Author: វល័ក្ខ

  • ឧកញ៉ា សៀ រិទ្ធី ចាប់ផ្តើមពង្រីកការវិនិយោគទៅប្រទេសក្នុងតំបន់

    ឧកញ៉ា សៀ រិទ្ធី ចាប់ផ្តើមពង្រីកការវិនិយោគទៅប្រទេសក្នុងតំបន់

    ភ្នំពេញៈ លោកឧកញ៉ា សៀ រិទ្ធី បានចាប់ផ្តើមឈានមួយជំហានទៀតដើម្បីបោះទុនវិនិយោគនៅតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់ ដោយសារលោកមើលឃើញពីសក្តានុពលសេដ្ឋកិច្ចនៃបណ្តាប្រទេសទាំងនោះ។

    លោកឧកញ៉ាអគ្គនាយកក្រុមហ៊ុន World Bridge Group រូបនេះបានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី25 កក្កដានេះថា លោកបានវិនិយោគលើផ្នែក Logistic នៅប្រទេសវៀតណាម វិនិយោគលើវិស័យអចលនទ្រព្យនៅប្រទេសឡាវ និងបានវិនិយោគលើវិស័យភេសជ្ជៈ និងម្ហូបអាហារនៅប្រទេសមីយ៉ាន់ម៉ា ដោយសារតែប្រទេសនេះមានប្រជាជនច្រើន។
    ទោះជាយ៉ាងណាលោកមិនបញ្ជាក់ឲ្យដឹងពីទុនវិនិយោគនៅក្នុងបណ្តាប្រទេសក្នុងតំបន់ទាំងអស់ខាងលើនេះទេ។

    ទាក់ទងនឹងបរិយាកាសវិនិយោគក្នុងតំបន់ និងកម្ពុជា លោកឧកញ៉ាសៀ រិទ្ធីបានថ្លែងថា បរិយាកាសវិនិយោគនៅកម្ពុជាមានភាពល្អប្រសើរ ហើយលើកលែងតែប្រទេសសិង្ហបុរីមួយ គឺមានតែកម្ពុជាប៉ុណ្ណោះ ដែលមានការគាំទ្រ និងលើកទឹកចិត្តអ្នកវិនិយោគបរទេសច្រើនជាងគេ និងមានប្រព័ន្ធអនុគ្រោះច្រើនជាងគេផងដែរ ដែលជនបរទេសមានសិទ្ធិកាន់កាប់ភាគហ៊ុនរហូតដល់100ភាគរយ។

    អ្នកវិនិយោគកម្ពុជាកាន់តែច្រើននាពេលបច្ចុប្បន្ននេះ បានចាប់ផ្តើមឈានទៅវិនិយោគនៅតាមបណ្តាប្រទេសក្នុងតំបន់ ដូចជា ក្រុមហ៊ុន World Bridge Group ធនាគារ Acleda PLc, ក្រុមហ៊ុន Sabay និងក្រុមហ៊ុន Monument Book ជាដើម៕

  • សឿន ផានផាភួង សុខចិត្ដចោលសង្សារស្រវាឪពុកម្ដាយ

    សឿន ផានផាភួង សុខចិត្ដចោលសង្សារស្រវាឪពុកម្ដាយ

    មានអ្នកគាំទ្ររបស់កញ្ញា សឿន ផានផាភួង ជាច្រើនមានចម្ងល់ថា ហេតុអ្វីបានជាតារាសម្ដែងរូបនេះមិនធ្លាប់លេចឮនូវដំណឹងសេ្នហាអ្វីសោះ? អ្នកខ្លះថែមទាំងលើកជាសំនួរថា តើនាងជាប្រភេទស្រីស្រលាញ់ស្រីគ្នាឯងឬក៏យ៉ាងណា ព្រោះកន្លងមកឃើញតែបង្ហោះរូបភាពស្និទ្ធស្នាលតែជាមួយស្រីៗដូចគ្នា?។

    កញ្ញា សឿន ផាភួង បានបញ្ជាក់ថា កាលពីចូលសិល្បៈដំបូងៗនាងពិតជាមិនចង់ពាក់ព័ន្ធនឹងរឿងស្នេហាសោះឡើយ គោលដៅរបស់នាងគឺធ្វើយ៉ាងណាដើម្បីសាងកេរ្ដិ៍ឈ្មោះក្នុងសិល្បៈតែប៉ុណ្ណោះ។ នាងបន្ដថាក្រោយពេលចូលសិល្បៈបានរយៈពេល 3ឆ្នាំ មានមហាជនជាច្រើនស្គាល់រូបនាងមក ពេលនោះក៏ចាប់ផ្ដើមមានអ្នកសុំស្នេហ៍ ប៉ុន្ដែនាងមិនរវល់ ក៏មិនមែនបានន័យថា នាងស្រឡាញ់ស្រីគ្នាឯងដែរ។

    តារាសម្ដែងរូបនេះបញ្ជាក់ថា៖ «ខ្ញុំក៏ចេះមានស្នេហានឹងគេដែរតើ? កន្លងមកខ្ញុំក៏ធ្លាប់មើលចិត្ដបុរសម្នាក់ដែលគាត់រស់នៅប្រទេសអាមេរិកដែរ។ ពួកយើងស្រឡាញ់ និងយល់ចិត្ដគ្នាខ្លាំង ប៉ុន្ដែទាស់តែបញ្ហាមួយប៉ុណ្ណោះដែលខ្ញុំសម្រេចចិត្ដបែកពីគាត់ គឺគាត់សំណូមពរដល់ខ្ញុំថាក្រោយពីរៀបការរួចហើយ ត្រូវតែចេញទៅរស់នៅសហរដ្ឋអាមេរិកជាមួយគាត់។ ក្រៅពីនេះពួកយើងគ្មានបញ្ហាអ្វីនឹងគ្នាឡើយ»។

    ផាភួង បន្ដថា នាងបានសម្រេចចិត្ដមិនទទួលយកសំណូមពរនោះ ដោយសារតែសង្សាររបស់នាងតម្រូវដាច់ខាតត្រូវតែឱ្យនាងចេញទៅរស់នៅទីនោះ ចំណែកនាងមិនអាចចេញទៅរស់នៅបានព្រោះមានកាតព្វកិច្ចត្រូវនៅមើលថែឪពុកម្ដាយ និងក្មួយតូចៗជាច្រើននាក់ទៀត។ នាងប្រាប់ទៀតថា ការបែកគ្នាជាមួយសង្សារធ្វើឱ្យមានការសោកស្ដាយខ្លះដែរ ប៉ុន្ដែនាងត្រូវតែកាត់ចិត្ដព្រោះលក្ខខណ្ឌរបស់សង្សារ នាងទទួលយកពុំបាន។ ដោយសារតែនាងទើបតែបែកគ្នាជាមួយសង្សារ ទើបបច្ចុប្បន្ននេះនាងពុំទាន់ចង់ពាក់ព័ន្ធនឹងស្នេហាទៀតឡើយ៕

  • ទៅមួយទៀតហើយ! Microsoft បញ្ចប់ជីវិតកម្មវិធី Paint

    ទៅមួយទៀតហើយ! Microsoft បញ្ចប់ជីវិតកម្មវិធី Paint

    រយៈពេលជាង 32 ឆ្នាំ ក្រោយការបង្កើតកាលពីឆ្នាំ1985 និងដាក់ឱ្យប្រើក្នុងប្រព័ន្ធប្រតិបត្តិការ Windows កន្លងមកនោះ ឥឡូវក្រុមហ៊ុន Microsoft គ្រោងនឹងបញ្ចប់ជីវិតកម្មវិធីក្រាហ្វិក Paint ហើយត្រឹមឆ្នាំ 2017 នេះ បន្ទាប់ពីក្រុមហ៊ុននឹងដាក់ចេញនូវ Windows 10 Fall Creators Update នៅពេលខាងមុខ។

    ការដកចេញនេះ ដោយហេតុថា កម្មវិធីមួយនេះហាក់មិនសូវពេញនិយមពីអ្នកប្រើប្រាស់ និងដល់ពេលត្រូវលុបចេញពីប្រព័ន្ធ ខណៈ Microsoft អាចនឹងមានអ្វីថ្មីមកជំនួសវិញ។ យ៉ាងណាមិញ កម្មវិធីមួយនេះធ្លាប់ក្លាយជាកម្មវិធីដ៏ពេញនិយមកាលពីជំនាន់មុន Windows 1.0 កាលពីឆ្នាំ1985។

    ក្នុងបញ្ជីមួយដែលរៀបរាប់អំពីមុខងារផ្សេងៗ ដែលមិនសូវដំណើរការនឹងត្រូវលុប ឬដកចេញ (not in active development and might be removed in future releases) ចេញពី Windows 10 Fall Creators Update កម្មវិធី Paint ត្រូវបានក្រុមហ៊ុនដាក់ឈ្មោះយ៉ាងច្បាស់។ Microsoft នឹងជំនួសមកវិញនូវកម្មវិធី Paint 3D គឺនៅលើ Windows 10 Creators Update ប៉ុន្តែក្រុមហ៊ុនមិនទាន់បញ្ជាក់ឱ្យដឹងទេថា កម្មវិធីខាងលើនឹងត្រូវដកចេញនៅពេលណានោះទេ៕

  • គណៈស្ថាបត្យករកម្ពុជា កំពុងរៀបចំលក្ខខណ្ឌក្នុងការគ្រប់គ្រងលើស្ថាបត្យករបរទេស

    គណៈស្ថាបត្យករកម្ពុជា កំពុងរៀបចំលក្ខខណ្ឌក្នុងការគ្រប់គ្រងលើស្ថាបត្យករបរទេស

    ភ្នំពេញ – ដើម្បីរៀបចំឱ្យមានដំណើរការនៃការគ្រប់គ្រងល្អទៅលើសកម្មភាពការងារលើវិស័យស្ថាបត្យកម្ម គ្រាដែលមានស្ថាបត្យករបរទេសកំពុងតែមកបម្រើការងារនៅកម្ពុជាដែរនោះ បច្ចុប្បន្នក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងតែត្រៀមរៀបចំឱ្យមានការចុះបញ្ជីជាលក្ខណៈផ្លូវច្បាប់សម្រាប់ស្ថាបត្យករដែលជាជនបរទេស។

    ឯកឧត្ដម ភឿង សោភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ដោយសារតែមានភាពរីកចម្រើនលើវិស័យស្ថាបត្យកម្ម ទើបបច្ចុប្បន្នកម្ពុជាក៏មានស្ថាបត្យករបរទេសមករកស៊ីធ្វើការងារនៅទីនេះដែរ និងដើម្បីរៀបចំឱ្យមានការគ្រប់គ្រងល្អទៅលើប្រព័ន្ធការងាររបស់ស្ថាបត្យករទាំងនោះ គណៈស្ថាបត្យករកម្ពុជាកំពុងតែត្រៀមរៀបចំឱ្យស្ថាបត្យករបរទេសដែលមកប្រកបការងារនៅក្នុងប្រទេសកម្ពុជាត្រូវបានចុះបញ្ជីជាលក្ខណៈផ្លូវច្បាប់នៅក្នុងគណៈស្ថាបត្យករកម្ពុជាដែលវាស្របទៅនឹងទិសដៅដែលអាស៊ានចង់បាន។

    រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបន្ដថា៖ «អ្វីដែលអាស៊ានចង់បាន គឺចង់ឱ្យមានការគ្រប់គ្រង និងចរាចរណ៍ស្ថាបត្យករទាំងអស់នៅក្នុងប្រទេសទាំង10 អាស៊ានដែលមានប្រទេសកម្ពុជាយើងមួយដែរ ព្រោះនៅពេលគណៈស្ថាបត្យកររបស់ប្រទេសយើងបានធ្វើសមាហរណកម្មជាមួយគ្នានឹងអាស៊ានរួចហើយយើងក៏អាចទៅធ្វើការងារនៅប្រទេសទាំង10 នោះបានដែរ»។

    ទោះយ៉ាងណាឯកឧត្ដមបញ្ជាក់ថា កុំឱ្យស្ថាបត្យករក្នុងស្រុកមានការបារម្ភ គេអាចគ្រប់គ្រងយើងបាន យើងក៏មានសិទ្ធិគ្រប់គ្រងគេបានដែរ ព្រោះការងារទាំងនេះវាអាស្រ័យទៅលើសមត្ថភាពតែប៉ុណ្ណោះ។ ឯកឧត្ដមបញ្ជាក់ថា៖ «សមត្ថភាពស្ថាបត្យករជារឿងចាំបាច់ណាស់ ព្រោះការងាររបស់ស្ថាបត្យករខុសពីការងារវិស្វករ។ វិស្វករជាអ្នកជំនាញគណនាដង្គុំគ្រឿងសំណង់ជាដើម ប៉ុន្ដែការងារស្ថាបត្យករត្រូវការគំនិត និងទស្សនៈ ជារឿងសំខាន់នៅពេលបង្កើតអ្វីមួយ»៕

  • KODOMO និងកម្មវិធីសប្បុរសធម៌ 3L

    KODOMO និងកម្មវិធីសប្បុរសធម៌ 3L

    ក្រុមហ៊ុន LION CORPORATION (THAILAND) LIMITED និង TSNR DISTRIBUTION CO.,LTD ជាក្រុមហ៊ុននាំចូលនឹងចែកចាយ KODOMO សប្បុរសធម៌ 3L ( Life.Love.Laugh) ក្នុងគោលបំណងនាំជូននូវគុណភាពជីវិតជូនទៅសង្គម ផ្ដល់នូវសេចក្ដីស្រឡាញ់នាំមកនូវភាពរីករាយ និងស្នាមញញឹម ដល់យើងទាំងអស់គ្នាទាំងអ្នកធ្វើសប្បុរសធម៌ និងអ្នកទទួលសប្បុរសធម៌។

    កម្មវិធីសប្បុរសធម៌នេះ និងរាប់ពីការលក់ផលិតផល KODOMO គ្រប់សាខាផ្សារទំនើប Lucky និង Gaint ទាំងអស់ ពីថ្ងៃទី 21 កក្កដា រហូតដល់ថ្ងៃទី 30 សីហា ឆ្នាំ2017 ។ អ្នកទាំងអស់គ្នាអាចចូលរួមចំណែកដើម្បីចែករំលែកសេចក្ដីស្រឡាញ់ទៅកាន់កុមារកម្ពុជាពីព្រោះរៀងរាល់ការចំណាយ 5ដុល្លារ របស់អ្នកទិញផលិតផល KODOMO នឹងត្រូវបរិច្ចាគចំនួន 4000រៀលទៅ ” អង្គការលើកស្ទួយប្រជាពលរដ្ឋ ” ជាអង្គការក្រៅរដ្ឋាភិបាលមិនសំដៅរកប្រាក់ចំណេញ ដែលផ្ដល់ការអប់រំ និងបង្រៀនវគ្គជំនាញខ្លីៗដល់យុវនារី កុមារកំព្រា និងកុមារនៅតាមដងផ្លូវក្នុងព្រះរាជាណាចក្រកម្ពុជា។

    KODOMO មានសេចក្ដីរីករាយរួមចំណែកជាផ្នែកមួយក្នុងសង្គមកម្ពុជា ផ្ដល់នូវសេចក្ដីស្រឡាញ់ និងភាពរីករាយដើម្បីឱ្យជីវិតកាន់តែរីករាយ។

    សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រ Facebook ” kodomoClubCambodia”៕

  • WMC ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូលរថយន្ត HAWTAI A25 ដ៏ថ្មីទំនើប ពីក្រុមហ៊ុនផលិតរថយន្ត HAWTAI MOTOR

    WMC ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូលរថយន្ត HAWTAI A25 ដ៏ថ្មីទំនើប ពីក្រុមហ៊ុនផលិតរថយន្ត HAWTAI MOTOR

    ភ្នំពេញ ៖ក្រុមហ៊ុន WORLDWIDE MOTOR COMPANY LTD. (WMC) ដែលជាក្រុមហ៊ុនដ៏ធំមួយ ក្នុងចំណោមក្រុមហ៊ុនធំៗទាំង10 ដែលនាំរថយន្តថ្មីៗចូលក្នុងប្រទេសកម្ពុជា បានទទួលសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយ ពីក្រុមហ៊ុន ផលិតរថយន្តដ៏ធំលំដាប់ពិភពលោក គឺ GLOBAL AUTOMAKER HAWTAI MOTOR ។

    លោក ពាង ម៉ាន់ អគ្គនាយកក្រុមហ៊ុន WMC បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិថា ការនាំចូលរថយន្តដ៏ថ្មីទំនើបនេះ គឺផ្អែកលើការកើនឡើងនៃតម្រូវការរថយន្តថ្មីទំនើប ដែលមានតម្លៃសមរម្យ សម្រាប់អតិថិជនកម្រិតមធ្យម និងអតិថិជននៅតាមវិស័យឯកជន ទាំងវិនិយោគគិនកម្ពុជា និងបរទេស ។

    “យើងបានជ្រើសរើសយកក្រុមហ៊ុនផលិតរថយន្ត HAWTAI បន្ទាប់ពីមានការចាប់អារម្មណ៍ជាខ្លាំងលើរបាយការណ៍ នៃការរីកចម្រើនរបស់ក្រុមហ៊ុននេះ ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំ និងល្បីមួយ មានរោងចក្រផលិត និងបណ្តាញអ្នកចែកចាយពង្រីកនៅជុំវិញពិភពលោក ហើយក៏មានប្រវត្តិជាដៃគូសហការគ្នាយ៉ាងរឹងមាំ ជាមួយក្រុមហ៊ុន HYUNDAI របស់កូរ៉េខាងត្បូង ដែលជាក្រុមហ៊ុនផលិតរថយន្តលំដាប់មួយ លើទីផ្សាក្រៅប្រទេសផងដែរ”។

    ប៉ុន្តែអ្វីដែលជំរុញឲ្យក្រុមហ៊ុន WMC សម្រេចចិត្តនាំចូលនោះ គឺម៉ាករថយន្តដ៏មានសក្តានុពល HAWTAI A25 ដែលត្រូវបានផលិត និងរចនាឡើង ជាប្រភេទរថយន្ត SUV ដ៏ទំនើប ពេញនិយមពាសពេញសាកលលោកនេះឡើង គឺដើម្បីចូលខ្លួនមកប្រកួតប្រជែងក្នុងទីផ្សាររថយន្តអន្តរជាតិ ដែលកំពុងមានសន្ទុះរីកចម្រើនក្នុងបណ្តាប្រទេសជាច្រើនទាំងនៅ អឺរ៉ុប អាមេរិក មជ្ឈឹមបូព៌ា និងតំបន់អាស៊ីប៉ាស៊ីហ្វិក។

    រថយន្ត HAWTAI A 25 គឺជាប្រភេទរថយន្ត SUV គឺជាសមទ្ធិផល៏អស្ចារ្យ ដែលកើតចេញពីការរចនាម៉ូថចេញជារូបរាងដ៏ថ្មីសន្លាង ល្អប្រណិតស្អាតប្លែកប្រកបដោយកិត្តិយស ថ្លៃថ្នូរ សម្រាប់មនុស្សសម័យថ្មី និងបំពាក់ដោយម៉ាស៊ីនគុណភាពខ្ពស់នៃបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយលំដាប់ពិភពលោក នៃក្រុមវិស្វករដែលមានជំនាញផលិតរថយន្តដ៏ល្បី មកពីកូរ៉េខាងត្បូង សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក។

    ផ្អែកតាមរបាយការណ៍មួយរបស់ S&P Global Market Intelligence ដែលត្រូវបានបោះពុម្ពផ្សាយដោយ Bloomberg គ្រឹះស្ថានបោះពុម្ពផ្សាយព័ត៌មានពាណិជ្ជកម្មដ៏ល្បីមួយរបស់អាមេរិក បានបង្ហាញឲ្យឃើញពីសក្តានុពលដ៏ធំធេងនៃក្រុមហ៊ុនផលិតរថយន្ត HAWTAI MOTOR នេះ ក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តអ្នកដំណើរដ៏ពិសេស ប្រភេទ SUV និង SEDAN ដែលកំពុងពង្រីកសមត្ថភាពជ្រៀតចូលទីផ្សារពិភពលោកផងដែរ។

    ខណៈពេលនេះ រថយន្តដ៏ថ្មីសន្លាង ស្អាតទំនើប HAWTAI A 25 ជាច្រើនគ្រឿង កំពុងបង្អួតរាងលើទីផ្សារក្នុងរាជធានីភ្នំពេញហើយ ហើយក៏ទទួលបានការបញ្ជាទិញពីអតិថិជនជាច្រើនគ្រឿង ស្របពេលដែលអតិថិជនជាច្រើនទៀតកំពុងចាប់អារម្មណ៍ជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយបានមកកាន់ SHOWROOM HAWTAI A 25 ដើម្បីឃើញដោយផ្ទាល់ និងសាកសួរព័ត៌មានផ្សេងៗ៕

  • “សេចក្តីស្មោះត្រង់”  មាននៅក្នុងមនុស្សគ្រប់ៗគ្នា…តែម្នាក់ៗបែរជារត់គេចចេញពីវា!! រឿងនិទានអប់រំ និងការពិតដែលកើតឡើងលើពិភពលោកយើងនេះ…

    “សេចក្តីស្មោះត្រង់”  មាននៅក្នុងមនុស្សគ្រប់ៗគ្នា…តែម្នាក់ៗបែរជារត់គេចចេញពីវា!! រឿងនិទានអប់រំ និងការពិតដែលកើតឡើងលើពិភពលោកយើងនេះ…

    ស្មោះត្រង់” ត្រូវអ្នកកំលោះម្នាក់ឈ្មោះ “ឆ្លាត” បោះចោលទៅក្នុងទឹកសមុទ្រ។ ស្មោះត្រង់ ខំព្យាយាមហែលទឹករហូតមកដល់កោះមួយ។ ពេលឡើងមកដល់លើកោះហើយ ស្មោះត្រង់ ក៏ដេកសម្រាកនៅលើឆ្នេរខ្សាច់នោះ គេព្យាយាមគិតរិះរកវិធីក្នុងការត្រឡប់ទៅដីគោកវិញ ហើយអ្វីដែលស្មោះត្រង់នឹកសង្ឃឹមនោះគឺ នឹងមានទូករបស់នរណាម្នាក់ឆ្លងកាត់មកដល់កោះនេះ។

    នៅសុខៗ ស្មោះត្រង់ ក៏បានឮសំឡេងភ្លេងរសាត់មកពីចម្ងាយ គេប្រញាប់ក្រោកឡើង និងសម្លឹងមើលទៅប្រភពសំឡេងនោះ។ មានទូកមួយគ្រឿងកំពុងតម្រង់មករកកោះនេះ។ នៅលើទូកនោះមានទង់ជ័យតូចមួយផ្ទាំងកំពុងបក់រវិចៗ នៅលើទង់ជ័យនោះមានសរសេរអក្សរថា “សេចក្តីសុខ“។ អូ! ការពិតគឺជាទូករបស់សេចក្តីសុខទេតើ! ស្មោះត្រង់ ក៏ស្រែកហៅ សេចក្តីសុខ “អេ! សេចក្តីសុខ! សេចក្តីសុខ! ខ្ញុំគឺស្មោះត្រង់ អ្នកជួយនាំខ្ញុំត្រឡប់ទៅដីគោកវិញផងបានទេ?”

    ពេលសេចក្តីសុខបានឮហើយ ក៏ឆ្លើយមកស្មោះត្រង់វិញថា ៈ

    “មិនបានទេ បើខ្ញុំនាំឯងឡើងមកលើទូកខ្ញុំដែរ ខ្ញុំនឹងលែងមានសេចក្តីសុខមិនខាន ឯងមើលទៅមើល៍ មនុស្សម្នាច្រើនណាស់នៅក្នុងសង្គមសម័យនេះដែលនិយាយការពិតហើយ តែបែរជាគ្មានសេចក្តីសុខទៅវិញ  សុំទោសណា៎ ស្មោះត្រង់ ខ្ញុំទទួលឯងឱ្យឡើងមកលើទូកខ្ញុំមិនបានទេ!”  និយាយចប់ សេចក្តីសុខក៏ចាកចេញទៅ។

    កន្លងទៅមួយសន្ទុះធំ “មុខតំណែង” ក៏ឆ្លងកាត់មកដល់។ ស្មោះត្រង់ ស្រែកហៅមុខតំណែង “អេ! មុខតំណែង មុខតំណែង ខ្ញុំគឺស្មោះត្រង់ ខ្ញុំសុំអាស្រ័យទូករបស់ឯងទៅដីគោកវិញផងបានទេ?”

    គ្រាន់តែមុខតំណែងបានឮប៉ុនហ្នឹង ក៏ប្រញាប់បែរក្បាលទូកចេញទៅឆ្ងាយ ហើយងាកមកស្រែកប្រាប់ស្មោះត្រង់ វិញថា ៈ “មិនបានទេ មិនបានទេ! ស្មោះត្រង់ឯងចង់ឡើងមកជិះជាមួយខ្ញុំមិនបានទេ  ឯងដឹងទេ ទម្រាំតែខ្ញុំទទួលបានមុខតំណែងនេះមកវាលំបាកលំបិនប៉ុនណា បើខ្ញុំនាំឯងមកនៅជាមួយដែរ ខ្ញុំនឹងស៊យធំមិនខាន ខ្ញុំអាចនឹងបាត់បង់មុខតំណែងទៅវិញដោយសារតែស្មោះត្រង់ឯង ដូច្នេះយ៉ាងណាៗក៏ខ្ញុំមិនអាចនៅជាមួយឯងបានដែរ”។

    ស្មោះត្រង់ទឹកភ្នែករលីងរលោង សម្លឹងមើលមុខតំណែងដែលប្រញាប់ចេញទូកទៅឆ្ងាយយ៉ាងអស់សង្ឃឹម​។ មានអារម្មណ៍វិលវល់ច្របូកច្របល់ចំពោះខ្លួនឯងយ៉ាងខ្លាំង  តែអ្វីដែលគេអាចធ្វើបាននៅពេលនេះគឺ រង់ចាំ រង់ចាំ និងរង់ចាំតែប៉ុណ្ណោះ។

    សុខៗ ចង្វាក់តន្រ្តីដែលមិនសូវជាស៊ីចង្វាក់គ្នាប៉ុន្មាន ក៏លាន់ឮឡើង ទូកធំមួយគ្រឿងផ្ទុក “ប្រកួតប្រណាំង” ដ៏ច្រើនកំពុងឆ្លងកាត់មក។ ស្មោះត្រង់ក៏ស្រែកហៅ “ប្រកួតប្រណាំង! ប្រកួតប្រណាំង! ខ្ញុំសុំឡើងជិះទូកឯងទៅផងបានទេ?”

    “ឯងជានរណា? ហើយឯងមានប្រយោជន៍ប៉ុនណាដែរសម្រាប់ពួកយើង?” ប្រកួតប្រណាំង ស្រែកសួរមកវិញ។

    ស្មោះត្រង់មិនចង់និយាយអ្វីច្រើនទេ ព្រោះខ្លាចថា ខកខានឱកាសដូចគ្រាកន្លងមក  តែស្មោះត្រង់ ក៏នៅតែ ស្មោះត្រង់…។

    “ខ្ញុំគឺស្មោះត្រង់ ណា៎…”

    “ហ្អ៎ា! ឯងគឺស្មោះត្រង់ហ្អេ៎!? បើពួកខ្ញុំមានឯងនៅជាមួយ តើពួកខ្ញុំនឹងទៅប្រកួតប្រណាំងជាមួយអ្នកណាបានទៅ?” និយាយចប់ ក៏បែរក្បាលទូកចាកចេញទៅយ៉ាងរហ័ស។

    ក្នុងខណៈដែលស្មោះត្រង់ កំពុងតែអស់សង្ឃឹម អង្គុយឱនមុខជ្រប់ សុខៗក៏មានសំឡេងទន់ភ្លន់ដ៏មានក្តីមេត្តាមួយបន្លឺឡើង ៈ

    “កូនអ៊ើយ ឡើងទូកមក!”

    ពេលស្មោះត្រង់ងើបមុខឡើង ក៏ឃើញតាចាស់សក់សព្រោងម្នាក់កំពុងឈរនៅលើទូក “ខ្ញុំគឺ តាចាស់នៃពេលវេលា

    “ហេតុអីបានលោកតាត្រូវមកជួយខ្ញុំ?” ស្មោះត្រង់ សួរទៅវិញ ដោយក្តីចង់ដឹង។

    មានតែពេលវេលាទេ ដែលដឹងថា សេចក្តីស្មោះត្រង់មានតម្លៃប៉ុនណាតាចាស់នៃពេលវេលា និយាយចេញមកដោយស្នាមញញឹម។

    នៅលើដំណើរត្រឡប់ទៅកាន់ដីគោកវិញ តាចាស់នៃពេលវេលា បាននិយាយទៅកាន់ សេចក្តីសុខ  មុខតំណែង និងប្រកួតប្រណាំងដែលទាំងអស់គ្នាកំពុងតែលិចទូកនៅកណ្តាលសមុទ្រថា៖

    “ចៅៗទាំងឡាយ ចូរចាំទុកថា បើប្រាសចាកសេចក្តីស្មោះត្រង់ហើយនោះ សេចក្តីសុខនឹងមិនអាចនៅបានយូរទេ  មុខតំណែងដែលបានមកក៏ជាមុខតំណែងក្លែងក្លាយ  ការប្រកួតប្រណាំងក៏នឹងជួបតែក្តីបរាជ័យ និងដួលរលំយ៉ាងអស់ក្បាច់ប៉ុណ្ណោះ”៕

    រៀបរៀងដោយ ទិទីតំតាតូ

  • Juventus ចុះហត្ថលេខាជាមួយ Bernardeschi ក្នុងតម្លៃខ្លួន40លានអឺរ៉ូ

    Juventus ចុះហត្ថលេខាជាមួយ Bernardeschi ក្នុងតម្លៃខ្លួន40លានអឺរ៉ូ

    ក្លិបសេះបង្កង់ Juventus បានចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធ Federico Bernardeschi ពីក្លិប Fiorentina ក្នុងកិច្ចសន្យារយៈពេល5ឆ្នាំ ក្នុងការផ្ទេរមួយនេះដែលមានតម្លៃខ្លួន40លានអឺរ៉ូ (ស្មើនឹង46.5លានដុល្លារអាមេរិក)។ កីឡាករវ័យ23ឆ្នាំរូបនេះ ដែលបានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតលីកកាលពីរដូវកាលមុននោះ បានចំណាយពេល3រដូវកាលជាមួយនឹងក្លិប Fiorentina។

    Bernardeschi ដែលបានបង្ហាញខ្លួនជាអន្តរជាតិចំនួន9លើកសម្រាប់ក្រុមជម្រើសជាតិអ៊ីតាលីនោះ បានបង្ហាញពីទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ អំឡុងពេលនៃយុទ្ធនាការ European Under-21 Championship នៅរដូវក្តៅនេះ ហើយ Juventus បានចាត់ទុករូបគេជាខ្សែប្រយុទ្ធម្នាក់ក្នុងចំណោមខ្សែប្រយុទ្ធដ៏មានទេពកោសល្យបំផុតប្រចាំទ្វីបអឺរ៉ុប។ Juventus កំពុងតែសម្លឹងរកការឈ្នះពានក្របខ័ណ្ឌ Serie A ជាលើកទី7ជាប់ៗគ្នារបស់ពួកគេ។

    នៅមុនពេលចុះហត្ថលេខាជាមួយនឹង Bernardeschi ពួកគេបាននាំយកអ្នកចាំទី Wojciech Szczesny ខ្សែបម្រើប្រយុទ្ធ Juan Cuadrado ខ្សែការពារ Medhi Benatia និងខ្សែបម្រើ Medhi Benatia រួចជាស្រេចហើយនៅរដូវក្តៅនេះ។ Bernardeschi បច្ចុប្បន្នត្រូវបានរំពឹងទុកថា នឹងធ្វើដំណើរទៅកាន់ទឹកដីសហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងដំណើរប្រកួតមុនបើករដូវកាលជាមួយនឹងក្លិប Juventus។

    Juventus បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា៖ «ក្លិបកីឡាបាល់ទាត់ Juventus សូមប្រកាសថា យើងបានបំពេញការព្រមព្រៀងគ្នាជាមួយនឹងក្លិប ACF Fiorentina សម្រាប់ការបំពេញការផ្ទេរជាផ្លូវការរបស់កីឡាករ Federico Bernardeschi ហើយ»៕
    ប្រភពពី៖ BBC

  • តម្លៃ​អង្ករ​ទីផ្សារ​ក្នុងស្រុក​ និង​អន្តរជាតិ​រើប​ឡើងវិញ

    តម្លៃ​អង្ករ​ទីផ្សារ​ក្នុងស្រុក​ និង​អន្តរជាតិ​រើប​ឡើងវិញ

    តម្លៃ​អង្ករ​លើ​ទីផ្សារ​អន្តរជាតិ​បាន​បង្ហាញ​សញ្ញា​ងើប​ឡើង​វិញ​បន្តិច​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ ដែល​នេះ​ជា​ក្តី​សង្ឃឹម​ថ្មី​មួយ​សម្រាប់​អ្នក​មាន​អាជីវកម្ម​ពាក់​ព័ន្ធ​នឹង​វិស័យ​ស្រូវ​អង្ករកម្ពុជា ខណៈ​នា​ពេល​កន្លង​មក​មាន​ការ​ត្អូញត្អែរ​ជា​ច្រើន​ទាក់​ទង​នឹងបញ្ហា​​តម្លៃ​ស្រូវ​អង្ករ​នេះ​​។

    យោង​តាម​តារាង​តម្លៃ​អង្ករ​របស់​នាយក​ដ្ឋាន​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​នៃ​​​ប្រទេស​ថៃ តម្លៃ​អង្ករ​ក្រអូប​បាន​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត គឺ​630​ដុល្លារ​ក្នុង​មួយ​តោន​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន និង​​បាន​ឡើង​បន្តិច​វិញ​នៅ​ខែ​បន្ទាប់​​ គឺ​​​ដល់ ​682​ដុល្លារ​ក្នុង​មួយ​
    តោន។ តែ​ទោះ​បី​យ៉ាង​ណា​តម្លៃ​អង្ករ​បាន​បន្ត​ស្ថិត​នៅ​ក្រោម​ 700​ដុល្លារ​ក្នុង​1តោន​រហូត​ដល់​ខែ​មេសា ឆ្នាំ​2017។

    សម្រាប់​រយៈពេល​ពីរ​ខែ​ចុង​ក្រោយ​នេះ តម្លៃ​អង្ករ​បានស្ទុះ​​ងើប​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ដោយ​ក្នុង​ខែ​ឧសភា ​តម្លៃ​អង្ករ​ស្ថិត​នៅ​717​ដុល្លារ​ក្នុង​មួយ​តោន និង​បាន​ហក់​ឡើង​ដល់​799​ដុល្លារ​ក្នុង​មួយ​តោន​នៅ​ក្នុង​ខែ​មិថុនា។ ទីផ្សារ​ប្រភេទ​អង្ករ​ផ្សេង​ទៀត​ដូចជា​អង្ករស (​បាក់​25%) ជា​ដើម​មាន​ការ​ប្រែប្រួល​ក្នុង​ពេល​ដូច​គ្នា តែ​ការ​ប្រែ​ប្រួល​តម្លៃ​ស្ថិត​ក្នុង​រង្វង់​តិច​តួច។

    ក្រឡេក​មក​មើល​ទីផ្សារ​អង្ករ​នៅ​កម្ពុជា យោង​តាម​តារាង​តម្លៃ​អង្ករ​ដែល​ស្រង់​ដោយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​អង្ករ​នាំ​ចេញ​គិត​តម្លៃ​នៅ​ច្រក​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ គឺ​700​ដុល្លារ​ក្នុង​មួយ​តោន​សម្រាប់​ប្រភេទ​អង្ករ​ក្រអូប ខណៈ​អង្ករស​ មាន​តម្លៃ​420​ដុល្លារ​ រីឯ​អង្ករ​សែន​ក្រអូប​ដែល​មាន​ភាព​សុទ្ធ​90%​មាន​តម្លៃ​620​​ដុល្លារ។ តម្លៃ​អង្ករ​ក្រអូប​បាន​ហក់​ឡើង​25​ដុល្លារ​ក្នុង​មួយ​តោន ធៀប​នឹង​តម្លៃ​កាល​ពី​ខែ​ឧសភា។

    នាយក​មជ្ឈ​មណ្ឌល​សិក្សា​គោល​នយោបាយ និង​ជា​អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ លោក ច័ន្ទ សុផលបាន​​និយាយ​​ថា តម្លៃ​អង្ករ​ងើប​ឡើង​វិញ​ជា​ដំណឹង​ល្អ​សម្រាប់​កម្ពុជា។ លោក​អះអាង​ថា៖​“ខ្ញុំ​រំពឹង​ថា​តម្លៃ​ស្រូវ​សម្រាប់​កសិករ​កម្ពុជា​នឹង​បាន​ប្រសើរ​ជាង​កាលពី​ឆ្នាំ​មុន។ ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​អង្ករ​ដ៏​ធ្ងន់ធ្ងរ​ដែល​បង្ក​ដោយ​គោល​នយោ​បាយ​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ លោកស្រី យីងឡាក់ បាន​កន្លង​ផុត​ហើយ។ ខ្ញុំ​យល់​ថា ​ស្រូវ​អង្ករ​បាន​ឆ្លង​ផុតពី​ការ​ធ្លាក់​ថ្លៃ​ខ្លាំង​ហើយ”។

    របាយកាណ៍​របស់​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែ​មួយ​សម្រាប់​បំពេញ​បែប​បទ​នាំ​ចេញ​អង្ករ បាន​បង្ហាញ​ថា ក្នុង​ឆមាស​ទី1 ឆ្នាំ2017 ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​សម្រេច​បាន​ក្នុង​បរិមាណ​​ជិត​29​ម៉ឺន​តោន ពោល​គឺ​​កើន​ឡើង​7.6% បើ​ធៀប​ទៅ​នឹង​រយៈ​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

    ក្នុង​ចំណោម​ប្រទេស​ទាំង​56 ដែល​បាន​ទិញ​អង្ករ​ពី​កម្ពុជា ចិន​គឺ​ជា​ប្រទេស​ដែល​បាន​ទិញ​អង្ករ​កម្ពុជា​ច្រើន​ជាង​គេ​ដល់​ទៅ​បរិមាណ​ជិត​9.5​ម៉ឺន​តោន ហើយ​កំណើន​នៃ​ការ​ទិញ​របស់​ចិន​បាន​កើន​ឡើង​​​ដល់​ទៅ​100%​​។ ចំណែក​ប្រទេស​ដែល​ទិញ​អង្ករ​កម្ពុជា​ច្រើន​បន្ទាប់​ពី​ចិន ​មាន​ដូចជា ប្រទេស​បារាំង​ដែល​បាន​ទិញ​ជាង​​3.7ម៉ឺន​តោន និង​ប្រទេស​ប៉ូឡូញ ក្នុង​បរិមាណ​ជិត​2.6​ម៉ឺន​តោន។

    ជា​អ្នក​ផ្គត់​ផ្គង់​អង្ករ​ដល់​ក្រុមហ៊ុន​ធំ​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ី លោក ហេង ផេង ដែល​ជា​ម្ចាស់​រោង​ម៉ាស៊ីន​ និង​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ ថ្មគោល​រ៉ាយ មាន​មូលដ្ឋាន​នៅ​ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបងបាន​ប្រាប់​ថា តម្រូវ​ការ​ទីផ្សារ​អង្ករ និង​តម្លៃ​អង្ករ​មានភាព​ល្អ​ប្រសើរ​បន្តិច​វិញ​ក្នុង​រយៈ​ពេល​នេះ ដោយ​កាត់​បន្ថយ​សម្ពាធ​ខ្លាំង​ក្នុង​ពេល​កន្លង។ លោក​បាន​បន្ត​ថា កត្តា​នេះ​បាន​រុញ​ច្រាន​សម្ពាធ​ក្នុង​ការ​ប្រមូល​ផល​ស្រូវ​សែន​ក្រអូប​ដែល​នឹង​ត្រូវ​ចាប់​ផ្តើម​ប្រមូល​ផល​ច្រើន​ពី​សប្តាហ៍​ទី1 នៃ​ខែសីហា​ ដល់​ចុងខែ​កញ្ញា ខាង​មុខ។

    តាម​ការ​ព្យាករ​​របស់​លោក ហេង ផេង ទិន្នផល​ស្រូវ​សែន​ក្រអូប​ក្នុង​ឆ្នាំ​នេះ​នឹង​មាន​បរិមាណ​មិន​តិច​ជាង​ឆ្នាំ​មុន​ឡើយ ដោយ​សារ​ភាព​អំណោយ​ផល​ពី​ធម្មជាតិ​ មាន​ភ្លៀង​ធ្លាក់​ល្អ​ចាប់​ពី​ដើមទី​ ដែល​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​កសិករ​ក្នុង​ការ​ដាំ​ដុះ។

    តែ​ទោះ​ជា​យ៉ាងណា លោក​នៅ​តែ​មាន​កង្វល់​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ស្រូវ ដោយ​សារ​គុណភាព​ស្រូវ​​រង​ផលប៉ះពាល់ ដោយ​សារ​ទឹក​ភ្លៀង​បន្ត​អូស​បន្លាយ​ពេល​យូរ​នៅ​ពេល​កសិករ​ប្រមូល​ផល ហើយ​កសិករ​នឹង​ចំណាយ​ពេល​យូរ​សម្រាប់​ប្រមូល​ផល។

    លោក​ឧកញ៉ា ភួ ពុយ ប្រធាន​ក្រុមហ៊ុន​ធនាគារ​ស្រូវ​នៅ​ក្នុង​ខេត្ត​បាត់ដំបង ដែល​ជា​អ្នក​អនុវត្ត​គម្រោង​សាង​សង់​ឃ្លាំង​ស្តុក​ស្រូវ​ប្រមាណ ​20​ម៉ឺន​តោន និង​ឡ​សម្ងួត​ស្រូវ​ 6,000​តោន​ក្នុង​មួយ​ថ្ងៃ បាន​លើក​ឡើង​ថា ឃ្លាំង និង​ឡ​សម្ងួត​នោះ​កំពុង​ដំណើរ​ការ​សាង​សង់​តាម​ការ​គ្រោង​ទុក​ដើម្បី​ជួយ​រំដោះ​ស្ថាន​ភាព​លំបាក​ក្នុង​ពេល​ប្រមូល​ផល​ស្រូវ​នាពេល​ខាង​មុខ។

    កាល​ពី​ខែមេសា ធនាគារ​អភិវឌ្ឍន៍​ជនបទ​ បាន​ទម្លាក់​ថវិកា​15​លាន​ដុល្លារ​ដល់​ក្រុម​ហ៊ុន​ធនាគារ​ស្រូវ ដែល​ដឹកនាំ​ដោយ លោក​ឧកញ៉ា ភួ ពុយ សម្រាប់​ដំណើរ​ការ​សាងសង់​ឃ្លាំង​ស្តុក​ស្រូវ​ដែល​មាន​សមត្ថ​ភាព​អាច​​ស្តុក​ស្រូវ​បាន​រហូត​ដល់​ទៅ​ 20​ម៉ឺន​តោន​ និង​ឡ​សម្ងួត ដែល​អាច​សម្ងួត​បាន​រហូត​ដល់​ទៅ ​6,000​តោន​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ដោះស្រាយ​ស្ថាន​ភាព​លំបាក​ក្នុង​វិស័យ​ស្រូវ​អង្ករ។

    លោក​ឧកញ៉ា ភួ ពុយ មាន​ប្រសាសន៍​ថា៖ “ក្នុង​ពេល​នេះ​ស្រូវ​ខ្លះ​ត្រូវ​បាន​គេ​ច្រូត​កាត់​បណ្តើរៗ​ហើយសម្រាប់​អ្នក​ដែល​បាន​ដាំ​ដុះ​មុន ដោយ​សារ​មាន​ប្រភព​ទឹក​គ្រប់​គ្រាន់​”៕

  • បរិក្ខាដំណេក Inthanou ផុសរូបរាងនៅកណ្តាលពិព័រណ៍អាពាហ៍ពិពាហ៍នៅកោះពេជ្រ

    បរិក្ខាដំណេក Inthanou ផុសរូបរាងនៅកណ្តាលពិព័រណ៍អាពាហ៍ពិពាហ៍នៅកោះពេជ្រ

    ជាមួយនឹងទិដ្ឋភាពយ៉ាងអស្ចារ្យនៃកម្មវិធីពិព័រណ៍អាពាហ៍ពិពាហ៍ប្រចាំឆ្នាំ 2017 ដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនអនុស្សា រយៈពេល 2 ថ្ងៃ (22-23 ខែកក្កដា ឆ្នាំ 2017 ) នៅសាលសន្និសីទ និងពិព័រណ៍កោះពេជ្រ គេសង្កេតឃើញមានការសាទរ និងទទួលបានភាពជោគជ័យគួរឱ្យកត់សម្គាល់ ខណៈដែលមានសាធារណៈជនជាច្រើនាក់ចូលរួមទស្សនា ជាពិសេសអ្នកដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍នាពេលដ៏ខ្លីខាងមុខនេះ ។

    សម្រាប់ក្រុមហ៊ុនចូលរួមពិព័រណ៍បង្ហាញពីផលិតផល ក៏ដូចជាសេវាកម្មក្រុមហ៊ុនពាក់ព័ន្ធនឹងពិធីនេះមានសរុបចំនួន 50 ដែលក្នុងនោះរួមមានដូចជា ក្រុមហ៊ុនផ្គត់ផ្គង់ភេសជ្ជៈ ក្រុមហ៊ុនបម្រើសេវាកម្មថតរូប វីដេអូ មុនថ្ងៃអាពាហ៍ពិពាហ៍ Live Video សេវាកម្មថតរូបនៅក្រៅប្រទេស ស៊ុមរូបថតទំនើប សំអាងការ និងពិធីការ ផ្កា និងសេវាកម្មតុបតែង ហាងនំ Cake សម្លៀកបំពាក់មង្គលការ សណ្ឋាគារ គ្រឿងសង្ហារឹម ម្ហូប ក្រុមភ្លេង ក្រុមតុបតែងទឹកបាញ់ក្នុងកម្មវិធី រថយន្ត ធនាគារ បង់រំលោះ និងកម្ចី និងសេវាកម្មថែរក្សាសុខភាពជាដើម។ លើលពីនេះ ក៏មានការដើរបង្ហាញម៉ូតសម្លៀកបំពាក់បែបប្រពៃណី សម័យ និងបុរាណ សម្រាប់ថ្ងៃរៀបអាពាហ៍ពិពាហ៍ និងតាំងបង្ហាញសម្លៀកបំពាក់សម្រាប់ចូលរួមពិធីមង្គលការ និងការសម្តែងកម្មវិធីសំខាន់មួយចំនួនក្នុងពិធីរៀបមង្គលការដូចជា ពិធីចូលម្លប់ ពិធីបុកល័ក្ខ របាំអប្សរា របាំពិណ្យអង្គរ និងការប្រគំភ្លេងបែបប្រពៃណីផងដែរ។ ប៉ុន្តែអ្វីដែលជាការគួរឱ្យកត់សម្គាល់នោះ គឺវត្តមានថ្មីនៃក្រុមហ៊ុន ឥន្ទធនូ (Inthanou) ដែលទើបតែបានចូលរួមបង្ហាញវត្តមានលើកដំបូងរបស់ខ្លួននៅក្នុងកម្មវិធីដ៏អស្ចារ្យប្រចាំឆ្នាំនេះ បាននាំយកបរិក្ខាបន្ទប់គេង ដោយមានដាក់តាំងបង្ហាញពូកដែលមានគុណភាពខ្ពស់ ល្បីឈ្មោះនៅសហរដ្ឋអាមេរិក គឺម៉ាក AMERICANSTAR ។

    នៅក្នុងឱកាសនៃការតាំងបង្ហាញផលិតផលពូកដែលមានគុណភាពខ្ពស់ និងមានសារសំខាន់ចំពោះការទទួលទានដំណេកនេះ កញ្ញា ឃាន ណារី ប្រធានគ្រប់គ្រងផ្នែកលក់បានឱ្យដឹងថា AMERICANSTAR គឺជាពូក ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញជាអន្តរជាតិ ជាពិសេសនៅសហរដ្ឋអាមេរិក និងត្រូវបានផលិតឡើងយ៉ាងយកចិត្តទុកដាក់បំផុត ផ្តោតសំខាន់ទៅលើគុណភាព និងសុខភាពដំណេក ក្រោមបច្ចេកវិទ្យាដ៏ទំនើបនាសម័យចុងក្រោយនេះ ដែលតម្រូវទៅតាមលក្ខខណ្ឌជាក់ស្ដែងនៃរាងកាយរបស់អ្នកប្រើប្រាស់ផ្ទាល់តែម្ដង។ ជាមួយនឹងភាពលេចធ្លោនៅក្នុងការដាក់តាំងបង្ហាញត្រឹមរយៈពេល 2 ថ្ងៃនេះ ពូកម៉ាក AMERICANSTAR ទទួលការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកចូលរួមទស្សនា ជាពិសេស មានការបញ្ជាទិញ ពីសំណាក់អតិថិជនយ៉ាងច្រើន ។

    កញ្ញា ឃាន ណារី បានបញ្ជាក់ផងដែថា មូលហេតុដែលមានការបញ្ជាទិញពីសំណាក់អតិថិជនដូចបានជម្រាបជូនខាងលើនេះ ក៏ព្រោះអតិថិជនទាំងនោះបានយល់ដឹងពីអត្ថប្រយោជន៍ពិសេសរបស់ពូក AMERICANSTAR ។ ដោយឡែកសម្រាប់អតិថិជនដែលនៅមិនទាន់បានជ្រាប់ពីព័ត៌មានលម្អិតរបស់ពូក AMERICANSTAR ក៏អាចទៅសាកសួរព័ត៌មានបន្ថែម ក៏ដូចជាសាកល្បងនៅទីតាំងបង្ហាញ (Showroom) ដែលមានទីតាំងស្ថិតនៅអគារលេខ 420-422​ ផ្លូវ310 សង្កាត់បឹងកេងកង3 ខណ្ឌចំការមន រាជធានីភ្នំពេញ ជាមួយនឹងបានទស្សនានូវពូកជាច្រើនទៀតសរុបចំនួន22ប្រភេទ៕