Author: វល័ក្ខ

  • កម្ពុជា​ត្រៀម​បំបែក​កំណត់ត្រា​ពិភពលោក តាមរយៈ​ការបង្កើន​ចំនួន​សហគ្រិន​វ័យក្មេង

    កម្ពុជា​ត្រៀម​បំបែក​កំណត់ត្រា​ពិភពលោក តាមរយៈ​ការបង្កើន​ចំនួន​សហគ្រិន​វ័យក្មេង

    កម្ពុជា​កំពុង​ត្រៀមខ្លួន​បំបែក​កំណត់ត្រា​ពិភពលោក​តាមរយៈ​ការបង្កើន​ចំនួន​សហគ្រិន​ក្នុង​យុទ្ធនា​ការរៀន​ធ្វើ​ជំនួញ ឬ #GoBusiness17 ដែល​រៀបចំឡើង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា។

    កម្ម​វី​ធី​រៀន​ធ្វើ​ជំនួញ​នេះ ជា​យុទ្ធនាការ​លើកកម្ពស់​កា​រ​យល់ដឹង​របស់​យុវជន​ដែលមាន​អាយុ​ចាប់ពី 15ឆ្នាំ ដល់ 29ឆ្នាំ ចំនួន 3000នាក់ ឱ្យចូល​រួម​វគ្គ​បណ្តុះបណ្តាល​សហគ្រិន​ភាព ជំរុញ​កិច្ចសហការ និង​ការសម្របសម្រួល​រវាង​វិស័យ​នានា​ដើម្បី​គាំទ្រ​ដល់​សហគ្រិន​វ័យក្មេង និង​ដើម្បី​ត្រៀម​ជា​ផ្លូវការ​ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក Guinness។

    សកម្មភាព​ដែល​នឹងធ្វើ​នៅក្នុង​យុទ្ធនា​ការរៀន​ធ្វើ​ជំនួញ ឬ#GoBusiness17 នេះ​មាន 4ចំណុចសំខាន់ៗដូចជា សកម្មភាព​ទី1 គឺ​ការប៉ុនប៉ង​ជា​ផ្លូវការ​ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក Guinness ស្តីពី​សិក្ខាសាលា​ធុរកិច្ច​ជាក់ស្តែង​ដ៏​ធំ​បំផុត។ ទី2 គឺ​កិច្ចប្រជុំតុមូល​ស្តីពី​ភាពជា​សហគ្រិន ដែលមាន​ការចូលរួម​ពី​មន្ត្រី​រដ្ឋាភិបាល អង្គការ​ជាតិ អន្តរជាតិ អង្គការ​ដែលជា​ដៃគូ អ្នកផ្តល់​សេវា​អប់រំ សហគ្រិន​ជោគជ័យ និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត។ ទី3 គឺ​វីដេអូ​ប្រកាស​ពី​សេវាកម្ម​សាធារណៈ​ដើម្បី​លើកកម្ពស់​ឱកាស​សម្រាប់​យុវជន​ក្នុងការ​ទទួលបាន​នូវ​ការបណ្តុះបណ្តាល និង​ការគាំទ្រ​អំពី​សហគ្រិនភាព និង​ទី4 គឺ​ការផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដល់​យុវជន និង​ការលើកកម្ពស់​ភាពជា​អ្នកដឹកនាំ​របស់​យុវជន ត្រូវបាន​រៀបចំឡើង​ដើម្បី​បង្ហាត់​យុវជន​អភិវឌ្ឍ​សមត្ថភាព និង​ការយល់ដឹង​ពី​សហគ្រិនភាព។

    រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​លើកឡើងថា យុទ្ធនាការ​នេះ អាច​នឹង​បង្កើត​បទពិសោធ​រៀនសូត្រ​របស់​យុវជន​កម្ពុជា​ដោយ​អភិវឌ្ឍ​គំនិត និង​ជំនាញ​ដែល​ចាំបាច់​ក្នុងការ​ប្រែក្លាយ​គំនិត​អាជីវកម្ម​ទៅជា​ការវិនិយោគ​ផ្នែក​ពាណិជ្ជកម្ម​មួយ​ពិតប្រាកដ​សម្រាប់​ការបង្កើត​ការងារ​ដោយ ខ្លួនឯង។

    ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន មានប្រសាសន៍ថា៖ «តាមរយៈ​ការបណ្តុះបណ្តាល​សហគ្រិន​ភាព​នេះ យុវជន​អាច​បង្កើន​ជំនាញ​ទន់ ហើយ​ជួយ​ពួកគេ​ឱ្យ​ត្រៀមខ្លួន​សម្រាប់​ទីផ្សារការងារ ឬ​ការបង្កើត​ការងារ​ដោយ​ខ្លួនឯង​បន្ទាប់ពី​បញ្ចប់​ការសិក្សា។ ជា​រឿង​សំខាន់​ដែល​យុវជន​មាន​ស្មារតី​យល់ដឹង​ពី​សហគ្រិនភាព និង​ភាពជា​អ្នកដឹកនាំ​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ»។

    គម្រោង​មួយ​នេះ​មានការ​គាំទ្រ​ពី​អង្គការ​អន្តរជាតិ​ផ្នែក​ការងារ (ILO) រួមជាមួយ​នឹង​ដៃគូ​សហការ​នានា​ជាច្រើន​ទៀត៕

  • ស្ថាប័ន​មួយ​នៅ​ចក្រភព​អង់គ្លេស​ថា ល្បឿន 4G របស់ Cellcard លឿន​ជាង​ល្បឿន 4G របស់​ពិភពលោក

    ស្ថាប័ន​មួយ​នៅ​ចក្រភព​អង់គ្លេស​ថា ល្បឿន 4G របស់ Cellcard លឿន​ជាង​ល្បឿន 4G របស់​ពិភពលោក

    ស្ថាប័ន​អន្តរជាតិ OpenSignal ដែលមាន​ជំនាញ​លើ​ការធ្វើ​តេស្ត​ល្បឿន​អ៊ី​ន​ធើ​ណេ​ត​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​បានចេញ​របាយ​ការណ៍​មួយ​ថា ល្បឿន​អ៊ី​ន​ធើ​ណេ​ត 4G LTE របស់​ក្រុមហ៊ុន Cellcard មាន​ល្បឿន​លឿន​ជាង​អ៊ី​ន​ធើ​ណេ​ត 4G LTE ដែល​កំពុង​ប្រើ​លើ​ពិភពលោក​ទៅទៀត ក្រោយពី​ស្ថាប័ន​មួយ​នេះ​បានធ្វើ​ការសិក្សា​អស់​រយៈពេល 3 ខែ​នៅ​កម្ពុជា។
     

    តាម​របាយការណ៍​ដែល​បាន​ចុះផ្សាយ​កាលពីពេលថ្មីៗនេះ​បាន​បង្ហាញថា Cellcard បាន​ជាប់​លេខ​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​បណ្ដាញទូរស័ព្ទ​ចល័តធំៗក្នុងប្រទេស​ជាមួយនឹង​ល្បឿន​ដោ​ន​ឡូត 4G LTE របស់ខ្លួន​មាន​ល្បឿន​ជា​មធ្យម​ដល់​ទៅ 19.7 Mbps លឿន​ជាងគេ 2ដង​បើ​ប្រៀបធៀប​ជាមួយ​លទ្ធផល​នៃ​ការធ្វើ​តេស្ដ​ដូចគ្នា​របស់​ក្រុមហ៊ុន Smart Axiata។ លើសពីនេះទៅទៀត OpenSignal បាន​បន្ថែមថា ល្បឿន​នៃ​ការ​ដោ​ន​ឡូត​របស់ Cellcard មាន​ល្បឿន​លឿន​ជាង​ល្បឿន​ដោ​ន​ឡូត 4G LTE របស់​ពិភពលោក​ទៅទៀត ដែលជា​មធ្យម​មាន​ល្បឿន​ត្រឹមតែ16.2 Mbps ប៉ុណ្ណោះ។

    របាយការណ៍​ខាងលើនេះ ត្រូវបាន​ឱ្យដឹង​ក្រោយពី​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​ធ្វើការ​សិក្សា​ចាប់ពី​ថ្ងៃទី1 ខែមេសា ដល់​ថ្ងៃទី30 ខែមិថុនា ឆ្នាំ2017កន្លងទៅ លើ​ក្រុមហ៊ុន​ចំនួន 3 គឺ Cellcard, Metfone និង Smart Axiata។ ក្នុងនោះ ក្រៅពី​ល្បឿន​អ៊ី​ន​ធើ​ណេ​ត​4G LTE ហើយ សេវា​គ្របដណ្តប់ 4GLTE របស់ Cellcard ក៏មាន​ភាពទូលំទូលាយ​ផងដែរ ដោយ​ទទួលបាន​ពិន្ទុ​ខ្ពស់ជាង 70% ធ្វើឱ្យ​អតិថិជន​ខ្លួន​អាច​ភ្ជាប់​ទៅ​សេវា 4G បាន​ញឹកញាប់ និង​លឿន​ជាង​មុន។ ការវាស់ស្ទង់​លើ​វិសាលភាព​នៃ​បណ្តាញ​សេវា​របស់ OpenSignal នេះ​ធ្វើឡើង​ដោយ​វាស់​ស្ទង់​លើ​ចំនួន​ដង​នៃ​ការចូល​ទៅប្រើ​បណ្តាញ​សេវា។ តាមរយៈ​ការធ្វើ​តេស្ត​នេះ អ្នកប្រើប្រាស់​អាច​ចូល​ប្រើ​សេវា 4G បាន​រហូតដល់ 7ដង ក្នុងចំណោម10ដង៕

    ប្រភព៖ https://goo.gl/uR22rY

  • លោក Vitorino ទទួលស្គាល់ថា កម្ពុជា U23 ត្រូវការ​បទពិសោធ​បន្ថែមទៀត

    លោក Vitorino ទទួលស្គាល់ថា កម្ពុជា U23 ត្រូវការ​បទពិសោធ​បន្ថែមទៀត

    លោក Leonard Vitorino គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម23ឆ្នាំ បាន​ទទួលស្គាល់ថា ក្រុមយុវជន​របស់លោក​ត្រូវការ​បទពិសោធ​បន្ថែម និង​ទទួល​ការអភិវឌ្ឍ​បន្ថែមទៀត ក្រោយពី​ពួកគេ​បាន​ចាញ់​ក្រុម​ជម្រើសជាតិ​វៀតណាម​អាយុ​ក្រោម23ឆ្នាំ​យ៉ាងធ្ងន់ធ្ងរ​ក្នុង​លទ្ធផល 4-1 ក្នុងការ​ប្រកួត​ជុំ​ទី2នៃ​ពូ​ល B ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី29 ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី កាលពី​ល្ងាច​ថ្ងៃ​ម្សិលមិញ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា គ្រូបង្វឹក​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​នៅតែ​ជឿជាក់ថា ក្រុម​របស់លោក​នឹងមាន​ការអភិវឌ្ឍ​កាន់តែ​ល្អប្រសើរ​ក្នុងពេល​អនាគត។

    ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​បន្ទាប់ពី​បញ្ចប់​ការប្រកួត លោក Vitorino បាន​និយាយថា៖ «យើង​ចាប់ផ្តើម​យ៉ាងរឹងមាំ និង​បាន​បង្កើត​ឱកាស​មួយចំនួន​ក្នុង​តង់​ទី1។ ពិតណាស់ ក្រោយពី​យើង​បាន​ដេញតាម​ពីក្រោយ 1-០ យើង​បាន​ព្យាយាម​ធ្វើការ​វាយបក​វិញ»។ គ្រូបង្វឹក​រូបនេះ​បាន​បន្តថា៖ «ប៉ុន្តែ យើង​មិនអាច​រក​គ្រាប់​បាល់​បញ្ចូល​ទី​បានឡើយ និង​របូត​គ្រាប់​បាល់​ជាច្រើន។ ហេតុនេះ មានន័យថា យើង​ត្រូវការ​បទពិសោធ​បន្ថែម​ជាច្រើន​ទៀត ប៉ុន្តែ​ខ្ញុំ​នៅតែ​ជឿជាក់ថា កម្ពុជា​អាចធ្វើ​ការអភិវឌ្ឍ​ទៅមុខ​បាន»។

    ក្រុម​ជម្រើសជាតិ​កម្ពុជា U23 បាន​ការពារ​យ៉ាងរឹងមាំ​ក្នុង​តង់​ទី1 មុននឹង​បណ្តោយ​ឲ្យ​មាន​គ្រាប់​បាល់​ចូល​ទី​របស់ខ្លួន​នៅពេល​ជិត​បញ្ចប់​តង់ ហើយ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺថា កម្ពុជា​បាន​បណ្តោយ​ឲ្យ​មាន​គ្រាប់​បាល់​បញ្ចូល​ទី​ដល់​ទៅ3គ្រាប់​ក្នុង​ចន្លោះពេល​ត្រឹមតែ10នាទី​ប៉ុណ្ណោះ​ក្នុង​តង់​ទី2។ ក្រោយមក នេន សុធា​រ័ត្ន បាន​ក្លាយជា​កីឡាករ​ដំបូង​គេ​ដែល​រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​សម្រាប់​ក្រុម​កម្ពុជា​ក្នុង​យុទ្ធនាការ​ស៊ី​ហ្គេម​នេះ ក្រោយពី​បាន​ស៊ុត​បាល់​ពិន័យ11ម៉ែត្រ​ចូល​ទី​យ៉ាងខ្លាំង បន្ទាប់ពី​កីឡាករ​នៃ​ក្រុម​វៀតណាម​បានធ្វើ​ឲ្យ​បាល់​ប៉ះ​ដៃ​ក្នុង​ប្រអប់​គ្រោះថ្នាក់។ លទ្ធផល​នេះ ធ្វើ​ឲ្យ​កម្ពុជា ចាញ់2លើក​ពី​ការប្រកួត​ទាំង2លើកដំបូង​របស់ខ្លួន ខណៈដែល​វៀតណាម​ឈ្នះ​ទាំង2ជើង និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី4គ្រាប់​ដូចគ្នា៕

  • ប្រយោជន៍​នៃ​ការ​លាបប្រេង លើ​ផ្ចិត និង​ក្បាលពោះ

    ប្រយោជន៍​នៃ​ការ​លាបប្រេង លើ​ផ្ចិត និង​ក្បាលពោះ

    ផ្ចិត​របស់​មនុស្ស​យើង​គឺជា​កូនសោ​ដ៏​សំខាន់​មួយ​ក្នុងការ​ទ្រទ្រង់​ផ្នែក​មួយចំនួន​នៃ​រាងកាយ​ឱ្យ​ដំណើរការ​ទៅបាន​យ៉ាង​ល្អ ហើយ​នេះ​គឺជា​ហេតុផល​ដែល​អ្នក​គួរតែ​យកចិត្តទុកដាក់​ចំពោះ​រន្ធ​ផ្ចិត និង​ក្បាលពោះ​របស់​អ្នក​ឱ្យបាន​ច្រើន ដូចដែល​អ្នកធ្វើ​ចំពោះ​ផ្នែកផ្សេងៗនៃ​រាងកាយ​របស់​អ្នក​ដែរ។ មួយ​ក្នុងចំណោម​វិធី​ជាច្រើន​ក្នុងការ​ថែរក្សា​វា​គឺ លាបប្រេង​ធម្មជាតិ​ឱ្យ​ក្បាលពោះ និង​រន្ធ​ផ្ចិត​របស់​អ្នក​ឱ្យបាន​ទៀងទាត់។

    ផ្តល់​សំណើម​ដល់​ស្បែក​រដូវរងា​ស្បែក​ងាយ​នឹង​ទទួលរង​នូវ​ការខ្វះ​ជាតិ​ទឹក​ដែល​ធ្វើឱ្យ​ស្បែក​ស្ងួត ស្រអាប់​គ្មាន​ជីវជាតិ ប៉ុន្តែ​ការយក​ប្រេង​បន្តិច​មក​ម៉ាស្សា​លើ​ផ្ចិត និង​បរិវេណ​ជុំវិញ​នោះ ក៏ត្រូវ​បាន​ទុក​ថា​ជាការ​ផ្តល់​សំណើម​ដល់​ស្បែក​ផងដែរ។ ប្រេង​ដែល​អ្នក​អាច​យកមកប្រើ​ដើម្បី​លាប​នេះ​មានដូចជា ប្រេង​អូ​លីវ និង​ប្រេងដូង​ជាដើម។ គ្រាន់តែ​បន្តក់​ប្រេង​នេះ3-4ដំណក់​លើ​បាតដៃ ហើយ​យក​វា​ទៅ​លាប​លើ​ក្បាលពោះ និង​ផ្ចិត​ឱ្យបាន​ទៀងទាត់ ហើយ​ប្រសិទ្ធភាព​នឹង​បង្ហាញ​ឱ្យ​អ្នកឃើញ​ក្រោយពេល​ងូតទឹក​សម្អាតខ្លួន​រួច។

    កម្ចាត់​ធូលី​អ្នកណា​ទៅ​ដឹង ជួនកាល​ធូលី​ដី​ដែល​អ្នក​ខំ​សម្អាត​យ៉ាង​ស្អាត​ពី​ខាងលើ​អាចមក​ជាប់​នៅត្រង់​រន្ធ​ផ្ចិត​របស់​អ្នក​ក៏​ថា​បានដែរ ដូច្នេះហើយ​បានជា​វា​ទាមទា​ឱ្យ​អ្នកធ្វើការ​សម្អាត​បរិវេណ​ត្រង់នេះ​ឱ្យបាន​ល្អ ជាពិសេស​ដើម្បីឱ្យ​ប្រាកដ​ក្នុង​ចិត្ត​ថា រាងកាយ​របស់​អ្នក​ពិត​ជាមាន​អនាម័យ​គ្រប់កន្លែង​ពិតមែន។ ដើម្បី​សម្អាត​រន្ធ​ផ្ចិត​របស់​អ្នក​ឱ្យបាន​ត្រឹមត្រូវ អ្នក​ត្រូវយក​ប្រេង​គ្រាប់​ទំពាំងបាយជូរ, ផ្កាឈូករ័ត្ន ឬ​ប្រេង​ចូ​ចូ​បា (មួយណា​ក៏បាន) មក​បន្តក់​លើ​សំឡី​មួយ​ដុំ​តូច រួច​ជូត​សម្អាត​ផ្ចិតថ្នមៗជាការ​ស្រេច។ ប្រេង​ទាំងអស់នេះ​មាន​ប្រសិទ្ធភាព​ក្នុង​ការជួយ​ធ្វើឱ្យ​ក្អែល ឬ​ធូលី​ដែល​តោង​ជាប់​ក្នុង​រន្ធ​ផ្ចិត​មាន​សភាព​ទន់​ជាង​មុន និង​ងាយស្រួល​ក្នុងការ​សម្អាត។

    កាត់បន្ថយ​ការឈឺចាប់​ពេល​មាន​រដូវ​ការឈឺចាប់​ក្នុងអំឡុងពេល​មាន​រដូវ​អាចជា​ការឈឺចាប់​ដ៏​អាក្រក់​បំផុត​មួយ ដែល​អាចធ្វើឱ្យ​រំខាន​ដល់​ការងារ​ប្រចាំថ្ងៃ​របស់​អ្នក ព្រោះ​ក្នុង​សភាព​បែបនេះ​អ្នក​ពិតជា​មិន​ចង់​ធ្វើ​អ្វី​ក្រៅពី​សម្រាក​នោះឡើយ។ ដូច្នេះ​ដើម្បី​ប​ន្ថូ​រ​បន្ថយ​ការឈឺចាប់​ក្នុងពេល​វេលា​ដ៏​គួរឱ្យ​ធុញថប់​នេះ សូម​សាកល្បង​យក​ប្រេង​ណាមួយ​ក្នុងចំណោម​ប្រេង​មួយចំនួន​ដូចជា ប្រេង​ជី​អង្កាម, ប្រេង Clary Sage, ប្រេង​ស្រល់​ចិន ឬ​ប្រេង​ខ្ញី​ជាដើម មក​ម៉ាស្សាថ្នមៗជុំវិញ​ក្បាលពោះ និង​ត្រង់​ផ្ចិត ដើម្បី​បន្ធូរបន្ថយ​ការឈឺចាប់។

    ព្យាបាល​អាការ​ឈឺពោះ​ប្រសិនបើ​អ្នកមាន​បញ្ហា​ឈឺពោះ ហើយ​មិន​ចង់​ទទួលទាន​ថ្នាំពេទ្យ​នោះ អ្នក​អាច​សាកល្បង​ជាមួយនឹង​ការ​លាបប្រេង​លើ​រន្ធ​ផ្ចិត​វិញ ដើម្បី​កាត់បន្ថយ​ការឈឺចាប់។ ការព្យាបាល​នេះ​ស័ក្តិសម​ជាមួយនឹង​អាការ​ឈឺពោះ​ដែល​បណ្តាលមកពី​ការពុល​អាហារ អាហារ​មិន​រំលាយ និង​អាការ​រាក​រួស​ជាដើម។ ប្រេង​ដែល​អ្នក​ត្រូវ​យកមកប្រើ​ក្នុងស្ថានភាព​បែបនេះ​គឺ ប្រេង​ខ្ញី និង​ប្រេង​ជី​អង្កាម ប៉ុន្តែ​មុននឹង​ប្រើ សូម​លាយ​វា​ជាមួយ​ប្រេង​បន្លែ​បន្តិច​ដូចជា ប្រេង​អាល់​ម៉ុ​ន ឬ​ប្រេង​អូ​លីវ​ជាដើម។

    ព្យាបាល​របួស​ក្លាយ​ផ្ចិត​គឺជា​ទីតាំង​មួយ​ដែល​ងាយ​នឹង​កខ្វក់​ខ្លាំងណាស់ នោះ​មានន័យថា វា​ជាទី​តាំង​ដ៏​ល្អ​បំផុត​សម្រាប់​មេរោគផ្សេងៗដើម្បី​លាក់ខ្លួន។ សម្រាប់​អ្នក​ដែលមាន​បញ្ហា​របួស​ក្លាយ​ម្តុំ​ផ្ចិត​ចាំបាច់​ត្រូវ​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ ហើយ​ក្នុងនោះ​ការ​លាបប្រេង​ក៏​ជា​វិធី​មួយ​ដែរ។ ប្រេង​ដូចជា ប្រេង Mustard, ប្រេងដូង និង​ប្រេង​ស្លឹក​ប្រេងខ្យល់​អាចជួយ​ការពារ​មិនឱ្យ​មានការ​ចម្លងរោគ​បាន។ អ្នក​គួរ​លាបប្រេង​ណាមួយ​ក៏បាន​ក្នុងចំណោម​ប្រេង​ទាំង3ប្រភេទ​នេះ​នៅលើ​ផ្ចិត2ដង​ក្នុង​មួយថ្ងៃ​រហូតដល់​របួស​ក្លាយ​នោះ​ជា​ស្បះ​ស្បើយ។

    ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា អ្នក​បាន​ប្រើ​ប្រេង​ដែល​ត្រឹមត្រូវ ដើម្បី​ទទួលបាន​លទ្ធផល​ជាទី​គាប់ចិត្ត តែ​សូម​ចាំ​ថា ប្រេង​មួយចំនួន​អាច​នឹង​ខ្លាំង​បន្តិច​រហូត​ធ្វើ​ស្បែក​ប្រតិ​កម្មបាន ដូច្នេះ​យក​ល្អ​គួរតែ​សាកល្បង​កន្លែង​ផ្សេង​ជាមុនសិន សឹម​យកមក​លាប​នៅលើ​ផ្ចិត​របស់​អ្នក៕

  • តូ​តា អួតថា មួយ​តួខ្លួន​នាង​ហ្ស៊ី​ន​ពី​ធម្មជាតិ​ទាំងអស់

    តូ​តា អួតថា មួយ​តួខ្លួន​នាង​ហ្ស៊ី​ន​ពី​ធម្មជាតិ​ទាំងអស់

    គិតពី​ពេលវេលា​នៃ​ការចូល​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​របស់​កញ្ញា ម៉ាក សែន​សូ​នី​តា ហៅ (តូ​តា) គឺមាន​រយៈពេល​ជិត10ហើយ។ ការងារ​សិល្បៈ​ក៏មាន​ការវិវឌ្ឍ​រីកចម្រើន​ជាខ្លាំង​ដែរ ប៉ុន្ដែ​សម្រស់​នាង​នៅតែ​អាច​រក្សាបាន​ភាពស្រស់ស្អាត​ដូច​ពេល​ចូល​សិល្បៈដំបូងៗដដែល។

    មាន​មហាជន​ជាច្រើន​បាន​លើកសរសើរ​មិន​ដាច់​ពី​មាត់​ពី​រូប​សម្រស់ សាច់ឈាម​របស់​នាង​ដែល​នៅតែមាន​ភាពស្រស់ស្អាត តែ​ទោះយ៉ាងណា​ក៏មាន​អ្នក​លើកឡើងថា កុំទៅ​ឆ្ងល់! នាង​ល្បីឈ្មោះ​ប៉ុណ្ណឹង​ហើយ ច្បាស់​ជា​ទៅរក​មជ្ឈមណ្ឌល​ថែ​សម្ផស្ស​ដើម្បី​ជួយ​នាង​មិន​ខាន ដូច្នេះ​មិនមែនជា​សម្រស់​ពី​ធម្មជាតិ 100%ទេ។

    ជាមួយគ្នានេះ​កញ្ញា តូ​តា បាន​អះអាងថា រូប​សម្រស់​នាង​ពេញ​មួយ​តួខ្លួន​គឺជា​អំណោយ​ពី​ធម្មជាតិ​សុទ្ធសាធ​ដោយ​ពុំមាន​ការកែប្រែ​អ្វី​ទាំងអស់។នាង​បន្ថែមថា៖”កាលពី​ខ្ញុំ​ចូល​សិល្បៈ​ដំបូង​ក៏​ធ្លាប់មាន​ចេតនា​ចង់​កែ​សម្ផស្ស​ខ្លះ​ដែរ ប៉ុន្ដែ​ម៉ាក់​ពុំ​សប្បាយ​ចិ​ត្ដ​ឡើយ​ចំពោះ​ការធ្វើ​បែបនេះ ដ្បិតអី​គាត់​យល់ឃើញថា ខ្ញុំ​ស្អាត​ស្រាប់​ហើយ ដូច្នេះ​គាត់​មិន​ចង់ឱ្យ​ពាក់ព័ន្ធ​លើ​ការកែ​សម្រស់​ទេ។ ដូច​បង​ដឹង​ស្រាប់​ហើយ កន្លងមក​គាត់​ធ្លាប់​ប្រាប់ថា បើ​ខ្ញុំ​ហ៊ាន​តែ​កែ​សម្រស់​គាត់​កាត់កាល​ខ្ញុំ​ចោល​តែម្តង (សើច) ទោះបីជា​គាត់​និយាយ​លេង តែ​ខ្ញុំ​ខ្លួនឯង​ក៏​លែង​ចង់​កែ​សម្ផស្ស​អ្វី​ដែរ។ សម្រស់​ធម្មជាតិ​បែបនេះ​ក៏​ម្យ៉ាងដែរ។

    រយៈពេល​ជិត10ឆ្នាំ​មកនេះ យើង​ជឿថា មាន​ទស្សនិកជន​ជាច្រើន​ប្រាកដជា​ស្គាល់ និង​ចាំ​មុខ​កញ្ញា តូ​តា បាន​យ៉ាងច្បាស់ ព្រោះ​ចាប់តាំងពី​នាង​ចូល​សិល្បៈ​រហូតមក​ដល់ពេលនេះ សម្រស់​របស់​នាង​ហាក់​ពុំមាន​ប្រែប្រួល​អ្វី​ឡើយ។

    នាង​បញ្ជាក់ថា រាល់ពេល​នាង​ចេញ​ថតម្ដងៗក៏មាន​ការព្រួយបារម្ភ​នឹង​កម្តៅថ្ងៃ​ដែរ ប៉ុន្ដែ​នាង​បានជ្រើសរើស​ប្រើ​ផលិតផល​មួយចំនួន​មក​ការពារ​ស្បែក​ដៃជើង​ធ្វើយ៉ាងណា​កុំឱ្យ​មានការ​ទទួលរង​ពី​កម្ដៅថ្ងៃ​ខ្លាំងពេក។

    តារា​ញញឹម​ថ្ពាល់ខួច​រូបនេះ​បញ្ជាក់ថា៖”បើទោះជា​មាន​សម្រស់​ពី​ធម្មជាតិ​ក៏ដោយ ក៏​ខ្ញុំ​គិត​ទៅលើ​ការថែទាំ​ខ្លាំង​ដែរ តែ​ខ្ញុំ​ជ្រើសរើស​វិធី​បែប​ធម្មជាតិ ដូចជា​ស្ទី​ម លាប​ឡេ​ការពារ​កម្ដៅថ្ងៃ ឬ​ឡេ​ជំនួយ​ស្បែក​បន្ដិចបន្ដួច​ប៉ុណ្ណោះ។ ទាល់តែ​មានការ​ថែទាំ​ទើប​សម្រស់​ពី​ធម្មជាតិ​អាច​នៅ​គង់វង្ស​បានល្អ។ នាង​បន្ដថា នាង​នឹង​អាច​កែ​សម្ផស្ស​ខ្លះ​ពេល​មាន​អាយុ​ច្រើន ឬ​មាន​ស្វាមី ព្រោះ​ពេលនោះ​វា​នឹង​អាច​បណ្ដាលឱ្យ​បាត់បង់​សម្រស់​ពី​ធម្មជាតិ​ខ្លះ ព្រោះ​នាង​យល់ថា សម្រស់​ជា​ចំណុច​ទាក់ទាញ​ខ្លាំង​សម្រាប់​នារី ប្រសិន​សម្រស់​ត្រូវបាន​បាត់បង់​កន្លែង​ណាមួយ​យើង​គួរតែ​ចេះ​កែច្នៃ​ឱ្យ​វា​វិ​វត្ដ​មករក​ភាពស្រស់ស្អាត​វិញ៕

  • សហគ្រាស​ខ្នាតតូច និង​មធ្យម​កំពុង​បារម្ភ​ពី​កង្វះ​ទីផ្សារ​លក់​ផលិតផល

    សហគ្រាស​ខ្នាតតូច និង​មធ្យម​កំពុង​បារម្ភ​ពី​កង្វះ​ទីផ្សារ​លក់​ផលិតផល

    ភ្នំពេញ៖ ស្រប​ពេលដែល​ផលិតផល​បរទេស​ត្រូវ​បាន​នាំ​ចូលមក​លក់​នៅលើ​ទីផ្សារ​កម្ពុជា យ៉ាងច្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​នោះ វា​បាន​បង្ក​ជា​ក្តីបារម្ភ​សម្រាប់​សហគ្រាស​ខ្នាតតូច និង​មធ្យម​នៅ​កម្ពុជា​អំពី​ការលក់​ផលិតផល​ក្នុងស្រុក​របស់ខ្លួន​មិនសូវមាន​ការគាំទ្រ​ពី​អតិថិជន។

    លោក​ឧកញ៉ា តែ តាំង​ប៉  ប្រធាន​សហគ្រាស​ខ្នាតតូច និង​មធ្យម​នៅ​កម្ពុជា​មានប្រសាសន៍​នៅក្នុង​សិក្ខាសាលា​ស្តីពី​កិច្ច​ពិគ្រោះ​យោបល់​រវាង​អ្នក​ផលិត និង​ផ្គត់ផ្គង់​ផលិតផល​ខ្មែរ​ជាមួយ​អ្នកប្រើប្រាស់ និង​អ្នក​ចែកចាយ​បន្ត​ដែល​រៀបចំឡើង​ដោយ​ក្រសួង​ពាក់ព័ន្ធ​ចំនួន4កាលពី​ព្រឹក​ថ្ងៃទី17 ខែសីហា ឆ្នាំ2017 នេះ​ឱ្យដឹងថា ប​ច្ច​ប្បន្ន​ផលិតផល​ក្រៅ​ស្រុក​បាន​សម្រុក​ចូលមក​ល​ក់​យ៉ាងច្រើន​នៅលើ​ទីផ្សារ​កម្ពុជា ដូច​ជាការ​នាំចូល​សម្ភា​រ​ប្រើប្រាស់​ពី​ប្រទេស​ថៃ​មាន ពូក ខ្នើយ សម្លៀកបំពាក់​ជាដើម បាន​ចរាចរ​គ្រប់ទិសទី​តាមរយៈ​ការធ្វើ​ពិព័រណ៍​ពាណិជ្ជកម្ម​ទៅតាម​ខេត្ត​ឆ្ងាយ បានធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ងាក​ទៅប្រើ​ប្រាស់​វត្ថុ​នាំចូល​ទាំងនោះ ហើយ​មិនសូវមាន​ការគាំទ្រ​ផលិតផល​ក្នុងស្រុក​ប៉ុន្មាន​ឡើយ​ដោយសារ​មានការ​ប្រកួតប្រជែង​ផ្នែក​តម្លៃ។ លោក​ឧកញ៉ា​បន្តថា ចំពោះ​ទីផ្សារ​នៅតាម​ទីប្រជុំជន ដូចជា​នៅតាម​ផ្សារ​ទំនើប តាម​ស្តា​រ៍​ម៉ា​តតូចៗវិញ​ផលិតផល​ក្នុងស្រុក​ក៏​ពិបាក​ជ្រៀតចូល​ដូចគ្នា​ដែរ ដោយសារ​មាន​ផលិតផល​បរទេស​ច្រើន ហើយ​អតិថិជន​នៅក្នុង​ប្រទេស​ក៏​និយម​ប្រើប្រាស់​សម្ភារ​នាំចូល​ពី​ក្រៅប្រទេស​ទាំងនោះ​ដែរ។

    លោក​ឧកញ៉ា ហាក់ សុ​វណ្ណា ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​អ្នក​នាំចេញ​កសិផល​ផ្លែឈើ​កម្ពុជា​មានប្រសាសន៍​ដោយ​សម្តែង​ក្តីបារម្ភ​ថា ខណៈដែល​កសិករ​ផលិត​បាន​ហើយ​គ្មាន​ទីផ្សារ​សម្រាប់​លក់​ចេញ ពិសេស​ផ្លែស្វាយ​មកទល់​បច្ចុប្បន្ន​ទាំង​កំពុង​ប្រមូល​ផល និង​មិនទាន់​ប្រមូល​មាន​សរុប​ប្រមាណ​ជា1លាន​ហិកតា ហើយ​កាលពីពេលថ្មីៗកន្លងមកនេះ​ស្វាយបាន​ធ្លាក់​ថ្លៃ​យ៉ាងគំហុក ដោយសារតែ​មិនសូវមាន​ឈ្មួញ​ពី​ក្រៅប្រទេស​មក​ទិញ។ លោក​ថា បច្ចុប្បន្ន​ទោះជា​មាន​ក្រុមហ៊ុន​កែច្នៃ​ផ្លែស្វាយ​ធ្វើជា​ដំណាប់​ក៍ដោយ តែ​មិនអាច​ទិញ​ទិន្នផល​ផ្លែស្វាយ​មក​កែច្នៃ​ទាំងអស់​នោះបានទេ ដូច្នេះ​លោក​ចង់​ស្នើ​ដ្ឋា​ភិ​បាល​ឱ្យជួយ​ស្វែងរក​ទីផ្សារ​ក្រៅប្រទេស​សម្រាប់​លក់​ផ្លែស្វាយ​នេះ​ផង។

    ឆ្លើយតប​នឹង​ក្តីបារម្ភ​របស់​វិស័យ​ឯកជន ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម  ក៏បាន​លើកឡើង​ពី​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​ដែល​សម្រេច​បានជា​មធ្យម 7% ក្នុង​រយៈពេល 2ទសវត្សរ៍​ចុងក្រោយ ហើយ​ក្រសួងពាណិជ្ជកម្ម​បាន​ប្តេជ្ញាចិត្ត​ក្នុងការ​បន្ត​ស្វែងរក​ទីផ្សារ​ជូន​សហគ្រាស​ធុន​តូច និង​ធ​ម្យ​ម​នៅ​កម្ពុជា។ លើសពីនេះ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​ជំហរ​គាំទ្រ​ចំពោះ​ការចាប់​ដៃគូ​ធុរកិច្ច​រវាង​ម្ចាស់​ផលិតផល និង​អ្នកទទួល​ទិញ​នៅក្នុង​សិក្ខាសាលា ដែលជា​វឌ្ឍនភាព​ថ្មី​មួយទៀត​សម្រាប់​លើកកម្ពស់​កិត្យានុភាព​ផលិតផល​កម្ពុជា។

    សូមបញ្ជាក់ថា តាមរយៈ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើក​ទី1ដែល​បានរៀបចំ​ដោយ​ជោគជ័យ​កាលពី​ឆ្នាំមុន បញ្ហា​ប្រឈម​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការជំរុញ​ផលិតផល​កម្ពុជា​ចូល​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស​ត្រូវបាន​ដោះស្រាយបាន​មួយកម្រិត​ហើយ។ ដោយឡែក​សិក្ខាសាលា​ឆ្នាំនេះ​ក៏​រំពឹងថា នឹង​អាច​ស្វែងរក​ដំណោះស្រាយ​កាន់តែច្រើន​ថែមទៀត​ដើម្បី​ជួយ​សម្រួល​ដល់​ការអភិវឌ្ឍ​វិស័យ​ឯកជន និង​ការធ្វើ​ពិពិធ​កម្មវិស័យ​នាំចេញ​របស់​កម្ពុជា៕

  • តើ​សុខភាព​ពិតជា​សំខាន់​សម្រាប់​អ្នក​ពិតមែន ឬ​គ្រាន់តែ​ជាការ​ចង់បាន?

    តើ​សុខភាព​ពិតជា​សំខាន់​សម្រាប់​អ្នក​ពិតមែន ឬ​គ្រាន់តែ​ជាការ​ចង់បាន?

    វី​មី​ក​ហ្ស មានកម្ម​វិធី​ពិសេស​មួយ​ជូន​លោកអ្នកនោះ គឺជា​ការថែទាំ​សុខភាព​របស់លោក​អ្នក​ដោយងាយៗ តាមរយៈ​ការហាត់​យូ​ហ្គា និង​សមាធិ​ដើម្បី​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត ។

    ដោយ​មើលឃើញថា សង្គម​ការងារ និង​ការសិក្សា​ដ៍ម​មារ​ញឹក​នាពេល​បច្ចុប្បន្ន​បានធ្វើអោយ​លោកអ្នក​ធ្វេសប្រហែស​ក្នុងការ​ថែទាំ​សុខភាព​ទាំង​ដឹងខ្លួន។ ឆ្លើយតប​នឹង​បញ្ហា​នេះ ក្រុមយុវជន​វី​មី​ក​ហ្ស​បាន​សហការ​ជាមួយ​សាលា អង្គរ​យូ​ហ្គា ក្រោម​ការសហការ​ជាមួយ Pyramid Spiritual Societies Movement  សម្រេច​រួមគ្នា​បង្កើតជា​កម្មវិធី​សាធារណៈ​មួយ​ស្តីអំពី វិធីសាស្ដ្រ​ហាត់​យូ​ហ្គា និង​សមាធិ​ងាយ។ លោកអ្នក​អាច​ចូលរួម​ដោយ​ឥតគិតថ្លៃ ដើម្បី​ទទួលយក​រូ​មន្តងាយៗដើម្បី​ជា​ប្រយោជន៍​នៃ​សុខភាព​ប្រចាំថ្ងៃ​ផ្ទាល់ខ្លួន។  ក្រុមយុវជន វី​មី​ក​ហ្ស បានរៀបចំ​កម្មវិធី​នេះ​ឡើង​ក្នុង​គោលបំណង រួមចំណែក​ក្នុងការ​ថែទាំ និង​ពង្រឹង​សុខភាព​នៃ​ប្រជាជន​កម្ពុជា សម្រាប់​បន្ត​ពង្រឹង និង​ពង្រីក​សក្តានុពល​នៃ​កម្ពុជា។

    លោកអ្នក​បាន​ចូលរួម នឹង​ទទួលបាន​នូវ​អាវយឺត​ដ៍​ស្រស់ស្អាត និង​ពិសារ​ភេ​ស្ជៈ ប៉ូ​ការី​ស្វេត​ដោយ​ឥតគិតថ្លៃ។

    លោកអ្នក​អាច​ចូលរួមបាន​តាមរយៈ 092  41 31 55 / 093 422 862 / 093 696 972

    ឬចុះតាមរយៈ https://docs.google.com/forms/d/1Usoeq0GjkY-CqBw9Oednt68DVwdHj5dRYUBxu_qt4A8/edit

  • ឱកាស​របស់​ក្រុមហ៊ុន​កម្ពុជា​បានមក​ដល់​ហើយ ដើម្បី​ឈានទៅ​ក្លាយជា​អ្នកជំនាញ​រៀបចំ​ព្រឹ​ត្ដិ​ការណ៍ធំៗ  

    ឱកាស​របស់​ក្រុមហ៊ុន​កម្ពុជា​បានមក​ដល់​ហើយ ដើម្បី​ឈានទៅ​ក្លាយជា​អ្នកជំនាញ​រៀបចំ​ព្រឹ​ត្ដិ​ការណ៍ធំៗ  

    ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ថៃ នាពេល​កន្លងមក​ប្រទេស​ថៃ​បាន​ប្រឹងប្រែង​បង្កើន​សកម្មភាព​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការធ្វើ​ពាណិជ្ជកម្ម​រួមគ្នា។ ថ្មីៗនេះ​តំណាង​ពាណិជ្ជកម្ម​នៃ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​បាន​បញ្ជាក់ថា បច្ចុប្បន្ន​ក្រុមហ៊ុន​រៀបចំ​ព្រឹ​ត្ដិ​ការណ៍ធំៗនៅ​ប្រទេស​ថៃ (events Organizer) កំពុងមាន​ចំណាប់អារម្មណ៍​ក្នុង​ការធ្វើ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​នៅ​កម្ពុជា​ជាខ្លាំង។

    លោក ជី​រ៉ា​វុ​ឍ សុវណ្ណ​អាត អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម​នៃ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា បានបញ្ជាក់​ថា​ដោយ​ផ្អែកទៅលើ​ការអភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា​ដែលមាន​ការរីកចម្រើន​ខ្លាំង គួបផ្សំ​នឹង​ការរក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​ជា​រៀងរាល់ឆ្នាំ បានធ្វើឱ្យ​ពាណិជ្ជករ​ថៃ​ក៏ដូចជា​ក្រុមហ៊ុនធំៗជាច្រើន​មានការ​ចាប់អារម្មណ៍​លើ​ទីផ្សារ​កម្ពុជា​យ៉ាងខ្លាំង។ លោក​បន្ដថា ក្រៅពី​មាន​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ផ្នែក​សំណង់ សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ ម្ហូបអាហារ និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​និង​ការផលិត​ភាពយន្ដ​ជាដើម​បានមក​ធ្វើ​កិច្ច​សហការគ្នាជាមួយ​ក្រុម​ហ៊ុន​នៅ​ប្រទេស​កម្ពុជា​ហើយ បច្ចុប្បន្ន​ក៏មាន​ក្រុមហ៊ុន​ដែលមាន​អាយុកាលចំណាស់ៗនៅ​ប្រទេស​ថៃ​មាន​ជំនាញ​លើ​ការងារ​រៀបចំ​កម្មវិធី​ព្រឹ​ត្ដិ​ការណ៍ធំៗ (events Organizer)ជាច្រើន​ចាប់អារម្មណ៍​ចង់​សហការ​ជាមួយនឹង​ក្រុមហ៊ុន​នៅ​កម្ពុជា។

    អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម​នៃ​ស្ថាន​ឯកអគ្គរាជទូត​ថៃ បន្ថែមថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​នៅ​បណ្ដា​ប្រទេស​រីកចម្រើន​មួយចំនួន​នៅក្នុង​តំបន់​កំពុងតែ​មានការ​ចាប់អារម្មណ៍​លើ​ផ្នែក​នេះ ពិសេស​ពួកគេ​ក៏​កំពុង​តែមាន​សក្ដានុពល​នៅក្នុង​តំបន់​ផងដែរ ដូចជា​ប្រទេស​សិង្ហ​បុរី ម៉ាឡេស៊ី ជាដើម។ ដូច្នេះ​លោក​មានជំនឿថា ប្រសិនបើ​ក្រុមហ៊ុន​នៅ​កម្ពុជា និង​ក្រុមហ៊ុន​មកពី​ប្រទេស​ថៃ​រួម​សហការគ្នា​លើ​ការងារ​នេះ នឹង​អាច​ជំ​រុញឱ្យ​ប្រទេស​ទាំងពីរ​មាន​សក្ដានុពល​លើ​ផ្នែក​រៀបចំ​ព្រឹ​ត្ដិ​ការណ៍ធំៗ ដូច​បណ្ដា​ប្រទេស​ទាំង​នោះដែរ។

    លោក ជី​រ៉ា​វុ​ឍ សុវណ្ណ​អាត សង្កត់ធ្ងន់ថា៖«តាមរយៈ​កិច្ចសហការ​នេះ​ក្រៅពី​បានធ្វើឱ្យ​ក្រុមហ៊ុន​នៅ​កម្ពុជា​មានដំណើរ​ការល្អ​លើ​ការរៀបចំ​ព្រឹ​ត្ដិ​ការណ៍ធំៗឈានទៅ​ក្លាយជា​ក្រុមហ៊ុន​ជំនាញ និង​មាន​សក្ដានុពល​ខ្លាំង​ហើយ យុវជន​កម្ពុជា​ក៏មាន​ឱកាស​បាន​រៀនសូត្រ​ពីបទ​ពិសោធ​ជាច្រើន​ពី​ដៃគូ​មកពី​ប្រទេស​ថៃ​ផងដែរ ព្រោះ​ក្រុមហ៊ុន​ទាំងនោះ​មាន​បទពិសោធ​មិនតិចជាង50ឆ្នាំ​ទេ ពោល​ចាប់តាំងពី​ប្រទេស​ថៃ​បើក​ទីផ្សារសេរី​មកម្ល៉េះ ម្យ៉ាង​ពួកគេ​ក៏មាន​គំនិត​ច្នៃ​បង្កើតថ្មី(Creative)ច្រើន​ដែរ ។ ខ្ញុំ​សង្ឃឹមថា តាមរយៈ​កិច្ចសហការ​នាពេល​អនាគត ក្រុមហ៊ុន​ថៃ​នឹង​ផ្ដល់​ការអប់រំ ឬក៏​អាច​បញ្ជូន​យុវជន​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ​ផ្ទាល់​តែម្ដង លើ​ផ្នែក​ជំនាញ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការងារ​នេះ​ដើម្បី​បង្កើន​សមត្ថភាព​ក្នុងការ​បំពេញ​កិច្ចការងារ​ឱ្យមាន​ប្រសិទ្ធភាព»។

    គួរ​បញ្ជាក់ថា នៅ​ខែវិច្ឆិកា ឆ្នាំ2017ខាងមុខ ក្រុមហ៊ុន​មាន​បទពិសោធ​លើ​ការងារ​រៀបចំ​ព្រឹ​ត្ដិ​ការណ៍ធំៗប្រមាណ20ក្រុមហ៊ុន​នឹង​មកដល់​ប្រទេស​កម្ពុជា ដើម្បី​ស្វែងរក​ដៃគូ​សហការគ្នាជាមួយ​ក្រុមហ៊ុន​នៅ​កម្ពុជា។ កម្មវិធី​នេះ​នឹងត្រូវ​រៀបចំឡើង​ដោយ​តំណាង​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​ថៃ ប្រចាំ​នៅ​កម្ពុជា​ផងដែរ៕

  • ក្រសួង​ចំនួន4 រួមគ្នា​ដោះស្រាយ​បញ្ហា​ទីផ្សារ​ផលិតផល​ខ្មែរ

    ក្រសួង​ចំនួន4 រួមគ្នា​ដោះស្រាយ​បញ្ហា​ទីផ្សារ​ផលិតផល​ខ្មែរ

    ភ្នំពេញៈ ក្រសួង​ចំនួន4 បាន​បើក​សិក្ខាសាលា​រួមគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ទីផ្សារ​កសិផល និង​ផលិតផល​ខ្មែរ​ដែល​ផលិត​ក្នុងស្រុក​ដើម្បី​ជំរុញ​ការនាំចេញ ក្នុងនោះ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​បាន​ជំរុញ​ឲ្យ​វិស័យ​ឯកជន​ធ្វើការ​រួមគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ផង។

    ក្រសួង​ទាំង4 នោះ​រួមមាន ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​ក្រសួងទេសចរណ៍។

    ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​នា​ព្រឹក​ថ្ងៃទី១៧ សីហា​នេះ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​លោក ប៉ាន សូរ​ស័ក្តិ បានស្នើ​សុំ​ឲ្យ​វិស័យ​ឯកជន​រួមគ្នា​ដោះស្រាយ​បញ្ហា​ទីផ្សារ​ផលិតផល​របស់​ពួកគេ​ដើម្បី​ជំរុញ​ការនាំចេញ​របស់​កម្ពុជា និង​បាន​ជំរុញ​ឲ្យ​តំណាង​វិស័យ​ឯកជន​ធ្វើការ​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​គ្នា​ដើម្បី​លើក​ជា​សំណូមពរផ្សេងៗមកកាន់​គណៈអធិបតី​ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​ការ​សមស្រប។

    ឯក​ឧ​ត្ក​ម​បាន​បន្តថា នេះ​ជា​លើក​ទី2ហើយ​ដែល​ក្រសួងពាណិជ្ជកម្ម​បា​នស​ហ​ការ​ជាមួយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួងទេសចរណ៍​ធ្វើ​ការរៀបចំ​សិក្ខាសាលា​នេះ​ឡើង​ដើម្បី​កំណត់​នូវ​បញ្ហា​ប្រឈម និង​ដាក់ចេញ​នូវ​វិធានការ​ឆ្លើយតប​នានា​សំដៅ​លើកកម្ពស់​ចង្វាក់​ផលិតកម្ម និង​ជំរុញ​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​សម្រាប់​ផលិតផល​ខ្មែរ។

    រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ក៏បាន​លើកយក​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា ដែល​សម្រេច​បានជា​មធ្យ​ម7ភាគរយ​ក្នុង​រយៈពេល2ទសវត្សរ៍​ចុងក្រោយ និង​ការប្តេជ្ញាចិត្ត​របស់​ក្រសួងពាណិជ្ជកម្ម​ក្នុង​ការបន្ត​ស្វែងរក​ទីផ្សារ​ជូន​សហគ្រាស​ធុន​តូច និង​ធ​ម្យ​ម​នៅ​កម្ពុជា។ លើសពីនេះ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​ជំហរ​គាំទ្រ ចំពោះ​ការចាប់​ដៃគូ​ធុរកិច្ច​រវាង​ម្ចាស់​ផលិតផល និង​អ្នកទទួល​ទិញ​នៅក្នុង​សិក្ខាសាលា​ដែលជា​វឌ្ឍនភាព​ថ្មី​មួយទៀត​សម្រាប់​លើកកម្ពស់​កិត្យានុភាព​របស់​ផលិតផល​ខ្មែរ៕

  • វេទិកា​ឧ​ត្ត​មសិ​ក្សា កម្ពុជា-អន្តរជាតិ ដំបូង​បំផុត និង​ធំ​បំផុត​នៅ​កម្ពុជា

    វេទិកា​ឧ​ត្ត​មសិ​ក្សា កម្ពុជា-អន្តរជាតិ ដំបូង​បំផុត និង​ធំ​បំផុត​នៅ​កម្ពុជា

    ឱកាស​មិន​ធ្លាប់មាន​ពីមុនមក​សម្រាប់​សិស្ស-និស្សិត ដែល​ត្រូវការ​ព័ត៌មាន​អំពី​សកល​វិទ្យាល័យល្អៗទាំង​ក្នុង និង​ក្រៅប្រទេស នឹង​មកដល់ឆាប់ៗនេះហើយ

    ដោយ​សំឡឹង​ឃើញថា សិស្ស និស្សិត​ភាគច្រើន​តែង​សម្តែង​ក្តីបារម្ភ​ចំពោះ​ការជ្រើសរើស​សកលវិទ្យា​ល័យ​ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​បន្ត​ការសិក្សា​នៅ​កម្រិត​ឧ​ត្ត​ម ទើប​វេទិកា​ឧ​ត្ត​មសិ​ក្សា កម្ពុជា-អន្តរជាតិ ត្រៀម​រៀបចំឡើងឆាប់ៗនេះ​ក្នុង​រយៈពេល​បី​ថ្ងៃ​គឺ 29-30 កញ្ញា និង 01 តុលា 2017 នៅ​អគារ​កោះ​ពេជ្រ ពី​ម៉ោង 9ព្រឹក ដល់​ម៉ោង 5ល្ងាច។ វេទិកា​នេះ នឹង​ក្លាយជា​កន្លែង​ណាត់ជួប​រវាង​ឪពុកម្តាយ និង​សិស្ស​និស្សិត ជាមួយ​សកល​វិទ្យាល័យ និង​ស្ថាប័ន​អប់រំ​នានា។

    សកល​វិទ្យាល័យ​រដ្ឋ និង​ឯកជន​ទាំងអស់ សុទ្ធតែ​ត្រូវបាន​លើកទឹកចិត្ត​ឱ្យចូល​រួម និង​ផ្សព្វផ្សាយ​សកម្មភាព​រួម​ជាមួយ​កម្មវិធីសិក្សារ​បស់​ខ្លួន។ លើសពីនេះទៅទៀត វាគ្មិន និង​សកល​វិទ្យាល័យ​ជាតិ-អន្តរជាតិ នឹង​ចាប់ដៃគ្នា​កសាង​នូវ​បណ្តាញ​ដ៏​រឹងមាំ​មួយ​ក្នុង​វិស័យ​អប់រំ ដើម្បី​ធានាបាន​ថា​សិស្ស និស្សិត​ទាំងអស់​ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់​ដើម្បី​អាច​សម្រេចចិត្ត​ជ្រើសរើស​សកល​វិទ្យាល័យ​ល្អ​បំផុត​ដែល​ខ្លួន​ចង់​សិក្សា។

    នេះ​ជា​ឪ​កាស​ដ៏​កម្រ និង​ល្អ​បំផុត​សម្រាប់​សិស្ស-និស្សិត​ទាំងអស់ ក្នុងការ​ចាប់យក​នូវ​ចំណេះដឹង និង​បទពិសោធន៍​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ហើយក៏​ជា​គោលដៅ​ដ៏​ល្អ​ផងដែរ​ក្នុងការ​ផ្សព្វផ្សាយ​ផលិតផល​របស់លោក​អ្នក​ប្រកបដោយ​ប្រសិទ្ធភាព។

    លោក គង់ សុជាតិ ដែលជា​អ្នកគ្រប់គ្រង​គម្រោង​រប​ស់​ក្រុមហ៊ុន Directions Advertising បាន​បញ្ជាក់ថា “ដោយ​បើក​ឱ្យមាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុនផ្សេងៗ និង​មាន​ស្តង់​សម្រាប់​ជ្រើសរើស ព្រឹត្តិការណ៍​នេះ​ផ្តល់ជូន​សាកលវិទ្យាល័យ និង​ក្រុមហ៊ុន​នូវ​ឱកាស​ណែនាំ​ខ្លួន ក៏ដូចជា​ផ្សព្វផ្សាយ​អត្ថប្រយោជន៍ និង​សេវាកម្ម​ទៅកាន់​សិស្ស-និស្សិត ដែល​នឹង​ក្លាយជា​អ្នកជំនាញ​នាពេល​អនាគត។ យើង​ស្វាគមន៍​ចំពោះ​ការចូលរួម​របស់​អ្នក​ទាំងអស់គ្នា ដើម្បី​អនាគត​របស់​សិស្ស​និស្សិត​កម្ពុជា​តាមរយៈ​ការអប់រំ​ប្រកបដោយ​គុណភាព”។

    “មាន​ទីតាំង​សម្រាប់​ការតាំង​បង្ហាញ និង​សន្និបាត​ដែល​សិស្ស-និស្សិត ឪពុក-ម្តាយ អ្នកតំណាង​សកលវិទ្យា​ល័យ និង​ក្រុមហ៊ុន​ជួបពិភាក្សា និង​ចែករំលែក​សំណួរ-ចម្លើយ។ លោក គង់ សុជាតិ បន្ថែម។

    សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក Cambodia International Education Forum ហើយ​សម្រាប់​ការចុះឈ្មោះ​ជា​អ្នក​ឧបត្ថម្ភ ឬ​ស្តង់​ផ្សព្វផ្សាយ សូម​ទាក់ទង​តាមរយៈ​ទូរស័ព្ទ​លេខ 087-888-940/ 087-888-652/ 087-888-263។

    គួរបញ្ជាក់​ផងដែរ​ថា វេទិកា​ឧ​ត្ត​មសិ​ក្សា កម្ពុជា-អន្តរជាតិ នឹង​ផ្តល់ឱកាស​ឱ្យ​សារ​ធាណ​ជន ជាពិសេស​សិស្ស​និស្សិត​ចូលរួម​ដោយ​ឥតគិតថ្លៃ។ បន្ថែម​ពីលើ​នេះ ក៏​នឹងមាន​ការផ្តល់ជូន​ឱ្យប្រើ​ប្រាស់​នូវ​អ៊ី​ធឺ​ណិ​ត​ល្បឿន​លឿន​ដោយ​ឥតគិតថ្លៃ​ពី EZECOM ផងដែរ​ក្នុង​រយៈពេល​បី​ថ្ងៃនេះ។

    ជួបគ្នា​ថ្ងៃ 29-30 កញ្ញា និង 01 តុលា 2017 នៅ​អគារ​កោះ​ពេជ្រ ពី​ម៉ោង 9 ព្រឹក ដល់ 5 ល្ងាច!

    ព្រឹត្តិការណ៍​នេះ

    រៀបចំ​ដោយ                   ៖ Directions Advertising
    ឧបត្ថម្ភ​ផ្តាច់មុខ​ដោយ     ៖ ភេសជ្ជៈ Ize, ភេសជ្ជៈ​ប៉ូវ​កម្លាំង Wurkz, ទឹក​ផ្លែឈើ Joop, ទឹកបរិសុទ្ធ​កម្ពុជា, ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត Ezecom
    ដៃគូ​សហការ                 ៖ ក្រុមហ៊ុន​ផ្សាយពាណិជ្ជកម្ម ComZone, ក្រុមហ៊ុន​ផលិតកម្ម​ពាណិជ្ជកម្ម Filmpro, ក្រុមហ៊ុន​ដេ​គ័​រ The Deco, ក្រុមហ៊ុន​រៀបចំ​ពិធីការ Cambodia Events ក្រុមហ៊ុន CCR Branding and Advertising
    ដៃគូ​ផ្សព្វផ្សាយ            ៖ CTN, MyTV, Lariene News, កាសែត Lariene ពាណិជ្ជ, CEN, Business Cambodia កាសែត​និង វិ​ប​សាយ Khmer Times, វិទ្យុ VAYO វិទ្យុ V.I.B.E និង​វិ​ប​សាយ Biz Khmer