Author: វល័ក្ខ

  • អត្ថប្រយោជន៍ 8យ៉ាង បានមកពី​ការ​ឆាប់​ក្រោកពីដំណេក​

    អត្ថប្រយោជន៍ 8យ៉ាង បានមកពី​ការ​ឆាប់​ក្រោកពីដំណេក​

    ខាងក្រោម​នេះ​គឺជា​គុណសម្បត្តិ​ទាំង ៨យ៉ាង​ដែល​បានមកពី​ការ​ឆាប់​ក្រោកពីដំណេក៖

    1.ជួយ​ឲ្យ​អ្នករក្សា​បាន​នូវ​ភាព​វិជ្ជមាន
    មនុស្ស​ម្នាក់ អាច​នឹង​រក្សា​នូវ ភាពជា​វិជ្ជមាន​របស់គេ​បាន ពេញ​មួយថ្ងៃ​ប្រសិនបើ​គេ បាន​ក្រោក​ពី ដំណេក​នៅក្នុង​ពេលព្រឹក​ព្រលឹម។ អាកប្បកិរិយា​ជាទូទៅ នឹងមាន​ការផ្លាស់ប្តូរ ហើយ​វា​នឹង​បង្កើត​នូវ​អារម្មណ៍ នៃ​ភាព​ស្រស់ស្រាយ​មួយ។ ដោយ​ការ​ឆាប់ ក្រោកពីដំណេក​នោះ អ្នកនឹង​អាច បន្ត​ស្ថិតនៅ មាន​កម្លាំងចិត្ត​ជានិច្ច។វា​នឹង​ជួយ​ធ្វើ​ឲ្យ យើងម្នាក់ៗ អាច​រក្សា​បា​នូវ​អារម្មណ៍ ធូរស្រាល​បាន​ពេញ​មួយ ថ្ងៃ ។

    2. បង្កើន​នូវ​កម្រិត​នៃ​ទំនុកចិត្ត​លើ​ខ្លួនឯង
    មនុស្ស​ដែល ក្រោកពីដំណេក​យឺតយ៉ាវ ជារឿយៗ តែង​ប្រឈម​នឹង​បញ្ហា នៃ​ការ​មាន​ទំនុកចិត្ត​ទាប លើ​ខ្លួនឯង។ ប៉ុន្តែ​ការ ឆាប់​ក្រោកពីដំណេក​អាច ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​បង្កើន កម្រិត​នៃ​ទំនុកចិត្ត​លើ​ខ្លួនឯងបាន​ទៅវិញ ។ អ្នកនឹង​ទទួលបាន​នូវ អារម្មណ៍​នៃ​ការពេញចិត្ត និង​មាន​ភាព​រីករាយ ប្រសិនបើ​អ្នក បាន​ក្រោក​ពី​គេង​នៅក្នុង​ពេលព្រឹក​ព្រលឹម។

    3. បង្កើន​នូវ​ផលិតផល​ការងារ​របស់​អ្នក
    អារម្មណ៍​នៃ​ភាពស្រស់​ស្រាយ នៅក្នុង​ពេលព្រឹក នឹងធ្វើ​ឲ្យ​អ្នកធ្វើការ​បាន យ៉ាងសកម្ម​នៅក្នុងពេល ថ្ងៃ។ ដោយ​ការ​ក្រោកពីដំណេក នៅក្នុង​ពេលព្រឹក នឹង​អាចធ្វើ​ឲ្យ​មនុស្ស​ម្នាក់ បង្កើនបាន​នូវ ផលិតផល​ការងារ បាន​ជាទី​គាប់ចិត្ត។អារម្មណ៍​នៃ​ភាពស្រស់​ស្រាយ នឹងធ្វើ​ឲ្យ​អ្នកបង្កើត​បាន​នូវ គំនិតថ្មីៗ ជាច្រើន ដូច្នេះហើយ​វា​នឹង​អាច ជះឥទ្ធិពល​ទៅលើ​សមិទ្ធិផល​ការងា​របស់​អ្នក។

    4. ស្វែង​រកឃើញ​ការពិត​ពី​ខ្លួន​អ្នក
    មនុស្ស​ម្នាក់ ដែល​បាន​ក្រោក​ពី ព្រឹក​ព្រលឹមជារឿយៗ តែងតែ​អាច​ស្វែង​រកឃើញ នូវ​ផ្លូវ​នៃ​ការ​ឆ្ពោះទៅ កាន់ការ​ស្វែងរក​ការ ពិត​របស់​ខ្លួនឯង។ ការតាំង​សមាធិ និង ការហាត់​យូ​ហ្គា​នៅក្នុង​ពេលព្រឹក​ព្រលឹម អាចជួយ​ធ្វើ​ឲ្យ​អ្នក មាន​រាងកាយ និង​អារម្មណ៍​ធូរស្រាល បាន​ពេញ​មួយថ្ងៃ ។ មនុស្ស​ម្នាក់ នឹង​អាច ទទួលបាន​នូវ​តុល្យភាព​នៃ​ផ្លូវចិត្ត​ដ៏​ត្រឹមត្រូវ​មួយ ដោយ​ការ​បន់ស្រន់​នៅក្នុង​ពេលព្រឹក​ព្រលឹម ។ វា​នឹង​ជួយ​ធ្វើ​ឲ្យ​ផ្លូវចិត្ត​របស់​យើងម្នាក់ៗ បាន​ស្ងប់​សុខ​ល្អ។

    5.កាត់បន្ថយ​ការ​មាន​ស្ត្រេ​ស
    ការចូល​គេង​យឺតយ៉ាវ និង ការ​ក្រ​ភ្ញាក់​ពី​ដំណេក​អាច នឹង​បណ្តាល​ឲ្យ​ខ្លួន​អ្នកមាន​ស្ត្រេ​ស ដោយសារតែ​រាងកាយ​អ្នក មិនមាន​តុល្យភាព​ត្រឹមត្រូវ​មួយ។ ដោយ​ការ​ក្រោកពីដំណេក នៅក្នុង​ពេលព្រឹក ព្រលឹម នោះ​វា​នឹង​ជួយ ឲ្យ​យើង​កាត់បន្ថយ​បាន នូវ​ស្ត្រេ​សបាន​ចេញពី រាងកាយ និង ផ្លូវចិត្ត។ កាលបើ​ផ្លូវចិត្ត​របស់​យើង​ស្រស់ស្រាយ នោះ​មនុស្ស​ម្នាក់​ក៏​នឹង​ទទួលបាន​នូវ ភាពស្រស់ថ្លា ជាជាង​ការ​មាន​ស្ត្រេ​ស​ផ្ទុក​ទុក នៅក្នុង​ខ្លួន​ទៀត​នោះដែរ។

    6. មាន​ពេល​ក្នុងការ​សម្រាក
    ប្រសិនបើ​មនុស្ស​ម្នាក់ បាន​ក្រោក​ពី​ព្រឹក នោះគេ​នឹង​អាចធ្វើអ្វីៗបាន ដូចជា​ការគ្រោងទុក។ ការកំណត់​ទុក នូវ​រឿងរ៉ាវ​ចាំបាច់​ដែល ត្រូវធ្វើ​មុនគេ ជាប្រចាំ​ថ្ងៃ នឹង​ផ្តល់​ពេល​ឲ្យ​អ្នក មាន​ពេលវេលា​បាន សម្រាក​គ្រប់គ្រាន់ បន្ថែមទៀត។ នៅក្នុង​ពេលទំនេរ​នោះ ពួកគេ​អាច ធ្វើ​នូវ​កិច្ចការ​ដែលជា ចំណង់​ចំណូលចិត្ត​របស់​ពួកគេ​ដូច​ចា សរសេរ​កំណត់ហេតុ ឬ គូររូប​ជាដើម។

    7. បង្កើន​កម្រិត​នៃ​ការប្រមូលផ្តុំ​អារម្មណ៍
    ដោយ​ការ​ក្រោកពីដំណេក នៅក្នុង​ពេលព្រឹក នោះ​យើងម្នាក់ៗ នឹង​អាចធ្វើ​ឲ្យ​ថាមពល នៃ​ការចងចាំ របស់​យើង​ប្រសើរឡើង។ អ្នក​ដែល​តែងតែ​ក្រោក​ពី​ព្រឹក ក៏​នឹង​អាចធ្វើ​ការប្រមូលផ្តុំ​អារម្មណ៍​បានល្អ​ប្រសើរ ជាង អ្នក​ដែល​មិនបាន​ក្រោក​ពី​ព្រឹក​នោះដែរ។

    8. ជួយ​ធ្វើ​ឲ្យ​អ្នកមាន​សុខភាព​ល្អ
    វា​ជា​ការពិត​មួយ ដែលថា មនុស្ស​ដែល​ឆាប់​ចូល​គេង និង ឆាប់​ក្រោក​ពី​ព្រឹក​គឺ​តែងតែមាន​ស្ថានភាព រូបរាងកាយ និង សុខភាព​មាំទាំ​ជាង​អ្នក​ដែល​មិន​បានធ្វើ​ដូចនេះ ។ ដោយ​គ្រាន់តែ​ការ ឆាប់​ក្រោក​ពី ដំណេក​វា​នឹងធ្វើ​ឲ្យ​អ្នក​រក្សាបាន​នូវ​ទម្លាប់ ដ៏​ល្អ​មួយ​ចំពោះ​សុខ៕

  • ស៊ីស៊ី៖ ខ្ញុំមិនចង់ជាប់ឈ្មោះជាតារាសិចស៊ីទេ

    ស៊ីស៊ី៖ ខ្ញុំមិនចង់ជាប់ឈ្មោះជាតារាសិចស៊ីទេ

    មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា កញ្ញាស៊ី ស៊ី ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន ដោយគេបានផ្ដោតទៅលើការតុបតែងខ្លួនបែប Fashion បង្កប់នូវភាពសិចស៊ី តែទោះយ៉ាងណាតារារូបនេះបានបញ្ជាក់ថា នាងគ្មានបំណងចង់បង្អួតលើភាពសិចស៊ី ឬទទួលតំណែងជាតារាសិចស៊ីឡើយ។

    ទោះបីជាកញ្ញាស៊ីស៊ីបានចូលប្រឡូកក្នុងអាជីពសិល្បៈតាំងពីឆ្នាំ2005 តាមរយៈកម្មវិធីប្រឡងកញ្ញាឯកប្រ៊ីតស្ដុនក៏ដោយ ក៏នាងពុំសូវមានមហាជនស្គាល់ច្រើនដែរ ទើបតែកាលពីឆ្នាំ2016កន្លងទៅ នាងទទួលបានការចាប់អារម្មណ៍ច្រើន ខណៈដែលនាងទទួលបានឱកាសការងារជាច្រើន ដូចជាថតវីដេអូឃ្លីប សម្ដែងភាពយន្ដ និងដើរបង្ហាញម៉ូដនៅក្នុងកម្មវិធីធំៗជាដើម។

    កញ្ញា ស៊ី ស៊ី បញ្ជាក់ថា មូលហេតុដែលនាងពុំសូវទទួលបានប្រជាប្រិយភាព ព្រោះតែដំបូងឡើយនាងគិតថា ការចូលប្រឡូកក្នុងការងារសិល្បៈគ្រាន់តែជាការកម្សាន្ដប៉ុណ្ណោះ ប៉ុន្ដែក្រោយពីមានឱកាសបានទទួលការងារជាបន្ដបន្ទាប់មកធ្វើឱ្យនាងកាន់តែស្រឡាញ់អាជីពនេះ នឹងចង់ចាប់យកការងារទាំងនោះឱ្យបានជាប់លាប់តែម្ដង ពិសេសក្រោយពីមានការចាប់អារម្មណ៍លើរូបសម្រស់ និងការតុបតែងខ្លួនរបស់នាងច្រើនធ្វើឱ្យនាងកាន់តែមានកម្លាំងចិត្ដដើម្បីបន្ដអាជីពនេះទៅមុខទៀត។

    កាលពីនៅវ័យកុមារ ស៊ីស៊ី​តែងមានក្ដីស្រមៃថា នាងនឹងអាចក្លាយជាតារាសិល្បៈមួយរូបដែលមានឈ្មោះបោះសំឡេង ខណៈដែលនាងបានឃើញរូបតារារៀមច្បងនៅតាមប៉ាណូ និងលើកញ្ចក់ទូរទស្សន៍ជាដើម។ ជាក់ស្ដែងនៅពេលនេះ ក្ដីបំណងរបស់នាងចាប់ផ្តើមសម្រេចបានក្នុងរង្វង់80%ហើយ ខណៈដែលប្រជាប្រិយភាពរបស់នាងក៏កំពុងតែមាននៅលើទីផ្សារសិល្បៈផងដែរ។ នាងបន្ដថា ជុំវិញការតុបតែងខ្លួនដែលគេមើលឃើញថា មានភាពសិចស៊ីនោះ វាគ្រាន់តែជាស្ទីលបែប Fashion ធ្វើយ៉ាងណាឱ្យប្លែក ឱ្យមានភាពទាក់ទាញ ព្រោះនាងពុំចូលចិត្ដប្រើគ្រឿងអលង្ការមកពាក់លើខ្លួនច្រើនដើម្បីលម្អកាយនោះឡើយ។

    តារាសម្ដែងរូបនេះបញ្ជាក់ថា៖ «ទោះបីជាមហាជនមានការចាប់អារម្មណ៍ជាមួយការតុបតែងខ្លួនរបស់ខ្ញុំក៏ដោយ ប៉ុន្ដែខ្ញុំពុំចង់ជាប់ឈ្មោះជាតារាសិចស៊ីទេ ដ្បិតអីប្រទេសយើងនៅមានការតឹងរ៉ឹង និងប្រកាន់លើផ្នែកប្រពៃណីច្រើន។ ម្យ៉ាងខ្ញុំចង់ឱ្យគេសរសើរថា ជាតារាសិល្បៈពូកែសម្ដែង ឬតារាមានភាពស្រស់ស្អាតច្រើនជាង»។

    ស៊ីស៊ី បញ្ជាក់ថា ភាពស្រស់ស្អាតដែលនាងចង់បញ្ជាក់នៅទីនេះគឺ មិនប្រកាន់ថា ស្អាតបែបធម្មជាតិ ឬស្អាតបែបកែសម្ផស្សនោះទេ សំខាន់គឺ តារាសិល្បៈនោះត្រូវតែចេះថែរក្សាសម្ផស្សរបស់ខ្លួនឱ្យមានភាពស្រស់ស្អាតបានយូរអង្វែងតាមរយៈការហាត់ប្រាណឱ្យមានរាងកាយស្រស់ស្អាត និងមានភាពទាក់ទាញពីមហាជនជានិច្ច៕

  • ការជួសជុលស្ពានជ្រោយចង្វារទំនងជាត្រូវពន្យារពេលម្តងទៀត

    ការជួសជុលស្ពានជ្រោយចង្វារទំនងជាត្រូវពន្យារពេលម្តងទៀត

    ភ្នំពេញៈ ការជួលជុលស្ពានជ្រោយចង្វារនឹងត្រូវមានការពន្យារពេលម្តងទៀត បន្ទាប់ពីភាគីជប៉ុនបានសម្តែងការព្រួយបារម្ភថា ថវិកាសម្រាប់ជួសជុលស្ពាននេះអាចនឹង​មិនគ្រប់តាមតម្រូវការ។

    លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបាន​ថ្លែងឲ្យដឹងតាមទូរស័ព្ទនាល្ងាចថ្ងៃទី11 កក្កដានេះថា បន្ទាប់ពីមានការវាយតម្លៃឡើងវិញ ភាគីជប៉ុនបានបារម្ភថា ថវិកាទំហំ 30លានដុល្លារសម្រាប់ជួសជុល​ស្ពាននេះអាចនឹងមិនគ្រប់តាមតម្រូវការ ទើបភាគីជប៉ុនត្រូវធ្វើការវាយតម្លៃឡើងវិញពីទំហំចំណាយដែលយើងមិនទាន់ដឹងនៅឡើយ គឺត្រូវរង់ចាំរហូតទាល់តែប្រតិភូជាន់ខ្ពស់ក្រសួងសាធារណការទៅកាន់ប្រទេសជប៉ុនពិភាក្សាអំពីរឿងនេះម្តងទៀតសិនទើបអាចដឹងពីថវិកាដែលត្រូវចំណាយពិតប្រាកដ។

    លោកបន្តថា “ការជួសជុលឡើងវិញមិនទាន់ដឹងថាចាប់ផ្តើមនៅពេលណាពិតប្រាកដទេ​ រហូតទាល់តែការវាយតម្លៃចប់ទើបការជួសជុលចាប់ផ្តើម ព្រោះការជួសជុលនេះជា​ការជួសជុលធំ និងជួលជុលរចនាសម្ព័ន្ធគ្រឹះរបស់ស្ពាន”។ លោកបន្តថា “ជប៉ុនមាន​និតិវិធីធ្វើការយូរ មានតម្លៃថ្លៃ តែគម្រោងរបស់ពួកគេគឺ រឹងមាំ និងជាប់បានយូរ”។ តាមគម្រោងជំហានដំបូង ការជួសជុលស្ពាននេះគ្រោងចំណាយរយៈពេល២ឆ្នាំ។

    អ្នកនាំពាក្យរូបនេះបានបន្តថា ការជួសជុលស្ពាននេះ មិនមែនជាការកែប្រែរូបរាងរបស់ស្ពានទេ គឺទម្រង់ស្ពានស្ថិតនៅដដែល ប៉ុន្តែការជួសជុលអាចនឹងលើកតួស្ពានចាស់ចេញ ហើយដាក់ស្ពានថ្មីជំនួសវិញ។ ជាមួយគ្នានេះដែរសាលារាជធានីភ្នំពេញក៏គ្រោងរៀបចំសាងសង់ស្ពានបាឡេ​ថ្មីមួយដែលស្ថិតនៅទល់មុខឃ្លាំងសាំងសូគីម៉ិចនៅតាមបណ្តោយផ្លូវជាតិលេខ5 ដែលមានទទឹង12ម៉ែត្រ និងបណ្តោយប្រវែងប្រហែល 700ម៉ែត្រផងដែរ។

    លោក មាស ម៉េតភ័ក្តី បានថ្លែងថា ការសាងសង់ស្ពានបាឡេនេះ សាលាក្រុងបានសហ​ការជាមួយក្រុមហ៊ុន OCIC ហើយបច្ចុប្បន្នសាលាក្រុងកំពុងសិក្សាពីផលប៉ះពាល់របស់​ស្ពាននេះមុននឹងធ្វើការសាងសង់ ដោយធ្វើយ៉ាងណាឲ្យមានផលប៉ះពាល់តិចបំផុត ហើយការសាងសង់អាចនឹងចាប់ផ្តើមនៅខែសីហាខាងមុខនេះ៕

  • ប្រយោជន៍​របស់​ផ្លែ​មង្ឃុត​ដ៏​ច្រើន​អនេក​ចំពោះ​រាងកាយ​មនុស្ស​

    ប្រយោជន៍​របស់​ផ្លែ​មង្ឃុត​ដ៏​ច្រើន​អនេក​ចំពោះ​រាងកាយ​មនុស្ស​

    មង្ឃុត​ជា​ផ្លែឈើ​ក្នុងស្រុក​ដែលមាន​គុណប្រយោជន៍​ច្រើនណាស់ និង​អាច​រក​ទិញ​ញ៉ាំ​បាន​តាម​រដូវ​កាល ដោយ​តម្លៃ​ធូរ​ថ្លៃ​ទៀតផង។ ចាស់ៗបុរាណ​តែង​ទទួលទាន​ផ្លែ​មង្ឃុត​ដើម្បី​បំបាត់​អាការ​ស្រេកទឹក និង​អាការ​ក្តៅ​ក្នុង ក្រៅពីនេះ​មង្ឃុត​ថែមទាំង​ជា​ផ្លែឈើ​ដែល​ជួយ​សម្រក​ទម្ងន់ មាន​សារធាតុ​អាហារ​ដែល​សំខាន់​ចំពោះ​ស្បែក​ទៀតផង ដូច្នេះ​យើង​នាំគ្នា​មក​មើល​ពី​គុណប្រយោជន៍​របស់​ផ្លែ​មង្ឃុត​ទាំងអស់គ្នា​ដូចតទៅ ៖

    បំបាត់​អាការ​ក្តៅ​ក្នុង
    ដូចដែល​បាន​រៀបរាប់​ពី​ខាងដើម​រួចហើយ​ថា ចាស់ៗបុរាណ​តែង​ទទួលទាន​ផ្លែ​មង្ឃុត ដើម្បី​បំបាត់​អាការ​ក្តៅ​ក្នុង​ព្រោះថា​សាច់​ផ្លែ​មង្ឃុត​មាន​ជាតិ​ទឹក​ច្រើន ទើប​ធ្វើឱ្យ​រាងកាយ​អាច​បឺត​ជ្រាប​យកជាតិ​ទឹក​ចេញពី​សាច់​ផ្លែ​មង្ឃុត​ចូលទៅក្នុង​រាងកាយ​បាន​យ៉ាងមាន​តុល្យភាព។

    សម្រក​ទម្ងន់
    អាច​បញ្ចុះទម្ងន់​បាន​ដោយសារ​តែមាន​ជាតិ​កាក​សរសៃ​ច្រើន ដោយសារតែ​យើង​ទទួលទាន​មង្ឃុត​ចូលទៅ​នឹងធ្វើ​ឱ្យមាន​អារម្មណ៍​ឆាប់​ឆ្អែត និង​ឆ្អែត​បានយូរ​ហ្នឹងឯង ហើយដោយ​ផ្លែ​មង្ឃុត​គ្មាន​កូ​ឡេ​ស្តេ​រ៉ូ​ល ឬ​មាន​ត្រឹមតែ 0.40ប៉ុណ្ណោះ ទើប​ធ្វើឱ្យ​មង្ឃុត​ក្លាយជាផ្លែឈើ​ដែល​ទទួលទាន​ហើយ​អាច​សម្រក​ទម្ងន់​បាន​យ៉ាង​ល្អ។

    មាន​វីតាមីន​ច្រើន
    មិនថាតែ​វីតាមីន Cវីតាមីន B ហ្វូ​លេ​ត ជួយ​ក្នុងការ​ដុតបំផ្លាញ​ប្រូ​តេ​អី​ុ​ន និង​ជាតិ​ខ្លាញ់​ឱ្យចូល​ទៅក្នុង​រាងកាយ​បានល្អ​ឡើង និង​នៅមាន​ចំណែក​ជួយ​ក្នុងការ​បំប៉ន​ប្រព័ន្ធ​ប្រសាទ ធ្វើឱ្យ​មនុស្ស​ទទួលទាន​ចូលទៅ​ហើយ​មាន​អារម្មណ៍​ថា ស្រស់ថ្លា និង​កាត់បន្ថយ​អាការ​របស់​ជំងឺ​សោកសៅ​បាន​យ៉ាង​ល្អ​ទៀតផង។

    សារធាតុ​រ៉ែ មាន​ទង់ដែង ដែក ប៉ូ​តា​ស្យូ​ម​និង​ផ្សេងទៀត
    ដែលមាន​តួនាទី​សំខាន់​ក្នុងការ​គ្រប់គ្រង​សម្ពាធ​ឈាម​របស់​រាងកាយ ហើយ​ថែមទាំង​គ្រប់គ្រង​អត្រា​ការ​លោត​របស់​បេះដូង​ឱ្យនៅ​ប្រក្រតី និង​ការពារ​ជំងឺ​ពាក់ព័ន្ធ​នឹង​សរសៃឈាម​បាន​ទៀតផង។

    ប្រឆាំង​អនុ​មូល​ឥស្សរៈ
    អាច​និយាយបានថា ទាំង​បន្លែ និង​ផ្លែឈើផ្សេងៗសុទ្ធ​តែមាន​សារធាតុ​ប្រឆាំង​អនុ​មូល​ឥស្សរៈ​ទាំងអស់ តែ​ផ្តល់នូវ​លទ្ធផល​ខុសប្លែក​ពីគ្នា ឯ​ផ្លែ​មង្ឃុត​វិញ​ក៏​ផ្តល់នូវ​សារធាតុ​ប្រឆាំង​អនុ​មូល​ឥស្សរៈ​បានល្អ​ដូចគ្នា និង​នៅ​អាច​តតាំង​ជំងឺ​ផ្សេងទៀត​បាន​ដូចជា ជំងឺ​ប្រតិកម្ម​ចាញ់ និង​ជំងឺហឺត​ជាដើម​ទៀតផង៕

  • Bayern នាំ​យក James ពីក្លិប Real ក្នុង​លក្ខ​ខណ្ខ​2​

    Bayern នាំ​យក James ពីក្លិប Real ក្នុង​លក្ខ​ខណ្ខ​2​

    ក្លិប​យក្ស​​អាល្លឺ​ម៉ង់ Bayern Munich បាន​ចុះហត្ថលេខា​ជាមួយនឹង​តា​រាឆ្នើម James Rodriguez របស់​ក្លិប Real Madrid ក្នុងកិច្ច​សន្យា​ខ្ចី​ជើង​រយៈ​ពេល​2​ឆ្នាំ ជា​មួយនឹង​ជម្រើសក្នុងការ​ទិញ​ដាច់​​តែម្តង។ ក្លិប​ Manchester United, Paris Saint-Germain, Chelsea និង Juventus សុទ្ធ​សឹង​ជាក្លិប​ដែលបានធ្វើការ​ទាក់​ទង​ចង់បានខ្សែ​បម្រើ​ប្រយុទ្ធ​អន្តរ​ជាតិ​កូ​ឡុំ​ប៊ី​វ័យ ​25​ឆ្នាំ​រូប​នេះ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយនេះ ខណៈ​ដែលលោក Florentino Perez ប្រធាន​ក្លិប Real Madrid ចង់បាន​តម្លៃខ្លួនយ៉ាង​ហោច​ណាស់​​​70លាន​អឺ​រ៉ូ (ស្មើ​នឹង​80លាន​ដុល្លារ​អាមេ​រិក​)​សម្រាប់កីឡាករម្នាក់នេះ។

    ប៉ុន្តែ ទោះ​បី​ជា​យ៉ាងណា លោក Carlo Ancelotti គ្រូ​បង្វឹកនៃក្រុម Bayern បាន​ដាក់​សំណើ​ដេញថ្លៃ​ដោយជោគ​ជ័យ​ដើម្បីនាំ​យក​អតីត​​កីឡាករ​ម្នាក់​ដែល​​​លោក​​ធ្លាប់បាន​បង្វឹក​​​ក្នុង​ពេល​ដឹកនាំ​នៅក្លិប Real Madrid កាលពី​រដូវកាលឆ្នាំ2014-2015 ស្រប​ពេល​ដែល​ក្លិប​ទាំងពីរ​បាន​យល់​ព្រមលើ​កិច្ច​ព្រមព្រៀង​ខ្ចី​ជើង​រយៈពេល​2​ឆ្នាំ ជា​មួយ​នឹង​​ជម្រើស​ក្នុង​ការ​ទិញ​យក​ដាច់​​នៅ​ខែមិថុនា ឆ្នាំ​2019​។

    លោក Christian Falk អ្នក​យក​ព័ត៌មាន​ឲ្យ​កា​សែត Sport Bild បាន​បញ្ជាក់​ថា ក្លិប Bayern បាន​យល់ព្រម​​លើតម្លៃ​ខ្លួន​​ខ្ចី​ជើង​ប្រចាំ​ឆ្នាំ​ចំនួន​5​លាន​អឺ​រ៉ូ ហើយ​អាចនឹង​ចំណាយក្នុង​ទឹក​ប្រាក់​35.2លានអឺ​រ៉ូ ដើម្បី​ទិញ​យក​ដាច់តែម្តង​។ លោក Karl-Heinz Rummenigge ប្រធាន​ក្លិប​របស់ Bayern បាន​ឲ្យ​ដឹង​ថា៖ «យើង​ពិត​ជា​រីករាយ​ណាស់​ដែលយើង​បាន​​បំពេញ​ការ​ផ្ទេរ​មួយនេះ​​។ ការ​ចុះ​ហត្ថ​លេខា​ជាមួយ​នឹង James Rodriguez គឺ​ជា​បំណង​ដ៏​ធំមួយ​ពី​អ្នក​ចាត់​ការ​ទូទៅ​របស់​លោក​គឺលោក Carlo Ancelotti ក្រោយពី​ពួក​គេ​ទាំង​ពីរ​ធ្លាប់​បាន​ធ្វើការ​ជាមួយ​គ្នា​យ៉ាង​ជោគ​ជ័យកាល​​នៅ​ក្លិប Real Madrid​»​។ James បាន​ជួប​ទាំង​ភាព​រីក​រាយ និង​ខក​ចិត្ត​ក្នុង​រយៈ​ពេល​3​ឆ្នាំ​នៅ​ឯ​ក្លិប​ Real ចាប់​តាំងពីផ្ទេរ​មកពីក្លិប Monaco ក្នុង​តម្លៃ​ខ្លួន​80​លាន​​អឺ​រ៉ូ ក្រោយ​ពី​ព្រឹត្តិការណ៍ World Cup ឆ្នាំ​2014​​៕
    ប្រភព​ពី៖ ESPN

  • សិស្សពូកែៗបង្ហាញវិធីសាស្ត្រត្រៀមប្រឡង​បាក់ឌុប​

    សិស្សពូកែៗបង្ហាញវិធីសាស្ត្រត្រៀមប្រឡង​បាក់ឌុប​

    ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬការប្រឡងបាក់ឌុប ជាការប្រឡង​សំខាន់មួយ​សម្រាប់សិស្សវិទ្យាល័យ ហើយសិស្សគ្រប់គ្នាតែងតែមានការបារម្ភ​ខ្លាំងនៅពេលដែល​ថ្ងៃជិតប្រឡងបានចូលមកដល់។

    ពាក់ព័ន្ធនឹងបញ្ហានេះអតីតសិស្សពូកែ​ដែល​ធ្លាប់បាននិទ្ទេស B+ យុវជន​ នាង កុសល បានលើកឡើងថា ការប្រឡងបាក់ឌុបជាការប្រឡងសំខាន់មួយ​ដែលត្រូវយកចិត្តទុកដាក់ខ្លាំង​ព្រោះ​​វាជាដំណាក់កាល​សំខាន់បំផុត​សម្រាប់រយៈពេល 12ឆ្នាំក្នុងការសិក្សាតាំងពី​បឋមសិក្សារហូតដល់​ថ្នាក់វិទ្យាល័យ។ ជាលក្ខណៈបេក្ខជន​ប្រឡង​គួរ​រៀបចំខ្លួនឱ្យបានល្អ ដោយការ​ត្រៀមសម្រាប់មុនពេលប្រឡង និងពេលប្រឡងផ្ទាល់។

    សម្រាប់រយៈពេលមុនប្រឡងសិស្សគួរ​ត្រៀមខ្លួន​សិក្សាដោយធ្វើការប្រឡងសាកល្បង​តាមរយៈ​វិញ្ញាសា​ដែលធ្លាប់បានប្រឡងកាលពីឆ្នាំមុនៗ ឬ​សាកល្បងប្រមូល​ឯកសារ​ដែលគ្រូធ្លាប់បានបង្រៀន​ដើម្បីធ្វើតេស្ត​ឱ្យបានច្រើន។ ម្យ៉ាងវិញទៀត សិស្ស​គួរ​ធ្វើការសង្ខេបមេរៀន ឱ្យបានខ្លីបំផុតតាមដែលអាចធ្វើទៅបានព្រោះនៅពេលដែល​ពួកគេ​សង្ខេប​មេរៀនបានច្រើនពួកគេនឹងងាយ​ចងចាំចំណុចសំខាន់នៃមេរៀន ព្រមទាំង​មានទំនុកចិត្តខ្ពស់ថែមទៀតផង។

    អតីតសិស្សពូកែទូទាំងប្រទេសផ្នែក​រូបវិទ្យា យុវជន ​ពេជ្ជ ដេវីដ ធ្លាប់បានប្រាប់ថា ដើម្បីត្រៀមប្រឡង​សំខាន់ៗ​យើងគួរ​រៀបចំ​មេរៀន​របស់យើងឱ្យមានរបៀបរៀបរយជាមុនសិន ដូចជាមេរៀន​ផ្នែកទ្រឹស្តី និងផ្នែកលំហាត់ជាដើម។ ការ​រៀបចំ​មេរៀនឱ្យមានរបៀបនេះអាចជួយដល់សិស្សឱ្យ​មានភាពងាយស្រួលក្នុងការកំណត់ពេលវេលាសម្រាប់ខ្លួនឯងថា​ត្រូវ​រំឭកផ្នែកណាមុន ហើយត្រូវសង្ខេប ឬអនុវត្តដោយវីធីណាខ្លះ​ដើម្បី​ធានា​​គ្រប់មេរៀន ឬភាគច្រើននៃមេរៀន​ត្រូវ​បានកត់ទុកក្នុងខួរក្បាលបើទោះបីជាមិនអាចចងចាំទាំងអស់ក៏ដោយ។ នៅពេលដែល​មានចំណេះដឹង​គ្រប់គ្រាន់ហើយ ឬ​នៅពេលដែល​បានរំឭក​ច្បាស់លាស់ហើយ សិស្ស​នឹង​មានទំនុកចិត្ត​ហើយ​អាចប្រឡងដោយគ្មានភាពភ័យខ្លាច៕

  • ស្ថានទូតជប៉ុន​ បើកការប្រកួត​ប្រឡង​រឿង​ខ្លីសម្រាប់សិស្សវិទ្យាល័យ

    ស្ថានទូតជប៉ុន​ បើកការប្រកួត​ប្រឡង​រឿង​ខ្លីសម្រាប់សិស្សវិទ្យាល័យ

    ​ស្ថានទូតជប៉ុន បានសហការជាមួយ​នឹងក្រសួង​អប់រំ យុវជន និងកីឡា រៀបចំ​ការប្រឡង​ផលិតរឿងខ្លី រយៈ​ពេល 3នាទី ក្រោមប្រធានបទ «​School Teacher» សម្រាប់សិស្សវិទ្យាល័យ​។ បេក្ខជន​ប្រឡង​ដែលមាន​ពិន្ទុល្អជាងគេ​ 3ក្រុមនឹងមានឱកាស​ចូលរួម​មហាស្រពភាពយន្ត​អន្តរជាតិ​អាស៊ី​ឆ្នាំ 2017 ដែលនឹងប្រព្រឹត្ត​ទៅនៅទីក្រុង Kitami ក្នុងប្រទេសជប៉ុន។

    បេក្ខជន​ដែលមានសិទ្ធិដាក់ពាក្យចូលរួមប្រកួត​លុះត្រាតែជាសិស្សដែលកំពុង​សិក្សាថ្នាក់ទី 10 និងថ្នាក់ទី 11 ក្នុងឆ្នាំសិក្សា 2017 ដោយមានប័ណ្ណសម្គាល់ខ្លួនសិស្សត្រឹមត្រូវ និងជាសិស្ស​ដែល​មិនធ្លាប់​បាន​ចូលរួមក្នុងកម្មវិធីនេះ ឬកម្មវិធី JENESYS 2.0 នាពេលកន្លងមក។ សម្រាប់ការចាប់ក្រុម​ បេក្ខជន​ត្រូវ​ជ្រើសរើស​សមាជិ​ក​ត្រឹមតែ 3 នាក់តែប៉ុណ្ណោះសម្រាប់ការរឿងខ្លីមួយ។

    សិស្សានុសិស្ស​ដែល​មានចំណាប់អារម្មណ៍​ចូលរួមប្រឡង​អាច​ដាក់ពាក្យ​នៅនាយកដ្ឋាន​ព័ត៌មាន និង​កិច្ចការអាស៊ាន​ នៃក្រសួងអប់រំ យុវជន និងកីឡា ឱ្យបាន​មុនថ្ងៃទី 25 ខែកក្កដា ឆ្នាំ2017 ខាងមុខនេះ៕

  • ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី2 នឹងធ្វើឡើងនៅកោះពេជ្រ នាថ្ងៃទី22 កក្កដា

    ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី2 នឹងធ្វើឡើងនៅកោះពេជ្រ នាថ្ងៃទី22 កក្កដា

    ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី2 គ្រោងនឹងចាប់ផ្ដើមឡើងនៅថ្ងៃទី22 ខែកក្កដា ឆ្នាំ2017 នៅក្នុងបរិវេណមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រសម្រាប់ប្រចាំឆ្នាំ 2017 នេះផ្ទាល់តែម្ដង ដែលមានបង្ហាញជូននូវពិព័រណ៍សម្លៀកបំពាក់កូនកំលោះ កូនក្រមុំនៅក្នុងថ្ងៃរៀបពិធីមង្គលការ បង្កក់សិរីសួស្ដី ព្រមទាំងពិធីភ្ជាប់ពាក្យផងដែរ។ លើសពីនេះទៅទៀតក៏មានបង្ហាញជូននូវបែបផែនរចនាបទពិធីការ និងការរៀបចំកម្មវិធីពិធីមង្គលការទាំងមូលដូចជា ពិធីចូលម្លប់ ពិធីកាត់សក់ របាំជូនពរ របាំសហសម័យ និងកាន់តែពិសេសនោះគឺការប្រគំតន្ត្រីភ្លេងបុរាណខ្មែរយើងជូនដល់ទស្សនិកជនដែលមកចូលរួមបានកម្សាន្ដសប្បាយផងដែរ។

    គួរបញ្ជាក់ផងដែរថា ពិព័រណ៍អាពាហ័ពិពាហ៍លើកទី2 នេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន អនុស្សា ដែលមានលោក សេង ពិសិដ្ឋ ជានាយកប្រតិបត្តិ​។ នាឱកាសធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី11 ខែកក្កដា ឆ្នាំ 2017 នៅក្នុងបរិវេណសណ្ឋាគារសុខាភ្នំពេញ លោក ពិសិដ្ឋ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ “មនុស្សគ្រប់រូបចៀសមិនផុតពីថ្ងៃរៀបអាពាហ៍ពិពាហ៍ដែលជាថ្ងៃសំខាន់របស់ខ្លួននោះទេ ហើយពិព័រណ៍អាពាហ៍ពិពាហ៍លើកទី 2 នេះបានផ្ដល់ភាពងាយស្រួលដល់គូសេ្នហ៍ដែលមានបំណងរៀបមង្គលការ ក្នុងការជ្រើសរើសសម្ភារដូចជា សម្លៀកបំពាក់ សម្អាងការ ការតុបតែង ថតរូប និងពិធីការផ្សេងៗ ដែលពួកគេអាចចំណាយពេលវេលា និងថវិកាទាបផងដែរ”។

    ជាចុងក្រោយលោកនាយកប្រតិបត្តិក្រុមហ៊ុន អនុស្សា បានថ្លែងបន្ថែមថា “ដៃគូស្វាមី និងភរិយាទាំងអស់គួរតែរៀបចំថវិកាដ៏វៃឆ្លាតមួយសម្រាប់ថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ខ្លួន ជាជាងចំណាយថវិកាខ្ជះខ្ជាយមិនដឹងមុខ និងដូចជាការសន្សំលុយទុករៀបចំកសាងគ្រួសារក្រោយពេលរៀបការហើយឱ្យបានច្រើនដើម្បីធ្វើការវិនិយោគទៅលើផ្ទះ ដី និងការបង្កើនចំណូល​ផ្សេងៗទៀតដែលនឹងនាំគ្រួសារថ្មីឆ្ពោះទៅរកសុភមង្គលល្អដ៏យូរអង្វែង”​៕

  • យ៉ែម ស្រីពេជ្រ កាន់តែមានទំនុកចិត្ដនឹងស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ5

    យ៉ែម ស្រីពេជ្រ កាន់តែមានទំនុកចិត្ដនឹងស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ5

    ក្រោយពីកញ្ញា យ៉ែម ស្រីពេជ្រ បានចុះកុងត្រាជាមួយស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ5 រួចមក នាងបានសម្ដែងនូវអារម្មណ៍រីករាយជាខ្លាំងក្រោយពីទទួលបានការងារជាបន្ដបន្ទាប់ ខណៈដែលនាងក៏មិនអាចទទួលយកការសម្ដែងពីស្ថានីយទូរទស្សន៍ណាផ្សេងបានដែរ។

     

    គិតមកដល់ពេលនេះមានរយៈពេលជាងមួយឆ្នាំហើយដែលកញ្ញា យ៉ែម ស្រីពេជ្រ បានធ្វើកុងត្រាជាមួយស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ5។ រហូតមកដល់ពេលនេះនាងទទួលបានការសម្ដែងរឿងភាគចំនួន4រឿងហើយ។ ក្នុងនោះត្រូវបានអ្នកដឹកនាំតម្រូវឱ្យនាងសម្ដែងជាតួឯកស្រីចំនួន3រឿង ដូចជា​រឿង​ «កូន​ក្រមុំ​លោក​មេឃុំ​» «ចម្ការម្លប់ស្នេហ៍» និងរឿង«នេះឬជីវិត»។

    កញ្ញា យ៉ែម ស្រីពេជ្រ បញ្ជាក់ថា នាងពិតជាសប្បាយចិត្ដមែនចំពោះការសម្រេចចិត្ដរបស់ខ្លួនក្នុងគ្រានោះ ដែលឥឡូវវាកំពុងតែបង្ហាញលទ្ធផលវិជ្ជមានជាច្រើនតបមកនាងវិញតាមរយៈការទទួលបានការងារពីស្ថានីយទូរទស្សន៍ជាបន្ដបន្ទាប់ទាំងការសម្ដែង និងពិធីការិនី។ នាងបន្ដថា ក្រោយពីសម្លឹងឃើញទីផ្សារការងារមានច្រើននាងធ្លាប់មានចិត្តនឹកស្ដាយខ្លះដែរ ប៉ុន្ដែក្រោយមកនាងយល់ថា នៅពេលនាងឈរជើងនៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ5នេះ ក៏មិនខ្វះការងារធ្វើដែរ។

    តារាសម្ដែងរូបនេះបញ្ជាក់ថា៖ «ក្រោយពីនឹកស្ដាយរួច ខ្ញុំក៏គិតត្រឡប់ទៅវិញថា ប្រសិនបើគ្មានស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ5 ជាអ្នកផ្ដល់កំណើតឱ្យខ្ញុំទេ តើខ្ញុំអាចល្បីបានដែរឬ? ខណៈដែលកាលពីមុន ខ្ញុំទៅធ្វើតេស្ដសម្ដែងតាមបណ្ដាផលិតកម្មមួយចំនួន ពុំមាននរណាចង់ទទួលយកខ្ញុំផងហ្នឹង!»។

    ខណៈរឿង «នេះឬជីវិត» បានធ្វើក្រុងពាលីកាលពីព្រឹកមិញគឺជារឿងទី3របស់កញ្ញា យ៉ែម ស្រីពេជ្រដែលទទួលបានតំណែងជាតួឯកស្រីនោះ នាងបានប្រាប់ទៀតថា ការពិតទៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ5មិនដែលបិទសិទ្ធិនាងឡើយ គ្រាន់តែមុននឹងធ្វើអ្វីមួយត្រូវពិភាក្សាជាមួយថ្នាក់ដឹកនាំសិនប៉ុណ្ណោះ។ ពិសេសនៅពេលមានការងារជាន់គ្នាយើងត្រូវផ្ដល់អាទិភាពឱ្យការងារប៉ុស្ដិ៍លេខ 5 មុនគេ។ ដល់ពេលទំនេរហើយ ចង់ធ្វើអ្វីក៏បានដែរ៕

  • ក្លាយជាម្ចាស់រថយន្តភ្លាមៗ ជាមួយលក្ខខណ្ឌងាយៗ ពីធនាគារ CIMB

    ក្លាយជាម្ចាស់រថយន្តភ្លាមៗ ជាមួយលក្ខខណ្ឌងាយៗ ពីធនាគារ CIMB

    រាជធានីភ្នំពេញ៖ រថយន្តគឺជាយានជំនិះដ៏ចាំបាច់មួយ ដែលមិនត្រឹមតែផ្តល់នូវសុវត្ថភាព និងផាសុកភាពប៉ុណ្ណោះទេ តែថែមទាំងលើកកម្ពស់ជីវិតរបស់លោកអ្នក ឲ្យកាន់តែស៊ីវីល័យ និងទាន់សម័យផងដែរ។ ប៉ុន្តែមិនមែនអ្នកគ្រប់គ្នាសុទ្ធតែអាចទទួលបានរថយន្ត ដែលខ្លួនពេញចិត្តនោះឡើយ ហើយថវិកាអាចជាបញ្ហាចម្បងមួយផងដែរ។ ឥឡូវនេះ លោកអ្នកមិនចាំបាច់សន្សំប្រាក់យូរអង្វែង ដើម្បីទិញរថយន្តទៀតឡើយ។ ឥណទានរថយន្ត របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) ផ្តល់នូវភាពងាយស្រួល និងទំនុកចិត្តខ្ពស់ដល់លោកអ្នក ក្នុងការទទួលបានរថយន្តភ្លាមៗ ជាមួយនឹងលក្ខខណ្ឌល្អ និងការអនុម័តឥណទានរហ័ស។

    ធនាគារ CIMB ផ្តល់ជូនឥណទានទាំងទៅលើរថយន្តថ្មី និងមួយទឹក ទៅដល់អតិថិជនទាំងជាបុគ្គលិកក្រុមហ៊ុន និងម្ចាស់អាជីវកម្ម តាមរយៈដៃគូក្រុមហ៊ុន និងយានដ្ឋានលក់រថយន្តធំៗ និងមានកេរ្តិ៍ឈ្មោះ នៅទូទាំងប្រទេស។ ឥណទានរថយន្តរបស់ធនាគារ CIMB ផ្តល់ជូនពិសេសនូវការកាត់ឈ្មោះកាតគ្រី ឬប័ណ្ឌចុះបញ្ជីរថយន្ត ជាមួយឈ្មោះអតិថិជនផ្ទាល់តែម្តង។ ក្នុងនោះ ឥណទានមានរយៈពេល 5ឆ្នាំ ហើយស៊េរីឆ្នាំ ឬអាយុកាលនៃរថយន្តច្រើនបំផុត គឺដក15ឆ្នាំ គិតចាប់ពីឆ្នាំដែលស្នើសុំឥណទាន។ សម្រាប់ទំហំនៃឥណទាន អតិថិជនអាចខ្ចីបានរហូតដល់ 70%នៃតម្លៃរថយន្ត ហើយការអនុម័តឥណទាន គឺមានភាពរហ័សទាន់ចិត្តផងដែរ ប្រសិនបើអតិថិជនមានឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវ។

    ឥណទានរថយន្តរបស់ធនាគារ CIMB ដែលទើបតែបង្កើតឡើង កាលពីពេលថ្មីៗនេះ គឺដើម្បីបំពេញតម្រូវការរបស់អតិថិជន ដែលកំពុងកើនឡើងឥតឈប់ឈរ លើការប្រើប្រាស់រថយន្ត នាពេលបច្ចុប្បន្ន។ យោងតាមទិន្នន័យពីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា ការចុះបញ្ជីរថយន្តឆ្នាំ2016កន្លងទៅនេះ មានចំនួនជាង 6ម៉ឺនគ្រឿង ដែលកើនឡើង 7ភាគរយ បើធៀបនឹងឆ្នាំ2015។ ហើយតាមការរំពឹងទុក ចំនួននៃការចុះបញ្ជីរថយន្តក្នុងឆ្នាំ2017នេះ នឹងបន្តកើនឡើងបន្ថែមទៀតផងដែរ។

    លោកស្រី ហេង ធីតា នាយកហិរញ្ញវត្ថុបុគ្គលរបស់ធនាគារ CIMB មានប្រសាសន៍ថា៖ «យើងទើបតែសម្ពោធឥណទានរថយន្ត ក្នុងឆ្នាំ2017នេះប៉ុណ្ណោះ ដោយសារយើងមើលឃើញកំណើនយ៉ាងរហ័សនៃតម្រូវការប្រើប្រាស់រថយន្តរបស់អតិថិជន។ ការនាំយកផលិតផលឥណទានថ្មីនេះ គឺស្របទៅតាមការប្តេជ្ញាចិត្តរបស់ធនាគារ CIMB ក្នុងការអភិវឌ្ឍផលិតផល និងសេវាកម្មឲ្យកាន់តែសម្បូរបែប ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដែលត្រូវការរថយន្តផ្ទាល់ខ្លួន ទៅតាមគោលបំណងប្រើប្រាស់ផ្សេងៗ»។
    ជាមួយគ្នានេះ លោកស្រី ធីតា បានបញ្ជាក់ផងដែរថា៖ យើងបានកំណត់លក្ខខណ្ឌជាក់លាក់ មុននឹងចាប់ដៃគូជាមួយយានដ្ឋានលក់រថយន្តណាមួយ ដើម្បីប្រាកដថា អតិថិជនទទួលបានទាំងរថយន្ត ដែលមានគុណភាពខ្ពស់ និងលក្ខណៈសម្បត្តិឥណទាន ដែលផ្តល់ផលចំណេញច្រើនផងដែរ៕