Author: វល័ក្ខ

  • រដ្ឋមន្ត្រីក្រសួងអប់រំ ចង់ឃើញក្មេងខ្មែរចេះគ្រប់គ្រងហិរញ្ញវត្ថុ

    រដ្ឋមន្ត្រីក្រសួងអប់រំ ចង់ឃើញក្មេងខ្មែរចេះគ្រប់គ្រងហិរញ្ញវត្ថុ

    ការចេះគ្រប់គ្រងហិរញ្ញវត្ថុ គឺជាផ្នែកទន់យ៉ាងសំខាន់មួយសម្រាប់មនុស្សគ្រប់គ្នា ហើយវាក៏ជាផ្នែកមួយដែលជំរុញឱ្យមនុស្សទទួលបានជោគជ័យក្នុងជីវិតផងដែរ។ ពាក់ព័ន្ធនឹងបញ្ហានេះ សាលារដ្ឋ រួមទាំងឯកជនមួយចំនួនបានចាប់ផ្តើមបញ្ចូលមុខវិជ្ជាគ្រប់គ្រងហិរញ្ញវត្ថុនេះ ដើម្បីឱ្យសិស្សអាចរៀនសូត្របានយ៉ាងទូលំទូលាយ។

    ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រសួងអប់រំ ចង់ឃើញសិស្សកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់លើជំនាញទន់ឱ្យបានច្រើន ដើម្បីឱ្យអនាគតធនធានមនុស្សរបស់យើង មានភាពរឹងមាំសម្រាប់ការឆ្លើយតបគ្រប់តម្រូវការរបស់សង្គម។ ការបណ្តុះបណ្តាលផ្នែកជំនាញទន់ និងការហ្វឹកហាត់ផ្នែកសហគ្រិនភាព ជាផ្នែកមួយដែលក្រសួងអប់រំ យុវជន និងកីឡា កំពុងយកចិត្តទុកដាក់ ហើយដាក់សាកល្បងឱ្យគ្រូគាត់បណ្តុះបណ្តាល។

    ឯកឧត្តម ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា៖ «ខ្ញុំគិតថាការដែលបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុនេះ គឺត្រូវការការចូលរួមពីស្ថាប័ននានា ទាំងវិស័យឯកជន និងអង្គការសង្គមស៊ីវិលជាដើម ដើម្បីរួមចំណែកជាមួយស្ថាប័នរដ្ឋបណ្តុះបណ្តាលដល់សិស្សនៅកម្ពុជា»។

    គួរបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុនេះ នៅប្រទេសមួយចំនួនត្រូវបានគេដាក់បញ្ចូលតាំងពីកម្រិតបឋមសិក្សាមកម្ល៉េះ ហើយកម្ពុជាក៏មានគម្រោងជាច្រើនដើម្បីបណ្តុះបណ្តាលកុមារកម្ពុជាផងដែរលើផ្នែកសំខាន់មួយនេះ៕

  • Sky Tree អះអាងពីភាពរឹងមាំរបស់ខ្លួនក្រោយមានការគាំទ្រពីធនាគារក្រៅស្រុកចំនួន6

    Sky Tree អះអាងពីភាពរឹងមាំរបស់ខ្លួនក្រោយមានការគាំទ្រពីធនាគារក្រៅស្រុកចំនួន6

    ភ្នំពេញ – បន្ទាប់ពីសង្កេតឃើញសកម្មភាពនៃទីផ្សារគម្រោងខុនដូកំពុងតែមានដំណើរការយឺត គួបផ្សំនឹងស្ថានភាពនយោបាយផងនោះ បានធ្វើឱ្យមានការលើកឡើងថា មានគម្រោងខ្លះអាចនឹងបន្ធូរដៃក្នុងការសាងសង់ ចំណែកគម្រោងខ្លះទៀតអាចឈានទៅដល់ការផ្អាកការសាងសង់តែម្ដងក៏មាន។ ជាមួយគ្នានេះម្ចាស់គម្រោងអភិវឌ្ឍន៍ Sky Treeបានលើកឡើងថា ទោះយ៉ាងណាគម្រោងរបស់លោកនៅតែបន្ដពន្លឿនការសាងសង់ឱ្យទាន់ផែនការដដែល។

    រហូតមកដល់ពេលនេះគម្រោងអភិវឌ្ឍន៍ Sky Tree Condominium បានសាងសង់ឡើងដល់ជាន់ទី3 និងគ្រោងចូលដល់ជាន់ទី4 ហើយ លើសពីនេះក៏កំពុងតែជំរុញល្បឿននៃការសាងសង់ទាំងយប់ទាំងថ្ងៃដើម្បីធ្វើឱ្យទាន់ទៅតាមផែនការដែលបានសន្យាជាមួយអតិថិជន។

    លោក Scott Wu ម្ចាស់គម្រោងអភិវឌ្ឍន៍ Sky Tree Condominium នៃក្រុមហ៊ុន J&L Property បានលើកឡើងថា បើទោះជាមានការលើកឡើងជាច្រើនពីស្ថានភាពមិនសូវល្អនៃការអភិវឌ្ឍគម្រោងនានាក៏ដោយ ក៏គម្រោងអភិវឌ្ឍន៍ Sky Tree របស់លោកនៅតែបន្ដការអភិវឌ្ឍប្រកបដោយនិរន្ដរភាពដដែល។ លោកបន្ដថា បច្ចុប្បន្នយើងកំពុងតែជំរុញឱ្យមានការសាងសង់ទាំងយប់ទាំងថ្ងៃ និងថែមទាំងរក្សាបាននូវគុណភាពដើម្បីធ្វើយ៉ាងណាឱ្យសំណង់អាចបញ្ចប់ទៅតាមផែនការ។

    ម្ចាស់គម្រោងអភិវឌ្ឍន៍ Sky Tree Condominium នៃក្រុមហ៊ុន J&L Propertyបញ្ជាក់ថា៖”មូលហេតុដែលយើងហ៊ានអះអាងថា គម្រោង Sky Tree នឹងបញ្ចប់ទៅតាមផែនការនៅឆ្នាំ2019នោះ គឺដោយសារតែយើងមានទុនវិនិយោគគ្រប់គ្រាន់ យើងពុំបានយកលុយរបស់អតិថិជនមកធ្វើការវិនិយោគឡើយ។ អ្វីដែលកាន់តែពិសេសជាងនេះគឺ យើងទទួលបានការសហការពីធនាគារធំៗចំនួន6ដែលមានទីតាំងនៅក្នុងប្រទេសតៃវ៉ាន់។ ទាំងនេះគឺជាចំណុចខ្លាំងរបស់យើងដើម្បីបង្ហាញទៅដល់អតិថិជនឱ្យកាន់តែមានទំនុកចិត្ដ តាមរយៈការអភិវឌ្ឍរបស់ពួកយើងថា ពុំមានការបារម្ភអំពីទុនវិនិយោគទេ”។

    ធនាគារ6 ដែលបានធ្វើកិច្ចសហការជាមួយនឹងគម្រោង Sky Tree Condominiumមានដូចជា Taiwan  Cooperate bank, Land bank, Bank of Taiwan, Taiwan business bank និង Bank of Panhsin ព្រមទាំង Sunny bank។

    លោកScott Wuបញ្ជាក់ថា៖«មូលហេតុធនាគារទាំងនោះបង្កើតកិច្ចសហការជាមួយយើងព្រោះគ្រួសារWuរបស់ខ្ញុំជាគ្រួសារមានកិត្ដិយស កេរ្ដិ៍ឈ្មោះ និងភាពស្មោះត្រង់ក្នុងមុខជំនួញ។ ជាងនេះទៅទៀតគឺ គេសម្លឹងឃើញទីតាំងនៃការវិនិយោគរបស់ក្រុមហ៊ុនយើងល្អ ព្រមទាំងយុទ្ធសាស្រ្ដនៃការលក់របស់យើងខ្លាំង គួបផ្សំនឹងតម្លៃសមរម្យផងដែរ ទើបគេសម្រេចចិត្ដសហការ»។

    Sky Tree Condominium ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន J&L Development Company មានបទពិសោធក្នុងស្រុកជាង20ឆ្នាំ រួមជាមួយដៃគូយុទ្ធសាស្ត្រក្រុមហ៊ុន MCC CORPORATION ដ៏ល្បីឈ្មោះលំដាប់ពិភពលោកនៅទីក្រុងប៉េកាំង។ គម្រោងនេះបានសាងសង់នៅក្នុងឆ្នាំ2016 លើផ្ទៃដីសរុប 8,248ម៉ែត្រការ៉េ និងផ្ទៃអគារសរុប142,402ម៉ែត្រការ៉េ និងត្រូវបញ្ចប់ការសាងសង់នៅចុងខែមករា ឆ្នាំ2019  ។

    គម្រោងនេះមានទីតាំងនៅក្នុងខណ្ឌឫស្សីកែវ ជាទីតាំងល្អស្ថិតនៅក្បែរសាកលវិទ្យាល័យរដ្ឋ និងសាលាអន្តរជាតិ ផ្សារ TK Mall ផ្សារ Aeon Mall 2 សណ្ឋាគារ Raffles លំដាប់ថ្នាក់ផ្កាយប្រាំ។ ទន្ទឹមនឹងនេះលោកអ្នកអាចធ្វើដំណើរទៅព្រលានយន្តហោះដោយចំណាយពេលត្រឹមតែ 15 នាទី និងទៅកន្លែងវាយកូនហ្គោលត្រឹមតែ 10នាទីប៉ុណ្ណោះ៕

  • កម្ពុជាត្រៀមជួបបេឡារុសក្នុងការពង្រឹងកិច្ចសហការពាណិជ្ជកម្មទ្វេភាគី

    កម្ពុជាត្រៀមជួបបេឡារុសក្នុងការពង្រឹងកិច្ចសហការពាណិជ្ជកម្មទ្វេភាគី

    ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានរៀបចំកិច្ចប្រជុំដែលមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធដើម្បីត្រៀមកិច្ចប្រជុំលើកទី2នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងកម្ពុជា និងបេឡារុស ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី29 – 30ខែមិថុនា ឆ្នាំ2017 នាទីក្រុងមីនស្ក៍ នៃសាធារណរដ្ឋបេឡារុស។

    លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សា និងប្រមូលធាតុចូលលើសេចក្តីព្រាងរបៀបវារៈ និងកំណត់ហេតុរួមផ្តល់ដោយភាគីបេឡារុសសម្រាប់ជំនួបទ្វេភាគីខាងលើនៅប្រទេសបេឡារុសនាពេលខាងមុខ។

     

    សាធារណរដ្ឋបេឡារុសស្ថិតនៅទី្វបអឺរ៉ុបខាងកើត ដែលមានព្រំប្រទល់ជាប់នឹងប្រទេសចំនួន5រួមមាន រុស្ស៊ី និងប៉ូឡូញជាដើម ហើយជាសមាជិកនៃសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ដែលបច្ចុប្បន្នកម្ពុជាបាននិងកំពុងរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ។

    គួរកត់សម្គាល់ថា វិស័យឧស្សាហកម្ម និងសេវាកម្ម បានចូលរួមចំណែកប្រមាណ 40ភាគរយក្នុងផលិតផលជាតិសរុប ហើយពាណិជ្ជកម្មជាសារវន្តរួមមានរ៉ែ គីមី និងគ្រឿងយន្ត៕

     

  • ទស្សនាបទថៃថតក្នុងទឹកដីកំពង់ត្រាច ខេត្តកំពត ប្រទេសកម្ពុជា

    ទស្សនាបទថៃថតក្នុងទឹកដីកំពង់ត្រាច ខេត្តកំពត ប្រទេសកម្ពុជា

    អ្នកដឹកនាំសម្ដែងបទចម្រៀងដែលមានចំណងជើងថា “สวรรค์พราก” (សាវ៉ាន់ផ្រាក ) ជាបទចម្រៀងប្រចាំរឿងភាគ “นางฟ้าอสูร” (ណាងហ្វាអាស៊ូន) មានន័យជាភាសាខ្មែរយើងថា “ទេពធីតាអសុរកាយ” បានមកផ្ដិតយកទេសភាពធម្មជាតិពណ៌ខៀវខ្ចីស្រស់បំព្រងនៅលើទឹកដីរមណីយដ្ឋានស្រុកកំពង់ត្រាច ខេត្តកំពត ប្រទេសកម្ពុជាយើង។

    បទនេះដែរជាបទចម្រៀងក្នុងសាច់រឿងរបស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ 3 ថៃ ដែលច្រៀងដោយលោក កង ហួយរ៉ៃ(ម្ចាស់បទ សៃវ៉ាស៊ិ-បធិមកាន់ ដែលលោកអ្នកធ្លាប់បានស្ដាប់ និងសា្គល់តាមរយៈបទ ស៊ីបានចេះតែស៊ីទៅ ហ្នឹងឯង)។ គួរបញ្ជាក់ផងដែរថា បទដែលប្រកបទៅដោយមនោសញ្ចេតនាដ៏ឈឺចាប់មួយនេះ បាននិយាយរៀបរាប់អំពីអារម្មណ៍សោកសៅ របស់បុរសម្នាក់ដែលត្រូវសង្សារក្បត់ចិត្តទៅមានបុរសថ្មី ដោយបន្សល់ទុកនូវការឈឺចាប់ដដែលៗ និងបានញាំញីបេះដូងរបស់គេយ៉ាងខ្លាំង។ រហូតដល់ថ្ងៃមួយនោះនាងបានត្រឡប់មកវិញ តែជាដង្ហើមចុងក្រោយរបស់នាងទៅហើយ ទើបត្រូវធ្វើឱ្យបុរសម្នាក់នោះខូចចិត្តសោកស្តាយកាន់តែខ្លាំងជាថ្មីម្តងទៀត៕

    សូមទស្សនាវីដេអូចម្រៀងខាងក្រោមនេះ ៖

  • លោកឧកញ៉ា សៀ រិទ្ធី បង្ហាញវិធីសាស្រ្តវិនិយោគលើវិស័យអចលនទ្រព្យ

    លោកឧកញ៉ា សៀ រិទ្ធី បង្ហាញវិធីសាស្រ្តវិនិយោគលើវិស័យអចលនទ្រព្យ

    ភ្នំពេញៈ អ្នកវិនិយោគដ៏ជោគជ័យម្នាក់ក្នុងវិស័យអចលនទ្រព្យបានបង្ហាញពីវិធីសាស្រ្តទទួលបានជោគជ័យក្នុងការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ដែលអាចធ្វើឲ្យលោកអ្នកក្លាយជាអ្នកមានបាន។

    លោកឧកញ៉ា សៀ រិទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Land Groupបានថ្លែងក្នុងវេទិកាតុមូលស្តីពី “វិស័យលំនៅដ្ឋាន ខុនដូ និងតំបន់សេដ្ឋកិច្ចពិសេសកាលពីថ្ងៃម្សិលមិញថា ចាប់តាំងពីឆ្នាំ1993 លោកបានចាប់ផ្តើមវិនិយោគទិញ-លក់ដីធ្លី ដោយសារលោកមើលឃើញថា ពេលអង្គការសហប្រជាជាតិចូលមករៀបចំការបោះឆ្នោតប្រទេសរបស់យើងនឹងដើរទៅមុខ ពេលមានជីវភាពល្អ មនុស្សយើងត្រូវការផ្ទះរស់នៅ ទោះបីជាទៅដល់ណាក៏មនុស្ស និងសត្វត្រូវការជម្រកដូចគ្នាដែរ។

    លោកបន្តថា “វិនិយោគលើដីធ្លីត្រូវគិតពីធនធានរបស់យើង មិនមែនមានធនធាន10 យើងវិនិយោគដល់15នោះទេ ព្រោះវានឹងធ្វើឲ្យយើងជួបវិបត្តិហិរញ្ញវត្ថុ បើសិនជាកើតមានវិបត្តិសេដ្ឋកិច្ចពិភពលោក”។

    តើការទិញដីត្រូវពិនិត្យមើលចំណុចអ្វីខ្លះ? លោកសៀ រិទ្ធីបានពន្យល់ថា ដីនៅក្នុងពេលបច្ចុប្បន្ននេះក៏មិនទាន់ឡើងថ្លៃខ្ពស់ពេកដែរ ដូចនេះបើយើងមានធនធានច្រើនយើងវិនិយោគដីនៅក្នុងក្រុង តែបើមានលុយតិចយើងវិនិយោគនៅតំបន់ជាយក្រុង ប៉ុន្តែត្រូវពិនិត្យលើចំណុចចំនួនបីជាសំខាន់ ទី1 ទិញដីកុំឲ្យមានជម្លោះ ទី2 យើងមើលពីចរន្តរីកចម្រើននៅតំបន់នោះគួបផ្សំនឹងទិសដៅអភិវឌ្ឍន៍របស់រដ្ឋាភិបាល និងទី3 បដិវត្តន៍ដីគឺការទិញដី ឧទាហរណ៍លោកជំទាវ លឹម ឈីវហូ វិនិយោគនៅតំបន់មួយមានទំហំដី 350ហិកតា យើងត្រូវធ្វើការវិនិយោគនៅកន្លែងនោះដែរ តែត្រូវទទួលព័ត៌មានឱ្យបានមុនគេ ព្រោះបើដំណឹងនៃការអភិវឌ្ឍនោះ ឬគម្រោងនោះត្រូវបានអភិវឌ្ឍរួចហើយទើបយើងដឹងជាក្រោយ នោះគឺយើងអស់ឱកាសហើយ។
    លោកបន្តថា “ត្រូវរកដៃគូល្អវិនិយោគជាមួយគ្នា កុំធ្វើម្នាក់ឯងគឺយើងអាចធ្វើមានបានៗហើយ”៕

  • ហ៊ិន ច័ន្ទនិរ័ត្ន ព្រមានបុរសម្នាក់ថា នឹងលេងធម៌ក្ដៅ

    ហ៊ិន ច័ន្ទនិរ័ត្ន ព្រមានបុរសម្នាក់ថា នឹងលេងធម៌ក្ដៅ

    ថ្មីៗនេះពិធីការិនី ហ៊ិន ច័ន្ទនិរ័ត្ន បានធ្វើឱ្យហ្វ៊ែនៗរបស់នាងជាច្រើនមានការភ្ញាក់ផ្អើលគ្រាដែលនាងបានពន្លះបុរសម្នាក់តាមរយៈពាក្យសម្តីអសុរោះមួយចំនួន។ មិនតែប៉ុណ្ណោះនាងថែមទាំងបានព្រមានដល់បុរសម្នាក់នោះថា អាចនឹងមានការចាត់ការតាមផ្លូវច្បាប់ទៀតផង។

    នេះជាលើកទីមួយហើយដែលគេឃើញតារាសម្ដែង និងពិធីការិនីមានសម្តីស្រទន់ រូបនេះបានបង្ហាញនូវអារម្មណ៍ខឹងយ៉ាងខ្លាំងទៅកាន់អ្នកគាំទ្រខ្លួនតាមរយៈការប្រើពាក្យពេចន៍ថា៖«ចង់ព្រុស ព្រុសទៀតទៅ ព្រោះចេះតែព្រុសអត់សូវដឹងអី» ការប្រើពាក្យសម្តីធ្ងន់ៗបែបនេះគឺគ្រាដែលអ្នកគាំទ្ររបស់នាងបានបង្ហោះរូបដ៏ស្រស់ស្អាតរបស់នាងជាមួយនឹងសំណេរ៖ «ហ៊ានទាយម៉ូដែលទូរស័ព្ទអត់?”។

    បើទោះជាកញ្ញា ហ៊ិន ច័ន្ទនិរ័ត្ន មិនបានប្រាប់ពីមូលហេតុឱ្យបានជាក់ច្បាស់ថា ហេតុអ្វីបានជានាងខឹងបុរសម្នាក់នោះក៏ដោយ ក៏នាងបានប្រាប់ថា មកពីបុរសម្នាក់នៅប្រើសម្តីមិនសមរម្យដាក់នាងមុន ដូច្នេះនាងក៏ប្រើពាក្យសម្ដីតបទៅវិញពោលគឺ «បើតម្ពក់មិនទៅ ព្នៅក៏មិនមកដែរ»។ ទាំងនេះជាពាក្យប៉ុន្មានម៉ាត់ដែលនាងបានបកស្រាយទៅកាន់អ្នកគាំទ្រហ្វេសប៊ុកដទៃ។ លើសពីនេះនាងបានបញ្ជាក់ថា បើសិនបុគ្គលម្នាក់នោះនៅតែព្យាយាមបំផុសបំផុល និងញុះញង់បរិហារកេរិ័្ដនាងទៀត នាងនឹងចាត់ការតាមផ្លូវច្បាប់។

    មានការលើកជាចម្ងល់ពីសំណាក់មហាជនថា តើការនិយាយរបស់បុរសម្នាក់នោះមានការជ្រុលជ្រួសលើនាងបែបណាបានជានាងខឹងអីយ៉ាងហ្នឹង?។ ជាមួយគ្នានោះគេក៏ឃើញបុរសម្នាក់នោះសរសេរថា «គ្រាន់តែShare សួរថតដោយកាមេរ៉ាម៉ាកអីសោះ ខុសដែរមែន???» បន្ថែមលើនេះក៏បានសរសេរទៀតថា៖«បងប្អូនប្រុងប្រយ័ត្ន កុំចេះតែ Share ណា! ប្រយ័ត្នគេថាយើងចង់មានរឿង ឬចេះដឹងរឿងគេ!!!»។

    ខាងក្រោមនេះជាសារដែលនាងកញ្ញា ហ៊ិន ច័ន្ទនិរ័ត្ន សរសេរទៅកាន់ប្រិយមិត្ដរបស់នាង ៖
    «នាងខ្ញុំ ហ៊ិន ច័ន្ទនិរ័ត្ន សុំធ្វើការបកស្រាយលើព័ត៌មានដែលនាងខ្ញុំបានប្រើពាក្យសម្តីមិនសមរម្យទៅលើអ្នកគាំទ្រម្នាក់។ មូលហេតុរឿងមានហេតុ និងផល បើតម្ពក់មិនទៅ ផ្លែព្នៅក៏មិនមកដែរ ក្នុងនាមលោកជាមនុស្សប្រុសម្នាក់ដែលប្រើពាក្យមិនសមរម្យមកលើនាងខ្ញុំជានារីទន់ខ្សោយ ដែលលោកបាន post មើលងាយ និងប្រមាថជាទីបំផុតមកដល់រូបនាងខ្ញុំ។ ចង់សួរថា តើលោកមានបំណងអ្វីឱ្យប្រាកដ..? ខណៈពេលដែលនាងខ្ញុំមិនបានជេរ ឬប្រមាថលើរូបលោកសូម្បីតែបន្តិច…ប៉ុន្តែលោកបានផ្សព្វផ្សាយ ព័ត៌មានបំផុសបំផុល និងបង្ខូចកេរ្តិ៍ឈ្មោះរបស់នាងខ្ញុំ ដោយប្រកាន់ជំហរថា ខ្លួនឯងធ្វើទង្វើត្រឹមត្រូវ ស្របពេលដែលកំពុងតែមានគោលបំណងអ្វីមកលើរូបថតនាងខ្ញុំ ដូច្នេះបងប្អូនអាចធ្វើការពិចារណា លើទង្វើរបស់គាត់ ដោយនាងខ្ញុំមិនទាន់បានបកស្រាយអ្វីទាំងអស់»៕

    ចម្ងល់ដែលបងប្អូនឆ្ងល់ នាងខ្ញុំសូមធ្វើការបកស្រាយត្រឹមតែប៉ុណ្ណឹង ចំពោះរឿងនេះនាងខ្ញុំក៏សូមបញ្ចប់ត្រឹមពេលនេះដែល , បើសិនបុគ្គលម្នាក់នោះនៅតែព្យាយាម បំផុសបំផុល នឹង ញុះញង់ បរិហាកេរ្តិ៏ឈ្មោះនាងខ្ញុំទៀត … នាងខ្ញុំ នឹង ចាត់វិធានការតាមផ្លូវច្បាប់។ »៕

  • អ្វីជាលក្ខណៈពិសេសរបស់រថយន្ត Ford Mustang ឆ្នាំ2017?

    អ្វីជាលក្ខណៈពិសេសរបស់រថយន្ត Ford Mustang ឆ្នាំ2017?

    ក្រោយពីបង្ហាញខ្លួនតាំងពីឆ្នាំ 1964 ក្នុងកម្មវិធី World Fair ក្នុងទីក្រុង New York មក រថយន្ត Ford Mustang បានអភិវឌ្ឍខ្លួនជាមួយនឹងការបំពាក់បច្ចេកវិទ្យាទំនើបៗជាច្រើន ហើយបានក្លាយជារថយន្តស្ព័រដែលពេញនិយមបំផុតនៅតំបនអាស៊ីប៉ាស៊ីហ្វិកសម្រាប់រថយន្តជំនាន់ទី 6 របស់ម៉ាកនេះ។

    រថយន្ត Ford Mustang មានម៉ាស៊ីន 2 ប្រភេទ រួមមានប្រភេទម៉ាស៊ីន 2.3-liter Ecoboost 4ស៊ីឡាំង និង ប្រភេទម៉ាស៊ីនធំ 5.0-liter 8 ស៊ីឡាំង។ នៅប្រទេសចិន 90% នៃចំនួនរថយន្តលក់ជាប្រភេទម៉ាស៊ីន 2.3-liter Ecoboost រីឯនៅប្រទេសអូស្ត្រាលីវិញប្រភេទម៉ាស៊ីន 5.0-liter V8 ពេញនិយមជាងប្រភេទម៉ាស៊ីនតូចៗ។ សម្រាប់ពណ៌រថយន្តវិញ ពណ៌ដែលពេញនិយមបំផុតទាំងនៅទីផ្សារប្រទេសចិន និងអូស្ត្រាលី មានពណ៌ខ្មៅ និងពណ៌ក្រហម ដែលជាពណ៌តំណាងឱ្យស្មារតីអត្តពលកម្ម អំណាច និងសេចក្ដីស្រឡាញ់។ លើសពីនេះទៅទៀតនោះ អ្វីដែលធ្វើឱ្យរថយន្តនេះទទួលបានការពេញនិយមកាន់តែខ្លាំងនោះគឺ ការរចនាម៉ូដ និងបច្ចេកវិទ្យាចុងក្រោយដែលបំពាក់នៅក្នុងរថយន្ត ដែលរួមមានដូចជា៖

    1. HID Headlamps with & LED Signature Lighting – ចង្កៀងគជ់បំពាក់ដោយភ្លើង LED ប្រភេទស្ព័រ 3ឆ្នូត

    2. LED Tail lamps with Sequential Turn Signals – ចង្កៀងស្តុបក្រោយបំពាក់ដោយភ្លើងស៊ីញ៉ូប្រដេញគ្នា

    3. Ambient Lighting – ភ្លើងខាងក្នុងរថយន្តអាចប្ដូរពណ៌បាន

    4. Pony Projection Light – ភ្លើងបំភ្លឺរូបសេះនៅចំហៀងរថយន្តទាំងសងខាងពេលបើកទ្វារ

    5. Intelligent Access with Push-Button Start – ប្រព័ន្ធបញ្ឆេះរថយន្តដោយស្វ័យប្រវត្តិជាមួយនឹងការចុចបូតុង

    6. BLIS (Blind Spot Information System) with Cross-Traffic Alert – ប្រព័ន្ធផ្តល់សញ្ញានៅចំហៀង និងខាងក្រោយនៃរថយន្ត (ពេលវ៉ា បត់ឆ្វេងស្ដាំ និងថយក្រោយ)

    7. Adaptive Cruise Control and Rain-Sensing Wipers – ប្រព័ន្ធកំណត់ល្បឿននៃការបើកបរ និងផ្លិតទឹកប្រើសេនស័រអូតូ

    8. Selectable Power-Assisted Steering Wheel (Normal, Sport, Comfort…) -ចង្កូតប្រើថាមពលអេឡិចត្រូនិកអាចកំណត់ស្ថានភាពផ្សេងៗគ្នាបាន

    9. Selectable Driving Mode (Normal, Snow / Wet, Sport, or Track) – ប្រព័ន្ធគ្រប់គ្រងល្បឿនទៅតាមស្ថានភាពផ្លូវ

    10. ShakerTM Pro Audio with HR Radio – ប្រព័ន្ធបំពងសំឡេង Shaker Pro

    https://www.youtube.com/watch?v=Jx2ZjnB9iwo

  • Pacquiao សន្យាចាកចេញពីអូស្ត្រាលី ក្នុងនាមជាម្ចាស់ខ្សែក្រវាត់ពិភពលោក

    Pacquiao សន្យាចាកចេញពីអូស្ត្រាលី ក្នុងនាមជាម្ចាស់ខ្សែក្រវាត់ពិភពលោក

    តារាប្រដាល់ដ៏ល្បីល្បាញរបស់ហ្វីលីពីន Manny Pacquiao បានធ្វើដំណើរទៅដល់ប្រទេសអូស្ត្រាលីហើយ នៅមុនពេលការប្រកួតដណ្តើមខ្សែក្រវាត់របស់គេជាមួយនឹងកីឡាករ Jeff Horn និងបានប្រកាសថា៖ «ខ្ញុំនឹងវិលត្រឡប់ទៅផ្ទះវិញក្នុងនាមជាម្ចាស់ខ្សែក្រវាត់ពិភពលោកដដែល»។

    កីឡាករដែលមានរហស្សនាមថា Pac Man រូបនេះ បានធ្វើដំណើរពីទីក្រុងម៉ានីលទៅដល់ទីក្រុង Brisbane កាលពីល្ងាចថ្ងៃសៅរ៍ ក្រោមការទទួលស្វាគមន៍ពីសំណាក់អ្នកគាំទ្រដ៏ច្រើនកុះករ ដើម្បីធ្វើការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកក្នុងទម្ងន់66.7គីឡូក្រាមនៅឯសង្វៀន Suncorp Stadium នៅចុងសប្តាហ៍ក្រោយនេះ។ Pacquiao បានប្រាប់អ្នកយកព័ត៌មាននៅឯអាកាសយានដ្ឋានថា៖ «ក្នុងចំណោមការប្រកួតប្រដាល់រយៈពេលជាច្រើនឆ្នាំមកនេះ ខ្ញុំមិនធ្លាប់ទទួលបានការលើកទឹកចិត្តដ៏ខ្ពស់សម្រាប់ការប្រកួតដូចលើកនេះឡើយ»។

    Pacquiao ដែលមានកំណត់ត្រាឈ្នះ59លើក ចាញ់6លើក ស្មើ2លើក ក្នុងនោះផ្តួលដៃគូឲ្យសន្លប់38លើក ត្រូវបានគេរំពឹងទុកថា ជាកីឡាករមានក្តីសង្ឃឹមច្រើនក្នុងការយកឈ្នះលើ Horn ដែលមានកំណត់ត្រាឈ្នះ11លើក មិនដែលចាញ់ និងស្មើ1លើក៕
    ប្រភពពី៖ Sport24

  • តារាចម្រៀង នូ ស៊ឹប ក្រ ហើយធ្លាក់ខ្លួនឈឺក្នុងបន្ទប់ជួលទៀត

    តារាចម្រៀង នូ ស៊ឹប ក្រ ហើយធ្លាក់ខ្លួនឈឺក្នុងបន្ទប់ជួលទៀត

    តារាចម្រៀងជើងចាស់នៅក្នុងអំឡុងទសវត្សរ៍ទី90 គឺលោក នូ ស៊ឹប កំពុងធ្លាក់ខ្លួនឈឺជាទម្ងន់ ព្រមទាំងខ្វះខាតថវិកាក្នុងការព្យាបាលជំងឺ និងកំពុងសម្រាកនៅក្នុងបន្ទប់ជួលនៅម្ដុំភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាមួយក្មួយ និងចៅ។

    លោក នូ ស៊ឹប បានរៀបរាប់ប្រាប់សារព័តមានកាលពីពេលកន្លងទៅថា លោកមានជំងឺលើសឈាម និងមានដុះដុំសាច់ ហើយធ្វើទុក្ខខ្លាំងនៅពេលដែលសម្ពាធឈាមឡើង និងត្រូវផឹកថ្នាំព្យាបាលតាមវេជ្ជបញ្ជា។ លោកបន្ដថា អាការបានធូរស្បើយត្រឹមតែ10 នាទីប៉ុណ្ណោះ ហើយនឹងធ្វើទុក្ខឡើងវិញនៅពេលអស់ជាតិថ្នាំ មិនតែប៉ុណ្ណោះ លោកត្រូវទៅជួបពេទ្យហើយចាក់ថ្នាំព្យាបាលជំងឺ និងថ្នាំបន្ថែមកម្លាំងជារៀងរាល់ថ្ងៃទៀតផង។ រីឯការងារសិល្បៈវិញនោះ លោកបានបន្ដថា អស់រយៈពេលមួយឆ្នាំជាងហើយដែលលោកគ្មានការងារធ្វើ និងគ្មាននរណាហៅលោកច្រៀងឡើយ គឺសម្ងំនៅក្នុងតែបន្ទប់ជួល ហើយរង់ចាំក្មួយយកអាហារមកឱ្យលោកតែប៉ុណ្ណោះ។

    តាមស្ថានភាពសុខភាពនាពេលបច្ចុប្បន្ននេះ តារាចម្រៀងជើងចាស់ខាងលើបានបញ្ជាក់ទៀតថា លោកមិនអាចធ្វើការឡើងច្រៀងតាមការប្រគំតន្ត្រីធំៗ ឬឡើងឆាកនៅក្នុងរយៈពេលយូរៗបានទេ លោកបានត្រឹមតែថតសំឡេងជូនផលិតកម្មដែលលោកធ្លាប់ស្គាល់គ្នាប៉ុណ្ណោះ ដូច្នោះហើយដោយមានភាពខ្វះខាតខ្លាំង ទើបបានជាលោក នូ ស៊ឹប សូមអំពាវនាវដល់សប្បុរសជនទាំងឡាយ មេត្តាជួយឧបត្ថម្ភលោកជាថវិកាខ្លះដើម្បីសម្រួលក្នុងការព្យាបាលជំងឺ និងជីវភាពរស់នៅប្រចាំថ្ងៃផង។

    ជាចុងក្រោយ តារាវ័យ 70ឆ្នាំរូបនេះបានថ្លែងអំណរគុណដល់សប្បុរសជនទាំងឡាយ ទាំងក្នុងស្រុក និងក្រៅស្រុកដែលបានជូនថវិកាខ្លះកន្លងមកជួយដល់លោក ហើយព្រមទាំងពោលថា លោកវ័យចំណាស់នេះហើយ គឺពិបាកក្នុងការស្វែងរកការងារធ្វើណាស់ ប៉ុន្ដែមានតែសប្បុរសជននេះហើយដែលជាអ្នកមានគុណរបស់លោក៕

  • សុគន្ធ និសា ដាក់មនោសញ្ជេតនាខ្លាំងក្នុងបទ «អស់ពេលថ្ងៃស្អែក»

    សុគន្ធ និសា ដាក់មនោសញ្ជេតនាខ្លាំងក្នុងបទ «អស់ពេលថ្ងៃស្អែក»

    ការស្រឡាញ់គ្នា ការបាននៅក្បែរគ្នាយ៉ាងផ្អែមល្ហែមក្នុងរយៈពេលមួយថ្ងៃតាមរយៈខ្សែជីវិតមួយដែលធ្លាប់រួមសុខទុក្ខជាមួយគ្នា តែត្រូវប្ដូរផ្លាស់ទាំងស្រុងសឹងតែនឹកស្មានមិនដល់ និងបានបន្សល់ទុកនូវអនុស្សាវរីយ៍ដក់ជាប់នៅក្នុងកែវភ្នែករបស់សុ គន្ធ និសា។ កញ្ញាបានរៀបរាប់ថា ការបែកគ្នាបែបនេះគឺអូនមិនអាចទទួលយកបានឡើយ ហេតុអ្វីក៏ចាកចេញទៅ មិនបានលា មិនបានប្រាប់គ្នាមួយម៉ាត់សោះបែបនេះ ដោយកញ្ញាបានបញ្ជាក់ពីអារម្មណ៍ដែលឈឺចាប់ពោរពេញទៅដោយមនោសញ្ចេតនាសោកសៅធ្វើឱ្យអ្នកស្ដាប់លង់អារម្មណ៍តាមស្នេហាព្រាត់ប្រាសមួយនេះតាមរយៈបទ «អស់ពេលថ្ងៃស្អែក»។

    ការប្រមូលផ្ដុំនូវអារម្មណ៍ស្នេហាមួយដ៏ជ្រាលជ្រៅមិនមែនជារឿងងាយស្រួលក្នុងការតាក់តែងចេញជាបទចម្រៀងឡើយ ដូច្នោះហើយទើបអ្នកនិពន្ធបទ “អស់ពេលថ្ងៃស្អែក” បានសរសេរប្រាប់ពីបទពិសោធស្នេហ៍បាក់បែកមួយដែលបានបាត់បង់ និងគ្មានថ្ងៃបានវិលត្រឡប់មកវិញ ដែលទោះជាថ្ងៃម្សិលមិញបានបន្សល់នូវអតីតកាលផ្អែមល្ហែមក៏ដោយ ក៏ថ្ងៃស្អែកមិនដូចថ្ងៃម្សិលមិញដែរ ហើយបទនេះដែរត្រូវបានសម្រួលតន្ត្រីដោយលោកមាសសុគន្ធ ហៅ អួយ របស់ផលិតកម្មរស្មីហង្សមាស។

    ចង់ដឹងថា តើសុគន្ធ និសាដាក់មនោសញ្ជេតនាដល់កម្រិតណានោះ សូមមកស្ដាប់ទាំងអស់គ្នាដូចខាងក្រោមនេះ៖

    https://www.youtube.com/watch?v=lQIiXc686lM