Author: វល័ក្ខ

  • ចៀសវាង​អាជីវកម្ម​បរាជ័យ ធុរជន​ត្រូវ​គិត​ទៅលើ 5ចំណុច​នេះ

    ចៀសវាង​អាជីវកម្ម​បរាជ័យ ធុរជន​ត្រូវ​គិត​ទៅលើ 5ចំណុច​នេះ

    ភ្នំពេញ៖ អ្នកអុំទូក​គេ​ចាប់​ច្រវា​សម្លឹងមើល​ត្រើយ​ដើម្បី​ធ្វើដំណើរ​ឆ្ពោះ​ទៅដល់​គោលដៅ ចំណែកឯ​សហគ្រិន​វិញ គេ​ប្រកាន់យក​ចំណុចសំខាន់ៗមួយចំនួន​ដើម្បី​ឆ្ពោះ​ទៅដល់​គោលដៅ​ជោគជ័យ។ ចំណុច​ទាំងអស់នោះ​មិនមែន​ងាយ​រក ឬ​រើស​បាន​តាមផ្លូវ​នោះទេ តែ​វា​ត្រូវការ​ផ្នត់គំនិត​ប្រកបដោយ​ភាព​ឆ្លាត​វៃ​ដើម្បី​អនុវត្ត​ឱ្យមាន​ភាព​រីកចម្រើន​និង​គុណ​តម្លៃ។ ខាងក្រោម​នេះ​គឺជា​ផ្នត់គំនិតសំខាន់ៗ 5ចំណុច​ដែល​សហគ្រិន​ជោគជ័យ​នានា​គួរ​អនុវត្ត។

    1.ការធ្វើ​អាជីវកម្ម មិនត្រូវ​គិត​ទៅលើ​ប្រាក់ចំណេញ​តែមួយ​មុខ​នោះទេ

    ជាទូទៅ​គេ​រាយ​មង​ចងសន្ទូច គឺ​ក្នុង​គោលបំណង​ចាប់​ត្រី​ឱ្យបាន​ច្រើន ការចាប់ផ្តើម​អាជីវកម្ម​មួយ​គ្រប់​និយោជក​តែង​សម្លឹង​ចង់បាន​ប្រាក់ចំណេញ​ឱ្យបាន​ច្រើន​ដែរ។ ផ្នត់គំនិត​រកស៊ី​ចង់​បានតែ​ប្រាក់ចំណេញ​សម្រាប់​ខ្លួនឯង​នេះ​ជា​គំនិត​អាត្មានិយម ឬ​ស្ទើរ​ហួសសម័យកាល​ទៅហើយ បើទោះជា​បាន​ជោគជ័យ​ក៏​ជោគជ័យ​កើតឡើង​ក្នុង​រយៈពេល​ខ្លី​ដែរ ហើយ​វា​នឹង​ឆាប់​ទទួល​បរាជ័យ​ទៅវិញ​ទន្ទឹមគ្នា​ដែរ។ នៅក្នុង​ប្រទេស​ជប៉ុន​អាជីវកម្ម​ជោគជ័យ គឺ​តែង​ជោគជ័យ​រយៈពេល​វែង​តកូនតចៅ​រហូតដល់ 1500ឆ្នាំ​ក៏មានដែរ។

    ចំណុច​សំខាន់​ដើម្បីឱ្យ​អាជីវកម្ម​ជោគជ័យ​មាន​រយៈពេល​វែង​មិនត្រូវ​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​តែមួយ​មុខ​នោះទេ តែ​ត្រូវ​គិតពី​ប្រយោជន៍​សាធារណៈ ប្រយោជន៍​អតិថិជន​ជាធំ មិន​ថា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម ឬ​ផលិតកម្ម​នោះឡើយ បើសិនជា​ក្រុមហ៊ុន​ផ្តល់នូវ​ផលិតផល​មួយ​ដែលមាន​សេវាកម្ម​ល្អ មានគុណ​ភាព​គួរ​ជាទី​ទុកចិត្ត ក្រុមហ៊ុន​នោះ​នឹង​ទទួលបាន​ការគាំទ្រ​កាន់តែច្រើនឡើង។ នៅលើ​របត់​ទីផ្សារសេរី​ក្នុងប្រទេស​កម្ពុជា ក្រុមហ៊ុន​មួយចំនួន​ដែល​ចេញលក់​ផលិតផល​នៅលើ​ទីផ្សារ​លើកដំបូង​ត្រូវគេ​មើលឃើញថា ភាគច្រើន​តែង​ផ្តល់នូវ​គុណភាព និង​សេវាកម្ម​ល្អ ប៉ុន្តែ​នៅពេល​ទទួលបាន​ការគាំទ្រ​ច្រើន​ហើយ ក្រុមហ៊ុន​ខ្លះ​បាន​បន្ថយ​គុណភាព និង​បរិមាណ​ផលិតផល​របស់ខ្លួន ដែលជា​យុទ្ធសាស្ត្រ​ទីផ្សារ​ស្វែងរក​ប្រាក់ចំណេញ​ឱ្យបាន​ច្រើន តែ​យុទ្ធសាស្ត្រ​នេះ​ជាការ​យល់ច្រឡំ​មិនអាច​ជោគជ័យ​រយៈពេល​វែង​នោះទេ។

    2. កង្វះ​ការស្វែងយល់​អំពី​ទីផ្សារ និង​អតិថិជន​គោលដៅ

    ការធ្វើ​អាជីវកម្ម​មិន​ខុសពី​ការ​ដាក់មង​ចងសន្ទូច​ប៉ុន្មាន​នោះទេ គេ​ដាក់មង​ក្រឡា​ធំ ដើម្បី​ចាប់​ត្រី​ធំ ប៉ុន្តែ​តាមច្បាប់​សត្យានុម័ត​ត្រី​ធំ​មិនមាន​ច្រើន​ដូច​ត្រី​តូច​នោះទេ ជួនកាល​ដាក់មង​ក្រឡា​តូច​បាន​ត្រី​តូច​មែន​ប៉ុន្តែ​បាន​ច្រើនជាង​ត្រី​ធំ។ សម្រាប់​ធុរជន ការចាប់ផ្តើម​អាជីវកម្ម​ដោយ​មិនបាន​សិក្សា​ទីផ្សារ និង​អតិថិជន​គោលដៅ​ជាមុន​ហាក់បីដូចជា​ប្រថុយប្រថាន​ខ្លាំងណាស់ ជួនកាល​មាន​ផលិតផល​ល្អ ប៉ុន្តែ​អតិថិជន​គោលដៅ ជីវភាព​រស់នៅ​របស់​ពួកគេ​មិន​សមល្មម​នឹង​ទទួលយក​វត្ថុ​ទាំងនោះ​មកប្រើប្រាស់ ឬ​ទទួលទាន។ ឧទាហរណ៍​ទីផ្សារ​កាហ្វេ​នៅក្នុង​ក្រុងភ្នំពេញ ដែលមាន​ហាង​ទំនើប មានគុណ​ភាពល្អ មាន​សេវាកម្ម​ល្អ មាន​ម៉ាស៊ីនត្រជាក់ លក់​ក្នុងតម្លៃ​ថ្លៃ1កែវ 2ដុល្លារ​ឡើងទៅ​នោះ មាន​អតិថិជន​គាំទ្រ​ប្រមាណ 20-30%ប៉ុណ្ណោះ ប៉ុន្តែ​កាហ្វេ​ដែលមាន​តម្លៃ​ចន្លោះ​ពី1-2ដុល្លារ ហើយ​មាន​គុណភាព​ក្រោម​បន្តិច ឬ​ប្រហាក់ប្រហែល​កាហ្វេ​ទំនើប​បន្តិច ប៉ុន្តែ​បែរជា​មាន​អតិថិជន​គាំទ្រ​ច្រើន​ចន្លោះ​ពី 30-70% នៃ​ចំណែក​ទីផ្សារ​អ្នក​និយម​ទទួលទាន​កាហ្វេ ដូច្នេះ​បើសិនជា​ចាប់ផ្តើម​អាជីវកម្ម​កាហ្វេ គួរ​ត្រូវ​ជ្រើសរើស​អតិថិជន​គោលដៅ​មួយណា?។

    3.កង្វះ​ការសិក្សា​ទៅលើ​ដៃគូ​ប្រកួតប្រជែង

    សម្រាប់​ធុរជន​ខ្លះ ដោយសារ​គិតថា​ខ្លួនឯង​មាន​សមត្ថភាព​គ្រប់គ្រាន់ មាន​ផលិតផល​ល្អ​ហើយ​នោះ ក៏​ចាប់ផ្តើម​ចែកចាយ​នៅលើ​ទីផ្សារ​តែម្តង ដោយ​មិន​បានគិត​ទៅលើ​ដៃគូ​ប្រកួតប្រជែង​នោះឡើយ​ដែលជា​កត្តា​សំខាន់​មួយ​ធ្វើឱ្យ​ខ្លួន​មិន​ទទួលបាន​ការគាំទ្រ​ឬ​ទទួលបាន​ការគាំទ្រ​តិចតួច។ ដើម្បីឱ្យ​មានការ​គាំទ្រ​ច្រើន ធុរកិច្ច​គួរតែ​សិក្សា​អំពី​ដៃគូ​ប្រកួតប្រជែង តើ​ដៃគូ​ប្រកួតប្រជែង​របស់​យើង​ជា​អ្នកណា ហើយ​គេ​បានធ្វើ​អ្វីខ្លះ ចែកចាយ​ផលិតផល​បែបណា​នៅលើ​ទីផ្សារ​ឱ្យបាន​ដឹង​ច្បាស់​ជាមុន​ដើម្បី​ទាញយក​ចំណែក​ទីផ្សារ​បស់​យើង​មកវិញ។

    4. កង្វះ​យុទ្ធសាស្ត្រ ក្នុងការ​ធ្វើឱ្យ​ម៉ាក​សញ្ញា​របស់ខ្លួន​មានឈ្មោះ​ល្បី

    មុននឹង​ចរាចរ​លក់​ផលិតផល​នៅលើ​ទីផ្សារ ក្រុមហ៊ុនធំៗជាច្រើន​បាន​ចំណាយ​ប្រាក់​រាប់លាន​ដុល្លារ​ដើម្បី​ធ្វើការ​ផ្សាយពាណិជ្ជកម្ម​អំ​ពី​ផលិតផល​របស់គេ​ឱ្យ​អតិថិជន​បាន​ស្គាល់​ជាមុន (Build Brand) បំណង​ឱ្យ​ឆាប់​ទទួលបាន​ការគាំទ្រ។ យុទ្ធសាស្ត្រ​នេះ​មិន​ថា​ក្រុមហ៊ុន​តូច​ឬ​ធំ​នោះ គឺត្រូវធ្វើ​យ៉ាងណា​រក​វិធីសាស្ត្រ​យ៉ាងណា​ពង្រីក​បណ្តាញ​ចែកចាយ​ឱ្យបាន​ទៅដល់​គ្រប់​អតិថិជន​គោលដៅ​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​ឧទាហរណ៍​ហាង​កាហ្វេតូចៗគាត់​មាន​សមត្ថភាព​ឆុង​កាហ្វេ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ មិន​ចាញ់​ហាង​កាហ្វេ​ទំនើប ប៉ុន្តែ​បើ​គាត់​ភ្លេច​គិតពី​ការ​សាង​កេ​រ្ត៍​ឈ្មោះ ការ​សាង​ម៉ាក​សញ្ញា​របស់គាត់ ធុរជន​នោះ​នឹង​មិនអាច​ពង្រីក​ទីផ្សារ​បាន​ច្រើន​និង​មិនមាន​អតិថិជន​គាំទ្រច្រើនឡើងៗនោះទេ។

    5. កង្វះ​ការថែរក្សា​អតិថិជន

    ដោយសារ​ចង់បាន​អតិថិជន​ឱ្យមាន​ចំនួន​កាន់តែច្រើនឡើងៗ ធុរជន​ខ្លះ​គិតតែ​ធ្វើ​យុទ្ធសាស្ត្រ​ដណ្តើមយក​អតិថិជន​ថ្មី ភ្លេច​គិតពី​ការថែរក្សា​អតិថិជន​ចាស់ ប្រៀបដូចជា ចាប់​ត្រី​បានដាក់​ទៅក្នុង​ទ្រុង​ដែល​បែកធ្លាយ ធ្វើឱ្យ​ត្រី​ចូល​តាម​មាត់​ទ្រុង និង​ចេញ​ទៅវិញ​តាម​គូទ​ទ្រុង​រហែក​អ៊ីចឹង​ដែរ។ ដូច្នេះ​មានតែ​ការថែរក្សា​អតិថិជន​ចាស់ ផ្តល់នូវ​ផលិតផល​ដែលមាន​គុណភាព​ល្អ គួរ​ជាទី​ទុកចិត្ត រួម​នឹង​សេវាកម្ម​ល្អ លឿន​រហ័ស​ទាន់​ចិត្ត ធ្វើឱ្យ​អតិថិជន​ចាស់​លើកសរសើរ និយាយ​ត​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ដែលជា​យុទ្ធសាស្ត្រ​ពង្រីក​ទីផ្សារ​បាន​លឿន​បំផុត៕

  • ខ្សែប្រយុទ្ធ Gray ចូលទៅ​ក្លិប Watford ក្នុងតម្លៃ​ខ្លួន​ជា​កំណត់ត្រា​របស់​ក្លិប

    ខ្សែប្រយុទ្ធ Gray ចូលទៅ​ក្លិប Watford ក្នុងតម្លៃ​ខ្លួន​ជា​កំណត់ត្រា​របស់​ក្លិប

    ខ្សែប្រយុទ្ធ Andre Gray បាន​ចូលរួម​ជាមួយនឹង​ក្លិប Watford ដោយ​ចេញពី​ក្លិប Burnley ដែល​ស្ថិតក្នុង​ក្របខ័ណ្ឌ Premier League ដូចគ្នា​ក្នុងតម្លៃ​ខ្លួន​ជា​កំណត់ត្រា​របស់​ក្លិប។ នេះ​បើ​យោងតាម​ការប្រកាស​រប​ស់​ក្លិប​ថ្មី​របស់គេ​កាលពី​ថ្ងៃ​ពុធ។

    ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​វ័យ26ឆ្នាំ​រូបនេះ​បាន​ចុះហត្ថលេខា​លើ​កុងត្រា​រយៈពេល5ឆ្នាំ ហើយ​ក្លិប Watford បាន​ចំណាយ​ប្រាក់​ប្រមាណ​ជា18.5លាន​ផោន (ស្មើនឹង24លាន​ដុល្លារ​អាមេរិក)។ Watford បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីប្រកាស​មួយ​នៅលើ​គេហទំព័រ​របស់​ពួកគេ​ថា៖ «ក្លិប Watford FC ពិតជា​រីករាយ​ណាស់​ក្នុង​ការប្រកាស​ពី​ការចុះហត្ថលេខា​ជាមួយនឹង​ខ្សែប្រយុទ្ធ Andre Gray សម្រាប់​តម្លៃ​ខ្លួន​ជា​កំណត់ត្រា​របស់​ក្លិប»។ ក្លិប Watford បានប្រកាស​ពី​ការផ្ទេរ​នេះ តាមរយៈ​ទំព័រ​គណនី​នៃ​បណ្តាញ​សង្គម Twitter របស់ខ្លួន។

    Gray បានបង្ហាញ​ខ្លួន​ក្នុង​រូបភាព​វីដេអូ​ដែល​ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​នោះ​ដោយបាន​និយាយថា៖ «សួស្តី ឈ្មោះ​របស់ខ្ញុំ​គឺ Andre Gray។ ខ្ញុំ​ពិតជា​រីករាយ​ណាស់​ក្នុងការ​បាន​ចូលរួម​ជាមួយនឹង Watford និង​ពិតជា​ស្រេកឃ្លាន​ក្នុងការ​ចាប់ផ្តើម​ប្រកួត​ខ្លាំងណាស់»។ Gray បាន​ចូលរួម​ជាមួយនឹង​ក្លិប Burnley ដោយ​ចេញពី​ក្លិប Brentford ក្នុងតម្លៃ​ខ្លួន9លាន​ផោន កាលពី​ឆ្នាំ2015 និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី33គ្រាប់​ក្នុង​រយៈពេល2រដូវ​កាល​នៅឯ​កីឡដ្ឋាន Turf Moor ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការរកបាន9គ្រាប់​ក្នុង​ក្របខ័ណ្ឌ Premier League កាលពី​រដូវ​កាល​មុន​ផងដែរ។ ខ្សែប្រយុទ្ធ​រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​សរុប​ដល់​ទៅ 23គ្រាប់​ក្នុង​រដូវ​កាល​ឆ្នាំ2015-2016 ដែល​នៅពេលនោះ​ក្លិប Burnley បាន​ឡើង​ចេញពី​ក្របខ័ណ្ឌ Championship ទៅកាន់​ក្របខ័ណ្ឌ Premier League។ ស្របពេល​ជាមួយគ្នានេះ កាលពី​ថ្ងៃ​អង្គារ ក្លិប Watford បាន​បំពេញ​ការចុះហត្ថលេខា​ជាមួយនឹង​ខ្សែប្រយុទ្ធ​អន្តរជាតិ​ប្រេ​ស៊ី​ល Richarlison ពី​ក្លិប Fluminense ក្នុងតម្លៃ​ខ្លួន13លាន​ផោន៕

    ប្រភពពី៖ Sky Sport

  • ជំងឺ​ឆ្លងតាម​ប្រព័ន្ធ​ដង្ហើម 6ប្រភេទ ដែល​អ្នក​គួរ​យល់ដឹង ដើម្បី​ការពារ​ខ្លួន

    ជំងឺ​ឆ្លងតាម​ប្រព័ន្ធ​ដង្ហើម 6ប្រភេទ ដែល​អ្នក​គួរ​យល់ដឹង ដើម្បី​ការពារ​ខ្លួន

    1/ ជំងឺ​ផ្តាសាយ​ប្រចាំ​រដូវ​កាល

    គឺជា​ជំងឺ​ផ្តាសាយ​ដែល​តែងតែ​ឡើងជារឿយៗ និង​គ្រប់​ទីកន្លែង​ដោយសារ​មេរោគ​វីរុស(Virus) និង​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​តាម​ខ្យល់អាកាស​តាមរយៈ​ប្រព័ន្ធ​ដកដង្ហើម ជា​ជំងឺ​ផ្តាសាយ​ដែល​អាច​បាត់​ទៅវិញ​ក្នុង​រយៈពេល1 សប្តាហ៍។ អា​ការដែល​សង្កេត​ដឹង​ច្បាស់​បំផុត​ភាគច្រើន​គឺ ឈឺក្បាល ឈឺ​តាម​សាច់ដុំ គ្រុនក្តៅ ក្អក ឈឺ​ក តឹង​ច្រមុះ ហៀរ​សំបោរ តែបើ​កើត​លើ​កុមារ ស្ត្រី​មានគភ៌ និង​មនុស្ស​ចាស់​វិញ​មេរោគ​ផ្សេងទៀត​នឹង​អាច​ជ្រៀត​ចូលមកក្នុង​រាងកាយ​យ៉ាង​ងាយ​ខ្លាំងណាស់ ហេតុនេះហើយ​ទើប​មនុស្ស​ក្នុង​ក្រុម​នេះ ចាំបាច់​ត្រូវតែ​ពិនិត្យ​តាមដាន និង​មើលថែទាំ​ពី​គ្រូពេទ្យ​ឱ្យបាន​ដិតដល់​បំផុត ដើម្បី​បង្ការ​កុំឱ្យ​អ្នកជំងឺ​កើត​ជំងឺផ្សេងៗទៀត។ ឯ​វិធី​ការពារ​វិញ គឺ​មិនត្រូវ​នៅ​ជិត​អ្នក​ដែលមាន​អាការរោគ​នេះឡើយ ហើយ​ត្រូវតែ​ឧស្សាហ៍​មើលថែ​សុខភាព​របស់ខ្លួន​ឱ្យបាន​ល្អ​ជាប់​ជានិច្ច។

    2/ គ្រុនផ្តាសាយ H1N1 (គ្រុន​ផ្តាសាយធំ 2009)

    គ្រុន​ផ្តាសាយធំ H1N1 គឺជា​អម្បូរ​របស់​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក ដែល​ធ្លាប់បាន​ឆ្លង​រីក​រាលដាល​យ៉ាង​សាហាវ​ក្នុងអំឡុង​ឆ្នាំ2009 រហូត​ត្រូវគេ​ដាក់ឈ្មោះ​ឱ្យ​ជំងឺ​គ្រុនផ្តាសាយ​ប្រភេទ​នេះ​មួយ​ទៀតថា “គ្រុន​ផ្តាសាយធំ 2009”។ ជំងឺ​នេះ​មាន​អាការ​ជារួម​មិន​ខុសប្លែក​ពី​ជំងឺ​ផ្តាសាយ​ជ្រូក​ប៉ុន្មាន​ទេ តែបើ​អ្នកជំងឺ​ទាំងឡាយណា​ដែលមាន​អាយុ​ច្រើនជាង65ឆ្នាំ​ឡើងទៅ អាការ​អាច​នឹង​ធ្ងន់ធ្ងរ​ជាង​អ្នកជំងឺ​ដែលមាន​អាយុ​តិច។ ជំងឺ​គ្រុន​ផ្តាសាយធំ​ប្រភេទ​នេះ អាច​ចម្លង​បាន​រហ័ស​ដូចជា ជំងឺ​គ្រុនផ្តាសាយ​ប្រចាំ​រដូវ​កាល​ដែរ គ្រាន់តែ​បច្ចុប្បន្ននេះ ជំងឺ​គ្រុនផ្តាសាយ H1N1 បាន​ធ្លាក់ចុះ​ឥទ្ធិពល​របស់ខ្លួន​មក​នៅត្រឹមតែ​ជា​កម្រិត​គ្រុនផ្តាសាយ​ប្រចាំ​រដូវ​កាល និង​មាន​វ៉ាក់សាំង​ចាក់​សម្រាប់​ការពារ​ជំងឺ​ផ្តាសាយ​អម្បូរ​នេះ​តែប៉ុណ្ណោះ។

    3/ ផ្តាសាយ​បក្សី (Avian Flu)

    មនុស្ស​ជាច្រើន​ប្រហែលជា​អាច​នៅចាំ​បាន​ពី​ជំងឺផ្តាសាយបក្សី​នេះ ព្រោះ​វា​ក៏​ធ្លាប់​រីក​រាលដាល​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​យើង​មួយរយៈ​ដែរ ហើយ​ថែមទាំង​បង្ក​ជា​សេចក្ដី​ភ័យខ្លាច និង​ក្ដីកង្វល់​ដល់​ប្រជាជន​កម្ពុជា​យើង​យ៉ាងខ្លាំង​ទៀតផង។ ការពិត ជំងឺ​នេះ​មិន​មែនមាន​ប្រភព​ចេញពី​សត្វ​មាន់​នោះទេ ដើមហេតុ​នៃ​ជំងឺ​នេះ​ពិតប្រាកដ គឺ​កើតចេញ​មកពី​សត្វ​បក្សី​គ្រប់​ប្រភេទ ហើយ​ប្រភេទ​ជំងឺ​ដែល​កាច​សាហាវ និង​មាន​គ្រោះថ្នាក់​បំផុត ដែល​ធ្លាប់​ឆ្លង​រីក​រាលដាល​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​យើង និង​ប្រទេសជិតខាង​នោះ គឺ H5N1។

    នៅពេលដែល​វីរុស​ប្រភេទ​នេះ​ចូលទៅក្នុង​រាងកាយ​នរណាម្នាក់​ហើយ បុគ្គល​នោះ​នឹងមាន​អាការ​គ្រុនក្តៅ ក្អក និង​ពិបាក​ក្នុងការ​ដកដង្ហើម ដែល​អាច​បណ្ដាលឱ្យ​អត្រា​នៃ​ការបាត់​បង់ជីវិត​ខ្ពស់​ដល់​ទៅ60% បើទោះបីជា បច្ចុប្បន្ននេះ​លែងមាន​របាយការណ៍​នៃ​ការ​ច​ម្លើ​ង​ជំងឺ​គ្រុនផ្តាសាយ​បក្សី​នេះ​ក៏ដោយ ក៏​អង្គការ​សុខភាព​ពិភពលោក​នៅតែ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត ព្រោះ​ខ្លាច​ជំងឺ​ដ៏​សាហាវ​នេះ​វិ​វ​ឌ្ឍ​ទៅជា​ជំងឺ​ថ្មី​ដែល​កាន់តែ​អាក្រក់ ជាពិសេស​គឺ​ចំពោះ​បណ្តា​ប្រទេស​អាស៊ី​ខាងកើត​តែម្ដង។ វិធី​ការពារ​ជំងឺ​គ្រុនផ្តាសាយ​ដ៏​ងាយស្រួល​បំផុត​គឺ ចៀសវាង​ការប៉ះពាល់​សត្វ​ស្លាប​គ្រប់​ប្រភេទ(ពិសេស​សត្វ​ងាប់) មិន​ទទួលទាន​សាច់សត្វ​ស្លាប​ដែល​ចម្អិន​មិនបាន​ឆ្អិន​ល្អ ហើយ​អ្វីដែល​គួរ​ចៀសវាង​បំផុត​នោះ គឺ​មិនត្រូវ​ពិសា​ស៊ុត​ឆៅ​តែម្ដង។

    4/ ផ្តាសាយ​ជ្រូក (Variant Flu)

    ក្រៅពី​ផ្តាសាយ​បក្សី​ហើយ ក៏​នៅមាន​ជំងឺ​គ្រុនផ្តាសាយ​មួយ​ប្រភេទ​ទៀត​ដែលមាន​គ្រោះថ្នាក់​បំផុត កើតចេញ​មកពី​សត្វ​ដូចគ្នា​ដែរ នោះ​គឺ​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក ដែលមាន​ឈ្មោះ​ហៅ​មួយ​ទៀតថា H3N2V ដែល​កើត​ពី​វីរុស​នៅក្នុង​សត្វ​ជ្រូក ដោយ​យើង​តែងតែ​យល់ច្រឡំ​ថា គ្រាន់តែ​ជា​ជំងឺ​គ្រុនផ្តាសាយ​ប្រចាំ​រដូវ​កាល(ផ្ដាសាយ​ធម្មតា) ដោយសារតែ​វា​មាន​អាការ​ស្រដៀង​គ្នា​តែបើ​យើង​ពិនិត្យ​ឱ្យ​ដិតដល់​នឹង​ឃើញថា វា​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​ជាង។ តែ​ទោះជា​យ៉ាងនេះ​ក្ដី ក៏​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​នេះ នៅមាន​ហានិភ័យ​ទាប​ជាង​គ្រុនផ្តាសាយ​បក្សី​ដែរ ព្រោះ​វា​មិនអាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ងាយ​ដូច​គ្រុនផ្តាសាយ​បក្សី​ឡើយ ដោយ​ឆ្លង​តែ​ក្នុងករណី​ដែល​យើង​ទទួលទាន​សាច់ជ្រូក​ដែលមាន​មេរោគ​ប្រភេទ​នេះ​ស្រាប់ ដោយ​មិនបាន​ចម្អិន​ឱ្យ​ឆ្អិន​ល្អ​ប៉ុណ្ណោះ។ រីឯ​វិធី​ការពារ​ជំងឺ​នេះ​វិញ គឺ​ត្រូវតែ​ចម្អិន​សាច់ជ្រូក​ឱ្យ​ឆ្អិន​ល្អ​បំផុត និង​ជ្រើសរើស​ទិញ​តែ​សាច់ជ្រូក​ណា​ដែល​ល្អ មាន​អនាម័យ​មក​ទទួលទាន​ប៉ុណ្ណោះ។

    5/ ជំងឺ​អ៉ី​បូ​ឡា (Ebola)

    ជា​ជំងឺ​ដែល​កំពុងតែ​បង្ក​ការភ័យខ្លាច​បំផុត​សម្រាប់​មនុស្ស​ទូទាំង​សកលលោក​នាពេល​បច្ចុប្បន្ន​នេះ ព្រោះ​អាចឱ្យ​អ្នក​កើត​ស្លាប់​ក្នុង​រយៈពេល​ដ៏​ខ្លី និង​រហូតមក​ទល់នឹង​បច្ចុប្បន្ននេះ​ជំងឺ​នេះ​នៅ​មិនទាន់មាន​រិះរក​វិធី​ព្យាបាល ការពារ ឬ​ទប់ស្កាត់បាន100%នៅឡើយ​ទេ។ ការឆ្លង​រីក​រាលដាលថ្មីៗបំផុត​នេះ គឺជា​ការចម្លង​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ ដោយ​ចាប់ផ្តើម​ឆ្លង​រីក​រាលដាល​បំ​ដូង​នៅក្នុង​បណ្តា​ប្រទេស​អាហ្វ្រិក​ខាងលិច និង​ឆ្លង​ចូលទៅ​ប្រទេស​អាមេរិក​លើកដំបូង​ក្នុងអំឡុង​ខែសីហា ឆ្នាំ2014 ដោយសារតែ​ការបញ្ជូន​ភ្នាក់ងារ​សុខាភិបាល​ដែលមាន​ឆ្លង​មេរោគ​អ៉ី​បូ​ឡា​ត្រឡប់មក​ព្យាបាល​នៅ​ប្រទេស​អាមេរិក។ ទោះជា​នៅពេលនេះ​សហរដ្ឋអាមេរិក​អាច​គ្រប់គ្រង​ការឆ្លង​រីក​រាលដាល​បាន​ក៏ដោយ ក៏​នៅក្នុង​បណ្តា​ប្រទេស​អាហ្វ្រិក​ខាងលិច​មួយចំនួន​នៅតែមាន​អ្នក​ឈឺ​ជំងឺ​នេះ​កើន​ឡើងជា​បន្តបន្ទាប់​ដ​ដែល ដែល​រហូតមក​ទល់នឹង​ពេលនេះ បាន​បណ្ដាលឱ្យមាន​អ្នកស្លាប់​ច្រើនជាង5,000នាក់​ទៅទៀត។

    អាការ​របស់​ជំងឺ​អ៉ី​បូ​ឡា​នេះ នឹង​ចាប់ផ្តើម​បង្ហាញឱ្យឃើញ​ក្រោយពី​ឆ្លង​មេរោគ​ចូលមកក្នុង​ខ្លួន​បាន2-21ថ្ងៃ នៅក្នុង​រយៈ​ដំបូង​នឹងមាន​អាការ​គ្រុនក្តៅ​រងា ឈឺក្បាល​យ៉ាងខ្លាំង ឈឺ​តាម​សាច់ដុំ និង​ឈឺសន្លាក់ ឈឺ​ក អស់កម្លាំង​ល្វើយ និង​រាក បន្ទាប់ពីនោះ​អាការ​នឹង​ចាប់ផ្តើម​ធ្ងន់ធ្ងរ​ខ្លាំងឡើងៗ ដូចជា ក្អួតចង្អោរ រាក មាន​ឈាម​ចេញ​នៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារ ធ្វើឱ្យ​បន្ទោបង់​មក​មាន​ឈាម ភ្នែក​ឡើង​ក្រហម ឈឺ​ដើមទ្រូង ចុក​ណែន​ម្តុំ​ក្រពះ ទម្ងន់​ខ្លួន​ធ្លាក់ចុះ មាន​ឈាម​ចេញ​តាម​ច្រមុះ មាត់ ត្រចៀក ភ្នែក​និង​ទ្វារធំ អវយវៈ​ភេទ​ហើម ក្រៅពីនេះ​នៅមាន​អាការ​ជ្រៀតជ្រែកផ្សេងៗទៀត​ដែល​គ្រោះថ្នាក់​ដូចជា ប្រព័ន្ធ​ធ្វើការ​របស់​អវយវៈផ្សេងៗគាំង ធ្លាក់ឈាម​ធ្ងន់ធ្ងរ អារម្មណ៍​វិលវល់ ប្រកាច់ និង​បាត់ស្មារតី​ឆ្ពោះទៅរក​សភាវ​ខូ​ម៉ា (Coma) ហើយ​បើទោះជា​បានទទួល​ការព្យាបាល​ទាន់ពេលវេលា​ក៏ដោយ ក៏ត្រូវ​ប្រើពេល​វេលា​ជាច្រើន​ខែ​ដែរ ទើប​រាងកាយ​អាច​វិល​ទៅរក​ភាពប្រក្រតី​ដូចដើម​ឡើងវិញ។

    6/ ជំងឺ​គ្រុន​ផ្តាសាយធំ

    គ្រុនផ្តាសាយ​ធំ​ការពារ​យ៉ាងណា? សម្រាប់​ប្រទេស​យើង ឱកាស​ដែល​អាច​បណ្ដាលឱ្យ​កើត​ជំងឺ​គ្រុន​ផ្តាសាយធំ គឺមាន​ខ្ពស់​ណាស់ ដោយ​ក្នុងមួយឆ្នាំៗមាន​អ្នក​កើត​ជំងឺ​នេះ​មិនតិច​នាក់​ឡើយ ដូច្នេះ​ខាងក្រោម​នេះ​គឺជា​វិធី​បង្ការ​កុំឱ្យ​ឆ្លង​ជំងឺ​នេះ ដែល​អ្នក​ត្រូវតែ​អនុវត្ត​ឱ្យបាន។

    • ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុន​ផ្តាសាយធំ
      បច្ចុប្បន្ននេះ ជំងឺ​ផ្តាសាយធំ​អាច​ការពារ​បាន​តាមរ​យៈ​ការចាក់​វ៉ាក់សាំង ដូច្នេះ​ដើម្បី​សុវត្ថិភាព​អ្នក និង​សមាជិកគ្រួសារ​អ្នក គួរតែ​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុនផ្តាសាយ​ធំ​នេះ​យ៉ាងហោចណាស់​ក៏​មួយឆ្នាំ​ម្ដង​ដង​ដែរ។
    • លាង​សម្អាត​ដៃ​ឱ្យបាន​ញឹកញាប់
      ការ​លាងដៃ​ញឹកញាប់​នឹង​ជួយ​ឱ្យ​លោកអ្នក​គេច​ផុតពី​មេរោគផ្សេងៗដែលជា​ហេតុ​បង្ក​ឱ្យ​កើត​ជំងឺ​គ្រុន​ផ្តាសាយធំ​បាន។ ដូច្នេះ​គ្រប់​ពេលដែល​អ្នក​បាន​ប៉ះពាល់​វត្ថុផ្សេងៗនៅតាម​ទីសាធារណៈ ជាពិសេស​ពេល​ចូល​បន្ទប់ទឹក និង​មុនពេល​ទទួលទាន​អាហារ​អ្នក​ត្រូវតែ​លាង​សម្អាត​ដៃ​ឱ្យបាន​ស្អាត ហើយ​ក្នុងករណី​ដែល​អ្នក​មិនទាន់បាន​លាង​សម្អាត​ដៃ​នោះ សូមកុំ​យកដៃ​ទៅ​ប៉ះម្តុំៗភ្នែក ច្រមុះ និង​មាត់​ឱ្យសោះ។
    • ចៀសវាង​ការចេញ​ទៅ​ទីសាធារណៈ
      នៅពេល​កើត​ជំងឺ​គ្រុន​ផ្តាសាយធំ​បើ​លោកអ្នក​កើត​ជំងឺ​គ្រុន​ផ្តាសាយធំ រឿង​ដ៏​ល្អ​បំផុត​ដែល​ត្រូវធ្វើ​ដើម្បី​ការពារ​កុំឱ្យ​រីក​រាលដាល​ទៅ​អ្នកដទៃ គឺ​សម្រាក​នៅក្នុង​ផ្ទះ ដោយ​ក្នុងអំឡុង5-7ថ្ងៃ​ដំបូង សូម​កុំទៅ​ទីសាធារណៈ ឫ​កន្លែង​ទាំងឡាយណា​ដែលមាន​មនុស្ស​ច្រើន​ឱ្យសោះ ព្រោះ​អាច​ចម្លង​ទៅ​អ្នកដទៃ​បាន និង​ត្រូវ​សម្រាក​ឱ្យបាន​គ្រប់គ្រាន់ ទទួលទាន​ទឹក​ឱ្យបាន​ច្រើន ជាពិសេស​សូម​ទទួលទាន​ថ្នាំ​តាម​វេជ្ជបញ្ជា​ឱ្យបាន​ទៀងទាត់​ផង។

    មេរោគ​អាច​ជ្រៀត​ចូលមកក្នុង​ខ្លួន​អ្នក​បាន​គ្រប់ពេល ដូច្នេះ​បើ​អ្នក​មិន​ចង់ឱ្យ​មេរោគ​ទាំងអស់នោះ​ចូលមក​បំផ្លាញ​សុខភាព​របស់​អ្នកនោះ​វិធី​ដែល​ល្អ​បំផុត អ្នក​ត្រូវតែ​ឧស្សាហ៍​មើលថែទាំ​សុខភាព​របស់​អ្នក​ឱ្យបាន​ល្អ ទទួលទានដំណេក​ឱ្យបាន​គ្រប់គ្រាន់ ទទួលទាន​អាហារ​ទាំងឡាយណា​ដែលមាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព និង​ហាត់ប្រាណ​ឱ្យ​ទៀងទាត់​ស្របតាម​ច្បាប់​ក្បួន បើ​អ្នក​អាចធ្វើ​បាន​នោះ​នឹង​គ្មាន​មេរោគ​ណាមួយ​អាច​ជ្រៀត​ចូលមកក្នុង​ខ្លួន​របស់​អ្នក​បានឡើយ៕

  • ទស្សនា​កម្សាន្ត​តំបន់​ពិសេស​ចំនួន 2 របស់​ក្រុង​កូ​ឡា​ឡាំ​ពួរ

    ទស្សនា​កម្សាន្ត​តំបន់​ពិសេស​ចំនួន 2 របស់​ក្រុង​កូ​ឡា​ឡាំ​ពួរ

    កូ​ឡា​ឡាំ​ពួរ គឺជា​ទីក្រុង​ដ៏​ស្រស់ស្អាត​មួយ​ដែល​ស្ថិតនៅក្នុង​ក្រសែភ្នែក​បណ្តា​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​នៅលើ​សាកលលោក ហើយក៏​ជា​ក្រុង​ដែល​ធំជាងគេ​បំផុត​ប្រៀបបាន​ទៅនឹង​បេះដូង​របស់​ប្រទេស​ម៉ាឡេស៊ី។ ជាមួយគ្នានេះ ទីក្រុង​កូ​ឡា​ឡាំ​ពួរ ដែល​ពោរពេញ​ទៅដោយ​រូប​សម្រស់​ឆើតឆាយ​លម្អ​ទៅដោយ​ផ្លូវ​កាត់​ខ្វាត់ខ្វែង និង​តួ​អគារខ្ពស់ៗស្គឹ​ម​ស្កៃ​ឈរ​បង្ហាញ​រាង​ក្នុងនាម​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​កំពូល​របស់​ពិភពលោក​នោះ បាន​ផ្ដល់នូវ​រសជាតិ​ជីវិត​ថ្មី​ដល់​បណ្តា​ភ្ញៀវទេសចរ តាមរយៈ​នៃ​ការបង្ហាញ​ពី​វប្បធម៌​ដ៏​យូរ​ឡុង រួមផ្សំ​នឹង​ភាព​រួ​សារាយ​រាក់ទាក់​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​បាន​ភ្លក្ស​អាហារ​បែប​ប្រពៃណី​នៃ​ជនជាតិភាគតិច​ប្រចាំ​តំបន់ ជាពិសេស សម្បូរ​ទៅដោយ​តំបន់​កម្សាន្ត​ជាច្រើន​កន្លែង​តែម្ដង។

    ប៉ម​អគារ​ភ្លោះ ប៉េ​ត្រូ​ណាស់ ៖
    ប៉េ​ត្រូ​ណាស់ គឺជា​អគារ​ភ្លោះ​ដ៏​ធំ ខ្ពស់​ស្គឹ​ម​ស្កៃ​ដែលមាន​កម្ពស់​រហូតដល់170 ម៉ែត្រ និង​មាន​ស្ពាន​ឆ្លង​ពី​តួ​អគារ​មួយ​ទៅកាន់​តួ​អគារ​មួយទៀត ហើយក៏​ជាប់​ចំណាត់ថ្នាក់​ជា​ស្ពាន2ជាន់ ដែល​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក។ នៅទីនេះ ត្រូវបាន​គេ​ដាក់​បម្រាម​យ៉ាង​ម៉ត់ចត់​ចំពោះ​អ្នកខ្លាច​ទី​ខ្ពស់ មិន​អនុញ្ញាតឱ្យ ឡើង​នោះឡើយ ប៉ុន្តែ​បើ​ចំពោះ​អ្នកមាន​ភាពក្លាហាន​មិន​ញញើត​ជាមួយ​អគារ​ដ៏​ខ្ពស់សន្លឹម​មួយ​នេះ នឹង​បាន​ទស្សនា​ពី​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត​នៃ​ទីក្រុង កូ​ឡា​ឡាំ​ពួរ​ទាំងមូល ជាពិសេស​សម្រស់​នាពេល​រាត្រី ដែល​ពោរពេញ​ទៅដោយ​ពន្លឺ​ភ្លើងពណ៌​ចម្រុះ​នៅតាម​អគារ​នានា​ក្នុង​តំបន់។

    រូងភ្នំ​បា​ទូ ៖

    រូងភ្នំ​បា​ទូ គឺជា​ទីសក្ការៈ​ដ៏​ពិសិដ្ឋ​សម្រាប់​ពលរដ្ឋ​ដែល​កាន់សាសនា​ហិណ្ឌូ​ដែល​រស់នៅ​ក្នុងប្រទេស​ម៉ាឡេស៊ី មាន​ចម្ងាយ​ប្រមាណ​ជាង12គីឡូម៉ែត្រ  ខណៈដែល​អ្នក​ទាំងនោះ​សុទ្ធ​តែមាន​ជំនឿ​ជឿជាក់ថា រូងភ្នំ​បា​ទូ ជា​កន្លែង​ដែលមាន​ឫទ្ធិ​បារមី​ពូកែ​ស័ក្តិសិទ្ធិ​បំផុត ហើយ​ជា​រៀងរាល់ឆ្នាំ នៅពេល​ចូលដល់​វេលា​កំណត់​អ្នកមាន​ជំនឿ​រាប់ម៉ឺន​នាក់ តែង​នាំគ្នា​មក​ប្រារព្ធ​ពិធី​តាម​ទំនៀប​ទម្លាប់​នៅទីនេះ​មិនដែល​ខាន។ ដោយឡែក​សម្រាប់​លោកអ្នក​ដែល​ចង់​ឡើងទៅ​ទស្សនា​រូងភ្នំ​បែប​អច្ឆរិយ​មួយ​នេះ ត្រូវធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​តាម​ជណ្ដើរថ្ម​ចំនួន272កាំ។ លុះ​ក្រោយពេល​ឡើង​ទៅដល់​គោលដៅ​នឹង​បានឃើញ​ពី​ភាព​អស្ចារ្យ​ជាច្រើន ដែល​ក្រៅពី​មាន​រូងភ្នំធំៗចំនួន3 រូងភ្នំតូចៗរាប់សិប​កន្លែង ថែមទាំង​បាន​ទស្សនា​រូបចម្លាក់​យ៉ាង​ស្អា​ក​ស្កះ​ក្នុង​លក្ខណៈ​បែប​សាសនា​ហិណ្ឌូ ជាពិសេស​រូបសំណាក​ព្រះ​ទេវៈ​យ៉ាង​ធំ​ច​ង្រឹ​ង​ឈ​នៅ​ចំ​ពីមុខ​ច្រកចូល​ដែលមាន​កម្ពស់​ប្រមាណ 42 ម៉ែត្រ៕

  • ស្បែក​ក្លៀក «ស» ស្អាត គ្មាន​រោម ដោយ​ប្រើ​រូបមន្តងាយៗ

    ស្បែក​ក្លៀក «ស» ស្អាត គ្មាន​រោម ដោយ​ប្រើ​រូបមន្តងាយៗ

    ស្ត្រី​ខ្មែរ​យើង​មិនមាន​ទម្លាប់​ទុក​រោមក្លៀក​ឱ្យនៅ​ព្រោងព្រាត​ដូច​ជនជាតិ​បរទេស​មួយចំនួន​នោះទេ គ្រប់​ពេលដែល​បានឃើញ​ថា មាន​រោម​ដុះ​នៅលើ​ស្បែក​ត្រង់​ក្លៀក​គឺ​ពិតជា​ធ្វើឱ្យ​យើង​មាន​អារម្មណ៍​ខ្មាស​គេ មិន​ហ៊ាន​ពាក់អាវ​វៀល​ក្លៀក​នោះទេ។ ការដក​រោមក្លៀក​ម្តង​មួយសរសៃៗ ត្រូវ​ចំណាយពេល​យូរ ឈឺ​ក៏​ឈឺ ហើយ​ដែល​សំខាន់​នោះ​ស្បែក​ក៏​ឡើង​គ្រើម​ទៀត ហើយ​ងាក​មករក​ការ​កោរ​វិញ ឃើញថា​វា​ឆាប់​រួចរាល់ មិន​ឈឺចាប់ និង​ចំណាយពេល​តែមួយ​ភ្លែត​ក៏ពិតមែន ប៉ុន្តែ​បើ​ខាន​ពិនិត្យ​តែ 2-3ថ្ងៃ ប្រាកដជា​បានឃើញ​រោម​ថ្មី​ដុះ​មក​ថែម និង​ខ្មៅ​ជាង​មុន​ជាមិនខាន។

    សម័យនេះ ការព្យាបាល​មាន​ច្រើន តែ​វា​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​បន្តិច ដូច្នេះ​បើ​អ្នក​មិន​ចង់​ចំណាយ​ប្រាក់ មិន​ចង់​ដក ឬ​មិន​ចង់​កោរ​នោះ ឡា​រ៉ែ​ន មាន​វិធី​មួយ​យកមក​ជម្រាបជូន​មិត្ត​អ្នកអាន​ទាំងអស់​សាកល្បង ហើយ​វិធី​នេះ​ត្រូវការ​តែ​វត្ថុធាតុដើម​តិចតួច​បំផុត។ តោះ! សាកល្បង​អាន​ទាំងអស់គ្នា!
    សារធាតុ​ផ្សំ
    – មាន​ស្ករស (2ពែង), ទឹកក្រូច​ឆ្មារ (1/4ពែង), ទឹក (1/4ពែង) និង​ទឹកឃ្មុំ (1/4ពែង)។
    របៀប​ធ្វើ
    ដំបូង​អ្នក​ត្រូវយក​ទឹក​ទៅ​ដាក់​ដាំ​ឱ្យ​ពុះ​រួច​ដាក់​សារធាតុ​ផ្សំ​ទាំងអស់​ចូល ហើយ​កូរ​ឱ្យ​សព្វ។ បើកភ្លើងតិចៗរំងាស់​វា​ចោល​ប្រហែលជា​កន្លះ​ម៉ោង នៅពេលដែល​ល្បាយ​នោះ​ឡើង​ពណ៌​ត្នោត និង​ឡើង​ស្អិត​សឹម​ដាក់ចុះ រួច​ទុកឱ្យ​ត្រជាក់។ នៅពេល​វា​ត្រជាក់​ហើយ​អ្នក​ត្រូវ​សម្អាត​ក្លៀក​របស់​អ្នក​ឱ្យ​ស្អាត​និង​ជូត​ឱ្យ​ស្ងួត ដើម្បី​ជម្រះ​ញើស​ចេញ​ឱ្យអស់។ យក​ម្សៅ​កូនក្មេង​មក​លាប​ឱ្យ​សព្វ​លើ​ក្លៀក​របស់​អ្នក ព្រោះ​ការធ្វើ​បែបនេះ​គឺ​ដើម្បី​កម្ចាត់​ជាតិ​ខ្លាញ់​ដែល​នៅសល់​ឱ្យចេញ​អស់ពី​ក្លៀក។

    ឥឡូវ​អ្នក​ត្រូវយក​ល្បាយ​នោះមក​ដាក់​លើ​ស្បែក​ក្លៀក ហើយ​យក​ស្លាបព្រា​រលោង​មួយ​មក​ប៉ាត​ល្បាយ​នោះ​ឱ្យ​ស្មើ ហើយ​ត្រូវ​ចាំ​ថា ត្រូវ​ប៉ា​តវាស្តើងៗបាន​ហើយ ព្រោះ​ក្រាស់​ពេក​វា​អាចធ្វើឱ្យ​ប្រតាក។ ទុក​វា​ចោល​មួយសន្ទុះ លុះដល់​ពេល​វា​ស្ងួត​ហើយ​នោះ​អ្នក​ត្រូវ​ប្រើ​ដៃ​មួយ​ចំហៀង​ទៀត​ដើម្បី​បក​វា​ចេញ (សូមប​កវា​ចេញ​ឱ្យ​លឿន ព្រោះ​បើ​យឺត​វា​អាចធ្វើឱ្យ​ស្បែក​ត្រង់នោះ​ជ្រួញ​ពិបាក​ក្នុងការ​បក)។ វា​ជាការ​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​សម្អាត​ស្បែក​ត្រង់នោះ​ឱ្យ​ស្អាត​ជាមួយ​សាប៊ូ​និង​ទឹកស្អាត ហើយ​បន្ទាប់ពី​ជូត​ស្ងួត​ល្អ​ហើយ​នោះ​អ្នក​ត្រូវ​បន្ថែមសំណើម​ដល់​វា​ផង ដើម្បី​រក្សា​ស្បែក​ក្លៀក​អ្នក​ឱ្យ​ទន់​រលោង។

    ដោយសារ​ប្រភេទ​ស្បែក​របស់​មនុស្សម្នាក់ៗវា​មិន​ដូចគ្នា ដូច្នេះ​មុនពេល​អនុវត្ត ឡា​រ៉ែ​ន សូម​ណែនាំ​ឱ្យ​លោកអ្នក​ធ្វើការ​សាកល្បង​យក​ល្បាយនេះ​ដាក់​លើ​ស្បែក​ត្រង់​កន្លែង​ផ្សេង​ជាមុនសិន ហើយ​បើ​សង្កេតឃើញថា​វា​មិនមាន​បញ្ហា​ប្រ​ត្តិ​កម្ម​ទេនោះ លោកអ្នក​អាចយ​កវា​មក​អនុវត្ត​ផ្ទាល់លើ​ស្បែក​ក្លៀក​បាន​ហើយ។ ម្យ៉ាងទៀត សម្រាប់​ល្បាយ​ដែល​លាយ​រួចហើយ​ប្រើ​មិនទាន់​អស់ អ្នក​អាចយ​កវា​រក្សាទុក​ក្នុង​ទូរ​ទឹកកក លុះ​ពេល​យកមកប្រើ​លើក​ក្រោយ​អ្នក​គ្រាន់តែ​យក​វា​មក​កម្តៅ​វិញ​គឺអាច​ប្រើ​បាន​ហើយ៕

  • ធនាគារ​ជាតិ​នៃ​កម្ពុជា ចង់ឱ្យ​ពលរដ្ឋ​ខ្មែរ​យកចិត្តទុកដាក់​លើអក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ

    ធនាគារ​ជាតិ​នៃ​កម្ពុជា ចង់ឱ្យ​ពលរដ្ឋ​ខ្មែរ​យកចិត្តទុកដាក់​លើអក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ

    ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) និង​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូទាត់​ប្រាក់​សកល Visa បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់​គ្នា​មួយ​ដើម្បី​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​អំពី​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ ដែលអាច​​ជា​បច្ច័យ​មួយ​នាំ​ឱ្យ​មាន​ការ​សេចក្តី​សម្រេច​ចិត្ត​បាន​ល្អិតល្អន់​ជាង​មុន។

    លោកជំទាវ ជា សិរី អគ្គនាយិកា​បច្ចេក​ទេស​ធនាគារ​ជាតិ​នៃ​កម្ពុជា មាន​ប្រសាសន៍​ថា ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​សហការ​ជាមួយ​ស្ថាប័ន​សាធារណៈ និង​ឯក​ជន ព្រម​ទាំង​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​នៅ​ក្នុង​ការ​អនុវត្ត​គម្រោង​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​នេះ​។ ធនាគារ​ជាតិ​នៃ​កម្ពុជា​តែង​​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ ព្រោះ​ថា​នៅពេល​ដែល​​ប្រជាពល​រដ្ឋ​មាន​ចំណេះ​ដឹង​ផ្នែក​នេះ​ច្រើន​​វា​នឹង​ធ្វើ​ឱ្យ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ​មានភាព​រឹង​មាំ​ប្រកប​ដោយ​ចីរភាព។ ការ​ជួយ​គាំទ្រ​របស់​ក្រុមហ៊ុន Visa ចំពោះ​យុទ្ធនាការ​“តោះ!​ និយាយ​ពី​លុយ” និង​កម្មវិធី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត គឺ​ជា​គន្លឹះ​មួយ​ដ៏​សំខាន់​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​កំណើន​ប្រកប​ដោយ​បរិយាប័ន្ន។

    លោកជំទាវ បាន​ថ្លែង​ថា៖“វា​ជា​ចំណុច​ល្អ​ដែល​យើង​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​​​ចំពោះ​ក្មេងៗ​តាំង​ពី​នៅ​តូច​។ ទាំង​នេះ​ជា​វិធីសាស្ត្រ​មួយ​ដែល​មាន​ប្រសិទ្ធភាព​បំផុត ដើម្បី​ឱ្យ​ពួក​គេ​មាន​ចំណេះ​ដឹង​ និង​បាន​​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ទទួល និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​នាពេល​អនាគត”។

    លោក​ជំទាវ​បាន​បន្ដ​ថា អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ គឺ​ជា​ប្រព័ន្ធ​ការពារ​ដំបូង​សម្រាប់​អតិថិជន​ ពី​ព្រោះ​នៅ​ពេល​ដែល​អតិថិ​ជន​អាច​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​បាន​ល្អិតល្អន់​ ពួក​គាត់​អាច​ការពារ​ខ្លួន​ដោយ​ចៀស​ផុត​ពី​ការ​កេង​បន្លំ និង​អាច​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ​ឱ្យ​បាន​ប្រសើរ​ជាង​មុន​ តាម​រយៈ​ការ​ជ្រើស​រើស និង​ប្រើ​ប្រាស់​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​ត្រឹម​ត្រូវ។

    ក្នុង​អនុស្សរណៈ​យោគយល់​គ្នា​នេះ ក្រុម​ហ៊ុន Visa បាន​គាំទ្រ​ដល់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ក្នុង​ការ​ផលិត​សៀវភៅ​អក្ខរកម្ម​ហិរញ្ញវត្ថុ “តោះ! និយាយ​ពី​លុយ” ចំនួន​30,000​ក្បាល​ដែល​នឹង​ត្រូវ​ចែកចាយ​នៅ​តាម​សាលារៀន​នានា​សម្រាប់​រយៈពេល ​3​ឆ្នាំ និង​ជួយ​អភិវឌ្ឍន៍​ផែនការ​អក្ខរកម្ម​ហិរញ្ញវត្ថុ​រយៈ​ពេល ​5​ឆ្នាំ​សម្រាប់​ប្រទេស​កម្ពុជា។ កម្មវិធី​សិក្សា​អំពី​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ នឹងធ្វើ​ការ​បណ្តុះ​បណ្តាល​គ្រូ​បង្រៀន​នៅ​តាម​សាលារៀន​ដើម្បី​ឱ្យ​ពួកគាត់​អាច​ចែក​រំលែក​ជំនាញ​អក្ខរកម្ម​ហិរញ្ញវត្ថុ​ជា​មួយ​សិស្ស​របស់​ខ្លួន។

    លោក Sean Preston នាយក​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា វៀតណាម និង​ឡាវ​ បាន​ប្រាប់​ថា លោក​ជឿ​ថា​ ឧបករណ៍​ហិរញ្ញវត្ថុ​ដ៏​
    សំខាន់​បំផុត​សម្រាប់​អភិវឌ្ឍ​បុគ្គល និង​សេដ្ឋកិច្ច​នោះ គឺ​ចំណេះ​ដឹង។ ដូច្នេះ​ហើយ​បាន​ជា Visa ធ្វើ​ការ​សហការ​ជា​មួយ​ធនាគារ​ជាតិ​នៃ​កម្ពុជា ដើម្បី​អភិវឌ្ឍ​កម្មវិធី​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ ដែល​វា​នឹង​ជះ​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់​ជីវិត​រស់​នៅ​របស់​ប្រជាជន​ខ្មែរ​​ទូទាំងប្រទេស។

    អស់​រយៈពេល​ជាង​20​ឆ្នាំ ក្រុមហ៊ុន Visa បាន​សហការ​ជាមួយ​រដ្ឋាភិបាល សាលារៀន ធនាគារ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​អភិវឌ្ឍ​កម្មវិធី​អក្ខរ​កម្ម​ផ្នែក​ហិរញ្ញវត្ថុ ដែល​បង្រៀន​បុគ្គល​ពី​របៀប​ចំណាយការ​សន្សំ និង​រៀបចំ​ថវិកា​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ។ កម្មវិធី​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Visa មាន​លក្ខណៈ​ងាយ​ស្រួល និង​ទូលំ​ទូលាយ​ទូទាំង​ពិភពលោក។ បញ្ហា​ប្រឈម​ផ្នែក​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ គឺ​មាន​ភាព​ខុសៗ​គ្នា ដូច្នេះ​ហើយ​ទើប​ក្រុមហ៊ុន Visa បាន​បង្កើត​មាតិកា​ដែល​បំពេញ​តាម​តម្រូវការ​វប្បធម៌ ភាសា និង​ភាព​ស្មុគ​ស្មាញ​ខុសៗ​គ្នាដោយ​មិន​គិត​ពី​អាយុ ការអប់រំ ឬ​ភូមិសាស្ត្រ​ឡើយ៕

  • កាណាដា ឯកភាពលើកកម្ពស់ផលិតផលវាយនភណ្ឌខ្មែរ ខណៈវិស័យនេះជិតផុតកូតានាំទៅអឺរ៉ុប

    កាណាដា ឯកភាពលើកកម្ពស់ផលិតផលវាយនភណ្ឌខ្មែរ ខណៈវិស័យនេះជិតផុតកូតានាំទៅអឺរ៉ុប

    ភ្នំពេញ៖ ខណៈដែលម្ពុជាជិតផុតកូតានាំផលិតផលវាយនភណ្ឌកាត់ដេរចេញទៅប្រទេសក្នុងសហគមន៍អឺរ៉ុបនៅរយៈពេល3ឆ្នាំខាងមុខទៀតនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មកម្ពុជាបានជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតប្រទេសកាណាដាប្រចាំកម្ពុជាដើម្បីពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកាណាដា ជាពិសេសលើការនាំចេញផលិតផលវាយនភណ្ឌពីកម្ពុជា។

    ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា ដើម្បីសម្រួលដល់កិច្ចការធុរកិច្ចក្នុង និងក្រៅប្រទេស ក្រសួងបានធ្វើការកែទម្រង់ការងារជាច្រើន រួមមានការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ(CO)តាមអនឡាញ និងតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម និងការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្មរបស់កម្ពុជាកន្លងមកដែលបានជួយឱ្យកម្ពុជាក្លាយជាប្រទេសឈានមុខលើបណ្តាប្រទេសក្រីក្រនានាខាងផ្នែកកិច្ចសម្រួលពាណិជ្ជកម្ម។

    មុនពេលធ្វើកំណែទម្រង់បែបបទនៃការនាំចេញដែលមានភាពស្មុគស្មាញ និងត្រូវចំណាយរយៈពេលរង់ចាំយូរដល់ទៅជាង2សប្តាហ៍ ប៉ុន្តែឥឡូវនៅសល់ត្រឹមតែ48ម៉ោងប៉ុណ្ណោះ ហើយឯកសារតម្រូវក៏មានតិចជាងមុន ពោលគឺក្រសួងតម្រូវឱ្យក្រុមហ៊ុនស្នើសុំ CO តែមួយមុខប៉ុណ្ណោះ ហើយនាពេលខាងមុខនឹងមិនតម្រូវឱ្យមានការស្នើសុំ CO ទៅកាន់ទីផ្សារសហគមន៍អឺរ៉ុបនោះឡើយ។

    លោកជំទាវឯកអគ្គរាជទូតបានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ស៊ីជម្រៅដើម្បីសម្រួលដល់បរិយាកាសវិនិយោគនៅកម្ពុជាព្រមទាំងបានកត់សម្គាល់អំពីសារៈសំខាន់របស់កម្ពុជាក្នុងការផ្គត់ផ្គង់ទំនិញគុណភាពខ្ពស់ទៅកាន់កាណាដាដោយលក្ខខណ្ឌចំណាយកម្លាំងពលកម្មទាបជាមួយផលិតភាពការងារខ្ពស់។

    លោកជំទាវបានសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យបន្តខិតខំប្រឹងប្រែងកែលម្អបរិយាកាសវិនិយោគ កាត់បន្ថយថ្លៃដើមផលិតកម្ម លើកកម្ពស់ការគ្រប់គ្រងរោងចក្រ ព្រមទាំងសម្របសម្រួលឯកសារ និងបែបបទនាំចេញសម្រាប់វិស័យឯកជនថែមទៀត។ ជាមួយគ្នានេះដែរ លោកជំទាវក៏បានស្នើឱ្យមានការរៀបចំវេទិកាសម្រាប់បង្កើតបណ្តាញទំនាក់ទំនងរវាងអ្នកទិញនៅកាណាដាជាមួយអ្នកផលិតនៅកម្ពុជា ព្រមទាំងបានលើកទឹកចិត្តដល់និសិ្សតកម្ពុជាក្នុងការស្វែងរកអាហារូបករណ៍ផ្នែកវិស្វកម្មវាយនភណ្ឌដែលផ្តល់ដោយរាជរដ្ឋាភិបាលកាណាដា។

    ជាមួយគ្នានេះលោកជំទាវបានលើកទឹកចិត្តឱ្យមានកិច្ចពិភាក្សារវាងវិស័យឯកជននៃប្រទេសទាំងពីរដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែល្អប្រសើរផងដែរ។ គួរបញ្ជាក់ថា នៅចន្លោះឆ្នាំ2001-2016 ទំហំនៃការនាំចេញពីកម្ពុជាទៅកាន់កាណាដា មានកំណើនប្រមាណ100ដង ហើយសម្រាប់ឆមាសទី1 នៃឆ្នាំ២០១៧នេះ ទំហំនាំចេញមានកំណើន18,36%។

    ចាប់តាំងពីឆ្នាំ1999មក កម្ពុជាបានផ្សារភ្ជាប់លក្ខខណ្ឌការងារនៃអង្គការពលកម្មអន្តរជាតិ(ILO)ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម បន្ទាប់មកគម្រោង Better Factory Cambodia (BFC) បានកើតចេញជារូបរាងឡើង ដោយបានបន្តសាជាថ្មីចំនួន5លើកដែលជាហេតុធ្វើឱ្យលក្ខខណ្ឌការងារនៅកម្ពុជាមានភាពល្អប្រសើរ ហើយប្រាក់ខែអប្បបរិមារបស់នយោជិតកម្ពុជាបានកើនឡើងរហូតដល់153ដុល្លារក្នុងមួយខែទៀតផងសម្រាប់ឆ្នាំ2017នេះ៕

  • Liverpool ច្រានចោលសំណើលើកទី2របស់ Barcelona សម្រាប់ Coutinho

    Liverpool ច្រានចោលសំណើលើកទី2របស់ Barcelona សម្រាប់ Coutinho

    ក្លិប Liverpool បានប្រាប់ក្លិប Barcelona ម្តងទៀតថា ខ្សែបម្រើដ៏ឆ្នើម Philippe Coutinho មិនសម្រាប់លក់ឡើយ ក្រោយពីបានច្រានចោលសំណើដេញថ្លៃក្នុងទឹកប្រាក់100លានអឺរ៉ូ (ស្មើនឹង117.5លានដុល្លារអាមេរិក) សម្រាប់តារាឆ្នើមអន្តរជាតិប្រេស៊ីលរូបនេះ។

    សំណើដេញថ្លៃជាលើកទី2របស់ក្លិប Barcelona ដែលមានតម្លៃខ្លួនជាគោល85លានអឺរ៉ូ បូកទាំងប្រាក់ឧបត្ថម្ភផ្សេងៗចំនួន 15លានអឺរ៉ូ ទៀតនោះ ត្រូវបានច្រានចោលភ្លាមៗ។

    Barelona បានព្យាយាមដាក់សំណើជាលើកទី2របស់ខ្លួនសម្រាប់តារាឆ្នើមវ័យ25ឆ្នាំរូបនេះកាលពីថ្ងៃពុធ ក្រោយពីសំណើជាលើកដំបូងរបស់ខ្លួនក្នុងទឹកប្រាក់80លានអឺរ៉ូ ក៏ត្រូវបានច្រានចោលកាលពីខែមុនផងដែរ។ សំណើថ្មីចុងក្រោយរបស់ពួកគេ បានជួបការឆ្លើយតបដូចកាលពីមុនដែរ។ ក្លិបហង្សក្រហម Liverpool បានច្រានចោលសំណើនេះ និងបានបញ្ជាក់ប្រាប់ក្លិប Barcelona ម្តងទៀតថា ពួកគេនឹងមិនពិចារណាទៅលើការលក់កីឡាករដ៏មានឥទ្ធិពលរបស់ពួកគេនៅរដូវក្តៅនេះឡើយ។

    ការច្រានចោលសំណើជាលើកទី2នេះ បានកើតឡើង ក្រោយពីបណ្តាញសារព័ត៌មានជាច្រើនរបស់អេស្ប៉ាញ បានចេញផ្សាយថា ការផ្ទេរនេះកំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការឈានដល់ទីបញ្ចប់។ វាមិនទាន់ច្បាស់នៅឡើយទេថា ការបញ្ជាក់បែបនេះ នឹងរារាំងមិនឲ្យក្លិប Barcelona ដាក់សំណើដេញថ្លៃជាលើកទី3 ឬយ់ាងណានោះទេ ខណៈដែលការព្យាយាមរបស់ពួកគេកាលពេលថ្មីៗនេះនាំឲ្យមានការជឿជាក់ថា Coutinho ពិតជាចង់ផ្ទេរទៅកាន់កីឡដ្ឋាន Camp Nou។ ក្លិប Liverpool បានរក្សាជំហររបស់ខ្លួនថា Coutinho មិនមែនសម្រាប់លក់ឡើយ ខណៈដែលកាលពីសប្តាហ៍មុន លោក Jurgen Klopp បានបញ្ជាក់ថា ជំហររបស់ក្លិបនេះមិនមានការប្រែប្រួលឡើយ៕
    ប្រភពពី៖ The Guardian

  • ឡូយ! ចំណាយ 3ពាន់រៀល Download ហ្គេមល្បីៗ និងថ្មីបំផុតពី Gameloft ឥតកំណត់

    ឡូយ! ចំណាយ 3ពាន់រៀល Download ហ្គេមល្បីៗ និងថ្មីបំផុតពី Gameloft ឥតកំណត់

    ពិសេសទៀតហើយសម្រាប់ប្រិយមិត្តដែលនិយមចូលចិត្តលេងហ្គេមលើទូរស័ព្ទដៃ និងថេបប្លេត ដោយពេលនេះលោកអ្នកអាចទាញយកហ្គេមល្បីៗ និងថ្មីៗបំផុតដែលមិនទាន់ទាំងមានលក់លើ App Store និង PlayStore ផងនោះបានដោយឥតមានកំណត់ ដោយគ្រាន់តែចំណាយប្រាក់ត្រឹមតែ 3,000 រៀលប៉ុណ្ណោះ។

    ការផ្ដល់ជូននេះ ត្រូវបានក្រុមហ៊ុនបណ្ដាញទូរស័ព្ទសែលកាតប្រកាសកាលពីព្រឹកមិញថា ខ្លួនបានចាប់ដៃគូសហការជាមួយក្រុមហ៊ុន Gameloft ដ៏ល្បីរបស់ប្រទេសបារាំងដើម្បីផ្ដល់ឱ្យអតិថិជនរបស់ខ្លួនអាចមានលទ្ធភាពទាញយកកម្មវិធីហ្គេមថ្មីៗ ឥតមានកំណត់ ដោយគ្រាន់តែចំណាយ 3,000 រៀលក្នុងមួយសប្ដាហ៍ប៉ុណ្ណោះ។ ការសហការនេះ Gameloft នឹងដាក់ឱ្យទាញយកគ្រប់ហ្គេមទាំងអស់ រួមទាំងហ្គេមដែលមិនទាន់ដាក់លក់លើ App Store និង PlayStore ទៀតផង។

    លោក Jew Kee Lim នាយកផ្នែកផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនសែលកាតបានឱ្យដឹងថា កិច្ចសហការនេះ អតិថិជនសែលកាតទាំងអស់អាចចូលទៅទាញយកហ្គេមពី Gameloft Game Club ដែលមានប្រភេទហ្គេមដ៏សម្បូរបែប ដែលហ្គេមមួយចំនួនត្រូវបានបង្កើតឡើងដោយមានការសហការគ្នាជាមួយអ្នកផលិតហ្គេមធំៗដូចជា Disney Universal Music និង Marvel ជាដើមទៀតផង។ ចំណែកឯការទូទាត់វិញ មានភាពងាយស្រួលមែនទែន ដោយគ្រាន់តែធ្វើការកាត់ទឹកប្រាក់ពីសមតុល្យសែលកាតរបស់លោកអ្នកជាការស្រេច។

    លោក Lim ថ្លែងថា៖ «វាជារឿងល្អមួយ ដែលកាលពីមុនយើងត្រូវទាញយកហ្គេមល្អៗលេងមួយបានត្រូវចំណាយច្រើន តែពេលនេះត្រឹម 3,000 រៀល តែទាញយកតាមចិត្ត»។

    Gameloft គឺជាក្រុមហ៊ុនផលិតហ្គេម និងចែកចាយធំជាងគេរបស់ពិភពលោក ដោយឆ្នាំ 2016 ចំនួនទាញយកហ្គេមមានសរុបប្រមាណជាង 1 ពាន់លានហ្គេមនៅជុំវិញពិភពលោក ហើយមានប្រភេទហ្គេមថ្មីៗប្រមាណជាង 2.8 លានរបស់ Gameloft ត្រូវបានគេទាញយកទៅលេងជារៀងរាល់ថ្ងៃ៕

  • ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ ប្រារព្ធពិធីទទួលវិញ្ញាបនបត្រពីសមាគមន៍ដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ

    ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ ប្រារព្ធពិធីទទួលវិញ្ញាបនបត្រពីសមាគមន៍ដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ

    ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ ប្រារព្ធពិធីទទួលវិញ្ញាបនបត្រ IOSA ពីសមាគមន៍ដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ក្រោមអធិបតីភាព រដ្ឋលេខាធិការនៃរដ្ឋ លេខាធិការដ្ឋានអាកាសចរ ស៊ីវិល ឯកឧត្តម ម៉ៅ ហាវណ្ណាល់ និងឯកឧត្តម តឹក រ៉េត សំរេច រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអកាសចរជាតិ កម្ពុជា អង្គរអ៊ែរ។

    ជាមួយគ្នានោះផងដែរ ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ ក៏បានចុះអនុសារន: ជាមួយ អាកាសចរជាដៃគូរួមមាន៖
    ✈️ ANA: All Nippon Airways
    ✈️ T’Way Airlines
    ✈️ Bassaka Airlines
    ✈️ LAO Airlines