Author: វល័ក្ខ

  • Heineken បង្កើតភាពសប្បាយរីករាយក្នុងព្រឹត្តិការណ៍ប្រកួតផ្តាច់ព្រ័ត្រ European Champions League

    Heineken បង្កើតភាពសប្បាយរីករាយក្នុងព្រឹត្តិការណ៍ប្រកួតផ្តាច់ព្រ័ត្រ European Champions League

    ស្រាបៀរ Heineken បានបញ្ចេញស្ពតពាណិជ្ជកម្មទូរទស្សន៍ថ្មីជាច្រើនអំពីការប្រកួតក្របខ័ណ្ឌ UEFA Champions League ដែលបង្ហាញពីអ្នកចាត់ការក្លិបម្នាក់ដែលបានឈ្នះពានក្របខ័ណ្ឌ UEFA Champions League ចំនួនពីរសម័យកាលគឺលោក លោក Jose Mourinho សម្រាប់យុទ្ធនាការក្របខ័ណ្ឌនេះ។

    ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានបញ្ជូនម្ចាស់ហាងចំនួន 10នាក់មកពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ដើម្បីធ្វើដំណើរកម្សាន្តដ៏អស្ចារ្យទៅកាន់ប្រទេសក្រិក។ ពួកគាត់មានមោទនភាពតំណាងប្រទេសកម្ពុជាក្នុងចំណោមអ្នកគាំទ្រ Heineken រាប់រយនាក់មកពីជុំវិញពិភពលោកដែលចូលរួមព្រឹត្តិការណ៍នេះ។

    ពួកគាត់បានឡើងជិះនាវាកម្សាន្តរយៈពេលបីថ្ងៃ ដែលដឹកនាំដោយកំពូលតារាបាល់ទាត់ប្រេស៊ីលល្បីល្បាញទូទាំងពិភពលោកគឺ Ronaldinho! កម្មវិធីនេះពោរពេញទៅដោយសកម្មភាពដែលមានការប្រកួតបាល់ទាត់នៅលើឆ្នេរខ្សាច់ មានអ្នកសម្តែងជិះស្គីលើទឹក ក្រុមឌីជេផ្តល់ការកម្សាន្តជូនទស្សនិកជន និងការសម្តែងជំនាញពិសេសមួយចំនួនពីលោក Ronaldinho ។

    ទន្ទឹមនឹងនេះផងដែរ អ្នកមានសំណាងមួយចំនួនមានឱកាសទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅក្នុងទីក្រុង Cardiff, UK ព្រមទាំងតំណាងឱ្យប្រទេសកម្ពុជាផងដែរ។

    ស្រាបៀរ Heineken កំពុងពាំនាំជូនលោកអ្នកនូវព្រឹត្តិការណ៍ផ្សេងៗដែលគេប្រាថ្នាចង់ឃើញបំផុតនៅលើពិភពលោក។ សូមធ្វើឲ្យប្រាកដថា លោកអ្នកក៏ជាសមាជិកនៃគ្រួសារនេះផងដែរ ហើយសូមពិសាដោយការទទួលខុសត្រូវជានិច្ច។
    ចំពោះព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុករបស់ស្រាបៀរ Heineken®: www.facebook.com/Heineken/

  • Taeyang ប្រកាសថា គណនី Instagram របស់លោកឧស្សាហ៍ត្រូវបានគេ Hack

    Taeyang ប្រកាសថា គណនី Instagram របស់លោកឧស្សាហ៍ត្រូវបានគេ Hack

    ថ្មីៗនេះ តារាចម្រៀង Taeyang សមាជិកក្រុមចម្រៀង Big Bang បានចេញមុខប្រកាសប្រាប់អ្នកគាំទ្រគ្រប់រូបនៅក្នុងបណ្ដាញសង្គម Instagram ឱ្យប្រុងប្រយ័ត្នចំពោះគណនីរបស់លោក ព្រោះថាគណនីដែលលោកកំពុងប្រើប្រាស់រាល់ថ្ងៃនេះ ត្រូវបានជនមិនស្គាល់មុខព្យាយាម Hack យកប្រើប្រាស់ក្នុងគោលបំណងមិនល្អ ហើយសូមឱ្យអ្នកគាំទ្រទាំងអស់ជួយផ្ដល់ព័ត៌មានថ្មីៗផងប្រសិនបើមានករណីមិនប្រក្រតីណាមួយបានកើតឡើង។

    គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ បើទោះបីជាគណនីលោកយកបានមកវិញហើយក្ដី តែតារាចម្រៀងរូបនេះនៅតែរកមុខអ្នកដែល Hack គណនីរបស់លោកមិនទាន់ឃើញនៅឡើយ តែលោកបានព្យាយាមបង្ហោះជាវីដេអូច្រើនជាងរូបភាព ដើម្បីកែប្រែស្ថានការណ៍បានភ្លាមៗ ដូចជាវីដេអូសំណើច និង វីដេអូរបស់ G-Dragon ជាដើម៕

  • រដ្ឋមន្រ្តីផែនការ៖ ការប្រែប្រួលអាកាសធាតុធ្វើឱ្យកម្ពុជាបានបាត់បង់ទឹកប្រាក់ 1.3%នៃ GDP

    រដ្ឋមន្រ្តីផែនការ៖ ការប្រែប្រួលអាកាសធាតុធ្វើឱ្យកម្ពុជាបានបាត់បង់ទឹកប្រាក់ 1.3%នៃ GDP

    ភ្នំពេញៈ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានបាត់បង់ចំណូល 1.3ភាគរយនៃផលទុនជាតិសរុប (GDP) ហើយចំនួននេះនឹងកើនឡើងដល់ 1.5ភាគរយនៅឆ្នាំ 2030 ខាងមុខ។

    ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការបានថ្លែង និងលើកឡើងបែបនេះនៅក្នុងសិក្ខាសាលាស្តីពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនៃគម្រោងវិនិយោគ ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ និងការបញ្រ្ជាបយេនឌ័រនាព្រឹកថ្ងៃទី28 ខែមិថុនា ឆ្នាំ2017នេះថា បញ្ហាប្រែប្រួលអាកាសធាតុត្រូវបានទទួលស្គាល់ថា ជាកត្តាសំខាន់មួយដែលអាចប៉ះពាល់ដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងនោះកម្ពុជាត្រូវបានចាត់ទុកថាជាប្រទេសទី1 ដែលងាយរងគ្រោះ និងប្រឈមពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ គឺមានកត្តារួមផ្សំជាច្រើន ជាពិសេសសមត្ថភាពបន្សាំ និងចំណេះដឹងនៅមានកម្រិត។

    ចំណែកកសិកម្ម ធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសបានជួបប្រទះនូវការបាត់បង់ដោយសារទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់ព្យុះដែលបានធ្វើឲ្យមានផលវិបាកដល់ជីវភាពរស់នៅរបស់ប្រជាជននៅតាមជនបទ និងបានកាត់បន្ថយដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ។

    លោកស្រី កែវ វឌ្ឍនា ប្រធានគម្រោងការបញ្ជ្រាបភាពធន់ទៅនឹងអាកាសធាតុបានលើកឡើងក្នុងបទបង្ហាញរបស់ខ្លួនថា ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុមិនត្រឹមតែខាតបង់ថវិកាផលទុនសរុបរបស់ជាតិប៉ុណ្ណោះទេ គឺអាចធ្វើឲ្យមានការប៉ះពាល់ដល់ធនធានមនុស្សនៅកម្ពុជាផងដែរ ដូច្នេះទាមទារឲ្យមានការធ្វើសកម្មភាពជាបន្ទាន់នៅទូទំាងប្រទេស ព្រោះបញ្ហាស្រ្តី កុមារ បុរស ចាស់ជរា និងជនពិការសុទ្ធតែទទួលផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុមិនដូចគ្នានោះឡើយ
    ដូចនេះដើម្បីធានានូវប្រសិទ្ធភាពសម្រាប់គម្រោងវិនិយោគនៃការប្រែប្រួលអាកាសធាតុ គឺត្រូវការនូវគំនិតផ្តូចផ្តើមពីអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ក្នុងប្រទេសដែលជាកត្តាមិនអាចចៀសបាន៕

  • Bora និង Feeldog ប្រកាសទំនាក់ទំនងស្នេហ៍ជាផ្លូវការ

    Bora និង Feeldog ប្រកាសទំនាក់ទំនងស្នេហ៍ជាផ្លូវការ

    ពិតជាគួរឱ្យភ្ញាក់ផ្អើលមែនទែន! តារាចម្រៀងស្រី Bora ជាសមាជិកក្រុមចម្រៀង SISTAR បានប្រកាសពីទំនាក់ទំនងស្នេហារបស់ខ្លួនជាមួយមិត្តប្រុសជាសមាជិកក្រុមចម្រៀងប្រុស Big Stars មានឈ្មោះថា Feeldog ជាសាធារណៈតែម្ដង។

    អ្នកទាំងពីរទើបតែផ្ដល់ព័ត៌មានថា បានណាត់ជួបគ្នាកាលពីឆ្នាំកន្លងទៅ នៅអំឡុងពេលដែលបានចូលរួមក្នុងកម្មវិធីប្រឡងរាំ Mnet នៅលើឆាក។ ក្នុងនាមជាសមាជិកក្រុមចម្រៀង និងអមដោយក្បាច់រាំដ៏រស់រវើក អ្នកទាំងពីរមានចំណុចមួយដែលដូចគ្នាខ្លាំងបំផុតគឺ ការហាត់ប្រាណ ហើយនេះក៏ជាចំណុចមួយដែលកាន់តែធ្វើឱ្យពួកគេមានឱកាសបានស្និទ្ធស្នាលនឹងគ្នា។ តារាស្រី Bora បាននិយាយថា នៅពេលដែលណាត់ជួប Feeldog គឺនាងតែងតែឱ្យគូស្នេហ៍បើក Range Rover របស់នាងទៅគ្រប់ទីកន្លែងជាមួយនាង។

    គួរបញ្ជាក់ផងដែរថា សារព័ត៌មាន Koreaboo បានលើកឡើងពីការអះអាងរបស់ Hook Entertainment អំពីទំនាក់ទំនងរបស់គូស្នេហ៍តារាចម្រៀងមួយគូនេះថា តារាពីរដួងនេះពិតជាមានទំនាក់ទំនងស្នេហ៍ប្រាកដមែន ហើយពួកគេក៏កំពុងតែរៀនយល់ចិត្តគ្នាផងដែរ យ៉ាងណាមិញ ពួកគេបានស្រឡាញ់គ្នាពិតប្រាកដណាស់ ហើយក៏សង្ឃឹមថាអ្នកគាំទ្រនៅតែបន្ដស្រឡាញ់ និងគាំទ្រអ្នកទាំងពីរបន្ដទៀត៕

  • នវានុវត្តន៍ ជាវិធីសាស្រ្តល្អបំផុតសម្រាប់ដឹកនាំក្រុមហ៊ុនឱ្យទទួលបានជោគជ័យ

    នវានុវត្តន៍ ជាវិធីសាស្រ្តល្អបំផុតសម្រាប់ដឹកនាំក្រុមហ៊ុនឱ្យទទួលបានជោគជ័យ

    នវានុត្តន៍ ដែលមានន័យថាជាគំនិតច្នៃប្រឌិត ឬការបង្កើតអ្វីដែលថ្មី គឺជាវិធីសាស្រ្តដែលល្អបំផុតសម្រាប់ធ្វើឱ្យមនុស្សគ្រប់គ្នា ឬអង្គភាពក្រុមហ៊ុនមួយទទួលបានជោគជ័យ។ នេះជាការលើកឡើងរបស់លោក Gabriel Helmy ប្រធាននាយកប្រតិបតិ្តនៃក្រុមហ៊ុន The Capacity Specialist ប្រចាំនៅក្នុងប្រទេសកម្ពុជា។

    លោកបានលើកឡើងពីគំរូរបស់ Steve Jobs ស្ថាបនិកក្រុមហ៊ុន Apple ដែលផលិតកុំព្យូរទ័រយួរដៃដំបូងគេ និងផលិតស្មាតហ្វូនម៉ាក iPhone ល្បីទូទាំងពិភពលោកផងនោះ ធ្លាប់បាននិយាយថា «នវានុវត្តន៍ឬគំនិតបង្កើតថ្មីគឺជាវិធីសាស្រ្តល្អបំផុតសម្រាប់ឱ្យក្រុមហ៊ុនទទួលបានជោគជ័យ»។ លោកបន្តថា នវានុវត្តន៍អាចត្រូវបានគេប្រើក្នុងគោលដៅ សម្រាប់ពង្រឹងគុណភាពផលិតផល សេវាកម្ម ដំណើរការអាជីវកម្មដើម្បីជួយឱ្យក្រុមហ៊ុនដើរឆ្ពោះទៅមុខក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុនដទៃ និងបង្កើនប្រាក់ចំណេញរបស់ខ្លួន។ តែយ៉ាងណាក៏ដោយលោក Helmy ក៏បានបញ្ជាក់ផងដែរថា ការបង្កើតថ្មីក៏អាចបន្សល់ទុកនូវបញ្ហាជាច្រើនសម្រាប់ក្រុមហ៊ុនផងដែរ បើយើងបង្កើតអ្វីថ្មីមួយដោយមិនបានគិតឱ្យគ្រប់ជ្រុងជ្រោយ។

    លោក ស៊ីវ ស្រេង គ្រូបណ្តុះបណ្តាលនៃវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ បានគាំទ្រទៅនឹងគំនិតបង្កើតថ្មី ថាពិតជាធ្វើឱ្យមនុស្ស និងក្រុមហ៊ុនទទួលបានជោគជ័យពិតប្រាកដមែន។ លោកបន្តថា លោក Steve Jobs បានរកឃើញ និងបង្កើតក្រុមហ៊ុន Apple ដំបូងគេ ហើយគ្មានអ្នកណាម្នាក់ជឿថា ក្រុមហ៊ុននេះមានភាពល្បីល្បាញទូទាំងពិភពលោកមកទល់បច្ចុប្បន្នដូច្នេះឡើយខណៈដែលក្រុមហ៊ុនត្រូវបានបង្កើតឡើងថ្មីនៅពេលដែលលោករៀនមិនទាន់ចប់មហាវិទ្យាល័យផងនោះ។ អ្វីដែលធ្វើឱ្យលោក Steve Jobs ជោគជ័យនោះគឺគាត់បានផលិតកុំព្យូទ័រយួរដៃ និងទូរស័ព្ទម៉ាក iPhone យកទៅឱ្យមនុស្សដែលមានឥទ្ធិពល ឬមេដឹកនាំប្រទេសប្រើប្រាស់ជាមុន បន្ទាប់មកផលិតផលទាំងពីររបស់គាត់ត្រូវបានគាំទ្រលើទីផ្សារខ្លាំងជាងគេនៅទូទាំងពិភពលោក។

    គួររំលឹកថា ទ្រឹស្តីនៃពាក្យ«នវានុវត្តន៍»ត្រូវបានបង្កើតឡើងដោយលោក Natalie Turner ជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Entheo Networks, a global leadership innovation company។ ការបង្កើតទ្រឹស្តីនេះគឺដើម្បីផ្តល់នូវវិធីសាស្រ្តសមស្របសម្រាប់បុគ្គល និងអង្គភាពក្រុមហ៊ុនទូទៅ សម្រាប់វាស់កម្រិតនៃការរៀបចំបុគ្គលិកលក្ខណៈ ជំនាញ សមត្ថភាព នៅក្នុងវប្បធម៌មួយដើម្បីជួយអភិវឌ្ឍគំនិតបង្កើតថ្មី៕

  • ចំនួនអ្នកប្រើ Facebook កើនដល់ 2ពាន់លាននាក់

    ចំនួនអ្នកប្រើ Facebook កើនដល់ 2ពាន់លាននាក់

    ចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook បានកើនឡើងដល់ 2ពាន់លាននាក់ហើយ គិតត្រឹមចុងខែមិថុនា ឆ្នាំ2017 ខណៈដែលមានមនុស្ស 1.3 ពាន់លាននាក់បានប្រើប្រាស់ Facebook រាល់ថ្ងៃ។

    ទិន្នន័យចំនួនអ្នកប្រើប្រាស់នេះ ត្រូវបានលោក Mark Zuckerberg សហស្ថាបនិក និងជានាយកប្រតិបត្តិនៃបណ្ដាញសង្គមដ៏ធំ Facebook បានប្រកាសលើគណនីផ្ទាល់ខ្លួនលោកថា (Updated with 2 billion people. The world is a little brighter now) ដោយលោកចង់បង្ហាញថា ចំនួនគណនី Facebook បានកើនដល់ 2 ពាន់លានគណនីហើយ ដែលធ្វើឱ្យពិភពលោកយើងនេះកាន់តែមានពន្លឺខ្លាំងជាងមុន ដោយមនុស្សលោកអាចធ្វើការទំនាក់ទំនងគ្នាកាន់តែងាយស្រួលជាងមុនហើយនៅទូទាំងពិភពលោក។

    ចំនួនមួយនេះបានធ្វើឱ្យ Facebook ក្លាយជាបណ្ដាញសង្គមដែលធំជាងគេបំផុតក្នុងពេលបច្ចុប្បន្ន ខណៈកម្មវិធី YouTube មានចំនួនគណនីអ្នកប្រើ 1.5 ពាន់លាននាក់ កម្មវិធី WeChat មានចំនួន 889 លាននាក់កម្មវិធី Twitter មានចំនួន 328 លាននាក់ និង Snapchat មានប្រហែល 255 លាននាក់។ ក្នុងនោះបើនិយាយពីចំនួនទាញយកទៅប្រើ ក្រៅពី YouTube ហើយ មានតែកម្មវិធីមកពីក្រុមហ៊ុន Facebook មួយប៉ុណ្ណោះ ដែលមានចំនួនអ្នកទាញយកមកដំឡើងលើស្មាតហ្វូន និងថេបប្លេត រាប់បញ្ចូលទាំងកម្មវិធី WhatsApp និង Facebook Messenger មានចំនួនលើសពី 1.2 ពាន់លានដងឯណោះ។

    ភាពរីកចម្រើនរបស់ Facebook នៅទសវត្សរ៍ចុងក្រោយនេះបានមកពីប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានចំនួនអ្នកប្រើប្រាស់ថ្មីៗ ទើបរៀនប្រើ ឬទើបចាប់ផ្ដើមមានទូរស័ព្ទទំនើប រួមនិងទើបមានបណ្ដាញអ៊ីនធើណេតប្រើនឹងគេ។
    ក្រៅពីអ្វីខាងលើនេះហើយក្រុមហ៊ុនថែមទាំងបានបង្កើនប្រសិទ្ធភាពឥតឈប់ឈរនូវកម្មវិធីរបស់ខ្លួនសម្រាប់ស្មាតហ្វូន Android តម្លៃថោក និងការតភ្ជាប់បណ្តាញដែលខ្សោយទៀតផង៕

  • Ricky ទោះជាសិល្បៈរកលុយបានច្រើន ក៏ខ្ញុំមិនចោលក្លិបប្រដាល់ដែរ

    Ricky ទោះជាសិល្បៈរកលុយបានច្រើន ក៏ខ្ញុំមិនចោលក្លិបប្រដាល់ដែរ

    Ricky បច្ចុប្បន្នកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងនាមជាពិធីករនៅក្នុងកម្មវិធីប្រគំតន្រ្ដីនៃស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍។ ទោះជាលោកកំពុងតែរវល់ជាមួយការងារសិល្បៈខ្លាំងក៏ដោយ ក៏តារាសិល្បៈមានដើមកំណើតពីកីឡាប្រដាល់តាមជាយដែនម្នាក់នេះ មិនព្រមបោះបង់ចោលសិល្បៈក្បាច់គុនប្រដាល់ដែរ។

    រំឭកដល់បទ «ផ្ញើសង្សារផង» ជាបទដែលពេញនិយមក្នុងរង្វង់មួយឆ្នាំមុន យុវវ័យជាច្រើនប្រាកដជានៅចាំមុខលោក Ricky ជាមិនខាន។ ពិសេសមុនពេលលោកចូលប្រឡូកក្នុងវិស័យសិល្បៈ លោកធ្លាប់ធ្វើជាគ្រូបង្វឹកក្នុងក្លឹបប្រដាល់ «ខ្លារខិនមានរិទ្ធ»។ ពាក្យថា “ពេលវេលាជាមាសប្រាក់” វាពិតជាស័ក្កិសមណាស់សម្រាប់ជីវិតសិល្បៈរបស់ Ricky នៅពេលនេះ តែទោះជាយ៉ាងនេះក្ដី  ក៏លោកនៅតែចំណាយពេលជាមួយសិស្សប្រដាល់របស់ខ្លួនជាច្រើននាក់ដោយមិនព្រមបោះបង់ចោលពួកគេឡើយ។
    លោក Ricky បានប្រាប់ថា បច្ចុប្បន្នលោកជាពិធីករប្រចាំកម្មវិធីនៃការប្រគំតន្រ្ដីរបស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ជាកម្មវិធីទទួលបានការគាំទ្រខ្លាំងពីអ្នកទស្សនា។    លោកបន្តថា ប្រសិនបើមានពេលគ្រប់គ្រាន់លោកនឹងអាចទទួលបានការងារច្រើនពីស្ថានីយទូរទស្សន៍បន្ថែមទៀត។

    ទោះយ៉ាងណាពិធីកររូបនេះបានបញ្ជាក់ថា សព្វថ្ងៃលោកស្ទើរតែគ្មានពេលវេលាសម្រាកទេ ព្រោះក្រៅពីការងារជាមួយស្ថានីយទូរទស្សន៍ហើយ លោកទទួលការងារជាពិធីករខាងក្រៅបន្ថែមទៀត។ ក្រៅពីនេះលោកត្រូវចំណាយពេលជាច្រើននៅជាមួយក្លឹបប្រដាល់របស់ខ្លួន។

    Ricky បញ្ជាក់ថា៖ «ខ្ញុំមិនអាចចោលក្លិបខ្ញុំបានទេ ទោះជាខ្ញុំរវល់ខ្លាំងក៏ដោយ ក៏ខ្ញុំនៅតែចំណាយពេលជាមួយវាដែរ  ព្រោះខ្ញុំដឹងថាកូនសិស្សខ្ញុំម្នាក់ៗពួកគាត់ស្រឡាញ់អាជីពនេះខ្លាំងណាស់»។លោកបន្ដថា ក្នុងមួយថ្ងៃលោកចំណាយពេលបង្ហាត់ក្បាច់ប្រដាល់ដល់សិស្សចំនួនពីរវេន គឺព្រឹក 2ម៉ោង  និងល្ងាច 2ម៉ោង។

    តារាសិល្បៈរូបនេះបញ្ជាក់ថា ទោះជាលោកមិនទទួលបានថវិកាពីការបង្ហាត់ ហើយមានពេលខ្លះលោកថែមទាំងត្រូវចំណាយថវិកាផ្ទាល់ខ្លួនក្នុងការចាយវាយសម្រាប់សិស្សខ្លះក៏ដោយ  ប៉ុន្ដែក្លិបប្រដាល់នេះបានធ្វើឱ្យលោកសប្បាយចិត្ដជាខ្លាំង ព្រោះលោកបានបង្កើតធនធានកីឡាករជាច្រើនបញ្ចូលទៅក្នុងទីផ្សារក្បាច់គុនប្រដាល់។  អ្វីពិសេសជាងនេះគឺលោកអាចប្រើពេលបង្វឹកសិស្សជាពេលហាត់ប្រាណផ្ទាល់ខ្លួនផងដែរ។

    គួរបញ្ជាក់ថា អតីតអ្នកប្រដាល់រូបនេះបានក្លាយជាអ្នកសិល្បៈដែលទទួលបានភាពជោគជ័យរហូតមកដល់ថ្ងៃនេះ ដោយសារតែមានចំណុចល្អ2យ៉ាងគឺ  ទី1ការស្រឡាញ់ និងការតាំងចិត្ដ ទី2ការទទួលបានបទពិសោធក្នុងការងារសិល្បៈ និងដំបូន្មានល្អៗពីលោក BIG៕

  • ទូរស័ព្ទ Galaxy S8 Plus ចេញពណ៌ថ្មី តម្លៃក្បែរ 1ពាន់ដុល្លារ

    ទូរស័ព្ទ Galaxy S8 Plus ចេញពណ៌ថ្មី តម្លៃក្បែរ 1ពាន់ដុល្លារ

    តាមគេហទំព័រ Samsung បានឱ្យដឹងថា ខ្លួនកំពុងត្រៀមបង្ហាញស្មាតហ្វូនពណ៌ផ្កាឈូកស្រស់ (Rose Pink) មួយទៀតសម្រាប់ទូរស័ព្ទម៉ូដែល Galaxy S8 Plus នៅខែក្រោយនេះសម្រាប់ទីផ្សារកោះតៃវ៉ាន់ ក្នុងតម្លៃប្រមាណជា 920 ដុល្លារអាមេរិក។

    ពណ៌ថ្មីនេះនឹងមានលក់ក្នុងរយៈពេលកំណត់មួយ តែមិនបានបញ្ជាក់អំពីចំនួនដែល S8 Plus ពណ៌ថ្មីនេះនឹងត្រូវបញ្ចេញលក់លើទីផ្សារនោះទេ។ ក្នុងនោះ Samsung ក៏បានបន្ថែមពណ៌ថ្មីៗទៀតចំពោះម៉ូដែលទាំង 2 ដូចជាពណ៌ Ice Lake Blue, Smoked Purple Grey និង Quickstand Gold ក្នុងទីផ្សារដដែលនេះ។

    ដោយឡែកចំពោះលក្ខណសម្បត្តិរបស់ទូរស័ព្ទ Galaxy S8 Plus ពណ៌ផ្កាឈូកស្រស់នេះ គឺមិនមានអ្វីខុសប្លែកគ្នាពីទូរស័ព្ទពណ៌ផ្សេងដែល Samsung ធ្លាប់ដាក់លក់មកនោះទេ ពោលគឺនៅប្រើអេក្រង់ទំហំ 6.2 អ៊ីញកម្រិត Quad HD 2560×1440 ភិកសេល ជាអេក្រង់ពេញកោង បំពាក់បន្ទះឈីបប្រភេទ Exynos 8895 ប្រើឈីប Exynos 8895 octa-core, កាមេរ៉ាក្រោយទំហំ 12MP និងខាងមុខទំហំ 8MP កម្លាំងថ្ម 3500mAh និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 7.0 ដដែល៕

  • Pacquiao ស្រេកឃ្លានសងសឹក Mayweather ក្រោយប៉ះ Horn ចុងសប្តាហ៍នេះ

    Pacquiao ស្រេកឃ្លានសងសឹក Mayweather ក្រោយប៉ះ Horn ចុងសប្តាហ៍នេះ

    គ្រូបង្វឹករបស់កីឡាករ Manny Pacquiao បានបញ្ជាក់ថា តារាប្រដាល់ដ៏ឆ្នើមរបស់ហ្វីលីពីនរូបនេះ កំពុងតែស្ថិតក្នុងស្ថានភាពត្រូវការឈ្នះជាដាច់ខាតនៅពេលរូបគេត្រូវការពារខ្សែក្រវាត់ពិភពលោករបស់គេជាមួយនឹងកីឡាករអូស្ត្រាលី Jeff Horn នៅចុងសប្តាហ៍នេះ ដើម្បីទទួលបានឱកាសក្នុងការប្រកួតសងសឹកជាមួយនឹងកីឡាករអាមេរិក Floyd Mayweather។ នៅមុនពេលការប្រកួតរវាង Pacquiao (ឈ្នះ 59លើក ចាញ់ 6លើក និងស្មើ 2លើក) និង Horn ដែលជាអតីតគ្រូបង្រៀន (ឈ្នះ 16លើក មិនដែលចាញ់ និងស្មើ1លើក) លោក Freddie Roach គ្រូបង្វឹករបស់ Pacquiao បានបញ្ជាក់ថា ការប្រកួតនាពេលខាងមុខនេះពិតជាសំខាន់ណាស់ ដោយសារតែវាអាចនឹងកំណត់ថា តើម្ចាស់ខ្សែក្រវាត់ពិភពលោក11សម័យកាលរូបនេះ នឹងទទួលបានឱកាសក្នុងការប្រកួតសងសឹកជាមួយនឹង Mayweather ឬយ៉ាងណា?។

    លោក Roach បានប្រាប់ទូរទស្សន៍ ESPN កាលពីថ្ងៃអង្គារថា៖ «Manny ស្ថិតក្នុងស្ថានភាពដែលត្រូវការឈ្នះជាដាច់ខាត។ រូបគេចង់បានការប្រកួតសងសឹកជាមួយនឹង Mayweather តែដើម្បីជួបជាមួយនឹង Mayweather អ្នកត្រូវតែធ្វើឲ្យបានល្អពេលប្រកួតជាមួយនឹងគូប្រកួតម្នាក់នេះជាមុនសិន ហើយអ្នកត្រូវតែផ្តល់នូវការប្រកួតមួយដ៏គួរឲ្យទាក់ទាញទៀតផង។ ប្រសិនបើរូបគេត្រដាបត្រដួសក្នុងការប្រកួតនេះ វាអាចនឹងបញ្ចប់ក្តីសុបិននោះទាំងស្រុង»។
    បើទោះបីជា Pacquiao ពិតជាស្រេកឃ្លានក្នុងការទទួលបានការប្រកួតសងសឹក ក្រោយពីចាញ់ក្នុងការប្រកួតដ៏ល្បីល្បាញដែលមានឈ្មោះថា ការប្រកួតប្រចាំសតវត្សរ៍ កាលពីខែឧសភា ឆ្នាំ2015 ក៏ដោយ ក៏រូបគេមិនអនុញ្ញាតឲ្យការរំពឹងទុកពីការបានប្រកួតសងសឹកនោះមករំខានដល់ការត្រៀមលក្ខណៈរបស់គេសម្រាប់ការប្រកួតនៅចុងសប្តាហ៍នេះឡើយ។ Pacquiao បានឲ្យដឹងថា៖ «ប្រសិនបើមានឱកាស ហេតុអ្វីបានមិនអាចទៅរួច? ខ្ញុំពិតជាចង់ប្រកួតសងសឹកណាស់។ ប៉ុន្តែខ្ញុំត្រូវផ្តោតទៅលើការប្រកួតមួយនេះជាមុនសិន។ យើងមិនអាចមើលស្រាលទៅលើ Horn ដោយគិតពីការប្រកួតផ្សេងបានឡើយ។ ការប្រកួតនេះមិនទាន់បានបញ្ចប់នៅឡើយទេ»។

    ការប្រកួតដណ្តើមខ្សែក្រវាត់ WBO ទម្ងន់66.9គីឡូក្រាមនេះ នឹងចាប់ផ្តើមនៅម៉ោង11:30 (ម៉ោងក្នុងស្រុក) នាថ្ងៃសៅរ៍នេះ នៅលើសង្វៀន Suncorp Stadium ប្រទេសអូស្ត្រាលី៕
    ប្រភពពី៖ ESPN

  • កសិកម្ម ជាមុខវិជ្ជាសំខាន់មួយដែលគួរជំរុញនៅកម្ពុជា

    កសិកម្ម ជាមុខវិជ្ជាសំខាន់មួយដែលគួរជំរុញនៅកម្ពុជា

    កម្ពុជា ជាប្រទេសដែលមានប្រជាជនភាគច្រើនប្រកបរបរកសិកម្ម តែពេលកន្លងមកមុខរបរមួយនេះបែរជាមិនសូវសម្បូរអ្នកជំនាញទៅវិញ ដោយសារតែនិស្សិតនៅកម្ពុជាមិនសូវជ្រើសរើសយកមុខវិជ្ជាកសិកម្មធ្វើជាអាជីពប្រចាំជីវិតឡើយ។

    ថ្មីៗនេះដោយសារតែកង្វះអ្នកជំនាញផ្នែកកសិកម្ម បានធ្វើឱ្យកសិផលនៅកម្ពុជាមិនអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារបាន ដែលបណ្តាលឱ្យផលិតផលកសិកម្មជាច្រើនត្រូវហូរចូលពីបរទេសមកកាន់ទីផ្សារនានានៅក្នុងប្រទេស។ ដើម្បីឆ្លើយតបជាមួយនឹងបញ្ហាទាំងអស់នេះ មានពាណិជ្ជករមួយចំនួនចាប់ផ្តើមមើលឃើញពីសក្តានុពលនៃវិស័យកសិកម្ម ហើយបានចាប់ផ្តើមងាកមកធ្វើការវិនិយោគលើការដាំបន្លែ និងចិញ្ចឹមសត្វក្នុងស្រុកដើម្បីផ្គត់ផ្គង់ទៅកាន់ផ្សារទំនើបនានាដែលធ្វើឱ្យពួកគេទទួលបានប្រាក់ចំណេញយ៉ាងច្រើនជាមួយនឹងឱកាសការងារសម្រាប់ប្រជាជនខ្មែរជាច្រើនរូបផ្សេងទៀតផង។

    ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងរបស់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺថា ប្រទេសកម្ពុជាកំពុងខ្វះខាតអ្នកជំនាញ និងកម្លាំងពលកម្មលើវិស័យកសិកម្ម តែសម្បូរផ្នែកសេវាកម្ម ដែលធ្វើឱ្យធនធានមនុស្សលើវិស័យកសិកម្មរបស់យើងមិនអាចឆ្លើយតបបានជាមួយតម្រូវការការងារផ្នែកវិទ្យាសាស្រ្តកសិកម្មនៅក្នុងស្រុក។

    ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញផងដែរឱ្យគ្រឹះស្ថានសិក្សាទាំងអស់ គួរពង្រីកការបណ្តុះបណ្តាលជំនាញកសិកម្ម និងបច្ចេកវិទ្យាដល់និស្សិតរបស់ខ្លួនដើម្បីបំពេញតម្រូវការក្នុងស្រុក ក៏ដូចជាការអភិវឌ្ឍលទ្ធភាពផ្នែកកសិកម្ម និងកសិឧស្សាហកម្មនៅក្នុងប្រទេសដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀតផងដែរ៕