Author: វល័ក្ខ

  • សំណើដោះស្រាយកសិផលរបស់កម្ពុជាមិនទាន់មានចម្លើយពីភាគីថៃ

    សំណើដោះស្រាយកសិផលរបស់កម្ពុជាមិនទាន់មានចម្លើយពីភាគីថៃ

    ភ្នំពេញៈ សំណើដោះស្រាយបញ្ហាកសិផលកម្ពុជាជាមួយប្រទេសថៃមិនទាន់មានការឆ្លើយតបជាវិជ្ជមាននៅឡើយទេ ខណៈពេលកសិផលកម្ពុជាកំពុងទទួលបានការបញ្ជាទិញក្នុងតម្លៃទាបបំផុត។

    ក្នុងជំនួបជាមួយរដ្ឋមន្រ្តីពាណិជ្ជកម្មថៃកាលពីថ្ងៃម្សិលមិញ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជាលោក ប៉ាន សូរស័ក្តិបានស្នើសុំភាគីថៃជួយទិញផលិតផលកសិកម្មកម្ពុជា និងសុំដឹកទំនិញពីកម្ពុជាឆ្លងកាត់ប្រទេសថៃទៅកាន់ប្រទេសទី3 ប៉ុន្តែរដ្ឋមន្រ្តីពាណិជ្ជកម្មថៃលោកស្រី អាភីរ៉ាឌី ថាតត្រាផន មិនបានឆ្លើយតបជាវិជ្ជមាននៅឡើយទេ ដោយលោកស្រីបានសន្យាថា នឹងនាំយកសំណើកម្ពុជាទៅពិភាក្សាជាមួយមន្រ្តីរដ្ឋាភិបាលរបស់លោកស្រី។

    រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជាបានស្នើសុំភាគីថៃជួយសម្រួលពីរចំណុច ទី1 ពាក់ព័ន្ធការនាំចូលពោតពីកម្ពុជាទៅប្រទេសថៃ និងទី2 សុំប្រទេសថៃធ្វើជាទីឆ្លងកាត់ដឹកទំនិញពីកម្ពុជាទៅកាន់ប្រទេសទី3ផងដែរ។ បញ្ហាធ្លាក់ចុះតម្លៃកសិផលរបស់ប្រជាកសិករកម្ពុជាបានក្លាយជាបញ្ហាប្រឈមជាច្រើនឆ្នាំមកហើយ ដោយក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានជួបប្រជុំគ្នាជាច្រើនលើកដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្តែមិនទាន់មានលទ្ធផលជាដុំកំភួននៅឡើយទេ។

    រដ្ឋមន្រ្តីក្រសួងកសិកម្មលោកវេង សាខុន បានថ្លែងថា បញ្ហាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ការដឹកជញ្ជូនមានតម្លៃថ្លៃទាំងផ្លូវគោក និងកំពង់ផែបាននិងកំពុងក្លាយជាបញ្ហាក្នុងការនាំចេញ និងពិបាកទាក់ទាញអ្នកវិនិយោគបរទេសមកវិនិយោគដើម្បីកែច្នៃផលិតផលកសិកម្មកម្ពុជាដើម្បីនាំចេញ។ លោកបន្តថា ការដឹកជញ្ជូនថ្លៃ តម្លៃដើមនៃការផលិតខ្ពស់ និងតម្លៃអគ្គិសនីខ្ពស់បានធ្វើឲ្យអ្នកវិនិយោគមិនមកវិនិយោគនៅកម្ពុជា ដោយពួកគេសម្រេចចិត្តទៅវិនិយោគនៅប្រទេសជិតខាងជំនួសវិញ ព្រោះប្រទេសជិតខាងមានតម្លៃអគ្គិសនីទាប ការដឹកជញ្ជូនមានតម្លៃទាប ធ្វើឱ្យតម្លៃដើមនៃការផលិតទាប៕

  • អ្នកដាំកៅស៊ូមានសង្ឃឹមឡើងវិញ៖ ចិនប្រកាសទិញកៅស៊ូ 3សែនតោនពីកម្ពុជា

    អ្នកដាំកៅស៊ូមានសង្ឃឹមឡើងវិញ៖ ចិនប្រកាសទិញកៅស៊ូ 3សែនតោនពីកម្ពុជា

    ភ្នំពេញ៖ កាលពីពេលថ្មីៗនេះអាជ្ញាធរខេត្តសានស៊ី ប្រទេសចិនបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយជាមួយកម្ពុជា ដើម្បីទិញកៅស៊ូពីកម្ពុជាចំនួន 300,000តោន ដែលអាចនឹងចាប់ផ្ដើមនាំចូលលើកដំបូងនៅឆ្នាំ2018។
    នេះបើតាមការឱ្យដឹងពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មក្នុងជំនួបជាមួយឯកឧត្តមឧកញ៉ា ហ្ចាក់គី សែចិន ដែលដឹកនាំប្រតិភូចិន និងជប៉ុនដើម្បីជួបពិភាក្សាការងារវិនិយោគលើកិច្ចការពាណិជ្ជកម្មនៅកម្ពុជា។

    ក្នុងជំនួបនេះឯកឧត្តមឧកញ៉ា ហ្ចាក់គី សែចិន បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថា គោលបំណងនៃការជួបប្រជុំនេះគឺមាន2ចំណុច ដែលទីមួយគឺ ការធ្វើរបាយការណ៍ស្តីពីការប្រព្រឹត្តទៅនៃមជ្ឍមណ្ឌលពាណិជ្ជកម្មកម្ពុជានៅទីក្រុងស៊ីអាន (Xi’an) ខេត្តសានស៊ី (Shaanxi) ប្រទេសចិន និងទីពីរគឺ ណែនាំវិនិយោគិនជប៉ុនដែលមានបំណងបង្កើតរោងចក្រមួយនៅកម្ពុជាឱ្យស្វែងយល់ពីការវិនិយោគនៅកម្ពុជា។

    នៅលើចំណុចទីមួយ ឯកឧត្តមឧកញ៉ា ហ្ចាក់គី សែចិន បានជម្រាបឱ្យដឹងថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅទីក្រុងស៊ីអានកំពុងតែដំណើរការយ៉ាងសកម្ម ជាពិសេសការដាក់តាំងលក់ផលិតផលកម្ពុជាជូនដល់អតិថិជនចិន។
    មជ្ឈមណ្ឌលបានធ្វើការវេចខ្ចប់អង្ករចំនួន 5,000តោន ដែលបានទិញពីកម្ពុជាដោយមិនមានការបង់ពន្ធទៅជាកញ្ចប់តូចៗ ដើម្បីដាក់លក់រាយនៅតំបន់ពាណិជ្ជកម្មសេរីនៅខេត្តសានស៊ី។ បន្ថែមពីនេះទៀត ថ្មីៗនេះខេត្តសានស៊ីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយជាមួយកម្ពុជាដើម្បីទិញកៅស៊ូកម្ពុជាចំនួន 300,000តោន ដែលលោកឧកញ៉ាសង្ឃឹមថា នឹងអាចចាប់ផ្ដើមនាំចូលលើកដំបូងក្នុងឆ្នាំ2018។

    ចំពោះចំណុចទីពីរវិញលោកឧកញ៉ាបានធ្វើការណែនាំវិនិយោគិនជប៉ុនមួយក្រុមដែលមានបំណងមកបង្កើតរោងចក្រកែច្នៃឈើគាបចេញពីកម្ទេចឈើ សំបកដូងប្រេង និងរុក្ខជាតិដទៃទៀតដើម្បីនាំចេញទៅជប៉ុនវិញសម្រាប់ដុតនៅក្នុងរោងចក្រអគ្គីសនី Biomass។ វិនិយោគិនជប៉ុនបានបន្ថែមឱ្យដឹងថា ក្រុមរបស់លោកកំពុងតែសិក្សាទីតាំងនៅខេត្តព្រះសីហនុ ហើយនឹងរៀបចំចាប់ផ្ដើមសាងសង់នៅពេលខាងមុខ។

    ជាការឆ្លើយតប ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងអំណរគុណដល់អ្នកឧកញ៉ា និងក្រុមវិនិយោគិនជប៉ុនដែលមានបំណងបោះទុនវិនិយោគនៅកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីមានសេចក្ដីរីករាយយ៉ាងខ្លាំងចំពោះភាពជោគជ័យរបស់មជ្ឍមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅទីក្រុងស៊ីអាន។

    ឯកឧត្តមសំណូមពរឱ្យខេត្តស៊ីអានបន្តសហការពាណិជ្ជកម្មឱ្យកាន់តែខ្លាំងថែមទៀតជាមួយនឹងកម្ពុជា ជាពិសេសការទិញបន្ថែមនូវកសិផលិតផលកម្ពុជា និងការបណ្ដុះបណ្ដាលជំនាញកសិកម្ម ដោយសារខេត្តសានស៊ីមានសាលាបណ្ដុះបណ្ដាលកសិកម្មមួយដែលមានជំនាញខ្ពស់លើវិស័យកសិកម្ម។ ចំពោះគម្រោងរោងចក្រកែឆ្នៃឈើគាប ឯកឧត្តមយល់ថា ជាគំនិតដ៏ល្អមួយ ដោយកម្ពុជាមានកម្ទេចឈើ និងកម្ទេចរុក្ខជាតិដទៃទៀតជាច្រើនដែលមិនបានយកមកប្រើប្រាស់ឱ្យមានប្រយោជន៍អ្វីឡើយ។
    ម្យ៉ាងវិញទៀតឯកឧត្តមរដ្ឋមន្ត្រីបានមានមតិឱ្យក្រុមហ៊ុនសិក្សាពីការធ្វើចម្ការដាំដើមឈើដើម្បីគាំទ្រដល់ផលិតកម្មរបស់រោងចក្រប្រកបដោយចីរភាពផង៕

     

  • ម៉ូដសម្លៀកបំពាក់ស្អាតៗសម្រាប់ទស្សនាវដ្ដីឡារ៉ែនលេខ 110

    ម៉ូដសម្លៀកបំពាក់ស្អាតៗសម្រាប់ទស្សនាវដ្ដីឡារ៉ែនលេខ 110

    ខាងក្រោមនេះគឺជារម៉ូដសម្លៀកបំពាក់ស្អាតៗ ដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្ដី ឡារ៉ែន លេខ 110…

  • ចន ច័ន្ទលក្ខិណា៖ «ខ្ញុំប្ដឹងគាត់ធ្វើអី?»

    ចន ច័ន្ទលក្ខិណា៖ «ខ្ញុំប្ដឹងគាត់ធ្វើអី?»

    បន្ទាប់ពីអ្នកនាងចន ច័ន្ទលក្ខិណា បានសរសរចេញនូវពាក្យប៉ុន្មានឃ្លាដាក់ក្នុងបណ្ដាញសង្គមរួចមក បានធ្វើឱ្យមហាជនមានការយល់ច្រឡំថា នាង និងលោកហេង ឡុង ដែលគេមើលឃើញថា ស្ទើរក្លាយជាប្ដីប្រពន្ធនឹងគ្នាទៅហើយនោះកំពុងតែមានជម្លោះទាស់ទែងគ្នារហូតនាងបណ្ដេញលោកហេង ឡុងចេញពីជីវិតនាង។ សារមួយនេះបានធ្វើឱ្យបុរសម្នាក់ហាក់មានអារម្មណ៍ឈឺឆ្អាលជាមួយលោកហេង ឡុង បានសរសេរពាក្យជាច្រើនដែលគេចាត់ទុកថា ជាការប៉ះពាល់កិត្ដិយសតារាស្រីរូបនេះ។

    ក្នុងសាររបស់បុរសម្នាក់ដែលប្រើគណនីហ្វេសប៊ុក ឈ្មោះថា Sem Choeurn បានសរសេរដូច្នេះថា៖«ប្ដីមុនមិនស្រួលលែងចោល ប្ដីក្រោយបណ្ដេញចេញទៀត មិនដឹងប្រុសណាទេទើបធ្វើឱ្យគាត់ស្រួលរហូតនោះ!»។ ជាមួយនឹងពាក្យទាំងប៉ុន្មាននេះបានធ្វើឱ្យគេសន្និដ្ឋានថា អ្នកនាងចន ច័ន្ទលក្ខិណា ប្រាកដជាខឹងនឹងសំណេរបុរសម្នាក់នោះ ខណៈនាងបានតបទៅវិញដោយពាក្យបែបត្រជាក់ស៊ីជ្រៅថា៖«ត្រៀមខ្លួនណាអូន Sem Choeun»។

    ដោយសារតែការប្រើពាក្យបែបត្រជាក់តែបង្កប់អត្ថន័យក្ដៅគគុកក្នុងចិត្ដបែបនេះហើយទើបមហាជនជាច្រើនសន្និដ្ឋានថា មិនយូរទេ យ៉ាងច្រើនក្រោយការបោះឆ្នោតជ្រើសរើសប្រធានថ្មីនៃសមាគមសិល្បករខ្មែររួច នាងនឹងចាត់ការតាមផ្លូវច្បាប់ចំពោះបុរសម្នាក់នោះមិនខាន ព្រោះនាងក៏កំពុងតែឈរឈ្មោះជាបេក្ខភាពម្នាក់ផងដែរ។

    ផ្ទុយទៅវិញ អ្វីដែលជាការសន្និដ្ឋានរបស់សាធារណជនគឺខុសទាំងស្រុង ខណៈអ្នកនាងចន ច័ន្ទលក្ខិណា បានជាប់ឈ្មោះជាប្រធានសមាគមសិល្បករខ្មែរហើយ នាងបានជ្រើសរើសប្រើសម្ដីយ៉ាងទន់ភ្លន់ប្រាប់មកវិញថា ក្នុងនាមនាងជាប្រធានសមាគមទើបជាប់ឆ្នោតថ្មីនាងនឹងអភិវឌ្ឍស្ថាប័នមួយនេះឱ្យសិល្បៈផ្សារភ្ជាប់ទៅនឹងសង្គម។ ដូច្នេះនាងមិនចាប់ទោសអូសដំណើរយុវជនម្នាក់នោះទេ។

    អ្នកនាងចន ច័ន្ទលក្ខិណា បញ្ជាក់ថា៖ «ខ្ញុំអត់ប្ដឹងគាត់ទេ ប្ដឹងធ្វើអី? ផ្ទុយពីការមិនប្ដឹងនេះ ខ្ញុំនឹងសរសេរសារទៅគាត់ក្នុងន័យល្អៗ និងព្យាយាមពន្យល់ឱ្យគាត់បានយល់នូវអ្វីដែលខ្ញុំកំពុងតែធ្វើ ដើម្បីកុំឱ្យគាត់មានការយល់ច្រឡំដូចពេលនេះទៀត»។ នាងបន្ដថា ការពិតនាងគ្រាន់តែសរសេរសារមួយក្នុងន័យចង់ធ្វើវីដេអូ ដើម្បីឱ្យគេយល់អំពីជីវិតលំបាករបស់ស្រ្ដី បន្ទាប់ពីនាងបានស្ដាប់នូវការឈឺចាប់របស់ស្រ្ដីជាច្រើននាក់រួចមក។

    គួរបញ្ជាក់ដែរថា ពាក្យដែលអ្នកនាង ចន ច័ន្ទលក្ខិណា ធ្វើឱ្យមហាជនយល់ច្រឡំនោះគឺនាងបានសរសេរថា៖ «ឈប់ពាក់ព័ន្ធជីវិតខ្ញុំ និយាយស្ដាប់គ្នាបានឬអត់? Heng long Heng long បើនិយាយស្ដាប់គ្នាមិនបាន ខ្ញុំblockលោកឯង»។ «Heng long តែសុំលោកចេញឱ្យឆ្ងាយពីជីវិតខ្ញុំ មិនបាច់ជួយShare ទេ» ជាដើម៕

  • Katy Perry រងការរិះគន់ធ្ងន់ពីក្រុមអភិរក្សសត្វខ្លាឃ្មុំ Koala

    Katy Perry រងការរិះគន់ធ្ងន់ពីក្រុមអភិរក្សសត្វខ្លាឃ្មុំ Koala

    កំពូលតារាចម្រៀងស្រី Katy Perry ថ្មីៗនេះបានរៀបចំការប្រគំតន្រ្តីរបស់ខ្លួននៅប្រទេសអូស្ត្រាលី ហើយនាងបានធ្វើជាវីដេអូផ្សព្វផ្សាយមួយសម្រាប់អ្នកគាំទ្រនាង ដើម្បីឱ្យពួកគេមានឱកាសក្នុងការឈ្នះនូវសំបុត្រចូលទស្សនាឥតគិតថ្លៃជាច្រើនសន្លឹក ដែលនៅក្នុងស្ប៉តពាណិជ្ជកម្មនេះ គេសង្កេតឃើញមានគំនិតនៃការប្រើសត្វសុនខមកធ្វើជាឈុតឆាកកំប្លែងទាក់ទាញម៉្យាង ប៉ុន្ដែជាអកុសល តារាស្រីរូបនេះបានប្រើពាក្យមួយឃ្លាដែលបញ្ជាទៅសត្វសុនខរបស់ខ្លួនថា “ទៅប្រមាញ់ខ្លាឃុំ Koala មួយក្បាលមក” ដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ក្រុមអ្នកអភិរក្សសត្វខ្លាឃ្មុំតូចល្អិតដ៏គួរឱ្យស្រឡាញ់នេះ រួមទាំងក្រុមពេទ្យសត្វដែលស្រឡាញ់ខ្លាឃ្មុំ Koala នេះផងដែរ។

    ក្នុងគោលបំណងដែលចង់ឱ្យប្រិយមិត្តទស្សនិកជនបានដឹងថា នាងបានមកប្រគំតន្ត្រីនៅប្រទេសអូស្ត្រាលីនោះ នាងលើកឡើងនូវពាក្យថា Koala ដែលជាសត្វនិមិត្តសញ្ញារបស់ប្រទេសអូស្ត្រាលី មកបញ្ចូលក្នុងការធ្វើវីដេអូផ្សព្វផ្សាយ តែមិនគប្បីនាងប្រើឃ្លាជ្រុលហួសបែបដូច្នោះឡើយ តែក្នុងខណៈនេះក្រុមការងាររបស់នាងបានព្យាយាមលុបវីដេអូត្រង់ឈុតឆាកនោះ និងកាត់ចោលនូវពាក្យមួយឃ្លានោះទាំងស្រុងហើយ។

    ក្រុមមូលនិធិ Australia Koala Foundation បានលើកឡើងថា “ក្នុងមួយឆ្នាំៗ មានសត្វខ្លាឃ្មុំតូច Koala ចំនួនជាង 100 ក្បាលត្រូវសត្វសុនខខាំសម្លាប់នៅក្នុងរដ្ឋ Queensland អ៊ីចឹងហើយទើបពួកយើងត្រូវមកពិភក្សាជាមួយតារាចម្រៀងស្រីរូបនេះ និងត្រូវចំណាយពេលវេលាជាមួយនាងនៅក្នុងសួនសត្វព្រៃ ដើម្បីពន្យល់នាងឱ្យបានយល់ថា មូលហេតុអ្វីបានជានាងមិនស័ក្ដសមនឹងមកប្រគំតន្ត្រីនៅក្នុងប្រទេសអូស្ត្រាលីនេះ”។

    រីឯខាងឃោសនារបស់ក្រុមហ៊ុន Myer ក៏បានពិចារណាចំពោះបញ្ហាដែលបានលើកឡើងនេះដែរ និងក៏បានកាត់ចោលនូវពាក្យដែលតារាស្រី Katy Perry និយាយដល់សត្វខ្លាឃ្មុំ Koala ចោលផងដែរ ហើយនៅទីបំផុតក៏បង្ហោះវីដេអូថ្មីដែលបានកាត់តហើយនោះសាជាថ្មីម្ដងទៀតផងដែរ៕

    https://www.youtube.com/watch?v=2IDX78vORrE

  • តារាពីរដួង ត្រូវដកចេញពីរឿង Hawaii Five-0 នារដូវកាលថ្មី

    តារាពីរដួង ត្រូវដកចេញពីរឿង Hawaii Five-0 នារដូវកាលថ្មី

    ក្រុមហ៊ុន CBS បានព្យាយាមយ៉ាងពេញទំហឹងក្នុងការបញ្ឈប់តារាហូលីវូដប្រុសស្រីពីរដួងចេញពីខ្សែភាពយន្តរឿង Hawaii Five-0 គឺ Daniel Dae Kim និង Grace Park ។ តាមរយៈប្រព័ន្ធបណ្ដាញផ្សព្វផ្សាយដែលបានចេញផ្សាយសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុននេះនៅថ្ងៃម្សិលមិញថា អ្នកទាំងពីរបានបង្កជម្លោះជាមួយក្រុមហ៊ុនអំពីការទាមទារដំឡើងប្រាក់ខែ។

    គួរបញ្ជាក់ផងដែរថា តារាសម្តែង Daniel និង Grace គឺជាតួអង្គសំខាន់មួយសម្រាប់ក្រុមហ៊ុនក្នុងការថតរឿង Hawaii Five-0 រយៈពេល 7 ឆ្នាំ និង 7 រដូវកាលមកហើយ ដោយក្រុមហ៊ុនរមែងតែងតែសម្របសម្រួលជាមួយអ្នកទាំងពីរជុំវិញបញ្ហាដំឡើងប្រាក់ខែតាមការទាមទាររបស់ពួកគេដោយមិនបានចាត់ទុកថា រឿងនេះជារឿងមួយធំធេងដែលប៉ះពាល់ដល់ក្រុមហ៊ុនឡើយ។

    លោក Daniel Dae Kim មានវ័យ 48ឆ្នាំ បានចរចាប្រាក់ខែជាមួយជាគណៈគ្រប់គ្រងក្រុមហ៊ុននេះ ដោយពោលថា “ខណៈនេះ យើងមិនគួរឈានដល់កិច្ចព្រមព្រៀងដែលពួកយើងមិនបានគោរពគ្នាទៅវិញទៅមកនោះឡើយ អ្នកមានតួនាទីសំខាន់ជាតំណាងរបស់មុខមាត់ក្រុមហ៊ុននៅលើកញ្ចក់អេក្រង់ ហើយយើងនឹងចរចាអំពីក្ដីសង្ឃឹមនៅថ្ងៃអនាគតដ៏ប្រសើ”។

    បើទោះបីជាមានការចរចាយ៉ាងណាក្ដីក៏ Daniel Dae Kim បានបង្ហោះអារម្មណ៍ពិតនៅលើ Facebook Page របស់ខ្លួនដែលសំដៅដល់ក្រុមហ៊ុន CBS ថា “ការសម្រេចចិត្តនេះ ពិតជាពិបាកខ្លាំងណាស់ ខ្ញុំប្រហែលមិនអាចត្រឡប់ទៅសម្ដែង Hawaii Five-0 វិញទេ បើទោះបីជាក្រុមហ៊ុនសម្រេចចាប់ផ្ដើមនៅសបា្ដហ៍ក្រោយក៏ដោយ ខ្ញុំមិនស្របចំពោះលក្ខខណ្ឌថ្មីនោះទេ ដូច្នោះខ្ញុំសម្រេចចិត្តមិនបន្ដដំណើរជាមួយ CBS ទេ”៕

  • Kelechi Iheanacho កំពុងស្ថិតយ៉ាងប្រកៀកក្នុងការផ្ទេរទៅ Leicester

    Kelechi Iheanacho កំពុងស្ថិតយ៉ាងប្រកៀកក្នុងការផ្ទេរទៅ Leicester

    ខ្សែប្រយុទ្ធ Kelechi Iheanacho របស់ក្លិប Manchester City កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការបំពេញការផ្ទេររបស់គេទៅកាន់ក្លិប Leicester City ក្នុងតម្លៃខ្លួន 25លានផោន (ស្មើនឹង 32.4លានដុល្លារអាមេរិក)។

    ខ្សែប្រយុទ្ធអន្តរជាតិនីហ្សេរីយ៉ាវ័យ 20ឆ្នាំរូបនេះ កំពុងតែស្ថិតក្នុងការពិភាក្សាជាមួយនឹងក្លិប Leicester និងត្រូវបានគេមើលឃើញថា ចង់ផ្ទេរទៅកាន់ក្លិបអតីតម្ចាស់ជើងឯករបស់អង់គ្លេសមួយនេះ។ Iheanacho បានស៊ុតបាល់បញ្ចូលទី21គ្រាប់ ក្នុងការប្រកួត 64លើកក្នុងរាល់យុទ្ធនាការទាំងអស់ ចាប់តាំងពីបានបង្ហាញខ្លួនជាលើកទី1របស់គេសម្រាប់ក្លិប Man City កាលពីឆ្នាំ2015មក។ កាលពីខែសីហា ឆ្នាំមុន រូបគេបានចុះហត្ថលេខាលើកុងត្រាថ្មីមួយដែលមានសុពលភាពរហូតដល់ឆ្នាំ2021 ប៉ុន្តែពេលវេលានៃការលេងរបស់គេត្រូវបានកំណត់ ក្រោយពីមានវត្តមានរបស់ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Gabriel Jesus កាលពីខែមករា។

    បើទោះបី Leicester នៅតែស្ថិតក្នុងការពិភាក្សាក្នុងការចុះហត្ថលេខា ជាមួយ Iheanacho ក៏ដោយ ប៉ុន្តែក៏ការព្រមព្រៀងគ្នាមួយមិនទាន់ឈានដល់នៅឡើយទេ លុះត្រាតែរូបគេវិលមកពីសម្រាកវិស្សមកាលវិញសិន។

    Iheanacho ត្រូវបានបញ្ជាក់ប្រាប់ថា រូបគេអាចបានចាកចេញពី Man City នៅរដូវក្តៅនេះ ហើយបច្ចុប្បន្នរូបគេអាចនឹងក្លាយជាកីឡាករចំណូលថ្មីទី3របស់ក្លិប Leicester បន្ទាប់ពីកីឡាករ Harry Maguire និង Vicente Iborra៕
    ប្រភពពី៖ BBC

  • «ដើមទុនដំបូងរបស់ខ្ញុំ» នឹងបង្ហាញផ្លូវអ្នកពីរបៀបចាប់ផ្ដើមអាជីវកម្ម

    «ដើមទុនដំបូងរបស់ខ្ញុំ» នឹងបង្ហាញផ្លូវអ្នកពីរបៀបចាប់ផ្ដើមអាជីវកម្ម

    ឱកាសចូលរួមកម្មវិធីសិក្ខាសាលាស្ដីពី «ដើមទុនដំបូងរបស់ខ្ញុំ» នាថ្ងៃអាទិត្យ ទី23 ខាងមុខនេះ ចាប់ពីម៉ោង 7៖៣០ព្រឹកដល់ម៉ោង 6៖00ល្ងាច នៅសាលប្រជុំ តិកណូ ITC។

    អ្នកចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ នឹងទទួលបានការចែករំលែកចំណេះដឹងដោយផ្ទាល់ពីសំណាក់វាគ្មិនល្បីៗជាច្រើនរូប ដើម្បីណែនាំ និងបកស្រាយថាតើប្រភពទុនដំបូងរបស់គាត់បានពីណា? ដោយវិធីណា? គួរប្រើប្រាស់របៀបម្ដេចទើបសាកសមជាអ្នកចាប់ផ្តើមដំបួង ជៀសវាងការខាតបង់…

    តាមរយៈសិក្ខាសាលានេះ សិក្ខាកាមនឹងទទួលបាន៖
    1) បទពិសោធនក្នុងការប្រមូល និងប្រើប្រាស់ទុនរបស់បុគ្គលជោគជ័យកាលពីគាត់ចាប់ផ្តើមលើកដំបូង
    2) ទស្សនារបាំប្រពៃណីជាតិរបស់ក្រុមកុមារ
    3) រួមចំណែកចូលរួមមូលនិធិជួយដល់មន្ទីពេទ្យគុន្ធបុប្ផា
    4) រួមចំណែកជួយគាំទ្រសកម្មភាពនិស្សិត ក្នុងការបង្កើតកម្មវិធីអប់រំ
    5) ចូលរួមគាំទ្រកិច្ចការសង្គម

    សូមបញ្ជាក់ ក្នុងតម្លៃសំបុត្រនៃការចូលរួម អ្នកបានរួមចំណែកមួយផ្នែកដល់មន្ទីពេទ្យគុន្ធបុប្ផា ដើម្បីជូយដល់កុមាកម្ពុជា
    ចុះឈ្មោះចូលរួមថ្ងៃនេះព្រោះកន្លែងមានកំណត់។ ព័ត៌មានបន្ថែមសូមទាក់ទងតាមលេខទូរស័ព្ទ 010 385 063/ 085 611 881៕

  • បើ​មិន​ចង់​ចាស់​មុន​អាយុ​ទេនោះ​ គួរ​ចេញ​ឱ្យ​ឆ្ងាយ​ពី​សកម្មភាព​អស់ទាំង​នេះ!​

    បើ​មិន​ចង់​ចាស់​មុន​អាយុ​ទេនោះ​ គួរ​ចេញ​ឱ្យ​ឆ្ងាយ​ពី​សកម្មភាព​អស់ទាំង​នេះ!​

    ស្នាម​ជ្រួញ​ជា​ផ្នែក​មួយ​ដែល​បង្ហាញ​ពី​អាយុ និង​ការវិវឌ្ឍ​ទៅរក​ភាព​ចាស់​របស់​មនុស្ស​យើងម្នាក់។ នៅពេលដែល​យើង​សង្កេតឃើញថា​ស្នាម​ជ្រីវជ្រួញ​កំពុង​តែមាន​វត្ត​មាននៅ​លើ​ស្បែក​របស់​យើង​ហើយ​នោះ គឺ​វា​មិន​ខុស​អី​ពី​ការបង្ហាញ​ប្រាប់​ឱ្យ​មនុស្ស​គ្រប់គ្នា​ដឹងថា ពេលវេលា​ដែល​សម្រស់​​ធ្លាប់តែ​ផូរផង់​ត្រូវ​រលាយបាត់​ម្តងបន្តិចៗហើយ។ មែនហើយ​ការផ្លាស់ប្តូរ​នៃ​វ័យ​របស់​មនុស្សយើងម្នាក់ៗគឺ​ពិតជា​មិនមាន​អ្នកណា​អាច​ប្រកែក​បាន​នោះទេ ប៉ុន្តែ​បើ​ក្នុងករណី​មួយ​ដែល​អាយុ​របស់​អ្នក​មិនទាន់​សមល្មម​នឹង​ការកើតមាន​សភាព​ជ្រីវជ្រួញ​ផង​នោះ តែ​ស្បែក​របស់​អ្នក​បែរជា​ជ្រួញ​មុន​ទៅហើយ ដូច្នេះ​ត្រូវធ្វើ​ដូច​ម្តេចទៅ? ភាព​ជ្រីវជ្រួញ​មិនមែន​ចេះតែ​កើតឡើង​ដោយ​គ្មាន​មូលហេតុ​នោះទេ ត្រូវ​ដឹងផង​ទៅ​ថា​វា​ចាំតែ​ឆ្លៀតឱកាស​ចូលមក​ក្បែរ​អ្នក​គ្រប់​ពេលដែល​អ្នក​ប្រហែស​ភ្លេចខ្លួន​តែ​បន្តិច​ទេ។ តើ​អ្វី​ទៅ​ដែល​ចាត់ទុក​ថា​ជាការ​ប្រហែស​ភ្លេចខ្លួន​ដែលនាំឱ្យ​ភាព​ជ្រីវជ្រួញ​ចូលមក​ជិត​អ្នក​បាន​នោះ?

    បារី៖ ជា​មូលហេតុ​សាមញ្ញ​បំផុត​មួយ​ដែលនាំ​អ្នក​ទៅរក​ភាព​ជ្រីវជ្រួញ ប៉ុន្តែ ឡា​រ៉ែ​ន ជឿជាក់​ថាបើ​និយាយ​ពី​ស្ត្រី​មួយចំនួនធំ​នៅក្នុង​ប្រទេសយើង បារី​មិនមែនជា​បញ្ហា​នោះទេ ព្រោះថា​មាន​មនុស្ស​ស្រី​តិច​នាក់​បំផុត​ដែល​ជក់បារី។

    របប​អាហារ​របស់​អ្នក៖ ប្រសិនបើ​អ្នក​ចង់​រក្សា​ស្បែក​របស់​អ្នក​ឱ្យនៅ​តែមាន​សភាព​ក្មេង​ស្រស់ស្អាត និង​មាន​សុខភាព​ល្អ​នោះ សូម​ចងចាំ​ពាក្យ​មួយ​ឃ្លា​ថា “ដាំ​គ្រប់​ពូជ​អី​ដុះ​ដើម​នោះ”។មិន​ខុស​អី​ពី​ការដែល​អ្នក​ទទួលទាន​នោះទេ ប្រសិនបើ​អ្នកទទួល​ទាន​អាហារ​ណា​ដែល​ធ្វើឱ្យ​ស្បែកស្អាត​នោះ ស្បែក​នឹង​ស្អាត ប៉ុន្តែ​បើ​ទទួលទាន​អាហារ​ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​ស្បែក​នោះ ស្បែក​ក៏​នឹង​យ៉ាប់​ទៅតាម​នោះដែរ។ សូមចាំ​ថា​គ្រប់​អាហារ​ដែល​អ្នក​ចូលចិត្ត ហើយ​គិតថា​ឆ្ងាញ់​មិនមែន​មានន័យថា សុទ្ធតែជា​អាហារ​ដែល​ស្បែក​អ្នក​គិតថា​ល្អ​ដែរ​នោះទេ។ ស្បែក​របស់​អ្នកនឹង​និយាយ​ពាក្យ​ថា អគុណ​ដល់​អ្នកប្រសិនបើ​អ្នក​មិន​ដាក់បញ្ចូល​អាហារ​ណា​ដែលមាន​ជាតិកាបូ​ហៃ​ដ្រី​ត និង​ជាតិ​ស្ករ​ច្រើន​នៅក្នុង​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក។

    អាល់កុល៖ អ្នកទទួល​ទាន​ជាតិ​អាល់កុល​នៅថ្ងៃនេះ លុះ​ស្អែក​ព្រឹក​ឡើង​អ្នកនឹង​មើលឃើញថា​ស្បែក​របស់​អ្នក​បាត់បង់​ភាពស្រស់​ស្រាយនិង​មាន​សភាព​ស្ងួត​ក្រៀម​ជាង​មុន។ នៅពេលដែល​ជាតិ​ទឹក និង​ភាព​រលាស់ ភាពយឺតនៃស្បែកត្រូវបាន​បាត់បង់ ឱកាស​នៃ​ការកើតមាន​នូវ​ភាព​ជ្រីវជ្រួញ​ក៏មាន​កាន់តែច្រើន​ដែរ។

    ស្ករ​កៅស៊ូ៖ អ្នក​អាច​នឹងមិន​គិតថា​ការ​ទំពា​ស្ករ​កៅស៊ូ​អាច​នឹង​ធ្វើឱ្យ​ស្បែក​ជ្រួញ ប៉ុន្តែ​វា​ជាការ​ពិត នៅពេលដែល​មាត់​របស់​អ្នក​គិតតែ​ពី​ទំពា​រស្ករ​កៅស៊ូ​ជាប់​មិន​ឈប់​នោះ មិន​ថា​ច្រើន​ឬ​តិច អ្នកនឹង​ប្រឈម​នឹង​ការកើត​មាននូវ​ភាព​ជ្រីវជ្រួញ​នៅ​ម្តុំ​ស្បែក​មាត់​ផ្នែក​ខាងក្រោម។

    រមាស់​ដៃ៖ ឱ្យតែ​ឃើញ​មាន​អ្វី​បន្តិច​ប្លែក​នៅលើ​ផ្ទៃមុខ​គឺ​ចាប់ផ្តើម​រមាស់​ដៃ​ចង់​ទាញ​ញិច​កេះ​ចេញមក​ហើយ​មែន​ទេ? ទប់​អារម្មណ៍ នៅ​ឱ្យ​ស្ងៀម​ទុកឱ្យ​វា​បាត់​ដោយ​ខ្លួនឯង​ទៅ ព្រោះ​បើ​អ្នក​កាន់តែ​បង្ខំ​ឱ្យ​វា​ឆាប់​ចេញមក​នោះ វា​ក៏​មិន​ខុស​អី​ពី​ការដែល​អ្នក​ចង់​បង្ខំ​ឱ្យ​ស្បែក​របស់​អ្នក​កើតមាន​អាការ​រមាស់ ប្រតិកម្ម​ មាន​ស្នាមនិង​មាន​សភាព​ជ្រីវជ្រួញ​កាន់តែ​ឆាប់​នោះដែរ។

    ទាញ​ស្បែក​ពេល​តែង​មុខ៖ ធ្លាប់​ទេ​ឱ្យតែ​ពេល​ត្រូវការ​គូស Eye Liner គឺ​ចាប់ផ្តើម​យកដៃ​ទាញ​ស្បែក​ភ្នែក​ឱ្យ​តឹង​ហើយ!! អ្នកជំនាញ​ប្រាប់ថា ការធ្វើ​បែបនេះ​មិនមែនជា​ទង្វើ​ដែល​ត្រឹមត្រូវ​នោះទេ ដូច្នេះ​កុំ​ព្រោះតែ​ចង់ឱ្យ​អ្នកផ្សេង​មើលឃើញថា ស្អាត​មួយ​ភ្លែត​សុខចិត្ត​ធ្វើឱ្យ​ស្បែក​ឆាប់​ជ្រួញ​ឱ្យសោះ​ណា៎។ ព្យាយាម​គូសភ្នែក​របស់​អ្នក​តាមបែប​ធម្មតា ដោយ​មិនចាំបាច់​ទាញ​ស្បែក​ភ្នែក​នោះ​ទើប​ជាការ​ប្រសើរ។

    ហាម​បោះបង់​ឡេ​ការពារ​កម្តៅថ្ងៃ៖ ភ្លៀង​ក៏ដោយ មេឃ​ស្រឡះ​ក៏ដោយ​ ស្រទុំ​ក៏ដោយ កុំ​បំភ្លេច​ឡេ​ការពារ​កម្តៅថ្ងៃ​ឱ្យសោះ ត្រូវ​ចាំ​ថា វា​ជា​អង្គរក្ស​ដែល​ចាំ​ការពារ​អ្នក​ពី​កម្តៅថ្ងៃ។

    គេង៖ ការ​គេង​ផ្កាប់មុខ​ចុះក្រោម​ទប់​នឹង​ខ្នើយ ក៏​អាច​បណ្តាលឱ្យមាន​ស្នាម​ជ្រួញ​បានដែរដូច្នេះ​យក​ល្អ​ពេល​គេង​គួរតែ​គេង​ឱ្យ​ស្រួលបួល៕

  • សួង សាខារ៉ានីត សុខចិត្ដលាតត្រដាងរឿងឈឺចាប់ ទុកជាមេរៀនដល់យុវវ័យ

    សួង សាខារ៉ានីត សុខចិត្ដលាតត្រដាងរឿងឈឺចាប់ ទុកជាមេរៀនដល់យុវវ័យ

    កញ្ញា សួង សាខារ៉ានីត តារាសម្ដែងកំពុងទទួលបានភាពជោគជ័យក្នុងអាជីពសិល្បៈកាលពីពេលថ្មីៗនេះនាងបាន Live ក្នុងគណនីហ្វេសប៊ុក ជុំវិញការឈឺចាប់រឿងស្នេហារបស់ខ្លួន ហើយគ្រានោះក៏មានអ្នកគាំទ្រចូល Like និង Comment ជាច្រើនផងដែរ។

    ពាក់ព័ន្ធវិបត្ដិស្នេហានេះមានមនុស្សជាច្រើនពិសេសមិត្ដភ័ក្ដិក្នុងសិល្បៈរបស់នាងមានការស្ងើចសរសើរដល់តារាសម្ដែងរូបនេះជាខ្លាំង ព្រោះនាងជានារីម្នាក់មានចរិតសឿងបឿង ហ៊ានធ្វើ ហ៊ាននិយាយការពិត ព្រោះគ្រាដែលនាងធ្លាប់មានសង្សារ និងធ្លាប់ទទួលរងការឈឺចាប់ដោយសង្សារសុំចែកផ្លូវ នាងហ៊ានប្រាប់ការពិតដល់មហាជនពីជីវិតស្នេហារបស់នាង។

    កញ្ញា សួង សាខារ៉ានីត នាងបញ្ជាក់ថា មូលហេតុនាង Live Video និយាយពីវិបត្ដិស្នេហារបស់ខ្លួនដែលបានកើតមានកន្លងមកទៅកាន់អ្នកគាំទ្រនោះ ព្រោះនាងមិនចង់Live នូវអ្វីដែលមិនបានប្រយោជន៍ដល់អ្នកគាំទ្រខ្លួន ដូចជាការផឹកស៊ី ឬចូលក្លឹបកម្សាន្ដនោះឡើយ។ នាងបន្ដថា ការធ្វើបែបនេះវានឹងហុចប្រយោជន៍ជាច្រើន ព្រោះនាងចង់ពន្យល់ដល់យុវវ័យបច្ចុប្បន្នឱ្យចេះពង្រឹងស្មារតី ចេះស្រឡាញ់ខ្លួនឯងក្នុងករណីពួកគេជួបវិបត្ដិស្នេហាដូចរូបនាង។

    ដោយសារតែកញ្ញាសួង សាខារ៉ានីត ហ៊ានលាតត្រដាងពីជីវិតពិតនៃវិបត្ដិស្នេហាដ៏ឈឺចាប់របស់ខ្លួន ទើបបានលោកងួន សុបិន្ដ អ្នកនិពន្ធនៅផលិតកម្ម ថោន បានយកជីវិតស្នេហានាងទៅនិពន្ធជាបទចម្រៀងមានចំណងជើងថា «កូនកំលោះនេះជាសង្សារខ្ញុំ» ច្រៀងដោយអ្នកនាងចេន សាយចៃ បទនេះដែរក៏ទទួលបានការគាំទ្រមិនតិចឡើយ។

    កញ្ញា សួង សាខារ៉ានីត បន្ដថា៖«ពេលមានវិបត្ដិស្នេហា មានអ្នកខ្លះគាត់យល់ថា ខ្លួនមិនស្អាតទើបគេទៅចោល រហូតឈានទៅដល់ការធ្វើបាបខ្លួនឯង។ នៅពេលខ្ញុំ Live អ៊ីចឹងទៅគាត់សួរថា បងស្អាតអ៊ីចឹងចេះឈឺចាប់រឿងស្នេហាដែរ?។ ការពិតមនុស្សយើងអ្នកស្អាត និងអ្នកមិនស្អាតក៏ចេះឈឺចាប់ដូចគ្នា សំខាន់យើងជួបបញ្ហាត្រូវចេះដោះស្រាយ ស្រឡាញ់ខ្លួនកុំបណ្ដោយខ្លួនឱ្យធ្លាក់ទៅក្នុងពិភពគ្រឿងញៀន ឬឈានទៅដល់ការធ្វើអត្ដឃាតព្រោះរឿងស្នេហាឱ្យសោះ»។
    ទោះយ៉ាងណា សាខារ៉ានីតអះអាងថា រឿងដែលនាងបានលើកឡើងជាអតីតកាលទេ បច្ចុប្បន្ននាងពុំមានការឈឺចាប់ជាមួយរឿងនេះទៀតឡើយ ព្រោះនាងមានអ្នកស្រឡាញ់ទៀតហើយ ប៉ុន្ដែនាងនៅតែចាត់ទុកថា គ្មានអ្វីជាការស្ថិតស្ថេរ ឬពិតប្រាកដឡើយ ពោលគឺនាងបានត្រៀមចិត្ដគ្រប់ពេលវេលា។

    នៅពេលសួរមួយសំណួរថា កញ្ញានិយាយពីរឿងអតីតនៃស្នេហាបែបនេះ តើអាចធ្វើឱ្យបុរសដែលកំពុងតែស្រឡាញ់កញ្ញាពេញបេះដូងនោះខួចចិត្ដដែរឬទេ? សាខារ៉ានីត តបមកវិញថា ប្រសិនបើគាត់មានចិត្ដបែបហ្នឹង ក៏ពិបាកនឹងស្រឡាញ់គ្នាដែរ ព្រោះវាជារឿងអតីតកាល ហើយនាងត្រូវការបុរសម្នាក់ដែលបើកបេះដូងឱ្យទូលាយ៕