Author: វល័ក្ខ

  • Hoffenheim សម្លឹង​រក​ការបង្កើត​ប្រវត្តិសាស្ត្រ ពេល​ប៉ះ Liverpool រាត្រី​នេះ

    Hoffenheim សម្លឹង​រក​ការបង្កើត​ប្រវត្តិសាស្ត្រ ពេល​ប៉ះ Liverpool រាត្រី​នេះ

    ក្រុម Hoffenheim នឹងធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម Liverpool របស់លោក Jurgen Klopp ដោយ​សម្លឹង​រក​ការបង្កើត​ប្រវត្តិសាស្ត្រ​មួយ​តាមរយៈ​ការលុបចោល​ការដេញ​តាម​ពីក្រោយ​ក្នុង​លទ្ធផល 2-1 ក្នុងការ​ប្រកួត​ជើង​ទី2នៃ​ក្របខ័ណ្ឌ Champions League វគ្គ Playoff នៅ​រាត្រី​នេះ ដើម្បី​ក្លាយជា​ក្រុម​អាល្លឺម៉ង់​ដំបូង​គេ​ក្នុងការ​ដណ្តើមបាន​ជ័យជម្នះ​នៅលើ​ទឹកដី​នៃ​កីឡដ្ឋាន Anfield។

    ក្រុម​ហង្ស​ក្រហម Liverpool ហាក់​ស្ទើរតែ​បាន​បោះជំហាន​យ៉ាងរឹងមាំ​ឆ្ពោះទៅកាន់​វគ្គ​ចែក​ពូ​ល​ទៅហើយ ក្រោយពី​បាន​នាំមុខ 2-០ ក្នុងការ​ប្រកួត​ជើង​ទីមួយ​កាលពី​សប្តាហ៍​មុន​ក្នុងប្រទេស​អាល្លឺម៉ង់ នៅ​មុនពេល​កីឡាករ Mark Uth បា​នរក​គ្រាប់​បាល់​វាយបក​មួយ​គ្រាប់​វិញ​នៅ​នាទី​ទី87 ដើម្បី​ផ្តល់​ក្តីសង្ឃឹម​ឡើងវិញ​ដល់​ក្រុម Hoffenheim។ ជាមួយគ្នានេះ ក្រុម​របស់​អាល្លឺម៉ង់​មួយ​នេះ នឹង​សម្លឹង​រក​ក្នុងការ​ឈានទៅ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ Champions League វគ្គ​ចែក​ពូ​ល​ជា​លើក​ទី1ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប​នេះ។

    ប៉ុន្តែ ទោះបីជា​យ៉ាងណា ក្រុម Liverpool មិន​ធ្លាប់​ចាញ់​ក្រោម​ស្នាដៃ​ក្រុម​របស់​អាល្លឺម៉ង់​ឡើយ​ក្នុងចំណោម​ការប្រកួត14លើក​លើ​ទឹកដី​ខ្លួនឯង​ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប ដោយ​ឈ្នះ​ដល់​ទៅ11លើក និង​ស្មើ3លើក។ ខ្សែបម្រើ​អន្តរជាតិ​អាល្លឺម៉ង់ Kerem Demirbay វ័យ 24ឆ្នាំ​របស់​ក្លិប Hoffenheim បាន​ប្រាប់​កាសែត​កីឡា​ប្រចាំថ្ងៃ​របស់​អាល្លឺម៉ង់ Bild ថា៖ «នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​យើង​ចង់​ឈ្នះ​ការប្រកួត​នេះ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​ជាងនេះទៅទៀត​នោះ គឺ​ការបង្កើត​ប្រវត្តិសាស្ត្រ​របស់​យើង​ផ្ទាល់។ វា​ជា​ពេលវេលា​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការបង្កើត​ប្រវត្តិសាស្ត្រ»។ បើទោះបី​ពួកគេ​ត្រូវតែ​ស៊ុត​បាល់​បញ្ចូល​ទី​ឲ្យ​បាន​យ៉ាងហោចណាស់2គ្រាប់​ក៏ដោយ ប៉ុន្តែ Demirbay បាន​បញ្ជាក់ថា ក្រុម​អាល្លឺម៉ង់​របស់គេ​នឹងមិន​មើលស្រាល​ទៅលើ​ដៃគូ​ប្រកួត​ឡើយ ប៉ុន្តែ​ពោរពេញ​ដោយ​ការគោរព​លើ​ក្រុម​របស់លោក Klopp។

    ស្របពេល​ជាមួយគ្នានេះដែរ លោក Klopp ក៏បាន​រំពឹងទុក​ពី​ភាពស្វិតស្វាញ​ក្នុងការ​ប្រកួត​នៅ​រាត្រី​នេះ​ផងដែរ។ គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​បាន​ឲ្យ​ដឹងថា៖ «យើង​មិន​អាចធ្វើ​ឲ្យ​មានការ​ភ្លាត់ស្នៀត​ណាមួយ​កើតឡើង​ក្នុងការ​ប្រកួត​ជម្រុះ Champions League នេះ​បានឡើយ។ វា​នឹង​លំបាក​សម្រាប់​ក្រុម​ទាំងពីរ»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង1:45ទៀបភ្លឺ៕

    ប្រភពព័ត៌មាន៖ Sky Sports

  • អ្នកវិនិយោគ​ជប៉ុន៖ រដ្ឋាភិបាល​កម្ពុជា​បើកចំហ និង​លើកទឹកចិត្ត​ការវិនិយោគ

    អ្នកវិនិយោគ​ជប៉ុន៖ រដ្ឋាភិបាល​កម្ពុជា​បើកចំហ និង​លើកទឹកចិត្ត​ការវិនិយោគ

    ភ្នំពេញៈ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​ជប៉ុន​មួយ​បាន​លើកឡើងថា ការវិនិយោគ​នៅ​កម្ពុ​ជាមាន​ភាពល្អប្រសើរ​ណាស់ ដោយសា​រដ្ឋាភិបាល​កម្ពុ​ជា​បាន​បើកចំហ​គោលនយោបាយ និង​លើកទឹកចិត្ត​ដល់​ការវិនិយោគ។

    លោក TAKASHI Eguchi អគ្គនាយក​ក្រុមហ៊ុន CREED ASIA (Cambodia) Co,Ltd បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ការិយាល័យ​របស់លោក​កាលពី​ថ្ងៃ​ម្សិលមិញ​ថា លោក​មិនមាន​អ្វី​និយាយ​ច្រើន​ទេ តែ​អ្វីដែល​ជាការ​យល់ឃើញរ​ប​ស់លោក​គឺ​រដ្ឋាភិបាល​កម្ពុ​ជាមាន​គោលនយោបាយ​បើកចំហ​យ៉ាងខ្លាំង​សម្រាប់​អ្នកវិនិយោគ​បរទេស​ដែលជា​ការផ្តល់​ភាព​ងាយ​ស្រូល​យ៉ាងខ្លាំង​ដល់​អ្នកវិនិយោគ និង​វា​ជា​រឿង​ដែល​ល្អ​មួយ​សម្រាប់​អ្វីដែល​យើង​មាន​អារម្មណ៍​កក់ក្តៅ​ក្នុងការ​រស់នៅ​ទីនេះ។

    លោក​បន្តថា ប៉ុន្តែ​បើ​និយាយ​ពី​ហេដ្ឋារចនាសម្ព័ន្ធ​វិញ​រដ្ឋាភិបាល​កម្ពុជា​ហាក់​មិនមាន​គម្រោង​វិនិយោគ​សាងសង់​ផ្លូវ​នៅក្នុង​ទីក្រុង​ជាក់លាក់​ទេ​ដែល​ធ្វើឱ្យ​យើង​ត្រូវ​វិនិយោគ​លើផ្លូវ​ដែលជា​ការងារ​របស់រ​ដ្ឋា​ភិ​បាល​ខ្លួនឯង​ត្រូវធ្វើ តែ​យើង​សម្រេចចិត្ត​ធ្វើ​វា​ដើម្បី​ភ្ជាប់​ទៅកាន់​គម្រោង​របស់​យើង ប៉ុន្តែ​យើង​រីករាយ​នូវ​ការចូលរួមចំណែក​អភិវឌ្ឍ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនោះ។

    លោក​បណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​កម្ពុជា​បាន​បើកចំហ​យ៉ាងខ្លាំង​បើ​ធៀប​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​នានា លើកលែងតែ​ប្រទេស​សិង្ហ​បុរី​មួយ​ដែល​យើង​មិន​ចង់​និយាយ​ដល់ ប៉ុន្តែ​ក្នុងចំណោម​ប្រទេសជិតខាង​កម្ពុជា និង​ប្រទេស​មួយចំនួនទៀត កម្ពុជា​បាន​អនុវត្ត​គោលនយោបាយ​បើកចំហ​ខ្លាំងណាស់​ដែល​អាច​ឲ្យ​អ្នកវិនិយោគ​មកពី​គ្រប់ទិសទី​អាច​វិនិយោគ​នៅ​កម្ពុជា​បាន និង​អាច​បោះទុន100ភាគរយ​ដោយ​ខ្លួនឯងបាន។

    លោក​បន្តថា ចាប់តាំងពី​កម្ពុជា​បាន​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​នៅពេល​ក្រោយមក​កម្ពុជា​បាន​ចូល​សមាជិក​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​រួចមក កម្ពុជា​បាន​បើកចំហ​ជើងមេឃ​របស់ខ្លួន​ទទួលយក​រាល់​ការវិនិយោគ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​ទីកន្លែង​មួយ​ដែល​ស្ថិតក្នុង​ក្រសែភ្នែក​របស់​អ្នកវិនិយោគ​មកពី​ជុំវិញ​ពិភពលោក។

    លោក​បណ្ឌិត សុក ស៊ីផាន់ណា បាន​បន្តថា “កម្ពុជា​មានច្បាប់ បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​ស្ទើរតែ​គ្រប់​អស់ហើយ​សម្រាប់​ធ្វើជា​មូលដ្ឋាន​ក្នុង​ការកសាង​ប្រទេស និង​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកវិនិយោគ”៕

  • ប្រយ័ត្ន! ទិញ​ទំនិញ​នៅ​ផ្សារ​ត្រូវ​មើល​កាលបរិច្ឆេទ​ផុតពេល​ប្រើប្រាស់​ឱ្យបាន​គ្រប់ពេល

    ប្រយ័ត្ន! ទិញ​ទំនិញ​នៅ​ផ្សារ​ត្រូវ​មើល​កាលបរិច្ឆេទ​ផុតពេល​ប្រើប្រាស់​ឱ្យបាន​គ្រប់ពេល

    ភ្នំពេញ៖ ការ​ពិនិត្យមើល​កាលបរិច្ឆេទ​ផលិត និង​ថ្ងៃ​ផុតកំណត់​ប្រើប្រាស់​នៅលើ​ទំនិញ​ដាក់លក់​នៅលើ​ទីផ្សារ​គឺជា​រឿង​មួយ​សំខាន់​ណាស់​ដែល​អាណាព្យាបាល ឬ​ស្ត្រី​មេផ្ទះ​ទាំងឡាយ​មិនត្រូវ​មើលរំលង​ឡើយ ព្រោះថា ការប្រើប្រាស់​ទំនិញ​ផុត​កាលបរិច្ឆេទ​ប្រើប្រាស់​គឺជា​ទំនិញ​ដែល​ខូចគុណភាព​ដែល​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​រាងកាយ​មនុស្ស​យើង​យ៉ាងធ្ងន់ធ្ងរ។នេះ​ជាការ​លើកឡើង​របស់​ម​ន្ត្រី​ជំនាញ។

    ការលើកឡើង​នេះ​បាន​ធ្វើឡើង​នៅពេលដែល​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្តពោធិ៍សាត់ បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ដែនដី​នៅ​ថ្ងៃទី22 ខែសីហា​នេះ​រួមគ្នា​ចុះ​ពិនិត្យ​ទំនិញ​ម្ហូបអាហារ​នៅ​ផ្សារ​បន្ទាយ​យួន ស្ថិតក្នុង​ឃុំ​ស្យា និង​ផ្សារ​ភូមិ​ពោធិ ស្ថិតនៅក្នុង​ឃុំ​ស្រែ​ស្តុក ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ហើយ​បាន​រកឃើញ និង​ធ្វើ​ការដកហូត​ទំនិញ​ផុត​កាលបរិច្ឆេទ​ប្រើប្រាស់ និង​ទំនិញ​ហាមឃាត់​សរុប​ចំនួន10មុខ ស្មើនឹង 594.3 គីឡូក្រាម​ដែល​កំពុង​ចរាចរ​ដាក់លក់​នៅលើ​ទីផ្សារ​ដើម្បី​យកទៅ​រក្សាទុក​សម្រាប់ធ្វើ​ការកម្ទេច​ចោល។

    មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​និយាយថា ទំនិញ​ចំនួន10មុខ​ដែល​បាន​ដកហូត​នោះ​មានដូចជា ភេសជ្ជៈ​គ្រឿង​កំប៉ុង មី ចាហួយ​ដូង​យួន និង​គ្រឿងទេសផ្សេងៗដែល​ទាំងអស់នេះ​សុទ្ធតែជា​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ និង​ត្រូវ​ហាមឃាត់​មិនឱ្យ​ដាក់លក់​នៅលើ​ទីផ្សារ ព្រោះ​វា​នឹង​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​មនុស្ស ពិសេស​អ្នក​ដែលជា​អ្នកប្រើប្រាស់​ដោយ​មិនបាន​ពិនិត្យមើល​កាលបរិច្ឆេទ​នេះ។

    ក្នុង​យុទ្ធនា​ការចុះពិនិត្យ​ទំនិញ​ខាងលើ មន្ត្រី​សាខា​កាំកុងត្រូល​ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ណែនាំ​ដល់​អាជីវករ​កុំឱ្យ​លក់ដូរ​សម្ភារ​ប្រើប្រាស់ ភេសជ្ជៈ និង​អាហារ​ហូបចុកផ្សេងៗណា​ដែល​ផុតកំណត់​កាលបរិច្ឆេទ​ដូច្នេះ​ទៀត ដោយ​ត្រូវ​ចេះ​មើល​កាលបរិច្ឆេទ​ទំនិញ​ឱ្យបាន​ច្បាស់ មុននឹង​យកមក​ដាក់លក់​នៅលើ​ទីផ្សារ​ទៅឱ្យ​អតិថិជន​ប្រើប្រាស់។ ជាមួយគ្នានេះដែរ​អតិថិជន​ខ្លួនឯង ក៏ត្រូវ​ចេះ​ពិនិត្យមើល​ស្លាក​សញ្ញា កាលបរិច្ឆេទ​ប្រើប្រាស់​ឱ្យបាន​គ្រប់ពេល ចៀសវាង​ការបោកប្រាស់ ឬ​បន្លំ​ពី​ឈ្មួញ​ខិលខូច​ដែល​ចង់​បានតែ​ប្រា​ក់ដោយ​មិន​គិតពី​សុខភាព​អ្នកប្រើប្រាស់​ដូច្នេះ​នោះ៕

  • អ្នក​ទៅលេង​សៀមរាប​ខែ11 មាន​កន្លែង​សប្បាយ​ទៀតហើយ កុំ​ភ្លេច​ផ្សារ​កុងតឺន័រ! 

    អ្នក​ទៅលេង​សៀមរាប​ខែ11 មាន​កន្លែង​សប្បាយ​ទៀតហើយ កុំ​ភ្លេច​ផ្សារ​កុងតឺន័រ! 

    ភ្នំពេញ – ក្រៅពី​មាន​តំបន់​ប្រាសាទបុរាណ​ជាច្រើន​ដែលមាន​សក្ដានុពល​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ហើយ​នោះ ក្នុង​ខេត្ដ​សៀមរាប​នៅ​ខែវិច្ឆិកា ឆ្នាំ2017ខាងមុខ​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​នឹង​បាន​កម្សាន្ដ​អារម្មណ៍​បន្ថែមទៀត​ជាមួយ​តំបន់​កម្សាន្ដ Palm Container Night Market ដែលមាន​បរិវេណ​ដ៏​ធំ​ទូលាយ។

    លោក ចេង គឹម​សែ ជំនួយការ​ផ្នែក​លក់​នៅក្នុង​គម្រោង​ Palm Container Night Market បាន​និយាយថា មូល​ហេតុដែល​ឈានទៅដល់​ការវិនិយោគ​ផ្សារ​នេះ ព្រោះ​សៀមរាប​ជាទី​ក្រុងមាន​សក្ដានុពល​ផ្នែក​ទេសចរណ៍។ ជាងនេះទៀត តំបន់​ដែល​ក្រុមហ៊ុន​យើង​បានជ្រើសរើស​ធ្វើ  គឺជា​ទីប្រជុំជន ពិសេស​ជិត​ឃ្យុ​ង​យូ​ផង ដូច្នេះ​យើង​ជឿថា ក្រោយពី​គម្រោង​នេះ​ដំណើរការ​នឹងមាន​ភ្ញៀវ​អន្ដរជាតិ​មក​កម្សាន្ដ​នៅទីនេះ​ច្រើន​ជាមិនខាន»។

    គម្រោង Palm Container Night Market ត្រូវបាន​អភិវឌ្ឍ​លើ​ផ្ទៃដី​ជាង2ហិកតា មាន​ទីតាំងនៅ​ទល់មុខ​សណ្ឋាគារ​សុខា ផ្លូវ60 ជិត​តំបន់​អង្គរ​ឃ្យុ​ង​យូ ជាការ​រួមសហការ​គ្នា​រវាង​អ្នកវិនិយោគ​កម្ពុជា និង​ថៃ។ បច្ចុប្បន្ន​គម្រោង​នេះ​សាងសង់​បាន30%ហើយ នឹង​ឈានទៅ​បញ្ចប់​នៅក្នុង​ខែវិច្ឆិកា​ខាងមុខ។ ក្នុងនោះ​មាន​ទូ​កុងតឺន័រ​ប្រមាណ​ជា100ទូ និង​តូប​លក់​ក្នុង​រង្វង់​ជាង 300តូប។ រហូតមកដល់​ពេលនេះ​មាន​អតិថិជន​កក់​តូប40% និង​បាន​ទិញយក​Pub ធំៗចំនួន4ហើយ  ពិសេស​មាន​ទីលាន​ដែល​អាច​ធ្វើជា​ចំណតរថយន្ត​បានជា​ច្រើន​រយ​គ្រឿង​ទៀតផង។ គម្រោង​នេះ​នឹង​អាច​ត្រូវ​បែង​ចែកជា​កន្លែង​លក់ និង​កន្លែង​កម្សាន្ដ PUB និង​កន្លែង​កម្សាន្ដ​រប​ស់​កុមារ​ដាច់ដោយឡែក​ពីគ្នា។

    ជំនួយការ​ផ្នែក​លក់​នៅក្នុង​គម្រោង Palm Container Night Market បាន​លើកឡើងថា នៅ​ខែវិច្ឆិកា​ខាងមុខនេះ បងប្អូន​ប្រជាជន​កម្ពុជា និង​ភ្ញៀវ​អន្ដរជាតិ​ទាំងអស់​នឹង​ទទួលបាន​នូវ​អារម្មណ៍​សប្បាយរីករាយ​ជាមួយ​តំបន់​កម្សាន្ដ​នាពេល​រាត្រី​នោះ។ លោក​បន្ដថា នៅក្នុង​ក្រុង​សៀមរាប​មាន​កន្លែង​កម្សាន្ដ​នាពេល​រាត្រី​ច្រើន ប៉ុន្ដែ​ផ្សារ​កុងតឺន័រ ផាម ដែល​នឹង​ដំណើរការ​នៅ​ខែ11ខាងមុខនេះ គឺមាន​លក្ខណៈ​ធំ​ទូលាយ​ជាង និង​អាច​រក្សា​សុវត្ថិភាព​ជូន​អ្នក​ចូលទៅ​កម្សាន្ដ​នៅ​ទីនោះ​បាន​យ៉ាង100%។ ជាងនេះទៀត​យើង​នឹងមាន​រៀបចំ​កម្មវិធី​ការប្រគំ​តន្ដ្រី​នានា​ដែល​យើង​នឹង​អញ្ជើញ​តារាចម្រៀង​ថៃ​មក​ចូលរួម​ថែមទៀត​ផង។

    លោក ចេង គឹម​សែ បញ្ជាក់ថា ក្រោយពេល​គម្រោង​នេះ​បើក​ដំណើរការ​ហើយ វា​នឹង​បង្កើន​ភាព​ទាក់ទាញ​ឱ្យ​ភ្ញៀវទេសចរ​កាន់តែច្រើន​ប​ន្ថែ​ម​ទៀត​ចូលមក​ទស្សនា​នៅក្នុង​ខេត្ដ​បុរាណ​មួយ​នេះ។ ជាងនេះទៀត ផ្សារ​កុងតឺន័រ ផាម ក៏បាន​ត្រៀម​រួចជាស្រេច​ដើម្បី​ទទួលភ្ញៀវ​ទេសចរ​ឱ្យមក​កម្សាន្ដ​យ៉ាង​មាន​សុវត្ថិភាព និង​គ្មាន​ការ​ណែន​ស្ទះ​នាំឱ្យ​ពិបាក​ឡើយ៕

  • ធនាគារពិភពលោក​រៀ​ប​ចំ​គម្រោង​ថ្មី​មួយ​ជួយ​ដល់​កម្ពុជា​ផលិត​បន្លែ និង​ផ្លែឈើ​សរីរាង្គ

    ធនាគារពិភពលោក​រៀ​ប​ចំ​គម្រោង​ថ្មី​មួយ​ជួយ​ដល់​កម្ពុជា​ផលិត​បន្លែ និង​ផ្លែឈើ​សរីរាង្គ

    ភ្នំពេញ៖ លោកស្រី Inguna Dobraja ប្រធាន​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែងថា​ធនាគារពិភពលោក​នឹង​ជួយ​ដល់​ភាគី​កម្ពុជា​ក្នុង​ការផលិត​ផលិតផល​បន្លែ និង​ផ្លែឈើ​សរីរាង្គ ដើម្បី​លើកកម្ពស់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​ក៏​ដួច​ជា​ពលរដ្ឋ​នៅ​ទូទាំង​ពិភពលោក​ដែរ។

    ការ​ថ្លែង​បែបនេះ​ធ្វើឡើង​នៅពេលដែល​លោកស្រី និង​លោក Nathan M. Belete ប្រធាន​ធនាគារពិភពលោក​ប្រចាំ​អាស៊ី​ខាងកើត​បាន​ដឹកនាំ​ប្រតិភូ​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​និង​គម្រោង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​សម្រាប់​រយៈពេល5ឆ្នាំ​ផ្តោតជាសំខាន់​លើ​ការងារ​អភិវឌ្ឍន៍​ការស្រាវជ្រាវ និង​ហេដ្ឋារចនាសម្ព័ន្ធ។

    ក្នុងជំនួប​ពិភាក្សា​ខាងលើ​លោកស្រី​បញ្ជាក់ថា គម្រោង​អភិវឌ្ឍន៍​សម្រាប់​រយៈពេល5ឆ្នាំ ដែល​ជំរុញ និង​លើកទឹកចិត្ត​លើ​ការផលិត​ផលិតផល​បន្លែ និង​ផ្លែឈើ​សរីរាង្គ ដោយ​មិនចាំបាច់​ពឹងផ្អែក​តែ​លើ​ផលិតកម្ម​ស្រូវ​ជា​ចម្បង អនុវត្ត​កសិកម្ម​ឱ្យបាន​ល្អប្រសើរ​សមស្រប​តាម​ស្ថានភាព​នៃ​ការប្រែប្រួល​អាកាសធាតុ លើកកម្ពស់ និង​យកចិត្តទុកដាក់​ដល់​អាហារូបត្ថម្ភ ដើម្បី​សុខុមាលភាព និង​ការលូតលាស់​របស់​ប្រជាពលរដ្ឋ ជាពិសេស​កុមារ​ក្រោម​អាយុ5ឆ្នាំ និង​ការគ្រប់គ្រង​ប្រព័ន្ធធារាសាស្ត្រ​កសិកម្ម​ឱ្យមាន​ចីរភាព និង​និរន្តរភាព។

    ក្នុងជំនួប​នេះដែរ​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​ថ្លែង​សាទរ​ដល់​ធនាគារពិភពលោក​ដែល​បាន​ជួយ​គាំទ្រ​យ៉ាង​ពេញទំហឹង​លើ​គ្រប់​គម្រោង​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម។ ទាក់ទង​នឹង​សកម្មភាព​គម្រោង​រយៈពេល5ឆ្នាំ​ដែល​បានលើកឡើង​ខាងលើ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​សុំឱ្យ​ធនាគារពិភពលោក​គិតគូរ​ពិចារណា​ចំណុចសំខាន់ៗមួយចំនួនទៀត​ដូចជាៈ

    1.គួរ​មានការ​សិក្សា​ស្រាវជ្រាវ​បច្ចេកទេសថ្មីៗធ្វើយ៉ាងណា​ជំរុញ​ផលិតភាព​ផលិតកម្ម​ឱ្យ​សមស្រប​តាម​តម្រូវការ​ទីផ្សារ។

    2.លើកកម្ពស់​ផលិតកម្ម​សត្វ សុខភាព​សត្វ និង​សុខភាព​សាធារណៈ​តាមរយៈ​ការបង្កើន​ប្រសិទ្ធភាព​លើ​ការគ្រប់គ្រង​អនាម័យ​សត្វ និង​ផលិតផល​មាន​ដើមកំណើត​ពីស​ត្វ។

    3.សិក្សា​ពី​លទ្ធភាព​លើ​ការផ្តល់​ឥណទាន​ដល់​ប្រជាកសិករ និង​វិស័យ​ឯកជន​ដែលមាន​លទ្ធភាព​ធ្វើការ​កែច្នៃ​កសិផល និង​ជំរុញ​ការអនុវត្ត​ការធ្វើ​អនាម័យ និង​ភូតគ្រាម​អនាម័យ​ជា​អាទិភាព។

    4.ជំរុញ​ការងារ​គ្រប់គ្រង​ប្រព័ន្ធធារាសាស្ត្រ​កសិកម្ម និង​ការប្រើប្រាស់​ទឹក​ឱ្យមាន​ប្រសិទ្ធភាព។

    តាមរយៈ​គម្រោង​របស់​ធនាគារពិភពលោក​ខាងលើ គេ​រំពឹងថា គម្រោង​លើកកម្ពស់​បន្លែ​ផ្លែឈើ​សរីរាង្គ​នេះ​នឹង​ដំណើរការ​ទៅដោយ​ជោគជ័យ​ក្នុងពេលឆាប់ៗក្នុង​គោលបំណង​ជួយ​លើកកម្ពស់​សុខភាព​មនុ​ស្ស​នៅ​ទូទាំង​ពិភពលោក ពិសេស​គឺ​ពលរដ្ឋ​ខ្មែរ​តែម្តង​ឱ្យ​ចៀស​ផុតពី​ការប្រើប្រាស់​បន្លែ​ផ្លែឈើ​ដែលមាន​សារធាតុ​គីមី៕

  • រយៈពេល7ខែ រោងចក្រ​បិទ​ច្រើនជាង​បើក​ថ្មី

    រយៈពេល7ខែ រោងចក្រ​បិទ​ច្រើនជាង​បើក​ថ្មី

    ភ្នំពេញៈ រយៈពេល7ខែ​ដើម​ឆ្នាំនេះ ចំនួន​រោងចក្រ​បិទទ្វារ​បាន​កើន​លើស​ចំនួន​រោងចក្រ​ដែល​បាន​បើក​ថ្មី​នៅ​កម្ពុជា នេះ​ជាស​ញ្ញា​មួយ​បង្ហាញថា សុខភាព​ក្នុង​វិស័យ​មួយ​នេះ​មិនល្អ​ប្រសើរ​នោះទេ។

    លោក តោ ដា​រ៉ា​រិ​ទ្ធ មន្ត្រី​ការងារ និង​ច្បាប់​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី22 សីហា​នេះ​ថា គិត​ត្រឹម​ដំណាច់ខែ​កក្កដា​កន្លងមក​នេះ​រោងចក្រ​កាត់ដេរ​ចំនួន49បាន​បិទទ្វារ និង​មាន​រោងចក្រ​ថ្មី​ចំនួន​តែ18ប៉ុណ្ណោះ​ដែល​បាន​បើក​ដំណើរការ។ តួលេខ​នេះ​យើង​និយាយ​តែ​ក្នុង​ក្របខ័ណ្ឌ​រោងចក្រ​ដែលជា​សមាជិកសមាគម​កាត់ដេរ​កម្ពុជា​ប៉ុណ្ណោះ។

    លោក​បន្តថា សមាគម​រោងចក្រ​កាត់ដេរ​បច្ចុប្បន្ន​មាន​សមាជិក​ចំនួន588 ក្នុងនោះ​រោងចក្រ​ផលិត​ស្បែកជើង និង​កាបូប​មាន​ចំនួន488 រោងចក្រ​ផលិត​ស្បែកជើង​ចំនួន57 និង​រោងចក្រ​ផលិត តែ​មិន​នាំចេញ​មាន​ចំនួន43រោងចក្រ។

    លោក​បន្តថា “វា​ជាស​ញ្ញា​មិនសូវ​ល្អ​ឡើយ​សម្រាប់​វិស័យនេះ​ព្រោះ​តួលេខ​បិទ​មាន​ចំនួន​ច្រើនជាង​តួលេខ​រោងចក្រ​បើក​ថ្មី។

    អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​លោក​បណ្ឌិត កាំ​ង ម៉ូ​នី​កា បាន​ថ្លែងថា ចំនួន​រោងចក្រ​បិទ​ច្រើនជាង​បើក​នេះ និង​ការដំឡើង​ប្រាក់​ឈ្នួល​និយោជិត​ជាស​ញ្ញា​មួយ​គួរ​ឲ្យ​បារម្ភ​ហើយ ប៉ុន្តែ​យើង​កំពុង​រង់ចាំ​មើល​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ពាក់ព័ន្ធ​វិស័យ​កាត់ដេរ និង​ស្បែកជើង​រយៈពេល8ឆ្នាំ​ថា តើ​រដ្ឋាភិបាល​អាចជួយ​អ្វីខ្លះ​សម្រាប់​វិស័យនេះ។

    រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ភាគី​និយោជក និង​តំណាង​សហជីព​នានា​កំពុង​ព្រាង​គោលនយោបាយ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​ដើម្បី​អភិវឌ្ឍ​វិស័យនេះ​ឲ្យ​មាន​និរន្តរភាព និង​មាន​ភាពសុខដុមរមនា​រវាង​ភាគី​និយោជក និង​និយោជិត៕

  • វិធី​ដោះខ្លួន​ឱ្យ​រួច​ពី​ស្ថានការណ៍​អាសន្ន

    វិធី​ដោះខ្លួន​ឱ្យ​រួច​ពី​ស្ថានការណ៍​អាសន្ន

    ដោយ​ការរស់នៅ​បែប​ប្រក្រតី​របស់​មនុស្ស​យើង​ដូច​សព្វថ្ងៃនេះ ប្រហែលជា​មិន​ងាយ​ធ្លាក់​ចូលទៅក្នុង​ស្ថានការណ៍​ដែល​អាសន្ន ឬ​អាក្រក់​ប៉ុន្មាន​ឡើយ តែតើ​លោក​អ្នកនឹង​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា ក្នុង​មួយជីវិត​នេះ​លោកអ្នក​នឹងមិន​ជួប​ហេតុការណ៍​អាសន្ន ឬ​អាក្រក់​ណាមួយ​នោះ?  ដូច្នេះ​បើ​លោកអ្នក​ស្គា​ល់ពី​វិធី​ដោះខ្លួន​ឱ្យ​រួច​ផុតពី​ស្ថាន​ការ​អាសន្ន​ទាំង​នោះបាន  ជីវិត​របស់លោក​អ្នក​នឹង​កាន់​តែមាន​សុវត្ថិភាព​ច្រើនឡើង​មិន​ខាន។ ខាងក្រោម​នេះ​គឺជា​វិធី​ដោះខ្លួន​ឱ្យ​រួច​ពី​ស្ថានការណ៍​គ្រោះថ្នាក់ផ្សេងៗដែល​លោកអ្នក​អាច​នឹង​ជួបប្រទះ​នៅ​ថ្ងៃ​ណាមួយ​ក៏​អាច​ថា​បានដែរ។

    1 – វិធី​បង្កាត់ភ្លើង​ពី​ថ្ម​ទូរស័ព្ទដៃ

    ក្នុងអំឡុង​ពេលដែល​លោកអ្នក​ត្រូវ​វង្វេងផ្លូវ និង​ស្ថិតនៅ​កន្លែង​ណាមួយ​ដែល​ឆ្ងាយ​ពី​មនុស្សម្នា និង​ទូរស័ព្ទ​របស់លោក​អ្នក​ក៏​អស់​ថ្ម​មិន​អាចធ្វើ​អ្វី​បាន​ទៀត  តែ​វា​ក៏​មិនបាន​គ្មាន​ប្រយោជន៍​ទាល់តែសោះ​នោះដែរ ព្រោះ​ថ្ម​បាត់​តេ​រី​នៅក្នុង​ទូរស័ព្ទដៃ ឬ​ថេប​ប្លេ​តរបស់​លោកអ្នក​គឺជា​ថ្ម​បាត់​តេ​រី “លិ​ធៀ​ម​អៃ​អន់” ដែល​អាច​យកមក​បង្កា​ត់​ភ្លើង​បាន ដោយ​នៅក្នុង​កម្មវិធី Man VS Wild  របស់ ប៊ែ​រ៍ ហ្គ្រី​ល ធ្លាប់បាន​ណែនាំ​ពី​វិធី​បង្កាត់ភ្លើង​ដោយ​ថ្ម​ទូរស័ព្ទ​នេះ​រួចមកហើយ គឺ​ប្រើ​កាំបិត​ចាក់យឺតៗទៅក្នុង​ថ្ម​បាត់​តេ​រី​នោះ សារធាតុ​គីមី​ដែល​នៅ​ខាងក្នុង​នឹង​បញ្ចេញ​ប្រតិកម្ម​កើតចេញ​ជា​អណ្តាតភ្លើង​ឡើង និង​អ្វីដែល​សំខាន់​នោះ​គឺ លោកអ្នក​គួរ​ត្រៀម​ឱ​ស ឬ​វត្ថុ​សម្រាប់​បំពក់ភ្លើង​ទុកជា​ស្រេច​ឱ្យ​ហើយ។

    2 – ការ​គេចខ្លួន​ឱ្យ​រួច​ពី​ខ្សែទឹក​ហូរ​កួច​បញ្ច្រាស់ (Rip Current)

    ខ្សែទឹក​កួច​បញ្ច្រាស់ ឬ Rip Current ជា​លក្ខណៈ​របស់​ទឹករលក​ដែល​បោក​មកលើ​ច្រាំង ហើយ​ហូរ​កួច​ទៅ​សមុទ្រ​វិញ​តាម​ប្រឡោះ​ផ្ទាំង​ថ្ម ដែល​នេះ​គឺជា​ឃាតករ​លាក់​មុខ​ដែល​សម្លាប់​ជីវិត​មនុស្ស​អស់​ជាច្រើន​មកហើយ ព្រោះ​ពេលដែល​លោកអ្នក​ត្រូវ​ទឹករលក​កួច​ចេញពី​ច្រាំង​ទៅហើយ នឹង​គ្មាន​ផ្លូវ​ហែល​ត្រឡប់​មករក​ច្រាំង​វិញ​បានឡើយ ដូច្នេះ​វិធី​ដោះខ្លួន​ឱ្យ​រួច​ពី​ស្ថានការណ៍​បែបនេះ​គឺ យើង​មិនត្រូវ​ហែល​ត្រឡប់​មករក​ច្រាំង​វិញ​បែបត្រង់ៗតាម​សញ្ជាតិញាណ​របស់​យើង​ឡើយ តែ​ចូរ​យើង​ហែល​ចេញទៅ​ខាងស្ដាំ ឬ​ខាងឆ្វេង​ជាមុនសិន ដើម្បី​គេច​វាង​ពី​ផ្ទាំង​ថ្ម​ដែល​ធ្វើឱ្យ​កើត​ខ្សែទឹក​ហូរ​កួច​បញ្ច្រាស់​នោះ។

    3 – រត់គេច​ពីស​ត្វ​ក្រពើ​ដេញ​ត្របាក់


    បើ​ចៃដន្យ​លោកអ្នក​ទៅ​វាក់អ៊ើ​នឹង​សត្វ​ក្រពើ​បែប​តទល់​មុខ​គ្នា​នោះ ការរត់​គេច​ពី​វា​ទៅមុខត្រង់ៗ គឺជា​កំហុសឆ្គង​មួយ ព្រោះ​វា​អាច​រត់លឿន​ជាង​លោកអ្នក ដូច្នេះ ការរត់​ទៅ​ឆ្វេង​ផង​ទៅ​ស្តាំ​ផង ឬ​រត់​បែប​បត់បែន​ឆ្វេង​ស្តាំ​នឹងធ្វើ​សត្វ​ក្រពើ​ដែលមាន​ជើងខ្លីៗនោះ​នឹងមាន​បញ្ហា​ពេល​បត់ និង​រត់តាម​លោកអ្នក​មិនទាន់ និង​ដែល​សំខាន់ គឺ​ពេល​លោកអ្នក​រត់​រួច​ផុតពី​ខ្សែ​ភ្នែក​របស់​វា​ហើយ នឹងធ្វើ​ឱ្យ​លោកអ្នក​មានឱកាស​រស់​ជីវិត​ច្រើន។

    4 – ច្បាប់​របស់​លេខ 3 សម្រាប់​ជីវិត

    ច្បាប់​ពាក់ព័ន្ធ​នឹង​លេខ 3 ដែលមាន​សម្ព័ន្ធ​ជាមួយនឹង​ការ​ដោះខ្លួន​ឱ្យ​រួច​ជីវិត​របស់​មនុស្ស​យើង​គឺ ជា​មធ្យម​បើ​មនុស្ស​យើង​គ្មាន​ខ្យល់អាកាស​ដកដង្ហើម 3 នាទី នឹង​អាច​សន្លប់​បាត់ស្មារតី  បើ​គ្មាន​ទឹក​បរិភោគ 3 ថ្ងៃ រាងកាយ​នឹង​ចាប់ផ្តើម​ខ្វះ​ជាតិ​ទឹក និង​បើ​គ្មាន​អាហារ​បរិភោគ 3 សប្តាហ៍ នឹង​ហុច​ផល​អាក្រក់​ដល់​រាងកាយ និង​ពិតប្រាកដ​ណាស់ បើសិនជា​យូរ​ជាង​រយៈ​ពេលនេះ វា​នឹង​ហុច​ផល​ឱ្យ​មនុស្ស​យើង​ស្លាប់បាត់​បង់ជីវិត​ជាមិនខាន។

    5 – បើ​មាន​វត្ថុ​អ្វីមួយ​មុត​ជាប់​នៅ​នឹង​របួស

    មនុស្ស​ជាច្រើន​ជឿថា ការដែល​ត្រូវ​វត្ថុ​មុត​ស្រួច ឬ​កម្ទេច​កែវ​មុត​ជាប់​នៅក្នុង​មុខរបួស  រឿង​ដែល​យើង​គួរ​ធ្វើ​មុនគេ​បំផុត​គឺ ការយក​វត្ថុ​នោះ ឬ​កម្ទេច​កែវ​ទាំងនោះ​ចេញពី​មុខរបួស  តែ​នៅក្នុង​ស្ថានភាព​ពិត​វិញ លោកអ្នក​មិនគួរ​ដក ឬ​យក​កម្ទេច​កែវ ឬ​វត្ថុ​អ្វីដែល​មុត​ជាប់​នៅលើ​មុខរបួស​នោះ​ចេញ​ដោយ​ខ្លួនឯង​ឡើយ ព្រោះ​នៅពេលណា​ដែល​លោកអ្នក​ដក ឬ​យក​វា​ចេញ ឈាម​នឹង​ចាប់ផ្តើម​ហូរ​ចេញមក​ឥត​ឈប់​ឡើយ ហើយ​លោកអ្នក​ក៏​មិនអាច​បញ្ឈប់​ឈាម​ដែល​ហូរ​ចេញមក​ច្រើន​នោះ​ដោយ​ខ្លួនឯង​បានដែរ។ រឿង​ដែល​ត្រូវធ្វើ​គឺ នៅ​ឱ្យ​ស្ងៀម ដើម្បី​រង់ចាំ​គេ​នាំទៅ​មន្ទីរពេទ្យ​គឺជា​ការប្រសើរ​បំផុត៕

    ស្រាវជ្រាវ​ដោយ តា​វ៉ែនតា

  • Smart ដាក់ឱ្យ​ដំណើរការ​បច្ចេកវិទ្យា 4.5G ដោយ​អះអាងថា មាន​ល្បឿន​លឿន​ជាង​មុន 8ដង

    Smart ដាក់ឱ្យ​ដំណើរការ​បច្ចេកវិទ្យា 4.5G ដោយ​អះអាងថា មាន​ល្បឿន​លឿន​ជាង​មុន 8ដង

    ក្រុមហ៊ុន​បណ្ដាញទូរស័ព្ទ​ចល័ត Smart កាលពី​ម្សិលមិញ​បានធ្វើ​ការសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា 4.5G មុខ​គេ​បង្អស់​នៅ​កម្ពុជា ដែល​ក្រុមហ៊ុន​មួយ​នេះ​និយាយថា បច្ចេកវិទ្យា​ថ្មី​នេះ​នឹង​ធ្វើឱ្យ​ល្បឿន​អ៊ី​ន​ធើ​ណិ​ត​របស់ខ្លួន​មាន​ល្បឿន​លឿន​ជាង​មុន​រហូតដល់ 8 ដង​បើ​ប្រៀបធៀប​នឹង​ប្រព័ន្ធ​ចាស់។

    លោក ថូ​ម៉ាស​ហ៊ុន នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Smart បានឱ្យដឹងថា បច្ចេកវិទ្យា​ថ្មី​ដែល​ខ្លួន​ទើប​ធ្វើការ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នេះ​មាន​ឈ្មោះថា 4.5G វា​ជា​បច្ចេកវិទ្យា​ថ្មី​ដំបូងបង្អស់​នៅ​កម្ពុជា អាច​បង្កើន​ប្រសិទ្ធភាព​បណ្តាញទូរស័ព្ទ​ដែល​នឹង​ផ្តល់ជូន​អតិថិជន Smart នូវ​អ៊ី​ន​ធើ​ណិ​ត​ល្បឿន​លឿន​ជាង​មុន រួមផ្សំ​ជាមួយ​បទពិសោធ និង​ការកម្សាន្ត​ផ្សេងទៀត​ដែល​ផ្តល់ជូន​ដោយ Smart នៅលើ​សេវា 4G+ និង 4.5G ។ លោក​ថា៖ «បច្ចេកវិទ្យា​ថ្មី​នេះ វា​លឿន​ជាង 4G ធម្មតា​រហូតដល់ 8 ដង ក្នុង​ល្បឿន​អតិបរមា 1Gbps»

    លោក​បន្ដថា បច្ចុប្បន្ន Smart មាន​ស្ថានីយ​បណ្តាញ 2G និង 3G ចំនួន 2300 កន្លែង និង​ស្ថានីយ​បណ្តាញ 4G LTE ចំនួន 1800 កន្លែង​នៅ​ទូទាំង 25 រាជធានី-ខេត្ត។ ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន Smart ក្នុងការ​ផ្តល់​បណ្តាញ​អ៊ិន​ធើ​ណិ​ត​ចល័ត​លឿន និង​ធំ​បំផុត​នៅ​កម្ពុជា​អាច​មើលឃើញ​យ៉ាងច្បាស់​តាមរយៈ​ការបង្កើន​ការវិនិយោគ​របស់ខ្លួន​ជា​រៀងរាល់ឆ្នាំ​ដើម្បី​ពង្រីក​បណ្តាញ និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​ដែល​ស្របតាម​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ដែល​ចង់​សម្រេច​ឱ្យ​បានការ​គ្របដណ្តប់​ទូរស័ព្ទ​ចល័ត100% នៅ​ទីក្រុង និង70 % នៅ​ទីជនបទ​ត្រឹម​ឆ្នាំ 2020។

    លោក​បន្ថែមទៀតថា នៅ​ឆ្នាំ 2017 នេះ Smart បាន​បោះទុន​វិនិយោគ​ចំនួន80លាន​ដុល្លារ​ដើម្បី​ពង្រីក និង​កែលម្អ​បណ្តាញ​ដើម្បី​ផ្តល់ជូន​សេវា​អ៊ី​ន​ធើ​ណិ​ត និង​សេវាកម្ម​បែប​ឌីជីថល​នានា​បន្ថែមទៀត។ បន្ទាប់ពី​បានក្លាយ​ជា​ប្រតិបត្តិ​ករ​ដំបូងបង្អស់​ដែល​នាំយក 4G LTE និង 4G + មក​កម្ពុជា ឥឡូវនេះ Smart បាន​នាំមក​នូវ 4.5G ដល់​កម្ពុជា​ទៀតហើយ  ឯ​5G ក៏​នឹង​គង់តែ​នាំមក​ដែរ​មិន​ខាន។

    ក្រុមហ៊ុន​កំពុងតែ​សិក្សា​ពី​លទ្ធភាព​បច្ចេកវិទ្យា 5G ដែល​រួមមាន​បច្ចេកវិទ្យា Massive MIMO ដើម្បី​ធានាថា ខ្លួន​បាន​ត្រៀម​រួចរាល់​សម្រាប់​ពេលដែល​បទដ្ឋាន និង​បច្ចេកវិទ្យា​នេះ​បាន​មកដល់។ 5G នឹង​នាំមក​នូវ​ល្បឿន​ជាច្រើន Gbps សមត្ថភាព​បណ្តាញ​ធំ​ទូលាយ​ភាពយឺតយ៉ាវ​ទាប និង​សមត្ថភាព​ត​ភ្ជាប់ភ្លាមៗទៅនឹង​ឧបករណ៍​ក្នុងពេល​ដំណាលគ្នា ដែល​វា​នឹង​អាច​ចាប់ផ្តើម​ដំណើរការ​នៅ​ឆ្នាំ 2020៕

  • Costa ត្រូវបាន​បញ្ជា​ដោយ Atletico ឲ្យ​បង្កើត​សន្តិភាព​ជាមួយ Chelsea

    Costa ត្រូវបាន​បញ្ជា​ដោយ Atletico ឲ្យ​បង្កើត​សន្តិភាព​ជាមួយ Chelsea

    ខ្សែប្រយុទ្ធ Diego Costa ត្រូវបាន​ប្រាប់​ដោយ​ក្លិប Atletico Madrid ឲ្យ​បង្កើត​សន្តិភាព​ជាមួយនឹង​ក្លិប Chelsea នៅមុន​ពេល​ពួកគេ​នឹងធ្វើ​ការពិចារណា​ទៅលើ​ការ​ទិញយក​រូបគេ​ត្រឡប់​ចូល​ក្លិប​វិញ។ វា​មានន័យថា ខ្សែប្រយុទ្ធ​របស់​ក្រុម​តោ​ខៀវ​រូបនេះ បច្ចុប្បន្ន​កំពុងតែ​ស្ថិតក្រោម​សម្ពាធ​កាន់តែ​ធំ​ក្នុង​ការវិល​ទៅកាន់​ប្រទេស​អង់គ្លេស​វិញ ខណៈដែល​ការដោះស្រាយ​លើ​បញ្ហា​របស់​រូបគេ​កំពុងតែ​ក្លាយជា​ដុំ​ពពក​ខ្មៅ​នៅ​ដើមរដូវ​កាល​នេះ។

    ក្លិប​ទាំងពីរ ពិតជា​ចង់​បង្កើត​ឲ្យ​មានការ​ព្រមព្រៀងគ្នា​មួយ បើទោះបី​ពួកគេ​មិន​ចុះសម្រុង​នឹង​គ្នា​ទៅលើ​តម្លៃ​ខ្លួន​ក៏ដោយ។ ក្លិប Chelsea បានស្នើ​សុំ​តម្លៃ​ខ្លួន50លាន​ផោន (ស្មើនឹង64.5លាន​ដុល្លារ​អាមេរិក) ប៉ុន្តែ Atletico ត្រៀម​ផ្តល់​តម្លៃ​ខ្លួន​ត្រឹមតែ​ពាក់កណ្តាល​នៃ​តម្លៃ​ស្នើសុំ​នោះ​ប៉ុណ្ណោះ។ ខ្សែប្រយុទ្ធ​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បាន​អវត្តមាន​អស់​រយៈពេល5សប្តាហ៍​មកហើយ ក្រោយពី​មាន​ជម្លោះ​ជាមួយនឹង​លោកគ្រូ​បង្វឹក Antonio Conte។ ស្របពេល​ជាមួយគ្នានេះ វា​មាន​សញ្ញា​តិចតួច​ណាស់ដែ​ល​អ្នក​ទាំងពីរ​អាច​ស្រុះស្រួល​គ្នា​វិញ​នោះ។ Costa វ័យ29ឆ្នាំ បាន​និយាយថា រូបគេ​ចង់​លេង​ឲ្យ​តែ​អតីត​ក្លិប​របស់គេ​នៅលើ​ទឹកដី​អេ​ស្ប៉ា​ញ​ប៉ុណ្ណោះ ប្រសិនបើ​រូបគេ​គ្មាន​អនាគត​ជាមួយនឹង Chelsea ដែលជា​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ Premier League។ ប៉ុន្តែ បញ្ហា​ជម្លោះ​នៅ​រដូវក្តៅ​នេះ កំពុងតែ​ស្ថិតក្នុង​ភាពស្រពេចស្រពិល ខណៈដែល​កីឡាករ​រូបនេះ​បាន​បដិសេធ​ក្នុង​ការវិល​ទៅកាន់​ការហ្វឹកហាត់​នៅ​អង់គ្លេស ស្របតាម​ការទាមទារ​របស់​ក្លិប Chelsea។

    Costa បាន​ចោទប្រកាន់ថា រូបគេ​ត្រូវបាន​ចាត់ទុក​ដូចជា «ជនឧក្រិដ្ឋ​ម្នាក់» អ៊ីចឹង ហើយ​ថា រូបគេ​ដូចជា​សំរាម​អ៊ីចឹង ក្រោយពី​លោក Conte បាន​ផ្ញើ​សារ​ប្រាប់​រូបគេ​ថា រូបគេ​លែងមាន​អនាគត​នៅក្នុង​ក្លិប Chelsea ហើយ។ Chelsea អាច​នឹងធ្វើ​ការពិន័យ​ទៅលើ​ប្រាក់បៀវត្សរ៍​របស់គេ​រាល់ពេល2សប្តាហ៍​ម្តង នៅពេលដែល​រូបគេ​អវត្តមាន​ដោយ​គ្មាន​ការអនុញ្ញាត៕

    ប្រភពពី៖ The Sun

  • ស្ដាប់​សំដី​របស់​តូ​តា​ហើយ ប្រុសៗដឹង​តែ​ពេញចិត្ដ​ហ្មង!

    ស្ដាប់​សំដី​របស់​តូ​តា​ហើយ ប្រុសៗដឹង​តែ​ពេញចិត្ដ​ហ្មង!

    បើទោះជា​កញ្ញា​តូ​តា ជា​តារា​សម្ដែង​មានកេរ្ដិ៍ឈ្មោះ​បោះ​សំឡេង និង​រូប​សម្រស់​ស្រស់ស្អាត​ក៏ដោយ តែ​នាង​ធ្លាប់​បញ្ជាក់ថា នាង​ពុំ​ចង់​នៅ​លីវ​យូរពេក​នោះទេ។

    កាលពីមុន​កញ្ញា ម៉ាក សែន​សូ​នី​តា ហៅ​តូ​តា ធ្លាប់បាន​បង្ហើប​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ពេល​នាង​មាន​អាយុ​ត្រឹម 24-25 នាង​នឹង​ជ្រើសរើស​គូជីវិត​ហើយ ដ្បិតអី​នាង​មាន​អ្នក​ស្រឡាញ់​ពេញ​បេះដូង​ទៅហើយ។ លុះ​មកដល់​វ័យ​ប៉ុណ្ណឹង​នាង​បែរជា​លើកឡើងថា នាង​មិនទាន់​ចង់​គិត​ទេ រហូតដល់​គេ​គិតថា ការពន្យារ​ពេលនេះ​បែបនេះ​បណ្ដាលមកពី​នាង​ជួប​បញ្ហា​ស្នេហា?

    ជួប​ជាមួយ​កញ្ញា​តូ​តា នាង​បញ្ជាក់ថា សព្វថ្ងៃ​មាន​បុរស​ច្រើនណាស់​ស្រឡាញ់​នាង ម្នាក់ៗសុទ្ធតែជា​បុរស​ល្អ និង​ស្ថិតនៅក្នុង​លក្ខខណ្ឌ​ដែល​នាង​ចង់បាន ដែលមាន​ទាំង​អ្នកធ្វើការងារ​ជា​មន្ដ្រីរាជការ​អាចឱ្យ​នាង​មាន​សិទ្ធិ​ក្នុងការ​សម្រេច​ចិ​ត្ដ​ជ្រើសរើស។ នាង​បន្ដថា៖ «មូលហេតុ​ខ្ញុំ​ចង់​ពន្យារពេល​គិតពី​រឿងនេះ ដោយសារតែ​ខ្ញុំ​ចង់ទុក​ពេលវេលា​មើល​ចិ​ត្ដ​ពួកគាត់​ឱ្យបាន​ច្បាស់​ជាមុនសិន ដ្បិតអី​រឿង​អនាគត​ត្រូវ​គិត​ឱ្យបាន​ល្អិតល្អន់។ ម្យ៉ាង​ក៏​ជា​ពេលវេលា​សម្រាប់​ខ្ញុំ​ចាប់យក​ឱកាស​ការងារ​ក្នុង​សិល្បៈ​ដើម្បី​បន្សល់​កេរ្ដិ៍ឈ្មោះ​ឱ្យបាន​ច្រើន​បន្ដិច​សិន​ដែរ»។

    កញ្ញា​តូ​តា ប្រាប់ថា នាង​ដឹងថា បុរស​ទាំងនោះ​ស្រឡាញ់​នាង តែ​នាង​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​ប្រាកដ​ក្នុង​ចិ​ត្ដ​សិន​ថា ការស្រឡាញ់​នោះ​ចេញពី​បេះដូង​ពិត​មិនមែនជា​ក្ដី​ស្រឡាញ់​ក្លែងក្លាយ។ ណាមួយ​នាង​ក៏​ចង់​ទុកពេល​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន​មួយ​ដើម្បី​ឱ្យមាន​ភាព​រឹងប៉ឹង​ក្នុង​ជីវិត​ដែរ។ ជាមួយគ្នានេះដែរ តូ​តា ក៏បាន​បង្ហើប​ឱ្យដឹងថា ទោះបី​នាង​ជា​ស្ដ្រី​មែន តែ​ក៏​មិន​ចង់​ដាក់បន្ទុក​ទាំងស្រុង​លើ​ស្វាមី​ក្រោយពេល​រៀបការ​ហើយ​ដែរ។

    នាង​បញ្ជាក់ថា៖ «ចិ​ត្ដ​ខ្ញុំ បើ​ទោះ​មាន​មុខរបរ​ផ្ទាល់ខ្លួន​ធំដុំ​ក៏ដោយ ក៏​យើង​មិនត្រូវ​ធ្វើ​ចរិត​ឆ្មើងឆ្មៃ​ដាក់​ស្វាមី​ដែរ ត្រូវមាន​ការគោរព​គ្នា​ទៅវិញទៅមក​ទៅ​រស់​នៅមាន​សុភមង្គល»៕