Author: វល័ក្ខ

  • ស្រាបៀរអាន់ឆ័រ នឹងចាប់ឆ្នោតលើកទី3 រដូវកាលថ្មីឆ្នាំ 2017 នៅថ្ងៃអាទិត្យនេះ

    ស្រាបៀរអាន់ឆ័រ នឹងចាប់ឆ្នោតលើកទី3 រដូវកាលថ្មីឆ្នាំ 2017 នៅថ្ងៃអាទិត្យនេះ

    ភ្នំពេញ៖ នៅថ្ងៃទី 16 ខែកក្កដា ឆ្នាំ2017 ស្រាបៀរអាន់ឆ័រនឹងរៀបចំកម្មវិធីចាប់រង្វាន់លើកទី3 នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដែលផ្សាយផ្ទាល់ នៅវេលាម៉ោង 8:00-10:00យប់ ដើម្បីផ្តល់រង្វាន់លាភមង្គលជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវស្រាបៀរអាន់ឆ័រសម្រាប់កម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។

    កម្មវិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរអាន់ឆ័រឆ្នាំ 2017 រដូវកាលថ្មីនេះដែលរៀបចំការចាប់ឆ្នោតដែលមានការចូលរួមសម្តែងកម្សាន្តសប្បាយរីករាយពីតារាចម្រៀងល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបដូចជា៖ កញ្ញា ទេព បូព្រឹក្ស លោក G-Devith កញ្ញា អ៊ីវ៉ា និង ក្រុម Various Girls (K-POP)។

    កម្មវិធីនេះធ្វើឡើងសម្រាប់តែអតិថិជនដែលបានជាវស្រាបៀរអាន់ឆ័រសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ សម្រាប់ការចាប់ឆ្នោតលើកទី3 រដូវកាលថ្មីនេះ ស្រាបៀរអាន់ឆ័រនឹងមានរង្វាន់ជាច្រើនដូចជា៖ ឈ្នះរង្វាន់ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅឆ្នេរឋានសួគ៌ Krabi ចំនួន 15រង្វាន់ រួមជាមួយរង្វាន់ជាច្រើនទៀតដូចជា ទូរទស្សន៍ Smart TV 55“ in ចំនួន 10 រង្វាន់ និង កាម៉េរា Sony Alpha ចំនួន 10 រង្វាន់។

    តើគូស្វាមីភរិយារូបណាខ្លះដែលជាម្ចាស់រង្វាន់ទាំងនេះ? កុំភ្លេចចូលរួមទស្សនា និងតាមដានទាំងអស់គ្នា!!! ហើយកាន់តែពិសេស ស្រាបៀរ អាន់ឆ័រ បានជ្រើសរើសលោក លី ម៉ិញ ហូ ដែលជាកំពូលតារាអន្តរជាតិកូរ៉េដ៏ល្បីល្បាញ ធ្វើជាទូតសុឆន្ទ:របស់ស្រាបៀរ អាន់ឆ័រ និងមានវត្តមាននៅក្នុងស្ពតពាណិជ្ជកម្មថ្មីរបស់ស្រាបៀរ អាន់ឆ័រ ។ ស្រាបៀរ អាន់ឆ័រ ជាស្រាបៀរដែលពេញនិយមបំផុតសម្រាប់យុវវ័យសម័យថ្មី គុណភាពខ្ពស់ស្តង់ដារអន្តរជាតិដែលឈ្នះពានរង្វាន់ផ្នែកគុណភាពជាបន្តបន្ទាប់សរុបជាង 30មេដាយ រសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍រីករាយស្រស់ថ្លា ស័ក្តិសមបំផុតសម្រាប់គ្រប់ទីកន្លែង គ្រប់កម្មវិធី។រីករាយស្រស់ថ្លា ចាប់ផ្តើមជាមួយស្រាបៀរ អាន់ឆ័រ! ពិសាដោយការទទួលខុសត្រូវ៕

  • Vertu នៅអង់គ្លេសប្រកាសក្ស័យធន

    Vertu នៅអង់គ្លេសប្រកាសក្ស័យធន

    កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Vertu នៅចក្រភពអង់គ្លេសបានប្រកាសក្ស័យធន បន្ទាប់ពីគ្មានលទ្ធភាពដោះបំណុលគេជាង 128 លានផោន ក្រោយទិញយកក្រុមហ៊ុននេះមកគ្រប់គ្រងកាលពីខែមិនា ឆ្នាំ 2017 ។

    តាមរបាយការណ៍ពីសារព័ត៌មាន The Financial Times (FT) និង The Telegraph បានចុះផ្សាយឱ្យដឹងថា ម្ចាស់ក្រុមហ៊ុនផលិតទូរស័ព្ទប្រណីតមួយនេះ ទើបមានលទ្ធភាពសងបានត្រឹម 1,9 លានផោន (2,4 លានដុល្លារ) ប៉ុណ្ណោះមុននឹងប្រកាសក្ស័យធន ហើយហេតុការណ៍នេះនាំឱ្យបុគ្គលិកប្រមាណ 200 នាក់ត្រូវអត់ការងារធ្វើ។

    ដំបូងឡើយ Vertu ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Nokia កាលពីឆ្នាំ 1998 ប៉ុន្តែនៅឆ្នាំ 2012 វាត្រូវបានលក់បន្តទៅក្រុមហ៊ុនមួយផ្សេងទៀតមុននឹងត្រូវអ្នកជំនួញដ៏ល្បីល្បាញម្នាក់នៅក្នុងប្រទេសតួកគី លោក Murat Hakan Uzan ទិញកាលពីខែមីនា ឆ្នាំ 2017 នេះ។

    បច្ចុប្បន្នលោក Uzan កំពុងរស់នៅក្នុងទីក្រុងប៉ារីស ដោយអ្នកស្និទ្ធនឹងរូបលោកបានឱ្យដឹងថា ម្ចាស់ក្រុមហ៊ុន Vertu រូបនេះនៅតែរក្សាភាពជាម្ចាស់នៃអាជ្ញាប័ណ្ណយីហោបច្ចេកវិទ្យា និងរចនាប្លង់របស់ក្រុមហ៊ុន Vertu ដដែលទោះបីជាក្រុមហ៊ុនក្ស័យធនក៏ដោយក្ដី ហើយថ្ងៃអនាគត លោកមានគម្រោងនឹងស្តារក្រុមហ៊ុនឡើងវិញ៕

  • Cambodia All Stars ត្រៀមប៉ះ Muangthong United ថ្ងៃអាទិត្យនេះ

    Cambodia All Stars ត្រៀមប៉ះ Muangthong United ថ្ងៃអាទិត្យនេះ

    ក្រុមតារាឆ្នើមៗប្រចាំក្របខ័ណ្ឌលីកកំពូលរបស់កម្ពុជា (Cambodia All Stars) នឹងត្រូវប៉ះជាមួយនឹងក្រុមម្ចាស់ជើងឯកលីកកំពូលរបស់ថៃ SCG Muangthong United ក្នុងការប្រកួតមិត្តភាពមួយនាកីឡដ្ឋានជាតិអូឡាំពិកកម្ពុជានៅថ្ងៃអាទិត្យនេះដែលនឹងចាប់ផ្តើមលេងចាប់ពីម៉ោង៦ល្ងាចតទៅ។

    នេះគឺជាឆ្នាំទី2ហើយដែលក្រុម Muangthong United របស់ក្របខ័ណ្ឌថៃ Premier League ធ្វើដំណើរមកប្រកួតជាមួយនឹងក្រុម K Cement Cambodia All Stars ក្រោយពីក្រុមទាំងពីរបានជួបគ្នាលើកទី1កាលពីឆ្នាំ2016 ដែលកាលនោះក្រុមតារាឆ្នើមប្រចាំលីករបស់ក្រុមកម្ពុជា បានធ្វើការវាយបកដើម្បីផ្តួលក្រុមជើងខ្លាំងរបស់ថៃ ក្នុងលទ្ធផល 4-3 នៅមុខអ្នកគាំទ្រដ៏ច្រើនកុះករ។

    សម្រាប់ជំនួបមិត្តភាពនៅថ្ងៃអាទិត្យនេះ ដែលត្រូវបានគេរំពឹងទុកថា នឹងមានអ្នកគាំទ្រមកទស្សនាដោយផ្ទាល់ច្រើនជាង 50,000នាក់នោះ រាល់ថវិកាដែលប្រមូលបានពីការលក់សំបុត្រ នឹងយកទៅអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជា ជាពិសេសកម្រិតកីឡាបាល់ទាត់ថ្នាលទូទាំងប្រទេសកម្ពុជា។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីពីភាគីទាំងពីរ។

    លោក Leonardo Vitorino គ្រូបង្វឹកក្រុម K Cement Cambodia All Stars និងអ្នកចាំទីស៊ូ យ៉ាទី សុទ្ធសឹងបានសន្យាថា នឹងខិតខំព្យាយាមឱ្យអស់ពីសមត្ថភាព បើទោះបីត្រូវលេងជាមួយនឹងក្រុមខ្លាំង និងប្រជុំដោយតារាឆ្នើមៗដូចជាក្រុម Muangthong United នេះក៏ដោយ។ គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះបានឲ្យដឹងថា៖ «ក្រុម Muangthong United ជាក្រុមខ្លាំង និងប្រជុំដោយតារាឆ្នើមៗជាច្រើន ហើយពួកគេក៏មានគ្រូបង្វឹកដ៏ឆ្នើមម្នាក់ផងដែរ។ ប៉ុន្តែ យើងនឹងខិតខំព្យាយាមលេងឲ្យបានល្អ ហើយជាការរំពឹងទុក ក្រុមទាំងពីរនឹងបង្កើតឲ្យមានការប្រកួតដ៏រំភើបមួយ។

    ស្របពេលជាមួយគ្នានេះ លោក Totchtawan Sripan គ្រូបង្វឹករបស់ក្រុម Muangthong United បានបញ្ជាក់ថា លោកនឹងប្រើប្រាស់ក្រុមជម្រើសដំបូងរបស់លោក ពោលគឺប្រើប្រាស់កីឡាករឆ្នើមៗសម្រាប់ការប្រកួតនៅថ្ងៃអាទិត្យនេះ ដើម្បីមិនឲ្យអ្នកគាំទ្រខកបំណងឡើយ៕

  • លំហូរវិនិយោគផ្ទាល់បរទេស មានកំណើនប្រមាណ 89% ក្នុងវិស័យធនាគារ

    លំហូរវិនិយោគផ្ទាល់បរទេស មានកំណើនប្រមាណ 89% ក្នុងវិស័យធនាគារ

    ភ្នំពេញ៖ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជាបានលើកឡើងថា ទុនបម្រុងអន្តរជាតិបានកើនឡើងជាលំដាប់ដែលអាចធានាការនាំចូលទំនិញ និងសេវាបានរហូតដល់ 6ខែ។ ចំពោះវិស័យធនាគារ លំហូរវិនិយោគផ្ទាល់បរទេសមានកំណើនប្រមាណ 89% ដែលរួមចំណែកដោយលំហូរទុនវិនិយោគរបស់ធនាគារបរទេសថ្មីចំនួនពីរគឺប្រេដប៊ែង ខេមបូ ភីអិលស៊ី និងសាខាធនាគារមីហ្ស៊ូហូ អិលធីឌី គួបផ្សំនឹងការបន្ថែមដើមទុនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីអនុលោមតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា។

    ការលើកឡើងខាងលើធ្វើឡើងក្នុងជំនួបជាមួយក្រុមបេសកកម្មពិគ្រោះយោបល់មាត្រាទី4 របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលដឹកនាំដោយ លោក Jarkko Turunen អនុប្រធានការិយាល័យនៃនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិករបស់ IMF ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដែលបេសកកម្មនេះមានគោលបំណងតាមដាន និងវាយតម្លៃអំពីវឌ្ឍនភាពស្ថានភាពសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុកម្ពុជា ព្រមទាំងផ្តល់ជាអនុសាសន៍គោលនយោបាយនានាដើម្បីបន្តពង្រឹងកំណើនសេដ្ឋកិច្ច។

    ឯកឧត្តមបញ្ជាក់បន្ថែមថា ចំណែកកំណើនឥណទានបានថយចុះគួរឱ្យកត់សម្គាល់ពីប្រមាណជាមធ្យម 28%ក្នុងរយៈពេល5ឆ្នាំចុងក្រោយនេះមកត្រឹម16% នៅឆមាសទី1 ឆ្នាំ2017។ ម្យ៉ាងវិញទៀតធនាគារជាតិនៃកម្ពុជាបន្តពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងដាក់ចេញនូវវិធានការមីក្រូ និងម៉ាក្រូប្រុងប្រយ័ត្ននានា សំដៅរក្សាស្ថិរភាពហិរញ្ញវត្ថុ។ ការពង្រឹងឧបករណ៍គោលនយោបាយរូបិយវត្ថុផ្អែកលើយន្តការទីផ្សារ ព្រមទាំងវិធានការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ក៏ត្រូវបានបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងគោលដៅរក្សាស្ថិរភាពថ្លៃ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

    លោក Jarkko Turunen មានប្រសាសន៍ថា IMF នឹងបន្តគាំទ្ររាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា តាមរយៈការផ្តល់ជំនួយបច្ចេកទេសក្នុងការអភិវឌ្ឍធនធានមនុស្ស។ នៅពីរសប្តាហ៍ខាងមុខនេះក្រុមបេសកកម្មរបស់លោកនឹងជួបពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធនានា ដើម្បីវាយតម្លៃឱ្យបានស៊ីជម្រៅ ពីវឌ្ឍនភាព និងបញ្ហាប្រឈមចម្បងៗរបស់សេដ្ឋកិច្ចកម្ពុជា និងរួមចំណែកផ្តល់ជាអនុសាសន៍សំខាន់ៗដល់កម្ពុជា ក្នុងការបន្តសម្រេចបាននូវកំណើនរឹងមាំប្រកបដោយចីរភាព៕

  • ចិននឹងបញ្ជូនអ្នកជំនាញទេសចរណ៍មកជួយបង្ហាត់ជំនាញដល់កម្ពុជា

    ចិននឹងបញ្ជូនអ្នកជំនាញទេសចរណ៍មកជួយបង្ហាត់ជំនាញដល់កម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម Zhang Xilong អគ្គនាយករដ្ឋបាលទេសចរណ៍ជាតិចិនបានលើកឡើងថា រដ្ឋាភិបាលចិននឹងបញ្ជូនអ្នកជំនាញទេសចរណ៍មកបង្ហាត់ជំនាញដល់មគ្គុទេសក៍ទេសចរណ៍កម្ពុជា ឱ្យកាន់តែមានចំណេះដឹងប្រសើរឡើង។
    ការលើកឡើងខាងលើធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ដើម្បីពន្លឿនការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍គ្រប់ជ្រុងជ្រោយសម្រាប់តំបន់អង្គរវត្តឱ្យបានឆាប់រហ័សដើម្បីធានាការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និងបរិយាប័ន្នឆ្លើយតបទៅនឹងនិន្នាការកើនឡើងនៃចំនួនភ្ញៀវទេសចរមកទស្សនាតំបន់សៀមរាបអង្គរជារៀងរាល់ឆ្នាំ។

    ឯកឧត្តម Zhang Xilong បន្តថា លោកនឹងស្នើសុំគោលការណ៍ពីឯកឧត្តមប្រធានរដ្ឋបាលទេសចរណ៍ជាតិចិនដើម្បីបញ្ជូនអ្នកជំនាញមកសហការជាមួយក្រុមការងារក្រសួងទេសចរណ៍កម្ពុជាដើម្បីសិក្សារៀបចំបង្កើតផែនការនេះក្នុងពេលឆាប់ៗខាងមុខ ព្រោះថាចិនមានបទពិសោធច្រើនក្នុងការរៀបចំតំបន់បេតិកភណ្ឌពិភពលោក(លំដាប់ទី2) រហូតដល់បច្ចុប្បន្ននេះ ចិនបានដាក់តំបន់បេតិកភណ្ឌចំនួន52កន្លែងទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

    ឯកឧត្តម Zhang Xilong ក៏បានសន្យាដែរថា នឹងបន្តចែករំលែកបទពិសោធដែលចិនបាននិងកំពុងធ្វើឱ្យប្រសើរឡើងនូវស្តង់ដាឧស្សាហកម្មទេសចរណ៍ ស្តង់ដារតំបន់ទេសចរណ៍សម្រាកលំហែ ការអភិវឌ្ឍវិស័យទេសចរណ៍នៅតាមជនបទ កសិ-ទេសចរណ៍ និងបដិវត្តន៍កំណែទម្រង់បង្គន់អនាម័យ។ ដើម្បីជំរុញការងារនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ក្រសួងទេសចរណ៍កម្ពុជាបានបង្កើតក្រុមការងារមួយដើម្បីសហការជាមួយភាគីចិន ដែលក្រុមការងារនេះនឹងដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់។

    តាមការបញ្ជាក់របស់ឯកឧត្តម ថោង ខុន ឱ្យដឹងទៀតថា ការរៀបចំផែនការនេះទាមទារឱ្យមានការសិក្សាហ្មត់ចត់គ្រប់ជ្រុងជ្រោយដើម្បីធានាថា ការធ្វើផែនការអភិវឌ្ឍន៍តំបន់អង្គរ និងតំបន់ជុំវិញស្របតាមទស្សនទាន “ស្អាត និងបៃតង” ដោយប្រែក្លាយតំបន់សៀមរាបទៅជាទីក្រុងស្អាត និងបៃតងក្នុងការទាក់ទាញទេសចរណ៍ឱ្យបានកាន់តែច្រើនឡើង៕

  • វិធីងាយៗក្នុងការកម្ចាត់សត្វកន្លាត

    វិធីងាយៗក្នុងការកម្ចាត់សត្វកន្លាត

    កន្លាត ជាសត្វចង្រៃដែលតែងតែមកពួនសម្ងំនៅក្នុងចង្រ្កានបាយ ក្នុងទូ ឬនៅក្នុងទីកន្លែងផ្សេងៗក្នុងផ្ទះនោះ មានវិធីកំចាត់ដ៏ងាយសែនងាយ តែស្រ្តីមេផ្ទះភាគច្រើន អាចមិនដឹង ឬគិតមិនដល់។ វិធីនោះគឺ យកគ្រាប់ម្រេចទៅដាក់នៅតាមកន្លែងណាដែលសត្វកន្លាតចូលចិត្តចេញមក ដោយដាក់ក្នុងមួយចំណុច 4-5 គ្រាប់បានហើយ ។ តែប៉ុណ្ណឹងសត្វកន្លាតនឹងលែងហ៊ានមករំខានទៀតហើយ ព្រោះវាមិនត្រូវធាតុគ្នាជាមួយនឹងក្លិនគ្រាប់ម្រេចឡើយ មិនចាំបាច់ប្រើថ្នាំបាញ់សម្លាប់សត្វល្អិតនាំតែអស់លុយ និងមានគ្រោះថ្នាក់ដល់អ្នកនៅក្នុងផ្ទះឡើយ ដល់ពេលគ្រាប់ម្រេចនោះអស់ក្លិន ក៏ដូរដាក់គ្រាប់ម្តេចថ្មីទៀតជំនួសជាការស្រេច៕

  • ការអភិវឌ្ឍក្នុងវិស័យសំណង់នៅតែបន្ដវិជ្ជមាននៅ 6ខែដើមឆ្នាំ2017

    ការអភិវឌ្ឍក្នុងវិស័យសំណង់នៅតែបន្ដវិជ្ជមាននៅ 6ខែដើមឆ្នាំ2017

    ភ្នំពេញ – ទោះបីជាស្ថានភាពជាក់ស្ដែងនៃសកម្មភាពទិញ-លក់ក្នុងវិស័យអចលនទ្រព្យនៅដើមឆ្នាំ2017 នេះត្រូវបានសាធារណជនមើលឃើញថា ហាក់មានភាពយឺតយ៉ាវក៏ដោយ ក៏ម្ចាស់គម្រោងជាច្រើននៅតែបន្ដការអភិវឌ្ឍគម្រោងរបស់ខ្លួនទៅតាមផែនការដដែល។

    យោងតាមរបាយការណ៍ការបូកសរុបទិន្នន័យរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានបង្ហាញឱ្យឃើញថា ទិន្នន័យសំណង់ទូទាំងប្រទេសនៅ 6 ខែដើមឆ្នាំ2017 នេះ ទាំងសមត្ថកិច្ចថ្នាក់ក្រោមជាតិ និងថ្នាក់រាជធានី ខេត្តបានផ្ដល់លិខិតអនុញ្ញាតសាងសង់ចំនួន1,523 គម្រោងមានផ្ទៃក្រឡាសំណង់សរុប 7,284,675 ម៉ែត្រការ៉េ ដែលមានទឹកប្រាក់ប៉ាន់ស្មានក្នុងរង្វង់ 4,943,523,517 ដុល្លារសហរដ្ឋអាមេរិក ធៀបក្នុងរយៈពេលដូចគ្នាទៅនឹងឆ្នាំ2016 ចំនួន 1,183 គម្រោង មានផ្ទៃក្រឡាសំណង់សរុប ចំនួនតែ 10,512,261ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានប្រមាណជា 3.879.058.482 ដុល្លារសហរដ្ឋអាមេរិក មានការកើនឡើងទុនវិនិយោគប្រមាណ 27,44%។

    ជាមួយគ្នានេះដែរក្នុងរយៈពេល 6ខែ ឆ្នាំ2017 មានទីក្រុងរណប បុរីលំនៅឋានមានលក្ខណៈជាបុរីសរុបចំនួន 14ទីតាំងត្រូវបានអភិវឌ្ឍបន្ថែម មានអគារខ្ពស់ចាប់ពី5ជាន់ឡើងទៅមានចំនួនសរុប43អគារ។ គិតពីឆ្នាំ 2000 ដល់ 6ខែដើមឆ្នាំ2017 ការបោះទុនវិនិយោគមកពីបរទេសមានចំនួន18ប្រទេស ដែលមានចំនួន 309គម្រោង ។

    ដោយឡែកក្រសួងក៏បានធ្វើការចុះបញ្ជីឱ្យក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់ក្នុងរយៈពេល 6ខែ ដើមឆ្នាំ2017នេះ ក្រសួងបានចុះបញ្ជីក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងសាងសង់ នៅមានសុពលភាពចំនួន1,006ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនសិក្សាគម្រោងប្លង់មានចំនួន40ក្រុមហ៊ុន និង ក្រុមហ៊ុនសាងសង់មានចំនួន 966 ក្រុមហ៊ុន។

    ក្នុងនោះមានក្រុមហ៊ុនអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់ជនបរទេសនៅមានសុពលភាពចំនួន408ក្រុមហ៊ុន។ រូបវ័ន្តបុគ្គលសិក្សាគម្រោងប្លង់នៅមានសុពលភាពចំនួន 113 រូប ក្នុងនោះស្ថាបត្យករ 80រូប និងវិស្វករចំនួន33រូប និងបានចុះបញ្ជីស្ថាបត្យករនៅគណៈស្ថាបត្យករកម្ពុជាបានចំនួន38រូប៕

  • កម្ពុជាកំពុងខ្វះកម្លាំង​ពលកម្មជំនាញមធ្យមបច្ចេកទេស

    កម្ពុជាកំពុងខ្វះកម្លាំង​ពលកម្មជំនាញមធ្យមបច្ចេកទេស

    កង្វះ​ពលកម្មជំនាញ​ផ្នែក​បច្ចេកទេសជា​បញ្ហា​ប្រឈម​មួយរបស់កម្ពុជា ខណៈ​វិស័យ​កសិកម្មឧស្សាហ​កម្ម  និង​សំណង់មាន​ការ​លើក​ឡើងពីមួយថ្ងៃទៅមួយថ្ងៃ តែចំនួន​និស្សិត​ដែលចូលរៀន​ជំនាញ​បច្ចេកទេសនៅមានកម្រិតតិចតួចនៅឡើយ។

    ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈបានថ្លែងថា ប្រសិន​បើ​ក្រឡេក​មើល​ទីផ្សារ​ការងារ​ជាក់ស្តែង និង​ការ​បណ្តុះបណ្តាល​នៅ​កម្ពុជា គឺមាន​ភាព​ផ្ទុយ​គ្នា​ទាំង​ស្រុង ព្រោះ​បើ​យោង​តាម​ទិ​ន្នន័យ​នាពេល​ថ្មីៗ​នេះ ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ​ធន​ធាន​មនុស្ស​ដែល​រៀន​ចប់​ចាប់​ពី​ថ្នាក់​បរិញ្ញាបត្រ រហូត​ដល់​ថ្នាក់​បណ្ឌិត​មាន​ចំនួន​ដល់​ទៅ 249,869 នាក់នៅចន្លោះឆ្នាំ 2015 ខណៈ​ដែល​ធនធាន​មនុស្ស​កម្រិត​មូលដ្ឋាន និង​កម្រិត​មធ្យម​បច្ចេកទេសមាន​ចំនួន​ត្រឹម​តែ 32,769 ​នាក់​តែ​ប៉ុណ្ណោះ។ ចំណុចនេះ​អាច​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​អតុល្យភាព​នៃ​ការ​ផ្គត់ផ្គង់​ធនធាន​មនុស្ស​ក្នុង​វិស័យ​ការងារ​នៅ​កម្ពុជា ព្រោះ​ធនធាន​មនុស្ស​ដែល​ស្ថិត​ក្នុង​កម្រិតខ្ពស់​ត្រូវ​សល់ ឬ​ធ្វើ​ការខុសជំនាញ ហើយ​បែរជាខ្វះខាត​ធនធាន​ផ្នែកកម្មករជំនាញ និង​មធ្យម​យ៉ាង​ច្រើន​លើសលប់។

    ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងផងដែរថា តម្រូវការទីផ្សារ​ការងារ​នៅ​កម្ពុជាត្រូវ​បាន​បែង​ចែក​ជា​3​កម្រិត​ធំៗ ទី1 កម្រិត​មូលដ្ឋាន​សំដៅ​លើ​កម្មករ​ជំនាញ កម្មករ​ពាក់កណ្តាល​ជំនាញ ឬ​កម្មករគ្មាន​ជំនាញ ទី2 តម្រូវការ​ពលកម្មកម្រិត​មធ្យម និង​ទី3 គឺ​តម្រូវការ​ពលកម្ម​កម្រិត​ខ្ពស់​បំផុត​។ តម្រូវការ​ការងារ​នៅ​កម្រិតមូលដ្ឋាន​មាន​ចំនួន​ច្រើនជាង​គេ​បំផុត បន្ទាប់​មក​គឺ​តម្រូវការ​កម្រិត​មធ្យម ហើយ​ចុងក្រោយ​គេគឺ​តម្រូវការ​ពលកម្ម​កម្រិត​ខ្ពស់​ជា​កម្រិត​ជំនាញ​ដែល​សង្គម​ត្រូវការ​តិចតួច​។ ជាក់ស្តែងប្រសិន​បើ​យើង​ក្រឡេក​មើល​ការដ្ឋាន​សំណង់មួយ​យើង​នឹង​ឃើញថា ​គេ​ត្រូវការ​អ្នក​គ្រប់គ្រង ឬ​វិស្វករ​តែ​ម្នាក់​ប៉ុណ្ណោះ ហើយបន្ទាប់​មក​គេ​អាចត្រូវការ​មេការ​សាង​សង់​ពីរ​បីនាក់តែ​ស្ថិត​នៅ​ក្រោមបីនាក់​នោះ​គឺ​មាន​កម្មករ​ជំនាញ​ជាច្រើន​ដែលត្រូវការ​ជា​ចាំបាច់៕

  • ដួង ម៉ានិច ចេញក្បាច់រាំ ធ្វើឱ្យប្រុសៗមើលហើយមិនចង់ធ្មេចភ្នែក

    ដួង ម៉ានិច ចេញក្បាច់រាំ ធ្វើឱ្យប្រុសៗមើលហើយមិនចង់ធ្មេចភ្នែក

    កញ្ញា ដួង ម៉ានិច ដែលមហាជនស្គាល់នាងថា ជាតារាសិល្បៈមានទេពកោសល្យសម្ដែងយ៉ាងជំនាញពិសេសឈុតឆាកបែបសិចស៊ី ដែលគេកត់ចំណាំឃើញតាំងពីនាងសម្ដែងនៅក្នុងរៀង «ផ្កាបួនទង» មកម្ល៉េះ ដោយសាតែហេតុនេះហើយទើបធ្វើឱ្យឆ្នាំ2017 នេះនាងទទួលបានឱកាសការងារជាច្រើន ខណៈប្រជាប្រិយភាពរបស់នាងក៏កំពុងតែស្ទុះឡើងខ្លាំងផងដែរ ហើយនៅថ្ងៃនេះកញ្ញា ដួង ម៉ានិច បានបង្ហោះវីដេអូឃ្លីបធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំងពីមហាជន។

    ក្នុងចំណោមឃ្លីបវីដេអូចំនួន3ដែលនាងបានបង្ហោះ មានឃ្លីបមួយដែលនាងឈររាំគ្រវីត្រគាកចុះឡើងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ជាពិសេសប្រុសៗដែលបានទស្សនាវីដេអូនេះហើយស្ទើរតែពុំហ៊ានធ្មេចភ្នែកឡើយ។ ខណៈកំពុងតែទស្សនាវីដេអូឃ្លីបនោះ ក៏មានបុរសមួយចំនួនលាន់មាត់ថា យី!ទំនងដល់ហើយ?។

    ជុំវិញវីដេអូឃ្លីបដែលកញ្ញា ដួង ម៉ានិច បានបញ្ចេញក្បាច់រាំគ្រលែងត្រគាកពត់ពេនចង្កេះ កាច់ខ្លួនចុះឡើងជាមួយសម្លៀកបំពាក់បែបសិចស៊ីគួរឱ្យខ្នាញ់ត្រូវបាននាងបញ្ជាក់ថា នោះជាសកម្មភាពសម្ដែងខារ៉ាអូខេឱ្យផលិតកម្មថោនដែលនាងកំពុងតែថតនៅថ្ងៃនេះមិនទាន់បានបញ្ចប់នៅឡើយទេ។ បទនេះមានចំណងជើងថា ៖ «ខូចចិត្ដធ្វើអី?» ជាការបកស្រាយរបស់កញ្ញា មាស សុខសោភា។

    ដួង ម៉ានិច បានបញ្ជាក់ពីមូលហេតុដែលនាងបង្ហោះសកម្មភាពវីដេអូឃ្លីបនេះឡើង គឺគ្រាន់តែចង់បង្ហាញពីសកម្មភាពការងារទៅកាន់អ្នកគាំទ្ររបស់ខ្លួនប៉ុណ្ណោះ។ នាងបន្ដថា មានអារម្មណ៍សប្បាយរីករាយជាខ្លាំងដែលបានថតកាយវិការក្នុងបទចម្រៀងនេះ ជាពិសេសនៅពេលវីដេអូរបស់នាងទទួលបានការចាប់អារម្មណ៍ពីប្រិយមិត្ដបែបនេះ ខណៈដែលនាងក៏ទទួលស្គាល់ថា ក្បាច់រាំដែលនាងរាំនេះហាក់មានភាពសិចស៊ី និងទាក់ទាញអារម្មណ៍មែនទែន។ ទោះយ៉ាងណាម៉ានិចបញ្ជាក់ថា៖ «រាល់ការដឹកនាំសម្ដែងផ្សេងៗ គឺ Director គាត់ប្រាប់ ប៉ុន្ដែការស្លៀកពាក់ និងការរាំគឺជាគំនិតរបស់ខ្ញុំ»៕

  • ដំណើរ​កម្សាន្ត​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​អ្នកសារព័ត៌មាន​កម្ពុជា​ទៅកាន់​ទីក្រុង​កៅ​ហ្សុ​ង និង​ស្រុក​កិន​ទីង នៃ​កោះ​តៃវ៉ាន់

    ដំណើរ​កម្សាន្ត​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​អ្នកសារព័ត៌មាន​កម្ពុជា​ទៅកាន់​ទីក្រុង​កៅ​ហ្សុ​ង និង​ស្រុក​កិន​ទីង នៃ​កោះ​តៃវ៉ាន់

    ក្រុម​អ្នក​សារ​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​6​ស្ថាប័ន កាល​ពី​ថ្ងៃទី10-13 ខែកក្កដា ឆ្នាំ2017 កន្លង​​ទៅ​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ទៅ​ចូលរួម​ក្នុង​ដំណើរ​កម្សាន្ត​ជា​ផ្លូវការ​មួយ​ដែល​រៀបចំ​ឡើង​ដោយ​អាជ្ញាធរ​នៃ​ទីក្រុង​កៅហ្សុង (Kaohsiung) និង​ស្រុកកិនទីង (Kenting) របស់​កោះ​តៃវ៉ាន់​។

    នៅ​ក្នុង​ដំណើរ​ទេសចរណ៍​នេះ​​​មាន​ការ​ចូល​រួម​សហការ​យ៉ាង​ពេញ​ទំហឹង​ពី​សំណាក់​សមាគម​ទេសចរណ៍ សណ្ឋាគារ​ ភោជនីយដ្ឋាន ព្រមទាំង​រមណីយដ្ឋាន​ល្បីៗ​នៅ​ក្នុង​ទីក្រុង​កៅហ្សុង និង​ស្រុក​កិន​ទីង​ផង​ដែរ។

    85 Sky Tower ដែល​ជា​សណ្ឋាគារ​ខ្ពស់​បំផុត​លំដាប់​ទី2 នៅ​លើ​កោះ​តៃវ៉ាន់ និង​សណ្ឋាគារ Amenda ដែល​ជា​សណ្ឋាគារ​ដ៏​ទំនើប​បែប​ប្រទេស​អារ៉ាប់ បាន​ទទួល​ការ​ស្វាគមន៍ និង​ទទួល​រាក់​ទាក់​អ្នក​សារព័ត៌មាន​កម្ពុជា​ យ៉ាង​កក់​ក្តៅ​ជា​ទីបំផុត។ រយៈ​ពេល​4ថ្ងៃ​3យប់​នៃ​ដំណើរ​កម្សាន្ត​នេះ អ្នក​សារ​ព័ត៌មាន​ពី​ស្ថាប័ន ឡារ៉ែន មេឌារ (កាសែត ទស្សនាវដ្តី និង​អនឡាញ ឡារ៉ែន) ទូរទស្សន៍​ហង្សមាស កាសែត​ភ្នំពេញ​ប៉ុស្តិ៍ កាសែត​កោះសន្តិភាព ទូរ​ទស្សន៍​ខ្មែរ​ប៉ុស្តិ៍​លេខ9 ព្រមទាំង​ស្ថាប័ន​ព័ត៌មាន​ដើម​អម្ពិល បាន​ទៅ​ទស្សនា និង​ផ្តិត​យក​រូប​ភាព​ដ៏​ស្រស់​ត្រកាល​នៅ​​លើ​ទឹកដី​នៃ​កោះ​តៃវ៉ាន់ ក្នុង​ទីក្រុង​កៅ​ហ្សុ​ង និង​ស្រុក​កិន​ទីង​ជាច្រើន​កន្លែង​ដូចជា ឃ្លាំង​ផ្ទុកទំនិញ​សម័យមុន​សង្គ្រាម​លោក​លើក​ទី2 ដែល​បាន​កែច្នៃ​មក​ជា​ឃ្លាំង​ប្រមូល​ផ្តុំ​ដោយ​សិល្បៈ​ចម្រុះ និង​កំពង់ផែ​នៃ​ទីក្រុង​កៅហ្សុង (Art Center & Kao Port) សាលា​បង្រៀន​វៃ​ស្គរធំ (Ten Drums of the Culture of the Park) ដែល​ជាប់​ពាន់​រង្វាន់​ពិភព​លោក ជិះ​ទូក​លេង​មើល​ទេសភាព​នៅ​ក្នុង​ទន្លេ​នៃ​ក្តី​ស្រឡាញ់ (Love River) ប៉ម​ពណ៌​ស​នៃ​ប្រវត្តិសាស្ត្រ​ក្នុង​ស្រុក​​កិន​ទីង និង​ថ្ម​ផុស​ដ៏​ស្រស់​ស្អាត​ពី​សមុទ្រ​ប៉ាស៊ីហ្វិក (Goose Lute Nose Lighthouse & Sail Stone) សារ​មន្ទីរ​ជាតិ​ជីវវិទ្យាសមុទ្រ និង​អាង​ចិញ្ចឹម​ត្រី​ដ៏​ធំ Water of The World (National Museum of Marine Biology & Aquarium) ដែល​មាន​ត្រី​សមុទ្រ​គ្រប់​ប្រភេទ និង​ការ​ទស្សនា​បាត​សមុទ្រ​ដ៏​ស្រស់ស្អាត​តាម​ផ្លូវ​កញ្ចក់ ព្រះវិហារ​ព្រះពុទ្ធ​ដ៏​ធំ​សម្បើម (Buddha Memorial Center) ស្រះ​ឈូក ឬ​ប្រាសាទ​ភ្លោះ និង​ការ​ទស្សនា​ចម្ការ​ម្នាស់ និង​រោងចក្រ​ផលិត​នំ​ម្នាស់​ដ៏​ធំ និង​ល្បី​ជាងគេ​នៅក្នុង​ទីក្រុង​កៅហ្សុង និង​ស្រុក​កិន​ទីង (Pineapple Cake)។

    ទីក្រុង​កៅហ្សុង និង​ស្រុក​កិន​ទីង​ ​ពិត​ជា​សម្បូរ​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ និង​បែប​កែច្នៃ​ដ៏​ទាក់ទាញ​ជាច្រើន ព្រម​ជាមួយ​នឹង​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​នៅកោះ​តៃវ៉ាន់​ក៏​ល្អ​ថែមទៀត​នោះ​គឺ​ពិត​ទីកន្លែង​ទេសចរណ៍​​​ដ៏​ល្អ និង​គួរឱ្យ​ចង់ទៅ​ទស្សនា​ខ្លាំងណាស់ ចំណែកឯ​ប្រជាជន​តៃវ៉ាន់​ក៏មាន​ភាពរួស​រាយ​រាក់ទាក់ ចេះ​ជួយ​គ្នា​​​គួរឱ្យ​ស្រឡាញ់​រាប់អាន​ថែមទៀត​ផង។

    នៅក្នុង​ដំណើរ​ទេសចរណ៍​ជា​ផ្លូវការ​របស់​អ្នកសារព័ត៌មានកម្ពុជា​​​ត្រូវ​បានទទួល​ស្វាគមន៍​ដោយផ្ទាល់​ពី​សំណាក់​​លោកស្រី Tseng Tzu-Wen ប្រធាន​ការិយាល័យ​ទេសចរណ៍​នៃ​ទីក្រុង​កៅ​ហ្សុ​ង ព្រមទាំង​អាជ្ញាធរ​​នៃ​ទីក្រុង​កៅ​ហ្សុ​ង និង​ស្រុក​កិន​ទីង ផង​ដែរ​។

    សូមបញ្ជាក់​ផងដែរ​ថា ដំណើរ​កម្សាន្ត​រយៈពេល4ថ្ងៃ3យប់​នេះ ដឹក​នាំ​ដោយ​ក្រុមហ៊ុន​ទេសចរណ៍ Xing Fuwah Travel សហការ​ដោយ​ក្រុមហ៊ុន​ទេសចរណ៍ Sky King និង​ក្រុមហ៊ុន ជេ​ស៊ី (ខេ​ម​បូ​ឌា) អ៊ីន​ធី​ណេ​សិ​ន​ណល អ៊ែរឡាញ ដែល​បាន​សម្ពោធ​បើក​ជើងហោះហើរ​ដោយផ្ទាល់​ពី​រាជធានី​ភ្នំពេញ ទៅកាន់​ទីក្រុង​កៅ​ហ្សុ​ង ប្រទេស​តៃវ៉ាន់ និង​ពី​ទីក្រុង​កៅ​ហ្សុ​ង ​មកកាន់​រាជធានី​ភ្នំពេញ៕