Author: វល័ក្ខ

  • Lacazette និង Morata ត្រៀមបង្ហាញថ្វីជើង ខណៈ Arsenal ប៉ះ Chelsea ថ្ងៃអាទិត្យនេះ

    Lacazette និង Morata ត្រៀមបង្ហាញថ្វីជើង ខណៈ Arsenal ប៉ះ Chelsea ថ្ងៃអាទិត្យនេះ

    ខ្សែប្រយុទ្ធ Alexandre Lacazette និងតារាឆ្នើម Alvaro Morata នឹងសម្លឹងរកការបង្ហាញពីថ្វីជើងរបស់ពួកគេរៀងៗខ្លួន នៅពេលដែលក្រុមកាំភ្លើងធំ Arsenal ប្រកួតជាមួយនឹងក្រុមតោខៀវ Chelsea ក្នុងការប្រកួតពានមុនបើករដូវកាល Community Shield នាកីឡដ្ឋាន Wembley នៅថ្ងៃអាទិត្យនេះ។

    Lacazette ដែលបានផ្ទេរមកពីក្លិប Lyon ក្នុងតម្លៃខ្លួន46.5លានផោន (ស្មើនឹង60.6លានដុល្លារអាមេរិក) នោះ នឹងត្រូវធ្វើការប្រកួតជាផ្លូវការជាលើកទី1របស់គេសម្រាប់ក្រុម Arsenal ដែលជាម្ចាស់ជើងឯកពាន FA Cup។ ខ្សែប្រយុទ្ធអន្តរជាតិបារាំងវ័យ26ឆ្នាំរូបនេះ បានចំណាយពេលដល់ទៅ14ឆ្នាំជាមួយនឹងក្លិប Lyon និងបានក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងក្របខ័ណ្ឌ Ligue 1 ទាំង 3រដូវកាលចុងក្រោយនេះ ហើយរូបគេបានរកគ្រាប់បាល់បញ្ចូលទីដល់ទៅ113គ្រាប់ក្នុងរយៈពេល4រដូវកាលរបស់គេជាមួយនឹងក្លិបរបស់បារាំង។

    ដោយឡែក ខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញ Morata បានចូលរួមជាមួយនឹងក្រុម Chelsea ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ក្នុងតម្លៃខ្លួន 58លានផោន ពីក្លិបយក្ស Real Madrid របស់អេស្ប៉ាញ ក្រោយពីរូបគេមិនបានបង្ហាញខ្លួនក្នុងជម្រើសដំបូងឲ្យបានទៀងទាត់។ ប៉ុន្តែ បើទោះបីជាខ្សែប្រយុទ្ធវ័យ24ឆ្នាំរូបនេះមិនអាចប្រជែងជាមួយនឹង Karim Benzema ដើម្បីយកកៅអីជម្រើសទាំង11នាក់ដំបូងនៅឯ Real Madrid ក៏ដោយ ប៉ុន្តែ លោក Antonio Conte គ្រូបង្វឹករបស់ Chelsea ជឿជាក់ថា រូបគេអាចឈានដល់កម្រិតលេងដ៏កំពូលរបស់គេ។

    គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានឲ្យដឹងថា៖ «រូបគេជាកីឡាករវ័យក្មេង ហើយការងាររបស់ខ្ញុំគឺការជួយឲ្យរូបគេមានការអភិវឌ្ឍ និងរកឲ្យឃើញនូវគុណភាពរបស់គេ។ ខ្ញុំដឹងថា រូបគេមានកម្រិតលេងដ៏អស្ចារ្យដើម្បីក្លាយជាខ្សែប្រយុទ្ធម្នាក់ក្នុងចំណោមខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតក្នុងពិភពលោក»។ ការប្រកួតនៅថ្ងៃអាទិត្យនេះ ដែលជាយុទ្ធនាការបើករដូវកាលរបស់ក្របខ័ណ្ឌកំពូលអង់គ្លេសនោះ គឺជាការជួបគ្នាមួយដែលដូចទៅនឹងការប្រកួតពាន FA Cup វគ្គផ្តាច់ព្រ័ត្រ ដូវកាលពីរដូវកាលមុនដែរ ដែលពេលនោះ ក្រុម Arsenal បានយកឈ្នះលើក្រុម Chelsea ក្នុងលទ្ធផល 2-1។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង8យប់៕

  • នេះជាមូលហេតុដែល គង់ វង្សយ៉ាទី មិនព្រមប្ដូរទៅជិះរថយន្តទំនើរ

    នេះជាមូលហេតុដែល គង់ វង្សយ៉ាទី មិនព្រមប្ដូរទៅជិះរថយន្តទំនើរ

    កញ្ញា គង់ វង្សយ៉ាទី ជាពិធីការិនីល្បីឈ្មោះ និងលេចធ្លោនៅក្នុងស្ថានីយទូរទស្សន៍ CTN តាមរយៈកម្មវិធី «រាត្រីកំសាន្ដ» ជាកម្មវិធីកំពុងពេញនិយមសម្រាប់យុវវ័យ នឹងមហាជនទូទៅ។ ទោះបីជានាងមានឱកាសទទួលបានការងារជាច្រើនទាំងថតស្ប៉ត ខារ៉ាអូខេ ភាពយន្ដ ដែលអាចរកបានប្រាក់ចំណូលច្រើនសន្ធឹកសន្ធាប់ ប៉ុន្ដែនាងហាក់មានចិត្ដស្ងប់ មិនជ្រួលនឹងភាពឡូយឆាយជាមួយរថយន្ដទំនើប ខណៈដែលមានតារាមួយចំនួន កំពុងតែបង្អួតរថយន្ដទំនើបៗតម្លៃរាប់ម៉ឺនដុល្លារ។

    ពាក់ព័ន្ធនឹងរឿងនេះ កញ្ញា គង់ វង្សយ៉ាទី បានបញ្ជាក់ប្រាប់ថា រថយន្ដទំនើប នរណាក៏ចង់ដែរ ប៉ុន្ដែសម្រាប់នាងធ្វើអ្វីៗតែងតែប៉ាន់ស្មានពីសមត្ថភាព និងលទ្ធភាពរបស់ខ្លួន ដែលអាចធ្វើទៅបាន។ គង់ វង្សយ៉ាទី បន្ដថា៖ «ខ្ញុំមិនចង់យកប្រាក់ទៅចំណាយលើការផ្លាស់ប្ដូររថយន្ដទេ ដោយសារតែកន្លងមក ខ្ញុំត្រូវយកលុយមកធ្វើផ្ទះ ដើម្បីបានរស់នៅឲ្យស្រួលខ្លួននឹងគេជាមុនសិន។ ខ្ញុំមិនតូចចិត្ដទៅនឹងអ្វីដែលខ្ញុំកំពុងតែមានទេ ផ្ទុយទៅវិញខ្ញុំសប្បាយចិត្ដនូវដែលខ្ញុំធ្វើបានដោយសមត្ថភាពខ្លួន។ រថយន្ដទំនើបនរណាក៏ស្រឡាញ់ដែរ ប៉ុន្ដែបើមានលុយគួរតែធ្វើរឿងចាំបាច់ជាមុនសិន»។

    គេនៅចាំបានថា នៅពេលកញ្ញា គង់ វង្សយ៉ាទី ចូលប្រឡូកសិល្បៈដំបូងក្នុងឆ្នាំ2011 ខណៈដែលនាងទទួលតំណែងតួឆ្នាស់ក្នុងរឿង «នាងឈូកស» គឺនាងមិនទាន់មាន រថយន្ដប្រើប្រាស់ផ្ទាល់ខ្លួនទេ។ ម្ដងម្កាលនាងត្រូវជិះរថយន្ដឈ្នួល និងជិះដោយសារមិត្ដភ័ក្ដិក្នុងសិល្បៈនៅឡើយ។ ក្រោយពីប្រជាប្រិយភាពនាងឡើងបន្ដិច គេឃើញនាងជិះរថយន្ដកាមេរីឆ្លាមសេរីឆ្នាំ 2008 បន្ទាប់មកក៏ប្ដូរមកជិះ Lexus RX 300 ពណ៌ខ្មៅរហូតមកដល់បច្ចុប្បន្ន។

    ពិធីការិនីរូបនេះបន្ដថា រថយន្ដទំនើប ឬមិនទំនើបមិនអីទេ សំខាន់ឲ្យតែនាងប្រើប្រាសរថយន្ដលើដងផ្លូវគោរពច្បាប់ចរាចរ និងមិនមានបញ្ហាអ្វីកើតឡើងនោះ នាងសប្បាយចិត្ដទៅហើយ ព្រោះរថយន្ដនាងកំពុងជិះនេះ វាបានមកពីកម្លាំងញើសឈាមនាងសុទ្ធសាធ។

    កញ្ញា គង់ វង្សយ៉ាទី បន្ដទៀតថា៖ «រថយន្ដចាស់មែន សំខាន់យើងជាអ្នកបើកបរ ត្រូវមានការប្រុងប្រយ័ត្ន។ ខ្ញុំប្រើរថយន្ដនេះជាច្រើនឆ្នាំ ខ្ញុំក៏មិនដែលកើតមានបញ្ហាអ្វីឡើយ ព្រោះខ្ញុំ ចេះប៉ាន់ប្រមាណកម្លាំងខ្លួនឯងនៅពេលបើកបរ។ ពេលណាខ្ញុំអស់កម្លាំង ខ្ញុំបើកទៅរកកន្លែងមានសុវត្ថិភាព សម្រាកលុបមុខ ពេលមានកម្លាំងទើបធ្វើដំណើរបន្ដទៀត»៕

  • អ្នកអាចហួសចិត្ត ពេលបានរូបរាងរថយន្ត Ford Pickup កាលពី 100 ឆ្នាំមុន

    អ្នកអាចហួសចិត្ត ពេលបានរូបរាងរថយន្ត Ford Pickup កាលពី 100 ឆ្នាំមុន

    មកដល់ពេលនេះ មានរយៈ 100 ឆ្នាំហើយ គិតចាប់ពីថ្ងៃទី 27 ខែកក្កដា ឆ្នាំ 1917 ដែលរថយន្ត Ford ប្រភេទ Pickup បានកកើតឡើង ដែលក្នុងនោះ លោកអ្នកអាចនឹងហួសចិត្ត នៅពេលបានឃើញរូបរាងរបស់វា កាលពីជំនាន់នោះ បើប្រៀបធៀបនឹងរថយន្តដែលមានក្នុងពេលបច្ចុប្បន្ន។

    ម៉ូឌែលដំបូងនៃរថយន្តប្រភេទនេះ បានកើតចេញពីរថយន្តម៉ូដែល TT ដែលជាម៉ូឌែលរថយន្តដែលកើតចេញពីម៉ូដែល T ទទួលបានភាពជោគជ័យអស់រយៈពេលជាងមួយសតវត្ស និងបានក្លាយជាម៉ាករថយន្តលក់ដាច់បំផុតនៅលើពិភពលោក សម្រាប់ប្រើប្រាស់ដោយអ្នកចម្ការ ទាហាន អ្នកធ្វើការសំណង់ និងអ្នកបើកបរប្រណាំងជាដើម។ ការរចនា អនុភាព និងសមត្ថភាពរបស់រថយន្ត Ford Trucks បានផ្លាស់ប្តូរទាំងស្រុង បើប្រៀបធៀបទៅនឹងរថយន្ត Ford Model TT កាលពី 100 ឆ្នាំមុន។
    រថយន្ត Ford TT Long Chassis_Drawing

    កាលឆ្នាំ 1976 អ្នកនិពន្ធ របស់ទស្សនាវដ្ដី Ford Truck បានសរសេរពាក្យសាមញ្ញបីម៉ាត់ “Built Ford Tough” ដែលបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Ford ក្នុងការបង្កើតរថយន្តដែលរឹងមាំប្រកបដោយថាមពល និងមានប្រព័ន្ធសុវត្ថិភាពខ្ពស់។ បន្ទាប់មកទៀតក៏ឈានដល់ការចាប់កំណើតនៃរថយន្ត Ford Ranger ដែលជារថយន្ត ភីកអាប់ (Pickup) ជំនាន់ដំបូងដែលបានដាក់បង្ហាញនៅអាមេរិចខាងជើងក្នុងឆ្នាំ1982៕

  • សារធាតុផ្សំ 4 ប្រភេទ សម្រាប់អ្នកមានបញ្ហាសក់ស្តើង

    សារធាតុផ្សំ 4 ប្រភេទ សម្រាប់អ្នកមានបញ្ហាសក់ស្តើង

    សក់ដ៏តិចតួច ស្តើង គ្មានជីវិតជីវ៉ា គឺជាសុបិន្តដ៏អាក្រក់សម្រាប់ស្ត្រីដែលស្រឡាញ់សុខភាព និងភាពឡូយឆាយនៃសម្រស់ដែលបានមកពីសក់ដ៏ក្រាស់ ភ្លឺ រលោង និងមានទម្ងន់។ ជំនួសឱ្យភាពសោកសៅដែលអ្នកមិនចង់បាន ឡារ៉ែន សូមឱ្យអ្នកងាកមករកការព្យាបាលមួយដែលអាចនឹងធ្វើឱ្យសុបិន្តអាក្រក់នេះរលាយបាត់ទៅជារៀងរហូត។

    សារធាតុផ្សំដែលអ្នកត្រូវការមានដូចជា ស៊ុតក្រហម មួយគ្រាប់, ទឹកឃ្មុំ មួយស្លាបព្រាបាយ, ស្រាបៀរ 100មីល្លីលីត្រ និងផ្លែចេក កន្លះផ្លែ។ ដោយគ្រាន់តែកិនល្បាយទាំងនេះរួមបញ្ចូលគ្នា រួចយកវាមកលាបឱ្យសព្វលើស្បែកក្បាល ជាពិសេសត្រង់កន្លែងដែលសក់ស្តើងតែម្តង។ រួចទុកឱ្យសារធាតុផ្សំទាំងនេះធ្វើការនៅលើស្បែកក្បាលរបស់អ្នកប្រហែលជា3ម៉ោង សឹមសម្អាតចេញដោយសាប៊ូកក់សក់កម្រិតស្រាល។ ប្រសិនបើអ្នកមានអារម្មណ៍ថាស្បែកក្បាលហាក់ដូចជាក្តៅនៅពេលអនុវត្តវិធីនេះ សូមកុំបារម្ភព្រោះថា នេះគឺជាសញ្ញាល្អទេ មានន័យថាវាកំពុងតែបញ្ចេញប្រសិទ្ធភាពហើយ។

    ខាងក្រោមនេះគឺអ្វីដែលមានផ្ទុកនៅក្នុងម៉ាសមួយប្រភេទនេះ ហើយ ឡារ៉ែន នឹងជម្រាបអ្នកឱ្យជ្រាបកាន់តែច្បាស់ថា តើសារធាតុផ្សំអាចជួយអ្វីខ្លះដល់ស្បែកក្បាលរបស់អ្នក?

    1. ទឹកឃ្មុំ
    អាចនិយាយបានថា ទឹកឃ្មុំស្រឡាញ់ជាតិទឹកបំផុត ដូច្នេះវាគ្មានថ្ងៃព្រមឱ្យជាតិទឹកចាកចេញពីសក់ ឬស្បែកក្បាលរបស់អ្នកបានទេ នោះមានន័យថា វាជាអ្នករក្សាជាតិទឹកបានយ៉ាងល្អបំផុត។ វាជួយជួសជុលពន្លកសក់ថ្មី និងធ្វើឱ្យមានភាពភ្លឺរលោង បន្ទាប់មកទៀតវាធ្វើឱ្យសក់ដែលខូចប្រែមកជាមានជីវិតសារឡើងវិញ ព្រមទាំងជួយជំរុញសក់ឱ្យដុះឡើងយ៉ាងល្អថែមទៀតផង។ ប្រសិនបើអ្នកមានបញ្ហាសក់ជ្រុះដែលបណ្តាលមកពីការកើតអង្គែ ឬមេរោគផ្សេងៗនោះ ទឹកឃ្មុំគឺភ្នាក់ងារប្រឆាំងការពារដ៏ល្អបំផុត ដែលអាចជួយអ្នកបាន ប៉ុន្តែសូមចាំថាក្នុងអំឡុងពេលព្យាបាលដោយទឹកឃ្មុំ អ្នកមិនគួរចេញទៅខាងក្រៅឱ្យត្រូវកម្តៅថ្ងៃនោះទេ។

    2. ផ្លែចេក
    ចេកសម្បូរដោយប៉ូតាស្យូមខ្ពស់ដែលជាធាតុផ្សំដ៏សំខាន់នៃការជួយដល់ការលូតលាស់នៃសក់។ អាស៊ីត Ascorbic ដែលមានវត្តមាននៅក្នុងផ្លែចេក បង្កើតស្រោមការពារជុំវិញរន្ធសក់ ដើម្បីទប់ស្កាត់ការដាច់ជ្រុះ។ ចំណែកឯវីតាមីន B វិញ ជួយការពារសក់ពីអាកាសធាតុដ៏អាក្រក់ដែលចាំបំផ្លាញសុខភាពសក់របស់អ្នក។

    3. ស៊ុតក្រហម
    ស៊ុតក្រហមជាកញ្ចប់នៃប្រូតេអ៊ីន ហើយសក់របស់អ្នកក៏នឹងពេញចិត្តនូវអ្វីដែលអ្នកធ្វើដែរ ហេតុអីដឹងទេ? កង្វះប្រូតេអ៊ីនជាមូលហេតុនាំឱ្យសក់
    របស់អ្នកទន់ខ្សោយ មិនអាចលូតលាស់បានល្អ ដូច្នេះនៅពេលដែលអ្នកដាក់បញ្ចូលប្រូតេអ៊ីនទៅឱ្យសក់ គឺប្រៀបបានទៅនឹងការជួយបន្ថែមថាមពល ដើម្បីឱ្យវាអាចលូតលាស់បានល្អប្រសើរជាងមុន។ ក្រៅពីប្រូតេអ៊ីនហើយនោះ ស៊ុតក្រហមក៏មានផ្ទុកនូវជាសំណើមដែអាចជួយឱ្យសក់ភ្លឺរលោង កាត់បន្ថយការបំផ្លាញ និងបែកចុងផងដែរ។

    4. ស្រាបៀរ
    ចូលមកដល់សារធាតុផ្សំបែបស្រវឹងនេះវិញម្តង។ ជាច្រើនឆ្នាំមកហើយដែលស្រាបៀរត្រូវបានយកមកទទួលទាន ដើម្បីបង្កើនភាពរីករាយក្នុងកម្មវិធីជួបជុំផ្សេងៗ ប៉ុន្តែបច្ចុប្បន្ននេះមនុស្សចាប់ផ្តើមយកស្រាបៀរមកធ្វើជាជំនួយដល់សក់។ ស្រាបៀរត្រូវបានផលិតឡើងដោយមានការរួមផ្សំពីធញ្ញជាតិម្យ៉ាងឈ្មោះថា ស្រូវបាឡេ ហើយស្រូវបាឡេនេះគឺជាប្រភពនៃជាតិដែក វីតាមីន B Complex Niacin និង Procyanidin ព្រមទាំងសារធាតុសំខាន់ៗជាច្រើនទៀត ដែលសារធាតុទាំងនេះសុទ្ធតែជាសារធាតុសំខាន់ៗក្នុងការជួយការពារសក់ពីការជ្រុះ ជួយជំរុញឱ្យសក់ឆាប់ដុះ។ សូមចាំថាប្រសិទ្ធភាពគឺស្ថិតនៅលើការខិតខំរបស់អ្នក៕

  • ដឹងទេថា តូតា ចូលចិត្ដក្លិនទឹកអប់ម៉ាកអ្វី?

    ដឹងទេថា តូតា ចូលចិត្ដក្លិនទឹកអប់ម៉ាកអ្វី?

    ដើម្បីទទួលបានទំនុកចិត្ដ និងភាពស្រស់ស្រាយនៅពេលបំពេញការងារ តារាអ្នកសិល្បៈភាគច្រើន និយមប្រើទឹកអប់បាញ់លើរាងកាយរបស់ពួកគេ ជាក់ស្ដែងកញ្ញា ម៉ាក សែន សូនីតា (ហៅតូតា) ក៏មិនខុសពីតារាសិល្បៈដទៃដែរ ពោលគឺនាងក៏ជាតារាម្នាក់ដែលនិយមប្រើប្រាស់ទឹកអប់ផងដែរ។

    គ្រាន់តែឈរក្បែរកញ្ញា ម៉ាក សែនសូនីតា (តូតា) មួយភ្លែតយើងក៏ទទួលបានក្លិនក្រអូបភាយចេញពីខ្លួននាងភ្លាម ដែលគេអាចដឹងបានថាជាក្លិនទឹកអប់ម៉ាកល្បី ប៉ុន្តែគេមិនបានដឹងថា វាជាម៉ាកអ្វីឡើយ។ តើនាងបាញ់ទឹកអប់ម៉ាកអ្វីបានជាក្រអូបម៉្លេះ?

    កញ្ញា តូតា បង្ហើបប្រាប់ថា នាងនិយមប្រើទឹកអប់ច្រើនម៉ាកប្លែកៗគ្នាព្រោះនាងត្រូវការប្ដូរផ្លាស់ទៅតាមពេលវេលា។ ទោះយ៉ាងណាទឹកអប់ដែលនាងប្រើនោះសុទ្ធតែជាម៉ាកល្បីដូចជា  ឆាណែល វើសាក ឆយ។ « ចំពោះការប្រើប្រាស់ទឹកអប់ ទោះបីខ្ញុំនិយមប្រើទឹកអប់ច្រើនម៉ាកក៏ពិតមែន ប៉ុន្ដែក្លិនដែលខ្ញុំពេញចិត្ដក្លិន Chanel CoCo ព្រោះក្លិនវាក្រអូបផ្អែម និងប្រើប្រាសជាប់បានយូរ» នេះជាការបញ្ជាក់របស់តូតា។

    នាងបន្ដថា ទឹកអប់ទាំងនោះភាគច្រើនទិញមកពីក្រៅប្រទេស ដូចជាប្រទេសថៃ អាមេរិកជាដើម ក្នុងតម្លសជាមធ្យម 1ដបក្នុង ថ្លៃ 150ដុល្លារដុល្លារ។ ពេលនាងចេញទៅក្រៅប្រទេសម្ដងៗ នាងបានទិញវាមកម្ដង 4ទៅ 5ដប។ ការពិតទៅទឹកអប់ម៉ាកល្បីទាំងនោះ មានលក់នៅក្នុងប្រទេសយើងដែរ ប៉ុន្ដែពុំសូវ បានទិញប្រើទេ ព្រោះមិនដឹងថាវាមានគុណភាពដើម ឬយ៉ាងណា? ដូច្នេះទើបនាងសម្រេចចិត្ដទិញពីក្រៅប្រទេសតែម្ដង។

    កញ្ញាតូតា ប្រាប់ទៀតថា៖ «មុនពេលចូលប្រឡូកក្នុងសិល្បៈ ខ្ញុំអត់ចូលចិត្ដប្រើទឹកអប់ទេ ប៉ុន្ដែក្រោយពីខ្ញុំចូលសិល្បៈបានមួយរយៈ ខ្ញុំក៏ចាប់ផ្ដើមប្រើវា។ ទឹកអប់ដែលខ្ញុំប្រើដំបូងគឺម៉ាក Chanel  ហើយខ្ញុំបន្ដប្រើវារយៈពេល 7ឆ្នាំហើយ»។ នាងបញ្ជាក់ថា ក្រោយពីប្រើទឹកអប់នេះហើយ មានអារម្មណ៍ថា ជឿជាក់លើខ្លួនឯង ព្រោះការប្រើប្រាស់ទឹកអប់ជាចំណង់ចំណូលចិត្ដរបស់មនុស្សស្រីភាគច្រើន ដែលចូលចិត្ដនៅក្លិនក្រអូប ធ្វើឱ្យខ្លួនឯងស្រស់ស្រាយ។ ពិសេសនៅពេលយើងបំពេញការងារសិល្បៈដូចជាច្រៀង ឬថត បែកញើសមក គឺយើងពុំចាំបាច់បារម្ភនូវក្លិនមិនល្អចេញមកពីរាងកាយយើងឡើយ។ ទោះយ៉ាងណាកញ្ញា តូតា ក៏បានបញ្ជាក់ទាំងផ្ទុះសំណើចដោយលើកឡើងថា ខ្ញុំប្រើទឹកអប់ច្រើនម៉ាក ច្រើនក្លិន  មិនមែនបញ្ជាក់ថា ខ្ញុំមានចិត្ដរាយមាយរឿងស្នេហាទេ មនុស្សចិត្ដរាយមាយក៏មិនមែនស្ថិតនៅលើការប្រើទឹកអប់ឡើយ»៕

  • Neymar នឹងត្រូវអង្គុយមើល ខណៈPSG បើករដូវកាល Ligue 1 នៅរាត្រីនេះ

    Neymar នឹងត្រូវអង្គុយមើល ខណៈPSG បើករដូវកាល Ligue 1 នៅរាត្រីនេះ

    ខ្សែប្រយុទ្ធ Neymar បានត្រឹមតែអាចអង្គុយទស្សនាការប្រកួតពីលើកៅអីប៉ុណ្ណោះ ខណៈដែលក្រុម Paris Saint Germain នឹងត្រូវបើករដូវកាលរបស់ខ្លួននៅថ្ងៃសៅរ៍នេះ ប៉ុន្តែក្លិបយក្សរបស់បារាំងមួយនេះបានប្រមូលប្រាក់បានប្រមាណជា1លានអឺរ៉ូរួចជាទៅស្រេចពីការចំណាយប្រាក់ក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោករបស់ពួកគេ ក្រោយពីបានលក់អាវដែលឈ្មោះថា Neymar បានចំនួន 10,000អាវក្នុងរយៈពេលត្រឹមតែ1ថ្ងៃប៉ុណ្ណោះ។

    តារាឆ្នើមអន្តរជាតិប្រេស៊ីលវ័យ 25ឆ្នាំរូបនេះ ដែលបានផ្ទេរមកពីក្លិប Barcelona សម្រាប់តម្លៃខ្លួន 222លានអឺរ៉ូ (ស្មើនឹង264លានដុល្លារអាមេរិក) នឹងត្រូវបង្ហាញខ្លួននៅមុខអ្នកគាំទ្រ PSG របស់ខ្លួននៅមុនពេលការប្រកួតបើកឆាកនៃក្របខ័ណ្ឌ Ligue 1 របស់ពួកគេ ជាមួយនឹងក្រុមទើបតែឡើងថ្មី Amiens។ កម្មវិធីជួបជុំនេះនឹងចាប់ផ្តើមនៅម៉ោង3:45រសៀល (ម៉ោងក្នុងស្រុក) ខណៈដែលការប្រកួតនឹងចាប់ផ្តើមនៅម៉ោង5:15ល្ងាច ដើម្បីអាចឲ្យរូបគេបង្ហាញខ្លួនឲ្យបានយូរបន្តិចនៅពីមុខអ្នកគាំទ្រច្រើនជាង 45,000នាក់ នៅកីឡដ្ឋាន Parc des Princes។

    ប៉ុន្តែ ទោះបីជាយ៉ាងណា ក្តីសង្ឃឹមរបស់ Neymar ក្នុងការលេងក្នុងការប្រកួតនេះត្រូវបានបញ្ចប់ នៅពេលដែលលិខិតបញ្ជាក់ពីការផ្ទេរជាអន្តរជាតិរបស់គេ មិនទាន់ត្រូវបានដាក់ទៅឲ្យក្របខ័ណ្ឌលីករបស់បារាំងឲ្យទាន់ពេលកាលពីយប់ថ្ងៃសុក្រ។ នៅមុនពេលជួបបញ្ហាទាក់ទងនឹងលិខិតបញ្ជាក់ឲ្យធ្វើការ Neymar បាននិយាយថា៖ «ខ្ញុំត្រៀមលក្ខណៈរួចរាល់ក្នុងការចាប់ផ្តើមនៅថ្ងៃសៅរ៍ ប្រសិនបើខ្ញុំអាច»។

    ទោះបីជាយ៉ាងណា ក្រោយពីការផ្ទេរក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោក Neymar ដែលនឹងត្រូវទទួលបានប្រមាណជា30លានអឺរ៉ូ (ស្មើនឹង35លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំនោះ បានបញ្ជាក់ថា ការទទួលបានប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ មិនមែនជាកត្តាដែលនាំឲ្យមានការផ្ទេរនេះឡើយ។ Neymar ដែលបានចុះហត្ថលេខារយៈពេល5ឆ្នាំជាមួយនឹងក្លិប PSG បានឲ្យដឹងថា៖ «ខ្ញុំចង់បានការប្រជែងកាន់តែធំ និងកាន់តែអស្ចារ្យ។ ខ្ញុំមកទីនេះដើម្បីផ្តល់ជំនួយឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំ និងជួយឲ្យក្លិបនេះឈ្នះពាននានា»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង10:15យប់៕

  • មិនធ្លាប់មានពីមុនមក! ផ្តល់ប្រាក់កម្ចីការប្រាក់ទាបហើយ ផ្តល់ធានារ៉ាប់រងជូនមិនគិតថ្លៃទៀត!

    មិនធ្លាប់មានពីមុនមក! ផ្តល់ប្រាក់កម្ចីការប្រាក់ទាបហើយ ផ្តល់ធានារ៉ាប់រងជូនមិនគិតថ្លៃទៀត!

    ភ្នំពេញ៖ មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា! ធនាគារ CIMB គ្រោងសហការជាមួយក្រុមហ៊ុនធានារ៉ាប់រង Manulife ដើម្បីផ្តល់ប្រាក់កម្ចីសម្រាប់ទិញផ្ទះ ហើយថែមទាំងផ្តល់ធានារ៉ាប់រងជូនដល់ទៅ50,000ដុល្លារអាមេរិកដោយមិនគិតប្រាក់ទៀតផង។

    តំណាងធនាគារ CIMB ឱ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា នៅថ្ងៃទី8 ខែសីហា សប្តាហ៍ក្រោយនេះ ថ្នាក់ដឹកនាំធនាគារ និងថ្នាក់ដឹកនាំក្រុមហ៊ុន Manulife Cambodia និងចុះអនុស្សរណៈយោគយល់គ្នា (MoU)មួយស្តីពីការផ្តល់ប្រាក់កម្ចីសម្រាប់ទិញផ្ទះរហូតដល់ 80% ក្នុងអត្រាការប្រាក់ត្រឹមតែ 7.9% ប៉ុណ្ណោះក្នុងមួយឆ្នាំ។ តំណាងធនាគារខាងលើបានមានប្រសាសន៍ដូច្នេះថា «សម្រាប់អតិថិជនដែលចង់ខ្ចីប្រាក់ទិញផ្ទះ គាត់នឹងអស់កង្វល់ហើយ នៅពេលគាត់ជួបហានិភ័យគ្រោះថ្នាក់ដល់អាយុជីវិតណាមួយគឺធនាគារនឹងផ្តល់ជូននូវធានារ៉ាប់រងបង់ថ្លៃទិញផ្ទះជូនរហូតដល់50,000ដុល្លារតែម្តង ដោយមិនឱ្យកូនលោកអ្នកជួបហានិភ័យត្រូវគេរឹបអូសផ្ទះ ឬលក់ឡៃឡុងផ្ទះពេលអត់ពីបង្គោលគ្រួសារនោះទេ»។

    តំណាងធនាគារដដែលនិយាយថា សម្រាប់លក្ខខណ្ឌនេះ គឺផ្តល់ជូនតែប្លង់រឹងប៉ុណ្ណោះ។ គេហទំព័រកាសែតឡារ៉ែន នឹងផ្តល់ព័ត៌មានលម្អិតក្រោយពីក្រុមហ៊ុនទាំងពីរខាងលើចុះអនុស្សរណៈយោគយល់គ្នារូចរាល់នៅថ្ងៃទី08 ខែសីហាសប្តាហ៍ក្រោយនេះ៕

  • ផប រចនា កំពុងមានមោទនភាពជាមួយតួអង្គកាចឆ្នាស់

    ផប រចនា កំពុងមានមោទនភាពជាមួយតួអង្គកាចឆ្នាស់

    ទោះបីជាកញ្ញាផប រចនា ធ្លាប់ប្រកាសថា នាងមិនប្រកាន់ខ្លួនចំពោះតំណែងតួសម្ដែងខណៈនាងបានត្រឹមជាតួរងក៏ដោយ ក៏ថ្មីៗនេះបានសម្ដែងនូវអារម្មណ៍សប្បាយចិត្ដញញឹមស្ទើរបិតមាត់មិនជិតបន្ទាប់ពីទទួលបានតំណែងតួឯកស្រីក្នុងរឿង «ម្ចាស់ព្រែក»។

    កញ្ញា ផប រចនា សម្ដែងនូវអារម្មណ៍រីករាយជាខ្លាំងដោយនាងបញ្ជាក់ថានាងមិនធ្លាប់គិតប៉ងថាខ្លួនអាចទទួលបានឱកាសជាតួឯកស្រីទេ។ ពេលនាងចូលសិល្បៈដំបូងគ្រាន់តែរំពឹងថា ខ្លួននឹងក្លាយជាតារាមួយរូបដែលមហាជនបានស្គាល់តែប៉ុណ្ណោះ តែនៅពេលនាងទទួលបានឱកាសតួឯកបែបនេះនាងនឹងប្រឹងប្រែងសម្ដែងមិនឱ្យទស្សនិកជនខកបំណងឡើយ។

    ផប រចនា បច្ចុប្បន្នទទួលបានការសម្ដែងជាង10រឿង ទស្សនិកជនស្គាល់នាងច្រើនតាមរយៈការសម្ដែងរឿង «ភ្លើងស្នេហ៍ភ្លើងឫស្សា» ដែលនាងសម្ដែងជាតួអង្គមនោសញ្ចេតនា មានចរឹកស្លូត។បើទោះជានាងពុំបានសម្ដែងជាតួឯកស្រីក៏ពិតមែន ប៉ុន្ដែពេលនោះកេរ្ដិ៍របស់នាងក៏បានហក់ឡើងត្រដមត្រសងទៅនឹងតួឯកស្រីដែរ។

    ទោះជាយ៉ាងណាងកញ្ញា ផប រចនាបានសម្ដែងនូវក្ដីសង្ឃឹមជាមួយរឿងចំនួនពីរចុងក្រោយដែលនាងទើបតែទទួលបានគឺរឿង «បី្ដម៉ែទេកូន» និងរឿង «ម្ចាស់ព្រែក» ដែលអ្នកដឹកនាំរឿងតម្រូវឱ្យនាងសម្ដែងជាតួអង្គកាចឆ្នាស់ ដែលស៊ីទៅនឹងចរឹតពិតរបស់នាងនៅក្រៅឆាក។ទោះជាយ៉ាងណានាងបញ្ជាក់ថា អ្នកដឹកនាំក៏ដូចជាម្ចាស់ផលិតកម្មចង់ឱ្យនាងសម្ដែងជាតួអង្គមានចរឹតស្លូតជាតួឆ្នាស់ ព្រោះនាងកំពុងតែទទួលបានការគាំទ្រពីមហាជននូវការសម្ដែងបែបសុភាព ស្លូតបូត។

    អ្វីធ្វើឱ្យនាងសប្បាយចិត្ដជាមួយរឿងថ្មីត្រូវបានតារាសម្ដែងវ័យ19ឆ្នាំរូបនេះ បញ្ជាក់ថា៖« ការទទួលបានតំណែងតួ ឯកស្រីជាផ្នែកមួយ ប៉ុន្ដែអ្វីដែលធ្វើឱ្យខ្ញុំសប្បាយចិត្ដខ្លាំងព្រោះខ្ញុំបានផ្លាស់ប្ដូរបទពិសោធន៍នៃការសម្ដែង ហើយខ្ញុំជឿថាការសម្ដែងជាតួអង្គកាចឆ្នាស់ នឹងមិនចាញ់ការសម្ដែងតួស្លូតឡើយព្រោះខ្ញុំនឹងប្រឹងប្រែងសម្ដែងឱ្យអស់ពីសមត្ថភាពដូចគ្នា»៕

  • Renzo Rosso ក្លាយជា​ម្ចាស់​ក្រុមហ៊ុន​ដោយ​មិនចាំបាច់​ចំណាយ​ដើមទុន

    Renzo Rosso ក្លាយជា​ម្ចាស់​ក្រុមហ៊ុន​ដោយ​មិនចាំបាច់​ចំណាយ​ដើមទុន

    Renzo Rosso កើត​នៅក្នុង​ឆ្នាំ1955 គឺជា​សហគ្រិន និង​ជា​អ្នក​ច្នៃ​ម៉ូដ​ជនជាតិ​អ៊ីតា​លី​មួយរូប​ដែល​កំពុងតែ​ទទួលបាន​ភាពជោគជ័យ​ដ៏​ធំធេង​ មិន​ចាញ់​អ្នក​ច្នៃ​ម៉ូដល្បីៗលំដាប់​ពិភពលោក​មួយចំនួន​នោះឡើយ។ អ្នក​ច្នៃ​ម៉ូដ​វ័យ​ចំណាស់​រូបនេះ​ត្រូវបាន​គេ​ស្គាល់​ថា ជា​មនុស្ស​ដ៏​ល្បីល្បាញ​ម្នាក់ មាន​ទ្រព្យសម្បតិ្ត​ហូរហៀរ ដោយសារតែ​លោក​គឺជា​ម្ចាស់​ក្រុមហ៊ុន​ជាច្រើន​ប្រភេទ។ លោក Renzo Rosso គ្រាន់តែ​ជា​កូន​កសិករធម្មតាៗប៉ុណ្ណោះ ប៉ុន្តែ​ភាពជោគជ័យ​ដ៏​ធំធេង​របស់លោក​បានមក​ដោយ​មិនចាំបាច់​ចំណាយ​ដើមទុន​នោះឡើយ។

    ប្រវត្តិ​សង្ខេប Rosso បានកើត​នៅក្នុង​ភូមិ Brugine នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​អ៊ីតា​លី​នៃ​តំបន់ Veneto។ ឪពុកម្តាយ​របស់លោក​គឺជា​កសិករ ហើយ​លោកធំ​ដឹងក្តី​នៅក្នុងនាម​ជា​កូន​អ្នក​កសិករ​សាមញ្ញ​ដូចគ្នា​ដែរ។ ជា​ទម្លាប់​ក្រោយពេល​ចេញពី​សាលា លោក​តែងតែ​ជួយ​ធ្វើការ​ឪពុក​របស់លោក។ ដោយបាន​ឃើញ និង​បានដឹង​ច្បាស់​ពី​ស្ថានភាព​របស់​កសិករ Rosso ក៏​សម្រាច់​ចិត្ត​ថា នឹងមិន​ធ្វើ​ការងារ​ដូច​ឪពុក​របស់ខ្លួន​នោះទេ ហើយ​នៅឆ្នាំ1970 Rosso បាន​បានចាប់ផ្តើម​ចូល​សិក្សា ពី​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​នៅ​វិទ្យាស្ថាន​បច្ចេកទេស​មួយ​ឈ្មោះ Marconi នៅក្នុង រដ្ឋ Padua ។

    នៅទីនោះ នៅពេល​លោក​មាន​អាយុ15ឆ្នាំ លោកបាន​ផលិត​សម្លៀកបំពាក់​ខោ​ខាវប៊យ​ដែល​ចេញ​ម៉ូដ​ដោយ​ខ្លួនឯង​លើកដំបូង ដោយ​ប្រើ​ម៉ាស៊ីនដេរ​ម្ដាយ​របស់លោក។ ក្រោយពី​បានសម្រេច​ក្នុងការ​ច្នៃ​ម៉ូដ​លើកដំបូង​ហើយ​នោះ Rosso នៅតែ​បន្ត​រក្សា​បទពិសោធ​ជាមួយ​ម៉ូ​ដែល​ខោ​ខូវប៊យ​ដែលមាន​ម៉ូដខុសៗគ្នា ហើយក៏​បាន​លក់​ខោ​ទាំងនោះ​ឱ្យទៅ​មិត្តភក្តិ​របស់លោក​ដែល​គិត​ជា​សាច់ប្រាក់​គឺ​បាន 3,500 Lire ។ នៅ​ឆ្នាំ1973 លោក​បានចាប់ផ្តើម​សិក្សា​ផ្នែក​សេដ្ឋកិច្ច​នៅ​សកល​វិទ្យាល័យ​វ៉េ​នី​ស ហើយ​ក្រៅពី​ជួយ​ឪពុក​របស់លោក​នៅ​កសិដ្ឋាន លោក​បាន​ផ្គត់ផ្គង់​ការសិក្សា​របស់ខ្លួន​តាម​រយៈ​ការធ្វើការងារ​ជាជាង​មេកានិច និង​ជាងឈើ​ផងដែរ។

    ការចាប់ផ្តើម​នៃ​អាជីពនៅ​ឆ្នាំ1975 Rosso បាន​បោះបង់ចោល​ការសិក្សា​នៅ​សកល​វិ​ទ្យ​ល័យ Venice ហើយ​បានចាប់ផ្តើម​ធ្វើការ​ងារ​ជា​ប្រធាន​ផ្នែក​ផលិត​នៅ​ក្រុមហ៊ុន Moltex ជា​ក្រុមហ៊ុន​សម្លៀកបំពាក់​ក្នុងស្រុក​មួយ​ដែល​ផលិត​ខោ​សម្រាប់​បុរស​របស់​អ៊ី​តា​លី។ ក្រុមហ៊ុនមេ​របស់ Moltex គឺ Genius Group ជា​ក្រុមហ៊ុន​ដែល​ត្រូវបាន​បង្កើត និង​គ្រប់គ្រង​ដោយ Adriano Goldschmied។

    អំឡុងពេល2ឆ្នាំ​ដំបូង​នៃ​ការធ្វើការ​នៅ Moltex ក្រុមហ៊ុន​មួយ​នេះ​ទទួលបាន​ភាព​រីកលូតលាស់​យ៉ាង​ឆាប់រហ័ស។ នៅ​ឆ្នាំ1978 បន្ទាប់ពី Rosso បាន​ដឹកនាំ​នៅក្នុង​ក្រុមហ៊ុន​មួយ​នេះ​ឱ្យមាន​ការរីកចម្រើន​ហើយ​នោះ លោក​ក៏មាន​បំណង​ចង់​ចាកចេញ​ដើម្បី​បើកមុខ​ជំនួញ​ដោយ​ខ្លួនឯង ប៉ុន្តែ​ដោយមាន​ការស្នើ​ពី​សំណាក់ Goldschmied
    កុំឱ្យ​លោក​ចាកចេញ ដោយ​សន្យាថា​នឹង​ផ្តល់​ភាគហ៊ុន40% នៅ Moltex ឱ្យទៅ​លោក ព្រមទាំង​មានការ​ព្រមព្រៀង​ថា​នឹង​បង្កើត​ក្រុមហ៊ុន​ថ្មី​មួយទៀត​ដោយមាន​ឈ្មោះថា Diesel នោះ អ្នកគ្រប់គ្រង​រូបនេះ​ក៏​បន្តធ្វើ​ការងារ​របស់ខ្លួន​នៅ​ទីនោះ​ដដែល។ តាមរយៈ​ការសហការ​ថ្មី​នេះ Rosso ក៏បាន​ក្លាយជា​ម្ចាស់​ភាគហ៊ុន​ម្នា​ក់នៅ Genius Group។ នៅ​ឆ្នាំ2013 កាសែត The NY Times បានសរសេរថា​តាំងពី​ឆ្នាំ1978មក Diesel បាន​លក់​ខោ​ខាវ​ប៊​យ​របស់ខ្លួន​បាន​ប្រមាណ​ជាង100,000,000ខោ។ ក្រោយពីអ្វីៗចេះតែ​ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​ជោគជ័យ រយៈពេល​បន្ត​បន្ទាប់មក​ទៀត លោក​ក៏បាន​បង្កើត​ម៉ាក​សញ្ញា​ថ្មី និង​ក្រុមហ៊ុនថ្មីៗជាច្រើន​ប្រភេទ​ទៀត។ បច្ចុប្បន្ន​លោក​គឺជា​នាយក OTB Group ដែលជា​ក្រុមហ៊ុនមេ​របស់ Diesel , MaisonMargiela , Marni ,Paula Cademartori, Viktor & Rolf , Staff International (ផលិត និង​ចែកចាយ DSquared², Just Cavalli , MaisonMargiela , Marni និង Vivienne Westwood ) និង Brave Kid (ផលិត និង​ចែកចាយ Diesel Kid, Dsquared², John Galliano Kids, Marni និង Trussardi Junior) រួមទាំង​ជំនួញ​ជាច្រើន​ប្រភេទ​ទៀតផង​ដែរ។

    ពានរង្វាន់សំខាន់ៗដែល​លោក​ទទួលបាន​មានដូចជា Cavaliere del Lavoro, (2011). Millennium Development Goals Global Leader, New York City, USA (2010) Advertiser of the Year”(1998), “Grand Prix” at Cannes Lions International Awards of Creativity, Cannes, France (2010, 2009, 2007, 2001, 1997 & 1992) Master Honoris Causa, Verona University, Italy(2005) Pitti Imagine Uomo, Florence. Italy (2004) Master Honoris Causa, CUOA Foundation of AltavillaVicentina, Italy(2000)៕

  • ក្រសួងអប់រំ ស្នើឱ្យគ្រប់ភាគីសម្រួលការស្នាក់នៅសម្រាប់សិស្សប្រឡងបាក់ឌុបដែលខ្វះលទ្ធភាព

    ក្រសួងអប់រំ ស្នើឱ្យគ្រប់ភាគីសម្រួលការស្នាក់នៅសម្រាប់សិស្សប្រឡងបាក់ឌុបដែលខ្វះលទ្ធភាព

    ការប្រឡងបាក់ឌុបជារឿងសំខាន់បំផុតសម្រាប់ជីវិតសិស្សវិទ្យាល័យ ហើយនៅពេលដែលប្រឡងបាក់ឌុបម្តងៗ សិស្សទាំងអស់ត្រូវចំណាយថវិកាច្រើនដើម្បីរៀបចំខ្លួនប្រឡង ការស្នាក់នៅ ចំណីអាហារ រួមទាំងសម្ភារៈមួយចំនួនទៀតដែលត្រូវការសម្រាប់ការប្រឡង។

    ជាទូទៅ សិស្សដែលមានជីវភាពធូរធាមិនសូវជាមានបញ្ហាប៉ុន្មានទេជាមួយនឹងរឿងចំណាយទាំងអស់នេះ តែសម្រាប់សិស្សក្រីក្រ ហើយផ្ទះនៅឆ្ងាយពីមណ្ឌលប្រឡងវិញ វាជាបន្ទុកយ៉ាងធ្ងន់មួយសម្រាប់ពួកគាត់ ហេតុនេះហើយទើបក្រសួងអប់រំ យុវជន និងកីឡា បានចេញលិខិតជូនទៅអភិបាលរាជធានី-ខេត្ត នានានៅកម្ពុជាដើម្បីជួយសម្រួលដល់បញ្ហាទាំងអស់នេះ។

    នៅក្នុងលិខិតលេខ 4856 អយក.មចទ ដែលចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងអប់រំ បានបញ្ជាក់ថា ដើម្បីជាការចូលរួមចំណែកសម្រាលបន្ទុកដល់បេក្ខជន ដែលមកពីគ្រួសារមានជីវភាពលំបាក ព្រមទាំងចូលរួមជួយជ្រោមជ្រែងជាកម្លាំងស្មារតីផង ក្រសួងអប់រំ ស្នើសុំកិច្ចគាំទ្រ និងកិច្ចសហការពីអភិបាលនៃគណៈអភិបាលរាជធានីខេត្តសូមឱ្យសម្របសម្រួលដល់បេក្ខជនក្នុងអំឡុងពេលប្រឡងមធ្យមសិក្សាទុតិយភូមិលើបញ្ហាមួយចំនួនដែលក្នុងនោះក៏មានការស្នាក់នៅ និងការសម្រួលចរាចរណ៍ផងដែរ។

    សម្រាប់ការស្នាក់នៅ ក្រសួងអប់រំ ស្នើរសុំឱ្យអភិបាលខេត្តនានាជួយធ្វើយ៉ាងណាទប់ស្កាត់សណ្ឋាគារ និងផ្ទះសំណាក់កុំឱ្យដំឡើងថ្លៃ ឬអាចសម្រួលរៀបចំឱ្យសិស្សស្នាក់នៅក្នុងវត្ត និងសាលារៀនដែលនៅជិតមណ្ឌលប្រឡង។ ហើយចំពោះចរាចរណ៍វិញ គឺស្នើរសុំឱ្យធ្វើមានកម្លាំងសម្រួលដែលធ្វើយ៉ាងណាកុំឱ្យមានការកកស្ទះដើម្បីឱ្យសិស្សបានចូលប្រឡងទាន់ពេលវេលាកំណត់៕