Author: វល័ក្ខ

  • ទង្វើ4យ៉ាង សម្រាប់​អ្នក​គ្រប់គ្នា​ដែល​ចង់បាន​សម្រស់​ស្រស់ស្អាត​

    ទង្វើ4យ៉ាង សម្រាប់​អ្នក​គ្រប់គ្នា​ដែល​ចង់បាន​សម្រស់​ស្រស់ស្អាត​

    ខាងក្រោម​នេះ​គឺជា រឿង​ជាក់ស្តែង4យ៉ាង ដែល​អាចជួយ​ឱ្យ​អ្នកទទួលបាន​នូវ​ស្បែក​ដែលមាន​ភាព​ភ្លឺរលោង​ស្រស់ស្អាត និង​មាន​សុខភាព​ល្អ ដូច្នេះ​សម្រាប់​ប្រិយមិត្ត​អ្នកអាន​ណា​ដែល​ចង់បាន​សម្រស់​ស្រស់ស្អាត​បែប​ធម្មជាតិពិតៗនោះ សូម​យក​វា​ទៅ​អនុវត្ត​ឱ្យបាន​ជាប់លាប់​ជាប្រចាំ។

    ទឹក
    ធ្វើ​វា​ឱ្យ​ក្លាយជា​ទម្លាប់​ក្នុងការ​ទទួលទាន​ទឹក​ឱ្យបាន​យ៉ាងតិច8កែវ​ក្នុង​មួយថ្ងៃ។ នៅពេលដែល​ចំនួន​នៃ​ការបញ្ចេញ និង​ការបញ្ចូល​ជាតិ​ទឹក​ទៅក្នុង​រាងកាយ​មាន​ភាពមិន​ស្មើគ្នា​នោះ​បញ្ហាផ្សេងៗងាយ​នឹង​កើតឡើង​ជាទីបំផុត។ រាងកាយ​យើង​ត្រូវការ​ទឹក ដើម្បី​បំពេញ​នូវ​មុខងារផ្សេងៗជាច្រើន ដែល​ក្នុងនោះ​រួមមាន​ដូចជា​កា​រំលាយ​អាហារ ការដកដង្ហើម ការ​ស្រូបយក​សារធាតុផ្សេងៗ ការធ្វើ​ចលនា​នៃ​ចរន្តឈាម កា​រប​ញ្ចូ​ន​សារធាតុចិញ្ចឹម និង​ការរក្សា​សីតុណ្ហភាព​ក្នុង​រាងកាយ​ជាដើម។ នៅពេលដែល​ជាតិ​ទឹកមាន​កម្រិត​ទាប ខូ​រ​ក្បាល និង​ប​ញ្ចូ​នស​ញ្ញា​ប្រាប់​ពី​ការ​ស្រេកទឹក។ ទឹកជា​អ្នកផ្តល់​ថាមពល និង​កាត់បន្ថយ​ភាព​ហត់នឿយ​ឱ្យ​អ្នក។ នៅពេលដែល​រាងកាយ​ខ្វះ​ជាតិ​ទឹក និង​ហត់នឿយ ផ្ទៃមុខ​របស់​អ្នក​នឹងមាន​សភាព​ស្រអាប់ ហើយ​អ្នក​ត្រូវ​ចាំ​ថា​ផ្ទៃមុខ​របស់​អ្នកជា​កញ្ចក់​ឆ្លុះ​ពី​សុខភាព​អ្នក​ដូចគ្នា​ដែរ ដូច្នេះ​អ្នក​ត្រូវ​ព្យាបាល​វា​ដោយ​ការ​ទទួលទាន​សារធាតុចិញ្ចឹម និង​ទឹក​ឱ្យបាន​គ្រប់គ្រាន់។ ដោយសារតែ​ទឹក​អាចជួយ​សម្រួល​ដល់​ការរំលាយ​អាហារ វា​ក៏​អាចជួយ​ឱ្យ​ផ្ទៃមុខ​របស់​អ្នក​មើលទៅ​ស្រស់ស្រាយ និង​ចៀស​ផុតពី​ការ​កើតមុន​ផងដែរ។

    ដំណេក
    គ្រាន់តែ​អ្នក​មិនបាន​គេង ផ្ទៃមុខ​របស់​អ្នក​ក៏​បង្ហាញ​ចេញ​ឱ្យ​អ្នកផ្សេង​បានដឹង​ភ្លាម​តែម្តង។ នៅពេល​បញ្ហា​នេះ​កើតឡើង ដំណោះស្រាយ​គឺ​មិនមែន​ការ​លាប​បន្ថែម​គ្រឿងសម្អាង​ឱ្យ​ឡើង​ក្រាស់ ដើម្បី​បិទបាំង​នោះទេ។ នៅពេល​គេងគឺជា​ពេលដែល​ស្បែក​ដំណើរការ​ជួសជុល ស្ថាបនា​ធ្វើឱ្យ​ស្បែក​មាន​តុល្យភាព​ឡើងវិញ បង្កើត​ស្រទាប់​កោសិកា​ស្បែក​ថ្មី ហើយ​វា​ក៏​ជា​ពេលដែល​ការផ្លាស់ប្តូរ​នៃ​អ័រម៉ូន និង​មេ​តា​ប៉ូ​លិ​ក ព្រមទាំង​ធ្វើ​សកម្មភាព​ផងដែរ។ ប្រសិនបើ​អ្នក​គេង​មិន​គ្រប់គ្រាន់​ទេនោះ ផល​រំខាន​នឹង​ចូលមក​បង្អាក់​ដំណើរកា​រ​អស់​ទាំងនេះ។ 7 ឬ8ម៉ោង គឺជា​ពេលវេលា​ចាំបាច់​សម្រាប់​ការ​សម្រាក ដែល​ចាត់ទុកថា​គ្រប់គ្រាន់ ឬ​អាច​លើសពីនេះ​បន្តិច​ក៏បាន ប៉ុន្តែ​មិនត្រូវ​ឱ្យ​ច្រើន​ខ្លាំងពេក​ទេ។

    ហាត់ប្រាណ
    អ្នក​ចាំបាច់​ត្រូវតែ​ហាត់ប្រាណ​យ៉ាងតិចណាស់30នាទី​ក្នុង​មួយថ្ងៃ។ ប្រសិនបើ​អ្នកមាន​បញ្ហា​ស្បែក​មុខ​មាន​មុន រលាក​ស្បែក (ស្បែក​មាន​ពណ៌​ក្រហម ហើយ​បែក​ស្រការ) ជាដើម​នោះ អ្នក​គួរតែ​បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ច្រើន​មុនពេល​ធ្វើការ​ហាត់ប្រាណ ប៉ុន្តែ​សូម​ចាំ​ថា​មិនត្រូវ​យក​វា​មក​ធ្វើជា​លេស​ដើម្បី​បង្អាក់​ការបញ្ចេញចោល​នូវ​សារធាតុពុល​ក្នុង​ខ្លួន​របស់​អ្នក​ដាច់ខាត។ គ្រូពេទ្យ​ឯកទេស​ខាង​រោគ​សើ​ស្បែ​កបាន​មានប្រសាសន៍ថា ការហាត់​ប្រាណ​ជួយ​បង្កើន​ចលនា​ឈាម ដែល​អាចជួយ​ឱ្យ​ស្បែកមាន​សុខ​ភាពល្អ។ នៅពេលដែល​អ្នកធ្វើ​ឱ្យ​រាង-កាយ​មាន​សកម្មភាព ឈាម​នឹង​នាំយក​អុក​ស៊ី​ហ្ស៊ែ​ន និង​សារធាតុចិញ្ចឹម​ទៅគ្រប់​កោសិកា រួមទាំង​កោសិកា​ស្បែក​ផងដែរ។ ហាត់ប្រាណ​ជួយ​សម្អាត​រាងកាយ​តាំងពី​ផ្នែក​ខាងក្នុង​មកដោយ​ការជួយ​នាំយក​កាកសំណល់ និង​អនុ​មូលឥស្សរៈ​ចេញមកក្រៅ​ធ្វើឱ្យ​ស្បែក​មាន​សភាព​ស្រស់ថ្លា។

    ខាត់​ស្បែក
    បើ​គ្រាន់តែ​ការ​ងូតទឹក​សម្អាតខ្លួន​បែបធម្មតាៗដែល​អ្នក​តែងតែ​ធ្វើជា​រៀងរាល់ថ្ងៃ នោះ​វា​មិនអាច​ទុក​ថា​ជាការ​កម្ចាត់​កោសិកា​ស្បែកចាស់ៗចោល​ដែល​ប្រកបទៅដោយ​ប្រសិទ្ធភាព​នោះទេ ប៉ុន្តែ​ការ​ខាត់​ស្បែក​ទៅវិញ​ទេ​ដែល​អាច​កម្ចាត់​កោសិកា​ស្បែកចាស់ៗចោល និង​បង្កើត​ស្រទាប់​ស្បែក​ថ្មី​មកវិញ​បាន​យ៉ាង​ប្រសើរ។ មិនចាំបាច់​ទាល់តែ​ទៅ​ខាត់​ស្បែក​ដោយ​ផលិតផលថ្លៃៗ ឬ​ទៅ​ខាត់​នៅក្នុង​ហាង​នោះទេ ព្រោះ​ទាំងនេះ​ជា​រឿងងាយៗដែល​អាចធ្វើ​បាន​ដោយ​ខ្លួនឯង៕

  • ក្លិប​យក្ស​ជប៉ុន FC Tokyo ខ្ចី​ជើង​ខ្សែ​បម្រើ​ឆ្នើម​ពីក្លិប Bangkok United របស់​ថៃ

    ក្លិប​យក្ស​ជប៉ុន FC Tokyo ខ្ចី​ជើង​ខ្សែ​បម្រើ​ឆ្នើម​ពីក្លិប Bangkok United របស់​ថៃ

    ក្លិប​យក្ស​​របស់​ជប៉ុន FC Tokyo បាន​ចុះហត្ថលេខា​ជាមួយ​នឹង​ខ្សែ​បម្រើ​​ដ៏ឆ្នើម​អន្តរ​ជាតិ​​ថៃ Jakkit Wachpirom ពី​ក្លិប Bangkok United ក្នុង​លក្ខ​ខណ្ឌ​ខ្ចី​ជើងរហូត​ដល់​បញ្ចប់​​រដូវ​កាលនេះ​។ នេះ​បើយោង​តាម​ការ​ប្រកាស​របស់​ក្លិប​​ស្ថិតក្នុងក្រប​ខ័ណ្ឌ​​កំពូល J-League មួយនេះ កាលពីថ្ងៃពុធ​។ Jakkit វ័យ​20​ឆ្នាំ បាន​លេង​​​ឲ្យក្រុម​ជម្រើស​ជាតិ​ថៃ​អាយុក្រោម​23​ឆ្នាំ និង​បាន​ស្ថិត​ជា​សមា​ជិក​របស់​ក្រុម​​ជម្រើស​ជាតិ​ថៃដែល​បានបញ្ចប់ក្នុង​ចំណាត់ថ្នាក់​លេខ​2​ក្នុង​ព្រឹត្តិការណ៍ Asian Under-19 Championship កាលពីឆ្នាំមុន​។ Jakkit គឺ​ជាកីឡាករ​ថៃ​ទី​2​​ដែល​បាន​ចូល​រួម​ជាមួយនឹង​​ក្រប​ខ័ណ្ឌកំពូល​ជប៉ុន J-League ក្រោយ​ពី​ខ្សែ​បម្រើ​ដ៏ឆ្នើម Chanathip Songkrasin បានផ្ទេរ​ទៅ​កាន់ក្លិប Consadole Sapporo​។ កីឡាករ Jakkit បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​​រីក​រាយណាស់ក្នុងការមាន​ឱកាស​ទៅលេង​នៅ​ក្រៅ​ប្រទេស​នៅ​ឯ​ក្លិប​ល្បីដូច​ជា FC Tokyo​ នេះ។ ខ្ញុំនឹង​ខិត​ខំព្យាយាម​ឲ្យ​អស់ពីសមត្ថភាព​តាម​ដែលខ្ញុំ​អាច​ធ្វើ​បាន និង​ព្យាយាមដណ្តើម​​លទ្ធផល​​ឲ្យបានល្អ​បំផុត​​»​។ ស្រប​ពេល​ជាមួយគ្នា​នេះ ក្លិប FC Tokyo ក៏​បានបញ្ជាក់​ផងដែរ​ថា ពួក​គេ​បាន​ចុះ​ហត្ថ​លេខា​ជាមួយនឹង​ខ្សែ​បម្រើ Lipe Veloso ដែល​ជា​អតីតកីឡាករ​របស់​ក្លិបប្រេស៊ីល Palmeiras និង​ខ្សែ​ការ​ពារ​អន្តរ​ជាតិកូរ៉េ​ខាងត្បូង Jang Hyun-soo ពីក្លិប Guangzhou R&F​។ Jang ធ្លាប់​បាន​លេង​ឲ្យក្លិប FC Tokyo ពីរ​រដូវកាលមុន​ពេលផ្ទេរ​ទៅកាន់ក្លិប Guangzhou កាលពីឆ្នាំ​2014​​៕

    ប្រភពពី៖ Bangkok Post

  • ប្រព័ន្ធសេវា 2G ផ្ដើមត្រូវបានគេបំភ្លេចចោល…

    ប្រព័ន្ធសេវា 2G ផ្ដើមត្រូវបានគេបំភ្លេចចោល…

    ប្រព័ន្ធសេវា 2G ដែលមានកំណើតតាំងពីឆ្នាំ1991 របស់ប្រទេសហ្វាំងឡង់ ចាប់ផ្ដើមត្រូវបានក្រុមហ៊ុនបណ្ដាញទូរស័ព្ទចល័តជាច្រើនទូទាំងពិភពលោក ជាពិសេសតំបនអាស៊ីបោះបង់ចោលបណ្ដើរៗហើយ គិតត្រឹមឆ្នាំ 2017 ខណៈប្រព័ន្ធបណ្ដាញបំពាក់បច្ចេកវិទ្យាថ្មីដូចជា 4G LTE និង 5G ក្លាយជាតម្រូវការដ៏មិនអាចខ្វះបានរបស់អ្នកប្រើប្រាស់។

    យោងតាមសារព័ត៌មានចិន ឆាយណាប៉ុស្តិ៍ បានរាយការណ៍ថា ប្រតិបត្តិករផ្តល់បណ្តាញ និងសេវាទូរស័ព្ទចំនួន 3 រួមមាន Chunghwa Telecom, Taiwan Mobile & Far EasTone បានបិទមិនឱ្យដំណើរការបណ្តាញ និងសេវា 2G របស់ខ្លួន បើទោះបីជាមានការបដិសេធមិនទទួលយកពីសំណាក់អតិថិជនរបស់ខ្លួនជិត 90,000 នាក់ ស្មើនឹង ០.3% ក្នុងចំណោម 31 លាននៃអតិថិជនសរុបរបស់ប្រទេសនេះក៏ដោយ។ នៅក្នុងខែធ្នូ ឆ្នាំ2016 ក្រុមហ៊ុនតែលស្រ្តា ដែលជាប្រតិបត្តិករទូរស័ព្ទដ៏ធំបំផុតរបស់ប្រទេសអូស្រ្តាលីក៏បានបិទដំណើរការបណ្តាញសេវានេះដែរ ក្រោយពីបានដាក់ឱ្យដំណើរការអស់រយៈពេលជាង 23 ឆ្នាំរួចមក។ ចំណែកក្រុមហ៊ុន Optus របស់ស៊ីងតែល ដែលជាគូប្រកួតរបស់ក្រុមហ៊ុនតែលស្រ្តាក៏បានបញ្ឈប់ការផ្តល់បណ្តាញសេវានេះផងដែរនៅក្នុងខែមេសា ឆ្នាំ 2017 ស្របពេលក្រុមហ៊ុន Vodafone របស់ប្រទេសអូស្រ្តាលីមានគម្រោងលុបចោល GSM ដ៏សំខាន់របស់ខ្លួនត្រឹមខែកញ្ញាខាងមុខនេះ។

    ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនចំនួន 3 របស់ប្រទេសសិង្ហបុរីក៏បានបញ្ឈប់ការផ្តល់បណ្តាញសេវា 2G នេះផងដែរកាលពីខែមេសាកន្លងទៅ បន្ទាប់ពីការបិទដំណើរការនៃសេវានេះក្នុងរយៈពេល 3 សប្តាហ៍។

    ក្នុងនោះ ក្រុមហ៊ុន NTT Codomo របស់ប្រទេសជប៉ុនបានក្លាយជាក្រុមហ៊ុនដែលបានបិទបណ្តាញសេវានេះមុនគេបង្អស់ក្នុងឆ្នាំ 2011។ ទង្វើរបស់ក្រុមហ៊ុននាំមុខគេក្នុងទីផ្សារទូរគមនាគមន៍ជប៉ុនបានធ្វើឱ្យក្រុមហ៊ុនដទៃទៀតរបស់ប្រទេសជប៉ុនបន្តបិទដំណើរការភ្លាមៗផងដែរ សល់តែក្រុមហ៊ុន Softbank ដែលនៅបន្តបម្រើប្រព័ន្ធទូរស័ព្ទដៃផ្ទាល់ខ្លួនហៅថា PHS- Personal Handy-Phone System (ស្តង់ដារជប៉ុន) 2G ដល់អតិថិជនជិត 3 លាននាក់របស់ខ្លួនចាប់តាំងពីការទិញក្រុមហ៊ុន Willcom នៅក្នុងឆ្នាំ 2010។ ស្របពេលដែលបណ្ដាញសេវា 4G LTE បានបើកដំណើរការ ក្រុមហ៊ុនកូរ៉េខាងត្បូង KT ក៏បានបិទសេវានេះដូចគ្នា កាលពីដើមឆ្នាំ 2012៕

  • ក្រុមហ៊ុនដ៏ល្បីមកពីអាល្លឺម៉ង់ ចាប់ដៃគូក្នុងស្រុកពង្រីកវិសាលភាពនៅកម្ពុជាលើការផ្គត់ផ្គង់វិស័យ ទ្វារ បង្អួច

    ក្រុមហ៊ុនដ៏ល្បីមកពីអាល្លឺម៉ង់ ចាប់ដៃគូក្នុងស្រុកពង្រីកវិសាលភាពនៅកម្ពុជាលើការផ្គត់ផ្គង់វិស័យ ទ្វារ បង្អួច

    ខណៈពេលដែលកម្ពុជាត្រូវបានគេសម្លឹងឃើញថា កំពុងតែមានការរីកចម្រើន និងអភិវឌ្ឍនខ្លាំងទៅលើវិស័យសាងសង់សំណង់អគារយ៉ាងផុលផុសនោះ បានធ្វើបណ្តាវិនិយោគិន ក៏ដូចជាក្រុមហ៊ុនក្រៅស្រុកមួយចំនួន ដែលពាក់ព័ន្ធទៅនឹងទៅវិស័យមួយនេះ សម្រេចចិត្តបណ្តាក់ទុន ក៏ដូចជាស្វែងរកក្រុមហ៊ុនក្នុងស្រុកនានា ដើម្បីធ្វើជាដៃគូយ៉ាងជិតស្និទ្ធក្នុងការពង្រីកវិសាលភាពរបស់ខ្លួននៅលើទីផ្សារសំណង់ក្នុងប្រទេសដែលកំពុងអភិវឌ្ឍមួយនេះ ។

    ជាក់ស្ដែង កាលពីសប្ដាហ៍កន្លងទៅនេះ នៅសណ្ឋាគារភ្នំពេញ Profine ដែលជាក្រុមហ៊ុនដ៏ល្បីឈ្មោះមានប្រភពនៅប្រទេសអាល្លឺម៉ង់ និងមានជំនាញក្នុងការផលិតទ្វារ បង្អួច សុវត្ថិភាពចែកចាយយ៉ាងទូលាយជាង 70 ប្រទេសនៅទូទាំងពិភពលោកនោះ បានសម្រេចប្រកាសជាផ្លូវការចាប់ដៃគូសហការជាផ្លូវការជាមួយក្រុមហ៊ុន G Gear Pronit ដែលជាអង្គភាពអាជីវកម្មមួយរបស់ G Gear ហើយត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2015 ដែលផ្តោតសំខាន់លើការផ្គត់ផ្គង់ និងផ្តល់សេវាកម្មនៃផលិតផលបង្អួចនិងទ្វារប្រភេទ PVC ។

    លោក ហ៊ ហាប់ ដែលជាអគ្គនាយករបស់ក្រុមហ៊ុន G Gear Pronith បានមានប្រសាស៏អោយដឹងថា « G Gear Pronith » គឺជាក្រុមហ៊ុនចែកចាយជាផ្លូវការ និងជាដៃគូរយុទ្ធសាស្រ្ដតែមួយគត់របសក្រុមហ៊ុន Profine នៅក្នុងប្រទេសកម្ពុជា នេះគឺដោយសារតែក្រុមហ៊ុន G Gear Pronith មានក្រុមការងារបេ្ដជ្ញាបងើ្តតនូវតម្លៃនៃការរស់នៅជាមួយនឹងអ្នកជំនាញ សម្រាប់ផលិតផល U-PVC ថ្មីនេះ ក្នុងការរចនា ទ្វារ បង្អួច ជាមួយសេវាកម្ម ដែលប្រកបដោយជំនាញ និង វិជ្ជាជីវៈ។ នៅក្នុងកិច្ចសហការរវាងក្រុមហ៊ុន G Gear និងក្រុមហ៊ុន Profine ដែលជាក្រុមហ៊ុនផលិតផល U-PVC ម៉ាក KÖMMERLING នេះយើងមានសង្ឃឹមថា វានឹងមាននាំមកនូវបច្ចេកវិទ្យាជឿនលឿនតាមរយៈផលិតផល ទ្វារ និង បង្អួច u-PVC ថ្នាក់ស្ដង់ដា និង គុណភាពខ្ពង់លំដាប់អន្តរជាតិ នៅក្នុងទីផ្សារកម្ពុជា។

    លោកបានបញ្ជាក់ថា កាលពីឆ្នាំមុន ក្រុមហ៊ុន Profine ដែលមានផលិត Kommerling បានសហការជាមួយ G GEAR ក្នុងការផ្តល់សិទ្ធចែកចាយជាផ្លូវការ និងជាដៃគូពាណិជ្ជកម្មតែមួយគត់នៅក្នុងប្រទេសកម្ពុជា ពីព្រោះ G GEAR Pronit មានក្រុមការងារដែលពោពេញដោយសមត្តភាព និងមានការប្តេជ្ញាខ្ពស់ដើម្បីលើកកម្ពស់ស្តង់ដារនៃការរស់នៅរបស់ប្រជាជនកម្ពុជាជាមួយនឹងឯកទេសខាង ទ្វារ បង្អួច ប្រភេទ U-PVC និងការផ្តល់នៅសេវាកម្មល្អ ប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ។

    លោក ហ៊ ហាប់ បានបន្ថែមយ៉ាងដូច្នេះថា ៖ « យើងកំពុងផ្តល់ជូននូវផលិតផលទ្វារបង្អួចដែលមានគុណភាពល្អដាច់គេ ជាមួយនឹងលក្ខណៈពិសេសជាច្រើនរួមមាន ៖ អ៊ីសូឡង់ការពារសម្លេងរំខាន អ៊ីសូឡង់ការពារកំដៅ ធន់នឹងអាកាសធាតុ មានស្ថេរភាពយូអង្វែង និងមានសុវត្ថិភាពខ្ពស់ ការរចនានិងពណ៌មានលក្ខណៈស្រស់ស្អាត ហើយមិនមានការប៊ះពាល់ដល់បរិយាកាស 100% ។ ផលិតផល ទ្វារ បង្អួច ម៉ាក U-PVC មានភាពសាកសមទៅនឹងគម្រោងផ្សេងៗ ដូចជា៖ Apartment & ខុនដូ វីឡា & ផ្ទះល្វែង អគារពាណិជ្ជកម្ម និងសណ្ឋាគារ & សាលារៀន ហើយនៅក្នុងកិច្ចសហការរវាងក្រុមហ៊ុន G Gear Pronit និង Profine យើងសង្ឃឹមថាវាអាចនាំមកនូវការផ្លាស់ប្តូរបច្ចេកវិទ្យាទំនើបដោយនាំមកនូវបង្អួច U-PVC ដែលមានគុណភាពកម្រិតស្តង់ដារឆ្ពោះមកកាន់ទីផ្សារកម្ពុជា»៕

  • ហ្អា៎ា!? ហាងបាយសាច់ជ្រូកអាំងរបស់ VJ អាណូ មានអ្នកចង់ទិញ Franchise?

    ហ្អា៎ា!? ហាងបាយសាច់ជ្រូកអាំងរបស់ VJ អាណូ មានអ្នកចង់ទិញ Franchise?

    ក្រោយពី VJ អាណូ បង្កើតអាជីវកម្មលក់បាយសាច់ជ្រូកអាំងអស់រយៈពេល 6ខែកន្លងមក បច្ចុប្បន្ននាងទទួលបានអតិថិជនច្រើនដែលជាមធ្យមនាងលក់បានប្រមាណ 350 ប្រអប់ក្នុងមួយថ្ងៃតាមរយៈការកុម្ម៉ង់ទិញតាមទូរស័ព្ទ។ ស្របពេលជាមួយគ្នានេះដែរ នាងបានប្រាប់ថា ហាងបាយដែលមានឈ្មោះថា «Christian បាយសាច់ជ្រូកអាំងពិសេស» នេះកំពុងតែមានអ្នកចង់ទិញ Franchise។

    កញ្ញា សួន ភក្ដី ហៅ VJ អាណូ បានលើកឡើងថា បន្ទាប់ពីនាងទទួលបានយោបល់ពីមិត្ដភ័ក្ដិជាច្រើនបង្ខំឱ្យនាងរៀបចំបើកអាជីវកម្មហាងលក់បាយរួចមក នាងក៏បានដាក់ឈ្មោះហាងថា «Christian បាយសាច់ជ្រូកអាំងពិសេស» និងបានសុំចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មរួចជាស្រេចទៀតផង។ នាងបន្ដថា ការធ្វើដូច្នេះព្រោះនាងចង់រៀបចំឱ្យអាជីកម្មរបស់ខ្លួនដំណើរការមានលក្ខណៈត្រឹមត្រូវតាមច្បាប់ ចៀសវាងការចម្លងឈ្មោះពាណិជ្ជកម្មមួយនេះ គ្រាដែលនាងរំពឹងថា មុខរបរមួយនេះនឹងមានភាពរីកចម្រើនទៅអនាគត។

    VJ អាណូ បានប្រាប់ទៀតថា បន្ទាប់ពីដំណើរការបានកន្លះឆ្នាំ ឃើញថាមានលក្ខណៈល្អប្រសើរដូចនាងរំពឹងទុកមែន ទើបធ្វើឱ្យនាងឈានទៅពង្រីកសាខាមួយទៀតនៅខេត្ដសៀមរាប ជាពិសេសបាយសាច់ជ្រូកប្រឡាក់របស់នាងក៏មានអ្នកមានមុខមាត់ក្នុងសង្គម និងឧកញ៉ាមួយចំនួនធ្លាប់បានទទួលសេវាកម្មពីហាងរបស់នាងផងដែរ។ VJ អាណូ ប្រាប់ទៀតថា៖ «ដោយសារតែមានសាខានៅខេត្ដសៀមរាបនេះហើយ ទើបខ្ញុំត្រូវចំណាយពេលចុងសប្ដាហ៍រៀងរាល់ថ្ងៃសៅរ៍ អាទិត្យ ជិះយន្ដហោះទៅមើលការងារនៅទីនោះ»។

    ពិធីការិនី និងតារាសម្ដែងរូបនេះបញ្ជាក់ថា បន្ទាប់ពីមានការសរសើរពីរសជាតិសាច់ប្រឡាក់ឆ្ងាញ់ តាមរយៈការប្រើរូបមន្ដប្រឡាក់សាច់ផ្ទាល់ខ្លួនរបស់នាងដែលទម្លាប់ធ្វើក្នុងគ្រួសារគួបផ្សំជាមួយ និងសេវាកម្មផ្ដល់ទៅឱ្យភ្ញៀវបានល្អផងនោះ ក៏មានអ្នកចង់ទិញ Franchise ឬរូបមន្ដនៃការប្រឡាក់សាច់នោះ។

    តែទោះជាយ៉ាងណានាងមានអារម្មណ៍ស្ទាក់ស្ទើរមិនចង់លក់ទេ ខណៈនាងកំពុងតែមានបំណងចង់ពង្រីកសាខារបស់ខ្លួនមួយទៀតនៅក្នុងផ្សារសុវណ្ណា ទីក្រុងភ្នំពេញ៕

  • Horn ស្នើឲ្យមានការប្រកួតសងសឹកជាមួយ Pacquiao ដើម្បីបញ្ចប់ជម្លោះ

    Horn ស្នើឲ្យមានការប្រកួតសងសឹកជាមួយ Pacquiao ដើម្បីបញ្ចប់ជម្លោះ

    កីឡាករប្រដាល់ Jeff Horn របស់អូស្ត្រាលី ជឿជាក់ថា រូបគេពិតជាបានទទួលជ័យជម្នះលើកីឡាករជើងចាស់ Manny Pacquiao យ៉ាងស័ក្តិសមប្រាកដមែន ខណៈដែលរូបគេក៏បានស្វាគមន៍ទៅលើលទ្ធផលនៃការត្រួតពិនិត្យឡើងវិញនៃការផ្តល់ពិន្ទុពីការប្រកួតរបស់គេកាលពីដើមខែនេះពីសំណាក់ WBO ផងដែរ។

    ប៉ុន្តែ ទោះបីជាយ៉ាងណា កីឡាករមិនស្គាល់ចាញ់រូបនេះនៅតែជឿជាក់ថា មានតែការប្រកួតសងសឹកជាមួយនឹងតារាប្រដាល់របស់ហ្វីលីពីនរូបនេះប៉ុណ្ណោះ ទើបអាចដោះស្រាយភាពចម្រូងចម្រាសផ្សេងៗបាន។ Horn បានកត់ត្រាជ័យជម្នះដោយពិន្ទុជាឯកច្ឆន្ទក្នុងការប្រកួត12ទឹកដ៏មិននឹកស្មានដល់លើកីឡាករ Pacquiao ក្នុងទីក្រុង Brisbane កាលពីថ្ងៃទី2 ខែកក្កដា ប៉ុន្តែលទ្ធផលនេះបានធ្វើឲ្យមានការតវ៉ា និងការរិះគន់យ៉ាងខ្លាំងក្លាក្នុងប្រទេសហ្វីលីពីន។

    ស្ថាប័ន WBO បានបង្កើតក្រុមប្រឹក្សាឯករាជ្យមួយ និងចៅក្រមអនាមិកដើម្បីទស្សនាការប្រកួតនេះដោយគ្មានសំឡេង និងដើម្បីកាត់សេចក្តីថា តើកីឡាកររូបណាឈ្នះក្នុងទឹកនីមួយៗ?។ កាលពីថ្ងៃអង្គារ ស្ថាប័ននេះបានបញ្ជាក់ថា ចៅក្រមបានរកឃើញថា Horn បានទទួលជ័យជម្នះ7ទឹក ហើយ Pacquiao ឈ្នះត្រឹមតែ5ទឹកប៉ុណ្ណោះ។ Horn វ័យ29ឆ្នាំ បានប្រាប់អ្នកយកព័ត៌មានក្នុងទីក្រុង Los Angeles ថា រូបគេបានស្វាគមន៍ចំពោះការត្រួតពិនិត្យឡើងវិញរបស់ស្ថាប័ន WBO បើទោះបីរូបគេមានភាពច្បាស់លាស់ក្នុងចិត្តរបស់គេថា គេពិតជាបានទទួលជ័យជម្នះក៏ដោយ។

    ទោះបីជាយ៉ាងណា អតីតគ្រូបង្រៀនរូបនេះជឿជាក់ថា មានតែការប្រកួតសងសឹកប៉ុណ្ណោះទើបអាចដោះស្រាយបញ្ហាចម្រូងចម្រាស់ផ្សេងៗបាន។ កីឡាកររូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំជឿថា មធ្យោបាយដ៏ល្អក្នុងការដោះស្រាយបញ្ហានេះបាន គឺការប្រកួតសងសឹក។ ខ្ញុំគិតថា ខ្ញុំនឹងធ្វើបានកាន់តែល្អឡើងទៀតក្នុងការប្រកួតលើកទី2»។ ប៉ុន្តែ ក្រុមការងាររបស់ Pacquiao បានចោទប្រកាន់ថា អាជ្ញាកណ្តាល បានអនុញ្ញាតឲ្យ Horn ប្រើប្រាស់ស្នៀតប្រយុទ្ធដែលខុសពីច្បាប់កីឡា។

    ក្រោយពីការត្រួតពិនិត្យឡើងវិញរបស់ WBO កីឡាករ Pacquiao បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអង្គារថា៖ «យើងបានឃើញការកាត់សេចក្តីដ៏អន់បំផុត កាលពីមុនដោយចៅក្រមជាអ្នកគ្រប់គ្រងលើលទ្ធផលផ្សេងៗ។ គ្មានអ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលឡើយ។ សូមឲ្យអ្នកគាំទ្រកាត់សេចក្តីដោយខ្លួនឯងចុះ។ មនុស្សជាច្រើនបានឃើញអ្វីដែលបានកើតឡើង»៕
    ប្រភពពី៖ ESPN

  • ការនាំចូលរថយន្តថ្មីកើនឡើង ខណៈរថយន្តជជុះថយចុះ

    ការនាំចូលរថយន្តថ្មីកើនឡើង ខណៈរថយន្តជជុះថយចុះ

    ភ្នំពេញៈ ដំណាច់ឆមាសទី1ឆ្នាំនេះ និន្នាការនៃការនាំចូលរថយន្តថ្មីបានកើនឡើង ខណៈការនាំចូលរថយន្តជជុះបានថយចុះ ដោយសារតែនិន្នាការប្រើប្រាស់រថយន្តថ្មីកើនឡើង។

    លោក សេង វឹង អគ្គនាយកផ្នែកបច្ចេកទេសយានយន្តនៃក្រុមហ៊ុន RMA Asia បានថ្លែងឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី12 កក្កដាម្សិលមិញថា ទីផ្សាររថយន្តរបស់ក្រុមហ៊ុនខ្លះបានថយចុះ ប៉ុន្តែក្រុមហ៊ុនរបស់លោកនៅតែទទួលបានកំណើននៃការលក់ដដែល ដោយសារតែប្រព័ន្ធបញ្ជា និងប្រើប្រាស់ក្នុងរថយន្តទំនើបពិសេសទទួលបានទំនុកចិត្តពីអតិថិជន ។ លោកបន្តថា និន្នាការប្រើប្រាស់រថយន្តថ្មី បាននិងកំពុងកើនឡើង ដោយយោងតាមតួលេខនាំចូលរថយន្តបានបង្ហាញថា ការនាំរថយន្តថ្មីចូលបានកើនពី13ដល់19ភាគរយ និងនាំចូលរថយន្តជជុះបានថយពី89 មកនៅត្រឹម83ភាគរយ។

    លោកបន្តថា “ការលក់រថយន្តរបស់ក្រុមហ៊ុនបានកើនឡើងចន្លោះពី20 ទៅ30ភាគរយ នៅដំណាច់ឆមាសទី1ឆ្នាំនេះធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយរថយន្តលក់ដាច់ភាគច្រើនជាប្រភេទរថយន្ត Pick Up ដែលជារថយន្តមានបំពាក់សេវាកម្ម និងប្រព័ន្ធបញ្ជាទំនើប និងមានការពេញនិយមពីអ្នកប្រើប្រាស់។

    កញ្ញា ស៊ឹង សុផារី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែងថា និន្នាការប្រើប្រាស់រថយន្តថ្មីពិតជាកើនឡើងមែន ហើយជាគោលនយោបាយ រដ្ឋាភិបាលលើកទឹកចិត្តឲ្យប្រជាពលរដ្ឋប្រើប្រាស់រថយន្តថ្មីផងដែរ ប៉ុន្តែទីផ្សាររថយន្តមួយទឹកក៏នៅតែរក្សាបានកំណើនផងដែរ ដោយសារជីវភាពប្រជាពលរដ្ឋដែលមានកម្រិតមធ្យមច្រើន និងដោយសារអាចទិញរថយន្តបង់រំលស់បានផងនោះ ទើបប្រជាជនមួយចំនួនបានទិញរថយន្តថ្មីប្រើប្រាស់ផងដែរ។

    កញ្ញាបន្តថា “កម្រិតកំណើននៃការលក់រថយន្តថ្មី វាអាស្រ័យលើកម្លាំងទិញរបស់ប្រជាពលរដ្ឋ ប៉ុន្តែប៉ុន្មានឆ្នាំមកនេះអ្នកមានជីវភាពធូរធារបានកើនឡើង ដែលធ្វើឲ្យទីផ្សាររថយន្តថ្មីមានកំណើនផងដែរ៕

  • មន្ទីរពេទ្យ ជប៉ុន​សាន់​រ៉ា​យស៍​ភ្នំពេញ មាន​គ្រូពេទ្យ​ឯកទេស​ ផ្នែកក្រពះ-ពោះវៀន ពី​ប្រទេស​ជប៉ុន មក​ព្យាបាល​ពលរដ្ឋ​កម្ពុជា

    មន្ទីរពេទ្យ ជប៉ុន​សាន់​រ៉ា​យស៍​ភ្នំពេញ មាន​គ្រូពេទ្យ​ឯកទេស​ ផ្នែកក្រពះ-ពោះវៀន ពី​ប្រទេស​ជប៉ុន មក​ព្យាបាល​ពលរដ្ឋ​កម្ពុជា

    បន្ទាប់ពី​បានធ្វើ​កិច្ច​សម្ពោធ​បើក​ដំណើរ​ការទទួល​ព្យាបាល​អ្នកជំងឺ​ទូទៅ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រាប់ទាំង​ប្រជាពលរដ្ឋ​ជា​ជនជាតិខ្មែរ ជប៉ុន ក៏ដូចជា​អ្នកជំងឺ​ចម្រុះ​ជាតិ​សាសន៍​ដទៃទៀត​ចាប់តាំងពី​ថ្ងៃទី20 ខែកញ្ញា ឆ្នាំ2016 ក្រោម​វត្តមានដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រហូត​មកដល់ពេលនេះ មន្ទីរពេទ្យ ជប៉ុន សាន់​រ៉ា​យស៍ ភ្នំពេញ ដែល​ភាសាបរទេស​ហៅថា Sunrise Japan Hospital Phnom Penh បាននិងកំពុង​ទទួល​បាន ការ​ជឿទុកចិត្ត​ពី​សំណាក់​អ្នកជំងឺ​ទូទៅ​គួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ​ដើម្បី​បំពេញបន្ថែម​លើ​តម្រូវការ​ផ្នែក​សុខាភិបាល​នៅក្នុង​ស្រុក ជាពិសេស​ដើម្បី​ឆ្លើយតប ​ទៅនឹង​តម្រូវការ​របស់​អ្នកជំងឺ​ផងដែរ​នោះ មន្ទីរពេទ្យ ជប៉ុន សាន់​រ៉ា​យស៍ ភ្នំពេញ បាន​អញ្ជើញ​អ្នកជំនាញ​មាន​ឯកទេស​ផ្នែកព្យាបាល​ជំងឺ​ពាក់ព័ន្ធ​នឹង​ក្រពះ ពោះវៀន ដែលមាន​បទពិសោធ​ព្យាបាល​នៅ​ប្រទេស​ជប៉ុន​មិន​ក្រោម 20ឆ្នាំ មក​ប្រចាំការ​នៅក្នុង​មន្ទីរពេទ្យ​ដ៏​ទំនើប និង​ទាន់សម័យ​កម្រិតស្ដង់ដា​រ​អន្តរជាតិ​មួយ​នេះ ដែល​
    កាន់តែ​បង្កើន​នូវ​ទំនុកចិត្ត​ខ្ពស់​ដល់​អ្នកស្វែងរក​សេវាព្យាបាល​ទ្វេដង។

    លោក​វេជ្ជបណ្ឌិត ហុ​កា​មឹ​រ៉ា ណុ​ប៊ឹ​កា​ហ្ស៊ឹ (Hokamura Nobukazu) អ្នកជំនាញ​ផ្នែក​ព្យាបាល​ជំងឺ​ក្រពះ-ពោះវៀន ដែល​ត្រូវបាន​អញ្ជើញ​មកពី​ប្រទេស​ជប៉ុន ដើម្បី​មក​បម្រើ​ការងារ​លើ​សេវា​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ ជប៉ុន សាន់​រ៉ា​យស៍ ភ្នំពេញ បាន​ប្រាប់​ឱ្យដឹងថា លោក​បានបញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​តូ​ក្យូ ហើយ​ទៅ​បន្ត​សិក្សា​ចាប់យក​ជំនាញ​នៅ​មជ្ឈមណ្ឌល​នៃ​ជំងឺមហារីក​ប្រចាំ​ប្រទេស​ជប៉ុន។ ជាមួយគ្នានេះ​ផងដែរ លោក​ក៏មាន​បទពិសោធ​ក្នុងនាម​ជា​អ្នកឯកទេស​ជំនាញ​លើ​ការព្យាបាល​ជំងឺ​ពាក់ព័ន្ធ​ទៅនឹង​ប្រព័ន្ធ​រំលាយ​អាហារ ជាពិសេស បញ្ហា​ជំងឺ​ក្រពះ និង​ពោះវៀន​ជាង25ឆ្នាំ ដែល​ក្នុងនោះ​លោក​ធ្លាប់​បម្រើ​ការងារ
    នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ21ឆ្នាំ និង​នៅក្នុង​មន្ទីរពេទ្យឯកជន​មាន​ចំនួន​ជាង4ឆ្នាំ មុនពេល​មកកាន់​ការ​ងារ​នៅ​មន្ទីរពេទ្យ ជប៉ុន សាន់​រ៉ា​យស៍ ភ្នំពេញ ប្រចាំ​នៅ​កម្ពុជា។ លោក​បាន​បញ្ជាក់ទៀតថា ផ្អែក​តាម​បទពិសោធ​ក្នុងការ​ព្យាបាល​របស់លោក​អស់​រយៈកាល​ជាង25ឆ្នាំ​កន្លងទៅនេះ សម្រាប់​បញ្ហា​ប្រឈម​របស់​មនុស្ស​ទូទៅ គឺពាក់ព័ន្ធ​ទៅនឹង​ជំងឺ​ក្រពះ​មាន​អត្រា​ច្រើនជាង​ជំងឺផ្សេងៗទាំងអស់ ខណៈដែល​ជំងឺ​មួយ​ប្រភេទ​នេះ​ងាយ​នឹង​កើតមាន ដោយសារតែ​កត្តា​នៃ​ការរស់នៅ ដូចជា ការសម្រាក​មិនបាន​គ្រប់គ្រាន់ ការទទួល​ជាតិ​អាល់កុល របប​អាហារ​ប្រចាំថ្ងៃ ដែលមាន​ជាតិ​ហឹរ​ពេក និង​ប្រៃ​ពេក ហើយ​កត្តា​ដែល​បង្កឱ្យមាន​ជំងឺ​ក្រពះ​គឺ​បណ្ដាលមកពី​មេរោគ H.Pylori នៅក្នុង​ក្រពះ។

    រោគសញ្ញា ៖ លោក​វេជ្ជបណ្ឌិត ហុ​កា​មឹ​រ៉ា ណុ​ប៊ឹ​កា​ហ្ស៊ឹ បាន​បន្តទៀតថា ចំពោះ​ជំងឺ​មហា​រីកក្រពះ​នេះ នៅ​ដំណាក់កាល​ដំបូង ជាទូទៅ​វា​មិនបាន​បង្ហាញ​ជា​រោគសញ្ញា​អ្វី​គួរឱ្យកត់សម្គាល់​នោះឡើយ។ ប៉ុន្ដែ​លោកអ្នក​អាចធ្វើ​ការពិនិត្យ​សុខភាព​ឱ្យបាន​ទៀងទាត់ ដើម្បី​ប្រាកដថា អ្នកមានសុខភាព​ល្អ និង​មិនមាន​ការព្រួយបារម្ភ​ចំពោះ​ជំងឺមហារីក​ក្រ​ពេះ​នោះទេ។ ដោយឡែក​នៅពេលជំងឺមហារីក​ចេះតែ​វិ​វត្ត​ទៅមុខ​ឈានដល់​ដំណាក់កាល​ធ្ងន់ធ្ងរ ឬ​រ៉ាំរ៉ៃ វា​អាច​បង្កឱ្យមាន​រោគសញ្ញា​មួយចំនួន​ដូចជា មានការ​ឈឺចាប់​នៅ​តំបន់​ពោះ ពិបាក​ក្នុងការ​លេប​អាហារ មាន​អាការ​អួលណែន​ដើម-ក មាន​ចង្អោរ ឬ​ក្អួត​ក្រោយពេល​ទទួលទានអាហារ ស្រក​ទម្ងន់ និង​មាន​អារម្មណ៍​ថា​ឆ្អែត​ជាដើម។ ប៉ុន្តែ​អ្វីដែល​កាន់តែច្បាស់​ក្នុងការ​ធ្វើ​រោគវិនិច្ឆ័យ​គឺ​ការពិនិត្យ​ដោយ​ម៉ាស៊ីន​មីក្រូ​ទស្សន៍ និង​ការ​ច្រឹប​យក​សាច់​ក្រពះ​ទៅធ្វើ​ការវិភាគ។

    ការព្យាបាល ៖ ចំពោះ​វិធីសាស្ត្រ​នៃ​ការព្យាបាល អ្នកជំនាញ​នឹង​អនុវត្ត​អាស្រ័យ​ទៅតាម​ដំណាក់កាល​នៃ​ជំងឺមហារីក និង​ភាពជាក់ស្ដែង ជាមួយនឹង​វិធី2យ៉ាង គឺ​ការវះកាត់ និង​ការព្យាបាលដោយ​ប្រើ​ថ្នាំ។ ដោយឡែក​ការវះកាត់​មាន​ជម្រើស2យ៉ាង គឺ​ការវះកាត់​បើក​មុខធំ និង​ការវះកាត់​ដោយ​ការ​ចោះ។ សម្រាប់​វិធីសាស្ត្រ​វះកាត់​ដោយ​ការ​ចោះ គឺ​ត្រូវបាន​ធ្វើឡើង​ត្រឹម​ដំណាក់កាល​ដំបូង ដែល​ត្រឹមតែ​ជាការ​វះកាត់​យក​ដុំ​មហារីក​ដែល​តូច​បំផុត​ចេញពី​ក្រពះ។ ប៉ុន្តែ​ក្នុងករណី​មហារីក​ដំណាក់កាល​ធ្ងន់ធ្ងរ​អ្នកជំនាញ​ចាំបាច់​ប្រើ​វិធីសាស្ត្រ​វះកាត់​បើក​មុខធំ ដើម្បី​កាត់ចោល​នូវ​ផ្នែកណាមួយ​នៃ​ក្រពះ​ដែលមាន​មហារីក ឬ​អាច​ធ្ងន់ធ្ងរ​ជាង​នេះ​អ្នកជំនាញ​ចាំបាច់​ត្រូវ​កាត់​ក្រពះ​ចោល​តែម្ដង។ បន្ទាប់​ពីក្រោយ​ការវះកាត់​ដោយ​ជោគជ័យ អ្នកជំងឺ​ត្រូវអនុវត្ត​ទៅតាម​ការណែនាំ​របស់​អ្នកជំនាញ ដូចជា កម្រិត​នៃ​ការ​ទទួលទាន​អាហារ ការព្យាយាម​ទទួលទាន​ថ្នាំ​ឱ្យបាន​ទៀងពេល ជាពិសេស ត្រូវ​ទៅ​ជួប​ពិនិត្យ​ និង​ពិ​ភាក្សា​ជាមួយ​អ្នកជំនាញ​ទៅតាម​ការ​ណាត់​របស់​អ្នកជំនាញ។

    វិធី​ការពារ ៖ ប្រសិនបើ​មិន​ចង់ឱ្យ​ជំងឺមហារីកចូលមក​បៀតបៀន​នោះទេ លោកអ្នក​ត្រូវតែ​អនុវត្ត​ឱ្យបាន​ទៅតាម​ការណែនាំ​របស់លោក​វេជ្ជបណ្ឌិត ហុ​កា​មឹ​រ៉ា ណុ​ប៊ឹ​កា​ហ្ស៊ឹ ដូចជា ព្យាយាម​ទទួលទាន​អាហារ​ប្រចាំថ្ងៃ​ឱ្យបាន​ទៀងពេល 3ពេល​ក្នុង​មួយថ្ងៃ, សម្រាក (គេង) ឱ្យបាន​គ្រប់គ្រាន់, ចៀសវាង​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន អាហារ​ហឹរ​ខ្លាំង
    អាហារ​រសជាតិ​ប្រៃ ជាពិសេស​បញ្ឈប់​ការទទួលទាន​ស្រា ឬ​ជាតិ​អាល់កុល។

    សូម​ព្យាយាម​ថែរក្សា​សុខភាព​របស់លោក​អ្នក​ឱ្យ​ឃ្លាតឆ្ងាយ​ពី​ជំងឺមហារីក​ក្រពះ៕

     
  • ដំណើរកម្សាន្តដ៏អស្ចារ្យសម្រាប់អ្នកសារព័ត៌មានក្នុងតំបន់អាស៊ាន និងតំបន់សំខាន់របស់ប្រទេសម៉ាឡេស៊ី

    ដំណើរកម្សាន្តដ៏អស្ចារ្យសម្រាប់អ្នកសារព័ត៌មានក្នុងតំបន់អាស៊ាន និងតំបន់សំខាន់របស់ប្រទេសម៉ាឡេស៊ី

    ជាមោទនភាពបំផុតសម្រាប់ប្រទេសម៉ាឡេស៊ី ដែលបានរៀបចំកម្មវិធីដំណើរទេសចរណ៍មកកាន់ម៉ាឡេស៊ីក្នុងរដូវកាលទី 2 នៃឆ្នាំ2017 ក្រោមការចូលរួមពីសំណាក់បណ្តាអ្នកសារព័ត៌មានសរុបចំនួន 50នាក់ មកពីប្រទេសទាំង10 នៃអាស៊ាន ដើម្បីបានស្វែងយល់កាន់តែច្បាស់ពីវិស័យទេសចរណ៍នានាប្រចាំប្រទេសរបស់ខ្លួនរយៈពេល 4 យប់ 5 ថ្ងៃ ដោយចាប់ផ្តើមតាំងពីថ្ងៃទី 11 រហូតដល់ថ្ងៃទី 14 ខែកក្កដា ឆ្នាំ2017 ។

    នៅក្នុងកម្មវិធីដំណើរទេសចរណ៍របស់អ្នកសារព័ត៌មានប្រចាំឆ្នាំ 2017 ខាងលើនេះ មានគោលបំណងចង់ឱ្យអ្នកសារព័ត៌មានទាំងអស់បានដឹង និងស្គាល់ រួមជាមួយនឹងការជួយផ្សព្វផ្សាយបន្តពីវប្បធម៌ អរិយ្យធម៌ដែលមានវ័យចំណាស់របស់ប្រទេសម៉ាឡេស៊ី សិល្បៈនៃការធ្វើម្ហូប ក៏ដូចជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលជាច្រើនទៀត ដើម្បីបង្ហាញជួយឱ្យវិស័យទេសចរណ៍នៃប្រទេសមួយនេះកាន់តែមានឈ្មោះប៉សំឡេងតាមរយៈការបង្ហាញរូបភាពបែបសប្បាយៗ និងស្រស់ស្អាតនៅលើបណ្តាញទំនាក់ទំនងសង្គម រួមជាមួយប្រព័ន្ធផ្សព្វផ្សាយឌីជីថលផ្សេងទៀត ដូចជា Instagram និង Facebook ជាដើម។

    ចំពោះការធ្វើដំណើរកម្សាន្តខាងលើនេះ អ្នកចូលរួមទាំងអស់ចាំបាច់ត្រូវតែចេះបើកបររថយន្តនៅលើផ្លូវថ្នល់ទីសាធារណៈ ដើម្បីងាយស្រួលក្នុងការបញ្ជារថយន្តទៅកាន់តំបន់នានានៅជុំវិញប្រទេសម៉ាឡេស៊ី ដោយការចាប់ផ្តើមចេញដំណើរពីភាគខាងជើងទៅភាគខាងត្បូង (ចេញពីក្រុងកូឡាឡាំពួរ) តាមបណ្តាញផ្លូវសំខាន់ៗប្រចាំប្រទេស។ អ្នកចូលរួមទាំងអស់នឹងទទួលបានឱកាសផ្លាស់ប្តូរបទពិសោធន៍នៃការរស់នៅ រួមជាមួយនឹងការស្នាក់នៅក្នុងផ្ទះបុរាណ ហើយអ្នកចូលរួមទាំងនោះក៏អាចរៀននេសាទ ទទួលយកបទពិសោធន៍ល្អៗជាច្រើនទៀតពីប្រទេសម៉ាឡេស៊ី។

    សូមបញ្ជាក់ផងដែរថា ចំពោះតំបន់កម្សាន្តសំខាន់ៗដែលបណ្តាអ្នកសារព័ត៌មានទាំង10ប្រទេសបានទៅទស្សនារួមមានដូចជា ៖ ទីក្រុង កូឡាឡាំពួរ , តំបន់ទេចរណ៍វប្បធម៌ Merdeka Square , តំបន់កម្សាន្ត Putrajaya , ទីរមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំបាទូ , រួមជាមួយនឹងបណ្តាតំបន់ទេសចរណ៍សំខាន់ៗជាច្រើនទីតាំងទៀត។ បន្ថែមពីនេះ អ្នកទាំងអស់ក៏មានឱកាសបានលេងល្បែងកម្សាន្តជាច្រើនទៀតដែលសុទ្ធតែបង្កភាពសប្បាយរីករាយ រួមជាមួយការទស្សនាខ្សែភាពនៅក្នុងរោងភាពយន្តដ៏ទំនើបប្រចាំប្រទេសផងដែរ ៕

  • ក្រសួងលើកទឹកចិត្តឱ្យគ្រប់សហគ្រាសពង្រឹងគុណភាពដើម្បីជ្រៀតចូលទីផ្សារបរទេស

    ក្រសួងលើកទឹកចិត្តឱ្យគ្រប់សហគ្រាសពង្រឹងគុណភាពដើម្បីជ្រៀតចូលទីផ្សារបរទេស

    ភ្នំពេញ៖ ថ្លែងក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូនេស៊ីលើកទី11 ឆ្នាំ2017 ដែលប្រារព្ធធ្វើនៅមជ្ឈមណ្ឌល និងសន្និសីទកោះពេជ្រ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានជំរុញឱ្យសហគ្រាសធុនតូច និងមធ្យមកម្ពុជាទាំងអស់ត្រូវពង្រឹងសមត្ថភាពដើម្បីជ្រៀតចូលទីផ្សារបរទេសក្នុងយុគសម័យសមាហរណកម្មអាស៊ាននេះ។

    ឯកឧត្តមបានផ្ដាំផ្ញើទៅសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងលើកទឹកចិត្តឲ្យសហគ្រាសកម្ពុជាទាំងអស់ប្រឹងប្រែងអភិវឌ្ឍខ្លួនឯងដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមពិព័រណ៍ផលិតផលស្រដៀងគ្នានៅបរទេសដើម្បីជ្រៀតចូល និងធ្វើពិពិធកម្មទីផ្សារផលិតផលកម្ពុជា។ ឯកឧត្តមសង្កត់ធ្ងន់ថា ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនឹងផ្ដល់អត្ថប្រយោជន៍រួមមកលើឧត្តមភាពរបស់ប្រជាជនកម្ពុជា ដោយសារសហគ្រាសធុនតូច និងមធ្យមជាចលករដ៏ខ្លាំងក្លាក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរ និងលើកកម្ពស់សេដ្ឋកិច្ចជាតិកម្ពុជា។

    ក្នុងយុទ្ធសាស្រ្តជួយជំរុញ និងលើកកម្ពស់ផលិតផលក្នុងស្រុកឱ្យមានការទទួលស្គាល់ និងចូលរួមប្រើប្រាស់ឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស ក្រសួងពាណិជ្ជកម្មនឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរដែលមានគុណភាពខ្ពស់ មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងមានការវេចខ្ចប់បានល្អប្រសើរត្រឹមត្រូវ អនុលោមតាមស្តង់ដារផលិតកម្មនៅទូទាំងប្រទេសមកដាក់តាំងបង្ហាញដើម្បីស្វែងរកការគាំទ្របន្ត ដែលការតាំងពិព័រណ៍នេះនឹងធ្វើឡើងនៅថ្ងៃទី26-29 ខែតុលា ឆ្នាំ2017 ខាងមុខ នៅមជ្ឈមណ្ឌលវិមានសុភមង្គលក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕