Author: វល័ក្ខ

  • ក្រុមហ៊ុន​អចលនទ្រព្យ​ជប៉ុន​មួយទៀត​ចូលមក​វិនិយោគ​នៅ​កម្ពុជា

    ក្រុមហ៊ុន​អចលនទ្រព្យ​ជប៉ុន​មួយទៀត​ចូលមក​វិនិយោគ​នៅ​កម្ពុជា

    ភ្នំពេញៈ ក្រុមហ៊ុន​អចលនទ្រព្យ​ជប៉ុន​ថ្មី​មួយទៀត​បានសម្រេច​ចិត្ត​ឈាន​ជើង​ចូលមក​វិនិយោគ​នៅ​កម្ពុជា​តាមរយៈ​ការវិនិយោគ​លើ​គម្រោង ARATA។

    លោក TAKASHI Eguchi អគ្គនាយក​ក្រុមហ៊ុន CREED ASIA (Cambodia) Co,Ltd បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ការិយាល័យ​របស់លោក​នា​ព្រឹក​ថ្ងៃទី21 សីហា​ម្សិលមិញ​នេះ​ថា ការវិនិយោគ​លើ​គម្រោង ARATA ដែល​បាន​សម្ពោធ​កាលពី​ថ្ងៃទី20 សីហា​កន្លងទៅនេះ​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ជប៉ុន​ថ្មី​មួយទៀត​គឺ​ក្រុមហ៊ុន Hoosiers បានមក​ចាប់​ដៃគូ​ជាមួយ​យើង។លោក​បន្តថា ដូច្នេះ​គម្រោង​វិនិយោគ​ថ្មី​នេះ​មានការ​សហការ​ពី​ក្រុមហ៊ុន​ចំនួន3 គឺ​ក្រុមហ៊ុន CREED GROUP ក្រុមហ៊ុន TRIPLE GEM និង​ក្រុមហ៊ុន Hoosiers។

    លោក​បន្តថា “យើង​មាន​សុទិដ្ឋិនិយម​លើ​ទីផ្សារ​កម្ពុជា ដោយសារ​ចំនួន​ប្រជាជន​កាន់តែ​ច្រើនឡើង​មាន​ប្រាក់ចំណូល​កើនឡើង និង​ប្រជាជន​កម្ពុជា​នៅតែ​ពេញនិយម​រស់នៅ​តាម​លំនៅដ្ឋាន​ក្នុង​បុរី​នានា។ លោក​បន្តថា “កម្ពុជា​ជា​ប្រទេស​មាន​ភាព​បើកចំហ​យ៉ាងខ្លាំង​ដែល​ផ្តល់នូវ​ភាពកក់ក្តៅ​ដល់​អ្នកវិនិយោគ​មក​ប​ណ្តា​ក់​ទុន​នៅទីនេះ។

    គម្រោង​បុរី ARATA ស្ថិតនៅលើ​ផ្ទៃដី​ជាង 12ហិកតា និង​មានផ្ទះ​ជាច្រើន​ប្រភេទ​ដែល​បាន​លក់​ក្នុងតម្លៃ​ចាប់ពី​ជាង 87,000ដុល្លារ ដល់​ជាង 200,000ដុល្លារ​អាមេរិក។

    លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ភី​អឹ​ល​ស៊ី​ដែលជា​ធនាគារ​ផ្តល់​សេវា​ទូទាត់​សាច់ប្រាក់​ជាមួយ​អ្នកវិនិយោគ​ជប៉ុន​ជាង1,000ក្រុមហ៊ុន​នោះបាន​ថ្លែងថា អ្នកវិនិយោគ​ជប៉ុន​មុនពេល​ពួកគេ​សម្រេចចិត្ត​វិនិយោគ​នៅ​ប្រទេស​ណាមួយ ពួកគេ​បាន​សិក្សា​ច្បាស់លាស់​ណាស់​លើ​កត្តាសំខាន់ៗចំនួន3 គឺ​ស្ថិរភាព​នយោបាយ ស្ថិរភាព​សង្គម​ដែល​មិនមាន​អ្វី​ប្រែប្រួល​ជា​ដុំកំភួន និង​ស្ថិរភាព​នៃ​កំណើនសេដ្ឋកិច្ច​ដែល​កម្ពុជា​សម្រេចបាន។

    លោក​បន្តថា “ក្រៅពី​កត្តា​ទាំង3នេះហើយ បទ​ប្បញ្ញត្តិ និង​ច្បាប់​នានា​ក៏មាន​ភាព​អំណោយផល ពិសេស​ច្បាប់​វិនិយោគ​របស់​កម្ពុជា និង​ច្បាប់​ទាក់ទង​នឹង​ពន្ធ​ដែល​បានផ្តល់​ភាពអនុគ្រោះ និង​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​យ៉ាងខ្លាំង មិនថាតែ​អ្នកវិនិយោគ​ជាតិ ឬ​អន្តរជាតិ​ឡើយ គឺ​រដ្ឋាភិបាល​ប​បាន​អនុវត្តស្មើៗគ្នា​ដោយ​គ្មាន​ការរើសអើង​ឡើយ៕

  • លោក Guardiola បារម្ភ​ពី​ភាព​មុត​ស្រួច​របស់​ក្រុម ក្រោយ Man City ស្មើ​ជាមួយ Everton

    លោក Guardiola បារម្ភ​ពី​ភាព​មុត​ស្រួច​របស់​ក្រុម ក្រោយ Man City ស្មើ​ជាមួយ Everton

    លោក Pep Guardiola អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Manchester City បាន​សម្តែង​នូវ​ការព្រួយបារម្ភ​ថា បញ្ហា​នៃ​ការរក​គ្រាប់​បាល់​បញ្ចូល​ទី​របស់​ក្រុម​លោក​នៅតែ​ជា​កង្វល់​មួយ ក្រោយពី​ពួកគេ​បានបញ្ចប់​ក្នុង​លទ្ធផល 1-1 ជាមួយនឹង​ក្រុម Everton ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Premier League លើ​ទឹកដី​របស់​ពួកគេ​កាលពី​ថ្ងៃ​ចន្ទ។

    ខ្សែប្រយុទ្ធ Wayne Rooney បាន​ជួយ​ឲ្យ​ក្រុម​ទូកក្តោង Everton មាន​គ្រាប់​បាល់​នាំ​មុខមុន​នៅ​នាទី​ទី35 កាលពី​ថ្ងៃ​ចន្ទ ហើយ Man City បាន​បាត់បង់​ខ្សែការពារ Kyle Walker ដោយសារតែ​ការពិន័យ​កាត​ក្រហម​ដ៏​ចម្រូងចម្រាស​មួយ​នៅ​មុនពេល​បញ្ចប់​តង់​ទី1 ប៉ុន្តែ ក្រុម​ម្ចាស់ផ្ទះ​បានធ្វើការ​វាយបក​ដើម្បី​តាម​ស្មើ​វិញ​តាមរយៈ​គ្រាប់​បាល់​របស់​កីឡាករ​បម្រុង Raheem Sterling នៅ​រយៈពេល 8នាទីចុងក្រោយ។ Man City បាន​ជួប​បញ្ហាជារឿយៗក្នុង​ការរក​គ្រាប់​បាល់​ផ្តួល​គូប្រកួត​កាលពី​រដូវ​កាល​មុន តាមរយៈ​ការបញ្ចប់​ក្នុង​លទ្ធផល​ស្មើ7លើក​ក្នុង​ការប្រកួត​លើ​ទឹកដី​ខ្លួនឯង​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​លី​ក។ នៅពេលដែល​ត្រូវបាន​ចោទ​សួរថា តើ​លោក​គិត​យ៉ាងណាដែរ​ចំពោះ​ទម្រង់​លេង​នាពេលថ្មីៗនេះ​របស់​ក្រុម​លោក?

    លោក Guardiola បាន​ឆ្លើយតប​ថា៖ «ពិតណាស់ យើង​បាន​បង្កើត​ឱកាស3លើក ទៅ4លើក​មុនពេល​បាន​គ្រាប់​បាល់​តាម​ស្មើ​នេះ។ ពួកគេ​បានធ្វើការ​វាយ​សម្រុក​ខ្លាំងក្លា ពោលគឺ​មួយ​ទល់នឹង​មួយ ដោយមាន​កីឡាករ​ដល់​ទៅ6 ទៅ8នាក់​នៅក្នុង​តំបន់​ប្រយុទ្ធ។ )។ “(Ashley) Williams, (Phil) Jagielka, (Michael) Keane, (Leighton) Baines សុទ្ធសឹង​ជា​ខ្សែការពារ​ដ៏​រឹងមាំ​ពេល​លេង​មួយ​ទល់​មួយ»។

    គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បាន​បន្ថែមទៀតថា៖ «យើង​ស្ថិត​នៅទីនេះ​ដើម្បី​ដណ្តើម​ឲ្យ​បាន​លទ្ធផល​ល្អ។ ទីបំផុត យើង​ត្រូវតែ​ព្យាយាម​ធ្វើការ​វិភាគ​ទៅលើ​ទម្រង់​លេង​នេះ។ ការប្រកួត​របស់​ក្រុម​មាន​កីឡាករ 10នាក់ ជាមួយនឹង​ក្រុម​មាន​កីឡាករ11នាក់ និង​ជា​ក្រុម​លេង​ក្នុង​ក្របខ័ណ្ឌ Europa League។ យើង​បាន​ខិតខំ​ព្យាយាម ហើយ​យើង​បាន​ខ្ជះខ្ជាយ​ឱកាស​ជាច្រើន។ បើទោះបី​យើង​បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី ប៉ុន្តែ យើង​មិនអាច​ទទួលបាន​ជ័យជម្នះ​ឡើយ»៕

    ប្រភពពី៖ Sky Sports

  • តើ​អាយុ​គភ៌​ប៉ុន្មាន​ខែ ទើប​កូន​ចាប់ផ្តើម​រើ?

    តើ​អាយុ​គភ៌​ប៉ុន្មាន​ខែ ទើប​កូន​ចាប់ផ្តើម​រើ?

    ជា​ប្រក្រតី បន្ទាប់ពី​មានការ​ចាប់បដិសន្ធិ តួ​កំណើត​នឹង​ចាប់ផ្តើម​សាង​ប្រព័ន្ធ​ប្រសាទ​ផ្នែក​កណ្តាល​ជាមុន និង​ប្រព័ន្ធ​សរសៃឈាម តាម​ដោយ​ប្រព័ន្ធ​សាច់ដុំ​ច្រើន​ឡើងជា​បណ្តើរ។ បើ​ស្ត្រី​តាំង​គភ៌​បាន​ប្រមាណ6សប្តាហ៍ ពេល​ឆ្លុះ​អេកូ​មើល នឹង​ឃើញ​តួ​កំណើត​តូច​មួយ​ទំហំ​ប៉ុន​គ្រាប់​អង្ករ​នៅឡើយ តែបើ​ឆ្លុះ​មើល​នៅ​សប្តាហ៍​ទី8 ដែល​បេះដូង​របស់​ទារក​ដំណើរការ​ហើយ​នោះ អ្នក​ម្តាយ​នឹង​មើលឃើញថា កូន​ចាប់ផ្តើម​ចេះ​រើ​ហើយ។ អ្នក​ម្តាយ​មួយចំនួន​នឹងមាន​អារម្មណ៍​រំភើប​ញាប់​ញ័រ​រហូតដល់​ស្រក់​ទឹកភ្នែក​ក៏មាន ព្រោះ​នៅពេល​មើលឃើញថា កូន​ចេះ​រើ​បាន​ហើយ ម្តាយ​នឹងមាន​អារម្មណ៍​ថា ខ្លួន​លែងមាន​តែម្នាក់ឯង​ទៀតហើយ តែ​នៅ​មានកូន​នៅក្នុង​ផ្ទៃ​ម្នាក់ទៀត។

    ក្នុងអំឡុង​តាំង​គភ៌ដំបូងៗ ស្ត្រី​មានគភ៌​មិនទាន់មាន​អារម្មណ៍​ដឹងថា កូន​រើ​នៅឡើយ​ទេ ព្រោះ​ខ្លួន​កូន​នៅ​តូច​ណាស់ លាដៃ​លា​ជើង​ទៅខាង​ណា​ក៏​មិនទាន់​ប៉ះ​នឹង​សាច់​ជញ្ជាំង​ខាងក្នុង​ពោះ​ដែរ តែ​ពេល​បន្ទាប់ពី​តាំង​គភ៌​ចុងខែ​ទី4ឡើងទៅ​ហើយ ស្ត្រី​មានគភ៌​ខ្លះ​អាច​នឹងមាន​អារម្មណ៍​ដឹងថា ដូច​មាន​អី្វ​ម្យ៉ាង​រុញ​នៅក្នុង​ពោះតិច។ ស្ត្រី​មានគភ៌​នឹងមាន​អារម្មណ៍​ថា កូន​រើយឺតៗ ឬ​លឿន​ខ្លាំងខុសៗពីគ្នា។ ស្ត្រី​មានគភ៌​លើកដំបូង​នឹង​ចាប់ផ្តើម​មាន​អារម្មណ៍​ដឹងថា កូន​ក្នុង​ផ្ទៃ​រើ ក៏​នៅពេលដែល​គភ៌​មាន​អាយុប្រមាណ18-20សប្តាហ៍​ចំណែក​ស្ត្រី​ដែល​ធ្លាប់​តាំង​គភ៌​ហើយ អាច​នឹងមាន​អារម្មណ៍​ដឹងថា កូន​រើ ប្រមាណ​ជា​ក្នុង​សប្តាហ៍​ទី16-18ឡើងទៅ។

    រូបរាងកាយ​របស់​ស្ត្រី​មានគភ៌​ក៏មាន​ចំណែក​ក្នុងការ​រើ​ដោល​របស់​កូន​ដែរ អនាគត​អ្នក​ម្តាយ​ដែលមាន​រូបរាងកាយ​ស្គម​ស្តើង​ក្បាលពោះ​មិនធំ មិន​ក្រាស់ ស្បូន​នឹង​ឆាប់​អណ្តែត​មក​ប៉ះ​នឹង​ស្បែក​ក្បាលពោះ ទើប​ធ្វើឱ្យ​ឆាប់​មាន​អារម្មណ៍​បានដឹងថា កូន​ចាប់ផ្តើម​រើ​លឿន​ជាង​ស្ត្រី​មានគភ៌​ដែល​ធាត់ ត្រគាក​ធំ ក្បាលពោះ​ក្រាស់… រឹតតែ​ស្ត្រី​មានគភ៌​ដែលមាន​មាឌធំ ដងខ្លួន​ក្រាស់​នឹង​រឹតតែ​ធ្វើឱ្យ​ក្រ​មាន​អារម្មណ៍​ដឹងថា កូន​រើ។

    គិត​ពេលវេលា​ជា​ភាគរយ​វិញ ក្នុងមួយថ្ងៃៗ កូន​នឹង​រើ​ប្រមាណ​ជា20% ចំណែក80%ទៀត កូន​នឹង​គេង​លក់។ កូន​នឹង​រើ​ខ្លាំង​ក្នុងអំឡុង​ពេលមុន និង​ក្រោយ​ទទួលទាន​អាហារ​រៀងរាល់​ពេល ហើយនឹង​រើ​ខ្លាំង​ក្នុងអំឡុង​ពេលយប់ តាំងពី​ម៉ោង9រហូតដល់​ប្រមាណ​ជា​ម៉ោង1រំលង​អា​ធ្រា​ត្រ។ជួនកាល​កូន​ក៏​រើ​ខ្លាំង​នៅពេល​ថ្ងៃ​ដែរ គឺ​រើ​មិនសូវ​ជា​ទៀងពេល​ប៉ុន្មាន​ឡើយ ព្រោះ​កូន​មិនទាន់​ស្គាល់​ពេលយប់ ឬ​ពេល​ថ្ងៃ​នៅឡើយ។ ភ្ញាក់​ពេលណា ក៏​រើ​ភ្លាម​តែម្តង ហើយនឹង​រើ​ខ្លាំង​នៅពេលដែល​ម្តាយ​ឃ្លាន ព្រោះ​សំឡេង​កូរពោះ​របស់​ម្តាយ​អាច​ទៅ​រំខាន​ការ​គេង​របស់​កូន ដោយសារតែ​ពោះវៀន​របស់​ម្តាយ​ស្ថិតនៅ​ផ្នែក​ខាងលើ​ស្បូន​ដែលជា​កន្លែង​កូន​នៅ។

    ការ​រើ​របស់​កូន​នៅក្នុង​ផ្ទៃ ជា​សញ្ញា​មួយ​ដែល​ល្អ​ខ្លាំងណាស់​សម្រាប់​ស្ត្រី​មានគភ៌ ព្រោះ​នៅពេល​កូន​រើ វា​គឺជា​ការបញ្ជាក់​ពី​សញ្ញា​ជីវិត​របស់​កូន​ហ្នឹងឯង ដូច្នេះ​ស្ត្រី​មានគភ៌​គួរ​រាប់ការ​រើ​របស់​កូន​ក្នុងមួយថ្ងៃៗផង​ទើប​ជាការ​ល្អ៕

  • សុភាពនារី​គួរ​យល់ដឹង! ឈឺចាប់​ពេល​មក​រដូវ​ទ្រាំ​មិនបាន​គួរ​ធ្វើ​បែបណា?

    សុភាពនារី​គួរ​យល់ដឹង! ឈឺចាប់​ពេល​មក​រដូវ​ទ្រាំ​មិនបាន​គួរ​ធ្វើ​បែបណា?

    ស្ត្រី​យើង​រមែងតែងតែ​ប្រឈមមុខ​ជាមួយនឹង​ភាពឈឺចាប់​នៅមុន​ពេល និង​ក្នុង​នៅ​អំឡុងពេល​មក​រដូវ ហើយ​មាននារីៗជាច្រើន​នាក់​ណាស់​ប្រហែលជា​ធុញទ្រាន់​ជាមួយនឹង​អាការ​ឈឺចាប់​នាពេល​មក​រដូវម្ដងៗនេះ។ ក្នុងថ្ងៃនេះ ឡា​រ៉ែ​ន បាន​ពាំ​នាំនូវ​វិធីខ្លះៗក្នុងការ​ថែរក្សា​សុខភាព​នារី​ដោយ​ខ្លួនឯង ទាំង​មុនពេល និង​ក្នុងអំឡុងពេល​មក​រដូវ​មក​ជម្រាបជូន​ប្រិយមិត្ត​អ្នកអាន​ទាំងអស់ ដើម្បី​ជួយ​បន្ថយ​ភាពឈឺចាប់​បាន​ខ្លះ អីចឹង​សូម​អាន​ទាំងអស់គ្នា ថា​តើ​គួរ​ធ្វើ​បែបណាខ្លះ?

    1/ កំណត់​ការទទួល​ទាន​អាហារ​មួយចំនួន
    អ្នក​គួរ​កំណត់​ការទទួល​ទាន​ជាតិ​ស្ករ អំបិល ជាតិ​កាហ្វេ​អី​ុ​ន ស្រា និង​ភេសជ្ជៈ​មាន​ជាតិ​អាកុល ហើយ​បែរមក​ទទួលទាន​អាហារ​ដូចជា បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ និង​អាហារ​ដែលមាន​សារធាតុ​កាបូន​អី​ុ​ដ្រា​ត​មួយចំនួន ក្រោយពី​សម្រាក​ការងារ ដើម្បី​ថែរក្សា​សុខភាព តែ​មិន​បណ្ដាល​ខ្លួន​ឱ្យ​ធាត់​នោះទេ។

    2/ អាហារ​ដែល​សម្បូរ​ដោយសារ​ធាតុដែក
    អ្នក​គួរ​ទទួលទាន​អាហារ​ដែលមាន​សារ​ធាតុដែក​ឱ្យបាន​ច្រើន ដែល​សារ​ធាតុដែក​ទាំងនោះ​មាននៅ​ក្នុង ថ្លើម​សត្វ ស៊ុត​លឿង​និង​បន្លែ​ពណ៌​បៃតងចាស់-ល- ដើម្បីឱ្យ​រាងកាយ​បង្កើត​គ្រាប់​ឈាមក្រហមថ្មីៗ និង​គួរ​ទទួលទាន​បន្លែ ផ្លែឈើ​ដែលមាន​វីតាមីន C ច្រើន​ដូចជា ក្រូចឆ្មារ ក្រូចពោធិ៍សាត់ ត្របែក ខាត់ណា និង​ប៉េងប៉ោះ​ជាដើម ព្រោះ​វីតាមីន C នឹង​ជួយ​ឱ្យ​រាងកាយ​ស្រូបយក​សារធាតុចិញ្ចឹម និង​សារ​ធាតុដែក​ចូលទៅក្នុង​រាងកាយ​បាន​យ៉ាង​ល្អប្រសើរ។

    3/ បំបាត់​ការឈឺចាប់​ដោយ​វិធី​ធម្មជាតិ
    នៅក្នុង​អំឡុងពេល​មក​រដូវ ប្រសិនបើ​អ្នកមាន​អាការ​ចុកពោះ និង​ឈឺចាប់​ខ្លាំង​ក៏​សូម​ណែនាំ​ឱ្យ​ឆុងតែ​ឱសថ​បុរាណងាយៗដូចជា តែ Chamomile ឬ​ប្រភេទ​តែ Peppermint ដោយ​ឆុង​ទទួលទានក្ដៅៗ រួច​លេប​វីតាមីន C កាល់​ស្សូម និង​ថ្នាំ Evening Primrose Oil។ ក្រៅពីនោះ អ្នក​គួរតែ​ងូតទឹក​ក្ដៅឧណ្ហៗ និង​ស្អំ​ទឹក​ក្ដៅ​នៅលើ​បរិវេណ​ពោះ​របស់​អ្នក ដើម្បី​កាត់បន្ថយ​អាការ​ឈឺចាប់។

    4/ ហាត់ប្រាណ
    ការហាត់​ប្រាណ​យ៉ាង​ថ្ម​មជារឿយៗ ដើម្បី​ជំរុញ​ឱ្យ​រាងកាយ​មាន​កម្លាំង និង​ថាមពល Endorphine ចេញមកក្រៅ ពីព្រោះ​ថាមពល​សារធាតុ​នេះ អាចជួយ​កាត់បន្ថយ​ការឈឺចាប់​របស់​រាងកាយ​បាន​តាមបែប​ធម្មជាតិ ដោយ​ជួយ​ឱ្យ​រាងកាយ​មាន​អារម្មណ៍​ធូរស្បើយ និង​បំបាត់​អារម្មណ៍​តានតឹង​មួយចំនួន​ដែលជា​ដើមហេតុ​បង្ក​ឱ្យ​កើតមាន​អាការ​ឈឺចាប់​បែបនេះ ដែលជា​ផ្នែក​មួយ​ជួយ​កាត់បន្ថយ​ការឈឺចាប់​នៅមុន និង​ក្រោយពេល​មក​រដូវ។

    នារីៗជាច្រើន​ដែលមាន​អាការ​ឈឺចាប់​ពេល​មក​រដូវ​ខ្លាំង​បំផុត ក៏ត្រូវ​រក​វិធី​កាត់បន្ថយ​ការឈឺចាប់​បន្ថែមទៀត មិន​ថា​ជាការ​សម្រាក​ឱ្យបាន​គ្រប់គ្រាន់ ការ​ស្អំ​ទឹក​ក្ដៅ​នៅ​បរិវេណ​ពោះ និង​ក្រោម​ខ្នង ក៏ប៉ុន្ដែ​នៅពេលដែល​ការឈឺចាប់​មិន​បាត់​សោះ ក៏​គួរតែ​ចេញទៅ​ហាត់ប្រាណ​បន្ថែមថ្នមៗ ហើយ​បើ​នៅតែ​មិន​បាត់​ទៀត​នោះ ក៏​គួរតែ​លេបថ្នាំ​បំបាត់​ការឈឺចាប់​ដូចជា Aspirin, ibuprofen, Naproxen ឬ​លេប​បញ្ចូល​គ្នា​ក៏បាន​ដែរ។ ក្រៅពីនោះ ការប្រើ​ប្រេងកូឡា ឬ​ប្រេងខ្យល់​លាប​នៅ​បរិវេណ​ពោះ ក៏​អាចជួយ​បន្ថយ​អាការ​ឈឺចាប់​បាន​ដូចគ្នា​ដែរ នៅក្នុង​អំឡុងពេល​មក​រដូវ ក៏ប៉ុន្ដែ​ត្រូវ​ប្រើ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ទើប​ត្រឹមត្រូវ។ ទោះបីជា​យ៉ាងណាក៏ដោយ​ប្រសិនបើនារីៗយើង ជួប​នូវ​អាការ​ឈឺចាប់​ខ្លាំង​នោះ អ្នក​មិនគួរ​នៅ​សម្ងំស្ងៀម​នោះទេ គួរតែ​រូតរះ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់ បើ​សង្កេតឃើញ​មាន​អាការ​មិន​ប្រក្រតី​ណាមួយ​កើតឡើង​គ្រូពេទ្យ​អាច​នឹង​ពិនិត្យ​ព្យាបាល​អ្នក​បានភ្លាមៗទាន់ពេលវេលា។

    ជា​ចុងក្រោយ អាហារ​ដែល​គួរ​ជៀសវាង​ទទួលទាន​នៅក្នុង​អំឡុងពេល​មករ​ដូ​វ​មានដូចជា សាច់​ក្រហម ទឹកដោះគោ និង​អាហារ​ដែលមាន​រសជាតិ​ប្រៃ ព្រោះ​វា​មិនបាន​ជួយ​កាត់បន្ថយ​អាការ​ឈឺចាប់​នៅក្នុងពេល​មក​រដូវរ​បស់​អ្នក​នោះទេ ហើយ​អ្នក​គួរតែ​បែរមក​ទទួលទាន​សាច់​ត្រី​ជំនួស​វិញ ព្រោះ​ជាតិ​ខ្លាញ់​អូ​មេ​ហ្កា 3 ពី​សាច់​ត្រី និង​ត្រី​សមុទ្រ អាចជួយ​កាត់បន្ថយ​ការឈឺ​ចាប់បាន​មួយចំនួន​ដែរ៕

  • One Residence អគារ អា​ផាត​មិន ដ៏​ទំនើប​កណ្តាល​រាជធានី​ភ្នំពេញ​ចាប់​បើក​លក់​ជា​ផ្លូវការ​ណ៍ហើយ 

    One Residence អគារ អា​ផាត​មិន ដ៏​ទំនើប​កណ្តាល​រាជធានី​ភ្នំពេញ​ចាប់​បើក​លក់​ជា​ផ្លូវការ​ណ៍ហើយ 

    ជា​អគារ​ដ៏​ទំនើប ខ្ពស់​ស្គឹ​ម​ស្កៃ និង​ទាន់សម័យ ដែល​ផុស​ឡើង​បង្ហាញខ្លួន​នៅ​ចំ​កណ្តាល​បេះដូង​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម នៃ​រាជធានី​ភ្នំពេញ អា​ផាត​មិន One Residence ស្ថិតនៅ​អគារ​លេខ168 តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ខណ្ឌចំការមន បានប្រកាស​ចាប់​បើក​ដំណើរ​ការលក់​ជា​ផ្លូវការ​ណ៍ហើយ ដែល​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី18 ខែសីហា ឆ្នាំ2017 នៅ​ផ្នែក​ខាងលើ​នៃ​អគារ One Residence ផ្ទាល់​តែម្ដង ក្រោម​ការចូលរួម​ពី​សំណាក់​ម្ចាស់​ទុនវិនិយោគ​សាងសង់ នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ទទួល​សិទ្ធិ​លក់ និង​បណ្តា​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ ក៏ដូចជា​ភ្ញៀវកិត្តិយស រួមទាំង​អ្នកសារព័ត៌មាន​ជាច្រើនរូប​ទៀត ។

    នៅក្នុង​ពិធី​ដ៏​រីករាយ​ដែល​បង្ហាញ​ពី​ការស្វាគមន៍​វត្តមាន​ថ្មី​នៃ​អគារ​ដ៏​ល្អ​ប្រណីត កម្រិតស្តង់ដារ​មួយ​នេះ ត្រូវបាន​គេ​ដឹងថា សម្រាប់​ការគ្រប់គ្រង​ទីផ្សារ​នៃ​ការលក់ ឬ​ជួល​នៅក្នុង​អគារ​មួយ​នេះ គឺជា​ការទទួលខុសត្រូវ និង​ផ្ដល់​សិទ្ធិ​ទាំងស្រុង​ទៅឱ្យ​ក្រុមហ៊ុន​ដែលមាន​ជំនាញ និង​មានបទពិសោធន៍​ផ្នែក​ខាង​វិស័យ​អចលនទ្រព្យ CMS (Capital Management Solutions) ។ នៅក្នុង​ឱកាស​ដ៏​សែន​មនោ​រម្យ​នេះ​ផងដែរ សម្រាប់​ភ្ញៀវកិត្តិយស​ទាំងអស់​ដែល​បាន​ចូលរួម ក្រៅពី​បាន​រីករាយ​ដោយ​ការជួប​សំណេះសំណាល​គ្នា​រវាង​អ្នកជំនួញ​ទាំង​ក្នុង និង​ក្រៅ​ស្រុក ក៏ដូចជា​ការបង្កើន​ភា​ព​ស្និទ្ធស្នាល ថែមទាំង​មានឱកាស​បាន​ពិនិត្យមើល​ពី​ភាព​អស្ចារ្យ ស្អាត​ប្លែក ត្រជាក់​ភ្នែក ជាមួយនឹង​ទិដ្ឋភាព​នៃ​បន្ទប់​ស្នាក់នៅ​ដ៏​ទំនើប ទាន់សម័យ ដែល​ពោរពេញ​ទៅដោយ​ការតុបតែង​លម្អ​នៅក្នុង​បន្ទប់​ទាំងមូល​រួមមាន​គ្រឿង​អេឡិចត្រូនិក​សម្រាប់​កម្សាន្ត ចង្កៀង​អគ្គិសនី​ដ៏​ស្រស់ស្អាត សា​ឡុង​គ្រែ​ពូក​ដ៏​ទន់ល្មើយ ផ្តល់​ផាសុកភាព​ខ្ពស់ ដ៏​ដូចជា​សម្ភារៈប្រើប្រាស់ផ្សេងៗទៀត រួម​នឹង​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព ដែល​ទាំងអស់នេះ​ត្រូវបាន​បង្ហាញជូន និង​ណែនាំ​ដោយ​អ្នកតំណាង​ផ្នែក​លក់​របស់​ក្រុមហ៊ុន CMS (Capital Management Solutions) ។

    សម្រាប់​បន្ទប់​ស្នាក់​នៅក្នុង​អគារ​ដ៏​ខ្ពស់​ស្គឹ​ម​ស្កៃ​មួយ​នេះ ត្រូវបាន​រៀបចំឡើង​ចាប់ពី​ទំហំ 42 ម៉ែត្រការ៉េ រហូតដល់ 67 ម៉ែត្រការ៉េ ដោយមាន​ការបែងចែក​ចេញ​ជា 4 ប្រភេទ រួមមាន ប្រភេទ Studio , 2 Bedroom Suite , 1Bedroom Deluxe Suite , និង​ប្រភេទ 1Bedroom Executive Suite ខណៈដែល​តម្លៃ​គឺ​អាស្រ័យ​ទៅតាម​ទំហំ និង​ប្រភេទ​បន្ទប់ រួម​ជាមួយនឹង​រយៈពេល​នៃ​ការ​ស្នាក់នៅ ។

    គួរបញ្ជាក់​ផងដែរ​ថា អគារ One Residence ក្រៅពី​មាន​បម្រើ​លើ​សេវា​ស្នាក់នៅ ក៏មាន​សេវាផ្សេងៗទៀត​ជាច្រើន ដូចជា ភោជនីយដ្ឋាន ការ​កុម្ម៉ង់​អាហារ​ជា​លក្ខណៈ​ឯកជន​នៅតាម​បន្ទប់ មាន​កន្លែង​ហាត់ប្រាណ​ជាមួយ​ឧបករណ៍​ទំនើប​ទាន់សម័យ មាន​អាង​ហែល​ទឹក​ដ៏​ធំ​ទូលាយ​នៅ​ផ្នែក​ខាងលើ​នៃ​អគារ មាន​សេវា​បោក​អ៊ុត​សម្លៀកបំពាក់ សេវា​ជួល​រថយន្ត សេវា​ជួល​កង់ រួម​ជាមួយនឹង​ការប្រើ​សេវា​អ៊ី​ន​ធឺ​ណែ​ត​ដោយ​សេរី ។

    សូម​បង្កើន​ភាពស្រស់ថ្លា​នៃ​ការរស់នៅ​របស់លោក​អ្នក​ជាមួយ​អា​ផាត​មិន One Residence ចាប់ពីពេលនេះ​តទៅ ៕

  • ទិញ iPhone ថ្មី បើ​មិនទាន់​ដឹង​វិធី​បង្កើត Apple ID ទេ អាច​ចូល​អាន​បាន​ទីនេះ

    ទិញ iPhone ថ្មី បើ​មិនទាន់​ដឹង​វិធី​បង្កើត Apple ID ទេ អាច​ចូល​អាន​បាន​ទីនេះ

    វា​មិនមែនជា​រឿង​ថ្មី​អ្វី​ទេ បើ​និយាយ​ពី​រឿង​ការបង្កើត​គណនី Apple ID សម្រាប់​ប្រើ​ទុក​ទាញយក​កម្មវិធី ហ្គេម និង​ទុក​ប្រើ​ក្នុង​សេវាកម្ម​មួយចំនួនទៀត​របស់ Apple នោះ ប៉ុន្តែ​វា​អាចជា​រឿង​ថ្មី​ក៏​ថា​បានដែរ ប្រសិនបើ​ប្រិយមិត្ត​ទើប​រៀន​ប្រើ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ជា​លើកដំបូង ឬ​មានប្រើ​យូរហើយ តែ​យក​គណនី​គេ​ជំនួយ។ ហេតុ​ដូច្នេះហើយ គេហទំព័រ​ឡា​រ៉ែ​ន សូម​លើកយក​វិធី​មួយ​ក្នុងការ​បង្កើត​គណនី Apple ID ដោយ​មិនចាំបាច់​ត្រូវ​ប្រើ Credit Card មក​ជម្រាបជូន​ប្រិយមិត្ត​អ្នកអាន​ម្ដងទៀត​ដូចខាងក្រោម។

    1/- ជា​ជំហាន​ទី1 នៅលើ​ទូរស័ព្ទ iPhone ដែល​មិនទាន់មាន Signed in Apple ID សូម​ចូលទៅ​កាន់ App Store(សម្រាប់​កុំព្យូទ័រ សូម​ចូល​ទៅកាន់​កម្មវិធី iTunes > iTunes store > App Store ហើយ​ធ្វើតាម​លំនាំផ្សេងៗ ដូច​នៅលើ iDevice ដែរ)

    2/- ជ្រើស​រើសយក App មួយ​ដែល​មិន​គិតថ្លៃ (FREE) ហើយ​ចុច​លើ​ប៊ូ​តុង FREE បន្ទាប់មក​ចុច​លើ​ប៊ូ​តុង install

     

    4/-ក្រោយ​នោះ​បន្តិច វា​លោត​ចេញ​ផ្ទាំង Sign In ដោយ​ជ្រើស​រើសយក Create New Apple ID

     

    5/- ជ្រើស​រើសយក​ប្រទេស​ក្នុង​តារាង Country OR Region ករណីនេះ​សូមអ្នក​ធី​កលើ​ប្រទេស Cambodia ឬ​វា​អាច​កំណត់ដោយ​ស្វ័យប្រវត្តិ​តែម្តង បន្ទាប់​អ្នក​អាច​ចុច Nextបាន។

     

    6/- ចុច​លើ​ប៊ូ​តុង Agree ចំនួន 2 ដង​លើ Terms and Conditions

     

    7/- ត្រង់នេះ​ទាមទារ​ឱ្យបំពេញ​ក្នុងការ​បង្កើត User Name / Email និង Password របស់ Apple ID ដោយ​បំពេញ​ត្រង់​ចន្លោះ Email Address, Password ថ្ងៃខែ​កំណើត , សំណួរចម្លើយ​សុវត្ថិភាព 2 ទៅ 3 ចំណុច។ បំពេញ​រួចរាល់​ចុច​លើ​ប៊ូ​តុង Next

     

    8/-ត្រូវ​ជ្រើស​យក None ដើម្បី​មិនចាំបាច់​ប្រើ Credit Card ផ្សេងៗ បន្ទាប់មក​ចុច​លើ​ប៊ូ​តុង Next

     

    ជា​ជំហាន​បញ្ចប់​Apple នឹង​ផ្ញើ​ការទទួលស្គាល់ Apple ID ដែល​បាន​បង្កើត ដោយ​ចូលទៅ​កាន់ Email  ដើម្បី​ទៅ Verify  បន្ទាប់មក​ប្រិយមិត្ត​អាច Log In Apple ID  ដោយ​វា​នឹង​ទាមទារ​ឱ្យ​យើង​បញ្ចូល​អ៊ីមែល និង​លេខ​សម្ងាត់​ម្តងទៀត ចុច Verify Adress ជាការ​ស្រេច។ចុងក្រោយ​ចូលទៅ​កាន់ App Store ម្តងទៀត​ដើម្បី​ទាញយក App ដែល​ប្រិយមិត្ត​ពេញចិត្ត​បាន ប៉ុន្តែ​បានតែ​កម្មវិធី ឬ​ហ្គេម​ដែល​ឥត​គិត (Free)ថ្លៃ​ប៉ុណ្ណោះ៕

  • ពិត​អត់! ក្មេង​ខ្មែរ ហេង ពិ​ទូ និង​អេ​ដា ត្រៀមខ្លួន​ចូល​សាន់​ដេ?

    ពិត​អត់! ក្មេង​ខ្មែរ ហេង ពិ​ទូ និង​អេ​ដា ត្រៀមខ្លួន​ចូល​សាន់​ដេ?

    ស្របពេល​មាន​តារាចម្រៀង​មួយចំនួន ពិសេស​លោក ខេមរៈ សិរីមន្ដ បាន​ចាក​ចេញពី​ផលិតកម្ម​សាន់​ដេ​ទៅកាន់​ផលិតកម្ម​ថ្មី​នោះ ក៏​ស្រាប់​តែមាន​ព័ត៌មាន​លេចឮ​ឡើង​ថា សាន់​ដេ ក៏​មិន​ព្រមឱ្យ​ខ្លួន​អស់​ធនធានមនុស្ស​សម្រាប់​ធ្វើការ​ងារ​ដែរ ពោលគឺ​ផលិតកម្ម​មួយ​នេះ​កំពុង​ត្រៀម​ទទួល​វត្ដ​មាន​តារាចម្រៀងល្បីៗជាច្រើនរូប​បន្ថែមទៀត ដូចជា ក្រុម​ក្មេង​ខ្មែរ លោក ហេង ពិ​ទូ និង​អេ​ដា ជាដើម។

    ដើម្បី​ស្រាយ​នូវ​ចម្ងល់​នេះ លោក ឡាយ សុខ​ចំរើន អ្នកគ្រប់គ្រង​ទូទៅ​នៃ​ផលិតកម្ម​សាន់​ដេ បាន​បញ្ជាក់ថា ការចេញចូល​ទៅមករ​បស់​តារាចម្រៀង​នៅក្នុង​ផលិតកម្មនីមួយៗ វា​ជា​រឿង​ធម្មតា​ទេ ប៉ុន្ដែ​ផលិតកម្ម​នៅតែមាន​ធនធានមនុស្ស​ប្រើ​ជាធម្មតា ពិសេស​គឺ​ផលិតកម្ម​សាន់​ដេ​ក៏បាន​ត្រៀម​បញ្ចូល​ធនធានមនុស្សល្អៗបន្ថែមទៀត ដើម្បី​ដំណើរការ​នៅក្នុង​ទីផ្សារ។

    គ្រាន់តែ​ចោទ​ជា​សំណួរ​ថា តើ​ធនធាន​ថ្មី​នោះ​ជា​ក្រុម​ក្មេង​ខ្មែរ លោក ហេង ពិ​ទូ និង​អេ​ដា ដូច​គេ​លើកឡើង​នោះ​តើ​មែន​ទេ? លោក​ឡាយ សុខ​ចំរើន បញ្ជាក់ថា៖ «អូ! បញ្ហា​នេះ​ខ្ញុំ​មិនអាច​ឆ្លើយ​បានទេ ខ្ញុំ​គ្រាន់តែ​ឮ​មកពី​ខាងក្រៅ​វិញ​តែប៉ុណ្ណោះ ប៉ុន្ដែ​ព័ត៌មាន​ច្បាស់ការ​យ៉ាងណា ខ្ញុំ​ក៏​មិនទាន់​អាច​បញ្ជាក់​បានដែរ»។

    ទោះយ៉ាងណា​អ្នកគ្រប់គ្រង​រូបនេះ បាន​លើកសរសើរ​នូវ​សមត្ថភាព​តារាចម្រៀង​ខាងលើនេះ ដោយ​លោក​បាន​បញ្ជាក់ថា លោក​មានការ​សប្បាយ​ចិ​ត្ដ ព្រមទាំង​ស្វាគមន៍​ជានិច្ច​ចំពោះ​តារាចម្រៀង​ទាំងនោះ ប្រសិនបើ​រឿង​នោះ​កើតឡើង​ពិតប្រាកដ​មែន ព្រោះ​ក្រុមហ៊ុន​មួយ​ដែលមាន​ធនធានមនុស្សល្អៗបែប​ហ្នឹង វា​ងាយស្រួល​ក្នុង​ធ្វើ​ការងារ​ដើម្បី​អភិវឌ្ឍ​ក្រុមហ៊ុន​ឱ្យមាន​ភាព​រីកចម្រើន៕

  • ការចិញ្ចឹម​ឃ្មុំ​តាម​បច្ចេកវិទ្យា​ថ្មី​អាចជួយ​ឱ្យ​កសិករ​រកចំណូលបាន​ខ្ពស់

    ការចិញ្ចឹម​ឃ្មុំ​តាម​បច្ចេកវិទ្យា​ថ្មី​អាចជួយ​ឱ្យ​កសិករ​រកចំណូលបាន​ខ្ពស់

    ការចិញ្ចឹម​ឃ្មុំ​តាម​បច្ចេកទេស​ថ្មី​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ខ្លាំង​ពី​កសិករ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ដោយសារ​វា​អាចជួយ​គ្រួសារ​ពួកគាត់​រកចំណូលបាន​ខ្ពស់​ពី​ការលក់​ទឹកឃ្មុំ ហើយ​ធ្វើឱ្យ​ជីវភាព​កាន់តែ​ប្រសើរឡើង​ផងដែរ។

    លោក ឈាង ឈូក ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ​នៅ​ភូមិ​រហាល ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​មានប្រសាសន៍ថា ដោយ​មើលឃើញ​ពី​តម្រូវការ​ទឹកឃ្មុំ​ខ្ពស់​នៅលើ​ទីផ្សារ​កម្ពុជា​លោក​បាន​សម្រេចចិត្ត​នាំយក​ពូជ​ឃ្មុំ​ចិញ្ចឹម​ពី​អ៊ឺរ៉ុប​មក​ចិញ្ចឹម​ជា​លើកដំបូង​នៅ​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ2013កន្លងទៅ ដោយ​សាកល្បង​ចិញ្ចឹម​តាមបែប​បច្ចេកទេស​ថ្មី ហើយក៏​ទទួលបាន​ជោគជ័យ និង​មានការ​គាំទ្រ​ខ្ពស់​នៅលើ​ទីផ្សារ​ទៀតផង «ទឹកឃ្មុំ​នេះ​មានគុណ​ភាពល្អ ហើយ​មាន​តម្រូវការ​ខ្លាំង​នៅលើ​ទីផ្សារ លក់​មិនដែល​សល់​ទេ ដោយសារ​ភាគច្រើន​គេ​យក​ទឹកឃ្មុំ​ទៅធ្វើជា​ថ្នាំ​ព្យាបាល​ជំងឺ»។

    លោក​ថា នៅក្នុង​ឆ្នាំ2013 លោក​បានសម្រេច​ចិត្ត​ទិញ​ពូជ​ឃ្មុំ60ធុង (ក្នុង​មួយ​ធុង​មាន8បង្គង) យកមក​ចិញ្ចឹម​នៅ​ទីតាំង​ខាងលើ​ដែលជា​ទីតាំង​សម្បូរ​ទៅដោយ​ផ្កា​រីក​ស្ទើរ​គ្រប់​រដូវ​ពី​ដើមឈើ​ព្រៃ ដើមឈើ​ហូប​ផ្លែ និង​ដំណាំ​បន្លែផ្សេង។ ក្រោយពី​សាកល្បង​ជោគជ័យ​លោក​បាន​ពង្រីក​ការចិញ្ចឹម​ឃ្មុំ​នេះ​បាន​ដល់​ទៅ​ជាង200ធុង​បន្ថែមទៀត និង​បាន​ចែកចាយ​លក់​បន្ត​ទៅឱ្យ​កសិករ​មកពី​ខេត្តផ្សេងៗយកទៅ​ចិញ្ចឹម​បន្ត ដើម្បី​ជួយ​រក​ចំណូល​បន្ថែម​ដល់​គ្រួសារ​ពួកគាត់។

    សម្រាប់​ឃ្មុំ​មួយ​ធុង​ដែលមាន8-10បង្គង​នេះ នៅពេល​រដូវប្រាំង​ដែល​សម្បូរ​ផ្កា​រីក​ច្រើន​ឃ្មុំ​ឱ្យ​ផល​ក្នុង​មួយខែ​ពីរដង ដោយ​មួយដង​ក្នុង1ធុង​យើង​អាច​ប្រមូលបាន​ទឹកឃ្មុំ2លីត្រ ប៉ុន្តែ​សម្រាប់តែ​ខែ​ដែល​សម្បូរ​ផ្កា​មានតែ3ខែ​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ ហើយ​ក្រៅពីនោះ​យើង​អាច​ទាញយក​ទឹកឃ្មុំ​បានតែ​ម្តង​ប៉ុណ្ណោះ​ក្នុង​មួយខែ។ ជាទូទៅ​ទឹកឃ្មុំ​ចិញ្ចឹម គេ​តែង​គិតថា មិនមាន​គុណភាព​ល្អ​ដូច​ឃ្មុំ​ធម្មជាតិ​នោះទេ ប៉ុន្តែ​វា​មិនមែន​ដូច្នេះ​ឡើយ គឺ​វា​មានគុណ​ភាព និង​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ដូចគ្នា ដោយសារ​ឃ្មុំ​ក្រេប​លម្អងផ្កា​ធម្មជាតិ​ដូចគ្នា។ យ៉ាងណា​ក៍ដោយ​លោក ឈាង ឈូក បញ្ជាក់ថា នៅ​រដូវវស្សា​ដោយសារ​មិនមាន​លម្អងផ្កា គេ​អាច​លាយ​ចំណី​មានដូចជា​សណ្តែកសៀង ស្ករ​និង​លម្អង​ស្ងួត​ដាក់ឱ្យ​ឃ្មុំ​បឺត​ដើម្បីឱ្យ​វា​មាន​កម្លាំងរ​ស់បាន តែបើ​យក​ល្អ​គេ​ត្រូវ​ចល័ត​ឃ្មុំ​ទៅរក​ទីតាំង​ណា ដែល​សម្បូរ​ផ្កា​ដើម្បីឱ្យ​ឃ្មុំ​បឺត​បាន​គ្រប់គ្រាន់។

    ជាមួយគ្នានេះដែរ​លោក ប៉ត សុផល ប្រធាន​គ្រប់គ្រង​គម្រោង​អង្គការ​បណ្តុះបណ្តាល​ថ្នាក់មូលដ្ឋាន​ដែលមាន​ទីតាំងនៅ​ឃុំ​ជី​រោ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ឯណោះ​វិញ​ក៏បាន​ចាប់ផ្តើម​គម្រោង​ចិញ្ចឹម​ឃ្មុំ​តាមបែប​បច្ចេកវិទ្យា​ថ្មី​នេះដែរ​ដើម្បី​រក​ចំណូល​បន្ថែម​ផ្គត់ផ្គង់​ដំណើរការ​របស់​អង្គការ និង​ដើម្បី​ចែករំលែក​ពូជ​ឃ្មុំ​ទៅឱ្យ​កសិករ​ក្នុង​សហគមន៍​ចិញ្ចឹម​បន្ត​ដើម្បី​រក​ចំណូល​បន្ថែម​សម្រាប់​គ្រួសារ​ពួកគាត់។

    លោក​ថា ការសម្រេចចិត្ត​ចិញ្ចឹម​ឃ្មុំ​នេះ ដោយសារ​ទីតាំង​នោះ​សម្បូរ​ដើម​កៅស៊ូ និង​សម្បូរ​ទៅដោយ​ចម្ការ​បន្លែ និង​ដំណាំផ្សេងៗរបស់​កសិករ ប៉ុន្តែ​ចម្ការ​ទាំងនោះ​ភាគច្រើន​មានតែ​ក្នុង​រដូវប្រាំង​ប៉ុណ្ណោះ ដូច្នេះ​លោក​បាន​ដាំ​ដើម​ផ្កាឈូករ័ត្ន​ជាច្រើន​ដើម្បី​ទុកឱ្យ​ឃ្មុំ​បឺត​យក​លម្អងផ្កា​បាន​គ្រប់​រដូវ និង​ដើម្បី​ទុក​បេះយក​គ្រាប់​ផ្កាឈូករ័ត្ន​លក់​រក​ចំណូល​បន្ថែម​បាន​ទៀតផង។ យ៉ាងណា​គម្រោង​ដំបូង​នេះ​លោក​សាកល្បង​ទិញ​ឃ្មុំ​តែ6ធុង​ប៉ុណ្ណោះ ហើយ​ខិតខំ​ពង្រីក​ពូជ​ឃ្មុំ​ឱ្យបាន​កាន់​ច្រើន​ថែមទៀត៕

  • សិស្ស​និទ្ទេស A លឹម រស្មី បង្ហាញ​វិធីសាស្ត្រ​ជោគជ័យ​សម្រាប់​ថ្ងៃ​ប្រឡង​បាក់​ឌុប​នេះ

    សិស្ស​និទ្ទេស A លឹម រស្មី បង្ហាញ​វិធីសាស្ត្រ​ជោគជ័យ​សម្រាប់​ថ្ងៃ​ប្រឡង​បាក់​ឌុប​នេះ

    ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅថា​ការប្រឡង​បាក់​ឌុប ជា​ថ្ងៃ​ប្រឡង​យា់ង​សំខាន់​មួយ​ដែល​សិស្ស​ជាច្រើន​កំពុង​យកចិត្តទុកដាក់ ហើយ​អាណាព្យាបាល​ក៏​សុទ្ធតែ​ចង់ដឹង​ផងដែរ​ពី​គន្លឹះសំខាន់ៗដើម្បី​ប្រឡង​ឱ្យបាន​ជោគជ័យ​ដើម្បី​យក​ដំណឹង​ល្អ​នេះ​ទៅប្រាប់កូនៗរបស់គាត់​ដែល​នឹង​ចូល​ប្រឡង​វិញ​ក្នុងពេល​ប៉ុន្មាន​ម៉ោង​ទៀត​នេះ។

    ដើម្បី​បង្ហាញ​ពី​គន្លឹះ​នៃ​ការប្រឡង​បាក់​ឌុប​ឱ្យ​ទទួលបាន​ជោគជ័យ និង​បាន​ពិន្ទុ​ខ្ពស់ យុវជន លឹម រស្មី ដែលជា​អតីត​សិស្ស​ប្រឡង​ជាប់​និទ្ទេស A នៅ​ឆ្នាំ 2015 ជា​ឆ្នាំ​ទី2 នៃ​កំណែទម្រង់​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ បាន​ចែករំលែក​បទពិសោធរ​បស់​ខ្លួន​ជាច្រើន​ដល់​សិស្ស​ដែល​ប្រឡង​នៅថ្ងៃនេះ និង​ថ្ងៃស្អែក។

    យុវជន លឹម រស្មី បាន​លើកឡើងថា អ្នកណា​ក៏ដូចជា​អ្នកណា​ដែរ នៅពេល​ប្រឡង​មកដល់​ប្រាកដ​ជាមាន​អារម្មណ៍​ភ័យ ព្រោះ​អាចមកពី​ការគិត​ថា​លំ​ហាត់​ដែល​គ្រូ​ដាក់​មក​នឹងមិន​ចេះ ឬ​ព្រួយបារម្ភ​លើ​រឿងផ្សេងៗទៀត។ កត្តា​ទាំងអស់នេះ អាចធ្វើឱ្យ​ពួកគេ​ភ្លេច​រូបមន្ត ឬ​មេរៀន​ដែល​គេ​ធ្លាប់​ចេះ ដែល​វា​អាចជា​គ្រោះថ្នាក់​ធំ​មួយ​សម្រាប់​ពេល​ប្រឡង។

    ជា​គន្លឹះ​មួយចំនួន​ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ រស្មី បានផ្តល់​ជា​បទពិសោធ​ថា នៅពេល​ចូលក្នុង​ថ្នាក់​ប្រឡង​គឺ​ត្រូវ​ដកដង្ហើម​ឱ្យវែងៗដើម្បី​ទប់​លំនឹង​អារម្មណ៍​ខ្លួនឯង​កុំឱ្យ​ភ័យ​ខ្លាំងពេក។ បន្ទាប់មក នៅពេលដែល​វិញ្ញាសា​មកដល់​លើ​តុ​ភ្លាម បេក្ខជន​ត្រូវ​មើល​ពីក្រោម​ដល់​លើ​ឱ្យអស់ ហើយ​មើលថា​មាន​រ៉ូ​ម៉ាំង​ប៉ុន្មាន ហើយ​ចំណុច​នៅ​រ៉ូ​ម៉ាំង​ណាខ្លះ​ចេះ និង​ចំណុច​ណាខ្លះ​មិនចេះ។ ក្រោយ​ពេលដែល​មើល​ដឹង​ហើយ យុវជន​ត្រូវ​ចេះ​សន្សំ​ពេលវេលា​ដោយ​ចាប់ផ្តើម​ធ្វើ​លំ​ហាត់​ដែល​ចេះ​ឱ្យអស់​សិន មុននឹង​ឈានទៅដល់​ចំណុច​ដែល​មិនទាន់​ចេះ។

    សិស្ស​ពូកែ​និទ្ទេស A ខាងលើ​បានបង្ហាញ​ផងដែរ​ថា ទោះបីជា​ចំណុច​ណាមួយ​យើង​ចេះ​ហើយ​ក៏ដោយ តែ​យើង​មិនអាច​ប្រហែស​បានដែរ សូម​ធ្វើ​លំ​ហាត់​ទាំងអស់នោះមួយៗ កុំ​រំភើប​ខ្លាំងពេក ព្រោះ​វា​អាចធ្វើឱ្យ​យើង​សរសេរ ឬ​គិត​ខុស។ ចំពោះ​អក្សរ និង​លេខវិញ គឺ​ត្រូវ​សរសេរ​ឱ្យបានច្បាស់ៗ ដកឃ្លា​ឱ្យបាន​ល្មម ហើយ​បើ​មាន​រូប​គឺ​ត្រូវ​គូរ​ឱ្យ​ធំ កុំ​ខ្លាច​អស់​ក្រដាស ព្រោះ​បើ​សន្លឹក​កិច្ចការ​របស់​យើង​ស្អាត អ្នក​កែ​គាត់​អាច​នឹងមាន​អារម្មណ៍ល្អ គាត់​នឹងដាក់​ពិន្ទុ​ឱ្យ​ល្អ​តាម​នោះដែរ។

    ចំណែកឯ​ការសរសេរ​ចម្លើយ គឺ​ត្រូវ​សរសេរ​តាម​ដំណាក់កាល​របស់​វា​កុំ​កាត់​ជាដាច់ខាត ទោះបីជា​យើង​ចេះ​ហើយ​ក៏ដោយ ព្រោះ​ការសរសេរ​កាន់តែច្រើន គឺ​កាន់តែ​ល្អ។ ម្យ៉ាងវិញទៀត នៅពេលដែល​អង្គុយ​ប្រឡង​កុំ​ខ្វល់​ពី​បរិស្ថាន​ជិតខាង ដូចជា​អ្នក​ប្រឡង​ដូចគ្នា អនុរក្ស ឬ​អ្នកសង្កេតការណ៍​ជាដើម ហើយ​អ្វីដែល​យើង​ត្រូវផ្តោត​នោះ​គឺ ត្រូវ​ផ្ចង់អារម្មណ៍​តែ​លើ​ក្រដាស​ខ្លួនឯងបាន​ហើយ។

    យុវជន​ខាងលើ​បាន​បន្ថែមទៀតថា ចំពោះ​វិញ្ញាសា​គណិតវិទ្យា​វិញ សិស្ស​ជាច្រើន​បាន​ត្អូញត្អែរ​លើ​អនុគមន៍​គណិត។ តាមពិតទៅ​លំ​ហាត់​នេះ​ពិបាក​តែមួយ​ចំណុច ឬ​ពីរ​ចំណុច​តែប៉ុណ្ណោះ ក្រៅពីនេះ​គឺ​សុទ្ធតែ​ធម្មតា ហេតុនេះ​ក្រៅពី​ធ្វើ​អ្វីដែល​ចេះ​ខាងលើ​ហើយ យើង​ត្រូវ​បន្តធ្វើ​លំ​ហាត់​ផ្នែកស្រួលៗឱ្យអស់ ព្រោះ​ថាបើ​យើង​ធ្វើ​អស់​ចំណុច​មិនសូវ​ពិបាក​ហើយ ចំណុច​ពិបាក​គឺអាច​សល់​តិចតួច​ប៉ុណ្ណោះ៕

  • ក្រសួង​បញ្ចេញ​ថវិកា 30លាន​ដុល្លារ ត្រៀម​ទប់ស្កាត់​កុំឱ្យ​ឈ្មួញ​ទម្លាក់​តម្លៃ​ទិញស្រូវ

    ក្រសួង​បញ្ចេញ​ថវិកា 30លាន​ដុល្លារ ត្រៀម​ទប់ស្កាត់​កុំឱ្យ​ឈ្មួញ​ទម្លាក់​តម្លៃ​ទិញស្រូវ

    ភ្នំពេញ៖ ដើម្បី​ទប់ស្កាត់​ការទម្លាក់​តម្លៃ​ទិញស្រូវ​ពី​សំណាក់​ឈ្មួញ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ចំណាយ​ថវិកា​ប្រមាណ​ជា30លាន​ដុល្លារ​ដើម្បី​ប្រមូល​ទិញស្រូវ​ពី​កសិករ​នៅក្នុង​រដូវ​កាល​ប្រមូល​ផល​ដែល​នឹង​ជិត​ចូលមក​ដល់​នាពេល​ខាងមុខនេះ។

    យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​យន្តការ​អន្តរាគមន៍​របស់​រាជរដ្ឋាភិបាល​នៅក្នុង​កា​ប្រមូល​ទិញស្រូវ​បានបញ្ជាក់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​រក្សា​ស្ថិរភាព​ថ្លៃ​ស្រូវ​នេះ ក្រសួង​នឹង​បង្កើន​ការវិនិយោគ​ដល់30លាន​ដុល្លារ​លើ​មជ្ឈមណ្ឌល​ប្រមូល​ទិញស្រូវ​ពី​កសិករ និង​បង្កើន​ឥណទាន 50លាន​ដុល្លារ​សម្រាប់​ប្រមូល​ទិញស្រូវ​ក្នុង​អត្រា​ការប្រាក់5%។ យន្តការ​អន្តរាគមន៍​របស់​រាជរដ្ឋាភិបាល​នៅក្នុង​ការប្រមូល​ទិញស្រូវ​នេះ​ត្រូវបាន​សម្រេច​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​ផ្អែកលើ​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់​ក្រុមការងារ នៃ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

    ចំណែកឯ​ល្បឿន​នៃ​ការបង្កបង្កើន​ផលដំណាំ​រដូវវស្សា​ឆ្នាំ2017 របស់​ក្រសួងកសិកម្ម​ឱ្យដឹងថា​ការងារ​ប្រមូល​ផល​ស្រូវស្រាល នៅ​ដើមរដូវ​រហូតមកទល់​ខែកក្កដា ឆ្នាំ2017 នេះ​សម្រេចបាន​ប្រមាណ​ជា79,749ហិកតា​លើ​ផ្ទៃដី​សរុប​ទូទាំងប្រទេស​ចំនួន583,486ហិកតា​ដោយ​ទទួលបាន​បរិមាណ​ផល​សរុប​ចំនួន324,207តោន កើន​លើស​ឆ្នាំមុន​ប្រមាណ​ជា190,964តោន ដោយ​ក្នុងនោះ​ទិន្នផល​គិត​ជា​មធ្យម​ប្រមាណ​ជា4.065តោន​ក្នុង​មួយ​ហិកតា។ ទិន្នផល​នេះ​ទទួលបាន​ទាប​ជាង​ឆ្នាំមុន​ដោយ​កាលពី​ឆ្នាំ2016ទិន្នផល​គិត​ជា​មធ្យម​ទទួលបាន​ប្រមាណ​ជា 4.066 តោន​ក្នុង​មួយ​ហិកតា។

    គួរ​បញ្ជាក់ថា គោលនយោបាយ​ស្តីពី​ការជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ​ដែល​ត្រូវបាន​ដាក់ចេញ​នៅក្នុង​ឆ្នាំ2010កន្លងទៅ​បានកំណត់​នូវ​គោលដៅសំខាន់ៗចំនួន3គឺ៖

    1.បង្កើន​ផលិតផល​ស្រូវ​លើសពី​សេចក្តីត្រូវការ​ឱ្យដល់ 4 លាន​តោន។
    2.ជំរុញ​ការនាំចេញ​អង្ករ​ឱ្យបាន​យ៉ាងតិច1លាន​តោន។
    3.ធ្វើឱ្យ​អង្ករ​កម្ពុជា​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​នៅ​ឆ្នាំ2015៕