Author: វល័ក្ខ

  • សាយ សៀ​រ៉ា ការ​សន្សំ​ប្រាក់​ជា​រឿង​សំខាន់​ក្នុង​ការរៀបចំ​ផែនការ​ជីវិត

    សាយ សៀ​រ៉ា ការ​សន្សំ​ប្រាក់​ជា​រឿង​សំខាន់​ក្នុង​ការរៀបចំ​ផែនការ​ជីវិត

    សាយ សៀ​រ៉ា កំពុងមាន​កេរ្ដិ៍ឈ្មោះ​ក្នុង​វិស័យ​សិល្បៈ និង​ការ​ស្លៀកពាក់​តុបតែង​ខ្លួន​របស់លោក​ក៏មាន​ភាពស្រស់​សង្ហា​ផងដែរ។ ទោះយ៉ាងណា​តារា​សិល្បៈ​រូបនេះ បញ្ជាក់ថា ចំពោះ​ការរៀបចំ​ខ្លួន​នេះ គឺ​ពុំបាន​ចំណាយ​ថវិកា​ច្រើន​ទេ។

    ស្ទើរតែ​រាល់ពេល​លោក​សាយ សៀ​រ៉ា ស្លៀកពាក់​ចូលរួម​កម្មវិធី​នានា មិន​ថា​ជា​លក្ខណៈ​សាម​ញ្ញា ឬ​ផ្លូវការ​នោះទេ លោក​តែងមាន​ការតុបតែង​ខ្លួន​យ៉ាង​សមសួន​ទៅនឹង​រូបរាង​រហូត​មានការ​សន្និដ្ឋានថា សម្លៀកបំពាក់​ដែល​តារា​រូបនោះ​ស្លៀក​អាចជា​ម៉ាក​ដែល​ល្បី និងថ្លៃៗណាស់​មើលទៅ។ តែ​ផ្ទុយទៅវិញ​លោក​សាយ សៀ​រ៉ា បានបញ្ជាក់​ប្រាប់​មកវិញ​ថា បើ​ប្រៀបធៀប​ទៅ​សង្គម​បច្ចុប្បន្ន​ប្រជាជន​ភាគច្រើន​សុទ្ធ​តែមាន​ការនិយម​ទៅលើ​សម្ភារ​ម៉ាកល្បីៗ និង​សម្រាប់​លោក​ផ្ទាល់​ក៏មាន​ការស្រឡាញ់​ពេញចិត្ដ​ដូចគ្នា ប៉ុន្ដែ​លោក​គិតថា ពេលខ្លះ​វា​ពុំ​ចាំបាច់​ឡើយ ព្រោះ​មិន​ប្រាកដថា សម្លៀកបំពាក់​ម៉ាកល្បីៗទាំងនោះ ពេល​ស្លៀកពាក់​ទៅ វា​សម​នឹង​រូបរាង​របស់លោក​នោះទេ។

    សាយ សៀ​រ៉ា បញ្ជាក់ថា៖ «សម្រាប់​ខ្ញុំ​សាមញ្ញ​បំផុត ទោះជា​ស្លៀកពាក់​ចូល​កម្មវិធី​ក៏ដោយ មិនចាំបាច់​ចាយលុយ​លើ​សម្លៀកបំពាក់​ម៉ាកល្បីៗទេ សំខាន់​ឱ្យតែ​ស្លៀកពាក់​ទៅ​សម​នឹង​រូបរាង គឺ​ខ្ញុំ​ពេញចិត្ដ​ណាស់​ទៅហើយ»។ សាយ សៀ​រ៉ា បន្ថែមថា មិនមែន​លោក​មិន​ចង់​ស្លៀកពាក់​ខោអាវថ្លៃៗនោះទេ ប៉ុន្ដែ​ពេលខ្លះ​លោក​យល់ថា ដូចជា​ពុំ​ចាំបាច់​ឡើយ។ ប្រសិនបើ​កម្មវិធី​តម្រូវ​ខ្លាំង ឬ​ចាំបាច់​នោះ​យើង​ត្រូវតែ​ចំណាយ តែ​ឱ្យ​ត្រូវ​ពេលវេលា និង​កាលៈទេសៈ។

    តារា​សម្ដែង​រូបនេះ​ប្រាប់​បន្ដថា៖« មូលហេតុ​ខ្ញុំ​គិត​ដូច្នេះ​ព្រោះ​ខ្ញុំ​រៀប​ផែនការ​ទុក នឹងត្រូវ​ធ្វើ​អ្វី ឬ​បង្កើត​អ្វីមួយ​នៅពេល​អនាគត ដូច្នេះ​ការ​សន្សំ​ប្រាក់​ទុកឱ្យ​បាន​ច្រើន​វា​ជា​រឿង​សំខាន់បំផុត​នៅពេល​យើង​ត្រូវ​ការប្រើ​វា អ៊ីចឹង​ហើយ​ទើប​ធ្វើឱ្យ​ខ្ញុំ​មិនអាច​ចាយ​ខ្ជះខ្ជាយ​បានទេ៕

  • គម្រោង​សាងសង់​ស្ពាន​ទៅ​អរិយ​ក្សត្រ​អាច​ប្រែប្រួល

    គម្រោង​សាងសង់​ស្ពាន​ទៅ​អរិយ​ក្សត្រ​អាច​ប្រែប្រួល

    ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​លើកឡើងថា គម្រោង​សាងសង់​ស្ពាន​របស់​រដ្ឋា​ភិ​បាល​ទៅកាន់​តំបន់​អរិយ​ក្សត្រ និង​តំបន់​ស្វាយជ្រុំ​អាចមាន​ការប្រែប្រួល។

    លោក វ៉ា ស៊ីម​សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី11 ខែសីហា​ម្សិលមិញ​នេះ​ថា ការសាងសង់​ស្ពាន​ភ្ជាប់​រវាងផ្លូវ​ជាតិ​លេខ1ពី​តំបន់​ក្តី​តា​កុយ​ទៅកាន់​តំបន់​អរិយ​ក្សត្រ និង​ពី​តំបន់​ជ្រោយចង្វារ​ទៅ​តំបន់​ស្វាយជ្រុំ​នឹងមាន​ការប្រែប្រួល ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ពី​ព័ត៌មាន​លម្អិត​នោះទេ។

    លោក​បន្តថា “ខ្ញុំ​មិនទាន់​បានទទួល​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​គម្រោង​នេះ​ទេ ព្រោះ​រហូតមកទល់​ពេលនេះ​មិនទាន់មាន​ព័ត៌មាន​វិវឌ្ឍន៍​ថ្មី​នៅឡើយ។

    លោក នូ វឌ្ឍនៈ អគ្គនាយក​បច្ចេកទេស​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែងថា ក្រុមហ៊ុន​ចិន​កំពុង​សិក្សា​ពី​ទីតាំង​សម្រាប់​សាងសង់​ស្ពាន​នេះ ប៉ុន្តែ​ការកំណត់​សាងសង់​ជា​ផ្លូវការ​នៅពេលណា​នោះ​នៅ​មិនទាន់​កំណត់​ជាក់លាក់​នៅឡើយ​ទេ ប៉ុន្តែ​វា​ជា​គម្រោង​នាពេល​អនាគត ដែល​ត្រូវតែ​សាងសង់។ លោក​បន្តថា គម្រោង​នេះ​មិនទាន់​ស្ថិតនៅក្នុង​ផែនការ​ជាក់លាក់ ឬ​ដាក់ចូល​ផែនការមេ​របស់​ក្រសួង​ថា នឹង​សាងសង់​នៅពេលណា​នោះទេ ព្រោះ​យើង​រង់ចាំ​ជំនួយ​របស់​ប្រទេស​ចិន។

    ក្នុងឱកាស​អញ្ជើញ​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​មហាវិថី​សម្តេច​តេ​ជោ​ហ៊ុន សែន ដែល​គេ​ហៅ​រត់មាត់​ថា ផ្លូវ60ម៉ែត្រ​នោះ សម្តេច​តេ​ជោ​ហ៊ុន សែន​បាន​ថ្លែងថា ដើម្បី​ឲ្យ​ការសាងសង់​នឹង​ភ្ជាប់​ផ្លូវ​ខ្សែក្រវាត់​ក្រុង​ពេញលេញ កម្ពុជា​ចាំបាច់​ត្រូវ​សាងសង់​ស្ពាន​ភ្ជាប់​រវាង​តំបន់​ក្តី​តា​កុយ​ទៅកាន់​តំបន់​អរិយ​ក្សត្រ និង​ពី​ផ្លូវ​កែវ ចិន្តា នា​តំបន់​ជ្រោយចង្វារ ភ្ជាប់​ទៅកាន់​តំបន់​ស្វាយជ្រុំ ស្ថិតក្នុង​ឃុំ​ស្វាយជ្រុំ ស្រុក​ល្វាឯម ខេត្តកណ្តាល។

    ការប្រកាស​ពី​ការសាងសង់​ស្ពាន​នេះ​បានធ្វើ​ឲ្យ​តម្លៃ​ដី​នៅ​តំបន់​ទាំងនោះ​កញ្ជ្រោល​ឡើង​យ៉ាងខ្លាំង ហើយ​ក៏មាន​អ្នកវិនិយោគ​ក្នុងស្រុក​មួយចំនួន​បាន​សាងសង់​បុរីខ្លះៗរួចហើយ​ដែរ​នៅ​តំបន់​នោះ៕

  • កូន​ដែល​ទទួល​បានការ​បំបៅ​ដោះ​ដោយផ្ទាល់​ អាច​កើន​ពិន្ទុ IQ ពី3 ទៅ4ពិន្ទុ

    កូន​ដែល​ទទួល​បានការ​បំបៅ​ដោះ​ដោយផ្ទាល់​ អាច​កើន​ពិន្ទុ IQ ពី3 ទៅ4ពិន្ទុ

    អាណាព្យាបាល​គ្រប់គ្នា​សុទ្ធតែ​ចង់ឱ្យ​កូន​របស់គាត់​កើតមក​ក្លាយជា​មនុស្ស​ដែលមាន​សមត្ថភាព​ខ្ពស់ ឬ​ក្លាយជា​មនុស្ស​ឆ្លាត។ មាន​អ្នកខ្លះ​ខំប្រឹង​គ្រប់​មធ្យោបាយ​តាំងពី​កូន​នៅក្នុង​ពោះ​តាមរយៈ​ការស្វែងរក​ចំណីអាហារល្អៗដែល​គេ​ជឿថា​អាចធ្វើឱ្យ​កូន​ឆ្លាត​បាន ហើយ​អ្នក​ខ្លះទៀត​ខំប្រឹង​បំប៉ន ឬ​ធ្វើ​រឿង​ជាច្រើន​ទៀត​ដល់​កូនតូច​ដើម្បីឱ្យ​ពួកគេ​ឆ្លាត។

    ថ្មីៗនេះ​អង្គការ Unicef ប្រចាំ​នៅ​កម្ពុជា​បានបង្ហាញ​ឱ្យដឹងថា​រឿង​ងាយ​មួយ​ដែល​អាចធ្វើឱ្យ​ធ្វើឱ្យ​កូនតូច​របស់លោក​អ្នក​ក្លាយជា​មនុស្ស​ឆ្លាត គឺ​ការ​បំបៅ​ដោះ​ដោយផ្ទាល់។ Unicef បាន​បង្ហាញថា ក្មេង​តូច​ពិន្ទុ IQ ពី 3 ទៅ 4 ពិន្ទុ​ឯណោះ។ តែ​ទោះបីជា​យ៉ាងណាក៏ដោយ​ក៏​គេ​សង្កេតឃើញថា​ដោយសារ​កត្តា​ការងារ​បានធ្វើឱ្យ​ម្តាយ​ជាច្រើន​បាន​នៅ​កម្ពុជា​កំពុង​ជួប​ឧបសគ្គ​ក្នុងការ​បំបៅកូន។

    យោងតាម​ការបង្ហាញរ​បស់ Unicef ដដែល​បានបង្ហាញ​ផងដែរ​ថា អត្រា​នៃ​ការ​បំបៅ​ទឹកដោះ​ម្តាយ​តែមួយគត់​ធ្លាក់ចុះ​ក្នុងចំណោម​ម្តាយ​ដែល​រស់នៅ​ទីក្រុង ព្រោះតែ​បញ្ហា​ការងារ។ ដោយសារតែ​មានការ​ផ្លាស់​ប្តូរ​ទម្លាប់​នៃ​ការរស់នៅ ស្រប​ពេលដែល​ស្ត្រី​ទទួលបាន​ចំណេះដឹង​ខ្ពស់ ធ្វើឱ្យ​ម្តាយ​ជាច្រើន​បាន​ផ្លាស់ប្តូរ​ពី​ភាពជា​ស្ត្រ​មេផ្ទះ​ដែល​រង់​ចាំមើល​ថែកូន ទៅជា​អ្នកបម្រើ​ការងារសំខាន់ៗនៅក្នុង​ក្រុមហ៊ុន អង្គការ និង​ស្ថាប័នរដ្ឋសំខាន់ៗ ដែល​ធ្វើឱ្យ​ពេល​បំបៅកូន​របស់​ពួកគាត់​ត្រូវបាន​កាត់បន្ថយ៕

  • លោក Wenger សរសើរ Giroud ខណៈ Arsenal ផ្តួល Leicester ទាំង​ប្រផិតប្រផើយ

    លោក Wenger សរសើរ Giroud ខណៈ Arsenal ផ្តួល Leicester ទាំង​ប្រផិតប្រផើយ

    លោក Arsene Wenger អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម​កាំភ្លើង​ធំ Arsenal បាន​សម្តែង​នូវ​ការធូរស្រាល​ចិត្ត​ជុំវិញ​ការសម្រេចចិត្ត​របស់ Olivier Giroud ក្នុងការ​បន្ត​នៅ​ជាមួយ​ក្លិប ក្រោយពី​ខ្សែប្រយុទ្ធ​អន្តរជាតិ​បារាំង​រូបនេះ​បាន​ជួយ​ឲ្យ​ក្រុម​របស់គេ​ដណ្តើមបាន​ជ័យជម្នះ​ទាំង​ប្រផិតប្រផើយ​ក្នុង​លទ្ធផល 4-3 លើ​ក្រុម Leicester City។

    Giroud បាន​ចូល​លេង​ក្នុងនាម​ជា​កីឡាករ​បម្រុង​ក្នុងពេលដែល​ក្រុម Arsenal កំពុងតែ​ដេញតាម​ពីក្រោយ 3-2 ក្នុងការ​ប្រកួត​បើក​រដូវ​កាល​នៅ​កីឡដ្ឋាន Emirates កាលពី​ថ្ងៃ​សុក្រ ហើយ​ក្រោយពី​មិត្ត​រួម​ក្រុម​របស់គេ Aaron Ramsey បា​នរក​គ្រាប់​បាល់​តាម​ស្មើ រូបគេ​ក៏បាន​រក​គ្រាប់​បាល់​ឈ្នះ​នៅ​នាទី​ទី85តែម្តង។ ការចូលរួម​របស់​ខ្សែប្រយុទ្ធ Alexandre Lacazette បានធ្វើ​ឲ្យ Giroud កាន់តែ​បាត់បង់​ឱកាស​ក្នុង​ជម្រើស​ទាំង11នាក់​ដំបូង​របស់​ក្រុម Arsenal  ប៉ុន្តែ​ក្រោយពី​បានផ្តល់​ឱកាស​ឲ្យ​ខ្សែប្រយុទ្ធ​វ័យ30ឆ្នាំ​រូបនេះ​ក្នុងការ​ចាកចេញ លោក Wenger បាន​សម្តែង​នូវ​ការរំភើប​យ៉ាងខ្លាំង​ដែល​រូបគេ​បានសម្រេច​ចិត្ត​ក្នុងការ​បន្ត​នៅ​ជាមួយនឹង​ក្លិប។

    លោក Wenger បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា៖ «វា​ពិតជា​អស្ចារ្យ​ណាស់។ ខ្ញុំ​បាន​បើកចំហ​ទ្វារ​ឲ្យ​រូបគេ​ក្នុងដំណាក់កាល​ជាច្រើន ពីព្រោះ​ខ្ញុំ​ដឹងថា វា​ពិតជា​សំខាន់​ណាស់​សម្រាប់​រូបគេ​ក្នុង​ការលេង ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ឲ្យ​គេ​ចាកចេញ​ឡើយ»។ អ្នកចាត់ការ​ទូទៅ​រូបនេះ​បាន​បន្ថែមទៀតថា៖ «រូបគេ​បានសម្រេច​ចិត្ត​ក្នុងការ​បន្ត​នៅ ហើយ​វា​ជា​ថ្ងៃមួយ​ក្នុងចំណោម​ថ្ងៃ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​សម្រាប់​ខ្ញុំ។ រូបគេ​ពិតជា​កីឡាករ​ដ៏​អស្ចារ្យ ប៉ុន្តែ​រូបគេ​មាន​បន្ទុក​ដ៏​ធំ​មួយ​ក្នុង​ក្រុម​នេះ។ វា​ពិតជា​ធូរស្រាល​សម្រាប់​ខ្ញុំ​ដែល​រូបគេ​បានសម្រេច​ចិត្ត​ក្នុងការ​បន្ត​នៅ»។

    Lacazette ដែល​បាន​ផ្ទេរ​ក្នុងតម្លៃ​ខ្លួន46.5លាន​ផោន (ស្មើនឹង60.3លាន​ដុល្លារ​អាមេរិក) ពី​ក្លិប Lyon មក​នោះ បានចាប់ផ្តើម​យ៉ាង​ល្អ​នៅ​ថ្ងៃ​នៃ​ការ​បង្ហាញខ្លួន​លើ​ទឹកដី​ខ្លួនឯង​ជា​លើក​ទី1របស់គេ តាមរយៈ​ការជួយ​ឲ្យ​ក្រុម Arsenal មាន​គ្រាប់​បាល់​នាំមុខភ្លាមៗក្រោយពី​លេង​បានត្រឹមតែ85វិនាទី៕

    ប្រភពពី៖ Sky Sport

  • ផ្សារ​ទំនើប Olympia Plaza នឹង​បើក​ឲ្យ​អាជីវករ​ជួល​តូប​នៅ​ចុង​ឆ្នាំនេះ

    ផ្សារ​ទំនើប Olympia Plaza នឹង​បើក​ឲ្យ​អាជីវករ​ជួល​តូប​នៅ​ចុង​ឆ្នាំនេះ

    ភ្នំពេញៈ ផ្សារ​ទំនើប​តម្លៃ 80លាន​ដុល្លារ កម្ពស់ 8ជាន់​ស្ថិតនៅក្នុង​គម្រោង​Olympia Plaza នឹង​បើក​ឲ្យ​អាជីវករ​ចាប់ផ្តើម​ជួល​ស្តង់​នៅ​ចុងឆ្នាំ​នេះហើយ ដើម្បី​ឈានទៅ​ការបើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ 2018ខាងមុខ។

    លោក ម៉េង ចំរើន ប្រធាន​គម្រោង Olympia Plaza បាន​ថ្លែងថា ការសាងសង់​ផ្សារ​ទំនើប​កម្ពស់ 8ជាន់ និង3ជាន់​ជា​ចំណត​យានយន្ត​ក្រោម​ដី​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំនេះ​នៅសល់តែ​ការ​រចនា​ផ្នែក​ខាងក្នុង​ផ្សារ​ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ​ក្រុមហ៊ុន​ក៏​នឹង​បើក​ឲ្យ​អាជីវករ​ជួល​តូប​ក្នុង​ផ្សារ​នៅពេល​ចុងឆ្នាំ​នេះ​ផងដែរ និង​រំពឹង​បើក​ផ្សារ​តំណាក់កាល​ដំបូង​នៅ​ឆ្នាំ2018 និង​តំណាក់កាល​ទី2អាច​នឹង​បើក​នៅពេល​ក្រោយ។ លោក​បន្តថា ផ្សារ​នេះ​នឹងមាន​ស្ពាន​ត​ភ្ជាប់​ពី​អគារ​ទាំង4 ក្នុង​គម្រោង​នេះ​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អ្នករ​ស់​នៅក្នុង​គម្រោង​នេះ​ក្នុង​ការដើរ​ទិញ​ទំនិញ ក៏ដូចជា​ការកម្សាន្ត​ផងដែរ។

    លោក​បន្តថា “តំណាក់កាល​ដំបូង​នៃ​ផ្សារ​នេះ​នឹងមាន​ទំហំ 12,000ម៉ែត្រការ៉េ និង​តំណាក់កាល​ទី2មាន​ទំហំ​ជាង3ម៉ឺន​ម៉ែត្រការ៉េ ពោល​ទំហំ​ផ្សារ​នេះ​គឺមាន​ទំហំ​សរុប​ប្រមាណ5ម៉ឺន​ម៉ែត្រការ៉េ។ លោក​បន្តថា “ចំណត​យានយន្ត​ក្រោម​ដី​ចំនួន3ជាន់​នឹង​អាច​ចត​យានយន្ត​បាន​ចំនួន​ជាង3ពាន់​គ្រឿង និង​មាន​ចំណត​ម៉ូតូ​ផងដែរ។

    លោក ទូច សំណាង អគ្គនាយករង​ក្រុមហ៊ុន OCIC ដែល​វិនិយោគ​លើ​ផ្សារ​ទំនើប​នេះ​បាន​ថ្លែងថា ផ្សារ​ទំនើប​នេះ​បោះទុន​វិនិយោគ​ប្រមាណ 80 លាន​ដុល្លារ​អាមេរិក ព្រោះ​វា​ជា​គម្រោង​ធំ​មួយ និង​ជា​ផ្សារ​ធំ​មួយ​ដែល​រៀបចំឡើង​តាម​ស្តង់ដារ​អន្តរជាតិ។ លោក​បន្តថា គម្រោង Olympia City ជា​គម្រោង​ដ៏​ធំ​មួយ​ដែល​បាននិងកំពុង​ទទួលជោគជ័យ ដោយសារ​ការលក់​រប​ស់​យើង​បាននិងកំពុង​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង។

    លោក​បន្តថា “យើង​ជឿថា ផ្សារ​នេះ​នឹង​ទទួលបាន​ជោគជ័យ​នៅពេល​ដំណើរការ ដោយសារ​ទីតាំង​របស់​ផ្សារ​នេះ​ស្ថិតនៅ​ចំ​កណ្តាល​ក្រុង​ដែលមាន​សកម្មភាព​សេដ្ឋកិច្ច​រស់​រវើក និង​ដោយសារ​កំណើនសេដ្ឋកិច្ច និង​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ដែល​នៅតែ​បន្ត​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ”៕

  • សែស្រឡាយ​រថយន្ត​ដ៏​ល្បី​តម្លៃ​ជាង1លាន​ដុល្លារ ដែល​ឧកញ៉ា ហ៊ុន​តូ ជិះ​កាលពី​ឆ្នាំទៅ បានបង្ហាញ​ខ្លួន​នៅ​កម្ពុជា​ទៀតហើយ

    សែស្រឡាយ​រថយន្ត​ដ៏​ល្បី​តម្លៃ​ជាង1លាន​ដុល្លារ ដែល​ឧកញ៉ា ហ៊ុន​តូ ជិះ​កាលពី​ឆ្នាំទៅ បានបង្ហាញ​ខ្លួន​នៅ​កម្ពុជា​ទៀតហើយ

    ជា​រឿង​ចាស់​មួយ​ដែល​ធ្លាប់​ល្បី​តាំងពី​ឆ្នាំ 2016  អំពី​រថយន្ត​ដ៏​ទំនើប​តម្លៃ​កប់​ពពក​របស់លោក​ឧក​ញ៉ា ហ៊ុន តូ ប៉ុន្តែ​យើង​ចង់​រំឭក​វា​ម្ដងទៀត ខណៈ​កាលពី​ម្សិលមិញ​នេះ កម្ពុជា​កំពុង​ល្បីល្បាញ​រឿង​រថយន្ត McLaren 720S ដែលមាន​តែមួយ​គ្រឿង​គ​ត់​ក្នុង​ទីផ្សារ​អាស៊ាន​ដែល​ធ្លាប់​បង្ហាញ​វត្តមាន​រួចមកហើយ​ក្នុង​រាជធានី​ភ្នំពេញ និង​ដែល​វា​ជា​រថយន្ត​មកពី​ក្រុមហ៊ុន​របស់​អង់គ្លេស​តែមួយ​ដូចគ្នា។


    កាលពី​ឆ្នាំទៅ រូបភាព​លោក​ឧកញ៉ា ហ៊ុន តូ ជាមួយនឹង​ថយ​ន្ត​ស្ព័​រ​ដ៏​ប្រណីត​បាន​បង្ក​នូវ​ការចាប់អារម្មណ៍​ដល់​អ្ន​ក​ប្រើប្រាស់​បណ្ដាញ​សង្គម និង​ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ។ រថយន្ត​ដែល​លោក​ឧកញ៉ា​ជិះ​មាន​ឈ្មោះថា McLaren P1 ជា​រថយន្ត​ស្ព័​រ​ស៊េរី​ទំនើប​កូនកាត់ ដែល​ផលិតឡើង​ដោយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ល្បីល្បាញ​របស់​ចក្រភព​អង់គ្លេស McLaren Automotive និង​ត្រូវបាន​បង្ហាញខ្លួន​ដំបូង​បំផុត​នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​រថយន្ត​នៅក្នុង​ទីក្រុង​ប៉ារីស កាលពី​ឆ្នាំ2012 ហើយ​ត្រូវ​បានដាក់​ចេញលក់​ជា​ផ្លូវការ​នៅ​ខែតុលា ឆ្នាំ2013 នៅ​ចក្រភព​អង់គ្លេស និង​លក់ដាច់​អស់​គ្មាន​សល់​មួយគ្រឿង​ជាមួយនឹង​តម្លៃ​ដើម 1.3 លាន​ដុល្លារ​អាមេរិក។

    P1 ប្រើ​ម៉ាស៊ីន​កូនកាត់ (Hybrid) ដំបូង​គេ​របស់​ក្រុមហ៊ុន McLaren ការ​រចនា​ម៉ូដ​របស់​វា ក្រុម​វិស្វករ​បាន​សម្រិតសម្រាំង​តួ​គ្រោង​ជា​ប្រភេទ​រថយន្ត​ស្ព័​រ 2 ដែល​បំពាក់​ម៉ាស៊ីន​នៅ​ចំពាក់​កណ្តាល​នៃ​តួ​គ្រោង​រថយន្ត​ផ្នែក​ខាងក្រោយ។ រថយន្ត​នេះ​មាន​កម្លាំង 3.8 លីត្រ ប្រភេទ Turbo ភ្លោះ ម៉ាស៊ីន V8 ដែល​ផ្តល់​កម្លាំង​ថាមពល 890 សេះ និង​កម្លាំង​រមួល 978 ញូវតុន​ម៉ែត្រ ហើយ​មាន​ល្បឿន​ជាន់​ពី 0-100 kmh ប្រើពេល​ត្រឹមតែ2.8 វិនាទី​ប៉ុណ្ណោះ ។ តែ​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​នោះ​គឺ កម្ពុជា​ជា​ប្រទេសមួយ​ក្នុងចំណោម​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក ដូចជា​តំបន់​អាមេរិក  អាស៊ី​ប៉ាស៊ីហ្វិក និង​មជ្ឈិមបូព៌ា ដែលមាន​វត្ថ​មាន​រថយន្ត​ប្រភេទ​នេះដែរ ខណៈ​ក្រុមហ៊ុន​ផលិតឡើង​មាន​ចំនួន​កំណត់​ត្រឹមតែ 375 គ្រឿង​ប៉ុណ្ណោះ៕

    ចុចអានអត្ថបទ៖ WoW! ក្នុង​តំបន់អាស៊ាន មាន​រថយន្ត​នេះ​តែមួយ​គ្រឿង​គត់ គឺ​ក្នុងស្រុក​ខ្មែរ


    McLaren 720S 

  • ចង់ដឹង​ទេ! កម្ពុជា​នាំ​ទំនិញ​អ្វី​ខ្លះទៅ​អាមេរិក ហើយ​អាមេរិក​នាំ​ទំនិញ​អ្វី​ខ្លះមក​កម្ពុជា​វិញ?

    ចង់ដឹង​ទេ! កម្ពុជា​នាំ​ទំនិញ​អ្វី​ខ្លះទៅ​អាមេរិក ហើយ​អាមេរិក​នាំ​ទំនិញ​អ្វី​ខ្លះមក​កម្ពុជា​វិញ?

    ភ្នំពេញ៖ ទំហំ​ពាណិជ្ជកម្ម​នាំចេញ​នាំចូល​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល6ខែ ឆមាស​ទី1ដើមឆ្នាំ 2017កន្លងមក​មានតម្លៃរ​ហូត​ដល់ 1.54ពាន់​លាន​ដុល្លារ ដោយបាន​កើនឡើង​ប្រមាណ​ជា14% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2016។ ចំណែក​នៅក្នុង​រយៈពេល​ពេញ​មួយឆ្នាំ2016 ទំហំ​ពាណិជ្ជកម្ម​មាន​ចំនួន 3.2 ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ថ​យ​ចុះ 7,32% ក្នុង​ឆ្នាំ 2015

    យោងតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជាៈ ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​របស់​សហរដ្ឋ​អាមេរិក​ក្នុង​កម្ពុ​ជាមាន​ចំនួន​ប្រហែល 14,557,672 ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ 2014។ សហរដ្ឋអាមេរិក គឺជា​ទីផ្សារ​ធំ​បំផុត​ទី2របស់​ប្រទេស​កម្ពុជា​សម្រាប់​ការនាំចេញ​សម្លៀកបំពាក់ ស្បែកជើង វាយ​ន​ភណ្ឌ អង្ករ គ្រឿងសង្ហារិម សម្ភារ​ក្មេង​លេង ជ័រ កៅស៊ូ ផលិតផល​ធញ្ញជាតិ សេ​រ៉ា​មិ​ក ឈើ និង​សត្វ​នៅរស់ និង​ចំណី​សត្វ​ជាដើម។

    របាយការណ៍​ដដែល​បាន​បង្ហាញថា ការនាំចេញ​ចម្បង​រប​ស់​សហរដ្ឋអាមេរិក​ម​ក​កាន់​ប្រទេស​កម្ពុជា​មានដូចជា យានយន្ត គ្រឿង​ម៉ាស៊ីន ឧបករណ៍​វេជ្ជសាស្ត្រ និង​អគ្គិសនី វាយ​ន​ភណ្ឌ ក្រដាស ផ្លែឈើ និង​ធញ្ញជាតិ​ជាដើម។ កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​វិនិយោគ និង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី 14 ខែកក្កដា ឆ្នាំ2006 គឺជា​កិច្ចសន្ទនា​ទ្វេភាគី​សំខាន់​រវាង​រដ្ឋាភិបាល​ទាំងពីរ ដើម្បី​ពិភាក្សា​អំពី​ការអនុវត្ត​កិច្ចសន្យា​ទាំងនោះ និង​បញ្ហា​ទាក់ទង​នឹង​ការវិនិយោគ និង​ពាណិជ្ជកម្មផ្សេងៗទៀត។

    ដើម្បី​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់តែ​ប្រសើរឡើង កាលពី08 សីហា​កន្លងទៅនេះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​ដឹកនាំ​ប្រតិភូ​ជួបពិភាក្សា​ជាមួយ​ឧបការី​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក លោកស្រី Barbara Weisel នៅ​សហរដ្ឋអាមេរិក ដើម្បី​ពិភាក្សា​អំពី​សកម្មភាព​យុទ្ធសាស្ត្រ​ក្រោម​រដ្ឋបាល​ថ្មី​ដើម្បី​ពង្រីក និង​ធ្វើឱ្យ​ស៊ីជម្រៅ​នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​រវាង​ប្រទេស​ទាំង2។ ហើយ​អាមេរិក​សន្យាថា នឹង​ជួយ​ពង្រឹង​ការងារ​ពាណិជ្ជកម្ម​កម្ពុ​ជា​ឱ្យមាន​ភាពប្រសើរឡើង ដោយ​គណៈប្រតិភូ​កម្ពុជា និង​សហរដ្ឋអាមេរិក​បាន​ពិនិត្យឡើងវិញ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​នាពេល​បច្ចុប្បន្ន​របស់​ប្រទេស​កម្ពុជា ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​កិច្ច​សម្រួល​ពាណិជ្ជកម្ម ការងារ​និង​ពលកម្ម ការការពារ​កម្មសិទ្ធិ​បញ្ញា និង​បង្កើន​ការទាក់ទាញ និង​ការប្រកួតប្រជែង​ពាណិជ្ជកម្ម​ក្នុង​វិស័យ​តែមួយ និង​បរិយាកាស​វិនិយោគ៕

  • កម្ពុជា​ពង្រីក​ការចាយ​ប្រាក់រៀល​ទៅដល់​ប្រទេស​ចិន​ជា​លើកដំបូង

    កម្ពុជា​ពង្រីក​ការចាយ​ប្រាក់រៀល​ទៅដល់​ប្រទេស​ចិន​ជា​លើកដំបូង

    ភ្នំពេញ៖ បច្ចុប្បន្ន​គេ​សង្កេតឃើញថា រូបិយប័ណ្ណ​បរទេស​កំពុង​ចរាចរ​យ៉ាង​ផុលផុស​នៅលើ​ទីផ្សារ​កម្ពុជាពិសេស​នៅតាម​ព្រំដែន​ថៃ​គេ​និយម​ចាយលុយ​បាត ហើយ​នៅតាម​ព្រំដែន​វៀតណាម​គេ​និយម​ចាយលុយ​ដុង​ទៀតផងដែល​ធ្វើឱ្យ​ប្រាក់រៀល​ខ្មែរ​កាន់តែ​ថយឥទ្ធិពលប៉ុន្តែ​យ៉ាងណាក្តី​បច្ចុប្បន្ន​ប្រាក់រៀល​ខ្មែរ​ដែលជា​រូបិយវត្ថុ​ជាតិ​បាន​ពង្រីក​ខ្លួន​ទៅដល់​ប្រទេស​ចិន​ហើយ។ ថ្មីៗនេះ​លោកស្រី Yang Zhengdong អគ្គនាយិកា​រង​សាខា​ធនាគារកណ្តាល​ចិន​បាន​ដឹកនាំ​ប្រតិភូ​មក​ធ្វើ​ទស្ស​កិច្ច​នៅ​កម្ពុជា និង​ពិភាក្សា​ការងារ​ជាមួយ​លោកជំទាវ ជា សី​រី អគ្គនាយិកា​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រុមការងារ​ដោយបាន​ព្រមព្រៀង​លើ​ទំនាក់ទំនង​ហិរញ្ញវត្ថុ​មួយចំនួន​ក្នុងការ​លើកកម្ពស់​ប្រាក់រៀល និង​ប្រាក់​យ័ន​រួមគ្នា។

    កិច្ច​ពិភាក្សាបាន​ឈានដល់​ការឯកភាព​គ្នា​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ហិរញ្ញវត្ថុ​ទ្វេភាគី​លើ​ចំណុចសំខាន់ៗដូចជា៖ 1.ការប្រើប្រាស់​រូបិយវត្ថុ​ក្នុងស្រុក​ក្នុងការ​វិនិយោគ និង​ពាណិជ្ជកម្ម​ទ្វេភាគី។ 2.ការដាក់​ដំណើរការ​ជួញដូរ​ប្រាក់រៀល និង​ប្រាក់​យ័ន​ចិន​ក្នុង​ទីផ្សារ​អន្តរ​ធនាគារ​ក្នុង​តំបន់​ខេត្ត Guangxi។ 3.ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ក្នុងការ​ស៊ើបអង្កេត​ឥណទាន និង4.ការផ្លាស់ប្តូរ​លទ្ធផល​វិភាគ និង​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការលាង​សម្អាត​លុយ​ឆ្លង​ប្រទេស។

    លោកជំទាវ​មានប្រសាសន៍ថា នេះ​គឺជា​កិច្ចប្រជុំ​លើក​ទី3ហើយ​បន្ទាប់ពី​ក្រុមការងារ​ធនាគារជាតិ​នៃ​កម្ពុជា និង​សាខា​ធនាគារកណ្តាល​ចិន ខេត្ត Guangxi បាន​សិក្សា​ពី​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​ខាងលើជាពិសេស​ការជំរុញ​ការប្រើប្រាស់​ប្រាក់​យ័ន​ចិន និង​ប្រាក់រៀល​ខ្មែរ​ក្នុង​ប្រតិបត្តិការ​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី។

    គួរ​បញ្ជាក់ថា ធនាគារកណ្តាល​ចិន​ខេត្ត Guangxi បាន​ជំរុញ​ការប្រើប្រាស់​រូបិយវត្ថុ​ក្នុង​ប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​ប្រទេស​កា​ហ្សា​ក់​ស្ថាន និង​វៀតណាម ជាដើម។ បច្ចុប្បន្នធនាគារជាតិ​នៃ​កម្ពុជា​បានដាក់​ផ្សាយ​អត្រា​ប្តូរ​ប្រាក់រៀល-យ័ន​នៅលើ​គេហទំព័រ​របស់ខ្លួន​រួចហើយហើយ​នាពេលខាងមុខ​ដ៏​ខ្លី ធនាគារកណ្តាល​ចិន ខេត្ត Guangxi ក៏​នឹងដាក់​ផ្សាយ​អត្រា​ប្តូរប្រាក់​យ័ន-រៀល​នៅលើ​ទីផ្សារ​អន្តរ​ធនាគារ​របស់ខ្លួន​ដែរ។ គួរ​បញ្ជាក់ថា ធនាគារកណ្តាល​ចិន​គ្រោង​នឹង​ប្រារព្ធ​ពិធី​ដាក់​ផ្សព្វផ្សាយ​អត្រា​ប្តូរប្រាក់​យ័ន-រៀល​នេះ​នៅ​ខែកញ្ញាឆ្នាំ2017ខាងមុខ។ ការដាក់​ផ្សាយ​អត្រា​ប្តូរប្រាក់​ធ្វើឡើង​ក្នុង​គោលបំណង​ផ្តល់​ជម្រើស​ដល់​គ្រឹះស្ថាន​ធនាគារ​ចិនវិនិយោគិន ពាណិជ្ជករឬ​ទេសចរ​ចិន​អាច​ទទួលបាន​ប្រាក់រៀល​នៅក្នុង​ទីផ្សារ​អន្តរ​ធនាគារ​ចិន​ដែល​នេះ​គឺជា​ការផ្តល់​តម្លៃ​ដល់​ប្រាក់រៀល​លើ​ឆាកអន្តរជាតិ​ថែមទៀត៕

  • ស្រា​បៀរ​អាន់​ឆ័​រ​ប្រគល់​រង្វាន់​លើក​ទី 3 រដូវ​កាល​ថ្មី​ជូន​គូ​ស្វាមីភរិយា​ថ្មីក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ​អាន់​ឆ័​រ​ឆ្នាំ 2017

    ស្រា​បៀរ​អាន់​ឆ័​រ​ប្រគល់​រង្វាន់​លើក​ទី 3 រដូវ​កាល​ថ្មី​ជូន​គូ​ស្វាមីភរិយា​ថ្មីក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ​អាន់​ឆ័​រ​ឆ្នាំ 2017

    ស្ថិតនៅក្នុង​បន្ទប់ Show room នៅក្នុង​រោងចក្រ​ផលិត​ស្រា​បៀរ​កម្ពុជា (CBL) កាលពី​រសៀល​ថ្ងៃទី10 ខែសីហា ម្សិលមិញ​នេះ ស្រា​បៀរ​អាន់​ឆ័​រ​បានរៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​លើក​ទី 3 សម្រាប់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បានឈ្នះ​ពី​កម្មវិធី​ចាប់​រង្វាន់​កាលពី​ថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2017 នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zone។ កម្មវិធី​ពិសេស​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​គ្រប់គ្រង​ក្រុមហ៊ុន ភ្ញៀវកិត្តិយស  ស្វាមីភរិយា​ថ្មី​ចំនួន 36 គូ និង​អ្នកសារព័ត៌មាន​មកពី​ច្រើន​ស្ថាប័ន ។

    នៅក្នុង​ឱកាស​នោះ ថ្នាក់​គ្រប់គ្រង​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​ដោយមាន​ប្រសាសន៍ថា កម្មវិធី​ប្រគល់​រង្វាន់​លើក​ទី 3 នេះ​បាន​រៀបចំឡើង​ក្នុង​គោលបំណង​ថ្លែងអំណរគុណ​ជាពិសេស និង​ដ៏​ជ្រាលជ្រៅ ព្រមទាំង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន ហើយ​ជា​សក្ខីភាព នៅថ្ងៃនេះ​យើង​បានប្រគល់​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​នៅ ឆ្នេរ​ឋាន​សួ​គ៏ Krabi ជូន​គូ​ស្វាមីភរិយា​ថ្មី​ចំនួន 15គូ ទូរទស្សន៍ Smart TV 55អ៊ី​ញ ជូន​គូ​ស្វាមីភរិយា​ថ្មី​ចំនួន 11គូ និង កា​ម៉េ​រា Sony Alpha ជូន​គូ​ស្វាមីភរិយា​ថ្មី​ចំនួន 10 គូ ។


    គួរ​បញ្ជាក់ថា ស្រា​បៀរ អាន់​ឆ័​រ ពិតជា​ស្រា​បៀរ​លំដាប់ថ្នាក់​អន្តរជាតិ​ដែល​ឈ្នះ​ពាន់រង្វាន់​ផ្នែក​គុណ​ភាពជា​បន្តបន្ទាប់​សរុប​ជាង 30 មេដាយ ជាពិសេស​ជា​ស្រា​បៀរ​ពេញនិយម​បំផុត​សម្រាប់​យុវវ័យ​សម័យថ្មី មាន​រសជាតិ​ស្រទន់​លើសគេ ផ្តល់នូវ​អារម្មណ៍ រីករាយ ដែល​ស័ក្តិសម​បំផុត​សម្រាប់​ទទួលភ្ញៀវ​កិត្តិយស ក្នុង​ពិធី​អាពាហ៍ពិពាហ៍ ថែមទាំង​មានកម្ម​វិធី​ផ្តល់ជូន​រង្វាន់​ដ៏​សន្ធឹកសន្ធាប់​សម្រាប់​អតិថិជន​របស់ខ្លួន។ សម្រាប់​ឆ្នាំ 2017 នេះ អតិថិជន​ដែល​ជាវ​ស្រា​បៀរ​អាន​ឆ័​រ កំប៉ុង ឬ ដប​ចាប់ពី 20 ឡើង ទទួលបាន​សៀវភៅ​កត់​ចំណងដៃ ប៊ិច កាបូប និង​ប័ណ្ណ​ផ្សងសំណាង​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ឆ្នេរ​ឋានសួគ៌ Krabi   ទូរទស្សន៍​ម៉ាក Sony Android ទំហំ 55 អ៊ី​ញ និង​កា​ម៉េ​រា​ម៉ាក Sony ជាច្រើន​រង្វាន់។ ជាពិសេស​រាល់​ការ​ជាវ​ចាប់ពី 120 កេស​ឡើង នឹង​ទទួលបាន​កញ្ចប់​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ខេត្ត​ព្រះសីហនុ​រយៈពេល 2 ថ្ងៃ 1យប់។ ការផ្តល់ជូន​នេះ​សម្រាប់តែ​គូ​ស្វាមីភរិយា 1000 គូ​ដំបូង​ប៉ុណ្ណោះ។

    ចំពោះ​គូ​ស្វាមីភរិយា​ថ្មី ដែល​មិនមាន​សំណាង​ឈ្នះ​រង្វាន់​ពី​កម្មវិធី​ពិសេស សូមកុំ​ទាន់​អស់សង្ឃឹម​នៅ​មានការ​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​នៅ ថ្ងៃទី 15 តុលា 2017 ខាងមុខនេះ។

    សូម​ទទួលយក​ភាពសប្បាយ​រីករាយ​ពិតប្រាកដ​ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​ជាមួយ​រសជាតិ​ស្រទន់​នៃ​ស្រ​បៀរ​អាន់​ឆ័​រ ព្រមទាំង​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ឆ្នេរ​ឋានសួគ៌ Krabi រហូតដល់ 60 គូ។  រីករាយ​ស្រស់ថ្លា ចាប់ផ្តើម​ជាមួយ​ស្រា​បៀរ អាន់​ឆ័​រ!  ពិសា​ដោយ​ការទទួលខុសត្រូវ៕

  • ដឹង​ទេ​ថា ប៉ុន្មាន​ថ្ងៃនេះ​កម្ពុជា​ទទួលបាន​កាដូ​អ្វីខ្លះ​ពី​ជប៉ុន?

    ដឹង​ទេ​ថា ប៉ុន្មាន​ថ្ងៃនេះ​កម្ពុជា​ទទួលបាន​កាដូ​អ្វីខ្លះ​ពី​ជប៉ុន?

    ភ្នំពេញ – ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ទៅកាន់​ប្រទេស​ជប៉ុន​នា​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ត្រូវបាន​ប្រជាជន​កម្ពុជា​ក៏ដូចជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មានការ​ចាប់អារម្មណ៍​ជាខ្លាំង​ទៅលើ​សកម្មភាព​នៃ​ជំនួប​រវាង​ប្រមុខ​ប្រទេស​ទាំងពីរ ថា​តើ​អាចមាន​ផល​វិជ្ជមាន​អ្វីខ្លះ​ដល់​កម្ពុជា​យើង?

    តាមរយៈ​បណ្ដាញ​ផ្សព្វផ្សាយ​ជាច្រើន​នៅក្នុង​ស្រុក​បានបង្ហាញ​ពី​សកម្មភាព​នៃ​កិច្ច​ខំប្រឹងប្រែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ការស្នើ​ប្រទេស​ជប៉ុន​ឱ្យជួយ​បន្ថែម​មកលើ​កម្ពុជា។ តើ​ជប៉ុន​បានផ្ដល់​កាដូ​អ្វីខ្លះ​ដល់​កម្ពុជា?  ក្នុងជំនួប​រវាង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​នាយករដ្ឋមន្ដ្រី​ជប៉ុន Shinzo Abe ធ្វើឱ្យ​កម្ពុជា​ទទួលបាន៖

    1. ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​មាន​ទឹកប្រាក់​សរុប​ចំនួន 3,948លាន​យ៉េន (ប្រមាណ35លាន​ដុល្លារ​អាមេរិក) សម្រាប់​អនុវត្ដ​គម្រោងការ​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​នូវ​ប្រព័ន្ធ​ការពារ​ទឹកជំនន់​ក្នុង​រាជធានី​ភ្នំពេញ​ក្នុងតំណាក់កាល​ទី4។
    2. ការផ្ដល់​ឥណទាន​សម្បទា​ន​ចំនួន 35,502លាន​យ៉េន (ប្រមាណ209 លាន​ដុល្លារ​អាមេរិក) សម្រាប់​អនុវត្ដ​លើ​គម្រោង​អភិវឌ្ឍន៍​ចំណត​កុង​ផែ​កុងតឺន័រ​ថ្មី​របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ។
    3. នៅ​ខែមករា ឆ្នាំ2018 ខាងមុខនេះ​ជប៉ុន​នឹង​បើក​ការិយាល័យ​កុងស៊ុល​នៅ​ខេត្ដ​សៀមរាប​ដែល​នឹង​បង្ក​ភាពងាយស្រួល​ដល់​វិនិយោគិន និង​ទេសចរ​ជប៉ុន​ទៅ​ទស្សនកិច្ច​នៅ​ខេត្ដ​សៀមរាប។
    4. នាយករដ្ឋមន្ដ្រី Shinzo Abe នឹង​បន្ដ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កើនឡើង​ជាង2,000លាន​ដុល្លារ​អាមេរិក។ ពិសេស​បាន​សន្យាថា នឹង​ជួយ​ដល់​កម្ពុជា​ឱ្យ​កា្ល​យ​ទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ2030។
    5. រដ្ឋាភិបាល​ជប៉ុន​បានប្រកាស​នឹង​ផ្ដល់​កប៉ាល់​ប្រដេញ2គ្រឿង​ឱ្យ​គយ និង​រដ្ឋាករ​កម្ពុជា ដើម្បី​រូ​ម​ចំណែក​ពង្រឹង​ការប្រឆាំង​អំពើ​រត់ពន្ធ​នៅលើ​ផ្ទៃសមុទ្រ​កម្ពុជា។
    6. ជប៉ុន​នឹង​ជួយ​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស​សម្រាប់​ប​ម្រើ​ក្នុង​វិស័យ​ឧស្សាហកម្ម។
    7. ជប៉ុន​នឹងសិក្សា​គម្រោង​រថភ្លើង​ធុន​ស្រាល​ស្វ័យ​ប្រ​វ​ត្ដិ​លើ​អាកាស​នៅក្នុង​រាជធានី​ភ្នំពេញ​ដែល​នឹង​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ គ្រោះថ្នាក់​ចរាចរណ៍ និង​ទាក់ទាញ​ភ្ញៀវ​ទេ​ចរណ៍។
    8. ជប៉ុន​នឹង​ពិភាក្សា​ជាមួយ​ប្រទេស​បារាំង​ដែលជា​សហប្រធាន​សហ​ប្រតិ​ប​ត្ដិ​ការ​អន្ដរជាតិ​សម្រាប់​ប្រាសាទ​អង្គរវត្ដ ហៅ​កាត់​ថា ICC អង្គរ និង​អង្គការ​យូណេស្កូ ដើម្បី​ពង្រីក​ដែន​សមត្ថកិច្ច ICC អង្គរ​គ្រប់​ដណ្ដប់​លើ​ប្រាសាទសំបូរព្រៃគុក​ផងដែរ។
    9. អ្វីដែល​ប្រជាជន​កម្ពុជា​កំពុងតែ​រំពឹង​បន្ថែមទៀត​នោះ គឺ​ក្រោយពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ទៅកាន់​រោងចក្រ​កែច្នៃ​សំរាម​នៅ​ប្រទេស​ជប៉ុន​រួចមក ភាគី​ជប៉ុន​នឹង​ផ្ដល់ជំនួយ​មកដល់​កម្ពុ​ជា​បន្ថែម​នូវ​អគារ​កម្ពស់6ជាន់​ដើម្បី​កែច្នៃ​សំរាម​នៅក្នុង​ទីក្រុង​ភ្នំពេញ​ទៅជា​ជី និង​ថាមពល​អគ្គិសនី​បន្ថែមទៀត៕