងមួយខណៈពេល នៅទីណាមួយ។
    Climate: មានន័យពីធាតុអាកាសជាមធ្យមដោយរួមរបស់ទីកន្លែងណាមួយ ពេញមួយអំឡុងពេលមួយ។

    សត្វអណ្តើក


    Turtle: គឺអណ្តើកដែលប្រើពេលវេលាភាគច្រើនរស់នៅក្នុងទឹក។
    Tortoise: គឺអណ្តើកដែលរស់នៅលើគោក។

    ប្រទេសអង់គ្លេស


    Great Britain: កោះប្រ៊ីធេនធំដែលមាន ប្រទេសអង់គ្លេស ប្រទេសស្កុតលែនដ៍ និង ប្រទេសវេលស៍។
    United Kingdom: សហរាជអាណាចក្រ ដែលមាន ប្រទេសអង់គ្លេស ស្កុតលែនដ៍ វេលស៍ និងប្រទេស អៃលែនដ៍ខាងជើង។

    ថ្នាំគ្រាប់


    Pill: គឺគ្រាប់ថ្នាំដែលជាឃែបស៊ូល (Capsul)។
    Tablet: គឺគ្រាប់ថ្នាំដែលជាម្សៅគ្រាប់។

    បង្គា


    Shrimp: គឺបង្គាដែលមានដង្កៀបតូចៗនៅម្តុំជើងខាងមុខ 2 ដែលមានជើងទាំងអស់ 5 ។
    Prawn: គឺបង្គាដែលមានដង្កៀបតូចៗនៅម្តុំជើងមុខ 3 ដែលមានជើងទាំងអស់ 5 ។

    ប៊័រ


    Butter: ប៊័រសុទ្ធ ធ្វើពីទឹកដោះគោ។
    Margarine: គឺប៊័រក្លែងក្លាយ ធ្វើពីប្រេងរុក្ខជាតិ។

    ផ្លែក្រូច


    Orange: គឺផ្លែក្រូចដែលមានរូបរាងមូល។
    Tangerine: គឺផ្លែក្រូចដែលមិនមូលថ្លុញ មានរាងសំប៉ែតបន្តិចនៅផ្នែកខាងលើ និងខាងក្រោម។

    ជែម និង ជេលលី


    Jam: ជែម ធ្វើចេញពីផ្លែឈើទាំងអស់។
    Jelly: ជេលលី ធ្វើពីទឹកផ្លែឈើមួយដំណាក់កាលទៀត។

    ជ័រលុប


    Eraser: គឺជ័រលុបដែលប្រើសម្រាប់លុបខ្មៅដៃ។
    Rubber: ច្រើនតែត្រូវបានគេហៅជា ស្រោមអនាម័យ។

    នំប៊ិស្គីត និងនំឃុកគី


    Biscuits: មានលក្ខណៈស្រួច ក្រុប។
    Cookies: គឺនំប៊ិស្គីតដែលមានភាពទន់ជាង។

    នំខាប់ខេក និងនំម៉ាហ្វហ្វ៊ីន


    Cupcakes: នំខាប់ខេកនឹងមានអៃហ្ស៊ិង។
    Muffins: នំម៉ាហ្វហ្វ៊ីន គ្មានអៃហ្ស៊ិង។

    ផ្សិត


    Mushrooms: គឺផ្សិតដែលញ៉ាំបាន។
    Toadstools: គឺផ្សិតមានជាតិពុល។

    តៅហ៊ូ និង ប៉ានីរ៍


    Tofu: តៅហ៊ូ ធ្វើពីសណ្តែកលឿង។
    Paneer: ប៉ានីរ៍ធ្វើពីទឹកដោះគោ។

    សត្វទន្សាយ


    Rabibits: គឺសត្វទន្សាយដែលកើតកូននៅក្នុងរូងឈើ។
    Hares: គឺសត្វទន្សាយដែលកើតកូននៅលើដីធម្មតា។

    សត្វក្រពើ


    Alligators: គឺសត្វក្រពើដែលមានច្រមុះជារាងអក្សរ U។
    Crocodiles: គឺសត្វក្រពើដែលមានច្រមុះជារាងអក្សរ V។

    សត្វកណ្តុរ


    Mouse: គឺសត្វកណ្តុរដែលមានខ្នាតតូច ប៉ុនៗកំប្រុក។
    Rat: គឺសត្វកណ្តុរដែលមានខ្លួនធំជាង មានទំហំ 18 – 25 សង្ទីម៉ែត្រ៕