Author: វល័ក្ខ

  • ប្រទេស​កម្ពុជា ជាទី​ផ្សារ​សក្តានុពល​ស​ម្រា​ប់​ក្រុមហ៊ុនល្បីៗ

    ប្រទេស​កម្ពុជា ជាទី​ផ្សារ​សក្តានុពល​ស​ម្រា​ប់​ក្រុមហ៊ុនល្បីៗ

    ឧស្សាហកម្ម​កែ​សម្ផស្ស គឺជា​ឧស្សាហកម្ម​ដែលមាន​សក្តានុពល​បំផុត​នៅតាម​បណ្ដា​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក ជាពិសេស​នៅក្នុង​ប្រទេស​កម្ពុជា ក៏មាន​ការកើនឡើង​នៃ​ប្រាក់ចំណូល និង​ការយកចិត្តទុកដាក់​លើ​ការថែរក្សា​សម្ផស្ស រហូត​បាន​ជំរុញឱ្យមាន​ការកើនឡើង​ផងដែរ​នូវ​តម្រូវការ​ផលិតផល​សម្ផស្ស និង​គ្រឿងសំអាង​នៅក្នុង​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ។ ការនាំ​ចូល​នៃ​គ្រឿងសំអាង​បាន​កើនឡើង បួន​ដង​ក្នុង​ចន្លោះ​ឆ្នាំ 2010 និង 2014 ។

    ក្នុង​គោលបំណង​ដើម្បី​បំពេញតម្រូវការ​នេះ Beauty Connect Expo Cambodia ពិព័រណ៍ និង​សន្និសីទ​អន្តរជាតិ ប្រចាំឆ្នាំ​ស្តីពី​គ្រឿងសំអាង​ថែរក្សា​សម្ផស្ស និង​សក់ ដែល​ត្រូវបាន​បង្កើត​នៅ​ឆ្នាំ 2016។ ជា​ផ្នែក​មួយ​នៃ​ការតាំងពិព័រណ៍ ពាណិជ្ជកម្ម​គ្រឿងសំអាង​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា Beauty Connect Expo Cambodia 2016 បាន​ទាក់ទាញ អ្នក​តាំងពិព័រណ៍​ប្រមាណ 55 ក្រុមហ៊ុន​មកពី 10 ប្រទេស​រួមមាន ប្រទេស​កូរ៉េ, ម៉ាឡេស៊ី, សិង្ហ​បុរី, ជប៉ុន, បារាំង, តៃវ៉ាន់ ថៃ និង​ហុងកុង ដើម្បី​បង្ហាញ​ផលិតផល​របស់ខ្លួន។ ដោយមាន​វត្តមាន​រប​ស់​អ្នក​តាំងពិព័រណ៍​អន្ដរជាតិ និង​សកម្មភាព​ដ៏​អស្ចារ្យ ជាច្រើន Beauty Connect Expo Cambodia 2016 បាន​ប្រមូលផ្តុំ​អ្នកទស្សនា 2000នាក់​មកពី​ក្រុមហ៊ុន, សមាគម, សាឡ​ន និង​សម្អាងការ​នានា​នៃ​ប្រទេស​កម្ពុជា ។ នៅ​ឆ្នាំនេះ​កម្មវិធី Beauty Connect Expo Cambodia 2017 នឹង​ប្រព្រឹត្ត ទៅ​ចាប់ពី​ថ្ងៃទី 15 ដល់ 17 ខែកញ្ញា ឆ្នាំ 2017 នៅឯ​មជ្ឈមណ្ឌល​សន្និបាត​និង​តាំងពិព័រណ៍ កោះ​ពេជ្រ​រាជធានី​ភ្នំពេញ។

    កម្មវិធី Beauty Connect Expo 2017 នឹង​ផ្តល់ជូន​នូវ​ឱកាស​ជាច្រើន​សម្រាប់​ព​កែ​សម្ផស្ស​ដើម្បី​ភ្ជាប់​ទំនាក់ទំនង ជាមួយ​ដៃគូ​ដែលមាន​សក្តានុពល​ទាំង​ផលិតផល / សេវាកម្ម, ផ្លាស់ប្តូរ​បទពិសោធន៍, ស្វែងយល់​ពី​បច្ចេកវិទ្យាទំនើបៗនៅក្នុង ឧស្សាហកម្ម​កែ​សម្ផស្ស​តាមរយៈ​កម្មវិធី ជាច្រើន​ដែល​បាន​រៀបចំឡើង​ក្នុងអំឡុងពេល​បី​ថ្ងៃ​នៃ​ការតាំងពិព័រណ៍។

    កម្មវិធី​ទាំង នោះ​មានដូចជា:

    -កម្មវិធី​បង្ហាញ​ពី​ការ​ផាត់មុខ, ធ្វើ​សក់

    -កម្មវិធី​សិក្ខាសាលា​ដែលជា​វេទិកា​ដ៏​អស្ចារ្យ​មួយ​សម្រាប់​អ្នកជំនាញ​ក្នុង​វិស័យ​កែ​សម្ផស្ស​ដើម្បី​ចែករំលែក​បទពិសោធន៍​គ្នា ទៅ វិញ​ទៅមក

    -កម្មវិធី​ផ្គូរ​ផ្គង​ពាណិជ្ជកម្ម B2B ដែល​ត្រូវបាន​រចនា​ឡើង​ដើម្បី ភ្ជាប់​ទំនាក់ទំនង​អ្នក​តាំងពិព័រណ៍​អន្តរជាតិ​ទៅកាន់​ក្រុមហ៊ុន, សមាគម, សាឡ​ន និង​សម្អាងការ​នានា​នៅក្នុង​ឧស្សាហកម្ម​កែ​សម្ផស្ស។

    អ្នក​តាំងពិព័រណ៍​ភាគច្រើន​ដែល​ចូលរួម​ក្នុង​កម្មវិធី Beauty Connect Expo Cambodia 2016 បានផ្តល់ យោបល់​ជា​វិជ្ជមាន ជាច្រើន​សម្រាប់​ការតាំងពិព័រណ៍​នេះ។ នេះ​ជួយ​ឱ្យ​យើង​បង្កើន​ការជឿទុកចិត្ត សម្រាប់​កម្មវិធី Beauty Connect Expo Cambodia 2017 ។ Beauty Connect Expo Cambodia ដើរតួ​ជា​ស្ពាន​ពាណិជ្ជកម្ម​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការតភ្ជាប់​ឧស្សាហកម្ម​កែ​សម្ផស្ស​អន្តរជាតិ និង​ឧស្សាហកម្ម​កែ​សម្ផស្ស ។ អ្នក រៀបចំ​កម្មវិធី Beauty Connect Expo Cambodia 2017 តែងតែ​ស្វាគមន៍​ចំពោះ​លោកអ្នក​ដែលមាន​ចំណាប់អារម្មណ៍​ក្នុង ការតាំងពិព័រណ៍​នេះ៕

  • ផ្សារ​ទំនើប Parkson Mall នឹង​បើក​ដំណើរការ​នៅ​ដើមឆ្នាំ​ក្រោយ

    ផ្សារ​ទំនើប Parkson Mall នឹង​បើក​ដំណើរការ​នៅ​ដើមឆ្នាំ​ក្រោយ

    ភ្នំពេញៈ នៅ​ទីបំផុត​មាន​ដំណឹង​ល្អ​មួយ​ទៀតហើយ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ក្រុងភ្នំពេញ​ដោយ​ផ្សារ​ទំនើប Parkson Mall ដែលមាន​កម្ពស់9ជាន់ និង​រៀបចំ​តាម​ស្តង់ដា​អន្តរជាតិ​នឹង​បើក​ដំណើរការ​នៅ​ចុង​ឆ្នាំនេះ ឬ​ដើមឆ្នាំ​ក្រោយ​នេះហើយ។

    លោក ROFY OTHSMAN នាយក​គ្រប់គ្រង​ផ្សារ​ទំនើប Parkson Mall នៅ​ទីក្រុង​ភ្នំពេញ​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ការិយាល័យ​របស់លោក​កាលពី​ម្សិលមិញ​នេះ​ថា ផ្សារ​ទំនើប​នេះ​បាន​បើក​ដំណើរការ​សាងសង់​កាល​ពី​ចុងឆ្នាំ2012 ដែលមាន​គោលដៅ​មិន​ត្រឹមតែ​ធ្វើជា​កន្លែង​កម្សាន្ត និង​ដើរ​ទិញ​ទំនិញ​របស់​ប្រជាជន​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ តែ​វា​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ​ផងដែរ ពិសេស​ផ្តល់ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​បាន​ប្រមាណ​ជាជាង4,000នាក់​ក្នុង​មួយថ្ងៃ ព្រោះ​អគារ​ផ្សារ​ទំនើប​នេះ​មាន​ទំហំ165,000ម៉ែត្រការ៉េ បូក​ទាំង​សណ្ឋាគារ​ជាង50,000ម៉ែត្រការ៉េ និង​មាន​បន្ទប់​ជាង400បន្ទប់ ស្មើនឹង22ម៉ឺន​ម៉ែត្រការ៉េ​ទៀតផង។

    លោក​បន្តថា ទេសចរ​ដែល​មក​កម្ពុ​ជា ពួកគេ​មិន​ត្រឹមតែ​អាចមក​កម្សាន្ត​និង​អាច​ដើរ​ទិញ​ទំនិញ​ប៉ុណ្ណោះ​ទេ តែ​ផ្សារ​ទំនើប​នេះ​ថែមទាំង​ជា​ផលិតផល​មួយ​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ ហើយ​រដ្ឋាភិបាល​ក៏​ទទួលបាន​ចំណូល​ពន្ធ​ច្រើន​ផងដែរ។

    ផ្សារ​នេះ​នឹង​បើក​ចាប់ពី​ម៉ោង9ព្រឹក​ដល់​ម៉ោង10យប់ និង​កន្លែង​កម្សាន្ត​បើក​រហូតដល់​ម៉ោង2ទៀបភ្លឺ ដោយសារ​ផ្សារ​នេះ​មាន​រោងភាពយន្ត​ចំនួន9 មាន​កន្លែង​ហាត់ប្រាណ​លេង​បូ​វ៍​លីង​ដល់​ទៅ30លេន និង​មាន​សេវា​កម្សាន្ត​ជាច្រើន​ទៀត ពិសេស​ការរៀបចំ​តុបតែង​ធ្វើឡើង​តាម​ស្តង់ដារ​អន្តរជាតិ​ទាំងអស់។ ផ្សារ​នេះ​អាច​ចត​រថយន្ត​បាន​ប្រមាណ1,500គ្រឿង និង​ម៉ូតូ3,000គ្រឿង។

    លោក ROFY OTHSMAN បាន​បន្ត​ឲ្យ​ដឹងថា ជាន់​ក្រោម​នៃ​ផ្សារ​ទំនើប​នេះ​ជា​Super Market ជាន់​ទី1ជា​កន្លែង​លក់​គ្រឿងក្រអូប​ទូទៅ ជាន់​ទី2ជា​កន្លែង​លក់​គ្រឿងក្រអូប​សម្រាប់​នារី ជាន់​ទី3ជា​កន្លែង​លក់​សម្លៀកបំពាក់ ជាន់​ទី4ជា​កន្លែង​លក់​សម្លៀកបំពាក់​បុរស និង​គ្រឿង​ប្រើប្រាស់ផ្សេងៗទៀត ជាន់​ទី5ជា​កន្លែង​លក់​ម្ហូបអាហារ និង​ភេសជ្ជៈ ជាន់​ទី6ជា​កន្លែង​លក់​គ្រឿង​អេឡិចត្រូនិក ជាន់​ទី៧ជា​កន្លែង​លក់​សម្ភារ​ព័ត៌មានវិទ្យា មានដូចជា​ទូរស័ព្ទ ជាដើម ជាន់​ទី8ជា​កន្លែង​លក់​គ្រឿងសង្ហារិមផ្សេងៗសម្រាប់​លំនៅដ្ឋាន និង​ជាន់​ទី9ជា​រោងភាពយន្ត និង​កន្លែង​លេង​បូ​វ៍​លីង ជាដើម។

    យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន​ប៊ុណ្ណា​រៀល​ធី​គ្រុប​ដែល​បានបញ្ចប់​កាលពីពេលថ្មីៗនេះ​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ដំណាច់​ឆមាស​ទី1ឆ្នាំនេះ អត្រា​ប្រើប្រាស់​ផ្សារ​ទំនើប​បាន​កើនឡើង​ចន្លោះ​ពី20ទៅ30ភាគរយ​ក្នុង​ឆមាស​ទី1ឆ្នាំនេះ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន និង​តម្លៃ​ជួល​មានការ​ប្រែប្រួល​តិចតួច​ប៉ុណ្ណោះ ដោយ​តម្លៃ​ជួល​ផ្សារ​កម្រិត​Aមានតម្លៃ​ចន្លោះ35ទៅ40ដុល្លារ កម្រិត​Bមានតម្លៃ​ចន្លោះ​ពី25ទៅ30ដុល្លារ និង​កម្រិត​Cមានតម្លៃ​ចន្លោះ​ពី12ទៅ25ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ៕

  • ចាន់ណា រ៉ូ​ណាន់ កំពុង​ធ្វើឱ្យ​ទស្សនិកជន​ជ្រួលច្របល់

    ចាន់ណា រ៉ូ​ណាន់ កំពុង​ធ្វើឱ្យ​ទស្សនិកជន​ជ្រួលច្របល់

    បន្ទាប់ពី​មាន​មហាជន​ជាច្រើន​បង្ហាញ​ពី​ភាព​អន្ទះសា​ចង់​ទស្សនា​ខ្សែភាពយន្ត​រឿង «សសរកន្លោង» រហូតមកដល់​ពេលនេះ​លោក ចាន់ណា រ៉ូ​ណាន់ ជា​អ្នកដឹកនាំ​រឿង​មិនទាន់​អាចឆ្លើយតប​ទៅ​អ្នកគាំទ្រ​របស់ខ្លួន​បាន​នៅឡើយ​ទេ​ថា តើ​រឿង​នោះ​នឹង​ត្រូវដាក់​បញ្ចាំង​នៅពេលណា?

    មាន​អ្នកគាំទ្រ​ស្នាដៃ​លោក ចាន់ ណា​រ៉ូ​ណាន់ ជាច្រើន​បាន​ឆា​តទៅ​សួរ​លោក និង​ចូល​ Comment ក្នុង​ហ្វេ​ស​ប៊ុ​ក ដើម្បី​ចង់ដឹង​ពី​កាលបរិច្ឆេទ​នៃ​ការដាក់​បញ្ចាំង​រឿង «សសរកន្លោង» ពិតប្រាកដ ខណៈ​ពួកគេ​មានការ​ជឿជាក់​លើ​ស្នាដៃ​អ្នកដឹកនាំ​រឿង​វ័យក្មេង​រូបនេះ​ជាខ្លាំង​តាមរយៈ​ការ​ទស្សនា​រឿង «កំណត់ហេតុ​នាង​នាថ» កន្លងមក។

    លោក ចាន់ណា រ៉ូ​ណាន់ បាន​ប្រាប់​ឡា​រ៉ែ​ន ​Online ថា នៅពេលនេះ​លោក​មិនទាន់​អាច​កំណត់ពេល​វេលា​នៃ​ការដាក់​បញ្ចាំង​រឿង «សសរកន្លោង» បាន​នៅឡើយ​ទេ។ លោក​បានដឹងថា មាន​អ្នកគាំទ្រ​ជាច្រើន​កំពុងតែ​អន្ទះសា​ចង់​ទស្សនា​រឿងនេះ ដូច្នេះហើយ​ទើប​ធ្វើឱ្យ​លោក​កាន់​តែមាន​មោទនភាព និង​សប្បាយ​ចិ​ត្ដ​ក្នុង​ការផលិត​រឿងនេះ​យ៉ាង​សម្រិតសម្រាំង។

    លោក​បន្ដថា៖ កន្លងមក​ខ្ញុំ​ផលិត​រឿង «កំណត់ហេតុ​នាង​នាថ» ទទួលបាន​ការគាំទ្រ និង​ទទួល​បានការ​ទុក​ចិ​ត្ដ​ខ្លាំង​ពី​ទស្សនិកជន ដូច្នេះ​ខ្ញុំ​មិន​ចង់​បន្ធូរដៃ​ក្នុងការ​ផលិត​រឿង «សសរកន្លោង» នេះ​ទេ​ព្រោះ​ខ្ញុំ​មិន​ចង់ឱ្យ​ទស្សនិកជន​ទាំងអស់​ខាត​ពេលវេលា និង​ចំណាយលុយ​ឥតប្រយោជន៍​ក្នុង​ការទិញ​សំបុត្រ​ចូល​ទស្សនា​រឿងនេះ​ឡើយ។ ទាំងនេះហើយ​ជាហេតុ​ដែល​ខ្ញុំ​ត្រូវ​ការធ្វើ​វា​យ៉ាង​សម្រិតសម្រាំង។

    រឿង «សសរកន្លោង» ត្រូវ​ចំណាយ​ទុន​ផលិត​ក្នុង​រង្វង់​ទឹកប្រាក់​ជាង 7ម៉ឺន​ដុល្លារ ខណៈ​រឿង «កំណត់ហេតុ​នាង​នាថ» ប្រើ​ទុន​អស់​តែ6ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ហើយ​ឈ្នះ​បាន​ពានរង្វាន់​ប្រចាំឆ្នាំ2016 ចំនួន3រង្វាន់ គឺ​ពានរង្វាន់​ភាពយន្ដ​រក​ប្រាក់ចំណូល​បាន​ច្រើនជាងគេ (30ម៉ឺន​ដុល្លារ) ពានរង្វាន់​ភាពយន្ដ​ទទួលបាន​អ្នកទស្សនា​ច្រើនជាងគេ (ប្រកួត​ជាមួយ​រឿង​បរទេស) និង​ពានរង្វាន់​ខ្សែភាពយន្ដ​ខ្មែរ​ល្អ​ជាងគេ​ប្រចាំឆ្នាំ។

    បច្ចុប្បន្ន​រឿង «សសរកន្លោង» ត្រូវបាន​រៀបចំ​បច្ចេក​ទេស​ថ្មី​ទាំង​រូបភាព និង​ការ​កាត់​ប្លង់​រួចរាល់​អស់ហើយ នៅសល់តែ​សំឡេង​មួយ​មុខ​ប៉ុណ្ណោះ​ដែល​លោក​ត្រូវ​សម្រិតសម្រាំង ព្រោះ​សំឡេង​ក៏​ជា​កត្តា​ទាក់ទាញ​ខ្លាំងណាស់​មួយ​ដែរ​សម្រាប់​ប្រភេទ​រឿង​ខ្មោច​ដូចដែល​លោក​ធ្លាប់បាន​ផលិត​មក។ទោះជា​យ៉ាងណា​លោក រ៉ូ​ណាន់ ប្រាប់ថា លោក​នឹង​ប្រឹងប្រែង​សម្រុក​ធ្វើការ​ងារ​នេះ​ឱ្យ​ហើយ​រួចរាល់ សម្រាប់​ដាក់​បញ្ចាំង​មុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ៕

  • ផលប្រយោជន៍​នៅ​ពីក្រោយ​ការ​វាយកម្ទេច​អគារ «ប៊ុល​ឌិ​ង​ស»

    ផលប្រយោជន៍​នៅ​ពីក្រោយ​ការ​វាយកម្ទេច​អគារ «ប៊ុល​ឌិ​ង​ស»

    ភ្នំពេញ ត្រឹម​រយៈពេល​តែ​ជិត​មួយខែ​ប៉ុណ្ណោះ​អគារ «ប៊ុល​ឌិ​ង​ស» ត្រូវបាន​វាយកម្ទេច​អស់​ស្ទើរតែ​ជិត70% ទៅហើយ ប៉ុន្ដែ​មនុស្ស​ជាច្រើន​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ទៅមក​តាមផ្លូវ​សុធារស​នៅតែ​មាន​ចម្ងល់​ថា តើ​ហេតុអ្វី​បាន​ចាំបាច់​អភិវឌ្ឍ​នៅ​ប្លុក​នេះ ឬ​ត្រូវ​វាយកម្ទេច​អគារ​ដ៏​ចំណាស់​មួយ​នេះ?

    ឯកឧត្ដម បេង​ហុង សុជាតិ​ខេ​ម​រ៉ូ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​លំនៅឋាន នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​លើកឡើងថា ការអភិវឌ្ឍ​នៅ​ប្លុក​អគារ​ប៊ុល​ឌិ​ង​ស​នេះ​បាន​ហុច​ផ្លែផ្កា​ដល់​សង្គមជាតិ​ជាច្រើន ពិសេស​ហុច​ផល​ដោយផ្ទាល់​ដល់​រាជធានី​ភ្នំពេញ​តែម្ដង។ ឯកឧត្ដម​បន្ដថា ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ត្រូវបាន​បែង​ចែកជា​ផលប្រយោជន៍​ផ្ទាល់​មធ្យម និង​ផលប្រយោជន៍​រយៈពេល​វែង​ដែល​គេ​មើលឃើញថា អាច​ផ្ដល់​ការងារ​ដល់​កម្មករសំណង់​ចាប់តាំងពី​ពេល​ចូល​វាយកម្ទេច​អគារ​ម្ល៉េះ។

    អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​លំនៅឋាន បន្ថែមថា បន្ទាប់ពី​អគារ​នោះ​សាងសង់ ឬ​អភិវឌ្ឍ​រួចហើយ​នឹងមាន​ការលក់​ដូរ ឬ​បង្កើតជា​មណ្ឌល​ពាណិជ្ជកម្ម​នៅ​ទីនោះ​ដែលជា​មុខមាត់ និង​ភាពស្រស់ស្អាត​របស់​រាជ​ធានី​ភ្នំពេញ។ ដោយឡែក​សម្រាប់​ផ្នែក​រូបវ័ន្ដ គឺ​យើង​នឹង​បាន​អគារ​មួយ​ជំនួស​ឱ្យ​អគារ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ  ពោលគឺ​យើង​បានធ្វើ​ការវិវឌ្ឍ​ពី​អគារ​ដែលមាន​សភាព​ចាស់​ទ្រុឌទ្រោម​ជំនួស​ដោយ​អគារ​ថ្មី​មាន​លក្ខណៈ​ទំនើប​ពិសេស​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ជប៉ុន ដូច្នេះ​វា​បានផ្ដល់​ផលប្រយោជន៍​ឱ្យ​រាជធានី​ភ្នំពេញ និង​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល។

    បណ្ឌិត បេង​ហុង សុជាតិ​ខេ​ម​រ៉ូ ប្រាប់ទៀតថា៖ «ផលប្រយោជន៍​រយៈពេល​វែង គឺជា​ការបង្ហាញ​ពី​ទំនុក​ចិ​ត្ដរបស់​អ្នកវិនិយោគ​ជប៉ុន​ដែល​យើង​មើលឃើញថា មានការ​កើតឡើង​ដោយសារតែ​ព្រះរាជាណាចក្រ​កម្ពុជា​ធានាបាន​នូវ​សុខសន្ដិភាព»។

    អគារ​ប៊ុល​ឌិ​ង​ស ត្រូវបាន​វាយកម្ទេច​ស្ទើរតែ​បាន4ផ្នែក​ក្នុង6ផ្នែក​នៃ​អគារ​ទាំងមូល​ដែលមាន​ផ្នែក A B C D E F នេះហើយ បច្ចុប្បន្ន​នៅសល់តែ​ផ្នែក A និង​B ប៉ុណ្ណោះ​ដែល​មិនទាន់​ត្រូវបាន​វាយកម្ទេច​ដល់។ រហូតមកទល់​ពេលនេះ​ក្រុមហ៊ុន​ជប៉ុន ARAKAWA នៅ​មិនទាន់​បានដាក់​បង្ហាញ​ប្លង់​ស្ថាបត្យកម្ម​របស់ខ្លួន​នៅឡើយ​ទេ ដូច្នេះ​គេ​នៅ​មិនទាន់​ដឹងថា អគារ​ដែល​នឹងត្រូវ​សាងសង់ឡើង​នោះ​មាន​លក្ខណៈ​បែបណា និង​មាន​កម្ពស់​ប៉ុន្មាន​ឡើយ?។

    ជាមួយ​ការ​វាយកម្ទេច​ដើម្បី​ធ្វើការ​អភិវឌ្ឍ​អគារ​ថ្មី​នេះ ឯកឧត្ដម បេង​ហុង សុជាតិ​ខេ​ម​រ៉ូ បញ្ជាក់ថា មន្ដ្រី​របស់​ក្រសួង​ក៏​កំពុងតែ​ចុះ​ធ្វើ​ការងារ​ជាមួយ​ក្រុមហ៊ុន​ដែល​ទទួលបន្ទុក​វាយកម្ទេច​អគារ​ជាប់​ជាប្រចាំ ដើម្បី​ធានា​ឱ្យ​ការរក្សា​សុវត្ថិភាព មិន​រំខាន​ដល់​សតិអារម្មណ៍​អ្នករស់នៅ​ជិតខាង និង​អ្នកធ្វើដំណើរ​ឆ្លងកាត់។ ពិសេស​រក្សា​ឱ្យបាន​នូវ​បរិស្ថាន​ល្អ មិន​ធ្វើឱ្យមាន​ធូលី​ហុយ ជាដើម៕

  • ត្រីមាស​ទី2  ចំនួន​អ្នក​ខ្ចីប្រាក់​ធ្លាក់ចុះ តែ​ទំហំ​ទឹកប្រាក់​កម្ចី​កើនឡើង

    ត្រីមាស​ទី2  ចំនួន​អ្នក​ខ្ចីប្រាក់​ធ្លាក់ចុះ តែ​ទំហំ​ទឹកប្រាក់​កម្ចី​កើនឡើង

    ភ្នំពេញ៖ យោងតាម​របាយការណ៍​ស្តី​ពីស​ន្ទ​ស្សន៍​ឥណទាន​របស់​ការិយាល័យ​ឥណទាន​កម្ពុជា (CBC) ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី15 ខែកក្កដា​នេះ​បានឱ្យដឹងថា ចំនួន​នៃ​ការស្នើសុំ​ប្រាក់កម្ចី​បាន​ធ្លាក់ចុះ​នៅក្នុង​ត្រីមាស​ទី2 ឆ្នាំ2017នេះ ប៉ុន្តែ​មាន​ទំនោរ​ធ្លាក់ចុះ​ទាប​ជាង​ជាង​ត្រីមាស​ទី2 ដូចគ្នា​ក្នុង​ឆ្នាំ2016។ យ៉ាងណា​ក៍ដោយ ទោះជា​មានការ​ធ្លាក់ចុះ​នៃ​ការស្នើសុំ​កម្ចី​ជារួម​ដូច្នេះ​ក្តី ក៏​ការផ្តល់​ប្រាក់កម្ចី​នៅតែមាន​និន្នាការ​កើនឡើង​រហូតដល់ 4.19% នៃ​គណនី​ឥណទាន​សរុប និង 6.59% ដដែល​នៃ​ទំហំ​ទឹកប្រាក់​សរុប។

    លោក អឿ សុធា​រ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ​របស់​ការិយាល័យ​ឥណទាន​កម្ពុជា (CBC) មានប្រសាសន៍ថា ទោះ​ជាមាន​ទំនោរ​ធ្លាក់ចុះ​នៃ​ការស្នើសុំ​ប្រាក់កម្ចី​លក្ខណៈ​បុគ្គល​គឺជា​លក្ខណៈ​រដូវ​កាល​ក៍ដោយ ក៏​យើង​សង្កេតឃើញថា ក្នុង​ត្រីមាស​ទី2នេះ​ចំនួន​គណនី​ឥណទាន​នៅតែមាន​ការកើនឡើង​ប្រមាណ​ជា 4.19% សមាមាត្រ​នឹង​កំណើន​ទឹកប្រាក់​កម្ចី 6.59%។ លោក​ថា ចំណែកឯ​ប្រាក់កម្ចី​មិន​ដំណើរការ​លើសពី30ថ្ងៃ​វិញ ទោះបី​ជាមាន​កំណើន​តិចតួច និង​អាច​គ្រប់គ្រង​បាន​ក្តី ប៉ុន្តែ​វាក៍​ជា​សញ្ញា​មួយ​សម្រាប់​ឱ្យ​គ្រប់​ស្ថាប័នហិរញ្ញវត្ថុ​ទាំងអស់​គួរ​ចាប់ផ្តើម​យកចិត្តទុកដាក់​លើ​គុណភាព​ឥណទាន​របស់ខ្លួន​លើ​ផលិតផល3 រួមមាន1.ការស្នើសុំ​កម្ចី​លក្ខណៈ​បុគ្គល 2.ដំណើរការ​ប្រាក់កម្ចី​លក្ខណៈ​បុគ្គល 3. គុណភាព​ប្រាក់កម្ចី​លក្ខណៈ​បុគ្គល។

    1.អំពី​ការស្នើសុំ​ប្រាក់កម្ចី​លក្ខណៈ​បុគ្គល៖ នៅ​ត្រីមាស​ទី2នេះ​បង្ហាញថា ការស្នើសុំ​ឥណទាន​បាន​ធ្លាក់ចុះ​គួ​ឱ្យ​កត់សម្គាល់​រហូត 15% ធៀប​នឹង​ត្រីមាស​ទី1 កើនឡើង 29% ប៉ុន្តែ​ទំនោរ​នៃ​ការធ្លាក់ចុះ​នេះ គឺ​ទាប​ជាង​ត្រីមាស​ដូចគ្នា​ក្នុង​ឆ្នាំ2016ដែល​ធ្លាក់ចុះ​ដល់ 25%។ ការធ្លាក់ចុះ​នៃ​ការស្នើសុំ​ឥណទាន​នេះ ដោយសារតែ​មានការ​ធ្លាក់​ចុះ​នៃ​ការស្នើសុំ​ប័ណ្ណឥណទាន 18% ការស្នើសុំ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន 15% និង​កម្ចី​អចលនទ្រព្យ 8%។ ការស្នើសុំ​នេះ​មានការ​ធ្លាក់ចុះ​ស្ទើរ​គ្រប់​តំបន់ លើកលែងតែ​តំបន់ឆ្នេរ​សមុទ្រ​ដែល​នៅតែមាន​កំណើន​លើ​ការស្នើសុំ​ប័ណ្ណឥណទាន 100% និង​ការស្នើសុំ​កម្ចី​អចលនទ្រព្យ​កើនឡើង 3%។

    2.អំពី​ដំណើរការ​ប្រាក់កម្ចី​លក្ខណៈ​បុគ្គល៖ នៅ​ត្រីមាស​ទី2នេះ កំណើន​ចំនួន​គណនី​មានការ​ថមថយ​បន្តិច​ដោយមាន​កំណើន​ត្រឹម 4.19% ធៀប​នឹង​ត្រីមាស​ទី1កើនឡើង​ដល់ 10.87%។ ចំនួន​គណនី​ឥណទាន​សរុប​កើន​ដល់​ជាង785គណនី ដែល​ក្នុងនោះ 82.42% ជា​ហរិញ្ញវត្ថុ​ផ្ទាល់ខ្លួន 10.53% ជា​កម្ចី​អចលនទ្រព្យ និង 7.06% ប័ណ្ណឥណទាន។ ដូចគ្នានេះដែរ កំណើន​សមតុល្យ​ប្រាក់កម្ចី​សរុប ក៏មាន​ការ​ថមថយ​ម​ក​ត្រឹម 6.59% ក្នុង​ត្រីមាស​ទី2 ឆ្នាំ2017 ធៀប​នឹង​ត្រីមាស​ទី1 កើនឡើង 14.97%។ ករណីនេះ​ធ្វើឱ្យ​សមតុល្យ​ឥណទាន​កើនឡើង​ដល់ 3.87% ប៊ី​លាន​ដុល្លារ​ដែល​ក្នុងនោះ​វា​នៅតែ​ត្រូវបាន​បែងចែក​ស្មើគ្នា​រវាង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន50.24% ទោះបីជា​ប័ណ្ណឥណទាន​នៅតែមាន​ចំណែក​មួយ​ដ៍​តូច​ដែល​ទាប​ជាង 1% ក្តី។

    3.អំពី​គុណភាព​ប្រាក់កម្ចី​លក្ខណៈ​បុគ្គល៖ ទិដ្ឋភាព​ទូទៅ​របស់​ប្រទេស​កម្ពុជា​នៅតែ​មិនមាន​ការប្រែប្រួល​ខ្លាំង​ទាក់ទង​ទៅនឹង​ប្រាក់កម្ចី​ដែល​មិនមាន​ដំណើរការ(30ថ្ងៃ)ដែលជា​ប្រាក់កម្ចី ដែល​កូនបំណុល​មិនមាន​លទ្ធភាព​ទូទាត់​តាម​ថ្ងៃ​កំណត់​ក្នុងអំឡុងពេល30ថ្ងៃនេះ វា​បាន​កើនឡើង​តិចតួច​ដល់1.70% ក្នុង​ត្រីមាស​នេះ ធៀប​នឹង1.62% ក្នុង​ត្រីមាស​ទី2 ឆ្នាំ2017។

    គួរ​បញ្ជាក់ថា ស្ទើរតែ 80% នៃ​ប្រជាជន​កម្ពុជា​បន្ត​ប្រើ​សេវា​ឥណទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​តែមួយ​ដែល​វា​បាន​កាត់បន្ថយ​ហានិភ័យ​លើ​ការទូទាត់​ប្រាក់​ដើម។ មិន​តែ​ប៉ុ​ណ្នោះ អតិថិជន​ដែលមាន​គណនី​តែមួយ​មាន​ចំនួន 70% នៃ​អតិថិជន​សរុប ចំណែក​អតិថិជន​ដែលមាន​គណនី​ចាប់ពី2ឡើងទៅ​មាន​ចំនួន​ត្រឹមតែ 30% ប៉ុណ្ណោះ៕

  • MFI ផ្តល់​ឥណទាន 1ពាន់​លាន​ដុល្លារ​ដល់​វិស័យ​កសិកម្ម

    MFI ផ្តល់​ឥណទាន 1ពាន់​លាន​ដុល្លារ​ដល់​វិស័យ​កសិកម្ម

    ភ្នំពេញៈ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ (MFI) បានផ្តល់​ឥណទាន​រហូត​ដល់1ពាន់​លាន​ដុល្លារ​អាមេរិក​ដល់​វិស័យ​កសិកម្ម​នៅ​កម្ពុជា។ នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា។

    លោកជំទាវ នាវ ច័ន្ទ​ថា​ណា ទេសាភិបាលរង​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​ក្នុង​កិច្ចប្រជុំ​ទាក់ទង​នឹង​អន្តរាគមន៍​របស់​រដ្ឋា​ភិ​បាល​ដើម្បី​លើកស្ទួយ​តម្លៃ​ស្រូវ​កាលពី​ម្សិលមិញ​ថា ក្រៅពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា​នៅ​កម្ពុជា​ផ្តល់​ឥណទាន​ដល់​វិស័យ​កសិកម្ម​ក្នុង​ទំហំ​ទឹកប្រាក់1ពាន់​លាន​ដុល្លារ​ហើយ​នោះ ធនាគារអភិវឌ្ឍន៍អាស៊ី​ក៏បានផ្តល់​ឥណទាន​ក្នុង​វិស័យនេះ​ក្នុង​ទំហំ​ទឹកប្រាក់ 1.5ពាន់​លាន​ដុល្លារ​អាមេរិក​ផងដែរ។

    ទាក់ទង​នឹង​បញ្ហា​បំណុល​របស់​កសិករ​ដែ​ល​សង​ត្រឡប់​យឺត​វិញ​នោះ លោកជំទាវ​បញ្ជាក់ថា ធនាគារជាតិ​នៃ​កម្ពុជា​ក៏បាន​បង្កើតជា​ក្រុមការងារ និង​ជំរុញ​បង្កើត hotline ដើម្បី​ទទួល​ព័ត៌មាន​ពី​សាធារណជន​ក្នុងការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ទាក់ទង​នឹង​ដំណោះស្រាយ​បញ្ហា​បំណុល​ក្នុង​គោលដៅ​ដោះស្រាយ​បន្ថែមទៀត​ដើម្បី​ផ្តល់​ការអនុគ្រោះ​ដល់​កសិករ​ដែល​ពុំមាន​លទ្ធភាព​សង និង​ដោះស្រាយ​តាមរយៈ​សកម្មភាព​ជាក់ស្តែង និង​យោគយល់​ដោយ​មិន​បង្ខំ​ឲ្យ​លក់​ដីធ្លី ឬ​ផ្ទះសំបែង​ឡើយ។

    ស្ថានភាព​វិស័យ​កសិកម្ម​កំពុងមាន​ភាពប្រសើរឡើង​ទាក់ទង​នឹង​ទិន្នផល និង​ការដាំដុះ​ដែល​កាន់តែ​ធ្វើ​ពិពិធ​កម្ម​នូវ​ផលិតកម្ម​ស្រូវ និង​ដំណាំ​ដទៃទៀត។

    រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លោក វេ​ង សាខុន បាន​ថ្លែងថា ទិន្នផល​ស្រូវ​ឆ្នាំនេះ​រំពឹង​ទទួលបាន​ជាង10លាន​តោន កើនឡើង​ប្រមា ណ10ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ប៉ុន្តែ​ការទទួលបាន​ផល​ស្រូវ​ក្នុង​មួយ​ហិកតា​នៅតែ​ស្ថិតក្នុង​កម្រិត​ចន្លោះ​ពី3ទៅ4តោន​ក្នុង​មួយ​ហិកតា​ដដែល។ លោក​បន្តថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ក្រសួង​បាន និង​កំពុង​ដាក់ចេញ​នូវ​ពូជស្រូវ​ប្រភេទ​ថ្មី​មួយ​ដែលមាន​ឈ្មោះ​ខា14 ខា15 និង​ប្រភេទ​ខា16 ដែលជា​ពូជស្រូវ​មាន​សភាព​ធន់​នឹង​ជំងឺ ធន់​នឹង​អាកាសធាតុ និង​ទទួលបាន​ទិន្នផល​ច្រើន។

    លោក​បន្តថា “ជាមួយនឹង​កំណើន​នៃ​ទិន្នផល​កសិកម្ម​នេះ កម្លាំង​ពលកម្ម​ក្នុង​វិស័យនេះ​បាន​ធ្លាក់ចុះ​ពី​ជាង80ភាគរយ​កាលពី​ទសវត្សរ៍​ទី80មក​នៅ​ជាង60ភាគរយ​ក្នុង​ទសវត្សរ៍​ទី90 និង​ថយ​ចុះមក​នៅត្រឹម41ភាគរយ​ក្នុង​ឆ្នាំ2016 ដោយសារ​ការកើនឡើង​នូវ​ការប្រើប្រាស់​គ្រឿងយន្ត​ក្នុង​វិស័យ​កសិកម្ម​ដែល​ធ្វើ​ឲ្យ​វិស័យនេះ​ទទួលបាន​តម្លៃបន្ថែម​កាន់តែច្រើន៕

  • សាន សុ​ម៉ាលី លេង​ឈុត​សិច​ស៊ី ក្រោយពី​សរសេរ​សារ​អស់សង្ឃឹម​ក្នុង​ជីវិត

    សាន សុ​ម៉ាលី លេង​ឈុត​សិច​ស៊ី ក្រោយពី​សរសេរ​សារ​អស់សង្ឃឹម​ក្នុង​ជីវិត

    ក្រោយពី​កញ្ញា សាន សុ​ម៉ាលី បាន​សម្ដែង​អារម្មណ៍​ពុំ​សូវ​សប្បាយ​ចិ​ត្ដទៅ​កាន់​អ្នកគាំទ្រ​ខ្លួន​រួចមក នាង​បានធ្វើឱ្យ​ពួកគេ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេលដែល​នាង​បង្ហាញ​រូបភាព​ស្រី​ម្នាក់​ឈរ​ថត​ក្នុង​បន្ទប់​ក្នុង​ឈុត​ខោអាវ​ទ្រនាប់។

    នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា Somaly San Real នាង​បាន​សរសេរ​សារ​នៅ​ក្នុងនោះ​ថា៖«ទ្រាំ​ទៅ​កម្ម​យើង​ទេ  មិនដឹង​ធ្វើ​ដើម្បី​អ្វី? គ្មាន​នរណា​ល្ងង់​ដូច​ខ្ញុំ​ទេ ជីវិត​ខ្ញុំ​សែន​វេទនា​ចិ​ត្ដ ជីវិត​ជាតិ​នេះ​ឆាចោល មិន​ដែលមាន​សេចក្ដីសុខ​ទេ  ងាក​ទៅ​កន្លែង​ណា​ក៏​ឈឺចាប់»

    ការ​ត្អូញត្អែរ​របស់​កញ្ញា សាន សុ​ម៉ាលី នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ត្រូវបាន​មហាជន​មានការ​ចាប់អារម្មណ៍ និង​ចង់ដឹង​ជាខ្លាំង​ថា តើ​មូល​ហេតុអ្វី​បានជា​នាង​សរសេរ​សារ​បែប​អស់សង្ឃឹម​ដូច្នេះ។ ទោះយ៉ាងណា​គេ​គ្រាន់តែ​បានដឹងថា មួយរយៈ​ចុងក្រោយ​នេះ​ការងារ​សិល្បៈ​របស់​នាង​មិនសូវ​ជា​កាក់កប​ទេ រីឯ​រឿង​គូជីវិត​វិញ​ក៏​មិនទាន់​ជួប​ភាពជោគជ័យ​នៅឡើយ​ដែរ បន្ទាប់ពី​ជួប​រឿង​ឈឺចាប់​ពីរ​បី​លើក​រួចមក។ ពិសេស​ជាងនេះទៅទៀត ថែមទាំង​លេច​ឮថា ម្ដាយ​របស់​នាង​ក៏​កំពុង​ជំងឺ​ទៀតផង​ដែល​នេះ​ជា​កត្តា​បន្ថែម​បន្ទុក​លើ​នាង​មួយកម្រិត​ទៀត​ក្នុងនាម​ជា​កូនស្រី​នៅក្នុង​គ្រួសារ។

    បន្ទាប់ពី​ថ្លែង​សារ​បែប​អស់សង្ឃឹម​រួចមក ថ្មីៗនេះ​នាង​បាន​បង្ហោះ​រូបភាព​នៅក្នុង​គណនី​ដដែល​ដោយមាន​រូប​ស្រី្ដ​ម្នាក់​ឈរ​ថត​ក្នុង​ឈុត​ខោ​ក្នុង​អាវ​ក្នុង​ដោយ​បិទបាំង​មុខ។ តែ​ទោះជា​យ៉ាងណា​អ្នកគាំទ្រ​នាង​បាន​សន្និដ្ឋានថា គឺជា​រូប​របស់​នាង​ច្បាស់​ណាស់ ខណៈ​ពួកគេ​បាន Comment ចំពោះ​រូបនោះ តែ​នាង​បាន​បដិសេធថា មិនមែនជា​រូបនាង​ទេ។ អ្វីដែល​គេ​ភ្ញាក់ផ្អើល​នោះ​គឺ បើទោះជា​ប៉ុន្មាន​ឆ្នាំមុន​នាង​ជាប់​ឈ្មោះ​ជា​តារា​ស្រី​សិច​ស៊ី​ម្នាក់​ក៏ដោយ ក៏​នាង​ពុំដែល​លេងខ្លួន​សិច​ស៊ី​បែប​នេះដែរ។

    គេ​មិនដឹងថា តើ​ការធ្វើ​បែបនេះ គឺ​ដើម្បី​ភាព​ទាក់ទាញ​ឬ​យ៉ាងណា​នោះទេ តែ​គេ​សង្ឃឹមថា នាង​នឹងមិន​ធ្វើ​ដូច​អ្វីដែល​បាន​នាង​សរសេរ​សារ​ក្នុង​គណនី Somaly San Real ឡើយ៕

  • ក្រសួង​រ៉ែ ប្រកាស​ផ្តល់​អាជ្ញា​បណ្ណ​រក​រ៉ែ​លោហៈ​ចំនួន 2កន្លែង​ថែមទៀត

    ក្រសួង​រ៉ែ ប្រកាស​ផ្តល់​អាជ្ញា​បណ្ណ​រក​រ៉ែ​លោហៈ​ចំនួន 2កន្លែង​ថែមទៀត

    បន្ទាប់ពី​ផ្តល់​អាជ្ញា​បណ្ណ​ដល់​ក្រុមហ៊ុន​ចំនួន 4 ឱ្យ​រុក​រ៉ែ​លោហៈ​នៅ4ទីតាំងខុសៗគ្នា​បានត្រឹមតែ​ជាង1ខែ ក្រសួង​រ៉ែ និង​ថាមពល បានប្រកាស​ផ្តល់​អាជ្ញា​បណ្ណ​ថ្មី​ចំនួន​ពីរ​ទៀត នៅ​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង។

    ក្រសួង​រ៉ែ និង​ថាមពល បានប្រកាស​ឱ្យ​ក្រុមហ៊ុន​រុករក​រ៉ែ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ទាំងអស់​នៅ​កម្ពុជា​ឱ្យមក​ចូលរួម​ដាក់ពាក្យ​ដើម្បី​ទទួលបាន​សិទ្ធិ​សម្បទាន​រ៉ែ​នៅ​កម្ពុជា ខណៈ​ក្រសួង​នឹង​ផ្តល់ជូន​ចំនួន​ពីរ​កន្លែង​ផ្សេងទៀត បន្ទាប់ពី​ការផ្តល់​ទីតាំង​ចំនួន4សម្រាប់​ការរុករក​រ៉ែ​លោហៈ​កាលពី​ខែមិថុនា ឆ្នាំ2017។

    លិខិត​ជូនដំណឹង​របស់​ក្រសួង​រ៉ែ និង​ថាមពល​ចុះ​ថ្ងៃទី03 ខែសីហា ឆ្នាំ2017 បាន​ទុកពេល​ឱ្យ​ក្រុមហ៊ុន​រ៉ែ​ក្នុង និង​ក្រៅប្រទេស ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​កម្ពុជា ត្រូវ​មក​ដាក់ពាក្យ​ស្នើសុំ​អាជ្ញា​បណ្ណដើ​ម្បី​រុករក​រ៉ែ​លោហៈ រហូតដល់​ថ្ងៃទី30 ខែសីហា ឆ្នាំ2017។

    តំបន់​ថ្មី​ទាំងពីរ​នោះ​រួមមាន តំបន់​ស្ថិតក្នុង​ឃុំ​ស្វាយ​ជ្រះ និង​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ ដែលមាន​ផ្ទៃដី​សម្រាប់​រុករក​រ៉ែ​ទំហំ30.60គីឡូម៉ែត្រ​ការ៉េ និង​ទី2 តំបន់​ឃុំ​ចម្ការលើ ឃុំ​អូរ​រៃ និង​ឃុំ​ស្រែ​ឫស្សី ស្រុក​ថា​ឡា​បរិ​វាត់ ខេត្តស្ទឹងត្រែង ដែលមាន​ផ្ទៃដី​រុករក​រ៉ែ​ទំហំ114.98គីឡូម៉ែត្រ​ការ៉េ។

    កាលពី​ខែមិថុនា ឆ្នាំ2017 ក្រុមហ៊ុន​ចំនួន4 ដែល​ទទួលបាន​អាជ្ញា​បណ្ណ​រុករក​រ៉ែ​លោហៈ រួមមាន 1.ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited តំបន់​ស្វាយ​ជ្រះ ស្ថិតក្នុង​ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ និង​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សី​ម៉ា ខេត្តមណ្ឌលគិរី លើ​ផ្ទៃដី74.32គីឡូម៉ែត្រ​ការ៉េ 2.ក្រុមហ៊ុន Kiri Resources Co., Ltd តំបន់​អូរ​ចុស ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ និង​ឃុំ​សុចិត្រ ព្រមទាំង​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ដែលមាន​ទំហំ​ផ្ទៃដី​រុករក​រ៉ែ93.94គីឡូម៉ែត្រ​ការ៉េ 3.ក្រុមហ៊ុន Samnang Angkor Development Co., Ltd តំបន់​វាល​ស្រ​ង៉ា​ម ឃុំ​តា​កែន ស្រុក​ឈូក ខេត្តកំពត ដែលមាន​ផ្ទៃដី​រុករក​រ៉ែ​ទំហំ159.50គីឡូម៉ែត្រ​ការ៉េ និង 4.ក្រុមហ៊ុន Sea Resources Pty Ltd តំបន់​ព្រែក​កាំ​ពីរ ស្ថិតនៅ​ឃុំ​ថ្មី ឃុំ​ចង្ក្រង់ ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ឃុំ​ស្រែ​ជិះ និង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ និង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សី​ម៉ា ខេត្តមណ្ឌលគិរី ដែលមាន​ផ្ទៃដី​រុករក​សរុប198គីឡូម៉ែត្រ​ការ៉េ។

    សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​រ៉ែ និង​ថាមពល បាន​បញ្ជាក់ថា“ចំពោះ​ក្រុមហ៊ុន​រ៉ែ ដែល​បាននិងកំពុង​កាន់​អាជ្ញា​បណ្ណ​ធនធាន​រ៉ែ​លើស​ពីមួយ​ពុំមាន​សិទ្ធិ​ដាក់​ពាក្យសុំ​អាជ្ញា​បណ្ណ​ស្វែង​រុករក​រ៉ែ​លោហៈ​នេះ​ទេ។

    នា​ព្រឹក​ថ្ងៃទី07 ខែសីហា ឆ្នាំ2017 កន្លងមក​ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ក៏បាន​អនុញ្ញាតឱ្យ​តំណាង​ក្រុមហ៊ុន Mesco Gold Cambodia Limited ចូលជួប​សម្តែង​ការគួរសម និង​រាយការណ៍​អំពី​វឌ្ឍនភាព​ការសាងសង់​រោងចក្រ​អាជីវកម្ម​រ៉ែ​មាស នៅ​ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនៈគិរី។

    យោងតាម​ក្រសួង​រ៉ែ និង​ថាមពល មកដល់​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុងតែ​អនុវត្តតាម​ផែនការ​នៃ​គម្រោង​អាជីវកម្ម ដោយបាន​បំពេញបែបបទ និងកំពុងដំណើរការ​នាំចូល​សម្ភារ​បរិក្ខារ​សាងសង់​រោងចក្រ​បន្សុទ្ធ​មាស តាមរយៈ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ តំណាង​ក្រុមហ៊ុន​ក៏បាន​ស្នើ​គោរព​អញ្ជើញ​ឯកឧត្តម​រដ្ឋមន្ត្រី​ទៅធ្វើ​ទស្សនកិច្ច​ការដ្ឋាន​រ៉ែ ដែល​ស្ថិតក្រោម​ការវិនិយោគរ​បស់​ក្រុមហ៊ុន​ខ្លួន​នៅ​ប្រទេស​ឥណ្ឌា នាពេល​វេលា​សមស្រប​ខាងមុខ។

    ក្រោយ​ការផ្តល់​អាជ្ញា​បណ្ណ ដល់​ក្រុមហ៊ុន Renaissance Mineral (Cambodia) Limited ដែលជា​ក្រុមហ៊ុន​មកពី​ប្រទេស​អូស្ត្រាលី ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ក៏បាន​ជួប​លោក Simon Lee Ao ប្រធាន​ក្រុមហ៊ុន និង​លោក Morgan Hart នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ដើម្បីឱ្យ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​បាន​រាយការណ៍​ពី​វឌ្ឍនភាព​នៃ​គម្រោង​រ៉ែ​មាស​នៅ​តំបន់​អូរ​ខ្វាវ និង​អូរ​ឈូង ក្នុង​ខេត្តមណ្ឌលគិរី។

    ឯកឧត្តម ស៊ុយ សែម បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​រៀបចំ​ឯកសារ​ទាំង​ការសិក្សា​សមិទ្ធ​លទ្ធភាព ទាំង​ឯកសារ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​និង​សង្គម ឱ្យបាន​ឆាប់ ដើម្បី​ជំរុញ​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់​នោះ​ឱ្យបាន​លឿន​តាម​ផែនការ៕

  • ក្រសួងពាណិជ្ជកម្ម​គ្រោង​បង្កើត​សហព័ន្ធ​ម្រេច ដើម្បី​ពង្រឹង​ទីផ្សារ និង​ការផ្គត់ផ្គង់

    ក្រសួងពាណិជ្ជកម្ម​គ្រោង​បង្កើត​សហព័ន្ធ​ម្រេច ដើម្បី​ពង្រឹង​ទីផ្សារ និង​ការផ្គត់ផ្គង់

    ក្រសួងពាណិជ្ជកម្ម គ្រោង​នឹង​រៀបចំ​បញ្ចូល​ផលិតផល​ម្រេច​ទៅជា​ផលិតផល​សក្តានុពល​មួយ​របស់​កម្ពុជា​សម្រាប់​ការនាំចេញ បន្ទាប់ពី​មាន​ការដាំដុះ​យ៉ាងច្រើន​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដែល​ធ្វើឱ្យ​ទិន្នផល​ម្រេច​ហក់​ឡើង​រហូតដល់​ប្រមាណ 2ម៉ឺន​តោន​ក្នុង1ឆ្នាំ។

    នៅក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី​ពាណិជ្ជកម្ម​ម្រេច និង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​របស់​សហគមន៍​ម្រេច​អន្តរជាតិ ក្នុង​ការកសាង​ទំនុកចិត្ត​ឆ្ពោះទៅកាន់​និរន្តរភាព​នៃ​ផលិតកម្ម​ម្រេច កាលពី​ថ្ងៃទី11 ខែសីហា ឆ្នាំ2017 នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​អះអាងថា ការដាំដុះ​ម្រេច​នៅ​ប្រទេស​កម្ពុជា មាន​សន្ទុះ​ខ្លាំងក្លា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ពោលគឺ​បន្ទាប់ពី​ដំណាំ​ម្រេច​មាន​ស្ថិរភាព​ថ្លៃ បើ​ធៀប​ទៅនឹង​ផលិតផលផ្សេងៗទៀត។

    បច្ចុប្បន្ន​កម្ពុជា អាច​ប្រមូល​ផល​ម្រេច​បាន​បរិមាណ2ម៉ឺន​តោន ខណៈ​កាលពី​អំឡុង​ទសវត្សរ៍60 មាន​ត្រឹមតែ 2,000តោន​ប៉ុណ្ណោះ។

    ឯកឧត្តម​បាន​ថ្លែងថា៖ “ការកើនឡើង​ខ្ពស់​នេះ បាន​បង្កក្តី​លំបាក​ដល់​ការរក​ទីផ្សារ។ យើង​ដឹង​ហើយ​ថា ម្រេច​តែមួយ​ក្តាប់ គេ​អាច​ប្រើ​បាន​ស្ទើរ​មួយ​ភូមិ ដូចនេះ​ការរក​ទីផ្សារ​ពិតជា​ពិបាក។

    នៅ​ចំពោះមុខ​ការលំបាក​នេះ និង​ដើម្បី​ដោះស្រាយ​ស្ថានភាព​ប្រឈម​នៅពេល​ខាងមុខ ក្រសួងពាណិជ្ជកម្ម គ្រោង​នឹង​បង្កើត​សមាគម​ម្រេច​ឱ្យ​មាននៅ​គ្រប់​ខេត្ត​ទាំងអស់19 ដែលមាន​ការដាំដុះ​ម្រេច ដើម្បី​ឈានទៅ​បង្កើត​សហព័ន្ធ​ម្រេច​នៅ​ថ្ងៃ​អនាគត ខណៈ​បច្ចុប្បន្ន​មានតែ​ខេត្ត​ចំនួន5ប៉ុណ្ណោះ​ដែលមាន​សមាគម​ម្រេច។ ការប្រកប​អាជីវកម្ម​ម្រេច​ត្រូវបាន​ធ្វើឡើងដោយឡែកៗពីគ្នា​រវាង​កសិករ​ម្នាក់​ទៅ​កសិករ​ម្នាក់ទៀត ដែលជា​កត្តា​ពិបាក និង​ការចំណាយ​ខ្ពស់។

    ឯកឧត្តម ម៉ៅ ថូ​រ៉ា បាន​អះអាងថា ម្រេច​ជា​ផលិតផល​សំខាន់​មួយ​ក្នុងចំណោម​ទំនិញ​ទាំង19 មុខ​របស់​កម្ពុជា​ដែលជា​អាទិភាព​សម្រាប់​ការនាំចេញ។ ផលិតផល​ម្រេច​ប្រមាណ300តោន​សម្រាប់​បំពេញតម្រូវការ​ទីផ្សារ​ក្នុងស្រុក ហើយ​ទិន្នផល​សេសសល់​ត្រូវ​ពឹង​លើ​ការនាំចេញ ដោយ​វៀតណាម​នាំចូល​ច្រើន​បំផុត ក្រៅពីនោះ​មាន​ទីផ្សារ​ជប៉ុន កូរ៉េ អាមេរិក និង​កាណាដា ជាដើម។

    យោងតាម​ការសិក្សា កសិករ​លក់​ម្រេចភ្លាមៗក្រោយ​ប្រមូល​ផល ដោយសារ​គ្មាន​ឃ្លាំង​ស្តុក និង​ត្រូវការ​ទុន​បង្វិល។ អ្នក​ដាំ​ដុះ​ម្រេច ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ពី 2-3ម៉ឺន​ដុល្លារ​ក្នុង​មួយ​ហិកតា សម្រាប់​ការដាំដុះ​ម្រេច​រហូតដល់​ដល់​ប្រមូល​ផល។

    នៅ​ខែធ្នូ​ចុងឆ្នាំ​នេះ ក្រសួងពាណិជ្ជកម្ម​គ្រោង​នឹង​រៀបចំ​វេទិកា​ម្រេច​លើក​ទី1 ដើម្បី​បញ្ជ្រាប​ព័ត៌មាន​ស្តីពី​ម្រេច​ដល់​អ្នក​ដែល​កំពុង​ធ្វើ​អាជីវកម្ម។ នេះ​បើតាម​ការបញ្ជាក់​របស់ ឯកឧត្តម ម៉ៅ ថូ​រ៉ា៕

  • Ronaldo រង​ពិន័យ​ព្យួរ 5ប្រកួត ក្រោយពី​បាន​រុញ​ខ្នង​អាជ្ញាកណ្តាល

    Ronaldo រង​ពិន័យ​ព្យួរ 5ប្រកួត ក្រោយពី​បាន​រុញ​ខ្នង​អាជ្ញាកណ្តាល

    ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​រង​នូវ​ការពិន័យ​ព្យួរ​ចំនួន5ប្រកួត ដោយសារតែ​បាន​រុញ​ខ្នង​អាជ្ញាកណ្តាល​លោក De Burgos Bengoetxea ក្នុងអំឡុងពេល​ប្រកួត​ដែល​ក្រុម Real Madrid ដណ្តើមបាន​ជ័យជម្នះ​ក្នុង​លទ្ធផល 3-1 លើ​ក្រុម Barcelona ក្នុងការ​ប្រកួត​ពាន Super Cup របស់​អេ​ស្ប៉ា​ញ​ជើង​ទី1 កាលពី​ថ្ងៃអាទិត្យ។

    ខ្សែប្រយុទ្ធ​រូបនេះ​បាន​រុញ​ខ្នង​អាជ្ញាកណ្តាល​រូបនោះ ក្រោយពី​រូបគេ​បានទទួល​ការពិន័យ​កាត​លឿង​ជា​លើក​ទី2 នៅក្នុង​ការប្រកួត​នោះ។ Ronaldo បាន​រង​ពិន័យ​កាត​លឿង​លើកទីមួយ​សម្រាប់​ការ​ដោះ​ដាវ​របស់គេ​ដើម្បី​អបអរ​ការរក​គ្រាប់​បាល់​បញ្ចូល​ទី និង​បានទទួល​ការពិន័យ​កាត​លឿង​មួយទៀត​ជា​លើក​ទី2 សម្រាប់​ការធ្វើ​ពុត​ជា​ដួល​នៅ​តំបន់​ការពារ​របស់​ក្រុម Barcelona ក្រោម​សម្ពាធ​របស់​ខ្សែការពារ Samuel Umtiti។ ក្រោម​ច្បាប់​មាត្រា​ទី96របស់​សហព័ន្ធ​កីឡាបាល់ទាត់​អេ​ស្ប៉ា​ញ កីឡាករ​រូប​ណា​ដែល​ចាប់​ឱប អង្រួន និង​រុញ​អាជ្ញាកណ្តាល អាច​នឹងត្រូវ​រង​ពិន័យ​ព្យួរ​ពី4 ទៅ12ប្រកួត។ សេចក្តីថ្លែងការណ៍​មួយ​ដែល​ត្រូវបាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អេ​ស្ប៉ា​ញ​ហៅ​កាត់​ថា RFEF បាន​ឲ្យ​ដឹងថា៖ «ករណី​ទី1 កីឡាករ Cristiano Ronaldo របស់​ក្លិប Real Madrid នឹងត្រូវ​ជាប់​ពិន័យ​ព្យួរ​មួយ​ប្រកួត ក្រោយពី​ទទួលបាន​កាត​លឿង2 ដោយ​កាត​លឿង​ទី1សម្រាប់​ការ​ដោះអាវ​របស់គេ​ក្នុងពេល​អបអរ​ការរក​គ្រាប់​បាល់​បាន​របស់គេ និង​ទី2 សម្រាប់​ការធ្វើ​ពុត​ជា​ដួល។ ក្លិប​នេះ​ត្រូវ​រង​ពិន័យ​ជា​ទឹកប្រាក់350អឺរ៉ូ ហើយ​កីឡាករ​រូបនេះ​ក៏​នឹងត្រូវ​ពិន័យ800អឺរ៉ូ ផងដែរ»។ RFEF បាន​បន្ថែមទៀតថា៖ «ករណី​ទី2 Cristiano Ronaldo ត្រូវ​ជាប់​ពិន័យ​ព្យួរ​សម្រាប់​ការប្រកួត4លើក​ផ្សេងទៀត​ចំពោះ​ការប្រព្រឹត្ត​ល្មើ​សនឹង​វិន័យ​មាត្រា​ទី96 ដោយ​ក្លិប​ត្រូវ​រង​ពិន័យ​ជា​ទឹកប្រាក់1,400អឺរ៉ូ និង3,005អឺរ៉ូ​សម្រាប់​កីឡាករ»៕

    https://www.youtube.com/watch?v=mqxx1-EmKSE

    នេះជាតារាងការប្រកួតដែលអវត្តមាន Cristiano Ronaldo

    Barcelona (h) – Spanish Super Cup – 16 August
    Deportivo La Coruna (a) – La Liga – 20 August
    Valencia (h) – La Liga – 27 August
    Levante (h) – La Liga – 9 September
    Real Sociedad (a) La Liga – 17 September

    ប្រភពពី៖ Sky Sport