Author: វល័ក្ខ

  • គង់ វិ​ចិ​ត្រា៖ ការអភិវឌ្ឍ​ប្រទេស​មិនអាច​អវត្តមាន​ធនធានមនុស្ស​បានទេ

    គង់ វិ​ចិ​ត្រា៖ ការអភិវឌ្ឍ​ប្រទេស​មិនអាច​អវត្តមាន​ធនធានមនុស្ស​បានទេ

    ធនធានមនុស្ស​ជា​ផ្នែក​យ៉ាង​មាន​សក្តានុពល​នៅក្នុង​សង្គម ដែល​អាចធ្វើឱ្យ​ប្រទេស​អភិវឌ្ឍ​បាន​ប្រកបដោយ​និរន្តរភាព។ ការកសាង​ធនធានមនុស្ស​ត្រូវបាន​គេ​ចាត់ទុកថា ជា​ចំណុច​អាទិភាព​សម្រាប់​ប្រទេស​ទាំងឡាយ​លើ​ពិភពលោក​មិន​ថា​ប្រទេស​អភិវឌ្ឍន៍ ឬ​ប្រទេស​កំពុងអភិវឌ្ឍន៍​នោះទេ ព្រោះ​ធនធានមនុស្ស​ជា​ផ្នែក​មួយ​ដែលមាន​ឥទ្ធិពល​លើ​គ្រប់​វិស័យ​ទាំងអស់។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក គង់ វិ​ចិ​ត្រា ស្ថាបនិក​ស្ថាប័ន V-training and Consultant និង Asia Leading Academy បាន​លើកឡើងថា ការកសាង​ធនធានមនុស្ស​ជា​ចំណុច​សំខាន់​មួយ​ដែល​មនុស្ស​គ្រប់គ្នា​ត្រូវ​យកចិត្តទុកដាក់។ នៅពេលដែល​ប្រទេស​មាន​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​ច្រើន គ្រប់​ចង្វាក់​ផលិតកម្ម​លើ​វិស័យសេដ្ឋកិច្ច​ក៏​ចាប់ផ្តើម​រស់​រវើក ហើយ​អ្នកវិនិយោគ​បរទេស​ក៏​នឹង​សម្លឹង​ឃើញ​ពី​សក្តានុពល​នៃ​ប្រទេស​នោះ ហើយ​បណ្តាក់ទុន​រកស៊ី​កាន់តែ​ច្រើនឡើង។

    លោក គង់ វិ​ចិ​ត្រា បាន​និយាយថា៖ «តាមពិតទៅ យើង​គ្រប់គ្នា​គួរតែមាន​បេសកកម្ម​មួយ​សម្រាប់​ជីវិត​ខ្លួនឯង​ក្នុងការ​រួមចំណែក​កសាង​ធនធានមនុស្ស​សម្រាប់​ស​ង្គ​ម​របស់​យើង។ ការប្រើប្រាស់​ចំណេះដឹង​ដើម្បី​ជួយ​បណ្តុះបណ្តាល​ដល់​មនុស្ស​ដ​ទៃ​ក្នុងសង្គម​ជា​រឿង​ល្អ​បំផុត​មួយ​ដែល​ប្រជាជន​ខ្មែរ​គួរ​ធ្វើ តែ​ប្រសិនបើ​គ្មាន​លទ្ធភាព​បង្រៀន​អ្នកដទៃ​ក៏​យើង​អាចជួយ​ប្រទេស​យើង​បានដែរ​តាមរយៈ​ការពង្រឹង​សមត្ថភាព​ខ្លួនឯង​ឱ្យ​ក្លាយជា​ធនធានមនុស្ស​ប្រកបដោយ​គុណ​តម្លៃ​សម្រាប់​សង្គម»។

    សហគ្រិន​ដែល​ស្រឡាញ់​ការអប់រំ​រូបនេះ​បានលើកឡើង​ផងដែរ​ពីបទ​ពិសោធ​ជីវិត​ដែល​ស្រឡាញ់​វិស័យ​អប់រំ​តាំងពីក្មេង។ លោក​បានចាប់ផ្តើម​ធ្វើកា​រងារ​របស់លោក​ដំបូង​ជា​បុគ្គលិក​ដែល​ធ្វើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​ឯកជន បន្ទាប់មក​ក៏​ចាប់ផ្តើម​សម្រេច​ក្តី​ស្រមៃ​របស់ខ្លួន​ក្នុង​ការជួយ​បណ្តុះបណ្តាល​ជនពិការ​កម្ពុជា​តាមរ​យៈ​ការបង្កើត​អង្គការ​មូលនិធិ​អង្គការ​កុមារ​ពិការ (KPF) មុននឹង​បោះជំហាន​ថ្មី​មួយទៀត​លើ​វិស័យ​អប់រំ។

    នៅ​ឆ្នាំ 2007 លោក គង់ វិ​ចិ​ត្រា បាន​ប្រឡង​ជាប់​ក្របខ័ណ្ឌ​ជា​សាស្ត្រាចារ្យ​ផ្នែក​គ្រប់គ្រង​អាជីវកម្ម និង​ភាពជា​អ្នកដឹកនាំ ហើយ​លោក​ក៏បាន​ឈាន​ជើង​កាន់តែ​លឿន​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស។

    លោក គង់ វិ​ចិ​ត្រា បាន​និយាយថា៖ «បច្ចុប្បន្ននេះ កម្ពុជា​ត្រូវការ​ធនធានមនុស្ស​ផ្នែក​សហគ្រិនភាព​យ៉ាងខ្លាំង ហេតុនេះ​ខ្ញុំ​នាម​ជា​អ្នក​ស្រឡាញ់​ការអប់រំ ខ្ញុំ​យល់ឃើញថា សហគ្រិន​ភាពជា​ជំនាញ​មួយ​ដែល​ប្រជាជន​ខ្មែរ​គួរ​ចេះ​ឱ្យបាន​ទូលំទូលាយ»។

    ដោយ​យល់ឃើញថា សង្គម​ត្រូវ​ការជំនាញ​សហគ្រិនភាព និង​អ្នក​អភិវឌ្ឍន៍​សមត្ថភាពរ​ប​ស់មនុស្ស លោក គង់ វិ​ចិ​ត្រា បានសម្រេច​ចិត្ត​ប្រើ​ចំណេះដឹង និង​បទពិសោធ​ជាង 10 ឆ្នាំ​របស់លោក​ក្នុង​វិស័យ​គ្រប់គ្រង និង​ការអភិវឌ្ឍ​ធនធានមនុស្ស​ដើម្បី​មក​ធ្វើការ​បណ្តុះបណ្តាល​ដល់​យុវជន​កម្ពុជា។ លោក​បាន​បោះជំហាន​ថ្មី​មួយ​សម្រាប់​ជីវិត តាមរយៈ​ការបង្កើត​មជ្ឈមណ្ឌល​ប​ណ្តុះ​បណ្តាល និង​ប្រឹក្សា​យោបល់ ដល់​អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុន​ឯកជន និង​យុវជន​នានា​នៅ​កម្ពុជា ស្របពេល​ដែល​លោក​នៅ​ឈរ​ជា​ឆ្អឹងខ្នង​ដ៏​រឹង​មួយ​របស់​អង្គការ​មូលនិធិ​អង្គការ​កុមារ​ពិការ ក្នុងនាម​ជាទី​ប្រឹក្សា។

    លោក គង់ វិ​ចិ​ត្រា លើកឡើង​ផងដែរ​ថា ក្នុងនាម​លោក​ជា​ជនពិការ​ម្នាក់​ដែរ​របស់​កម្ពុជា លោក​នឹង​ព្យាយាម​កសាង​សមត្ថភាព​ឱ្យ​ក្លាយជា​សហគ្រិន​ម្នាក់​ដើម្បី​ជា​គំរូ និង​ផ្តល់​ជម្រើស​សម្រាប់​ជនពិការ​ដទៃ​ផ្សេងទៀត​នៅ​កម្ពុជា​ឱ្យបាន​យល់ថា ទោះបីជា​គាត់​ពិការ​ក៏ដោយ តែ​គាត់​អាចធ្វើ​ការងារ​បាន​គ្រប់បែបយ៉ាង មិន​ថា​ស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល ឬ​ក្រុមហ៊ុន​ឯកជន​នោះទេ។ ក្តី​ស្រមៃ​របស់លោក គឺ​ចង់ឃើញ​យុវជន​ទាំងអស់​នៅ​កម្ពុជា ដែល​ក្នុងនោះ​មាន​យុវជន​ពិការ​ផង​នោះ មានលទ្ធភាព​គ្រប់គ្រាន់​ដើម្បី​បង្កើត​សហគ្រាស និង​ធ្វើ​ការងារសំខាន់ៗដើម្បី​ចូលរួមចំណែក​អភិវឌ្ឍ​សង្គម​របស់​យើង​ប្រកបដោយ​ប្រសិទ្ធភាព៕

  • រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បានដាក់​ចេញ​នូវ​វិធានការ​ក្ដៅ ដើម្បី​រំដោះ​ទីក្រុង​ចេញពី​ការកកស្ទះ​ចរាចរណ៍

    រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បានដាក់​ចេញ​នូវ​វិធានការ​ក្ដៅ ដើម្បី​រំដោះ​ទីក្រុង​ចេញពី​ការកកស្ទះ​ចរាចរណ៍

    ភ្នំពេញ – ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ក៏ដូចជា​ប្រយោជន៍​រួម​សម្រាប់​ប្រជាជន​រស់នៅក្នុង​ក្រុងភ្នំពេញ​ទៅលើ​ការប្រើប្រាស់​ផ្លូវថ្នល់ ថ្មីៗនេះ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បានដាក់​ចេញ​នូវ​វិធានការ​ក្តៅ​ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ និង​ដោះស្រាយ​បញ្ហា​ចរាចរណ៍។

    ឈានចូល​មកដល់​ដើមខែ​សីហា ឆ្នាំ2017នេះ គេ​មើលឃើញថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បានដាក់​ចេញ​នូវ​សេចក្តីណែនាំ និង​វិធាន​ក្ដៅ​ស្ដីពី​ការដោះស្រាយ​បញ្ហា​ចរាចរណ៍ និង​ការរៀបចំ​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ តាមរយៈ​ការរៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​តាម​ដងផ្លូវ ដើម្បី​កាត់បន្ថយ​ការកកស្ទះ លើកកម្ពស់​កិត្តិយស​ជាតិ និង​កាត់បន្ថយ​បាន​នូវ​ភាពអនាធិបតេយ្យ​តាម​ដងផ្លូវ ធ្វើយ៉ាងណា​ឱ្យ​ការធ្វើដំណើរ​តាម​ដង​ផ្លូ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង។

    រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បានប្រកាស​ពី​ការ​ជ្រើស​យក​ផ្លូវសំខាន់ៗចំនួន11ខ្សែ ក្នុង​រាជធានី​ភ្នំពេញ ធ្វើជា​អាទិភាព​គំរូ សម្រាប់​អនុវត្ត​វិធានការ​ដោះស្រាយ​ចរាចរណ៍ និង​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ មុននឹង​បន្ត​អនុវត្ត​ចំពោះ​បណ្តា​ទីតាំងផ្សេងៗទៀត។ ក្នុងនោះ​មាន មហាវិថី​សហ​ព​ន្ធ័​រុស្ស៊ី ,មហាវិថី​ព្រះមុនីវង្ស , មហាវិថី​កម្ពុជា​ក្រោម , មហាវិថី​ម៉ៅ​សេទុង , មហាវិថី​ព្រះសីហនុ និង​មហាវិថី​នេ​រុ​ហ៍ , មហាវិថី​ព្រះ​នរោត្តម , មហាវិថី​សម្តេច​មុនី​រ៉េត , ផ្លូវ​ឧកញ៉ា​ទេព​ផន , មហាវិថី​ហ្សា​ល​ដឺ​ហ្គោល  ,មហាវិថី​យោធពលខេមរភូមិន្ទ (ផ្លូវ271) និង​ផ្លូវ​ឧកញ៉ា​ឃ្លាំងមឿង (ផ្លូវ​លេខ70) និង​ចុងក្រោយ​តីរវិថី​ព្រះស៊ីសុវត្ថិ។ ដោយ​ការ​អនុវត្ដ​នោះ​ត្រូវ​ផ្ដោតលើ​គោលដៅសំខាន់3 គឺ​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជិ​វក​ម្ម  ការចូលរួម​សហការ​ពី​គណៈបញ្ជាការ​ខណ្ឌ​ទាំង12 និង​ស្នងការដ្ឋាន​នគរបាល និង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ។

    តាមរយៈ​ការ​អនុវត្ដ​នេះ​សាលា​រាជធានី​ភ្នំពេញ បាន​ស្នើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ គណៈបញ្ជាការ​គ្រប់​ខណ្ឌ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ចូលរួម​អនុវត្តតាម​សេចក្ដីណែនាំ​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត។ ក្នុងនោះ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បានកំណត់​គោលដៅ​ជាច្រើន​ប្រភេទ​ដូចជា​ម្ចាស់​លំនៅដ្ឋាន ម្ចាស់​អាជីវ​កម្មដ្ឋាន មន្ទី​ពេទ្យ សាលារៀន វិស័យ​ឯកជន អគារ​សាធារណៈ ម្ចាស់​លំនៅដ្ឋាន និង​អ្នកប្រើប្រាស់​ផ្លូវថ្នល់ ដែល​ត្រូវអនុវត្ត មាន 5ចំណុច៖

    1/ ហាម​ចត​យានយន្ត​គ្រប់​ប្រភេទ​លើ​ទ្រូងផ្លូវ
    2/ ហាម​ដាច់ខាត​មិន​ឲ្យ​ម្ចាស់​ការដ្ឋាន​សំណង់​គ្រប់​ប្រភេទ ធ្វើការ​ហ៊ុមព័ទ្ធ​ការដ្ឋាន​លើ​ចិញ្ចើមផ្លូវ លើសពី1/3 (មួយ​ភាគបី)  ឬ​ប្រើប្រាស់​ទ្រូងផ្លូវ​ដើម្បី​ទុក​សម្ភារ​សំណង់​របស់ខ្លួន ដូចជា ដែក ខ្សាច់ ក្រួស ថ្ម ជាដើម។
    3/ រថយន្ត​ដឹកទំនិញធំៗ រថយន្ត​កុងតឺន័រ រថយន្ត​បាញ់​បេតុង និង​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ ត្រូវ​ចេញចូល គោរព​តាម​ការណែនាំ​របស់​រដ្ឋ​បាល​សាលា​រាជធានី​ភ្នំពេញ និង​ចៀសវាង​ការប្រើប្រាស់​ទ្រូងផ្លូវ​ក្នុងការ​លើកដាក់ ផ្ទេរ​ទំនិញ និង​បាញ់​បេតុង។ ក្នុងករណី​ចៀសវាង​មិនបាន ត្រូវអនុវត្ត​ការលើកដាក់​ទំនិញ និង​ការបាញ់​បេតុង​ចាប់ពី​ម៉ោង 9យប់​រហូតដល់​ម៉ោង 6ព្រឹក។
    4/ ការរៀបចំ​សម្ភារ ទំនិញ ម៉ូតូ និង​រថយន្ត​ដាក់តាំង​លក់ អាច​ប្រើប្រាស់​ចំណែក​ចិញ្ចើមផ្លូវ​បាន​ត្រឹម1ភាគ3 ជា​លក្ខណៈ​បណ្តោះអាសន្ន​តែប៉ុណ្ណោះ ដោយ​ទុក 2ភាគ3 សម្រាប់​ថ្មើរជើង និង​បម្រើឱ្យ​ការងារ​សណ្តាប់ធ្នាប់ និង​ចរាចរណ៍។
    5/ រាល់​ការប្រើប្រាស់​ចិញ្ចើមផ្លូវ​ធ្វើជា​ទីតាំង​ផ្ញើ​កង់ ម៉ូតូ​មិនត្រូវ​ឱ្យលើស​ពី 1ភាគ3 ឡើយ។

    ជាមួយគ្នានេះ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ក៏បាន​ណែនាំ​ដល់​បញ្ជា​ការឯកភាពរ​ដ្ឋ​បាល​ខណ្ឌ​ទាំង12ឱ្យ​ត្រូវតែ​អនុវត្តតាម​មាន 5ចំណុច ៖ 

    1/ ត្រូវ​ចុះ​ធ្វើការ​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន និង​កំពុង​ប្រើប្រាស់​ទ្រូងផ្លូវ និង​ចិញ្ចើមផ្លូវ​ដោយ​រំលោភបំពាន ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​ទន់ភ្លន់​តែ​ម៉ឺងម៉ាត់ ឱ្យ​ចូលរួម​អនុវត្តតាម​ស្មារតី​នៃ​សេចក្តីណែនាំ​នេះ។ ក្នុងករណី​នៅតែ​មិន​អនុវត្តតាម​ការណែនាំ​នេះ មន្ត្រី​អនុវត្តន៍​ត្រូវធ្វើ​កំណត់ហេតុ និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន។
    2/ ត្រូវ​ណែនាំ​ដល់​ម្ចាស់​ទីតាំង​ភោជនីយដ្ឋាន និង​ម្ចាស់​ទីតាំង​អាជីវកម្ម​នានា​ឱ្យ​គោរព​តាម​ខ្លឹមសារ​នៃ​សេចក្តីណែនាំ​នេះ ក្នុងករណី​ពុំ​ព្រម​អនុវត្តតាម​អាជ្ញាធរ​ខណ្ឌ​ត្រូវ​សហការ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច និង​ជំនាញ​ពាក់ព័ន្ធ​ធ្វើការ​ផាកពិន័យ​តាមច្បាប់ និង​អាច​ឈានទៅ​បិទ​ទីតាំង​អាជីវកម្ម។
    3/ ត្រូវធ្វើ​ការណែនាំ និង​ធ្វើ​កំណត់ហេតុ​ឱ្យបាន​ត្រឹមត្រូវ​ជាមួយ​ម្ចាស់​ការដ្ឋាន​ដែល​រំលោភបំពាន​ទ្រូងផ្លូវ និង​ចិញ្ចើមផ្លូវ ក្នុងករណី​មិន​រាងចាល​ត្រូវ​ផ្អាក​ការដ្ឋាន​នោះ​ភ្លាម។
    4/ ត្រូវ​ចុះ​ល្បាត និង​ឃ្លាំមើល​ជាប្រចាំ​ចំពោះ​រថយន្ត​ដឹកទំនិញធំៗ រថយន្ត​កុងតឺន័រ រថយន្ត​បាញ់​បេតុង និង​រថយន្ត​ក្រ​ទ្បុ​ក​ស៊ីម៉ង់ត៍ និង​ត្រូវមាន​វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់​ក្នុងករណី​ការចេញចូល​រាជធានី​ភ្នំពេញ​ខុសពី​សេចក្តីណែនាំ​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ។
    5/ ត្រូវអនុវត្ត​ការងារ​តាម​ការណែនាំ​ខាងលើនេះ​ឱ្យបាន​ត្រឹមត្រូវ​ហ្មត់ចត់ និង​ទន់ភ្លន់ និង​ត្រូវ​រាយការណ៍​ប្រចាំ​សប្តាហ៍​អំពី​លទ្ធផល​នៃ​ការងារ​នេះ​មក​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ឱ្យបាន​ទៀងទាត់ និង​ទាន់ពេលវេលា។

    សម្រាប់​ស្នងការដ្ឋាន​នគរបាល និង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែល​ត្រូវអនុវត្ត គឺមាន 2ចំណុច៖

    1/ បន្ថែម​កម្លាំង​នគរបាល​ចរាចរណ៍​ដោះស្រាយ​បញ្ហា​ចរាចរណ៍​តាម​គោលដៅ​ដែលមាន​ការកកស្ទះ​នៅ​ចន្លោះ​ម៉ោង​មមាញឹក​គឺ​ម៉ោង7 និង30នាទី ដល់​ម៉ោង8 និង30នាទី ម៉ោង11 និង30នាទី​ដល់​ម៉ោង12 និង30នាទី និង​ម៉ោង17និង០០នាទី​ដល់​ម៉ោង17និង3០នាទី។
    2/ រៀបចំ​រថយន្តស្ទូច​ដើម្បី​សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង12ដើម្បី​អនុវត្ត​វិធានការ​ច្បាប់។

    រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន​សង្កត់ធ្ងន់ថា បន្ទាប់ពី​ដាក់ចេញ​សេចក្តីណែនាំ គឺ​ប្រជាពលរដ្ឋ គ្រឹៈ​ស្ថាន​ឯកជន ស្ថាប័ន​សាធារណៈ និង​អ្នកប្រើប្រាស់​ផ្លូវថ្នល់​ទាំងអស់​មាន​រយៈពេល 2សប្តាហ៍​ដើម្បី​ធ្វើការ​សម្រួល និង​រៀបចំ​ទីតាំង​របស់ខ្លួន​ឱ្យ​ស្របតាម​ការណែនាំ ហើយ​គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវអនុវត្ត​សេចក្តីណែនាំ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ៕

  • រិ​ន រ៉ាវុធ ៖ រាល់​ចំណុច​អភិវឌ្ឍន៍​ត្រូវការ​កម្លាំងចិត្ត​ដើម្បី​ជំរុញ​ការខិតខំ​ប្រឹងប្រែង

    រិ​ន រ៉ាវុធ ៖ រាល់​ចំណុច​អភិវឌ្ឍន៍​ត្រូវការ​កម្លាំងចិត្ត​ដើម្បី​ជំរុញ​ការខិតខំ​ប្រឹងប្រែង

    នៅក្នុង​ដំណើរ​ជីវិត​របស់​មនុស្ស​យើងម្នាក់ៗ បញ្ហា​អាច​នឹង​កើតឡើង​គ្រប់ពេលវេលា ហើយ​ការ​ប្រឈម​ជាមួយនឹង​បញ្ហា​ជា​កាតព្វកិច្ច​ដែល​មនុស្ស​ត្រូវធ្វើ ដើម្បី​ស្វែងរក​ឧត្តមភាព​សម្រាប់​ជីវិត​ខ្លួនឯង។ ការ​ជម្នះ​ឧបសគ្គ​ជីវិត​ត្រូវការ​ជា​ចាំបាច់​នូវ​កម្លាំងចិត្ត​ដើម្បី​ខិតខំ ហើយ​វា​ក៏ត្រូវ​ការ​ជា​ចាំបាច់​ផងដែរ​នូវ​ភាពរឹងមាំ​ដើម្បី​ទម្លុះ​របាំង​នានា​ពី​គ្រប់​មជ្ឈដ្ឋាន​ដើម្បីឱ្យ​យើង​អាចឈាន​ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល​ផ្សេងទៀត។

     

    លោក រិ​ន រ៉ាវុធ ជា​អតីត​ឯកអគ្គរាជទូត​យុវជន​ស្ម័គ្រចិត្ត​របស់​អូស្ត្រាលី​បានលើកឡើង​ថា រាល់​ចំណុច​អភិវឌ្ឍន៍​នៅក្នុង​ជីវិត​ត្រូវការ​កម្លាំងចិត្ត​ដើម្បី​ជំរុញឱ្យមាន​ការខិតខំ​ប្រឹងប្រែង។ មុននឹង​ក្លាយជា​មនុស្ស​ដែលមាន​តម្លៃ ហើយ​គ្រប់គ្នា​អាច​ទុកចិត្តបាន ដំណាក់កាល​ដំបូង​គឺ​ត្រូវ​ទុកចិត្ត​ខ្លួនឯង​ជាមុនសិន។

    លោក រិ​ន រ៉ាវុធ និយាយថា៖ «បើ​យើង​រារែក​ជាមួយនឹង​ឧបសគ្គ ហើយ​គិតតែ​ស្តាប់​ពាក្យ​គេ​និយាយ​មិនល្អ ហើយ​ជឿថា​ខ្លួនឯង​មិនល្អ​រហូត​បាក់​ទឹកចិត្ត​ក្នុង​ការខិតខំ​ប្រឹងប្រែង គឺ​ប្រៀបបាន​ទៅនឹង​យើង​ជិះ​កង់​ដោយ​ប្រើ​ជើង​ខំ​ធាក់ តែ​ដៃ​ចាប់​ហ្វ្រាំង​ជាប់។ ក្នុង​កាលៈទេសៈ​នេះ ទោះ​យើង​នឹង​មិនអាច​ទទួលបាន​នូវ​ការអភិវឌ្ឍ​បាន​នោះទេ»។

    លោក រ៉ាវុធ បាន​បន្ថែមទៀតថា និស្សិត​ដែល​រស់​នៅតាម​បណ្តា​ខេត្ត ដូចជា​រូបលោក​ជាដើម​តែងតែ​ធ្លាប់​ឮ​ពាក្យ​ថា​ការងារសំខាន់ៗកូន​អ្នកស្រែ​មិនអាច​ដណ្តើម​ឈ្នះ​គេ​អ្នកមាន​លុយ​នោះទេ ឬ​ទាល់​តែមាន​ខ្សែ​ទើប​អាចធ្វើ​ការងារល្អៗបានជា​ដើម។ មាន​អ្នកខ្លះ​បានឮ​ពាក្យធ្ងន់ៗជាង​នេះ​ដែល​ពេលខ្លះ​ធ្វើឱ្យ​យើង​អស់សង្ឃឹម ហើយ​ពេលខ្លះ​ធ្វើឱ្យ​យើង​បាក់​ទឹកចិត្ត​ពេល​កំពុង​រៀន​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា តែ​ទោះជា​យ៉ាងនេះ​ក្តី គ្មាន​អ្នក​ណាយ​ល់ពី​យើង​ខ្លាំង​ជាង​យើង​ខ្លួនឯង​នោះទេ។ យើងទាំងអស់គ្នា​គួរ​ទុកចិត្ត​លើ​ខ្លួនឯង ហើយ​ខិតខំ​ឱ្យ​អស់ពី​លទ្ធភាព នោះ​យើង​នឹង​អាច​ទទួលបាន​ឱកាស​ការងារ​ល្អជា​ក់​ជាមិនខាន ព្រោះថា​មិន​ថា​ស្ថាប័ន​ណា​នោះទេ គេ​សុទ្ធតែ​ត្រូវការ​អ្នកមាន​សមត្ថភាព​ដើម្បី​ធ្វើការ ព្រោះ​បើ​គ្មាន​មនុស្ស​មាន​សមត្ថភាព​ទេនោះ​ដំណើរការ​ទាំងមូល​នឹងមិន​អាច​ដំណើរការបាន​នោះទេ ហេតុនេះ​ជម្រើស​ល្អ​បំផុត​សម្រាប់​យុវជន​កម្ពុជា​គឺ​ធ្វើ​ខ្លួនឯង​ឱ្យ​ក្លាយជា​មនុស្ស​ជំនាញ ដែលមាន​ចំណេះដឹង​ពិតប្រាកដ ដូចជា​ពាក្យ​ខ្មែរ​តែង​និយាយថា «ចេះ​ប្រាកដ ប្រាក់​រត់តាម​ហៅ»៕

  • ទាយ​មើល៍…ក្មេងស្រី​នោះ​ជា​កូន​របស់ ពេជ្រ សោភា ឬ​មិនមែន?

    ទាយ​មើល៍…ក្មេងស្រី​នោះ​ជា​កូន​របស់ ពេជ្រ សោភា ឬ​មិនមែន?

    ជុំវិញ​រឿងរ៉ាវ​ផ្ទាល់ខ្លួន​របស់​អ្នកនាង ពេជ្រ សោភា ដែល​ល្បី​ថា នាង​មាន​កូនស្រី​ម្នាក់ និង​ធ្លាប់​ល្បី​កក្រើក​ក្នុង​ពិភព​ព័ត៌មាន​ម្ដង​រួចមកហើយ​កាលពី 4ឆ្នាំមុន។ រឿងនេះ​គេ​ស្ទើរតែ​លែង​ចាប់អារម្មណ៍​ទៅហើយ ស្រាប់តែថ្មីៗនេះ​លេចចេញ​នូវ​ឃ្លី​ប​វីដេអូ​ដែល​ថត​ជា​លក្ខណៈ​គ្រួសារ ខណៈ​អ្នកនាង​ទិញ​ម៉ូតូ Scoopy ឱ្យ​កេ្ម​ង​ស្រី​ម្នាក់​ដែលមាន​មុខមាត់​ស្រដៀង​នឹង​ខ្លួន។

    ក្នុង​ឃ្លី​ប​វីដេអូ​នោះបាន​បង្ហាញ​ពី​សកម្មភាព​សមាជិក​ក្រុមគ្រួសារ​អ្នកនាង ពេជ្រ សោភា បានធ្វើឱ្យ​ក្មេងស្រី​ម្នាក់​រំភើប​ចិ​ត្ដ ខណៈ​រូបនាង​បាន​ដើរ​ចូលមក​ក្នុងផ្ទះ​ហើយ​ឃើញ​ម៉ូតូ Scoopy ថ្មី​សន្លាង​មួយគ្រឿង​ដែល​អ្នកនាង​ពេជ្រ សោភា បាន​ទិញ​ឱ្យ​នាង។ បន្ទាប់មក​ក្មេងស្រី​ម្នាក់​នោះ​ក៏បាន​ស្ទុះ​ទៅ​ឱប​អ្នកនាង ពេជ្រ សោភា ក្នុង​ចេតនា​ថ្លែងអំណរគុណ​នាង។

    ជាមួយគ្នា​នោះគេ​បាន​ឮថា សូរសំឡេង​នារី​ម្នាក់​និយាយ​ចេញមក​ដែល​មហាជន​អាច​ស្ដាប់​ដឹងថា ជា​សំឡេង​អ្នកនាង ពេជ្រ សោភា ក្នុងនោះ​នាង​បញ្ជាក់ថា «ការពិត​ម៉ូតូ​នេះ​វា​ពុំ​ថ្លៃ​ទេ​ប៉ុន្ដែ​ការដែល​មិន​ហ៊ាន​ទិញ​កន្លងមក​ដោយសារតែ​ខ្លាច​ប៉ះពាល់ (មាន​បញ្ហា​ដល់​អាយុជីវិត) ប៉ុន្ដែ​ការទិញ​លើក​នេះ​គឺ​សម្រាប់​ជា​កាដូ​គម្រប់​ខួប​អាយុ 16ឆ្នាំ»។

    ទោះបីជា​គេ​មិនដឹងថា ក្មេងស្រី​នោះ​ត្រូវ​ជាប់​សាច់ឈាម​ជាមួយ​អ្នកនាង ពេជ្រ សោភា ឬ​យ៉ាងណាក៏ដោយ ប៉ុន្ដែ​បើ​ឱ្យ​មហាជន​ធ្វើការ​ប៉ាន់ស្មាន​វិញ​នោះ គេ​ជឿថា 90%នឹង​ទាយ​ថា ក្មេងស្រី​នោះ​ជា​កូន​របស់​អ្នកនាង ពេជ្រ សោភា ប្រាកដ​ណាស់៕

    https://www.youtube.com/watch?v=OcnkqqWu8F0

  • អីយ៉ា! ប្រទេស​ស្វ៊ី​ស ចាប់អារម្មណ៍​លើ​ផ្នែក​ម្ហូបអាហារ​នៅ​កម្ពុជា​ហើយ​តើ!?

    អីយ៉ា! ប្រទេស​ស្វ៊ី​ស ចាប់អារម្មណ៍​លើ​ផ្នែក​ម្ហូបអាហារ​នៅ​កម្ពុជា​ហើយ​តើ!?

    ភ្នំពេញ – ដើម្បី​ឆ្លើយតប​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍2017-2025 ក្នុងការ​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​ជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​កំពុងមាន​តម្រូវការ​ខ្ពស់ សាមីក្រសួង​បានគ្រោង​នឹង​អនុវត្ដ​គម្រោង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ម្ហូបអាហារ (ACAC) ។

    សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ម្ហូបអាហារ (ACAC) ជា​សាលា​បណ្តុះបណ្តាល​យុវជន​កម្ពុជា​លើ​ជំនាញ​ធ្វើ​ម្ហូប​ស្របតាម​កម្មវិធីសិក្សា​អាស៊ាន ដែល​ក្រសួងទេសចរណ៍​បានដាក់ចុះ និង​កម្មវិធីសិក្សា​រប​ស់​សាលា Lusan ប្រទេស​ស្វ៊ី​ស។ សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ម្ហូបអាហារ (ACAC) នឹង​ជួយ​បណ្តុះបណ្តាល​យុវជន​កម្ពុជា ឆ្លើយតប​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍។

    វគ្គ​សិក្សា​នៅ​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ម្ហូបអាហារ (ACAC) មាន​រយៈពេល 2ឆ្នាំ ដែល​សិស្សានុសិស្ស​នឹងមាន​ការ​ទទួលស្គាល់​គុណវុឌ្ឍិ​ពី​លេខាធិការដ្ឋាន​អាស៊ាន​ផងដែរ ដែល​គេ​មើលឃើញថា ការសិក្សា​លើ​ជំនាញ​នេះ​រយៈពេល2ឆ្នាំ​នឹង​ទទួលបាន​ឱកាស​ធ្វើការ​ទទួលបាន​ប្រាក់បៀវត្សរ៍​ចាប់ពី 400-500 ដុល្លា​អាមេរិក ឬ​ពួកគាត់​អាចបង្កើត​អាជីវកម្ម​ក្នុង​សេវាកម្ម​ភោជនីយដ្ឋាន​ដោយ​ខ្លួនឯង​ក៏បាន។

    សិក្ខាសាលា “ភាពជា​ដៃគូ​រដ្ឋ-ឯកជន​ក្នុងការ​អនុវត្ត​គម្រោង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ម្ហូបអាហារ (ACAC)” ត្រូវបាន​រៀបចំឡើង​ដោយមាន​ការចូលរួម​ក្រោម​អធិបតីភាព​របស់ ឯកឧត្តម​ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ម្ហូបអាហារ ACAC និង​ស្ថាប័ន​ពាក់ព័ន្ធ មាន​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួងពាណិជ្ជកម្ម នាយក​អង្គការ Shift 360 ព្រមទាំង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អង្គការ​ជាតិ -អន្តរជាតិ សាលា​បណ្តុះបណ្តាល សមាគម​ចុងភៅ និង​ភាគី​ឯកជន​ប្រមាណ35រូប នៅ​ទីតាំង​សលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ម្ហូបអាហារ (ACAC)។

    រយៈពេល6ខែ​ដើមឆ្នាំ2017 នេះ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរ​ជាតិប្រមាណ2.6លាន​នាក់ កើនឡើង​ប្រមាណ 12.8% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2016។ នៅ​ឆ្នាំ2020 កម្ពុជា​រំពឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ 7លាន​នាក់ បង្កើត​ការងារ​បាន​ជិត1លាន​នាក់ និង​នាំ​ចំណូល​ចូល​សេដ្ឋកិច្ចជាតិ ប្រមាណ5ពាន់​លាន​ដុល្លារ។

    ដើម្បី​សម្រេចបាន​ចក្ខុវិស័យ​អភិវឌ្ឍន៍​ទេសចរណ៍​ឆ្នាំ2020 ក្រសួងទេសចរណ៍​បានដាក់​ចេញ​ផែនការ​សកម្មភាព និង​យុទ្ធនាការ​រយៈពេល​ខ្លី និង​មធ្យម ដោយ​ផ្តោតលើ​ជ្រុង​យុទ្ធសាស្ត្រ​ចំនួន 4គឺ

    ទី1.ការបង្កើត និង​ផ្សព្វផ្សាយ​ផលិតផល​ទេសចរណ៍​ថ្មី
    ទី2.ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍
    ទី3. ការអនុវត្ត​បច្ចេកវិទ្យា ព័ត៌មានវិទ្យា​ក្នុង​វិស័យ​ទេសចរណ៍ (E-Tourism)
    ទី4. ពង្រឹង​ការអភិវឌ្ឍ​ធនធានមនុស្ស

    បច្ចុប្បន្ន​ក្រសួងទេសចរណ៍​បាន​បណ្តុះបណ្តាល​គ្រូ​បង្គោល និង​អ្នកវាយតម្លៃ​បង្គោល​អាស៊ាន​ចំនួន 30រូប គ្រូ​បង្គោល និង​អ្នកវាយតម្លៃ​បង្គោល​ជាតិ​ចំនួន542រូប ឯកសារ​បណ្តុះបណ្តាល 976ក្បាល អ្នកជំនាញ​ទេសចរណ៍​ប្រមាណ2,000នាក់ ទទួលស្គាល់​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចំនួន 12 និង បង្កើត​សាលាថ្មីៗ រួមមាន​សាលា​ជាតិ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍​ចំនួន២ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ក្រោម​ឥណទាន​របស់​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD)៕

  • ទូទឹកកក​បំពាក់​បច្ចេក​វិទ្យា “គោះ2ដង ឃើញ” របស់ LG មកដល់​ខ្មែរ​ហើយ

    ទូទឹកកក​បំពាក់​បច្ចេក​វិទ្យា “គោះ2ដង ឃើញ” របស់ LG មកដល់​ខ្មែរ​ហើយ

    ក្រោយ​ដាក់​បង្ហាញ​នៅក្នុង​កម្មវិធី CES 2017 នៅ​ទីក្រុង Las Vegas សហរដ្ឋអាមេរិក​កាលពីដើមឆ្នាំ ទូទឹកកក​ម៉ូ​ដែល​ថ្មី​បំពាក់​បច្ចេកវិទ្យា InstaView ប្លែក​ដាច់​គេ​ដោយ​គ្រាន់តែ​គោះ 2 ដង​អាច​មើលឃើញ​ឆ្លុះ​ដល់​ខាងក្នុង​ដោយ​មិនចាំបាច់​បើកទ្វារ​ទូទឹកកក បានមក​ដល់ទី​ផ្សា​រក​ម្ពុ​ជា​យើង​ហើយ​កាលពី​ល្ងាច​ថ្ងៃទី9 ម្សិលមិញ​នេះ។

    បច្ចេកវិទ្យា InstaView ឬ​យើង​អាច​ហៅថា “គោះ 2ដង ឃើញ” ត្រូវបាន​ក្រុមហ៊ុន LG បញ្ជាក់ថា ជា​បច្ចេកវិទ្យា​ថ្មី​អាចជួយ​សន្សំសំចៃ​និង​កាត់បន្ថយ​ការ​សាយភាយ​ភាព​ត្រជាក់​ពី​ក្នុង​ទូទឹកកក​មក​ខាងក្រៅ​បាន។  មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​បាន​បំពាក់​នូវ  Linear Compressor ដែល​ជួយ​ដល់​ការ​សន្សំសំចៃ​អគ្គិសនី​រហូតដល់ 36% លើសពី​ទូទឹកកក​ស៊េរីមុន។ ទូទឹកកក​ម៉ូ​ដែល GC-X247CSAV ជា​ជំនាន់​ថ្មី​មួយ​នៃ​ត្រកូល​ទូទឹកកក Door-in-Door™ ដែល​មានន័យថា ទ្វារ​របស់​ទូទឹកកក​នេះ​មាន 2 ស្រទាប់ ដោយ​ស្រទាប់​ខាងក្រៅ យើង​អាច​គោះ 2 ដង​ឱ្យ​ទូទឹកកក​បញ្ចេញ​ពន្លឺ ដើម្បី​យើង​អាច​មើលឃើញ​ផ្ទៃ​ខាងក្នុង​បាន​ដោយ​មិនចាំបាច់​បើកទ្វារ​មើល​ឡើយ។ ដោយឡែក​ផ្ទៃ​ខាងក្នុង​ទូ​ទឺ​កក​ក​នេះ​ក៏មាន​បែង​ចែកជាផ្នែកៗ សម្រាប់​ទុកដាក់​បន្លែ ត្រី​សាច់ ភេសជ្ជៈ រួម​នឹងមាន​កន្លែង​សម្រាប់​ដាក់​ស្រា​ទំពាំងបាយជូ​ផងដែរ។

    ចំពោះ​ផ្នែក​ខាងក្រៅ វា​ក៏មាន​កន្លែង​សម្រាប់​ចុច​ទឹក​ផឹក និង​កន្លែង​ចុច​យក​ទឹកកក ដែលមាន​បែងចែក​ជា 2 ប្រភេទ មួយ​ជា​ប្រភេទ​ដុំ និង​មួយទៀត​ជា​ប្រភេទ​កម្ទេច​ទឹកកកតូចៗ ដូច​ទឹកកក​ឈូស។ ក្រៅពីនេះ វា​ក៏មាន​មុខងារ​ចាក់សោរ ដើម្បី​កុំឱ្យ​ក្មេង​ចុច​លេង រួម​នឹង​កម្មវិធី​ដែល​អា​ចត​ភ្ជាប់​ជាមួយនឹង​ទូរស័ព្ទដៃ​សម្រាប់​គ្រប់គ្រង​ផ្ទាល់​ចេញពី​ស្មា​ត​ហ្វូ​ន​បាន​ទៀតផង។ យ៉ាងណាមិញ ទូទឹកកក​ម៉ូ​ដែល GC-X247CSAV នេះ​ត្រូវបាន​គេ​បង្ហើប​ឱ្យដឹងថា នឹងមាន​តម្លៃ​ប្រមាណ 2,199 ដុល្លារ សម្រាប់​ទីផ្សារ​កម្ពុជា​យើង៕

  • ផ្សារ​ទំនើប​សូរិយា​បញ្ចប់​ការជួសជុល​ជា​ផ្លូវការ

    ផ្សារ​ទំនើប​សូរិយា​បញ្ចប់​ការជួសជុល​ជា​ផ្លូវការ

    ភ្នំពេញៈ ផ្សារ​ទំនើប​សូរិយា​បានបញ្ចប់​ការជួសជុល​រួចរាល់​ហើយ និង​ត្រៀម​បើកសម្ពោធ​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​នេះ។

    លោក ហាប់ រិទ្ធី នាយក​គ្រប់គ្រង​ទូទៅ​នៃ​ផ្សារ​ទំនើប​សូរិយា​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី10 ខែសីហា​នេះ​ថា ការជួសជុល​ផ្សារ​ទំនើប​ដែល​ចំណាយ​ប្រាក់​អស់​ជាង 5លាន​ដុល្លារ​នេះ បានបញ្ចប់​ជា​ស្ថាពរ​ហើយ និង​គ្រោង​បើកសម្ពោធ​នៅ​ចុងឆ្នាំ​នេះ ប្រសិនបើ​គ្មានអ្វី​ប្រែប្រួល​ទេនោះ។ ការជួសជុល​នេះ បានធ្វើ​ឲ្យ​ផ្សារ​ទំនើប​ដំបូង​គេ​នៅ​រាជធានី​ភ្នំពេញ​នេះ​មាន​ភាព​ទាក់ទាញ​នូវ​ភោជនីយដ្ឋាន និង​ផលិតផលថ្មីៗដែលមាន​ភាពល្បីល្បាញ​ជាច្រើន​ដើម្បី​លក់​នៅក្នុង​ផ្សារ​ទំនើប​នេះ។

    បន្ទាប់ពី​ជួសជុល​រួច​ផ្សារ​ទំនើប​នេះ​ក៏បាន​រៀបចំ​ប្រព័ន្ធ​លក់​ថ្មី និង​ដាក់​តម្លៃ​ទំនិញ​ជាក់លាក់ ដោយ​មិនឱ្យ​កាត់ត​ម្លៃ​តាម​ការនឹកឃើញ​របស់​អាជីវករ​ទៀត​ទេ ពោលគឺ​ផ្សារ​នេះ​នឹង​រៀបចំ​ជា​ស្តង់ដារ​អន្តរជាតិ​មួយ។

    លោក ហាប់ រិទ្ធី បាន​បន្តថា “រហូតមកទល់​ពេលនេះ​យើង​មិនទាន់​ទទួលបាន​ព័ត៌មាន​ថា ផ្សារ​ទំនើប​នេះ​នឹង​ទាក់ទាញ​អតិថិជន​ច្រើនជាង​មុន ឬ​អត់​នោះទេ ប៉ុន្តែ​យើង​រំពឹងថា វា​នឹង​ទាក់ទាញ​អតិថិជន​ច្រើនជាង​មុន។

    លោក ឆា​រស៍ វ៉ាន់ តំណាង​អ្នកវិនិយោគ​គម្រោង​នេះ​បាន​មានប្រសាសន៍ថា ផ្សារ​ទំនើប​នេះ​បាន និង​កំពុង​រៀបចំ​ប្រព័ន្ធ​នៃ​ការលក់ ការ​រចនា និង​ការរៀបចំ​ទំនិញ​តាម​ស្តង់ដារ​អន្តរជាតិ​ដើម្បី​ទាក់ទាញ​អតិថិជន​ក្នុងស្រុក​ផង និង​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​ផង ព្រោះ​តំបន់​នេះ​ជា​តំបន់​ដែលមាន​ភ្ញៀវទេសចរ​បរទេស​ចេញចូល​ច្រើន។

    លោក​បន្តថា “ការជួសជុល​នេះ​មិនមាន​ការកែប្រែ​លើ​ទម្រង់​អគារ​របស់​ផ្សារ​នោះទេ ប៉ុន្តែ​ជាការ​កែ​ប្លង់​មួយចំនួន​នៅ​ខាងក្នុង​ផ្សារ និង​រៀបចំ​ប្រព័ន្ធ​លក់​ឡើងវិញ ពិសេស​មានការ​ដាក់លក់​ផលិតផល​គ្រឿង​អនុស្សាវរីយ៍ថ្មីៗ ដើម្បី​ធ្វើ​ឲ្យ​ផ្សារ​នេះ​កាន់​តែមាន​ទំនិញ​សម្បូរបែប និង​ទាក់ទាញ​ភ្ញៀវ​ជាតិ-អន្តរជាតិ”៕

  • ម៉ែឪ បណ្តោយ​កូន​ឱ្យ​លេង​ឧបករណ៍​អេឡិចត្រូនិក​ច្រើន​ជ្រុល បង្ហាញ​ពី​ភាព​អាត្មានិយម?

    ម៉ែឪ បណ្តោយ​កូន​ឱ្យ​លេង​ឧបករណ៍​អេឡិចត្រូនិក​ច្រើន​ជ្រុល បង្ហាញ​ពី​ភាព​អាត្មានិយម?

    ជា​រៀងរាល់ថ្ងៃ មនុស្ស​គ្រប់គ្នា​ស្ទើរតែ 100% ទៅហើយ​ដែលមាន​ប្រើ​ឧបករណ៍​អេឡិចត្រូនិក ព្រោះ​ពួកយើង​កំពុង​រស់នៅក្នុង​យុគសម័យ​បច្ចេកវិទ្យា។ ទាំង​មនុស្ស​ធំ ទាំង​កូនក្មេង និង​ទាំង​មនុស្ស​ចាស់ សុទ្ធ​តែមាន ទូរស័ព្ទ​ទំនើប (Smartphone) កាន់​នៅក្នុង​ដៃ ហើយ​ឧបករណ៍​នៃ​ហើយ​ជា​អ្នកធ្វើ​បដិវត្តន៍​របៀប​នៃ​ការរស់នៅ​របស់​មនុស្ស។ បណ្តាញ​បច្ចេកវិទ្យា​បានធ្វើការ​ផ្លាស់ប្តូរ​ពិភពលោក​ឱ្យក្លាយ​ជា​ពិភព​ដ៏​អស្ចារ្យ​មួយ​ប្រកបដោយ​ការរីកចម្រើន និង​ស្រស់បំព្រង តែ​វា​ក៏មាន​គុណវិបត្តិ​មិនតិច​ដែរ​ចំពោះ​មនុស្ស​ដែល​ប្រើប្រាស់​វា​មិន​ត្រឹមត្រូវ។

    ភាពស្និទ្ធស្នាល​នៅក្នុង​គ្រួសារ​ដែល​ធ្លាប់​តែមាន​ចាប់ផ្តើម​ក្លាយជា​សោះអង្គើយ​ជាមួយគ្នា ការជជែក​ពិភាក្សា​ប្រកបដោយ​ភាពរស់រវើក និង​អ៊ូអរ បានក្លាយ​ទៅជា​វេលា​ដ៏​ស្ងាត់ជ្រងំ ព្រោះ​មនុស្ស​គ្រប់គ្នា​លែង​នៅក្នុង​ពិភព​នេះ​ទៀតហើយ។ ថ្វីត្បិតតែ​ខ្លួន​មនុស្ស​ស្ថិតនៅ​ជុំគ្នា​ក៏ដោយ ក៏​អារម្មណ៍ ខួរក្បាល និង​បេះដូង បាន​ចូលទៅក្នុង​ពិភពថ្មី​មួយទៀត គឺ​ពិភព​បច្ចេកវិទ្យា។ គូស្នេហ៍ និង​ប្តី​ប្រពន្ធ​ដែល​ធ្លាប់តែ​សាសង​ប្រកបដោយ​ភាព​ផ្អែមល្ហែម​បានក្លាយ​ទៅជា​មនុស្ស​ដែល​មិន​ជជែក​គ្នាច្រើន ហើយ​ចំណាយពេល​ច្រើន​បំផុត​ក្នុងការ​បង្ហោះ​រូប​អួតថា​ស្រឡាញ់គ្នា​ក្នុង​បណ្តាញ​សង្គម។ ហើយ​ពាក្យ​អរគុណ និង​ក្តី​ស្រឡាញ់​របស់​កូន​ចំពោះ​អាណា​ព្យ​បាល ក៏បាន​ប្រែក្លាយ​ពី​ការលើកសរសើរ ឬ​លើកទឹកចិត្ត​ដោយផ្ទាល់​ទៅជា​ការ​ចុច​ប៊ូ​តុង Like និង Love លើ​បណ្តាញ​សង្គម​ទៅវិញ។

    ងាក​មក​បញ្ហា​នៅ​កម្ពុជា​យើង​វិញ យើង​ឃើញថា ចរន្ត​ទាំងអស់នេះ​បាន​ជ្រៀតចូល​ទៅក្នុង​របៀបរបប​នៃ​ការរស់នៅ​របស់​ប្រជាជន​ខ្មែរច្រើនឡើង។ នៅ​ស្ទើរតែ​គ្រប់​ផ្ទះ​គឺ​សុទ្ធ​តែមាន​ឧបករណ៍​អេឡិចត្រូនិក ហើយក្មេងៗកាន់តែច្រើនឡើងៗកំពុង​រស់នៅ​ជាមួយនឹង​ឧបករណ៍​អេឡិចត្រូនិក​ច្រើនជាង​នៅ​ជាមួយ​អាណាព្យាបាល។ ថ្វីត្បិតតែ​នៅក្នុង​គ្រួសារ​មួយ​គេ​ឃើញ​មាន​ឪពុកម្តាយ​កំពុង​ស្ថិតនៅ​ជុំគ្នា​ក៏ដោយ ក៏​យើង​សុទ្ធតែ​បានឃើញ​ថាកូនៗមិនសូវ​ទំនាក់ទំនង​ច្រើន​ជាមួយនឹង​ម៉ែឪ​នោះទេ តែ​អ្វីដែល​គេ​រវល់​ច្រើន​បំផុត​នោះ​គឺ​ឧបករណ៍​សំខាន់បំផុត​សម្រាប់​ជីវិត​ដែល​ពួកគេ​កាន់​នៅក្នុង​ដៃ​នោះ​ទៅវិញ​ទេ។ សកម្មភាព​ទាំងអស់នេះ​បាន​បង្កបញ្ហា​ជាច្រើន​នាពេល​បច្ចុប្បន្ននេះ ហើយ​វា​ក៏​ធ្វើឱ្យ​ឪពុកម្តាយ​ជាច្រើន​មានការ​ព្រួយបារម្ភ ខណៈពេល​ខ្លះ​កូន​របស់គាត់​បានក្លាយ​ទៅជា​អ្នកញៀន​ឧបករណ៍​អេឡិចត្រូនិក​ទៅហើយ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អាណាព្យាបាល​មួយចំនួន​បានលើកឡើង​ស្រដៀង​គ្នា​ថា ពួកគាត់​សុទ្ធតែ​បារម្ភ​ពីកូនៗដែល​នៅ​ជិត​ឧបករណ៍​អេឡិចត្រូនិក​ដូចគ្នា តែ​មកពី​គាត់​រវល់​ពេក​ទើប​ចេះតែ​បណ្តោយ​ឱ្យគេ​នៅ​ជាមួយនឹង​របស់​ទាំងអស់​នោះ​ដើម្បី​កុំឱ្យ​រពឹស​ពេក។ អ្នកខ្លះ​លើកឡើងថា ឧបករណ៍​ទាំងអស់នោះ​ល្អ​ណាស់ ព្រោះ​វា​អាចធ្វើឱ្យ​កូន​របស់គាត់​សប្បាយចិត្ត ហើយ​គាត់​ក៏​សល់​ពេល​ច្រើន​សម្រាប់​ខ្លួនឯង។ អ្នក​ខ្លះទៀត​លើកឡើងថា​បណ្តោយឱ្យ​កូន​លេង​ឧបករណ៍​អេឡិចត្រូនិក​ដើម្បី​កុំឱ្យ​ពិបាក​លួង ហើយ​មិនសូវ​បារម្ភ​ព្រោះ​ពួកគេ​នឹង​នៅ​មួយកន្លែង​បើ​បាន​កាន់​ទូរស័ព្ទ ឬ​Ipad នោះ។ ហើយ​មាន​អ្នក​ខ្លះទៀត​លើកឡើងថា​ការ​បណ្តោយឱ្យ​លេង​ស្មា​ត​ហ្វូ​ន​គឺ​ស្រួល​ចិត្ត​ខ្លាំងណាស់ មិនចាំបាច់​បារម្ភ​ពី​ភាព​រពឹស​របស់កូនៗទៀត​នោះទេ ឱ្យតែបាន​លេង​គឺ​ដឹង​តែ​ស្ងាត់​ស្រួល។

    អាណាព្យាបាល​ជាច្រើន​ហាក់​មើលរំលង​ចំណុច​នេះ ព្រោះ​អ្នក​ទាំងអស់គ្នា​ប្រហែលជា​មិន​នឹកស្មាន​ដល់​ទេ​ថា​ការសុំ​យករួចខ្លួន​មួយពេល​របស់​អ្នកជា​ម៉ែឪ​ទាំងអស់នេះ ជា​ពេលដែល​កូន​កំពុង​រងគ្រោះ។

    គេហទំព័រ​ដ៏​ល្បី​មួយ​របស់​អង់គ្លេស Telegraph បានចេញ​អត្ថបទ​មួយ​ដែល​បានដាក់​ចំណងជើង​ថា ស្មា​ត​ហ្វូ​ន​កំពុង​ធ្វើឱ្យ​កូន​ឈឺចាប់ តែ​អ្នក​ដែល​ត្រូវ​បន្ទោស​គឺ​អាណាព្យាបាល​មិនល្អ (Smartphone are hurting children- but the real culprit is bad parenting)។ ក្នុងនោះ​បានបញ្ជាក់​ពី​កំហុស​ជាច្រើន​របស់​អាណាព្យាបាល​លើ​ពិភពលោក​ដែល​បណ្តោយឱ្យ​កូន​លេង​ស្មា​ត​ហ្វូ​ន ដោយ​មិនបាន​គិតពី​ផលប៉ះពាល់​ដល់​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់ខ្លួន ដែល​វា​អាចធ្វើឱ្យ​អាណាព្យាបាល​នឹង​ស្តាយក្រោយ​ទៅវិញ។

    អ្នក​រាល់គ្នា​សាក​គិត​ទៅ​មើលថា បើ​យើង​បណ្តោយឱ្យ​កូន​លេង​ស្មា​ត​ហ្វូ​ន​គឺ​ដើម្បី​សល់​ពេល​រកស៊ី ដើម្បី​សល់​ពេលធ្វើ​ការងារផ្សេងៗ និង​ដើម្បី​សល់​ពេលវេលា​សម្រាប់​ខ្លួនឯង ហើយ​ភ្លេច​គិតពី​ផលប៉ះពាល់​ដែល​កើតមាន​ចំពោះ​គាត់ តើ​យើង​ចំណេញ ឬ​ខាត។ អ្នក​រាល់គ្នា​អាច​សប្បាយចិត្ត​ប្រសិនបើ​កូន​មិនសូវ​រករឿង សប្បាយចិត្ត​នៅពេលដែល​សល់​លុយ​សម្រាប់​ពួកគេ តែ​ការ​សប្បាយចិត្ត​នោះ​នឹងត្រូវ​បំផ្លាញ​វិញ​ដោយ​កូន​របស់​អ្នក​ទាំងអស់គ្នា​ក្លាយជា​មនុស្ស​ដែល​ហិង្សា ជា​មនុស្ស​ដែល​ឯកា ជា​មនុស្ស​ដែល​ឆេវឆាវ ជា​មនុស្ស​ដែល​សោះអង្គើយ​ជាមួយ​ឪពុកម្តាយ និង​ជាម​នុស្ស​ដែល​ខុសប្លែក​ពី​ការគិត​របស់​យើងទាំងអស់គ្នា។

    ការលេង​ស្មា​ត​ហ្វូ​ន​ត្រូវបាន​គេហទំព័រ Education World គេ​រកឃើញថា​ធ្វើឱ្យ​ក្មេង​ឆ្លាត​ជាង​មុន តែ​ការ​បណ្តោយ​កូន​ឱ្យ​លេង​ច្រើន​ជ្រុល នឹងធ្វើ​ឱ្យ​ពួកគេ​ក្លាយជា​មនុស្ស​ដែលមាន​អារម្មណ៍មិនល្អ ខួរក្បាល​មាន​បញ្ហា ឆាប់​ខឹង ក្លាយជា​មនុស្ស​អសកម្ម និង​មិនសូវ​ស្និទ្ធស្នាល​ជាមួយនឹង​អាណាព្យាបាល។ ហេតុនេះ​ឪពុកម្តាយ​គួរ​គ្រប់គ្រង​កូន​ឱ្យបាន​ក្នុងការ​ប្រើប្រាស់​បណ្តាញ​អេឡិចត្រូនិក ដោយ​បង្កើន​ភាពស្និទ្ធស្នាល រួមទាំង​ផ្តល់​ឱ្យនូវ​ក្តី​ស្រឡាញ់​ដល់​កូន​ឱ្យបាន​ច្រើន​ដើម្បី​កុំឱ្យ​ស្តាយក្រោយ៕

  • កម្មវិធី​ដ៍​អស្ចារ្យ​ពី​ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី

    កម្មវិធី​ដ៍​អស្ចារ្យ​ពី​ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី

    ផ្ញើ​ភ្លាម ឈ្នះ​ភ្លាម ឈ្នះ​លុយ​រាល់ថ្ងៃ ឈ្នះ​ម៉ូតូ​រាល់​សប្តាហ៍

    សូម​ចូលរួម​អបអរសាទរ​ដល់​អតិ​ថិ​ជន​របស់​ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី​ទាំង2រូប​គឺ លោកស្រី សក្តិ សុ​ភ័​ក្រ ជា​អតិថិជន​ផ្ទេរប្រាក់​ដែល​រស់នៅ​ខេត្តសៀមរាប និង លោកស្រី អ៊ុក មុំ​ម៉ា​នី ជា​អតិថិជន​ដក​ប្រាក់​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ ដែល​គាត់​ទាំង 2 គឺជា​អ្នក​មានសំណាង​ឈ្នះ​រង្វាន់​ម៉ូតូ ហុងដា 2017 ក្នុង​សបា្តហ៍​ទី1ជា​លើកដំបូង​ដែល​ក្រុមហ៊ុន​បានធ្វើការ​ស្វែងរក​អ្នកឈ្នះ​តាមរយៈ​ការផ្សាយ​ផ្ទា​ល់ពី​គេហទំព័រ facebook ទ្រូ​ម៉ាន់​នី​កាលពី​ថ្ងៃទី 04 ខែ សីហា ឆ្នាំ 2017 ហើយ​សម្រាប់​អ្នកឈ្នះ​ទាំង2រូប​ក្រុមហ៊ុន​បានធ្វើ​ការប្រគល់​រង្វាន់​ម៉ូតូ ហុងដា 2017 នៅ​ស្ថានីយទូរទស្សន៍​ហង្ស​មាស HDTV ក្នុង «កម្ម​វី​ធី​តន្ត្រី​ពិសេស» ថ្ងៃអាទិត្យ​ម៉ោង 6:00 ល្ងាច​ត្រូវ​នឹង​ថ្ងៃទី 06 ខែ សីហា ឆ្នាំ 2017 ។

    សូមបញ្ជាក់​ផងដែរ​ថា ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​អតិថិជន​ទ្រូ​ម៉ាន់​នី​ទាំងអស់​ដែល​តែងតែ​គាំទ្រ​ក្នុងការ​ប្រើប្រាស់​សេវាកម្ម​របស់​ក្រុមហ៊ុន​កន្លងមក ដូច្នេះ​ក្រុមហ៊ុន​បានធ្វើ​ការប្រគល់​រង្វាន់​ម៉ូតូ​ហុងដា 2017 ចំនួន2គ្រឿង​សម្រាប់​អតិថិជន​ផ្ទេរប្រាក់ និង​អតិថិជន​ដក​ប្រាក់ សម្រាប់​ជាការ​បើកឆាក​នៅក្នុង​សបា្តហ៍​ទី1 ខែសីហា ឆ្នាំ 2017 នេះ  រីឯ​ក្នុង​សបា្តហ៍​បន្តបន្ទាប់​ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី​នឹងធ្វើ​ការចាប់​រង្វាន់ និង​ប្រគល់​រង្វាន់​សម្រាប់​ម៉ូតូ​ចំនួន1គ្រឿង​តាមរយៈ​ការផ្សាយ​បន្ត​ផ្ទាល់​នៅ​ស្ថានីយទូរទស្សន៍​ហង្ស​មាស HDTV ក្នុង «កម្ម​វី​ធី​តន្ត្រី​ពិសេស» ថ្ងៃអាទិត្យ​ម៉ោង 6:00 ល្ងាច  ៕

  • លោក Mourinho ជំរុញ​ឲ្យ Man Utd ដាក់សំណើ​ដេញថ្លៃ​ទិញ Bale ពី Real

    លោក Mourinho ជំរុញ​ឲ្យ Man Utd ដាក់សំណើ​ដេញថ្លៃ​ទិញ Bale ពី Real

    លោក Jose Mourinho កំពុងតែ​ទទូច​សុំ​ឲ្យ​ប្រធាន​ក្លិប Manchester United របស់លោក​ដាក់សំណើ​ដេញថ្លៃ​ក្នុង​ទឹកប្រាក់100លាន​ផោន (ស្មើនឹង130លាន​ដុល្លារ​អាមេរិក) ដើម្បី​ទិញ​តារា​ឆ្នើម Gareth Bale ពី​ក្លិប Real Madrid។

    បើទោះបីជា​លោក Mourinho បានប្រកាស​ជា​សាធារណៈ​ថា «ល្បែង​បានបញ្ចប់» ហើយ​ក្នុងការ​ប្រមាញ់​ទិញ​ខ្សែប្រយុទ្ធ​អន្តរជាតិ​វេ​លស៍​រូបនេះ ក្រោយពី​ក្រុម​របស់លោក​ចាញ់​ក្រុម Real Madrid ក្នុង​លទ្ធផល 2-1 ក្នុង​ការប្រកួត​ដណ្តើមពាន UEFA Super Cup ក្នុង​ទីក្រុង Skopje កាលពី​ថ្ងៃ​អង្គារ​ក៏ដោយ ប៉ុន្តែ​គ្រូបង្វឹក​របស់ Man United រូបនេះ​នៅតែមាន​អារម្មណ៍​ថា ការព្រមព្រៀង​គ្នា​មួយ​នៅតែ​ត្រូវ​ឈានដល់។ គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​រំពឹងថា ការចុះហត្ថលេខា​ជាមួយ Bale អាច​កើតឡើង ប្រសិនបើ​ក្លិប​យក្ស​របស់​អេ​ស្ប៉ា​ញ​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការរក​កីឡាករ​មក​ជំនួស Bale បាន​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ទៀត​នេះ។ លោក Mourinho ថា ការផ្តល់​កុងត្រា​ជាមួយនឹង​ចំណូល50ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍ នឹង​ទាក់ទាញ​ការចាប់អារម្មណ៍​របស់ Bale ឲ្យ​វិល​ទៅកាន់​អង់គ្លេស​ដើម្បី​លេង​ឲ្យ​ក្រុម​អតីត​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ Champions League របស់លោក។ Bale ហាក់ដូចជា​បាន​ច្រានចោល​ចំពោះ​ការ​លើកឡើងថា រូបគេ​នឹង​ចាក​ចេញពី​ក្លិប Real នៅ​រដូវក្តៅ​នេះ បើទោះបីជា​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ កំពុងតែ​ព្យាយាម​ទិញ​ខ្សែប្រយុទ្ធ​វ័យក្មេង Kylian Mbappe ក្នុងតម្លៃ​ខ្លួន160លាន​ផោន ពី​ក្លិប​ Monaco ក៏ដោយ។

    Bale បាន​បញ្ជាក់ថា៖ «ខ្ញុំ​ពិតជា​រីករាយ​ណាស់​ក្នុងការ​ប្រជែង​ដណ្តើមយក​កៅអី​របស់ខ្ញុំ​នេះ។ យើង​នឹង​ប្រជែង​ដើម្បី​កៅអី​របស់​យើង។ វា​មិនមែនជា​រឿង​ថ្មី​ឡើយ​ក្នុង​កីឡាបាល់ទាត់។ វា​កើតឡើង​នៅ​រាល់​ក្លិប​ទាំងអស់ ហើយ​នេះ​ជា​រឿង​ធម្មតា​សម្រាប់​អ្នក​ទាំងអស់គ្នា​ទៅហើយ»៕

    ប្រភពពី៖ The Sun