Author: វល័ក្ខ

  • ចង់​មាន IQ ខ្ពស់​ត្រូវតែ​អាន 5 តិច​និក​នេះ​ដើម្បី​អភិវឌ្ឍភាព​ឆ្លាត​វៃ​ខាង​អារម្មណ៍​

    ចង់​មាន IQ ខ្ពស់​ត្រូវតែ​អាន 5 តិច​និក​នេះ​ដើម្បី​អភិវឌ្ឍភាព​ឆ្លាត​វៃ​ខាង​អារម្មណ៍​

    បច្ចុប្បន្ននេះ​ដូចដែល​យើងទាំងអស់គ្នា​បានដឹងហើយថា ក្រៅពី​សមត្ថភាព​ក្នុង​ការគិត​វិភាគ ការប្រើ​ហេតុផល និង​ការគិត​គណនា​ដែល​ហៅថា I.Q. ហើយ​នោះ មនុស្ស​យើង​គួរ​មាន​ភាព​ឆ្លាត​វៃ​ខាង​អារម្មណ៍ ឬ​ដែល​ហៅថា E.Q. គួប​គូ​គ្នា​ជាមួយ​ផងដែ​លវា​នឹង​ជួយ​ឱ្យ​ការ​ដំណើរការ​ជីវិត​រស់នៅ​ប្រព្រឹត្តទៅ​យ៉ាង​ចម្រើន និង​មាន​សេចក្តីសុខ។ អ្នក​ដែលមាន E.Q. (Emotional Quotient) ខ្ពស់​នឹងមាន​ថាមពល​ផ្លូវចិត្ត​ដែល​ល្អ ពឹងពាក់​លើ​ខ្លួនឯងបាន មាន​ឥស្សរភាព​អាច​ទទួល​ដឹង និងយល់​ទាំងពី​អារម្មណ៍​របស់​ខ្លួនឯង និង​របស់​អ្នកដទៃ រហូតដល់​អាច​សម្រួល ឬ​គ្រប់គ្រង​អារម្មណ៍​បាន​ស័ក្តិសម​នឹង​ស្ថានការណ៍ ដូច្នេះ​ការអភិវឌ្ឍ​ភាពឆ្លាតវាងវៃ​ខាង​អារម្មណ៍​ជា​រឿង​សំខាន់​មួយ ដែល​អ្នក​អាច​ធ្វើបាន​ដោយ​ប្រើ​តិច​និក​ដូចខាងក្រោម​នេះ ៖

    ដឹង​ទាន់
    ហ្វឹកហាត់​ឱ្យដឹង​ទាន់​ពី​អារម្មណ៍​របស់​ខ្លួនឯង​ឱ្យបាន​ញឹកញាប់ ដោយ​ការ​ប្រាប់​ខ្លួនឯង​ឱ្យបាន​ថា ខណៈ​នេះ​កំពុងមាន​អារម្មណ៍​យ៉ាងម៉េច និង​ទទួល​ដឹង​ឱ្យបាន​ពី​ភាពប្រែប្រួល​ខាង​អារម្មណ៍​ដែល​កំពុង​កើតឡើង។

    ចាត់ការ​អារម្មណ៍​ខ្លួនឯង
    នៅពេល​កើត​អារម្មណ៍​អវិជ្ជមាន ដូចជា មួម៉ៅ មិន​ពេញចិត្ត សោកសៅ ខូចចិត្ត ចូរ​ដឹង​ទាន់​ពី​អារម្មណ៍​ទាំងនោះ និង​រិះរក​វិធី​ចាត់​ការដែល​ស័ក្តិសម។

    យល់​ពី​អារម្មណ៍​អ្នកដទៃ
    ផ្តល់នូវ​ការយកចិត្តទុកដាក់ ចាប់អារម្មណ៍​ចំពោះ​អារម្មណ៍​អ្នកដទៃ រួមទាំង​តបស្នង​ឱ្យដឹងថា យល់ និង​យល់ចិត្ត​អាណិត​មេត្តា។

    សាង​កម្លាំង​ដឹកនាំ​ផ្លូវចិត្ត​ដល់​ខ្លួនឯង
    រំឭក​ឡើងវិញ​នូវ​អ្វីដែល​សំខាន់​ចំពោះ​ជីវិត ស្វែងរក​ប្រយោជន៍​ពី​ឧបសគ្គ សម្លឹង​ពិភពលោក​ក្នុងន័យ​វិជ្ជមាន សាង​អត្ថន័យ​ក្នុង​ជីវិត និង​ផ្តល់​កម្លាំងចិត្ត​ដល់​ខ្លួនឯង។

    ស្គាល់​ពី​ការ​សាង​សម្ពន្ធភាព​ដែល​ល្អ
    មានទឹក​ចិត្តល្អ មេត្តា អនុគ្រោះ ចែករំលែក ហ៊ាន​សម្តែង​ចេញ​យ៉ាង​ស័ក្តិសម និង​រៀន​យល់ដឹង​ពី​ការបង្ហាញ​គំនិត​យោបល់​ជំទាស់​យ៉ាង​រីកចម្រើន។

    អ្នក​ដែលមាន​ភាព​ឆ្លាត​វៃ​ខាង​អារម្មណ៍ នឹងមាន​ប្រៀប​ជាង​អ្នកដទៃ​ក្នុងការ​រស់នៅ និង​ដំណើរ​ជីវិត​ដែល​នឹង​ប្រកបទៅដោយ​សេចក្តីសុខ សន្តិភាព និង​សម្បូរ​ទៅដោយ​សម្ពន្ធមិត្ត និង​មាន​អ្នក​គោរព​ស្ងើចសរសើរ​ច្រើន៕

  • Angelina Jolie នៅពីក្រោយការបិទសំណុំរឿងបុរសម្នាក់រំលោភសេពសន្ថវៈ

    Angelina Jolie នៅពីក្រោយការបិទសំណុំរឿងបុរសម្នាក់រំលោភសេពសន្ថវៈ

    បណ្តាមិត្តរួមការងាររបស់សកម្មជនដឹកនាំយុទ្ធនាការដើម្បីសន្តិភាពដ៏មានកេរ្តិ៍ឈ្មោះមួយមានការភ្ញាក់ផ្អើលសឹងតែមិនជឿខ្លួនឯងនៅពេលដែលមានសេចក្តីរាយការណ៍មួយកាលពីឆ្នាំមុនថាលោក Jeremy Gilley ដែលជាមិត្តរួមការងាររបស់ពួកគេត្រូវបានចាប់ខ្លួនក្រោមបទសង្ស័យថា បានរំលោភសេពសន្ថវៈលើកុមារដ៏ក្មេងវ័យម្នាក់ តែយ៉ាងណាមិញពួកគេមានភាពធូរស្រាលក្នុងចិត្តឡើងវិញខ្លះហើយអំពីលោក Jeremy Gailly ដោយសារតែមានការគាំទ្រពីតារាភាពយន្តហូលីវូដល្បីៗរួមមានអ្នកនាង Angelina Jolie និងលោក Jude Law ជាដើមនាខណៈពេលនេះ ព្រោះទទួលបានដំណឺងថា ប៉ូលិសនឹងមិនបន្តសំណុំរឿងនេះទៀតឡើយ។

    លោក Jeremy Gilley មានវ័យ 50 ឆ្នាំគឺជាស្ថាបនិករបស់អង្គការ Peace One Day ជាតារាសម្តែង និងជាអ្នកដឹកនាំរឿងមួយរូបជនជាតិអង់គ្លេស ត្រូវបានចាប់ខ្លួន និងសួរចម្លើយដោយអង្គភាពបទល្មើសផ្លូវភេទលើកុមារនៅក្នុងទីក្រុងឡុងដ៍កាលពីឆ្នាំ2016 ។ លោក Gilley មានក្តីតក់ស្លុតជាខ្លាំងចំពោះស្ថានការណ៍នោះ ក៏ប៉ុន្តែបានសហការយ៉ាងពេញទំហឹងជាអាជ្ញាធរ និងដោយឡែកនាពេលថ្មីៗនេះ អ្នកនាំពាក្យប៉ូលិសបានប្រាប់លោក Gilley វិញថា ពួកគេបានសម្រេចមិនបន្តសំណុំរឿងនេះទៀតឡើយ។

    គួរបញ្ជាក់ថា អ្នកនាង Angelina Jolie គឺជាអ្នកគាំទ្រដ៏សកម្មមួយរូបនៃមូលនិធិដើម្បីសន្តិភាព Peace One Day នេះ ហើយក៏ធ្លាប់បង្ហាញខ្លួននៅក្នុងភាពយន្តឯកសាររបស់អង្គការនោះជាមួយលោក Jude Law ក្នុងរឿង The Day After Peace កាលពីឆ្នាំ2008 ដឹកនាំដោយលោក Gilley ផងដែរ៕

  • «ចង់ហៅ ណូ ថតទាល់តែប្រាប់កន្លះខែមុន» នេះជាការវាយឫកឬមិនមែន?

    «ចង់ហៅ ណូ ថតទាល់តែប្រាប់កន្លះខែមុន» នេះជាការវាយឫកឬមិនមែន?

    មួយរយៈចុងក្រោយនេះគេមើលឃើញថា VJ អាណូ ចាប់ផ្ដើមបង្ហាញវត្ដមានក្នុងវិស័យសិល្បៈវិញហើយ ជាមួយគ្នានេះដែរនាងបាននិយាយថា «ចង់ហៅ ណូ ថតទាល់តែប្រាប់កន្លះខែមុន» គ្រាន់តែស្ដាប់ឮពាក្យនេះភ្លាម ធ្វើឱ្យកើតមានការងឿងឆ្ងល់មួយឡើងថា ហេតុអ្វីបានជាអាណូ ចាំបាច់មានក្រឹត្យក្រមអីបែបហ្នឹង?។

    ចាប់តាំងពី VJ អាណូ ប្រកាសខ្លួនថានាងវិលត្រឡប់ចូលសិល្បៈវិញនោះ មួយរយៈចុងក្រោយនេះនាងទទួលបានការងារយ៉ាងច្រើនមានទាំងការថតខារ៉ាអូខេ និងមានផលិតកម្មចង់បាននាងថតចំនួន4រឿងក្នុងអំឡុងខែសីហាខាងមុខនេះ។ តើនេះបណ្ដាលមកពីនាងទទួលបានការងារសិល្បៈច្រើនហើយឬ បានជានាងប្រើពាក្យពេចន៍បែបនេះ?

    កញ្ញា សួន ភក្ដី ហៅ VJ អាណូ បានលើកឡើងថា ការបញ្ជាក់បែបនេះមិនមែនសម្ដែងចេញឱ្យឃើញពីការបដិសេធ ឬជាការវាយឫកអ្វីទេ តែផ្ទុយទៅវិញនាងគ្រាន់តែចង់ប្រាប់ដំណឹងដល់អ្នកដឹកនាំរឿង ឬអ្នករៀបចំកម្មវិធីឱ្យដឹង ងាយស្រួលនាងរៀបផែនការការងារតែប៉ុណ្ណោះ ព្រោះសព្វថ្ងៃក្រៅពីការងារសិល្បៈ នាងក៏រវល់ជាមួយការរកស៊ីផងដែរ។ អាណូ បន្ដថា៖«សព្វថ្ងៃនេះមុខរបរលក់បាយរបស់ខ្ញុំដាច់ខ្លាំងដែលនឹកស្មានមិនដល់ ពេលខ្លះទាមទារឱ្យខ្ញុំត្រូវនៅប្រចាំដើម្បីមើលការខុសត្រូវក្នុងហាង ដូច្នេះហើយទើបខ្ញុំចង់ដឹងមុន ងាយស្រួលឱ្យខ្ញុំរៀបចំរបរមុខរកស៊ីកុំឱ្យប៉ះជាមួយការងារសិល្បៈ»។

    VJ អាណូ បញ្ជាក់ថា រហូតមកដល់ពេលនេះនាងអាចលក់បាយបានជាមធ្យមប្រមាណ350ប្រអប់តាមរយៈការកុម្ម៉ង់ទិញតាមទូរស័ព្ទ។ នាងបន្ដថា ដំបូងនាងគ្រាន់តែចង់លក់តាម Online ឬសម្រាប់តែអ្នកសិល្បៈកុម៉្មង់សម្រាប់យកទៅហូបពេលធ្វើការងារសិល្បៈប៉ុណ្ណោះ ប៉ុន្ដែក្រោយពីការលក់ដាច់ខ្លាំងនាងក៏ត្រូវការបង្កើតទីតាំងឱ្យច្បាស់លាស់។ រហូតមកដល់ពេលនេះនាងមានហាងចំនួនពីរហើយ គឺនៅភ្នំពេញក្រោយរដ្ឋសភាចាស់មួយកន្លែង និងនៅខេត្ដសៀមរាបមួយកន្លែង។ ដូច្នេះនាងចង់ពង្រឹងមុខរបររកស៊ីឱ្យបានរឹងមាំស្របគ្នាទៅជាមួយការងារសិល្បៈដែរ។

    អាណូ បានប្រាប់បន្ថែមថា៖ «ទោះជាការងារសិល្បៈលំបាក ពិសេសធ្វើឱ្យខ្ញុំពិបាកបែងចែកពេលវេលាក៏ដោយ តែខ្ញុំក៏មិនអាចបោះបង់វាចោលបានដែរ ព្រោះមានតែអាជីពនេះហើយដែលធ្វើឱ្យខ្ញុំមានប្រជាប្រិយភាព និងបង្កើនទំនុកចិត្ដក្នុងរបររកស៊ីរបស់ខ្ញុំ»៕

  • កម្ពុជា ជាប្រទេសមួយក្នុងចំណោម 11ប្រទេស ដែលអាចប្រើកម្មវិធី mySamsung

    កម្ពុជា ជាប្រទេសមួយក្នុងចំណោម 11ប្រទេស ដែលអាចប្រើកម្មវិធី mySamsung

    ក្នុងតំបន់អាស៊ី និងអូសេអានី កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេស 11 ដែលអាចប្រើប្រាស់កម្មវិធីថ្មីមួយដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Samsung សម្រាប់ផ្ដល់ជូនអតិថិជននូវការថែទាំ ការគ្រប់គ្រង និងធ្វើឱ្យផលិតផល Samsung របស់អ្នកកាន់តែល្អប្រសើរជាងមុន។

    តាមការចុះផ្សាយលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Samsung បានឱ្យដឹងថា កម្មវិធី mySamsung អាចប្រើបានក្នុងប្រទេស 11 រួមមាន អូស្ត្រាលី កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ណូវែលសេឡង់ ហ្វីលីពីន សិង្ហបុរី ថៃ តៃវ៉ាន់ និងវៀតណាម។ កម្មវិធីនេះផ្ដល់នូវលទ្ធភាពទាក់ទងសេវាបម្រើអតិថិជន នៅពេលលោកអ្នកត្រូវការជំនួយ ព្រមទាំងនឹងក្លាយជាមនុស្សដំបូងក្នុងការទទួលបានការ Update ព័ត៌មានអំពីការលក់ផ្ដល់ជូនតម្លៃពិសេស ឬឯកសិទ្ធិពិសេសថ្មីៗ ជាដើម។

    ប្រភពព័ត៌មានបានបន្ថែមទៀតថា កម្មវិធីនេះអាចប្រើបានលើទូរស័ព្ទវៃឆ្លាត Samsung ទាំងអស់ និងថេប្លេតមួយចំនួនដែលប្រើ Android OS 4.3 ឡើងទៅ ហើយមាន 7 ភាសាដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ Samsung ទទួលបានអត្ថប្រយោជន៍ពីដៃគូដែលអាចជួយដោះស្រាយបញ្ហាបន្តិចបន្តួចរបស់ផលិតផល Samsung ឬទទួលបាននូវអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសពីសេវាកម្មភោជនីយដ្ឋាន ឬពីទីកន្លែងផ្សេងៗទៀតនៅក្នុងទីក្រុងជាកន្លែងដែលសមាជិករបស់ mySamsung អាចរីករាយជាមួយការបញ្ចុះតម្លៃ និងការផ្តល់ជូនពិសេសណាមួយ។

    ក្រៅពីនេះ លោកអ្នកក៏អាចសិក្សាអំពីព័ត៌មានជុំវិញផលិតផល Samsung ដែលជាការច្នៃប្រឌិតថ្មី និងការផ្តល់ជូនពិសេសថ្មីៗ ហើយនៅពេលដែលទូរស័ព្ទមានបញ្ហាដែលតម្រូវឱ្យមានការជួសជុលពីអ្នកបច្ចេកទេស អ្នកអាចប្រើប្រាស់កម្មវិធី mySamsung ដោយគ្រាន់តែចុចលើស្មាតហ្វូន Galaxy របស់អ្នកដែលផ្ទុកនូវកម្មវិធីនេះប៉ុណ្ណោះ។

    ម្យ៉ាងវិញទៀតអ្នកអាចប្រើ «Live Chat» ដើម្បីពិភាក្សាជាមួយផ្នែកបម្រើសេវាកម្មអតិថិជនរបស់យើងឬគ្រាន់តែចុចលើពាក្យ «Write to us» អ្នកនឹងអាចសរសេរអ៊ីមែលព្រមទាំងភ្ជាប់មកនូវរូបថត (ប្រសិនជាចាំបាច់) នៅពេលអ្នកពន្យល់ពីបញ្ហាដែលអ្នកជួបប្រទះបានទៀតផង៕

  • ថ្មីសន្លាង! ចាប់ពីស្អែកទៅ អ្នកទិញម៉ូតូថ្មីអាចកិបស្លាកលេខនៅនឹងហាងលក់តែម្តង

    ថ្មីសន្លាង! ចាប់ពីស្អែកទៅ អ្នកទិញម៉ូតូថ្មីអាចកិបស្លាកលេខនៅនឹងហាងលក់តែម្តង

    ភ្នំពេញ៖ ដំណឹងល្អសម្រាប់ប្រជាពលរដ្ឋខ្មែរ ដោយចាប់ពីថ្ងៃស្អែក ទី01 ខែកក្កដា ឆ្នាំ2017នេះទៅ សម្រាប់អ្នកដែលទិញម៉ូតូថ្មី មិនចាំបាច់ចំណាយពេលទៅធ្វើស្លាកលេខនៅមន្ទីរសាធារណការ ឬនៅតាមស្រុក/ខណ្ឌទៀតទេ គឺអាចកិបស្លាកលេខនៅកន្លែងទិញ-លក់នោះតែម្តង។

    យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ក្នុងគោលបំណងបង្ខិតសេវាសាធារណៈឱ្យជិតប្រជាពលរដ្ឋ និងជំរុញនូវការផ្តល់សេវាឱ្យបានរហ័សទាន់ចិត្ត និងមានប្រសិទ្ធភាពខ្ពស់ ក្រសួងសាធារណការ និងដឹកជញ្ជូនបានដាក់ឱ្យប្រើប្រាស់នូវស្វ័យប្រវត្តិកម្មនៃការចុះបញ្ជីយានយន្តកាលពីថ្ងៃ30 ខែមករា ឆ្នាំ2017 នេះតទៅ។ ទន្ទឹមនឹងនេះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូនបានជូនដំណឹង និងអំពាវនាវដល់សាធារណជន និងម្ចាស់ហាងលក់យានយន្តទាំងអស់ (ក្រុមហ៊ុនមេ សាខា និងសាខារងនៅទូទាំងប្រទេស) ដូចតទៅ៖

    1. ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ក្រសួងអនុញ្ញាតឱ្យហាងលក់យានយន្តទាំងអស់ មានសិទ្ធិចុះបញ្ជីយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តិ ដើម្បីផ្តល់ប័ណ្ណសម្គាល់ និងបំពាក់ស្លាកលេខជូនអតិថិជនរបស់ខ្លួននៅនឹងហាងតែម្តង ដោយគ្រាន់តែដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតបំពេញបែបបទចុះបញ្ជីយានយន្តទៅអគ្គនាយកដ្ឋានដឹកជញ្ជួនផ្លូវគោកតែប៉ុណ្ណោះ។

    2. ហាងលក់យានយន្តត្រូវធានាថា យានយន្តដែលបានលក់ជូនអតិថិជនពីហាងរបស់ខ្លួន ត្រូវមានប័ណ្ណសម្គាល់ និងបំពាក់ស្លាកលេខដើម្បីអាចធ្វើចរាចរលើផ្លូវថ្នល់បាន។

    3. ចាប់ពីថ្ងៃទី01 ខែកក្កដា ឆ្នាំ2017 នេះតទៅ ហាងលក់យានយន្តទាំងអស់ត្រូវមាន លិខិតអនុញ្ញាតបំពេញបែបបទចុះបញ្ជីយានយន្ត និងបំពេញកាតព្វកិច្ចចុះបញ្ជី ដើម្បីផ្តល់ប័ណ្ណសម្គាល់ និងស្លាកលេខជូនអតិថិជនរបស់ខ្លួន។ ក្នុងន័យនេះ ម្ចាស់ហាងលក់យានយន្តណាដែលមិនទាន់មានលិខិតអនុញ្ញាត ត្រូវរួសរាន់មកដាក់ពាក្យសុំនៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកកុំបីខាន។

    4. ចំណែកម្ចាស់យានយន្តត្រូវស្នើសុំចុះបញ្ជីយានយន្តរបស់ខ្លួននៅហាងលក់យានយន្តតែម្តង។ ក្នុងករណីនេះ ការចុះបញ្ជីយានយន្តនៅមន្ទីរសាធារណការ និងដឹកជញ្ជួនរាជធានី-ខេត្ត ឬទីតាំងផ្តល់សេវាសាធារណៈដទៃទៀត មិនត្រូវបានអនុញ្ញាតឡើយចាប់ពីថ្ងៃទី01 ខែកក្កដា ឆ្នាំ2017នេះតទៅ៕

  • លេចចេញរូបភាពអាក្រាតកាយរបស់ Sulli នៅក្នុងភាពយន្ដរឿង Real

    លេចចេញរូបភាពអាក្រាតកាយរបស់ Sulli នៅក្នុងភាពយន្ដរឿង Real

    ទីបំផុតរូបភាពឈុតអាក្រាតកាយយ៉ាងក្ដៅសាច់ដែលសម្ដែងដោយតារាស្រី Sulli ជាអតីតសមាជិកក្រុមចម្រៀងស្រី Fx បានធ្លាយចេញមកហើយ ដែលពិតជាគួរឱ្យទាក់ទាញខ្លាំងណាស់ ព្រោះថាឈុតឆាកនេះនាងបានសម្ដែងដោយការអាក្រាតកាយពិតៗ គ្មានការបិទបាំង ឬមានជំនួយពីបច្ចេកទេសថតណាមួយឡើយ។

    រូបភាព និងឃ្លិបវីដេអូខ្លីមួយត្រូវបានចែកចាយដោយអ្នកលេងបណ្ដាញសង្គម ដែលត្រូវបានគេសង្ស័យថា ជាការទម្លាយដើម្បីផ្សព្វផ្សាយខ្សែភាពយន្ដថ្មីនេះពីក្រុមការងាររឿង Real តែប៉ុណ្ណោះ តែខាងអ្នកផលិតខ្សែភាពយន្ដនេះ បានចេញមកថ្លែងក្នុងបទសម្ភាសមួយថា ពួកគេនឹងចាត់វិធានការរកមូលហេតុនៃការធ្លាយចេញរូបភាពអាក្រាតនេះថា តើធ្លាយចេញមកដោយរបៀបណា និងអ្នកណាដែលនៅក្រោយរឿងនេះ? ហើយរឿងនេះទៀតសោត ទើបតែបានដាក់បញ្ចាំងនៅតាមរោងភាពយន្ដនៅថ្ងៃនេះឯង ចំណែកឯរឿងថា ខាងក្រុមការងារនឹងប្ដឹងឬក៏អត់នោះ គឺត្រូវសម្រេចចិត្តតាមស្ថានភាពជាក់ស្ដែង។

  • ងាយៗក្នុងការដាំដើមស្រកានាគក្នុងផើងមិនលំបាកថែទាំ និងឆាប់ទទួលបានផល

    ងាយៗក្នុងការដាំដើមស្រកានាគក្នុងផើងមិនលំបាកថែទាំ និងឆាប់ទទួលបានផល

    មុននឹងចាប់ផ្តើមដាំដើមស្រកានាគ កសិករភាគច្រើនតែងគិតថា លុះត្រាតែមានដីធំទូលាយទើបអាចដាំបាន ប៉ុន្តែសូមជម្រាបថា ទោះជាមិនមានដីធំទូលាយក៍គេអាចដាំបានដែរ គឺដាំនៅក្នុងផើងដែលមិនលំបាកថែទាំហើយថែមទាំងឆាប់ទទួលបានផលទៀតផង។

    ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការរដ្ឋាភិបាលដែលគេស្គាល់ថាជាអ្នកជំនាញកសិកម្មបានចែករំលែកបទពិសោធនៃការដាំដើមស្រកានាគក្នុងផើងនេះថា ទោះជាយើងមិនមានដីធំ ទូលាយក៍ដោយ ក៍យើងអាចដាំដើមស្រកានាគនៅក្នុងផើងបានដែរ ហើយថែមទាំងងាយស្រួលថែទាំ និងឆាប់ទទួលបានផលទៀតផង ត្រឹមតែរយៈពេលមួយឆ្នាំវានឹងចេញផ្លែ ខណៈការដាំនៅលើដីផ្ទាល់ ត្រូវប្រើរយៈពេលដល់ទៅពីរឆ្នាំទើបស្រកានាគឱ្យផល។

    ដើម្បីដាំដើមស្រកានាគបាន គេត្រូវយកផើងទំហំមាត់លើ6តឹក និងជម្រៅ6តឹកដូចគ្នា ហើយមុននឹងដាំយើងត្រូវចេះលាយដីឱ្យមានជីជាតិ ក្នុងនោះមានដូចជាលាមកសត្វស្ងូត 20% ដីស្រទាប់លើ 20% ដីខ្សាច់ 20% ធ្បូងអង្កាម 20%ភាគ ទឹកជីកំប៉ុស ហើយលាយវត្ដុធាតុដើមទាំងនោះបញ្ជូលគ្នាឱ្យសព្វ រួចដាក់រៀបចំជាថ្នាលមួយឬដាក់ថង់បណ្តុះ ហើយលាយទឹកជីកំប៉ុសជាមួយទឹកធម្មតា ស្រោចឱ្យមានសំណើមប្រហែល 70%ដើម្បីឱ្យល្បាយឆាប់កាច់បញ្ជូលគ្នា ក្លាយជាដីដែលមានជីជាតិល្អ។

    លោកបន្តថា ក្រោយពីលាយដីហើយគេត្រូវកាត់ដើមស្រកានាគប្រវែងប្រមាណ 2តឹក 2កង់ ចងភ្ជាប់គ្នា ហើយចិតសម្បកនៅផ្នែកខាងក្រោមប្រមាណ 2សង់ទីម៉ែត្រ ដោយទុកស្នូលកណ្តាលហើយទុកចោលរយៈពេល1ថ្ងៃ រួចយកវាទៅដោតចូលដីក្នុងថ្នាលផ្សាំ នៅទីតាំងដែលមានពន្លឺគ្រប់គ្រាន់ ដោយត្រូវស្រោចទឹកមួយថ្ងៃតែម្ដងប៉ុណ្ណោះ។ ពេលស្រកានាគលូតលាស់មានកម្លាំងហើយ ត្រូវយកមកដាក់ដាំចំកណ្តាលផើងជម្រៅប្រហែល 2តឹក ដោយត្រូវចោះរន្ធជាមុននិងដោតឈើចងខ្សែកុំឱ្យវាដួល និងទុកឱ្យវាតោងឡើង បន្ទាប់មកយើងត្រូវស្រោចទឹករៀងរាល់3ថ្ងៃម្តង និងត្រូវដាក់ជីលាមកមាន់ ឬលាមកគោ៣ក្តាប់ដៃក្នុងមួយខែ នោះវានឹងលូតលាស់ល្អ ត្រឹមរយៈពេលមួយឆ្នាំស្រកានាគនឹងចាប់ផ្តើមចេញផ្កា និងផ្លែមិនខាន៕

  • Apple ខ្ចីដៃ Lexus តេស្តបច្ចេកវិទ្យារថយន្តបើកបរស្វ័យប្រវត្តិរបស់ខ្លួន

    Apple ខ្ចីដៃ Lexus តេស្តបច្ចេកវិទ្យារថយន្តបើកបរស្វ័យប្រវត្តិរបស់ខ្លួន

    ថ្មីៗនេះក្រុមហ៊ុន Apple បានជ្រើសយករថយន្ត Lexus RX450h Sport-Utility ជាឈ្នាន់សម្រាប់ធ្វើតេស្ដសាកល្បងបច្ចេកវិទ្យារថយន្តបើកបរស្វ័យប្រវត្តិជំហានបន្ទាប់ដោយសហការណ៍ជាមួយនឹងក្រុមហ៊ុនជួលរថយន្ត Hertz របស់អាមេរិក ក្នុងការសម្រេចផែនការមួយនេះ។

    បើយោងតាមការចុះផ្សាយលើបណ្ដាញព័ត៌មាន Bloomberg កាលពីថ្ងៃអង្គារមុននេះថា ក្រុមហ៊ុន Apple Incបានកំពុងជួលយានយន្តតូចៗពីក្រុមហ៊ុន Hertz Global Holdings Inc ប្រភេទ SUV ចំនួន 6 គ្រឿងដើម្បីសាកល្បងបច្ចេកវិទ្យាបើកបរដោយខ្លួនឯង។ គម្រោងមួយនេះត្រូវបាន Apple សម្ងំអភិវឌ្ឍតាំងពី 3 ឆ្នាំមុន តែទើបនឹងបង្ហាញចេញក្នុងពេលថ្មីៗនេះ ដែលស្ថិតក្នុងគម្រោង Project Titan ហើយការជ្រើសយករថយន្ត Lexus សម្រាប់ធ្វើការតេស្ដនេះ មិនត្រូវបានក្រុមហ៊ុនបញ្ជាក់ថាមកពីមូលហេតុអ្វីនោះទេ។ ប៉ុន្តែមានមតិមួយចំនួនបានលើកឡើងថា អាចមកពីរថយន្ត Lexus មានលក្ខខណ្ឌល្អដែលអំណោយផលដល់គម្រោងមួយនេះ។

    ដំណឹងមួយនេះ អាចបញ្ជាក់បានថា Apple ឈានជិតដល់គោលដៅក្នុងការច្របាច់បញ្ចូលប្រព័ន្ធSoftware ធ្វើឱ្យរថយន្តមានសមត្ថភាពអាចបើកបរដោយខ្លួនឯងបានភ្ជាប់បន្ថែមពីលើកម្មវិធី Apple Car Play ដែលក្រុមហ៊ុនបានដាក់ចេញកាលពីប៉ុន្មានឆ្នាំមុន។ ការធ្វើតេស្ដនេះ Apple បានជ្រើសយកផ្លូវសាធារណៈក្នុងតំបន់ San Francisco Bay តាំងពី1ឆ្នាំមុន ហើយកាលពីខែមេសាក្រុមហ៊ុនក៏ទើបទទួលបានសិទ្ធិពីនាយកដ្ឋានយានយន្តរបស់រដ្ឋកាលីហ្វ័រនីញ៉ា DMV ដើម្បីធ្វើតេស្តរថយន្ត Self-Driving ក្នុងរដ្ឋនេះ៕

  • ធ្លាយរូបគូស្នេហ៍ Rihanna ជាទាយាទតំណាងក្រុមហ៊ុន Saudi TOYOTA

    ធ្លាយរូបគូស្នេហ៍ Rihanna ជាទាយាទតំណាងក្រុមហ៊ុន Saudi TOYOTA

    មានការភ្ញាក់ផ្អើលខ្លាំងនៅពេលបែកធ្លាយរូបភាពកំពូលតារាចម្រៀងអាមេរិកសម្បុរស្រអែម Rihanna ជាមួយគូស្នេហ៍ជាទាយាទតំណាងក្រុមហ៊ុន Saudi TOYOTA និងជាអតីតសមាជិកគ្រួសារជំនួញដែលទទួលបានមរតក 1.5 ពាន់លានដុល្លារ។

    ហាក់បីដូចជានាងកំពុងតែធ្លាក់ក្នុងអន្លង់ស្នេហ៍របស់បុរសមហាសេដ្ឋីម្នាក់នេះ ព្រោះរូបភាពដែលគេប្រមាញ់បាននៅពេលនាងបង្ហាញមុខសិចស៊ីយ៉ាងក្ដៅសាច់ជាមួយគូស្នេហ៍នៅក្នុងអាងទឹក អំឡុងពេលសម្រាកពីការងារនៅក្នុងប្រទេសអេស្ប៉ាញ។ តារាស្រីមុខស្អាតវ័យ 29 ឆ្នាំរូបនេះបានទាក់ទងជាមួយទាយាទតំណាងក្រុមហ៊ុន Saudi TOYOTA ដែលមានឈ្មោះថា Hassan Jameel ជាជនជាតិអារ៉ាប៊ីសាអ៊ូឌីត និងជាអ្នកជំនួញល្បីឈ្មោះ ហើយមានទ្រព្យស្ដុកស្ដម្ភទៀតផង និងបច្ចុប្បន្ននេះ គឺជានាយករងនៃក្រុមហ៊ុនគ្រួសារជំនួញ Abdul Latif Jameel ដែលមានក្រុមហ៊ុនធំមួយនៅក្នុងពិភពលោក។

    គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនដែលគូស្នេហ៍ Rihanna មានសិទ្ធិលក់រថយន្ដ TOYOTA នៅក្នុងប្រទេសអារ៉ាប់នេះ គឺដោយសារតែលោកបានការយល់ព្រមពីក្រុមគ្រួសារជំនួញ Jameel និងទទួលបានទ្រព្យសម្បត្តិ 1.5 ពាន់លានដុល្លារផងដែរ ព្រមទាំងទទួលបានមរតកពីគ្រួសារជាម្ចាស់ក្រុមបាល់ទាត់របស់អារ៉ាប៊ីសាអ៊ូឌីត ដែលមានឈ្មោះថា Jameel league ទៀតផង។

    ជារួមមក បន្ទាប់ពីបែកគ្នាជាមួយអតីតមិត្តប្រុស Drake កាលពីឆ្នាំ 2016 មក តារាស្រីរូបនេះមិនដែលមានដំណឹងរឿងស្នេហាណាមួយលេចឮឡើយ តែរឿងដែលគ្មាននរណានឹកស្មានដល់នោះគឺ នាងកំពុងតែទាក់ទងបុរសមហាសេដ្ឋីរូបសង្ហារយ៉ាងលួចលាក់ស្ងាត់ស្ងៀមនេះទៅវិញ៕

     
  • Ignite Phnom Penh បង្កើតឱកាសឱ្យយុវជនបង្ហាញបទពិសោធជាសាធារណៈ

    Ignite Phnom Penh បង្កើតឱកាសឱ្យយុវជនបង្ហាញបទពិសោធជាសាធារណៈ

    Ignite Talks ត្រូវបាននាំយកមកព្រះរាជាណាចក្រកម្ពុជាក្រោមឈ្មោះថា Ignite Phnom Penh ដែលព្រឹត្តិ្កការណ៍នេះបានទទួលការគាំទ្រ និងចូលរួមពីសិស្សនិសិ្សត និងបុគ្គលិកតាមសាលា សាកលវិទ្យាល័យ និងស្ថាប័នផ្សេងៗជាច្រើនដែលមានអ្នកចូលរួមប្រមាណជាង 800 នាក់។

    លោក សុខ ហ៊ី អ្នកដឹកនាំក្រុមការងារបង្កើតព្រឹត្តិការណ៍ Ignite Phnom Penh បានឱ្យដឹងថា គោលបំណងដែលនាំកម្មវិធីនេះមកកម្ពុជា គឺចង់ពង្រឹងសមត្ថភាពនៃការនិយាយជាសាធារណៈ ដល់ប្រជាជនគ្រប់រូប និងផ្តល់ឱកាសឱ្យសិស្សានុសិស្ស យុវជន និងកូនខ្មែរទាំងអស់អាចឡើងនិយាយពីគំនិតរបស់ខ្លួនដែលចង់ចែករំលែកទៅសាធារណជនទាំងឡាយ។

    កម្មវិធីនេះមានការចូលរួមពីសំណាក់វាគ្មិនចំនួន 15 រូបមកពីគ្រប់ស្ថាប័ន ដោយមានវាគ្មិនមួយចំនួនជាអ្នកដែលមានបទពិសោធនៅក្នុងសង្គមជាច្រើនឆ្នាំ និងវាគ្មិនមួយចំនួនទៀតគឺជា សិស្សា នុសិស្សដែលមកពីវិទ្យាល័យ និងសាកលវិទ្យាល័យនានាក្នុងទីក្រុងភ្នំពេញដែលនឹងចែករំលែកនូវបទពិសោធ និងចំណេះដឹងរបស់ខ្លួនក្នុងកម្មវិធីនេះ។

    ប្រធានបទដែលត្រូវបានបង្ហាញនៅក្នុងវេទិកានោះ គឺពាក់ព័ន្ធទៅនឹងវិស័យអប់រំ បរិស្ថាន បច្ចេកវិទ្យា ការបៀតបៀនផ្លូវភេទ ក្ដីស្រមៃ ការលើកទឺកចិត្ដ ការចែករំលែកពីភាពជោគជ័យ និងគោលដៅរបស់ខ្លួន។ ចំណុចពិសេសរបស់ Ignite Phnom Penh គឺវាគ្មិនម្នាក់ៗត្រូវធ្វើបទបង្ហាញក្នុងរយៈពេលត្រឹមតែ5នាទី និងស្លាយ (Slide) ចំនួន 20។ ចំណុចនេះ គឺតម្រូវអោយវាគ្មិនម្នាក់ៗមានការត្រៀមរៀបចំខ្លួនយ៉ាងល្អ និងមានកម្រិតពិបាកខ្ពស់។ អាស្រ័យហេតុនេះវាគ្មិននឹងទទួលបានបទពិសោធថ្មីដែលជួយឱ្យពួកគាត់អាចគ្រប់គ្រងពេលវេលាក្នុងការធ្វើបទបង្ហាញឱ្យបានល្អ៕