Author: វល័ក្ខ

  • មន្ត្រី​ជំនាញ៖ អ្នក​ផលិត និង​ផ្គត់ផ្គង់​ចំណីអាហារ​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ពី​សុវត្ថិភាព

    មន្ត្រី​ជំនាញ៖ អ្នក​ផលិត និង​ផ្គត់ផ្គង់​ចំណីអាហារ​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ពី​សុវត្ថិភាព

    ក្រុមមន្ត្រី​ជំនាញ​ផ្នែក​សុវត្ថិភាព​ចំណីអាហារ​នៅ​កម្ពុជា​បាន​អំពាវនាវ និង​ជំរុញ​ដល់​ក្រុម​សហគ្រិន និង​ពាណិជ្ជករ អ្នក​ផលិត និង​អ្នកផ្គត់ផ្គង់​ចំណីអាហារ​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​អំ​ពី​សុវត្ថិភាព និង​ស្ដង់ដារ​ចំណីអាហារ​ដើម្បី​ធានា​ដល់​សុខុមាលភាព​របស់​អ្នក​បរិភោគ។

    លោក ស៊ីន ស៊ី​ដេ​ត នាយក​មន្ទីរពិសោធន៍​កាំកុងត្រូល​និយាយថា ជាទូទៅ​ប្រជាពលរដ្ឋ​ភាគច្រើន​បាន​វាយតម្លៃ​ទៅលើ​ចំណីអាហារ​គ្រប់​ប្រភេទ​ដែល​នាំចូល​ពី​ប្រទេសជិតខាង ដូចជា​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ជាដើម​ថា​ជា​ទំនិញ​ខូចគុណភាព ឬ​មាន​សារធាតុ​គីមី​ពុល ប៉ុន្តែ​ការវាយតម្លៃ​ជារួម​ដូច្នេះ«មិន​ត្រឹមត្រូវ»នោះទេ ចំណីអាហារ​មួយចំនួន​ដែល​នាំចូល​ពី​ប្រទេសជិតខាង​ទាំង២ខាងលើនេះ​មាន​មួយចំនួនធំ​គឺ មាន​គុណភាព​ស្របតាម​ស្ដង់ដារ​បច្ចេកទេស។

    លោក​ថ្លែងថា៖ «ចំណីអាហារ​គ្រប់​ប្រភេទ​ដែល​នាំចូល​ពី​ក្រៅប្រទេស វា​ពុំមាន​បញ្ហា​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​ទេ គឺ​អាស្រ័យទៅលើ​ពាណិជ្ជករ​ដែល​នាំចូល​ទំនិញ​ជា​ចំណីអាហារ​ទាំងនោះ​មាន​ភាពស្មោះត្រង់​ឬ​អត់? អ៊ីចឹង​ចំណីអាហារ​នាំចូល​ពី​ក្រៅប្រទេស និង​ផលិត​ក្នុងស្រុក​មាន​សុវត្ថិភាព និង​គុណភាព​សម្រាប់​សុខភាព​អ្នក​បរិភោគ គឺ​អាស្រ័យ​លើ​អ្នក​ផលិត អ្នក​នាំចូល​មាន​ភាពស្មោះត្រង់ និង​មានការ​ទទួលខុសត្រូវ»។

    យោងតាម​របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមមន្ត្រី​ជំនាញ​នៃ​វិទ្យាស្ថាន​ស្ដង់ដារ​កម្ពុជា​បាន បង្ហាញថា សហរដ្ឋអាមេរិក​ជា​ប្រទេសមួយ​ដែលមាន​ការនាំ​ចូល​ចំណីអាហារ​ដែលមាន​សុវត្ថិភាព និង មាន​ស្ដង់ដារ​ខ្ពស់​ជាងគេ ប៉ុន្តែ​ក្រុម​ពាណិជ្ជករ​របស់​ពួកគេ​មួយចំនួន​នៅតែ​ឆ្លៀតឱកាស​លួច​ផលិត​និង​នាំចូល​នូវ​ចំណីអាហារ​ដែល​មិន​ស្របតាម​ស្តង់ដារ ដែល​បង្ក​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​មានការ​ខាតបង់​នូវ​ទឹកប្រាក់​ប្រមាណ​ជាង 7ពាន់​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ។

    លោក Watcharas Leelawath នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​មេគង្គ​ថ្លែងថា៖«នៅពេល​និយាយ​អំពី​សុវត្ថិភាព​ចំណីអាហារ យើង​ចាំបាច់​ត្រូវ​និយាយ​អំពី​ស្ដង់ដារ​ចំណីអាហារ ហើយ​អ្នកណាខ្លះ​ដែល​ធ្វើការ​ពាក់ព័ន្ធ​នៅក្នុង​បញ្ហា​នេះ»។ ការ​គិតដល់​បញ្ហា​ចម្បង​ទាំង2 ខាងលើនេះ អ្នក​ផលិត​និង​ផ្គត់ផ្គង់​ចំណីអាហារ មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ចូលរួម​ជំ​រុញឱ្យ​គោលនយោបាយ​លើកកម្ពស់​សុខុមាលភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៃ​រដ្ឋាភិបាល​របស់​ប្រទេស​ក្នុង​អនុតំបន់​ទន្លេមេគង្គ​ដែល​រួមមាន កម្ពុជា វៀតណាម ឡាវ ថៃ និង​ភូមា ទទួលបាន​ជោគជ័យ​យ៉ាង​ឆាប់រហ័ស។

    លោក Leelawath បាន​មានប្រសាសន៍ថា ប្រសិនបើ​យើង​អាចធ្វើឱ្យ​ប្រសើរឡើង​នូវ​ស្តង់ដារ​សុវត្ថិភាព​ម្ហូបអាហារ ជាពិសេស​ក្នុងចំណោម​កសិករ យើង​អាច​បង្កើន​ការនាំចេញ​ជាពិសេស​ទៅកាន់​បណ្ដា​ប្រទេស​អាស៊ាន​ដទៃទៀត​ដែល​យើង​មិនត្រូវ​បង់ពន្ធ ។

    លោក លី ទីន អនុប្រធាននាយកដ្ឋាន វិញ្ញាបនបត្រ នៃ​វិទ្យាស្ថាន​ស្ដង់ដារ​កម្ពុជា និយាយថា ការត្រួតពិនិត្យ​ស្ដង់ដារ និង​សុវត្ថិភាព​ចំណីអាហារ គឺជា​ផ្នែក​មួយ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សុខុមាលភាព និង​វឌ្ឍនភាព​របស់​ពលរ​ដ្ឋ ប៉ុន្តែ​កិច្ចការ​នេះ​ចាំបាច់​ត្រូវមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ទាំង​អ្នក​ផលិត និង​អ្នកផ្គត់ផ្គង់​ត្រូវតែមាន​ភាព​ទទួលខុស​ត្រូវ​ចំពោះ​សុវត្ថិភាព​អ្នក​បរិភោគ។

    លោក​បាន​បញ្ជាក់ថា អ្នក​បរិភោគ​ខ្លួនឯង គប្បី​ត្រូវ​ជ្រើសរើស​នូវ​ចំណីអាហារ​ដែលមាន​ស្លាក​សញ្ញា​ស្ដង់ដារ​ដែល​ទទួលស្គាល់​ដោយ​ស្ថាប័ន​ជំនាញ ដើម្បី​ការពារ​គ្រោះថ្នាក់ផ្សេងៗដែល​អាច​កើតឡើង​ជាយថាហេតុ។

    លោក ទីន បញ្ជាក់ថា៖«អ្នក​ផលិត និង​អ្នកផ្គត់ផ្គង់​ចំណីអាហារ ត្រូវមាន​ភាពស្មោះត្រង់ និង​បញ្ឈប់​ការប្រើប្រាស់​សារធាតុ​គីមី​ពុល​ដែល​បង្ក​ហានិភ័យ​ដល់​សុខភាព​អ្នក​បរិភោគ យើង​អាច​ធានា​ដល់​សាធារណជន​ថា ឥឡូវនេះ​ការផ្គត់ផ្គង់​ម្ហូបអាហារ​រហូតដល់ 70%មាន​សុវត្ថិភាព»។

    គិត​រហូតមកទល់​ពេលនេះ​នៅ​កម្ពុ​ជាមាន​ក្រុមហ៊ុន​ប្រមាណ​ជាង 200ក្រុមហ៊ុន​ប៉ុណ្ណោះ ដែល​បាន​ចុះបញ្ជី​បញ្ជាក់​សុវត្ថិភាព​ចំណីអាហារ នៅក្នុង​វិទ្យាស្ថាន​ស្ដង់ដារ​កម្ពុជា៕

  • Atletico សងសឹក Dortmundបានសម្រេច ខណៈ Red Star ធ្វើឱ្យ Liverpool ស្រឡាំងកាំង

    Atletico សងសឹក Dortmundបានសម្រេច ខណៈ Red Star ធ្វើឱ្យ Liverpool ស្រឡាំងកាំង

    ក្រុម Atletico Madrid ដណ្តើម​បានការ​សងសឹក​ចំពោះ​ការបរាជ័យ​របស់​ពួកគេ​ក្រោម​ស្នាដៃ​ក្រុម Borussia Dortmund កាលពី 2សប្តាហ៍​មុន និង​បាន​សង្គ្រោះ​ក្តីសង្ឃឹម​ក្នុងការ​បាន​ឈានទៅ​វគ្គ​បន្ត​ឡើងវិញ​ដោយ​ការ​ឈរ​លេខ1 ក្នុង​ពូ​ល A តាមរយៈ​ការ​ផ្តួល​ក្រុម​របស់​អាល្លឺម៉ង់​មួយ​នេះ​ក្នុង​លទ្ធផល 2-0 នា​កីឡដ្ឋាន Wanda Metropolitano កាលពី​ថ្ងៃ​អង្គារ។

    ក្រុម Dortmund បានធ្វើឱ្យ​ក្រុម Atletico រង​បរាជ័យ​ដ៏​ធំ​បំផុត​ក្រោម​ការដឹកនាំ​របស់លោក Diego Simeone តាមរយៈ​ការដណ្តើម​បាន​ជ័យជម្នះ​ក្នុង​លទ្ធផល 4-0 កាលពី​រយៈពេល 13ថ្ងៃមុន ប៉ុន្តែ​ការប្រកួត​នេះ​មាន​រូបភាព​ដូចជា​កញ្ចក់​ឆ្លុះ​មុខ​អ៊ីចឹង ខណៈដែល​ក្រុម​ម្ចាស់ផ្ទះ​បាន​គ្រប់គ្រង​តាំងពី​នាទី​ដំបូង​រហូតដល់​ពេល​ប​ញ្ច​ប់​ការប្រកួត។

    ខ្សែបម្រើ Saul Niguez និង​ខ្សែប្រយុទ្ធ Antoine Griezmann បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី 1គ្រាប់​ម្នាក់​ដូចគ្នា​ក្នុង​តង់នីមួយៗ ដើម្បី​បំពេញ​ការ​ដណ្តើមបាន​ជ័យជម្នះ​មួយ​ដែល​ធ្វើឱ្យ​ក្រុម Atletico នាំមុខ 5ពិន្ទុ​ដាច់​លើ​ក្រុម Club Brugge និង​ខិត​កាន់តែ​កៀក​ក្នុងការ​ឈានទៅ​វគ្គ​បន្ត​នៃ​ក្របខ័ណ្ឌ Champions League។

    ស្របពេល​ជាមួយគ្នានេះ Liverpool ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​កីឡាករ​ធ្លាក់​ចេញពី​ក្របខ័ណ្ឌ Champions League វគ្គ​ចែក​ពូ​ល ក្រោយពី​ចាញ់​យ៉ាង​មិន​នឹកស្មាន​ដល់​ក្នុង​លទ្ធផល 2-0 ក្រោម​ស្នាដៃ​ក្រុម Red Star Belgrade ក្នុង​រដ្ឋធានី​របស់​ប្រទេស​ស៊ែ​ប៊ី កាលពី​ថ្ងៃ​អង្គារ។ កីឡាករ Milan Pavkov បាន​ស៊ុត​បាល់​បញ្ចូល​ទី 2គ្រាប់​ក្នុង​តង់​ទី1 ដើម្បី​ជួយ​ឱ្យ​ក្រុម Red Star ដណ្តើមបាន​ជ័យជម្នះ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League ជា​លើក​ទី1 របស់​ពួកគេ ក្នុង​រយៈពេល 26ឆ្នាំ។

    ក្រុម Liverpool នៅតែ​នាំមុខ​ក្នុង​ពូ​ល C ប៉ុន្តែ​បាន​ធ្លាក់​មកឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ2 ដោយសារ​តែមាន​គ្រាប់​បាល់​តិចជាង​ក្រុម Napoli ក្រោយពី​ក្រុម​របស់​អ៊ីតាលី​មួយ​នេះ បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ 1-1 ក្នុងការ​ប្រកួត1គូ​ផ្សេងទៀត​ក្នុង​ពូ​ល​ដូចគ្នានេះ៕

    ប្រភពពី៖ Sport24

  • AMK ៖ ស្រួលបោះគេ!!!

    AMK ៖ ស្រួលបោះគេ!!!

    រឿងពិតរបស់គ្រួសារមួយមានសមាជិក១២នាក់ ប៉ុន្តែគ្មានបង្គន់ប្រើប្រាស់។តើគ្រួសាររបស់គាត់នឹងជួបបញ្ហាប្រឈមអ្វីខ្លះ? សូមទស្សនាវីដេអូនេះទាំងអស់គ្នា………

  • រយៈពេល 9ខែ ឆ្នាំ2018 កម្ពុជា​រក​ចំណូល​ពី​វិស័យ​ជលផល​បានត្រឹមតែ 32ម៉ឺន​ដុល្លារ

    រយៈពេល 9ខែ ឆ្នាំ2018 កម្ពុជា​រក​ចំណូល​ពី​វិស័យ​ជលផល​បានត្រឹមតែ 32ម៉ឺន​ដុល្លារ

    ទិន្នន័យ​បង្ហាញថា ការនាំចេញ​ផល​នេសាទ​បាន​ចំនួន​ជាង 11,030តោន ក្នុងចំណោម​នោះ​ផលិតផល​កែច្នៃ​មាន​ចំនួន 3,970តោន ដែល​ធ្វើឱ្យ​កម្ពុជា​ប្រមូលប្រាក់​ចំណូល​ពី​សេវា​នានា​ក្នុង​វិស័យ​ជលផល​បាន​ជាង 32ម៉ឺន​ដុល្លារ​ក្នុង​រយៈពេល9ខែ​នៃ​ឆ្នាំ2018។ នេះ​បើ​យោងតាម​របាយការណ៍​ក្រសួងកសិកម្ម។

    រដ្ឋាភិបាល​កំណត់​ទិសដៅ​នាំចេញ​ផលិតផល​នេសាទ 20,000តោន​ក្នុង​ឆ្នាំ2018។ តួលេខ​នៃ​របាយការណ៍​បាន​បង្ហាញថា នៅក្នុង​វិស័យ​ជលផល កម្ពុជា​បាន​នាំចេញ​ផលិតផល​នេសាទ​ស្រស់​ជាង10,000តោន កើនឡើង 200តោន ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ ខណៈ​របាយការណ៍​បានបង្ហាញ​តម្លៃ​នៃ​ការប្រមូល​ចំណូល​បាន​ពី​តម្លៃ​សេវា​ពី​វិស័យ​ជលផល​បាន 321,304ដុល្លារ។

    ផែនការ​ប្រចាំឆ្នាំ​របស់​រដ្ឋាភិបាល​នឹងត្រូវ​ប្រមូល​ចំណូល 752,249ដុល្លារ​ពី​សេវា​នានា​ក្នុង​វិស័យ​ជលផល តែ​នៅ​ឆ្នាំនេះ​បាន​ធ្លាក់ចុះ​ពី 315ដុល្លារ​ធៀប​នឹង​ឆ្នាំមុន។ នេះ​បើ​យោងតាម​របាយការណ៍។

    លោក ស្រី វុ​ឌ្ឍី អ្នកនាំពាក្យ​ក្រសួងកសិកម្ម​បានឱ្យដឹង​ថា ប្រាក់ចំណូល​ពី​វិស័យ​ជលផល  គឺជា​ផ្នែក​មួយ​នៃ​ចំណូល​សម្រាប់​ថវិកាជាតិ ដែល​បាន​ពី​ការផាកពិន័យ ឬ​តម្លៃ​សេវា​ពី​ការធ្វើ​ជំនួញ​នៅក្នុង​វិស័យនេះ។

    ក្រសួងកសិកម្ម​បង្ហាញថា ករណី​នេសាទ​ខុសច្បាប់​បាន​ធ្លាក់ចុះ​ប្រហែល 12%នៅក្នុង​ឆមាស​ទី1នៃ​ឆ្នាំនេះ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ ក្នុងការ​បង្ក្រាប​ការនេសាទ​ខុសច្បាប់​នេសាទ អួន​ចាប់​ត្រី​រាប់រយ​គីឡូម៉ែត្រ និង​ឧបករណ៍​នេសាទ​អគ្គិសនី​ចំនួន 244គ្រឿង​ត្រូវបាន​រឹបអូស​ហើយ​ត្រី​ជិត 20,000គីឡូក្រាម​ត្រូវបាន​ដោះលែង។

    លោកស្រី Saray Samadee អ្នកសម្របសម្រួល​គម្រោង​ទីភ្នាក់ងារ USAID បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ច្រក​ទន្លេមេគង្គ​ត្រូវបាន​ចាត់ទុកថា​ជា​ច្រករបៀង​ដ៏​សំខាន់​មួយ​ក្នុង​ការធ្វើ​បំ​ផ្លាស់​ទី​របស់​ត្រី និង​ត្រូវបាន​គេ​ចាត់ទុកថា នៅក្នុង​នោះ​មាន​ទាំង​ប្រភេទ​ត្រី​ដែល​ជិត​ផុត​ពូជ​ទៀតផង។ ការធ្វើ​បំ​ផ្លាស់​ទី​របស់​ត្រី​នៅតាម​ទន្លេមេគង្គ​ជួយ​ទ្រទ្រង់​ការនេសាទ​ទឹកសាប​ធំ​បំផុត​របស់​ពិភពលោក និង​ចិញ្ចឹមជីវិត​ប្រជាជន​រាប់លាន​នាក់។

    លោកស្រី​បាន​មានប្រសាសន៍​បន្ថែមថា៖ «វិធីសាស្ត្រ​គ្រប់គ្រង​យុទ្ធសាស្ត្រ​ដែលមាន​លក្ខណៈ​ជា​យុទ្ធសាស្ត្រ គឺជា​វិធី​ចាំបាច់​ដើម្បី​ភ្ជាប់​ការគ្រប់គ្រង​ទីជម្រក​សំខាន់ កាត់បន្ថយ​ការគំរាមកំហែង និង​ការពារ​ធនធាន​ជលផល​ដ៏​សំខាន់​នេះ»។

    លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល​បាន​មានប្រសាសន៍ថា បឹង​ទន្លេសាប គឺជា​បឹង​មួយ​ក្នុងចំណោម​បឹង​ដែលមាន​ផលិតភាព និង​ចម្រុះ​ជាងគេ​បំផុត​នៅក្នុង​ពិភពលោក។ លោក​មានប្រសាសន៍ថា ត្រី​ជិត 900ប្រភេទ​ត្រូវបាន​គេ​កត់ត្រា​នៅក្នុង​អាង​ទន្លេមេគង្គ​ដែល​ក្នុងនោះ​មាន 165 ប្រភេទ​ដែលជា​ប្រភេទ​ត្រី​ដែល​ធ្វើការ​បំ​ផ្លាស់​ទី។

    លោក ជា​សាន មានប្រសាសន៍ថា រដ្ឋាភិបាល​ក៏បាន​ដាក់​ស្តុក​ត្រី​ប្រភេទ​ដែល​ជិត​ផុត​ពូជ​នៅក្នុង​តំបន់​អភិរក្ស ហើយ​គ្រោង​នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការត្រួតពិនិត្យ​ការជួញដូរ​ខុសច្បាប់​ខណៈ​ដោយ​បង្កើន​នូវ​ការយល់ដឹង៕

  • Mayweather នឹង​ប្រកួត​ជាមួយ​កីឡាករ​ប្រដាល់សេរី Tenshin នៅ​ជប៉ុន

    Mayweather នឹង​ប្រកួត​ជាមួយ​កីឡាករ​ប្រដាល់សេរី Tenshin នៅ​ជប៉ុន

    កីឡាករ​ប្រដាល់សកល Floyd Mayweather នឹង​ប្រកួត​ជាមួយ​កីឡាករ​ប្រដាល់សេរី និង​យុទ្ធ​គុន​ចម្រុះ TenshinNasukawa ក្នុងប្រទេស​ជប៉ុន​នៅ​ថ្ងៃទី31 ខែធ្នូ ក្រោយពី​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​មួយ​ជាមួយនឹង​ក្រុមហ៊ុន​រៀបចំ​ការប្រកួត​យុទ្ធ​គុន​ចម្រុះ។

    អតីត​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក 5ប្រភេទ​ទម្ងន់​ផ្សេងគ្នា Mayweather បាន​ផ្តួល​កីឡាករ Conor McGregor របស់​អង្គភាព UFC ក្នុង​ការប្រកួត​ប្រដាល់សកល​កាលពី​ខែសីហា ឆ្នាំ2017 ដើម្បី​បន្ថែម​កំណត់ត្រា​ឈ្នះ​របស់​រហូតដល់​ទៅ 50លើក មិនដែល​ចាញ់។

    រូបគេ​បាន​និយាយ​កាលពីពេលថ្មីៗនេះ អំពី​ការប្រកួត​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ​ជាមួយនឹង​កីឡាករ KhabibNurmagomedov របស់ UFC និង​កីឡាករ Manny Pacquiao។ រូបមន្ត និង​លក្ខខណ្ឌ​សម្រាប់​ការប្រកួត​របស់គេ​ជាមួយនឹង Nasukawa មិនទាន់​សម្រេច​នៅឡើយ​ទេ។ កីឡាករ​សញ្ជាតិ​អាមេរិក​វ័យ 41ឆ្នាំ​រូបនេះ​ដែល​មិន​ធ្លាប់បាន​ប្រកួត​សោះ បើ​គិត​ចាប់តាំងពី​ចាកចេញ​ពី​ការចូលនិវត្តន៍​ដើម្បី​ជួប​ជាមួយនឹង McGregor បានឱ្យដឹងថា៖ «ខ្ញុំ​ធ្វើ​អ្វីដែល​ខុសពី​គេ ខ្ញុំ​ចង់បង្ហាញ​ពី​ទេពកោសល្យ​របស់ខ្ញុំ​នៅ​ខាងក្រៅ​សហរដ្ឋអាមេរិក និង​ស្ថិតក្នុង​ការប្រកួត​ដ៏​ពិសេស។ ខ្ញុំ​ចង់​ផ្តល់ឱ្យ​មនុស្ស​ជាច្រើន​នូវ​អ្វីដែល​ពួកគេ​ចង់បាន​ដូចជា ឈាម ញើស និង​ទឹកភ្នែក»។

    Mayweather បាន​បញ្ជាក់ថា ប្រភេទ​ទម្ងន់ និង​លក្ខខណ្ឌ​សម្រាប់​ការប្រកួត​នេះ នឹងត្រូវ​ពិភាក្សា​នៅ​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​ទៀត។ កីឡាករ​ជប៉ុន Nasukawa វ័យ 20ឆ្នាំ ប្រកួត​ទាំង​ក្នុង​ប្រដាល់សេរី និង​យុទ្ធ​គុន​ចម្រុះ​សម្រាប់​អង្គភាព RIZIN Fighting Federation ដែលជា​ក្រុមហ៊ុន Mayweather បាន​ចុះហត្ថលេខា។

    Nasukawa ដែលមាន​កំណត់ត្រា​ឈ្នះ 27លើក មិនដែល​ចាញ់​ក្នុង​ប្រដាល់សេរី និង៤លើក​មិនដែល​ចាញ់​នៅក្នុង MMA នោះ បានឱ្យដឹងថា៖ «វា​ពិតជា​សំណើ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ ប៉ុន្តែ​ខ្ញុំ​បានទទួល​យក​ដោយ​គ្មាន​ការស្ទាក់ស្ទើរ​ឡើយ»៕

    ប្រភពពី៖ BBC

  • ស៊ុប​ហិ​រ ជាមួយ​ទឹកជ្រលក់​ថ្មី​បែប​ថៃ នាំមក​ជូន​ដោយ ហាង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា

    ស៊ុប​ហិ​រ ជាមួយ​ទឹកជ្រលក់​ថ្មី​បែប​ថៃ នាំមក​ជូន​ដោយ ហាង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា

    ហាង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា បាន​បន្ថែម​នូវ​ផលិតផល​ថ្មី​ដ៏​គួរ​ឲ្យ​ទាក់ទាញ​មួយទៀត ដែលមាន​ឈ្មោះថា ស៊ុ​ក ណ័​រ (Sook Nua) ជាមួយនឹង​ទឹក​ស៊ុប​ហិ​រ​ថ្មី និង​ទឹកជ្រលក់​បែប​ថៃ​ដែលមាន​លក់ ចាប់ពី​ថ្ងៃទី ០៥វិច្ឆិកា រហូតដល់​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នេះ​ប៉ុណ្ណោះ។

    បើតាម​ប្រសា​ស៍រប​ស់លោក អ៊ឹម បណ្ឌិត ជា​ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ម៉ាក់​បា​ប៊ី​ឃ្យូ ផ្លា​ហ្សា ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្លែងថា ដើម្បី​បំពេញចិត្ត​របស់​អតិថិជន ទើប​ហាង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា ខិតខំ​បង្កើត​ឈុត​មុខម្ហូប​អាហារ​បន្ថែមថ្មីៗជា​បន្ដបន្ទាប់ ជាក់ស្ដែង​ដូចជា​មុខម្ហូប​ថ្មី​មួយ​នេះ អាច​ញុំ​ា​បាន​គ្នា២ ទៅ៣នាក់ តម្លៃ​ចាប់ពី ១៧.៩៩ដុល្លា​តែប៉ុណ្ណោះ ហើយ​មាន ៣ជំរើស​សម្រាប់​អតិថិជន​ជ្រើសរើស​ផងដែរ គឺ​ឈុត​សាច់ជ្រូក ឈុត​សាច់គោ និង​ឈុត​សាច់​ចំរុះ ។

    លោក​ក៏បាន​បញ្ចាក់​ផងដែរ​ថា ចំនុច​ពិសេស​នៃ​ផលិតផល​ថ្មី​នេះ​គឺ ទី១ ទឹក​ស៊ុប​ដែលមាន​រសជាតិ​ហិ​រតិចៗ ហើយ​សម្រាប់​អតិថិជន​ដែល​ចូលចិត្ត​រសជាតិ​ហិ​រ​ខ្លាំង ក៏​អាច​បន្ថែម​ម្ទេស​តាម​ដែល​ខ្លួន​ចង់បាន​ផងដែរ។ នឹង​ទី២ នុះ​គឺ​ទឹកជ្រលក់​បែប​ថៃ ដែលមាន៣រសជាតិ​បញ្ចូល​គា្ន ហិ​រ ជូរ និង​ប្រៃ សាក​សម​ឥតខ្ចោះ​ជាមួយនឹង​ទឹក​ស៊ុប​បែប​ថ្មី​នេះ​ផងដែរ។ មួយវិញទៀត សម្រាប់​អតិថិជន​ដែលមាន​កាត​សមាជិក ដែល​បាន​ទិញ​ឈុត​ថ្មី​ខាងលើ​ណាមួយ អាច​ទិញ សាច់ជ្រូក អាល្លឺម៉ង់ តម្លៃ​ត្រឹមតែ $1.50 តែប៉ុណ្ណោះ។

    គួរ​បញ្ចា​ក់ថា ហាង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ១៩៨៧ ដោយ​លោក Choopong Choopojcharoen ដែល​បាន​អនុវត្ត​សាច់​អាំង​បែប​ម៉ុង​ហ្គោ​លី​និង​ជប៉ុន​ដែល​ល្បី​ជា​យូរ​មកហើយ​ជាមួយ​ភោជនីយដ្ឋាន​របស់គាត់។កាន់តែ​ពិសេស​ទៅទៀត ដោយមាន​ការគាំទ្រ​ពី​សំណាក់​អតិថិជន​យ៉ាងខ្លាំង បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា​បាន​ពង្រីក​សាខា​ក្នុង​ឆ្នាំ ២០១៧ជាង១៥០កន្លែង ទាំង​នៅក្នុង​ប្រទេស​ថៃ និង​បណ្ដា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ហើយ​បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា​ត្រូវបាន​ចាត់​ចំណាត់ថ្នាក់​ភោជនីយដ្ឋាន​លេខ១ ក្នុង​ផ្នែក​ភោជនីយដ្ឋាន​ចម្អិន​អាហារ​ដោយ​ខ្លួនឯង​ជាង៥ឆ្នាំ​មកហើយ។

    បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា​មាន​វត្តមាន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​រួមទាំង១៧សាខា​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី និង​ពីរ​សាខា​ទៀត នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។ ហាង​សាច់​អាំង​បែប​ម៉ុង​ហ្គោ​លី និង​ជប៉ុន​មួយ​នេះ ត្រូវបាន​នាំចូល​មក​ទីផ្សារ​កម្ពុជា​ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី ហើយ​មកដល់​សព្វថ្ងៃនេះ ហាង​នេះ មាន​សាខា​ចំនួន៥ គឺ​ស្ថិតនៅ​ផ្សារ​ទំនើប អ៊ី អន ម៉​ល ១ សាខា​ទួលគោក​ផ្លូវ ៣១៥ កែង ៥២៨ សាខា​ផ្សារ​សូរិយា​ជាន់​ទី៣ សាខា​ផ្សារ​ទំនើប អ៊ី អន ម៉​ល ២ និង​សាខា​ដឹ​ហេ​រី ថេ​ក​វ៉ក ក្រុង​សៀមរាប ហើយ​បើក​ចាប់ពី​ម៉ោង ១០:០០ព្រឹក ដល់ ១០:០០យប់។ ពត៌មាន​បន្ថែម អាច​ទំនាក់ទំនង​តាមរយៈ​លេខ ០២៣ ២៣ ១៨ ១៧។

  • Sterling និង Morata រកបាន 2គ្រាប់​ដូចគ្នា ខណៈ Man City និង Chelsea ឈ្នះរៀងៗខ្លួន

    Sterling និង Morata រកបាន 2គ្រាប់​ដូចគ្នា ខណៈ Man City និង Chelsea ឈ្នះរៀងៗខ្លួន

    ខ្សែប្រយុទ្ធ Raheem Sterling បានស៊ុតបាល់បញ្ចូលទី 2គ្រាប់ ក្រោយពីបានយល់ព្រមបន្តកុងត្រាថ្មីរយៈពេល 5ឆ្នាំជាមួយនឹងក្លិប Manchester City ខណៈដែលក្រុមម្ចាស់ការពារតំណែងជើងឯកមួយនេះ បានផ្តួលក្រុម Southampton យ៉ាងចាស់ដៃក្នុងលទ្ធផល 61 កាលពីថ្ងៃអាទិត្យ ដើម្បីវិលទៅកាន់កំពូលតារាងនៃក្របខ័ណ្ឌ Premier League វិញ។

    ខ្សែប្រយុទ្ធ Sergio Aguero ដែលរកបានគ្រាប់បាល់ក្នុងការប្រកួតលីចំនួន 150គ្រាប់ David Silva និង Leroy Sane ក៏បានរកគ្រាប់បាល់បញ្ចូលទីផងដែរ ខណៈដែលក្រុមរបស់លោក Pep Guardiola បានរក្សាការមិនស្គាល់ចាញ់របស់ខ្លួនក្នុងការការពារពានរបស់ពួកគេ។ ខណៈដែលលោកបានបញ្ជាក់ថា នឹងមានការអភិវឌ្ឍទៅកាន់កម្រិតមួយទៀតពីសំណាក់ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស។

    លោក Guardiola បានប្រាប់បណ្តាញសារព័ត៌មាន BBC ថា៖ «យើងលេងបានយ៉ាងល្អឥតខ្ចោះ ដោយគ្មាន និងពេលមានបាល់» ស្របពេលជាមួយគ្នានេះ លោក Maurizio Sarri អ្នកចាត់ការទូទៅរបស់ក្រុម Chelsea ជឿជាក់ថា Alvaro Morata អាចនឹងក្លាយជាខ្សែប្រយុទ្ធដ៏មុតស្រួចដែលក្រុមរបស់លោកត្រូវការ ក្រោយពីបានស៊ុតបាល់បញ្ចូលទី 2គ្រាប់ក្នុងពេលពួកគេយកឈ្នះលើក្រុម Crystal Palace 31 កាលពីថ្ងៃអាទិត្យ។

    លោក Sarri បានឱ្យដឹងថា៖ «រូបគេមានភាពទន់ខ្សោយបន្តិចទៅលើស្មារតី ប៉ុន្តែ រូបគេនៅវ័យក្មេង ដែលខ្ញុំគិតថា គេអាចអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស។ ខ្ញុំគិតថា Alvaro ក៏មានសក្តានុពលដ៏អស្ចារ្យលើផ្នែករាងកាយ និងបច្ចេកទេសផងដែរ»

    ប្រភពពី៖ Sport24

  • Khachanov ផ្តួល Djokovic ដើម្បី​ឈ្នះ​ពាន​ក្នុង​ទីក្រុង​ប៉ារីស

    Khachanov ផ្តួល Djokovic ដើម្បី​ឈ្នះ​ពាន​ក្នុង​ទីក្រុង​ប៉ារីស

    កីឡាករ​វាយ​កូន​បាល់ Karen Khachanov បាន​បង្កើតឱ្យមាន​ការ​ភ្ញាក់ផ្អើល​ដ៏​ធំ​មួយ​ក្នុង​កីឡា​វាយ​កូន​បាល់​ឆ្នាំនេះ តាមរយៈ​ការ​ផ្តួល​ជើង​ខ្លាំង Novak Djokovic ក្នុង​លទ្ធផល 7-5 និង 6-4 ក្នុង​ព្រឹត្តិការណ៍ Paris Masters វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​បញ្ចប់​ការគ្រប់គ្រង​របស់​កីឡាករ​សញ្ជាតិ​ស៊ែ​ប៊ី​រូបនេះ​ក្នុង​វិញ្ញាសា​ផ្នែក​បុរស កាលពី​ថ្ងៃអាទិត្យ។

    កីឡាករ​វ័យ 22ឆ្នាំ​របស់​រុស្ស៊ី​រូបនេះ ត្រូវបាន​គេ​ចាត់ទុកថា ជា​កីឡាករ​ដ៏​មាន​ទេពកោសល្យ​ទើបតែ​រះ​ម្នាក់​ក្នុង​កីឡា​នេះ ហើយ​រូបគេ​បានបង្ហាញ​ពី​ភាពខ្លាំង​របស់គេ​តាមរយៈ​ការ​ផ្តួល​តារា​ឆ្នើម​សញ្ជាតិ​ស៊ែ​ប៊ី ដោយបាន​កត់ត្រា​ជ័យជម្នះ 22លើកជាប់ៗគ្នា ក្នុង​រយៈពេល 3ខែ​កន្លងមកនេះ។ Djokovic ត្រូវបាន​រំពឹងទុក​ថា នឹង​បានធ្វើ​ការអបអរ​ចំពោះ​ការវិលត្រឡប់​របស់គេ​មកកាន់​ចំណាត់ថ្នាក់​លេខ1 វិញ​នៅ​ថ្ងៃ​ចន្ទ​នេះ​តាមរយៈ​ការ​ឈ្នះ​ពាន​ក្នុង​ទីក្រុង​ប៉ារីស​ជា​លើក​ទី5 នេះ ប៉ុន្តែ​រូបគេ​បាន​រង​បរាជ័យ​ក្នុង​រយៈពេល 1ម៉ោង និង37នាទី។

    Khachanov ដែលមាន​កម្ពស់​ខ្ពស់ជាង និង​មាន​មាឌធំ​ជាង​នោះ បាន​ដណ្តើមយក​ប្រៀប​ទៅលើ​ការ​ចាញ់​អាកាសធាតុ​របស់ Djokovic ក្រោយពី​ការជួប​បញ្ហា​ជំងឺ​ផ្តាសាយ​ក្នុង​រយៈពេល 1សប្តាហ៍។ ទោះបីជា​យ៉ាងណា កីឡាករ​សញ្ជាតិ​ស៊ែ​ប៊ី​រូបនេះ ក៏​អស់កម្លាំង​ពី​ការយក​ឈ្នះ​លើ​កីឡាករ Roger Federer ទាំង​ភាពស្វិតស្វាញ​អស់​រយៈពេល 3ម៉ោង​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈដែល​រូបគេ​មិនអាច​ទប់ទល់​នឹង​កម្រិត​នៃ​ការលេង​យ៉ាង​ល្អ​របស់​កីឡាករ Khachanov បានឡើយ៕

    ប្រ​ភ​ពី៖ Channel News Asia

  • ហាង​ទំនើប LG Premium BrandShop បើកសម្ពោធ​ដំណើរការ​សាកល្បង ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា

    ហាង​ទំនើប LG Premium BrandShop បើកសម្ពោធ​ដំណើរការ​សាកល្បង ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា

    ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន ជី​ហ្គៀ (G Gear ) បាន​ប្រារព្ធ​នូវ​ពិធី​សម្ពោធ​ដាក់អោយ​ដំណើរការ​សាកល្បង​នូវ  ហាង​ទំនើប LG Premium BRANDSHOP ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា ។

    កម្មវិធី​នេះ​បានធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃទី 3 ខែ វិ​ច្ឆ​កា ឆ្នាំ 2018 នៅ​អគារ​លេខ 135 ផ្លូវ​ព្រះ​មុនី          វង្ស សង្កាត់​មនោ​ម្យ ខ័​ណ្ឌ 7 មករា  រាជធានី​ភ្នំពេញ ដែលមាន​ការចូលរួម​ពី​ភ្ញៀវកិត្តិយស និង អ្នក​សារ  ព​ត៏​មាន ជាច្រើនរូប​ទៀត​ប្រមាណ​ជាង 100 នាក់ ។

    ហាង​លក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច LG BRANDSHOP បាន​មាន​វត្តមាន​នៅក្នុង​ប្រទេស​អស់​រយៈពេល​ជាង 7 ឆ្នាំ​មកហើយ​តាំងពី​ឆ្នាំ 2011 មកម្ល៉េះ តែដោយសារ​ការមើលឃើញ​ពី​ភាព​រីកចំរើន​របស់​ប​ច្ចេក​វិទ្យា​នៅក្នុង​តំបន់ កាន់តែ​ជឿនលឿន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ទើប​ក្រុមហ៊ុន LG និង ក្រុមហ៊ុន G Gear បាន​វិត្ត​ន៏​ខ្លួន​ពី ហាង​LG BRANDSHOP ទៅជា ហាង​ទំនើប LG Premium BRANDSHOP ដ៏​ប្រណិត​ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា ។

    ដោយ​ភាពជោគជ័យ​នៃ​បច្ចេកវិទ្យា ការ​រចនា និង​ការគិតគូរ​ពី​អតិថិជន គឺ​យើង​បាន​ត្រៀម​រួចរាល់​ជាស្រេច​ដើម្បី​បង្ហាញជូន​សំរាប់​អតិថិជន នូវ​ផលិតផល LG ដែលទំនើបៗចុងក្រោយបង្អស់​យ៉ាងច្រើន​ប្រភេទ ដូចជា ឧបករណ៍ប្រើប្រាស់​ក្នុង​ផ្ទះបាយ ឧបករណ៍​បំពង​សំឡេង​ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​បោក​សំលៀកបំពាក់ ទូរទឹកកក និង​ផលិតផល​ប្រើប្រាស់​ជាច្រើន​ផ្សេងទៀត ដើម្បី​ជូន​សំរាប់​ភ្ញៀវ​អតិថិជន​ដែល​មក​ទស្សនា​ហាង​ទំនើប​យើង​នេះ។ អ្វីដែល​ធ្វើអោយ​ហាង​ប្រណិត LG Premium BrandShop កាន់តែ​លេចធ្លោ​ជាងគេ​នោះ​គឺ លទ្ធភាព​នៃ​បទពិសោធន៍​សំរាប់​អ្នកប្រើប្រាស់​ទទួលបាន​ចំនេះដឹង​បន្ថែម​អំពី​ការប្រើប្រាស់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ទទួលបាន​អារម្មណ៍​ផ្ទាល់ និង​យល់ដឹង​ពី​ការអភិវឌ្ឍន៍​បច្ចេកវិទ្យា​ចុងក្រោយ​របស់ LG

    ដើម្បី​ចូលរួម​អបអរសាទរ​សំរាប់​ការបើក​សម្ពោធ​សាកល្បង​របស់​ហាង​ទំនើប LG Premium Brandshop មុនី​វង្ស​នេះ ។ យើង​ក៏មាន​ការរៀបចំ​កម្មវិធី​លក់​បញ្ចុះតម្លៃ​រហូតដល់ 30% និង ការបង់រំ​លោះ​ការប្រាក់ 0%  ជាមួយ​ធនាគារ Aeon ផងដែរ ។

    ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ នឹង​ប្រណិត ពោរពេញ​ទៅដោយ​បច្ចេកវិទ្យាទំនើបៗរបស់ LG ទាំងអស់​នឹងមាន​លក់​នៅក្នុង​ហាង​ទំនើប​ប្រណិត LG Premium BrandShop នេះ ដែល​យើង​មាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវ​មហាវិថី​ព្រះមុន្នីវង្ស នៅ​ទិស​ខាងលិច​ជិត​ផ្សារ​ធំថ្មី។

    អាស័យដ្ឋាន LG Premium BRANDSHOP

    នៅ​អគារ​លេខ 135 ផ្លូវ​ព្រះ​មុនីរ​ង្ស  សង្កាត់​មនោ​ម្យ ខ័​ណ្ឌ 7មករា  រាជធានី​ភ្នំពេញ

    ទូរ​សព្ទ​ទំនាក់ទំនង 016 999 625 / 023 888 299

  • ក្រុមហ៊ុន HLH Development Pte Ltd ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រួមគ្នា​ជាមួយ​ក្រុមហ៊ុន Royal Group of Companies Limited

    ក្រុមហ៊ុន HLH Development Pte Ltd ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រួមគ្នា​ជាមួយ​ក្រុមហ៊ុន Royal Group of Companies Limited

    នៅ​សណ្ឋាគារ Cambodiana នា​ថ្ងៃ ព្រហស្បតិ៍ ទី 01 ខែ វិច្ឆិកា ឆ្នាំ 2018កន្លងទៅនេះ ក្រុមហ៊ុន HLH Development Pte Ltd ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ពេញលេញ​របស់​ក្រុមហ៊ុន Hong Lai Huat Group Limited បាន​ចុះ​កិច្ចព្រមព្រៀង​រួមគ្នា​ជាមួយ​ក្រុមហ៊ុន Royal Group of Companies Limited លើ​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​ទី2 របស់ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ។

    គម្រោង​អភិវឌ្ឍន៍​ចម្រុះ​ទី 2 របស់ HLH Development Pte Ltd មាន​ផ្ទៃដី​ចំនួន 8,221ម៉ែត្រការ៉េ ស្ថិត​ចំ​កណ្តាល​បេះដូង​នៃ​ខណ្ឌ ទួល គោក ដែលជា​ទីតាំង ប្រកបដោយ​សក្តានុពល​មួយ​របស់​ទីក្រុង​ភ្នំពេញ។ ខណ្ឌទួលគោក ជា​តំបន់​ដ៏​ពិសេស​សម្រាប់​អភិវឌ្ឍន៍​លំនៅដ្ឋាន និង​អគារ​ពាណិជ្ជកម្មធំៗ ជាច្រើន ហើយ​អ្វីដែល​ពិសេស​គឺ​ទីតាំង​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​ទី 2 របស់ HLH Development Pte Ltd នៅ​ជិត​នឹង​សាកលវិទ្យាល័យ​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា គឺ​សាកលវិទ្យាល័យ​ភូមិន្ទ ភ្នំពេញ។

    គួរ​បញ្ចាក់​ថា​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​ថ្មី​ទី 2 របស់ HLH Development Pte Ltd មាន​ផ្ទៃក្រឡា​ប្រហែលជា 80,000ម៉ែត្រការ៉េ ដែល​ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​ចូលទៅ​កាន់​ទីផ្សារ​ក្នុង​រយៈពេល 3ខែ​ខាងមុខនេះ ជាពិសេស​ក្រុមហ៊ុន​នឹង​រៀបចំ​ធ្វើ​សេចក្តី ប្រកាសជូន​ដំណឹង​ដល់​ម្ចាស់​ហ៊ុន​របស់ខ្លួន​ក្នុងពេលឆាប់ៗផងដែរ។

    លោក Ryan Ong នាយកប្រតិបតិ្តរបស់ក្រុមហ៊ុន Hong Lai Huat Group Limited

    នៅក្នុង​ថ្ងៃ​ចុះ​កិច្ចព្រមព្រៀង​រួមគ្នា​នេះ លោក Ryan Ong នាយក​ប្រតិ​ប​តិ្ត​របស់​ក្រុមហ៊ុន Hong Lai Huat Group Limited បាន​មានប្រសាសន៍ថា៖ “យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន Royal Group of Companies Limited ដើម្បី​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​ទី 2 របស់​យើង​នៅ​រាជធានី​ភ្នំពេញ។ បន្ទាប់ពី​បានបញ្ចប់​ភាពជោគជ័យ​លើ​គម្រោង The D’Seaview នៅ​ក្រុងព្រះសីហនុ យើង​ក៏បាន​សម្រេចចិត្ត​សហការ​ជាមួយ​ក្រុមហ៊ុន Royal Group of Companies Limited ដើម្បី​អភិវឌ្ឍន៍​អចលនទ្រព្យ ទី2 នៅ​រាជធានី​ភ្នំពេញ»។

    លោក​បាន​បន្ថែមទៀតថា យើង​សម្រេចចិត្ត​ចូលរួម​ជាមួយ​ក្រុមហ៊ុន Royal Group of Companies Limited ដោយសារតែ​ពួកគាត់​ជា​ក្រុមហ៊ុន​ក្នុងស្រុក​ដែលមាន​បទពិសោធន៍​ខ្ពស់ ហើយ​អាច ជួយ​កែសម្រួល​គម្រោង​របស់​ឱ្យស្រប​ទៅនឹង​តម្រូវការ​របស់​ប្រជាជន​កម្ពុជា។

    លោក Hanna Mark ប្រធាន​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Royal Group of Companies Limitedបាន​លើកឡើងថា៖ “គម្រោង​ទី2 របស់ HLH Development Pte Ltd ដែល​នឹង​ត្រូវបាន​សាងសង់ឡើង​នៅលើ​ផ្ទៃដី 80.000 ម៉ែត្រការ៉េ​នេះ​ផ្តោត​សំខាន់​លើ​ការផ្តល់ជូន​តាម​តម្រូវការ​ជាក់ស្តែង​រប​ស់ ប្រជាជន​រស់នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​តម្លៃ​សមរម្យ និង​ស្របតាម​ស្តង់ដារ​គុណភាព​អន្តរជាតិ។

    លោក​បាន​បន្ថែមទៀតថា៖ “គម្រោង​នេះ​នឹង​ចាប់ផ្តើម​បុកគ្រឹះ​នៅក្នុង​រយៈពេល​បី​ខែ​ខាងមុខ​បន្ទាប់ពី​ការចុះហត្ថលេខា​លើ​ភាពជា​ដៃគូ​នេះ។ លោក​បន្តថា​យើង​គ្រាន់តែ​ត្រូវ​សម្រេចចិត្ត និង​សិក្សា​ទៅលើ​ការចំណាយ​ថា តើ​ត្រូវ​ចំណាយ​ប្រាក់​ប៉ុន្មាន​ទៅលើ​គម្រោង​មួយ​នេះ ហើយ​អ្វីដែល​ពិសេស​យើង​ត្រូវ​ពិនិត្យ​ទៅលើ​ផែនការ​ជាក់ស្តែង​អោយបាន​ច្បា​ល់លា​ស់។ អគារ​នឹង​សាងសង់ឡើង​មាន​កំពស់​ចំនួន 12ជាន់ ដោយសារ​គម្រោង​នៅ​ជិត ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ។ យើង​មានការ​រំភើប​ក្នុងការ​ចាប់​ដៃគូ​ជាមួយ HLH Development Pte Ltd ពីព្រោះ​ក្រុមហ៊ុន​នេះ​មាន​បទពិសោធ​ច្រើនជាង30ឆ្នាំ ក្នុងការ​បង្កើត​អចលនទ្រព្យ​នៅ​ប្រទេស​សិង្ហ​បុរី។ យើង​ចង់ឱ្យ​គម្រោង​នេះ​ទទួលបាន​អត្ថ ប្រយោជន៍​ពី​គុណភាព និង​ស្តង់ដារ​ពី​ប្រទេស​សិង្ហ​បុរី។

    Hong Lai Huat Group Limited គឺជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដែលមាន​ការរីកចម្រើន យ៉ាង​ឆាប់រហ័ស និង​ភាព​ចម្រុះ​ដែល​ផ្តោតលើ​ការអភិវឌ្ឍន៍​អចលនទ្រព្យ និង​ការអភិវឌ្ឍ​លើ វិស័យ​កសិកម្ម​នៅក្នុង​ប្រទេស​កម្ពុជា និង​សិង្ហ​បុរី។ ជាមួយនឹង​កំណត់ត្រា​ជោគជ័យ​ជាង 30 របស់​ឆ្នាំ​ក្រុមហ៊ុន​នេះ​បានបញ្ចប់​គម្រោង​លំនៅដ្ឋាន​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ជាច្រើន នៅក្នុង​ប្រទេស​សិង្ហ​បុរី​ដែលមាន​ដូចជា​គម្រោង D’Ecosia, D’Fresco, D’Castilia, D’Almira, D’Lithium, D’KranjiFarm Resort and D’Centennial ជាពិសេស​គម្រោង​អភិវឌ្ឍន៍ The D’Seaview នៅ​ខេត្ត​ព្រះសីហនុ គឺជា​ការអភិវឌ្ឍ​អចលនទ្រព្យ​ដំបូងបង្អស់​របស់​ក្រុមហ៊ុននៅក្នុង​ប្រទេស​កម្ពុជា៕