Author: វល័ក្ខ

  • 6D Mark II កាមេរ៉ា Full Frame មានអេក្រង់បត់បានដំបូងគេរបស់ Canon ចេញលក់ថ្ងៃស្អែក

    6D Mark II កាមេរ៉ា Full Frame មានអេក្រង់បត់បានដំបូងគេរបស់ Canon ចេញលក់ថ្ងៃស្អែក

    រយៈពេលមួយខែក្រោយពីការប្រកាសនៅឯទីផ្សារបរទេស កាមេរ៉ា 6D Mark II ប្រភេទ Full Frame របស់ក្រុមហ៊ុន Canon ដែលមានអេក្រង់អាចបត់បានដំបូងគេ នឹងត្រៀមចេញលក់នៅថ្ងៃស្អែកនេះហើយ។

    តាមការបញ្ជាក់ពីលោក ណារ័ត្ន ផ្នែកទីផ្សារជាន់ខ្ពស់នៃក្រុមហ៊ុន i-Qlick ដែលជាក្រុមហ៊ុនទទួលសិទ្ធិនាំចូល និងចែកចាយផលិតផល Canon ក្នុងទីផ្សារកម្ពុជាបានឱ្យដឹងថា ក្រុមហ៊ុននឹងធ្វើការដាក់សម្ពោធជាផ្លូវការនូវម៉ាស៊ីនថត EOS 6D Mark II នៅថ្ងៃស្អែក ដោយមានតម្លៃចាប់ពី 2,633 ដុល្លារសម្រាប់ Lens Kit 24-70mm និង Lens Kit 24-105 mm មានតម្លៃ 2,932 ដុល្លារ។

    លោកបន្តថា EOS 6D Mark II ជាកំណែ Update ថ្មីចេញពី 6D ដែលបានផលិតតាំងពីជាង 5 ឆ្នាំមុន។ ការមកដល់ថ្មីនេះ វាជាការ Update ដ៏ធំមួយសម្រាប់អ្នកថតរូបអាជីព ដោយវាប្រើប្រាស់សេនស័រ CMOS បែប Full Frame អាចឱ្យវាថតរូបមួយសន្លឹកបានក្នុងទំហំធំដល់ទៅ 26.2 មេហ្គាភិកសេល អមមកជាមួយនឹងមុខងារ Dual Pixel AF ដែលជំរុញឱ្យការចាប់យករូបភាព (Focus) មានសភាពរលូន និងប្រសើរជាងមុន ពិសេសនៅពេលថតវីដេអូតែម្ដង។ ក្នុងនោះ វាក៏មានភ្ជាប់នូវបច្ចេកវិទ្យា DIGIC 7 image processor និងមានអមជាមួយនឹង ISO កម្រិត 100-40000 ហើយនឹងអាចចាប់រូបភាពបាននៅក្នុងល្បឿន 6.5fps Burst។

    6D Mark II ក៏មាននូវមុខងារ Phase Detection, Optical Viewfinder ដែលមានចាប់រូបភាព Focus បានរហូតដល់ទៅ 45 Point All Cross-type AF points រួមនឹងមានអេក្រង់ទំហំ 3.0 អ៊ីញ អាចបង្ហាញរូបភាពកម្រិត 1040k ប្រភេទ Touchscreen មានមុខងារ Wi-Fi, NFC, Bluetooth និងប្រព័ន្ធ GPS៕

    លក្ខណៈសម្បត្តិ
    • ប្រើប្រាស់សេនស័រ CMOS Full Frame ទំហំ35.9 x 24 មីល្លីម៉ែត្រ
    • មាន Processor ជាប្រភេទ DIGIC 7
    • ថតរូបមួយប៉ុស្តិ៍ក្នុងទំហំ 26.2 មេហ្គាភិកសេល
    • ថតរូបជាប្រភេទ File បែប JPEG និង RAW ក្នុងល្បឿន 6.5 fps
    • ISO ចាប់ពី 100 – 40000 ឬដំឡើងពី 50-102400
    • ល្បឿន Shutter Speed លឿនបំផុត 1/4000 និងយឺត 30 វិនាទី ឬ Bulb
    • អេក្រង់ខាងក្រោយទំហំ 3 អ៊ីញ ប្រភេទ Touchscreen TFT LCD
    • សមត្ថភាពថតវីដេអូក្នុងកម្រិត 720p និង 1080p ក្នុងល្បឿន 30fps និង 60fps
    • រន្ធតំណភ្ជាប់ USB 2.0, Mini HDMI, Microphone និងរន្ធដាក់តេឡេបញ្ជា
    • មានភ្ជាប់មកជាមួយនូវមុខងារ Bluetooth និង WiFi៕

  • កន្លែងដែលធ្លាប់តែស្ងាត់ជ្រងំ ឥឡូវស្រាប់តែមនុស្សទៅលេងភ្លូកទឹកភ្លូកដី

    កន្លែងដែលធ្លាប់តែស្ងាត់ជ្រងំ ឥឡូវស្រាប់តែមនុស្សទៅលេងភ្លូកទឹកភ្លូកដី

    ភ្នំពេញ៖ ទីតាំងដែលធ្លាប់តែស្ងាត់ជ្រងំដែលប្រជាពលរដ្ឋខ្មែរខ្លះសឹងតែមិនស្គាល់ និងមិនធ្លាប់ឮឈ្មោះផងនោះ ឥឡូវបែរជាមានមនុស្សទៅលេងច្រើនកុះករភ្លូកទឹកភ្លូកដី ធ្វើឱ្យអ្នករស់នៅក្បែរៗនោះញញឹមរីកមុខរីកមាត់តាមរយៈការលក់វត្ថុអនុស្សាវរីយ៍ អាហារហូបចុកផ្សេងៗទៅដល់អ្នកទេសចរ ដែលធ្វើឱ្យជីវភាពរស់នៅរបស់ពួកគាត់ ដែលជាអ្នកស្រុកស្រែជនបទដាច់ស្រយាលនោះមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

    លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានជម្រាបជូនឯកឧត្តមបណ្ឌិត ថោង ខុន ក្នុងឱកាសដែលឯកឧត្តមអញ្ជើញចុះជួបប្រជាសហគមន៍ និងសិស្សានុសិស្ស ក្នុងកិច្ចប្រជុំបូកសរុបការងារសហគមន៍ទេសចរណ៍នៅតំបន់ប្រាសាទសំបូរព្រៃគុក និងគម្រោងផែនការអភិវឌ្ឍន៍ទេសចរណ៍នៅតំបន់នេះទៅអនាគត កាលពីថ្ងៃទី27 ខែកក្កដា ឆ្នាំ2017នេះបានឱ្យដឹងថា ក្នុងរយៈពេល6ខែដើមឆ្នាំ2017 ខេត្តកំពង់ធំទទួលបានទេសចរជាតិ និងអន្តរជាតិចំនួន12ម៉ឺននាក់តែប៉ុណ្ណោះ ប៉ុន្តែអ្វីដែលលោកនឹកស្មានមិនដល់នោះគឺ ក្នុងថ្ងៃសង្ក្រាន្ត នៅតំបន់ទេសចរណ៍ប្រាសាទសំបូរព្រៃគុកត្រឹមតែរយៈពេល3ថ្ងៃប៉ុណ្ណោះមានទេសចរមកទស្សនា20ម៉ឺននាក់បន្ថែមទៀត។

    ដោយឡែកចាប់តាំងពីក្រោយពេលដែលតំបន់ប្រាសាទសំបូរព្រៃគុកត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករួចមក ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកទស្សនាតំបន់នេះមានការកើនឡើងជារៀងរាល់ថ្ងៃដោយបានបង្កើតការងារជូនប្រជាពលរដ្ឋ និងរកចំណូលបានច្រើនជាងមុនទៀតផង។

    ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ថោង ខុន បានផ្ដាំផ្ញើប្រជាពលរដ្ឋសហគមន៍ថា ក្នុងនាមជាអ្នកម្ចាស់ស្រុកត្រូវចូលរួមអភិរក្សថែរក្សា និងខិតខំអភិវឌ្ឍតំបន់ប្រាសាទសំបូរព្រៃគុកនេះជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធដើម្បីទាក់ទាញភ្ញៀវទេសចរ ឱ្យមកទស្សនាកាន់តែច្រើន និងត្រូវរៀបចំផ្ទះស្នាក់នៅ (Home Stay) សេវាមគ្គុទេសក៍ និងសេវាពាក់ព័ន្ធផ្សេងៗទៀតដើម្បីត្រៀមខ្លួនទទួលទេសចរដែលកំពុងកើនឡើងជារៀងរាល់ថ្ងៃ។

    ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងបន្ថែមទៀតពីគម្រោងអភិវឌ្ឍន៍ទេសចរណ៍ជាច្រើន ពិសេសការកាត់បន្ថយភាពក្រីក្រតាមរយៈការបង្កើតការងារ និងឱកាសបង្កើនប្រាក់ចំណូលសម្រាប់សហគ្រាសខ្នាតតូច សិប្បកម្មខែ្មរ និងផលិតផលក្នុងស្រុកផ្សេងទៀត ដែលជួយធ្វើឱ្យមានភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្រីក្រ ជាពិសេសស្ដ្រី។

    វិស័យទេសចរណ៍ជាវិស័យមួយយ៉ាងសំខាន់ក្នុងការកសាងសេដ្ឋកិច្ចសង្គមបង្កើតឱកាសការងារ ឱកាសមុខរបរ ប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូល្អរវាងវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធ ពិសេសវិស័យវប្បធម៌ បរិស្ថាន កសិកម្មជាដើមដែលអាចនឹងរៀបចំជាប្រភេទកសិ-ទេសចរណ៍ ទេសចរណ៍ជនបទ សហគមន៍ទេសចរណ៍ដែលរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់លើកទឹកចិត្ត និងជំរុញយ៉ាងខ្លាំង។

    បច្ចុប្បន្នសហគមន៍នេះកំពុងដំណើការល្អ និងកំពុងរីករាយត្រៀមទទួលបម្រើទេសចរជាតិ និងអន្តរជាតិដែលកំពុងកើនឡើងក្នុងការមកទស្សនាតំបន់ប្រាសាទសំបូរព្រៃគុក ដែលជាបេតិកភណ្ឌពិភពលោកនេះ។

    សូមបញ្ជាក់ថា នៅឆ្នាំ2016កម្ពុជាទទួលបានទេសចរអន្ដរជាតិជាង5លាននាក់ កើនឡើង5% និងទេសចរក្នុងស្រុកជាង10លាននាក់ កើនឡើង10% ដោយនាំមកនូវចំណូលប្រមាណ 3,400លានដុល្លារ រួមចំណែកប្រមាណ13%នៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតការងារដោយផ្ទាល់ប្រមាណ 60ម៉ឺននាក់ និងការងារដោយប្រយោលរាប់សិបម៉ឺននាក់ទៀត។ ក្នុងរយៈពេល5ខែដើមឆ្នាំ2017នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជិត2,3លាននាក់កើនឡើងជិត 12,5%ធៀបរយៈពេលដូចគ្នាឆ្នាំ2016។ នៅឆ្នាំ2020 គេរំពឹងថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ 7លាននាក់ ដោយនឹងនាំមកនូវចំណូលជាតិប្រមាណ5.000លានដុល្លារអាមេរិក ហើយបង្កើតការងារដោយផ្ទាល់ប្រមាណ1លាននាក់ទៀតផង៕

    https://www.youtube.com/watch?v=_OD_QPPP6FA

  • ការអប់រំកុមារតូចៗ ជំរុញឱ្យមានសណ្តាប់ធ្នាប់សង្គមល្អ

    ការអប់រំកុមារតូចៗ ជំរុញឱ្យមានសណ្តាប់ធ្នាប់សង្គមល្អ

    កុមារតូចៗជាផ្នែកយ៉ាងសំខាន់មួយដែលមិនអាចមើលរំលងបាន ព្រោះពួកគេនឹងក្លាយជាធនធានមនុស្សយ៉ាងសំខាន់នៅថ្ងៃអនាគត។ អ្វីគ្រប់យ៉ាងគឺចាប់ផ្តើមពីក្មេង ប្រសិនបើក្មេងមានគុណភាពនៃគំនិតខ្ពស់ នៅពេលដែលពួកគេធំឡើង គេនឹងក្លាយជាធនធានដែលមានភាពខ្លាំងក្លាសម្រាប់សង្គម។

    នាពេលបច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា នៅតាមដងផ្លូវក្តី នៅក្នុងទីផ្សារមួយចំនួនក្តី និងនៅតាមទីសាធារណៈសំខាន់ៗមួយចំនួនក្នុងទីប្រជុំជនក្តី ទិដ្ឋភាពនៃភាពអនាធិបតេយ្យបានស្តែងចេញតាមរយៈសកម្មភាពរបស់មនុស្សមួយចំនួនធំ ដែលមិនសូវខ្វល់ពីផលប៉ះពាល់នៃទង្វើរបស់ខ្លួន។

    នៅលើដងផ្លូវយើងគ្រប់គ្នាសុទ្ធតែបានឃើញពីការបើកបរដែលរញ៉េរញ៉ៃ និងដណ្តើមគ្នាទៅមុន ឬគោរពច្បាប់ចរាចរណ៍មិនល្អ ដែលបណ្តាលឱ្យមានការកកស្ទះ ចំណែកឯនៅទីសាធារណៈ និងនៅតាមទីផ្សារមួយចំនួនយើងក៏បានឃើញផងដែរពីការចោលសំរាមក្រៅធុងសំរាម រួមទាំងការដាក់តាំងលក់យ៉ាងអនាធិបតេយ្យ។ សកម្មភាពទាំងនេះ បានធ្វើឱ្យប៉ះពាល់ដល់មនុស្សជាច្រើនផ្សេងទៀតដែលព្យាយាមគោរពនូវសណ្តាប់ធ្នាប់ល្អ ក៏ដូចជាគោរពច្បាប់។

    ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោកបណ្ឌិត ចាន់ សុផល បានធ្លាប់បានលើកឡើងនៅក្នុងបណ្តាញសង្គមរបស់លោកថា ការបណ្តុះបណ្តាលទម្លាប់ល្អ ជាពិសេសការបណ្តុះមនុស្សមិនឱ្យចោលសំរាមផ្តេសផ្តាស គឺគួរចាប់ផ្តើមពីកូនក្មេង ព្រោះប្រសិនបើយើងបានបណ្តុះបណ្តាលក្មេងឱ្យមានទម្លាប់ល្អ នៅពេលដែលគេធំឡើង គេនឹងរៀបចំខ្លួនឯងឱ្យមានសណ្តាប់ធ្នាប់។

    ឆ្លើយតបជាមួយនឹងបញ្ហានេះផងដែរ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងផងដែរថា ការអប់រំក្មេងជារឿងមួយ ពេលខ្លះក្មេងនៅសាលាតែប៉ុន្មានម៉ោងតែប៉ុណ្ណោះ ខណៈក្មេងនៅជាមួយអាណាព្យាបាលស្ទើរពេញមួយថ្ងៃ។ ការអប់រំ មនុស្សចាស់ឱ្យបង្កើតគំរូល្អដល់ក្មេងៗក៏ជារឿងសំខាន់មួយដើម្បីលុបបំបាត់ភាពអនាធិបតេយ្យក្នុងសង្គម៕

  • Man City បំបាក់​ក្រុម Real Madrid យ៉ាងចាស់​ដៃ ខណៈ Inter ផ្តួល Bayern

    Man City បំបាក់​ក្រុម Real Madrid យ៉ាងចាស់​ដៃ ខណៈ Inter ផ្តួល Bayern

    ក្រុម Manchester City របស់​លោក Pep Guardiolaបាន​​ចំណាយប្រាក់ដ៏ច្រើន​សន្ធឹកសន្ធាប់​ដើម្បីពង្រឹង​តំបន់​ការពារ​របស់​ពួក​គេ​នៅ​រដូវក្តៅនេះហើយ​ពួក​គេ​បាន​បង្ហាញ​ថាពួកគេ​នឹងក្លាយ​ជា​ក្រុម​ដែល​ត្រូវ​តែ​​ទទួល​បាននូវ​ការ​ចាប់​អារម្មណ៍នៅ​រដូវកាល​ខាងមុខនេះក្រោយ​ពី​បាន​បំបាក់ក្រុម Real Madrid យ៉ាង​ចាស់​ដៃ​ក្នុងលទ្ធ​ផល 4-1ក្នុង​ការ​ប្រកួត​មិត្ត​ភាពកាល​ពីថ្ងៃព្រហស្បតិ៍​។
    ការ​បង្ហាញពី​ទម្រង់លេង​យ៉ាងល្អ​ក្នុង​តង់​ទី​២​នៅពីមុខ​អ្នក​គាំ​ទ្រ​ចំនួន​93,000​នាក់ ក្នុង​ទីក្រុង Los Angelesបាន​ជួយ​ឲ្យក្រុម Man City កត់ត្រា​ជ័យជម្នះ​ក្នុង​ការ​ប្រកួតមិត្ត​ភាព​ជាលើក​ទី​1​របស់​ពួកគេយ៉ាងកក់ក្តៅ​។ ក្រុមReal Madrid មិន​អាច​​ធ្វើការ​រា​​រាំងក្រុម Man City របស់​លោក Guardiola បាន​ឡើយក្រោយ​ពី​ពួក​គេ​បាន​​ដាក់​សម្ពាធ​ត្រឹម​តែ​មួយលើកគត់​នៅដើម​តង់​ទី​2​។
    ការ​ចំណាយ​ប្រាក់​​ចំនួន​28.5​លាន​ផោន (ស្មើ​នឹង​37លាន​ដុល្លារ​អាមេរិក) របស់ក្រុម Man Cityដើម្បី​ទិញ​ខ្សែការពារ Nicolas Otamendi កាលពី​​2ឆ្នាំ​មុនហាក់​​បានផ្តល់នូវ​ការ​ប្រែ​ប្រួល​តិច​តួចណាស់មុននឹង​​ពួក​គេ​បាន​ចំណាយ​ប្រាក់​ដ៏ច្រើន​សន្ធឹកសន្ធាប់​ដើម្បីនាំ​យក​​​ខ្សែ​ការពារ Kyle Walker, John Stonesនិង Benjamin Mendy ក្នុង​រយៈ​ពេល​12​​ខែ​​ចុងក្រោយ​នេះ​។ ប៉ុន្តែ ក្រោយ​​ពី Otamendiបាន​ស៊ុត​បាល់​ពីចម្ងាយ​ចូល​ទី​យ៉ាងល្អ1គ្រាប់មក ក្រុម Man City បាន​បន្ត​បង្ហាញពី​​ទម្រង់លេង​យ៉ាង​រឹងមាំដើម្បី​​រក​​គ្រាប់​បាល់​បញ្ចូល​ទី​3​​គ្រាប់​បន្ត​បន្ទាប់​គ្នា មុន​ពេល Realបាន​ធ្វើការ​វាយ​បក​បាន​1​​គ្រាប់​វិញនៅ​ជិត​បញ្ចប់​ការ​ប្រកួត​។
    ស្រប​ពេល​ជាមួយ​គ្នា​នេះដែរ នៅក្នុងការប្រកួតមួយទៀត ខ្សែ​ប្រយុទ្ធ Eder បាន​ស៊ុត​បាល់បញ្ចូល​ទី​2គ្រាប់ដើម្បី​​ជួយ​ឲ្យក្រុម Inter Milan កត់ត្រា​ជ័យជម្នះ​ដ៏មិន​នឹក​ស្មាន​​ដល់​ក្នុង​លទ្ធផល 2-0នៅ​ពេល​ប្រកួត​ជាមួយ​នឹងក្រុមម្ចាស់​ជើង​ឯក​អាល្លឺម៉ង់ Bayern Munich កាល​ពីថ្ងៃ​ព្រហស្បតិ៍ក្នុងការ​ប្រកួត​មិត្ត​ភាព​នៅ​លើ​ទឹក​ដី​សិង្ហ​បុរី​៕
    ប្រភព​ពី៖ Skysport

  • Rooney វិល​មកវិញ ក្នុង​ពេល Everton ឈ្នះ​វគ្គ​ជម្រុះ Europa League

    Rooney វិល​មកវិញ ក្នុង​ពេល Everton ឈ្នះ​វគ្គ​ជម្រុះ Europa League

    ខ្សែ​ប្រយុទ្ធ Wayne Rooney បាន​ធ្វើការ​បង្ហាញខ្លួន​ជា​លើក​ទី​2​របស់​គេ​សម្រាប់ក្លិប​ Evertonកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែល​ខ្សែ​ការពារ Leighton Baines បាន​ជួយ​ឲ្យក្រុមពួក​គេទទួល​ជ័យជម្នះ​ក្នុងលទ្ធផល1-0 លើ​ក្រុម MFK Ruzomberok របស់ស្លូ​វ៉ា​គី ក្នុងការប្រកួត​ជម្រុះនៃក្រប​ខ័ណ្ឌ Europa League ជុំ​ទី​3​។
    អតីត​​តា​រាឆ្នើម​របស់​ក្រុម Manchester United និងក្រុម​​បាល់​ទាត់​ជម្រើស​ជាតិ​អង់គ្លេស​រូបនេះបាន​បញ្ជាក់​នៅមុន​ពេល​​ការប្រកួត​នៅ​​កីឡដ្ឋាន Goodison Park ថាវា​បានក្លាយ​ជា​មហិច្ឆ​តា​​យូរ​មកហើយ​ក្នុងការលេង​ឲ្យ​ក្រុម Everton ​ក្នុងក្រប​ខ័ណ្ឌអឺ​រ៉ុបនេះ​។ រយៈ​ពេល​13​​ឆ្នាំក្រោយ​​​ចាក​ចេញ​​ពី Everton ដើម្បី​​ទៅ​ចូល​រួម​ជាមួយនឹង​ Man United ទី​បំផុតខ្សែ​ប្រយុទ្ធ Rooneyបាន​បំពេញ​មហិច្ឆ​តា​របស់​ខ្លួន បើ​ទោះ​បី​​​វា​បាន​​ក្លាយ​ជា​​ថ្ងៃ​ដ៏​ខក​ចិត្ត​សម្រាប់​​អ្នក​ចាត់ការ​ទូទៅ​លោកRonald Koeman និងក្រុម Everton ក៏ដោយ​​។ Rooney វ័យ​31ឆ្នាំ បាន​ប្រាប់​ថា៖«វា​ជា​អ្វីមួយ​ដែល​ខ្ញុំ​​បាន​រង់​ចាំ​​សម្រាប់​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​។វា​ពិត​ជា​អស្ចារ្យណាស់សម្រាប់ការ​​ស្ថិតនៅក្នុងកីឡដ្ឋាន Goodison ដោយ​ពាក់​អាវ​ពណ៌​ខៀវ​។វា​ជា​អារម្មណ៍​ដ៏អស្ចារ្យមួយ​​។ ប៉ុន្តែ វា​ជាការ​ប្រកួត​​​ដ៏សំខាន់មួយ​សម្រាប់យើងហេតុនេះ​ខ្ញុំ​ត្រូវ​តែ​ទុក​ការ​រំ​ជួល​ចិត្តមួយឡែកសិន​​ដើម្បីខ្ញុំ​អាច​ផ្តោត​អារម្មណ៍​ទៅលើការ​ប្រកួត​បាន​ច្រើន​ជាងមុន​»​។
    ការ​លែង​ខ្សែ​ប្រយុទ្ធ Romelu Lukaku ក្នុង​តម្លៃ​ខ្លួន​75​លានផោន (ស្មើនឹង​98​លានដុល្លារ​អាមេរិក) ទៅ​ឲ្យ​ក្លិបMan United បាន​ផ្តល់​មូលនិធិ​ដល់ក្លិប Everton ក្នុង​ការ​ទិញ​ចូលកីឡាករបាន​ជាច្រើន ហើយ Rooney
    បាន​ចូល​រួម​ជាមួយ​នឹង​ខ្សែការពារ Michael Keane ខ្សែ​បម្រើ Davy Klaassen និង​ខ្សែការពារ Cuco Martinaដើម្បី​បង្ហាញខ្លួន​ជាលើក​ទី​1​របស់​ពួកគេ​៕
    ប្រភព​ពី៖ Sport24

  • ប្រាប់ឱ្យហើយ! អ្នកមានដីនៅតំបន់មាត់បឹង ឬទន្លេ កុំអាលលក់ប្រយ័ត្នស្ដាយក្រោយ

    ប្រាប់ឱ្យហើយ! អ្នកមានដីនៅតំបន់មាត់បឹង ឬទន្លេ កុំអាលលក់ប្រយ័ត្នស្ដាយក្រោយ

    ភ្នំពេញ – តាមការព្យាកររបស់អ្នកជំនាញលើផ្នែកអចលនវត្ថុជាច្រើនបានបញ្ជាក់ថា នាពេលអនាគតឆាប់ៗខាងមុខនេះ ការអភិវឌ្ឍបែបធម្មជាតិដែលកាន់តែខិតទៅជិតតំបន់មាត់បឹង និងទន្លេនឹងមានការផុលផុសធ្វើឱ្យតម្លៃអចលនទ្រព្យនៅទីនោះនឹងឡើងថ្លៃខ្ពស់។

    លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21Mekong បានលើកឡើងថា កម្ពុជាមានការអភិវឌ្ឍលើវិស័យអចលនទ្រព្យលឿនគួរឱ្យកត់សម្គាល់ ប៉ុន្ដែកម្ពុជាហាក់ដូចជាដើរបញ្ច្រស់ទៅនឹងប្រទេសអភិវឌ្ឍន៍មួយចំនួន ព្រោះគេមើលឃើញថា វិស័យនេះចាប់ផ្ដើមអភិវឌ្ឍចេញពីតំបន់ឧស្សាហកម្ម ពោលគឺតម្លៃដីនៅតាមតំបន់ឧស្សាហកម្មមួយចំនួន និងនៅតំបន់សេដ្ឋកិច្ចពិសេសមានការកើនឡើងខ្ពស់ដោយសារតែសម្បូរទៅដោយរោងចក្រ សហគ្រាសធំៗ។

    អគ្គនាយកក្រុមហ៊ុន Century 21Mekong បានបញ្ជាក់ថា៖ «មូលហេតុតម្លៃដីនៅតំបន់ឧស្សាហកម្ម ឬតំបន់សេដ្ឋកិច្ចពិសេសមានតម្លៃខ្ពស់ ព្រោះនៅទីនោះមានមនុស្សទៅរស់នៅភាគច្រើនជាកម្មករដែលអ្នកអភិវឌ្ឍន៍ទៅទីនោះច្រើនតែសង់ផ្ទះជួលសម្រាប់កម្មករស្នាក់នៅជាដើម និងអ្នកខ្លះទៅរស់នៅដើម្បីធ្វើការលក់ដូរ ដែលធ្វើឱ្យមានលំហូរសេដ្ឋកិច្ចល្អ។ ទោះជាយ៉ាងណាគេមើលឃើញថា វាជាការវិនិយោគរយៈពេលខ្លី»។

    ទោះយ៉ាងណាលោក សុខនីម បញ្ជាក់ថា បច្ចុប្បន្នអ្នកវិនិយោគនៅក្នុងស្រុកចាប់ផ្ដើមយល់កាន់ច្បាស់ពីអត្ថប្រយោជន៍ការអភិវឌ្ឍបែបធម្មជាតិហើយ ដូច្នេះហើយទើបយើងឃើញថា មានគម្រោងធំៗជាច្រើនចាប់ផ្ដើមងាកទៅរកការអភិវឌ្ឍនៅតំបន់ជាប់មាត់បឹង ឬទន្លេវិញម្តង ដូចជាគម្រោងអ័រគីដេវីឡា និងគម្រោងរបស់ក្រុមហ៊ុន OCIC ជាដើម បានចូលទៅដល់ក្នុងតំបន់ជ្រោយចង្វាហើយ ព្រោះអ្នកវិនិយោគទាំងនោះមានទស្សនវិស័យវែងឆ្ងាយក្នុងការវិនិយោគរយៈពេលយូរដោយពួកគាត់ជឿថា ទៅអនាគតគម្រោងក៏ដូចជាអចលនទ្រព្យ នឹងមានការឡើងថ្លៃខ្លាំង។ ជាមួយគ្នានេះលោកសង្កត់ធ្ងន់ថា៖ «កាលពីមុនប្រជាជនយើងរស់នៅឱ្យតែបានៗ មិនប្រកាន់អ្វីច្រើនទេ លុះសេដ្ឋកិច្ចគ្រួសារដើរល្អមានលុយច្រើនហើយ គាត់ចាប់ផ្ដើមគិតពីការរស់នៅប្រកបដោយផាសុកភាព និងភាពស្ងប់សុខដែលចំណុចទាំងនេះវាកើតចេញពីការអភិវឌ្ឍបែបធម្មជាតិនៅជិតមាត់បឹង ឬជិតមាត់ទន្លេនេះឯង»។

    លោក ច្រឹក សុខនីម បន្ដថា ទៅអនាគតការអភិវឌ្ឍតាមបែបធម្មជាតិមិនមែនកើតឡើងតែក្នុងតំបន់ជ្រោយចង្វាមួយទេ ពោលគឺតំបន់ណាដែលជាប់ទៅនឹងបឹងទន្លេ នឹងត្រូវមានការអភិវឌ្ឍដូចគ្នាដែលធ្វើឱ្យតម្លៃដីមានការកើនឡើងខ្ពស់កប់ពពកជាក់ជាមិនខាន។ អ្វីដែលធ្វើឱ្យលោកហ៊ានអះអាងបែបនេះ ព្រោះយោងតាមបទពិសោធនៃប្រទេសអភិវឌ្ឍន៍ធំៗមួយចំនួនដូចជា ប្រទេសអាមេរិកដែលលោកបានទៅដល់ជាដើម។ ក្នុងនោះលោកបញ្ជាក់ថា៖ «យើងអាចមើលឃើញនៅក្នុងប្រទេសអភិវឌ្ឍន៍ដូចជា អាមេរិក តម្លៃផ្ទះជាប់ទន្លេ បឹង ព្រៃភ្នំមានតម្លៃថ្លៃណាស់ កន្លែងខ្លះមានតម្លៃដល់ទៅរាប់លានដុល្លារ ព្រោះការរស់នៅក្នុងតំបន់បែបនេះវាធ្វើឱ្យអ្នករស់នៅមានសុខភាពល្អ ទាំងរាងកាយ និងប្រាជ្ញាស្មារតី ពិសេសការរស់នៅតំបន់នេះអាចធ្វើឱ្យអ្នករស់នៅកាត់បន្ថយភាពស្មុគស្មាញពីការងារបានច្រើន»។

    ដោយឡែកលោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA បានទទួលស្គាល់ថា តំបន់អភិវឌ្ឍន៍ជាប់មាត់ទន្លេ ពិសេសតំបន់ជ្រោយចង្វាជាតំបន់ដែលមានសក្ដានុពលខ្លាំងក្នុងការអភិវឌ្ឍទាំងទៅលើគម្រោងលំនៅឋាន និងខុនដូសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត។

    អគ្គនាយកក្រុមហ៊ុន KFA បញ្ជាក់ថា៖ «មូលហេតុតំបន់ជាប់មាត់ទន្លេ ពិសេសតំបន់ជ្រោយចង្វាមានសក្ដានុពលសម្រាប់ការអភិវឌ្ឍ និងការរស់នៅ ព្រោះតំបន់នោះមានហេដ្ឋារចនាសម្ព័ន្ធល្អទៅហើយ វាក៏ជាតំបន់ដែលមានហុងស៊ុយល្អ មានទាំងទន្លេ ខ្យល់អាកាសត្រជាក់ដែលជាអំណោយផលដល់អ្នករស់នៅទីនោះអាចទទួលយកបានការរស់នៅបែបធម្មជាតិ ប្រកបដោយផាសុកភាព និងភាពសប្បាយរីករាយក្នុងសង្គមគ្រួសារ»៕

  • កម្ពុជាជិតផុតកូតានាំសម្លៀកបំពាក់ទៅអឺរ៉ុប ថៅកែរោងចក្រចាប់ផ្តើមដើរចេញបណ្តើរៗ

    កម្ពុជាជិតផុតកូតានាំសម្លៀកបំពាក់ទៅអឺរ៉ុប ថៅកែរោងចក្រចាប់ផ្តើមដើរចេញបណ្តើរៗ

    ភ្នំពេញ៖ លំហូរវិនិយោគផ្ទាល់ពីបរទេស(ថៅកែរោងចក្រ)ទៅក្នុងវិស័យកាត់ដេរបានធ្លាក់ចុះប្រមាណជា30% ក្នុងឆមាសទី1 ឆ្នាំ2017នេះ បើធៀបនឹងការធ្លាក់ចុះក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ2016ដែលមានត្រឹម5%ប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាចំពោះវិស័យកាត់ដេរ។

    របាយការណ៍បានបង្ហាញថា ការនាំចេញសម្លៀកបំពាក់ពីកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបប្រចាំឆមាសទី1 ឆ្នាំ2017បានធ្លាក់ចុះមកនៅត្រឹម4% ខណៈដែលឆមាសទី1 ឆ្នាំ 2016 កន្លងទៅ ការនាំចេញមានកំណើនដល់ទៅ 9% ឯណោះ។ ក្នុងនោះការនាំចេញទៅកាន់ទីផ្សារអាមេរិកធ្លាក់ចុះប្រមាណជា 2.3% ប៉ុន្តែកំណើនការនាំចេញទៅកាន់ប្រទេសអង់គ្លេស កាណាដា និងជប៉ុន នៅមានភាពល្អប្រសើរជាងមុនបន្តិច។

    ការធ្លាក់ចុះនេះបណ្តាលមកពីកត្តាមួយចំនួនដូចជា 1.ការកើនឡើងនៃការប្រកួតប្រជែងនាំសម្លៀកបំពាក់ចេញពីប្រទេសនៅក្នុងតំបន់ ជាពិសេសប្រទេសវៀតណាម មីយ៉ាន់ម៉ា គួបផ្សំនឹងកត្តាខាងក្នុងដូចជាការដំឡើងប្រាក់ឈ្នួលអប្បបរមា(ប្រាក់ឈ្នួលខ្ពស់)ដែលធ្វើឱ្យតម្លៃដើមផលិតកើនឡើងជាដើម និង 2. ការថយចុះនៃភាពទាក់ទាញវិនិយោគក្នុងវិស័យនេះ ដោយសារកម្ពុជានឹងលែងទទួលបានការអនុគ្រោះពន្ធពីសហភាពអឺរ៉ុបក្នុងរយៈពេល3ឆ្នាំជាប់ៗគ្នាខាងមុខ បន្ទាប់ពីប្រទេសកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប។ ក្នុងឆមាសទី1នេះការនាំចេញសម្លៀកបំពាក់មានសមាមាត្រ 67% នៃការនាំចេញក្រោមប្រព័ន្ធអនុគ្រោះ ថយចុះពី 74% និង28%រៀងគ្នា ខណៈដែលសមាមាត្រនាំចេញទៅកាន់ទីផ្សារជប៉ុនមានកំណើនទ្វេដងក្នុងរយៈពេល2ឆ្នាំចុងក្រោយរហូតដល់ 14% នៃការនាំចេញសរុបក្នុងវិស័យនេះ។

    គួរកត់សម្គាល់ថា ស្ថិតក្នុងស្ថានភាពដែលសេដ្ឋកិច្ចពិភពលោកកំពុងងើបឡើង ការនាំចេញវិស័យកាត់ដេរនៃប្រទេសជិតខាងបានកើនឡើងខ្ពស់ដូចជា កំណើននៃការនាំចេញសម្លៀកបំពាក់របស់ប្រទេសវៀតណាមកើនឡើងខ្ពស់រហូតដល់ 11.2% ជាពិសេសការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកដែលជាទីផ្សារធំជាងគេរបស់វៀតណាម ខណៈដែលការនាំចេញរបស់កម្ពុជាមានកំណើនយឺតជាងមុន ដោយសមាមាត្រនៃការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកបានថយចុះជាបន្តបន្ទាប់ចាប់ពីឆ្នាំ 2011 មក៕

  • នៅពេលភរិយាមានសេចក្តីសុខ ស្វាមីរឹតតែមានសេចក្តីសុខខ្លាំងជាងទៅទៀត

    នៅពេលភរិយាមានសេចក្តីសុខ ស្វាមីរឹតតែមានសេចក្តីសុខខ្លាំងជាងទៅទៀត

    អ្វីទៅដែលធ្វើឱ្យបុរសរៀបការហើយមានសេចក្តីសុខ? មានលទ្ធផលនៃការស្រាវជ្រាវថ្មីមួយបានបង្ហាញឱ្យដឹងថា រឿងនោះវាអាស្រ័យលើមនុស្សដែលជាភរិយាថា តើនាងមានសេចក្តីសុខឬទេ?

    ក្រុមអ្នកស្រាវជ្រាវមកពីមហាវិទ្យាល័យ រ៉ាត់ជើរ៍ និងមហាវិទ្យាល័យ មិឈិហ្គែន បានធ្វើការជំរឿនគូអាពាហ័ពិពាហ៍ជិត 400 គូដែលរៀបការជាមធ្យមក្នុងអាយុ 38 ឆ្នាំ ដោយក្រុមគោលដៅទាំងនោះត្រូវឆ្លើយនឹងសំណួរពាក់ព័ន្ធនឹងក្តីពេញចិត្តក្នុងជីវិតគូ។

    លទ្ធផលនៃការស្រាវជ្រាវបានរកឃើញថា នៅពេលកម្រិតក្តីពេញចិត្តក្នុងជីវិតគូរបស់ភរិយាឡើងខ្ពស់ជាងកម្រិតមធ្យម ស្វាមីក៏មានសញ្ញាថានឹងមានសេចក្តីសុខច្រើនជាងនោះទៅទៀត តែក្នុងផ្លូវផ្ទុយគ្នាវិញ នៅពេលស្វាមីមានសេចក្តីសុខខ្លាំងក្នុងជីវិតក្រោយការរៀបការ ភរិយាបែរជាមើលទៅហាក់ដូចជាមានសេចក្តីសុខត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ។

    អ្នកស្រាវជ្រាវអធិប្បាយថា លទ្ធផលនៃការពិនិត្យបានធ្វើឱ្យមើលឃើញនូវការពិតថា នៅពេលភរិយាពេញចិត្តជាមួយនឹងការរៀបការ និងជីវិតបន្ទាប់ពីអាពាហ៍ពិពាហ៍នោះ នាងមានទំនោរក្នុងការធ្វើអ្វីដើម្បីផ្គាប់ចិត្តស្វាមីច្រើនឡើង ដែលវានឹងហុចផលវិជ្ជមានដល់ជីវិតរបស់ស្វាមី។

    អ្នកស្រាវជ្រាវបានបញ្ជាក់ថា សេចក្តីពេញចិត្តក្នុងជីវិតអាពាហ័ពិពាហ៍ នឹងនាំឆ្ពោះទៅរកជីវិតគូដែលស្ថិតស្ថេរយូរអង្វែង ដែលនឹងជួយការពារបញ្ហាការឈឺចាប់ខាងផ្លូវចិត្តដែលកើតពីភាពតានតឹងធុញថប់ក្នុងជីវិត ហើយនឹងជួយគូអាពាហ៍ពិពាហ៍ឱ្យអាចចាត់ការឧបសគ្គផ្សេងៗក្នុងជីវិតបានទៀតផង៕
    ដោយ ៖ អ្នកគ្រូ ឆវី

  • ឥណទានអម្រឹត មានកំណើន 11% ក្នុងរយៈពេល 6ខែ

    ឥណទានអម្រឹត មានកំណើន 11% ក្នុងរយៈពេល 6ខែ

    ភ្នំពេញៈ ការផ្តល់ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានានៅតែរក្សាបានកំណើនល្អប្រសើរ ជាក់ស្តែងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតសម្រេចបានកំណើន11ភាគរយក្នុងដំណាច់ឆមាសទី1ឆ្នាំនេះធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

    អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត លោក ជា ផល្លារិន បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី27 កក្កដានេះថា ស្ថានភាពនៃឥណទានរបស់យើងនៅឆ្នាំនេះនៅតែរក្សាបានកំណើនល្អ ដោយទំហំទឹកប្រាក់បានកើនពី594លានដុល្លារកាលពីដំណាច់ឆ្នាំមុនដល់630លានដុល្លារនៅដំណាច់ត្រីមាសទី2ឆ្នាំនេះ ស្មើនឹងកំណើន11ភាគរយ និងប្រាក់បញ្ញើបានកើនពី283លានដុល្លារកាលពីដំណាច់ឆ្នាំមុនមកដល់330លានដុល្លារនៅដំណាច់ឆមាសទី1ឆ្នាំនេះ។

    លោកបន្តថា កម្រិតនៃឥណទានរបស់យើងមិនមានបញ្ហានោះទេទោះបីជាដ្ឋាភិបាលកំណត់ពិដានការប្រាក់ក្តី ប៉ុន្តែយ៉ាងណាក៏ដោយសម្រាប់ស្ថាប័នរបស់លោកមិនប្រឈមមុខនឹងកង្វះទុនសម្រាប់ធ្វើប្រតិបត្តិការនោះទេ។

    លោក ជា ផល្លារិន បានបន្តថា “ទោះជាមានបញ្ហាខ្លះក្តី ប៉ុន្តែយើងអាចយកប្រាក់ចំណេញពីផ្នែកផ្សេងទៀតមកប៉ះប៉ូវបាន ហើយយើងកំពុងពង្រឹងបុគ្គលិករបស់យើងឲ្យកាន់តែមានសមត្ថភាពដើម្បីធ្វើឲ្យប្រាកដថា ឥណទានដែលយើងបានបញ្ចេញទៅជាឥណទានមានគុណភាព។ សម្រាប់អម្រឹតមិនមានបញ្ហាទេ ប្រសិនជាស្ថិតក្នុងស្ថានភាពដូចសព្វថ្ងៃនេះ”៕

  • យូហ្កា ដើម្បីសុខភាព និងមិត្តភាព

    យូហ្កា ដើម្បីសុខភាព និងមិត្តភាព

    ក្រុមយុវជន WE MYGS (វីមិកហ្ស) បាននឹងកំពុងរៀបចំកម្មវិធីហាត់ យូហ្កា សម្រាប់យុវជនកម្ពុជាទូទាំងរាជធានីភ្នំពេញ។
    បច្ចុបប្បន្ននេះ កម្មវិធីហាត់យូហ្កាបានមកដល់ទីតាំងថ្មីមួយទៀតហើយ គឺនៅមជ្ឈមណ្ឌលយូហ្កា AZAHAR Foundation ក្បែរផ្សារទំនើប អីអន។

    អត្ថប្រយោជន៍ទទួលបាន
    – ទទួលបាននូវបច្ចេកទេសយ៉ាងសុក្រិតក្នុងការថែទាំសុខភាព
    – ទទួលបាននូវគន្លឹះដើម្បីឲ្យដងខ្លួនស្លីម និងរាងកាយគួរជាទីពេញចិត្ត
    – ជួយឱ្យដំណកដង្ហើមបានល្អ និងសម្រួលសម្ពាធឈាម
    – កាត់បន្ថយស្ត្រេស ភាពនឿយហត់
    – ជួយឲ្យស្មារតីស្រស់ថ្លា និងស្វាហាប់ រហ័សរិហួន
    – ធ្វើឲ្យអ្នកក្លាយជាមនុស្សដែលមានឥរិយាបថ និងអត្ដចរិកល្អ
    – ទទួលបានភេសជ្ជៈប៉ូការីស្វេតញាំដោយឥតគិតថ្លៃ
    – ទទួលបានអាវយឺតដ៍ស្រស់ស្អាតចំនួន 1សម្រាប់ម្នាក់ៗ

    សូមមកចុះឈ្មោះនៅ សាកលវិទ្យាល័យ_បញ្ញាសាស្រ្តកម្ពុជា (PUC) ទាំងពីរសាខា (សាខាបណ្តោយផ្លូវនរោត្តម និងសាខាមុខវត្តបទុម) ឬ https://docs.google.com/forms/d/14TGljWbhnzXQKEjdaqfpwsDs6NqtmTgvIrgA4x_TNvo/edit

    កាលបរិច្ឆេទ
    សប្ដាហ៍ទី4 ថ្ងៃ សុក្រ – សៅរិ៍ – អាទិត្យ ទី 28 – 29 – 30 កក្កដា 2017

    ពេលវេលា 5:30 – 6:30 ល្ងាច
    ទីតាំង ក្លឹបហាត់យូហ្គា AZAHAR Foundation BBK (ក្រោយវត្តស្វាយពពែ ក្បែរ អីអន ម៉ល)
    ទំនាក់ទំនង 092 41 43 55 / 093 696 972 / [email protected]