Author: វល័ក្ខ

  • Dembele ត្រៀម​ផ្ទេរ​ទៅ Barcelona ខណៈ Dortmund យល់ព្រម​លើ​តម្លៃ​ខ្លួន150លាន​អឺរ៉ូ

    Dembele ត្រៀម​ផ្ទេរ​ទៅ Barcelona ខណៈ Dortmund យល់ព្រម​លើ​តម្លៃ​ខ្លួន150លាន​អឺរ៉ូ

    ក្លិប​យក្ស Barcelona បាន​ឈានដល់​ការព្រមព្រៀង​គ្នា​មួយ​ជាមួយនឹង​ក្លិប Borussia Dortmund  ក្នុងតម្លៃ​ខ្លួន150លាន​អឺរ៉ូ (ស្មើនឹង177លាន​ដុល្លារ​អាមេរិក) សម្រាប់​ខ្សែបម្រើ​ស្លាប Ousmane Dembele។ នេះ​បើ​យោងទៅតាម​ប្រភពព័ត៌មាន​ជាច្រើន បើទោះបី​ប្រធាន​ប្រតិបត្តិ​របស់​ក្លិប​អាល្លឺម៉ង់​មួយ​នេះ បា​នប​ដី​សេធ​ក្នុង​ការប្រកាស​ពី​ការផ្ទេរ​នេះ​ក៏ដោយ។

    ការផ្ទេរ​ដុល​ក្នុង​ទឹកប្រាក់120លាន​អឺរ៉ូ​នេះ ត្រូវបាន​ចេញផ្សាយ​ដោយ​កាសែត BeIN Sports កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​កាសែត​បារាំង L’Equipe កាសែត​អាល្លឺម៉ង់ Bild និង​អ្នកយកព័ត៌មាន​សញ្ជាតិ​អេ​ស្ប៉ា​ញ សុទ្ធតែ​បាន​បញ្ជាក់ថា ការផ្ទេរ​នេះ​នឹងមាន​តម្លៃ​ខ្លួន​សរុប150លាន​អឺរ៉ូ បើ​បូក​ទាំង​ប្រាក់ឧបត្ថម្ភផ្សេងៗចំនួន30លាន​អឺរ៉ូ​ទៀតផង​នោះ។ ប៉ុន្តែ ទោះបីជា​យ៉ាងណា លោក Hans-Joachim Watzke ប្រធាន​ប្រតិបត្តិ​របស់​ក្លិប Dortmund បាន​បញ្ជាក់ថា ក្លិប​នេះ​នឹងមិន​ធ្វើការ​បកស្រាយ​ទៅលើ​ស្ថានភាព​របស់ Dembele មុនពេល​ការចាប់​ឆ្នោត​សម្រាប់​ក្របខ័ណ្ឌ Champions League ក្នុង​ទីក្រុង​ម៉ូ​ណា​កូ កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ទេ។

    នៅពេល​ត្រូវបាន​ចោទសួរ​ពី​ការចេញផ្សាយ​របស់​កាសែត L’Equipe លោក Watzke បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​មិនអាច​ធ្វើការ​អះអាង​បានទេ។ យើង​នឹងមិន​ធ្វើការ​បកស្រាយ​អ្វី​ឡើយ»។ ប៉ុន្តែ ទោះបីជា​យ៉ាងណា វា​ត្រូវបាន​គេ​យល់ឃើញថា ក្រោយពី​ក្លិប Barcelona ដែល​កំពុងតែ​ពិចារណា​ទៅលើ​ការដាក់សំណើ​ដេញថ្លៃ​ជា​លើក​ទី4សម្រាប់​ខ្សែបម្រើ Philippe Coutinho របស់​ក្លិប Liverpoolហើយ​នោះ  មន្ត្រី​របស់​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​បានជ្រើសរើស​យក​ការចាប់អារម្មណ៍​ទៅលើ Dembele វ័យ20ឆ្នាំ ជំនួស​វិញ ខណៈដែល​ការផ្ទេរ​នេះ​ត្រូវបាន​ឈានដល់​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ អ្នកនាំពាក្យ​ម្នាក់​របស់​ក្លិប Barcelona បានបញ្ជាក់​ប្រាប់​កាសែត Mundo Deportivo ការចរចាផ្សេងៗ បាន​ដំណើរការ​យ៉ាង​ល្អ និង​បាន​បន្ថែមថា ការព្រមព្រៀង​គ្នា​ជាគោលការណ៍​ត្រូវបាន​ឈានដល់ ខណៈដែល Barca ត្រូវបាន​រំពឹងទុក​ថា នឹង​ប្រកាស​ពី​ការផ្ទេរ​នេះ​នៅ​ចុង​សប្តាហ៍​នេះ៕

    ប្រភពពី៖ ESPN

  • អូ​ហូ!! ខាត់ សុ​ឃីម ចំណាស់​ហ្នឹងហើយ​ទទួលបាន​តម្លៃ​ខ្លួន10ម៉ឺន​ដុល្លារ​ទៀត

    អូ​ហូ!! ខាត់ សុ​ឃីម ចំណាស់​ហ្នឹងហើយ​ទទួលបាន​តម្លៃ​ខ្លួន10ម៉ឺន​ដុល្លារ​ទៀត

    ព័ត៌មាន​ផ្លូវការ​ពី​ក្រុមហ៊ុន​ទឹក​សុទ្ធ ដឺ​ផ្លា​ទី​នី​ម ព្រី​មៀម​វ័ធ​ធើ (The Platinum Premium Water) បាន បញ្ជាក់ថា អ្នកនាង ខាត់ សុ​ឃីម ទើបតែ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ធ្វើជា Brand Ambassador ឱ្យ​ផលិតផល​មួយ​នេះ ផ្ដាច់មុខ​ពេញ​រយៈពេល5ឆ្នាំ។

    វា​ក្លាយជា​រឿង​ធម្មតា​ទៅហើយ​សម្រាប់​តារា​កម្ពុជា​ដែល​មានឱកាស​បានក្លាយ​ជា​ Brand Ambassador ឱ្យ​ផលិតផល​នេះ​ផលិតផល​នោះ ប៉ុន្ដែ​លោកអ្នក​ពិតជា​ភ្ញាក់ផ្អើល​មិន​ខាន​នៅពេល​ដឹង​ពី​តម្លៃ​ខ្លួន​របស់​តារា​ស្រី​រូបនេះ។

    តាម​ការ​បង្ហើប​ព័ត៌មាន​មកឱ្យ​ដឹងថា តារា​ចាស់វស្សា​រូបនេះ​ស៊ីថ្លៃ​រហូតដល់​ក្នុង​រង្វង់10ម៉ឺន​ដុល្លារ។ ជា​តម្លៃ​ស្ប៉ត​ពាណិជ្ជកម្ម​មិនធម្មតា​មួយ ដែល​គេ​កម្រ​បានឃើញ​តារា​សិល្បៈ​ណា​ទទួលបាន​ណាស់។ សឹងតែ​អាច​និយាយបានថា តារាស្រីក្មេងល្បីៗនៅក្នុង​ប្រទេស​កម្ពុជា​ពុំទាន់​មាន​នរណា​ទទួល​បានឡើយ​ក្រៅពី​លោក​ព្រាប សុវត្ថិ និង​អ្នកនាង ឱក សុគន្ធ​កញ្ញា។

    អ្នកនាង ខាត់ សុ​ឃីម ប្រាប់ថា កន្លងមក​មិនដែល​មាន​ផលិតផល​ណាមួយ​ជ្រើស​យក​អ្នកនាង​ធ្វើជា​តំណាង​ផ្ដាច់មុខ ឬ​ហៅថា Brand Ambassador តំណាង​ផលិតផល​រហូតដល់5ឆ្នាំ​នោះទេ។នាង​បញ្ជាក់ថា នាង​មានការ​ភ្ញាក់ផ្អើល​មែនទែន​នៅពេល​ក្រុមហ៊ុន​ទឹក​សុទ្ធ The Platinum Premium Water ជ្រើស​យក​នាង​ឱ្យធ្វើ​កុងត្រា ដែល​គ្រាន់តែ​បានឮ​តម្លៃ​ក្នុង​ការងារ​នេះ​ភ្លាម ក៏​អរ​ស្ទើរ​និយាយ​លែងចេញ​ទៅហើយ ដោយ​អ្នកនាង​បាន​ចាត់ទុកថា ទទួលបាន​ទាំង​កិត្តិយស ទាំង​តម្លៃ​ខ្លួន​ខ្ពស់​មិនធម្មតា​ទៀត។

    ទោះបីជា​គ្មាន​ការ​បង្ហើប​ប្រាប់​ពី​តម្លៃ​ខ្លួន​ពិតប្រាកដ​សម្រាប់​ការងារ​ដែល​បាន​កុងត្រា​ផ្ដាច់មុខ​ក្នុង​រយៈពេល5ឆ្នាំ​ក្ដី ប៉ុន្តែ​យោងតាម​ប្រភព​ចេញពី​តំណាង​ក្រុមហ៊ុន​បាន​អះអាងថា អ្នកនាង​នឹង​ទទួលបាន​តម្លៃ​ខ្លួន​រហូតដល់10ម៉ឺន​ដុល្លារ ដោយ​ថវិកា​ដែល​អ្នកនាង​ទទួលបាន​នោះ​គឺ​ក្រុមហ៊ុន​នឹង​ប្រគល់ឱ្យ​ផ្ដាច់ ដោយ​មិនឱ្យ​ជាដំណាក់ៗនោះឡើយ។ ទោះយ៉ាងណា​អ្នកនាង​ខាត់ សុ​ឃីម ក៏​ពុំបាន​បដិសេធ​ពី​តួលេខ​នៃ​ចំនួន​ប្រាក់​តម្លៃ​ខ្លួន​នោះដែរ៕

    ក្នុងអំឡុង5ឆ្នាំនេះ អ្នកនាង ខាត់ សុ​ឃីម ត្រូវ​បង្ហាញមុខ​ថត​ហ្វិ​ក្ស៍ និង​ថត​ស្ប៉ត​ឱ្យ​ក្រុមហ៊ុន​រៀងរាល់3ខែម្ដង និង​សកម្មភាព​ការងារ​ណា​ដែល​មិន​មានចែង​ក្នុង​កិច្ចសន្យា ហើយ​តម្រូវឱ្យ​អ្នកនាង​ធ្វើ គឺ​អ្នកនាង​នឹងត្រូវ​ទទួលបាន​កម្រៃ​បន្ថែម៕

  • សិល្បៈ​នៃ​ការទំនាក់ទំនង​ដ៏​មាន​ឥទ្ធិពល

    សិល្បៈ​នៃ​ការទំនាក់ទំនង​ដ៏​មាន​ឥទ្ធិពល

    ចង់​មាន​មុខរបរ​ខ្លួនឯង ចង់​ក្លាយជា​អ្នក​ពូកែ​លក់ ចង់​ក្លាយជា​អ្នក​ពូកែ​ទំនាក់ទំនង ឬ​ចង់​ក្លាយជា​មនុស្ស​ដែលមាន​ប្រជាប្រិយភាព យើង​គ្រប់គ្នា​នឹងមិន​អាច​ជៀស​ផុតពី​ការប្រើ​ការទំនាក់ទំនង​ឡើយ។

    ទំនាក់ទំនង​មាន​សារៈសំខាន់​ណាស់ តែ​ការទំនាក់ទំនង​ដែលមាន​ឥទ្ធិពល ទំនាក់ទំនង​ដើម្បី​គោលដៅ​សម្រាប់​ផែនការ​ជីវិត​របស់​មនុស្សម្នាក់ៗ រិត​តែមាន​តម្លៃ​ដែល​យើង​គ្រប់គ្នា​គួរ​ដឹង។

    ហេតុអ្វី​បានជា​ត្រូវធ្វើ​ការទំនាក់ទំនង ទំនាក់ទំនង​ដោយ​របៀប​ណា ការទំនាក់ទំនង​នោះ​អាចជួយ​យើង​បាន​អ្វីខ្លះ?

    ក្រុមយុវជន វី​មី​ក​ហ្ស​នឹង​រៀបចំ​អោយមាន​ជា​សិក្ខាសាលា​មួយ​ស្តីអំពី «សិល្បៈ​នៃ​ការទំនាក់ទំនង ដ៍​មាន​ឥទ្ធិពល» ក្នុង​គោលបំណង បង្ហាញ​អំពី​មូលដ្ឋានគ្រឹះ អត្ត​ច​រិ​ក និង​ការ​រៀបចំខ្លួន​ដើម្បី​ទំនាក់ទំនង​ដ៍​ជោគជ័យ ការចាប់យក​ឱកាស​ដើម្បី ទំនាក់ទំនង​ដ៏​កក់ក្តៅ ភាសា និង​ទម្រង់​នៃ​ការ​ទំនាក់ ទំនង​ជោគជ័យ បច្ចេកទេស​បើក​កិច្ចសន្ទនា​ដ៍​ទាក់ទាញ និង​ដឹង​លទ្ធផល​ជាមុន ជំនាញ​នៃ​ការ​ស្តាប់​ដើម្បី​ប្រសិទ្ធភាព​ទំនាក់ទំនង បច្ចេកទេស​គ្រប់គ្រង និង​ដឹកនាំ​ការទំនាក់ទំនង   បច្ចេកទេស​ក្នុងការ​បញ្ចប់​កិច្ច សន្ទនា​ដ៍​មានន័យ បន្សល់​នូវ​លទ្ធផល និង​ការចង់​ណាត់ជួប​លើកក្រោយៗ ការទំនាក់ទំនង​ជាមួយ​អ្នក ដែលមាន​ឋានៈ​ខ្ពស់ជាង និង​អ្នក​ដែលមាន​ជម្លោះ​នឹង​អ្នក។ កុំ​ភ្លេច​ត្រៀម​សំណួរ​សម្រាប់​សួរ​ផង។

    ជួបគ្នា​នៅ​វិទ្យាស្ថាន​តិច​ណូ (ITC) ថ្ងៃទី03 កញ្ញា 2017 ពី​ម៉ោង 7:30am- 12:00pm។
    ទំនាក់ទំនង: 092 41 31 55 / 093 422 862 / 093 696 972 / 069 87 10 23
    [email protected]  / [email protected]

  • ជំនាញ​បច្ចេកទេស ជា​អាជីព​ដែល​កម្ពុជា​កំពុង​ត្រូវការ

    ជំនាញ​បច្ចេកទេស ជា​អាជីព​ដែល​កម្ពុជា​កំពុង​ត្រូវការ

    ក្រាយ​ពេល​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ​សិស្ស​ជាច្រើន​កំពុង​ព្រួយបារម្ភ និង​ពិបាក​សម្រេចចិត្ត​ក្នុងការ​ជ្រើសរើស​ជំនាញ​សិក្សា​នៅ​មហាវិទ្យាល័យ​ហើយក៏​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ថា​កម្ពុជា​កំពុង​ត្រូវការ​ធនធានមនុស្ស​ផ្នែក​ណាខ្លះ​ហើយ​អាជីព​ណាខ្លះ​ដែល​កំពុងមាន​ទីផ្សារ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​ឯកឧត្តម​ហង់​ជួនណា​រ៉ុ​ន​បាន​លើកឡើងថា​ធនធានមនុស្ស​នៅ​កម្ពុជា​មិនទាន់​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ទីផ្សារការងារ​ទាំងស្រុង​នៅឡើយ​ទេ​នាពេល​បច្ចុប្បន្ននេះ​ដោយសារតែ​សិស្ស​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​រាប់ម៉ឺន​នាក់​ពុំ​សូវ​មាន​សមត្ថភាព និង​គុណភាព​គ្រប់គ្រាន់​ដើម្បី​ចូល​បម្រើ​ការងារ​ជាពិសេស​គឺ​មិនទាន់មាន​ជំនាញ​ទន់។ ម្យ៉ាងវិញទៀត​សិស្ស​ភាគច្រើន​ចូលចិត្ត​សិក្សា​ផ្នែក​គ្រប់គ្រង​ធុរកិច្ច​ហើយ​មិនសូវ​ចាប់យក​អាជីព​បច្ចេកទេស​ដើម្បី​សិក្សា​នោះឡើយ។

    ឯកឧត្តម​ហង់ ជួនណា​រ៉ុ​ន​បាន​មានប្រសាសន៍ថា៖ «ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន​ក្រសួង​អប់រំ​យុវជន និង​កីឡា​នឹង​ពង្រឹង​វិស័យ​អប់រំ​តាមរយៈ​ការបង្កើន​អភិបាលកិច្ច​ល្អ​ក្នុង​វិស័យ​អប់រំ​ពង្រឹងគុណភាព​គ្រឹះស្ថានសិក្សា​បណ្តុះបណ្តាល​គ្រូបង្រៀន និង​បង្កើន​គម្រោង​ដើម្បី​ជំរុញ​ឬ​អប់រំ​សិស្ស​ឱ្យ​ជ្រើសរើស​ជំនាញ​ស្របទៅនឹង​តម្រូវការ​នៃ​ទីផ្សារ​ជាពិសេស​គឺ​ជំ​រុញឱ្យ​សិស្ស​សិក្សា​ផ្នែក​បច្ចេកទេស​ឱ្យបាន​ច្រើន»។

    បង្ហាញ​លើ​ចំណុច​ដូចគ្នានេះ​ឯកឧត្តម​ពេ​ជ សុ​ភ័ន​រដ្ឋលេខាធិការ​ក្រសួង​ការងារ​បាន​លើកឡើងថា កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​ខ្វះ​ពលកម្ម និង​អ្នកជំនាញ​ផ្នែក​បច្ចេកទេស។ ការកើនឡើង​នូវ​ភាពមិន​ស៊ីចង្វាក់​គ្នា​រវាង​ការផ្គត់ផ្គង់ និង​តម្រូវ​ការជំនាញ​នេះ​បណ្តាលមកពី​ការបណ្តុះបណ្តាល​នៅ​កម្រិត​ទូទៅ និង​កម្រិត​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​មិនទាន់​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ទាំង​បរិមាណ និង​គុណភាព។

    ឯកឧត្តម​មានប្រសាសន៍​ថា៖«តាម​ការ​ព្យាករ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​អាច​នឹងមាន​ការកើនឡើង​ច្រើន​នូវ​តម្រូវការ​ពលកម្ម​ជំនាញ​ជាពិសេស​ក្នុង​វិស័យ​សំណង់ និង​កសិកម្ម​បើទោះបី​ជាមាន​ការបើក​ឱ្យមាន​លំហូរ​ពលកម្ម​ដោយ​សេរី​នូវ​ពលកម្ម​ជំនាញ​មួយចំនួន​ដូចជា​វិស្វកម្ម​គិលានុបដ្ឋាក​សេវា​វាស់​ស្ទង់​វិជ្ជាពេទ្យ​ទន្តពេទ្យ​សេវាកម្ម​គណនេយ្យ និង​អ្នកឯកទេស​ទេសចរណ៍​ជាដើម»។

    ឯកឧត្តម​ពេ​ជ សុ​ភ័ន​បាន​បន្ថែមទៀតថា តាមរយៈ​ការយកចិត្តទុកដាក់​លើ​ការធ្វើកំណែទម្រង់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើឱ្យ​អ្នកវិនិយោគ​ចាប់អារម្មណ៍​មក​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា​ក្នុង​វិស័យ​មួយចំនួន​ដូចជា​គ្រឿងយន្ត និង​មេកា​និក​អេឡិចត្រូនិក​កសិឧស្សាហកម្ម និង​ការវិនិយោគ​ដែលមាន​តម្លៃ​ខ្ពស់​បន្ថែម​លើ​ការវិនិយោគ​លើ​ឧស្សាហកម្ម​ដែលមាន​ស្រាប់​ដើម្បី​ផ្តល់ឱកាស​ការងារ​កាន់​តែ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ​និង​ធានាបាន​នូវ​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច៕

  • កុមារ​កម្ពុជា​ជិត 10% មិនចេះ​អាន​អក្សរ

    កុមារ​កម្ពុជា​ជិត 10% មិនចេះ​អាន​អក្សរ

    វា​ជា​ស្ថានភាព​វិជ្ជមាន​មួយ​ដែល​ការអប់រំ​នៅ​ទីជនបទ​នាពេល​បច្ចុប្បន្ននេះ​មាន​ភាពប្រសើរឡើង បើ​ប្រៀបធៀប​ជាមួយនឹង​ការអប់រំ​ប៉ុន្មាន​ឆ្នាំមុន តែ​វិសមភាព​នៃ​ការអប់រំ​នៅតែ​ជា​ក្តីកង្វល់​នៅឡើយ​សម្រាប់​កម្ពុជា ជាពិសេស​កុមារ​នៅ​ជនបទ។

    យោងតាម​របាយការណ៍​របស់​អង្គការ UNICEF ប្រចាំ​នៅ​កម្ពុជា​បានលើកឡើង​ថា កុមារ 1នាក់ នៅក្នុង​ចំណោម 5នាក់ មកពី​គ្រួសារ​ក្រីក្រ​បំផុត​មិនបាន​ចូលរៀន​បឋមសិក្សា ហើយ​ទន្ទឹមនឹង​នេះដែរ គេ​ស្រាវជ្រាវ​ឃើញថា មាន​កុមារ​កម្ពុជា​ជិត 10% មិនចេះ​អាន និង​សរសេរ​អក្សរ។ កុមារ​ដែល​មិនចេះ​អាន និង​សរសេរ​អក្សរ​ទាំងអស់នោះ គឺ​ខកខាន​ឱកាស​ក្នុងការ​ទទួលបាន​ចំណេះដឹង និង​ការរៀនសូត្រ ក៏ដូចជា​ឱកាស​ភ្លឹ​ថ្លា​នៅក្នុង​ជីវិត។

    UNICEF បានបញ្ជាក់​ផងដែរ​ថា ក្នុងចំណោម​កុមារ​ដែល​ស្ថិតក្នុង​ភាព​អនក្ខរកម្ម ទាំងអស់នោះ កុមារ​ពិការ​ក៏​ជា​អ្នក​ងាយ​រងគ្រោះ​មួយ​ប្រភេទ​ដែល​មិន​ទទួលបាន​ការអប់រំ។ កុមារ​កម្ពុ​ជាជាង 30% ដែលមាន​អ​យុ​ចាប់ពី 15ឆ្នាំ ដល់ 19ឆ្នាំ​ដែលមាន​ពិការភាព គឺជា​អន​ក្ខ​រ​ជន និង​មិនបាន​ចូលរៀន៕

  • អ្វី​ជា​អត្ថ​ប្រ​យោ​ជ​ន៏​នៃ​ការប្រើប្រាស់​ម៉ាស៊ីន​បោកគក់ LG ?

    អ្វី​ជា​អត្ថ​ប្រ​យោ​ជ​ន៏​នៃ​ការប្រើប្រាស់​ម៉ាស៊ីន​បោកគក់ LG ?

    និយាយ​ពី​ម៉ាស៊ីនបោកខោអាវ ប្រិយមិត្ត​មួយចំនួន​ប្រាកដជា​យល់ថា ជាការ​ខ្ជះខ្ជាយ​ប្រាក់កាស ព្រោះ​បោកគក់​មិនសូវ​ស្អាត ហើយ​ធ្វើឱ្យ​ខូច​សម្លៀកបំពាក់​ទៀត។ ប៉ុន្តែ​វា​មិនមែន​ដូច្នោះ​ទេ ប្រសិនបើ​លោកអ្នក​ធ្វើការ​ជ្រើសរើស និង​ដឹង​ពី​មុខងារសំខាន់ៗដែលមាន​បំពាក់​ក្នុង​ម៉ាស៊ីន​បោកគក់​ទាំងនោះ។

    ជាមួយគ្នានេះដែរ ក្រុមការងារ​នៃ​គេហទំព័រ ឡា​រ៉ែ​ន សូម​ណែនាំ​នូវ​ម៉ាស៊ីន​បោកគក់ LG មួយ​ម៉ូ​ដែល ដែល​វា​នឹង​ជួយ​ឱ្យ​ការងារ​បោកគក់​របស់លោក​អ្នក ជាពិសេសបងៗស្រី​មេផ្ទះ​បាន​ប្រសើរ​ជាង​មុន ដោយសារ​ម៉ាស៊ីន​នេះ​ត្រូវបាន​ភ្ជាប់​មកជា​មួយ​នូវ​មុខងារ​ដ៏​ពិសេស និង​មាន​ផល​ប្រ​យោ​ជ​ន៏​ជាច្រើន​ដូចជា កាត់បន្ថយ​ពេលវេលា សន្សំសំចៃ​ទឹក និង​ភ្លើង​បាន​ច្រើន។ ជាមួយ​បច្ចេកវិទ្យា​ថ្មី LG TurboWash អាច​សន្សំសំចៃ​ពេលវេលា​បាន​ដល់​ទៅ 20 នាទី​ព្រមជាមួយ​ដំណើរការ​បោកគក់​ស្ងាត់​ល្អ ខុសពី​ការ​បោកគក់​ធម្មតា​ដែល​ចំណាយពេល​យូរ និង​អាច​សម្អាត​បានតែ​ស្នាម​ប្រឡាក់ស្រាលៗមួយចំនួន​តែប៉ុណ្ណោះ។

    បច្ចេកវិទ្យា TrueSteam ជា​មុខងារ​ប្រើប្រាស់​ចំហាយ​ទឹក 100 % ដែល​ប្រសើរ​ជាង​ការប្រើប្រាស់​សារធាតុ​គីមី​ដើម្បី​បន្ទន់​សាច់​ក្រណាត់​ដែល​ល្អ​សម្រាប់​កុមារ និង​អ្នកមាន​បញ្ហា​ស្បែក។ កាន់តែ​ពិសេស​ទៅទៀត​នោះ គឺមាន​កម្លាំង​ចំហាយ​ទឹក​ពី​ម៉ាស៊ីន​ដែល​ធ្វើការ​ដូច​ឆ្នាំង​អ៊ុតខោអាវ ដើម្បី​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ និង​ក្លិន​ផ្អូម​បាន​ក្នុង​រយៈពេល 20 នាទី។ TrueSteam ក៏បាន​បន្ថែម​នូវ​មុខងារ Allergy Care ជា​បច្ចេកវិទ្យា​ដែល​ប្រើប្រាស់​កម្លាំង​ចំហាយ​ទឹក​មាន​កម្ដៅ​ដល់​ទៅ 100 អង្សា​C ធ្វើការ​កម្ចាត់​សារធាតុ​រមាស់ និង​ប្រតិកម្ម​លើ​ស្បែ​កបាន 99.9%៕

  • និស្សិត​សាកលវិទ្យាល័យ​កសិកម្ម​នឹង​ទទួលបាន​អាហារូបករណ៍​ដាំ​បន្លែ​ក្នុង​បន្ទប់

    និស្សិត​សាកលវិទ្យាល័យ​កសិកម្ម​នឹង​ទទួលបាន​អាហារូបករណ៍​ដាំ​បន្លែ​ក្នុង​បន្ទប់

    ភ្នំពេញ៖ លោក Tomonori KIMURA ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Asian Gateway Corporationបាន​ថ្លែងថា ក្រុមហ៊ុន​នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ស្តីពី​គម្រោង​ជល​វប្បកម្ម គឺ​ការដាំ​បន្លែ​ក្នុង​ទឹក​នៅក្នុង​បន្ទប់(Hydroponic Farm) ដែលជា​បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ​បំផុត។

    នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក Tomonori KIMURA មានប្រសាសន៍ថា គោលបំណង​របស់​គម្រោង​ខាងលើៈ

    ទី1.គឺ​ធ្វើ​ការណែនាំ​បច្ចេកវិទ្យា​ថ្មី​អំពី​ការដាំ​បន្លែ​ក្នុង​ទឹក​ក្នុង​បន្ទប់​ដល់​និស្សិត កសិករ និង​វិស័យ​ឯកជន​ដើម្បី​ពង្រីក​ការអភិវឌ្ឍ​បច្ចេកវិទ្យា​នេះ​បន្ថែមទៀត​ឱ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ក្នុងស្រុក​នាពេល​បច្ចុប្បន្ន។

    ទី2.សិក្សា​ស្រាវជ្រាវ​ពី​តម្រូវការ​នៅលើ​ទីផ្សារ​បន្លែ​ដែល​ផលិត​ដោយ​ប្រព័ន្ធ​ដាំ​បន្លែ​ក្នុង​ទឹក​នេះ។

    ទី3.អភិវឌ្ឍ​ធនធានមនុស្ស​សម្រាប់​និស្សិត​ឱ្យ​យល់ដឹង​ពី​បច្ចេកវិទ្យា​ធ្វើយ៉ាងណា​ជំរុញ​ផលិតកម្ម​បន្លែ​ឱ្យមាន​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព

    និង​ទី4.សិក្សា​ពី​លទ្ធភាព​អាច​ប្រើប្រាស់​សម្ភារ​ក្នុងស្រុក​មួយចំនួន​ដែល​ជួយ​កាត់បន្ថយ​ថ្លៃដើម​ក្នុង​ការផលិត​បន្លែ​តាមរបៀប​បច្ចេកវិទ្យា​ថ្មី​នេះ។

    លោក​បាន​បន្ថែមទៀតថា គម្រោង​នេះ​នឹងមិន​ប្រើ​សារធាតុ​គីមី ផលិត​ផលិតផល​សុវត្ថិភាព កាត់បន្ថយ​ថ្លៃដើម ផលិត​ផ្គត់ផ្គង់​ដល់​អតិថិជន​ដែលមាន​ចំណូល​មធ្យម ហើយ​អនាគត​នឹង​ផ្ទេរ​បច្ចេកវិទ្យា​នេះ​ឱ្យដល់​ក្រុមហ៊ុន​ក្នុងស្រុក​ជាពិសេស​និស្សិត​ជំនាន់ក្រោយ។

    ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​ថ្លែង​សាទរ ហើយ​មានប្រសាសន៍ថា ប្រជាជន​កម្ពុជា​ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​រាជធានី​ភ្នំពេញ​បាននិងកំពុង​មាន​ចំណាប់អារម្មណ៍​ខ្ពស់​ពី​បញ្ហា​សុខភាព​ទាក់ទង​ទៅនឹង​ការបរិភោគ​ចំណីអាហារ ជាពិសេស​បន្លែ និង​ផ្លែឈើ។ ឯកឧត្តម​ក៏បាន​ថ្លែង​គាំទ្រ និង​លើកទឹកចិត្ត​ដល់​គម្រោង​ជល​វប្ប​កម្មនេះ ហើយ​សង្ឃឹមថា គម្រោង​នេះ​នឹង​ទទួលបាន​ជោគជ័យ និង​អាច​ពង្រីក​បច្ចេកវិទ្យា​នេះ​ទៅដល់​បណ្តា​ខេត្ត-ក្រុង​មួយចំនួន​នាពេល​អនាគត។ ម្យ៉ាងវិញទៀត​គម្រោង​នេះ​អាច​ផ្ទេរ​បច្ចេកវិទ្យា​ដល់​និស្សិត និង​ក្រុមហ៊ុន​ផលិត​បន្លែ​សុវត្ថិភាព​ក្នុងស្រុក​ដើម្បី​ផលិត​បន្លែ​ឱ្យបាន​គ្រប់គ្រាន់​តាម​តម្រូវការ​ទីផ្សារ​ដើម្បី​កាត់បន្ថយ​ការនាំ​ចូល។

    សូម​ជម្រាបជូន​ថា បច្ចេកវិទ្យា​នេះ​គឺជា​ការដាំដុះ​បន្លែ​ក្នុង​បន្ទប់​ដោយ​ប្រើ​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ អាច​គ្រប់គ្រង​សីតុណ្ហភាព សំណើម មិន​រណប​នឹង​ធម្មជាតិ​ដូចជា​ភ្លៀង​ច្រើន រាំងស្ងួត សត្វល្អិត ឬ​ជំងឺ​បំផ្លាញ​ទ្បើ​យ ៕

  • Recky ផលិត​បទ«កប់​កា​លៀន» ដើម្បី​សាកល្បង​វិជ្ជា​គុន

    Recky ផលិត​បទ«កប់​កា​លៀន» ដើម្បី​សាកល្បង​វិជ្ជា​គុន

    ក្រោយ​ទទួលបាន​ប្រជាប្រិយភាព​ក្នុង​ការងារ​ពិធីករ​ក្នុង​កម្មវិធី​ប្រគំ​ត​ន្រី្ដ AD នៃ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍ Recky បានបញ្ជាក់​ប្រាប់ថា នៅ​សប្ដាហ៍​ក្រោយនេះ​លោក​នឹង​ចេញ​បទ​ថ្មី​របស់ខ្លួន​ប្រភេទ Original Song មាន​ចំណងជើង​ថា «កប់​កា​លៀន»

    លោក Recky បញ្ជាក់ថា កន្លងមក​លោក​ធ្លាប់បាន​ផលិត​បទ​ចម្រៀង​ច្រើន​ដែរ ប៉ុន្ដែ​ជា​ប្រភេទ​មនោសញ្ចេតនា ហើយ​មូល​ហេតុដែល​លោក​ប្ដូរ​ស្ទីល​នៃ​ការ​ច្រៀង​ទៅជា​ប្រភេទ​បទ​ញាក់ និង​មាន Rap វិញ​ផង​នោះ ព្រោះ​លោក​ចង់​សាកល្បង​សមត្ថភាព​នៃ​ការ​ច្រៀង Rap របស់ខ្លួន​ដែល​ធ្លាប់​ចេះ​ជា​យូរ​មកហើយ​ផង។ ម្យ៉ាង​ចាត់ទុកថា ជាការ​បើកឱកាស​ផ្លាស់ប្ដូរ​បទពិសោធ​ថ្មី​របស់លោក​ដើម្បី​ឈានទៅ​ក្លាយជា​តារាចម្រៀង Rap ផងដែរ។

    នៅក្នុង​អត្ថន័យ​បទ​ចម្រៀង «កប់​កា​លៀន» អ្នកនិពន្ធ​បានលើកឡើង​ក្នុងន័យ​រិះគន់ចំៗទៅលើ​នារី​ខ្មែរ​បច្ចុប្បន្ន​ដែល​និយម​ស្លៀក​ខ្លី​កប់​ក្រលៀន​ហួស​ហេតុដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រពៃណី​ខ្មែរ​ដែល​ពី​ដើម​មក​មិន​ដែលមាន​ដូច្នេះ។ បទ​នេះ​ត្រូវបាន​សម្ដែង​ដោយ​តារា​ស្រី 3ដួង មាន​កញ្ញា​ម៉ា​និ​ច កញ្ញា Lita កញ្ញា ណា​ម​ហ្វា។ និពន្ធ​ទំនុកច្រៀង​ដោយ​លោក​សួន សេ​បញ្ញា និង​បទ​ភ្លេង​ដោយ DJ វ៉ូ​ច។

    ជាមួយនឹង​បទ​ចម្រៀង​មួយ​នេះ​ត្រូវបាន​លោក Recky បញ្ជាក់ថា៖ «បើទោះជា​ខ្ញុំ​ធ្លាប់​ចេញ​បទ​ចម្រៀង​ទទួលបាន​ការគាំទ្រ​ច្រើន​ក៏ដោយ តែ​ខ្ញុំ​ក៏​មិនទាន់​ប្រាកដ​ក្នុង​ចិ​ត្ដ​ថា​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ដែរ​ព្រោះ​ជា​បទពិសោធ​ថ្មី​របស់ខ្ញុំ។ ម្យ៉ាង​អត្ថន័យ​របស់​បទ​នេះ​បាន​រិះគន់ចំៗទៅលើ​ស្ដ្រី​ខ្មែរ​ដែល​និយម​ស្លៀក​ខ្លី​ហួសហេតុ​ពេក ដូច្នេះ​ពួកគាត់​អាច​នឹងមិន​សប្បាយ​ចិ​ត្ដ​ជាមួយ​បទ​នេះ​ក៏​អាច​ថា​បានដែរ»

    លោក Recky បាន​បញ្ជាក់ថា ក្នុង​ស្នាដៃ​ថ្មី​ដែល​នឹង​ចេញ​នា​សប្ដាហ៍​ក្រោយនេះ លោក​ក៏បាន​ត្រៀម​ចិត្ដទ​ទួល​យក​រាល់​ការរិះគន់​ក្នុងន័យ​ស្ថាបនា​ពី​មហាជន​រួចហើយ​ដែរ​ដើម្បី​យកមក​អភិវឌ្ឍ​ខ្លួន​បន្ថែមទៀត ខណៈដែល​លោក​គ្រោង​នឹង​ចេញ​បទ​ថ្មី​ជា​បន្ដបន្ទាប់៕

  • ក្រសួងពាណិជ្ជកម្ម​ព្រមាន​ចាត់វិធានការ​លើ​ទំនិញ​ក្លែង​ម៉ាក​សញ្ញា

    ក្រសួងពាណិជ្ជកម្ម​ព្រមាន​ចាត់វិធានការ​លើ​ទំនិញ​ក្លែង​ម៉ាក​សញ្ញា

    ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ដោយ​ព្រមាន​ចាត់វិធានការ​ទៅលើ​ទំនិញ​បន្លំ​ម៉ាក​សញ្ញា​ទាំងឡាយណា​ដែល​ចរាចរ​លក់​នៅលើ​ទីផ្សារ​នាំឱ្យ​ប៉ះពាល់​ដល់​ទំនិញ​ដើម​របស់​ក្រុមហ៊ុន និង​ប៉ះពាល់​ដល់​ការអនុវត្ត​ច្បាប់​កម្ម​សិ​ទិ្ធ​បញ្ញា​នៅ​កម្ពុជា។

    ការព្រមាន​ខាងលើ​ធ្វើឡើង​នៅពេល​ឯកឧត្តម​អនុញ្ញាតឱ្យ​លោក ដូ​យ កុន​ចា (Doy Concha) នាយក​ក្រុមហ៊ុន​យូនីលីវើ​ប្រចាំ​ប្រទេស​កម្ពុជា និង​សហការី​ចូលជួប​ពិភាក្សា​ដើម្បី​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំងនឹង​ផលិតផល​ក្លែងបន្លំ​ម៉ាក​សញ្ញា​ក្នុងការ​ពង្រឹង​ច្បាប់​កម្មសិទ្ធិបញ្ញា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់។

    លោក ដូ​យ កុន​ចា នាយក​ក្រុមហ៊ុន​យូនីលីវើ​មានប្រសាសន៍​រាយការណ៍​ថា ក្រុមហ៊ុន​យូនីលីវើ បានធ្វើ​ប្រតិបត្តិការ​ធុរកិច្ច​នៅ​កម្ពុជា​រយៈពេល​ជាង 21ឆ្នាំ​មកហើយ ដោយសារតែ​មានការ​គាំទ្រ​ពី​អតិថិជន និង​រដ្ឋាភិបាល។ បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​បុគ្គលិក​បម្រើការ​ជិត2,000នាក់ ហើយ​គ្រោង​នឹង​នាំយក​ផលិតផលថ្មីៗទៀត​ចូលមក​កាន់​ទីផ្សារ​កម្ពុ​ជា ប៉ុន្តែ​ក្រុមហ៊ុន​កំពុង​ប្រឈម​ជាមួយ​ផលិតផល​យូនីលីវើ​នាំចូល​ដោយ​ខុសច្បាប់​ដែល​កំពុង​ចរាចរ​លក់​ក្នុងតម្លៃ​ទាប​ជាង​ផលិតផល​ក្រុមហ៊ុន​ដល់​ទៅ20% ហើយ​អាច​បណ្តាលឱ្យ​ប៉ះពាល់​សុខភាព​អ្នកប្រើប្រាស់​ទៀតផង។

    ជាការ​ឆ្លើយតប ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​សាទរ​ជាមួយ​វឌ្ឍនភាព​ក្រុមហ៊ុន​របស់​យូនីលីវើ និង​បានបង្ហាញ​ការគាំទ្រ​ចំពោះ​ប្រតិបត្តិការ​ធុរកិច្ច​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា។ ឯកឧត្តម​រដ្ឋមន្ត្រី បានផ្តល់​អនុសាសន៍​ដ​ល់អគ្គ​នាយកដ្ឋាន​កាំកុងត្រូល​ឱ្យធ្វើ​ការពិនិត្យ​លើ​ករណី​ផលិតផល​យូនីលីវើ​ក្លែងក្លាយ​នៅលើ​ទីផ្សារ និង​បាន​សំណូមពរ​ដល់​លោក ដូ​យ និង​សហការី សហការ​ផ្តល់ព័ត៌មាន​ជូន​ភ្នាក់ងារ​កាំកុងត្រូល​ដែលជា​សេនាធិការ​របស់​ក្រសួងពាណិជ្ជកម្ម​ដែលមាន​ភារកិច្ច​ត្រួតពិនិត្យ​ទំនិញ​នីហរ័ណ-អាហរ័ណ និង​បង្ក្រាប​ការ​ក្លែងបន្លំ។ បន្ថែម​លើសពីនេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​សំណូមពរ​ដល់​ក្រុមហ៊ុន​យូនីលីវើ​ឱ្យ​ពិចារណា​យក​គំរូ​តាម​ភាពជោគជ័យ​របស់​ក្រុមហ៊ុន​មួយចំនួន​ដោយ​ប្រើប្រាស់​ខេមរភាសា​លើ​ផលិតផល​ទាំងអស់​ដើម្បី​ធ្វើឱ្យមាន​ភាពខុសគ្នា​ជាមួយ​ផលិតផល​នាំចូល​ខុសច្បាប់ ដើម្បី​មន្ត្រី​កាំកុងត្រូល​នឹង​អាចធ្វើ​ការដកហូត​ផលិតផល​ទាំងអស់នោះ​នៅតាម​ទីផ្សារ​នានា​បាន៕

  • តើ​កម្ពុជា​នឹង​ទទួលបាន​ភាគលាភ​ដូចម្តេច​ពី​ការ​បូម​ប្រេង​នៅ​ប្លុក​ A

    តើ​កម្ពុជា​នឹង​ទទួលបាន​ភាគលាភ​ដូចម្តេច​ពី​ការ​បូម​ប្រេង​នៅ​ប្លុក​ A

    ភ្នំពេញៈ មាន​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​បាន​ចាប់អារម្មណ៍ និង​ចង់ដឹង​ពី​ផលប្រយោជន៍​ដែល​កម្ពុជា​នឹង​ទទួលបាន​ពី​ភាគលាភ​ពី​អណ្តូងប្រេង​នៅ​តំបន់​ប្លុក​Aរបស់​កម្ពុជា​ដែល​បាន​ចុះហត្ថលេខា​រវាង​ក្រសួង​រ៉ែ និង​ថាមពល​ជាមួយ​ក្រុមហ៊ុន KRISENERGY កាលពី​ថ្ងៃ​ម្សិលមិញ។

    យោងតាម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​សម្រាប់​ការអភិវឌ្ឍ​តំបន់​ប្រេងកាត​ប្លុក A របស់​ក្រុមហ៊ុន KRISENERGY កម្ពុជា​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ការអភិវឌ្ឍ​ជាច្រើន រួមមាន​អត្រា​កម្រៃ​សួយ​សារ ពន្ធ​លើ​ប្រាក់ចំណូល ពន្ធ​លើ​ប្រាក់ចំណូល​លើស​កម្រិត ពន្ធ​លើ​ការនាំចេញ ថ្លៃ​ជួល​ផ្ទៃដី​ប្រចាំឆ្នាំ ជាពិសេស​រាជរដ្ឋាភិបាល​ទទួលបាន​ភាគហ៊ុន5ភាគរយ​ពី​គម្រោង​អភិវឌ្ឍន៍​នេះ​ផងដែរ។

    លោក Kelvin Tang នាយក​ប្រតិបត្តិ​ក្រុមហ៊ុន KRISENERGY Ltd បាន​ថ្លែង​លើកឡើង​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កាលពី​ម្សិលមិញ​ថា ការអភិវឌ្ឍ​អណ្តូងប្រេង​ប្លុក​Aនេះ​នឹង​ក្លាយជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​សេដ្ឋកិច្ច និង​ប្រជាជន​កម្ពុជា​ក៏ដូចជា​សម្រាប់​ក្រុមហ៊ុន KRSIENERGY ផងដែរ។ ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ដំបូង​ក្នុងដំណាក់កាល​1A រួមមាន​តំបន់​ក្បាល​អណ្តូង​ដែល​បញ្ជា​ពី​ចម្ងាយ​មួយ​សម្រាប់​ទ្រទ្រង់​ដល់​អណ្តូង​បូម​ប្រេង​ចំនួន24នឹង​អាច​ធ្វើការ​បូម​បាន3ម៉ឺន​បារ៉ែល​ក្នុង​មួយថ្ងៃ​ទៅកាន់​នាវា​ផលិត​មួយ​ដែល​ធ្វើ​ប្រព្រឹត្ត​កម្ម​ប្រេង និង​ញែក​យក​ឧស្ម័ន ប្រេង និង​ទឹក​ចេញពី​គ្នា ។

    លោក​បន្តថា ភាគលាភ​ដែល​បែងចែក​រវាង​ក្រុមហ៊ុន និង​រដ្ឋាភិបាល​សម្រាប់​ការអភិវឌ្ឍ​អណ្តូង​ប្រេងកាត​សម្រាប់​ប្លុក​A កម្ពុជា​នឹង​ទទួលបាន​កម្រៃ​លើ​សួយ​សារ12.5ភាគរយ​នៃ​ផលិតកម្ម ពន្ធ​លើ​ប្រាក់ចំណូល 25ភាគរយ សម្រាប់​រយៈពេល5ឆ្នាំ​ដំបូង រាប់​ចាប់ពី​ឆ្នាំ​ដំបូង​ដែលមាន​ចំណូល​ជាប់ពន្ធ និង30ភាគរយ​សម្រាប់​ឆ្នាំ​បន្តបន្ទាប់។ ក្នុងនោះ​ចំពោះ​ពន្ធ​លើ​ប្រាក់ចំណូល​លើស​កម្រិត និង​ប្រសិនបើ​មាន​ប្រាក់ចំណូល​លើស​កម្រិត​នោះ ពន្ធ​ប្រាក់ចំណូល​លើស​កម្រិត​នឹងត្រូវ​អនុវត្ត​បន្ថែម​លើ​ប្រាក់ចំណូល​លើ​អត្រាកំណើន​តាម​ថ្នាក់​ចាប់ពី10ភាគរយ​ទៅ30ភាគរយ​ផងដែរ ។

    ចំណែក​ពន្ធ​លើ​ការនាំចេញ​ក៏បាន​កំណត់​ក្នុង​ចំនួន2ភាគរយ ថ្លៃ​ជួល​ផ្ទៃដី​ប្រចាំឆ្នាំ500ដុល្លារ​ក្នុង1គីឡូម៉ែត្រ​ការ៉េ គឺ​ចាប់​គិតពី​ថ្ងៃ​ចូល​ជា​ធរមាន រួមជាមួយ​រាជរដ្ឋាភិបាល​នឹង​ទទួលបាន​ភាគហ៊ុន5ភាគរយ​ក្នុងការ​ចូលរួម​អភិឌ្ឍន៍​នោះ​ផងដែរ។

    ទាក់ទិន​នឹង​ការអភិវឌ្ឍ​នេះ​លោក Kelvin Tang បាន​ថ្លែង​ឲ្យ​ដឹងថា ក្រុមហ៊ុន​ទទួលបាន​ការវិនិយោគ​លើ​ទំហំ​ផ្ទៃដី​ធ្វើ​អាជីវកម្ម​ទំហំ3,083គីឡូម៉ែត្រ​ការ៉េ ក្នុងនោះ​រាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​មាន​រយៈពេល25ឆ្នាំ គឺ​ចាប់​គិតពី​ថ្ងៃ​ចេញ​អាជ្ញាប័ណ្ណ​អនុញ្ញាត​ផលិតកម្ម​ដំបូង​នេះ​តទៅ៕