Author: វល័ក្ខ

  • លោក Pochettino ៖ Tottenham ត្រូវតែទិញចូលកីឡាករថ្មី ដើម្បីប្រជែងដណ្តើមពាន

    លោក Pochettino ៖ Tottenham ត្រូវតែទិញចូលកីឡាករថ្មី ដើម្បីប្រជែងដណ្តើមពាន

    លោក Mauricio Pochettino មានការព្រួយបារម្ភថា ក្រុមមាន់ខ្នាយមាស Tottenham នឹងមិនអាចធ្វើការប្រជែងដណ្តើមពានក្របខ័ណ្ឌ Premier League បានទេ ប្រសិនបើលោកមិនទិញចូលកីឡាករថ្មីៗដែលអាចបង្ខំឲ្យខ្សែប្រយុទ្ធ Harry Kane ខ្សែបម្រើ Dele Alli និងកីឡាករសំខាន់ៗជាច្រើនផ្សេងទៀត បង្កើនកម្រិតលេងរបស់ពួកគេទេនោះ។

    លោក Pochettino ទទួលស្គាល់ថា Tottenham មិនអាចធ្វើការប្រជែងផ្នែកហិរញ្ញវត្ថុជាមួយនឹងក្លិបដែលមានទ្រព្យធនច្រើនឡើយ ប៉ុន្តែ លោកមានការប្តេជ្ញាចិត្តក្នុងការនៅជាមួយក្រុមរបស់លោកដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ បន្ទាប់ពីក្រុម Chelsea កាលពីរដូវកាលមុន។ គ្រូបង្វឹករូបនេះ មិនទាន់បានទិញចូលកីឡាករណាម្នាក់នៅរដូវក្តៅនេះឡើយ ខណៈដែលខ្សែការពារ Kyle Walker បានចាកចេញពី Spurs ទៅកាន់ក្លិប Manchester City ក្នុងតម្លៃខ្លួនដ៏ខ្ពស់មួយ។ អ្នកចាត់ការទូទៅរូបនេះ ជឿជាក់ថា ភាពរឹងមាំក្នុងក្រុមអាចនឹងបាត់បង់ ប្រសិនបើកីឡាករដែលមានស្រាប់មិនមានការប្រកួតប្រជែងជាមួយនឹងកីឡាករចំណូលថ្មី ឬក៏ធ្វើឲ្យកៅអីរបស់ពួកគេក្នុងក្រុមស្ថិតក្នុងការគំរាមទេនោះ។ លោក Pochettino បានឲ្យដឹងថា៖ «តើក្លិប Manchester City, Liverpool, Chelsea និងក្លិបផ្សេងទៀតបានព្យាយាមក្នុងការធ្វើឲ្យរដូវកាលរបស់ពួកគេកាន់តែល្អប្រសើរឡើងយ៉ាងដូចម្តេច?

    ការនាំយកកីឡាករ និងព្យាយាមដាក់សម្ពាធបន្ថែមទៀតទៅលើតារាឆ្នើមៗ និងកីឡាករសំខាន់ៗរបស់ពួកគេ គឺជារឿងដែលយើងត្រូវតែធ្វើដែរសម្រាប់ក្រុមរបស់យើង»។

    ក្រោយពីបានចូលរួមជាមួយនឹងក្លិប Tottenham កាលពីឆ្នាំ2014មក លោក Pochettino បានបញ្ជាក់ថា ការរំពឹងទុកផ្សេងៗបានផ្លាស់ប្តូរ ស្របពេលមានការព្រួយបារម្ភថា កីឡាករឆ្នើមៗអាចនឹងចាកចេញ ប្រសិនបើក្លិបនេះ មិនបានឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League ទេនោះ៕
    ប្រភពព័ត៌មាន៖ The Guardian

  • កុំព្យូទ័ររបស់ Google តម្លៃជាង 100ដុល្លារតិចតួចនៅខ្មែរ…ល្មមទិញប្រើ

    កុំព្យូទ័ររបស់ Google តម្លៃជាង 100ដុល្លារតិចតួចនៅខ្មែរ…ល្មមទិញប្រើ

    សម្រាប់ប្រិយមិត្តដែលត្រូវការកុំព្យូទ័រខ្នាតតូចមានតម្លៃធូរថ្លៃយកទៅប្រើប្រាស់ក្នុងការសិក្សា និងធ្វើការងារក្នុងការិយាល័យទាក់ទងនឹងការវាយអត្តបទ និងការងារលើអ៊ិនធើណេតមួយចំនួននោះ ក្រុមការងារគេហទំព័រឡារ៉ែន សូមណែនាំនូវប្រភេទកុំព្យូទ័រ Chromebooks របស់ក្រុមហ៊ុន Google ដែលសហការជាមួយនឹងក្រុមហ៊ុនHPមួយម៉ូដែលដែលមានតម្លៃប្រមាណជា139ដុល្លារ ដែលទើបត្រូវបាននាំចូលមកក្នុងទីផ្សារកម្ពុជា យើងកាលពីចុងខែកក្កដា នេះឯង។

    តាមការបញ្ជាក់ពីអ្នកតំណាងក្រុមហ៊ុននាំចូលបានឱ្យដឹងថា Google Chromebook នេះត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ការសិក្សាតាមសាកលវិទ្យាល័យ រួមជាមួយនឹងការធ្វើការងារក្នុងក្រុមហ៊ុនឯកជនមួយចំនួនទៀតព្រោះជាកុំព្យូទ័រខ្នាតតូច ងាយស្រួលដាក់ប្រើតាមខ្លួន ខណៈម៉ូដែលនេះមានទំហំ 11.6 អ៊ីញ មានកម្រិតភាពច្បាស់1366×768 Pixel កញ្ចក់ប្រភេទIPS Screenហើយវាមានរូបរាងរឹងមាំទៀតផងក្នុងការប្រើប្រាស់។

    លោកថា៖«កុំព្យូទ័រប្រភេទនេះ នៅអាមេរិកគេប្រើច្រើននៅតាមសាលារៀន ហើយការនាំចូលក្នុងទីផ្សារកម្ពុជានេះ ក្រុមហ៊ុនក៏ចង់ផ្ដោតសំខាន់លើវិស័យអបរំផងដែរ»។ កុំព្យូទ័រនេះដំណើរការជាមួយបន្ទះឈីប Samsung Exynos 5250 processor ប្រភេទ Dual-core ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Chrome OS និងមាន Ram ផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 2GB និងថាសរឹងផ្ទុកទិន្នន័យទំហំ16GB ហើយវាក៏ផ្តល់នូវសេវាកម្ម Cloud Storage សម្រាប់រក្សាទុកទិន្នន័យជាច្រើនដោយឥតគិតថ្លៃទៀតផង។

    ក្រៅពីនេះ វាក៏មានភ្ជាប់មកនូវសេវាកម្ម Google Classroom – សេវាកម្ម Cloud Based Management Tools សម្រាប់ប្រើប្រាស់សេវាកម្មទាំងអស់របស់ GSuite ដូចជា Docs, Sheets, Slides, Drive និងជាច្រើនទៀត។ សម្រាប់ទីផ្សារកម្ពុជាយើង កុំព្យូទ័រ Chromebooks នេះ ក្រុមហ៊ុនបានដាក់លក់ក្នុងតម្លៃប្រមាណ 139 ដុល្លារ ដែលអតិថិជនទាំងអស់អាចរកជាវបាននៅក្រុមហ៊ុន MYTEB៕

  • កសិករកុំអស់សង្ឃឹម! បង់ក្លាដែសចុះកិច្ចព្រមព្រៀងទិញអង្ករ 1លានតោនពីកម្ពុជា

    កសិករកុំអស់សង្ឃឹម! បង់ក្លាដែសចុះកិច្ចព្រមព្រៀងទិញអង្ករ 1លានតោនពីកម្ពុជា

    ភ្នំពេញ៖ នៅថ្ងៃទី2 ខែសីហា ឆ្នាំ2017 ស្អែកនេះ រដ្ឋមន្រ្តីក្រសួងស្បៀងអាហារនៃប្រទេសបង់ក្លាដែស នឹងដឹកនាំប្រតិភូមន្រ្តីជាន់ខ្ពស់បង់ក្លាដែសមកចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MoU) មួយ ជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជាដើម្បីទិញអង្ករពីកម្ពុជាចំនួន1លានតោន ក្នុងរយៈពេល5ឆ្នាំក្រោយនេះ។

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជានៅថ្ងៃទី1 ខែសីហានេះបានឱ្យដឹងថា ជំនួបទ្វេភាគី និងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសនឹងនាំមកនូវអត្ថប្រយោជន៍ដ៏ធំធេងចំពោះវិស័យស្រូវអង្ករនៅកម្ពុជា ដោយក្នុងនោះរដ្ឋាភិបាលបង់ក្លាដែសនឹងធ្វើការទិញអង្ករគ្រប់ប្រភេទពីប្រទេសកម្ពុជាចំនួន1លានតោន ក្នុងរយៈពេល5ឆ្នាំ ចាប់ពីឆ្នាំ2017នេះតទៅ។

    អនុស្សារណៈនេះ នឹងគ្របដណ្តប់លើប្រតិបត្តិការទិញ/លក់អង្ករទាំងអស់ ហើយនឹងត្រូវអនុវត្តដោយក្រុមហ៊ុន ហ្គ្រីនត្រេដ (GTC) ដែលជាក្រុមហ៊ុនសហគ្រាសសាធារណៈ ចំណុះឱ្យក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយអគ្គនាយកដ្ឋានម្ហូបអាហារ (DGF) ដែលជាក្រុមហ៊ុនសហគ្រាសសាធារណៈ ចំណុះឱ្យក្រសួងស្បៀងអាហារនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស។

    ដំណឹងល្អនេះក្រុមហ៊ុន និងសហការជាមួយកសិករកម្ពុជា ដើម្បីបង្កើនការដាំដុះដំណាំស្រូវឱ្យកាន់តែមានចំនួនច្រើនឡើងក្នុងគោលដៅផ្គត់ផ្គង់អង្ករឱ្យបានគ្រប់តាមចំនួនដែលបានចុះក្នុងអនុស្សារណៈព្រមព្រៀងនាំចេញចំនួន1លានតោនក្នុងរយៈពេល 5ឆ្នាំនោះ៕

  • លាង ឧត្ដម ចែករំលែកបទពិសោធដល់តារាសិល្បៈស្រករក្រោយ

    លាង ឧត្ដម ចែករំលែកបទពិសោធដល់តារាសិល្បៈស្រករក្រោយ

    លោក លាង ឧត្ដម ជាតារាសិល្បៈដែលបានឈរជើងលើអាជីពសម្តែងអស់រយៈពេលជាង10ឆ្នាំមកហើយ ប៉ុន្ដែកេរ្ដិ៍ឈ្មោះរបស់លោកទើបតែលោតឡើងប្រហែលជា3ឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះ។ ជាមួយប្រជាប្រិយភាពដែលកំពុងតែទទួលបាននេះ ត្រូវបានលោកបញ្ជាក់ប្រាប់ថា វាមិនមែនជារឿងចៃដន្យទេដែលលោកបានឈានមកដល់ដំណាក់កាលនេះ។

    ជុំវិញបទពិសោធក្នុងអាជីពសិល្បៈត្រូវបានលោក លាង ឧត្ដម ប្រាប់ថា អ្វីដែលជំរុញឱ្យលោកទទួលបានការងារ និងការគោរពស្រឡាញ់ពីអ្នកដឹកនាំរឿងជាច្រើននោះ ព្រោះតែលោកមានការតាំងចិត្ដ និងបានដាក់កំហិតខ្លួនឯងឱ្យត្រូវតែអនុវត្ដនូវកិច្ចការ និងវិន័យមួយចំនួន។ លោកបន្ដថា៖ « ក្រៅពីខ្ញុំមានទេពកោសល្យសម្ដែងបែបធម្មជាតិហើយ ខ្ញុំតែងគោរពម៉ោងពេល និងវេលាការងារមិនដែលធ្វើឱ្យអ្នករួមការងារលំបាកដោយសារខ្ញុំឡើយ។ ការប្រាស្រ័យទាក់ទងល្អជាមួយក្រុមការងារ យើងត្រូវតែប្រកាន់ខ្ជាប់ជានិច្ច ពិសេសនៅពេលដែលខ្ញុំសម្ដែង វាមិនមែនសុទ្ធតែធ្វើបានល្អរហូតនោះទេ ប៉ុន្ដែនៅពេលអ្នកដឹកនាំរឿងពន្យល់ណែនាំ ខ្ញុំទទួលយកដោយក្ដីរីករាយ និងឆាប់ចាប់យកបានអ្វីដែលពួកគាត់ប្រាប់»។

    លោក លាង ឧត្ដម បញ្ជាក់ថា លោកចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ2006មកម្ល៉េះ ប៉ុន្ដែកាលនោះវិស័យសិល្បៈហាក់នៅទ្រឹង ស្របគ្នាទៅនឹងបទពិសោធ ទេពកោសល្យនៃការសម្ដែងរបស់លោកពេលនោះក៏នៅមានកម្រិត ទើបធ្វើឱ្យលោកពុំទាន់ទទួលបានភាពល្បីល្បាញ។  ក្រោយពីចំណាយពេលក្នុងអាជីពសិល្បៈអស់រយៈពេលជាង10ឆ្នាំមក ពិសេសក្នុងរយៈពេល 3ឆ្នាំចុងក្រោយនេះដែលវិស័យសិល្បៈហាក់មានសកម្មភាពផុសផុលឡើងនោះ ទើបធ្វើឱ្យលោកអាចទទួលបានការងារច្រើន និងទទួលបានប្រជាប្រិយភាពខ្លាំង រហូតធ្វើឱ្យលោកអាចទទួលបានឱកាសសម្ដែងនៅក្នុងរឿងធំៗជាច្រើនបន្ដបន្ទាប់ក្នុងឆ្នាំនេះ។

    មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា មានទាំងការគាំទ្រ និងការរិះគន់ទៅលើក្រុមតារា ខណៈពួកគេបានប្រព្រឹត្ដនូវអំពើមិនល្អដែលបានកើតឡើងដំណាលៗគ្នា ជាហេតុធ្វើឱ្យតារាសម្ដែងរូបនេះមានការបារម្ភពីផលប៉ះពាល់ដល់វិស័យសិល្បៈទាំងមូល។

    ដូច្នេះទើបលោក លាង ឧត្ដមបានសំណូមពរដល់ទស្សនិកជនថា ប្រសិនបើទស្សនិកជនមិនពេញចិត្ដ ឬស្អប់តារាសិល្បៈណាម្នាក់ សូមស្អប់តែបុគ្គលម្នាក់នោះចុះ កុំស្អប់លើតារាសិល្បៈទាំងអស់អី។ ក្នុងនាមយើងជាតារាសិល្បៈដូចគ្នា ដើម្បីឱ្យទស្សនិកជនស្រឡាញ់ និងផ្តល់ការគាំទ្រមកលើយើង គប្បីយើងទាំងអស់គ្នាគួរតែប្រព្រឹត្ដនូវសកម្មភាព និងទង្វើល្អៗ និងគួរតែប្រឹងប្រែងពង្រឹងទេពកោសល្យ ជំនាញរបស់ខ្លួនឱ្យខ្លាំងឡើងដើម្បីបម្រើអារម្មណ៍របស់ពួកគាត់ឱ្យមានភាពជក់ចិត្ត និងសប្បាយរីករាយ៕

  • Honda Beat ថ្មី 1លីត្រសាំងអាចជិះបានជាង 60 គីឡូម៉ែត្រ

    Honda Beat ថ្មី 1លីត្រសាំងអាចជិះបានជាង 60 គីឡូម៉ែត្រ

    ថ្មីៗនេះ ម៉ូតូថ្មីមួយទៀតរបស់ក្រុមហ៊ុន Honda ត្រូវបានដាក់ចរាចរលក់ក្នុងទីផ្សារកម្ពុជា ជាមួយរាងតូចច្រឡឹង មានកម្លាំង 110 cc បំពាក់នូវបច្ចេកវិទ្យាទំនើបៗជាច្រើន ផ្ដល់នូវសុវត្ថិភាពក្នុងកាបើកបរ និងជួយសន្សំសំចៃសាំងបានច្រើន ដោយ1លីត្រសាំងអាចជិះបានដល់ជាង 60 គីឡូម៉ែត្រឯណោះ។

    ម៉ូតូ Honda Beat ឆ្នាំ 2018 នេះ បំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃចំនួន 3 គឺ បច្ចេកវិទ្យា eSP ដែលជួយឱ្យកម្លាំងម៉ាស៊ីនស្ទុះខ្លាំង បច្ចេកវិទ្យាសន្សំសំចៃថាមពលស្វ័យប្រវត្តិ ដោយវានឹងពន្លត់ម៉ាស៊ីន ពេលដែលម៉ូតូឈប់លើសពី 3 វិនាទី និងចុងក្រោយក្រោយបច្ចេកវិទ្យាហ្រ្វាំង Combi Break ដែលផ្ដល់នូវសុខសុវត្ថិភាពពេលបើកបរ និងពេលចាប់ហ្រ្វាំងខណៈមានបញ្ហាប្រថុចញ៉ុចណាមួយ ហើយក៏មានបំពាក់នូវប្រព័ន្ធបញ្ឆេះម៉ាស៊ីនថ្មី គ្មានសំឡេងរំខាន និងធន់នឹងការប្រើប្រាស់។

    លក្ខណៈសម្បត្តិផ្សេងៗទៀត

    • ប្រភេទម៉ាស៊ីន ជំនាន់ទី 4 SOHC
    • មានប្រព័ន្ធបញ្ចេញខ្យល់ត្រជាក់ប្រភេទ eSP
    • ចំណុះប្រេងឥន្ធនៈ 4 លីត្រ
    • ប្រេងម៉ាស៊ីន ចំណុះ 7 លីត្រ
    • មាន​ហ្វ្រាំង​ដៃ ការពារ​ការ​រអិល​ពេល​ចត
    • កង់​ថ្មី​មិន​មាន​ពោះ​វៀន​ខាង​ក្នុង
    • កុងទ័រ​ល្បឿន​បែប​ឌីជីថល
    • មាន​កន្លែង​បិទ​សោ​ការពារ​ការបាត់បង់
    • ប្រអប់​ដាក់​សម្ភារ​ក្រោម​កែប​ម៉ូតូ​ទំហំ 11 លីត្រ
    • ភ្លើង​មុខ​-ក្រោយ​ភ្លឺ​ច្បាស់​ល្អ
    • មាន​បច្ចេកវិទ្យា​ទំនើប​គឺ ល្បឿន​ខ្លាំង (ESP) ប្រព័ន្ធ​ហ្វ្រាំង Combi Brake System, ម៉ាស៊ីន​រលត់​ពេល​ឈប់លើស 3 វិនាទី (Idling Stop) និង​បញ្ឆេះ​ម៉ាស៊ីន​គ្មាន​សំឡេង (ACG Starter)
    • ចំពោះតម្លៃ គឺប្រហែលជាជាង 1700 ដុល្លារ៕
  • ការលក់ខុនដូ បានកើនឡើង ខណៈការសាងសង់ក៏កើនឡើងដែរ

    ការលក់ខុនដូ បានកើនឡើង ខណៈការសាងសង់ក៏កើនឡើងដែរ

    ភ្នំពេញៈ ការលក់ខុនដូកំពុងមានការកើនឡើង ក្នុងឆមាសទី1ឆ្នាំនេះធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយចំនួនខុនដូបានកើនពី121ដល់125គម្រោងនៅដំណាច់ឆមាសទី1ឆ្នាំនេះ។

    យោងតាមការសិក្សារបស់ក្រុម ហ៊ុនប៊ុណ្ណា រៀលធីគ្រុប ដែលទើបបង្ហាញរបាយការណ៍បឋមកាលពីថ្ងៃអង្គារនេះបានរកឃើញថា ចំនួនខុនដូបានកើនពី121 និងមានផ្ទះសរុបចំនួន43,604យូនីត ដល់125គម្រោង និងមានផ្ទះចំនួន47,704យូនីតក្នុងឆមាសទី1ឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការសិក្សាដដែលបានរកឃើញផងដែរថា ការលក់ខុនដូបានកើនឡើងដែលកាលពីឆមាសទី1ឆ្នាំមុន ចំនួនខុនដូបានលក់ចេញមានចំនួន60ភាគរយ និងឆ្នាំនេះបានកើនឡើង1ភាគរយ គឺកើនដល់61ភាគរយ នៃចំនួនខុនដូសរុបដែលបានផ្គត់ផ្គង់ចូលទីផ្សារ។

     

    ការសិក្សានេះបានរកឃើញថា គម្រោងដែលបញ្ចប់ការសាងសង់ឆ្នាំនេះមានប្រមាណ17ភាគរយ កើនឡើង1ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយខុនដូដែលបញ្ចប់ការសាងសង់ភាគច្រើននៅឆ្នាំ២2019 និងឆ្នាំ2020ខាងមុខនេះ។
    លោក ប៉ែន សុខគា នាយកផ្នែកវាយតម្លៃ នៃក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបបានថ្លែងថា “ប្រសិនជាការបោះឆ្នោតជាតិនាពេលខាងមុខមិនមានបញ្ហា ចំនួនខុនដូដែលបានដាក់ចូលទីផ្សារនឹងមិនមានបញ្ហាអ្វីឡើយ”។ លោកបន្តថា “ទោះជាប្រជាជនខ្មែរមិនទាន់រស់នៅខុនដូច្រើនក្តី ប៉ុន្តែរយៈពេល10ឆ្នាំក្រោយ ពួកគេនឹងផ្លាស់ប្តូរផ្នត់គំនិតរបស់ពួកគេមករស់នៅតាមខុនដូ”៕

  • Neymar ជួបជាមួយលោក Jackie Chan មុននឹងទៅពិនិត្យសុខភាពជាមួយ PSG

    Neymar ជួបជាមួយលោក Jackie Chan មុននឹងទៅពិនិត្យសុខភាពជាមួយ PSG

    ខ្សែប្រយុទ្ធដ៏មានឥទ្ធិពល Neymar បានបង្ហាញពីស្នាមញញឹមដ៏រីករាយ និងបានជជែកលេងជាមួយនឹងលោក Jackie Chan (ឈិន ឡុង) តាមរយៈកម្មវិធី FaceTime។ ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះ បានជួបជាមួយនឹងលោក Jaycee Chan ដែលជាកូនប្រុសបង្កើតរបស់តារាសម្តែងដ៏ល្បី Jackie Chan ហើយ Neymar បានស្នើសុំថា តើ Jackie អាចបញ្ជូនការឱបរឹតដ៏កក់ក្តៅមួយទៅកាន់ឪពុករបស់ខ្លួន បានដែរឬទេ?។

    អ្នកទាំងពីរបានបង្ហោះរូបរបស់ខ្លួននៅលើបណ្តាញសង្គម Instagram ខណៈដែល Neymar បានបង្ហោះរូប Selfie ជាមួយនឹងលោក Jaycee និងរូបថតដែលបង្ហាញពីរូបគេកំពុងតែជជែកជាមួយនឹងលោក Jackie Chan។ Neymar ហាក់ដូចជាស្ថិតក្នុងអារម្មណ៍ដ៏រីករាយ បើទោះបីមានពាក្យចចាមអារ៉ាមជាច្រើនទាក់ទងនឹងអនាគតរបស់គេក៏ដោយ ខណៈដែលតារាឆ្នើមរបស់ក្លិប Barcelona រូបនេះ ត្រូវបានរំពឹងទុកថា នឹងត្រូវទៅត្រួតពិនិត្យសុខភាពរបស់គេនៅឯក្លិប PSG នៅត្រឹមសប្តាហ៍នេះ។

    ក្លិបយក្ស Paris Saint-Germain របស់បារាំងពោរពេញដោយការជឿជាក់ថា ការផ្ទេររបស់ Neymar នឹងត្រូវកើតឡើងនៅត្រឹមសប្តាហ៍នេះ ក្រោយពីពួកគេបានរៀបចំផែនការជាច្រើនមុននឹងធ្វើការប្រកាសពីការចុះហត្ថលេខាជាមួយរូបគេ និងក្លិប Barcelona ក្នុងតម្លៃខ្លួន222លានអឺរ៉ូ (ស្មើនឹង262.5លានដុល្លារអាមេរិក) ដែលជាតម្លៃទិញរំលាយកិច្ចសន្យារបស់តារាឆ្នើមរូបនេះ។

    កុងត្រារយៈពេល 5ឆ្នាំត្រូវបានរៀបចំរួចជាស្រេចអស់រយៈពេលជាច្រើនថ្ងៃមកហើយ និងរង់ចាំតែការចុះហត្ថលេខារបស់ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះប៉ុណ្ណោះ។ ខ្សែប្រយុទ្ធវ័យ25ឆ្នាំរូបនេះ កាលពីថ្ងៃចន្ទ បានស្ថិតក្នុងប្រទេសចិន ដើម្បីធ្វើការផ្សព្វផ្សាយឲ្យម្ចាស់ឧបត្ថម្ភមួយរបស់គេ ហើយអាចនឹងធ្វើដំណើរចេញពីទីនោះទៅកាន់ទីក្រុងដូហាដើម្បីជួបជាមួយនឹងម្ចាស់កម្មសិទ្ធិក្លិប PSG និងដើម្បីត្រួតពិនិត្យសុខភាព។

    ក្លិបយក្សរបស់បារាំងមួយនេះកំពុងតែខិតខំព្យាយាមយ៉ាងខ្លាំងអស់រយៈពេល2សប្តាហ៍មកហើយ ដើម្បីបំពេញការផ្ទេរមួយនេះ ចាប់តាំងពី Neymar បានធ្វើការទាក់ទងជាមួយពួកគេ ដោយដឹងថា កីឡាកររូបនេះចង់ចាកចេញពីក្លិប Barcelona៕
    ប្រភពពី៖ The Sun

  • Man United ប្រកាសពីការចុះហត្ថលេខាជាមួយ Matic មកពីក្លិប Chelsea

    Man United ប្រកាសពីការចុះហត្ថលេខាជាមួយ Matic មកពីក្លិប Chelsea

    ក្លិប Manchester United បានបំពេញការនាំយកខ្សែបម្រើការពារ Nemanja Matic ពីក្លិបតោខៀវ Chelsea ក្នុងតម្លៃខ្លួន40លានផោន (ស្មើនឹង53លានដុល្លារអាមេរិក) ក្នុងកិច្ចសន្យារយៈពេល3ឆ្នាំ ជាមួយនឹងជម្រើសបន្តរយៈពេល1ឆ្នាំទៀត។

    លោក Jose Mourinho បានសម្តែងនូវការរីករាយរបស់លោកចំពោះការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើរូបនេះ តាមរយៈការប្រាប់គេហទំព័ររបស់ Man United ថា៖ «Nemanja គឺជាកីឡាករម្នាក់ របស់ Manchester United ហើយ និងជាកីឡាករម្នាក់របស់លោក Jose Mourinho។ រូបគេជាតំណាងឲ្យរាល់អ្វីទាំងអស់ដែលយើងចង់បានក្នុងកីឡាបាល់ទាត់ ដូចជាភាពស្មោះត្រង់ ភាពរឹងមាំ មហិច្ឆតា និងជាកីឡាករលេងជាក្រុម»។

    អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់រូបនេះ បានបន្ថែមទៀតថា៖ «ខ្ញុំសូមថ្លែងអំណរគុណដល់បំណងរបស់គេក្នុងការចូលរួមជាមួយយើង ពីព្រោះបើគ្មានបំណង វាមិនអាចទៅរួចឡើយក្នុងការមានរូបគេនៅទីនេះ។ ខ្ញុំប្រាកដក្នុងចិត្តណាស់ថា កីឡាកររបស់យើង និងអ្នកគាំទ្រនឹងចូលចិត្តរូបគេ។

    សូមស្វាគមន៍ចំពោះអ្នកពាក់អាវលេខ31ថ្មីរបស់យើង»។ ការចុះហត្ថលេខាជាមួយនឹង Matic នឹងផ្តល់នូវការជឿជាក់ដ៏ធំមួយសម្រាប់លោក Mourinho ក្រោយពីក្លិបបិសាចក្រហម Man United បានបរាជ័យក្នុងការនាំយកខ្សែបម្រើ Eric Dier ពីក្លិប Tottenham Hotspurs។ ក្លិបសេះបង្កង់ Juventus ក៏ចង់ទិញយក Matic ផងដែរ ប៉ុន្តែកីឡាករដែលនឹងឈានចូលវ័យ29ឆ្នាំនៅថ្ងៃអង្គារនេះរូបនេះ ចង់ផ្ទេរទៅកាន់កីឡដ្ឋាន Old Trafford និងធ្វើការម្តងទៀតក្រោមការដឹកនាំរបស់លោក Mourinho ខ្លាំងជាង។

    Matic ដែលដំបូងឡើងបានចូលរួមជាមួយនឹងក្រុមតោខៀវកាលពីឆ្នាំ2009 នៅមុនពេលផ្ទេរទៅកាន់ក្លិប Benfica កាលពីឆ្នាំ2011នោះ បានក្លាយជាសមាជិកដ៏សំខាន់ម្នាក់ក្នុងពេលក្រុម Chelsea ឈ្នះពានក្របខ័ណ្ឌ Premier League ក្រោមការដឹកនាំរបស់លោក Mourinho ក្នុងរដូវកាលឆ្នាំ2014-2015៕
    ប្រភពពី៖ The Guardian

  • ដង្កោ កំពុងតែជាប់ចំណាត់ថ្នាក់ជាខណ្ឌស្ថិតក្នុងក្រសែភ្នែកអ្នកវិនិយោគ

    ដង្កោ កំពុងតែជាប់ចំណាត់ថ្នាក់ជាខណ្ឌស្ថិតក្នុងក្រសែភ្នែកអ្នកវិនិយោគ

    ភ្នំពេញ – បើទោះជាសកម្មភាពនៃការជួញដូរលើវិស័យអចលនទ្រព្យនៅកម្ពុជាទាំងមូលហាក់មានសភាពយឺតយ៉ាវជាងមុនបន្តិចមែន ប៉ុន្ដែបច្ចុប្បន្នគេមើលឃើញថា ការជួញដូរអលចនវត្ថុនៅក្នុងតំបន់ខណ្ឌដង្កោចាប់ផ្ដើមមានសកម្មភាពផុលផុសឡើងវិញតាមរយៈសកម្មភាពនៃការអភិវឌ្ឍនៃគម្រោងនានាជាច្រើន។ រហូតធ្វើឱ្យអ្នកជំនាញលើវិស័យនេះចាត់ទុកថា តំបន់នេះកំពុងតែបង្កលក្ខណៈងាយស្រួលក្នុងការជួញដូរ និងជាឱកាសក្នុងការអភិវឌ្ឍបានយ៉ាងល្អ។

    លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនខ្មែរ ហ្វោនដេសិន អាប្រេស៊ល (KFA) បានប្រាប់ថា ដង្កោជាខណ្ឌងាយស្រួលក្នុងការអភិវឌ្ឍដូចខណ្ឌដទៃមួយចំនួនទៀតដែរ ព្រោះខណ្ឌនេះមានសណ្ឋានដីល្អច្រើន ម្យ៉ាងពុំសូវស្ថិតនៅឆ្ងាយពីទីក្រុងភ្នំពេញប៉ុន្មានឡើយ។

    ពិសេសវាកំពុងមានសក្ដានុពលក្នុងការពង្រីកខ្លួនទៅដល់ស្រុកកណ្ដាលស្ទឹងដែលមានឃុំមួយចំនួនស្ថិតក្នុងស្រុកនេះត្រូវបានកាត់ចូលមកក្នុងខណ្ឌដង្កោ។ លោកឧកញ៉ាបញ្ជាក់ថា ៖«ដោយសាតែហេតុផលនេះហើយ ទើបធ្វើឱ្យដង្កោកំពុងតែជាប់ចំណាត់ថ្នាក់នៃការសម្លឹងមើលឃើញពីអ្នកវិនិយោគ ព្រោះតំបន់ដង្កោពោរពេញដោយទីផ្សារមធ្យម និងក្រោមមធ្យមសម្រាប់ការកសាងលំនៅឋាន។ ពិសេសដង្កោក៏មានសួនឧស្សាហកម្មមួយចំនួននៅទីនោះផងដែរ ដូច្នេះតំបន់នេះត្រូវបានគេចាត់ទុកថា ជាតំបន់មានការអភិវឌ្ឍចម្រុះ»។

    អគ្គនាយកក្រុមហ៊ុនខ្មែរ ហ្វោនដេសិន អាប្រេស៊ល (KFA) បន្ដថា ជាមួយនឹងការអភិវឌ្ឍបែបបុរី ខណ្ឌដង្កោក៏មានច្រើន លើសពីនេះនៅមានរោងចក្រឧស្សាហកម្ម និងផែស្ងួតក៏ត្រូវបានអភិវឌ្ឍនៅទីនោះដែរ មូលហេតុនេះបានធ្វើឱ្យតម្លៃអចលនវត្ថុនៅក្នុងតំបន់នេះនៅតែអាចរក្សាបានសមរម្យ ព្រោះតំបន់ខណ្ឌដង្កោជាតំបន់មានសក្ដានុពលមិនចាញ់ខណ្ឌនានានៅក្នុងរាជធានីភ្នំពេញទេ ។

    ម្យ៉ាងទិសដៅនៃការអភិវឌ្ឍនាពេលអនាគតនឹងឆ្ពោះទៅរកតំបន់ជាយក្រុងដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញចម្ងាយ30គីឡូម៉ែត្រ ព្រោះបច្ចុប្បន្នតំបន់កណ្ដាលក្រុងភ្នំពេញស្ទើរតែអស់ដីក្នុងការអភិវឌ្ឍគម្រោងលំនៅឋានទៅហើយនិងអចលនវត្ថុកាន់តែមានតម្លៃខ្ពស់ឡើងទៀតផង។

    លោកឧកញ៉ា នួន រិទ្ធី បញ្ជាក់ទៀតថា អ្វីដែលធ្វើឱ្យតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ(ខណ្ឌដង្កោ)មានសក្ដានុពល គឺព្រោះតែតំបន់នេះមានប្រព័ន្ធទឹក ភ្លើង និងមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងដែលអាចតភ្ជាប់ពីរាជធានីភ្នំពេញទៅតំបន់នេះ ជាកត្តាចម្បងក្នុងធ្វើចរាចរណ៍យ៉ាងងាយស្រួលព្រមទាំងអាចកាត់បន្ថយការកកស្ទះបានផងដែរ ។

    លោកឧកញ៉ាបញ្ជាក់ថា៖”នៅក្នុងតំបន់ខណ្ឌដង្កោ យើងឃើញថា មានផ្លូវសម្ដេចតេជោមួយខ្សែដែលបែងចែកមួយផ្នែកទៅកាន់ផ្លូវជាតិលេខ2 មួយផ្នែកទៀតទៅកាន់ផ្លូវជាតិលេខ3 ជាចរន្ដមួយធ្វើឱ្យតំបន់ដង្កោមានសក្ដានុពលនៃការធ្វើចរាចរណ៍។ ករណីអតិថិជនទិញដីនៅក្នុងតំបន់ខណ្ឌដង្កោពួកគាត់មានអាចផ្លូវល្អ អាចធ្វើដំណើរត្រឹម5នាទីក៏មកដល់រាជធានីភ្នំពេញ ។ ជាងនេះទៅទៀតតំបន់អភិវឌ្ឍន៍មួយនេះមានប្រព័ន្ធទឹក ភ្លើង និងផ្លូវ ជាចំណុចពិសេសអាចធ្វើឱ្យខណ្ឌដង្កោមានសក្ដានុពល។

    ម្យ៉ាងខណ្ឌដង្កោគ្របដណ្ដប់ដល់ផ្លូវជាតិលេខ3 មានរោងចក្រដែលធ្វើឱ្យអ្នករស់នៅតំបន់នោះអាចប្រកបរបរអាជីវកម្មបាន ដូច្នេះខណ្ឌដង្កោអាចចាត់ទុកបានថា ជាតំបន់ដែលមានប្រភពសេដ្ឋកិច្ចយ៉ាងល្អស្ថិតក្នុងក្រសែភ្នែកអ្នកវិនិយោគ”៕

  • តើទារក​ក្នុង​ពោះ​ម្តាយត្រូវការគេងដែរឬទេ? គេង​នៅពេល​ណា?​

    តើទារក​ក្នុង​ពោះ​ម្តាយត្រូវការគេងដែរឬទេ? គេង​នៅពេល​ណា?​

    សភាព​ជុំវិញខ្លួន​នៅក្នុង​គភ៌​ម្តាយ​ស័ក្តិសម​សម្រាប់​ការ​គេង​របស់​ទារក​ខ្លាំង​បំផុត ព្រោះ​នៅក្នុង​ពោះ​ម្តាយ ទាំង​ងងឹត កក់ក្តៅស្ងាត់ គ្មាន​ការផ្លាស់ប្តូរ និង​ពេល​អ្នក​ម្តាយ​មាន​ផ្ទៃពោះ​ដើរទៅ​មក ក៏​ប្រៀបដូចជា​ការ​យោលអង្រឹង​ឱ្យ​កូន​គេង​លក់​ដូច្នោះ​ដែរ។

    – ទារក​ក្នុង​គភ៌​ម្តាយ​នឹង​គេង​ប្រមាណ​ជា 20 ម៉ោង​ក្នុង​មួយថ្ងៃ

    – កូនតូច​របស់​អ្នកនឹង​បានឮ​សំឡេង​បេះដូង សំឡេង​កូរពោះ និង​សំឡេង​របស់​អ្នក​ម្តាយ​ខ្លួន ដែល​នឹងធ្វើ​ឱ្យមាន​អារម្មណ៍​កក់

    ក្តៅ​ក្នុង​ចិត្ត ក្រៅពីនោះ​ទារក​តូច​ក្នុង​គភ៌​នៅ​មិនទាន់មាន​អារម្មណ៍​ឃ្លាន​នៅឡើយ ព្រោះ​មាន​ខ្សែ​ទង​ផ្ជិ​ត​ត​ភ្ជាប់​អាហារ ដែល​វា​ជា​ហេតុផល​មួយទៀត​ដែល​ធ្វើឱ្យ​ទារក​តូច​គេង​លក់បាន​យ៉ាង​សប្បាយចិត្ត។

    – ការ​ភ្ញាក់​ពី​គេង​របស់​ទារក​ក្នុង​គភ៌​មិន​ទៀងពេល​ទេ ហើយនឹង​ភ្ញាក់​ត្រឹមតែ​ក្នុងអំឡុងពេលខ្លីៗប៉ុណ្ណោះ។

    – ក្នុងអំឡុងពេល​គេង​ក្នុង​ផ្ទៃ​ម្តាយ ទារក​អាច​មានការ​រើ កម្រើក និង​ធាក់​អ្នក​ម្តាយខ្លះៗ ព្រោះ​ទារក​នៅក្នុង​ពោះ​ច្រើនតែ​ជា​ក្មេង​គេង​រើ។

    – នៅពេល​តាំង​គភ៌​ដល់​អាយុ 7 ខែ ទារក​ក្នុង​ផ្ទៃ​នឹង​ចាប់ផ្តើម​ចេះ​យល់សប្តិ​ហើយ ព្រោះ​តួ​កំណើត​នៅក្នុង​គភ៌​នេះ​មានការ​សាង​ខួរក្បាល​គ្រប់គ្រាន់​ធ្វើឱ្យ​កើតការ​គេង​លក់​បែប REM (Rapid Eye Movement)។ ទារក​ចាប់ផ្តើម​មាន​ក្រសែ​ប្រសាទ​ដែល​ពាក់ព័ន្ធ​នឹង​សមត្ថភាព​ក្នុងការ​មើលឃើញ និង​ការ​ស្តាប់ឮ​ហើយ។

    – ពេល​តាំង​គភ៌​គ្រប់ 8 ខែ ទារក​នឹង​ចាប់ផ្តើម​គេង​លក់​បែប non-REM ឬ​បែប​លក់​យ៉ាង​ពេញលេញ​បាន​ហើយ។

    – ក្មេង​រឹតតែ​តូច រឹតតែ​យល់សប្តិ​ច្រើន ចំណែក​សំនួរ​ដែលថា តើ​កូនតូច​យល់សប្តិ​ឃើញ​អ្វីខ្លះ​នោះ យើង​ប្រហែលជា​គ្មាន​ថ្ងៃ​បានដឹង​ឡើយ។

    – បើ​ធ្វើការ​ពិនិត្យមើល​តាម​អ៊ុ​ល​ត្រា​សោ​ន​ដ៍ 4D ពេលខ្លះ​អ្នក​ម្តាយ​អាច​នឹង​បានឃើញ​កូនតូច​គេង​លក់ ហើយ​ញញឹម​ទៀតផង នេះ​ក៏​ព្រោះថា អំឡុង​ពេលដែល​កូនតូច​គេង​លក់​បែប REM សាច់ដុំ​បរិវេណ​ផ្ទៃមុខ​កើតការ​ញាក់ ឬ​មានការ​ទាញ​ហ្នឹងឯង។

    – ទារក​នៅក្នុង​គភ៌​ចូលចិត្ត​គេង​ពេល​ថ្ងៃ និង​ភ្ញាក់​នៅពេល​យប់ ព្រោះ​ក្នុងអំឡុងពេល​កណ្តាលយប់​ដែល​អ្នក​ម្តាយ​គេង​លក់

    នឹង​កើតមាន​ទីកន្លែង​ឱ្យ​កូនតូច​បាន​កម្រើកខ្លួន​ច្រើនជាង​ធម្មតា និង​ថែមទាំង​ក្នុងអំឡុងពេល​ថ្ងៃ​ដែល​អ្នក​ម្តាយ​ដើរ​ច្រើន នឹង​រឹតតែ​ធ្វើឱ្យ​កូនតូច​ក្នុង​ផ្ទៃ​មាន​អារម្មណ៍​ថា​កំពុង​គេង​យោល​យោក ធ្វើឱ្យ​លក់​ស្រួល៕