Author: វល័ក្ខ

  • កម្ពុជា​ផ្ដើម​មាន Concept Store ដូច​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ហើយ

    កម្ពុជា​ផ្ដើម​មាន Concept Store ដូច​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ហើយ

    ជា​លើកដំបូង​ហើយ​សម្រាប់​កម្ពុជា ដែលមាន​កន្លែង​ផ្ដល់នូវ​បទពិសោធ​ក្នុងការ​ធ្វើតេស្ដ​សមត្ថភាព​កុំព្យូទ័រ ដូច​នៅ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​វា​នឹង​ផ្ដល់នូវ​ការសម្រេចចិត្ត​ដ៏​ល្អ​មួយ​ដល់​អ្នក​ចង់​ទិញ​កុំព្យូទ័រ​យួរដៃ​យកទៅ​ប្រើប្រាស់​ក្នុង​ការងារ ការសិក្សា និង​កម្សាន្ត​ជាដើម។

    តាម​ការបញ្ជាក់​ពី​លោក Phoung Sam Onn ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​នៃ​ក្រុមហ៊ុន MSI កម្ពុជា​បានឱ្យដឹងថា MSI Concept store នឹង​ជាទី​កន្លែង​តែមួយគត់​ដែល​ផ្ដល់នូវ​បទពិសោធ​នៃ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​នៃ​គ្រប់​ផលិតផល​របស់ MSI ខណៈ​ទីនេះ​មាន​ដាក់តាំង​លក់​គ្រប់​ម៉ូ​ដែល​កុំព្យូទ័រ MSI និង​គ្រឿង​ប្រើប្រាស់ផ្សេងៗទៀត​ដែល​ក្រុមហ៊ុន​នៅ​ប្រទេសក្រៅ​មាន។ លោក​បន្ដថា អ្នកគាំទ្រ​ផលិតផល MSI ទាំងអស់​អាចមក​ទស្ស​នា​នៅទីនេះ​ដើម្បី​មើល និង​ធ្វើតេស្ដ​សាកល្បង​កុំព្យូទ័រ ដៃ​ហ្គេម និង​គ្រឿង​តុបតែង​ផ្សេងទៀត​បាន មុននឹង​សម្រេចចិត្ត​ទិញ។

    លោក​ថ្លែងថា៖«ទីនេះ​ជា​កន្លែង​ដំបូង​គេ​ក្នុងប្រទេស​កម្ពុជា ដែល​យើង​បង្កើតឡើង​ដើម្បីឱ្យ​អ្នកប្រើប្រាស់​បានដឹង​ពី​បច្ចេកវិទ្យា​ដំណាលគ្នា​នឹង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែរ»

    លោក​បន្ដទៀតថា MSI ជា​ក្រុមហ៊ុន​ដំបូង​គេ​ក្នុង​ពិភពលោក​ដែល​ទទួលបាន​សិទ្ធិផ្តាច់មុខ​ក្នុងការ​បំពាក់ Gaming Feature និង​ផ្គត់ផ្គង់​គ្រប់​ខ្សែស្រឡាយ Gaming Laptop ចាប់ពី​កម្រិត​ទាប​រហូតដល់​កម្រិត​ខ្ពស់ ដើម្បី​បំពេញតម្រូវការ​របស់​អ្នកលេង​ហ្គេម​គ្រប់​ប្រភេទ។

    ហើយ​សម្រាប់​ថ្ងៃនេះ​ដែរ ក្រុមហ៊ុន​ក៏បាន​បញ្ចេញ​នូវ​ម៉ូ​ដែល​ថ្មី​មាន​រាង​ស្អាត សមត្ថភាព GE63/73 Raider ដែល​ត្រូវបាន​រចនា​យ៉ាង​ស្រស់ស្អាត ធ្វើ​ពី​អាលុយមីញ៉ូម បំពាក់​ប្រព័ន្ធ Cooler Boost 5 ចុងក្រោយបង្អស់, Key នីមួយៗមាន​ភ្លើង​ចម្រុះ​ពណ៌ RGB backlight, 120Hz Gaming Display និង Dynaudio Giant Speaker។ រាល់​បច្ចេកវិទ្យា​ដែល​បំពាក់​នៅលើ GE63/73 Raider បាន​នាំមក​ជាមួយ​នូវ​បទពិសោធ​នៃ​ការលេង​ហ្គេម​យ៉ាង​ល្អ​ដល់​អ្នក​ចូលចិត្ត​លេង​ហ្គេម​ទៅលើ​ល្បឿន​ដំណើការ​លឿន កម្រិត​នៃ​ភាពច្បាស់ គុណភាព​សំឡេង ការគ្រប់គ្រង និង​ការភ្ជាប់​ជាមួយ​អ៊ី​ន​ធើ​ណេ​ត​ដោយ​មិនមាន​ការរអាក់រអួល​ឡើយ៕

  • ដឹង​ទេ​ថា វិស័យ​ទេសចរណ៍​រកប្រាក់​ចូលជាតិ​បាន​ប៉ុន្មាន​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន?

    ដឹង​ទេ​ថា វិស័យ​ទេសចរណ៍​រកប្រាក់​ចូលជាតិ​បាន​ប៉ុន្មាន​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន?

    ភ្នំពេញ៖ មិនធម្មតា​ទេ បើ​យើង​ក្រឡេកមើល​ជ្រុង​មួយ​នៃ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ដែល​គេ​ឱ្យឈ្មោះ​ថា​ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង ឬ​មាន​ផ្សែង​តិចតួច​សោះ តែ​អា​ចរក​ចំណូល​ចូលជាតិ​បាន​រាប់ពាន់​លាន​ដុល្លារ​ក្នុងមួយឆ្នាំៗនោះ។

    ក្រសួងទេសចរណ៍​បានបង្ហាញ​របាយការណ៍​ចុងក្រោយ​មួយ​ឱ្យដឹងថា ប្រាំ​មួយខែ​ដើមឆ្នាំ2017 នេះ​កម្ពុជា​ទទួលបាន​ទេសច​រ​អន្តរ​ជាតិប្រមាណ2,6លាន​នាក់ កើនឡើង​ប្រមាណ12.8% ធៀប​នឹង​ឆ្នាំ2016ក្នុង​រយៈពេល​ដូចគ្នា។ ដោយ​ឈរលើ​គោលការណ៍​នៃ​ការអភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ ទេសចរណ៍​កម្ពុជា​មានការ​កើនឡើង​ជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ជាក់ស្តែង​កាលពី​ឆ្នាំ2016 កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ជាង 5លាន​នាក់​ក្នុង​កំណើន5% និង​នាំ​ចំណូល​ចូលជាតិ​បាន​ប្រមាណ3400លាន​ដុល្លារ​អាមេរិក​ស្មើនឹង13.5% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) និង​បាន​បង្កើត​ការងារ​ដោយផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ62ម៉ឺន​នាក់ ស្មើនឹង13% នៃ​ការងារ​សរុប​នៅក្នុង​វិស័យផ្សេងៗទៀត។

    ជា​ចក្ខុវិស័យ​ឆ្នាំ2020 កម្ពុជា​រំពឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ 7លាន​នាក់​ដែល​អាច​នឹង​នាំ​ចំណូល​ចូលជាតិ​បាន​ប្រមាណ5ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​ដោយផ្ទាល់​ជិត1លាន​នាក់ ដូច្នេះ​យុវជន​កម្ពុជា​នឹងមាន​ឱកាស​ការងារ​កា​ន់​តែច្រើនឡើងៗថែមទៀត​នៅក្នុង​វិស័យ​ទេសចរណ៍​នេះ៕

  • អ្នកវិភាគ៖ វិស័យ​មីក្រូហិរញ្ញវត្ថុ​ឈានដល់​របត់​ថ្មី​មួយ

    អ្នកវិភាគ៖ វិស័យ​មីក្រូហិរញ្ញវត្ថុ​ឈានដល់​របត់​ថ្មី​មួយ

    ភ្នំពេញៈ ស្របពេល​ការដាក់ចេញ​បទ​ប្បញ្ញត្តិ​នានា​ពី​ធនាគារជាតិ​នៃ​កម្ពុជា កាន់តែ​មាន​ភាព​តានតឹង​ជាង​មុន អ្នកវិភាគកម្ពុជា​បានលើកឡើង​ថា វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​ឈានដល់​របត់​ថ្មី​មួយ។

    លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន​Emerging Market Consulting បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​ឈានដល់​របត់​ថ្មី​មួយ​ដែល​អ្នកវិនិយោគ​ក្នុង​វិស័យនេះ​បាននិងកំពុង​យកចិត្តទុកដាក់​ដើម្បី​បន្ត​ឈរជើង​នៅលើ​ទីផ្សារ​ឱ្យបាន​ដោយ​ផ្អែកលើ​មូលដ្ឋាន​មួយចំនួន​ដូចជា៖

    ទី1/ ការតម្រូវ​ឱ្យ​ដំឡើង​ដើមទុន​ចុះបញ្ជី​ដែល​គ្រឹះស្ថានតូចៗមួយចំនួន​ត្រូវ​លក់​ទៅ​ឲ្យ​អ្នកវិនិយោគ​ដែលមាន​លទ្ធភាព ឬ​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​គ្រឹះស្ថាន​ដទៃ។ នេះ​ជាស​ញ្ញា​ដ៏​វិជ្ជមាន​មួយ ព្រោះ​សព្វថ្ងៃ​កម្ពុ​ជាមាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ច្រើនពេក​រហូតដល់62គ្រឹះស្ថាន​ដែល​ធ្វើ​ឲ្យ​ខ្វះ​ប្រសិទ្ធភាព​ក្នុង​ការផ្តល់សេវា។

    ទី2/ សម្ពាធ​ដែល​ត្រូវ​បញ្ចុះ​អត្រា​ការប្រាក់​តាមរយៈ​ការប្រកួតប្រជែង​ខ្លាំង យុទ្ធសាស្ត្រ​រួមមាន កាត់បន្ថយ​ថ្លៃដើម​ប្រតិបត្តិការ បង្កើន​ការផ្តល់​កម្ចី​ខ្នាត​មធ្យម និង​ខ្នាត​ធំ។

    ទី3/ ការប្រើ​បច្ចេកវិទ្យា​ដើម្បី​ជំរុញ​ប្រសិទ្ធភាព​ប្រតិបត្តិការ ដូចជា​ការសង​ត្រឡប់​តាម​ទូរស័ព្ទដៃ​ទំនើប ជាដើម។

    ទី4/ វិស័យនេះ​ត្រូវ​បន្ត​អប់រំ​មហាជន​ពី​ចំណេះដឹង​ហិរញ្ញវត្ថុ ដើម្បី​ឲ្យ​អតិថិជន​ប្រើ​កម្ចី​ត្រូវ​គោលដៅ ព្រោះ​និរន្តរភាព​ជីវភាព​របស់​អតិថិជន គឺជា​និរន្តរភាព​របស់​ស្ថាប័ន និង​វិស័យ​ទាំងមូល។

    លោក ង៉ែត ជូ បាន​បន្តថា “វិស័យ​មីក្រូហិរញ្ញវត្ថុ​បានរួម​ចំណែក​ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​កម្ពុជា ជា​មោទនភាព​គឺ ធនាគារ​អេស៊ីលីដា និង​ធនាគារ​ស្ថាបនា​បាន​ឈាន​ជើង​ចូល​ទីផ្សារ​ប្រទេស​ឡាវ និង​ភូមា”៕

  • CVEA ចុះ MoU ជាមួយ​ក្រុមហ៊ុន​អចលនទ្រព្យ​ថៃ

    CVEA ចុះ MoU ជាមួយ​ក្រុមហ៊ុន​អចលនទ្រព្យ​ថៃ

    ភ្នំពេញៈ សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA)បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​សមាគម​អចលនទ្រព្យ​ថៃ​ដើម្បី​បង្កើន​ការផ្លាស់ប្តូរ​ព័ត៌មាន​ពីគ្នា​ទៅវិញទៅមក និង​ផលប្រយោជន៍​ទាំងសងខាង។

    លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​កាលពី​ថ្ងៃទី18 សីហា​កន្លងមកនេះ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សមាគម​អចលនទ្រព្យ​របស់​ប្រទេស​ថៃ​ក្នុងពេលដែល​លោក និង​ថ្នាក់ដឹកនាំ ព្រមទាំង​សមាជិកសមាគម​អ្នកវាយតម្លៃ​អចលនវត្ថុ​កម្ពុជា​បាន​ចូលរួម​ក្នុង​សន្និសីទ​ទាក់ទង​នឹង​វិស័យ​អចលនទ្រព្យ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។ ការចុះហត្ថលេខា​នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​ផ្លាស់​ប្តូរ​ព័ត៌មាន និង​ទាក់ទាញ​ការវិនិយោគ​រវាង​ប្រទេស​ទាំងពីរ។

    លោក គីម ហ៊ាង ធ្លាប់បាន​បង្ហាញ​ពី​មហិច្ឆតា​នាំ​ក្រុមហ៊ុន​ធ្វើការ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ឱ្យ​អាច​ទៅធ្វើ​ការរកស៊ី​បាន​ជាមួយ​ប្រទេស​ក្នុង​តំបន់​នាពេល​អនាគត​តាមរយៈ​ការសហការ​ជាមួយ​ដៃគូ និង​សមាគម​ជាមួយ​ប្រទេស​នៅក្នុង​តំបន់។

    ជាមួយគ្នានេះ ក្នុង​អាណត្តិ​កន្លងមក​លោក គីម ហ៊ាង ក៏បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សមាគម​ធ្វើការ​ទាក់ទង​នឹង​វិស័យ​អចលនទ្រព្យ​ជាច្រើន​ជាមួយ​ប្រទេស​ក្នុង​តំបន់ ពិសេស​សមាគម​ដីធ្លី​នៅ​សហរដ្ឋអាមេរិក​ដែលមាន​សមាជិក​ជាង1លាន​នាក់។

    សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បច្ចុប្បន្ន​មាន​សមាជិក​ជាង100ក្រុមហ៊ុន​ដែលជា​ក្រុមហ៊ុន​ខ្មែរ និង​បរទេស​ដែល​បាននិងកំពុង​ដើរតួនាទី​ជា​ភ្នាក់ងារ​វាយតម្លៃ និង​ផ្តល់​សេវា​ជួល-ទិញ​លក់​អចលនទ្រព្យ​នៅ​កម្ពុជា៕

  • «Business Matching» អាចធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម​ទេ្វ​ភាគី​ថៃ-កម្ពុជា​ជោគជ័យ    

    «Business Matching» អាចធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម​ទេ្វ​ភាគី​ថៃ-កម្ពុជា​ជោគជ័យ    

    ភ្នំពេញ – នៅពេលដែល​ការតាំងពិព័រណ៍​ផលិតផល​នៃ​សហគ្រាស​ខ្នាតតូច-មធ្យម (SME) ថៃ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​កំពុងតែបន្ដ​ដំណើរការ​នៅឡើយ។ កាល​ថ្ងៃ17 ខែសីហា ឆ្នាំ2017 មាន​បណ្ដា​ក្រុមហ៊ុន​ថៃ​ជាច្រើន​បានរៀបចំ​កម្មវិធី Business Matching ដើម្បី​ចាប់​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា។

    លោកស្រី ជី​រ៉ា​ណាន់ វង្ស​មង្គល តំណាង​ពាណិជ្ជកម្ម​ថៃ​ប្រចាំ​ខេត្ដ​សៀមរាប​បាន​បញ្ជាក់ថា ការរៀបចំ​កម្មវិធី «Business Matching» គឺ​ដើម្បី​ផ្ដល់ឱកាស​ឱ្យ​ពាណិជ្ជករ​ថៃ និង​កម្ពុជា អាច​ជួប​ពិភាក្សាគ្នា​និង​ស្វែងយល់​ចិ​ត្ដ​គ្នា​មុននឹង​ឈានទៅដល់​ការធ្វើ​កិច្ចសហប្រតិបត្ដិការ​រួម​គ្នា។ លោកស្រី​បន្ដថា៖«ការជួបពិភាក្សាគ្នា​នេះ​មិន​ប្រាកដថា ក្រុមហ៊ុននីមួយៗជួប​ជជែក​គ្នា​តែម្ដង​ហើយ​បាន​ជោគជ័យ​នោះទេ។ ក្រុមហ៊ុន​ខ្លះមក5ដង​ទើប​អាច​ចាប់​ដៃគូ​សហការគ្នា​ក៏មាន។ដូច្នេះហើយ​ខ្ញុំ​តែងតែ​ប្រាប់​ទៅ​ក្រុមហ៊ុន​ទាំងនោះ​ថា ចង់​ធ្វើ​ពាណិជ្ជកម្ម​ជោគជ័យ​ត្រូវតែមាន​ភាព​អំណត់ តែ​ទោះជា​យ៉ាងណា​ក៏​យើង​សប្បាយ​ចិ​ត្ដ​ដែរ ព្រោះ​កិច្ច​ការដែល​យើង​ធ្វើ​កន្លងមក​តែងតែ​ទទួលបាន​ជោគជ័យ​តម​ករ​ហូត»។

    ពេលបច្ចុប្បន្ន​ក្រៅ​ក្រុមហ៊ុនធំៗរបស់​ថៃ ក៏មាន​ SME ជាច្រើន​ដែរ​ដែលមាន​ការចាប់អារម្មណ៍​ចំពោះ​កិច្ចសហការ​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា។ មូលហេតុ​មកពី​មាន​ក្រុមហ៊ុនធំៗជាច្រើន​ក្រោយពី​បានមក​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ហើយ​តែងតែ​លើកយក​ពី​ចំណុច​វិជ្ជមាន​ទៅ​ផ្សព្វផ្សាយ​បន្ដ​តាមរយៈ​ការគាំទ្រ​លើ​គុណភាព។ ដូច្នេះហើយ​ទើប​ធ្វើឱ្យ ​SME តាម​បណ្ដា​ខេត្ដ​នានា​ដែលមាន​សក្ដានុពល​ក្នុងការ​បង្កើត​ផលិតផល​មានបំណង​ចាប់​ដៃគូ​ពាណិជ្ជករ​នៅ​ប្រទេស​កម្ពុជា។

    តំណាង​ពាណិជ្ជកម្ម​ថៃ​ប្រចាំ​ខេត្ដ​សៀមរាប​បន្តថា ៖ «បច្ចុប្បន្ន​មិនមែន​មានតែ​ខេត្ដ Chanthaburi ទេ​ដែលមាន​ការចាប់អារម្មណ៍​ធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​កម្ពុជា គឺ​នៅមាន​ខេត្ដ​នៅតាម​ព្រំដែន​ប្រទេស​កម្ពុជា ដូចជា​ខេត្ដ រ៉ាក់យ៉ង ត្រាត ស៊ីសាកេត ជាដើម​ពួកគាត់​សុទ្ធតែ​មានបំណង​ចង់​មក​ចាប់​ដៃគូ​ពាណិជ្ជកម្ម​នៅ​ជាមួយ​កម្ពុជា»៕

  • ហេតុអ្វី​យុវជន​គួរ​បង្កើត​អាជីវកម្ម​ថ្មី (Start Up)?

    ហេតុអ្វី​យុវជន​គួរ​បង្កើត​អាជីវកម្ម​ថ្មី (Start Up)?

    នៅ​កម្ពុជា​នាពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គ្រប់​ស្ថាប័ន​ទាំង​ផ្នែក​អប់រំ ពាណិជ្ជកម្ម និង​ស្ថាប័ន​ដទៃទៀត ហាក់​កំពុង​យកចិត្តទុកដាក់ និង​ជំរុញ​ការបណ្តុះបណ្តាល​សហគ្រិន​ភាព​ដើម្បី​ជួយ​យុវជន​ឱ្យ​បង្កើត​អាជីវកម្ម​ថ្មី (Start Up) ដើម្បី​ចូលរួមចំណែក​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ដទៃ​ប្រកបដោយ​ភាពស្វាហាប់។

    រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និង​កីឡា ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​លើកឡើងថា បច្ចុប្បន្ននេះ ក្រសួង​អប់រំ​បាន​ព្យាយាម​ពង្រីក​ការបណ្តុះបណ្តាល​ពី​ជំនាញ​សហគ្រិនភាព​ដល់​យុវជន​កម្ពុជា ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​គាត់​ចេះ​បង្កើត​អាជីវកម្ម​ដោយ​ខ្លួនឯង ចេះ​លក់ និង​ចេះ​បង្កើត​ទំនាក់ទំនង​ជាដើម។ ការដែល​យើង​ធ្វើបែបនេះ​គឺ​ដើម្បី​ផ្តល់ឱកាស​ឱ្យ​យុវជន​បាន​បញ្ចេញ​សមត្ថភាព និង​បង្កើន​ចំនួន​សហគ្រិន​នៅក្នុង​ប្រទេស​របស់​យើង​ឱ្យ​កាន់​តែមាន​ចំនួន​ច្រើនឡើង។

    ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​មានប្រសាសន៍ថា៖ «នៅពេលដែល​យើង​មាន​សហគ្រិន​ច្រើន ពួកគេ​នឹង​អាច​ស្រូប​ទាញ​កម្លាំង​ពលកម្ម​នៅក្នុង​ស្រុក ហើយក៏​ជា​កម្លាំង​មួយ​ដែល​អាច​ប្រកួតប្រជែង​ទៅ​អន្តរជាតិ​ផងដែរ»។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ ស្ថាបនិក​សហគ្រាស​សង្គម ផ្ទះ​តាម​ក្តី​ប្រាថ្នា លោក ហាវ គង់​ងី បាន​ថ្លែងថា ការបង្កើត​អាជីវកម្ម​ថ្មី​អាច​ផ្តល់ឱកាស​ឱ្យ​យើង​បាន​ជួយ​ដល់​មនុស្ស​ជាច្រើន​ផ្សេងទៀត​ដែល​កំពុង​ត្រូវការ​ជំនួយ​ពី​អាជីវកម្ម​របស់​យើង។

    នៅពេលដែល​យើង​បាន​បង្កើត​អាជីវកម្ម​ថ្មី យើង​អាច​ច្នៃ​ផលិតផល និង​គោលបំណង​នៃ​សេវាកម្ម​របស់​យើង​ដើម្បី​បម្រើឱ្យ​ផលប្រយោជន៍​សង្គម និង​អាចជួយ​មនុស្ស​ជាច្រើន​ផ្សេងទៀត​ដែល​កំពុង​ត្រូវការ​ការងារ។

    លោក ហាវ គង់​ងី បាន​និយាយថា៖ «ខ្ញុំ​ចាប់ផ្តើម​អាជីវកម្ម ដោយសារ​ខ្ញុំ​មើលឃើញ​ពី​ចំណុច​ខ្វះខាត​របស់​សង្គម។ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ប្រជាជនមាន​ការកើនឡើង ហើយ​ផ្ទះ​ជា​តម្រូវការ​ចាំបាច់​សម្រាប់​ពួកគេ ហេតុនេះ​ការបង្កើត​អាជីវកម្ម​ផ្ទះ​តាម​ក្តី​ប្រាថ្នា​នេះ គឺ​ដើម្បី​សង់ផ្ទះ​ក្នុងតម្លៃ​សមរម្យ និង​ជួយ​ដល់​អ្នក​ដែលមាន​ចំណូល​ទាប​ឱ្យ​សម្រេច​ក្តី​ប្រាថ្នា​របស់ខ្លួន​ដោយមាន​ផ្ទះ​សមរម្យ​មួយ»។

    យុវជន​គួរ​ស្វែងរក​បញ្ហា​នានា​ដែលជា​ចំណុច​ខ្វះខាត ឬ​ជា​តម្រូវការ​របស់​មនុស្ស​ដើម្បី​បង្កើត​អាជីវកម្ម​សម្រាប់​ដោះស្រាយ​បញ្ហា​ទាំងអស់នោះ៕

  • ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា (CBL) ប្រគល់​រង្វាន់​លើក​ទី3 ជូន​ដល់​អ្នក​ណែនាំ​រោងការ​របស់ខ្លួន

    ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា (CBL) ប្រគល់​រង្វាន់​លើក​ទី3 ជូន​ដល់​អ្នក​ណែនាំ​រោងការ​របស់ខ្លួន

    ភ្នំពេញ៖  នៅ​រសៀល​ថ្ងៃ​សុក្រ ទី18 ខែសីហា ឆ្នាំ 2017 នៅ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL) បានរៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​លើក​ទី3សម្រាប់​អ្នក​ណែនាំ​រោងការ​ឱ្យ​ជាវ​ស្រា​បៀរ Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍។ កម្មវិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​គ្រប់គ្រង​ក្រុមហ៊ុន ស្រា​បៀរ​កម្ពុជា (CBL) អ្នក​ដែល​បានឈ្នះ​រង្វាន់ រួមជាមួយ​ភ្ញៀវកិត្តិយស  និង​អ្នកសារព័ត៌មាន​ជាច្រើន។

    អ្នក​ណែនាំ​រោងការ​ចំនួន3នាក់​បានឈ្នះ​រង្វាន់​រ៉ឺម៉ក​កង់3 ដែលមាន​បិទ​ស្លាក​សញ្ញា​ស្រា​បៀរ​អាន់​ឆ័​រ​យ៉ាង​ស្រស់ស្អាត​ជាមួយនឹង​ស្រា​បៀរ​អាន់​ឆ័​រ​ដប​ចំនួន 80 កេស ពី​កម្មវិធី​ចាប់​រង្វាន់​លើក​ទី3 ដែល​បាន​ធ្វើឡើង​នៅក្នុង​កម្មវិធី Anchor Fun Zone របស់​ទូរទស្សន៍ PNN កាលពី​ថ្ងៃអាទិត្យ ទី 30 ខែកក្កដា ឆ្នាំ 2017 កន្លងមក។

    កម្មវិធី​ប្រគល់​រង្វាន់​លើក​ទី3នេះ​បាន​រៀបចំឡើង​ក្នុង​គោលបំណង​ថ្លែងអំណរគុណ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុន​ចំពោះ​អ្នក​ដែល​បាន​ណែនាំ​រោងការ​ឱ្យ​ជាវ​ស្រា​បៀរ Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍។

    សូមកុំ​ទាន់​អស់សង្ឃឹម លោកអ្នក​ក៏​អាចមាន​ឱកាស​ឈ្នះ​រង្វាន់​រថយន្ត​ដឹកទំនិញ​ខ្នាតតូច​ជាមួយ​ស្រា​បៀរ​អាន់​ឆ័​រ​ដប ចំនួន 150 កេស សម្រាប់​អ្នក​ណែនាំ​រោងការ​រូប​ណា​ដែល​បាន​ណែនាំ​រោងការ​ច្រើនជាងគេ​សំរាប់​កម្មវិធី​បន្ទាប់។ ដើម្បី​ចូលរួម​កម្មវិធី​ឈ្នះ​រង្វាន់​លើកទឹកចិត្ត​សម្រាប់​អ្នក​ណែនាំ​រោងការ​នេះ ម្ចាស់​ហាង​លក់​ភេសជ្ជៈ អ្នកផ្គត់ផ្គង់​ម្ហូប (ចុងភៅ)  ដេប៉ូ​ចែកចាយ មិត្ត​ភ័ក្តិ និង​អ្នក​ផ្សេងទៀត គ្រាន់តែ​ណែនាំ​ស្រា​បៀរ​របស់​ក្រុមហ៊ុន ដូចជា ស្រា​បៀរ Heineken, Tiger, ABC, Anchor និង Gold Crown  ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍ និង​ធ្វើការ​ចុះឈ្មោះ​មកកាន់​ក្រុមការងារ​បម្រើសេវា​អតិថិជន​របស់​ក្រុមហ៊ុន ស្រា​បៀរ​កម្ពុជា (CBL) តាមរយៈ​លេខ​ទូរស័ព្ទ 011 222 400 / 011 333 500 ជាការ​ស្រេច ៕

  • ម្ចាស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​លើកឡើង​ពី​ប្រព័ន្ធ​សុវត្ថិភាព​ ATM

    ម្ចាស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​លើកឡើង​ពី​ប្រព័ន្ធ​សុវត្ថិភាព​ ATM

    ភ្នំពេញៈ បញ្ហា​សុវត្ថិភាព​នៅតាម​បណ្តា​ទូ ​ATM នានា​អាចជា​កង្វល់​មួយ​របស់​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែលមាន​ដាក់​សេវាកម្ម​មួយ​នេះ ប៉ុន្តែ​អ្នកជំនាញ​ក្នុង​វិស័យនេះ​អះអាងថា ទូ ​ATM នីមួយៗមាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​ណាស់​លើ​ករណី​លួច​លុយ ប៉ុន្តែ​ការ​ចុច​បំផ្ទុះ​ដោយ​ប្រការ​ណាមួយ​ជា​រឿង​ដែល​គេ​គិត​មិន​ដល់។

    លោក អ៉ីន ចាន់នី នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ភី​អឹ​ល​ស៊ី​បាន​ថ្លែងថា ប្រព័ន្ធ​សុវត្ថិភាព​នៅតាម​ទូ​ATMនីមួយៗដែល​បានដាក់​នៅតាម​ទីសាធារណៈ សុទ្ធតែ​មានភ្ជាប់​បណ្តាញ​អគ្គិសនី កាមេរ៉ា​សុវត្ថិភាព និង​ភ្ជាប់​បណ្តាញ​មក​ការិយាល័យ​កណ្តាល24ម៉ោង​ដែល​មិនអាច​ឲ្យ​អ្នកណាម្នាក់​លួច​លុយ​បាន​ងាយស្រួល​ឡើយ។ លោក​បន្តថា ករណី​បំផ្ទុះ ឬ​លួច​លុយ​ពី​ទូ​ATM មិនមែន​កើតមាន​តែ​នៅ​កម្ពុជា​ទេ តែ​ក៏មាន​កើតឡើង​នៅតាម​បណ្តា​ប្រទេស​នានា​ដែរ ប៉ុន្តែ​ដើម្បី​បង្កើន​សុវត្ថិភាព​របស់​វា យើង​គួរតែ​ចូលរួម​ការពារ​ទាំងអស់​គ្នា។

    លោក​បន្តថា “ទូ ​ATM ជា​ទ្រព្យ​របស់​ឯកជន​មែន តែ​វា​បម្រើ​ផលប្រយោជន៍​សាធារណៈ​ដែល​គួរតែមាន​ការចូលរួម​ការពារ​ទាំងអស់គ្នា។ លោក​បន្តថា “ទោះជា​យ៉ាងណា​ក៏​យើង​មានការ​ព្រួយបារម្ភ​ផងដែរ​ទាក់ទង​នឹង​បញ្ហា​សុវត្ថិភាព​ទូ​ ATM នៅ​កម្ពុជា​យើង។

    កាលពីពេលថ្មីៗនេះ​មាន​ករណី​យក​គ្រាប់បែក​ដាក់​នៅ​ទូ​ ATM ស្ថិតនៅតាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី និង​កាលពី​សប្តាហ៍​មុន​មាន​ករណី​ជនល្មើស​បាន​យក​ថ្នាំ​បាញ់​ទៅលើ​កាមេរ៉ា​ទូ​ ATM របស់​ធនាគារ ​ABA ស្ថិតនៅក្នុង​ទីក្រុង​កែប ដែល​បាន​បណ្តាល​ឲ្យ​ផ្ទុះ និង​ខូចខាត​ប្រាក់​អស់​ជាង1ម៉ឺន​ដុល្លារ​ផងដែរ។

    ប្រធានស្តីទី​សមាគម​ធនាគារ​កម្ពុជា​លោក ឆា​រស៍ វ៉ាន់ បាន​ថ្លែងថា តាម​ធម្មតា​ទូ​ATMមានការ​បំពាក់​កាមេរ៉ា និង​មាន​ប្រព័ន្ធ​ការពារ 24ម៉ោង​រួចទៅហើយ​នៅតាម​ធនាគារនីមួយៗ ប៉ុន្តែ​ករណី​បំផ្ទុះ​ទូ​ ATM នេះ​វា​ហួស​ពី​សមត្ថភាព​កាមេរ៉ា​ឬ សមត្ថកិច្ច​អាច​គ្រប់គ្រង​បាន ព្រោះ​ករណីនេះ​ធ្លាប់​កើតមាន​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ថៃ​រួចមកហើយ​មុន​កើត​មាននៅ​កម្ពុជា។

    លោក​បន្តថា “យើង​តែងតែ​ធ្វើការ​ជាមួយ​អាជ្ញាធរ ប៉ុន្តែ​ការដាក់​គ្រាប់បែក​ឬ​គ្រឿង​បំផ្ទុះ​ជា​រឿង​លំបាក ព្រោះ​ពេល​យើង​ដើរចេញ​គេ​អាចដាក់​នៅពេល​យើង​មិន​នៅ ហើយ​យើង​ក៏​មិន​អាចដាក់​សន្តិសុខ​ឱ្យ​យាម 24ម៉ោង​ប្រចាំការ​នៅតាម​ទូនីមួយៗបានដែរ”៕

  • លោក Conte ទទួលស្គាល់ថា ក្លិប Chelsea នៅមាន​ការងារ​ច្រើន​ទៀត​ដែល​ត្រូវ​អភិវឌ្ឍ

    លោក Conte ទទួលស្គាល់ថា ក្លិប Chelsea នៅមាន​ការងារ​ច្រើន​ទៀត​ដែល​ត្រូវ​អភិវឌ្ឍ

    លោក Antonio Conte អ្នកចាត់ការ​ទូទៅ​រប​ស់​ក្លិប Chelsea បាន​ទទួលស្គាល់ថា អាច​នឹងមាន​រយៈពេល​ជាច្រើន​ឆ្នាំ​ទៀត​មុនពេល​ក្រុម​របស់លោក​មាន​សមត្ថ​ភាព​ក្នុងការ​គ្រប់គ្រង​ទាំង​ការប្រកួត​ក្នុងផ្ទះ​ខ្លួនឯង និង​យុទ្ធនាការ​ក្រៅប្រទេស។

    បើទោះបី​លោក Conte បានឈ្នះ​ពាន​ក្របខ័ណ្ឌ Premier League ក្នុង​រដូវ​កាល​ជា​លើក​ទី1របស់គាត់​ជាមួយនឹង Chelsea ក៏ដោយ ប៉ុន្តែ​គ្រូបង្វឹក​នៃ​ក្រុម​តោ​ខៀវ​រូបនេះ​បាន​អះអាងថា ក្រុម​ម្ចាស់​ជើងឯក​មួយ​នេះ​នៅតែ​ខ្វះ​នូវ​មូលដ្ឋានផ្សេងៗដែល​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ប្រជែង​ដណ្តើមពានធំៗជា​រៀងរាល់ឆ្នាំ។

    ជាមួយនឹង​ការ​ស្ថិតក្រោម​សម្ពាធ​ក្រោយពី​ក្រុម Chelsea បានចាប់ផ្តើម​ទាំង​ការខកចិត្ត​នៅ​រដូវ​កាល​នេះ លោក Conte បាន​ផ្ញើ​សារ​ដ៏​ជាក់លាក់​មួយ​ទៅកាន់​លោក Roman Abramovich ដែលជា​ម្ចាស់​កម្មសិទ្ធិ​របស់​ក្លិប Chelsea ខណៈដែល​គ្រូបង្វឹក​រូបនេះ​បានបង្ហាញ​ពី​របៀប​ដែល​លោក Mauricio Pochettino ត្រូវ​បានផ្តល់​ពេលវេលា​ឲ្យ​ក្នុងការ​ផ្លាស់ប្តូរ​ក្រុម Tottenham ឲ្យ​ទៅជា​គូប្រជែង​ដណ្តើមពាន​អស់​រយៈពេល​ជាច្រើន​រដូវ​កាល​កន្លងមកនេះ។ លោក Conte ដែល​ក្រុម​របស់លោក​នឹងត្រូវ​ធ្វើដំណើរ​ទៅ​ប្រកួត​ជាមួយនឹង​ក្រុម Tottenham នា​កីឡដ្ឋាន Wembley កាលពី​ថ្ងៃអាទិត្យ​នោះ​ជឿជាក់ថា លោក​ត្រូវការ​ពេលវេលា​ដូចគ្នានេះ​មុនពេល​ក្រុម Chelsea មាន​សមត្ថភាព​គ្រប់គ្រង​ទាំង​ក្នុង​ក្របខ័ណ្ឌ Premier League និង Champions League។ លោក Conte បាន​ឲ្យ​ដឹងថា៖ «ក្រុម Tottenham បានចាប់ផ្តើម​ធ្វើការ​ជាមួយនឹង​លោក Pochettino កាលពី3ឆ្នាំមុន។ គ្រូបង្វឹក​រូបនេះ​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​ធ្វើការ​ជាមួយនឹង​កីឡាករដដែលៗ និង​ដើម្បី​ព្យាយាម​បង្កើន​ស្ថានភាព​នេះ»។

    គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ​បាន​បន្ថែមទៀតថា៖ «សម្រាប់​រាល់​គ្រូបង្វឹក​ទាំងអស់ វា​ពិតជា​សំខាន់​ណាស់​ក្នុងការ​មាន​និរន្តរភាព​នេះ។ នៅពេលដែល​អ្នក​មកដល់​ក្លិប​មួយ អ្នក​មិនដឹង​ពី​អ្វីដែល​អ្នកនឹង​រកឃើញ​ឡើយ»។ ការប្រកួត​នៅ​រាត្រី​ថ្ងៃអាទិត្យ​នេះ នឹង​ចាប់ផ្តើម​នៅ​ម៉ោង10យប់៕

    ការជួបគ្នា3លើកចុងក្រោយ​រវាង​ក្រុម​ទាំងពីរ
    23.04.17          Chelsea 4-2 Tottenham
    05.01.17          Tottenham 2-0 Chelsea
    27.11.16          Chelsea 2-1 Tottenham

    ប្រភពពី៖ Sport24

  • ក្រសួង​ទុក​ឱសានវាទ​ឱ្យ​ក្រុមហ៊ុន​បណ្ដាញទូរស័ព្ទ​ទាំងអស់​ត្រឹម​ថ្ងៃទី1 ខែកញ្ញា

    ក្រសួង​ទុក​ឱសានវាទ​ឱ្យ​ក្រុមហ៊ុន​បណ្ដាញទូរស័ព្ទ​ទាំងអស់​ត្រឹម​ថ្ងៃទី1 ខែកញ្ញា

    និយតករ​ទូរគមនាគមន៍​កម្ពុជា​បាន​កោះអញ្ជើញ​ប្រតិ​ប​ត្ត​ករ​ទូរស័ព្ទ​ចល័ត​ទាំង 7 រួមមាន​ក្រុមហ៊ុន​ស្មា​ត សែ​ល​កាត មិត្ត​ហ្វូ​ន CADCOMMS, Seatel, EMAXX  និង CooTel មក​រំឭក​ឡើងវិញ​នូវ​សារាចរ​ណែនាំ​អន្តរក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួងមហាផ្ទៃ និង​ច្បាប់​ស្តីពី​ទូរគមនាគមន៍ ដោយ​ទុក​ឱសានវាទ​ត្រឹម​ថ្ងៃទី1 ខែកញ្ញា​ត្រូវ​បញ្ឈប់​ឱ្យអស់​នូវ​ការលក់ ឬ​ចែកចាយ​ស៊ីម​កាត​ទូរស័ព្ទ​ចល័ត​ដោយ​មិន​យក​អត្តសញ្ញាណ​បណ្ណ ឬ​ឯកសារ​សម្គាល់​អត្តសញ្ញាណ​ពី​អ្នកទិញ ឬ​ជួល​ជាវ​ស៊ីម​កាត​ទូរស័ព្ទ​ចល័ត។

    កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​និយតករ​ទូរគមនាគមន៍​ក​ម្ពុ​ជា អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ និង​អគ្គាធិការដ្ឋាន​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រោម​អធិបតីភាព​ឯ.ឧ ម៉ូ​វ ចរិយា ប្រធាន ន.ទ.ក។ ការលក់​ស៊ឹម​កាត់​ដោយ​គ្មាន​ឯកសារ​ទាំងនោះ​គឺជា​បុព្វហេតុ​នាំឱ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ និង សន្តិសុខ​ជាតិ និង​មិនអាច​រកមុខ​ជន​ប្រព្រឹត្ត​ឃើញ។

    និយតករ​ទូរគមនាគមន៍​កម្ពុជា កំណត់ឱ្យ​ក្រុមហ៊ុន​ទាំងនោះ​ត្រូវ​បញ្ឈប់​ទាំងស្រុង​នូវ​ការបើក​ឱ្យ​ដំណើរ​មុន​រាល់​ស៊ឹម​កាត​មិនទាន់​លក់​ឬ​ចែកចាយ (Pre-Active) និង​ហាម​បើក​ឱ្យ​ដំណើរការ​នៅពេល​អ្នកទិញ ឬ​អ្នក​ចែកចាយ​បន្ត​មិនមាន​អត្តសញ្ញាណ​បណ្ណ ឬ​ឯកសារ​សម្គាល់​អត្តសញ្ញាណ​ត្រឹមត្រូវ​ត្រឹម​ថ្ងៃទី1 ខែកញ្ញា​ឆ្នាំ 2017។ ក្រុមហ៊ុន​ទាំង​ទូរស័ព្ទ​ទាំងអស់​ត្រូវធ្វើ​លិខិត​ជា​លាយលក្ខណ៍អក្សរ​ធានាថា ខ្លួន​ពិតជា​អនុវត្តបាន100% តាម​ការកំណត់​នេះ។ ចាប់ពី​ថ្ងៃទី1 ខែកញ្ញា​ឆ្នាំ 2017 និយតករ​ទូរគមនាគមន៍​កម្ពុជា​នឹង​អនុវត្តតាម​ច្បាប់​ដោយ​មិន​យោគយល់​ឡើយ៕