Author: វល័ក្ខ

  • សមាជិកក្រុម Super Junior ត្រូវចោរប្លន់នៅប្រទេសស្វ៊ីស

    សមាជិកក្រុម Super Junior ត្រូវចោរប្លន់នៅប្រទេសស្វ៊ីស

    សមាជិកក្រុមចម្រៀងប្រុស Super Junior គឺ Lee Teuk បានជួបប្រទះហេតុការណ៍អាក្រក់មួយដោយសារចោរបានវាយបំបែកកញ្ចក់រថយន្ដ ព្រមទាំងលួចសម្ភារអស់មួយចំនួន រួមទាំងលិខិតឆ្លងដែនទៀតផង នៅពេលដែលលោកបានធ្វើដំណើរកម្សាន្ដទៅប្រទេសស្វ៊ីស កាលពីថ្ងៃទី25 ខែមិថុនា ថ្មីៗនេះ។

    តាមការបញ្ជាក់របស់តារាចម្រៀង Lee Teuk បានឲ្យដឹងថា “នៅក្នុងហេតុការណ៍នោះ គឺចោរបានវាយបំបែកកញ្ចក់រថយន្តរបស់យើង ហើយបានប្រមូលយកទ្រព្យសម្បត្តិទាំងអស់ដែលមាននៅក្នុងនោះ ដែលរួមទាំងលិខិតឆ្លងដែនរបស់ខ្ញុំ និងក្រុមការងារយើងទៀតផង“។

    តែក្រោយពីកើតហេតុការណ៍ជ្រួលច្របល់នឹងករណីប្លន់ដ៏អាក្រក់មួយនេះរួច តារាចម្រៀង Lee Teuk និងក្រុមការងារបានវិលត្រឡប់ទៅប្រទេសកូរ៉េខាងត្បូងវិញហើយ ដោយបានទទួលលិខិតឆ្លងដែនបណ្ដោះអាសន្នពីស្ថានទូតប្រទេសរបស់ពួកគេ ព្រមទាំងមានការធានាសុវត្ថិភាពក្នុងការហោះហើរទៀតផង៕

  • «គន្លឹះកសាងខ្លួនដើម្បីក្លាយជាយុវជនឆ្នើមសតវត្សរ៍ទី21»

    «គន្លឹះកសាងខ្លួនដើម្បីក្លាយជាយុវជនឆ្នើមសតវត្សរ៍ទី21»

    សិក្ខាសាលា «គន្លឹះកសាងខ្លួនដើម្បីក្លាយជាយុវជនឆ្នើមសតវត្សរ៍ទី21» សម្រាប់ឆ្នាំ 2017 នេះជាវេទិកាមួយដែលជំរុញឱ្យយុវជនកម្ពុជាកាន់តែមានគំនិតអភិវឌ្ឍន៍ឆ្ពោះទៅរកភាពជាបុគ្គលដែលមានតម្លៃពិតប្រាកដសម្រាប់សង្គម។

    វេទិកាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងដោយក្រុម «យុវជនស្ម័គ្រចិត្តដើម្បីការអភិវឌ្ឍសង្គម (YVSD)» ដោយគោលបំណងសំខាន់នៃវេទិកានេះគឺ ការបង្ហាញនូវយុទ្ធសាស្រ្តក្នុងការកំណត់គោលដៅជីវិត ការទំនាក់ទំនងជាមួយនឹងមជ្ឈដ្ឋានខាងក្រៅដែលនាំឱ្យទទួលបានលទ្ធផលល្អក្នុងការចាប់យកឱកាសទាំងការសិក្សា និងការងារឱ្យសមស្របនឹងសមត្ថភាពដែលខ្លួនមាន និងលទ្ធភាពនៃការទទួលបានព័ត៌មានពីគ្រប់មជ្ឈដ្ឋាន។

    ទីប្រឹក្សាគម្រោងស្តីពីគន្លឹះកសាងខ្លួនដើម្បីក្លាយជាយុវជនឆ្នើមសតវត្សរ៍ទី21 លោក តង់ រតនា បានលើកឡើងថា ការចែករំលែកពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សង្គម។ ការបង្កើតព្រឹត្តិការណ៍នេះឡើង គឺយើងបានផ្តល់ឱកាសឱ្យវាគ្មិននានាចែករំលែកបទពិសោធរបស់ខ្លួនទៅកាន់យុវជនប្រមាណជាជាង 500នាក់ដែលមកពីគ្រឹះស្ថានសិក្សាផ្សេងៗគ្នា និងជាការផ្តល់ឱកាសដល់យុវជនកម្ពុជាទទួលយកបទពិសោធជីវិត ក៏ដូចជាចំណេះដឹងពីបុគ្គលឆ្នើមដើម្បីយកទៅអភិវឌ្ឍខ្លួនឯង។

    គួរបញ្ជាក់ថា វាគ្មិនសំខាន់ៗដែលបានចូលរួមធ្វើបទបង្ហាញនៅក្នុងកម្មវិធីនេះមានដូចជា កញ្ញា អ៊ុង ច័ន្ទសោភា ផលិតករ និងជាពិធីការិនីព័ត៌មាននៃទូរទស្សន៍ CNC & CTN លោក ហ៊ុយ សម្បត្តិ ស្ថាបនិក Youth Force 2030 in Cambodia និងលោក ជា ធីរិទ្ធ និពន្ធនាយករងនៃសារព័ត៌មានថ្មីៗ៕

  • ប្រទេសចិនវិនិយោគទឹកប្រាក់ 10ពាន់លានដុល្លារនៅកម្ពុជា

    ប្រទេសចិនវិនិយោគទឹកប្រាក់ 10ពាន់លានដុល្លារនៅកម្ពុជា

    ភ្នំពេញៈ ប្រទេសចិនបានវិនិយោគទឹកប្រាក់ច្រើនជាងគេនៅកម្ពុជា ដែលមានទំហំរហូតដល់10ពាន់លានដុល្លារកាលពីឆ្នាំមុន ជាទំហំវិនិយោគមួយដែលផ្សារភ្ជាប់ទំនាក់ទំនង និងជាដៃគូកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៅកម្ពុជា។

    លោក លី អាន ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មអមស្ថានទូតចិនប្រចាំកម្ពុជា បានថ្លែងនៅក្នុង វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងជំនួញពាណិជ្ជកម្មកម្ពុជា-ចិន ខេត្តសាតុងកាលពីម្សិលមិញថា ដោយមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ និងមានភាពជាដៃគូយ៉ាងសំខាន់នោះ ជាក់ស្តែងនៅឆ្នាំ 2016កន្លងមក ទំហំពាណិជ្ជកម្មទេ្វភាគីកម្ពុជា-ចិនមានចំនួនជាង 47ពាន់លានដុល្លាអាមេរិក កើនឡើង 7.4ភាគរយ គឺជាអត្រាកំណើនឈរក្នុងលំដាប់ថ្នាក់ទី1 នៅក្នុងចំណោមប្រទេសជាសមាជិកអាស៊ានទាំង10។ ក្នុងនោះបើតាមស្ថិតិភាគីកម្ពុជាគិតត្រឹមចុងឆ្នាំ2016 ចិនបានចុះកិច្ចព្រមព្រៀងវិនិយោគទុននៅកម្ពុជា មានចំនួនជាង 1ម៉ឺនលានដុល្លារអាមេរិក គឺស្មើនឹង 34.3ភាគរយនៃការវិនិយោគទុននៅកម្ពុជា ដោយបានចាត់ទុកកម្ពុជាជាប្រទេសដែលមានសក្តានុពលបំផុតក្នុងការធ្វើពាណិជ្ជកម្មទី1 និងជាប្រភពវិនិយោគទុនទី1ផងដែរ ។

    លោកបន្តថា “កម្ពុជាជាប្រទេសដែលកំពុងអភិវឌ្ឍន៍លើគ្រប់វិស័យ និងជាប្រទេសដែលមានសក្តានុពលបំផុត បច្ចុប្បន្នប្រទេសចិនបានចាត់ទុកកម្ពុជាជាដៃគូយ៉ាងសំខាន់ក្នុងការធ្វើពាណិជ្ជកម្មទី1 និងជាប្រភពវិនិយោគទុនទី1 នៅកម្ពុជាផងដែរ”។

    លោក លី អាន បានបន្តទៀតថា បច្ចុប្បន្នប្រទេសទាំងពីរកំពុងទទួលបានសមិទ្ធផលយ៉ាងសកម្ម នៅក្នុងកិច្ចសហប្រតិបត្តិការវិនិយោគមួយដ៏មានតម្លៃបំផុត ដែលបានបម្រើផលប្រយោជន៍ដល់សង្គមមួយកំពុងមានការអភិវឌ្ឍយ៉ាងខ្លំាង ដូចជាវិស័យថាមពលអគ្គិសនី កសិកម្ម ការអភិវឌ្ឍវិស័យទេសចរណ៍ តំបន់សេដ្ឋកិច្ចពិសេស និងទូរគមនាគមន៍ជាដើម ។

    លោកហោ ដារិទ្ធ អនុរដ្ឋលេខាធិការក្រសួងផែនការ ក៏បានថ្លែងនូវការសាទរចំពោះសមាគមអភិវឌ្ឍសេដ្ឋកិច្ចខេត្តសានតុងនៅកម្ពុជាដែលជាផ្នែកមួយក្នុងការចូលរួមចំណែកអភិវឌ្ឍ និងជាការជួយ ជំរុញបង្កើនដល់សេដ្ឋកិច្ចកម្ពុជាផងដែរ ដែលធ្វើឲ្យកម្ពុជាទទួលផលវិជ្ជមានជាច្រើនមកដល់ពេលបច្ចុប្បន្ន។ ដើម្បីជាផ្លូវតម្រង់ទិសក្នុងការអភិវឌ្ឍកាន់តែប្រសើរនោះ ក្រសួងផែនការកំពុងរៀបចំផែនទីបង្ហាញផ្លូវភោគសាស្រ្តដែលជាការងារកាន់តែប្រសើរដល់អ្នកវិនិយោគគ្រប់ៗគ្នាផងដែរ៕

  • Matic ត្រៀមពិនិត្យសុខភាពមុនពេលបំពេញការផ្ទេរពី Chelsea ទៅ Man Utd

    Matic ត្រៀមពិនិត្យសុខភាពមុនពេលបំពេញការផ្ទេរពី Chelsea ទៅ Man Utd

    ខ្សែបម្រើការពារ Nemanja Matic របស់ក្លិបតោខៀវ Chelsea នឹងត្រូវធ្វើការត្រួតពិនិត្យសុខភាពជាមួយនឹងក្លិបបិសាចក្រហម Manchester United ក្នុងរយៈពេល48ម៉ោងទៀត។

    កាសែត The Sun បានចេញផ្សាយកាលពីថ្ងៃចន្ទថា ខ្សែបម្រើរូបនេះនឹងត្រូវចូលរួមជាមួយនឹង Man United ក្នុងតម្លៃខ្លួន40លានផោន (ស្មើនឹង50.88លានដុល្លារអាមេរិក) ជាតម្លៃខ្លួនដែលក្លិប Chelsea និង Man United បានព្រមព្រៀងគ្នា។ ដោយឡែកគេហទំព័រ The Guardian បានចេញផ្សាយថា ការផ្ទេរនេះនឹងត្រូវបំពេញនៅប៉ុន្មានថ្ងៃខាងមុខទៀត ខណៈដែល Matic បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនរបស់គេរួចស្រេចហើយទៅលើកុងត្រាមួយដែលផ្តល់ចំណូល155,000ផោនក្នុងមួយសប្តាហ៍ដល់រូបគេ បើទោះបីការស្លាប់របស់លោក Felix Mourinho ដែលជាឪពុករបស់លោកគ្រូបង្វឹក Jose Mourinho អាចនឹងពន្យារពេលដល់ដំណើរការនេះក៏ដោយ។


    អ្នកចាត់ការទូទៅរូបនេះកំពុងតែស្ថិតក្នុងប្រទេសព័រទុយហ្គាល់ ដើម្បីរៀបចំពិធីបុណ្យសព ប៉ុន្តែ Matic ត្រូវបានរំពឹងទុកថា នឹងចុះហត្ថលេខានៅមុនពេលក្រុម Man United ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកសម្រាប់ដំណើរប្រកួតមុនបើករដូវកាលនាថ្ងៃទី9 ខែកក្កដា ខាងមុខនេះ។ Matic បានចូលរួមជាថ្មីជាមួយនឹងក្លិប Chelsea កាលពីឆ្នាំ2014 ក្នុងតម្លៃខ្លួន21លានផោនពីក្លិប Benfica ក្នុងពេលដែលលោក Mourinho នៅដឹកនាំក្នុងក្លិបតោខៀវមួយនេះនៅឡើយ ខណៈដែលរូបគេបានក្លាយជាសមាជិកដ៏សំខាន់ក្នុងពេលដែល Chelsea បានឈ្នះពាន Premier League កាលពីរដូវកាលមុន។ ប៉ុន្តែដំបូងឡើយ ការចូលរួមរបស់ Matic ជាមួយនឹងក្រុមម្ចាស់ជើងឯកអង់គ្លេសមួយនេះ មិនបានទទួលជោគជ័យឡើយ ក្រោយពីរូបគេបានផ្ទេរមកពីក្លិបស្លូវ៉ាគី Kosice កាលពីឆ្នាំ2009 មុននឹងផ្ទេរទៅកាន់ព័រទុយហ្គាល់ក្នុងឆ្នាំ2011។ ជាមួយនឹងក្លិប Chelsea រូបគេបានបង្ហាញខ្លួន121លើក និងបានស៊ុតបាល់បញ្ចូលទី4គ្រាប់៕
    ប្រភពពី៖ Independent

  • Chevrolet ណែនាំរថយន្តថ្មី 2 ម៉ូដែល បំពាក់បច្ចេកវិទ្យាទំនើបៗសម្រាប់ទីផ្សារកម្ពុជា

    Chevrolet ណែនាំរថយន្តថ្មី 2 ម៉ូដែល បំពាក់បច្ចេកវិទ្យាទំនើបៗសម្រាប់ទីផ្សារកម្ពុជា

    ដើម្បីបន្ថែមភាពសម្បូរបែបក្នុងទីផ្សាររថយន្តកម្ពុជា ក្រុមហ៊ុន Chevrolet បានធ្វើការណែនាំនូវរថយន្តស៊េរីថ្មីចំនួន 2 ម៉ូដែលគឺ Chevrolet Cruze និង Chevrolet Malibu បំពាក់ដោយម៉ាស៊ីនប្រភេទ Turbo ជំនាន់ថ្មីមានសមត្ថភាពខ្លាំង សន្សំសំចៃខ្ពស់ និងសំឡេងស្ងាត់ល្អ ក្នុងពេលបើកបរ។

    លោក ប៉ែន ពិសិដ្ឋ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន United Auto Trading Co.,Ltd ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខនូវរថយន្តម៉ាក Chevrolet ប្រចាំព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា ក្រុមហ៊ុនលោកសូមណែនាំនូវប្រភេទរថយន្តទំនើបខ្នាតតូច 2 ម៉ូដែលគឺ Chevrolet Cruze និង Malibu ដែលមានបច្ចេកវិទ្យាខ្ពស់ទំនើប និងទាន់សម័យ ឆ្នាំ 2017 សម្រាប់បន្ថែមជាជម្រើសដល់អតិថិជន។ រថយន្តទាំង 2 សុទ្ធតែបានបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាកម្សាន្តApple CarPlay & Android Auto គួបផ្សំនឹងផ្នែកខាងក្នុងធំទូលាយផ្តល់នូវផាសុកភាព។

    សម្រាប់រថយន្ត Cruze មានប្រើនូវបច្ចេកវិទ្យាម៉ាស៊ីន 1.4 លីត្រ Turbocharged Direct Injection ជំនាន់ថ្មីផ្តល់នូវកម្លាំងសេះរហូតទៅដល់ 150bhp ដោយប្រើប្រអប់លេខអូតូ 6លេខ ជួយកាត់បន្ថយការប្រើប្រាស់សាំងមកនៅត្រឹមតែ 6.5 លីត្រប៉ុណ្ណោះក្នុង 100km ព្រមទាំងបច្ចេកវិទ្យា STOP/START ក្នុងការជួយកាត់បន្ថយការប្រើប្រាស់សាំងសម្រាប់បើកបរក្នុងទីក្រុង។ តួរថយន្តត្រូវបានសម្រួលទម្ងន់ចេញប្រហែល 110kg ដែលនឹងធ្វើឱ្យម៉ាស៊ីនកាន់តែខ្លាំង និងស្ទុះជាងមុនដោយអាចបង្កើនលឿនចាប់ពី 0 ទៅ 100 Kmh (0-100kmh) ប្រើពេលត្រឹមតែ 8 វិនាទីប៉ុណ្ណោះ។

    រថយន្ត Chevrolet Cruze មានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពដែលអាចការពារអ្នកបើកបរ និងអ្នករួមដំណើរពីការប៉ះទង្គិចនៅពេលមានគ្រោះថ្នាក់ជាច្រើនដូចជា:

    – Adaptive Cruise Control: ប្រព័ន្ធរក្សាគម្លាតសុវត្ថិភាព និងកំណត់ល្បឿនថេរពេលកំពុងបើកបរ។
    – Side Blind Spot Alert : មុខងារផ្តល់សញ្ញានៅពេលមានការជែងវ៉ាពីចំហៀង។
    – Lane Keep Assist : ប្រព័ន្ធគ្រប់គ្រងរថយន្តបើកបរមិនឱ្យខុសគន្លងផ្លូវ។
    – Lane Departure Warning : ប្រព័ន្ធផ្តល់ដំណឹងពេលរថយន្តរត់ខុសគន្លងផ្លូវ។
    – Forward Collision Alert with Following Distance Indicator: ប្រព័ន្ធផ្តល់ដំណឹងពេលមានឧបសគ្គនៅខាងមុខ ជាសំឡេងជាមួយនឹងភ្លើងសញ្ញា។


    ដោយឡែក រថយន្ត Chevrolet Malibu ជារថយន្តជំនាន់ថ្មីមានប្រវែងវែងជាងមុន 60mm ជាមួយនឹងការបង្កើតបន្ថែមនៅប្រវែងចន្លោះពីភ្លៅមុខទៅភ្លៅខាងក្រោយប្រវែង93mm បើធៀបទៅនឹងរថយន្តម៉ូដែលនេះកាលពីជំនាន់មុន។
    ការបង្កើតថ្មីនេះបានធ្វើឱ្យរថយន្តនេះវែងជាងគេ និងទូលាយជាងគេបង្អស់ក្នុងប្រភេទរថយន្តធុនមធ្យម ហើយស្រាលជាងមុន 130Kg ដែលធ្វើឱ្យរថយន្ដនេះកាន់តែសន្សំសំចៃប្រេងសាំង និងប្រតិបត្តិការម៉ាស៊ីនកាន់តែមានប្រសិទ្ធខ្ពស់។

    រថយន្ដនេះត្រូវបានបំពាក់មកជាមួយភ្លើងបំភ្លឺពេលថ្ងៃប្រភេទអំពូល LED (Day Time Running) ជាមួយនឹងស្ដុបខាងក្រោយថ្មី LED ប្រភេទ High Mounted ( CHMSL) ដែលមានអាយុកាលវែង និងមានប្រតិបត្តិការយ៉ាងល្អ។ រថយន្ដ Malibu បំពាក់មកជាមួយម៉ាស៊ីនថ្មីសន្លាង 2.0 លីត្រ ជាប្រភេទម៉ាស៊ីនTurbo មានកម្លាំង 250 សេះ និងកម្លាំង 350 ញីវតុនម៉ែត្រ។ ម៉ាស៊ីនថ្មីនេះត្រូវបានធ្វើការជាមួយប្រព័ន្ធត្រួតពិនិត្យប្រអប់លេខ ដោយប្រព័ន្ធអេឡិចត្រូនិកដែលផ្ដល់លទ្ធភាពឱ្យប្រអប់លេខប្រតិបត្តិការបានល្អ៕

  • គ្រូបង្វឹកថ្មី ៖ Crystal Palace មានបំណេងលេងដូចក្រុម Ajax

    គ្រូបង្វឹកថ្មី ៖ Crystal Palace មានបំណេងលេងដូចក្រុម Ajax

    លោក Frank de Boer ដែលជាអ្នកចាត់ការទូទៅថ្មីរបស់ក្លិប Crystal Palace បានបញ្ជាក់ថា លោកចង់ឲ្យក្រុមរបស់លោកធ្វើការគ្រប់គ្រងលើគូប្រកួតរបស់ខ្លួនក្នុងទម្រង់លេងដូចជាក្រុម Ajax ជាក្លិបដែលលោកបានកសាងកេរិ៍្តឈ្មោះរបស់លោក។

    លោក De Boer បានចុះហត្ថលេខាលើកុងត្រារយៈពេល 3ឆ្នាំនៅឯកីឡដ្ឋាន Selhurst Park និងត្រូវបានផ្តល់ការងារដោយលោក Steve Parish ដែលជាប្រធានក្លិប ឲ្យធ្វើការផ្លាស់ប្តូរពីក្រុមមួយដែលបានត្រឹមតែអាចប្រជែងគេចផុតពីតំបន់កាត់ចោល ទៅជា «ក្រុមដ៏រឹងមាំមួយក្នុងក្របខ័ណ្ឌ Premier League»។

    អតីតខ្សែការពារអន្តរជាតិហូឡង់រូបនេះ ដែលបានឈ្នះពានជាច្រើនទាំងក្នុងនាមជាកីឡាករ និងអ្នកចាត់ការទូទៅនៅឯក្លិប Ajax នោះ នឹងចូលជំនួសកន្លែងរបស់លោក Sam Allardyce ដែលបានលាលែងពីតំណែងរបស់លោកកាលពីខែមុន។ ក្នុងពេលបង្ហាញមុខទៅកាន់ក្លិបថ្មីរបស់ខ្លួន លោក De Boer បានឲ្យដឹងថា៖ «ខ្ញុំចង់បានក្រុមមួយដែលអ្នកគាំទ្ររំភើបក្នុងការមកទស្សនាការប្រកួតរបស់យើង ដើម្បីមើលក្រុមមួយដែលចង់ឈ្នះ និងចង់ប្រយុទ្ធរាល់នាទីទាំងអស់»។ លោក De Boer នឹងក្លាយជាអ្នកចាត់ការទូទៅទី 7របស់ក្លិប Crystal Palace បើគិតចាប់តាំងពីលោក Parish បានទិញក្លិបនេះកាលពីឆ្នាំ 2010 និងជាគ្រូបង្វឹកមិនជាប់សញ្ជាតិអង់គ្លេសដំបូងគេក្នុងការដឹកនាំក្រុមនេះក្នុងចំណោមគ្រូបង្វឹកទាំង7។

    លោក De Boer បានបញ្ជាក់បន្ថែមថា៖ «គោលបំណងរបស់ខ្ញុំ គឺការធ្វើឲ្យយើងក្លាយជាក្រុមដ៏រឹងមាំមួយក្នុងក្របខ័ណ្ឌ Premier League មិនមែនត្រដាបត្រដួសក្នុងតំបន់កាត់ចោលឡើយ។ នោះគឺជាគោលដៅដ៏សំខាន់របស់យើង ហើយប្រសិនបើយើងសម្រេចបានសមិទ្ធផលកាន់តែច្រើន នោះវានឹងក្លាយជារឿងដ៏ល្អ»៕
    ប្រភពពី៖ The Guardian

     

  • Traore ចេញពីក្លិប Chelsea ចូល Lyon ក្រោយពីយល់ព្រមលើតម្លៃខ្លួនជិត 9លានផោន

    Traore ចេញពីក្លិប Chelsea ចូល Lyon ក្រោយពីយល់ព្រមលើតម្លៃខ្លួនជិត 9លានផោន

    ខ្សែប្រយុទ្ធ Bertrand Traore បានចូលរួមជាមួយនឹងក្លិប Lyon ដោយចេញពីក្លិប Chelsea។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបទាំងពីរ។  ខ្សែប្រយុទ្ធអន្តរជាតិបួគីណាហ្វាសូវ័យ 21ឆ្នាំរូបនេះ បានចំណាយពេលប៉ុន្មានរដូវកាលចុងក្រោយនេះក្នុងនាមជាកីឡាករកម្ចីរបស់ក្លិបហូឡង់ Vitesse Arnhem និង Ajax Amsterdam ហើយបច្ចុប្បន្នរូបគេនឹងផ្ទេរទៅកាន់ប្រទេសបារាំង ក្នុងកិច្ចសន្យាមួយដែលនឹងបន្តរហូតដល់ឆ្នាំ 2022។

    Lyon បានសរសេរនៅលើបណ្តាញសង្គម Twitter ថា៖ «វាជាផ្លូវការហើយ ខណៈដែល Bertrand Traore ក្លាយជាកីឡាកររបស់ក្លិប Lyonnais»។ ការផ្ទេរនេះមានតម្លៃខ្លួន 10លានអឺរ៉ូ (ស្មើនឹង 11.2លានដុល្លារអាមេរិក ឬស្មើ 8.8លានផោន) ហើយរូបគេបានចុះហត្ថលេខារយៈពេល 5ឆ្នាំ។

    ប្រភពព័ត៌មានជាច្រើនបានចេញផ្សាយថា តម្លៃខ្លួននេះ ក៏មានរាប់បញ្ចូលទាំងលក្ខខណ្ឌក្នុងពេលលក់កីឡាកររូបនេះបន្ត និងប្រាក់ឧត្ថម្ភផ្សេងៗទៀតផងដែរ។ ក្នុងសន្និសីទសារព័ត៌មានមួយដែលត្រូវបានរៀបចំឡើងដោយ Lyon ដើម្បីប្រកាសពីការចុះហត្ថលេខាជាមួយនឹង Traore លោក Jean-Michel Aulas ប្រធានក្លិប Lyon និងលោកគ្រូបង្វឹក Bruno Genesio បានធ្វើការពិភាក្សាលើបញ្ហាជាច្រើន។ Aulas ដែលត្រូវបានដក់ស្រង់សម្តីដោយកាសែត L’Equipe នោះ បាននិយាយពីផលលំបាកផ្នែកបច្ចេកទេស ក្នុងនោះរាប់បញ្ចូលទាំងបញ្ហាដោះដូរកីឡាករផងដែរ។

    ក្រោយពីបានបំពេញការផ្ទេររបស់គេរួចរាល់ Traore បានប្រាប់ទូរទស្សន៍ OLTV ថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការមកទីនេះ ក្នុងការក្លាយជាកីឡាកររបស់ក្លិប Lyonnais។ Lyon តែងតែជាក្លិបដ៏គួរឲ្យចាប់អារម្មណ៍មួយ ដោយមានកីឡាករឆ្នើមៗ និងមានប្រវត្តិដ៏អស្ចារ្យ។ វាជាកិត្តិយសមួយសម្រាប់ខ្ញុំក្នុងការមកនៅទីនេះ»៕


    ប្រភពពី៖ The Guardian

  • គង់ វង្សយ៉ាទី ស្ទើរអស់ព្រលឹងដោយសារជនអនាមិកធ្វើបាប

    គង់ វង្សយ៉ាទី ស្ទើរអស់ព្រលឹងដោយសារជនអនាមិកធ្វើបាប

    ថ្មីៗនេះកញ្ញា គង់ វង្សយ៉ាទី ពិធីការិនីពោរពេញដោយស្នាមញញឹម និងធ្លាប់តែរួសរាយទៅកាន់អ្នកគាំទ្ររបស់ខ្លួនបានសម្ដែងនូវអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំងបន្ទាប់ពីមានជនអនាមិកបានយកគណនីហ្វេសប៊ុករបស់នាងទៅចែករំលែកសារនយោបាយ។

    កញ្ញា គង់ វង្សយ៉ាទី បានបង្ហាញពីអារម្មណ៍ភ័យខ្លាចដោយនិយាយថា កាលពី2ថ្ងៃមុនគ្រាន់តែបើកមើល ក្រោយពេលភ្ញាក់ពីគេងភ្លាម នាងមានអារម្មណ៍ភ័យភ្លែតឡើងតែម្តង ដោយសារគណនីហ្វេសប៊ុករបស់នាងត្រូវបានគេហ៊ែកយកទៅប្រើដើម្បីចែករំលែកសារនយោបាយធ្វើឱ្យប៉ះពាល់ដល់កិត្ដិយសថា្នក់ដឹកនាំ។

    ពិធីការិនីរូបនេះ និយាយបន្ដថា៖«បងអើយ! គ្រាន់តែភ្ញាក់ឡើងភ្លាមឃើញអ៊ីចឹង ខ្ញុំភ័យសឹងតែស្លុតអារម្មណ៍ និយាយទៅភ្លាមនោះអស់ព្រលឹងរលីង ដោយសារតែគេលួចយកគណនីខ្ញុំទៅលេងនយោបាយ ប៉ះពាល់ដល់ថ្នាក់ដឹកនាំ។ បន្ទាប់ពីកើតបញ្ហានេះឡើង ខ្ញុំក៏បង្កើតគណនីថ្មីមួយ បង្ហោះវីដេអូឃ្លីប ដើម្បីធ្វើការបកស្រាយទៅកាន់សាធារណជនភ្លាម។ ពិសេសបងៗដែលជាមន្រ្ដីរាជការធ្លាប់រាប់អានខ្ញុំឱ្យគាត់បានយល់»។

    យ៉ាទីបន្ដថា ក្រោយពីបានប្រាប់ពួកគាត់រួចរាល់ហើយ នាងក៏បានធូរចិត្ដឡើងវិញ ព្រោះអ្នកទាំងនោះបានយល់អំពីនាង ដោយសារតែរយៈពេល5ឆ្នាំកន្លងមកនេះ ពោលគឺចាប់តាំងពីនាងចូលសិល្បៈមក នាងពុំដែលប្រឡូកប្រឡាក់នឹងរឿងនយោបាយទេ។ នាងបញ្ជាក់ថា៖«និយាយតាមត្រង់ ខ្ញុំមិនមែនមានទ្រព្យសម្បតិ្ដសម្បូរហូរហៀរអីទេ តែខ្ញុំនៅក្នុងវិថីសិល្បៈនេះមានសេចក្ដីសុខណាស់។ ខ្ញុំជាជំហរគ្រួសារ ដូច្នេះខ្ញុំមិនចង់ពាក់ព័ន្ធរឿងនយោបាយអ្វីឡើយ។ ម្យ៉ាងម៉ាក់របស់ខ្ញុំហាមដាច់ខាត គឺគាត់ឱ្យធ្វើតែការងារសិល្បៈ និងការងារជួយសង្គមតែប៉ុណ្ណោះ»។

    តារាសិល្បៈរូបនេះបានរៀបរាប់បន្ដថា ក្រោយពីបានបកស្រាយឱ្យសាធារណជនបានយល់ហើយ អារម្មណ៍របស់នាងហាក់ដូចជាបានដកបន្លាចេញពីដើមទ្រូងដូច្នេះដែរ។ អ្វីដែលនាងសោកស្ដាយគឺគណនីដែលនាងខំលេងរយៈពេល5ឆ្នាំមកនេះមានអ្នក Like &Share ច្រើននោះ ត្រូវបានបាត់បង់៕

    https://www.youtube.com/watch?v=8G60PZwqCa4

  • ចង់​ពង្រីក​អាជីវកម្ម ត្រូវស្វែងយល់ទៅលើចំណុចទាំងនេះជាមុនសិន

    ចង់​ពង្រីក​អាជីវកម្ម ត្រូវស្វែងយល់ទៅលើចំណុចទាំងនេះជាមុនសិន

    គ្រប់ម្ចាស់អាជីវកម្មទាំងអស់ គឺសុទ្ធសឹងតែមានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួន ដើម្បីបង្កើនប្រាក់ចំណូល ប៉ុន្តែ​ពួកគាត់មិនបានដឹងថា ដើម្បីពង្រីកអាជីវកម្មមួយបាន​ តើត្រូវ​ធ្វើ​ដូចម្ដេចខ្លះ? ខាងក្រោមនេះគឺជាការណែនាំរបស់អ្នកជំនាញ​ និងមានបទពិសោធន៍មួយចំនួន ដល់ម្ចាស់អាជីវកម្ម​ដើម្បីជាគំនិតក្នុងការពង្រីកអាជីវកម្ម៖

    សហការគ្នា៖ មាន​ពាក្យ​មួយ​ឃ្លា​ដែល​អ្នកជំនួញ​នាពេល​បច្ចុប្បន្ន​ឧស្សាហ៍​និយាយ គឺ​គេ​ឈប់​ប្រជែង​គ្នា​យើង តែ​គេ​បែរមក​សហការគ្នា​វិញ។ ការសហការ​គ្នា គឺជា​វិធីសាស្ត្រ​មួយ​ក្នុង​ការនាំ​ជំនាញ និង​បទពិសោធន៍​នៃ​អាជីវកម្ម​របស់​អ្នក​ចូលគ្នា​ជាមួយនឹង​អាជីវកម្ម​មួយ​ផ្សេងទៀត ដើម្បី​បំពេញបន្ថែម​ឲ្យ​គ្នា ពោលគឺ​រីកចម្រើន​ទាំង​ព្រម។

    បើក​ទីតាំង​ថ្មី ឬ​ពង្រីក​សាខា៖ ប្រសិនបើ​អ្នក​បាន​បង្កើត​អាជីវកម្ម​មួយ​ជោគជ័យ​នៅក្នុង​ទីតាំង​ណាមួយ​ហើយ អ្នក​គួរ​ជ្រើសរើស​ទីតាំង​មួយទៀត​សម្រាប់​ការពង្រីក​មុខ​របប ប៉ុន្តែ​អ្នក​អាចធ្វើ​បែបនេះ​បាន លុះត្រាតែ​អ្នកមាន​ដើមទុន និង​លទ្ធភាព​ក្នុងការ​ពង្រីក។

    ផ្ដល់​សិទ្ធិ​អាជីវកម្ម (Franchises)៖ ចំណុច​នេះ​វា​ខុសពី​ការពង្រីក​សាខា។ ការផ្ដល់​សិទ្ធិ​អាជីវកម្ម​គឺជា​យុទ្ធសាស្ត្រ​មួយ​ដែល​ល្អ​បំផុត ក្នុងការ​ពង្រីក​អាជីវកម្ម។ មិន​ត្រឹមតែ​បាន​ពង្រីក​នូវ​អាជីវកម្ម​ប៉ុណ្ណោះ​ទេ សូម្បីតែ​ស្លាក​សញ្ញា​យីហោ​របស់​អ្នក​ក៏ត្រូវ​បាន​ពង្រីក​ដូចគ្នា។

    ចូលទៅក្នុង​ទីផ្សារថ្មី៖ អាជីវកម្ម​របស់​អ្នកនឹង​រីកចម្រើន​បាន​នោះទេ បើសិនជា​អ្នក​មិន​ហ៊ាន​ក្នុងការ​ហក់​ចូល​ទីផ្សារ​ថ្មី ឬ​ចាប់យក​អតិថិជន​ថ្មី។ ទីកន្លែង​ដដែល អតិថិជន​ដដែល…គឺ​អាជីវកម្ម​មិន​រីកចម្រើន​ទេ ព្រោះថា​អ្នក​ស្គាល់​ផលិតផល ឬ​សេវាកម្ម​របស់​អ្នក​នៅតែ​ដដែល។

    ការនាំចេញ៖ ចូរ​ស្វែងយល់​អំពី​ឱកាស​នៃ​ការនាំចេញ។ នៅពេល​អ្នក​យល់​ពី​វិធីសាស្ត្រ​ក្នុងការ​នាំចេញ​ផលិតផល ឬ​សេវាកម្ម​ហើយ​នោះ មានន័យថា​អ្នក​ចាប់ផ្ដើម​មានឱកាស​ក្នុងការ​ពង្រីក​អាជីវកម្ម​ទៅ​ក្រៅ​ស្រុក។

    ចែកចាយ​តាម​អន​ឡាញ៖ វិធីសាស្ត្រ​ថ្មី និង​ពេញនិយម​នាពេល​បច្ចុប្បន្ន​គឺ​ការពង្រីក​អាជីវកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ។ អ្នក​អាច​ផ្សព្វផ្សាយ​សេវាកម្ម ឬ​ផលិតផល​របស់​អ្នក​បាន​ដោយ​ងាយស្រួល និង​គ្រប់​ទីកន្លែង ហើយ​សេវាកម្ម និង​ផលិតផល​របស់​អ្នកនឹង​ងាយស្រួល​ទៅ​ដល់ដៃ​អតិថិជន​គោលដៅ​ផងដែរ។

    ទិញ​អា​ជី​កម្ម​មួយ​ផ្សេងទៀត៖ នៅ​អ៊ឺរ៉ុប ក្រុមហ៊ុនធំៗជាច្រើន​គឺ​តែងតែ​ប្រើ​វិធីសាស្ត្រ​មួយ​នេះ ដើម្បី​ពង្រីក​អាជីវកម្ម ព្រោះ​គេ​មិន​ចង់​ចំណាយពេល​ដើម្បី​បង្កើត​សេវាកម្ម ឬ​ផលិតផល ម្យ៉ាងទៀត​យុទ្ធសាស្ត្រ​ទិញយក​អាជីវកម្ម​ពី​គេ​គឺជា​យុទ្ធសាស្ត្រឈ្នះៗទាំងសងខាង ព្រោះ​ការទិញ​នោះ​មិនមែន​ទិញ​ដាច់​នោះទេ គឺ​គ្រាន់តែ​ទិញ​ដើម្បី​បន្ថែម និង​ពង្រីក​អាជីវកម្ម៕

  • តើ​ការ​ស្រេកទឹក​បណ្ដាលមកពី​ហេតុអ្វី?​

    តើ​ការ​ស្រេកទឹក​បណ្ដាលមកពី​ហេតុអ្វី?​

    គ្រប់គ្នា​បានដឹងហើយថា ក្នុង​មួយថ្ងៃ ត្រូវ​ទទួលទាន​ទឹក​យ៉ាងហោចណាស់​ឱ្យ​បាន2លីត្រ ឬ​ច្រើនជាង​នេះ ដោយ​ការទទួល​ទឹក​ត្រូវធ្វើឡើង​នៅមុន ឬ​ក្រោយ​ពេលបាយ និង​មួយវិញទៀត​នៅ​ពេក​ស្រេកទឹក ប៉ុន្តែ​លោកអ្នក​មាន​ដឹង​ទេ​ថា ហេតុអ្វី​បានជា​មនុស្ស​ស្រេក​ទឹក?

    ខាងក្រោម​នេះ​គឺជា​បំណង​ស្រាយ​របស់​អ្នក​វិទ្យា និង​សាស្ត្រាចារ្យ៖
    អារម្មណ៍ស្រេកទឹក​ គឺគ្រាន់តែ​ជា​វិធីនៃ​រាងកាយ​ក្នុងការ​ប្រាប់​យើងឱ្យបន្ថែម​សារធាតុ​រាវតែប៉ុណ្ណោះ ប៉ុន្តែ​មូលហេតុ ដែល​នាំ​ឱ្យមានការ​ស្រេកទឹក គឺ​បង្កឡើង​ដោយ​ការផ្លាស់ប្តូរ​សារធាតុ ដែលមាន​នៅក្នុង​អំបិល​នៃឈាម​របស់​យើង។ យើង​អាច​ដឹងបាន​ថា មាន​អំបិល និង​ទឹក​មួយចំនួន​នៅ​ក្នុ​ឈាម​របស់​យើង នៅ​ពែ​លដែល​វា​មានការ​ផ្លាស់ប្តូរ​ដោយមាន​អំបិល​កាន់តែច្រើនឡើងៗ ទាក់ទង​នឹង​ទឹក​នៅក្នុង​ឈាម​របស់​យើង ការ​ស្រេកទឹក​ក៏បាន​កើតឡើង។

    មាន​ផ្នែក​មួយ​នៃ​ខួរក្បាល​របស់​យើង ដែល​គេ​ហៅថា «មជ្ឈមណ្ឌល​ស្រេកទឹក»។ វា​បានធ្វើការ​ឆ្លើ​តប​ជាមួយ​នឹង​អំបិល​មួយចំនួន​នៅក្នុង​ឈាម​របស់​យើង។ នៅពេល​ផ្លាស់ប្តូ វា​បា​នប​ញ្ចួ​ន​ដំណឹង​ត្រឡប់​ទៅរក​បំពង់ក។ ដំណឹង​ទាំងនេះ​ធ្វើដំណើរ ទៅកាន់​ខួរក្បាល ហើយ​វា​បូក​បញ្ចូល​នូវ​អារម្មណ៍​បែបនេះ​ដែល​ធ្វើ​ឱ្យ​យើងនិយាយថា​ស្រេកទឹក៕