Author: វល័ក្ខ

  • អៀង លីនដា៖ យុវជន​ឆ្នើម ​គឺជាអ្នកដែលមាន​គំនិត​ផ្តួចផ្តើមសម្រាប់អ្វីដែល​ថ្មី

    អៀង លីនដា៖ យុវជន​ឆ្នើម ​គឺជាអ្នកដែលមាន​គំនិត​ផ្តួចផ្តើមសម្រាប់អ្វីដែល​ថ្មី

    សង្គម​ និង​យុវជន​ប្រៀប​បាន​ទៅនឹង​បេះដូង ​និង​សរសៃ​ឈាម​ដែល​តភ្ជាប់​គ្នា​ឥត​ដាច់​ក្នុងការ​ទ្រទ្រង់​ដំណើរការ​នៃ​ការអភិវឌ្ឍ​សង្គម​ជាតិ​ឱ្យមាន​ភាព​ល្អ​ប្រសើរ​ឡើង។ ភាពជា​យុវជន​ឆ្នើម​មាន​សារៈ​សំខាន់​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​សង្គម​ ព្រោះ​គុណភាព​នៃ​ធនធាន​មនុស្ស គឺ​ប្រៀបបាន​ទៅ​នឹង​ទ្រព្យ​សម្បត្តិ​មហាសាល​ដែល​អាច​ប្រើប្រាស់​បាន​ដោយ​មិន​ចេះរីងស្ងួត។ កាលណា​ប្រ​ទេស​​ជាតិ​មួយ​មាន​ភាព​សម្បូរ​បែប​ទៅ​លើ​យុវជន​ឆ្នើម​នោះ​ពិតជា​ធ្វើ​ឱ្យ​សង្គម​ជាតិ​មាន​កម្លាំង​ស្នូល​ប្រកប​ទៅ​ដោយ​គុណភាព​ខ្ពស់​ក្នុង​ការ​ផលិត​នូវ​សមិទ្ធផល​គំនិត​យ៉ាង​សម្បូរ​បែប​ក្នុងការ​ជំរុញ​ដល់​សង្គម​ឱ្យ​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ។

    កញ្ញា អៀង លីនដា គ្រូបង្វឹកនៃ​កម្មវិធី The Perspectives Cambodia និងជាម្ចាស់​ពាន​រង្វាន់​អ្នក​បន្ត​វេន​រដូវ​កាល​ទី3 នៃ​វិទ្យាស្ថាន​សាធាណរដ្ឋ​អន្តរជាតិ(IRI) បាន​បង្ហាញ​ថា ភាពជា​យុវជន​ឆ្នើម​ត្រូវតែ​ជា​មនុស្ស​ដែល​រឹងមាំ​ហើយ​ហ៊ាន​ធ្វើការ​សម្រេច​ចិត្ត​សម្រាប់​ជា​គំរូ​ដល់​អ្នក​ដទៃ។ លក្ខណៈ​ពិសេស​មួយទៀត​សម្រាប់​យុវជន​ឆ្នើម ​គឺមាន​គំនិត​ផ្តួចផ្តើម​សម្រាប់​អ្វីដែល​ថ្មី ហើយ​មាន​ប្រយោជន៍​សម្រាប់​​អភិវឌ្ឍ​ដូចជា​ការលើក​ទឹកចិត្ត​ឱ្យ​ស្ត្រី​ចូលរួម​នៅក្នុង​វិស័យ​ដឹកនាំ​ ឬ​ផ្លាស់ប្តូរ​ការ​គិត​អវិជ្ជមានសម្រាប់​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​ជាដើម។ សម្រាប់​យុវជន​ជា​ពិសេស​ស្ត្រី​កម្ពុជា​ត្រូវ​តែ​ហ៊ាន​ធ្វើ​អ្វីដែល​ខ្លួន​គិតថា​អាច​ធ្វើ​បាន​បើ​ទោះ​បី​ជា​មាន​បុគ្គល​ខ្លះ​គិតថា​​មិន​អាច​ធ្វើបាន​ក៏​ដោយ​អ្វីដែល​សំខាន់​គឺ​ចាប់ផ្តើម​សម្រេច​វា​ឱ្យបាន​ដោយ​ភាពជឿជាក់​លើ​ខ្លួនឯង។

    កញ្ញា​ លីនដា បាន​បង្ហាញ​ថា៖ «ខ្ញុំ​ធ្លាប់​ត្រូវ​គេ​រិះគន់ថា​ជា​ក្មេងស្រី​ដែល​មាន​មាឌ​ល្អិតហើយទាបគ្មាន​ក្រុមហ៊ុន​​ណា​គេ​ជ្រើសរើស​ឱ្យ​ធ្វើ​ការ​នោះទេ​កុំថា​ឡើយ​ស្រមៃ​ចង់​ក្លាយជា​មេដឹកនាំ តែខ្ញុំនៅតែ​ជម្នះ​គំនិតទាំងអស់នោះដោយការខិតខំប្រឹងប្រែង ហើយបង្ហាញពីលទ្ធផលវិជ្ជមានជាក់ស្តែង​ទៅកាន់មនុស្សគ្រប់គ្នា»។

    ម្ចាស់ពានរង្វាន់ និងជាអ្នកជំនាញ​និយាយសាធារណៈខាងលើ បានលើកឡើងផងដែរថាការដែលកញ្ញា ចូលរួមក្នុងសកម្មភាពសង្គម និងគ្រប់គ្រងគម្រោងមួយចំនួន​គឺដើម្បីបង្ហាញឱ្យឃើញពី​ភាពវិជ្ជមានមួយសម្រាប់ស្ត្រីកម្ពុជា ថាទោះបីជាក្នុងកាលៈទេសៈណាក៏ដោយ ការមានទំនុកចិត្តលើខ្លួនឯង ហើយចាប់ផ្តើមធ្វើនូវអ្វីដែលថ្មីប្រកបដោយភាពត្រឹមត្រូវនឹងអាចធ្វើឱ្យយើងទទួលបានជោគជ័យទាំងក្នុងការសិក្សា និងការងារ៕

     

  • ក្រុមហ៊ុនផ្ដល់សេវាអ៊ិនធើណេតចំនួន 3 ត្រូវបាន(ន.ទ.ក)លុបអាជ្ញាប័ណ្ណ

    ក្រុមហ៊ុនផ្ដល់សេវាអ៊ិនធើណេតចំនួន 3 ត្រូវបាន(ន.ទ.ក)លុបអាជ្ញាប័ណ្ណ

    ក្រុមហ៊ុនចំនួន 3 ត្រូវបាននិយតករទូរគមនាគមន៍កម្ពុជា (ន.ទ.ក)លុបអាជ្ញាប័ណ្ណប្រតិបត្ដិការផ្ដល់សេវាទូរគមនាគមន៍ក្នុងទីផ្សារកម្ពុជា ខណៈក្រុមហ៊ុនទាំងនោះធ្វើខុសនឹងលក្ខន្តិកៈបុគ្គលិក និងបទបញ្ជាផ្ទៃក្នុង។

    ន.ទ.ក បានធ្វើសេចក្ដីសម្រេចស្ដីពីការលុបចោលអាជ្ញាប័ណ្ណដែលបានផ្តល់ជូនក្រុមហ៊ុនចំនួន3 រួមមាន៖ លុបអាជ្ញាប័ណ្ណប្រតិបត្ដិការផ្ដល់សេវាទូរគមនាគមន៍តាមប្រព័ន្ធ VSAT ចុះថ្ងៃទី19 ខែមីនា ឆ្នាំ2015 ដែលបានផ្ដល់ជូនក្រុមហ៊ុន Acumen Cambodia Co., Ltd. និងក្រុមហ៊ុន E-Cloud Co., Ltd ប្រតិបត្ដិការផ្ដល់សេវាអ៊ិនធើណេត(ISP) និងអាជ្ញាប័ណ្ណប្រតិបតិ្ដការសេវាសំឡេងតាមរយៈពិធីការអ៊ិនធើណេត(VoIP) ចុះថ្ងៃទី27 ខែមេសា ឆ្នាំ2015 ហើយចុងក្រោយគេ គឺសម្រេចលុបអាជ្ញាប័ណ្ណប្រតិបត្ដិការផ្ដល់សេវាអ៊ិនធើណេត(ISP) និងអាជ្ញាប័ណ្ណប្រតិបតិ្ដការសេវាសំឡេងតាមរយៈពិធីការអ៊ិនធើណេត (VoIP) ចុះថ្ងៃទី02 ខែតុលា ឆ្នាំ2006 ដែលបានផ្ដល់ជូនក្រុមហ៊ុន G-Tell (Cambodia) Investment Group Co., Ltd. (MEGA)។ និយតករទូរគមនាគមន៍កម្ពុជា មិនបានបញ្ជាក់បន្ថែមពីផ្សេងទៀតទេ អំពីដំណើរការនៃរឿងរ៉ាវដែលរហូតឈានដល់ការលុបអាជ្ញាប័ណ្ណប្រតិបត្ដិការទាំងនេះ៕

  • ចិត្តសាស្ត្រទំនាក់ទំនង បង្កើនគុណភាពជីវិតរបស់ប្រជាជនខ្មែរ

    ចិត្តសាស្ត្រទំនាក់ទំនង បង្កើនគុណភាពជីវិតរបស់ប្រជាជនខ្មែរ

    គ្មានមនុស្សណាម្នាក់អាចរស់នៅតែម្នាក់ឯងបានទេនៅលើលោកយើងនេះ ហេតុនេះមនុស្សកើតមកជាមួយនឹងទំនាក់ទំនង តាំងពីដើមរហូតមកដល់បច្ចុប្បន្ន។ ទំនាក់ទំនងមានសារៈសំខាន់ណាស់ ព្រោះប្រសិនបើ​មនុស្សបង្កើតទំនាក់ទំនងល្អ វានឹងផ្តល់ផលវិជ្ជមាន​មកដល់ខ្លួនយើងយ៉ាងច្រើន ដូចជាសុភមង្គលក្នុងគ្រួសារ ភាពជោគជ័យក្នុងការងារ អាជីវកម្ម និងក្នុងសង្គម តែប្រសិនបើ​យើងមិនមានការប្រុងប្រយ័ត្ន ហើយបណ្តោយឱ្យគ្រប់ទំនាក់ទំនងកើតឡើងដោយភាពមិនល្អវិញ វានឹងអាចបំផ្លាញជីវិតរបស់យើងឱ្យជួបវិបត្តិម្តងហើយម្តងទៀតជាក់ជាមិនខាន។

    ដោយមើលឃើញពីគុណសម្បត្តិនៃការ​ទំនាក់ទំនងនេះហើយ ទើប​ក្រុមយុវជនមួយដែលមានឈ្មោះថា Daily Plus បានបង្កើត​កម្មវិធីបណ្តុះបណ្តាលមួយដែលមានឈ្មោះថា «ចិត្តសាស្រ្តទំនាក់ទំនង» ដើម្បី​ជាទុននៃការពិចារណា ក៏ដូចជាចំណេះដឹង​សម្រាប់ប្រជាជនកម្ពុជាឱ្យ​បង្កើតទំនាក់ទំនងកាន់តែល្អឡើង។

    លោក ពេជ្រ វិសាល ស្ថាបនិករបស់ Daily Plus បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលស្តីពី «ចិត្តសាស្ត្រទំនាក់ទំនង» ត្រូវបានបង្កើតឡើង​ក្នុងគោលបំណង​ផ្តល់ឱកាសឱ្យយុវជន អាចអភិវឌ្ឍ​ខ្លួនឯង​លើផ្នែកទំនាក់ទំនង​ដើម្បីឈានទៅដល់ភាពជាបុគ្គលដែលពោរពេញទៅដោយសមត្ថភាពសម្រាប់ចូលរួមចំណែកជួយដល់សង្គមរបស់យើងទាំងអស់គ្នា។

    លោក វិសាល បានលើកឡើងថា៖ «តាមរយៈសិក្ខាសាលានេះ យុវជន​នឹងមានសមត្ថភាពក្នុងការទំនាក់ទំនងតាមរយៈការទទួលយកចំណេះដឹង គន្លឹះសំខាន់ៗ និងបទពិសោធ​តាមរយៈ​គ្រូបង្វឹក​ដែលមានជំនាញ និងជោគជ័យ​ក្នុងអាជីវកម្ម»។​

    វាគ្មិនដែលបានចូលរួមក្នុងវេទិកាយ៉ាងមានសារៈសំខាន់នេះ មានដូចជាលោកឧកញ៉ា ជា ដែន អគ្គនាយក​ក្រុមហ៊ុនសម្ព័ន្ធ វ៉ា​ន់ សុភី គ្រុប លោកឧកញ៉ា តាំង ណាំស្រ៊ុន អគ្គនាយក​ក្រុមហ៊ុន ហង្សនាគ និងលោក កែវ ឡង់ឌី នាយក​អភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន Baby Outlet Cambodia៕

  • សញ្ញាបត្រ​ដែល​គ្មាន​គុណភាព គ្មាន​ប្រយោជន៍​សម្រាប់​ប្រទេសមួយ​នេះ​ទេ

    សញ្ញាបត្រ​ដែល​គ្មាន​គុណភាព គ្មាន​ប្រយោជន៍​សម្រាប់​ប្រទេសមួយ​នេះ​ទេ

    ការអភិវឌ្ឍ​លើ​វិស័យ​ធនធានមនុស្ស​ជា​កត្តា​ចម្បង​មួយ​នៅក្នុង​ចំណោម​កត្តាសំខាន់ៗទាំងឡាយ​ដែល​រដ្ឋាភិបាល​កម្ពុជា​ចាត់ទុកថា ជា​មុខព្រួញ​សំខាន់​ដែល​អាចជួយ​ទ្រទ្រង់​ដល់​កំណើនសេដ្ឋកិច្ច​ខណៈ​ពេល​ប្រទេស​កម្ពុ​ជាមាន​ចក្ខុវិស័យ​ចង់​ក្លាយខ្លួន​ទៅជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ2030ហើយនឹង​ឈានទៅ​ជា​ប្រទេស​អភិវឌ្ឍន៍​ក្នុង​ឆ្នាំ2050។

    ពាក់ព័ន្ធ​ទៅនឹង​សារៈសំខាន់​របស់​គុណភាព​យុវជន​នៅក្នុង​ដំណើរការ​អភិវឌ្ឍន៍​នេះ ឯកឧត្តម​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី​នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បានឱ្យដឹងថា ការពង្រឹង​គុណភាព​ធ​ន​ធាន​មនុស្ស​ជា​កត្តា​សំខាន់​មួយ​ដែល​ក្រសួង​ត្រូវធ្វើ​កំណែទម្រង់​ដើម្បី​អាចធ្វើឱ្យ​ពួកគេ​ក្លាយជា​ធនធាន​ដែលមាន​សក្តានុពល​សម្រាប់​ទាក់ទាញ​ពាណិជ្ជករ​បរទេស​ឱ្យ​ចូលមក​វិនិយោគ​នៅ​កម្ពុជា។

    ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន មានប្រសាសន៍ថា៖ «បើ​មានតែ​សញ្ញាបត្រ​គ្មាន​សមត្ថភាព​វា​គ្មាន​ន័យ​អ្វី​ទេ​ព្រោះ​អ្នកទទួល​សញ្ញាបត្រ​គ្មាន​សមត្ថភាព​ទាំងនោះ​នឹង​ជួប​ការលំបាក​នៅពេលដែល​ពួកគេ​មិនអាច​រក​ការងារ​ធ្វើ​នៅក្នុង​ទីផ្សារសេរី​បាន»។

    ឯកឧត្តម​បានលើកឡើង​ថា ក្រសួង​នឹង​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ធ្វើយ៉ាងណា​ធានាថា​យុវជន​កម្ពុជា​ត្រូវតែមាន​គុណភាព។ តាមរយៈ​ការ​រឹតបន្តឹង​ការប្រឡងសំខាន់ៗនានា​ដូចជា​ការប្រឡង​បាក់​ឌុប​ជាដើម គឺ​ទាល់តែ​អ្នកចេះ​ពិតប្រាកដ​ទើប​ជាប់ ហេតុនេះ​យុវជន​កម្ពុជា​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​លទ្ធភាព​ដើម្បី​ទទួលយក​ការអប់រំ និង​ច្នៃ​ខ្លួនឯង​ឱ្យក្លាយ​ជា​ធនធាន​យ៉ាង​មានតម្លៃ​សម្រាប់​សង្គម​កម្ពុជា៕

  • ទីបំផុត Apple ព្រមទូទាត់សំណងឱ្យ Nokia

    ទីបំផុត Apple ព្រមទូទាត់សំណងឱ្យ Nokia

    ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple បានព្រមទូទាត់សំណងទឹកប្រាក់ 2 ពាន់លានដុល្លារទៅក្រុមហ៊ុន Nokia ហើយ ដើម្បីបញ្ជប់រឿង ក្រោយការប្ដឹងលើបទល្មើសប៉ាតង់ចំនួន 32 ប្រភេទ នៅសហរដ្ឋអាមេរិក និងអាល្លឺម៉ង់កាលពីខែធ្នូ ឆ្នាំ2016កន្លងមក។

    ក្នុង​របាយការណ៍​ហិរញ្ញវត្ថុ Nokia បានបូកបញ្ជូលទឹកប្រាក់ដែលទទួលបានពី​ការ​សង​ជំងឺ​ចិត្តរបស់ Apple សម្រាប់​ត្រីមាស​ទី​2​ ឆ្នាំ​2017។ ការព្រមសងជំងឺចិត្តនេះ គឺជាផ្នែកមួយនៃការចរចារវាង Nokia និង Apple កាលពីខែឧសភា បន្ទាប់ពីធ្លាប់ជួបពិភាក្សាគ្នាម្ដងហើយ តែមិនរលូនដោយ​សារតែ Nokia ទារតម្លៃលើកម្មសិទ្ធិបញ្ញានេះលើសពីអ្វីដែល Apple ចង់បាន ទើបនាំឱ្យមានការប្ដឹងផ្ដល់កើតឡើងបែបនេះ តែទីបំផុត Apple ក៏យល់ព្រមសង៕

     

  • ផប រចនា ក្រោយជួបប្រុសៗមានបំណងមិនល្អ ចង់ញ៉ាករឿងស្នេហា

    ផប រចនា ក្រោយជួបប្រុសៗមានបំណងមិនល្អ ចង់ញ៉ាករឿងស្នេហា

    ចាប់តាំងពីកញ្ញា សយ រចនា ដែលមានឈ្មោះក្នុងសិល្បៈថា ផប រចនា ចូលប្រឡូកក្នុងវិថីសិល្បៈ និងទទួលបានការគាំទ្រពីមហាជនច្រើនគួរសមមក តារាសម្ដែងរូបនេះបានផ្លាស់ប្ដូរការតុបតែងខ្លួនយ៉ាងស្រស់ស្អាតបង្អួតសម្រស់ដល់ទស្សនិកជន។ ស្របពេលជាមួយគ្នានេះមានការពាក្យលេចឮថា នាងមានសង្សារសំណព្វចិត្ដដែលកំពុងតែស្រឡាញ់គ្នាយ៉ាងខ្លាំង។

    កញ្ញា រចនា បានទទួលស្គាល់ថា កន្លងមកមានអ្នកស្រឡាញ់ និងចូលចិត្ដនាងច្រើនរហូតធ្លាប់មានការមើលចិត្ដមើលថ្លើមគ្នាទៀតផង ប៉ុន្ដែអ្នកដែលមកស្រឡាញ់នាងសុទ្ធតែមានបំណងលេងសើចជាមួយនាង។ នាងបញ្ជាក់ថា៖ «បច្ចុប្បន្ននេះខ្ញុំអត់ឡូកឡំនឹងរឿងស្នេហាទៀតទេ តែកាលពីពេលមុនធ្លាប់មានអ្នកស្រឡាញ់មែន មិនតែប៉ុណ្ណោះពួកយើងធ្លាប់បានសិក្សាមើលចិត្តគ្នាផងដែរ តែក្រោយពីធ្លាប់ទៅណាមកណាជាមួយគ្នាម្ដងពីរដងរួចមក ខ្ញុំមើលទៅគេហាក់មានគំនិតមិនល្អជាមួយខ្ញុំ ទើបខ្ញុំសម្រេចចិត្ដដកខ្លួនចេញតែម្ដងទៅ»។

    បើទោះជាមានរឿងបែបនេះកើតឡើងលើរូបនាងក៏ដោយ ក៏នាងពុំចាត់ទុកថា ខ្លួនជាមនុស្សអភ័ព្វស្នេហ៍ព្រោះតែជួបសុទ្ធតែប្រុសៗចង់បោកប្រាស់នោះដែរ នាងចាត់ទុកថា ជារឿងធម្មតានៅក្នុងជីវិតដែលគ្មាននរណាម្នាក់អាចមើលឃើញ។ នាងក៏បានបញ្ជាក់ពីគោលជំហរថា នាងលែងចង់សាកល្បងរឿងស្នេហាទៀតហើយ ទុកឱ្យពេលវេលាដើរទៅមុខយូរបន្ដិចសិន។ ម្យ៉ាងនាងពុំទាន់មើលឃើញថា មានបុរសណាម្នាក់គួរជាទីទុកចិត្ដទេ ម្ល៉ោះហើយនាងទុកពេលវេលាធ្វើការងារក្នុងសិល្បៈឱ្យទទួលបានការគាំទ្រ និងប្រជាប្រិយភាពខ្លាំងសិនទើបគិតគូររឿងនេះជាថ្មី ទើបប្រសើរជាង។

    តារាសម្ដែងរូបនេះបានថ្លែងទាំងសប្បាយចិត្ដថា សព្វថ្ងៃជីវិតក្នុងសិល្បៈរបស់នាងចាប់ផ្ដើមមានពន្លឺហើយ ខណៈនាងទទួលបានការសម្ដែងជាង10រឿងមកហើយ ក្នុងនោះបើទោះជានាងពុំបានសម្ដែងជាតួឯកស្រីក៏ដោយ ក៏មានភាពប្រដំប្រសងទៅនឹងតួឯកស្រីដែរ។ កញ្ញារចនា បញ្ជាក់ថា នាងកំពុងតែរំពឹងលើរឿង«បី្ដម៉ែទេកូន»ដែលគ្រោងនឹងថតនាពេលខាងមុខ ដែលក្នុងនោះនាងសម្ដែងជាតួអង្គស្រីម្នាក់ដែលកាចឆ្នាស់ឆ្នើម និងមានល្បិចពិសពុល។ នាងបន្ដថា៖«ទោះបីជារឿងនេះជារឿងបុរាណក៏ដោយ ប៉ុន្ដែក្រោយពីរឿងនេះចាក់បញ្ចាំងនឹងមានទស្សនិកជនស្គាល់ខ្ញុំកាន់តែច្បាស់មិនខាន»៕

  • ផ្សារទំនើបខ្នាតយក្សមួយទៀតមកពីកូរ៉េខាងត្បូងត្រៀមដំណើរការនៅកម្ពុជា

    ផ្សារទំនើបខ្នាតយក្សមួយទៀតមកពីកូរ៉េខាងត្បូងត្រៀមដំណើរការនៅកម្ពុជា

    ភ្នំពេញ៖ បន្ទាប់ពីមានវត្តមានផ្សារទំនើបល្បីៗបានមកបណ្តាក់ទុនជាបន្តបន្ទាប់នៅកម្ពុជាដូចជា ផ្សារ AEON​ ផ្សារ Makro Cambodia ដែលបាននិងកំពុងមានការគាំទ្រពីប្រជាពលរដ្ឋខ្មែរយ៉ាងខ្លាំងនោះឥឡូវនេះផ្សារទំនើបខ្នាតយក្សដែលជាប់កំណត់ត្រាពិភពលោកប្រសើរបំផុតបានត្រៀមចូលមកដំណើរការនៅលើទីផ្សារកម្ពុជាមួយទៀតហើយ។

    កាលពីម្សិលមិញនេះផ្សារទំនើបខ្នាតយក្ស EMART ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន Shinsegac Group នៃសាធារណរដ្ឋកូរ៉េតំណាងដោយលោក Lee Gab Soo នាយកប្រតិបត្តិនៃក្រុមហ៊ុន EMART បានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Royal Group តំណាងដោយអ្នកឧកញ៉ា គិត ម៉េងក្រោមអធិបតីភាពឯកឧត្តម ប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មដើម្បីត្រៀមដំណើរការនៅកម្ពុជា។

    ថ្លែងក្នុងពិធីនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍​ថា អនុស្សារណៈ​យោគ​យល់នេះគឺ តំណាងឱ្យវឌ្ឍនភាពថ្មីនៃទំនាក់ទំនងសេដ្ឋកិច្រវាងព្រះ​រាជា​ណា​​ចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ដោយក្នុងរយៈពេលជាង2ទសវត្សរ៍កន្លងមកនេះកម្ពុជាបានរីករាយជាមួយនឹងផ្លែផ្កានៃកំណើនសេដ្ឋកិច្ចដែលសម្រេចបានក្នុងរង្វង់ 7% ជារៀងរាល់ឆ្នាំ។ តាមរយៈវឌ្ឍនភាពសេដ្ឋកិច្ចកម្រិតនេះបានផ្តល់ឱកាសដល់ប្រជា​ជនកម្ពុជាក្នុងការទទួលបានផលិតផល និងសេវាកម្មស្ទើរគ្រប់ប្រភេទ រួមទាំងបទពិសោធនៃការទិញទំនិញថ្មីៗដែលក្រុមហ៊ុន EMART
    នឹងផ្តល់ជូនអតិថិជនកម្ពុជាទូទាំងប្រទេស។

    ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះក្រុមហ៊ុន EMART ដែលសម្រេចបានកំណត់​ត្រាប្រសើរបំផុតក្នុងការបំពេញប្រតិបត្តិការរបស់ខ្លួនចាប់តាំងពីឆ្នាំ1990 និងមានជំនឿយ៉ាងមុតមាំថា ជាមួយនឹង​បទពិសោធរឹងមាំក្នុងការចែកចាយ និងធ្វើទីផ្សាររបស់ក្រុមហ៊ុន EMART ព្រមទាំងការដឹកនាំក្នុងវិស័យជាច្រើនរបស់ Royal Group ការចាប់ដៃគូរវាងក្រុមហ៊ុនទាំងពីរនឹងផ្តល់អត្ថប្រយោជន៍ពិតប្រាកដចំពោះទីផ្សារកម្ពុជាតាមរយៈការនាំមកនូវបទពិសោធជំនាញបណ្តាញទីផ្សារទំនើប និងកម្រិតខ្ពស់បែបច្នៃប្រឌិតព្រមទាំងឱកាសការងារដ៏សម្បូរបែបដែលនឹងរួមចំណែកដល់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ច។

    គេរំពឹងថា ក្រៅពីចូលរួមជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជាហើយនោះ ផ្សារទំនើបខ្នាតយក្ស EMART នេះអាចនឹងផ្តល់ការងារដល់ពលរដ្ឋខ្មែរបានជាច្រើននាក់ទៀត ទាំងអ្នកមានជំនាញ និងមិនមានជំនាញដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារខ្មែរយើងផងដែរ៕

  • ក្រុមហ៊ុន Arakawa ចំណាយ $24លាន ជាសំណងដល់អ្នករស់នៅអគារប៊ុលឌិងស

    ក្រុមហ៊ុន Arakawa ចំណាយ $24លាន ជាសំណងដល់អ្នករស់នៅអគារប៊ុលឌិងស

    ភ្នំពេញៈ ការពិតបើនិយាយពីរឿងទិញលំនៅដ្ឋាននៅក្នុងអគារប៊ុលឌិងស គឺបានបញ្ចប់ហើយ ប៉ុន្តែបើនិយាយពីទំហំសំណងគឺនៅតែជារឿងក្តៅគគុកមួយ ព្រោះក្រុមហ៊ុន Arakawa Co, Ltd បានចំណាយប្រាក់រហូតដល់ទៅជិត 24លានដុល្លារឯណោះ ដើម្បីទូទាត់ជាមួយអ្នករស់នៅអគារប៊ុលឌិងសនេះ។

    លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី29 កក្កដានេះថា ប្រសិនជាគិតពីទំហំដី និងតម្លៃនៃការចំណាយលើការទិញលំនៅដ្ឋានពីប្រជាពលរដ្ឋក្នុងអគារប៊ុលឌិងសគឺ តម្លៃដីនៅទីនោះមានតម្លៃរហូតដល់3,600ដុល្លារឯណោះក្នុងមួយម៉ែត្រការ៉េ ដែលគ្មានអ្នកវិនិយោគណាហ៊ានទិញវិនិយោគឡើយ។ លោកបន្តថា ប៉ុន្តែប្រធានក្រុមហ៊ុន Arakawa មិនគិតពីប្រាក់ចំណេញទេ គាត់ស្រឡាញ់ឯកឧត្តម ជា សុផារ៉ា ទើបសម្រេចចិត្តវិនិយោគ និងផ្តល់សំណងក្នុងតម្លៃដ៏ខ្ពស់បែបនេះ។

    លោកបន្តថា “គាត់ចង់ទុកកេរ្ត៍ឈ្មោះនៅកម្ពុជា ព្រោះគាត់ខ្លាចអគារនេះបាក់នាំឲ្យប្រជាជនរស់នៅក្នុងអគារនេះត្រូវស្លាប់ គឺគាត់អាណិតប្រជាជនខ្មែរ”។

    លោក សេង ឡូត បានបន្តថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនកំពុងសិក្សាឡើងវិញពីគម្រោងសាងសង់អគារថ្មីថា តើត្រូវមានសេវាកម្មអ្វីខ្លះ ដើម្បីអាចទាញយកប្រាក់ត្រឡប់មកវិញបាន។ ទំហំដីជាក់ស្តែងនៃអគារប៊ុលឌិងសមានទំហំត្រឹមតែ6,532ម៉ែត្រការ៉េប៉ុណ្ណោះ៕

     

  • PSG និង Monaco ត្រៀម​ជួប​គ្នាក្នុង​ពាន Champions Trophy នៅ​រាត្រីនេះ

    PSG និង Monaco ត្រៀម​ជួប​គ្នាក្នុង​ពាន Champions Trophy នៅ​រាត្រីនេះ

    ខ្សែប្រយុទ្ធ Neymar នឹង​​មិនមាន​វត្តមានទេ ប៉ុន្តែតា​រា​ឆ្នើម Kylian Mbappe នឹង​មាន​វត្តមាន ខណៈ​ដែល​ក្រុម
    Monaco និង Paris Saint-Germain នឹង​ត្រូវ​ជួប​គ្នា​ក្នុង​ការប្រកួត​​ដណ្តើម​​ពាន Champions Trophy
    ដែល​ជា​យុទ្ធនាការ​​បើក​រដូវកាល​ក្នុងក្រប​ខ័ណ្ឌ​បារាំងនៅលើ​ទឹក​នៃ​ប្រទេសម៉ា​រ៉ុកនៅ​រាត្រីនេះ​​។
    កីឡាករ​​ទាំង​ពីរ​កំពុង​តែ​ស្ថិត​​​ចំកណ្តាល​នៃ​ពាក្យ​ច​ចាម​អារ៉ាម​លើ​ការ​​ដោះដូរកីឡាករនៅ​រដូវក្តៅនេះ
    ស្រប​ពេល​ដែលក្លិប PSG កំពុង​តែ​ត្រៀម​លក្ខ​ខណ្ឌ​រួច​រាល់​ក្នុងការ​​ទិញ​ខ្សែ​ប្រយុទ្ធ Neymar ពីក្លិប Barcelona
    ហើយ​ក្លិប Monaco កំពុង​តែ​រក្សា​ជំហរ​របស់​ខ្លួន​ទៅ​លើ​​តា​រាឆ្នើម​វ័យ​ក្មេង Mbappe​។ ប៉ុន្តែ
    បើ​ទោះបី​មាន​ការ​លេច​ឮជាច្រើន​ថា ក្លិប PSG កំពុង​តែ​ត្រៀម​ចំណាយ​ប្រាក់​ដល់​ទៅ​​222​លាន​អឺ​រ៉ូ
    (ស្មើនឹង​261លាន​ដុល្លារ​អាមេ​រិក) ដើម្បី​​ទិញ​រំលាយ​កិច្ច​សន្យា​របស់​ខ្សែ​ប្រយុទ្ធ Neymar ក៏ដោយ
    ប៉ុន្តែតា​​រា​ឆ្នើម​អន្តរ​ជាតិ​ប្រេស៊ី​ល​រូបនេះនៅ​តែ​ស្ថិត​លើ​ទឹក​ដីសហ​រដ្ឋ​អាមេ​រិកជាមួយ​នឹងក្លិប Barcelona
    នៅឡើយនៅ​ពេលនេះ​​។ PSG នឹង​​ធ្វើ​ដំណើរ​ទៅកាន់​ការ​ប្រកួតនេះ
    ក្រោយ​ពីបាន​​ចំណាយពេល​ប្រកួតមិត្ត​ភាព​​មុន​ពេលបើក​រដូវកាល​នៅ​​លើ​ទឹក​ដី​សហ​រដ្ឋ​អាមេ​រិកហើយខ្សែ​ការ​ពារ Thiago Silva
    ដែល​ត្រូវ​បាន​ប្រធានក្លិប​បង្ខំ​​ឲ្យ​ឆ្លើយ​សំណួរ​ជាច្រើន​ទាក់​​ទងនឹងមិត្ត​​រួម​ជាតិ​ប្រេស៊ីល​របស់​គេកាល​ពីថ្ងៃ​សុក្រ​នោះ បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ដឹង​ថា វា​ពិត​ជា​សំខាន់​ណាស់ពីព្រោះ​ខ្ញុំ​បាន​លេង​ជាមួយ​នឹង​គេ​ក្នុង​កម្រិត​អន្តរ​ជាតិ​។ ប៉ុន្តែ ពេល​នេះវា​មិនមែន​ជា​ពេល​វេលា​ដ៏ល្អ​ក្នុង​ការ​ពិភាក្សា​ទៅ​លើ​បញ្ហា​នេះទេ។ យើងមាន​ការ​ប្រកួតមួយនៅថ្ងៃ​សៅរ៍
    ហើយក្រោយ​ពីការប្រកួតនេះ យើងនឹង​អាច​ធ្វើការ​ពិភាក្សា​លើ​បញ្ហា​នោះបាន​»​​។
    ខ្សែ​ការ​ពារ​រូបនេះ​បានប្រាប់​បន្ត​ថា៖ «គ្រប់​គ្នា​ដឹង​ពីអ្វី​ដែល​ខ្ញុំ​គិត​អំពី Neymar​​។ រូបគេ​ជាមិត្ត​ភក្តិ​របស់​ខ្ញុំយើង​បាន​លេង​ជា​មួយ​គ្នា​ក្នុងកម្រិតអន្តរ​ជាតិ​អស់​រយៈ​ពេល​7​ឆ្នាំ​មក​ហើយ​។
    យើង​មាន​ទំនាក់​ទំនង​យ៉ាង​បើក​​ចំហ​។ នេះ​ជា​ពេល​វេលា​ដែល​រូប​គេ​ត្រូវ​តែ​សម្រេច​ចិត្ត​»​​។
    ការ​ប្រកួត​នេះ​នឹង​ចាប់ផ្តើមនៅម៉ោង​2ទៀប​ភ្លឺ​ (ម៉ោងនៅកម្ពុជា)​៕

  • ឡូយម៉ង់! មានតែកម្មវិធីនេះ អស់បារម្ភរឿងច្បាប់ចរាចរណ៍ផ្លូវគោក

    ឡូយម៉ង់! មានតែកម្មវិធីនេះ អស់បារម្ភរឿងច្បាប់ចរាចរណ៍ផ្លូវគោក

    គ្មានអ្វីត្រូវបារម្ភទៀតទេ សម្រាប់ប្រជាពលរដ្ឋទាំងអស់ ដើម្បីបង្កើនចំណេះដឹងផ្នែកទ្រឹស្តីនៃច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចជាច្បាប់ និងលិខិតបទដ្ឋាននានា ជាមួយនឹងកម្មវិធីទូរស័ព្ទរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទើបដាក់ឱ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ។

    កម្មវិធីនេះមានឈ្មោះថា Cambodia Driving Rules ដោយត្រូវបានក្រសួង បង្កើតឡើងសម្រាប់បង្កើនចំណេះដឹងផ្នែកចរាចរណ៍ផ្លូវគោក ដែលក្នុងកម្មវិធីនេះមាន 4 ផ្នែកធំៗ។

    ទី 01 ផ្នែកទ្រឹស្ដីនៃការបើកបរ៖ ដោយនៅផ្នែកនេះ អ្នកប្រើប្រាស់អាចចូលទៅមើលច្បាប់ចរាចរណ៍ផ្លូវគោក ផ្លាកសញ្ញាចរាចរណ៍ផ្សេង វិធីសង្រោះបន្ទាន់ លក្ខណៈបច្ចេកទេសយានយន្ត ការផ្ទុកមនុស្ស និងទំនិញ រួមនឹងចំណេះដឹងទូទៅជាដើម។

    ទី 02 ផ្នែក ច្បាប់ និងលិខិតបទដ្ឋាន៖ ចំណុចនេះ ក្រសួងបានដាក់បញ្ចូលនូវច្បាប់ផ្សេងៗដែលទាក់ទងនឹងច្បាប់ចរាចរណ៍ផ្លូវគោក ការផាកពិន័យ ការគ្រប់គ្រងការកែច្នៃ ការកំណត់ល្បឿនជាដើម។

    ទី 03 ការប្រឡងសាកល្បង៖ ជាផ្នែកពិសេសមួយសម្រាប់ប្រិយមិត្តដែលចង់ធ្វើការសាកល្បងប្រឡង ឬមានបំណងទៅប្រលងយកបណ្ណបើកបរ នូវប្រភេទបណ្ណទាំង 5 ប្រភេទ។

    ទី 04 ផ្នែកលេងកម្សាន្ត៖ កម្មវិធីនេះ បានផ្ដល់នូវការកម្សាន្តបែបចំណេះដឹង ជាមួយនឹងការសាកល្បងឆ្លើយសំនួរផ្សេងៗ ដើម្បីយកពិន្ទុក សម្រាប់យករង្វាន់ពីក្រសួងរៀងរាល់ចុងសប្ដាហ៍។

    សម្រាប់កម្មវិធីនេះ ប្រិយមិត្តអាចទាញយក និងតម្លើងកម្មវិធីនេះដោយអត់គិតថ្លៃ (FREE Download)
    – App Store (iOS): https://dr.mpwt.gov.kh/ios
    – Play Store (Android): https://dr.mpwt.gov.kh/android៕