Author: វល័ក្ខ

  • T.O.P ត្រូវបានតុលាការសម្រេចឱ្យជាប់ពន្ធនាគារ 10ខែ

    T.O.P ត្រូវបានតុលាការសម្រេចឱ្យជាប់ពន្ធនាគារ 10ខែ

    កាលពីថ្ងៃទី29 ខែមិថុនា ឆ្នាំ2017 តារាចម្រៀង T.O.P សមាជិកក្រុមចម្រៀង Big Bang បានចូលបន្ទប់សវនាការដើម្បីស្ដាប់អង្គជំនុំជម្រះក្ដី ដោយតុលាការកូរ៉េខាងត្បូងបានសម្រេចដាក់ទោសតារាចម្រៀងរូបនេះ ឱ្យជាប់ពន្ធនាគាររយៈពេល10ខែ និងផ្អាកការងារសិល្បៈចំនួន 2ឆ្នាំ ចំពោះករណីដែលរូបគេបានប្រើប្រាស់គ្រឿងញៀនប្រភេទកញ្ឆា ខណៈដែលបានទទួលសារភាពចំពោះមុខច្បាប់។

    តារាចម្រៀង T.O.P បានពោលថា “ជារយៈពេលដែលខ្ញុំបានរងគ្រោះ និងបាក់ទឹកចិត្តយ៉ាងខ្លាំង ដោយបានប្រឡាក់ប្រឡូសជាមួយរឿងទាំងនោះ គឺជាពេលវេលាដែលអាក្រក់បំផុតសម្រាប់ជីវិតរបស់ខ្ញុំនៅគ្រានោះ ហើយខ្ញុំសោកស្ដាយ និងមានវិប្បដិសារីខ្លាំងណាស់ ព្រមទាំងមានអារម្មណ៍ថាខ្មាស់ខ្លួនឯង ដែលព្រមទទួលយកកំហុសនៅក្នុងរឿងបានជ្រុលធ្វើកន្លងមក “។

    គួរបញ្ជាក់ផងដែរថា នេះជាការកាត់ទោសសម្រេចលើកចុងក្រោយ បន្ទាប់ពីរូបគេបានសារភាពថា បានប្រើប្រាស់គ្រឿងញៀនប្រភេទកញ្ឆា និងបានរួមគំនិតប្រព្រឹត្តជាមួយអតីតគូស្នេហ៍មានឈ្មោះថា Han SeoHee៕

  • ហាងសាច់អាំងដ៏ល្បីរបស់ថៃ បើកដំណើរការនៅផ្សារទំនើប Aeon Mall

    ហាងសាច់អាំងដ៏ល្បីរបស់ថៃ បើកដំណើរការនៅផ្សារទំនើប Aeon Mall

    ហាងសាច់អាំងដ៏ល្បីរបស់ប្រទេសថៃ បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza) ចាប់កំណើតតាំងពីឆ្នាំ1987 បានបើកដំណើរការហើយ នៅផ្សារទំនើប Aeon Mall ជាន់ទី 2 ដែលជាភោជនីយដ្ឋានចម្អិនអាហារដោយខ្លួនឯងបែបម៉ុងហ្គោលី និងបែបជប៉ុនដោយផ្តល់ជូននូវអាហារដែលមានឱជារសជាប់ចិត្តគ្រប់មុខដ៏ឈ្ងុយឆ្ងាញ់ ច្រើនមុខច្រើនយ៉ាង និងមានតម្លៃសមរម្យ អនាម័យខ្ពស់ និងមានសុវត្ថិភាពម្ហូបអាហារ។

    លោក ងន សាំង នាយកប្រតិបត្តិនៃក្រុមហ៊ុន RMA Cambodia បានឱ្យដឹងថា ការបើកសម្ពោធហាង Bar-B-Q Plaza គឺដើម្បីបំពេញតម្រូវចិត្តអតិថិជនដែលចូលចិត្តសាច់អាំង តាមរយៈការចម្អិនដោយខ្លួនឯងដែលប្រកបដោយគុណភាពខ្ពស់ទាំងសាច់ ទាំងបន្លែស្រស់ៗដល់អតិថិជននៅកម្ពុជា។

    លោកបន្ដថា ក្នុងនាមជាក្រុមហ៊ុនប្រតិបត្តិករភោជនីយដ្ឋានយីហោល្បីឈានមុខគេដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ 2004មក ការបន្ថែមភោជនីយដ្ឋាន Bar-B-Q Plaza ទៅក្នុងបណ្តាក្រុមភោជនីយដ្ឋានអន្ដរជាតិជាច្រើនរបស់ក្រុមហ៊ុន EFG នឹងបន្តឱ្យយើងផ្តល់ជូននូវម្ហូបអាហារស្ដង់ដារខ្ពស់ និងបទពិសោធបរិភោគអាហារកាន់តែល្អដល់អតិថិជននៅប្រទេសកម្ពុជា។

    អតិថិជនអាចកុម៉្មង់មុខម្ហូបតាមតម្រូវការបែបសាច់អាំងបាប៊ីឃ្យូដោយរួមមានសាច់ពិសេសច្រើនមុខ៖ សាច់គោអូស្រ្តាលីស្មាមុខ សាច់គោអូស្រ្តាលីជាប់ខ្លាញ់ សាច់ជ្រូកស្មាមុខ សាច់មាន់ ត្រីម៉ាហីហីជប៉ុន បង្គាស្រស់ បន្លែស្រស់ និងទឹកជ្រលក់បាប៊ីឃ្យូដ៏ពិសេសដែលល្បីខ្លាំងរបស់យើង ផលិតពីគ្រឿងផ្សំ48 មុខលាយបញ្ចូលគ្នាយ៉ាងល្អិតល្អន់ ឆ្លងកាត់50 ដំណាក់កាល និងរៀបចំដ៏ប្រុងប្រយ័ត្ន។ ទាំងអស់នេះលាយបញ្ចូលគ្នាធ្វើឱ្យរសជាតិអាហារនៅភោជនីយដ្ឋាន Bar-B-Q Plazaកាន់តែមានឱជារសឆ្ងាញ់ជាប់ចិត្តគ្រប់មុខ ថ្មីៗមិនធ្លាប់បានភ្លក្សរសជាតិឆ្ងាញ់បែបនេះពីមុនមកឡើយ។ ក្នុងឱកាសពិធីសម្ពោធនៅផ្សារទំនើប Aeom Mall ភោជនីយដ្ឋាន Bar-B-Q Plazaក៏បានផ្ដល់ជូនឈុតស្វាគមន៍សម្រាប់អតិថិជន2-3នាក់ ដែលមានតម្លៃពិសេសត្រឹមតែ14.99 ដុល្លារប៉ុណ្ណោះ ដោយអតិថិជនអាចកុម៉្មង់បានចាប់ពីថ្ងៃទី30 មិថុនា រហូតដល់ថ្ងៃទី13 ខែកក្កដា ឆ្នាំ2017។

    ភោជនីយដ្ឋាន Bar-B-Q Plazaផ្តល់ជូនអតិថិជននូវរសជាតិឆ្ងាញ់ជាប់ចិត្តថ្មីមិនធ្លាប់បានភ្លក្សរសជាតិឆ្ងាញ់បែបនេះពីមុនមកដោយលក្ខណៈពិសេសសំខាន់ 5 យ៉ាងដូចខាងក្រោម:

    1- ខ្ទះមាស ជាខ្ទះមាសដ៏ចែងចាំង រលោង រចនាជាពិសេសសម្រាប់តែអតិថិជនភោជនីយដ្ឋាន Bar-B-Q Plaza។
    2- សាច់ល្អឥតខ្ចោះទាំងគុណភាព និងទំហំ- សាច់ជ្រូកស្មាមុខស្រស់ៗ កាត់ជារាងរង្វង់ល្អឥតខ្ចោះទំហំដូចគ្នាគ្រប់ដុំនីមួយៗ។
    3- ទឹកជ្រលក់ប្រចាំហាង- ទឹកជ្រលក់បាប៊ីឃ្យូដ៏ពិសេស ដ៏ល្បីខ្លាំងរបស់យើង ផលិតពីគ្រឿងផ្សំ48 មុខលាយបញ្ចូលគ្នាយ៉ាងល្អិតល្អន់ ឆ្លងកាត់50 ដំណាក់កាលរៀបចំដ៏ផ្ចិតផ្ចង់។
    4- ស្ពៃក្ដោបបរិភោគតាមចិត្ត- ថ្មីៗ ស្រស់ៗ ជ្រើសរើសតែគុណភាពខ្ពស់សម្រាប់អតិថិជនបរិភោគតាមចិត្តដោយមិនគិតថ្លៃ។
    5- បាយឆាបាប៊ីឃ្យូផ្លាហ្សា – ជាមួយរូបមន្តចម្អិនសម្ងាត់បាយឆារបស់យើង និងថប់ភឺងខ្ទឹមលីងផ្តល់ជូនអតិថិជននូវឱជារសឈ្ងុយឆ្ងាញ់ជាប់ចិត្តថ្មីមិនធ្លាប់បានភ្លក្សរសជាតិឆ្ងាញ់បែបនេះពីមុនមក។

    ក្រុមហ៊ុន EFG គ្រោងនឹងពង្រីកបន្ថែមសាខាភោជនីយដ្ឋាន Bar-B-Q Plaza ឱ្យបាន 10 ទៀតនៅត្រឹមឆ្នាំ2022។ ការពង្រីកនេះនឹងនាំមកនូវការងារថ្មីជាង 100 កន្លែងបន្ថែមនៅតាមទីតាំងផ្សេងៗក្នុងទីក្រុងធំៗដែលកម្លាំងការងាររបស់ក្រុមហ៊ុននឹងកើនឡើងដល់ទៅជាង 1300នាក់។ EFGជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុនទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន Thai Food Passion Co ដើម្បីប្រតិបត្តិការភោជនីយដ្ឋានBar-B-Q Plazaនៅក្នុងប្រទេសកម្ពុជា៕

  • ពៅ លីដា បដិសេធការចេញទៅក្រៅ ព្រោះខ្លាចបាត់ទីផ្សារក្នុងស្រុក

    ពៅ លីដា បដិសេធការចេញទៅក្រៅ ព្រោះខ្លាចបាត់ទីផ្សារក្នុងស្រុក

    កាលពីឆ្នាំ2016 កន្លងទៅ កញ្ញាពៅ លីដា បានខិតខំពង្រីកទីផ្សារនៅក្រៅប្រទេសជាខ្លាំងដើម្បីទទួលបានការគាំទ្រពីប្រជាជនខ្មែរដែលរស់នៅបរទេស តែថ្មីៗនេះស្រាប់តែនាងបានបង្ហាញពីការផ្លាស់ប្ដូរចិត្ដថា ទោះជាមានការអញ្ជើញពីអ្នកឧបត្ថម្ភកម្មវិធីពីក្រៅប្រទេសក្តី ក៏នាងអត់ទៅដែរ។

    ការបញ្ជាក់របស់កញ្ញា ពៅ លីដា នេះបានធ្វើឱ្យប្រិយមិត្ដទាំងឡាយមានចម្ងល់ជាខ្លាំងថា តើនាងធ្លាប់មានបញ្ហាអ្វីនៅទីនោះទេដឹង? បានជាបដិសេធនូវការអញ្ជើញទៅក្រៅប្រទេសបែបនេះ ព្រោះកន្លងមកមានអ្នកសិល្បៈជាច្រើនតែងប្រាថ្នាចង់ទៅក្រៅប្រទេសម្ដងហើយម្ដងទៀត ព្រោះគេគិតថាជាឱកាសក្នុងការរកប្រាក់បានច្រើន។

    កញ្ញា ពៅ លីដា បញ្ជាក់ប្រាប់ថា នាងគ្មានបញ្ហាអ្វីឡើយ ដំណើរការចេញទៅក្រៅប្រទេសកាលពីឆ្នាំ2016 កន្លងទៅមានភាពល្អប្រសើរ ទទួលបានការគាំទ្រ និងអាណិតស្រឡាញ់ពីសំណាក់បងប្អូនប្រជាជនខ្មែររស់នៅទីនោះច្រើនណាស់ រហូតធ្វើឱ្យនាងចងចាំអនុស្សាវរីយ៍ល្អៗជាច្រើនទៀតផង។ នាងបន្ដថា៖ «មូលហេតុដែលខ្ញុំផ្អាកការចេញទៅសម្ដែងក្រៅប្រទេស ព្រោះខ្ញុំគិតថាខ្ញុំបានចេញទៅក្រៅប្រទេសច្រើនសមល្មមឱ្យពុកម៉ែ បងប្អូនគាត់ស្គាល់យើងហើយ។ ផ្ទុយទៅវិញខ្ញុំក៏បារម្ភចំពោះទីផ្សារក្នុងស្រុកដូចគ្នា ខណៈដែលកាលពីចុងឆ្នាំ2016 ខ្ញុំត្រូវចេញទៅអាមេរិកផង និងទៅជប៉ុនផងហូតដល់ធ្វើឱ្យបាត់ឱកាសការងារនៅក្នុងស្រុកអស់មួយចំនួនធំ»។

    តារាសម្ដែងមានបទពិសោធក្រាស់ក្រែលរូបនេះបានបន្ដថា តាមពិតឱកាសនៃការរកប្រាក់ចំណូលនៅទីណាក៏ល្អដូចគ្នាដែរឱ្យតែទទួលបានការងារច្រើន មួយរយៈមុននាងសម្រុកទៅក្រៅប្រទេសព្រោះចង់ពង្រីកប្រជាប្រិយភាពនៅក្រៅប្រទេសបន្ថែម តែបច្ចុប្បន្នទីផ្សារសិល្បៈនៅក្នុងស្រុកក៏កំពុងតែមានភាពមមាញឹកខ្លាំងណាស់ដែរ ទើបធ្វើឱ្យនាងមិនចង់លែងឱកាសទាំងនេះចោលទៀតទេ។

    ចូលមកដល់ពាក់កណ្ដាលឆ្នាំ2017 នេះ កញ្ញាពៅ លីដាទទួលបានឱកាសថតជាតួឯកនៅក្នុងរឿងភាគទូរទស្សន៍បានចំនួន 4រឿង ប៉ុន្ដែដោយសារតែអ្នកដឹកនាំតម្រូវឱ្យនាងចេញថតចំពេលវេលាតែមួយធ្វើឱ្យនាងត្រូវបោះបង់ចោលទៅវិញចំនួន 2 រឿង។

    កញ្ញា ពៅ លីដា បញ្ជាក់ថា៖ «ខ្ញុំពិតជាមានអារម្មណ៍ស្ដាយណាស់ ប៉ុន្ដែវាពិតជាមានការលំបាកមែន ព្រោះបច្ចុប្បន្នរវល់ការងាររកស៊ីផង រវល់សិល្បៈផង ប្រសិនបើជ្រើសរើសយកការងារច្រើនក្នុងពេលតែមួយប្រហែលអាចនឹងធ្វើឱ្យគេមិនបានល្អ ដូច្នេះទើបសម្រេចយកតែពីររឿងសិន»៕

  • សាស្ត្រាចារ្យ ព្រឿង ឈៀង៖ ប្រជាជនខ្មែរគួរស្គាល់ពីគ្រឹះនៃវប្បធម៌ជាជាងផ្អើលតាមស្ថានការណ៍

    សាស្ត្រាចារ្យ ព្រឿង ឈៀង៖ ប្រជាជនខ្មែរគួរស្គាល់ពីគ្រឹះនៃវប្បធម៌ជាជាងផ្អើលតាមស្ថានការណ៍

    «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន» ជាឃ្លាដែលបុព្វបុរសខ្មែរយើង ចង់បង្ហាញពីតម្លៃរបស់វប្បធម៌ដែលមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់សង្គមជាតិ។ ជាស្ថានភាពជាក់ស្តែងគេសង្កេតឃើញថា យុវជនកម្ពុជានាពេលបច្ចុប្បន្ននេះ ចាប់ផ្តើមមានការចាប់អារម្មណ៍លើស្ថានការណ៍នានាដែលពាក់ព័ន្ធនឹងបញ្ហាវប្បធម៌ហើយ តែសកម្មភាពទាំងអស់នោះហាក់មានភាពសកម្មបានតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។

    ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាសាស្រ្តាចារ្យ ឯកឧត្តម ព្រឿង ឈៀង បានលើកឡើងនៅក្នុងការជជែកពិភាក្សារបស់កម្មវិធី The Perspectives Cambodia ថា វប្បធម៌ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់សង្គមមួយ ឬអាចនិយាយបានថា វប្បធម៌ជាព្រលឹងនៃជាតិសាសន៍មួយដែលប្រជាជនគ្រប់រូប ជាពិសេសយុវជនត្រូវព្យាយាមស្វែងយល់ឱ្យច្បាស់។ មានយុវជនមួយចំនួនធំមិនទាន់ស្គាល់ច្បាស់ពីគ្រឹះនៃវប្បធម៌ខ្លួនឯងនៅឡើយទេ។ ពួកគេមិនទាន់ស្គាល់ពីប្រវត្តិ លក្ខណៈពិសេស និងចំណុចលម្អិតនៃទម្រង់សិល្បៈ ក៏ដូចជាផ្នែកសំខាន់ផ្សេងៗទៀតនៃវប្បធម៌ខ្មែរនៅឡើយទេ ដែលជាហេតុធ្វើឱ្យពួកគេធ្វើសកម្មភាពដើម្បីវប្បធម៌តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។

    ឯកឧត្តម ព្រឿង ឈៀង បានមានប្រសាសន៍ថា៖ «យុវជនបច្ចុប្បន្នគួរព្យាយាមស្វែងយល់ពីគ្រឹះនៃវប្បធម៌របស់ជាតិខ្លួនជាមុនសិន មុននឹងធ្វើការអភិវឌ្ឍមរតកវប្បធម៌ និងធ្វើសកម្មភាពវប្បធម៌នានាដើម្បីសង្គមរបស់យើង»។

    ព្រឹទ្ធាចារ្យផ្នែកវប្បធម៌ខាងលើបានលើកឡើងផងដែរថា យើងត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់ ហើយធ្វើការគាំទ្រវប្បធម៌ជាតិខ្លួនឯងឱ្យបានខ្ជាប់ខ្ជួន ជាជាងការផ្អើលតាមស្ថានការណ៍ដែលកើតមានឡើង ដូចជាការឃើញបណ្តាប្រទេសនានាដាក់ទម្រង់សិល្បៈដែលស្រដៀងខ្មែរចូលក្នុងបេតិកភណ្ឌពិភពលោក យើងមានការភ្ញាក់ផ្អើលតាម តែយើងមិនព្រមស្វែងយល់ពីចំណុចលម្អិតនៃទម្រង់សិល្បៈខ្លួនឯង និងមិនសូវគាំទ្រ៕

  • ក្រសួងចំនួន3 និងដៃគូអភិវឌ្ឍន៍នឹងរៀបចំផែនការយុទ្ធសាស្រ្តថ្មីសម្រាប់វិស័យកសិកម្ម

    ក្រសួងចំនួន3 និងដៃគូអភិវឌ្ឍន៍នឹងរៀបចំផែនការយុទ្ធសាស្រ្តថ្មីសម្រាប់វិស័យកសិកម្ម

    ភ្នំពេញៈ ក្រសួងចំនួន3 និងដៃគូអភិវឌ្ឍន៍នានានឹងជួបប្រជុំគ្នាជាលើកដំបូង ដើម្បីពិនិត្យមើលបញ្ហាប្រឈម និងរៀបចំផែនការយុទ្ធសាស្រ្តថ្មីសម្រាប់អភិវឌ្ឈវិស័យកសិកម្ម ខណៈកម្លាំងពលកម្មក្នុងវិស័យនេះបានធ្លាក់ចុះ និងរឿងតម្លៃកំពុងចោទជាបញ្ហា។

    រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក វេង សាខុន បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី30 មិថុនានេះថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្មព្រមទាំងដៃគូអភិវឌ្ឍន៍នឹងជួបប្រជុំគ្នា ដើម្បីប្រមើលមើលយុទ្ធសាស្រ្តថ្មី ដើម្បីអភិវឌ្ឍវិស័យកសិកម្ម។ កិច្ចប្រជុំនេះធ្វើឡើងក្រោមប្រធានបទ គន្លងថ្មីនៃកំណើនកសិកម្មនៅប្រទេសកម្ពុជា។ ឯកឧត្តមបន្តថា កិច្ចប្រជុំនេះនឹងផ្តោតលើផែនការអភិវឌ្ឍន៍វិស័យកសិកម្មរយៈពេលវែង យុទ្ធសាស្រ្ត និងការរៀបចំផែនការថវិកាយ៉ាងដូចម្តេចដើម្បីជួយវិស័យនេះ។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះនឹងធ្វើឡើងនៅថ្ងៃទី4 ខែកក្កដាខាងមុខនេះ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

    លោករដ្ឋមន្រ្តីបានបន្តថា ដើម្បីអភិវឌ្ឍវិស័យនេះ តើយើងគួរបញ្ចូលបច្ចេកវិទ្យាបែបណាដើម្បីជួយកសិករ ដោយសារកម្លាំងពលកម្មក្នុងវិស័យនេះបានថយចុះមកក្នុងរង្វង់ 40ភាគរយនៅឆ្នាំ2017 ហើយនឹងថយមកនៅត្រឹម 29ភាគរយក្នុងឆ្នាំ2030។ នេះជាបញ្ហាប្រឈម គឺកម្លាំងពលកម្មធ្លាក់ចុះ តែយើងត្រូវធ្វើយ៉ាងណាឲ្យចំណូលមានការកើនឡើង ហេតុនេះយើងត្រូវបញ្ចូលបច្ចេកវិទ្យាក្នុងវិស័យនេះ និងចូលរួមជាមួយភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងពិនិត្យមើលបញ្ហាមួយចំនួន ដូចជាកសិករមានដីតិច ធ្វើយ៉ាងណាឲ្យគាត់អាចរស់បាន បង្កើតកសិដ្ឋានដើម្បីកំណើនវិស័យនេះ និងជំរុញការនាំចេញ ភាពប្រទាក់ក្រឡារវាងវិស័យឯកជន ដើម្បីបង្កើនទិន្នផល និងអាចនាំចេញបាន។

    សេដ្ឋវិទូកម្ពុជាលោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ការអភិវឌ្ឍវិស័យកសិកម្ម យើងត្រូវតែវិភាគ និងគិតពិចារណាឲ្យមានភាពស៊ីជម្រៅថា ត្រូវធ្វើបែបណាទើបអាចអភិវឌ្ឍវិស័យនេះបាន ប៉ុន្តែវិស័យនេះមានភាពចម្រុះដែលមានទាំងបច្ចេកវិទ្យា ការដឹកជញ្ជូន ទីផ្សារ និងបញ្ហាដទៃទៀតដែលទាមទារឱ្យភាគីពាក់ព័ន្ធចូលរួមដោះស្រាយ។

    លោកបណ្ឌិតបានបន្តថា “អ្វីដែលត្រូវធ្វើ គឺពិនិត្យ និងអនុវត្តជាក់ស្តែង ដើម្បីឲ្យចេញជាលទ្ធផល ហេតុនេះការចូលរួមពីភាគីពាក់ព័ន្ធមានសារៈសំខាន់ណាស់ ដើម្បីអភិវឌ្ឍវិស័យនេះប្រកបដោយនិរន្តរភាព”។ លោកបន្តថា “អ្វីដែលត្រូវធ្វើមិនមែនតែក្រសួងកសិកម្មមួយទេ តែត្រូវការវិស័យជាច្រើនចូលរួម ហើយបញ្ហាកសិកម្មគឺយើងខ្វះបច្ចេកវិទ្យា ខ្វះទីផ្សារ ហេតុនេះការអភិវឌ្ឍវិស័យនេះសំខាន់ណាស់ ដើម្បីទប់ស្កាត់ការចំណាកស្រុកទៅក្រៅប្រទេស និងលំហូរប្រជាជនចូលទីក្រុង”៕

  • កុមារជនជាដើមតិភាគតិច ពិបាកទទួលបានការអប់រំតាមប្រព័ន្ធត្រឹមត្រូវ

    កុមារជនជាដើមតិភាគតិច ពិបាកទទួលបានការអប់រំតាមប្រព័ន្ធត្រឹមត្រូវ

    បន្ទាប់ពីមានការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជា ជាពិសេសនៅពេលប្រឡងដែលកាន់តែមានលក្ខណៈសុក្រឹត ហើយធ្វើឱ្យសិស្សខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួនឯង ស្របពេលដែលស្ថាប័នអប់រំនានាពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការបណ្តុះបណ្តាលផងដែរ។

    សាលារៀនកាន់តែខិតទៅជិតផ្ទះរបស់សិស្ស ហើយចំនួនគ្រូបង្រៀនក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ដែរនៅគ្រប់រាជធានី-ខេត្ត តែក៏នៅមានចំណុចដែលគួរឱ្យចាប់អាម្មណ៍មួយចំនួនទៀតដែរ ដូចជាកុមារជនជាតិដើម ឬជនជាតិភាគតិចហាក់មានភាពពិបាកក្នុងការទទួលបានការអប់រំតាមប្រព័ន្ធត្រឹមត្រូវដោយសារតែមានឧបសគ្គដ៏ច្រើនប្រភេទផ្សេងៗគ្នា។

    សមាជិកគណៈកម្មការទ្រទ្រង់សាលានៃសាលាបឋមសិក្សាចងរ៉ា ក្នុងខេត្តរតនគីរី ដែលជាសាលាបណ្តុះបណ្តាលកុមារដែលភាគច្រើនជាជនជាតិដើមភាគតិច លោក ទូច ជ្រៀង បានថ្លែងនៅក្នុងវីដេអូដែលផលិតឡើងដោយអង្គការ UNICEF ថា ភូមិរបស់លោកជាភូមិមួយដែលនៅដាច់ស្រយាលពីទីប្រជុំជន និងឆ្ងាយពីគេ។ បន្ទាប់ពីរដ្ឋាភិបាលបានអភិវឌ្ឍ សាលារៀនក៏ត្រូវបង្កើតឡើង ហើយធ្វើឱ្យចំនួនសិស្សមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ទោះបីជាយ៉ាងនេះក្តី សិស្សមួយចំនួនក៏នៅតែជួបបញ្ហាជាច្រើន ដូចជាការធ្វើដំណើរ ដែលនៅកន្លែងខ្លះគ្មានផ្លូវ និងស្ពានមិនល្អដែលរាំងស្ទះដល់ការមកសិក្សារបស់ពួកគេ។ មានសិស្សតូចៗខ្លះទៀតត្រូវធ្វើដំណើរទៅ-មកសាលារៀនប្រមាណ5គីឡូម៉ែត្រក្នុងមួយថ្ងៃ ហើយកន្លែងខ្លះទៀតត្រូវធ្វើដំណើរប្រមាណ8គីឡូម៉ែត្រឯណោះដើម្បីមកដល់សាលារៀន។

    លោក ទូច ជ្រៀង បាននិយាយថា៖ «ទោះបីជាមានសាលាហើយ មានគ្រូបង្រៀនហើយ មានគណៈកម្មការសាលា រួមទាំងប្រព័ន្ធអប់រំល្អហើយក៏ដោយ តែប្រសិនបើគ្មានផ្លូវ គ្មានស្ពានទេ គ្មានអ្នកណាចង់មករៀននោះទេ»។

    យោងតាមការបង្ហាញរបស់អង្គការ UNICEF បានបង្ហាញថា នៅកម្ពុជាមានភាសាជនជាតិដើមភាគតិចជាង 20 អម្បូរ ហើយនៅក្នុងខេត្តរតនគីរី នាភាគឦសាន មានប្រជាជនប្រមាណជាង 60ភាគរយជាជនជាតិដើមភាគតិច ហើយជាញឹកញាប់ កុមារនៃសហគមន៍ជនជាតិដើមភាគតិច គឺពុំសូវទទួលបានការអប់រំតាមប្រព័ន្ធអប់រំត្រឹមត្រូវឡើយ៕

  • ឡាយ សម្ផស្ស៖ រឿង «សង្រ្គាមបេះដូង» ធ្វើតេស្ដបីដងទម្រាំបានធ្វើតួឯក

    ឡាយ សម្ផស្ស៖ រឿង «សង្រ្គាមបេះដូង» ធ្វើតេស្ដបីដងទម្រាំបានធ្វើតួឯក

    ទស្សនិកជនប្រាកដជានៅចាំតួឯកស្រីក្នុងរឿង «សង្រ្គាមបេះដូង» គឺកញ្ញា ឡាយ សម្ផស្ស ដែល សម្ដែងជាតួស្រីកម្សត់ ព្រោះតែត្រូវបានឪពុកម្ដាយបង្ខំឱ្យនាងរៀបការជាមួយបុរសម្នាក់ដែលខ្លួនមិនស្រឡាញ់ បណ្ដាលឱ្យជីវិតអាពាហ៍ពិពាហ៍គ្មានសេចក្ដីសុខ។ តាមរយៈរឿងនេះក៏មានការលើកឡើង ថា ដោយសារនាងមិនយកតម្លៃខ្លួនក្នុងការសម្ដែង ទើបផលិតកម្មសម្រេចជ្រើសយកនាងធ្វើជាតួឯកស្រី។

    ជាមួយឱកាសម្ដែងជាតួឯកស្រីនៅក្នុងរឿង «សង្រ្គាមបេះដូង» នេះ ត្រូវបានកញ្ញា ឡាយ សម្ផស្ស បញ្ជាក់ប្រាប់ថា វាមិនដូចអ្វីដែលគេបានលើកឡើងនោះទេ នាងចាត់ទុកថាការនិយាយបែបនេះ ជាការបង្ហាញអារម្មណ៍មិនសប្បាយចិត្ដចំពោះភាពរីកចម្រើនរបស់នាងតែប៉ុណ្ណោះ។ នាងបន្ដថា មុនពេលដែលនាងជាប់តំណែងជាតួឯកស្រីនេះ គឺត្រូវឆ្លងកាត់ការធ្វើតេស្ដជាមួយក្រុមការងារផលិតកម្ម ខ្មែរមេគង្គ ចំនួនបីដងឯណោះ។ ឡាយ សម្ផស្ស បញ្ជាក់ថា៖ «ចាប់តាំងពីខ្ញុំចូលប្រឡូកសិល្បៈរយៈពេលជិត 5ឆ្នាំមក ទើបតែលើកទីមួយហើយ ដែលផលិតកម្មខ្មែរមេគង្គហ៊ានឱ្យតម្លៃខ្លួននៃការសម្ដែងខ្ពស់ជាងគេ។ ដូច្នេះខ្ញុំមិនដល់ថ្នាក់ថា ដើម្បីបានតំណែងតួឯក សុខចិត្ដថតអត់យកលុយនោះទេ ព្រោះតួឯក ឬតួរងវាមិនជាបញ្ហាចោទសម្រាប់ខ្ញុំឡើយ »។

    ទោះជាតំណែងតួឯកនៅក្នុងរឿង «សង្គ្រាមបេះដូង» របស់កញ្ញាឡាយ សម្ផស្ស ទទួលរងការរិះគន់ក៏ដោយ ក៏ត្រូវបាននាងប្រាប់ថា រឿងនេះបានជួយជំរុញឱ្យនាងមានប្រជាប្រិយភាពកាន់តែខ្លាំងជាងមុនបន្ថែមទៀត ព្រោះក្រោយពីរឿងនេះបញ្ចប់ការចាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍PNN នាងចាប់ផ្ដើមទទួលបានការងារច្រើន។ ជាងនេះវាក៏បានជួយដល់អាជីពជាពិធីការិនីរបស់នាងឱ្យកាន់តែទទួលបានប្រជាប្រិយភាព និងតម្លៃខ្លួនខ្ពស់ជាងមុនថែមទៀតផង៕

  • ចំនួនអ្នកប្រើប្រាស់អ៊ីនធើណិតនៅកម្ពុជាកើនឡើងដល់ 7លាននាក់

    ចំនួនអ្នកប្រើប្រាស់អ៊ីនធើណិតនៅកម្ពុជាកើនឡើងដល់ 7លាននាក់

    ភ្នំពេញៈ ចំនួនអ្នកប្រើប្រាស់ទូរស័ព្ទចល័តបានកើនឡើងខ្ពស់ ក្នុងនោះការប្រើប្រាស់អ៊ិនធើណិត ក៏បានកើនឡើងនូវចំនួនផងដែរ តែតាមតួលេខ មានរហូតដល់ទៅជាង 7លាននាក់នៅកម្ពុជា។

    លោកស្រី រស់ សូរក្ខា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍នៅក្នុងសិក្ខាសាលា ស្តីពីការវិវឌ្ឍបច្ចេកវិទ្យា 4G LTE នាព្រឹកថ្ងៃទី30 មិថុនានេះថា បច្ចុប្បន្នការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ និងការផ្ទេរសាច់ប្រាក់តាមប្រព័ន្ធទូរស័ព្ទចល័តមានការកើនឡើង ដែលទាំងអស់នេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ លោកជំទាវបន្តថា តាមរយៈការវិវឌ្ឍបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅក្នុងប្រទេសត្រូវផ្សារភ្ជាប់ជាមួយនឹងតម្រូវការរបស់សាធារណជន និងស្របទៅតាមនិន្នាការថ្នាក់តំបន់ និងសកលលោក។

    សិក្ខាសាលានេះនឹងផ្តោតសំខាន់លើប្រធានបទមួយចំនួនរួមមាន ការប្រែក្លាយបច្ចេកវិទ្យាឌីជីថលដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងឧស្សាហកម្មបច្ចេកវិទ្យា 4G និងគុណសម្បត្តិ និងគុណវិបត្តិនៃបច្ចេកវិទ្យា 4G ក្នុងទីផ្សារកម្ពុជា។ ទាក់ទិននឹងសិក្ខាសាលានេះដែរ ក៏នឹងក្លាយជាឱកាសជួបជុំគ្នារវាងបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាគមនាគមន៍ និងព័តមានក្នុងស្រុកដើម្បីពិភាក្សាគ្នាលើចំណុចសក្តានុពលនៃបច្ចេកវិទ្យាក្នុងការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងស្វែងរកដៃគូពង្រីកទីផ្សារ៕

  • T.O.P ទម្លាយរឿងធ្លាប់ប្រើប្រាស់ថ្នាំញៀន

    T.O.P ទម្លាយរឿងធ្លាប់ប្រើប្រាស់ថ្នាំញៀន

    តារាចម្រៀង T.O.P បានទម្លាយឱ្យដឹងថា លោកធ្លាប់មានទំនាក់ទំនងស្នេហាជាមួយមនុស្សស្រីម្នាក់មានឈ្មោះថា Han SeoHee ដែលធ្លាប់ប្រើប្រាស់ថ្នាំញៀន ជក់បារី និងជក់កញ្ឆា ព្រមទាំងចូលចិត្តផឹកស្រាជាមួយគ្នាទៀតផង។ តារាប្រុសរូបនេះបានបង្ហើបប្រាប់ថា នៅពេលដែលនារីម្នាក់នេះដើរចូលមកក្នុងជីវិតរបស់លោក នាងបានធ្វើឱ្យលោកកាន់តែមានក្តីទុក្ខវេទនាខាងផ្លូវចិត្ត និងសម្រេចចិត្តជក់បារី និងកញ្ឆាតាមនាងដែរ។

    តារាប្រុសវ័យ 29 ឆ្នាំរូបនេះបានបន្ដទៀតថា “ខ្ញុំមានអារម្មណ៍ថាសោកស្តាយ និងខូចចិត្តខ្លាំងណាស់ចំពោះអ្វីដែលខ្ញុំបានធ្វើកន្លងមក ខ្ញុំចេះផឹកស្រា និងផឹកខ្លាំងទៀតផង ចេះជក់បារី ចេះជក់កញ្ឆាតាមការបង្ហាត់របស់នាង តែនៅពេលបែកពីនាង ខ្ញុំក៏ឈប់ជក់បារី និងកញ្ឆា និងឈប់ផឹកស្រាហើយ“។

    គួរបញ្ជាក់ផងដែរថា ប៉ូលិសបានធ្វើការស៊ើបអង្កេតរឿងរ៉ាវរបស់តារាប្រុស T.O.P កាលពីខែមីនា ឆ្នាំ2017 កន្លងមក ហើយថ្មីៗនេះប៉ូលិសក៏បន្ដស៊ើបករណីពាក់ព័ន្ធជាមួយនារីឈ្មោះ Han SeoHee ដែលធ្លាប់បានប្រើប្រាស់គ្រឿងញៀនប្រភេទកញ្ឆាខុសច្បាប់តាមការឱ្យការណ៍របស់តារាប្រុស T.O.P និងនៅតែបន្ដការសួរចម្លើយបន្ថែមពីតារាចម្រៀងរូបនេះទៀតផងដែរ ព្រោះថាតារាប្រុសខាងលើនេះ បានបង្ហាញភ័ស្ដុតាងដែលបានប្រើប្រាស់កញ្ឆានៅក្នុងផ្ទះរបស់ Han SeoHee ដល់ប៉ូលិសហើយ៕

  • Vivo វ៉ៃដាច់ Apple ក្លាយជាក្រុមហ៊ុនដំបូងគេ ដែលបំពាក់បច្ចេកវិទ្យាស្គែនក្រយៅដៃក្រោមអេក្រង់ទូរស័ព្ទ

    Vivo វ៉ៃដាច់ Apple ក្លាយជាក្រុមហ៊ុនដំបូងគេ ដែលបំពាក់បច្ចេកវិទ្យាស្គែនក្រយៅដៃក្រោមអេក្រង់ទូរស័ព្ទ

    ពិតជាមិនធម្មតា និងមិនសរសើរក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះមិនបានមែន នៅពេលដែលគេអាចយកឈ្នះក្រុមហ៊ុន Apple ហើយក្លាយខ្លួនជាក្រុមហ៊ុនទូរស័ព្ទដែលបានបំពាក់បច្ចេកវិទ្យាស្គែនក្រយៅដៃបង្កប់ក្រោយអេក្រង់ដំបូងបំផុតក្នុងពិភពលោក ធ្វើឱ្យការស្គែនតាមប៊ូតុងជំនាន់មុន ចាប់ផ្ដើមហួសស៊េរីក្លាយជារឿងធម្មតា សូម្បីទូរស័ព្ទតម្លៃ 100ដុល្លារក៏មានប្រើដែរ។

    Vivo បានដើរមួយជំហានមុនក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក ខណៈ Apple នៅបន្តត្រឹមតែព័ត៌មានចចាមអារ៉ាម ថាអាចមានស្មាតហ្វូនគ្មាន Home Button ជាមួយនឹងការបំពាក់ប្រព័ន្ធស្គែនក្រយៅដៃ (Fingerprint Scanner) នៅក្រោមអេក្រង់នៅចុងឆ្នាំនេះ។ ក្នុងន័យនេះ Apple ហាក់យឺតពេលបន្តិចហើយ ក្រោយក្រុមហ៊ុនបច្ចេកវិទ្យាចិន Vivo បានដាក់ចេញនូវស្មាតហ្វូន ក្រោមការសហការគ្នាជាមួយនឹងក្រុមហ៊ុន Qualcomm ដែលជាអ្នកផលិតបន្ទះឈីប Snapdragon ដ៏ល្បីល្បាញ។

    នៅក្នុងព្រឹត្តិការណ៍ MWC 2017 នៅទីក្រុងស៊ាងហៃ ប្រទេសចិន កាលពីថ្ងៃទី28 មិថុនាកន្លងទៅថ្មីៗក្រុមហ៊ុន Vivo បានធ្វើការដាក់តាំងផលិតផលគំរូមួយដែលក្រុមហ៊ុនមិនបានបញ្ជាក់ឈ្មោះ ដោយវាអាចធ្វើការបានយ៉ាងល្អលើមុខងារស្គែនក្រយៅដៃលើអេក្រង់ទូរស័ព្ទផ្ទាល់ តាមរយៈបច្ចេកវិទ្យា Ultrasonic។ យ៉ាងណាមិញ តាមការបញ្ជាក់របស់ក្រុមហ៊ុន Qualcomm បច្ចេកវិទ្យាថ្មីនេះ ក្រុមហ៊ុននឹងចាប់ផ្ដើមបញ្ចេញទៅឱ្យដៃគូសហការនៅត្រីមាសទី4 ឆ្នាំ2017 នេះ។ ដូច្នេះ ក្រុមហ៊ុនផ្សេងក៏អាចមានលទ្ធភាពបង្កើត និងដាក់លក់ដំណាលគ្នានឹង Vivo ផងដែរក៏អាចថាបាន ព្រោះថាក្រុមហ៊ុនទូរស័ព្ទចិនមួយនេះមិនបានបញ្ជាក់ទេថា ទូរស័ព្ទដែលមានបំពាក់បច្ចេកវិទ្យាស្គែនក្រយៅក្រោមអេក្រង់របស់ខ្លួននេះនឹងចេញលក់នៅពេលណាទេ៕