Author: វល័ក្ខ

  • ពិព័រណ៍ សម្ភារសំណង់ ស្ថាបត្យកម្ម ឆ្នាំនេះទទួលបានជោគជ័យខ្លាំង

    ពិព័រណ៍ សម្ភារសំណង់ ស្ថាបត្យកម្ម ឆ្នាំនេះទទួលបានជោគជ័យខ្លាំង

    កាលពីថ្ងៃថ្ងៃទី 08 ដល់ 10 មិថុនាឆ្នាំ 2017 កន្លងទៅនេះ នៅអាគារសន្និបាត និងពិព័រណ៍កោះពេជ្រ (DIECC) គឺមានការរៀបចំតាំងពិព័រណ៍ សម្ភារសំណង់ ស្ថាបត្យកម្ម ការរចនាផ្ទៃក្នុង គ្រឿងសង្ហារឹម និងការរចនា ចំនួនស្តង់ដាក់បង្ហាញមានចំនួន 90 និងអ្នកចូលរួមទស្សនាមានចំនួន 4309នាក់ជាពិសេសគឺត្រូវបានបញ្ចប់ទៅយ៉ាងរលូន ប្រកបដោយភាពជោគជ័យលើគ្រប់ផ្នែកទាំងអស់។

    ពិព័រណ៍នេះ មានការអញ្ជើញចូលរួមជាកិត្តិយសក្រោមអធិបតីភាពរបស់ ឯកឧត្ដម ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់នៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាភិបាលស្ថាបត្យករកម្ពុជា។

    ពិព័រណ៍នេះក៏មានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសផងដែរពីសំណាក់ភ្ញៀវវីអាយភី រួមមាន លោកស្រី Ek-on Khunacharoen ទីប្រឹក្សារដ្ឋមន្រ្តី និងលោក Jiravuth Suwanana Aran ទីប្រឹក្សារដ្ឋមន្រ្តីពាណិជ្ជកម្មនៃស្ថានទូតថៃ លោកបណ្ឌិត ស៊ិន សុជាតិ ប្រធានសមាគមស្ថាបត្យកម្មកម្ពុជា (CSA) លោក Kriengkarn Kanjanapokin ជាសហនាយកប្រតិបត្តិនៃក្រុមហ៊ុន Index Creative Village និង ជាក្រុមហ៊ុនគោលរបស់ក្រុមហ៊ុន ICVeX និងលោក Ajinveat Vongthong ប្រធានគម្រោងមកពីក្រុមហ៊ុន ICVeX រួមជាមួយអ្នកកាសែតជាតិ និងអ្នកកាសែតអន្តរជាតិ និងអ្នកឯកទេសក្នុងផ្នែកឧស្សាហកម្មជាច្រើនទៀត។

    ពិធីតាំងពិព័រណ៍ពាណិជ្ជកម្មតែមួយគត់នេះ បានផ្តល់ជូននូវឱកាសអាជីវកម្ម និងការបង្កើតបណ្តាញសម្រាប់ស្ថាបត្យករ អ្នករចនាផ្ទៃក្នុង អ្នកអភិវឌ្ឍន៍អចលនទ្រព្យ អ្នកជំនាញផ្នែកសំណង់ ពាណិជ្ជករ និងអ្នកចែកចាយ។ កម្មវិធីនេះក៏ជាឱកាសពិសេសផងដែរដើម្បីធ្វើអាជីវកម្ម និងអាចស្វែងរកប្រភពសម្ភារផ្សេងៗ ដោយផ្ទាល់ជាមួយក្រុមហ៊ុនផលិត និងអ្នកចែកចាយធំ ៗ មកពីជាង 150 ក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិដែលមកពីប្រទេសចិន កូរ៉េ អ៊ីតាលី មីយ៉ាន់ម៉ា សិង្ហបុរី ថៃ និងវៀតណាម។ វាជាឱកាសដ៏ល្អសម្រាប់អ្នកតាំងពិព័រណ៍ជាច្រើនដើម្បីដាក់បង្ហាញនូវផលិតថ្មី និងការរចនាថ្មីរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។

    ការតាំងពិព័រណ៍ដែលមានរយៈពេល 3ថ្ងៃនេះ បានស្វាគមន៍ដល់ភ្ញៀវជាច្រើនចំនួន 4309នាក់ (77% នៃភ្ញៀវទេសចរដែលបានចូលរួមក្នុងការសម្រេចចិត្តទិញ) ដែលកើនឡើង 23% បើប្រៀបធៀបទៅនឹងឆ្នាំ 2016 ដែលមានចំនួន 95,8% នៃភ្ញៀវទេសចរក្នុងស្រុក (កម្ពុជា) និង 4,2% នៃភ្ញៀវអន្តរជាតិមកពីបណ្តាប្រទេសដូចជា ប្រទេសចិន បារាំង ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី ហ្វីលីពីន កូរ៉េខាងត្បូង សិង្ហបុរី ស្វីស តៃវ៉ាន់ ថៃ សហរដ្ឋអាមេរិក និងវៀតណាម៕

  • សុខ ស្រីម៉ុច បដិសេធគ្មានអ្នកជួយនៅពីក្រោយ

    សុខ ស្រីម៉ុច បដិសេធគ្មានអ្នកជួយនៅពីក្រោយ

    តារាសម្ដែង សុខ ស្រីម៉ុច មួយរយៈចុងក្រោយនេះហាក់មានការតុបតែងខ្លួនប្លែកខុសពីពេលមុនៗ ភាគច្រើននាងនិយមប្រើប្រាស់សម្ភារថ្លៃៗ។ ជុំវិញសកម្មភាពនេះត្រូវបានគេសន្និដ្ឋានថា ទំនងជានាងមានគូកំណាន់ចិត្ដនៅពីក្រោយខ្នងចាំជួយឧបត្ថម្ភរូបនាងជាមិនខាន។

    ជួបជាមួយកញ្ញាសុខ ស្រីម៉ុច នាងបានច្រានចោលចំពោះការលើកឡើងបែបនោះដោយនាងបញ្ជាក់ថា៖ ”គ្មានបុរសណាគេយកលុយមកចំណាយលើខ្ញុំនោះទេ។ មួយថ្ងៃៗ ខ្ញុំប្រឹងធ្វើការងារសិល្បៈស្ទើរគ្មានពេលសម្រាក បែរជាមានគេនិយាយបែបនេះទៅវិញ ខ្ញុំពិតជាហួសចិត្ដខ្លាំងណាស់  ព្រោះខ្ញុំមិនមែនជាតារាដែលយកវិស័យសិល្បៈធ្វើជាស្ពានទេ”។

    នាងបញ្ជាក់បន្ថែមថា បច្ចុប្បន្នការងារសិល្បៈរបស់នាងមានការមមាញឹកជាងបណ្ដាឆ្នាំកន្លងទៅ ហើយក៏រកប្រាក់ចំណូលបានក្រែលគួរសមដែរ តែមិនទាន់អាចជួយលើកស្ទួយកម្រិតជីវភាពរបស់នាងឱ្យធូរធារបាននៅឡើយទេ។ នាងបន្ដថា អ្វីដែលមហាជនមើលឃើញពីភាពហ៊ឺហារខាងក្រៅរបស់នាងនោះវាគ្រាន់តែជាការរៀបចំខ្លួនតែប៉ុណ្ណោះ ព្រោះនាងជាតារាសិល្បៈបើនាងមិនចេះតុបតែងខ្លួនឱ្យប្លែកទេ វាក៏មិនអាចទាក់ទាញយកទីផ្សារការងារបានដែរ។

    កញ្ញាសុខ ស្រីម៉ុច ទស្សនិកជនបានស្គាល់នាងតាមរយៈការសម្ដែងរឿង ”ពន្លកស្នេហ៍ក្បែរជាយដែន” និងរឿង ”ជីវិតនាងរក្សា” ព្រមទាំង ”ល្បិចនាយកម្សត់” ជាដើម។​ គ្រាដែលនាងបោះជំហានចូលសិល្បៈដំបូងៗ នាងមិននិយមការតុបតែងខ្លួនទេ ព្រោះនាងមិនចង់ចំណាយថវិកាខ្ជះខ្ជាយ ខណៈនាងត្រូវការប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពនាង។

    តារាសម្ដែងមានបទពិសោធរូបនេះបញ្ជាក់ថា៖ ”ការពិតចំណូលដែលខ្ញុំរកបានពីការងារសិល្បៈមកបានច្រើនគួរសម ប៉ុន្ដែវាគ្រាន់តែយកមកទប់ទល់ នឹងចំណាយលើសម្ភារប្រើប្រាស់ និងគ្រឿងតុបតែងខ្លួនប៉ុណ្ណោះ វាមិនទាន់នៅសល់សម្រាប់ឱ្យខ្ញុំយកមកសន្សំទុកដាក់សម្រាប់ធ្វើការរកស៊ីទៅអនាគតបានឡើយ”។

    កញ្ញា ស្រីម៉ុច បញ្ជាក់ថា យើងជាតារាសិល្បៈមិនអាចធ្វើខ្លួនឱ្យសាមញ្ញពេកទេ ពេលខ្លះយើងដឹងថា សម្ភារដែលប្រើប្រាស់ទាំងនោះវាថ្លៃ  តែក៏មិនដល់ថ្នាក់ខ្ជះខ្ជាយថវិកាពេកដែរ យើងត្រូវចេះប៉ាន់ស្មានទៅតាមលទ្ធភាពដែលខ្លួនធ្វើទៅបាន ។ នាងបន្ថែមថា៖”សម្ភារទិញថ្លៃមែន  ប៉ុន្ដែនៅពេលប្រើប្រាស់  វាអាចជួយលើកមុខមាត់យើងក្នុងសង្គមសិល្បៈបាន ពិសេសមិត្ដភ័ក្ដិ និងអ្នកដឹកនាំរឿង ឬកម្មវិធីផ្សេងៗក៏ឱ្យតម្លៃយើងតាមហ្នឹងដែរ”៕

     

  • កម្ពុជា​នឹង​ចរចា​ស្នើ​សុំ​ឱ្យ​រួច​ពន្ធ​នាំ​ចូល​ផលិត​ផល​ស្បែក​ជើង

    កម្ពុជា​នឹង​ចរចា​ស្នើ​សុំ​ឱ្យ​រួច​ពន្ធ​នាំ​ចូល​ផលិត​ផល​ស្បែក​ជើង

    មន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ថ្នាក់​ដឹកនាំ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ​(GMAC) បាន​អះអាង​ថា នៅ​ពេល​នេះ​ក្រុម​ការងារ​របស់​ស្ថាប័ន​ទាំង​ពីរ​កំពុង​ធ្វើ​ការងារ​ជាមួយ​គ្នា​ដើម្បី​ត្រៀម​ស្នើ​ទៅ​សហរដ្ឋ​អាមេរិក​ឱ្យ​លើក​លែង​ពន្ធ​នាំ​ចូល​សម្រាប់​ផលិតផល​ស្បែក​ជើង​ពី​​កម្ពុជា។

    ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) លោក​ឧកញ៉ា វ៉ាន់ ស៊ូអៀង បាន​និយាយ​ថា កន្លង​មក​កម្ពុជា​ទទួល​បាន​ការ​វិនិយោគ​ថ្មីៗ​ក្នុង​ការ​ផលិត​កាបូប​ជាង​ 20​ក្រុមហ៊ុន បន្ទាប់​ពី​កម្ពុជា​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​នាំចូល​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក​លើ​ផលិត​ផល​ “កាបូប​ដាក់​សម្ភារ​ធ្វើ​ដំណើរ ឬ Travel Goods” តាម​រយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) ដែល​ភាគី​ទាំង​ពី​បាន​ចុះ​ហត្ថលេខា​កាលពី​ខែ​មិថុនា ឆ្នាំ2016។

    លោក​ឧកញ៉ា មាន​ប្រសាសន៍​ថា៖​“យើង​គិត​ចុះ​គិត​ឡើង​ក្នុង​រង្វង់​ពីរ​សប្តាហ៍ មាន​រោង​ចក្រ​1​ចូល​មក​ស្រុក​ខ្មែរ​សម្រាប់​ផលិត​កាបូប។ ខ្ញុំ​គិត​ថា​ល្អ​មែន​ទែន ហើយ​យើង​ត្រូវតែ​បន្តទៀត”។ លោក​ឧកញ៉ា​បាន​បង្ហាញ​ពី​មហិច្ឆតា​ក្នុង​ការ​បញ្ចុះ​បញ្ចូល​សហរដ្ឋ​អាមេរិក​ឱ្យ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ដល់​ផលិត​ផល​ស្បែក​ជើង​ពី​កម្ពុជា ដោយ​បច្ចុប្បន្ន​កម្ពុជា​មាន​រោងចក្រ​ផលិត​ស្បែក​ជើង​ជាង​60។ ឧកញ៉ា បញ្ជាក់​ថា រោងចក្រ​ដេរ​ស្បែកជើង​សុទ្ធ​តែ​ជា​រោងចក្រ​ខ្នាត​ធំ ដោយ​រោងចក្រ​នីមួយៗ​មាន​កម្មករ​ចន្លោះ​ពី​ 4,000-5,000​នាក់។

    ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា៖ “បើ​យើង​សុំ​បាន​ចូល​អាមេរិក​ដោយ​មិនចាំ​បាច់​បង់​ពន្ធ​សម្រាប់​ផលិតផល​ស្បែកជើង ប្រហែល​ជា​យើង​អាច​ទាក់​ទាញ​បាន​ក្រុមហ៊ុន​ជាង ​100​ទៀត​មក​បង្កើត​រោងចក្រ​នៅ​កម្ពុជា។ ខ្ញុំ​រួម​ជាមួយ​សមាជិក​សមាគម​កាត់ដេរ ព្រមទាំង​ដៃគូ​នៅ​អាមេរិក​កំពុង​តែ​គិត​ពី​រឿង​សុំ​ចូល​ទៅ​កាន់​ទីផ្សារ​អាមេរិក ដោយ​មិនបាច់​បង់ពន្ធ​សម្រាប់​ផលិតផល​ស្បែកជើង។ យើង​នឹង​សាក​មើល បើសិន​យើង​បាន គឺ​ល្អ​ណាស់”។

    លោក ហូ ស៊ីវយ៉ុង ប្រធាន​នាយកដ្ឋាន​នាំ​ចេញនាំចូល នៃ​ក្រសួង​ពាណិជ្ជកម្ម ប្រាប់​ថា ក្រុមការងារ​របស់​ក្រសួង​ពាណិជ្ជកម្ម និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា កំពុង​ធ្វើការ​ងារ​នេះ​ជា​មួយគ្នា​ដើម្បី​ស្នើ​សុំ​ការ​លើក​លែង​ពន្ធ​នាំចូល​ពី​សហរដ្ឋ​អាមេរិក។ លោក​បញ្ជាក់​ថា​៖ “យើង​សង្ឃឹម​ថា​នឹង​ទទួល​បាន​ផល​ប្រយោជន៍​កាន់​តែ​ច្រើន​នៅ​ពេល​ផលិតផល​ស្បែក​ជើង​ទទួល​បាន​ការ​លើក​លែង​ពន្ធ​នាំចូល​ ព្រោះ​វា​នឹង​អាច​ទាក់​ទាញ​ការ​វិនិយោគ​ថ្មីៗ ដើម្បី​បង្កើត​ការងារ​បន្ថែម​ដល់​យុវជនខ្មែរ”។

    ក្រោយ​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ក្នុង​ពេល​កន្លង​មក​ ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់សហរដ្ឋ​អាមេរិក ដែល​រួម​មាន​ផលិតផល​វ៉ាលី កាបូប​ស្ពាយ កាបូប​យួរដៃ និង​កាបូបដៃ ចាប់​ពី​ថ្ងៃទី​01 ខែកក្កដា ឆ្នាំ​2016 តទៅ​មិន​តម្រូវ​ឱ្យ​បង់ពន្ធ​នោះ​ទេ ខណៈ​មុន​ការ​លើក​លែង​ពន្ធ​ការ​នាំ​ចេញ​ទំនិញ​ទាំង​នេះ​ទៅ​អាមេរិក​ត្រូវ​ជាប់​ពន្ធ​ក្នុង​អត្រា​ចន្លោះ​ពី​4.5%​ទៅ 20%​ឯណោះ៕

  • ទីបំផុត Neymar ត្រូវត្រៀម​បំពេញ​ការផ្ទេរ​ទៅ PSG មែន!

    ទីបំផុត Neymar ត្រូវត្រៀម​បំពេញ​ការផ្ទេរ​ទៅ PSG មែន!

    ខ្សែ​ប្រយុទ្ធ Neymar នឹង​ត្រូវ​បំពេញការផ្ទេរក្នុងតម្លៃខ្លួន​ជាកំណត់ត្រា​ពិភព​លោក​ទៅកាន់ក្លិប Paris Saint-Germain ក្នុង​ទឹកប្រាក់​ប្រមាណ​ជា​502លានអឺ​រ៉ូ (ស្មើនឹង​595លាន​​ដុល្លារ​អាមេរិក) បើ​បូក​ទាំង​តម្លៃ​ខ្លួន និង​ប្រាក់​បៀ​​វត្សរ៍ ក្រោយ​ពី​រូបគេបានប្រាប់​ក្លិប Barcelona ថា រូបគេ​នឹង​ចាក​ចេញ​។

    PSG បាន​យល់​ព្រម​ទៅលើ​ក្នុងការ​ចំណាយ​ប្រាក់​​ទិញ​រំលាយកិច្ច​សន្យា​​ចំនួន​222​លាន​អឺ​រ៉ូ (ស្មើនឹង​260លាន​ដុល្លារអាមេរិក) ​ដែលនឹង​ត្រូវ​ប្រគល់​ឲ្យ​ការិយាល័យ​សហ​ព័ន្ធកីឡា​បាល់​ទាត់​អេ​ស្ប៉ាញ ខណៈ​ដែលនេះ​គឺ​ជា​បែប​បទ​ដែល​តម្រូវ​ឲ្យ​ធ្វើ​ក្នុងការ​ជម្រះ​ការ​ផ្ទេរ​។ Neymar ដែល​​បាន​ធ្វើ​ដំណើរ​​ទៅកាន់​ទីក្រុង Porto កាលពីថ្ងៃពុធ ដើម្បី​ទទួល​ការ​ត្រួតពិនិត្យសុខភាពនោះត្រូវ​បាន​រំពឹង​ទុក​ថា នឹង​បង្ហាញខ្លួន​ជាផ្លូវ​ក្នុង​ទីក្រុង​ប៉ា​រីសនៅ​សប្តាហ៍នេះ​។ កាលពីថ្ងៃពុធ​ដដែល​នោះ Neymar ដែលរួម​ដំណើរ​​ដោយ​ឪពុក​របស់គេផងនោះបាន​ធ្វើការ​បញ្ជាក់​ប្រាប់​ក្លិប Barcelona នៅ​ឯ​ទីលានហ្វឹកហាត់​របស់​ពួក​គេ អំពី​គោល​​បំណង​​របស់គេក្នុង​ការ​ចាក​ចេញ​។ ក្លិប​យក្ស​​របស់អេ​ស្ប៉ាញមួយនេះបាន​ឆ្លើយ​តប​តាមរយៈ​ការ​និយាយ​ថា ទឹក​ប្រាក់​​ទិញ​រំលាយ​កិច្ច​សន្យា​នឹង​ត្រូវ​តែ​បង់​ក្នុង​ចំនួនពេញ​លេញ​។

    ស្របពេល​ជាមួយ​គ្នានេះ ខ្សែ​ប្រយុទ្ធ Lionel Messi ដែល​ជាមិត្ត​រួមក្រុម​របស់ក្លិប Neymar បាន​បង្ហោះ​​សារ​លា​គ្នា នៅ​លើបណ្តាញ​សង្គមទៅកាន់​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ប្រេស៊ីលរូបនេះ ខណៈ​ដែលលោក Wagner Ribeiro ដែល​ជា​ភ្នាក់​ងារ​តំណាង​របស់​គេត្រូវ​បានដក​ស្រង់​សម្តី​ខណៈ​និយាយ​ថា PSG នឹង​ចំណាយ​​ប្រាក់​ស្រប​​តាម​តម្លៃខ្លួន​ដែល Barcelona ​បានស្នើ​សុំ​​។ លោក Ribeiro បានបញ្ជាក់បន្ថែមទៀត​ថា Neymar កំពុង​ស្ថិតនៅលើ​ផ្លូវ​ឆ្ពោះទៅកាន់​ការផ្ទេរមួយនេះ​ហើយ។ Ribeiro បានប្រាប់​ស្ថានី​យវិទ្យុ​របស់​អេ​ស្ប៉ាញ Cadena COPE ថា៖ «PSG នឹង​ចំណាយ​ប្រាក់​រំលាយកិច្ច​សន្យា​ចំនួន​222លាន​អឺ​រ៉ូ របស់ Neymar នៅ​ថ្ងៃនេះ ហេតុនេះ រូប​គេអាច​បង្ហាញ​ខ្លួន​ជាផ្លូវការ​នៅ​ចុង​សប្តាហ៍នេះ​​»​។ Neymar បាន​ផ្ទេរមកពី​ក្លិប Santos កាលពី​ឆ្នាំ​2013 ក្នុង​តម្លៃ​ខ្លួន​ជិត​100​លាន​អឺ​រ៉ូ ហើយ​រូបគេ​​ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ទទួល​បាន​​ចំណូល​ជាង​1​លាន​ដុល្លារ​ក្នុងមួយ​សប្តាហ៍ នៅ PSG មុន​ពេល​កាត់​​ពន្ធ​​៕

    ប្រភព​ពី៖ The Guardian

  • រដ្ឋាភិបាល នឹងពង្រីកច្រកទ្វារជ្រៃធំខ្នាតាំងយូ ឱ្យក្លាយទៅជាច្រកទ្វារព្រំដែនអន្តរជាតិ

    រដ្ឋាភិបាល នឹងពង្រីកច្រកទ្វារជ្រៃធំខ្នាតាំងយូ ឱ្យក្លាយទៅជាច្រកទ្វារព្រំដែនអន្តរជាតិ

    ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងមហាផ្ទៃកំពុងស្នើសុំដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាដើម្បីពង្រីកច្រកទ្វារជ្រៃធំឱ្យទៅជាច្រកទ្វារព្រំដែនអន្តរជាតិក្នុងការជំរុញការគ្រប់គ្រងឲ្យកាន់តែប្រសើរឡើង។

    អភិបាលនៃគណៈអភិបាលខេត្តកណ្តាលលោក ម៉ៅ ភិរុន បានថ្លែងលើកឡើងនៅក្នុងកិច្ចប្រជុំរវាងអាជ្ញាធរពាក់ព័ន្ធនៅច្រកទ្វារជ្រៃធំកាលពីថ្ងៃម្សិលមិញនេះថា នាពេលកន្លងមកអាជ្ញាធរខេត្តកណ្តាល និងខេត្តអំាងយ៉ាង ប្រទេសវៀតណាម បានអនុវត្តការចុះកិច្ចព្រមព្រៀងរួចមកហើយនៅលើចំណុចជាច្រើនដើម្បីដាក់បញ្ជូលជាធរមាននៃការដាក់ឲ្យប្រើប្រាស់ស្ពាន កំពង់ដ និងជាថ្ងៃដាក់ឲ្យដំណើរការនៃច្រកទ្វារព្រំដែនជ្រៃធំនេះផងដែរ។

    លោកបន្តថា ទន្ទឹមនឹងការដាក់ឲ្យប្រើប្រាស់ស្ពាន កំពង់ដ និងច្រកទ្វារព្រំដែនជ្រៃធំនេះ គឺភាគីកម្ពុជាឈានទៅបិទច្រករបៀងនៅតាមព្រំដែនទាំងអស់តាមការឯកភាពរវាងភាគីវៀតណាម និងកម្ពុជា ក៏ដូចជាឯកភាពអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលយើងផងដែរ។

    លោកបន្តថា មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានចុះហត្ថលេខារួចមកហើយ ដើម្បីស្នើសុំទៅដល់សម្តេចតេជោហ៊ុន សែនក្នុងការសុំដំឡើងកម្រិតច្រកទ្វារជ្រៃធំខ្នាតាំងយូឲ្យក្លាយទៅជាច្រកទ្វារព្រំដែនអន្តរជាតិដើម្បីបង្កើតទីតាំងចំនួន2 កន្លែងរួមគ្នាមាន ច្រកទ្វារព្រំដែនផ្លូវគោក និងច្រកទ្វារព្រំដែនផ្លូវទឹកដើម្បីបង្កលក្ខណៈងាយស្រួលតាមច្រកទ្វារព្រំដែន ក្នុងនោះគឺកំណត់យកនៅច្រកទ្វារព្រំដែនផ្លូវគោក ស្ថិតនៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ឆ្លងកាត់ស្ពានជ្រៃធំ ទល់មុខច្រកទ្វារព្រំដែនឡុងប៊ិនដោយមានទីតាំងចម្ងាយ 300ម៉ែត្រពីគល់ស្ពានជ្រៃធំ។ ចំណែកច្រកទ្វារព្រំដែនផ្លូវទឹក ស្ថិតនៅចុងផ្លូវ21ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ឆ្លងកាត់ទន្លេបាសាក់ និងព្រែកជ្រៃធំទល់មុខព្រំដែនឡុងប៊ិនប្រទេសវៀតណាមផងដែរ៕

  • ម៉ាឡេស៊ី គ្រោងវិនិយោគទឹកប្រាក់ 250លានដុល្លារ បើកមជ្ឈមណ្ឌលពាណិជ្ជកម្មអ៊ិស្លាមកម្ពុជា

    ម៉ាឡេស៊ី គ្រោងវិនិយោគទឹកប្រាក់ 250លានដុល្លារ បើកមជ្ឈមណ្ឌលពាណិជ្ជកម្មអ៊ិស្លាមកម្ពុជា

    ភ្នំពេញៈ ក្រុមហ៊ុនយក្សមួយរបស់ប្រទេសម៉ាឡេស៊ីឈ្មោះ SURIYA PADU DEVELOPMENT SDN.BHD ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ីគ្រោងបោះទុន250លានដុល្លារអាមេរិកដើម្បីបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មអ៊ិស្លាមដំបូងគេនៅកម្ពុជា។

    លោក Dato Mohammad Kassim អគ្គនាយកក្រុមហ៊ុន SURIYA PADU DEVELOPMENT SDN.BHD បានបញ្ជាក់ពីព័ត៌មានដ៏ល្អនេះនៅក្នុងជំនួបជាមួយឯកឧត្តម អូស្មាន់ ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនាព្រឹកថ្ងៃទី2 សីហានេះថា ក្រុមហ៊ុនរបស់លោកទើបបានសម្រេចវិនិយោគគម្រោងពាណិជ្ជកម្មទំហំជាង100លានដុល្លាអាមេរិកនៅប្រទេសប្រ៊ុយណេ និងកំពុងតែមានចំណាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការដាក់ទុនវិនិយោគនៅកម្ពុជាក្នុងគម្រោងមួយដែលមានឈ្មោះថា មជ្ឈមណ្ឌលពាណិជ្ជកម្មអ៊ិស្លាមកម្ពុជា (CITC) ដែលតាមការគ្រោងនឹងត្រូវចំណាយទឹកប្រាក់250លានដុល្លាអាមេរិក។

    លោកអគ្គនាយកក្រុមហ៊ុនបន្តថា ទំហំទឹកប្រាក់ដែលធំបែបនេះ ក្រុមហ៊ុនមានដៃគូម្ចាស់ភាគហ៊ុនដ៏ធំមួយ គឺមូលនិធិព្រះចៅហ្វៃសាល់ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត (KFF) ហើយកត្តាដែលញ៉ាំងឲ្យលោកមានគម្រោងវិនិយោគក្នុងទម្រង់ជាមជ្ឈមណ្ឌលពាណិជ្ជកម្មបែបអ៊ិស្លាមមានវត្តមាននៅកម្ពុជា ព្រោះលោកមើលឃើញពីសម្ទុះនៃការរីកចម្រើនសេដ្ឋកិច្ចនៅកម្ពុជា និងសក្តាពុលសេដ្ឋកិច្ចឧស្សាហកម្មនៅកម្ពុជាជាសមាជិកប្រទេសអាស៊ានមួយដែលកំពុងវិវឌ្ឍទៅរកការឈោងចាប់ឧស្សាហកម្មហាឡាលដើម្បីប្រកួតប្រជែងនៅលើទីផ្សាក្នុងតំបន់ និងអន្តរជាតិផងដែរ។

    លោកបន្តឲ្យដឹងថា គម្រោងវិនិយោគនេះគឺផ្តោតសំខាន់ទៅលើឧស្សាហកម្មហាឡាល សណ្ឋាគារនិងទេសចរណ៍ សុខាភិបាល អប់រំ និងផ្សារទំនើបជាដើម។  ឯកឧត្ដម អូស្មាន់ ហាស្សាន់ ក្នុងនាមជាសមាជិករាជរដ្ឋាភិបាលកម្ពុជាបានសម្តែងការអបអរសាទរ និងរីករាយចំពោះគម្រោងដ៍ធំរបស់ម៉ាឡេស៊ីនេះ ហើយឯកឧត្ដមក៏បានត្រៀមខ្លួនសហការជានិច្ចរាល់តម្រូវការចាំបាច់ដែលអាចធ្វើទៅបានដើម្បីលើកកម្ពស់ឱកាស និងកំណើនសេដ្ឋកិច្ចប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។ ឯកឧត្ដមក៏បានបង្ហាញពីសក្តានុពលទាំងឡាយដែលជាឱកាសវិនិយោគនៅកម្ពុជាជូនដល់ភាគីម៉ាឡេស៊ីដើម្បីសម្រេចយកចំណុចចាប់ផ្តើមណាមួយដែលជាវិស័យអាទិភាព ហើយចាប់ផ្តើមអនុវត្តជាជំហានដំបូងតែម្តង៕

  • កម្ពុជាអនុវត្តស្តង់ដារបច្ចេកទេស ISO ពិនិត្យគុណភាពទំនិញជាលើកដំបូង

    កម្ពុជាអនុវត្តស្តង់ដារបច្ចេកទេស ISO ពិនិត្យគុណភាពទំនិញជាលើកដំបូង

    ភ្នំពេញ៖ ផលិតផល និងទំនិញនៅកម្ពុជាហាក់នៅមិនទាន់ត្រូវបានទទួលស្គាល់គុណភាព ខ្លាំង100%ដូចទំនិញនាំចូលពីក្រៅប្រទេសនៅឡើយទេ។ ហើយដើម្បីពង្រឹងស្តង់ដារគុណភាពនេះ ក្រសួងសិប្បកម្ម និងឧស្សាហកម្មបានពិភាក្សាអនុម័តលើការងារបច្ចេកទេសចំនួន4ចំណុចក្រោមអធិបតីភាពឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តង់ដារជាតិកម្ពុជាដើម្បីធ្វើតេស្តគុណភាពផលិតផល និងទំនិញផ្សេងៗនៅកម្ពុជា។

    ឆ្លងកាត់ការពិភាក្សា អង្គប្រជុំបានសម្រេចអនុម័តលើការងារបច្ចេកទេសចំនួន4ចំណុច មានដូចខាងក្រោម៖
    1-ស្តង់ដារអន្តរជាតិ ISO ផ្នែកវិធីសាស្ត្រ សម្រាប់ធ្វើតេស្តផលិតផលធ្វើពីឈើ (ក្តារបន្ទះ) មួយចំនួនមកធ្វើជាស្តង់ដារជាតិកម្ពុជាដើម្បីផ្តល់នូវមូលដ្ឋាន និងឯកសារដល់មន្ទីរពិសោធ និងអង្គភាពត្រួតពិនិត្យទាំងអស់សម្រាប់អនុវត្តការវាយតម្លៃចរិតលក្ខណៈ គុណភាព និងសុវត្ថិភាពក្តារបន្ទះសម្រាប់ការប្រើប្រាស់ និងសម្រាប់សម្របសម្រួលដល់ការធ្វើពាណិជ្ជកម្ម។

    2-ស្តង់ដារអន្តរជាតិ ISO សម្រាប់ថ្នាំអនាម័យធ្មេញ ការតម្រូវវិធីសាស្ត្រធ្វើតេស្ត និងការដាក់ម៉ាក និងសម្រាប់យថាប្រភេទ បំពង់បឺតប្រភេទជ័រប៉ូលីប្រូពីឡែន(PP) មកធ្វើជាស្តង់ដារជាតិកម្ពុជាដើម្បីផ្តល់ភាពងាយស្រួលដល់អង្គភាពអនុវត្តន៍ និងសន្និដ្ឋានលើចរិតលក្ខណៈ រួមទាំងគុណភាព និងសុវត្ថិភាព ជាពិសេសការវាយតម្លៃលើប្រភេទ បរិមាណ និងកម្រិតអនុញ្ញាតសារធាតុគីមីដែលប្រើប្រាស់ក្នុងវត្ថុធាតុដើម ពណ៌ សារធាតុបង្កសម្រាប់ផលិតផលទាំងពីរខាងលើ ។

    3-ស្តង់ដារអន្តរជាតិ IEC សម្រាប់គ្រឿងបរិក្ខារអគ្គិសនីប្រើប្រាស់ក្នុងលំនៅដ្ឋាន ចំនួន22 ស្តង់ដារមកធ្វើជាស្តង់ដារជាតិរបស់កម្ពុជាដើម្បីផ្តល់ភាពងាយស្រួលដល់អង្គភាពវាយតម្លៃទាំងអស់ធ្វើការត្រួតពិនិត្យវាយតម្លៃគុណភាព និងសុវត្ថិភាពគ្រឿងបរិក្ខារខាងលើក្នុងទិសដៅការពារអ្នកប្រើប្រាស់ពីហានិភ័យ និងបរិស្ថានដែលបង្កដោយគ្រឿងបរិក្ខារទាំងនោះ ។

    4-ស្តង់ដារអន្តរជាតិ ISO សម្រាប់ឥដ្ឋការ៉ូសេរ៉ាមិក និងបេតុង ចំនួន3ស្តង់ដារមកធ្វើជាស្តង់ដារជាតិរបស់កម្ពុជាដើម្បីឱ្យក្រុមហ៊ុនផលិតនាំចូល និងអង្គភាពត្រួតពិនិត្យទាំងអស់យល់ដឹងពីប្រភេទចំណាត់ថ្នាក់ សារធាតុផ្សំ ការតម្រូវសម្រាប់គុណភាព និងសុវត្ថិភាពផលិតផលខាងលើ និងនីតិវិធីវាយតម្លៃភាពអនុលោមក្នុងទិសដៅការពារអ្នកប្រើប្រាស់ ហានិភ័យសង្គម និងបរិស្ថានដែលបង្កដោយផលិតផលដែលមិនមានគុណភាព និងសុវត្ថិភាព។ ដោយឡែក បន្ថែមលើការអនុម័តទទួលយកស្តង់ដារអន្តរជាតិ ISO និង IEC អង្កប្រជុំក្រុមប្រឹក្សាជាតិ និងពិនិត្យមើលផងដែរអំពីលទ្ធភាពនៃការដាក់បទប្បញ្ញត្តិបច្ចេកទេសសម្រាប់ការបញ្ចូលសារធាតុអ៊ីយ៉ូដទៅក្នុងអំបិល ផ្អែកតាមលទ្ធផលនៃការសិក្សារបស់ក្រសួងផែនការអំពីកង្វះជាតិអ៊ីយ៉ូដ និងជំងឺនានាដែលកើតមានឡើងដោយសារកង្វះជាតិអ៊ីយ៉ូដ ជាពិសេសចំពោះស្ត្រី និងកុមារនៅតាមជនបទ និងលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានស្តង់ដារកម្ពុជាអំពីលទ្ធភាពនៃការផលិត និងចរាចរណ៍អំបិលដែលមាន និងមិនមានបញ្ចូលសាធាតុអ៊ីយ៉ូដនៅកន្លែងផលិត និងទីផ្សារនៅតាមបណ្តាខេត្ត រាជធានី ចំនួន10។

    មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាស្តង់ដារជាតិដែលមានគណៈកម្មការបច្ចេកទេសចំនួន10 បានខិតខំដកស្រង់ចងក្រងយកស្តង់ដារអន្តរជាតិមកធ្វើជាស្តង់ដារជាតិបានយ៉ាងច្រើន ពីព្រោះស្តង់ដារទាំងនេះនឹងត្រូវយកទៅប្រើប្រាស់ដោយផលិតករ អាជីវករ អង្គភាពធ្វើតេស្ត និងអង្គភាពពាក់ព័ន្ធដើម្បីពង្រឹងគុណភាពសុវត្ថិភាព និងកាត់បន្ថយផលប៉ះពាល់ដល់អ្នកប្រើប្រាស់ សង្គម និងបរិស្ថាន ក៏ដូចជាជំរុញដល់ពាណិជ្ជកម្មនាំចេញ និង ឧត្តមភាពប្រកួតប្រជែងផងដែរ ។

    ទាក់ទងនឹងបទប្បញ្ញត្តិបច្ចេកទេសសម្រាប់ការបញ្ជូលជាតិអ៊ីយ៉ូដនៅក្នុងអំបិល ឯកឧត្តម ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានណែនាំឱ្យលេខាធិការដ្ឋាន និងគណៈកម្មការបច្ចេកទេសពន្លឿនការធ្វើស្តង់ដារអំបិលឱ្យបានឆាប់ ពីព្រោះអំបិលមានអត្ថប្រយោជន៍ណាស់សម្រាប់ជីវភាពប្រចាំថ្ងៃ និងវិស័យឧស្សាហកម្ម ជាពិសេសអំបិលដែលត្រូវប្រើជាគ្រឿងផ្សំសម្រាប់បរិភោគ គឺត្រូវតែបញ្ចូលជាតិអ៊ីយ៉ូដជាដាច់ខាត ពីព្រោះដើម្បីលើកកម្ពស់សុខភាព និងសំខាន់ជួយដល់ការពង្រឹងសតិបញ្ញារបស់កុមារដែលភាគច្រើនរស់នៅតាមទីជនបទ មានកង្វះខាតជាតិអ៊ីយ៉ូដក្នុងចំណីអាហារ៕

  • ប្រការប្រុងប្រយ័ត្នសម្រាប់អ្នកប្រឡងបាក់ឌុបគួរយកចិត្តទុកដាក់

    ប្រការប្រុងប្រយ័ត្នសម្រាប់អ្នកប្រឡងបាក់ឌុបគួរយកចិត្តទុកដាក់

    ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រឡងមធ្យមសិក្សាទុតិយភូមិ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ និងបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះការគ្រប់គ្រងភាពមិនប្រក្រតីនានា។ នៅក្នុងដំណើរការនៃការប្រឡងនោះ ក្រសួងអប់រំតែងតែធ្វើការបកស្រាយ និងណែនាំដល់សិស្ស រួមទាំងភាគីពាក់ព័ន្ធទាំងអស់ឱ្យបានយល់ពីចំណុចដែលគួរចៀសវាង ដើម្បីជាជំនួយស្មារតីដល់សិស្ស កុំឱ្យថ្លោះធ្លោយ ឬធ្វើខុសប្រការទាំងនេះ។

    ខាងក្រោមនេះជាប្រការដែលបេក្ខជនមិនត្រូវអនុវត្តក្នុងដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ៖
    1.មិនត្រូវមកដល់មណ្ឌលប្រឡងក្រោយជួងទី2
    2.មិនត្រូវស្លៀកពាក់ឯកសណ្ឋានកងប្រដាប់អាវុធចូលក្នុងមណ្ឌលប្រឡង
    3.មិនត្រូវយកសៀវភៅ និងសំណៅគ្រប់រូបភាពចូលក្នុងមណ្ឌលប្រឡង
    4.មិនត្រូវយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងនូវអាវុធជាតិផ្ទុះ ទូរស័ព្ទដៃ ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទសៀវភៅសំណៅឯកសារ ប្រដាប់គិតលេខ នាឡិកាដៃដែលមានប្រដាប់គិតលេខ កាតាបកាបូបយួរដៃ ថង់សម្ពៀត កញ្ចប់ផ្សេងៗ និងទឹកលុបពណ៌ស
    5.មិនត្រូវចូលក្នុងបន្ទប់ប្រឡងមុនពេលអនុរក្សហៅឈ្មោះ
    6.មិនត្រូវប្រើពាក្យសំដីអាកប្បកិរិយាមិនសមរម្យក្នុងមណ្ឌលប្រឡង ឬបង្កជម្លោះនៅក្នុងមណ្ឌលប្រឡងឬក្នុងបន្ទប់ប្រឡងដោយគំរាមកំហែងលើបេក្ខជនដទៃ
    7.មិនត្រូវបដិសេធ ប្រឆាំងតបត ឬបង្កបាតុភាពដោយពាក្យសំដី ដោយកាយវិការចំពោះការត្រួតពិនិត្យរបស់អ្នកមានសមត្ថកិច្ច ឬមេប្រយោគក្នុងការពិនិត្យស្រាវជ្រាវ រើរកសំណៅឯកសារ និងសម្ភារផ្សេងៗដែលត្រូវហាមឃាត់មិនឱ្យយកចូលក្នុងមណ្ឌលប្រឡង
    8.មិនត្រូវធ្វើចម្លើយវិញ្ញាសានៅលើសន្លឹកកិច្ចការណាដែលគ្មានហត្ថលេខារបស់អនុរក្ស
    9.មិនត្រូវចម្លងប្រធានវិញ្ញាសាចូលក្នុងក្រដាសដទៃ និងមិនត្រូវបោះប្រធានវិញ្ញាសាចេញក្រៅបន្ទប់ប្រឡងឡើយ
    10.មិនត្រូវងើបឈរ ងាកឆ្វេងស្ដាំ អើតឈ្ងោកទៅមុខ បែរទៅក្រោយ ឬដើរចេញពីកន្លែងអង្គុយដោយគ្មានការអនុញ្ញាតពីអនុរក្ស។ មិនត្រូវសរសេរកិច្ចការហើយអានខ្លាំងៗឮដល់អ្នកជិតខាង ឬឆក់អូសទាញយកសន្លឹកកិច្ចការរបស់អ្នកដទៃដាក់ពីមុខ ឬដាក់ពីក្រោមសន្លឹកកិច្ចការរបស់ខ្លួនឡើយ
    11.មិនត្រូវប្ដូរគ្នានូវសន្លឹកកិច្ចការ ឬក្រដាសព្រាង ឬផ្ទៀងផ្ទាត់ចម្លើយ ឬចម្លងគ្នា និងមិនត្រូវដាក់សន្លឹកកិច្ចការឆ្ងាយពីមុខរបស់ខ្លួនបង្កឱ្យអ្នកដទៃមើល ឬអូសឆក់យកបាន
    12.មិនត្រូវធ្វើសញ្ញាសម្គាល់លើសន្លឹកកិច្ចការដើម្បីធ្វើឱ្យសម្គាល់អាគតដ្ឋានរបស់ខ្លួនដូចជាសរសេរអក្សរប្លែកពីតួអក្សរទាំងអស់ក្នុងកិច្ចការធ្វើសញ្ញាផ្សេងៗ ឬគូសបន្ទាត់ខុសប្រក្រតី ឬលុបនឹងទឹកស ឬសរសេររំលងបន្ទាត់ជាដើម
    13.មិនត្រូវលាក់ ឬហែកសន្លឹកកិច្ចការរបស់ខ្លួន និងមិនត្រូវហែក ឬលាក់សន្លឹកកិច្ចការអ្នកដទៃ
    14.មិនត្រូវបំផ្លាញ ឬធ្វើឱ្យខូចខាតសម្ភារនៅក្នុងបន្ទប់ប្រឡង ដូចជាដោះទ្វារបង្អួច ធ្វើឱ្យរបើកជញ្ជាំងក្ដារធ្វើឱ្យបាក់បែកតុកៅអី ឬក្ដារខៀនជាដើម
    15.មិនត្រូវឱ្យអ្នកដទៃប្រឡងជំនួស ឬសរសេរបំពេញបន្ថែមលើសន្លឹកកិច្ចការរបស់ខ្លួនជាដាច់ខាត
    16.មិនត្រូវប្រើពាក្យសំដី និងអាកប្បកិរិយាដែលនាំឱ្យខូចសណ្ដាប់ធ្នាប់របៀបរៀបរយនៃការប្រឡង ឬប៉ះពាល់ដល់កិត្តិយសរបស់មេប្រយោគ។

    ដើម្បីចៀសវាងកំហុស ឬបញ្ហានានាដែលពាក់ព័ន្ធដល់លទ្ធផលនៃការប្រឡងសូមសិស្សានុសិស្សទាំងអស់ស្វែងយល់ និងបង្កើនការប្រុងប្រយ័ត្ន៕

  • បើចេញរាងមកអ៊ីចឹង និងមានសមត្ថភាពប៉ុណ្ណឹង ស្រឡាញ់អត់?

    បើចេញរាងមកអ៊ីចឹង និងមានសមត្ថភាពប៉ុណ្ណឹង ស្រឡាញ់អត់?

    បន្ទាប់ពីចេញស្មាតហ្វូនឈរលើរូបរាងចាស់ មិនសូវផ្លាស់ប្ដូរប្លែកគ្នាប៉ុន្មានរវាងម៉ូដែលមុន និងក្រោយនោះ ក៏មានព័ត៌មានបែកធ្លាយមួយបានបង្ហាញថា ក្រុមហ៊ុន Sony របស់ជប៉ុនត្រៀមនឹងបង្ហាញស្មាតហ្វូនរូបរាងថ្មី មានផ្ទៃអេក្រង់លាតធំ គ្មានគែមសល់ធំដូចមុន និងសមត្ថភាពដំណើរការកាន់តែខ្លាំង។

    តាមការចុះផ្សាយលើគេហទំព័រ Phone Arena បានឱ្យដឹងថា  Sony របស់ជប៉ុនកំពុងសម្ងំផលិតស្មាតហ្វូនត្រកូល XZ1 ចំនួន 2 ស៊េរី ដែល​អាច​នឹង​ដាក់​ចេញ​នៅចុងខែសីហា ឬដើមខែកញ្ញា ឆ្នាំ 2017 ខាងមុខនេះ។ ការបង្ហាញខ្លួននឹងត្រូវចំពេលព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម IFA​ 2017 ដោយក្រុមហ៊ុន Sonyទំនងជាត្រៀម​ស្មាត​ហ្វូន​ជំនាន់​ថ្មីក្នុងត្រកូល Xperia ដែលមានចំនួនដល់ទៅ 2ស៊េរី គឺ Xperia XZ1 និង Xperia XZ1 Compact។ ស្មាតហ្វូនស៊េរីថ្មី​ទាំង 2 នេះនឹង​មាន​លេខ​កូដ​ម៉ូដែល Sony G8341 និង G8441 ដោយបំពាក់កញ្ចក់អេក្រង់ទំហំ 5.0 អ៊ីញ និង 5.5 អ៊ីញ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 835 ជាមួយ Ram ទំហំ 4GB និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 7.1.1 ។

    ការមកដល់ថ្មីនេះ ក្រុមហ៊ុនអាចនឹងប្តូររូបរាងរបស់វាប្លែកពីរៀមច្បងមុនៗ ជាមួយនឹងផ្ទៃអេក្រង់ធំពេញផ្នែកខាងមុខ ដោយមិនសល់គែម និងផ្នែកលើ/ក្រោមសល់ក្រាស់ដូចមុនទៀតទេ។ ក្រៅពីគែមស្ដើងហើយ ក្រុមហ៊ុនក៏ប្រហែលជាផ្លាស់ប្ដូរទម្រង់រូបរាងរបស់វាផងដែរ ដើម្បីអាចប្រជែងជាមួយគេបាន៕

  • ក្នុងឱកាសគម្រប់ខួប2 ឆ្នាំ ក្រុមហ៊ុន SEATEL ចែកទូរស័ព្ទ Smartphone 4G ឥតគិតថ្លៃ

    ក្នុងឱកាសគម្រប់ខួប2 ឆ្នាំ ក្រុមហ៊ុន SEATEL ចែកទូរស័ព្ទ Smartphone 4G ឥតគិតថ្លៃ

    ភ្នំពេញ៖ ក្រុមហ៊ុន SEATEL (South East Asia Telecom Group Ltd) ដែលជាក្រុមហ៊ុនវិនិយោគលើសេវា Internet និងទូរគមនាគមន៍ចល័ត គឺជាក្រុមហ៊ុនដំបូងគេបង្អស់ ដែលបាននាំចូលអ៊ិនធឺណែតដែលមានល្បឿនលឿនបំផុត 4G VoLTE មកចូលប្រទេសកម្ពុជា។ ត្រឹមតែរយៈពេល2ឆ្នាំ នៃប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា SEATEL បានទទួលការគាំទ្រពីអតិថិជនជាច្រើន ដែលផ្តល់សេចក្តីទុកចិត្តថា ទិន្នន័យអ៊ិនធឺណែត 4G VoLTE របស់ក្រុមហ៊ុននេះ ពិតជាមានល្បឿនលឿន មិនទាស់ចិត្ត បើទោះបីជា នៅទីកន្លែងណាក៏ដោយ ព្រោះ SEATEL មានសេវាគ្របដណ្តប់ទូទាំងព្រះរាជាណាចក្រកម្ពុជា។

    នៅក្នុងឱកាសនៃគម្រប់ខួប 2ឆ្នាំ នៃដំណើរការនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Seatel បានបង្កើត Promotion ពិសេសមួយ ដើម្បីអរគុណដល់អតិថិជនទាំងអស់ ដែលគាំទ្រសេវារបស់ក្រុមហ៊ុន ដោយអតិថិជនគ្រាន់តែអញ្ជើញមកកាន់ Showroom របស់ក្រុមហ៊ុន ឬមកកាន់ហាង SEATEL ដែលនៅជិតបំផុតនោះ អតិថិជននឹងបានទទួល Smartphone 4G មួយដោយឥតគិតថ្លៃ ដោយគ្រាន់តែជាវកញ្ចប់ទិន្នន័យ និងការផ្តល់ឥណទាននៃការហៅចេញ ដោយចំណាយត្រឹម 49ដុល្លារប៉ុណ្ណោះ។

    លោក Han Hanchou អគ្គនាយករបស់ក្រុមហ៊ុន SEATEL បានមានប្រសាសន៍ថា “ ដោយមើលឃើញថា បច្ចុប្បន្ន មានអតិថិជនជាច្រើនទាំងនៅទីក្រុង និងជនបទនិយមប្រើប្រាស់សេវាអ៊ិនធឺណែត ជាពិសេសនោះ គឺយុវជន ដូច្នេះហើយ ទើបក្នុងឱកាសគម្រប់ខួប2 ឆ្នាំ ក្រុមហ៊ុន SEATEL បានបង្កើតកម្មវិធីផ្តល់ជូនពិសេសនេះឡើង ដើម្បីបំពេញចិត្តអតិថិជនទាំងអស់ ដោយការចែកជូនទូរស័ព្ទ Smartphone ដោយឥតគិតថ្លៃ។

    តាមរយៈការផ្តល់ជូនពិសេសនេះ អតិថិជន SEATEL ទាំងអស់នឹងលែងបារម្ភពីការប្រើប្រាស់អ៊ិនធឺណែតរអាក់រអួលទៀតហើយ ទោះជាពួកគាត់នៅទីណាក៏ដោយ ” ។

    លោកអគ្គនាយកបានបន្តទៀតថា ការផ្តល់ជូនទូរស័ព្ទSmart Phone V8 ដោយឥតគិតថ្លៃនេះ គឺមានភ្ជាប់កញ្ចប់ទិន្នន័យអ៊ិនធឺណែត ល្បឿនលឿនបំផុត 4G ក្រុមហ៊ុន SEATEL នឹងផ្តល់ជូនរយៈពេល6 ខែ និងមានច្រើនជម្រើសអាស្រ័យលើអតិថិជន គាត់ពេញចិត្តនឹងជាវកញ្ចប់ទិន្នន័យមួយណាប៉ុណ្ណោះ។

    ក្នុងនោះដែរ អតិថិជនទាំងឡាយ អាចមានជម្រើសជាច្រើនក្នុងការជាវកញ្ចប់ទិន្នន័យ របស់ក្រុមហ៊ុនSEATEL ដោយអតិថិជន ចំណាយត្រឹម49 ដុល្លារ នឹងទទួលបានទូរស័ព្ទSmart Phone V8 កញ្ចប់ទិន្នន័យអ៊ិនធឺណែត 36GB និងការហៅទូរស័ព្ទក្នុងប្រព័ន្ធរយៈពេល 6 ខែ។ ជាវកញ្ចប់ទិន្នន័យ តម្លៃ 79ដុល្លារ និងទទួលបានSmart Phone V9 កញ្ចប់ទិន្នន័យអ៊ិនធឺណែត 72 GBនិងការហៅទូរស័ព្ទក្នុងប្រព័ន្ធរយៈពេល 6 ខែ។ ជាវកញ្ចប់ទិន្នន័យ ដែលមានតម្លៃ 99ដុល្លារ នឹងទទួលបាន Smartphone R6 កញ្ចប់ទិន្នន័យអ៊ិនធឺណែត 90GB និងការហៅទូរស័ព្ទក្នុងប្រព័ន្ធរយៈពេល 6 ខែ។កម្មវិធីនេះបានផ្តល់ជូនចាប់តាំងពីថ្ងៃទី 13 ខែ ឧសភា ឆ្នាំ2017 មកម៉្លេះ។

    ដូច្នេះ អតិថិជន ដែលចង់បានទូរស័ព្ទទំនើប និងកញ្ចប់ទិន្នន័យអ៊ិនធឺណែត 4G ដែលមានល្បឿនដាច់គេក្នុងប្រទេសកម្ពុជា សូមប្រញាប់មកកាន់ការិយាល័យកណ្តាលរបស់ SEATEL ឬតាមហាង SEATELដែលនៅជិតលោកអ្នក ។ កម្មវិធីនេះផ្តល់ជូនរហូតអស់ពីស្តុក។

    សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកកាន់លេខ ៖ 0189800800 ឬចូលទៅគេហទំព័រ www.seatelgroup.com និង facebook.com/seatelgroup