Author: វល័ក្ខ

  • Wolves ប្រកាសពីការនាំយក Neves ខណៈ Huddersfield បំពញការផ្ទេរ Mounie

    Wolves ប្រកាសពីការនាំយក Neves ខណៈ Huddersfield បំពញការផ្ទេរ Mounie

    ក្លិប Wolves នឹងត្រូវបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើអន្តរជាតិព័រទុយហ្គាល់ Ruben Neves ពីក្លិប Porto ក្នុងតម្លៃខ្លួនជាកំណត់ត្រារបស់ក្លិបគឺ15.8លានផោន (ស្មើនឹង20.5លានដុល្លារអាមេរិក)។ នេះបើយោងទៅតាមការប្រកាសរបស់លោក Nuno ដែលជាអ្នកចាត់ការទូទៅ។

    Neves ដែលបានក្លាយជាប្រធានក្រុមដ៏វ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Champions League នៅពេលដែលរូបគេស្ថិតក្នុងក្លិបរបស់គេក្នុងវ័យ18ឆ្នាំកាលពីខែតុលា ឆ្នាំ2015 ពេលដែលរូបគេបានលេងឲ្យលោក Nuno ក្នុងពេលគ្រូបង្វឹករូបនេះដឹកនាំនៅ Porto កាលពីរដូវកាលមុន។ Neves ត្រូវបានគេជឿជាក់ថា បានយល់ព្រមទៅលើលក្ខខណ្ឌផ្ទាល់ខ្លួនរួចជាស្រេចហើយ។ ស្ថិតក្នុងវ័យ20ឆ្នាំ Neves បានបង្ហាញខ្លួនជាអន្តរជាតិ20លើក និងជាសមាជិកនៃក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ដែលបានធ្លាក់ចេញត្រឹមវគ្គចែកពូលនៃយុទ្ធនាការ European Under-21 Championship ក្នុងប្រទេសប៉ូឡូញកាលខែមុន។

    ក្លិប Wolves ក៏នឹងត្រូវចុះហត្ថលេខាមួយទៀតជាមួយនឹងខ្សែការពារកណ្តាលអន្តរជាតិបារាំង Willy Boly របស់ Porto ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលផងដែរ ជាមួយនឹងជម្រើសក្នុងការទិញយកដាច់ ក្រោយពីពួកគេបានទិញកីឡាករថ្មី4នាក់ដែលរួមមាន Roderick Miranda, Barry Douglas, Ryan Bennett និង Phil Ofosu-Ayeh រួចមក និងក្រោយពីលោក Nuno ត្រូវបានតែងតាំងជាគ្រូបង្វឹកកាលពីចុងខែឧសភា។

    ស្របពេលជាមួយគ្នានេះដែរ ក្លិប Huddersfield Town បានចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិបេនីន Steve Mounie ពីក្លិប Montpellier។ តម្លៃខ្លួននៃការផ្ទេរនេះមិនត្រូវបានប្រកាសឲ្យដឹងឡើយ ប៉ុន្តែវាត្រូវបានគេប៉ាន់ប្រមាណថា ការផ្ទេរនេះមានតម្លៃខ្លួនប្រហែលជា11.5លានផោន៕
    ប្រភពពី៖ The Guardian

  • Sony ប្រកាសពីការមកដល់របស់ទូរស័ព្ទ Xperia XZ Premium ពណ៌ Bronze Pink

    Sony ប្រកាសពីការមកដល់របស់ទូរស័ព្ទ Xperia XZ Premium ពណ៌ Bronze Pink

    ថ្មីៗនេះ ក្រុមហ៊ុន Sony ប្រចាំកម្ពុជាបានប្រកាសពីការមកដល់នូវទូរស័ព្ទ Xperia XZ Premium ពណ៌ថ្មីមួយ (Bronze Pink) ដែលជាជម្រើសថ្មីមួយទៀតសម្រាប់អ្នកប្រើប្រាស់ក្នុងទីផ្សារប្រទេសកម្ពុជា បន្ទាប់ពីបានបើកសម្ពោធកាលពីខែឧសភា។

    តាមរយៈ Page Facebook របស់ក្រុមហ៊ុន Xperia – Sony Smartphone by 8GPlus ដែលជាក្រុមហ៊ុនទទួលសិទ្ធិផ្ដាច់មុខក្នុងការនាំចូលផលិតផលស្មាតហ្វូន Sony ក្នុងទីផ្សារកម្ពុជាបានឱ្យដឹងថា ទូរស័ព្ទ Xperia XZ Premium ពណ៌ផ្កាឈូក (Bronze Pink) នឹងត្រៀមបង្ហាញវត្តមានក្នុងពេលឆាប់ៗនេះហើយ។

    សម្រាប់អតិថិជនដែលកំពុងរង់ចាំ អាចរកជាវបាននៅចុងសប្ដាហ៍នេះ ចន្លោះពីថ្ងៃទី8 និងទី9 ខែកក្កដា ឆ្នាំ2017 នេះ។ ប្រភពបានបញ្ជាក់ទៀតថា ពណ៌ថ្មីនេះត្រូវបានបង្កើតឡើងដើម្បីជាការទាក់ទាញអារម្មណ៍ក៏ដូចជាប្រកួតប្រជែងជាមួយនឹងបណ្តាក្រុមហ៊ុនដៃគូមួយចំនួនទៀត ដែលបានបញ្ចេញនូវពណ៌ថ្មីៗនាពេលកន្លងមក ដែលពណ៌នេះ គឺពិតជាល្អដាច់គេ ជាពិសេសសម្រាប់សុភាពនារី។

    ទូរស័ព្ទ Xperia XZ Premium បានបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 835 និងមានRAMទំហំ 4GB ហើយនឹងមាន Memory ក្នុងម៉ាស៊ីនទំហំ 64 GB អាចបន្ថែម microSD ទំហំរហូតដល់ទៅ 256GB។ ចំណុចពិសេសមួយទៀតនោះគឺ វាបានបំពាក់នូវកាមេរ៉ាខាងក្រោយទំហំ 19 MP និងកាមេរ៉ាមុខទំហំ 13 MP ដែលមានអមមកជាមួយនូវមុខងារ Slow Motion Video ដែលអាចថតនៅក្នុងល្បឿន 960fps យ៉ាងល្អអស្ចារ្យបំផុត។ ដោយមុខងារ Slow-Motion នេះ គឺជាមុខងារថ្មីមួយរបស់ក្រុមហ៊ុន Sony ដែលមានសមត្ថភាព អាចថតវីដេអូ ជាលក្ខណៈ Slow Motion យឹតៗ ជាងស្មាតហ្វូនរបស់ក្រុមហ៊ុនផ្សេងទៀតដល់ទៅ 4 ដង៕

  • ការសិក្សាស្រាវជ្រាវ៖ ប្រជាជននៅទីក្រុងភ្នំពេញ កើនដល់ 4លាននាក់នៅឆ្នាំ2030

    ការសិក្សាស្រាវជ្រាវ៖ ប្រជាជននៅទីក្រុងភ្នំពេញ កើនដល់ 4លាននាក់នៅឆ្នាំ2030

    ភ្នំពេញៈ ការសិក្សាស្រាវជ្រាវថ្មីមួយបានរកឃើញថា ចំនួនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញនឹងកើនដល់ 4លាននាក់ នៅឆ្នាំ2030 ខាងមុខដែលនឹងធ្វើឲ្យបែបបទនៃការរស់នៅរបស់ប្រជាជនមានការផ្លាស់ប្តូរ។

    កំណើនប្រជាសាស្រ្តក្នុងទីក្រុង ការកើនឡើងនូវការកកស្ទះចរាចរណ៍ និងកំណើននៃការប្រើប្រាស់បច្ចេកវិទ្យានឹងធ្វើឲ្យយុវជនសម័យថ្មីចូលមករស់នៅតាមអគារខុនដូកណ្តាលទីក្រុងជំនូសឲ្យការចេញទៅរស់នៅជាយរាជធានីភ្នំពេញ។

    យោងតាមការសិក្សារបស់ក្រុមហ៊ុន Urban Living Solution បានរកឃើញថា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញនឹងកើនឡើងដល់ 4លាននាក់ឬច្រើនជាងនេះនៅឆ្នាំ2030 ហើយនិន្នាការរស់នៅតាមខុនដូនឹងកើនឡើងពីសំណាក់ក្រុមយុវជនដែលបច្ចុប្បន្ននៅមានវ័យក្មេង និងដល់វ័យសកម្មក្នុងការងារនៅឆ្នាំនោះពួកគេនឹងជ្រើសរើសរស់នៅតាមខុនដូ ដោយសារការកើនឡើងនូវក្រុមអ្នកមានជីវភាពមធ្យម និងការប្រើប្រាស់សេវាកម្មសម្រាប់រស់នៅប្រចាំថ្ងៃកាន់តែមានការរីកចម្រើន។

    លោក វ៉ា វីរៈ អគ្គនាយកក្រុមហ៊ុន Century21 Fortuna Investment ដែលទើបទទួលបានវិញ្ញាបនបត្រទទួលស្គាល់ក្នុងនាមជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យលំដាប់អន្តរជាតិពី National Association Realtor បានថ្លែងថា លោកយល់ស្របនឹងការសិក្សាខាងលើនេះ ព្រោះនៅឆ្នាំ2030 ចំនួនប្រជាជនរស់នៅក្នុងទីក្រុងនឹងកើនដល់ 4លាននាក់ ពួកគេនឹងប្រឈមបញ្ហាជាច្រើនដូចជា ការកកស្ទះចរាចរណ៍ ការបំពុលបរិស្ថាន ហើយបច្ចេកវិទ្យា ហើយនឹងចូលរួមដោះស្រាយបញ្ហាទាំងនោះ”។

    លោកបន្តថា និន្នាការប្រជាពលរដ្ឋនឹងចូលមករស់នៅជាយក្រុង និងក្នុងទីក្រុងកាន់តែច្រើន ហេតុនេះ100ភាគរយ ប្រជាពលរដ្ឋវ័យក្មេងនឹងជ្រើសរើសរស់នៅតាមខុនដូដូចនៅក្នុងប្រទេសថៃ វៀតណាម សាំងហ្កាពួ ហុងកុងជាដើម។ វាជាជម្រើសមួយដែលផ្តល់អត្ថប្រយោជន៍ច្រើន ចំណេញច្រើន ពិសេសលើពេលវេលា។

    លោកបន្តថា “ក្រុមយុវជនវ័យក្មេងដែលធ្លាប់សិក្សានៅបរទេស ពួកគេនឹងជ្រើសរើសរស់នៅតាមខុនដូ ព្រោះវាមានទីតាំងនៅជិតហាងកាហ្វេ ផ្សារទំនើប កន្លែងហាត់ប្រាណ និងកន្លែងធ្វើការរបស់ពួកគេ”។ លោកបន្តថា “ការធ្វើដំណើរនឹងកាន់តែលំបាក ពេលវេលាជាមាសប្រាក់ ខុនដូនឹងជាជម្រើសរបស់ពួកគេដែលជាកន្លែងមានផាសុកភាព មានសន្តិសុខ24ម៉ោង មានសេវាកម្មសម្អាតអនាម័យជាដើម”។

    តាមការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់អំពីក្របខ័ណ្ឌយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុងនៅកម្ពុជាបានរកឃើញថា ចំនួនប្រជាជនរស់នៅរាជធានី ក្រុង និងទីប្រជុំជននៅឆ្នាំ2014 មានចំនួន 4.5លាននាក់ ស្មើនឹង 27.1ភាគរយ និងបន្តកើនឡើងដល់ 7.92លាននាក់នៅឆ្នាំ2030 ស្មើនឹង 44 ភាគរយនៃចំនួនប្រជាជនកម្ពុជាសរុប។

    លោក ងួន ឆាយលាង អគ្គនាយកក្រុមហ៊ុន Ratanaka Realty និងជាតំណាងផ្នែកលក់ផ្តាច់មុខនៃគម្រោងUrban Loft បានថ្លែងឲ្យដឹងថា ជាមួយនឹងកំណើនសេដ្ឋកិច្ចដែលនឹងបន្តរីកចម្រើនរយៈពេលវែង   ចរន្តរីកចម្រើននៃបច្ចេកវិទ្យា ដូចជាការផ្ញើលុយតាមទូរស័ព្ទដៃ ការហៅឬកុម្ម៉ង់ទំនិញ ទិញអាហារជាមួយម៉ូតូឌុប រ៉ឺម៉កកង់បី និងតាក់ស៊ី តាមរយៈទូរស័ព្ទដៃនឹងបន្តរីកចម្រើន មានការប្រើប្រាស់កាន់តែច្រើន និងការកកស្ទះចរាចរណ៍កាន់តែខ្លាំង រំខានដល់ការធ្វើដំណើរ សេវាសាធារណៈកាន់តែរីកចម្រើន និងកង្វះចំណតយានយន្ត លោកជឿថា នឹងមានការវិនិយោគលើចំណតយានយន្តសម្រាប់ជួលកាន់តែច្រើននាពេលអនាគត។

    លោកបន្តទៀតថា “ដោយសារនិន្នាការខាងលើនេះ ខ្ញុំគិតថាយុវជនសម័យថ្មីនឹងជ្រើសរើសរស់នៅតាមខុនដូដែលមានទីតាំងនៅជិតកន្លែងធ្វើការងាររបស់ពួកគេ”។ លោកបន្ថែមថា “យុវជនវ័យក្មេងនឹងក្លាយជាអ្នកសកម្មក្នុងការងារនៅឆ្នាំ2030 ពួកគេជាក្រុមមនុស្សស៊ីវិល័យ និងជាអ្នកប្រើប្រាស់បច្ចេកវិទ្យា។ ពួកគេនឹងសម្រេចចិត្តរស់នៅក្នុងទីក្រុង ហើយអ្នកអភិវឌ្ឍន៍ខុនដូដែលផ្តោតលើក្រុមមនុស្សវ័យនេះនឹងទទួលបានផលប្រយោជន៍”។

    នាពេលអនាគតរដ្ឋាភិបាលនឹងរៀបចំបែងចែកតំបន់ឧស្សាហកម្មនិងតំបន់លំនៅដ្ឋាននៅដាច់ពីគ្នា ជាក់ស្តែងបច្ចុប្បន្នការលក់គ្រឿងចក្រធុនធ្ងន់ ការលក់គ្រឿងម៉ាស៊ីនធំៗ និងរោងចក្រមួយចំនួនចាប់ផ្តើមផ្លាស់ប្តូរទៅកាន់តំបន់ជាយក្រុង។
    លោក ងួន ឆាយលាង បានបន្តថា តាមបរិបទទីក្រុងរីកចម្រើននានាដូចជាទីក្រុងហុងកុង ទីក្រុងញូវយ៉ក ទីក្រុងបាងកក ប្រទេសសិង្ហបុរីជាដើម ពួកគេកំពុងរស់នៅតាមខុនដូនៅកណ្តាលក្រុងជាជាងទៅរស់នៅជាយក្រុង ហើយពេលអនាគតក្រុមយុវជនស៊ីវិល័យពួកគេនឹងសម្រេចចិត្តរស់នៅក្នុងទីក្រុងជាជាងចេញទៅរស់នៅតំបន់ជាយក្រុង។តាមការសិក្សាបានរកឃើញថា នៅកម្ពុជាក្រុមយុវជនអាយុចាប់ពី30ឆ្នាំចុះក្រោមនឹងមាន60ភាគរយនៃប្រជាពលរដ្ឋសរុប។

    ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិលោកបណ្ឌិត ម៉ី កល្យាណ បានថ្លែងថា ប្រទេសកាលណាមានការអភិវឌ្ឍ ទីក្រុងកាន់តែរីកធំមានមនុស្សរស់នៅច្រើនជារឿងធម្មតា ហើយនៅពេលទីក្រុងកាន់តែធំ តម្រូវការហេដ្ឋារចនាសម្ព័ន្ធកាន់តែមានភាពចាំបាច់។ ហេតុនេះប្រសិនជារដ្ឋាភិបាលគិតទុកជាមុនជាការល្អប្រសើរដើម្បីបន្ធូរបន្ថយបញ្ហា ទោះជាដោះស្រាយមិនបានទាំងស្រុងក្តី។ លោកបន្តថា ការដោះស្រាយបញ្ហាច្បាប់ដើម្បីសម្រួលចរាចរណ៍ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈជាអ្វីដែលរដ្ឋាភិបាលត្រូវវិនិយោគច្រើនជាងមុន។លោកបន្តថា “ពេលទីក្រុងកាន់តែរីកចម្រើន គុណភាពជីវិតនឹងកាន់តែលំបាកទៅៗ ហេតុនេះការមានបច្ចេកវិទ្យាស្មាតហ្វូន និងបច្ចេកវិទ្យាផ្សេងៗអាចជួយបាន តែមិនជួយបានច្រើនទេ”។ លោកបន្តថា “ខ្ញុំមិនជឿថាប្រព័ន្ធបច្ចេកវិទ្យាអាចជួយបាន100ភាគរយនោះទេ ហើយវាជារឿងអនាគត ពិបាកប្រមើលមើលណាស់”៕

  • Man Utd យល់ព្រមលើតម្លៃខ្លួនរបស់ Lukaku ដែលមកពី Everton

    Man Utd យល់ព្រមលើតម្លៃខ្លួនរបស់ Lukaku ដែលមកពី Everton

    ក្លិបបិសាចក្រហម Manchester United បានយល់ព្រមលើតម្លៃខ្លួន 75លានផោន (ស្មើនឹង 97លានដុល្លារអាមេរិក) ជាមួយនឹងក្លិបទូកក្តោង Everton ដើម្បីទិញយកខ្សែប្រយុទ្ធ Romelu Lukaku។ Man United ជឿជាក់ថា នឹងបំពេញការផ្ទេរនេះឲ្យបានរួចរាល់នៅមុនចុងសប្តាហ៍នេះ ដើម្បីអាចឲ្យ Lukaku ធ្វើដំណើរជាមួយពួកគេទៅកាន់ទឹកដីសហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យ។

    បើទោះបីប្រភពពីក្លិប Everton បានបញ្ជាក់ថា វានៅសល់ចំណុចជាច្រើនទៀតដើម្បីធ្វើឲ្យការផ្ទេរនេះបំពេញរួចជាផ្លូវការក៏ដោយ ប៉ុន្តែ Man United ជឿជាក់ថា ពួកគេនឹងបំពេញរួចរាល់នូវការទិញចូលកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតលំដាប់ទី2ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេបន្ទាប់ពីខ្សែបម្រើដ៏មានឥទ្ធិពល Paul Pogba។ ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិក Lukaku នឹងក្លាយជាកីឡាករចំណូលថ្មីទី2នៅរដូវក្តៅនេះ ក្រោយពីការចូលរួមរបស់ខ្សែការពារអន្តរជាតិស៊ុយអែត Victor Lindelof ពីក្លិប Benfica ក្នុងតម្លៃខ្លួន31លានផោន។

    លោក Jose Mourinho ដែលជាអ្នកចាត់ការទូទៅរបស់ Man United បានសម្តែងនូវការខកចិត្តចំពោះការខ្វះនូវដំណើរការនៃការទិញចូលកីឡាករថ្មីៗ ខណៈដែលគ្រូបង្វឹករូបនេះ បានបញ្ជាក់កាលពីដើមរដូវក្តៅនេះថា លោកចង់បានកីឡាករថ្មីៗឲ្យបានច្រើននាក់ នៅមុនពេលពួកគេធ្វើដំណើរទៅប្រកួតមិត្តភាពមុនបើករដូវកាល។ ប្រសិនបើបំពេញជាផ្លូវការរួចរាល់ ការផ្ទេរនេះនឹងផ្តល់ការខកចិត្តដ៏ធំមួយដល់ក្លិបតោខៀវ Chelsea ក្រោយពីអ្នកចាត់ការទូទៅរបស់ពួកគេគឺលោក Antonio Conte បានចាត់ទុក Lukaku ជាគោលដៅដ៏ចម្បងរបស់លោកក្នុងការពង្រឹងតំបន់ប្រយុទ្ធ៕
    ប្រភពព័ត៌មាន៖ The Guardian

  • ផ្ទុះទៀតហើយ!! អ្នកលេងបណ្ដាញសង្គមរិះគន់ Miss Grand Thailand ថា ចម្លងម៉ូដតាមតុក្កតាហ្គេម

    ផ្ទុះទៀតហើយ!! អ្នកលេងបណ្ដាញសង្គមរិះគន់ Miss Grand Thailand ថា ចម្លងម៉ូដតាមតុក្កតាហ្គេម

    ទន្ទឹមនឹងមានការកោតសរសើរចំពោះកម្មវិធីប្រកួតជ្រើសរើសបវរកញ្ញាថៃ Miss Grand Thailand 2017 កាលពីរាត្រីថ្ងៃម្សិលមិញនេះ ក្នុងនោះមានអ្នកលេងបណ្ដាញសង្គមមួយចំនួនបានបង្ហោះរូបរិះគន់ចំពោះការចម្លងស្តាយល៍ម៉ូដខ្លះៗពីហ្គេមតុក្កតាល្បីដែលមានឈ្មោះថា ROV ហើយយកឈុតនោះមកកាត់តទន្ទឹមគ្នា រួចបង្ហោះលើគណនី Facebook Page ឈ្មោះ Magnificent។

    កាន់តែខិតកៀកថ្ងៃផ្ដាច់ព្រ័ត្រហើយ តែបែរជាផ្ទុះឡើងនូវរឿងបែបនេះទៅវិញ និងក៏នៅមិនទាន់មានការបកស្រាយណាមួយពីគណៈកម្មរៀបចំកម្មវិធីខាងលើនេះដែរ។

    គួរបញ្ជាក់ផងដែរថា បវរកញ្ញា “Miss Grand Thailand 2017” មានបេក្ខនារីមកពី77ខេត្តទាំងអស់ បានមកបង្ហាញម៉ូដឈុតតំណាងខេត្តនីមួយរបស់គេ។

  • ទិចនិកក្នុងការគេងដ៏ស្កប់ស្កល់សម្រាប់ស្ត្រីមានគត៌ពេលពោះកាន់តែធំ​

    ទិចនិកក្នុងការគេងដ៏ស្កប់ស្កល់សម្រាប់ស្ត្រីមានគត៌ពេលពោះកាន់តែធំ​

    ក្នុងនាម​អ្នកជា​ស្ត្រី​ម្នាក់​ដែល​កំពុងតែ​ពពោះ​ទារក​ដ៏​តូច​មួយ​នៅក្នុង​ផ្ទៃ និង​ក្នុងនាម​ជា​អ្នក​ម្តាយ​ម្នាក់ តើ​អ្នក​បានដឹង​រឿង​គ្រប់យ៉ាង​ដែល​គួរ​ដឹង​ក្នុងអំឡុងពេល​កំពុង​ពពោះ​នេះហើយ​ឬ​នៅ? ប្រសិនបើ​អ្នក​បានដឹង​គ្រប់យ៉ាង​ហើយ​នោះ​អ្នក​គួរតែ​អនុវត្ត​វា​ឱ្យ​បានល្អ ដើម្បី​ជា​ប្រយោជន៍​ទាំង​អ្នក​ម្តាយ និង​កូន​ក្នុង​ផ្ទៃ ប៉ុន្តែ​បើ​អ្នក​នៅ​មិនទាន់បាន​ជ្រាប​ច្បាស់​ទេនោះ អ្នក​គួរតែ​ចំណាយពេល​មួយ​ភ្លែត​ដើម្បី​ធ្វើការ​ស្វែងយល់​បន្ថែម​អំ​ពី​គន្លឹះល្អៗដែល​ស្ត្រី​មាន​គ​ត៌​ទូទៅ​គួរតែ​ដឹង។

    ការ​គេង

    ជាការ​ពិតណាស់ មាន​ស្ត្រី​មាន​ផ្ទៃពោះ​ឯណា​ដែល​អនុញ្ញាតឱ្យ​គេង​តាមចិត្ត​នឹកឃើញ​នោះ។ អ្នកជំនាញ​បាន​ប្រាប់​ឱ្យ​ស្ត្រី​មា​នគ​ត៌​គ្រប់គ្នា​ដឹងថា​ការ​គេង​ផ្អៀង​គឺជា​កាយវិការ​គេង​ដ៏​ល្អ​មួយ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ចំណែកឯ​ស្ត្រី​មួយចំនួន​ដែល​តែងតែ​ទម្លាប់​គេង​ផ្ងារ មិន​ប្រែ​ទៅណា​សោះ​នោះ​គួរតែ​ហាត់​ប្តូរ​ទម្លាប់​នេះ​ជាបណ្តើរៗឱ្យ​ហើយ​ទៅ។ ការស្រាវជ្រាវបាន​រៀបរាប់ថា​ការ​គេង​ផ្ងារ ត្រង់ភ្លឹង ខ្នង​ទាំងមូល​ត្រូវ​គេង​លើ​គ្រែ​ពូក​ទាំងស្រុង មិនបាន​ផ្តល់​ភាពងាយស្រួល​ដល់​អ្នក និង​ទារក​នោះទេ​តែ​វា​ថែមទាំង​អាច​បង្កឱ្យមាន​បញ្ហាផ្សេងៗដូចជា ឈឺ​ចុក​រួយ​ឆ្អឹងខ្នង ហើម​ដៃជើង ស្រមុក​វិលមុខ(ពិសេស​ពេល​ក្រោកឈរ​ឬ​ដើរ) ហើយក៏​អាចធ្វើឱ្យ​ឈាម​ដើរ​មិន​សព្វ​រាងកាយ​ផងដែរ។ មិនចាំបាច់​មានការ​បា​រ​ម្ភ​ឬ​ភ្ញាក់ផ្អើល​នោះទេ ប្រសិនបើ​អ្នក​ក្រោក​ឡើង​ហើយ​ឃើញថា​ខ្លួនឯង​កំពុងតែ​គេង​ផ្ងារ​នោះ គ្រាន់តែប្តូរ​មកជា​ការ​គេង​ផ្អៀង​ទៅខាង​ណាមួយ​ដែល​អ្នក​គិតថា​មាន​ភាពងាយស្រួល​ទៅបាន​ហើយ។

    នៅពេល​ពោះ​របស់​អ្នក​កាន់​តែមាន​ទំហំ​ធំ​ឡើង ការ​គេង​កាន់តែ​មានការ​ពិបាក​ជាង​មុន ដូច្នេះ​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អ្នក​សូម​សាកល្បង​អនុវត្តតាម​វិធី​ខាងក្រោម​នេះ៖

    គេង​ផ្អៀង

    ដើម្បីឱ្យ​ការ​គេង​ផ្អៀង​នេះ​កាន់​តែមាន​ភាពងាយស្រួល​ហើយក៏​មិន​បារម្ភ​ថា​នឹង​អាច​កើតមាន​នូវ​បញ្ហាផ្សេងៗនោះ​អ្នកជំនាញ​បាន​រៀបរាប់ថា អ្នក​គួរតែមាន​ជំនួយ​ពី​សម្ភារ​មួយចំនួន​ដូចជា កន្សែងពោះគោ2 ខ្នើយកើយ4 ឬ5 និង​ភួយ1។

    ជំហាន​ទី1: បត់​កន្សែងពោះគោ​រួច​ដាក់​កល់​ពីក្រោម​ពោះ​

    ជំហាន​ទី2: ដាក់​ខ្នើយ1 នៅ​ចន្លោះ​ជើង​ទាំង2របស់​អ្នក (ប្រសិនបើ​ខ្នើយ​តែមួយ នៅ​មិនទាន់​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ថា​មាន​ភាពងាយស្រួល​ទេនោះ អ្នក​អាចដាក់​បន្ថែម​ខ្នើយ​មួយទៀត​បាន តែ​ត្រូវដាក់​ក្នុង​ស្រោម​តែមួយ)

    ជំហាន​ទី3: ដាក់​ខ្នើយ​មួយទៀត​កល់​ពី​ខាងក្រោយ​ខ្នង

    ជំហាន​ទី4: យក​ខ្នើយ​មួយទៀត​មក​ឱប

    ជំហាន​ទី5: មូរ​កន្សែងពោះគោ​មួយទៀត​ដាក់​ពីលើ​ខ្នើយកើយ​របស់​អ្នក។

    គេង​ផ្ងារ

    ខាងលើនេះ​គឺជា​វិធី​គេង​ទីមួយ​ដែល​អ្នក​អាច​យកទៅ​ធ្វើតាម​ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់ដឹង​ឡា​រ៉ែ​ន​សូម​ណែនាំ​វិធី​មួយ​ផ្សេងទៀត​គឺ ការ​គេង​ផ្ងារ ប៉ុន្តែ​ការ​គេង​ផ្ងារ​បែបនេះ​មាន​ភាពខុសគ្នា​ពី​ការ​គេង​ផ្ងារ​ទូទៅ​ដែល​អ្នក​ធ្លាប់​គេង។ ការ​គេង​ផ្ងារ​នាពេលនេះ​តម្រូវឱ្យ​អ្នកមាន​ខ្នើយ​ជា​ជំនួយ​ចំនួន7 ហើយ​ត្រូវ​រៀបចំ​តាម​ក្បួន​ដូចតទៅ៖

    ទី1 : យក​ខ្នើយ​មួយ​ដាក់​លើ​ខ្នើយកើយ​ដែល​អ្នកមាន​ស្រាប់ ចំណែក​ខ្នើយ​មួយទៀត​ដាក់​កល់​ពី​ចន្លោះ​ក​ទៅ​ខ្នង។

    ទី2 : យក​ខ្នើយ2 ដាក់​កល់​ជង្គង់(ត្រូវ​កល់​ទទឹង​ដើម្បីឱ្យ​កែងជើង​បាន​ប៉ះ​ទៅនឹង​ពូក)

    ទី3 : យក​ខ្នើយ2មក​ដាក់​ក្រោម​ដៃ​ម្ខាង​មួយ។

    បញ្ជាក់ : សូម​ប្រើ​ខ្នើយ​ដែល​ទន់ និង​មាន​ទំហំ​សមល្មម។ពេលនេះ​អ្នក​ម្តាយ​មានគភ៌​ជិត​គ្រប់​ខែ​ទាំងអស់​អាច​គេង​សម្រាក​បាន​យ៉ាង​ងាយស្រួល​ហើយ។ រាត្រីសួស្តី!

  • ADB ជួយកម្ពុជាលើគម្រោងអភិវឌ្ឍន៍សមត្ថភាព និងបណ្តុះបណ្តាលវិជ្ជាជីវៈយុវជន

    ADB ជួយកម្ពុជាលើគម្រោងអភិវឌ្ឍន៍សមត្ថភាព និងបណ្តុះបណ្តាលវិជ្ជាជីវៈយុវជន

    គម្រោងចំនួន2 គឺ គម្រោងអភិវឌ្ឍន៍សមត្ថភាព និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈឱ្យយុវជនមានជំនាញស្វែងរកការងារត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រកាសផ្តល់ជំនួយ។

    នាយកនៃនាយកដ្ឋានអាស៊ី-អាគ្នេយ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ី លោក Kelly Bird បាននិយាយថា ធនាគារអភិវឌ្ឍន៍អាស៊ីបានជួយដល់កម្មវិធីលើគម្រោងចំនួន 2 គឺគម្រោងទី 1 ជាគម្រោងកាត់បន្ថយគម្លាតពីការរៀនចប់ទៅដល់ការរកការងារធ្វើនៅក្នុងទីផ្សារ តាមរយៈការគាំទ្របណ្តុះបណ្តាល ដោយអនុវត្តផ្ទាល់ដើម្បីឱ្យយុវជនមានការងារជាក់ស្តែង និងបទពិសោធការងារ និងគម្រោងទី2 គឺគម្រោង Training Grant Program ដែលបង្កើតលទ្ធភាពដល់និយោជកក្នុងការស្នើរៀបចំសុំថវិកាបដិភាគដើម្បីបណ្តុះបណ្តាលបុគ្គលិករបស់ខ្លួន។

    ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានលើកឡើងថា គម្រោងទាំង2នេះជាកម្មវិធីដែលមានសក្ដានុពលខ្ពស់ក្នុងទីផ្សារការងារកម្ពុជា ដែលកំពុងតែខ្វះខាតពលកម្មជំនាញស្រាប់។ ក្នុងនោះក្រសួងពាណិជ្ជកម្មបានគាំទ្រគម្រោងមួយរួចមកហើយ គឺការបង្កើតសាលាវិជ្ជាជីវៈធ្វើម្ហូប ហៅថា Academy of Culinary Art of Cambodia ក្រោមក្របខ័ណ្ឌភាពជាដៃគូវិស័យសាធារណៈ និងវិស័យឯកជន ដែលជាការរួមចំណែកមួយក្នុងការបណ្ដុះបណ្ដាលជំនាញ៕

  • ធនាគារជាតិ បើកសិក្ខាសាលាស្តីពីកម្មវិធីរក្សាសុវត្ថិភាពសម្រាប់អតិថិជន

    ធនាគារជាតិ បើកសិក្ខាសាលាស្តីពីកម្មវិធីរក្សាសុវត្ថិភាពសម្រាប់អតិថិជន

    ភ្នំពេញ៖ ដើម្បីផ្តល់សុវត្ថិភាពដល់អតិថិជនក្នុងគ្រឹះស្ថានធនាគារក៏ដួចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែរនោះ ធនាគារជាតិនៃកម្ពុជា (NBC) បានសហការជាមួយក្រុមហ៊ុន SWIFT បើកសិក្ខាសាលាស្តីពី “កម្មវិធីរក្សាសុវត្ថិភាពសម្រាប់អតិថិជន” (Customer Security Program)។

    លោកជំទាវ ជា សេរី អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជាដែលបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលានេះបានមានប្រសាសន៍ថា សិក្ខាសាលានេះមានគោលបំណងចែករំលែកអំពីក្របខ័ណ្ឌរក្សាសុវត្ថិភាព ការពិនិត្យលើប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងផ្នែកផ្សេងទៀតពាក់ព័ន្ធនឹងការរក្សាសុវត្ថិភាពសម្រាប់អតិថិជន។

    លោកជំទាវបានបញ្ជាក់ថា ការផ្តោតការយកចិត្តទុកដាក់លើ Cybersecurity ពិតជាមានសារៈសំខាន់ណាស់ ដោយកម្មវិធីនេះបានផ្តល់ប្រយោជន៍ជាច្រើនក្នុងនោះមានៈ 1.Cybersecurity គឺជាការទទួលខុសត្រូវរបស់គ្រឹះស្ថានផ្ទាល់ ពីព្រោះគ្រឹះស្ថានតូចឬធំអាចត្រូវរងគ្រោះដោយការរុករកទិន្នន័យ(Hack)ពីខាងក្រៅគ្រប់ពេល។ 2.ការគំរាមកំហែងពីខាងក្រៅ គឺជាហានិភ័យដែលអាចបង្កឱ្យមានចំណាយប្រតិបត្តិការ និងអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់គ្រឹះស្ថាន និង 3.រក្សាកេរ្តិ៍ឈ្មោះប្រទេសផងដែរ។

    គួរបញ្ជាក់ផងដែរថា Cybersecurity បានក្លាយជាប្រធានបទដ៏សំខាន់សម្រាប់វិស័យហិរញ្ញវត្ថុសកល ដោយសារតែមានបញ្ហាជាច្រើនបានកើតមានឡើងកាលពីឆ្នាំកន្លងទៅដែលតម្រូវឱ្យគ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ត្រូវមានការយកចិត្តទុកដាក់ជាសំខាន់ក្នុងការការពារសុវត្ថិភាពរបស់ខ្លួនក៏ដូចជាអតិថិជនរបស់ខ្លួនដែរ៕

  • ក្រុមហ៊ុនធំៗពីរចាប់ដៃគ្នាបោះទុនបង្កើតរោងចក្រស៊ីម៉ងត៍នៅកម្ពុជា

    ក្រុមហ៊ុនធំៗពីរចាប់ដៃគ្នាបោះទុនបង្កើតរោងចក្រស៊ីម៉ងត៍នៅកម្ពុជា

    ភ្នំពេញ៖ ក្នុងគោលដៅបញ្ឈប់ការនាំចូល ក៏ដូចជាផ្តល់ការងារជូនពលរដ្ឋខ្មែរឱ្យបានកាន់តែច្រើនផងដែរនោះ ក្រុមហ៊ុនធំៗចំនួនពីររបស់ខ្មែរ និងថៃបានចាប់ដៃគ្នាបោះទុនវិនិយោគប្រមាណជា 262លានដុល្លារអាមេរិកដើម្បីបង្កើតរោងចក្រស៊ីម៉ងត៍ដ៏ធំមួយនៅស្រុកទូកមាស ក្នុងខេត្តកំពតដែលជាខេត្តមានសក្តានុពលសម្បូរទៅដោយវត្ថុធាតុដើម។

    លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង គ្រុប មានប្រសាសន៍ថា ដើម្បីកាត់បន្ថយការនាំចូលស៊ីម៉ងត៍ពីក្រៅប្រទេសឱ្យបានជាអតិបរមា ក្រុមហ៊ុនបានសម្រេចសហការជាមួយក្រុមហ៊ុន Siam City Cement Public Limited របស់ថៃដែលជាក្រុមហ៊ុនផលិតស៊ីម៉ងត៍ម៉ាកអូដ្ឋ ស៊ីម៉ងត៍ម៉ាកឥន្រ្ទីពេជ្រ ដោយបានបោះទុនវិនិយោគរួមគ្នាក្នុងទឹកប្រាក់ប្រមាណជា 262លានដុល្លារ សម្រាប់បង្កើតរោងចក្រនៅកម្ពុជាជាមួយនឹងការរចនាសម្បកវេចខ្ចប់បែបថ្មីបង្ហាញពីសក្តានុពលនៃគុណភាពរឹងមាំ និងអត្តសញ្ញាណរបស់ជាតិ។

    ក្រោមទុនវិនិយោគ 262លានដុល្លារ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី បានច្របាច់បញ្ចូលគ្នានូវចំណេះ ជំនាញ និងបទពិសោធរបស់ក្រុមហ៊ុនទាំងពីរដែលមានជំនាញបច្ចេកទេសផ្នែកឧស្សាហកម្មផលិតស៊ីម៉ងត៍រយៈពេលជាង50ឆ្នាំមកហើយ។
    ការសហការជាមួយគ្នានេះត្រូវបានផ្តួចផ្តើមដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ជាពិសេសការរីកចម្រើនយ៉ាងខ្លាំងនៃវិស័យសំណង់នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។

    លោកឧកញ៉ាបានមានប្រសាសន៍ដូច្នេះថា «គោលបំណងយើងគឺគាំទ្រការអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានស្ថិរភាព។
    ក្រៅពីចង់ជួយកាត់បន្ថយការនាំចូលស៊ីម៉ងត៍ពីបរទេសមកកាន់កម្ពុជាហើយ យើងចង់បង្ហាញថា យើងអាចមានសមត្ថភាពផលិតផលិតផលខ្លួនឯងបាន និងបង្ហាញពិភពលោកថា យើងមានសមត្ថភាពផលិតស៊ីម៉ងត៍ដែលមានគុណភាពខ្ពស់ស្របតាមស្តង់ដារអន្តរជាតិផងដែរ ដែលនេះជាចំណុចសំខាន់មួយបង្ហាញពីការរីកចម្រើនកម្រិតថ្មីមួយទៀតរបស់ជាតិយើង ដោយសារកម្ពុជាមានធនធានធម្មជាតិដ៏ល្អសម្រាប់ធ្វើជាវត្ថុធាតុដើមក្នុងការផលិត»។

    មិនមែនធ្វើការវិនិយោគដើម្បីស្វែងរកប្រាក់ចំណេញតែមួយមុខនោះទេ ប៉ុន្តែក្រុមហ៊ុនបានគិតគូរពីផលប៉ះពាល់បរិដ្ឋានឱ្យបានតិចបំផុតតាមដែលអាចធ្វើទៅបានស្របតាមបទដ្ឋានស្តង់ដារអង្គការអន្តរជាតិ ដោយមានការបញ្ចេញឧស្ម័នកាបូនទាបបំផុត។ ក្រៅពីនោះក្រុមហ៊ុនក៏នឹងផ្តល់ការងារដល់ពលរដ្ឋខ្មែរ ពិសេសក្រុមហ៊ុនមានអ្នកជំនាញមកពីក្រៅប្រទេសដើម្បីចែករំលែកចំណេះដឹងដល់ប្រជាពលរដ្ឋខ្មែរឱ្យកាន់តែមានចំណេះប្រសើរឡើងលើជំនាញបច្ចេកទេសផលិតស៊ីម៉ងត៍ក៏ដូចជាការផ្តល់ប្រាក់បៀវត្សរ៍ខ្ពស់ជាងរោងចក្រនានានៅក្នុងប្រទេសកម្ពុជាតាមរយៈការបណ្តុះបណ្តាលក្រុមការងារ ផ្នែកផលិត ផ្នែកទីផ្សារ ផ្នែកលក់ រួមទាំងក្រុមការងារផ្សេងៗដើម្បីបំពេញតាមតម្រូវការទូទៅរបស់ទីផ្សារកម្ពុជា ហើយលើសពីនេះក្រុមហ៊ុននឹងអភិវឌ្ឍតំបន់នោះឱ្យក្លាយជាតំបន់ទាក់ទាញបម្រើផលប្រយោជន៍រួមដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទៀតផង។

    លោក Aidan Lynam នាយកប្រតិបត្តិនៃក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន មានប្រសាសន៍ថា ក្រុមហ៊ុនមិនត្រឹមតែផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនោះទេ ប៉ុន្តែនឹងពង្រីកការនាំចេញទៅកាន់ប្រទេសក្រៅក្នុងតំបន់ថែមទៀត ដោយផ្អែកលើគុណភាពនៃការផលិតចេញពីវត្ថុធាតុដើមដែលមានគុណភាពនៅក្នុងស្រុកទូកមាស ខេត្តកំពតដែលរោងចក្រនេះនឹងចាប់ផ្តើមដំណើរការនៅខែវិច្ឆិកា ចុងឆ្នាំ2017នេះ។ លោកអះអាងដូច្នេះថា «អ្នកទាំងអស់គ្នាសុទ្ឋតែចង់បាននូវផលិតផលដែលអតិថិជនប្រើប្រាស់ដោយសុវត្ថិភាព និងជឿទុកចិត្ត ពួកគេបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការជ្រើសរើសស៊ីម៉ងត៍របស់យើងខ្ញុំ»។ ក្រុមហ៊ុននេះកំពុងតែមានភាពជិតស្និទ្ឋជាងមុនជាមួយនឹងដៃគូពាណិជ្ជកម្ម និងអតិថិជនរបស់ខ្លួនជាមួយស្លាកយីហោស៊ីម៉ងត៍អូដ្នថ្មីនេះជាជំហានដំបូងដើម្បីសម្រេចគោលដៅរួមគ្នា។

    គួរបញ្ជាក់ដែរថា វិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធគឺជាកត្តាសំខាន់មួយដែលត្រូវការចាំបាច់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ យោងតាមរបាយការណ៍របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បង្ហាញថា ទុនវិនិយោគ និងវិស័យសំណង់លំនៅដ្ឋានក្នុងឆ្នាំ2016 កន្លងមកមានប្រមាណជា 5.580លានដុល្លារអាមេរិក។ និងក្នុងរយៈពេល 5ខែដើមឆ្នាំ2017នេះ ទុនវិនិយោគវិស័យសំណង់មានប្រមាណជា 4.362លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ2016 គឺមានកំណើនប្រមាណជា 20% និងបង្កើតការងារជូនប្រជាពលរដ្ឋប្រមាណជា 20ម៉ឺននាក់ក្នុងមួយថ្ងៃ៕

  • ណាងហ្វា៖ ទោះសិចស៊ីក៏មិនខ្វល់ថាគ្មានអ្នកស្រឡាញ់ដែរ

    ណាងហ្វា៖ ទោះសិចស៊ីក៏មិនខ្វល់ថាគ្មានអ្នកស្រឡាញ់ដែរ

    បទ «ក្រហម» បច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍ពីយុវវ័យជាច្រើន បទនេះគេឃើញមានតារាសម្ដែងស្រីពីរដួងបានបញ្ចេញកាយវិការសម្ដែងមានភាពទាក់ទាញយ៉ាងខ្លាំងក្នុងនោះ ក៏មានកញ្ញាណាងហ្វាម្នាក់ដែរដែលគេបានមើលឃើញពីទេពកោសល្យរបស់នាង។

    បើទោះជាកញ្ញា ណាងហ្វា ទើបតែទទួលបានការគាំទ្រពីយុវវ័យក្នុងបទ «ក្រហម» ក៏ពិតមែន ប៉ុន្ដែនាងមិនមែនជាតារាដែលទើបចាប់អាជីពសិល្បៈថ្មីថ្មោងនោះទេ ពោលគឺនាងបានចូលប្រឡូកក្នុងវិថីសិល្បៈជាយូរមកហើយ។

    កញ្ញាណាងហ្វា បានប្រាប់ថា នាងជាតារាសម្ដែងយូរមកហើយ បទពិសោធក្នុងការសម្ដែងក៏មានស្រាប់ដែរ ដូច្នេះការសម្ដែងក្នុងបទនេះពុំមានការលំបាកច្រើនសម្រាប់នាងទេ។ បើទោះជានាងជាតារាសម្ដែងបាត់មុខមួយរយៈធំក្ដី តែមុនពេលនាងទទួលយកការសម្ដែងក្នុងបទនេះ នាងមានក្ដីរំពឹងជាស្រេចថា នាងនឹងអាចទទួលបានការគាំទ្រពីមហាជន។

    មានពាក្យសរសើរជាច្រើន ក៏ដូចជាមានការលើកឡើងពីមជ្ឈដ្ឋានខាងក្រៅដែរថា ក្នុងបទ «ក្រហម» កញ្ញាណាងហ្វាបានបញ្ចេញទេពកោសល្យសម្ដែងយ៉ាងខ្លាំង ពិសេសកាយវិការរាំដ៏សិចស៊ីរបស់នាងបង្អួតទៅអ្នកទស្សនា ដើម្បីទទួលបានចំណាប់អារម្មណ៍ ហើយជាជាក់ស្ដែងនាងធ្វើបានពិតមែន។ ទោះយ៉ាងណាណាងហ្វាបានបញ្ជាក់ថា៖ «ការពិតទៅបទនេះពុំមានអ្វីសិចស៊ីច្រើនទេ គ្រាន់តែទាមទារឱ្យយើងយល់ពីបទចម្រៀង និងដាក់អារម្មណ៍សម្ដែងបន្ដិចប៉ុណ្ណោះ។ កាលពីពេលមុនខ្ញុំក៏ជាតារាម្នាក់អ្នកនិយមស្លៀកសិចស៊ីដែរ ដូច្នេះខ្ញុំគិតថា សម្ដែងប៉ុណ្ណឹងមិនទាន់សិចស៊ីពេកទេ»។

    កញ្ញាណាងហ្វាបានបន្ដថា ដោយសារតែរូបរាងអំណោយផលទៅលើការសម្ដែងផ្នែកសិចស៊ី ទើបធ្វើឱ្យនាងតែងតែទទួលបានតំណែងជាតួអង្គបែបសិចស៊ីច្រើន។ ដូចជារឿង«ជីវិតនាងរចនា»ក៏ត្រូវអ្នកដឹកនាំរឿងតម្រូវឱ្យសម្ដែងជាតួអង្គអ្នកមានវ័យក្មេងចូលចិត្ដលេងល្បែងស្នេហាដែរ។

    ទោះយ៉ាងណា តារាសម្ដែងរូបនេះពុំបានព្រួយបារម្ភពីការវាយតម្លៃរបស់មហាជនទៅលើចរិតឫកពារបស់នាងនោះទេ ដោយនាងបញ្ជាក់ថា៖ «ខ្ញុំមិនដែលខ្វល់ពីការនិយាយអ្វីឡើយ ព្រោះវាជាសិល្បៈ។ ពិសេសរឿងផ្ទាល់ខ្លួន ខ្ញុំមិនដែលគិតខ្លាចពេលគេឃើញការសម្ដែងរបស់ខ្ញុំ គិតថាខ្ញុំមានចរិតខាងក្រៅដូចនឹងការសម្ដែង ឬគ្មានអ្នកស្រឡាញ់នោះទេ គឺខ្ញុំអត់ខ្វល់ទេ ព្រោះសព្វថ្ងៃក៏មានអ្នកស្រឡាញ់ច្រើនដែរ ផ្ទុយទៅវិញ គឺរូបខ្ញុំទេដែលជាអ្នកមិនចង់គិតពីរឿងនេះ ព្រោះខ្ញុំចង់ទុកពេលវេលារកស៊ី និងប្រឡូកការងារសិល្បៈឱ្យទទួលបានភាពល្បីល្បាញជាមុនសិនទើបប្រសើរជាង»៕