Author: វល័ក្ខ

  • ទោសមិនឈ្នះទាល់…ទោះមានការរឹតបន្តឹងក៏សិស្សប្រឡងបាក់ឌុបនៅតែហ៊ានល្មើស

    ទោសមិនឈ្នះទាល់…ទោះមានការរឹតបន្តឹងក៏សិស្សប្រឡងបាក់ឌុបនៅតែហ៊ានល្មើស

    នេះជាឆ្នាំទី4 ហើយនៃកំណែទម្រង់ប្រព័ន្ធអប់រំ ដែលក្រសួងបានរឹតបន្តឹងការប្រឡងមធ្យមសិក្សាទុតិយភូមិ ។ មុនថ្ងៃប្រឡងក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការផ្សព្វផ្សាយជាច្រើនពីទោសកំហុស ដែលចំណុចខ្លះអាច​ឈានដល់ការពិន័យឱ្យធ្លាក់ដោយស្វ័យប្រវត្តិ ហើយខ្លះទៀតឈានដល់ការប្តឹងទៅតុលាការថែមទៀតផង តែ​រហូតមកដល់ឆ្នាំនេះ យើងឃើញថាបេក្ខជនមួយចំនួនតូចដែលមិនបានខិតខំប្រឹងប្រែងឱ្យអស់ពី​សមត្ថភាព​ពីដើមឆ្នាំ នៅតែហ៊ានប្រថុយដោយការលួចចម្លងចម្លើយ លួចដូរលេខតុ លួចលាក់ទូរស័ព្ទចូលមណ្ឌលប្រឡង​និងប្រព្រឹត្តកំហុសផ្សេងទៀត។

    នៅឆ្នាំ 2017 នេះបេក្ខជនដែលបានប្រព្រឹត្តកំហុសមានចំនួន 13ករណី ក្នុងនោះករណីដកហូតទូរស័ព្ទដៃ 6ករណី ប្តូរលេខតុអង្គុយមាន1ករណី លួចចម្លងសំណៅឯកសារ1ករណី លួចប្រើម៉ាស៊ីនគិតលេខ1ករណី ប្រឡងជំនួស1ករណី និងលួចប្តូរលេខតុ1ករណី។

    ខាងក្រោមនេះជាកម្រងរូបភាពមួយចំនួនដែលពាក់ព័ន្ធនឹងបញ្ហានានានៅក្នុងការប្រឡងបាក់ឌុបឆ្នាំ 2017 នេះ៖

  • គោលនយោបាយលើកទឹកចិត្តក្រុមហ៊ុនសាងសង់ផ្ទះតម្លៃទាបជិតបញ្ចប់ហើយ

    គោលនយោបាយលើកទឹកចិត្តក្រុមហ៊ុនសាងសង់ផ្ទះតម្លៃទាបជិតបញ្ចប់ហើយ

    ភ្នំពេញៈ គោលនយោបាយ​របស់រ​ដ្ឋា​ភិ​បាល​ក្នុងការ​លើកទឹកចិត្ត​ក្រុមហ៊ុន​ឯកជន​នានា​ដែល​ធ្វើការ​អភិវឌ្ឍ​លំនៅដ្ឋាន​សាធារណៈ​មានតម្លៃ​សមរម្យ​នោះ​ជិត​បញ្ចប់​ហើយ និង​រង់ចាំតែ​ការអនុម័ត​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី​ប៉ុណ្ណោះ។

    លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែងថា គោលនយោបាយ​នេះ​បានបញ្ចប់​កិច្ចពិភាក្សា​ក្រុមការងារ​បច្ចេកទេស​ហើយ និង​កំពុង​រង់ចាំ​ដាក់​ឆ្លង​កិច្ចប្រជុំពេញអង្គ​របស់​គណៈរដ្ឋមន្ត្រី​ដើម្បី​ពិនិត្យ និង​សម្រេច។ លោក​បន្តថា តាមរយៈ​គោលនយោបាយ​នេះ​រដ្ឋាភិបាល​នឹង​ជួយ​ត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ប្រព័ន្ធ​ផ្លូវ ប្រព័ន្ធ​ទឹក ប្រព័ន្ធ​ភ្លើង និង​ការលើកទឹកចិត្ត​ផ្នែក​ពន្ធ​មួយចំនួនទៀត​ដើម្បី​លើកទឹកចិត្ត​ក្រុមហ៊ុន​ឯកជន ដែល​បាន​ចូលរួម​អភិវឌ្ឍ​លំនៅដ្ឋាន​សាធារណៈ​មានតម្លៃ​សមរម្យ​សម្រាប់​លក់​ជូន​ប្រជាពលរដ្ឋ។

    លោក​បន្តថា “រហូតមកទល់​ពេលនេះ​មាន​ក្រុមហ៊ុន​ចំនួន2ហើយ​ដែល​បាននិងកំពុង​រៀបចំ​វិនិយោគ​សាងសង់​លំនៅដ្ឋាន​មានតម្លៃ​សមរម្យ​គឺ​ក្រុមហ៊ុន​World Bridge Land Group និង​ក្រុមហ៊ុន BM ដែលជា​កម្មសិទ្ធិ​របស់​លោក​ឧកញ៉ា ប៊ុន ជេស្ឋ ស្ថិតនៅ​តំបន់​ព្រែកតាទែន ជាយក្រុង​ភ្នំពេញ។

    ឆ្លើយតប​នឹង​សញ្ញា​វិជ្ជមាន​នេះ កាលពី​ថ្ងៃ​ម្សិលមិញ​ក្រុមហ៊ុន World Bridge Land Group ដែល​បាន​ចាប់​ដៃគូ​ជាមួយ​អ្នកវិនិយោគ​មកពី​ប្រទេស​សិង្ហ​បុរី​ដើម្បី​អភិវឌ្ឍ​លំនៅដ្ឋាន​ដំបូង​គេ​នៅ​កម្ពុជា​ស្ថិតនៅ​ភាគខាងត្បូង​ក្រុង​តាខ្មៅ​បានប្រកាស​ឲ្យ​អតិថិជន​ដែល​បាន​ចុះឈ្មោះ​ទិញ​គម្រោង​លំនៅដ្ឋាន​របស់​ក្រុមហ៊ុន​នេះ​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​ដើម្បី​ត្រួតពិនិត្យ និង​អនុម័ត​មុនពេល​ពួកគេ​អាច​ទិញ​លំនៅដ្ឋាន​សាធារណៈ​ដែលមាន​តម្លៃ​ទាប​នោះបាន។

    លំនៅដ្ឋាន​សាធារណៈ​របស់​ក្រុមហ៊ុន World Bridge Land Group ផ្តោតលើ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី និង​ប្រជាពលរដ្ឋ​ទូទៅ​ដែលមាន​ប្រាក់ចំណូល​ទាប​ជាង500ដុល្លារ​ក្នុង​មួយខែ៕

  • ឆ្នាំ2018 កម្មករ​ទាំងអស់​នឹង​ទទួលបាន​ការថែទាំ​ព្យាបាល​សុខភាព​អត់​បង់លុយ​នៅ​មន្ទីរពេទ្យ​រដ្ឋ

    ឆ្នាំ2018 កម្មករ​ទាំងអស់​នឹង​ទទួលបាន​ការថែទាំ​ព្យាបាល​សុខភាព​អត់​បង់លុយ​នៅ​មន្ទីរពេទ្យ​រដ្ឋ

    ភ្នំពេញ ទើបតែ​ផ្ដល់ជូន​កាដូ​ដល់ក​ម្មករ​តាមរយៈ​ការ​ជិះ​រថយន្ដក្រុង​សាធារណៈ​រយៈពេល​ពីរ​ឆ្នាំ​ដោយ​មិន​គិតថ្លៃ កាលពី​ម្សិលមិញ​នេះ​សម្ដេចនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​លើកឡើងថា នៅ​ឆ្នាំ2018 ខាងមុខ​កម្មករ​ទាំង​អស់​នឹង​ទទួលបាន​សេវា​ថែទាំ​ព្យាបាល​សុខភាព​ពី​មន្ទីរពេទ្យរ​ដ្ឋ​ដោយ​ឥតគិតថ្លៃ។

    សម្ដេចនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​លើកឡើងថា នៅ​ដើមឆ្នាំ2018ខាងមុខ​កម្មករ​ទាំង​អស់​នឹង​អាច​ទទួលបាន​សេវា​ព្យាបាល​សុខភាព​ដោយ​ឥតគិតថ្លៃ​ពី​មន្ទីរពេទ្យ​រដ្ឋ។ សម្ដេច​បញ្ជាក់ថា៖«កម្មករ​ត្រូវ​រាប់បញ្ចូល​ទាំង​កម្មករ​បើកបរ​យាន​យន្ត​ផងដែរ គាត់​ក៏​ជា​កម្មករ​ដែរ និយាយ​រួម​ត្រូវ​ក្ដោប​យក​កម្មករ​ទាំងអស់។ ខ្ញុំ​បាន​ពិភាក្សា​បញ្ហា​នេះ​ជាមួយ​ឯកឧត្ដម ម៉ម ប៊ុនហេង ឯកឧត្តម អ៊ិត សំហេង ឯកឧត្ដម​អូន ព័ន្ធមុន្នីរ័ត្ន យើង​ត្រូវ​ធ្វើការ​ជាមួយគ្នា»

    ក្រៅពី​ក្រសួងសុខាភិបាល ក្រសួង​ការងារ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងនោះ​ក៏មាន​ក្រសួង​នានា​ផ្សេងទៀត​ដែរ​ដែល​ត្រូវ​ចូលរួម​សហការ​លើ​ការងារ​នេះ​ដូចជា​ក្រសួងទេសចរណ៍ ក្រសួងកសិកម្ម ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួង​សាធារណការ អាកាសចរណ៍​ស៊ី​វី​ល ក្រសួង​រ៉ែ និង​ថាមពល ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​ក្រសួង​មុខងារសាធារណៈ ជាដើម។

    សម្ដេច​ហ៊ុន សែន បាន​បញ្ជាក់ថា៖ ឧទាហរណ៍​ក្នុង​វិស័យ​សាធារណការ​មាន​ក្រុមហ៊ុន​ដឹកជញ្ជូន​ប៉ុន្មាន?មាន​កម្មករ​ប៉ុន្មាន​ជាក់លាក់?កម្មករ​នោះ​នឹងត្រូវ​បានទទួល​ការថែទាំ​សុខភាព​អត់​បង់ថ្លៃ​ត្រូវធ្វើ​ការងារ​ជាមួយ​ក្រសួង​សាធារណ​ការឱ្យ​មានការ​បញ្ជាក់​ពី​ក្រុមហ៊ុន​ដើម្បី​ទទួលបាន​សេវា​ពិនិត្យ​ព្យាបាល​សុខភាព​ពី​មន្ទីរពេទ្យរ​ដ្ឋ។ ខាង​វិស័យ​កសិកម្ម​ពិនិត្យមើល​មាន​ចម្ការកៅស៊ូ​ប៉ុន្មាន? ឬ​កសិដ្ឋាន​ប៉ុន្មាន? ដូចជា​ឧកញ៉ា​ម៉ុង ឬ​ទ្ធី មាន​ចម្ការ​ដូងប្រេង​អ៊ីចឹង​ជាដើម។ កម្មករ​នៅ​ទីនោះ​ក៏ត្រូវ​ទទួលបាន​សេវា​នេះ​ដូចគ្នា»

  •   Mayweather និង McGregor ចំអក​ឲ្យ​គ្នា​ទៅវិញទៅមក មុនពេល​ប៉ះគ្នា​ថ្ងៃ​សៅរ៍​នេះ

      Mayweather និង McGregor ចំអក​ឲ្យ​គ្នា​ទៅវិញទៅមក មុនពេល​ប៉ះគ្នា​ថ្ងៃ​សៅរ៍​នេះ

     កីឡាករ​ប្រដាល់​អាជីព Floyd Mayweather Jr. ដែលជា​អតីត​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ក្នុង​ទម្ងន់66.7គីឡូក្រាម និង​ម្ចាស់​ខ្សែក្រវាត់2 សម័យកាល​ក្នុង​កីឡាប្រដាល់​យុទ្ធ​គុន​ចម្រុះ Conor McGregor បាន​ប្រើ​ពាក្យសម្តី​ឌឺដង​ដាក់គ្នា​យ៉ាងខ្លាំង នៅមុន​ពេល​ពួកគេ​ទាំងពីរ​ត្រូវ​ឡើង​សង្វៀន​ជួបគ្នា​ក្នុងការ​ប្រកួត​ប្រដាល់​អាជីព​ចំនួន 12ទឹក ក្នុង​ទីក្រុង Las Vegas នៅ​ថ្ងៃ​សៅរ៍​នេះ (ត្រូវ​នឹង​ព្រឹក​ថ្ងៃអាទិត្យ​នៅ​កម្ពុជា)។

    Mayweather វ័យ 40ឆ្នាំ ដែលមាន​កំណត់ត្រា​ឈ្នះ 49លើក មិនដែល​ចាញ់ និង​ក្នុងនោះ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់ 26លើក​នោះ ត្រូវបាន​បញ្ចុះបញ្ចូល​ឲ្យ​ចាក​ចេញពី​ការចូលនិវត្តន៍ ដើម្បី​ឡើង​ប្រកួត​ជាមួយ McGregor ដែលជា​តារា​ឆ្នើម​ក្នុង​កីឡាប្រដាល់​យុទ្ធ​គុន​ចម្រុះ (MMA) របស់​កម្មវិធី Ultimate Fighting Championship (UFC)។ ទាំង Mayweather និង McGregor ដែល​បាន​ប៉ះទង្គិច​ពាក្យសម្តី​គ្នា​ម្តង​ហើយ​ម្តងទៀត អំឡុងពេល​ដំណើរការ​ផ្សព្វផ្សាយ​ដើម្បី​បង្កើន​ការចាប់អារម្មណ៍​ក្នុងការ​ប្រកួត​នេះ​កាលពី​ខែ​មុន​នោះ​សុទ្ធតែ​បាន​បញ្ជាក់ថា ពួកគេ​ត្រៀមលក្ខណៈ​រួចរាល់​ក្នុងការ​បង្កើត​ឲ្យ​មានការ​ប្រកួត​ដ៏​ល្អ​បំផុត​ប្រចាំ​សម័យកាល។

    McGregor ដែល​ត្រូវបាន​ចាត់ទុកថា ជា​កីឡាករ​មាន​ក្តីសង្ឃឹម​តិច​ណាស់​ក្នុងការ​ឈ្នះ​ក្នុង​ការប្រកួត​ប្រដាល់​អាជីព​ជា​លើក​ទី1របស់គេ​នោះ បានបញ្ជាក់​កាលពី​ថ្ងៃ​អង្គា​រថា រូបគេ​ត្រៀមលក្ខណៈ​រួចរាល់​ក្នុងការ​បង្កើត​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ។ McGregor បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​នឹង​បំបាក់​ឆ្អឹង​មនុស្ស​ចាស់​ម្នាក់នេះ។ ខ្ញុំ​នឹង​ផ្តួល​ឲ្យ​រូបគេ​សន្លប់​នៅត្រឹម2ទឹក​ដំបូង​ប៉ុណ្ណោះ តែ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​នឹង​សម្រេច​បញ្ចប់​ការប្រកួត​ត្រឹម​ទឹក​ទី1ឱ្យបាន»។ McGregor វ័យ29ឆ្នាំ ដែលជា​ម្ចាស់​ខ្សែក្រវាត់2សម័យកាល​របស់​កម្ម​វិធី UFC និង​មាន​កំណត់ត្រា​ឈ្នះ 21លើក និង​ចាញ់ 3លើក​នោះ នឹងធ្វើ​ការប្រកួត​ប្រដាល់​អាជីព​ជា​លើក​ទី1របស់គេ។ ស្របពេល​ជាមួយគ្នានេះ Mayweather បាន​និយាយថា៖ «ការប្រកួត​ជាមួយនឹង​កីឡាករ​ខ្លាំង​បំផុត គឺជា​ការប្រកួត​ដែល​នឹង​កើតឡើង។ ខ្ញុំ​ជឿជាក់ថា ខ្ញុំ​អាច​ផ្តួល​គេ​បាន»៕

    ប្រភពពី៖ ESPN

  • Tottenham បំពេញ​ការចុះហត្ថលេខា​ជាមួយ Sanchez មកពី​ក្លិប Ajax

    Tottenham បំពេញ​ការចុះហត្ថលេខា​ជាមួយ Sanchez មកពី​ក្លិប Ajax

    ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​បំពេញ​ការចុះហត្ថលេខា​ជាមួយនឹង​ខ្សែការពារ Davinson Sanchez មកពី​ក្លិប​ហូ​ឡង់ Ajax ក្នុងតម្លៃ​ខ្លួន​ជា​កំណត់ត្រា​របស់​ក្លិប​ចំនួន42លាន​ផោន (ស្មើនឹង53.7លាន​ដុល្លារ​អាមេរិក)។

    ខ្សែការពារ​អន្តរជាតិ​កូ​ឡុំ​ប៊ី​វ័យ21ឆ្នាំ​រូបនេះ​បាន​យល់ព្រម​ចុះហត្ថលេខា​រយៈពេល6ឆ្នាំ ដោយ​រូបគេ​រង់ចាំតែ​ទទួល​លិខិតអនុញ្ញាត​ឲ្យ​ធ្វើការ​ប៉ុណ្ណោះ​ដើម្បី​អាច​ចូល​លេង​នៅត្រឹម​ចុង​សប្តាហ៍​នេះ។ កំណត់ត្រា​ទិញ​ចូល​កីឡាករ​របស់ Spurs កាលពីមុន គឺមាន​ចំនួន​ទឹកប្រាក់30លាន​ផោន ដែល​ពួកគេ​បាន​ចំណាយ​ទៅ​ឲ្យ​ក្លិប Newcastle ដើម្បី​ទិញ​ខ្សែការពារ​អន្តរជាតិ​បារាំង Moussa Sissoko កាលពី​ឆ្នាំ2016។ Sanchez នឹង​ក្លាយជា​កីឡាករ​ចំណូល​ថ្មី​ទី2របស់​ក្លិប​ស្ថិតក្នុង​ក្របខ័ណ្ឌ Premier League មួយ​នេះ​នា​រដូវក្តៅ​នេះ ក្រោយពី​អ្នកចាំទី Paulo Gazzaniga បាន​ចូលរួម​ដោយ​ការផ្ទេរ​ចេញពី​ក្លិប Southampton កាលពី​ថ្ងៃ​ពុធ។ Sanchez ទើបតែ​បាន​ចូលរួម​ជាមួយនឹង​ក្លិប Ajax កាលពី​ខែមិថុនា ឆ្នាំមុន​ប៉ុណ្ណោះ ក្នុង​កិច្ចសន្យា​រយៈពេល5ឆ្នាំ ក្រោយពី​ចាកចេញ​ពី​ក្លិប Atletico Nacional ក្នុងប្រទេស​របស់គេ។ រូបគេ​បាន​លេង​ក្នុង​ក្របខ័ណ្ឌ Europa League វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​រដូវ​កាល​មុន ដែល​នៅពេល​ក្រុម​របស់គេ​បាន​ចាញ់​ក្រុម Manchester United ហើយ​រូបគេ​ក៏បាន​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់ Ajax កាលពី​ខែឧសភា ផងដែរ។ សេចក្តីប្រកាស​មួយ​នៅលើ​គេហទំព័រ​របស់​ក្លិប​បានសរសេរថា៖ «យើង​ពិតជា​រីករាយ​ណាស់​ក្នុងការ​ប្រកាសថា Davinson Sanchez បាន​បំពេញ​ការផ្ទេរ​របស់គេ​ទៅកាន់​ក្លិប​នេះ និង​កំពុងតែ​រង់ចាំ​ទទួល​លិខិតអនុញ្ញាត​ឲ្យ​ចូលធ្វើការ​របស់គេ​នៅ​ចុង​សប្តាហ៍​នេះ»៕

    ប្រភពពី៖ BBC

  • ជីវិត​នៅ​មហាវិទ្យាល័យ មិន​គួរឱ្យ​បារម្ភ​ដូច​សិស្ស​វិទ្យាល័យ​គិត​ឡើយ

    ជីវិត​នៅ​មហាវិទ្យាល័យ មិន​គួរឱ្យ​បារម្ភ​ដូច​សិស្ស​វិទ្យាល័យ​គិត​ឡើយ

    ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ សិស្ស​ជាច្រើន​បាន​ចំណាយពេល​វេលា​របស់​ពួកគេ​ដើម្បី​កម្សាន្ត ដើម្បី​សម្រាក និង​ដើម្បី​យក​កម្លាំង​ប្រយុទ្ធ​បន្តទៀត។

    សិស្ស​នៅ​រាជធានី​ភ្នំពេញ​មិនសូវ​បារម្ភ​ពេក​នោះ​ទេពី​ដំណើរ​បន្តបន្ទាប់​ទៅទៀត​នៅ​មហាវិទ្យាល័យ តែ​សិស្ស​នៅតាម​បណ្តា​ខេត្ត​ជាច្រើន​កំពុង​បារម្ភ​ពី​ការផ្លាស់ប្តូរ​យ៉ាង​ធំ​មួយ​ក្នុង​ដំណើរ​ជីវិត។ ការផ្លាស់​ទីលំនៅ​មក​សិក្សា​នៅ​ទីក្រុង​ជា​ដំណាក់កាល​មួយ​ដែល​សិស្ស​នៅតាម​បណ្តា​ខេត្ត​ជាច្រើន​មានការ​ភ័យខ្លាច ហើយ​បារម្ភ​ខ្លាំង​ពី​ឧបសគ្គ​ដែល​នឹង​ជួប​ដូចជា​ការចំណាយ បារម្ភ​ពី​ស្ថានភាព​នៃ​ការរស់នៅ ការមិន​ស្គាល់​ទីតាំង កត្តា​សុវត្ថិភាព រួមទាំង​បញ្ហា​ជាច្រើន​ផ្សេងទៀត ដោយ​អ្នកខ្លះ​ថែមទាំង​បោះបង់​ក្តី​ស្រមៃ​ដើម្បី​រៀន​បន្ត​មុនពេល​ប្រយុទ្ធ​ថែម​ទៀតផង។

    តាមពិតទៅ ការសិក្សា​នៅ​ទីក្រុង មិនអាក្រក់​ដូច​អ្វីដែល​សិស្ស​វិទ្យាល័យ និង​អាណាព្យាបាល​មួយចំនួន​គិត​នោះទេ លោក លក្ខ វិបុល បុគ្គលិក​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​កម្ពុជា បាន​លើកឡើងថា នៅពេលដែល​លោក​បានបញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ លោក​មានការ​បារម្ភ​ខ្លាំង​ពី​ជីវិត​នៅ​ទីក្រុង។ លោក​បាន​គិតគូរ​ច្រើន​ពី​ទីកន្លែង​ស្នាក់នៅ ពី​ការចំណាយ និង​បារម្ភ​ពី​ការប្រថុយប្រថាន​មួយ​ដែល​ខ្លួន​ហាក់​នៅ​ឆ្ងាយ​ពី​ផ្លែផ្កា​នៃ​ការអប់រំ ព្រោះ​ជីវិត​នៅ​ឆ្នាំ​ទី1 ឬ​ជីវិត​នៃ​ការចាប់ផ្តើម​ថ្នាក់​មហាវិទ្យាល័យ រឿង​ដែល​ខ្វល់​មុនគេ​នោះ​គឺ មិន​ទុកចិត្ត​ខ្លួនឯង​ថា​អា​ចរក​ការងារ​ល្អ​បានធ្វើ​ឬ​មិនបាន។

    លោក វិបុល បាន​និយាយថា៖ «មុនពេល​ចូលរៀន​មហាវិទ្យាល័យ កាន់តែ​គិត កាន់តែ​ខ្វល់ ហើយ​ម្តងម្កាល​ក៏​ចង់​បោះបង់​ក្តី​ស្រមៃ​នោះ​ព្រោះ​មិនទាន់មាន​ទំនុកចិត្ត​ថា​អាច​ដណ្តើម​ការងារ​ល្អ តែ​នៅពេលដែល​ចាប់ផ្តើម​ឈាន​ជើង​ចូល​មហាវិទ្យាល័យ ស្ថានភាព​ទាំងអស់​គឺ​ខុសគ្នា​ដាច់​ពី​ការ​ស្មាន​ទុក»

    បុគ្គលិក​ជាន់ខ្ពស់​ខាងលើ​បាន​លើកឡើងថា ជីវិត​នៅ​មហាវិទ្យាល័យ​ជា​ជីវិត​ដែល​ពោរពេញ​ទៅដោយ​ភាពស្វាហាប់ ព្រោះ​វា​ជា​ពេលដែល​ខ្លួនឯង​មាន​សេរីភាព​ពេញទី​ដើម្បី​សម្រេច​វាសនា​ខ្លួនឯង តាមរយៈ​ការខិតខំ​ប្រឹងប្រែង ហើយ​ចាប់យក​ការងារ ឬ​ការចាប់ផ្តើម​ដ៏​ល្អ​មួយ​ក្នុង​អាជីព។ យុវជន​មិនគួរ​អស់សង្ឃឹម​មុន​ឈាន​ជើង​ចូល​មហាវិទ្យាល័យ​នោះទេ សូមកុំ​បោះបង់​ក្តី​ស្រមៃ​របស់ខ្លួន ព្រោះ​លោក​ផ្ទាល់​ក៏​មិនមែនជា​សិស្ស​ពូកែ​ផុត​លេខ​ដែរ ឱ្យតែ​មានការ​ខិតខំ​ប្រឹង​ប្រែង​ពិតប្រាកដ ស្ថាប័ន​ការងារសំខាន់ៗ រួមទាំង​ស្ថាប័ន​អន្តរជាតិ​មួយចំនួន​ផង​នឹង​ផ្តល់ឱកាស​ការងារ​ឱ្យ ព្រោះ​ក្រុមហ៊ុន និង​ស្ថាប័ន​នានា​គឺ​កើត​ឡើងជា​រៀងរាល់ឆ្នាំ។

    ស្រដៀង​គ្នា​នេះដែរ វិស្វករ​មួយរូប​ដែល​ចេញពី​ខេត្តកំពង់ធំ លោក លី សុភា​រិ​ទ្ធ បាន​លើកឡើងថា មុន​ចូល​មហាវិទ្យាល័យ អ្នកណា​ក៏​បារម្ភ​ដែរ ជាពិសេស​កូន​អ្នក​ដែល​រៀន​នៅ​ខេត្ត តែ​ពេល​ចាប់ផ្តើម​ជីវិត​ជា​និស្សិត​ពិតប្រាកដ យើង​នឹង​ជួប​ជីវិត​ដែល​រីករាយ​ជាង​ការគិត​របស់​យើង​ឆ្ងាយ​ណាស់ បើ​យើង​ពិតជា​ស្រឡាញ់​ការសិក្សា ហើយ​មិន​បណ្តោយ​ខ្លួន​ឱ្យ​បត់បែន​ទៅតាម​ការអូសទាញ​រប​ស់​សង្គម។ លោក​បានលើកឡើង​ផងដែរ​ថា មាន​មនុស្ស​មួយចំនួន​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព ដោយ​លើកឡើងថា ភ្នំពេញ​បែបនេះ ឬ​បែប​នោះ គួរឱ្យខ្លាច តែ​តាមពិតទៅ​វា​មិន​ដូច​អ្វីដែល​យើង​គិត ហើយ​បារម្ភ​នោះទេ។ អ្នក​និយាយ​ទាំងអស់នោះ គ្រាន់តែ​និយាយ​បែប​ឮ​គេ​ថា ហើយ​មិន​ព្រម​វិនិយោគ​ខ្លួនឯង​ជាមួយនឹង​ការអប់រំ ឬ​មិន​ព្រម​ជម្នះ​ស្ថានភាព​លំបាក​ដើម្បី​ទទួលយក​ចំណេះដឹង​ពិតប្រាកដ។ ការសិក្សា​នៅ​មហាវិទ្យាល័យ ទោះបី​ពូកែ​ខ្លាំង​ក៏ដោយ មធ្យម​ក៏ដោយ ឱ្យតែ​ចេះ​ចាប់យក​ឱកាស និង​មាន​ទឹកចិត្ត​ប្រឹងប្រែង​ពិតប្រាកដ យើង​ប្រាកដជា​មានឱកាស​ការ​ងារ តែ​មុននឹង​សម្រេចចិត្ត​សូម​សិក្សា​ពី​ខ្លួនឯង​ផង ចៀសវាង​រៀន​តាម​គ្នា ហើយ​ខកចិត្ត​នៅពេលដែល​ទីផ្សារការងារ​ចង្អៀត ហើយ​មិនអាច​ប្រកួត​ឈ្នះ​គេ៕ 

  • ផ្លែ​មៀន​ខ្មែរ មាន​តម្រូវការ​ទីផ្សារ​ខ្លាំង​ជាង​ផ្លែ​មៀន​នាំចូល​ពី​ក្រៅប្រទេស

    ផ្លែ​មៀន​ខ្មែរ មាន​តម្រូវការ​ទីផ្សារ​ខ្លាំង​ជាង​ផ្លែ​មៀន​នាំចូល​ពី​ក្រៅប្រទេស

    ភ្នំពេញ៖ ជាទូទៅ​មៀន​ខ្មែរ​មិនមាន​ផ្លែ​គ្រប់​រដូវ​កាល​ដូច​មៀន​នាំចូល​ពី​ប្រទេស​វៀតណាម នោះទេ ដោយសារតែ​កសិករ​ខ្មែរ មិន​និយម​បាញ់ថ្នាំ​ឱ្យមៀន​ចេញ​ផ្លែ​គ្រប់​រដូវ​កាល ដើម្បី​កុំឱ្យ​មាន​ជាតិគីមី និង​ងាយស្រួល​លក់​នៅលើ​ទីផ្សារ។

    ជាទូទៅ​មៀន​ខ្មែរ​ត្រូវបាន​គេ​សម្គាល់ថា មាន​សាច់​ក្រាស់​ស្ងួត​ល្អ មាន​ផ្លែធំៗ និង​មាន​ក្លិនក្រអូប​ឈ្ងុ​ញ​គួរឱ្យ​ចង់​ទទួលទាន​ម្តង​ហើយ​ម្តងទៀត។ កសិករ​ដាំ​មៀន​នៅលើ​កោះ​រំដួល ស្រុក​ស្អាង ខេត្តកណ្តាល​ឱ្យដឹងថា មៀន​ខ្មែរ​ចាប់ផ្តើម​ឱ្យ​ផល​ចន្លោះ​ពី​ខែមិថុនា រហូតដល់​ខែកញ្ញា​រៀងរាល់ឆ្នាំ​ទើប​បេះ​ផ្លែ​វា​អស់ ហើយ​ដោយសារ​រសជាតិ​ឆ្ងាញ់ គ្មាន​ជាតិគីមី​នេះ មៀន​ខ្មែរ​មានការ​គាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ លក់​មិនដែល​សល់​ឡើយ រកតែ​ផ្លែ​ទុំ​បេះ​លក់​ឱ្យ​ម៉ូយ​មិនទាន់​ផង។

    លោក អា ចាន់​ដា​រា កសិករ​ប្រក​បរបរ​ដាំ​មៀន​ជាង10ឆ្នាំមាន​ប្រសាសន៍ថា គ្រួសារ​លោក​ដាំ​នៅលើ​ផ្ទៃដី​ជាង40អា ដោយ​ដាំ​លាយ​ជាមួយ​បន្លែ​ស្អំ​នៅ​ពីក្រោម ហើយ​មៀន​ទាំងអស់​មាន​ចំនួន​តែ40ដើម​ប៉ុណ្ណោះ តែ​អាចជួយ​ឱ្យ​ជីវភាព​គ្រួសារ​របស់លោក​បាន​ប្រសើរ អាចមាន​លទ្ធភាព​សង់​ផ្ទះថ្ម​រស់នៅ​យ៉ាង​សមរម្យ និង​ផ្គត់​ផ្គត់​ការសិក្សា​របស់​កូន​បានគ្រប់ៗគ្នា​ទៀតផង។ លោក​បាន​បង្ហើប​អំពី​វិធីសាស្ត្រ​ដាំ និង​ថែទាំ​ផងដែរ​ថា មៀន​ចាប់តាំងពី​យើង​ដាំ​រហូត2ឆ្នាំ​ទើប​អាច​ទទួលបាន​ផល។ ដោយ​ដំបូង​ឡើយ គេ​ត្រូវយក​ដី​ដែល​ម៉ដ្ឋ​ល្អ​ស្រោច​ទឹក​ឱ្យ​សើម​ដាក់ចូល​ក្នុង​កន្ទោង រួច​យក​ផ្លែ​មៀន​ទុំ​មក​បកសម្បក​ចេញ និង​ញាត់​ចូល​កន្ទោង​ទុក​រហូតដល់​កូន​មៀន​អាយុ7ខែ មាន​កម្ពស់​ត្រឹម​ជង្គង់​ឬ​កន្លះ​ម៉ែត្រ​ទើប​យកទៅ​កាប់​រណ្តៅ​ដាក់​ដាំ។ លោក​បន្តថា​នៅលើ​កោះ​រំដួល​នេះ មៀន​ដាំ​មិនបាច់​ប្រើ​ជី​ឬក៏​បាញ់ថ្នាំ​នោះទេ ដាំ​តាម​គោលការណ៍​ធម្មជាតិពិតៗ ដោយ​គ្រាន់តែ​ស្រោច​ទឹក​ក្នុង1អាទិត្យ​ប្រមាណ2ដង​ប៉ុណ្ណោះ។ បន្ទាប់ពី​ដាំ​បាន1ឆ្នាំទៅ1ឆ្នាំកន្លះ គេ​អាច​ទទួលផល​បាន​ខ្លះ​ហើយ ដោយ​ក្រោយពី​ចេញ​ផ្កា​បាន​ប្រមាណ2ខែ ផ្លែ​មៀន​ទុំ​អាច​ប្រមូល​ផល​បានជាបណ្តើរៗហើយ។ បើតាម​ធម្មជាតិ មៀន​ចាប់ផ្តើម​ផ្លែ​ចន្លោះ​ពី​ខែមិថុនា ដល់​ខែកញ្ញា។ ហើយ​លោក​តែងកា​ច់លក់​នៅមុន​ថ្ងៃសីល1ថ្ងៃ ដែលមៀន​ចំនួន40ដើម​នេះ អាច​ប្រមូល​ផល​ម្តង​បាន80 ទៅ100គីឡូក្រាម ហើយ​មាន​ម៉ូ​យមក​ចាំ​ទទួលយក​ដល់ផ្ទះ​តែម្តង។

    ចំណែកឯ​លោកយាយ ហុង ហោ អាយុ75ឆ្នាំ ដែលមាន​មៀន​ចំនួន80ដើម​ដែរនោះ ក៏បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ដោយសារតែ​គាត់​មាន​វ័យ​ចំណាស់​ទៅហើយនោះ គាត់​មិនបានកា​ច់លក់​ខ្លួនឯង​ទេ គឺ​ម៉ៅ​ទៅឱ្យ​ម៉ូយ​ផ្តាច់​តែម្តង​ក្នុង1រដូវ​បាន2,500ដុល្លារ​ដែរ។ ដែល​អាចឱ្យ​គាត់​និង​ប្តី​របស់គាត់​រស់នៅ​បាន​សមរម្យ ខណៈដែលកូនៗទាំង5នាក់​បាន​រៀបការ​មានគ្រួសារ​បែក​ផ្ទះ​ទីទៃ​អស់ហើយ។

    ឈ្មួញ​ដើរ​ប្រមូល​ទិញ​មៀន2នាក់ គឹ​កញ្ញា​ស្រី​ភា និង​ណា​រី បាន​ប្រាប់​ដែរ​ថា ពួកនាង​តែង​មក​ម៉ៅ​ទិញ​មៀននៅ​កោះ​រំដួល​នេះ​ជា​រៀងរាល់ឆ្នាំ ដោយ​ការ​មៅ់​នោះ គឺ​យើង​ម៉ៅ​បែប​ឱ្យប្រាក់​ទៅ​ម្ចាស់​ចម្ការ​តាំងពី​មៀន​ចេញ​ផ្កា​មកម្ល៉េះ ហើយ​ត្រូវ​មើលថែ​ដោយ​ខ្លួនឯង និង​អាច​បេះ​ផ្លែ​បានតែ1រដូវ​ប៉ុណ្ណោះ​ក្នុង1ឆ្នាំ។ ប្រសិនបើ​មៀន​ខ្លះ​ចេញ​ផ្លែ​នៅពេល​ក្រោយ​ទៀត (ផ្លែ​ច​ន្ល​ក់) គឺ​ត្រូវ​ម៉ៅ​ពី​ម្ចាស់​ម្តងទៀត ហើយ​មៀន​ទាំងអស់នេះ​គឺ​ដឹក​យកទៅលក់​នៅ​ផ្សារ​តាខ្មៅ និង​រាជធានី​ភ្នំពេញ ដោយ​លក់​ចេញ​ក្នុង1គីឡូក្រាម​ចន្លោះ​ពី8,000រៀល​ទៅ12,000រៀល តែបើ​រដូវចូលឆ្នាំ​ចិន​វិញ​នោះ គឺអាច​លក់បាន​ដល់​ទៅ20,000ទៅ25,000រៀល​ឯណោះ​ក្នុង​មួយ​គីឡូក្រាម៕

  • គ្រូបង្វឹក​កម្ពុជា​ប្រកាស​កាត់ឈ្មោះ​ពិដោ និង​ពលរដ្ឋ ចេញពី​ក្រុម មុនពេល​ប៉ះ​ឥណ្ឌូនេស៊ី ថ្ងៃនេះ

    គ្រូបង្វឹក​កម្ពុជា​ប្រកាស​កាត់ឈ្មោះ​ពិដោ និង​ពលរដ្ឋ ចេញពី​ក្រុម មុនពេល​ប៉ះ​ឥណ្ឌូនេស៊ី ថ្ងៃនេះ

    ជម្លោះផ្ទៃក្នុង និង​ការមិនចុះសម្រុង​គ្នា​ក្នុង​ក្រុម​បាន​ផ្ទុះ​ឡើងជា​សាធារណៈ ក្រោយពី​លោក Leonardo Vitorino បានប្រកាស​ពី​ការ​លុបឈ្មោះ​កីឡាករ​ដ៏​សំខាន់2នាក់​ចេញពី​ក្រុម​ជម្រើសជាតិ​កម្ពុជា នៅមុន​ពេល​ជួប​ក្រុម​ជម្រើសជាតិ​ឥណ្ឌូនេស៊ី ក្នុងការ​ប្រកួត​ជុំ​ចុងក្រោយ​នៃ​ពូ​ល B នា​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី29 ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ នៅ​រាត្រី​នេះ។

    គ្រូបង្វឹក​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​កម្ពុជា​មានការ​ភ្ញាក់ផ្អើល​តាមរយៈ​ការ​ប្រកាសថា ខ្សែការពារ​សំអឿន ពិដោ និង​ខ្សែបម្រើ​ច្រឹង ពលរដ្ឋ ត្រូវបាន​កាត់​ចេញពី​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម22ឆ្នាំ មុនពេល​ការប្រកួត​នៅថ្ងៃនេះ ដោយហេតុ​ផល​នៃ​ការមិន​គោរព​វិន័យ។ លោក Vitorino បានបញ្ជាក់​នៅលើ​ទំព័រ​ផ្លូវការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា តាមរយៈ​បណ្តាញ​សង្គម Facebook ថា៖ «ពិតណាស់ អ្នក​ទាំងអស់គ្នា​មិន​ពេញចិត្ត​ទៅនឹង​លទ្ធផល ហើយ​ក្នុងនាម​ជា​គ្រូបង្វឹក ខ្ញុំ​ក៏​មិន​សប្បាយចិត្ត​ដែរ។ ដើម្បី​ជាប់​ក្នុង​ក្រុម​ជម្រើសជាតិ​ក្រៅពី​សមត្ថភាព​បច្ចេកទេស និង​កាយសម្បទា​ហើយ​នោះ ការគោរពវិន័យ​គឺជា​រឿង​ដ៏​សំខាន់បំផុត ឥរិយាបថ និង​ការប្តេជ្ញាចិត្ត​ដ៏​ល្អ​បំផុត​សម្រាប់​ក្រុម​ជម្រើសជាតិ»។

    គ្រូបង្វឹក​រូបនេះ​បាន​បន្តថា៖ «ក្រុម​របស់​យើង​ពិតជា​មានការ​ខិតខំ​អស់ពី​សមត្ថភាព ប៉ុន្តែ​ពលរដ្ឋ និង​ពិដោ ត្រូវបាន​កាត់​ចេញពី​ក្រុម​ជម្រើសជាតិ។ ពួកគេ​ត្រូវបាន​កាត់ចេញ​រយៈពេល​មួយថ្ងៃ​មុនពេល​ក្រុម​កម្ពុជា ប៉ះ​ជាមួយនឹង​ឥណ្ឌូនេស៊ី ដោយសារតែ​បញ្ហា​វិន័យ គឺ​ពួកគេ​មិន​គោរព​តាម​បទបញ្ជាផ្ទៃក្នុង​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា»។ លោក Vitorino បាន​បន្ថែមទៀតថា៖ «យើង​ត្រូវតែ​រួមគ្នា​ធ្វើការ​អភិវឌ្ឍ​កីឡាបាល់ទាត់​របស់​យើង ហើយ​វា​ដល់ពេល​ហើយ​សម្រាប់​យើង​ក្នុងការ​រឹតបន្តឹង​ទៅលើ​វិន័យ»។ នេះ​គឺជា​ការប្រកាស​ដ៏​ខកចិត្ត​មួយ ក្រោយពី​ក្រុមយុវជន​កម្ពុជា មិន​ស្គាល់​ឈ្នះ​សោះ​ក្នុង​យុទ្ធនាការ​ស៊ី​ហ្គេម​វគ្គ​ចែក​ពូ​ល​មកទល់ពេលនេះ និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​តែ1គ្រាប់​គត់ ក្រោយពី​ចាញ់​ក្រុម​ជម្រើសជាតិ​ហ្វីលីពីន 2-០ កាលពី​ថ្ងៃ​បើកឆាក មុននឹង​ចាញ់​ក្រុម​ជម្រើសជាតិ​វៀតណាម 4-1 ថៃ 3-០ និង​ទី​ម័​រ​ខាងកើត 1-០ ជា​បន្តបន្ទាប់៕

    កម្មវិធី​ប្រកួត​នៅថ្ងៃនេះ

    East Timor Vs Philippines ម៉ោង 3 រសៀល
    Indonesia Vs Cambodia ម៉ោង 3 រសៀល
    Thailand V Vietnam ម៉ោង 3 រសៀល

  • ដូច​អ្វីដែល​ចេញផ្សាយ ទូរស័ព្ទ Galaxy Note 8 ពិតជា​បំពាក់​នូវ​កាមេរ៉ា​ភ្លោះ​មែន

    ដូច​អ្វីដែល​ចេញផ្សាយ ទូរស័ព្ទ Galaxy Note 8 ពិតជា​បំពាក់​នូវ​កាមេរ៉ា​ភ្លោះ​មែន

    ក្រោយ​ទទ្ទឹង​រងចាំ​អស់​រយៈពេល​ជា​យូរ​ពេលនេះ ទូរស័ព្ទ Galaxy Note 8 បានបង្ហាញ​ខ្លួន​ជា​ផ្លូវការ​ហើយ​កាលពី​ម៉ោង10យប់ ម៉ោង​នៅក្នុង​រាជធានី​ក្រុងភ្នំពេញ ត្រូវ​នឹង​ម៉ោង 11 ព្រឹក ថ្ងៃទី 23 ខែសីហា ឆ្នាំ 2017 ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក។

    ដូច​អ្វីដែល Samsung បានដាក់​លើ​ពាក្យ​ស្លាក​របស់ខ្លួន «Do Bigger Things» គឺជា​ពាក្យ​គន្លឹះ ដែល​ត្រូវបាន​ជ្រើសរើស​ធ្វើជា​សារ​សម្រាប់​ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ ដែល​វា​ក្លាយជា​ប្រធានបទ​ជជែក​វែកញែក និង​ការ​ចង់ដឹង​ចង់ឃើញ​នៅ​ជុំវិញ​ទូរស័ព្ទ Galaxy Note 8 ហើយ​ប្រធានបទ​ទាំងនេះ​គឺជា​រឿង​សាមញ្ញ តែមាន​អានុភាព​ប្រាប់​ពី​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​គ្មាន​ដែន​កំណត់ ដែល​យើងទាំងអស់គ្នា​តែង​គិតថា​ជា​ឧបករណ៍​ទំនាក់ទំនង​ចល័ត ឬ​ទូរស័ព្ទដៃ។

    ជា​ការពិត​ទូរស័ព្ទ Samsung Galaxy Note 8 បាន​បំពាក់​ដោយ​អេក្រង់ Super AMOLED ទំហំ 6,3 អ៊ីង ជាមួយ​កម្រិត​ភាពច្បាស់ 4K និង​សមាមាត្រ 18,5: 9, Exynos 8895 ឬ​បន្ទះ​ឈី​ប Qualcomm Snapdragon 835, RAM ទំហំ 6GB, កាមេរ៉ា​ទំហំ 12 MP ជាមួយ​មុខងារ​រក្សា​លំនឹង​រូបភាព​អុ​ប​ទិ​ក និង​ថ្ម​សាក​ទំហំ 3,300 mAh ដែលមាន​មុខងារ​សាក​ថ្ម​ឆាប់​ពេញ។ ទូរស័ព្ទ​ថ្មី​នេះ​មាន​អេក្រង់​ស្ទើរ​គ្មាន​គែម និង​កោង​នៅ​គែម​ទាំងសងខាង ផ្តល់នូវ​ភាព​ផ្ដេក​ធំ​ទូលាយ និង​មើល​ភាព​បញ្ឈរ ខ្ពស់ជាង បើ​ប្រៀបធៀប​ទៅនឹង​ស៊េរី​ទូរស័ព្ទមុនៗ ខណៈដែល​ពណ៌​ពិតប្រាកដ​របស់​វា​ត្រូវបាន​បើក​បង្ហាញ ដោយ​អេក្រង់​ធំ​បំផុត​នៃ​ប្រភេទ Phablet និង​ធ្វើឱ្យ​រូបភាព​ហាក់ដូចជា​លោត​ផុស​លើ​អេក្រង់​នៅក្នុង​ដៃ​របស់​អ្នក

    អ្វីដែល​កាន់តែ​ពិត​សេស​ទៀត​នោះ គឺ​កាមេរ៉ា​ភ្លោះ ដែល​វា​ធ្វើឱ្យ​អ្នកប្រើប្រាស់​អាច​ថតរូប​គ្រប់​ស្ថានការណ៍​ជាមួយនឹង​រូបភាព​ភ្លឺ​ច្បាស់ ប្រកបដោយ​គុណភាព​ខ្ពស់ ទោះបី​ស្ថិតនៅ​កន្លែង​ពន្លឺ​តិច​យ៉ាងណាក៏ដោយ ថែមទាំង​មាន​មុខងារ​ការពារ​ភាព​ញ័រ​ពី​ដៃ​ទៀតផង។ វា​ក៏មាន​បំពាក់​នូវ មុខងារ Zoom រ​ហួត​ដល់​បី​ដង និង​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការប្តូរ​ទិសដៅ​ភាពច្បាស់ សូម្បីតែ​បន្ទាប់ពី​រូបភាព ត្រូវបាន​ថត​រួចហើយ​ក៏ដោយ។ 

    Note 8 ថ្មី​នេះ ជា​ស្មា​ត​ហ្វូ​ន​ដែល​អាចដាក់​ស៊ីម​បាន 2 និង​មាន 3 ពណ៌​សម្រាប់​ជ្រើសរើស គឺ​ពណ៌​ខ្មៅ ពណ៌​មាស និង​ពណ៌​ទឹកសមុទ្រ ដោយមាន​ភ្ជាប់​ជាមួយ​នៅ​ប៊ិក S Pen ដែលមាន​ពណ៌​ដូចគ្នា​នឹង​រាងកាយ​របស់​វា។ ស្មា​ត​ហ្វូ​ន​ថ្មី​នេះ​ត្រូវបាន​រំពឹងថា នឹង​មកដល់​កម្ពុជា នៅ​ពាក់កណ្តាល​ខែកញ្ញា៕

    https://www.youtube.com/watch?v=RKYjdTiMkXM

  • ប្រទេស​ណាខ្លះ​ដែល​អនុគ្រោះ​ពន្ធ100%ក្នុងការ​នាំចូល​ម្រេច​ពី​កម្ពុជា?

    ប្រទេស​ណាខ្លះ​ដែល​អនុគ្រោះ​ពន្ធ100%ក្នុងការ​នាំចូល​ម្រេច​ពី​កម្ពុជា?

    ភ្នំពេញ៖ បច្ចុប្បន្ន​គេ​សង្កេតឃើញថា ផលិតផល​ផ្លែ​ម្រេច​របស់​កសិករ​នៅតាម​ខេត្ត​មួយចំនួន មានការ​ធ្លាក់​ថ្លៃ​យ៉ាងខ្លាំង​ដែល​ធ្វើឱ្យ​ពួកគាត់​ស្ទើរតែ​បោះបង់​របរ​នេះ​ចោល​ទៀតផង។ តែ​ទោះ​យ៉ាងនេះ​ក្តី ម្រេច​របស់​ក្រុមហ៊ុនធំៗមួយចំនួន​នៅតែមាន​ទីផ្សារ​លក់​ចេញទៅ​ក្រៅប្រទេស និង​ទទួលបាន​ការអនុគ្រោះ​ពន្ធ100%ថែម​ទៀតផង តើ​ប្រទេស​ដែល​អនុគ្រោះ​ពន្ធ​ទាំងនោះ​មាន​ប្រទេស​ណាខ្លះ?

    ឯកឧត្តម ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​ថ្លែងឱ្យដឹងថា បច្ចុប្បន្ន​កម្ពុ​ជាមាន​ផ្ទៃដី​ដាំ​ដុះ​ម្រេច​សរុប​ប្រមាណ 6,678ហិកតា និង​មាន​ទិន្នផល​ចំនួន​ជាង 2ម៉ឺន​តោន និង​ជា​កាលានុវត្តភាព​របស់​វិនិយោគិន​ក្នុង និង​ក្រៅប្រទេស​លើ​ដំណាំ​ប្រភេទ​នេះ ហើយ​កម្ពុជា​បានធ្វើ​ការនាំ​ចេញទៅ​ទីផ្សារ​នៃ​ប្រទេស​ក្នុង​តំបន់ និង​មួយចំនួនទៀត​នាំ​ចេញទៅ​ទីផ្សារ​ជប៉ុន សហគមន៍​អឺរ៉ុប និង​អាមេរិក ជាដើម ដែលជា​ទីផ្សារ​ផ្តល់​ភាពអនុគ្រោះ​ពាណិជ្ជកម្ម​ដល់​កម្ពុជា ក្នុងការ​នាំចេញ​ម្រេច​ដោយ​មិនចាំបាច់​បង់ពន្ធ​នាំចូល។

    ទន្ទឹមគ្នានេះ​ក្រសួងពាណិជ្ជកម្ម​ក៏បាន​ធ្វើ​ប្រតិភូកម្ម​ការចេញលិខិត​បញ្ជាក់​ប្រភពដើម​ទំនិញ​លើ​ផលិតផល​កសិកម្ម​ដល់​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ជាប់​ព្រំដែន​ក្នុងការ​សម្រួល​ដល់​កសិក​រ​ឬ​ផលិតករ និង​ពាណិជ្ជករ​ក្នុង​ការនាំ​ផលិតផល​ចេញ និង​បានរៀបចំ​ជា​ឯកសារ​យុទ្ធសាស្ត្រ​មួយចំនួន​ដូច៖ 

    1.ការរៀបចំ​បង្កើត និង​ពង្រឹង​ឡើងវិញ​នូវ​សមាគម​ម្រេច​ក្នុងស្រុក និង​ខេត្ត​គោលដៅ​ដើម្បី​ជា​សេណារីយោ​ប្រទាក់ក្រឡា​មួយ​ក្នុងការ​ទទួលបាន​ព័ត៌មាន និង​សេវាកម្មផ្សេង។

    2.បង្កើតឱ្យមាន​ក្រុមការងារ​បច្ចេកទេស ដោយមាន​ការចូលរួម​ពី​អន្តរ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ ។

    3. នៅពេល​យន្តការ​ទាំង2 ខាងលើ​រួចរាល់ ក្រសួង​នឹង​បន្ត​រៀបចំ​បង្កើតជា​សហព័ន្ធ​ម្រេច​កម្ពុជា​ដែលជា​ក្បាលម៉ាស៊ីន​ដឹកនាំ​ក្នុងការ​ធ្វើជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​សំដៅ​ដោះស្រាយ​បញ្ហា​នានា​ដែល​កើតមាន​ដូចជា បញ្ហា​ទីផ្សារ ការនាំចេញ កិច្ចសម្របសម្រួល​ពាណិជ្ជកម្ម និង​ឈានទៅ​ចូលរួម​ជា​សមាជិក​របស់​សហគម​ន៍​ម្រេច​អន្តរជាតិ​នាពេលខាងមុខ។

    គួរ​បញ្ជាក់ថា នៅក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​កាលពីពេលថ្មីៗនេះ​លោកស្រី Hoang Thi Lein នាយិកា​ប្រតិបត្តិ​នៃ​សហគមន៍​ម្រេច​អន្តរជាតិ​បាន​ថ្លែងថា (IPC) ដែលជា​សហគមន៍​អន្តរជាតិ​បានធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​របស់ខ្លួន​ជាច្រើន ក្នុងនោះ​រួមមាន ប្រទេស​ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ស្រីលង្កា និង​ប្រទេស​វៀតណាម ក្នុងការ​លើកកម្ពស់ និង​ជំរុញ​ផលិតកម្ម​ម្រេច​ដោយ​អភិវឌ្ឍ​រោងចក្រ​ទៅជា​ក​សិ-ឧស្សាហកម្ម។ ក្នុងន័យនេះ​ដោយ​មើលឃើញថា កម្ពុជា​ក៏​ជា​ប្រទេស​ដែលមាន​នូវ​ផលិតផល​ម្រេច ប្រកបដោយ​ក្លិន​ឈ្ងុយ​និង​មានឱជារស​ល្អ​ប្លែក​គេ និង​ក្លាយជា​ផលិតផល​ដែល​កំពុងមាន​សក្តានុពល​លើ​ទីផ្សារ​សហគមន៍​អឺរ៉ុប​ក្នុង​ការផលិត​ផលិតផល​ម្រេច​ប្រមាណ​ជាង 2ម៉ឺន​តោន​ក្នុងមួយឆ្នាំៗ នាំឱ្យ​សហគមន៍​មានការ​ចាប់អារម្មណ៍​ក្នុង​ការចង់​ចូលរួម​សហការ​ដើម្បី​ជួយ​ពង្រឹង​វិស័យ​មួយ​នេះ​តាមរយៈ​ការបង្កើត​នូវ​គម្រោង​នៅ​កម្ពុជា ក្នុងន័យ​ជួយ​បង្កើន​ប្រាក់ចំណូល ដែលមាន​ស្រាប់​របស់​ប្រជាកសិករ និង​កែប្រែ​កម្រិតជីវភាព​ឱ្យ​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត៕