Author: វល័ក្ខ

  • ប្រាសាទសំបូរព្រៃគុកនឹងទាក់ទាញទេសចរណ៍កាន់តែច្រើន

    ប្រាសាទសំបូរព្រៃគុកនឹងទាក់ទាញទេសចរណ៍កាន់តែច្រើន

    ភ្នំពេញៈ វិស័យឯកជនផ្នែកទេសចរណ៍បានលើកឡើងថា ការចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់ប្រាសាទសំបូរព្រៃគុកនឹងធ្វើឲ្យប្រាសាទនេះរឹតតែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនាប្រាសាទនេះកាន់តែច្រើន។

    លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី10 កក្កដានេះថា ការចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ នឹងធ្វើឲ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ ពិសេសភ្ញៀវទេសចរអឺរ៉ុបនឹងទៅទស្សនាប្រាសាទសំបូរព្រៃគុកកាន់តែច្រើន ហើយនឹងជាការបង្ហាញជូនភ្ញៀវទេសចរថា កម្ពុជាមិនត្រឹមតែមានប្រាសាទអង្គរវត្តប៉ុណ្ណោះទេ តែកម្ពុជានៅមានប្រាសាទជាច្រើនទៀតដែលទាក់ទាញ។

    លោកស្រីបន្តថា ពីមុនមកប្រាសាទសំបូរព្រៃគុកមិនត្រូវបានដាក់បញ្ចូលក្នុងកញ្ចប់ទេសចរណ៍រយៈពេលខ្លីទេ គឺទាល់តែភ្ញៀវមកស្នាក់នៅកម្ពុជាចាប់ពី4យប់ឡើងទៅ ទើបការីទេសចរណ៍ដាក់ប្រាសាទនេះចូលក្នុងខ្សែទស្សនកិច្ចរបស់ខ្លួន ដោយសារតែភ្ញៀវខ្លះមិនយល់ មិនដឹងពីរតនសម្បត្តិរបស់កម្ពុជា ប៉ុន្តែនៅពេលប្រាសាទសំបូរព្រៃគុកបានចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហើយនោះ នឹងរឹតតែធ្វើឲ្យភ្ញៀវទេសចរអន្តរជាតិចាប់អារម្មណ៍ ចង់ដឹង ចង់ឃើញ ចង់ជ្រួតជ្រាបសិក្សាស្វែងយល់កាន់តែច្រើនឡើងមិនខាន។

    ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា និងជានាយកក្រុមហ៊ុនទេសចរណ៍ World Express Tours& Travel លោក ហូ វណ្ឌី បានថ្លែងថា បន្ទាប់ពីរយៈពេល9ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចមក កម្ពុជាបានដាក់ប្រាសាទសំបូរព្រៃគុកជាសម្បតិ្តបេតិកភណ្ឌពិភពលោកមួយទៀត ដែលធ្វើឲ្យកម្ពុជាកាន់តែមានភាពល្បីល្បាញលើផ្នែកទេសចរណ៍ប្រាង្គប្រាសាទ ដែលប្រាសាទនេះបានបន្សល់ទុកតាំងពីសតវត្សរ៍ទី7 មកម្ល៉េះ។ ពិតជាវិសេសវិសាលណាស់!។

    លោកបន្តថា “ចំនួនភ្ញៀវទេសចរអន្តរជាតិនឹងមកទស្សនាប្រាសាទនេះកាន់តែច្រើនបន្ទាប់ពីដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ប៉ុន្តែការទទួលបានភ្ញៀវច្រើន ឬតិច វាអាស្រ័យលើការីទេសចរណ៍ជាតិ និងអន្តរជាតិមានឆន្ទៈជួយជ្រោមជ្រែងផងដែរ”។ លោកបន្តថា “ពីមុនមកមានភ្ញៀវអឺរ៉ុបចាប់អារម្មណ៍ប្រាសាទនេះច្រើនដែរ ហើយយើងក៏បានដាក់ប្រាសាទនេះចូលក្នុងកញ្ចប់ទស្សនកិច្ចភ្ជាប់ជាមួយប្រាសាទកោះកេរ្តិ៍ មុនបន្តទៅកាន់ក្រុងសៀមរាប”។

    លោកហូ វណ្ឌី បានបន្តថា ពីមុនមកការឈប់សំចតនៅក្រុងស្ទឹងសែនមិនសូវមាននោះទេ ព្រោះខេត្តនេះគ្រាន់តែជាតំបន់ឆ្លងកាត់ប៉ុណ្ណោះ ប៉ុន្តែប្រសិនជាអាជ្ញាធរខេត្ត មន្ទីរទេសចរណ៍រៀបចំខេត្តឲ្យមានភាពទាក់ទាញ មានភាពស្រស់ស្អាត មានអនាម័យ ពិសេសរៀបចំភោជនីយដ្ឋាន និងទូកជិះកម្សាន្តនៅតាមដងស្ទឹងសែននោះ លោកជឿថា ភ្ញៀវទេសចរអាចនឹងសម្រាកលម្ហែនៅក្នុងខេត្តនេះ ហើយវានឹងផ្តល់ផលចំណូលដោយផ្ទាល់ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរខេត្តដោយផ្ទាល់ និងប្រយោលផងដែរ៕

  • ស្លាកស្នាម​ក្រោយ​កើតមុន​អាច​បំបាត់​បានទេ?​

    ស្លាកស្នាម​ក្រោយ​កើតមុន​អាច​បំបាត់​បានទេ?​

    វា​ជា​រឿង​មួយ​សំណាង​ណាស់ ប្រសិនបើ​ស្បែក​របស់​អ្នក​មិនដែល​បន្សល់ទុក​នូវ​ស្លាកស្នាម​បន្ទាប់ពី​កើតមុន​រួច ប៉ុន្តែ​សំណាង​នេះ​មិន​កើតមាន​ចំពោះ​មនុស្ស​ស្រី​ភាគច្រើន​នោះទេ ហេតុដូច្នេះ​ហើយ​បានជា​ពួកគាត់​តែងតែ​ខិតខំ​ធ្វើ​គ្រប់​មធ្យោបាយ ដើម្បី​ការពារ​កុំឱ្យ​កើតមុន ក៏ដូចជា​ខិតខំ​ប្រើប្រាស់​ផលិតផល​ជាច្រើន​ប្រភេទ​ទាំង​ផលិតផល​បែប​ធម្មជាតិ និង​លាយ​ជាតិគីមី ដើម្បី​បំបាត់ចោល​នូវ​រាល់​ស្លាកស្នាម​ដែល​នឹង​កើតមានឡើង​បន្ទាប់ពី​កើតមុន​រួច។

    ស្លាកស្នាម​អាច​កើតមាន​នៅលើ​ស្បែក ដោយសារតែ​វា​ជា​រឿង​ធម្មតា​ដែល​តែងតែ​កើតឡើង ឬ​អាច​បណ្តាលមកពី​ការព្យាបាល​ដែល​មិន​ត្រឹមត្រូវ រហូត​បណ្តាលឱ្យ​ក្លាយជា​ស្លាកស្នាម។ស្នាម​ដែល​កើតមាន​បន្ទាប់ពី​កើតមុន​រួច​នេះ​បណ្តាលមកពី​ការបំផ្លាញ​នៃ​ស្រទាប់​ស្បែក។

    ស្នាម​ដែល​បន្សល់ទុក​ក្រោយ​កើតមុន​ជាទូទៅ​តែងតែ​កើតមាន​នៅលើ​មុខ ខ្នង ស្មា និង​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ។ ស្នាម​ទាំងនេះ​ត្រូវបាន​ចែកចេញជា​ពីរ​ប្រភេទ​គឺ ស្នាមសើៗលើ​ស្បែក​និង​ស្នាម​ដែល​ចូល​ជ្រៅ​ទៅក្នុង​សាច់។ ស្នាមសើៗនៅលើ​ស្បែក​ជា​ស្នាមតូចៗដែល​អាចមើលឃើញ​តាមរយៈ​ការឆ្លុះ​កញ្ចក់​ពិនិត្យមើល ហើយ​ការព្យាបាល​ក៏មាន​ប្រសិទ្ធភាព​ខ្ពស់​ដែរ ប៉ុន្តែ​ប្រសិនបើ​វា​ជា​ស្នាម​ជ្រៅ​វិញ​នោះ (ស្នាម​ធំ​ខូង​ជ្រៅ​ទៅក្នុង​ស្បែក) វា​មានការ​ពិបាក​ក្នុងការ​ព្យាបាល ឬ​អាច​នឹង​ព្យាបាល​មិន​បាត់​តែម្តង ប្រសិនបើ​អ្នក​មិន​រួសរាន់​ក្នុងការ​ព្យាបាល​វា​ទេនោះ។

    ការព្យាបាល​តាមបែប​គីមី ៖ ការព្យាបាល​បែបនេះ​ភាគច្រើន​ត្រូវបាន​យកមកអនុវត្ត​សម្រាប់​អ្នក​ដែលមាន​ស្នាម​ជ្រៅ (ទទួលបាន​លទ្ធផល​ល្អ​ច្រើន) ហើយ​រយៈពេល​នៃ​ការព្យាបាល​គឺ​អាស្រ័យ​លើ​ទំហំ និង​ជម្រៅ​នៃ​ស្លាកស្នាម។ ប្រសិនបើ​អ្នក​ចង់​ទទួល​ការព្យាបាល​តាមបែប​គីមីដែរនោះ អ្នក​គួរតែ​ស្វែងរក​អ្នក​ដែលមាន​ជំនាញ​ច្បាស់លាស់​ក្នុងការ​ព្យាបាល​ទើប​ជាការ​ប្រសើរ។

    ការព្យាបាល​ដោយ​ឡាស៊ែរ ៖ នេះ​ក៏​ជា​វិធី​ព្យាបាល​មួយទៀត​ដែល​តែងតែ​ផ្តល់នូវ​ប្រសិទ្ធភាព​សម្រាប់​អ្នក​ដែលមាន​បញ្ហា​ស្នាម​គ្រប់​ប្រភេទ ជាពិសេស​ស្នាមធំៗ ឬ​ខូង​ចូល​ជ្រៅ​ទៅក្នុង​សាច់​ជាដើម។

    ការព្យាបាល​ដោយ​ផលិតផល​កម្ចាត់​ស្នាម ៖ វា​អាច​មិនមាន​ប្រសិទ្ធភាព​លឿន​ដូច​ការព្យាបាល​ដោយ​គីមី ឬ​ដោយ​ឡាស៊ែរ​នោះទេ ប៉ុន្តែ​វា​មាន​ភាពងាយស្រួល ហើយ​សូមកុំ​បារម្ភ​ខ្លាំងពេក​អី​ព្រោះ​បច្ចុប្បន្ននេះ​មាន​ផលិតផល​ខ្លះ​មាន​សមត្ថភាព​ខ្ពស់​ណាស់ ក្នុង​ការជួយ​ព្យាបាល​បញ្ហា​ស្នាម​ហើយក៏​មិន​ប្រើ​ពេលវេលា​យូរពេក​នោះដែរ។

    ព្យាបាល​តាមបែប​ធម្មជាតិ ៖ ភាគច្រើន​ការព្យាបាល​ស្នាម​ដែល​កើតមាន​បន្ទាប់ពី​កើតមុន​រួច​តាម​វិធី​ធម្មជាតិ​ត្រូវបាន​គេ​អនុវត្ត​នៅពេល​វា​ទើបតែ​កើតថ្មីៗ ហើយ​ជា​ស្នាម​ដែលមាន​ទ្រង់ទ្រាយ​តូច។ មិន​ពិបាក​ណាស់ណា​ទេ បើ​អ្នក​ចង់​ព្យាបាល​ដោយ​វិធី​ធម្មជាតិ ដោយ​ធ្វើតាមដំណាក់កាល​មួយចំនួន​ដូចជា លាង​សម្អាត​មុខ​ឱ្យ​ស្អាត ជូត​មុខ​ឱ្យ​ស្ងួត រួច​យក​សំឡី​មួយ​ដុំ​តូច​ជ្រលក់​ក្នុង​ទឹកក្រូច​ឆ្មារ​ដែលមាន​លាយ​ជាមួយ​ទឹក​បន្តិច មក​ជូត​ពីលើ​ស្បែក​ត្រង់​កន្លែង​ដែលមាន​ស្នាម រួច​ទុកចោល15នាទី ឬ​ពេញ​មួយ​យប់​ក៏បាន បន្ទាប់មក​សឹម​លាង​សម្អាត​ចេញ​ជាការ​ស្រេច។ វិធី​នេះ​អាច​ប្រើ​ពេលវេលា​យូរ​បន្តិច​ហើយ តែ​ទទួលបាន​លទ្ធផល​ជាទី​ពេញចិត្ត​បន្ទាប់ពី​ព្យាបាល​រួច៕

  • ទូរស័ព្ទ Nokia 3 និង Nokia 5 ប្រើប្រព័ន្ធ Android ចេញលក់ព្រឹកនេះហើយ

    ទូរស័ព្ទ Nokia 3 និង Nokia 5 ប្រើប្រព័ន្ធ Android ចេញលក់ព្រឹកនេះហើយ

    បន្ទាប់ចេញលក់ទូរស័ព្ទ Nokia 3310 កាលពីចុងខែមុន ជាមួយនឹងការគាំទ្រយ៉ាងច្រើនសន្ទឹករួចមក ទូរស័ព្ទ Nokia ប្រើប្រាស់ប្រព័ន្ធ Android ចំនួន 2 ស៊េរីទៀតត្រូវបានក្រុមហ៊ុនដាក់លក់ហើយក្នុងទីផ្សារកម្ពុជា នៅព្រឹកថ្ងៃទី10 ខែកក្កដា ឆ្នាំ2017 នេះ។

    តាមការឱ្យដឹងពីអ្នកតំណាងក្រុមហ៊ុន Nokia ប្រចាំកម្ពុជាបានឱ្យដឹងថា ទូរស័ព្ទ Nokia 3 និង Nokia 5 បានចេញលក់ហើយនៅព្រឹកថ្ងៃនេះ។ ទូរស័ព្ទ Nokia 5 មានទំហំអេក្រង់ 5.2 អ៊ីញ មានសមត្ថភាពបង្ហាញរូបភាពបានក្នុងកម្រិត HD ឬ 720p។ បំពាក់មកជាមួយនូវឈីប CPU របស់ Qualcomm លេខ Snapdragon 430 SoC អមមកជាមួយ RAM ទំហំ 2GB និងមានកាមេរ៉ាខាងក្រោយទំហំ 13 MP ដំណើរការដោយ Android ជំនាន់ចុងក្រោយគេ Nougat និងមានតម្លៃ 193 ដុល្លារ។

    ដោយឡែកទូរស័ព្ទ Nokia 3 អេក្រង់ IPS ទំហំ 5.0 អ៊ីញ ប្រភេទ HD ស្រោបដោយផ្ទៃកញ្ចក់ Corning® Gorilla® និងមានកាមេរ៉ាមុខ-ក្រោយ ទំហំ 8MP ដាក់លក់ក្នុងតម្លៃ 143 ដុល្លារ។ អតិថិជនទាំងអស់គ្នាអាចរកជាវបាននៅគ្រប់ហាងលក់ទូរស័ព្ទទូទាំងប្រទេសចាប់ពីថ្ងៃនេះតទៅ៕

  • ផ្លូវរថភ្លើងភ្ជាប់ប្រទេសថៃ និងកម្ពុជាអាចនឹងចាប់ផ្តើមឆ្នាំ2018

    ផ្លូវរថភ្លើងភ្ជាប់ប្រទេសថៃ និងកម្ពុជាអាចនឹងចាប់ផ្តើមឆ្នាំ2018

    ភ្នំពេញៈ បណ្តាញខ្សែរថភ្លើងអាស៊ានដែលភ្ជាប់រវាងទីក្រុងបាងកក និងរាជធានីភ្នំពេញនឹងដំណើរការនៅឆ្នាំ2018 ខាងមុខនេះ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ។

    លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា ការជួសជុល និងស្ថាបនាផ្លូវរថភ្លើងពីក្រុងប៉ោយប៉ែតនឹងមកដល់ខេត្តពោធិសាត់នៅឆ្នាំនេះ ហើយបើសិនជាមានថវិកាគ្រប់គ្រាន់ ការតភ្ជាប់ផ្លូវរថភ្លើងពីក្រុងប៉ោយប៉ែតនឹងមកដល់រាជធានីភ្នំពេញនៅឆ្នាំ2018 ខាងមុខនេះ។ លោកបន្តថា ការស្ថាបនា និងជួសជុលផ្លូវរថភ្លើងនេះគ្រោងចំណាយថវិកាចំនួន32លានដុល្លារអាមេរិក ដែលជាការចំណាយដោយរដ្ឋាភិបាល។

    អ្នកនាំពាក្យរូបនេះបានបន្តថា ប្រសិនជាការភ្ជាប់ផ្លូវនេះបញ្ចប់ យើងរំពឹងថាខ្សែរថភ្លើងពីប្រទេសថៃនឹងមកដល់រាជធានីភ្នំពេញនៅឆ្នាំ2018 ខាងមុខ ដោយរថភ្លើងអាចរត់បានក្នុងល្បឿន30គីឡូម៉ែត្រក្នុងមួយម៉ោង។ លោកបន្តថា បច្ចុប្បន្នយើងនៅជួបឧបសគ្គមួយចំនួនដោយសារប្រជាពលរដ្ឋ បានរំលោភយកដីចំណីផ្លួវរថភ្លើងនៅក្រុងប៉ោយប៉ែតប្រវែង1,300ម៉ែត្រ ដែលមិនទាន់ដោះស្រាយបញ្ចប់នៅឡើយ។

    លោកហូ វណ្ឌី ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា ប្រសិនជាការភ្ជាប់ខ្សែរថភ្លើងរវាងប្រទេសទាំងពីរបញ្ចប់ និងដាក់ឲ្យដំណើរការនោះ វានឹងក្លាយជាការភ្ជាប់ដ៏ថ្មីសន្លាងមួយ ជាប្រវត្តិសាស្រ្តថ្មីមួយដែលជួយបានច្រើនបំផុតដល់វិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ពិសេសនឹងជាការភ្ជាប់ទេសចរណ៍ទី3 មកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀត។ លោកបន្តថា គម្រោងភ្ជាប់ព្រះរាជាណាចក្រពីរក្នុងគោលដៅតែមួយនឹងលេចចេញជារូបរាងពិតប្រាកដ ហើយភ្ញៀវទេសចរនឹងចូលមកទស្សនាកម្ពុជាកាន់តែមានរយៈពេលវែង។

    លោកហូ វណ្ឌីបានបន្តថា ក្រៅពីវិស័យទេសចរណ៍ហើយ ការភ្ជាប់ខ្សែរថភ្លើងនេះនឹងជួយសម្រួលដល់វិស័យពាណិជ្ជកម្ម ពិសេសការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរ និងប្រទេសក្នុងតំបន់អាស៊ានដទៃទៀតកាន់តែងាយស្រូល ដែលនឹងជួយកាត់បន្ថយតម្លៃនៃការដឹកជញ្ជូន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយការសឹករេចរឹលផ្លូវគោកផងដែរ៕

  • Chelsea បំពេញការចុះហត្ថលេខាជាមួយ Rudiger ដែលមកពី Roma

    Chelsea បំពេញការចុះហត្ថលេខាជាមួយ Rudiger ដែលមកពី Roma

    ក្លិបតោខៀវ Chelsea បានបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែការពារ Antonio Rudiger ដែលមកពីក្លិប Roma ស្របពេលដែលកីឡាករអន្តរជាតិអាល្លឺម៉ង់រូបនេះមានតម្លៃខ្លួន34លានផោន (ស្មើនឹង44លានដុល្លារអាមេរិក)។ Rudiger ដែលអាចលេងក្នុងតំបន់ការពារកណ្តាល ឬតំបន់ការពារស្លាបស្តាំនោះបានចុះហត្ថលេខារយៈពេល5ឆ្នាំ ហើយនិងក្លាយជាកីឡាករចំណូលថ្មីទី2របស់ក្លិប Chelsea នៅរដូវក្តៅដ៏មមាញឹកនេះ។

    វត្តមានរបស់គេ នឹងធ្វើការពង្រឹងនៅតំបន់ការពារសម្រាប់ក្រុមរបស់លោក Antonio Conte ក្រោយពីខ្សែការពារ Nathan Ake បានទៅចូលរួមជាមួយនឹងក្លិប Bournemouth ក្នុងតម្លៃខ្លួន20លានផោន និង John Terry ត្រូវបានអនុញ្ញាតឲ្យចាកចេញនៅពេលបញ្ចប់កិច្ចសន្យារបស់គេ។ Rudiger វ័យ 24ឆ្នាំ ត្រូវបានទាក់ទងជាមួយនឹងការផ្ទេរទៅកាន់ក្លិប Chelsea កាលពីរដូវកាលមុន មុននឹងរងរបួសលើជង្គង់ស្តាំរបស់គេក្នុងពេលហ្វឹកហាត់។ Rudiger បានឲ្យដឹងថា៖ «វាជាអារម្មណ៍ដ៏អស្ចារ្យមួយពីព្រោះមិនមែនរាល់កីឡាករទាំងអស់សុទ្ធតែមានឱកាសក្នុងការចូលរួមជាមួយនឹងក្លិបដ៏ធំមួយបែបនេះឡើយ។
    ខ្ញុំកំពុងតែសម្លឹងឆ្ពោះទៅមុខដើម្បីជួបជាមួយនឹងមិត្តរួមក្រុមថ្មីរបស់ខ្ញុំ ហើយខ្ញុំពិតជាមានមោទនភាពណាស់ក្នុងការក្លាយជាកីឡាករ Chelsea ជាផ្លូវការ»។

    លោក Michael Emenalo ប្រធានផ្នែកបច្ចេកទេសរបស់ Chelsea បានឲ្យដឹងថា៖ « Rudiger ជាកីឡាករវ័យក្មេង ប៉ុន្តែ ពោរពេញដោយបទពិសោធក្នុងកម្រិតក្លិប និងអន្តរជាតិ។ រូបគេមានរាល់ឥរិយាបថទាំងអស់ដែលយើងត្រូវការជាចាំបាច់ក្នុងការលេងក្នុងក្របខ័ណ្ឌ Premier League»៕
    ប្រភពពី៖ ESPN

  • រៀបការ​ពេល​អាយុ​ចន្លោះ 28-31ឆ្នាំ ជីវិត​គូ​នឹង​ស្ថិតស្ថេរ​យូរអង្វែង​

    រៀបការ​ពេល​អាយុ​ចន្លោះ 28-31ឆ្នាំ ជីវិត​គូ​នឹង​ស្ថិតស្ថេរ​យូរអង្វែង​

    អ្នក​សង្គមវិទ្យា​នៃ​មហាវិទ្យាល័យ យូ​ថា​ហ៍ សហរដ្ឋអាមេរិក បានបង្ហាញ​ពី​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​មួយ​ដែល​បាន​រកឃើញថា​ក្នុងអំឡុង​អាយុ​ចន្លោះ​ពី 28-32ឆ្នាំ គឺជា​វ័យ​ដែល​ស័ក្តិសម​សម្រាប់​ការរៀប​អាពាហ៍ពិពាហ៍​ខ្លាំង​បំផុត ព្រោះ​ជា​អំឡុង​វ័យ​ដែល​ស្គា​ល់ពី​អារម្មណ៍​របស់​ខ្លួនឯង រកឃើញ​ដំណើរ​ជីវិត និង​មាន​ភាព​ទទួលខុសត្រូវ​ក្នុង​ក​ម្រឹត​មួយ​ហើយ។ ការស្រាវជ្រាវ​បាន​រកឃើញ​ផងដែរ​ថា​អ្នក​ដែល​រៀបការ​ក្រោយ​អាយុ ៣២ឆ្នាំ មាន​អត្រា​ការ​លែងលះ​កើនឡើង ខណៈដែល​គូស្នេហ៍​វ័យ​ជំទង់​អាយុ ១៥-១៩ឆ្នាំ លែងលះគ្នា​ច្រើន​បំផុត។

    ទស្សនា​វ​ដ្តី ថា​ម បាន​រាយការណ៍​ពី​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់ និគ វូ​ហ្វ៊ី​ង​ហ្គើ​រ៍ អ្ន​សង្គមវិទ្យា​ដែល​បាន​រកឃើញថា អំឡុង​អាយុ​ដែល​ស័ក្តិសម​សម្រាប់​ការចាប់ផ្តើម​ជីវិត​គូ​នោះ​គឺ 28-32ឆ្នាំ ដោយ​អ្នកស្រាវជ្រាវ​បាន​នាំយក​ព័ត៌មាន​ការពិនិត្យ​ពីស​ភាវ​គ្រួសារ​ជនជាតិ​អាមេរិក​ក្នុង​ចន្លោះ​ឆ្នាំ 2006-2010 និង 2011-2015 មក​វិភាគ និង​រកឃើញថា​គូ​អាពាហ៍ពិពាហ៍​ដែល​ស្ថិតក្នុង​វ័យ​នេះ​មាន​អត្រា​ការ​លែងលះ​ទាប​ជាង​អ្នក​ដែល​រៀបការ​ក្នុង​វ័យ​ផ្សេងទៀត ជាពិសេស​ក្នុងអំឡុងពេល 5ឆ្នាំ​ក្រោយពេល​រៀបការ​មាន​អត្រា​ការចែក​ផ្លូវ​គ្នា​តិច​បំផុត។

    វូ​ហ្វ៊ី​ង​ហ្គើ​រ៍​បាន​អធិប្បាយ​ថា ហេតុផល​ដែល​មនុ​ស្សវ័យ 28-32 ឆ្នាំ​ស័ក្តិសម​ល្អ​ក្នុងការ​រៀបការ​នោះ​មាន​ច្រើន​ចំណុច ដូចជា៖
    -មនុស្ស​វ័យ​នេះ​ធំ​គ្រប់គ្រាន់​ក្នុង​ការដឹង​ទាន់​ពី​អារម្មណ៍​របស់​ខ្លួនឯង​ថា តើ​ខ្លួន​ចូល​ចុះ​ជាមួយ​ដៃគូ​បាន​មែនឬ​គ្រាន់តែ​ជា​អារម្មណ៍​រំជើបរំជួល​របស់​អ័រម៉ូន?
    -រូបគេ ឬ​នាង​បានជ្រើសរើស​ដំណើរ​ផ្លូវ​ជីវិត​ដែល​ខ្លួនឯង​ត្រូវការ​ហើយ និង​ចាប់ផ្តើម​មាន​ភាព​ទទួល​ខុសត្រូវ​ចំពោះ​រឿងផ្សេងៗហើយ។
    -មាន​ស្ថិរភាព​ខាង​ហិរញ្ញវត្ថុ​បាន​មួ​យក​ម្រិត​ហើយ។
    -នៅ​មិនទាន់​ចាស់​ជ្រុល​ក្នុងការ​សម្របសម្រួល​ខ្លួន កែសម្រួល​និស្ស័យ ឡៃ​ហ្វ៍​ស្តា​យល៍ ជីវិត​រស់នៅ​ប្រចាំថ្ងៃ -ល- ឱ្យចូល​គ្នា​ជាមួយ​ដៃគូ​ឡើយ ដែល​នេះ​គឺជា​រឿង​សំខាន់​ណាស់​ក្នុងការ​មានជីវិត​គូ។

    អ្នកខ្លះ​អាច​ហៅ​ការសិក្សា​ស្រាវជ្រាវ​នេះ​ថា​ជា ទ្រឹស្តី​មាស​របស់​ការ​រៀបការ ដែល​គូរ​អាពាហ៍ពិពាហ៍​ត្រូវតែ​មិន​ក្មេង ឬ​ចាស់​ជ្រុល​ពេក ក្រៅពីនេះ​នៅមាន​ហេតុផល​ជាច្រើន​ទៀត​ដែល​គាំទ្រ​ថា ក្នុងអំឡុង​អាយុ 20ឆ្នាំ​ក្រាស់ និង 30ឆ្នាំ ស្តើង​គឺជា​អំឡុងពេល​ដ៏​ល្អ​ក្នុងការ​ចាប់ផ្តើម​ជីវិត​អាពាហ៍ពិពាហ៍​ជាមួយ​នរណាម្នាក់​នោះ អ្នក​សង្គមវិទ្យា​ពី​មហាវិទ្យាល័យ យូ​ថា អះអាង។

    វូ​ហ្វី​ង​ហ្គើ​រ៍ បាន​បន្ថែមទៀតថា គូ​អាពាហ៍ពិពាហ៍​ដែល​ទទួលជោគជ័យ​ក្នុង​ជីវិត​គូ ភាគច្រើនៗតែ​ជា​គូ​ដែល​ស្គាល់​ពី​និស្ស័យ​ចិត្តថ្លើម​គ្នា។

    ការរៀប​អាពាហ៍ពិពាហ៍​ក្នុងអំឡុង​វ័យ 15-19ឆ្នាំ នឹងធ្វើ​ឱ្យ​កើត​មានការ​លែងលះ​ច្រើន​បំផុត បន្ទាប់មក​គឺ​ក្នុងអំឡុង​វ័យ 20-24ឆ្នាំ 28-32ឆ្នាំ តាម​លំដាប់ ក្រៅពីនេះ មាន​បច្ច័យ​ជាច្រើន​ទៀត​ដែល​អ្នក​សង្គមវិទ្យា​ជឿថា នឹង​ជួយ​ឱ្យ​ជីវិត​គូ​ស្ថិតស្ថេរ​យូ​អង្វែង​នោះ មានដូចជា ស្ថិរភាព​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ការសិក្សា​ដែល​ល្អ ការរៀប​ការ​មុន​មាន​បុត្រ-ល- សុទ្ធ​តែមាន​ចំណែក​ធ្វើឱ្យ​គូ​អាពាហ៍ពិពាហ៍​មានជីវិត​ប្រកបដោយ​សុភមង្គល​និង​គង់វង្ស​ស្ថិតស្ថេរ​យូរអង្វែង​បាន​ទាំងអស់៕

  • ទីបំផុត! សុបិនរបស់ Lukaku បានក្លាយជាការពិត ក្រោយពីបានបំពេញការផ្ទេរទៅ Man United

    ទីបំផុត! សុបិនរបស់ Lukaku បានក្លាយជាការពិត ក្រោយពីបានបំពេញការផ្ទេរទៅ Man United

    ខ្សែប្រយុទ្ធ Romelu Lukaku បានទទួលស្គាល់ថា រូបគេមិនអាចច្រានចោលឱកាសក្នុងការចូលរួមជាមួយនឹងក្លិបបិសាចក្រហម Manchester United បានឡើយ។ ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិករូបនេះ បានបំពេញការត្រួតពិនិត្យសុខភាពរបស់គេកាលពីព្រឹកថ្ងៃសៅរ៍រួចហើយ មុននឹងបំពេញការផ្ទេររបស់គេកាលពីថ្ងៃអាទិត្យនេះក្នុងតម្លៃខ្លួន 75លានផោន (ស្មើនឹង 97លានដុល្លារអាមេរិក) ខណៈដែលតម្លៃខ្លួននេះអាចនឹងកើនដល់ 90លានផោន បើបូកទាំងប្រាក់ឧបត្ថម្ភផ្សេងៗទៀតផងនោះ។

    Lukaku បានច្រានចោលឱកាសក្នុងការវិលទៅកាន់ក្លិប Chelsea ដើម្បីបានទៅចូលរួមលេងក្រោមការដឹកនាំរបស់លោក Jose Mourinho ម្តងទៀតនៅឯកីឡដ្ឋាន Old Trafford ក្រោយពីរូបគេបានផ្ទេរទៅកាន់ក្លិប Everton ក្នុងតម្លៃខ្លួន 28លានផោន។ Lukaku បានប្រាប់ទូរទស្សន៍ ESPN ថា៖ «នេះគឺជាឱកាសមួយដែលខ្ញុំតែងតែចង់បានតាំងពីខ្ញុំនៅវ័យក្មេងម្ល៉េះ»។ ខ្សែប្រយុទ្ធរូបនេះបានប្រាប់បន្តថា៖ «នៅពេលដែល Manchester United បានចូលមកដាក់សំណើ ខ្ញុំមិនចាំបាច់គិតពីរដងឡើយ។ ខ្ញុំពិតជារីករាយណាស់ក្នុងការស្ថិតជាផ្នែកមួយនៃប្រវត្តិសាស្ត្ររបស់ពួកគេ។ តើនរណាអាចនិយាយថា ទេ ចំពោះក្លិបដ៏ធំបំផុតក្នុងពិភពលោកមួយនេះ? នេះគឺជាឱកាសយ៉ាងល្អឥតខ្ចោះមួយ។ ពួកគេមានកីឡដ្ឋានដ៏ល្អបំផុតនៅអង់គ្លេស និងអ្នកគាំទ្រដ៏ច្រើនបំផុត។ ខ្ញុំបានកំណត់គោលដៅរួចជាស្រេចហើយ ខ្ញុំមិនមើលថយក្រោយឡើយ»។

    Lukaku បានបន្ថែមទៀតថា៖ «ខ្ញុំតែងតែនិយាយថា ខ្ញុំចង់លេងឲ្យក្រុមមួយដែលប្រជែងដណ្តើមរាល់ពានទាំងអស់ដែលមាន។ ខ្ញុំគិតថា Manchester United ចង់ក្លាយជាក្រុមខ្លាំងដាច់គេ។ នៅពេលនេះ វាដល់ពេលក្នុងការធ្វើការងារយ៉ាងលំបាកហើយ ពោលគឺធ្វើការងារលំបាកជាងកាលពីមុន ហើយខ្ញុំពិតជាចង់ធ្វើបែបនេះខ្លាំងណាស់»៕
    ប្រភពពី៖ The Mirror

  • Rooney ចេញពី Man United វិលទៅកាន់ក្លិប Everton វិញ

    Rooney ចេញពី Man United វិលទៅកាន់ក្លិប Everton វិញ

    ខ្សែប្រយុទ្ធ Wayne Rooney ដែលជាអ្នករកគ្រាប់បាល់បានច្រើនជាងគេរបស់ក្លិបបិសាចក្រហម Manchester United បានបំពេញការផ្ទេររបស់គេទៅកាន់ក្លិបកាលពីកុមារភាពរបស់គេគឺ Everton វិញ កាលពីថ្ងៃអាទិត្យ ដើម្បីបញ្ចប់ការលើកឡើងផ្សេងៗអំពីអនាគតរបស់គេ។

    Rooney បានចុះហត្ថលេខារយៈពេល២ឆ្នាំជាមួយនឹងក្លិបទូកក្តោង Everton សម្រាប់តម្លៃខ្លួនបិទជិតមួយ ដើម្បីបញ្ចប់រយៈពេល13របស់គេនៅកីឡដ្ឋាន Old Trafford និងដើម្បីវិលទៅកាន់ក្លិប Everton វិញ ក្រោយពីរូបគេបានចាកចេញកាលពីឆ្នាំ2004។ Rooney បានសរសេរនៅលើបណ្តាញសង្គម Facebook កាលពីថ្ងៃអាទិត្យថា៖ «ខ្ញុំពិតជារំភើបណាស់ក្នុងការវិលទៅកាន់ក្លិបកីឡាបាល់ទាត់ Everton វិញ។ ខ្ញុំពិតជាស្រេកឃ្លានក្នុងការជួបជាមួយនឹងលោក Ronald Koeman និងកីឡាករផ្សេងៗទៀត»។ លោក Koeman ដែលជាអ្នកចាត់ការទូទៅរបស់ Everton បានឲ្យដឹងថា៖ «Wayne បានបង្ហាញឲ្យខ្ញុំឃើញពីមហិច្ឆតាដែលយើងត្រូវការ និងស្មារតីនៃការទទួលជ័យជម្នះ។ រូបគេដឹងពីរបៀបនៃការឈ្នះពាន ហើយខ្ញុំពិតជារីករាយណាស់ដែលរូបគេបានសម្រេចចិត្តក្នុងការវិលត្រឡប់មកផ្ទះវិញ។

    រូបគេស្រឡាញ់ក្លិប Everton ហើយរូបគេពិតជាសង្ឃឹមក្នុងការវិលត្រឡប់មកវិញ។ រូបគេកំពុងតែស្ថិតក្នុងវ័យ31ឆ្នាំប៉ុណ្ណោះ ហើយខ្ញុំពិតជាមិនមានការសង្ស័យទៅលើគុណភាពរបស់គេឡើយ។ វាពិតជាអស្ចារ្យណាស់ដែលរូបគេមកទីនេះ»។

    Rooney បានចាកចេញ ក្រោយពីបានស៊ុតបាល់បញ្ចូលទី253គ្រាប់ ក្នុងការបង្ហាញខ្លួន559លើកសម្រាប់ក្រុមបិសាចក្រហម ហើយរូបគេបានឈ្នះពានក្របខ័ណ្ឌ Premier League 5លើក និងបានលើកពានក្នុងក្របខ័ណ្ឌ Europa League, Champions League និង FA Cup ទៀតផង៕
    ប្រភពព័ត៌មាន៖ Sport24

  • ចំណាយ​តិចជាង 5នាទី​ក្នុង​មួយថ្ងៃ ដើម្បី​សម្រក​ខ្លាញ់​ក្បាលពោះ​

    ចំណាយ​តិចជាង 5នាទី​ក្នុង​មួយថ្ងៃ ដើម្បី​សម្រក​ខ្លាញ់​ក្បាលពោះ​

    រាង​ស្អាត ស្លៀកពាក់​អ្វី​ក៏​សម​គឺជា​បំណងប្រាថ្នា​របស់​នារី​គ្រប់រូប ហេតុនេះ​ការថែរក្សា​រូបរាង​ឱ្យ​ស្វែ​ល​ស្រ​ឡូ​ន​ស្អាត​គឺជា​អ្វីដែល​នារី​ភាគច្រើន​តែង​យកចិត្តទុកដាក់។ វិធី​នៃ​ការកាត់បន្ថយ​សារជាតិ​ខ្លាញ់​នៅក្នុង​រាងកាយ​ជាច្រើន​ត្រូវបាន​យកមកអនុវត្ត ប៉ុន្តែ​មាន​ពេលខ្លះ​អ្នក​អាច​នឹងត្រូវ​ចំណាយពេល​វេលា​យូរ​ក្នុងការ​អនុវត្ត តែ​បែរជា​មិន​ទទួលបាន​ផ្លែផ្កា​ទៅវិញ។ តាមរយៈ​វិធី​ដែល ឡា​រ៉ែ​ន ផ្តល់ជូន​ខាងក្រោម​នេះ អ្នក​ចំណាយពេល​តិចជាង5នាទី​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ដើម្បី​សម្រក​ខ្លាញ់​ក្បាលពោះ​យ៉ាង​មាន​ប្រសិទ្ធភាព។

    ដោយ​គ្រាន់តែ​យក​ទឹកឃ្មុំ​សុទ្ធ1ស្លាបព្រា​កាហ្វេ​លាយ​ជាមួយនឹង​ទឹកក្រូច​ឆ្មារ2ស្លាបព្រា​កាហ្វេ (បើ​អាចយ​កវា​ទៅ​ដាក់​កម្តៅ​ឱ្យ​ក្តៅ​បន្តិច​កាន់តែ​ប្រសើរ) មក​ទទួលទាន​រៀងរាល់​ពេល​ភ្ញាក់​ពី​ដំណេក​នាពេល​ព្រឹក​ព្រលឹម មុន​ទទួលទាន​អាហារ​ពេលព្រឹក និង​ក្រោយពេល​ទទួលទាន​អាហារ​ណា​ដែលមាន​ជាតិ​ខ្លាញ់​ច្រើន​រួច​តែប៉ុណ្ណោះ អ្នកនឹង​ទទួលបាន​នូវ​រូបរាង​ដ៏​ស្រ​ឡូ​ន​ស្អាត មិនមាន​ខ្លាញ់​នៅ​ក្បាលពោះ​ដ៏​គួរឱ្យ​ស្អប់​នោះទេ។

    បើ​ងា​កមក​គិត​ទៅដល់​ពេលវេលា​នៃ​ការ​លាយ​ទឹកឃ្មុំ និង​ទឹកក្រូច​ឆ្មារ​វិញ យើង​សង្កេតឃើញថា វា​មាន​រយៈពេល​ខ្លី​បំផុត គឺអាច​នឹងមិន​ដល់5នាទី​ផង តែ​ប្រសិទ្ធភាព​របស់​វា​គឺ​លើសពី​ការគិត​របស់​អ្នក​ទៅទៀត​ចំពោះ​ការ​សម្រក​ខ្លាញ់​ក្បាលពោះ។ វិធីសាស្ត្រ​ផ្សេងទៀត​ដែល​អ្នក​អាច​សាកល្បង ដើម្បីឱ្យ​ខ្លាញ់​នៅ​បរិវេណ​ក្បាលពោះ​រាបស្មើ​នោះ​គឺ ការ​ទទួលទាន​ផ្លែឈើ​មួយចំនួន​ដូចជា ផ្លែ​ប្លូ​បឺ​រី ផ្លែ​ប៊័រ ផ្លែ​ប៉ោម ផ្លែក្រូច ផ្លែ​ចេក ផ្លែ​ម្នាស់ ផ្លែ​ល្ហុង​ទុំ និង​ផ្លែ​ទទឹម​ជាដើម។

    បន្ថែម​ពីលើ​ការ​ទទួលទាន​ទឹកឃ្មុំ ឬ​ផ្លែឈើ​មួយចំនួនខាងលើនេះ អ្នក​គួរតែ​ចំណាយពេល5នាទី​បន្ថែម​ពីលើ​ទម្លាប់​ហាត់ប្រាណ​ដែល​អ្នក​ធ្លាប់ធ្វើ​ពីមុនមក ដោយ​ចាប់ផ្តើម​អនុវត្ត​នូវ​របៀប​ហាត់ប្រាណ​ដែល​អាចជួយ​សម្រក​ខ្លាញ់​ក្បាលពោះ​បាន​ដូចជា ការ​ជិះ​កង់ ការ​ហែល​ទឹក និង​ការហាត់​ប្រាណ​ជាមួយ​បាល់​ជាដើម។ បន្ទាប់ពី​បាន​អាន​ពី​វិធីសាស្ត្រ ខ្លីៗខាងលើ​ហើយ​នោះ ឡា​រ៉ែ​ន សង្ឃឹមថា មិត្តនារីៗដែលមាន​បញ្ហា​ខ្លាញ់​ក្បាលពោះ ឬនារីៗដែល​ចង់​សម្រក​ទម្ងន់​ទាំងអស់ អាច​ចាប់ផ្តើម​អនុវត្តតាម​វិធី​នេះ​បាន ដើម្បី​ប្តូរ​ពី​ក្បាល​ពោះធំ​មាន​ខ្លាញ់​ច្រើន មកជា​ក្បាលពោះ​ដែល​រាបស្មើស្រស់ស្អាត​ដូច​តារា​ម៉ូ​ឌែ​ល​វិញ៕

  • អារម្មណ៍ប្រែប្រួលក្នុងអំឡុងតាំងគភ៌ដំបូងៗ និងវិធីទប់ទល់​

    អារម្មណ៍ប្រែប្រួលក្នុងអំឡុងតាំងគភ៌ដំបូងៗ និងវិធីទប់ទល់​

    បញ្ហា​ស្ត្រី​មានគភ៌ នៅពេលដែល​អនាគត​អ្នក​ម្តាយ​ថ្មោងថ្មី​ចាប់ផ្តើម​តាំង​គភ៌ដំបូងៗ ច្រើន​តែមាន​អាការ​ឆាប់​ខឹង​មួម៉ៅ និង​មាន​អារម្មណ៍​ប្រែប្រួល តែ​ស្ត្រី​មានគភ៌​ទាំងឡាយ​កុំអាល​កង្វល់​ចិត្ត​អី ព្រោះ​អាការ​ទាំងនេះ​នឹង​កើតឡើង​ក្នុងអំឡុង3ខែ​ដំបូង​ប៉ុណ្ណោះឯង តែ​ត្រូវ​អាស្រ័យ​លើ​កម្លាំងចិត្ត​អ្នក​ដែល​នៅក្បែរ​ខ្លួន ជាពិសេស​អនាគត​លោកឪពុក គឺជា​កម្លាំងចិត្ត​សំខាន់បំផុត។ ថ្ងៃនេះ ឡា​រ៉ែ​ន មាន​គន្លឹះល្អៗក្នុងការ​ត្រៀម​ទប់ទល់​ក្នុងអំឡុងពេល​មានគភ៌ដំបូងៗមក​ជម្រាប​អនាគត​អ្នក​ម្តាយ និង​លោកឪពុក​ដូចតទៅ។

    នៅពេលដែល​ដឹង​ពិតប្រាកដ​ហើយ​ថា មានគភ៌… ក្តី​ត្រេកអរ​តែងតែ​ចេញមក​លាយឡំ​ជាមួយ​ក្តីកង្វល់ រឹតតែ​នៅក្នុង​សង្គម​ព័ត៌មាន​ផង​នោះ រឹតតែ​អាន រឹត​មាន​អារម្មណ៍​ថា​ភ័យព្រួយ​ឡើង ដូចជា “តើ​ខ្ញុំ​នឹងធ្វើ​បានទេ?” “តើ​ខ្ញុំ​នឹងធ្វើ​យ៉ាងណា​តទៅទៀត?” ជាដើម។ គួបផ្សំ​ជាមួយ​ការប្រែប្រួល​របស់​រាងកាយ និង​ផ្លូវចិត្ត​របស់​ស្ត្រី​មានគភ៌​ខ្លួនឯង​ដែល​ត្រូវ​ប្រឈម​ទៀតផង តែ​មិនចាំបាច់​កង្វល់​ទេ​អនាគត​អ្នក​ម្តាយ​ថ្មោងថ្មី​ទាំងឡាយ គ្រាន់តែ​តាំងស្មារតី ហើយ​ដកដង្ហើមវែងៗ យល់ដឹង​អំពី​កម្មវិធី​ការប្រែប្រួល​របស់​រាងកាយ និង​ផ្លូវចិត្ត ដឹង​ពី​បញ្ហា​ច្បាស់ ក៏​អាច​កែខៃ​បានដែរ។

    តាំង​គភ៌ដំបូងៗ ជាមួយ​អារម្មណ៍​ប្រែប្រួល
    នៅពេល​ចាប់ផ្តើម​មាន​ផ្ទៃពោះ​ក្នុង3ខែ​ដំបូង​ភាពប្រែប្រួលផ្សេងៗ មិនថាតែ​អាការ​នឿយ​ល្វើយ ក្អួតចង្អោរ រមាស់​ក្បាលដោះ និង​អារម្មណ៍​ដែល​ផ្លាស់ប្តូរ​ខុសពី​មុន​យ៉ាង​ស្រឡះ ជួនកាល​មាន​អារម្មណ៍​ថា មាន​សេចក្តីសុខ​តែមួយ​ភ្លែត ក៏​សោកសៅ​វិញ​ភ្លាម​តែម្តង ដោយសារតែ​មានការ​ក​ង្វ​ល់ពី​ការតាំង​គភ៌​របស់​អ្នក​ម្តាយ​ថ្មោងថ្មី និង​បញ្ហា​ជាច្រើន​ដែល​ខ្លួន​បារម្ភ ដូចជា មិនដឹង​ជា​ប្រសូត​បុត្រ​យ៉ាងណា ឬ​មើលថែទាំ​កូន​យ៉ាងណា-ល- ក្នុងអំឡុង​ពេលនេះ​ត្រូវ​អាស្រ័យ​កម្លាំងចិត្ត​ពី​អ្នក​ដែល​នៅក្បែរ​ខ្លួន ជាពិសេស​ស្វាមី​គឺជា​មនុស្ស​ដែល​សំខាន់បំផុត។

    ប្រើ​ពេលវេលា​មិនយូរ​ទេ​នឹង​សម្របសម្រួល​ខ្លួន​បាន​មិន​ខាន
    បន្ទាប់ពី​ការសម្របសម្រួល​ខ្លួន​ពេញ​មួយរយៈ​ពេល3ខែ​មកហើយ​និង​ឈានចូល​ខែ​ទី3-6 ស្ត្រី​មានគភ៌​នឹង​ចាប់ផ្តើម​ស៊ាំ​ធ្លាប់​ជាមួយ​តួនាទី “ខ្ញុំ​គឺជា​ស្ត្រី​មានគភ៌” ហើយ។ ស្ត្រី​មានគភ៌​ភាគច្រើន​ចាប់ផ្តើម​មាន​អារម្មណ៍​ធូរស្រាល​ឡើង ចាប់ផ្តើម​រៀន​យល់ដឹង​ពី​ភាព​ផ្លាស់ប្តូរ​ដែល​កើតឡើង​បាន​ងាយ​ជាង​មុន មាន​អារម្មណ៍​ដឹង​ពី​ជីវិត​តូច​មួយ​ដែល​នៅក្នុង​គភ៌​របស់ខ្លួន ពេល​កូន​រើបំរះ​គឺជា​វិនាទី​ដែល​អស្ចារ្យ​បំផុត​ដែល​ពិបាក​នឹង​បរិយាយ​អំពី​អត្ថន័យ​របស់​ភាពជា​ម្តាយ និង​កូន​ខ្លាំងណាស់។

    ជិត​ប្រសូត សុំ​ឱប​ម្តងទៀត
    នៅពេល​ភាព​អី​ុ​ក​អ៊ា​ក​មកដល់ រាងកាយ​របស់​ស្ត្រី​មានគភ៌​ចាប់ផ្តើម​មាន​សាច់មាន​ឈាម និង​មាន​ទម្ងន់​ខ្លួន​ច្រើនឡើង ដើរហើរ ចាប់​កាន់​អ្វី​លែង​ងាយស្រួល ជួយ​ខ្លួនឯង​លែង​សូវ​បាន​ដូច​មុន រឹតតែ​ជិត​ប្រសូត ក៏​រឹត​តែមាន​កង្វល់​រឿង​ការ​ប្រសូត ខ្លាច​កូន​មិន​រឹងប៉ឹង និង​កង្វល់​ជាច្រើន​រឿង​ទៀត។

    ការយកចិត្តទុកដាក់ និង​កម្លាំងចិត្ត​គឺជា​រឿង​សំខាន់ មនុស្ស​នៅ​ជុំវិញខ្លួន​គឺជា​ថ្នាំ​លើក​កម្លាំង​ដែល​ធ្វើឱ្យ​ស្ត្រី​មានគភ៌​អាច​សម្របសម្រួល​អារម្មណ៍​ក្នុងមួយថ្ងៃៗបាន​យ៉ាង​មាន​សេចក្តីសុខ ជាពិសេស​ស្វាមី​គួរ​យកចិត្តទុកដាក់​ថែទាំ​ភរិយា​មានគភ៌​ជាពិសេស កុំឱ្យ​មានការ​តូចចិត្ត​ជាដាច់ខាត គួរប្រើ​ពាក្យសំដី​ដែល​ផ្តល់នូវ​ភាពជឿជាក់​ថា នឹង​នៅក្បែរ​គ្នា​ជា​កម្លាំង​ថាមពល​វិជ្ជមាន​ដល់​អ្នក​ម្តាយ​ឱ្យ​ឆ្លង​ផុតអ្វីៗគ្រប់យ៉ាង​ទៅបាន​យ៉ាង​សុវត្ថិភាព។

    បើសិន​នៅពេលណា​ដែល​ស្ត្រី​មានគភ៌​មាន​អារម្មណ៍​មិន​សប្បាយ ចិត្ត ឬ​មាន​កង្វល់​នោះ សាកល្បង​ប្រើ​វិធី​បែបងាយៗដែល​អាចធ្វើ​បាន​ដោយ​ខ្លួនឯង​គ្រប់ពេលវេលា ដូចជា ការ​អង្គុយ​សម្រាក​បន្ធូរ​អារ​ម្មណ៍​ឱ្យសប្បាយៗនៅក្នុង​ទីកន្លែង​ដែល​ខ្លួន​ចូលចិត្ត ក្នុង​បន្ទប់​ដែលមាន​ខ្យល់អាកាស​ចេញចូល​ល្អ សម្រាក​បន្ធូរ​សាច់ដុំ​គ្រប់ផ្នែក បិទ​ភ្នែកយឺតៗ ដកដង្ហើម​ចេញចូល​វែងយឺតៗ នឹក​ដល់​តែ​រឿងរ៉ាវល្អៗ ទិដ្ឋភាព​ដែលស្អាតៗ ម្តងៗប្រមាណ​ជា5-10នាទី ព្រមជាមួយ​សំឡេង​បទ​ភ្លេងស្រាលៗ នោះ​ស្ត្រី​មានគភ៌​នឹង​បាន​ជួបនឹង​សេចក្តីសុខ​ដែល មាននៅក្បែរៗខ្លួន​មិន​ខាន៕