Author: វល័ក្ខ

  • បច្ចេកវិទ្យា Blue Core ជាផ្នែកមួយធ្វើឱ្យ Yamaha មានសម្ទុះឡើងវិញក្នុងទីផ្សារកម្ពុជា

    បច្ចេកវិទ្យា Blue Core ជាផ្នែកមួយធ្វើឱ្យ Yamaha មានសម្ទុះឡើងវិញក្នុងទីផ្សារកម្ពុជា

    គិតត្រឹមឆមាសទី1 ឆ្នាំ2017 នេះ សម្ទុះនៃការលក់ម៉ូតូរបស់ក្រុមហ៊ុន Yamaha បានកើនឡើងប្រហែល 50% បើប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ នេះបើតាមការបញ្ជាក់របស់លោក ឧកញ៉ា គង់នួន អគ្គនាយកក្រុមហ៊ុនគង់ នួន គ្រុប។

    លោកឧកញ៉ាបានឱ្យដឹងថា បច្ចេកវិទ្យា Blue Core គឺជាផ្នែកមួយដែលបានជួយជំរុញការលក់ម៉ូតូ Yamaha ឱ្យមានសម្ទុះទៅមុខលឿនជាងមុន ក្រោយពីស្ងប់ស្ងាត់អស់មួយរយៈលើទីផ្សារម៉ូតូលេខអូតូ។ បច្ចេកវិទ្យាមួយនេះធ្វើឱ្យការប្រើប្រាស់ម៉ូតូមានការសន្សំសំចៃប្រេង ជួយកាត់បន្ថយកម្តៅម៉ាស៊ីន, កាត់បន្ថយសំឡេងរំខាន និងបង្កើនថាមពលម៉ាស៊ីនដែលជាកត្តាសំខាន់ជួយសន្សំសំចៃដល់អ្នកប្រើប្រាស់ជាចម្បង។

    លោកថា៖«Blue Core បានជួយយើងច្រើនក្នុងការវាតយកចំណែកទីផ្សារបន្ថែម។ ចំណុចល្អសម្រាប់បច្ចេកវិទ្យាមួយនេះ គឺការសន្សំសំចៃប្រេងរបស់វា ដែលធ្វើឱ្យអតិថិជនមានការពេញចិត្ត»។

    លោកឧកញ៉ា គង់ នួន បានបន្ថែមទៀតថា ក្រៅពីនេះ វាក៏ដោយសារការរៀបចំយុទ្ធសាស្រ្ដទីផ្សារបានត្រឹមត្រូវ ដោយចេះសម្លឹងមើលពីតម្រូវការ និងដាក់តម្លៃសមរម្យមួយ ព្រមនឹងការចាប់ដៃគូសហការក្នុងការបើកហាងលក់បន្តថ្មីៗ ដើម្បីបង្កភាពងាយស្រួលដល់អតិថិជន។ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនបានពង្រីកទីតាំងហាងលក់តាមតំបន់ធំៗក្នុងរាជធានីភ្នំពេញបាន 3 កន្លែង ដូចជាហាងតំណាងចែកចាយថ្មី អ៊ុយ សាខននៅតំបន់រោងកុនគិរីរម្យ ហាងតំណាងចែកចាយថ្មី អ៊ីវ ភិរុណ នៅតំបន់អូរឬស្សី និងចុងក្រោយគេ គឺហាងតំណាងចែកចាយម៉ូតូ វ៉ាសៀង ដែលស្ថិតនៅតំបន់រោងកុនគិរីរម្យដូចគ្នា។ ក្នុងនោះ ក្រុមហ៊ុនមានសុទិដ្ឋិនិយមថា កំណើនការលក់ម៉ូតូ Yamaha នឹងកើនឡើងចំនួន 3 ដងនៅឆ្នាំនេះ បន្ទាប់ពីមានការចាប់ដៃគូសហការចែកចាយជាបន្តបន្ទាប់នៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តនានារួចមក៕

  • ក្រសួងបរិស្ថានចាប់ផ្តើមផ្តោតលើសេដ្ឋកិច្ចបៃតង

    ក្រសួងបរិស្ថានចាប់ផ្តើមផ្តោតលើសេដ្ឋកិច្ចបៃតង

    ភ្នំពេញៈ ក្រសួងបរិស្ថាននឹងរៀបចំពង្រឹងសមត្ថភាពលើការអភិវឌ្ឍសេដ្ឋកិច្ចបៃតងតាមរយៈការពង្រឹងសមត្ថភាពមន្រ្តីវ័យក្មេង និងយន្តការជាច្រើនទៀត។

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានដែលទទួលបាននៅព្រឹកថ្ងៃទី14 កក្កដានេះបានឲ្យដឹងថា ក្រសួងនេះនឹងរៀបចំសិក្ខាសាលារយៈពេល 2ថ្ងៃ ចាប់ពីថ្ងៃទី17 ដល់18 កក្កដាខាងមុខនេះដើម្បីចែករំលែកបទពិសោធ និងភាពជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ដែលរៀបចំឡើងដោយផ្ទាល់ពីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនៃក្រសួងបរិស្ថាន។

    សិក្ខាសាលានេះនឹងផ្តល់ឲ្យអ្នកចូលរួមទទួលបានការស្វែងយល់ស៊ីជម្រៅ លើទស្សនទាន និងបទពិសោធនៃការអភិវឌ្ឍបៃតងរបស់កម្ពុជា។ សិក្ខាសាលានេះក៏នឹងពិភាក្សាលើបញ្ហាប្រឈមនានាដែលអាចគំរាមកំហែងដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជាផងដែរ។

    លោកហូ វណ្ឌីទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា នេះជាការផ្តួចផ្តើមរបស់ក្រសួងដើម្បីជំរុញឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរក្សាបាននូវកំណើនរឹងមាំតាមរយៈគោលនយោបាយ និងយុទ្ធសាស្រ្តផែនការរបស់រាជរដ្ឋាភិបាល។ សិក្ខាសាលានេះជាការផ្តល់ចំណេះដឹង និងផែនការនេះជាការលើកទឹកចិត្តដល់កសិករ អ្នកស្រែចម្ការ ពិសេសអ្នកទទួលបានកសិផលពីការដាំដុះ ដូចជា ទី1 កម្ពុជាអាចនាំចេញអង្ករបានជាង50ម៉ឺនតោន ទី2 ការនាំចេញផល្លានុផលមួយចំនួន ខណៈមហាមិត្តចិនបានផ្តល់បច្ចេកវិទ្យាថ្មីៗដើម្បីការពារកុំឲ្យមានការបំផ្លាញពីសត្វល្អិត។

    តើអ្វីជាសេដ្ឋកិច្ចបៃតង? លោក ហូ វណ្ឌី បានពន្យល់ថា សេដ្ឋកិច្ចបៃតងសំដៅលើរឿងកសិកម្មជាមួយនឹងការនាំចេញនូវផលិតផលកសិកម្ម  ពិសេសការដាំដុះរបស់បងប្អូនប្រជាពលរដ្ឋតាមភូមិ ឃុំ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃដែលជាការចូលរួមកាត់បន្ថយភាពក្រីក្រដោយស្វ័យប្រវត្តិ៕

  • Everton នឹងបង្កើនការដេញថ្លៃសម្រាប់ Sigurdsson ក្រោយ Swansea ច្រានចោលសំណើ40លានផោន

    Everton នឹងបង្កើនការដេញថ្លៃសម្រាប់ Sigurdsson ក្រោយ Swansea ច្រានចោលសំណើ40លានផោន

    ក្លិបទូកក្តោង Everton កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើដ៏ឆ្នើម Gylfi Sigurdsson ដែលបានវិលមកប្រទេសវែលស៍វិញ ក្រោយពីដកខ្លួនចេញពីដំណើរប្រកួតមិត្តភាពរបស់ក្លិប Swansea City នៅលើទឹកដីសហរដ្ឋអាមេរិក ក្នុងរយៈពេលតិចជាងមួយម៉ោងនៅមុនពេលកីឡាកររូបនេះ ត្រូវចាកចេញពីសណ្ឋាគាររបស់ពួកគេក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃព្រហស្បតិ៍។

    ការសម្រេចចិត្តដកខ្លួនរបស់ Sigurdsson បានផ្តល់ការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ Swansea និងបានធ្វើឲ្យមានបញ្ហាកាន់តែច្រើន ខណៈដែល Everton នឹងត្រូវធ្វើការពង្រឹងការបំពេញការផ្ទេរកីឡាកររូបនេះឲ្យទាន់ពេលដើម្បីអាចឲ្យ Sigurdsson ធ្វើដំណើរជាមួយនឹងពួកគេទៅកាន់ប្រទេសហូឡង់ នៅសប្តាហ៍ក្រោយ។ ក្លិប Swansea បានច្រានចោលសំណើដេញថ្លៃក្នុងទឹកប្រាក់40លានផោន (ស្មើនឹង51.7លានដុល្លារអាមេរិក) និងដាក់តម្លៃខ្លួនលើខ្សែបម្រើអន្តរជាតិអ៊ីស្លង់រូបនេះក្នុងទឹកប្រាក់50លានផោន ប៉ុន្តែ ការព្រមព្រៀងគ្នាមួយត្រូវបានរំពឹងទុកថា នឹងត្រូវឈានដល់ ដោយសារតែ Sigurdsson បានបញ្ជាក់យ៉ាងច្បាស់ថា រូបគេចង់ផ្ទេរទៅកាន់កីឡដ្ឋាន Goodison Park។

    ក្លិប Swansea បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍នៅលើបណ្តាញសង្គម Twitter របស់ខ្លួនថា៖ «Gylfi មិនមានអារម្មណ៍ល្អឡើយក្នុងការធ្វើដំណើរក្រោមភាពមិនច្បាស់លាស់ជុំវិញអនាគតរបស់គេ»៕
    ប្រភពពី៖ The Guardian

     

  • បោះ​បង់​ប្រាក់​ខែ​ 2,000​ដុល្លារ​ មក​ស្រវា​បើក​ធ្វើ​អាជីវកម្ម​ដោយ​ខ្លួន​ឯង

    បោះ​បង់​ប្រាក់​ខែ​ 2,000​ដុល្លារ​ មក​ស្រវា​បើក​ធ្វើ​អាជីវកម្ម​ដោយ​ខ្លួន​ឯង

    សហគ្រិន​វ័យ​ក្មេង​ម្នាក់​បាន​ធ្វើ​ឱ្យ​សាធារណជន​ភ្ញាក់​ផ្អើល បន្ទាប់​ពី​រូប​គេ​សុខ​ចិត្ត​បោះ​បង់​ការងារ​នៅ​ក្នុងក្រុម​ហ៊ុន​អន្តរជាតិ​មួយ​ដែល​មាន​ប្រាក់​ខែ​រហូត​ដល់ ​2,000​ដុល្លារ បែរ​ជា​លា​ឈប់​ពី​ការ​ងារ​ដើម្បី​សម្រេច​ក្តី​ប៉ងប្រាថ្នា​របស់​ខ្លួន​ដែល​ចង់​មាន​អាជីវកម្ម​ផ្ទាល់​ខ្លួន​មួយ​នៅ​ត្រឹម​អាយុ​30​ឆ្នាំ។

    យុវជន ដួង តារា ដែល​ជា​ម្ចាស់​ហាង​កាហ្វេ Mister Brew Coffee បាន​និយាយ​ថា ដើម្បី​សម្រេច​ក្តី​ប្រាថ្នា ដែល​មាន​តាំង​ពី​នៅ​វ័យ​ក្មេង​នោះ រូប​គេ​បាន​បោះបង់​ការងារ​ជា​នាយក​ប្រតិបត្តិ​នៅ​ហាង​នំបុ័ង​អន្តរជាតិ​ដ៏​ល្បី​មួយ​នៅ​កម្ពុជា ហើយ​បាន​ងាក​មក​បើក​ហាង​កាហ្វេ​ដោយ​សហការ​ជា​មួយ​មិត្ត​ភក្តិ​ចំនួន​3​នាក់ ប៉ុន្តែ​ដោយ​សារ​ការ​ចាប់​ផ្តើម​អាជីវកម្ម​ដំបូង​មាន​ការ​លំបាក​ខ្លាំង មិត្ត​ភក្តិ​ម្នាក់​ក៏​បាន​លា​ឈប់។ បើ​ទោះ​បី​ជា​សល់​គ្នា​តែ​ពីរ​នាក់ តែ​ពួក​លោក​បាន​ខិត​ខំ​យ៉ាង​ខ្លាំង រហូត​អាច​បង្កើត​សាខា​បាន​ចំនួន3 ជា​បន្ត​បន្ទាប់​នៅ​ត្រឹម​រយៈពេល​តែ​ជាង​1ឆ្នាំប៉ុណ្ណោះ។

    លោក បាន​រំឭក​ថា ដំបូង​ឡើង​លោក​បាន​បោះ​ទុន​រួមគ្នា​ចំនួន​3​នាក់ ដើម្បី​សាក​ល្បង​បើក​ហាង​កាហ្វេ​នៅលើ​រថយន្ត​មួយ​នៅ​ម្តុំ​ទួលគោក ដោយ​បើក​នៅ​លើ​រថយន្ត​ចល័ត​ប៉ុណ្ណោះ ហើយ​បើក​នៅ​ទីតាំង​ដែល​ជា​បណ្តុំ​នៃ​ហាង​កាហ្វេ​មាន Franchise ពី​បរទេស ពិសេស​ហាង​កាហ្វេ Amazon តែ​ម្តង។

    មក​ដល់​ត្រង់​នេះ​លោក ដួង តារា បញ្ជាក់​ថា​៖“ដើម្បី​ចង់​ដឹង​ថា​កាហ្វេ​របស់​យើង​មាន​ការ​គាំទ្រ​ពី​អតិថិជន​ច្រើន​ប៉ុនណា​នោះ ទើប​ខ្ញុំ​សម្រេច​បើក​ហាង​នៅ​លើ​រថយន្ត​ក្បែរ​ហាង​កាហ្វេ​ល្បីៗ។ ក្រោយ​ពី​បើក​ដំណើរការ​ក៏​មាន​អតិថិជន​ប្រុស​ស្រី​នាំ​គ្នា​មក​ទិញ​ជា​ហូរហែរ មិន​ចាញ់​ហាង​កាហ្វេ Franchise ល្បីៗ​នោះ​ទេ ដែល​ធ្វើ​ឱ្យ​ពួក​ខ្ញុំ​ពង្រីក​សាខា​បាន​រហ័ស ដោយ​ត្រឹម​រយៈ​ពេល​ជាង​1ឆ្នាំ ពួក​ខ្ញុំ​បង្កើត​បាន​3​សាខា គឺ​សាខា​ទួលគោក នរោត្តម និង​នៅ​ក្រោយ​រោងកុន​បូកគោ។ សម្រាប់​ដំណាច់​ឆ្នាំ​2017 នេះ​ពួក​ខ្ញុំ​គ្រោង​នឹង​បើក​សាខា​មួយ​នៅ​ជិត​ភ្លើង​ស្តុប​ទេពផន​ផង​ដែរ”។

    ជា​មួយ​នឹង​លទ្ធ​ផល​នៃ​ភាព​ជោគ​ជ័យ​នេះ សហ​ស្ថាបនិក​ហាង​កាហ្វេ Mister Brew Coffee បាន​ប្រាប់​ថា អ្វីដែល​ធ្វើ​ឱ្យ​អតិថិជន​ជា​ច្រើន​គាំទ្រ​ផលិត​ផល​របស់​លោក​នោះ​គឺ​ដោយ​សារ​ការ​មាន​រូបមន្ត​សម្រាប់​ឆុងកាហ្វេ និង​គ្រាប់​កាហ្វេ​ត្រូវ​បាន​ផ្សំ​ឡើង​ដោយ​រូប​មន្ត​ពិសេស​មួយ​នាំ​ចូល​មក​ពី​ខេត្តឈៀងរ៉ៃប្រទេសថៃ ដែល​ជាខេត្ត​ពេញ​និយម​សម្បូរ​ទៅ​ដោយ​អ្នក​ចូល​ចិត្ត​ទទួល​ទានកាហ្វេ​។

    បើ​តាម​លោក តារា អតិថិជន​របស់​លោក​គឺ​មាន​ទាំង​អ្នក​ធ្វើការ​ក្នុង​ការិយាល័យ ក្រៅ​ការិយាល័យ និង​ស្រ្តីមេផ្ទះ​ជា​ដើម ដោយ​ជា​មធ្យម​ក្នុង​1ថ្ងៃ​លក់​បាន​ចន្លោះ​ពី​500-600​កែវ​។ យុវជន ដួង តារា បាន​រំឭក​ពី​ប្រវត្តិ​ខ្លះៗ​មុន​ពេលចាប់​ផ្តើម​អាជីព​បើក​ហាង​កាហ្វេ​នេះ​ថា លោក​កើត​ក្នុងគ្រួសារ​ដែល​មាន​ជីវភាព​មធ្យម​មួយ​មាន​ឪពុក​ម្តាយ​ជា​អ្នក​ជំនួញ។ ក្រោយ​ពី​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ក្នុង​ឆ្នាំ​2007 លោក​ក៏​បាន​សុំ​លុយ​ម្តាយ​ចំនួន​300​ដុល្លារ​ដើម្បី​យក​ទៅ​បង់​រៀន​មួយ​ឆមាស​នៅ​សាកលវិទ្យាល័យ​មួយ ស្រាប់​តែ​ម្តាយ​របស់​លោក​ប្រាប់​ថា មិន​មាន​លុយ​ទេ ដោយ​សារ​បញ្ហា​ធ្វើ​ជំនួញ។ ពាក្យ​សម្តី​នេះ​បាន​ធ្វើឱ្យ​លោក​មាន​ការ​ភ្ញាក់​ផ្អើល​ថា មិន​គួរ​ម្តាយ​ធ្លាក់​ខ្លួន​ដូច្នេះ​សោះ។ កន្លះខែ​ក្រោយ​មក​ស្រាប់​តែ​ម្តាយ​គាត់​យក​លុយ​មក​ឱ្យ​ 300​ដុល្លារ​ដើម្បី​បង់​សាលា​រៀន​ ដែល​ចាប់​តាំង​ពី​ពេល​នោះ​មក​លោក​បាន​សន្យា​ជា​មួយ​ខ្លួន​ឯង​ថា នឹង​ប្រើ​លុយ​300​ដុល្លារ​នេះ​ឱ្យ​ក្លាយ​ជា​ម្ចាស់​អាជីវកម្ម​ផ្ទាល់​ខ្លួន​មួយ​ទៅ​ថ្ងៃ​អនាគត។

    ដោយ​សារ​ជីវភាព​មិន​សូវ​ធូរធារ​លោក​ក៏​បាន​ដាក់​ពាក្យ​រក​ការងារ​ធ្វើ​នៅ​ពេល​កំពុង​សិក្សា ប៉ុន្តែ​ទោះ​ជា​ដាក់​ដល់​ទៅ​10​កន្លែង​ហើយ​ក៏​ដោយ​ក៏​គ្មាន​ក្រុមហ៊ុន​ណា​ហៅ​ដែរ។ ជា​ចៃដន្យ​ថ្ងៃ​មួយ​ មាន​ហាង​ការ៉េម​មួយ​បាន​ហៅឱ្យ​លោក​ទៅ​ធ្វើការ ដោយផ្តល់​ប្រាក់​ខែ​ត្រឹម​តែ​60​ដុល្លារ​ប៉ុណ្ណោះ​។ ជាមួយ​នឹងការ​ចិញ្ចឹម​ចិត្ត​ចង់​បើក​ហាង​ខ្លួន​ឯង លោក​ក៏​បាន​ខំប្រឹង​ធ្វើ​ការ​រហូត​ក្លាយ​ជា​អ្នកគ្រប់​គ្រង​ក្នុង​ហាង​នោះ​តែ​ម្តង​។ ក្រោយ​មក​លោក​ក៏​បាន​ឈប់​ពី​ហាង​លក់​ការ៉េម​នោះ​ ហើយ​ផ្លាស់​ទៅ​ធ្វើ​ការ​ក្នុង​ហាង​នំបុ័ង​អន្តរជាតិ​មួយ​ដោយ​មាន​តួនាទី​ជា​នាយក​ប្រតិបត្តិ និង​ទទួល​បាន​ប្រាក់​ខែ​ចំនួន​ 2,000​ដុល្លារ។

    លោក តារា បាន​អះអាង​ថា​៖“ធ្វើ​ការ​នៅ​ទីនោះ​គេ​បាន​បញ្ជូន​ខ្ញុំ​ឱ្យ​ទៅ​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​ជា​ច្រើននៅ​បរទេស​ ដូចជា ប្រទេសថៃ សិង្ហបុរី និងម៉ាឡេស៊ី​ជា​ដើម ដែល​តាម​រយៈ​វគ្គ​បណ្តុះ​បណ្តាល​នោះ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​មាន​បទពិសោធន៍ និង​ចំណេះ​ដឹង​ជា​ច្រើន​ទាក់​ទង​នឹង​ការ​បង្កើត​អាជីវកម្ម និង​ការ​គ្រប់គ្រង​ផ្សេងៗ។ បើ​ទោះ​បី​ជា​មាន​ប្រាក់​ខែ​រហូត​ដល់​ 2,000​ដុល្លារ​ក៏​ដោយ​ក៏​ខ្ញុំ​ហាក់​មិន​សូវ​ពេញ​ចិត្ត​នោះ​ទេ ពីព្រោះ​ខ្ញុំ​ចង់​សម្រច​បំណង​ដែល​រកស៊ី​ដោយ​ខ្លួន​ឯង​”។

    ចំណែក​លោក អ៊ួន សុវណ្ណនឿន ដែល​ជា​ដៃគូ​ពាណិជ្ជ​កម្ម​ហាង​កាហ្វេ Mister Brew Coffee បាន​ឱ្យ​ដឹងដែរ​ថា ការ​បើក​ហាង​កាហ្វេ គឺ​មិន​មែន​ធ្វើ​ទៅ​តាម​ចិត្ត​នឹក​ឃើញ​នោះ​ទេ ប៉ុន្តែ​មុន​នឹង​បើក​ដំណើរ​ការ​គឺ​ពួក​លោក​បាន​សិក្សា​ស្រាវជ្រាវ​ដើម្បី​ចង់​ដឹង​ថា តើ​ភេសជ្ជៈអ្វី​ដែល​ប្រជាជន​ខ្មែរ​ចូល​ចិត្ត​ជាង​គេ? ចម្លើយ​គឺ​មាន​តែ​ហាង​លក់​កាហ្វេ​ប៉ុណ្ណោះ​ប្រជាជន​ទូទៅ​ចូល​ចិត្ត​ស្មើ​នឹង​50%។ បន្ទាប់​ពី​សិក្សា​ទីផ្សារ​ហើយ​ក៏​សម្រេច​ចិត្ត​បើក ដោយ​មានរូបមន្ត​ឆុង​ឈ្ងុយ​ឆ្ងាញ់​ស្រប​តាម​ស្តង់ដារ​កាហ្វេ​អន្តរជាតិ ដោយ​ប្រើ​ប្រាស់​ម៉ាស៊ីន​ទំនើបៗ​ ហើយ​ពិសេស​នោះ​គ្រឿងផ្សំ​ក៏​ដូចជា​គ្រាប់​កាហ្វេ ត្រូវ​បាន​ដៃ​គូ​នៅ​ប្រទេស​ថៃ​ជា​អ្នក​ផ្គត់​ផ្គង់​ឱ្យ​ផង​ដែរ។

    លោក​​បានបន្ត​ថា ក្រោយ​ពី​បើក​ដំណើរ​ការ​បាន​ប្រមាណ​កន្លះ​ឆ្នាំ​ក៏​មាន​មិត្ត​ភក្តិ​ស្នើ​សុំ​ទិញ Franchiseយក​ទៅ​បើក​សាខា​បន្ត​ដែរ ប៉ុន្តែ​ដោយ​សារ​ហាង​កាហ្វេ​ទើប​បើក​ដំណើរ​ការ​មិន​ទាន់​បាន​សុំ​ច្បាប់​ពី​ក្រសួង​នោះទើប​មិន​ទាន់​ហ៊ាន​លក់ Franchise។ យ៉ាង​ណា​ក៏​ដោយ​យុវជន​ដែល​ជា​សហគ្រិន​វ័យ​ក្មេង​ខាង​លើ​បាន​អះអាង​ថា​នឹង​រៀបចំ​សុំ​ច្បាប់​ទៅ​ក្រសួង ហើយ​នឹង​អាច​លក់ Franchise នេះ​បាន​នៅពេល​ខាង​មុខ។ ចំពោះ​សំណួរ​ថា តើ​លោក​យល់​ឃើញ​បែប​ណា ​ខណៈ​បច្ចុប្បន្ន​នេះ​មាន​ហាង​កាហ្វេ​បរទេស​ម៉ាក​ល្បីៗ​ជា​ច្រើន​កំពុង​ចូល​មក​កាន់​កម្ពុជា? យុវជន​ខាង​លើ​បាន​និយាយ​ដោយ​ញញឹម​ថា៖​“មិន​មាន​បញ្ហា​អ្វី​ទេ! ដោយ​សារ​ហាង​កាហ្វេ​នីមួយៗ​តែង​មានអត្ត​សញ្ញា និង​រសជាតិ​ផ្សេង​គ្នា។ ហាង​កាហ្វេ​របស់​ខ្ញុំ​ បើក​ឡើង​នៅ​ក្នុង​ស្រុក គឺ​ធ្វើ​ស្រប​ទៅ​នឹង​តម្រូវការទទួល​ទាន​របស់​ប្រជាជន​ខ្មែរ​យើង​តែ​ម្តង”។

    សម្រាប់​ទស្សន​វិស័យ​នៃ Mister Brew Coffee គឺ​នឹង​ពង្រីក​សាខា​ឱ្យ​បាន​កាន់​តែ​ច្រើន ដើម្បី​បំពេញ​តាមសេចក្តី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ខ្មែរ និង​ចូលរួម​ជាមួយ​រាជ​រដ្ឋាភិបាល​ដើម្បី​ផ្តល់​ការងារ​ដល់​យុវជន​ខ្មែរ​យើង​ឱ្យបាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត​​៕

  • CITY GOLF រៀបចំការប្រកួតស្វែងរកជើងឯកប្រចាំឆ្នាំ2017

    CITY GOLF រៀបចំការប្រកួតស្វែងរកជើងឯកប្រចាំឆ្នាំ2017

    ស្ថិតនៅក្នុងគោលបំណងចម្បងនៃការចូលរួមលើកស្ទួយវិស័យកីឡាវាយកូនហ្គូលនៅកម្ពុជា CITY GOLF ដែលជាទីលានវាយកូនហ្គោលដ៏ល្បីឈ្មោះស្ថិតនៅ ផ្លូវ 598 សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានរៀបចំការប្រកួតស្វែងរកអ្នកដែលមានសមត្ថភាព និងទេពកោសល្យខ្ពស់ ខាងវាយកូនហ្គោលប្រចាំឆ្នាំ 2017។ កម្មវិធីប្រកួតនេះមានឈ្មោះថា METFONE GOLF CHAMPION SHIP 2017 ក្រោមការចូលរួមគាំទ្រ និងឧបត្ថម្ភធំដោយក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត Metfone  រួមជាមួយនឹងដៃគូសហការឧបត្ថម្ភចំនួន4ក្រុមហ៊ុនទៀតរួមមាន ក្រុមហ៊ុនស្រាបៀរ Heineken , ក្រុមហ៊ុនប្រេងឥន្ទនៈTELA, ក្រុមហ៊ុន POCARI SWEAT និងក្រុមហ៊ុន City Link Internet ។

    សូមជំរាបជូនផងដែរថា កម្មវិធីប្រកួតវាយកូនហ្គោល Metfone Golf Championship គឺជាកម្មវិធីលើកទី1 របស់ក្រុមហ៊ុន Metfone នៅក្នុងឆ្នាំ 2017 នេះ ហើយក្រុមហ៊ុន Metfone បាននិងមានគំរោង រៀបចំកម្មវិធីប្រកួតនៅក្នុងឆ្នាំ 2018 ជាលើកទី2 គឺនៅថ្ងៃទី 22 ខែកក្កដា ឆ្នាំ 2018។

    សម្រាប់កម្មវិធីប្រកួតនឹងត្រូវធ្វើឡើងនៅត្រឹមថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2017 ខាងមុខនេះ ដោយមានបេក្ខភាពចូលរួមប្រកួតបញ្ចេញសមត្ថភាព និងថ្វៃដៃសរុបចំនួន90នាក់ ចម្រុះជាតិសាសន៍ រួមមានជនជាតិ កម្ពុជា កូរ៉េ ចិន និងជនជាតិអឺរ៉ុប ដោយធ្វើការបែងចែកចេញជា2វេន ពោលគឺការប្រកួតជម្រុះក្រុមទី1ចំនួន45នាក់ ចាប់ពីម៉ោង 7 : 15 នាទីព្រឹក និងក្រុមទី 2 ប្រកួតជម្រុះចាប់ពីម៉ោង 2 : 15 នាទីរសៀល រហូតដល់ម៉ោង 6 ល្ងាច បិទកម្មវិធីរួមជាមួយការប្រគល់ពានរង្វាន់ដល់កីឡាករដែលប្រកួតឈ្នះនៅវេនពេលព្រឹកចំនួន 3 រូប គឺ លេខ 1 ,លេខ2 , និងលេខ 3  និងកីឡាករដែលប្រកួតឈ្នះនៅវេនពេលថ្ងៃចំនួន 3 រូប គឺ លេខ 1 ,លេខ2 , និងលេខ 3 ។

    ដោយឡែកសម្រាប់អ្នកដែលបានចូលរួមប្រកួតទាំងអស់ ក្រៅពីបានបង្ហាញពីសមត្ថភាពរបស់ខ្លួននៅក្នុងកម្មវិធី គឺថែមទាំងមានឱកាសធ្វើការផ្លាស់ប្ដូរបទពិសោធន៍ជាមួយបេក្ខភាពនានា ក៏ដូចជាការបង្កើនទំនាក់ទំនង និងស្និទ្ធស្នាលផងដែរ ។ សូមចូលរួមទស្សនាការប្រកួត METFONE GOLF CHAMPION SHIP 2017 នៅព្រឹកថ្ងៃទី23 ខែកក្កដា ឆ្នាំ2017 ទាំងអស់គ្នា៕

  • សិក្ខាសិលាស្ដីពី «បេសកកម្មនិស្ស័យសាកលវិទ្យាល័យ»

    សិក្ខាសិលាស្ដីពី «បេសកកម្មនិស្ស័យសាកលវិទ្យាល័យ»

    ជីវិតជានិស្សិតសាកលវិទ្យាល័យ ក្នុងថ្នាក់ឧត្តមសិក្សា រមែងតែងតែជួបបញ្ហាជាច្រើន ដែលត្រូវឆ្លងកាត់។ ក្រោយពីការធ្វើការសិក្សាលើមុខជំនាញ ដែលខ្លួនបានសម្រេចជ្រើសរើសយ៉ាងលំបាករួចមក និស្សិតម្នាក់ៗនៅត្រូវឆ្លងកាត់ដំណាក់កាលលំបាកៗជាច្រើនទៀតក្នុងឆ្នាំសិក្សានីមួយៗ ដែលសុទ្ធសឹងតែអាចជារនាំងបញ្ហាដ៏ធំសម្រាប់យុវនិស្សិត។ បញ្ហាទាំងនោះ អាចជា (1) ផែនការនៃការរៀបចំការសិក្សាតាមឆ្នាំនីមួយៗ (2) បញ្ហាដែលខ្លួននឹងជួបប្រទះក្នុងឆាកជីវិតជានិស្សិត (3) ការស្វែងរកទេព្យកោសល្យដើម្បីបំផុសសក្តានុពលរបស់ខ្លួន ឬ(4) ការបង្កើតទំនាក់ទំនងដើម្បីផែនការអនាគតដ៍គាប់ប្រសើររបស់ខ្លួន។

    វិមិកហ្ស នឹងធ្វើការរៀបចំវេទិកាសាធារណៈមួយស្តីអំពី «បេសកកម្មនិស្សិតសាកលវិទ្យាល័យ» ក្នុងគោលបំណងចែករំលែក និងជួយដោះស្រាយបញ្ហានានារបស់យុវជន ជាពិសេសយុវនិស្សិតទូទាំងរាជធានីភ្នំពេញ។ នេះជាប្រធានបទសំខាន់ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណង ជំរុញឲ្យនិស្សិតទទួលបាននូវទស្សនៈ និងគោលគំនិតសំខាន់ៗ ដើម្បីជាមាគ៌ាតម្រង់ខ្លួនយើងឆ្ពោះទៅរកភាពជោគជ័យ ពោរពេញ ដោយគោលការណ៍ ផែនការជាក់លាក់ មុតមាំ និងក្តីសង្ឃឹមខ្ពស់។  ជាមួយគ្នានេះ ចង់បង្ហាញពីការចាប់ យកមុខវិជ្ជាសិក្សា ដែលស្របនឹងទេពកោលសល្យពិតរបស់ខ្លួន ការបំពេញការងារដែលស្របនឹងជំនាញ ត្រូវទៅតាមផែនការរបស់ជីវិត ក៍ដូចជាការបំបែងរនាំងបញ្ហាក្នុងជីវិតជានិស្សិតសាកលវិទ្យាល័យ។

    កម្មវិធីនេះនឹងប្រារព្ធទៅនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) នាថ្ងៃទី16 ខែកក្កដា ឆ្នាំ2017 ចាប់ពីម៉ោង 7:30នាទីព្រឹក ដល់ម៉ោង 12:00ថ្ងៃត្រង់។ ព័ត៌មានបន្ថែមសូមទំនាក់ទំនង 093 422 862 / 092 41 31 55

  • Bakayoko ពិនិត្យសុខភាពមុនពេលផ្ទេរទៅ Chelsea

    Bakayoko ពិនិត្យសុខភាពមុនពេលផ្ទេរទៅ Chelsea

    ក្លិបតោខៀវ Chelsea បានឈានដល់ការព្រមព្រៀងគ្នាទៅលើការផ្ទេរមួយដែលមានតម្លៃខ្លួនជិត 40លានផោន (ស្មើនឹង 51.7លានដុល្លារអាមេរិក) សម្រាប់ខ្សែបម្រើ Tiemoue Bakayoko របស់ក្លិប Monaco ខណៈដែលការផ្ទេរនេះនឹងត្រូវបំពេញជាផ្លូវការសម្រាប់ក្រុមម្ចាស់ជើងឯករបស់ក្របខ័ណ្ឌ Premier League មួយនេះដើម្បីចុះហត្ថលេខាជាមួយនឹងកីឡាករចំណូលថ្មីទី3របស់ពួកគេនៅរដូវក្តៅដែលនឹងមកដល់នាពេលខាងមុខនេះ។

    ខ្សែបម្រើវ័យ22ឆ្នាំរូបនេះ បច្ចុប្បន្ននឹងត្រូវពិនិត្យសុខភាពនៅថ្ងៃសុក្រនេះ ខណៈដែលការផ្ទេរនេះត្រូវបានពន្យារពេលដោយសារតែ Bakayoko ត្រូវសម្រាកព្យាបាល ក្រោយពីទទួលការវះកាត់ក្បាលជង្គង់របស់គេក្រោយពី Monaco បានឈ្នះពាន Ligue 1។ ប៉ុន្តែរបួសនោះមិនត្រូវបានរំពឹងទុកថា នឹងធ្វើឲ្យមានបញ្ហាអ្វីឡើយ បើទោះបី Bakayoko ប្រហែលជាមិនអាចចូលលេងសម្រាប់ក្លិប Chelsea រហូតដល់ខែកញ្ញាក៏ដោយ។

    ការពន្យារពេលផ្សេងទៀតត្រូវបានធ្វើឡើងដោយសារតែការចរចាផ្សេងៗរវាងក្លិបទាំងពីរ បើទោះបីកីឡាកររូបនេះផ្ទាល់បានសម្រេចចិត្តថា រូបគេចង់ចូលរួមជាមួយនឹងក្លិបនៅកីឡដ្ឋាន Stamford Bridge និងមិនចាប់អារម្មណ៍ក្នុងការផ្ទេរទៅកាន់ក្លិបផ្សេងៗ បើទោះបីមានការចាប់អារម្មណ៍ពីសំណាក់ក្លិប Manchester United ក៏ដោយ។ ប៉ុន្តែ ទីបំផុតក្លិបទាំងពីរបានឈានដល់ការព្រមព្រៀងគ្នាដែលនឹងធ្វើឲ្យ Chelsea ត្រូវចំណាយប្រាក់ 39.7លានផោនសម្រាប់ Bakayoko។

    ខ្សែបម្រើរូបនេះនឹងត្រូវចូលរួមជាមួយនឹងកីឡាករថ្មីពីរនាក់ផ្សេងទៀតដែលរួមមាន Willy Caballero មកពីក្លិប Manchester City និង Antonio Rudiger មកពីក្លិប Roma៕
    ប្រភពពី៖ The Independent

     

  • សិស្សពូកែថ្នាក់ជាតិ ចេង បូរិទ្ធ៖ ការប្រឡងបាក់ឌុបគ្មានអ្វីគួរឱ្យខ្លាចទេបើដឹងវិធីសាស្រ្តត្រៀមខ្លួន

    សិស្សពូកែថ្នាក់ជាតិ ចេង បូរិទ្ធ៖ ការប្រឡងបាក់ឌុបគ្មានអ្វីគួរឱ្យខ្លាចទេបើដឹងវិធីសាស្រ្តត្រៀមខ្លួន

    ការប្រឡងមធ្យមសិក្សាទុតិយភូមិ នឹងចូលមកដល់នៅក្នុងរយៈពេលដ៏ឆាប់ខាងមុខនេះ ហើយអ្វីដែលសិស្សភាគច្រើនមានការបារម្ភខ្លាំងជាងគេនោះគឺពួកគេមិនទាន់មានទំនុកចិត្តលើខ្លួនឯងពិតប្រាកដ ហើយពិបាកគ្រប់គ្រងលើភាពភ័យខ្លាចរបស់ខ្លួនឯង។

    ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ កាសែតឡារ៉ែន ពាណិជ្ជ បានធ្វើបទសម្ភាសជាមួយលោក ចេង បូរិទ្ធ ដែលជាអតីតសិស្សពូកែទូទាំងប្រទេសផ្នែករូបវិទ្យាឆ្នាំ 2011 និងអតីតនិស្សិតដែលទទួលបានអាហារូបករណ៍ទៅសិក្សាផ្នែកគណិតវិទ្យានៅប្រទេសថៃ ដើម្បីចែករំលែកវិធីសាស្រ្តគ្រប់គ្រងអារម្មណ៍ខ្លួនឯងមុនពេលប្រឡង និងត្រៀមខ្លួនឱ្យបានល្អដើម្បីធានាថា នៅថ្ងៃប្រឡងចូលមកដល់បេក្ខជនទាំងអស់គ្នា អាចធ្វើបានល្អ។

    1. តើធ្វើយ៉ាងដូចម្តេចកុំឱ្យមានការភ័យខ្លាចនៅពេលប្រឡង?
    ជាធម្មតា ការភ័យខ្លាចកើតចេញមកពីកង្វះទំនុកចិត្តលើខ្លួនឯង ហើយការខ្វះទំនុកចិត្តនេះកើតចេញមកពី ការមិនបានត្រៀមខ្លួនឱ្យបានល្អរបស់សិស្ស។ នៅពេលដែលខ្ញុំប្រឡង ខ្ញុំមិនដែលមានអារម្មណ៍ថាភ័យទេ ព្រោះខ្ញុំតែងតែត្រៀមមុនយ៉ាងហោចណាស់ 3 ខែសម្រាប់រំឭកមេរៀនចាស់ៗពេញមួយឆ្នាំ ការធ្វើបែបនេះវាធ្វើឱ្យខ្ញុំមានអារម្មណ៍ថាខ្ញុំបានត្រៀមរួចហើយ ហើយការប្រឡងមិនមែនជាថ្ងៃដែលត្រូវភ័យទេ តែវាជាថ្ងៃដែលសប្បាយចិត្តព្រោះវាជាឱកាសដែលខ្ញុំត្រូវបញ្ចេញសមត្ថភាព។
    ម្យ៉ាងវិញទៀត ដើម្បីបំបាត់ភាពភ័យខ្លាច សិស្សទាំងអស់គ្នាគួរមានគំនិតមួយថា ការប្រឡងវាមិនអាក្រក់ដូចអ្វីដែលយើងគិតនោះទេ។ មនុស្សគ្រប់គ្នា តែងតែគិតថា ការប្រឡងគឺពិបាក ហើយលំហាត់ទៀតសោតគឺប្រហែលជាធ្ងន់ៗណាស់ហើយ តែតាមពិតទៅការប្រឡងជាក់ស្តែងគឺងាយជាងការគិតរហូត។

    2. ប្រសិនបើសិស្សមិនបានត្រៀម ហើយនៅសល់មួយសប្តាហ៍ទៀតប្រឡង តើគាត់គួរធ្វើបែបណា?
    ការដែលសំខាន់ ខ្ញុំនៅតែប្រកាន់ខ្ជាប់ពាក្យថាត្រូវមាន «ទំនុកចិត្តលើខ្លួនឯង»។ ពាក្យចាស់តែងតែនិយាយថា អព្ភូតហេតុអាចកើតមានគ្រប់ពេលដែលមានការជឿជាក់ ហេតុនេះនៅពេលដែលសិស្សមានទំនុកចិត្តលើខ្លួនឯង នោះគាត់នឹងអាចធ្វើបានល្អនៅពេលប្រឡង តែចំណុចសំខាន់នោះគឺ ឱ្យគាត់មានទំនុកចិត្តលើខ្លួនឯងយ៉ាងម៉េចបានប្រសិនបើគាត់នៅសល់ពេលតិចដូច្នេះ។

    ចំណុចសំខាន់ដើម្បីទប់ស្កាត់អារម្មណ៍ជ្រួលច្របល់ពេលជិតប្រឡងគឺ ការកំណត់កាលវិភាគរំឭកមេរៀនឱ្យបានច្បាស់លាស់។ សូមពិចារណាមើលពីខ្លួនឯង ហើយសម្លឹងមើលលើសមត្ថភាពផ្ទាល់របស់ខ្លួនឯង ថាតើនៅខ្វះផ្នែកណាច្រើនជាងគេ កំណត់មើលវាមុន ហើយដាក់ម៉ោងឱ្យច្រើន បន្ទាប់មកបន្តចែកពេលឱ្យបានច្បាស់លាស់ដើម្បីមើលវាឱ្យបានល្អ។ ឱ្យតែមានការប្រឹងប្រែង លទ្ធផលល្អនឹងកើតមានគ្រប់ពេល សូមចាប់ផ្តើម ហើយកុំបារម្ភច្រើនពេក។

    3. សល់រយៈពេល 1ថ្ងៃ ឬ2ថ្ងៃ មុនប្រឡងបាក់ឌុប ឬប្រឡងសំខាន់នានា សិស្សភាគច្រើនដេកមិនលក់ តើមានវិធីអ្វីដើម្បីដោះស្រាយបញ្ហាទាំងអស់នោះ?
    ជាធម្មតាទេ ជិតប្រឡងអ្នកណាក៏ភ័យដែរ តែត្រង់ថាភ័យដល់ថ្នាក់ដេកមិនលក់គឺជ្រុលពេកហើយ។ ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ ទី១ យើងត្រូវសង្ខេបមេរៀនដោយគូរ Mind Maps (គំនូសសង្ខេបមេរៀនឱ្យខ្លី) ព្រោះនៅពេលដែលយើងបានឃើញមេរៀនត្រូវបានតភ្ជាប់គ្នា ខួរក្បាលនឹងកាន់តែឆាប់ចាំ ហើយកាន់តែទុកចិត្ត។

    មួយវិញទៀត បន្ទាប់ពីបង្កើត Mind Maps ហើយ យើងនឹងមានអារម្មណ៍ថាយើងអាចគ្រប់គ្រងស្ថានការណ៍បានហើយ តែចំណុចជំរុញឱ្យកាន់តែមានភាពស្វាហាប់ទៅទៀតនោះ គឺការលេងកីឡាណាដែលមិនប៉ះពាល់ខ្លាំងដល់ថាមពល ដូចជាការហែលទឹក ការជិះកង់ ឬធ្វើសមាធិ ដើម្បីឱ្យស្ងប់អារម្មណ៍ បន្ទាប់មកយើងនឹងអាចសម្រាកដោយស្ងប់ចិត្តដើម្បីងើបពីព្រលឹមដោយភាពស្រស់ស្រាយនៅថ្ងៃប្រឡង៕

  • ស៊ឹម ស្រីមុំ យកក្មេងធ្វើជាខែល ព្រោះមិនចង់ឱ្យប្រុសតាមរំខាន

    ស៊ឹម ស្រីមុំ យកក្មេងធ្វើជាខែល ព្រោះមិនចង់ឱ្យប្រុសតាមរំខាន

    បន្ទាប់ពីកញ្ញា ស៊ឹម ស្រីមុំ បានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនភ្ញាក់ផ្អើលជាមួយរូបភាពសិចស៊ីហើយនោះ ថ្មីៗនេះនាងក៏បានបង្ហោះរូបភាពជាមួយក្មេងតូចម្នាក់ព្រមទាំងសារមួយឃ្លាថា «Kon Srey Mak»។ ជុំវិញការបង្ហាញពាក្យពេចន៍នេះបានធ្វើឱ្យសាធារណជនយល់ច្រឡំថា នាងកំពុងមានបំណងបង្ហាញពីកូនសំណព្វចិត្ដរបស់ខ្លួនឱ្យមហាជនបានស្គាល់ហើយ។

    កញ្ញា ស៊ឹម ស្រីមុំ បញ្ជាក់ថា ការពិតកូនតូចនោះជាកូនរបស់អ្នករស់នៅជិតផ្ទះនាង ដោយសារតែកូននោះគួរឱ្យស្រឡាញ់ពេកទើបនាងថតរូបបង្ហោះរូបទុកជាអនុស្សាវរីយ៍។ នាងបន្ដថា ពេលបង្ហោះរូបភាពនេះឡើងមានអ្នកយល់ច្រឡំលើនាងថា មានកូនពិតមែន។

    បើទោះជាមានការយល់ច្រឡំបែបនេះក៏ពិតមែន ប៉ុន្ដែកញ្ញាស៊ឹម ស្រីមុំ ហាក់ពុំបានព្រួយបារម្ភពីប្រជាប្រិយភាព ឬអន់ចិត្ដទេ ផ្ទុយទៅវិញនាងកាន់តែសប្បាយចិត្ដទៅវិញ ពោលគឺប្រសិនបើមានការយល់ច្រឡំលើនាងកាន់តែច្រើននាងកាន់តែសប្បាយចិត្ដ។ ស្រីមុំបានបញ្ជាក់ប្រាប់ថា៖ «កន្លងមកមានបុរសមួយចំនួន Call សួរពីរឿងផ្ទាល់ខ្លួនច្រើន អ្នកខ្លះសួរខ្ញុំថាមានអ្នកស្រឡាញ់ហើយឬនៅ? ខ្ញុំប្រាប់ថា ខ្ញុំមានម្ចាស់ចិត្ដហើយ ក៏នៅតែមិនជឿដែរ នៅតែមានអ្នក Call មករំខានចិត្ដស្ទើរតែរាល់ថ្ងៃ។ ពេលខ្លះខ្ញុំក៏ខ្លាចគេអន់ចិត្ដដែរ»។

    យើងបានលើកជាសំណួរតបនឹងចម្លើយនេះទៅវិញថា អ៊ីចឹងតើរឿងមានសង្សារនោះជាការពិតដែរឬទេ? ឬក៏កញ្ញាគ្រាន់តែលើកយកមកធ្វើជាលេសអាង?

    បញ្ហានេះ កញ្ញា ស៊ឹម ស្រីមុំ បានទទួលស្គាល់ថា ខ្លួនពិតជាមានសង្សារមែន ពួកយើងស្គាល់គ្នារយៈពេលជិតកន្លះឆ្នាំហើយ ហើយពួកយើងឧស្សាហ៍បណ្ដើរគ្នាទៅញ៉ាំអីនៅខាងក្រៅ ពិសេសចូលរួមកម្មវិធីរបស់មិត្ដភ័ក្ដិ។ នាងបន្ដថា៖«កន្លងពួកយើងដើរជាមួយគ្នារហូតហ្នឹង! គ្រាន់តែខ្ញុំមិនចូលចិត្ដបង្ហោះរូបតាមរយៈហ្វេសប៊ុកតែប៉ុណ្ណោះ»។

    ទោះជាយ៉ាងណា តារាសម្ដែងរូបនេះបញ្ជាក់ថា មូលហេតុដែលនាងសម្រេចចិត្តថា យកបុរសអ្នកជំនួញវ័យ 34ឆ្នាំ ម្នាក់នោះធ្វើជាសង្សារ ព្រោះក្នុងចំណោមបុរសជាច្រើនដែលមកស្រឡាញ់នាង គឺមានតែបុរសម្នាក់នេះទេដែលមានបំណងល្អ និងចង់សាងអនាគតជាមួយនាង។ ខុសពីបុរសដទៃដែលមានចរិតជាមនុស្សហុតទឹកសម្លឹងកាក។

    តារាសម្ដែងរូបនេះប្រាប់ថា៖ «ទៅអនាគតខ្ញុំមិនដឹងថា វានឹងមានរឿងអ្វីកើតឡើងទេ តែពេលនេះខ្ញុំអាចប្រាប់បានថា បុរសដែលខ្ញុំជ្រើសរើសជាសង្សារម្នាក់នេះ គាត់ជាបុរសល្អ មានភាពទទួលខុសត្រូវខ្ពស់លើជីវិតខ្ញុំ»៕

  • Man City យល់ព្រមលើតម្លៃខ្លួន50លានដើម្បីនាំយក Walker ពី Spurs

    Man City យល់ព្រមលើតម្លៃខ្លួន50លានដើម្បីនាំយក Walker ពី Spurs

    Kyle Walker នឹងត្រូវក្លាយជាខ្សែការពារដែលមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតរបស់ពិភពលោក និងជាកីឡាករអង់គ្លេសដែលមានតម្លៃខ្លួនខ្ពស់ជាងគេបំផុត ក្រោយពីក្លិបមាន់ខ្នាយមាស Tottenham Hot Spurs ព្រមទទួលយកសំណើដេញថ្លៃក្នុងទឹកប្រាក់53លានផោន (ស្មើនឹង68.5លានដុល្លារអាមេរិក) ពីក្លិប Manchester City។ កញ្ចប់ថវិកានេះបូករួមទាំងទឹកប្រាក់ឧបត្ថម្ភបន្ថែម3លានផោនផងដែរ ហើយនឹងធ្វើឲ្យ Walker ឡើងទៅឈរពីលើ David Luiz នៅលើបញ្ជីក្នុងនាមជាខ្សែការពារមានតម្លៃខ្លួនខ្ពស់ជាងគេបំផុត និងពីលើ Raheem Sterling ក្នុងនាមជាកីឡាករអង់គ្លេសមានតម្លៃខ្លួនខ្ពស់ជាងគេបំផុត។

    ខ្សែការពារ David Luiz មានតម្លៃខ្លួន50លានផោនក្នុងពេលដែលរូបគេបានផ្ទេរពីក្លិប Chelsea ទៅកាន់ក្លិប Paris Saint-Germain កាលពីឆ្នាំ2014 ហើយ Man City បានចំណាយប្រាក់49លានផោនទៅឲ្យក្លិប Liverpool ក្នុងនោះរាប់បញ្ចូលទាំងប្រាក់ឧបត្ថម្ភផ្សេងៗទៀតផង ដើម្បីទិញយក Sterling កាលពីឆ្នាំ2015។ ការផ្ទេររបស់ Walker នេះត្រូវបានរំពឹងទុកថា នឹងកើតឡើងខណៈដែលលោក Pep Guardiola បានចាត់ទុកខ្សែការពាររូបនេះជាកីឡាករអាទិភាពដែលត្រូវទិញចូលដើម្បីទទួលតួនាទីក្នុងតំបន់ការពារស្លាបស្តាំ។ Man City ក៏កំពុងតែព្យាយាមចុះហត្ថលេខាជាមួយនឹងខ្សែការពារស្លាបឆ្វេង Benjamin Mendy ពីក្លិប Monaco ផងដែរ។ ការចរចាផ្សេងៗទៅលើការផ្ទេរ Walker ត្រូវបានពន្យារពេលដោយសារតែលោក Daniel Levy ប្រធានក្លិប Spurs ចង់បានតម្លៃខ្លួនដ៏ខ្ពស់។ លោក Levy ចង់បានតម្លៃខ្លួន50លានផោន ហើយ Man City មិនចង់ចំណាយប្រាក់ច្រើនជាង40លានផោនឡើយ ប៉ុន្តែនៅទីបំផុតពួកគេនៅតែត្រូវបង់ប្រាក់ក្នុងចំនួនដ៏ខ្ពស់នោះដដែល៕
    ប្រភពពី៖ The Guardian