Author: វល័ក្ខ

  • ដឹង​ទុកជា​ចំណេះ…សុជីវធម៌​ក្នុង​ការឱ្យ​លុយ​ធិ​ប​នៅក្រៅ​ប្រទេស​

    ដឹង​ទុកជា​ចំណេះ…សុជីវធម៌​ក្នុង​ការឱ្យ​លុយ​ធិ​ប​នៅក្រៅ​ប្រទេស​

    អ្នកណា​ដែល​និយម​ចូល​ចិត្តការ​ទៅ​ដើរលេង​កម្សាន្ត​នៅ​បរទេស ធ្លាប់​នឹក​សង្ស័យ​ដែរឬទេ​ថា តើ​ត្រូវ​ចាយលុយ​ធិ​ប​តបស្នង​ថ្លៃ​សេវាកម្ម​ប៉ុន្មាន​ល្អ និង​មិនត្រូវ​អ្នករត់​តុ​សម្លឹងមុខ​ចោទថា​អត់​សុជីវធម៌ ឬ​គិតថា​ភ្ញៀវ​ចង់​អួតខ្លួន​ថា​មាន​ជ្រុល​ពេក(ករណី​ឱ្យ​លុយ​ធិ​ប​ច្រើន​ជ្រុល) ដូច្នេះ​បើ​អ្នកណា​ដែល​កំពុង​នឹក​ឆ្ងល់​នោះ ថ្ងៃនេះ ឡា​រ៉ែ​ន​មាន​ចម្លើយ​សម្រាប់ចម្ងល់​ក្នុង​ការឱ្យ​លុយ​ធិ​ប​នៅតាម​ហាង​ក្នុង​បណ្តា​ប្រទេសល្បីៗមក​ជម្រាបជូន​ដូចខាងក្រោម។

    1 . ប្រទេស​អាល្លឺម៉ង់

    ភោជនីយដ្ឋាន​នៅក្នុង​ប្រទេស​នេះ ទោះជា​រួម​ថ្លៃ​លុយ​ធិ​ប​នៅក្នុង​វិក្កយបត្រ​ហើយក៏​ពិតមែន តែ​ទំនៀមទម្លាប់​របស់​អាល្លឺម៉ង់​គឺ អតិថិជន​ត្រូវតែ​ចាយ​បន្ថែមទៀត 5 – 10 % នៃ​ថ្លៃ​អាហារ និង​ដែល​សំខាន់​នោះ​គឺ ត្រូវឱ្យ​ដោយផ្ទាល់​ដៃ​ទៅ​បុគ្គលិក​ដោយ​ត្រង់​តែប៉ុណ្ណោះ មិន​ដូច្នោះ​ទេ​អាច​នឹង​ត្រូវគេ​សម្លឹងមុខ។

    2 . ប្រទេស ប្រេ​ស៊ី​ល

    ភោជនីយដ្ឋាន​ក្នុងប្រទេស​ប្រេ​ស៊ី​ល​បាន​គិតថ្លៃ​បម្រើ​សេវាកម្ម ឬ​សឺ​វី​ស ឆា​ច 10 %រួមជាមួយ​ថ្លៃ​អាហារ និង​ភេសជ្ជៈ​ស្រាប់​ហើយ ដូច្នេះ​បើ​អ្នកណា​ចង់​មិន​ចាយលុយ​ធិ​ប​ក៏​មិនមែន​ជាការ​អត់​សុជីវធម៌​អ្វី​ដែរ តែ​បើសិនជា​យើង​មាន​អារម្មណ៍​ពេញចិត្ត​នឹង​ការបម្រើ​សេវាកម្ម​របស់​ហាង​នោះ អាច​ចាយ​ថែម 5 – 10 % នៃ​តម្លៃ​ទាំងអស់​បាន ត្រឹមតែ​ប៉ុណ្ណឹង​បុគ្គលិក​បម្រើ​តុ​ក៏​ញញឹម​ចង់​ប្រេះ​ថ្ពាល់​បាត់ទៅហើយ។

    3 . ប្រទេស អ៊ីស្រាអែល

    ជា​ប្រទេស​ដែល​គិតថ្លៃ​សឺ​វី​ស ឆា​ច​សាហាវ​ខ្លាំងណាស់ ព្រោះ​ហាង​ខ្លះ​គិត​ច្រើន​ដល់​ទៅ 18 % ឯណោះ តែ​ជាទូទៅ​ហាង​នឹង​គិតថ្លៃ​នេះ​ប្រមាណ 10 – 13 % មុន​ស្រេច​ហើយ ដូច្នេះ​យើង​មិនចាំបាច់​ឱ្យ​លុយ​ធិ​ប​ថែមទៀត​ក៏​មិន​អី​ដែរ។

    4 . ទីក្រុង ឌូ​បៃ ប្រទេស​អារ៉ាប់​រួម

    បុគ្គលិក​បម្រើសេវា​កម្ម (អ្នករត់​តុ)នៅ​ឌូ​បៃ​បាន​ប្រាក់ខែ​មិនជា​ច្រើន​ប៉ុន្មាន​ទេ ដូច្នេះ​ប្រហែលជា​មិន​គួរឱ្យ​អាក្រក់​មើល​ឡើយ​បើសិនជា​អ្នកណា​ចង់ឱ្យ​លុយ​ធិ​ប​ថែម​ទៅ​ពួកគេ ទោះជា​ខាង​ហាង​បាន​គិតថ្លៃ​សេវាកម្ម 10 %រួចហើយ​ក៏ដោយ។

    5 . សាធារណរដ្ឋ ឆេ​ក

    ភោជនីយដ្ឋាន​នៅ​ទីនោះ​មិន​និយម​គិតថ្លៃ​សឺ​វី​ស ឆា​ច តែ​ក៏​មិនបាន​មានន័យថា​យើង​នឹងមិន​ចាំបាច់​ឱ្យ​លុយ​ធិ​ប​ដែរ ព្រោះ​អ្នកទេសចរ​ត្រូវបាន​សង្ឃឹមថានឹង​ឱ្យ​លុយ​ធិ​ប​ទៅ​អ្នកបម្រើ​តុ​បន្ថែម​ប្រមាណ​ជា 5 – 10 % នៃ​ថ្លៃ​អាហារ​ទាំងអស់ តែបើ​ភ្ញៀវ​មិនឱ្យ​លុយ​ធិ​ប​អាច​នឹងត្រូវ​អ្នកបម្រើ​តុ​សម្លឹងមុខ ធ្វើ​រាងប្លែកៗដាក់​មិន​ខាន។

    6 . ប្រទេស ឥណ្ឌា

    អ្នកណា​ដែល​ត្រូវចិត្ត និង​រីករាយ​នឹង​ការបម្រើ​របស់​បុគ្គលិក​ក្នុង​ហាង គួរតែ​ឱ្យ​ធិ​ប​ផ្ទាល់ដៃ​ទៅ​បុគ្គលិក​ម្នាក់​នោះ​តែម្តង ដោយ​គណនា​ពី​តម្លៃ​អាហារ​ទាំងអស់​ទាប​បំផុត 5% តែបើ​ថ្លៃ​សរុប​ទាំងអស់​មិន​លើស 500 រូពី​នោះ ក៏​ឱ្យ​ធិ​បច្រើនៗតែម្តងទៅ 10 %។

    7 . ប្រទេស​ដែល​មិន​ខ្វល់​ពី​រឿង​លុយ​ធិ​ប

    មិនមែន​ថា​ទៅ​បរទេស​ហើយ​ត្រូវតែ​អស់​លុយ​ធិ​ប​គ្រប់​ប្រទេស​នោះទេ នៅមាន​ប្រទេស​ដែល​មិន​ខ្វល់​នឹង​រឿង​លុយ​ធិ​ប​សោះ​ក៏មានដែរ ដូចជា ប្រទេស អ៊ីតាលី ជប៉ុន វៀតណាម នី​វ​ហ្ស៊ី​លែ​ន អូស្ត្រាលី បែ​ល​យៀម បារាំង សិង្ហ​បុរី​ម៉ា​ឡេ​សៀ ចិន និង​កោះ​ហុងកុង ដែល​ទោះជា​មិនឱ្យ ក៏​មើល​ទៅជា​រឿង​ធម្មតា​និង​មិនមែន​ជាការ​អត់​សុជីវធម៌​បន្តិច​ណា​ឡើយ តែបើ​ពេញ​ចិត្តនឹង​ការបម្រើ​សេវាកម្ម​របស់​បុគ្គលិក អាច​តបស្នង​ទៅវិញ​ដោយ​លុយ​ធិ​ប​បន្តិចបន្តួច​ក៏​ជា​ការល្អ​សម្រាប់​ពួកគេ​ខ្លាំងណាស់ និង​ទោះជា​មិនមែនជា​ទំនៀមទម្លាប់​របស់​ប្រទេស​នោះ​ក៏ដោយ តែ​វា​អាចជា​ការលើកទឹកចិត្ត​ដល់​បុគ្គលិក​បម្រើ​តុ​ឱ្យ​ខំប្រឹង​ធ្វើការ​យូរ​តទៅទៀតបាន៕

  • SEM រំពឹងទទួលបានឱកាសពី TMS

    SEM រំពឹងទទួលបានឱកាសពី TMS

    បច្ចុប្បន្នតារាចម្រៀង Sem បានផ្លាស់ប្ដូរពីផលិតកម្ម Big Man ទៅក្រុម TMS ដែលជាស្ថាប័នមួយស្ថិតនៅក្រោមការមើលឥទ្ធិពលរបស់ស្ថានីយទូរទស្សន៍ MYTV, CTN និង CNC បើគិតមកដល់ពេលនេះទើបតែមានរយៈពេលប្រមាណជិតពីរខែប៉ុណ្ណោះ ប៉ុន្ដែត្រូវបាន Sem អះអាងថា លោកមានអារម្មណ៍រីករាយ និងកក់ក្ដៅគ្រាដែលលោកមើលឃើញថា ទ្រនំថ្មីនេះអាចផ្ដល់ឱកាសការងារដល់លោកច្រើន។

    មុនពេលលោក Sem បានសម្ដែងនូវក្ដីសង្ឃឹមបែបនេះ គេធ្លាប់បានឮអ្នកនាង យុគ ចិន្ដា ប្រាប់រូចមកហើយថា ទោះបីជាសមាជិកក្រុម TMS មានច្រើនក៏ពិតមែន តែនាងនឹងបែងចែកផលប្រយោជន៍ការងារដល់សមាជិកឱ្យបានស្មើៗគ្នា តែទាមទារឱ្យពួកគេមានសមត្ថភាពដើម្បីបង្កើនប្រជាប្រិយភាពក្នុងទីផ្សារ។ វាស្របគ្នាទៅនឹងសមត្ថភាពរបស់តារាសិល្បៈពហុជំនាញ Sem ដែលគេបានដឹងថា ក្រៅពីការប្រើសំនៀងដ៏មានភាពទាក់ទាញហើយនោះ លោកក៏មានទេពកោសល្យក្នុងការសម្ដែងមិនចាញ់តារាសម្ដែងអាជីពដែរ។

    លោក Sem បានបញ្ជាក់ប្រាប់ថា លោកមានភាពកក់ក្ដៅជាខ្លាំង បើទោះជាលោកទើបតែបំពេញការងារបានមួយរយៈខ្លីក៏ដោយ។ លោកបន្ដថា ទោះបីជាសមាជិកក្នុងក្រុមមានច្រើនមែន តែលោកមិនដែលមានកង្វល់ទៅលើបញ្ហានេះទេ ផ្ទុយទៅវិញក្រុមមួយដែលមានធនធានមនុស្សច្រើន សុទ្ធតែជាអ្នកខ្លាំងនឹងកាន់តែបង្កើនភាពទាក់ទាញក្នុងទីផ្សារដែលជំរុញឱ្យមានឱកាសការងារកាន់តែច្រើន។

    ជាមួយក្ដីរំពឹងនេះ លោកបញ្ជាក់ថា លោកមានសមត្ថភាព2 ដូច្នេះកាន់តែលែងបារម្ភ ព្រោះសមត្ថភាពទាំងនេះកំពុងតែមានតម្រូវការនៅក្នុងទីផ្សារសិល្បៈ ម្យ៉ាងស្ថានីយទូរទស្សន៍ទាំងបីបច្ចុប្បន្នសុទ្ធតែមានផលិតជាភាពយន្ដ ចម្រៀងរបស់ខ្លួនឯងដូច្នេះអ្វីដែលយើងបារម្ភនោះគឺមានតែធ្វើការងារមិនអស់ផង។
    Sem បន្ដថា៖«តាំងពីថ្ងៃចូលមកកាន់ TMS ដំបូង ខ្ញុំត្រូវបានអ្នកគ្រប់គ្រងប្រគល់ការងារសម្ដែង Concert ឱ្យទៅហើយ ។ ក្រៅពីនេះការចូលមកហើយត្រូវបានកាន់ក្រុមថ្មីនេះ ក៏ជាឱកាសរបស់ខ្ញុំក្នុងការរៀនសូត្របន្ថែមដើម្បីបង្កើនសមត្ថភាពទៀតដែរ»។

    ជាមួយគ្នានេះលោកប្រាប់ថា ទោះលោកមានសមត្ថភាពក្នុងសិល្បៈច្រើនជំនាញពិតមែន ប៉ុន្ដែវាគ្រាន់តែជាទេពកោសល្យពីកំណើត ប្រសិនមានឱកាសពង្រីកសមត្ថភាពបន្ថែមជារឿងល្អសម្រាប់លោកក្នុងការឈានទៅរកសមត្ថភាពស្ដង់ដារអាចបំពេញតម្រូវការទីផ្សារក្នុងស្រុក និងក្នុងតំបន់បាន៕

  • ដំណឹងល្អសម្រាប់ពលរដ្ឋខ្មែរ៖ ការដាក់ឱ្យជាប់ពន្ធអាករ (VAT)10% ត្រូវបានពន្យារពេលហើយ

    ដំណឹងល្អសម្រាប់ពលរដ្ឋខ្មែរ៖ ការដាក់ឱ្យជាប់ពន្ធអាករ (VAT)10% ត្រូវបានពន្យារពេលហើយ

    ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីជូនដំណឹងថ្មីមួយដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ដែលកំពុងប្រកបអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាថា ការអនុវត្តបទប្បញ្ញត្តិនៃការផ្គត់ផ្គង់មិនជាប់ពន្ធអាករចំពោះសេវាមូលដ្ឋានខាងហិរញ្ញវត្ថុស្តីពីការណែនាំឱ្យអនុវត្តពន្ធលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់មិនជាប់អាករត្រូវបានព្យួរការអនុវត្តបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។

    សេចក្តីជូនដំណឹងចុះហត្ថលេខាដោយលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយផ្នែកឯកជនដើម្បីពិនិត្យសិក្សាលម្អិតឡើងវិញនូវនិយមន័យនៃពាក្យ «សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ» និងការអនុវត្តអាករលើតម្លៃបន្ថែមលើសេវាមិនមែនជាមូលដ្ឋានខាងហិរញ្ញវត្ថុក្នុងគោលបំណងធានាបាននូវសង្គតិភាពក្នុងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីសារពើពន្ធ ព្រមទាំងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

    ប្រជាពលរដ្ឋអ្នកប្រើសេវាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានសាទរចំពោះការដាក់ឱ្យពន្យារពេលនេះ។ លោក ហាក់ សេងហ៊ុយ ប្រជាពលរដ្ឋនៅសង្កាត់ជើងឯក រាជធានីភ្នំពេញ មានប្រសាសន៍ថា ការពន្យារការបង់ពន្ធអាករ (VAT)10%នេះ គឺជាការដកបន្ទុកដ៍ធ្ងន់ធ្ងរសម្រាប់ប្រជាពលរដ្ឋទូទៅដែលជាប់ពន្ធ។

    កន្លងមកសាធារណជនមានការព្រួយបារម្មណ៍ចំពោះការដាក់ឱ្យជាប់ពន្ធអាករលើតម្លៃបន្ថែមនេះដោយអះអាងថា ពួកគាត់កំពុងព្រួយបារម្ភដោយសារជាប់បំណុលធនាគារហើយនោះ រដ្ឋាភិបាលបែរជាដាក់ឱ្យជាប់ពន្ធអាករបន្ថែម (VAT)10% ដែលជាការបន្ថែមបន្ទុកមួយដ៍ធ្ងន់ក្នុងគ្រួសារ។ លោកអះអាងថា បើសិនជារដ្ឋាភិបាលលើកលែងពន្ធអាករនេះតែម្តងគឺជារឿងល្អសម្រាប់ប្រជាជនទូទៅ៕

  • ជប៉ុនគ្រោងសង់រោងចក្រផលិតក្តារកៀបចេញពីកម្ទេចឈើនៅកម្ពុជា

    ជប៉ុនគ្រោងសង់រោងចក្រផលិតក្តារកៀបចេញពីកម្ទេចឈើនៅកម្ពុជា

    ភ្នំពេញ៖ ប្រជាជនខ្មែរភាគច្រើនតែងមើលរំលងពីអត្ថប្រយោជន៍ដ៍អស្ចារ្យរបស់កម្ទេចឈើ ដោយតែងយកវាទៅធ្វើជាជីបណ្តុះកូនឈើ ឬសម្រាប់ដុតបំពក់ភ្លើងចំអិនអាហារ ឬដេញមូសប៉ុណ្ណោះ ប៉ុន្តែដោយមើលឃើញពីអត្ថប្រយោជន៍ថ្មីរបស់វា ក្រុមពាណិជ្ជករជប៉ុនគ្រោងបង្កើតរោងចក្រផលិតក្តារកម្ទេចឈើដ៍ធំមួយនៅក្នុងខេត្តព្រះសីហនុ ប្រទេសកម្ពុជា សម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស។

    ក្នុងពេលដឹកនាំប្រតិភូវិនិយោគិនចិន និងជប៉ុន មកទស្សនកិច្ចស្តីពីសក្តានុពលវិនិយោគនៅកម្ពុជាអ្នកឧកញ៉ា ហ្ចាក់គី សែចិន បានជម្រាបជូនឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថា វិនិយោគិនជប៉ុនមានបំណងមកបង្កើតរោងចក្រកែឆ្នៃឈើកៀប ចេញពីកម្ទេចឈើ សម្បកដូងប្រេង និងរុក្ខជាតិដទៃទៀតដើម្បីនាំចេញទៅលក់ជប៉ុនវិញ សម្រាប់ដុតនៅក្នុងរោងចក្រអគ្គិសនី Biomass។

    វិនិយោគិនជប៉ុនបានបន្ថែមថា ក្រុមហ៊ុនរបស់លោកកំពុងតែសិក្សាពីទីតាំងនៅខេត្តព្រះសីហនុ ហើយនឹងរៀបចំចាប់ផ្ដើមសាងសង់រោងចក្រនៅពេលឆាប់ៗខាងមុខនេះ ដោយសារតែខេត្តព្រះសីហនុជាខេត្តនៅជាប់មាត់សមុទ្រងាយស្រួលក្នុងការដឹកជញ្ជូនទំនិញចេញចូលទៅក្រៅប្រទេស។

    ឆ្លើយតបទៅនឹងការលើកឡើងរបស់ក្រុមវិនិយោគិនជប៉ុនខាងលើ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមានចំណាប់អារម្មណ៍ជាខ្លាំង ខណៈដែលកម្ពុជាសម្បូរទៅដោយវត្ថុធាតុដើមនៃកម្ទេចឈើ និងសម្បកដូងប្រេង ក៍ដូចជារុក្ខជាតិដទៃទៀត។ ឯកឧត្តមយល់ថា វាជាគំនិតដ៏ល្អមួយដោយកម្ពុជាមានកម្ទេចឈើ និងកម្ទេចរុក្ខជាតិដទៃទៀតជាច្រើន ដែលមិនបានយកមកប្រើប្រាស់ឲ្យមានប្រយោជន៍។ តែយ៉ាងណាក៏ដោយឯកឧត្តមបានជំរុញឱ្យក្រុមហ៊ុនសិក្សាពីការធ្វើចម្ការដាំដើមឈើបន្ថែមដើម្បីគាំទ្រដល់ផលិតកម្មរបស់រោងចក្រប្រកបដោយចីរភាពរយៈពេលវែងផងដែរ៕

  • ភាពរីកចម្រើននៃវិស័យបច្ចេកវិទ្យា ជួយជំរុញសេដ្ឋកិច្ចកម្ពុជា

    ភាពរីកចម្រើននៃវិស័យបច្ចេកវិទ្យា ជួយជំរុញសេដ្ឋកិច្ចកម្ពុជា

    រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឱ្យដឹងថា ចំនួននៃអ្នកប្រើប្រាស់ទូរស័ព្ទចល័តបានកើនឡើងខ្ពស់ ក្នុងនោះការប្រើប្រាស់អ៊ិនធើណិតក៏បានកើនឡើងគួរឱ្យកត់សម្គាល់ដែរ ដែលវាបានរួមចំណែកយ៉ាងសកម្មមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យមានសម្ទុះទៅមុខជាលំដាប់។

    ថ្លែងឱ្យដឹងក្នុងកម្មវិធីសិក្ខាសាលាស្តីពីការវិវឌ្ឍនៃបច្ចេកវិទ្យា 4G LTE រៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍សហការជាមួយក្រុមហ៊ុន IDG នៅសណ្ឋាគារសុខាភ្នំពេញលោកជំទាវ រស់ សូរក្ខា បានមានប្រសាសន៍ថា បច្ចុប្បន្នការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ និងការផ្ទេរសាច់ប្រាក់តាមប្រព័ន្ធទូរស័ព្ទចល័តមានការកើនឡើង ដែលទាំងអស់នេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

    លោកជំទាវបន្តថា តាមរយៈការវិវឌ្ឍនៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅក្នុងប្រទេសត្រូវបានផ្សារភ្ជាប់ជាមួយនឹងតម្រូវការរបស់សាធារណជន និងស្របទៅតាមនិន្នាការថ្នាក់តំបន់ និងសកលលោក។ សិក្ខាសាលាស្តីពីការវិវឌ្ឍនៃបច្ចេកវិទ្យា 4G LTEនឹងផ្តោតសំខាន់លើប្រធានបទមួយចំនួនរួមមានការប្រែក្លាយបច្ចេកវិទ្យាឌីជីថលដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងឧស្សាហកម្មបច្ចេកវិទ្យា 4G និងគុណសម្បត្តិ និងគុណវិបត្តិនៃបច្ចេកវិទ្យា 4G ក្នុងទីផ្សារកម្ពុជា។ ទាក់ទិននឹងសិក្ខាសាលានេះដែរ ក៏នឹងក្លាយជាឱកាសជួបជុំគ្នារវាងបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្នុងស្រុកដើម្បីពិភាក្សាគ្នាលើចំណុចសក្តានុពលនៃបច្ចេកវិទ្យាក្នុងការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងស្វែងរកដៃគូពង្រីកទីផ្សារ។

    លោកជំទាវបញ្ជាក់ថា៖ «កម្ពុជា ជាប្រទេសមានសក្តានុពលមួយក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍវិស័យ ICT ជាមួយនឹងចំនួនអ្នកប្រើប្រាស់ទូរស័ព្ទចល័តកើនឡើងខ្ពស់ ហើយការប្រើប្រាស់អ៊ិនធើណិតមានរហូតដល់ទៅជាង 7 លាននាក់។ ទាំងនេះ វាជាកត្តាជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាយើងឱ្យទៅមុខបានលឿន»។

    ជាមួយគ្នានេះ លោក Anthony Keck នាយកក្រុមហ៊ុនបណ្តុំសម្ព័ន្ធ Havas Riverorchid នៅកម្ពុជា បានឱ្យដឹងដែរថា ចំនួនអ្នកប្រើប្រាស់បណ្តាញអ៊ិនធើណិតជាង 7 លាននាក់កើនឡើង 42% លើសឆ្នាំមុន ហើយចំនួនអ្នកប្រើបណ្តាញទំនាក់ទំនងសង្គមជាទៀងទាត់ស្មើនឹង 5 លានកន្លះ ភាគច្រើនមានគណនី Facebook ដែល90%ប្រើប្រាស់ដោយទូរស័ព្ទដៃ។ លោកបន្ដថា កំណើនដ៏ឆាប់រហ័សនេះហើយ ដែលបណ្ដាលឱ្យក្រុមហ៊ុនលោកសម្រេចបើកក្រុមហ៊ុនSocialyseថ្មីមួយទៀតដែលផ្ដោតសំខាន់លើការផ្សព្វផ្សាយផ្សារម៉ាកយីហោផលិតផលតាមរយៈប្រព័ន្ធឌីជីថលក្នុងប្រទេសកម្ពុជា។

    លោកថា៖ «យើងធ្វើការលើវិស័យបច្ចេកវិទ្យាដើម្បីជួយផ្សព្វផ្សាយផ្សារម៉ាកយីហោផលិតផលរបស់ដៃគូយើង អ៊ីចឹងបើនៅទីនេះចំនួនអ្នកប្រើប្រាស់ទូរស័ព្ទដៃ ក៏ដូចជាអ្នកប្រើអ៊ិនធើណិតមិនមានចំនួនគ្រប់គ្រាន់ យើងក៏មិនអាចធ្វើបានដែរ។ ខ្ញុំឃើញថា នៅកម្ពុជា ប្រជាពលរដ្ឋចូលចិត្តភ្ជាប់អ្វីគ្រប់យ៉ាងជាមួយសង្គម និងប្រព័ន្ធឌីជីថល»។

    លោកនាយកក្រុមហ៊ុនបន្ថែមទៀតថា ក្នុងឱកាសពិព័រណ៌ INSPIRE អាស៊ាននៅរាជធានីភ្នំពេញកាលពីឆ្នាំ 2016 លោកមានការស្ងើចសរសើរជាខ្លាំងចំពោះល្បឿនអភិវឌ្ឍន៍ឌីជីថល និងការផ្លាស់ប្តូរសង្គមរួមទាំងសង្កេតឃើញថា ទាំងអ្នករៀបចំយុទ្ធសាស្ត្រទីផ្សារ និងអ្នកសារព័ត៌មាន ពិតជាមានចិត្តចង់ចេះចង់ដឹងយ៉ាងជាក់ច្បាស់ក្នុងការបោះជំហានទៅមុខ និងជំរុញអង្គភាពរបស់គេឱ្យចាប់យកបច្ចេកវិទ្យានេះ។ ចាប់ពីពេលនោះមក លោកបានសម្រេចចិត្តដាក់វិនិយោគទុន និងបង្កើតក្រុមការងារដែលមានបទពិសោធ និងទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវគ្រប់ផ្នែកទាំងអស់នៃបណ្តាញសង្គម។
    រយៈពេលមួយឆ្នាំក្រោយមក លោកឃើញមានអ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងសកម្មបានកើនឡើង 50% ដែលស្មើនឹងមួយភាគបីនៃ ចំនួនប្រជាជនសរុប និង2ភាគ3នៃចំនួនអ្នកប្រើអ៊ិនធើណិតសកម្មដែលមាន 7លាននាក់។

    យោងតាមស្ថានភាពបច្ចុប្បន្នមាន ពិតជាមានតម្រូវការនូវអ្នកជំនាញអាជីពពិតប្រាកដដែលអាចដឹកនាំអ្នកធ្វើទីផ្សារ ដើម្បីឱ្យភាពស្មុគស្មាញប្រែក្លាយទៅជាភាពសាមញ្ញ និងណែនាំពួកគេឱ្យប្រើប្រាស់បណ្តាញសង្គមជាប្រយោជន៍ ជាទ្រព្យ ធ្វើយុទ្ធនាការផ្សេងៗ ស្ទង់មតិសង្គម ទំនាក់ទំនងសាធារណៈជាមួយបណ្តាញសង្គម តាមរយៈទម្រង់ខ្លឹមសារដែលមានប្រសិទ្ធភាពអាចសម្រេចការងារបាន។

    ជាមួយគ្នានេះដែរ សម្ដេចហ៊ុន សែន ធ្លាប់មានប្រសាសន៍កាលពីពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់សាកលវិទ្យាល័យសម្តេច ហេង សំរិន ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ កាលពីខែកុម្ភៈ ឆ្នាំ2016ថា ប្រព័ន្ធអ៊ិនធើណិតបានដើរតួយ៉ាងសំខាន់ ក្នុងការផ្ដល់ព័ត៌មាន និងមានប្រសិទ្ធភាពខ្ពស់ដូចជាការប្រើបណ្ដាញសង្គម Facebook ជាដើម។ ការប្រើប្រព័ន្ធអ៊ិនធើណិត អាចឱ្យរដ្ឋាភិបាលដឹងពីកង្វល់ និងបញ្ហារបស់ប្រជាពលរដ្ឋ ហើយឆ្លើយតប និងដោះស្រាយបញ្ហាជូនប្រជាជនវិញបានលឿន។ ដូច្នេះ សម្ដេចក៏បានអំពាវនាវដល់ក្រុមហ៊ុនទូរស័ព្ទចល័ត ខិតខំពង្រីកសេវាអ៊ីនធើណែតបន្ថែមទៅតាមតំបន់ដាច់ស្រយាលដើម្បីឱ្យប្រជាជននៅតាមតំបន់ទាំងនោះ មានលទ្ធភាពអាចប្រើប្រាស់អ៊ិនធើណិត និងប្រើ Facebook បាន។

    យោងតាមទិន្នន័យមូលដ្ឋានចេញផ្សាយដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ខែមិថុនា ឆ្នាំ2016 មានចំនួនអ្នកប្រើប្រព័ន្ធអ៊ិនធើណិត ចំនួនសរុប 7,157,409 នាក់ ដោយក្នុងនោះមានអ្នកប្រើតាមឧបករណ៍ចល័តចំនួន 7,074,483 នាក់ ស្មើនឹង 98.84 % និងអចល័តចំនួន 82,926 នាក់ ស្មើនឹង 1.16 %។ ចំនួនអ្នកប្រើទាំងនោះ សរុបរួមពីក្រុមហ៊ុនចំនួន 8 ដែលផ្ដល់សេវាអ៊ិនធើណិត រួមមាន Smart Axiata , Viettel, CamGSM, Sotelco, XinWei, South East Asia Telecom, Cadcomms និង Star Digital MUDS TV។ ក្នុងនោះ មានអ្នកប្រើប្រាស់ទូរស័ព្ទចល័ត 19,484,692 (98,79 % នៃចំនួនអ្នកប្រើប្រាស់សរុប) និងមានអ្នកប្រើប្រាស់ទូរស័ព្ទអចល័ត 238,118 (1,21% នៃចំនួនអ្នកប្រើប្រាស់សរុប) ហើយមានចំនួនអ្នកប្រើប្រាស់សរុបធៀបទៅនឹងចំនួនប្រជាជន 133%៕

  • វិធី5យ៉ាង​ជួយ​បន្ថយ​អាការ​ឈឺធ្មេញ​

    វិធី5យ៉ាង​ជួយ​បន្ថយ​អាការ​ឈឺធ្មេញ​

    ពេលខ្លះ​អាការ​ឈឺធ្មេញ​ធ្វើឱ្យ​យើង​ខឹង​មួម៉ៅ ឬ​ជួនកាល​ឈឺ​រហូតដល់​ចង់​វិលមុខ ឈឺក្បាល​គិត​អ្វី​មិន​ចេញ​ទៀតផង នៅក្នុង​ស្ថានការណ៍​ដែល​យើង​មិនអាច​ទៅ​ពេទ្យធ្មេញ​បាន​ទាន់ពេលវេលា​នោះ អាច​នឹងត្រូវ​ទ្រាំ​ឈឺ​មួយរយៈ តែ ឡា​រ៉ែ​ន មាន​វិធី​បន្ថយ​អាការ​ឈឺធ្មេញ​នេះ​បាន​ដោយ​វិធី5យ៉ាងដូច​ខាងក្រោម។

    1.កុំ​ទទួលទាន​អាហារ​ដែលនាំឱ្យ​ឈឺធ្មេញ

    កាត់បន្ថយ​នូវ​អ្វីដែល​មាន​ផល​ធ្វើឱ្យ​ធ្មេញ​ឈឺ​កាន់តែខ្លាំង​ឡើង ដូចជា ទទួលទាន​របស់​ត្រជាក់​ខ្លាំង (ទឹកកក ការ៉េម), របស់​ក្តៅ​ខ្លាំង (ទឹក​ក្តៅ កាហ្វេ​ក្តៅ និង​អាហារក្តៅៗជាដើម) និង​អាហារ​ដែលមាន​រសជាតិ​ផ្អែម​ខ្លាំង ឬ​ជូរ​ខ្លាំង។

    2.កុំ​ធ្វើឱ្យ​ប៉ះទង្គិច​ដល់​ធ្មេញ​ដែល​កំពុង​ឈឺ

    កាត់បន្ថយ​ការធ្វើឱ្យ​ប៉ះទង្គិច​ដល់​ធ្មេញ​ដែល​កំពុង​ឈឺ ពីព្រោះ​អាការ​ឈឺធ្មេញ​នឹង​កាន់តែ​កម្រើក​ខ្លាំង​ឡើង បើ​ធ្មេញ​ដែល​ឈឺ​នោះ​ត្រូវបាន​ធ្វើឱ្យ​ប៉ះទង្គិច​ញឹកញាប់ វិធីងាយៗគឺ ទទួលទាន​អាហារ​ណា​ដែល​មិនចាំបាច់​ទំពាខ្លាំងៗ និង​វិធី​មួយទៀត​គឺ ទំពា​នៅ​ធ្មេញ​ម្ខាង​ទៀត។

    3.យក​កម្ទេច​អាហារ​ចេញពី​ធ្មេញ

    បើ​អា​ការឈឺ​នោះ​បណ្តាលមកពី​មាន​កម្ទេច​អាហារ វិធី​ល្អ​បំផុត​គឺ​ប្រញាប់​យក​កម្ទេច​អាហារ​ទាំងនោះ​ចេញ​ឱ្យបាន​លឿន​បំផុត ដោយ​ការប្រើ​ខ្សែ​សម្អាត​ធ្មេញ (Dental Floss) កុំ​ប្រើ​ឈើចាក់ធ្មេញ។

    4.ប្រើ​ទឹក​ក្តៅឧណ្ហៗជា​ជំនួយ

    បើ​ធ្មេញ​ពុក​មាន​ប្រហោង សរសៃប្រសាទ​ធ្មេញ​ហើម និង​មាន​ខ្ទុះ​នៅ​ជើងធ្មេញ ហើយ​មើលឃើញ​អាការ​ហើម​ស្ទុ​ល​នៅលើ​ថ្គាម​នោះ ការប្រើ​ទឹក​ក្តៅឧណ្ហៗជួយ​ស្អំ​ពី​ខាងក្រៅ នឹង​ជួយ​ជម្រុញ​ឱ្យ​ការហូរ​ខ្ទុះ​ចេញមក​ខាងក្រៅ​ឆាប់​អស់ ជួយ​ឱ្យ​អាការ​ឈឺធ្មេញ​ឆាប់​បាត់​កាន់តែ​លឿន​ឡើង​ថែម​ទៀតផង។

    5.ប្រេង​ធាង​ម្លូ

    ប្រេង​ធាង​ម្លូ ជា​ឱសថ​ដែល​ជួយ​កាត់បន្ថយ​អាការ​ឈឺធ្មេញ​បាន ដោយ​យក​សំលី​ជ្រលក់​ប្រេង​ធាង​ម្លូ ហើយ​យក​ញ៉ុ​ក​ចូលក្នុង​ប្រហោង​ធ្មេញ​ដែល​ឈឺ នោះ​ប្រេង​ធាង​ម្លូ​នឹង​បញ្ចេញ​ឫទ្ធិ​ជា​ថ្នាំ​បំបាត់​ការឈឺ​ចាប់បាន​ភ្លាម​តែម្តង។

    វិធី​ការដែល​ណែនាំ​ខាងលើនេះ ជា​វិធី​ជួយ

    ឱ្យ​អ្នក​បាត់​ខឹង​មួម៉ៅ ដោយសារ​ការឈឺ​ធ្មេញ​ក្នុងករណី​ដែល​មិនអាច​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​បានតែ​ប៉ុណ្ណោះ មិនមែនជា​វិធី​ព្យាបាល​ឡើយ ដូច្នេះ​បើ​អ្នកមាន​ឱកាស​ហើយ គួរតែ​ប្រញាប់​ទៅ​ជួបនឹង​គ្រូពេទ្យ ដើម្បី​ទទួលយក​ការព្យាបាល​ដែល​ត្រឹមត្រូវ​ទើប​ជាការ​ប្រសើរ៕

  • Hi-Herb បានបរិច្ចាគ ៤០លានរៀលដល់មន្ទីរពេទ្យគន្ធបុប្ផា

    Hi-Herb បានបរិច្ចាគ ៤០លានរៀលដល់មន្ទីរពេទ្យគន្ធបុប្ផា

    នាថ្ងៃទី 07 កក្កដាកន្លងទៅនេះ ក្រុមហ៊ុន Lion Corporation (Thailand) Limited និង TSNP Distribution Co., LTD ជាក្រុមហ៊ុននាំចូល និងចែកចាយផលិតផលម៉ាក Hi-Herb មានសេចក្ដីសោមនស្សរីករាយ ដោយបានអញ្ជើញអតិថិជនរបស់ខ្លួន​ចូលរួមកម្មវិធីមនុស្សធម៌ «3L LIFE. LOVE. LAUGH #2» ដោយមានការសហការរួមគ្នារវាង ហាយ-ហើប និងស៊ូគូប៊ូសុ ដោយបាន​នាំយកថវិកា ៤០លានរៀលជូនដល់មន្ទីរពេទ្យ​គន្ធបុប្ផា៕

  • ធនាគារពិភពលោក៖ មនុស្សជាង 1ពាន់លាននាក់គ្មានអគ្គិសនីប្រើ

    ធនាគារពិភពលោក៖ មនុស្សជាង 1ពាន់លាននាក់គ្មានអគ្គិសនីប្រើ

    នៅក្នុងឆ្នាំ 2014 ធនាគាពិភពលោកបានចេញរបាយការណ៍របស់ខ្លួនដោយបញ្ជាក់ថា មានមនុស្សប្រមាណ 15% លើពិភពលោកដែលប្រហែលជាស្មើនឹង 1.1ពាន់លាននាក់កំពុងរស់នៅក្នុងស្ថានភាពដែលគ្មានភ្លើងអគ្គិសនីប្រើប្រាស់។

    ប្រជាជនដែលត្រូវបានគេរកឃើញថាគ្មានអគ្គិសនីប្រើប្រាស់ទាំងអស់នោះ មានជិតពាក់កណ្តាលនៃចំនួនសរុបមកពី Sub-Saharan Africa និងប្រមាណ 1/3 នៃចំនួនអ្នកគ្មានអគ្គិសនីប្រើប្រាស់មានលំនៅដ្ឋាននៅអាស៊ីខាងត្បូង។

    ប្រទេសចំនួន 4 ត្រូវបានគេកត់សម្គាល់ឃើញថា មានចំនួនប្រជាជនខ្វះចរន្តអគ្គិសនីច្រើននោះគឺ ប្រទេស ឥណ្ឌា នីហ្សេរីយ៉ា អេត្យូពី និងបង់ក្លាដែស៕

  • ខ្សែប្រយុទ្ធ Walters ចេញពីក្លិប Stoke City មកចូលរួមជាមួយ Burnley

    ខ្សែប្រយុទ្ធ Walters ចេញពីក្លិប Stoke City មកចូលរួមជាមួយ Burnley

    ក្លិប Burnley បានចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិសាធារណរដ្ឋអៀរឡង់ Jon Walters ពីក្លិប Stoke City ក្នុងតម្លៃខ្លួនមួយដែលអាចនឹងកើនដល់3លានផោន (ស្មើនឹង4លានដុល្លារអាមេរិក)។ Walters វ័យ33ឆ្នាំ បានចុះហត្ថលេខារយៈពេល2ឆ្នាំ ក្រោយពីបានចំណាយពេល7ឆ្នាំជាមួយនឹងក្លិប Stoke ដោយស៊ុតបាល់បញ្ចូលទីបាន 62គ្រាប់ ក្នុងការបង្ហាញខ្លួន 269លើក។ រូបគេនឹងក្លាយជាកីឡាករចំណូលថ្មីទី2 របស់ក្លិប Burnley បន្ទាប់ពីការនាំចូលខ្សែការពារ Charlie Taylor ពីក្លិប Leeds របស់ក្របខ័ណ្ឌ Championship។

    ការផ្ទេររបស់ Walters មានន័យថា Burnley បច្ចប្បន្ន មានកីឡាករអន្តរជាតិសាធាណរដ្ឋអៀរឡង់ដល់ទៅ5នាក់ក្នុងក្រុមរបស់ពួកគេ។ រូបគេនឹងចូលរួមជាមួយនឹងខ្សែការពារ Stephen Ward , Kevin Long , ខ្សែបម្រើ Jeff Hendrick និង Robbie Brady នៅឯកីឡដ្ឋាន Turf Moor។

    ខ្សែប្រយុទ្ធ Andre Gray របស់ក្លិប Chelsea ដែលបានបដិសេធមិនបន្តកុងត្រាថ្មីរបស់ខ្លួននោះ ក៏ត្រូវបានទាក់ទងជាមួយនឹងការផ្ទេរក្នុងតម្លៃខ្លួន15ផោនផងដែរ ទៅកាន់ក្លិប West Ham របស់ក្របខ័ណ្ឌ Premier League៕
    ប្រភពពី៖ BBC

  • រដ្ឋាភិបាលបង្កើតក្រុមប្រឹក្សាលេខាធិការដ្ឋានភ័ស្តុភារកម្មដើម្បីដោះស្រាយបញ្ហា

    រដ្ឋាភិបាលបង្កើតក្រុមប្រឹក្សាលេខាធិការដ្ឋានភ័ស្តុភារកម្មដើម្បីដោះស្រាយបញ្ហា

    ភ្នំពេញៈ ឆ្លើយតបនឹងកង្វល់ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូនថ្លៃ និងនិតិវិធីធ្វើការនៅតែស្មុគស្មាញ រដ្ឋាភិបាលកម្ពុជាបាន និងកំពុងរៀបចំបង្កើតក្រុមប្រឹក្សាជាតិភ័ស្តុភារកម្ម ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមក្នុងវិស័យនេះ និងផ្តល់ចក្ខុវិស័យសម្រាប់អភិវឌ្ឍកម្ពុជារយៈពេលវែង។

    លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី8 កក្កដានេះថា បច្ចុប្បន្ននេះក្រសួងកំពុងធ្វើសេចក្តីព្រាងព្រះរាជក្រឹត្យដើម្បីបង្កើតក្រុមប្រឹក្សាជាតិនេះជិតបញ្ចប់ហើយ មុនដាក់ឆ្លងក្រុមប្រឹក្សាអ្នកច្បាប់ទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីបញ្ជូនទៅសុំការយល់ព្រមពីសម្តេចតេជោ និងដាក់ឆ្លងឡាយព្រះហស្តលេខាពីព្រះមហាក្សត្រ។លោកបន្តថា ក្រុមប្រឹក្សាជាតិភ័ស្តុភារកម្មនឹងមានការចូលរួមពីថ្នាក់ដឹកនាំពីក្រសួងពាក់ព័ន្ធមួយចំនួនដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងផែនការ ក្រសួងកសិកម្ម និងក្រសួងសាធារណការ និងដឹកជញ្ជូន។

    លោកបន្តថា ក្រុមប្រឹក្សានេះមានគោលដៅសំខាន់ចំនួន3 រួមមានរៀបចំសម្របសម្រួលផែនការហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិ ការផ្គត់ផ្គង់ផែស្ងួត សម្របសម្រួលការដឹកជញ្ជូន ការស្តុកទុកទំនិញ ការចែកចាយ និងកាត់បន្ថយតម្លៃនៃការដឹកជញ្ជូន រៀបចំផែនការមេដើម្បីឆ្លងគណៈកម្មការប្រតិបត្តិ និងដោះស្រាយសម្របសម្រួលការដឹកជញ្ជូន ការកាត់បន្ថយថ្លៃដើម ហើយប្រសិនជាគណៈកម្មការនេះមិនអាចដោះស្រាយបាន នឹងបញ្ជូនទៅសម្តេចតេជោដើម្បីពិនិត្យ និងសម្រេច។

    លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា នេះជារឿងវិជ្ជមានមួយ ប៉ុន្តែអ្វីសំខាន់គឺថា តើបន្ទាប់ពីបង្កើតក្រុមប្រឹក្សានេះរួច អាចធ្វើបានឬអត់ជារឿងមួយទៀត ព្រោះនៅកម្ពុជាមានបង្កើតស្ថាប័នច្រើន តែស្ថាប័នទាំងនោះមិនអាចដំណើរការបាន។

    លោកបន្តថា ក្រុមប្រឹក្សានេះជាកន្លែងសម្រាប់ធ្វើការប្រទាក់ក្រឡារវាងរដ្ឋាភិបាល ផ្នែកឯកជន អ្នកស្រាវជ្រាវ សង្គមស៊ីវិល និងបង្កើតជាផែនការមេសម្រាប់ការវិនិយោគរយៈពេលវែង។ លោកបន្តថា យើងមានបញ្ហាទាក់ទងនឹងភ័ស្តុភារកម្ម និងlogistic កាន់តែច្រើនទៅៗ ប៉ុន្តែសំខាន់ថាតើកម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់ដើម្បីធ្វើការងារនេះដែរឬទេ?។

    លោកបណ្ឌិត ម៉ី កល្យាណ បានបន្តថា “ទោះជាយ៉ាងណាកម្ពុជាមានភាពរីកចម្រើន និងកំពុងដើរលើផ្លូវត្រឹមត្រូវហើយក្នុងការងារនេះ យើងមានសង្ឃឹម តែយើងត្រូវធ្វើច្រើនបន្ថែមទៀត”៕