Author: វល័ក្ខ

  • ការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ក្រុងព្រះសីហនុ គ្រោងចាប់ផ្តើមចុងឆ្នាំនេះ

    ការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ក្រុងព្រះសីហនុ គ្រោងចាប់ផ្តើមចុងឆ្នាំនេះ

    ភ្នំពេញៈ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ ការសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុនៅចុងឆ្នាំនេះ ដែលនេះជាផ្លូវល្បឿនលឿនលើកដំបូងនៅកម្ពុជា។

    លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី8 កក្កដានេះថា តាមគម្រោងការសាងសង់ផ្លូវនេះនឹងចាប់ផ្តើមនៅចុងឆ្នាំនេះ ប្រសិនជាការចរចារវាងរដ្ឋាភិបាល និងក្រុមហ៊ុនវិនិយោគសាងសង់ផ្លូវនេះបញ្ចប់តាមការគ្រោងទុក។

    លោកបន្តថា ផ្លូវប្រវែង 190គីឡូម៉ែត្រនេះ គ្រោងនឹងចំណាយថវិកាសាងសង់ចំនួន 1900លានដុល្លារអាមេរិក។ ផ្លូវនេះជាប្រភេទផ្លូវល្បឿនលឿន ដែលមានគន្លងរថយន្តអាចបើកបរបានពីរខ្សែទាំងទៅទាំងមក។ បច្ចុប្បន្នផ្លូវជាតិលេខ4 ចង្អៀតហើយ ហេតុនេះការវិនិយោគលើផ្លូវនេះគឺពិតជាដំណោះស្រាយដ៏ល្អមួយសម្រាប់សម្រួលដល់ការដឹកជញ្ជូន កាត់បន្ថយពេលវេលាលើការធ្វើដំណើរ និងកាត់បន្ថយតម្លៃនៃការដឹកជញ្ជូន។ ខេត្តព្រះសីហនុជាដង្ហើមសេដ្ឋកិច្ចរបស់ជាតិ ហេតុនេះការសាងសង់ផ្លូវនេះនឹងជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ។

    លោក សូរិយា ក៏បានបញ្ជាក់ផងដែរថា នៅពេលផ្លូវនេះសាងសង់ចប់នឹងមិនមានចំណុចឆ្លងកាត់ច្រើននោះទេ ហើយម៉ូតូតូចៗមិនអាចបើកបរបានឡើយ ពិសេសនឹងមានការបិទរបង ដែលមិនអាចឲ្យសត្វពាហនៈឆ្លងកាត់បានឡើយ។

    លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជារឿងចាំបាច់ណាស់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រោះប្រសិនជាចង់ឲ្យសេដ្ឋកិច្ចយើងរីកចម្រើនបន្ថែមទៀត យើងត្រូវបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលរដ្ឋាភិបាលកម្ពុជាបាន និងកំពុងខិតខំប្រឹងប្រែង ប៉ុន្តែទាមទារឲ្យមានការបង្កើនល្បឿនវិនិយោគបន្ថែមទៀត។

    លោកបន្តថា “ប្រសិនជាមិនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទេ សេដ្ឋកិច្ចរបស់យើងនឹងនៅតែប៉ុណ្ណឹង ដូច្នេះដើម្បីសេដ្ឋកិច្ចយើងរីកចម្រើន និងឈានទៅដំណាក់កាលថ្មី ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជារឿងដែលមិនអាចខ្វះបាន”៕

  • Rooney ចេញពីក្លិប Man Utd ទៅ Everton ដោយគ្មានតម្លៃខ្លួន

    Rooney ចេញពីក្លិប Man Utd ទៅ Everton ដោយគ្មានតម្លៃខ្លួន

    ខ្សែប្រយុទ្ធ Wayne Rooney របស់ក្លិបបិសាចក្រហម Manchester United នឹងត្រូវវិលទៅកាន់ក្លិបទូកក្តោង Everton វិញ នៅចុងសប្តាហ៍នេះដោយគ្មានតម្លៃខ្លួន។

    បើយោងទៅតាមបណ្តាញសារព័ត៌មាន BBC ត្រូវបានគេយល់ឃើញថា ការផ្ទេរនេះកំពុងស្ថិតយ៉ាងប្រកៀកក្នុងការឈានទៅដល់ការបញ្ចប់ ហើយ Rooney វ័យ31ឆ្នាំ ពិតជាចង់ផ្ទេរទៅកាន់កីឡដ្ឋាន Goodison ពោលគឺរយៈពេល13ឆ្នាំ ក្រោយពីរូបគេបានចាកចេញដើម្បីទៅចូលរួមជាមួយនឹងក្លិប Man United បើទោះបីមានការចាប់អារម្មណ៍ពីក្លិបផ្សេងក៏ដោយ។ Man United នឹងលើកលែងចំពោះតម្លៃខ្លួន ខណៈដែលនេះអាចជាផ្នែកមួយនៃប្រាក់បៀវត្សរ៍13លានផោនក្នុងមួយឆ្នាំរបស់ Rooney។ រូបគេប្រហែលជាមិនចូលរួមក្នុងក្រុម Man United ដែលត្រូវចេញទៅធ្វើការប្រកួតមុនបើករដូវកាលរបស់ពួកគេនៅលើទឹកដីសហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យនេះឡើយ។ ជាមួយគ្នានេះ ការផ្ទេរនេះ ក៏មិនជាប់ទាក់ទងនឹងការប្រមាញ់ទិញខ្សែប្រយុទ្ធ Romelu Lukaku ពីក្លិប Everton របស់ក្រុម Man United ដែរ។

    Rooney បានចុះកុងត្រាថ្មីរយៈពេល4ឆ្នាំកន្លះ អំឡុងពេលនៃយុទ្ធនាការឆ្នាំ2013-2014 ដែលក៏រាប់បញ្ចូលទាំងជម្រើសនៃការបន្តរយៈពេល1ឆ្នាំទៀតផងដែរ ប៉ុន្តែ ក្លិប Man United មិនមានបំណងប្រើប្រាស់លក្ខខណ្ឌនេះឡើយ។ អនាគតរបស់ប្រធានក្រុមនៃក្រុមជម្រើសជាតិអង់គ្លេសរូបនេះ ដែលបានចូលលេងក្នុងជម្រើសដំបូងនៃក្របខ័ណ្ឌ Premier League ត្រឹមតែ15លើកគត់កាលពីរដូវកាលមុននោះ បានក្លាយជាប្រធានបទនៃពាក្យចរចាមអារ៉ាមផ្សេងៗអស់រយៈពេលជាច្រើនខែមកហើយ៕
    ប្រភពព័ត៌មាន៖ BBC

  • រតនៈ ពិសី ប្រើភាពសិចស៊ីធើ្វជាធ្នាក់ដើម្បីសម្រេចបំណង

    រតនៈ ពិសី ប្រើភាពសិចស៊ីធើ្វជាធ្នាក់ដើម្បីសម្រេចបំណង

    ចាប់តាំងពីកញ្ញា រតនៈ ពិសី មានឱកាសបានចេញទៅសម្ដែងនៅក្រៅប្រទេសជាញឹកញាប់មក គេសង្កេតឃើញតារាចម្រៀង និងសម្ដែងរូបនេះហាក់លែងកំណាញ់ខ្លួនដូចមុនទៀតហើយ ពោលគឺថ្មីៗទាំងការថតរូប និងការស្លៀកពាក់ពេល Live ក្នុងបណ្ដាញសង្គម នាងបានធ្វើឱ្យអ្នកគាំទ្រសម្លឹងមើលរូបនាងស្ទើរតែពុំចង់ដាក់ភ្នែក ព្រោះតែភាពសិចស៊ីរបស់នាង។

    មួយរយៈចុងក្រោយនេះតារាចម្រៀង រតនៈ ពិសី ឧស្សាហ៍បង្ហាញភាពស្រស់ស្អាតតាមរយៈការបង្ហាញភាពសិចស៊ីជាមួយទ្រូងដ៏មូលក្បំ និងសាច់ដ៏សខ្ចីដូចបណ្ដូលចេក។ ការសម្ញែងភាពសិចស៊ីបែបនេះត្រូវបានគេមើលឃើញថា នាងកំពុងតែទាញប្រជាប្រិយភាពពីអ្នកគាំទ្ររបស់ខ្លួន។

    យ៉ាងណាកញ្ញា រតនៈ ពិសី បានទទួលស្គាល់ថា នាងពិតជាបានបង្ហាញភាពសិចស៊ីប្លែកជាងពេលមុនៗមែន ព្រោះនាងចង់ទទួលបានការចាប់អារម្មណ៍ពីមហាជន។ ទោះយ៉ាងណានាងអះអាងថា ភាពសិចស៊ីរបស់នាងក៏មិនបានធ្វើឱ្យហួសហេតុពេករហូតទទួលរងនូវការរិះគន់ដែរ។

    តារាសម្ដែងរូបនេះបន្ដថា មូលហេតុនាងធ្វើបែបនេះព្រោះនាងគោលបំណងចង់ទទួលបានភាពទាក់ទាញ និងការចាប់អារម្មណ៍ពីមហាជន។ នៅពេលមានមហាជនស្រឡាញ់ចូលចិត្ដ និងគាំទ្រនាងហើយ ដូច្នេះនៅពេលដែល Original Song របស់នាងចេញទៅលើទីផ្សារ នាងនឹងទទួលបានការគាំទ្រច្រើនមិនខាន។ យ៉ាងណាក៏ដោយនាងបានបញ្ជាក់ថា៖ «ប្រសិនបើបទ ចម្រៀងដំបូងរបស់ខ្ញុំទទួលបានជោគជ័យ ខ្ញុំនឹងផលិតបទជាបន្ដបន្ទាប់ទៀត ពិសេសខ្ញុំអាចនឹងឈានទៅដល់ការបើកផលិតកម្មទៀតផង»។

    កន្លងមកកញ្ញា រតនៈ ពិសី ត្រូវបានគេដឹងថា នាងជាតារាចម្រៀងអាជីពប្រចាំនៅក្នុងផលិតកម្ម «បុត្រា» ប៉ុន្ដែបច្ចុប្បន្ននាងបានដកខ្លួនចេញទៅហើយ។ ជាមួយគ្នាការដកខ្លួននេះនាងបញ្ជាក់ថា នាងពុំមានបញ្ហាអ្វីជាមួយផលិតកម្មទេ ព្រោះការដកខ្លួនចេញពីផលិតកម្ម ដោយសារនាងមានគម្រោងចេញទៅសម្ដែងនៅក្រៅប្រទេសរយៈពេលយូរ ដូច្នេះនាងពុំចង់ធ្វើឱ្យខូចការងារនៅក្នុងផលិតកម្ម ទើបនាងសុំដកខ្លួនតែម្ដង ចំណែកខាងផលិតកម្មក៏បានយល់ពីហេតុផលរបស់នាងដែរ៕

  • គួរ​ទទួលទាន​អាហារ​អ្វីខ្លះ​ដើម្បីឱ្យ​ធ្មេញ​រឹងមាំ?​

    គួរ​ទទួលទាន​អាហារ​អ្វីខ្លះ​ដើម្បីឱ្យ​ធ្មេញ​រឹងមាំ?​

    មិត្ត​អ្នកអាន​ប្រហែលជា​ដឹង​ច្បាស់​ហើយ​ថា ការទទួល​ទាន​អាហារ​ដើម្បីឱ្យ​សុខភាព​ធ្មេញ​រឹងមាំ​នោះ អ្នក​គួរ​កាត់បន្ថយ​អាហារ​ប្រភេទ​ស្ករ និង​ដុស​សម្អាត​ធ្មេញ​គ្រប់ពេល​ក្រោយ​ទទួលទាន​អាហារ​ហើយ តើ​ដឹង​ទេ​ថា ហេតុ​អី​បានជា​ស្ករ​ធ្វើឱ្យ​ធ្មេញ​ពុក?

    ការពិត ស្ករ​មិនមែនជា​មូលហេតុ​ចម្បង​ដែល​ធ្វើឱ្យ​កើតមាន​បញ្ហា ធ្មេញ​ពុក​នោះទេ ព្រោះ​មិន​ថា​ទទួលទាន​អាហារ​អ្វី​ក៏​អាចធ្វើឱ្យ​ធ្មេញ​ពុក​បានដែរ បើ​អ្នក​មិន​ដុស​សម្អាត​ធ្មេញ និង​ទទួលទាន​នេះទទួលទាន​នោះ​ជាប់​រហូត ក៏​ធ្វើឱ្យ​ធ្មេញ​ពុក​បាន​ដូចគ្នា​ដែរ គ្រាន់តែ​ស្ករ ធ្វើឱ្យ​ធ្មេញ​ឆាប់​ពុក​ជាងគេ​ប៉ុណ្ណោះ ព្រោះ​ស្ករ​អាច​តោង​ជាប់​ស្រទាប់​ធ្មេញ​ស្អិត​ជាង និង​ជា​អាហារ​របស់​អតិសុខុមប្រាណ​នៅក្នុង​មាត់​ដែលជា​មូលហេតុ​របស់​រោគ​ពុក​ធ្មេញ​ទៀតផង។

    ដូច្នេះ​ក្រៅពី​ទទួលទាន​ស្ករ​តិច ហើយ​ការ​ទទួលទាន​អាហារ​ដែល​ត្រឹមត្រូវ​ជួយ​ឱ្យ​សុខភាព​ធ្មេញ​ល្អ​បាន​ដូចគ្នា ជាពិសេស​អាហារ​ដូចតទៅ​នេះ ៖

    1. ផ្លែឈើ​រសជាតិ​ជូរ បន្ថែម​វីតាមីន C
    វីតាមីន “ជួយ​ភ្ជាប់​កោសិកា​ធ្មេញ​ឱ្យ​រឹងមាំ​ឡើង និង​ល្អ​ចំពោះ​សាច់​អញ្ចាញធ្មេញ​របស់​អ្នក។ មានការ​ស្រាវជ្រាវ​មួយ​បាន​រកឃើញថា អ្នក​ដែល​ទទួលទាន​វិ​តា​មីន ”តិចជាង60មី​ល្លី​ក្រាម​ក្នុង1ថ្ងៃ នឹងមាន​ឱកាស​កើតរោគ​អញ្ចាញ​ច្រើនជាង​អ្នក​ដែល​ទទួល ទាន​វីតាមីន C 180មី​ល្លី​ក្រាម​ឡើងទៅ​ក្នុង1ថ្ងៃ ដែល​យើង​អាច​ចាប់ផ្តើម ដោយ​ការ​ទទួលទាន​ទឹកក្រូច​ច្របាច់1កែវ ឬ​ក្រូច​មួយ​ផ្លែ​ក៏បាន។

    2. កាល់ស្យូម1000-1500មី​ល្លី​ក្រាម​រៀងរាល់ថ្ងៃ
    ទាំង​អ្នក​ដែលមាន​អាការ​របស់​រោគ​អញ្ចាញ និង​ធ្មេញ និង​អ្នក​ដែលមាន​សុខភាព​មាត់​ធ្មេញ​រឹងមាំ​ល្អ​ហើយក៏​ដោយ ព្រោះ​ក្រៅពី​ជួយ​ឱ្យ​ឆ្អឹង​រឹងមាំ​ហើយ កាល់ស្យូម​មួយផ្នែក​ត្រូវបាន​បែងចែក​ទៅ​សាង​ភាព​រឹងប៉ឹង​ឱ្យ​អញ្ចាញ និង​ធ្មេញ​របស់​អ្នក​ផងដែរ សម្រាប់​អាហារ​ដែលមាន​កាល់ស្យូម​ច្រើន​នោះ​មានដូចជា ទឹកដោះគោ ឈី​ស យ៉ា​អួ ត្រីតូចៗ និង​បន្លែ​បៃតង​ជាដើម។

    3.ទទួលទាន​ទឹកតែ
    មានការ​សិក្សា​ស្រាវជ្រាវ​មួយ​ថ្មី​ទៀត​បានឱ្យដឹងថា ការទទួល​ទាន​ទឹកតែ​ខ្មៅ ឬ​តែ​បៃតង​ដែលមាន​សារធាតុ Polyphenols មានគុណ​សម្បត្តិ​ជា​សារធាតុ​អ៊ែន​ទី​អុក​ស៊ី​ឌែ​ន​ត៍ ជួយ​ការពារ​ស្នាម​ប្រឡាក់​នៅលើ​ធ្មេញ និង​កាត់បន្ថយ​ការពុក​ធ្មេញ បន្ថយ​អាការ​រលាក ក្លិន​មាត់​ទៀតផង។

    ជ្រើសរើស​ទទួលទាន​អាហារ​ដែល​ស័ក្តិសម ដុសធ្មេញ ឬ​ខ្ពុរមាត់​ក្រោយពេល​ទទួលទាន​អា-ហារ​រួច​ជាប្រចាំ និង​ចៀសវាង​អាហារ​ផ្អែម​ខ្លាំង តែ​ប៉ុណ្ណឹង​លោកអ្នក​នឹងមាន​សុខភាព​មាត់ និងធ្មេញ​រឹងមាំ​ល្អ​មិន​ខាន៕

  • នេះជាអាថ៌កំបាំងសម្រាប់ស្ត្រីមេផ្ទះ ក្នុងការរក្សាទុកសាច់ជ្រូកឲ្យបានយូរ​

    នេះជាអាថ៌កំបាំងសម្រាប់ស្ត្រីមេផ្ទះ ក្នុងការរក្សាទុកសាច់ជ្រូកឲ្យបានយូរ​

    ការថែរក្សាសាច់ជ្រូកដើម្បីទុកសម្រាប់ធ្វើម្ហូបឲ្យបានយូរនោះ គួររក្សាទុកនៅក្នុងកន្លែងកកក្នុងទូទឹកកក តែពេលយកចេញមកដើម្បីធ្វើម្ហូប សាច់ជ្រូកដែលកកមួយដុំធំនោះ ពិបាកកាត់យកតាមតម្រូវការខ្លាំងណាស់ ឬបើមិនដូច្នោះទេក៏ត្រូវរង់ចាំយូរណាស់ទំរាំតែវាទន់វិញ ឬពេលខ្លះប្រញាប់ផងនោះ ក៏យកទៅដាក់ត្រាំក្នុងទឹកធ្វើឲ្យសាច់ជ្រូកបាត់បង់គុណប្រយោជន៍ខាងអាហារអស់ ដូច្នេះពេលទិញសាច់ជ្រូកមកហើយ គួរលាងឲ្យស្អាតរួចកាត់ជាដុំៗធំល្មមទុកសម្រាប់ធ្វើម្ហូបមួយពេលៗទុកជាស្រេច បន្ទាប់មកដាក់ក្នុងថង់ផ្លាស្ទិកដោយឡែកពីគ្នា រួចយកទៅដាក់ក្លាស់សេទុកនៅក្នុងទូទឹកកក ។

    នៅពេលត្រូវធ្វើម្ហូបក៏យកចេញមកទុកឲ្យបាត់កកត្រឹមចំនួនដែលត្រូវការ ឬបើប្រញាប់អាចដាក់ត្រាំទឹកបាន តែចូរត្រាំទាំងថង់ផ្លាស្ទិក…ធ្វើបែបនេះពិតជាងាយស្រួលមែន៕

  • អេក្រង់កុំព្យូទ័ររាងឡូយអ៊ីចឹង និងសមត្ថភាពប៉ុណ្ណឹង ត្រូវចិត្តអត់?!

    អេក្រង់កុំព្យូទ័ររាងឡូយអ៊ីចឹង និងសមត្ថភាពប៉ុណ្ណឹង ត្រូវចិត្តអត់?!

    សម្រាប់ការងារជាអ្នករចនា ដែលយើងនិយមហៅថាអ្នកឌីហ្សាញនោះ ក្រៅពីមានកុំព្យូទ័រដែលមានសមត្ថភាពដំណើរការរលូនហើយ នៅមានចំណុចមួយទៀតដែលអ្នកត្រូវគិតដល់ នោះគឺសមត្ថភាពបង្ហាញរូបភាពរបស់ម៉ូនីទ័រកុំព្យូទ័រ។ ដោយសារចំណុចនេះ វាធ្វើឱ្យអ្នកអាចបែងចែក និងកំណត់ពណ៌ឱ្យត្រូវនឹងអ្វីដែលអ្នកចង់បាន ព្រោះថាម៉ូនីទ័រកុំព្យូទ័រខ្លះ មិនអាចបង្ហាញពណ៌ត្រូវ 100% តាមការចង់បានរបស់យើងឡើយ។

    ក្រុមហ៊ុន LG បានបញ្ចេញនូវប្រភេទអេក្រង់កុំព្យូទ័រ LG 34UC97 ដែលមានសមត្ថភាពយ៉ាងពិសេស ខុសប្លែកគេ ជាមួយនឹងរូបរាងកោង អាចបង្ហាញរូបភាពលើកម្រិត 21:9 Ultrawide បង្កើតឡើងជាពិសេសសម្រាប់អ្នករចនា អ្នកថតរូប អ្នកផលិតកម្មវិធីទូរទស្សន៍ ជាមួយនឹងគុណភាពរូបភាពច្បាស់ និងមុខងារសម្បូរបែប។ ម៉ូនីទ័រនេះ ត្រូវបានបង្កើតឡើងឱ្យមានសមត្ថភាពលើសពីម៉ូនីទ័រធម្មតាដែលអ្នកធ្លាប់ប្រើ ជាមួយនឹងអេក្រង់កោងបង្ហាញរូបភាពច្បាស់កម្រិត QHD ពេញភ្នែក សម្លឹងយូរមិនធ្វើឱ្យក្ដៅភ្នែក រួមនឹងមុខងារ Multitasking អាចបែកចែកអេក្រង់តាមតម្រូវការ។

    អេក្រង់នេះត្រូវបានរចនាឡើងសម្រាប់ភាពទាន់សម័យ ចាប់ផ្ដើមពីជើងទម្ររហូតដល់ផ្នែកទាំងមូលរបស់វា។ ជាមួយនឹងទំហំខ្លួន 830.5 x 106.4 x 370.3 មីល្លីម៉ែត្រ និងមានទម្ងន់ 8.2 គីឡូ ផ្ដល់នូវជំហររឹងមាំបែបស្រស់ស្អាត។ ដោយឡែកអេក្រង់របស់វាវិញ LG បានបំពាក់នូវប្រភេទកញ្ចក់កោង IPS អាចបង្ហាញរូបភាពកម្រិត QHD 3440 x1440 ភិកសែល ខ្នាត 21:9 Ultrawide អាចឱ្យអ្នកមើលឃើញរូបភាពកាន់តែធំ និងសម្រួលបានយ៉ាងច្រើនក្នុងកិច្ចការងារ។

    លើសពីភាពកោង និងទំហំអេក្រង់វែងជាងមុន LG 34UC97 បានផ្ដល់នូវលក្ខណៈពិសេសមួយ ដោយអ្នកអាចធ្វើការបែងចែកអេក្រង់បាន 4 សណ្ឋានខុសៗគ្នា ខណៈវាអាចធ្វើការតភ្ជាប់ទៅនឹងកុំព្យូទ័រ 2 ផ្សេងគ្នា មិនថាប្រភេទ Windows ឬ Mac OS។ មិនតែប៉ុណ្ណោះ វាក៏បានប្រើប្រាស់នូវបច្ចេកវិទ្យាពណ៌ sRGB ដូច 99% នៃពណ៌ដែលរំពឹងចង់បានសម្រាប់អ្នកធ្វើ Artwork ឬរូបថត ដោយមានភាពលម្អៀងតិចបំផុត។ បន្ថែមពីលើភាពច្បាស់ សម្រាប់ការទស្សនាវីដេអូ និងលេងហ្គេម វាបានដាក់ចេញនូវបច្ចេកវិទ្យាសំឡេង MaxxAudio និង Speaker កម្លាំង 7W ធ្វើឱ្យវាកាន់តែកាន់រំជើបរំជួលដូចស្ថិតក្នុងរោងកុនដូច្នោះដែរ។ ក្នុងនោះសម្រាប់រន្ធតភ្ជាប់នៅផ្នែកខាងក្រោយដូចជា រន្ធ HDMI, USB 3.0 និងរន្ធសម្រាប់ កុំព្យូទ័រ Mac តាមរន្ធ Thunderbolt 2 ហើយតម្លៃវិញ គឺប្រមាណជា 999 ដុល្លារ សម្រាប់ទីផ្សារកម្ពុជា៕

    លក្ខណៈសម្បត្តិ
    អេក្រង់៖ 34 អ៊ីញ ប្រភេទ IPS
    កម្រិតពណ៌៖ SRGB 99% ដូចធម្មជាតិ
    Aspect Ratio ៖ 21:9
    Resolution៖ 3440 x 1440 ភិកសែល
    Brightness ៖ 300 cd/m2
    រន្ធតភ្ជាប់៖ 2 HDMI, 2 ThunderBolt
    ទំហំ៖ 830.5 x 106.4 x 370.3 មីល្លីម៉ែត្រ
    ទម្ងន់៖ 8.2 គីឡូក្រាម

  • Dream Girl project សម្រេចក្តីស្រមៃរបស់ស្ត្រីកម្ពុជាដែលស្រឡាញ់ការរចនាម៉ូដ

    Dream Girl project សម្រេចក្តីស្រមៃរបស់ស្ត្រីកម្ពុជាដែលស្រឡាញ់ការរចនាម៉ូដ

    ការប្រកួតរចនាម៉ូដលើកទី 7 (7th Dream Girl Design Contest) ជាកម្មវិធីមួយជួយស្ត្រីកម្ពុជា ដែលស្រឡាញ់ការរចនាម៉ូដឱ្យអាចសម្រេចក្តីស្រមៃរបស់ខ្លួនបានតាមរយៈការបង្ហាញស្នាដៃរបស់ខ្លួនជាសាធារណៈ។

    នៅក្នុងគម្រោងមួយនេះគឺបើកឱកាសសម្រាប់មនុស្សស្រីគ្រប់គ្នាបានបញ្ចេញសមត្ថភាពដែលមានពីធម្មជាតិ រួមទាំងការហ្វឹកហាត់នានារបស់ខ្លួនដើម្បីប្រកួតយករង្វាន់ និងកិត្តិយសមួយសម្រាប់ជីវិតលើផ្នែករចនាម៉ូដ។ អ្នកដែលឈ្នះក្នុងការប្រកួតគឺ ជយលាភីលេខ 1 នឹងទទួលបានរង្វាន់1000ដុល្លារ អ្នកទទួលបានលេខ2 នឹងទទួលបានថវិកា300ដុល្លារ និងអ្នកលេខ3 ទទួលបានថវិកា100ដុល្លារ។ បេក្ខនារីត្រូវដាក់ពាក្យឱ្យបានមុនថ្ងៃទី29 ខែសីហា ឆ្នាំ2017 ដោយអាចមកដាក់នៅកន្លែងទទួលពាក្យក៏បានផ្ញើតាម Facebook របស់ Dream Girl Project ក៏បាន។

    លក្ខខណ្ឌនៃការប្រកួតគឺ បេក្ខនារីត្រូវរៀបចំការរចនាម៉ូដរបស់ខ្លួនដោយការគូររូបជាមួយគ្រប់ឧបករណ៍ដែលខ្លួនអាចគូរបាន ហើយគំនូរត្រូវតែរចនាជារៀងការ៉េ និងប្រើរចនាបទផ្ទាល់ខ្លួន៕

     

  • Nokia វិលរកមិត្តចាស់ដើម្បីបង្កើតប្រវត្តិសាស្រ្ដថ្មី

    Nokia វិលរកមិត្តចាស់ដើម្បីបង្កើតប្រវត្តិសាស្រ្ដថ្មី

    កាលពីឆ្នាំ 2004 ក្រុមហ៊ុន Nokia បានធ្វើការសហការជាមួយនឹងក្រុមហ៊ុន Carl Zeiss AG របស់អាល្លឺម៉ង់ ដោយនាំយកបច្ចេកវិទ្យាកាមេរ៉ា Carl Zeiss optic ដ៏ទំនើបមកបំពាក់លើទូរស័ព្ទ N Series ហើយ 8ឆ្នាំក្រោយមក ក្រុមហ៊ុនក៏នាំយកកាមេរ៉ានេះមកបំពាក់លើទូរស័ព្ទស៊េរី Lumia ដោយបន្ថែមនូវបច្ចេកវិទ្យាកាមេរ៉ា PureView ហើយឆ្នាំ 2017 នេះ ក្រុមហ៊ុនទាំង 2 បានធ្វើការសហការគ្នាម្ដងទៀត សម្រាប់បំពាក់លើស្មាតហ្វូន Android ថ្មីរបស់ Nokia ក្រោមការដឹកនាំពីក្រុមហ៊ុន HMD Global។

    ការវិលរកមិត្តចាស់នេះដោយសារ Nokia ចង់បង្កើតប្រវត្តិសាស្រ្ដថ្មីម្ដងទៀត ក្រោមកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូលើការអភិវឌ្ឍរួមគ្នារយៈពេលវែងនូវស្តង់ដារនៃរូបភាពថ្មីក្នុងឧស្សាហកម្មស្មាតហ្វូន ដែលនឹងនាំយកនូវកាមេរ៉ា Hardware លំដាប់អាជីពឈានមុនគេសម្រាប់ស្មាតហ្វូន Nokia Android។

    HMD និង Zeiss មិនបានបញ្ជាក់លម្អិតអំពីផលិតផលអ្វីដែលពួកគេនឹងអភិវឌ្ឍ ឬក៏ប្រភេទបច្ចេកវិទ្យាថ្មីៗទាំងនោះទេ ប៉ុន្តែតាមការសន្និដ្ឋាន ក្រុមហ៊ុនចង់បង្កើតប្រវត្តិសាស្រ្ដម្ដងទៀតដូចកាលស៊េរីទូរស័ព្ទ Nokia Lumia 1020 ដែលមានកាមេរ៉ាទំហំ 41MP ដ៏ល្បីល្បាញក្នុងពិភពលោក៕

  • កម្ពុជានៅមានលទ្ធភាព ខ្ចីឥណទានបរទេសដើម្បីយកមកអភិវឌ្ឍប្រទេស

    កម្ពុជានៅមានលទ្ធភាព ខ្ចីឥណទានបរទេសដើម្បីយកមកអភិវឌ្ឍប្រទេស

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា កម្ពុជានៅមានលទ្ធភាពក្នុងការខ្ចីឥណទានពីបរទេសយកមកអភិវឌ្ឍប្រទេសបន្ថែមទៀត ដោយសារកម្រិតបំណុលរបស់កម្ពុជាធៀបនឹងផលទុនជាតិសរុបនៅមានកម្រិតទាបនៅឡើយ។

    លោក វង្ស៊ី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងនៅក្នុងសិក្ខាសាលាស្តីពីការបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងភាពប្រកួតប្រជែងកម្ពុជានៅទីស្តីការក្រសួងថ្ងៃទី7 ខែកក្តដា ឆ្នាំ2017នេះថា ក្រោយពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធមកដល់បច្ចុប្បន្ននេះ កម្ពុជាមានចំណូលកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងនោះអាចមានសមត្ថភាពចំណាយ1ភាគ3សម្រាប់ការវិនិយោគដែលប្រើប្រាស់ថវិការដ្ឋ និងចំនួន2ភាគ3 គឺកម្ពុជាបានខ្ចីពីបរទេស។
    បច្ចុប្បន្នបើគិតពីបំណុលសាធារណៈនេះ កម្ពុជាទើបបានខ្ចីឥណទានពីបរទេសក្នុងចន្លោះ31ទៅ32នៃផលទុនជាតិសរុប (GDP)ប៉ុណ្ណោះ។

    លោកបន្តថា “កម្ពុជានៅអាចខ្ចីឥណទានពីបរទេសយកមកអភិវឌ្ឍបន្តទៀតបាន ប៉ុន្តែដើម្បីប្រើប្រាស់ថវិកានេះឲ្យមានប្រសិទ្ធភាពក្នុងកញ្ចប់ថវិកាជាតិក្តី និងទាក់ទាញអ្នកវិនិយោគក្តី គឺកម្ពុជាត្រូវមានផែនការមេឲ្យបានច្បាស់លាស់ នៅក្នុងគម្រោងការអភិវឌ្ឍន៍នានា”។

    លោករដ្ឋលេខាធិការបានបន្តថា ក្នុងការប្រកួតប្រជែងដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ មានវិស័យជាច្រើនដែលកម្ពុជាត្រូវជំរុញឲ្យមានប្រសិទ្ធភាព និងមានគុណភាព ព្រោះទាំងអស់នោះគឺសុទ្ធតែជាវិស័យដែលត្រូវការចំណាយថវិកាជាច្រើនដើម្បីអភិវឌ្ឍឈានទៅរកការប្រកួតប្រជែងប្រកបដោយជោគជ័យបាន។លោកបានបន្តទៀតថា ដើម្បីប្រើប្រាស់ថវិកាកម្ចីនេះឲ្យមានប្រសិទ្ធភាព ទាំងថវិកាជាតិខ្លួនឯងក្តី ទាំងការទាក់ទាញអ្នកវិនិយោគក្តី គឺកម្ពុជាចាំបាច់ត្រូវមានផែនការមេដោយខ្លួនឯង។
    ប៉ុន្តែមកដល់សព្វថ្ងៃនេះ សូម្បីតែផែនការមេសម្រាប់អភិវឌ្ឍអ្វីមួយនោះ យើងពុំទាន់មានឡើយ។ ដូច្នេះប្រសិនបើយើងមិនទាន់មានប្រព័ន្ធផែនការមេច្បាស់លាស់ និងប្រព័ន្ធផែនការមេសម្រាប់ការដឹកជញ្ជូន និងពុំទាន់មានផែនការមេថា តើគួរស្ថាបនាផ្លូវរបៀបណា? នៅត្រង់ណា? និងឆ្នាំណាបានអនុវត្តរួចរាល់នោះ? សួរថា តើយើងអាចប្រកួតប្រជែងដោយរបៀបណាដើម្បីជោគជ័យ?៕

  • ចុម! ស្ងាត់ៗ ករុណា ពេជ្រ ជាម្ចាស់វិនិយោគផ្សាររាត្រីកុងតឺន័រនៅក្រុងសៀមរាប

    ចុម! ស្ងាត់ៗ ករុណា ពេជ្រ ជាម្ចាស់វិនិយោគផ្សាររាត្រីកុងតឺន័រនៅក្រុងសៀមរាប

    ដោយសម្លឹងឃើញមានការគាំទ្រយ៉ាងខ្លាំងចំពោះផ្សាររាត្រីកុងតឺន័រនៅរាជធានីភ្នំពេញ លោក ករុណា ពេជ្រ ជាតារាចម្រៀង និងជាអ្នកគ្រប់គ្រងប្រចាំផលិតកម្ម Town និងជាម្ចាស់ក្រុមហ៊ុនរៀបចំពិធីការ និងផ្កាស្រស់ ក៏មានចំណាប់អារម្មណ៍បោះទុនវិនិយោគផ្សាររាត្រីកុងតឺន័រ ដែលស្ថិតនៅចំកណ្ដាលក្រុងសៀមរាប ខេត្តសៀមរាបដែលចំណាយដើមទុនដល់ទៅក្បែរលានដុល្លារសហរដ្ឋអាមេរិកឯណោះ។

    ជាមួយការបណ្ដាក់ទុននៅក្នុងតំបន់ទេសចរណ៍មួយដែលមានភ្ញៀវជាតិ និងអន្ដរជាតិមកកម្សាន្ដច្រើនកុះករនេះ លោកបានរៀបចំបង្កើតជាតូបសម្រាប់អតិថិជនដែលមានបំណងចង់លក់ដូរនៅផ្សាររាត្រីកុងតឺន័រកណ្ដាលក្រុងសៀមរាបដល់ទៅជាង500 តូប ហើយនឹងបើកដំណើរការលក់ក្នុងពេលឆាប់ៗខាងមុខនេះ។ នៅក្នុងនោះដែរ ក៏ត្រូវបានបែងចែកជាផ្នែកសំខាន់ៗ សម្រាប់អាជីករដែលអាចបើកធ្វើជា កន្លែងលក់សម្លៀកបំពាក់បែបខ្មែរ អាហារដ្ឋានជាតិ និងអន្ដរជាតិ កន្លែងលក់វត្ថុអនុស្សារីយ៍ កន្លែងស្ដាប់តន្ត្រី កន្លែងពិសាភេសជ្ជៈបរទេស ជាដើម។ អតិថិជនអាចចុះឈ្មោះជួលតូបបាន ចាប់ពីថ្ងៃទី5 ខែកក្កដា ឆ្នាំ2017 តទៅ ហើយចំពោះអតិថិជន100 នាក់ដំបូងនឹងមានការបញ្ចុះតម្លៃពិសេសផងដែរ។

    ជុំវិញដំណឹងនេះ លោក ករុណា ពេជ្រ បានបញ្ជាក់ប្រាប់ថា លោកគ្រាន់ជាអ្នកតំណាងក្នុងការវិនិយោគលើគម្រោងនេះប៉ុណ្ណោះ និងបានដឹងថា ផ្សាររាត្រីកុងតឺន័រនេះបានចំណាយទុនអស់ 1លានដុល្លារសហរដ្ឋអាមេរិក និងសាងសង់ឡើងនៅលើផ្ទៃដីចំនួន 2 ហិកតាកន្លះ។

    គួរបញ្ជាក់ដែរថា ដែលនៅក្នុងរយៈពេលតែ 2 ថ្ងៃសោះ មានអតិថិជនបានជួលតូបអស់ចំនួន 100 តូបទៅហើយ ហើយអតិថិជនដែលបានជួលតូបត្រូវចុះកិច្ចសន្យាក្នុងរយៈពេល 2 ឆ្នាំ។ ទោះជាយ៉ាងក៏ដោយ លោក ករុណា ពេជ្រមិនបានបង្ហាញពីអត្តសញ្ញាណរបស់អ្នកបោះទុនវិនិយោគនេះទេ៕