Author: វល័ក្ខ

  • ពិតជា​រំភើប​ណាស់! កម្មវិធី​ស្វែងរក​តាម​ការបញ្ជា​ដោយ​សំឡេង​ជា​ភាសា​ខ្មែរ​របស់ Google អាច​ប្រើ​បាន​ហើយ 

    ពិតជា​រំភើប​ណាស់! កម្មវិធី​ស្វែងរក​តាម​ការបញ្ជា​ដោយ​សំឡេង​ជា​ភាសា​ខ្មែរ​របស់ Google អាច​ប្រើ​បាន​ហើយ 

    ពិតជា​រំភើប និង​មាន​មោទនភាព​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ដោយ​ពេលនេះ​ក្រុមហ៊ុន Google បានសម្រេច​ដាក់បញ្ចូល​ភាសា​ខ្មែរ​ទៅក្នុង​កម្មវិធី​ស្វែងរក​ជា​សំឡេង ( Google Voice Search ) ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ខណៈ​កន្លងមក​យើង​អាច​ប្រើ​បានតែ​ជា​ភាសា​អង់គ្លេស និង​ភាសា​មួយចំនួនទៀត​ប៉ុណ្ណោះ។

    ការដាក់បញ្ចូល​នេះ ដើម្បី​សម្រួល​ដល់​ការស្វែងរក​ឱ្យ​កាន់តែ​ងាយ​ស្រល​ជាង​មុន ដែល​វា​នឹង​បន្ថែម​ល្បឿន​ដល់​អ្នកប្រើប្រាស់​បាន​កាន់​តែ​លឿន​ជាង​មុន 3 ដង ជាពិសេស​សម្រាប់​អ្នក​ដែល​ពិបាក​ក្នុង​វាយ​អក្ស អាចធ្វើ​បាន​ដោយ​គ្រាន់តែ​ចុច​លើ​រូប Microphone ប៉ុណ្ណោះ។ មុខងារ​មួយ​នេះ ប្រិយមិត្ត​អាច​ប្រើ​បាន​លើ​ក្ដារ​ចុច​ចំនួន 2 របស់ Google គឺ Google’s keyboard និង Gboard។

    ក្រៅតែពី​ភាសា​ខ្មែរ ក៏មាន 30 ភាសា​ទៀត​ដែរ​ដែល​ត្រូវ​បានដាក់​ឱ្យប្រើ ក្នុងនោះ​រួមមាន Amharic (Ethiopia), Armenian (Armenia), Azerbaijani (Azerbaijani), Bengali (Bangladesh, India), English (Ghana, Kenya, Nigeria, Tanzania), Georgian (Georgia), Gujarati (India), Javanese (Indonesia), Kannada (India), Lao (Laos), Latvian (Latvia), Malayalam (India), Marathi (India), Nepali (Nepal), Sinhala (Sri Lanka), Sundanese (Indonesia), Swahili (Tanzania, Kenya), Tamil (India, Singapore, Sri Lanka, Malaysia), Telugu (India) និង Urdu (Pakistan, India) ជាដើម។ល។ ក្នុងនោះ បើ​គិត​ជា​សរុប​ក្រុមហ៊ុន Google បានដាក់​មុខងារ​នេះ​ឱ្យប្រើ​បាន​ចំនួន 119 ភាសា​ហើយ​ទូទាំង​ពិភពលោក។

    ដូច្នេះ​តោះ! យើង​សាកល្បង​ប្រើ​ទាំងអស់គ្នា​ទៅ​មើល៍ ថា​តើ​វា​ងាយស្រួល​ប្រើ​កម្រិតណា?៕

  • លោក សោម សម្បត្តិ៖ មនុស្ស​ត្រូវការ​សន្សំ4យ៉ាង​ដើម្បី​មាន​សុភមង្គល

    លោក សោម សម្បត្តិ៖ មនុស្ស​ត្រូវការ​សន្សំ4យ៉ាង​ដើម្បី​មាន​សុភមង្គល

    មាន​សុភមង្គល​ក្នុង​ជីវិត ជា​រឿង​ដែល​មនុស្ស​គ្រប់គ្នា​ចង់បាន តែ​មនុស្ស​ជាច្រើន​មិនអាច​រកឃើញ​សុភមង្គល​បាន​ទាំង​ក្នុង​ជីវិត សិក្សា ការងារ អាជីវកម្ម និង​ជីវិត​គ្រួសារ។ តាមពិតទៅ សុភមង្គល មិនមែន​សម្រាប់​ស្វែងរក​នោះទេ គឺ​វា​ទាមទារ​ឱ្យ​ខ្លួន​យើងម្នាក់ៗត្រូវបង្កើត​វា​ដោយ​ខ្លួនឯង ហើយ​ការ​រៀបចំខ្លួន​ឱ្យមាន​សុភមង្គល​ក៏​ត្រូវមាន​វិធីសាស្ត្រ​ឆ្លាត​វៃ​មួយចំនួន​សម្រាប់​អនុវត្ត។

    អគ្គនាយក​ក្រុមហ៊ុន​ថ្នាំ​ពណ៌​ជាតិ Cam-Paint លោក សោម សម្បត្តិ បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្តីពី «អាថ៌កំបាំង​កសាង​គ្រួសារ​ដ៏​មាន​សុភមង្គល» ថា សុភមង្គល ជា​ភាសា​អង់គ្លេស​ថា Happiness គឺ​មានន័យថា​លើ​ពី​ការសប្បាយ។ មនុស្ស​គ្រប់គ្នា​សុទ្ធតែ​មានបំណង​ចង់បាន​សុភមង្គល ហើយ​សុទ្ធតែ​អាចបង្កើត​សុភមង្គល​បាន​សម្រាប់​ខ្លួនឯង គ្រាន់តែ​មិនទាន់​ដឹង​ពី​វិធី​ដើម្បី​ទទួលបាន​សុភមង្គល​តែប៉ុណ្ណោះ។ ដើម្បី​ទទួលបាន​សុភមង្គល​ក្នុង​ជីវិត យើង​ត្រូវ​សន្សំ 4 យ៉ាង គឺ​សន្សំ​ចំណេះដឹង សន្សំ​ពេលវេលា សន្សំ​សុខភាព និង​សន្សំ​លុយ។

    លោក សោម សម្បត្តិ បាន​និយាយថា៖ «ចំណេះដឹង​សំខាន់​ណាស់​សម្រាប់​មនុស្ស ព្រោះថា​ជីវិត​អាច​ជោគជ័យ​ទៅបាន​លុះត្រាតែ​យើង​មានចំណេះ​សម្រាប់​ដោះស្រាយ​បញ្ហា មានចំណេះដឹង​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវិត និង​ក្នុងសង្គម»។

    សហគ្រិន​ជោគជ័យ​ខាងលើ​បានលើកឡើង​ផងដែរ​ថា ចំណេះដឹង​គឺ​មិន​ប្រាកដថា​ត្រូវ​រៀន​តែ​ក្នុង​សាលា​នោះទេ យើង​អាច​ស្វែងរក​ចំណេះ​ដឹងបាន​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង​វិស័យ​ការងារ និង​ពី​ផ្នែកផ្សេងៗទៀត​ក្នុង​ការរស់នៅ។ ទន្ទឹមនឹងនេះ ពេលវេលា​ក៏​សំខាន់​ណាស់ដែរ​សម្រាប់​មនុស្ស ព្រោះ​ថាបើ​យើង​មិនចេះ​គ្រប់គ្រង​ពេលវេលា​ឱ្យបាន​ល្អ​ទេនោះ យើង​នឹង​ចាយ​ជីវិត​ចោល​ដោយ​មិនបាន​ធ្វើ​រឿង​ដែលមាន​ប្រយោជន៍​សម្រាប់​ជីវិត​នោះទេ។ ការគ្រប់គ្រង​ពេលវេលា​បានល្អ វា​អាចធ្វើឱ្យ​យើង​ទទួលបាន​ការអភិវឌ្ឍ​ក្នុងពេល​ដ៏​សមប្រកប ដែល​វា​រុញច្រាន​ឱ្យ​ជីវិត​ទទួលបាន​ជោគជ័យ​រួមទាំង​មាន​សុភមង្គល​ក្នុង​គ្រួសារ​ថែមទៀត​ផង។

    ក្រៅពីនេះ សុខភាព ក៏​ជា​រឿង​ចម្បង​មួយ​ដែរ​សម្រាប់​សុភមង្គល។ បើ​សុខ​ភាពមិន​រឹងមាំ យើង​ក៏​គ្មាន​កម្លាំង​ឯណា​ទៅយក​ឈ្នះ​បញ្ហា​នានា​នោះទេ ហើយ​បើ​យើង​មិនអាច​ឈ្នះ​លើ​អាជីវកម្ម ឬ​មិនអាច​ឈ្នះ​លើ​ការតាំង​ចិត្ត​របស់​យើង​នោះទេ យើង​ក៏​មិនអាច​ទទួលបាន​សុភមង្គល​នោះដែរ។ អ្វីដែល​សំខាន់​គឺ​រក្សា​សុខភាព​ឱ្យបាន​ល្អ​សម្រាប់​អភិវឌ្ឍ​លើ​វិស័យ​ការងារ និង​ផ្តល់​ភាពកក់ក្តៅ​ដល់​ក្រុមគ្រួសារ។ ចំណុច​សំខាន់​ចុងក្រោយ គឺំ​មនុស្ស​គ្រប់គ្នា​ត្រូវ​សន្សំ​ថវិកា ធ្វើយ៉ាងណា​ឱ្យមាន​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ។ ជាការ​ពិតណាស់​លុយ​មិនមែនជា​ធាតុ​គ្រប់យ៉ាង​របស់​សុភមង្គល​នោះទេ តែ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​បានល្អ គឺជា​ធាតុ​សំខាន់​មួយ​ដើម្បី​កសាង​សុភមង្គល។ លោក​បានបញ្ជាក់​ផងដែរ​ថា អ្នកមាន​គេ​ទប់​លុយ​មុននឹង​ចាយ មិនមែន​ចាយលុយ​ហើយ​បាន​រក​វិធី​ទប់​តាម​ក្រោយ​នោះទេ៕

  • Tottenham បើក​ការពិភាក្សា​ជាមួយ Ajax ជុំវិញ​ការផ្ទេរ Sanchez ក្នុងតម្លៃ​ខ្លួន40លាន​អឺ​រ៉ូ  

    Tottenham បើក​ការពិភាក្សា​ជាមួយ Ajax ជុំវិញ​ការផ្ទេរ Sanchez ក្នុងតម្លៃ​ខ្លួន40លាន​អឺ​រ៉ូ  

    ក្លិប Tottenham បាន​បើក​ការពិភាក្សា​ជាមួយនឹង​ក្លិប Ajax ជុំវិញ​ការផ្ទេរ Davinson Sanchez ខណៈដែល​លោក Mauricio Pochettino ពោរពេញ​ដោយ​ការជឿជាក់​ក្នុងការ​ចុះហត្ថលេខា​ជាមួយនឹង​រូបគេ ក្រោយពី​ខ្សែការពារ​អន្តរជាតិ​កូ​ឡុំ​ប៊ី​រូបនេះ បានបញ្ជាក់​ប្រាប់​ក្លិប​ហូ​ឡង់​របស់គេ​ថា គេ​ចង់​ផ្ទេរ​ទៅកាន់​ក្លិប Spurs។

    ក្រោយពី​បាន​លក់​ខ្សែការពារ Kyle Walker ទៅ​ឲ្យ​ក្លិប Manchester City ក្នុងតម្លៃ​ខ្លួន​មួយ​ដែល​អាច​នឹង​កើន​ដល់ 50លាន​ផោន (ស្មើនឹង 64.8លាន​ដុល្លារ​អាមេរិក) លោក Pochettino បាន​ស្វែងរក​កីឡាករ​ដែល​ត្រូវ​ជំនួស​ក្នុង​ក្រុម​របស់លោក និង​បានកំណត់​យក​កីឡាករ​វ័យ 21ឆ្នាំ​រូបនេះ​ ជា​កីឡាករ​ដ៏​ស័ក្តិសម​ក្នុងការ​ចាប់​ដៃគូ​ជាមួយនឹង Toby Alderweireld និង Jan Vertonghen ក្នុង​តំបន់​ការពារ​ទាំង3។ កាលពី​ចុង​សប្តាហ៍​មុន ក្លិប Tottenham បានរៀបចំ​ការពិភាក្សា​តំណាក់កាល​ទី1ជាមួយនឹង​ក្លិប Ajax ដែល​បាន​ទិញ Sanchez ពី​ក្លិប Atletico Nacional របស់​កូ​ឡុំ​ប៊ី​ក្នុងតម្លៃ​ខ្លួន 5លាន​អឺរ៉ូ កាលពី​រដូវក្តៅ​មុន បើទោះបីជា​ក្លិប​របស់​ហូ​ឡង់​មួយ​នេះ​បាន​បញ្ជាក់ថា រូបគេ​មិនមែន​សម្រាប់​លក់​ក៏ដោយ។ ប៉ុន្តែ ទោះបីជា​យ៉ាងណា ស្រប​ពេលដែល Sanchez ត្រូវបាន​គេ​យល់ឃើញថា បាន​ស្ថិតក្នុង​ការចាប់អារម្មណ៍​ពី​សំណាក់​លោក Pochettino ក្រោយពី​ជួប​រដូវ​កាល​ដ៏​ជោគជ័យ​មួយ​នៅឯ​ក្លិប Ajax ក្រោយពី​បាន​ជួយ​ឲ្យ​ក្រុម​របស់ខ្លួន​ឈានទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Europa League ប្រភព​ជិតដិត​ជាមួយនឹង​កីឡាករ​រូបនេះ បាន​ទទួលស្គាល់ថា រូបគេ​ពិតជា​ចង់​ផ្ទេរ​ទៅកាន់​ក្លិប Spurs បើទោះបី​ទទួលបាន​ការចាប់អារម្មណ៍​ពី Chelsea ក៏ដោយ។

    មន្ត្រី​របស់ Tottenham ត្រូវបាន​គេ​ជឿជាក់ថា បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Amsterdam កាលពី​ថ្ងៃ​ចន្ទ ដើម្បី​បន្តធ្វើ​ការចរចាផ្សេងៗ ខណៈដែល Ajax ចង់បាន​តម្លៃ​ខ្លួន40លាន​អឺរ៉ូ (ស្មើនឹង 47លាន​ដុល្លារ​អាមេរិក) ដោយសារតែ Sanchez នៅជាប់​កិច្ចសន្យា​រយៈពេល 4ឆ្នាំ​ទៀត៕

    ប្រភពពី៖ The Guardian

  • កម្ពុជា និង​បង់​ក្លា​ដែ​ស​ឈានដល់​ការព្រមព្រៀង​នាំ​អង្ករ​ចេញ​ក្នុងតំណាក់កាល​ទី1

    កម្ពុជា និង​បង់​ក្លា​ដែ​ស​ឈានដល់​ការព្រមព្រៀង​នាំ​អង្ករ​ចេញ​ក្នុងតំណាក់កាល​ទី1

    ភ្នំពេញ៖ នៅ​ដើម​សប្តាហ៍​នេះ គណៈប្រតិភូ​ក្រសួងពាណិជ្ជកម្ម​ដែលមាន​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ ជា​សេនាធិការ និង​សហការ​ជាមួយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​អញ្ជើញ​ទៅ​ប្រទេស​បង់​ក្លា​ដែ​ស​ដើម្បី​ធ្វើការ​ពិភាក្សា​លម្អិត​ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម​អង្ករ​ជាមួយ​គណៈប្រតិភូ​អន្តរក្រសួង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដែ​ស។

    ក្រោយពី​កិច្ចពិភាក្សា​បានបញ្ចប់ ប្រទេស​បង់​ក្លា​ដែ​សបាន​យល់ព្រម​ទទួល​ទិញ​អង្ករ​ចំនួន 10% ក្នុង​បរិមាណ​ចំនួន 250,000តោន ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ទិញដូរ​នេះ​ក្រោម​ទិដ្ឋភាព​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល​ដើម្បី​ពង្រីក​ការនាំចេញ​អង្ករ​ទៅ​បរទេស​ក៏ដូចជា​អនុវត្ត​នូវ​គោលនយោបាយ​នាំចេញ​អង្ករ​របស់​រាជរដ្ឋាភិបាល​ឱ្យបាន1លាន​តោន។

    គួរ​រំឭក​ដែរ​ថា កាលពី​ថ្ងៃទី2 ខែសីហា ឆ្នាំ2017 កន្លងទៅនេះ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​ពាណិជ្ជក​ម្ ដែលជា​សេនាធិការ​បាន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស​លើ​ការលក់​អង្ករ​ចំនួន1លាន​តោន​ក្នុង​រយៈពេល 5ឆ្នាំ (2017-2022) ក្នុង​គោលបំណង​ធ្វើ​ពិពិធ​កម្ម​ទំហំ​ពាណិជ្ជកម្ម និង​ជំរុញ​កំណើនសេដ្ឋកិច្ច ពិសេស​ធានាបាន​នូវ​ស្ថិរភាព​វិស័យ​ស្រូវ-អង្ករ​ក៏ដូចជា​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គោលនយោបាយ​នាំចេញ​អង្ករ​ឱ្យបាន1លាន​តោន​ក្នុង​មួយឆ្នាំ​របស់​រាជរដ្ឋាភិបាល៕

  • ទីផ្សារ​ភាគហ៊ុន «ទីកន្លែង​សម្រាប់​ស្វែងរក​ដើមទុន និង​វិនិយោគ»

    ទីផ្សារ​ភាគហ៊ុន «ទីកន្លែង​សម្រាប់​ស្វែងរក​ដើមទុន និង​វិនិយោគ»

    ទីផ្សារ​ភាគហ៊ុន​គឺជា​ទីកន្លែង​ជួញដូរ​ភាគហ៊ុន ឬ​ប្រព័ន្ធ​ដែល​ផ្ដល់​មធ្យោបាយ​នៃ​ការ​ធ្វើសំណើ​លក់ ផ្ទេរ ទិញ-លក់​ភាគហ៊ុន ដែល​ក្រុមហ៊ុន​បោះផ្សាយ បាន​បោះផ្សាយ​លក់​ជា​សាធារណៈ។ ភាគហ៊ុន ត្រូវបាន​ជួញដូរ​ដោយ​ការដេញថ្លៃ។ តម្លៃ​របស់​ភាគហ៊ុន​ត្រូវបាន​កំណត់ដោយ​យន្តការ​ទីផ្សារ ពោលគឺ​ការផ្គត់ផ្គង់ និង​តម្រូវការ​ក្នុង​ទីផ្សារ។ ទីផ្សារ​ភាគហ៊ុន គឺជា​សមាសភាគ​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច​ទីផ្សារសេរី​ដោយ​វា​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ទទួលបាន​នូវ​មូលធន​បន្ថែម​ដោយ​លក់​ចំណែក​នៃ​ភាពជា​ម្ចាស់​នៅក្នុង​ក្រុមហ៊ុន​ទៅឱ្យ​វិនិយោគិន។ ទីផ្សារ​ភាគហ៊ុន​អាចធ្វើឱ្យ​ចំនួន​ទឹកប្រាក់​បន្តិចបន្តួច​ក្នុងពេល​បច្ចុប្បន្ន​កើន​ចំនួន​ក្នុង​ពេលអនាគត ពោលគឺ​អាចធ្វើឱ្យ​វិនិយោគិន​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ និង​មិនចាំបាច់​ទទួលយក​ការ​ប្រឈម​ក្នុងការ​ចាប់ផ្ដើម​អាជីវកម្ម ដោយ​គ្រាន់តែ​ធ្វើការ​វិនិយោគ​ជាមួយ​ភាគហ៊ុន។

    ទីផ្សារ​ភាគហ៊ុន​អនុញ្ញាតឱ្យ​វិនិយោគិន​ចូលរួម​ដាក់ទុន​រកស៊ី​ជាមួយ​ក្រុមហ៊ុន តាមរយៈ​ភាគហ៊ុន​ដែល​ខ្លួន​កាន់កាប់។ នៅពេលដែល​ក្រុមហ៊ុន​ទទួលបាន​ប្រាក់ចំណេញ វិនិយោគិន​នឹង​ទទួលបាន​ចំណែក​នៃ​ប្រាក់ចំណេញ តាមរយៈ​ការទទួល​ភាគលាភ​ដែល​ក្រុមហ៊ុន​បែងចែក​ជូន។ វិនិយោគិន​ក៏​អាចធ្វើ​ការលក់​ភាគហ៊ុន​នៅពេលដែល​ភាគហ៊ុន​ឡើងថ្លៃ​ដើម្បី​ទទួលបាន​ប្រាក់ចំណេញ/ចំណេញ​មូលធន។ វិនិយោគិន​ក៏​អាច​ប្រឈម​នឹង​ការខាតបង់​ប្រាក់​នៅពេល​កាន់កាប់​ភាគហ៊ុន​ដែល​កំពុង​ធ្លាក់​ថ្លៃ។

    ទីផ្សារ​ភាគហ៊ុន​ត្រូវបាន​ចែកចេញជា​ពីរ​ផ្នែកសំខាន់ៗគឺ​ទីផ្សារ​ដំបូង និង​ទីផ្សារ​បន្ទាប់។ ទីផ្សារ​ដំបូង គឺជា​ដំណាក់​កាលដែល​ភាគហ៊ុន​ត្រូវបាន​បោះផ្សាយ និង​លក់​ជា​លើកដំបូង​តាមរយៈ​ការធ្វើ​សំណើ​ទិញ ឬ​ដំណើរការ​ដេញថ្លៃ​ដោយមាន​ការជួយ​សម្រួល​ពី​ក្រុមហ៊ុន​ធានា​ទិញ​មូល​ប​ត្រ។  ទីផ្សារ​បន្ទាប់ គឺជា​ដំណាក់​កាលដែល​ភាគហ៊ុន​ត្រូវបាន​ជួញដូរ​ក្នុងចំណោម​វិនិយោគិន​នៅក្នុង​ទីផ្សារ​ភាគហ៊ុន។

    ភាគហ៊ុន ត្រូវបាន​ជួញដូរ​នៅក្នុង​ទីផ្សារ​ភាគហ៊ុន​ជាច្រើន។ ជាក់ស្ដែង នៅ​សហរដ្ឋអាមេរិក​មាន​ទី​ផ្សារភាគហ៊ុន​ធំ២ គឺ ទីផ្សារ​ភាគហ៊ុន​ញូវយ៉ក (The New York Stock Exchange) ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ១៧៩២ និង​ទីផ្សារ​ភាគហ៊ុន Nasdaq ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ១៩៧។ សព្វថ្ងៃនេះ ការជួញដូរ​ភាគហ៊ុន​ភាគច្រើន​ត្រូវបានធ្វើ​ប្រតិបត្តិការ​ដោយ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច និង​សូម្បីតែ​ការ​រក្សាទុក​ភាគហ៊ុន​ទៀតសោត គឺ​ក្នុង​ទម្រង់​អេ​ឡិច​ត្រូ​និ​ច​ស្ទើរ​ទាំងអស់ ពុំមែន​ជា​ទម្រង់​រឹង​ដោយ​ប្រើ​ក្រដាស​នោះទេ។

    នៅក្នុងពេល​បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា​យើង​ក៏មាន​ផ្សារភាគហ៊ុន​មួយ​ផងដែរ ដែលមាន​ឈ្មោះ​ជា​ផ្លូវការ​ថា ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា (Cambodia Securities Exchange) ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១១ ដោយមាន​ការរួម​ទុន​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កូរ៉េ ដែលជា​ប្រតិបត្តិ​ករ​ទីផ្សារ​មូល​ប​ត្រ​ដ៏​ល្បីល្បាញ​នៅ​សាធារណរដ្ឋ​កូរ៉េ៕

    អត្ថបទ៖ ណង សេរី​វុ​ធ, មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ទីផ្សារ​មូល​ប​ត្រ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា

    ប្រភព​រូបភាព៖  Ryan Lawler, www.orlandosentinel.com

  • ស្វាគមន៍​មកកាន់​ពិភព​ឧត្តមភាព​ដ៏​ល្អ​ឯក​របស់​ស្រា​បៀរ ABC EXTRA STOUT

    ស្វាគមន៍​មកកាន់​ពិភព​ឧត្តមភាព​ដ៏​ល្អ​ឯក​របស់​ស្រា​បៀរ ABC EXTRA STOUT

    បន្ទាប់ពី​បាន​សម្ពោធ​ដាក់លក់​ស្រា​បៀរ ABC EXTRA STOUT ដប​ដោយ​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​កាលពី​ឆ្នាំទៅ និង​ដោយមាន​តម្រូវការ​កើនឡើង​ពី​អតិថិជន​សម័យ​ទំនើប​ដែល​ចូលចិត្ត​តែ​របស់ល្អៗនៅក្នុង​ជីវិត​ប៉ុណ្ណោះ ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា (CBL) នឹងធ្វើ​ការ​រចនា​ឌី​ហ្សា​ញ​រូបរាង​កំប៉ុង​បច្ចុប្បន្ន​ឱ្យមើល​ទៅ​ស្រដៀង​គ្នា​នឹង​ការ​រចនា​ឌី​ហ្សា​ញ​រូបរាង​ដប​នៃ​ស្រា​បៀរ ABC EXTRA STOUT និង​ដើម្បី​ឆ្លុះបញ្ចាំង​ពី​ភាពទំនើប​បែប​ទាន់សម័យ ប្រកបដោយ​ឧត្តមភាព​ដ៏​ល្អ​ឯក​របស់​ស្រា​បៀរ​ទឹកខ្មៅ​នេះ។

    ការ​រចនា​ឌី​ហ្សា​ញ​វេច​ខ្ចប់​ពណ៌​ខ្មៅ និង​មាស​សម្រាប់​ទាំង​កំប៉ុង និង​ដប គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ “ជា​ឧត្តមភាព​ដ៏​ល្អ​ឯក”  របស់​ស្រា​បៀរ ABC EXTRA STOUT ។

    ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ស្រា​បៀរ ABC Extra Stout  សូម​តាមដាន​ព័ត៌មាន​លើ​ទំព័រ

    ហ្វេ​ស​ប៊ុ​ក៖ www.facebook.com/ABC.ExtraStoutCambodia/

    សូម​រីករាយ​ពិសា​ស្រា​បៀរ ABC Extra Stout ដោយ​ទទួលខុសត្រូវ!!!

  • Chelsea ទាមទារ​ឲ្យ Costa វិល​មក​ក្លិប​វិញ និង​ត្រៀម​សម្រាប់​ក្រុម​ជម្រើស​ដំបូង

    Chelsea ទាមទារ​ឲ្យ Costa វិល​មក​ក្លិប​វិញ និង​ត្រៀម​សម្រាប់​ក្រុម​ជម្រើស​ដំបូង

    ក្លិប​តោ​ខៀវ Chelsea បានធ្វើការ​ឆ្លើយតប​ប្រកបដោយ​ការគោរព​ទៅកាន់​ការអះអាង​ដែលថា​មិនមាន​ភាពយុត្តិធម៌​រប​ស់ Diego Costa តាមរយៈ​ការទាមទារ​ឲ្យ​ខ្សែប្រយុទ្ធ​រូបនេះ​វិល​មកកាន់​ទីលាន​ហ្វឹកហាត់​វិញ និង​ធ្វើ​ឲ្យ​ខ្លួនឯង​រឹងមាំ​គ្រប់គ្រាន់​សម្រាប់​ជម្រើស​ដំបូង​របស់​ក្រុម។

    ក្រុម​ម្ចាស់​ជើងឯក​របស់​ក្របខ័ណ្ឌ Premier League មួយ​នេះ​ត្រូវបាន​បង្ខំ​ឲ្យ​ធ្វើការ​ឆ្លើយតប ក្រោយពី Costa បានផ្តល់​នូវ​បទ​សម្ភាស​មួយ​ពី​ប្រទេស​កំណើត​របស់គេ ប្រេ​ស៊ី​ល ដោយ​រូបគេ​បាន​អះអាងថា Chelsea បានចាត់ទុក​រូបគេ​ដូចជា«ឧក្រិដ្ឋជន»ម្នាក់​អ៊ីចឹង ជុំវិញ​ការបង្ហាញ​ពី​បំណង​របស់គេ​ក្នុងការ​ចាក​ចេញពី​ក្លិប​នៅ​រដូវ​កាល​នេះ។ វា​ត្រូវបាន​គេ​យល់ឃើញថា Chelsea បានធ្វើ​ការស្នើ​ដល់​កីឡាករ​រូបនេះ​ចំនួន4លើក​ដើម្បី​ពិនិត្យថា តើ​រូបគេ​ចង់​រក្សា​ទំនាក់ទំនងផ្សេងៗដែល​បាន​ស្ថិតក្នុង​ស្ថានភាព​ជូរចត់​យ៉ាងខ្លាំង នៅមុន​ពេល​ការសម្ភាស​របស់គេ​កាលពី​ចុង​សប្តាហ៍​នេះ ឬ​យ៉ាងណា? សំណើ​ទីមួយ​គឺ​ការស្នើសុំ​ដោយត្រង់ៗថា រូបគេ​គួរតែ​វិល​មកកាន់​ក្លិប​វិញ។ សំណើ​ទី2 បាន​បញ្ជាក់ថា រូបគេ​គួរតែ​ធ្វើ​របាយការណ៍​សម្រាប់​ការហ្វឹកហាត់។ ទី3 រូបគេ​គួរតែ​ធ្វើ​ឲ្យ​ខ្លួនឯង​រឹងមាំ​គ្រប់គ្រាន់​ឡើង​សម្រាប់​ការប្រកួត និង​ទី4 គឺ​រូបគេ​គួរតែ​ធ្វើ​ឲ្យ​ខ្លួនឯង​ត្រៀមលក្ខណៈ​រួចរាល់​សម្រាប់​ការជ្រើសរើស​ក្នុង​ជម្រើស​ដំបូង​របស់​ក្រុម។

    ខ្សែប្រយុទ្ធ​អន្តរជាតិ​ប្រេ​ស៊ី​លវ័យ28ឆ្នាំ​រូបនេះ​បាន​ធ្លាក់​ចូលក្នុង​ជម្លោះ​ជាមួយនឹង​គ្រូបង្វឹក​របស់ Chelsea គឺ​លោក Antonio Conte ចាប់​តាំងពីដើម​ឆ្នាំនេះ​មកម្ល៉េះ ដែល​នៅពេលនោះ​រូបគេ​បាន​រង​នូវ​ការស្តីបន្ទោស​ចំពោះ​ជម្លោះ​ជាមួយនឹង​គ្រូបង្វឹក​ផ្នែក​រឹងមាំ​លោក Julio Tous។

    ក្រោយពី​ជួប​ពេលវេលា​ដ៏​ខកចិត្ត​នៅ​ពាក់​កាល​រដូវ​កាល​មុន លោក Conte បាន​ប្រាប់​កីឡាករ​រូបនេះ​ថា រូបគេ​គឺជា​ចំនួន​ដែល​លើស​ក្នុង​ក្រុម​របស់លោក​តាមរយៈ​ការផ្ញើ​សារ​មួយ ហើយ​បន្ទាប់មក Costa ក៏បាន​និយាយ​ពី​បញ្ហា​នេះ​ជា​សាធារណៈ​តែម្តង៕

    ប្រភពពី៖ The Guardian

  • ធនាគារ​អភិវឌ្ឍន៍ជនបទ​រំពឹង​ថា ឆ្នាំនេះ​នឹង​គ្មាន​ហានិភ័យ​លើ​បញ្ហា​ស្រូវ អង្ករ

    ធនាគារ​អភិវឌ្ឍន៍ជនបទ​រំពឹង​ថា ឆ្នាំនេះ​នឹង​គ្មាន​ហានិភ័យ​លើ​បញ្ហា​ស្រូវ អង្ករ

    ភ្នំពេញ ដើម្បី​ទប់ស្កាត់​ហានិភ័យ​នា​រដូវ​ប្រមូល​ផល​ស្រូវ​ក្នុងឆ្នាំនេះ ធនាគារ​អភិវឌ្ឍន៍ជនបទ​គ្រោង​នឹង​ស្នើសុំ​កញ្ចប់​ឥណទាន​ពិសេស​ក្នុង​រង្វង់​ទឹកប្រាក់23លាន​ដុល្លារ​បន្ថែមទៀត​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​ប្រតិ​ប​ត្ដិ​ការ​ការងារ​នេះ ខណៈ​គេ​មើលឃើញថា កំណើន​នៃ​ក្រុមហ៊ុន​ស្នើសុំ​កម្ចី​ឥណទាន​នឹងមាន​ការកើតឡើង​ក្នុងឆ្នាំនេះ។

    ឯកឧត្ដម កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ​បញ្ជា​ក់ថា ក្នុងឆ្នាំនេះ​យើង​រំពឹងថា មាន​ក្រុមហ៊ុន​រោង​ម៉ាស៊ីនកិនស្រូវ​ដែល​អាច​នឹង​ប្រើប្រាស់​ឥណទាន​ពិសេស​នេះ​កើនឡើង​ច្រើនជាង​ឆ្នាំមុន ដូច្នេះ​ធនាគារ​អភិវឌ្ឍន៍ជនបទ​នឹងធ្វើ​ការស្នើសុំ​កញ្ចប់​ឥណទាន​ពិសេស​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​រៀបចំ និង​ទប់ស្កាត់​ជាមុន​នូវ​ហានិភ័យ​ដែល​អាច​កើតឡើង។ ឯកឧត្ដម​បន្ដថា៖ «បច្ចុប្បន្ន​យើង​បាន​ត្រៀម​ហេដ្ឋារចនាសម្ព័ន្ធ និង​ឡស​ម្ងួ​ត​ជាបណ្ដើរៗហើយ  ដែល​ឡស​ម្ងួ​ត​អាច​នឹង​ហើយ​រួចរាល់​នៅ​ដំណាច់​ខែសីហា និង​អាចមាន​សមត្ថភាព​ស​ម្ងួ​ត​បាន​ក្នុង​រង្វង់3ពាន់​តោន​ក្នុង​មួយថ្ងៃ ដូច្នេះ​យើង​សង្ឃឹមថា ឆ្នាំនេះ​វា​នឹង​មិនមាន​បញ្ហា​អ្វី​កើតឡើង​ទេ​ពាក់ព័ន្ធ​នឹង​ស្រូវ​អង្ករ។ ពិសេស​បញ្ហា​ធំ​យើង​បានរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ខ្សែបណ្ដាញ​ដើម្បី​ទប់ស្កាត់​កុំឱ្យ​ឈ្មួញកណ្ដាល​ចុះទៅ​ក្រឡុក​ទីផ្សារ»។

    អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ​បន្ថែមថា ក្រៅពី​ការងារ​ទាំងនេះ យើង​ក៏បាន​ធ្វើ​ការងារ​ជាមួយ​អភិបាលស្រុក និង​ឃុំ​មួយចំនួន​ដែល​បាន​ចូលរួម​បម្រើ​ប្រជាពលរដ្ឋ​ក្នុងការ​កំណត់​ទីតាំង និង​តម្លៃ​ស្រូវ​សម្រាប់​លក់​នៅ​ទីតាំង​នោះ​តែម្ដង។ ករណី​ដល់​ពេលយប់​ដែល​គ្មាន​ឈ្មួញ​ចុះ​ទិញ​បន្ដទៀត​ធនាគារ​ស្រូវ​នឹង​ប្រមូល​ទិញ​យកមក​ដាក់​ក្នុង​ឡស​ម្ងួ​ត​ភ្លាម។

    កន្លងមក​មានការ​លើក​ឡើង​ថា មានការ​រើសអើង​ចំពោះ​ការផ្ដល់​ឥណទាន​ពិសេស​នេះ ប៉ុន្ដែ​រឿងនេះ​ត្រូវបាន​ឯកឧត្ដម​អ​គ្ក​នាយក​បញ្ជាក់ថា យើង​បានប្រកាស​ហើយ​ថា ការផ្ដល់​ឥណទាន​នេះ​ត្រូវធ្វើឡើង​ដោយ​មិន​រើសមុខ​ទេ គឺ​ឥណទាន​ត្រូវបាន​ផ្ដល់ទៅឱ្យ​អ្នក​ដែល​បាន​បំពេញ​តាម​គុណ​វ​ឌ្ឍិ​គោលនយោបាយ​ឥណទាន និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល។ ពោលគឺ​យើង​ចង់​ផ្ដល់​ឥណទាន​ពិសេស​នេះ​ទៅដល់​កសិករ​ដែល​ធ្វើ​ការងារ​ប្រមូល​ផ្ដុំគ្នា​ជា​សហគមន៍ និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ពូជ ថ្នាំ និង​ជី ព្រមទាំង​រោង​ម៉ាស៊ីន​ទិញស្រូវ​អង្ករ​ពី​កសិករ និង​អ្នក​ទិញស្រូវ​អង្ករ​ពី​រោង​ម៉ាស៊ីនកិនស្រូវ​វិញ​ផងដែរ។

    ជាមួយគ្នានេះ​ឯកឧត្ដម​ក៏បាន​ប្រកាស​ដែរ​ថា អ្នក​ដែល​មិនទាន់​ទទួលបាន​ឥណទាន​ពិសេស​នេះ ក៏​គួរតែ​មក​សាកល្បង ព្រោះ​មាន​លក្ខខណ្ឌងាយៗក្នុងការ​ទទួលបាន ឬក៏​អាច​ទូរស័ព្ទ​ទំនាក់ទំនង​មក​ធនាគារ​ផ្ទាល់ នឹងមាន​មន្ដ្រី​ឥណទាន​ចុះទៅ​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​របស់លោក​អ្នក​ដើម្បី​បំពេញ​ពាក្យស្នើសុំ​កម្ចី​ឥណទាន​ពិសេស​នោះ​នៅនឹងកន្លែង​តែម្ដង។

    គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ2016មាន​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុង​រង្វង់7ក្រុមហ៊ុន បានមក​ដាក់ពាក្យ  ស្នើសុំ​លើក​ម្ចី​ឥណទាន​ពិសេស ដោយ​គ្រាន់​តែមាន​ស្រូវ​ជាវ​ត្ថុ​ធានា​បញ្ចាំ​តែប៉ុណ្ណោះ៕

  • រាជរដ្ឋាភិបាល​បញ្ចេញ​ទុន 50លាន​ដុល្លា រលើ​ការប្រមូល​ទិញស្រូវ

    រាជរដ្ឋាភិបាល​បញ្ចេញ​ទុន 50លាន​ដុល្លា រលើ​ការប្រមូល​ទិញស្រូវ

    ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​នឹង​ផ្តល់ទុន​បង្វិល​ចំនួន50លាន​ដុល្លារ​ដល់​វិស័យ​ឯកជន​ដើម្បី​ប្រមូល​ទិញស្រូវ​ពី​កសិករ ហើយ​រដ្ឋាភិបាល​នឹង​ផ្តល់ទុន​បន្ថែមទៀត​ប្រសិនបើ​ការប្រមូល​ទិញស្រូវ​នៅតែមាន​តម្រូវការ។

    រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក វ​ង្សី វិស្សុត បាន​ថ្លែង​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​យន្តការ​អន្តរាគមន៍​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ប្រមូល​ទិញស្រូវ​សម្រាប់​ឆ្នាំ2017 និង​ឆ្នាំ2018 នៅ​ទីស្តីការក្រសួង​ថ្ងៃទី14 ខែសីហា ឆ្នាំ2017នេះ​ថា សម្រាប់​គោលការណ៍​នៃ​ការប្រមូល​ទិញស្រូវ ដើម្បី​ជួយ​លើកស្ទួយ​តម្លៃ​ស្រូវ​របស់​ប្រជាកសិករ​កម្ពុជា រាជរដ្ឋាភិបាល​នឹង​បង្កើន​តាមរយៈ​អន្តរាគមន៍​កញ្ចប់​ថវិកា​ជាច្រើន ក្នុងនោះ​សម្រាប់​គម្រោងការ​បង្កើត​ឡស​ម្ងួ​ត គឺមាន​ទំហំ​ទឹកប្រាក់​ពី15លាន ទៅ30លាន​ដុល្លារ​អាមេរិក ហើយ​មកដល់ពេលនេះ​សម្រាប់​កញ្ចប់​ថវិកា15លាន​ដុល្លារ គឺ​យើង​បាន​យកទៅ​អភិវឌ្ឍ​នៅក្នុង​ខេត្តបាត់ដំបង និង​ខេត្តកំពង់ធំ​រួចហើយ។ ជាមួយនេះដែរ រាជរដ្ឋាភិបាល​នឹង​ជំរុញ​បង្កើត​គ្រោង​ឡស​ម្ងួ​ត​ចំនួន3កន្លែង​ទៀត គឺ​នៅក្នុង​ខេត្តព្រៃវែង កំពង់ធំ និង​ខេត្តតាកែវ​ផងដែរ។

    លោក​រដ្ឋលេខាធិការ​ក៏បាន​អំពាវ​ដល់​អាជ្ញាធរ​នៅតាម​បណ្តា​ខេត្ត​ទាំងអស់​ត្រូវ​ចូលរួម​ផ្សព្វផ្សាយ និង​ជំរុញ​ការប្រមូល​ទិញស្រូវ​ឲ្យ​មាន​តម្លាភាព ជាពិសេស​ចូលរួម​លុបបំបាត់​ឲ្យ​អស់​លើ​ករណី​ទារលុយ​ខុសច្បាប់ ខណៈដែល​រាជរដ្ឋាភិបាល​កំពុង​ជំរុញ​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​លើ​ការប្រមូល​ទិញស្រូវ​នៅក្នុង​គម្រោង​ផែនការ​ឆ្នាំ2017 ឆ្នាំ2018នេះ៕

  • អ្នក​ពិការ​ដើរ​មិន​រួច មានសង្ឃឹម​ហើយ…បើ​បច្ចេកវិទ្យា​ខាងក្រោម​នេះ​ជោគជ័យ

    អ្នក​ពិការ​ដើរ​មិន​រួច មានសង្ឃឹម​ហើយ…បើ​បច្ចេកវិទ្យា​ខាងក្រោម​នេះ​ជោគជ័យ

    អ្នកវិទ្យាសាស្ត្រ​មួយក្រុម​កំពុង​សាកល្បង​បច្ចេកវិទ្យា​ថ្មី​មួយ​ដែល​នឹង​ជួយ​ដល់​អ្នក​ពិការ​ជើង​ដើរ​មិនកើត​ឱ្យមាន​លទ្ធភាព​ដើរ​បាន​ឡើងវិញ ក្រោយពី​បំពាក់​នូវ​ឧបករណ៍​យន្ត​ជំនួយ​ដែល​អ្នកវិទ្យាសាស្ត្រ​មួយក្រុម​នេះ​កំពុង​បង្កើតឡើង។

    តាមរយៈ Channel YouTube ដែលមាន​ឈ្មោះថា Movie 7 P2 EXO បាន​បង្ហោះ​នូវ​វីដេអូ​មួយ​បង្ហាញ​ពី​ការធ្វើ​តេស្ដ​សាកល្បង​នូវ​បច្ចេកវិទ្យា​ថ្មី​ដែល​វា​ប្រៀបដូចជា​ឧបករណ៍​យន្ដ​ជំនួយ​សម្រាប់​បំពាក់​លើ​ខ្លួន​មនុស្ស​ដែល​អាច​ភ្ជាប់​ទំនាក់ទំនង​រវាង​ខួរក្បាល​មនុស្ស​ទៅនឹង​កុំព្យូទ័រ ដើម្បី​បញ្ជា​សកម្មភាព​ទៅ​ជើង ដៃ។ ទាំងអស់នេះ គឺជា​បច្ចេកវិទ្យា​ថ្មី​មួយទៀត​ដែលមាន​ប្រយោជន៍​យ៉ាង​ធំធេង​សម្រាប់​មនុស្សជាតិ ប្រសិនបើ​ទទួលបាន​ជោគជ័យ។ ដើម្បីឱ្យ​កាន់តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

    https://www.youtube.com/watch?v=-MK-AXjpI2w&feature=youtu.be