Author: វល័ក្ខ

  • ខុស​ហើយ​បើ​ចិញ្ចឹម​កូន​តាម 6វិធី​ខាងក្រោម​នេះ​

    ខុស​ហើយ​បើ​ចិញ្ចឹម​កូន​តាម 6វិធី​ខាងក្រោម​នេះ​

    ឪពុកម្តាយ និង​អាណាព្យាបាល​ជាច្រើន​នាក់​អាច​នឹង​នៅ​មិនទាន់​ដឹងខ្លួន ឬ​សង្កេតឃើញថា​ទង្វើ ឬ​រឿង​ដែល​អ្នក​អប់រំ​បង្រៀន​ដល់​កូន​នោះ ក្លាយជា​ការធ្វើ​បាប​គេ​ទាំង​ដោយ​ត្រង់ និង​ទាំង​ប្រយោល​បែប​យល់​មិន​ដល់​ទៅវិញ ដូច្នេះ​យើង​នាំគ្នា​មក​មើលថា តើ​មាន​ទង្វើ​ណាខ្លះ​ដែល​អ្នក​មិនគួរ​នាំយកទៅ​បង្រៀន ឬ​ប្រើ​ជាមួយ​កូន​របស់​អ្នក?

    1.កុំ​យកក្តី​ស្រមៃ​កាលពី​នៅ​ក្មេង​របស់​អ្នក​មក​ដាក់​ធ្វើជា​គោលដៅ​ឱ្យ​កូន​ដើរ​តាម
    គ្រប់គ្នា​មាន​ក្តី​ស្រមៃ​ដែល​អាច​នឹង​ដូច និង​មិន​ដូចគ្នា កូន​របស់​អ្នក​ក៏​អី​ុ​ចឹ​ង​ដែរ គេ​អាច​នឹងមាន​ក្តី​ស្រមៃ និង​ការ​នឹកគិត​របស់គេ ការនាំ​ក្តី​ស្រមៃ​របស់​អ្នក​មក​ធ្វើជា​គោលដៅ​ឱ្យ​កូន​ធ្វើតាម​នោះ​ជា​រឿង​មួយ​ដែល​ខុស ធ្វើឱ្យ​កូន​មាន​អារម្មណ៍ទើសទាល់ និង​អាច​នឹងធ្វើ​ឱ្យគេ​ត្រូវ​ទ្រាំ​ធ្វើ​នូវ​អ្វីដែល​គេ​មិន​ចូលចិត្ត​នោះ​អស់​មួយជីវិត។

    2.ប្រៀបធៀប​កូន​ជាមួយ​ក្មេង​ដទៃ​ជាប្រចាំ
    ការប្រៀបធៀប​កូន​ខ្លួនឯង​ជាមួយ​ក្មេង​ដទៃ​គ្រប់ពេលវេលា មិន​ថា​ក្នុង​ផ្នែក​ណាក៏ដោយ នឹងធ្វើ​ឱ្យគេ​មាន​អារម្មណ៍​ថា​រង​សម្ពាធ មាន​អារម្មណ៍​ថា​ខ្លួនឯង​មាន​ចំណុច​អន់ មាន​អារម្មណ៍​ថា​ឪពុក-ម្តាយ​មិន​ស្រឡាញ់​គេ តែ​ទៅ​ស្រឡាញ់​អ្នកដទៃ​ខ្លាំង​ជាង ធ្វើ​ឱ្យគេ​មាន​អារម្មណ៍​ទន់ជ្រាយ និង​សម្តែង​អាការ​ចេញមក​ក្នុង​បែប​តតាំង។

    3.រៀន​គួរ​ពិសេស​ច្រើន​ហួសពេក
    ត្រឹមត្រូវ​ហើយ​ការរៀន​គួរ​ពិសេស ឬ​ការរៀន​ជំនាញ​ពិសេស ជា​រឿង​ដែល​ល្អ តែ​ត្រូវ​សួរ​ពី​ការស្ម័គ្រចិត្ត​អំពី​កូន​ជាមុនសិន មិនមែន​ឱ្យគេ​គិតតែ​ពី​រៀន​រហូត​គ្មាន​ពេល​សម្រាក ឬ​ធ្វើ​អ្វី​ផ្សេង​នោះឡើយ។ ចូរ​កុំ​លួច​ពេលវេលា​ក្នុង​ជីវិត​របស់​កូន​ទៅ ដោយ​កូន​មិន​យល់ព្រម​ឱ្យសោះ។

    4.ការពារ​កូន​ជ្រុល​ពេក ប្រៀប​ដូច​កែវ​ក្នុង​កញ្ច្រែង​ថ្ម
    ការថែរក្សា​ការពារ​កូន​ជា​រឿង​ដែល​ឪពុកម្តាយ​គួរតែ​ធ្វើ តែ​ត្រូវការពារ​គេ​បែប​ផ្លូវកណ្តាល រឿង​ខ្លះ​ត្រូវតែ​បណ្តោយ​ឱ្យគេ​រៀន​យល់ដឹង​ដោយ​ខ្លួនឯង ឱ្យគេ​ស្គាល់​ចាញ់ និង​ឈ្នះ និង​ចេះ​កែខៃ​បញ្ហា​ដោយ​ខ្លួនឯង​មុននឹង​ស្រែក​សុំ​ការជួយ​ពី​អ្នកដទៃ។ អ្នក​មិនអាច​ការពារ​កូន​បាន​គ្រប់ពេលវេលា រហូតដល់​ចុងបញ្ចប់​នៃ​ជីវិត​របស់គេ​បានឡើយ ដូច្នេះ​រឿង​ដែល​ល្អ​បំផុត​គឺ ឱ្យគេ​ចេះ​ថែរក្សា ការពារ​ខ្លួនឯង​ពី​សង្គម​ដែល​សាហាវឃោរឃៅ​នេះ​ឱ្យបាន​ដោយ​ខ្លួនឯង។

    5.មើលឃើញ​អ្វីដែល​កូន​ស្រឡាញ់ អ្វីដែល​កូន​ចូលចិត្ត​ថា ជា​រឿង​ឥតប្រយោជន៍
    ចំណង់​ចំណូលចិត្ត និង​ភាព​ជំនាញ​ថ្នឹក​របស់​មនុស្ស​យើង​មិន​ដូចគ្នា​ទេ កូន​របស់​អ្នក​ក៏​អី​ុ​ចឹ​ង​ដែរ ការដែល​គេ​មាន​ភាព​ជំនាញ​ថ្នឹក ឬ​ចូលចិត្ត​ធ្វើ​រឿង​អ្វីមួយ​ជាពិសេស​នោះ អ្នក​គួរតែ​បណ្តោយ​ឱ្យគេ​រៀន​យល់ដឹង និង​ធ្វើ​នូវ​រឿង​នោះ តែបើ​ស្ថិតនៅក្នុង​វ័យ​រៀន ឬ​អំឡុង​ពេលដែល​មិន​សមរម្យ​ក៏​អាច​នឹង​ប្រាប់​គេ ឬ​អធិប្បាយ​ពន្យល់​គេ​ដោយ​ហេតុផល មិនមែន​ហាមប្រាម​ដាច់ខាត ឬ​មើលងាយ-មើលថោក​លើ​អ្វីដែល​កូន​គិតភ្លាមៗនោះទេ។

    6.ឱ្យដៃ​កូន
    កូន​អ្នកចេះ​ធ្វើ​ត្រូវបាន ក៏​ច្បាស់​ជា​ចេះ​ធ្វើ​ខុស​បាន​ដូចគ្នា អ្នកមាន​តួនាទី​ចង្អុល​ណែនាំ​បង្ហាញ​ឱ្យគេ​បានរស់នៅ​ក្នុង​ជីវិត​ដែល​ត្រឹមត្រូវ​តាម​គន្លង​ធម៌។ ការ​ឱ្យដៃ​កូន ឬ​ពន្យុះ​កូន​ឱ្យធ្វើ​នូវ​អ្វីដែល​មិន​ត្រឹមត្រូវ ឬ​កាន់ជើង​កូន​ក្នុង​រឿង​ដែល​មិន​សមរម្យ​ជំនួស​ឱ្យ​ការបង្ហាត់បង្រៀន ឬ​ដាស់តឿន​នឹងធ្វើ​ឱ្យគេ​បានចិត្ត និង​មិន​ខ្លាចក្រែង ឬ​លែង​ចេះ​កោត​គោរព​អ្នកណា​ជាដើម។

    6 ចំណុច​ខាងលើ​ដែល​បាន​រៀបរាប់​មកនេះ​លោកឪពុក​អ្នក​ម្តាយ​សម័យថ្មី​គួរតែ​ចៀសវាង និង​មិនគួរ​មើលរំលង​ឡើយ ដើម្បី​ជីវិត និង​អនាគត​ដ៍​ល្អ​របស់កូនៗនាពេល​អនាគត៕

  • តែ​ខ្ញី ជួយ​ព្យាបាល​ជំងឺ​ទូទៅ 5យ៉ាង​

    តែ​ខ្ញី ជួយ​ព្យាបាល​ជំងឺ​ទូទៅ 5យ៉ាង​

    យើង​គ្រប់គ្នា​ដឹង​ហើយ​ថា ខ្ញី​គឺជា​រុក្ខជាតិ​ម្យ៉ាង ដែលមាន​អត្ថប្រយោជន៍​ច្រើនណាស់​ចំពោះ​សុខភាព​ភាព។ ពេលខ្លះ​ខ្ញី ត្រូវបាន​គេ​យកទៅ​ធ្វើជា​ម្ហូបអាហារ ហើយ​ពេលខ្លះទៀត​ខ្ញី​ត្រូវបាន​គេ​យកទៅ​ធ្វើជា​ឱសថ​សម្រាប់​ព្យាបាល​ជំងឺផ្សេងៗទូទៅ​មួយចំនួន ដូចជា ការឈឺ​ក្រពះ, បញ្ហា​ដង្ហើម ឬ​ការ​មក​រដូវ​ជាដើម។

    1) ព្យាបាល​ការឈឺ​ក្រពះ
    តែ​ខ្ញី មាន​ប្រសិទ្ធិភាព​ខ្ពស់​អាចជួយ​កាត់បន្ថយ​ការឈឺចាប់​ដោយសារ​ជំងឺ​ក្រពះ និង​ជួយ​ធ្វើ​ឲ្យ​មាន​ស្ថេរភាព​ថែមទៀត។ តែ​ប្រភេទ​នេះ អាចធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការ​ស្រូបយក​សារធាតុ​អាហារ​ដូច្នេះ​វា​អាច​ជៀសវាង​ការឈឺ​ក្រពះ។

    2) ព្យា​ល​បាល​ការ​ក្អួតចង្អោរ
    តែ​ប្រភេទ​នេះ អាចជួយ​បន្ធូរបន្ថយ​ស​សៃ​ប្រសាទ​នៅពេលដែល​អ្នក​ឈឺ​ចលនា ឬ​ចង្អោរ។ ផឹក​តែ​ខ្ញី​មុនពេល​ធ្វើដំណើរ អាច​បង្ការ​ការ​ក្អួតចង្អោរ និង​ការឈឺ​ក្បាល​ប្រកាំង។

    3) បញ្ហា​ផ្លូវដង្ហើម
    តែ​ខ្ញី​អាចជួយ​បន្ថយ​បញ្ហា​នៃ​ការ​រលាក​ផ្លូវដង្ហើម​ដូចជា តឹង​ច្រមុះ និង​ផ្តាសាយ។ ប្រភេទ​នៃ​តែ​ក្តៅ និង​ហឺរ​កាត់បន្ថយ​មេរោគ​នៅក្នុង​បំពង់ខ្យល់ ដែល​ធ្វើ​ឲ្យ​ដង្ហើម​កាន់តែ​ងាយស្រួល។

    4) ព្យាបាល​ការឈឺចាប់​ពេល​មក​រដូវ
    ការផឹក​តែ​ខ្ញីក្តៅៗមួយ​ពែង ត្រូវបាន​គេ​ចាត់ទុកថា​មាន​ប្រសិទ្ធិភាព​បំផុត​ក្នុងការ​កាត់បន្ថយ​រោគសញ្ញា​នៃ​ការ​មក​រដូវ។ នៅពេលដែល​ផឹក​វា​ចូលទៅក្នុង​ពោះ​វា​ធ្វើ​ឲ្យ​លោក​អ្នកមាន​អារម្មណ៍​ថា​កក់ក្តៅ, រីករាយ,ផាសុខភាព និង​ជួយ​ប​ញ្ឍ​ប់​ការឈឺ​ក្រពះ​ក្នុងអំឡុងពេល​មានការ​ឈឺចាប់​រមួល​ពេល​មក​រដូវ។

    5) ឈាម​រត់​បានល្អ
    តែ​ខ្ញី​អាចធ្វើ​ឲ្យ​ចរន្តឈាម​ដែលមាន​វីតាមីន​សារធាតុ​រ៉ែ និង​អាស៊ីត​អា​មី​ណូ។ នេះ​នឹង​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការវិវត្ត​ទៅជា​ជំងឺ​សរសៃឈាម​បេះ​ដង។ តែ​នេះ​ក៏​ជួយ​ការពារ​បញ្ជី​នៃ​សារធាតុ​ខ្លាញ់​ក្នុង​ស​សៃ​ឈាម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បេះដូង៕

  • ប្រជាពលរដ្ឋរស់នៅអគារប៊ុលឌិងស ត្រូវចាកចេញឱ្យអស់នៅថ្ងៃទី17 ខែកក្កដា

    ប្រជាពលរដ្ឋរស់នៅអគារប៊ុលឌិងស ត្រូវចាកចេញឱ្យអស់នៅថ្ងៃទី17 ខែកក្កដា

    ភ្នំពេញ – គិតត្រឹមថ្ងៃនេះប្រជាពលរដ្ឋជាម្ចាស់ចំណែកឯកជនរស់នៅក្នុងអគារសហកម្មសិទ្ធិប៊ុលឌិងស បានទទួលប្រាក់ទូទាត់រួចរាល់ និងបានប្រគល់បន្ទប់ជូនក្រុមហ៊ុនបានប្រមាណជាង90% ហើយ នៅសល់តែម្ចាស់កម្មសិទ្ធិជាន់ក្រោម10យូនីតទៀតប៉ុណ្ណោះដែលមិនទាន់រើចេញ។

    យោងតាមច្បាប់សហកម្មសិទ្ធិប្រសិនបើមានម្ចាស់កម្មសិទ្ធិក្នុងរង្វង់75% យល់ព្រមលក់កម្មសិទ្ធិ និងរើចេញហើយនោះ ម្ចាស់កម្មសិទ្ធិ25%ទៀតត្រូវតែយល់ព្រមលក់ដោយស្វ័យប្រវត្ដិ។ តាមព័ត៌មានដែលអាចយកជាផ្លូវការបានៗលើកឡើងថា ចាប់តាំងពីថ្ងៃដំបូងដែលប្រជាពលរដ្ឋរស់នៅលើអគារប៊ុលឌិងសបានយល់ព្រមចុះកិច្ចសន្យាទិញ-លក់បានដំណើរការរហូតមកដល់ពេលនេះនៅសល់ប្រមាណតែ4គ្រួសារដែលគ្រប់គ្រងលើបន្ទប់ស្នាក់7យូនីតប៉ុណ្ណោះដែលមិនទាន់បានរើចេញ។

    ខណៈប្រជាពលរដ្ឋក្នុងរង្វង់4គ្រួសារនេះមិនព្រមរើចេញ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានចេញសេចក្ដីជូនដំណឹងជាសាធារណៈមួយដែលមានខ្លឹមសារថា ដោយយោងទៅលើអគារប៊ុលឌិងសដែលមានទីតាំងស្ថិតនៅលើផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានសាងសង់ឡើងកាលពីឆ្នាំ1963នោះ បច្ចុប្បន្នមានសភាពទ្រុឌទ្រោមខ្លាំងហើយ និងត្រូវការអភិវឌ្ឍឡើងវិញ និងតម្រូវឱ្យធ្វើការរុះរើចោលចាប់ពីថ្ងៃទី17 ខែកក្កដា ឆ្នាំ2017 ខាងមុខនេះតទៅ។

    យោងតាមសេចក្ដីជូនដំណឹងនេះត្រូវបានមតិសាធារណៈធ្វើការសន្និដ្ឋានថា បើសំអាងលើហេតុផលនេះ ប្រជាពលរដ្ឋដែលជាម្ចាស់សហកម្មសិទ្ធិនៅសល់ក្នុងរង្វង់4 គ្រួសារនោះ នឹងត្រូវតែរើចេញជាដាច់ខាត ឯចំពោះដំណោះស្រាយរបស់ក្រុមហ៊ុនទៅលើប្រជាពលរដ្ឋទាំង4គ្រួសារនោះមានកម្រិតណាយើងនឹងអាចដឹងបាននៅថ្ងៃ17 កក្កដា ខាងមុខនេះ៕

  • ឯកឧត្តម ស៊ុន ចាន់ថុល៖ មុននឹងសួរថាសង្គមជួយអ្វីដល់យើង យើងគួរសួរខ្លួនឯងសិនថាបានជួយអ្វីខ្លះដល់សង្គម

    ឯកឧត្តម ស៊ុន ចាន់ថុល៖ មុននឹងសួរថាសង្គមជួយអ្វីដល់យើង យើងគួរសួរខ្លួនឯងសិនថាបានជួយអ្វីខ្លះដល់សង្គម

    ជាបញ្ញាវន្តខ្មែរមួយរូបដែលបានបញ្ចប់ការសិក្សានៅគ្រឹះស្ថានអប់រំល្បីឈ្មោះនៅបរទេស និងជាអ្នកដឹកនាំក្រសួងប្រកបដោយការគោរពម្នាក់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏ជាបុគ្គលដ៏គួរឱ្យគោរពផងដែរពីសំណាក់យុវជនជំនាន់ក្រោយរបស់កម្ពុជា។

    នៅក្នុងវេទិកាជាច្រើនសម្រាប់យុវជនកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល តែងតែធ្វើការបង្ហាញពីគំនិតវិជ្ជមាននៃសង្គម និងការតម្រង់ទិសរបស់យុវជនកម្ពុជាឱ្យបានមើលឃើញពីសក្តានុពលខ្លួនឯង សក្តានុពលរបស់សង្គម និងវិធីសាស្ត្រដែលសង្គមអាចធ្វើបានដើម្បីជួយដល់សង្គមនាពេលបច្ចុប្បន្ននេះ។

    នៅក្នុងសិក្ខាសាលាស្តីពីយុវជន នៅវិទ្យាស្ថានបច្ចេកវិទ្យានៅកម្ពុជាឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា ការចូលរួមក្នុងសកម្មភាពសង្គមជារឿងចាំបាច់ដែលយុវជនត្រូវធ្វើ។ យុវជនគ្រប់គ្នាមិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏អាចចូលរួមនៅក្នុងសកម្មភាពសង្គមបាន ប្រសិនបើគេបានដឹងពីវិធីក្នុងការចូលរួម។ ការជួយសង្គមមិនចាំបាច់តែជួយដោយផ្ទាល់ ឬបង្កើតសកម្មភាពធំៗនោះទេ យុវជនគ្រប់គ្នាអាចធ្វើបាន ហើយសុទ្ធតែជាផ្នែកសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍ។

    ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា៖ «យុវជនទាំងអស់សុទ្ធតែមានតម្លៃសម្រាប់ការជួយសង្គម ហើយសុទ្ធតែអាចជួយសង្គមបានគ្រប់ៗគ្នា។ មុននឹងសួរថា តើសង្គមបានជួយអ្វីដល់យើង យើងគួរសួរខ្លួនឯងជាមុនសិនថា យើងបានជួយអ្វីខ្លះហើយដល់សង្គម»។

    ឯកឧត្តមបានបន្តទៀតថា ការធ្វើខ្លួនឱ្យល្អ ខិតខំប្រឹងប្រែងរៀនសូត្រ គោរពច្បាប់ឱ្យបានល្អ កុំបង្កបញ្ហាដល់សង្គម និងសកម្មភាពអភិវឌ្ឍន៍ខ្លួនឯងជាច្រើនទៀតសុទ្ធតែជាសកម្មភាពដែលយុវជនអាចជួយសង្គមបាន។ យុវជនអាចខិតខំប្រឹងប្រែងរៀនឱ្យពូកែ ហើយប្រើប្រាស់ចំណេះដឹងទៅបម្រើការងារនៅក្នុងសង្គមទៅតាមជំនាញរៀងៗខ្លួន នេះហើយជាការជួយសង្គម៕

  • ទូរស័ព្ទ iPhone មានប័ណ្ណធានាពី Apple នឹងមានលក់នៅតាមហាង

    ទូរស័ព្ទ iPhone មានប័ណ្ណធានាពី Apple នឹងមានលក់នៅតាមហាង

    ខណៈដែលការលក់ទូរស័ព្ទ iPhone មានការធានាពីក្រុមហ៊ុន Apple ធ្វើឡើងតែនៅតាមក្រុមហ៊ុនទទួលសិទ្ធិស្របច្បាប់នោះ ប៉ុន្តែនាពេលខាងមុខដ៏ខ្លីនេះ ស៊េរីផលិតផលរបស់ក្រុមហ៊ុនអាមេរិកមួយនេះ នឹងមានដាក់លក់នៅតាមហាងលក់រាយទូទាំងប្រទេសកម្ពុជា ដូចផលិតផលមកពីក្រុមហ៊ុន Samsung, LG , Huawei និងទូរស័ព្ទម៉ាកដទៃទៀតដែរ។

    តាមរយៈលិខិតមួយសន្លឹកដែលចេញដោយក្រុមហ៊ុន Falcon Tech Co, ltd បានប្រកាសឱ្យដឹងថា ខ្លួនបានក្លាយជាក្រុមហ៊ុនតំណាងចែកចាយផលិតផលទាំងអស់របស់ក្រុមហ៊ុន Apple មានសិទ្ធិស្របច្បាប់សម្រាប់ប្រទេសកម្ពុជាក្នុងការបង្កើនគុណភាពសេវាកម្មជូនទៅដល់តំណាងអ្នកលក់រាយបន្តទូទាំងប្រទេស។ ក្នុងនោះ ក្រុមហ៊ុនមានអ្នកជំនាញក្នុងការបង្ហាញផលិតផល ផ្ដល់នូវចំណេះដឹង និងបំប៉ននូវយុទ្ធសាស្រ្ដការលក់ផលិតផល ដើម្បីជាប្រយោជន៍ដល់អតិថិជនមុនពេលទិញ និងក្រោយពេលទិញ។

    ប្រភពសូមមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ក្រុមហ៊ុនទទូលសិទ្ធិចែកចាយខាងលើនឹងចូលមករៀបចំទីផ្សារកម្ពុជា ដោយផលិតផលចម្បងរបស់ Apple ដូចជា iPhone, iPad ជាដើមនឹងមានដាក់លក់នៅតាមហាងធំៗទូទាំងប្រទេស ខុសពីពេលមុនដែលមានតែនៅក្រុមហ៊ុន iOne, Smart ក្រុមហ៊ុន Futureword Cambodia ហាងលក់ទូរស័ព្ទនីកា និងហាងអប្សរាប៉ុណ្ណោះ។ ក្រុមហ៊ុននឹងធ្វើការជ្រើសយកតែហាងធំៗសម្រាប់ធ្វើជាអ្នកតំណាងលក់បន្តក្នុង 25 ខេត្តក្រុង ហើយចំពោះម៉ូដែលលេខកូដ អាចមិនមែនមកពីប្រទេសថៃ (TH) ទៀតទេ គឺអាចយកមកពីសិង្ហបុរី (ZP) ជំនួសវិញ។ យ៉ាងណាមិញ ប្រភព និងក្រុមហ៊ុនខាងលើមិនបានបញ្ជាក់អំពីកាលបរិច្ឆេទនៃការចូលទីផ្សារ ឬអ្វីផ្សេងទៀតនោះឡើយ ប៉ុន្តែវាក៏នៅមិនយូរទៀតដែរ៕

  • កម្ពុជា មានធនធានមនុស្សផ្នែកទេសចរណ៍ 500នាក់អាចធ្វើការក្នុងតំបន់អាស៊ាន

    កម្ពុជា មានធនធានមនុស្សផ្នែកទេសចរណ៍ 500នាក់អាចធ្វើការក្នុងតំបន់អាស៊ាន

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានថ្លែងថា កម្ពុជាមានធនធានមនុស្សធ្វើការងារក្នុងវិជ្ជាជីវៈទេសចរណ៍ចំនួន 500នាក់ អាចធ្វើការងារនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ានបាន។

    រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ថោង ខុន បានថ្លែងឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ធនធានមនុស្សកម្ពុជា 500នាក់ ដែលមានជំនាញវិជ្ជាជីវៈទេសចរណ៍ត្រូវបានបញ្ជូលឈ្មោះទៅកាន់ការិយាល័យកណ្តាលអាស៊ាននៅទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីពួកគេបានទទួលការវាយតម្លៃពីគុណវុឌ្ឍិការងារពីរដ្ឋាភិបាលរួចមក។ លោកបន្តថា មិនថាតែធនធានមនុស្សកម្ពុជានោះទេ នៅប្រទេសផ្សេងទៀតក៏មានការបញ្ជូនឈ្មោះទៅកាន់ការិយាល័យកណ្តាលអាស៊ាននេះផងដែរ ក្នុងករណីប្រទេសណាត្រូវការ ពួកគេនឹងយកធនធានមនុស្សចេញពីទីនោះ។

    លោកបានបន្តថា ធនធានមនុស្សកម្ពុជាទាំង 500នាក់នោះ ពួកគេអាចធ្វើការនៅគ្រប់បណ្តាប្រទេសក្នុងតំបន់អាស៊ានបាន ប្រសិនជាប្រទេសណាមួយត្រូវការ ហើយពួកគេនឹងទទួលបានប្រាក់ខែច្រើនជាងធ្វើការងារនៅប្រទេសរបស់ខ្លួន។

    ទាក់ទងនឹងការព្រួយបារម្ភពីការដែលប្រទេសដទៃមកដណ្តើមការងារប្រជាជនកម្ពុជានោះ លោករដ្ឋមន្រ្តីបានពន្យល់ថា មេដឹកនាំនៃបណ្តាប្រទេសក្នុងតំបន់អាស៊ានបានចុះកិច្ចព្រមព្រៀងទទួលយកធនធានមនុស្សពីប្រទេសក្នុងតំបន់លើជំនាញមួយចំនួនរួចហើយ ហើយប្រទេសនីមួយៗគឺអាចទទួលយកអ្នកជំនាញពីប្រទេសនានាក្នុងតំបន់ត្រឹម10ភាគរយនៃចំនួនធនធានមនុស្សដែលពួកគេត្រូវការប៉ុណ្ណោះ ដូច្នេះមិនចាំបាច់មានការព្រួយបារម្ភនោះទេ៕

  • បរិមាណអង្ករនាំចេញនៅត្រីមាសទី1ដើមឆ្នាំ2017 កើនឡើងជាង 7%

    បរិមាណអង្ករនាំចេញនៅត្រីមាសទី1ដើមឆ្នាំ2017 កើនឡើងជាង 7%

    ភ្នំពេញ៖ បរិមាណអង្ករនាំចេញក្នុងរយៈពេល6ខែដើមឆ្នាំ2017នេះមានចំនួន 288,562តោន ដែលមានកំណើន 20,472 តោន កើនឡើងប្រមាណជា 7.60% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2016។ ប៉ុន្តែយ៉ាងណានោះ ការនាំអង្ករចេញប្រចាំខែមិថុនា ឆ្នាំ2017 មានការថយចុះប្រមាណជា9.40% ធៀបនឹងខែមិថុនា ឆ្នាំ2016 នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

    អង្ករគ្រប់ប្រភេទដែលនាំចេញរយៈពេល6ខែ ឆ្នាំ2017 មានបរិមាណ 151,088តោន ស្មើនឹង 52.36%។ អង្ករសគ្រប់ប្រភេទមានចំនួន103,780តោន ស្មើនឹង35,69% និងអង្ករចំហុយមានចំនួន33,694តោន ស្មើនឹង11.68%។ ក្នុងចំណោមអង្ករទាំងនោះ អង្ករក្រអូបចម្រុះមានបរិមាណនាំចេញ69,299តោន ស្មើនឹង24.02% អង្ករផ្ការំដួល/ផ្កាម្លិះមាន 73,011តោន ស្មើនឹង 25.30%។

    សូមជម្រាបថា ក្នុងរយៈពេល 6ខែដើមឆ្នាំ2017នេះ អង្ករកម្ពុជាបាននាំចេញទៅកាន់ទិសដៅ 56ប្រទេស ក្នុងនោះប្រទេសចិនឈរលំដាប់លេខ1 មានចំនួន 94,720តោន ប្រទេសបារាំងលំដាប់ទី2 មានចំនួន 37,321តោន ប្រទេសប៉ូឡូញលំដាប់ទី3 មានចំនួន 25,639 តោន ហើយប្រទេសអង់គ្លេសឈរលំដាប់លេខ4 មានចំនួន 21,269តោន។ ចំណែកក្រុមហ៊ុននាំអង្ករចេញពីកម្ពុជាមានចំនួនសរុប72ក្រុមហ៊ុនដែលនាំមុខគេដោយក្រុមហ៊ុន Cristal Rice ក្រុមហ៊ុន Baitang Kampuchea និងក្រុមហ៊ុន Apsara Rice ជាដើម៕

  • ម៉ីម៉ី ក្រោយពីសម្រុកមួយប្រាវ ត្អូញថា ហត់ខ្លាំង…

    ម៉ីម៉ី ក្រោយពីសម្រុកមួយប្រាវ ត្អូញថា ហត់ខ្លាំង…

    ទើបតែបីឆ្នាំប៉ុណ្ណោះដែលកញ្ញា អៀ ម៉ីលិ ហៅ ម៉ីម៉ី ចូលប្រឡូកក្នុងវិថីសិល្បៈ តែនាងទទួលបានភាពជោគជ័យជាខ្លាំង ពោលទាំងការងារសិល្បៈ និងការងាររកស៊ីដែលកំពុងតែដំណើរការទៅមុខយ៉ាងរលូន។ តារាសម្ដែងរូបនេះបានត្អូញត្អែរថា នាងមានអារម្មណ៍នឿយហត់ជាខ្លាំង ខណៈរកពេលសម្រាកស្ទើរតែគ្មាន។

    ថ្លែងក្នុងពិធីខួបកំណើតគម្រប់អាយុ 19ឆ្នាំ កញ្ញាម៉ីម៉ីបានបញ្ជាក់ថា បច្ចុប្បន្ននាងមានការមមាញឹកជាមួយការងារ
    សិល្បៈជាខ្លាំង ព្រោះនាងត្រូវថតបញ្ចប់រឿងចាស់ៗមួយចំនួន ព្រមទាំងទទួលបានការងារថ្មីៗបន្ថែមទៀតផង។ នាងបន្ដថា ក្រៅពីការងារសិល្បៈហើយ ក៏ត្រូវមើលការខុសត្រូវហាងផឹកស៊ីរបស់ខ្លួនឈ្មោះថា «លិលី ស៊ុបកន្ធាយ» បន្ទាប់ពីបើកដំណើរការអស់រយៈពេលជិតបីខែកន្លងមកហើយ។


    តារាសម្ដែងរូបនេះបន្ថែមថា នាងក៏មិននឹកស្មានថាអ្វីៗបានល្អប្រសើរដូចសព្វថ្ងៃនេះដែរ ព្រោះពេលនាងបោះជំហានលើវិថីសិល្បៈដំបូងៗត្រូវជួបនឹងការលំបាកជាខ្លាំងទៅលើជីវភាព និងមធ្យោបាយធ្វើដំណើរ ប៉ុន្ដែនៅពេលនេះអាចនិយាយបានថា នាងមានអ្វីៗគ្រប់អស់ហើយ។

    ពាក់ព័ន្ធនឹងការងារទាំងពីរ នាងបន្ដថា នៅពេលនាងចេញសម្ដែងនៅទីតាំងជិតៗនាងត្រូវត្រឡប់មកមើលការខុសត្រូវហាងវិញ ផ្ទុយទៅវិញ ពេលនាងចេញទៅថតនៅទីតាំងឆ្ងាយៗ មិនអាចមកទាន់ក៏មានបងប្អូនជួយមើលការខុសត្រូវហាងនោះដែរ។ ម៉ីម៉ីបញ្ជាក់ថា៖ «ទោះជាការបើកមុខរបរនេះចំណាយថវិកាមិនច្រើនក៏ពិតមែន តែក៏វាបានមកពីញើសឈាមរបស់ក្រុមគ្រួសាររបស់ខ្ញុំដែរ ដូច្នេះខ្ញុំមិនអាចទុកវាចោលបានទេ ពិសេសគ្រាដែលវាកំពុងតែទទួលបានការគាំទ្រពីអតិថិជនច្រើនដូច្នេះ»។

    ជាមួយគ្នានេះ កញ្ញា ម៉ីម៉ី បានបញ្ជាក់ថា៖ «ក្រោយពីសម្រុកជាមួយការងារសិល្បៈ និងមុខរបរថ្មីមួយប្រាវមកខ្ញុំមានអារម្មណ៍ថា នឿយហត់ខ្លាំងណាស់ ព្រោះមានថ្ងៃខ្លះស្ទើរតែពេញមួយខ្ញុំសឹងតែគ្មានពេលសម្រាកសោះ តែទោះយ៉ាងណា ក៏ខ្ញុំសប្បាយចិត្ដដែរ ព្រោះមុខរបរទើបតែបើកដំណើរការមានអតិថិជនមកគាំទ្រច្រើនយ៉ាងនេះ»។

    តារាសម្ដែងរូបនេះបានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្នមុខរបររបស់នាងពុំទាន់រកផលចំណេញឃើញទេ ព្រោះចំណូលបានមកនាងត្រូវយកទៅទិញសម្ភារបន្ថែម ដើម្បីបង្កើតមុខម្ហូបថ្មីៗ ក៏ដូចជាសេវាកម្មថ្មីៗបន្ដទៀត ដូច្នេះការចំណាយទិញសម្ភារផ្សេងៗ នាងមិនបានដាក់ទុនបន្ថែមទៀតទេ៕

     

  • អគារការិយាល័យទំហំ 35,000ម៉ែត្រការ៉េ ដាក់ចូលទីផ្សារនៅឆ្នាំនេះ

    អគារការិយាល័យទំហំ 35,000ម៉ែត្រការ៉េ ដាក់ចូលទីផ្សារនៅឆ្នាំនេះ

    ភ្នំពេញៈ ការផ្គត់ផ្គង់អគារការិយាល័យមានកំណើនខ្ពស់នៅឆ្នាំនេះ ដោយទំហំអគារការិយាល័យសរុបចំនួន 35,000ម៉ែត្រការ៉េ បានដាក់ចូលទីផ្សារនៅត្រឹមនៅដំណាច់ឆមាសទី1ឆ្នាំនេះ។

    នាយិកាក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE Cambodia អ្នកនាងអាន សុធីតា បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី13 កក្កដានេះថា អគារការិយាល័យដែលបានផ្គត់ផ្គង់ចូលទីផ្សារមានកំណើន 12.50ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយមានទំហំការិយាល័យសរុបចំនួន 35,000ម៉ែត្រការ៉េ ហើយទំហំនៃការប្រើប្រាស់សរុបស្ថិតក្នុងរង្វង់ 75ទៅ76ភាគរយ នៃផ្ទៃក្រឡាសរុប។

    អ្នកនាងបន្តថា “តម្រូវការប្រើប្រាស់អគារការិយាល័យមានការកើនឡើង ប៉ុន្តែដោយសារការផ្គត់ផ្គង់កើនឡើងខ្លាំងដែរ បានធ្វើឲ្យអត្រាប្រើប្រាស់រួមធ្លាក់ចុះបន្តិច ហើយតម្លៃនៃការជួលក៏មានការធ្លាក់ចុះបន្តិចផងដែរ”។ អ្នកនាងបន្តថា នៅឆ្នាំនេះក្រុមហ៊ុនភាគច្រើនបានពង្រីកទីផ្សាររបស់ពួកគេដែលធ្វើឲ្យតម្រូវការអគារការិយាល័យកើនឡើង ប៉ុន្តែភាគច្រើនជាក្រុមហ៊ុនក្នុងស្រុកច្រើនជាងក្រុមហ៊ុនបរទេស”។

    លោក គុយ វ៉ាត អគ្គនាយកក្រុមហ៊ុន VUTRUST Group ដែលគ្រប់គ្រងអគារការិយាល័យចំនួន3នៅទីក្រុងភ្នំពេញបានថ្លែងថា ទីផ្សារការិយាល័យនៅតែមានភាពល្អប្រសើរ ពិសេសការិយាល័យកម្រិតB ដែលមានការពេញនិយមលើទីផ្សារ ព្រោះវាមានតម្លៃសមរម្យ និងស័ក្តិសមសម្រាប់ក្រុមហ៊ុនខ្នាតមធ្យម និងក្រុមហ៊ុនថ្មីៗដែលទើបបើកដំណើរការនៅលើទីផ្សារ ដោយសារពួកគេមិនចង់ចំណាយច្រើនលើសេវាកម្មជួលការិយាល័យនៅទីក្រុងភ្នំពេញ។ លោកបន្តថា ទន្ទឹមនឹងនោះការកើនឡើងនូវក្រុមហ៊ុនថ្មីៗ និងក្រុមហ៊ុនអន្តរជាតិថ្មីៗទើបចូលមកកម្ពុជា ពួកគេចាប់អារម្មណ៍លើអគារការិយាល័យកម្រិត B មុនពេលពួកគេពង្រីកក្រុមហ៊ុនកាន់តែធំហើយងាកទៅកាន់អគារការិយាល័យកម្រិត A៕

  • ក្លិប Real Sociedad ចុះហត្ថលេខាជាមួយខ្សែបម្រើ Januzaj មកពីក្លិប Man United

    ក្លិប Real Sociedad ចុះហត្ថលេខាជាមួយខ្សែបម្រើ Januzaj មកពីក្លិប Man United

    ក្លិប Real Sociedad បានចុះហត្ថលេខាជាមួយនឹងខ្សែបម្រើស្លាប Adnan Januzaj របស់ក្លិប Manchester United សម្រាប់តម្លៃខ្លួន9.8លានផោន (ស្មើនឹង12.6លានដុល្លារអាមេរិក)។ នេះបើយោងតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ La Liga កាលពីថ្ងៃពុធ។

    បណ្តាញសារព័ត៌មានរបស់អេស្ប៉ាញបានចេញផ្សាយថា ក្លិប Man United បានបញ្ចូលលក្ខខណ្ឌនៃការរំលាយកិច្ចសន្យាក្នុងការធ្វើកុងត្រាសម្រាប់ខ្សែបម្រើអន្តរជាតិបែលហ្ស៊ិកវ័យ 22ឆ្នាំរូបនេះ។

    Januzaj បានយល់ព្រមចុះកុងត្រារយៈពេល5ឆ្នាំជាមួយនឹងក្លិប Sociedad ហើយនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះ ក្រោយពីបានចូលរួមវគ្គហ្វឹកហាត់ជាលើកទី1របស់ខ្លួនរួចមក។ Januzaj បានសរសេរនៅលើបណ្តាញសង្គម Instagram ថា៖ «សូមថ្លែងអំណរគុណដល់គ្រូបង្វឹក និងបុគ្គលិកដែលធ្វើការនៅក្លិប Manchester United ដើម្បីធ្វើឲ្យវាក្លាយជាក្លិបដ៏អស្ចារ្យមួយ»។

    Januzaj បានបន្ថែមទៀតថា៖ «ប៉ុន្តែជាអកុសល ពេលវេលារបស់ខ្ញុំនៅក្នុងក្លិបនេះបានឈានដល់ទីបញ្ចប់ហើយ និងវាមិនមែនមានន័យថា ខ្ញុំចង់ចាកចេញឡើយ ប៉ុន្តែខ្ញុំនឹងនៅតែរក្សាការផ្តល់ក្តីស្រឡាញ់ដល់ក្លិប Manchester United ជានិច្ច»។ Januzaj បានចូលលេងក្នុងក្រុមធំរបស់ក្លិប Man United កាលពីឆ្នាំ2013 ក្រោមការដឹកនាំរបស់លោក David Moyes និងបានស៊ុតបាល់បញ្ចូលទី2គ្រាប់ក្នុងពេលចូលលេងក្នុងការប្រកួតជាលើកទី1របស់គេក្នុងក្របខ័ណ្ឌ Premier League ពេលជួបក្រុម Sunderland។ ប៉ុន្តែ រូបគេមិនបានបន្តនូវទម្រង់លេងដ៏ល្អរបស់គេឡើយ និងបានស៊ុតបាល់បញ្ចូលទីបានត្រឹមតែ5គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន66លើកសម្រាប់ Man United មុនពេលខ្ចីជើងទៅកាន់ក្លិប Borussia Dortmund និង Sunderland៕
    ប្រភពពី៖ Reuters