Author: វល័ក្ខ

  • ទូរ​ទស្ស​ន៏ LG OLED ឈ្នះ​ពានរង្វាន់ EISA AWARDS

    ទូរ​ទស្ស​ន៏ LG OLED ឈ្នះ​ពានរង្វាន់ EISA AWARDS

    ថ្មីៗនេះ ទូរទស្សន៍ LG OLED ត្រូវបាន​សមាគម​រូបភាព និង​សំឡេង​អឺរ៉ុប (EISA) ឱ្យឈ្មោះ​ជា​ទូរទស្សន៍ OLED ដ៏​ល្អ​បំផុត​ប្រចាំឆ្នាំ​ម្ដងទៀត ដែល​នេះ​ជា​ជ័យជម្នះ 5 ឆ្នាំ​ជាប់​គ្នា​សម្រាប់​បច្ចេកវិទ្យា OLED របស់ LG ។ ដោយ​ក្នុងនោះ ទូរ​ទស្ស​ន៏​ដំបូង​គេ​របស់ LG ដែល​ឈ្នះ​ពានរង្វាន់ EISA OLED TV 2017-2018 គឺ​ទូរទស្សន៍ OLED  ម៉ូ​ដែល (OLED65E7) ត្រូវបាន​គេ​កោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​គុណភាព​រូបភាព​ដ៏​ល្អឥតខ្ចោះ និង Wide Angle យ៉ាង​ធំ​ទូលាយ។

    ពានរង្វាន់ EISA ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ​ដោយមាន​ការចូលរួម​ពី​ក្រុម​ចៅក្រម​ផ្នែក​សម្រួល​ពី​ទស្សនា​វ​ដ្តី​សំឡេង​ដែលមាន​ឥទ្ធិពល (AV) ដែលមាន​មូលដ្ឋាន​នៅ​បណ្តា​ប្រទេស​អឺរ៉ុប សហរដ្ឋអាមេរិក និង អូស្ត្រាលី។ ការវិនិច្ឆ័យ​ផ្អែកលើ​បច្ចេកវិទ្យា​ការ​នៃ​ការ​រចនា​នឹង​ការច្នៃប្រឌិត​ខ្ពស់។

    សម្រាប់​ទូរទស្សន៍ LG ស៊េរី​ផ្សេងទៀត​ដែល​បានទទួល​ស្គាល់​នៅក្នុង​កម្មវិធី EISA AWARDS គឺ LG SUPER UHD TV (model 55SJ850V)។ លក្ខណៈពិសេស​របស់ LG SUPER UHD TV មានដូចជា៖ ព​ណ៏​ដែលមាន​ភាពច្បាស់​ល្អ រូបភាព​ផ្ដុំ​ជ្រុង​ធំ​ដែល​ជំរុញ​ដោយ​បច្ចេកវិទ្យា LG’s Nano Cell™ និង បំពាក់​ទៅដោយ webOS 3.5។  LG SUPER UHD TV ក៏បាន​បំពាក់​ទៅដោយ​បច្ចេកវិទ្យា Active HD ដែល​ធ្វើឱ្យ​ឈុត​ឆាក​ទាំងអស់​មាន​ភាពរ​ស់រ​វើក​មកពី​គ្រប់​ជ្រុង​ទាំងអស់។

    លើសពីនេះ​ទៀត LG Sound Bar (ម៉ូ​ដែល SJ9) ក៏បាន​ទទួល​ពានរង្វាន់ EISA  Sound bar 2017-2018 លើ​ការ​រចនា​យ៉ាង​ឆើតឆាយ​របស់​វា ជាមួយនឹង​សំឡេង​ច្បាស់​ល្អ​តាមរយៈ​ការបំពាក់​ទៅដោយ​បច្ចេកវិទ្យា Dolby Atmos ។ ជាមួយនឹង Dolby Atmos សំឡេង​អាចមាន​ប្រភព​ចេញពី​កន្លែង​ណាមួយ​នៃ dimensional space ទាំង 3។

    លោក Brian Kwon ប្រធាន​ក្រុមហ៊ុន LG Home Entertainment បាន​មាន​ប្រសា​ស​ន៏​ថា៖ ក្រុមហ៊ុន LG សូម​អរគុណ​ដល់​សមាជិក​នៃ​គណៈ​កម្ម​ធិ​ការ​ពានរង្វាន់ EISA ដែល​បាន​វិនិច្ឆ័យ និង​ទទួលស្គាល់​ជាថ្មី​ម្តងទៀត​លើ​បច្ចេកវិទ្យា OLED និង ឧបករណ៍​កម្សាន្ត​របស់​យើង។ លោក Brian Kwon ក៏បាន​មាន​ប្រសា​ស​ន៏​ទៀត​ដែរ​ថា ទូរទស្សន៍ OLED យើង និង​នៅតែ​បន្ត​ជា​អ្នកដឹកនាំ​នៅក្នុង​ទីផ្សារ premium TV ជាមួយនឹង​ផលិតផល​ដែល​ទទួលស្គាល់​សម្រាប់​ប​ច្ចេក​វិជ្ជា​ល្អឥតខ្ចោះ រូបភាព​ច្បាស់​ល្អ និង​រស់​រវើក៕

  • ចំនួន​ភ្ញៀវទេសចរ​ទស្សនា​ខេត្ត​ព្រះសីហនុ​កើនឡើង​ជាង 10%

    ចំនួន​ភ្ញៀវទេសចរ​ទស្សនា​ខេត្ត​ព្រះសីហនុ​កើនឡើង​ជាង 10%

    ភ្នំពេញ៖ បន្ទាប់ពី​ឆ្នេរសមុទ្រ​កម្ពុជា​ត្រូវបាន​ប្រកាស​ចូល​ជា​សមាជិក​ឆ្នេរសមុទ្រ​ស្អាត នៅលើ​ពិភពលោក ឬ​ហៅថា​តារា​រះ​នៅ​ទិសនិរតី​មក បានធ្វើឱ្យ​ឆ្នេរសមុទ្រ​កំពង់សោម កាន់​តែមាន​សក្តានុពល​ខ្លាំង​ឡើង​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ។

    ជាក់ស្តែង​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ រយៈពេល6ខែ ដើមឆ្នាំ2017 មាន​ចំនួន​ប្រមាណ​ជិត25ម៉ឺន​នាក់ កើនឡើង10.65%ដែល​ក្នុងនោះ​ទេសចរ​ជនជាតិ​ចិន​មាន​ចំនួន58,943នាក់ កើនឡើង132,43%ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2016 ដែល​កំណើន​ដ៏​ខ្លាំង​នេះ​បានបង្ហាញ​ឱ្យឃើញ​នូវ​ឱកាស​ការងារ​ដ៏​ធំធេង​សម្រាប់​កម្ពុជា​យើង។

    ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​មគ្គុទ្ទេសក៍​ទេសចរណ៍​តំបន់ឆ្នេរ​ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍​ជំរុញ​ឱ្យ​យុវជន​នៅ​តំបន់ឆ្នេរ​ខិតខំ​ពង្រឹងសមត្ថភាព​ឱ្យ​កាន់តែខ្លាំង​ឡើង​ដើម្បី​ក្លាយជា​មគ្គុទ្ទេសក៍​ទេសចរណ៍​ដ៏​ពូកែ​ឆ្លើយតប​នឹង​សេចក្តីត្រូវការ​របស់​ទេស​ចរ​ដែល​មក​ទស្សនា​តំបន់ឆ្នេរ​ដ៏​ច្រើន​កុះករ​ក្រោយ​ចូល​ជា​សមាជិក​នៃ​ក្លិប​ឆ្នេរ​ដ៏​ស្អាត​បំផុត​លើ​ពិភពលោក។ ឯកឧត្តម​មានប្រសាសន៍​ថា វគ្គ​បណ្តុះបណ្តាល​នេះ​គឺជា​ការផ្តល់​ជំនាញ និង​ការងារ​ជូន​យុវជន​កម្ពុជា ជា​យុទ្ធសាស្ត្រ​អាទិភាព​មួយ​ដែល​ក្រសួងទេសចរណ៍​បាន​យកចិត្តទុកដាក់​ខ្ពស់​ដើម្បី​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព និង​បរិ​យា​បន្នដោយ​ឈរលើ​ទស្សនទាន «ស្អាត និង​បៃតង»។ ក្នុងន័យនេះ ក្រសួង​បាន​លើកទឹកចិត្ត​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល និង​ភាគី​ពាក់ព័ន្ធ​នានា​ឱ្យ​ខិតខំ​បណ្ដុះបណ្ដាល​អ្នក​កំពុង​បម្រើ​ការងារ និង​យុវជនក្មេងៗឱ្យទទួល​បាន​ជំនាញ​ច្បាស់លាស់​ស្របតាម​ស្តង់ដារ​កម្មវិធីសិក្សា និង​វិធី​អភិវឌ្ឍន៍​ជំនាញ​ទេសចរណ៍ ដែល​ក្រសួងទេសចរណ៍​បាន​ផ្សព្វផ្សាយ​និង​ដាក់ឱ្យ​ប្រើប្រាស់។

    សូម​រំឭកថា ដោយមាន​សុខសន្តិភាព និង​សុវត្ថិភាព​ពេញ​ផ្ទៃ​ប្រទេស ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​មានកា​រ​កើន​ឡើងជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។ ជាក់ស្តែង​កាលពី​ឆ្នាំ2016 កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ជាង5លាន​នាក់ ក្នុង​កំណើន5% នាំ​ចំណូល​ចូលជាតិ​ប្រមាណ3,400លាន​ដុល្លារ ស្មើនឹង13.5នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) និង​បាន​បង្កើត​ការងារ​ផ្ទាល់​ប្រមាណ62ម៉ឺន​នាក់ ស្មើនឹង13%នៃ​ការងារ​សរុប។ 6ខែ​ដើមឆ្នាំ2017នេះ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរ​ជាតិប្រមាណ2,6លាន​នាក់​កើនឡើង​ប្រមាណ12,8% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ2016 ។ ជា​ចក្ខុវិស័យ​ឆ្នាំ 2020 កម្ពុជា​រំពឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ7លាន​នាក់ នាំ​ចំណូល​ចូលជាតិ​ប្រមាណ5ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​ផ្ទាល់​ជិត1លាន​នាក់៕

  • កម្ពុជា-ថៃ ត្រៀម​រៀបចំ​សិក្ខាសាលា​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ

    កម្ពុជា-ថៃ ត្រៀម​រៀបចំ​សិក្ខាសាលា​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ

    ភ្នំពេញ៖ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ថៃ​ពិសេស​បង្កើន​ការនាំ​ចេញពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ថៃ​សំដៅ​កាត់បន្ថយ​គម្លាត​ពាណិជ្ជ​កម្ម​នាំចេញ-នាំចូល​នោះ​កម្ពុជា-ថៃ ត្រៀម​រៀបចំ​សិក្ខាសាលា​មួយ​ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់តែ​ប្រសើរឡើង។

    ក្នុងជំនួប​ទ្វេភាគី​ជាមួយ​ឯកឧត្តម ដាម ប៊ុន​ថាំ អគ្គរាជទូត និង​អនុប្រធាន​បេសកកម្ម​ប្រចាំ​ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​នៅ​កម្ពុជា​នេះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​មានប្រសាសន៍​សង្កត់ធ្ងន់​ថា ការរៀបចំ​សិក្ខាសាលា និង​ជំនួប​ពាណិជ្ជករ​ខាងលើ​គ្រោង​នឹងធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​នា​ថ្ងៃទី12 ខែកញ្ញា ឆ្នាំ2017 ដើម្បី​ពិភាក្សា​ទៅលើ​វិស័យ​មួយចំនួន​ដូចជា​វិស័យ​កសិកម្ម វិនិយោគ និង​ដឹកជញ្ជូន ដែលជា​វិស័យ​សំខាន់​ក្នុង​កិច្ច​សម្រួល​ពាណិជ្ជកម្ម។ ទន្ទឹមនឹងនេះ ភាគី​ទាំងពីរ​ក៏បាន​ឯកភាពគ្នា​រៀបចំ​ឱ្យមាន​ការជួបពិភាក្សា​ដោយផ្ទាល់​រវាង​សភាពាណិជ្ជកម្ម និង​ពាណិជ្ជករ​នៃ​ប្រទេស​ទាំងពីរ ជាពិសេស​អ្នក​នាំចេញ​ផលិតផល​ខ្មែរ សមាគម​កសិករ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៃ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ។

    របាយការណ៍​ពាណិជ្ជកម្ម​នៃ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា​បង្ហាញថា ឆ្នាំ2017នេះ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ថៃ​នឹង​កើន​ដល់​ទឹកប្រាក់ 5,800 លាន​ដុល្លារ​អាមេរិក កើនឡើង​ប្រមាណ​ជា3.6%។ ការកើនឡើង​សម្រាប់​ឆ្នាំ2017 គឺជា​សញ្ញា​ល្អ​ឡើងវិញ​រវាង​ប្រទេស​ទាំងពីរ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ កាលពី​ឆ្នាំ2016កន្លងទៅ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ថៃ មាន​ទំហំ​ទឹកប្រាក់​តែ 5,600លាន​ដុល្លារ​អាមេរិក។

    គួរ​បញ្ជាក់ថា ផលិតផល​ដែល​កម្ពុជា​នាំ​ចេញទៅ​ប្រទេស​ថៃ​រួមមាន​ដូចជា ពោត ដំឡូង​មី សណ្តែក ជាដើម ខណៈ​ប្រទេស​ថៃ​នាំ​ចូលមក​កម្ពុជា​វិញ​មានដូចជា​គ្រឿងឧបភោគ​បរិភោគ គ្រឿងសម្អាង សម្រាប់​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ គ្រឿងចក្រ ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច ប្រេងឥន្ធនៈ និង​សម្ភារ​សំណង់​ជាដើម៕

  • Motorola វិល​ចូល​ទីផ្សារ​កម្ពុជា

    Motorola វិល​ចូល​ទីផ្សារ​កម្ពុជា

    ជិត10 ឆ្នាំក្រោយ​បាត់​មុខ​ពី​ទីផ្សារ​ទូរស័ព្ទ​កម្ពុជា ពេលនេះ​ក្រុមហ៊ុនទូរស័ព្ទ Motorola បាន​វិលត្រឡប់​ចូល​មកវិញហើយ ជាមួយនឹង​ការដាក់​បង្ហាញ​ផលិត​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ចុងក្រោយ​បំផុត នាឡិកា​ឆ្លាត​វៃ និង​គ្រឿង​ប្រើប្រាស់​ជាច្រើន​ទៀត។

    តាម​ការ​ឱ្យដឹងពី​លោក Nheb Chantha ជា​អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន ECI Distribution Co., Ltd ដែលជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ចែកចាយ​ផ្ដាច់មុខ​ទូរស័ព្ទ Motorola ទូទាំងប្រទេស​បានឱ្យដឹង​ថា Motorola ជា​ម៉ាក​សញ្ញា​ក្រុមហ៊ុនទូរស័ព្ទ​ដែល​ល្បីល្បាញ​មួយ​ក្នុង​ពិភព​ស្មា​ត​ហ្វូ​ន ប៉ុន្ដែ​បាន​បាត់​មុខ​ពី​ទីផ្សារ​កម្ពុជា​ជាច្រើន​ឆ្នាំ និង​ទើបតែ​ពេលនេះ​ត្រូវបាន ECI យក​ចូល​មកវិញ ដោយមាន​ក្រុមហ៊ុន NMKH Limited ជា​អ្នក​ចែកចាយ​បន្ដទៅ​គ្រប់​ហាង​ទូរស័ព្ទ។

    អ្នកគ្រប់គ្រង​ទូទៅ​រូបនេះ​ថ្លែងថា៖ «ដូច​អ្វីដែល​យើង​បានដឹងហើយថា Motorola កាលពីមុន​គឺ​ទទួលបាន​ការ​គាំ​ច្រើនណាស់​ពី​អ្នកប្រើប្រាស់​ខ្មែរ​យើង ប៉ុន្តែ​ដោយ​គ្មាន​ក្រុមហ៊ុន​នាំចូល​ផ្លូវការ​ទើប​វា​ស្ងាត់​ទៅវិញ។ ប៉ុន្ដែ​ពេលនេះ យើង​នឹង​ធ្វើឱ្យ​វា​ល្បីល្បាញ​ម្ដងទៀត»

    លោក Liu Wenchuan អ្នកគ្រប់គ្រង​ផ្នែក​ទូរស័ព្ទ Motorola សម្រាប់​ទីផ្សារ​កម្ពុជា បានឱ្យដឹង​ដែរ​ថា Motorola ជា​ប្រភេទ​ឧស្សាហកម្ម​ទូរស័ព្ទ​ចល័ត​ដែល​ត្រូវបាន​ច្នៃប្រឌិត​ឡើង​ដោយ​បច្ចេកវិទ្យា​ខ្ពស់​ស្របតាម​យុគសម័យ​បច្ចុប្បន្ន ដើម្បី​ផ្តល់ជូន​នូវ​ភាពងាយស្រួល​កាន់តែ​ប្រសើរ។ អស់​រយៈពេល 80 ឆ្នាំ​មកហើយ ដែល​ក្រុម​វិស្វករ Motorola បានធ្វើការ​ស្រាវជ្រាវ​ទៅលើ​ការច្នៃប្រឌិត​ថ្មី និង​ស្វែងរក​នូវ​វិធីសាស្ដ្រថ្មីៗក្នុងការ​ដោះស្រាយ​បញ្ហាផ្សេង។ យើង​ជឿជាក់ថា​លក្ខណៈពិសេសថ្មីៗនិង​បច្ចេកវិទ្យាទំនើបៗនៃ​ទូរស័ព្ទដៃ​ចល័ត​មួយ​នេះ​នឹង​ពាំ​នាំមក​នូវ​ប្រជាប្រិយភាព និង​បំពេញ​នូវ​តម្រូវការ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា។

    សម្រាប់​ថ្ងៃ​វិល​ចូល​ទីផ្សារ​នេះ ក្រុមហ៊ុន​បានដាក់​ចេញ​នូវ​ស្មា​ត​ហ្វូ​ន Motorolamoto z ដែល​ទូរស័ព្ទ​នេះ​មាន​អេក្រង់ 5.5 អ៊ី​ញ ប្រភេទ QHD ទំហំ Ram 4GB និង​ថាមពល​ថ្ម 2600mAh ដាក់​ក្នុងតម្លៃ​ប្រមាណ 659 ដុល្លារ ហើយ​ទូរស័ព្ទ moto z2 Play អេក្រង់ 5.5 អ៊ី​ញ ប្រភេទ QHD ទំហំ Ram 4GB និង​ថាមពល​ថ្ម 3000mAh ដាក់​ក្នុងតម្លៃ​ប្រមាណ 555 ដុល្លារ។ ក្រៅពីនេះ ក្រុមហ៊ុន​ក៏មាន​នាំចូល​ទូរស័ព្ទ​ធូរ​ថ្លៃ​ដូចជា moto m,moto g5 Plus,moto e4,moto e4 Plus,moto c និង moto c Plus ផងដែរ៕

  • ធ្លាយ​រឿង អាង សុនី​តា ខឹង​សុខ ដែន និយាយ​ពី​រឿង​ជញ្ជក់មាត់​ Free

    ធ្លាយ​រឿង អាង សុនី​តា ខឹង​សុខ ដែន និយាយ​ពី​រឿង​ជញ្ជក់មាត់​ Free

    បន្ទាប់ពី​តារា​សម្ដែង សុខ ដែន បង្ហើប​ថា កញ្ញា អាង សុនី​តា ដែល​ទទួល​សម្ដែង​ឱ្យ​លោក​ក្នុង​បទ «មន្ត​គាថា​ស្នេហ៍» មាន​ឈុត​ឆាក​ថើប​ជញ្ជក់មាត់​ដោយ​នាង​មិន​គិតថ្លៃ​រួចមក ក៏មាន​ព័ត៌មាន​លេច​ឮថា តារា​សម្ដែង​ស្រី​រូបនេះ​កំពុងតែ​ខឹង​យ៉ាងខ្លាំង​គ្រា​ដែល​ចាត់ទុកថា ការលើកឡើង​បែបនេះ​ហាក់​មិនឱ្យ​តម្លៃ​នាង។

    ចាប់តាំងពី​កញ្ញា អាង សុនី​តា ចាប់​អាជីព​សម្ដែង​មក​នាង​ពុំដែល​សម្ដែង​ឈុត​ស្និទ្ធស្នាល​ថើប​ជញ្ជក់មាត់​ជាមួយ​តារា​សម្ដែង​ប្រុស​រូប​ណា​ឡើយ ទើបតែ​ក្នុង​បទ «មន្ត​គាថា​ស្នេហ៍» មួយ​នេះ​ទេ​ដែល​នាង​សម្ដែង​ក្នុង​ឈុត​នេះ។ តាម​ព័ត៌មាន​លេចឮ​ពី​អ្នកសិល្បៈ​ផ្សេង​ទៀតថា អាង សុនី​តា កំពុងតែ​ខឹង​យ៉ាងខ្លាំង​ចំពោះ​ការលើកឡើង​របស់លោក សុខ ដែន ហាក់ដូចជា​មិនឱ្យ​តម្លៃ​នាង​គ្រា​ដែល​នាង​ខំ​លះបង់​ឈុត​សម្ដែង​បឺត​ជ​ញ្ជា​ក់​មាត់​ដែល​នាង​មិន​ធ្លាប់​សម្ដែង​ពីមុនមក។

    ទោះយ៉ាងណា​យើង​ពុំ​អាច​សុំ​ការបំភ្លឺ​ពី​កញ្ញា អាង សុនី​តា បានទេ តែ​ដោយឡែក​លោក​សុខ ដែន បាន​ប្រាប់ថា លោក​គ្មាន​បំណង​ចង់​លើកឡើង​ក្នុងន័យ​មិន​ផ្ដល់​តម្លៃ​ឱ្យ​កញ្ញា អាង សុនី​តា ទេ ផ្ទុយទៅវិញ​លោក​ចង់បង្ហាញ​ពី​ការ​រាប់អាន​រវាង​លោក និង​នាង ដែល​សុខ​ចិ​ត្ដ​ជួយ​សម្ដែង​ឱ្យ​លោក​ដោយ​ឥតគិតថ្លៃ និង​ថែមទាំង​លះបង់​ច្រើន​ទៀតផង។

    លោក​សុខ ដែន បញ្ជាក់ថា៖ «ខ្ញុំ​អត់​ដឹង​ច្បាស់​ថា នាង​ខឹង​រឿង​អ្វី​ទេ តែ​យ៉ាងណា​ក៏​ខ្ញុំ​សុំទោស​ពី​ចម្ងាយ​ផង​ប្រសិនបើ​ការលើកឡើង​ខុសឆ្គង​ដោយ​ប្រការ​ណាមួយ។ ជាង​នេះ​ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ដោយ​កញ្ញា អាង សុនី​តា រួម​និង​លោក ពៅ គី​សាន់ ហៅ​នាយ​ឆើត លោក​វង់ ណ​យ និង​តារា​សម្ដែង​ដទៃទៀត​ដែល​ជួយ​ក្នុង​ការសម្ដែង​បទ​នេះ»៕

  • លោក Klopp៖ ការជួប​ជាមួយនឹង​ក្រុម Arsenal គឺជា​ការសាកល្បង​សមត្ថភាព​របស់​យើង

    លោក Klopp៖ ការជួប​ជាមួយនឹង​ក្រុម Arsenal គឺជា​ការសាកល្បង​សមត្ថភាព​របស់​យើង

    លោក Jurgen Klopp អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Liverpool នៅតែ​ជឿជាក់ថា ការជួប​ជាមួយនឹង​ក្រុម Arsenal នៅ​ថ្ងៃអាទិត្យ​នេះ នឹង​សាកល្បង​សមត្ថភាព​ក្រុម​របស់លោក បើទោះបី​ក្រុម​កាំភ្លើង​ធំ​មួយ​នេះ​បាន​ធ្លាក់​ចេញពី​ក្របខ័ណ្ឌ Champions League ក៏ដោយ។

    ក្រុម Arsenal បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ5 ក្នុង​ក្របខ័ណ្ឌ Premier League កាលពី​រដូវ​កាល​មុន និង​បាន​ខកខាន​ក្នុងការ​ឈ្នះ​កៅអី​ទៅលេង​ក្នុង​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប ជា​លើក​ទី1 បើ​គិត​ចាប់តាំងពី​លោក Arsene Wenger បាន​ចូលកាន់​តំណែង​ក្នុងនាម​ជា​គ្រូបង្វឹក​កាលពី​ឆ្នាំ1996មក។ ប៉ុន្តែ លោក Klopp នៅតែ​គិតថា ពួកគេ​គឺជា​ក្រុម​មួយ​ក្នុងចំណោម​ក្រុម​ដ៏​ខ្លាំង​បំផុត​របស់​កីឡាបាល់ទាត់​អង់គ្លេស ហើយ​លោក​រំពឹងទុក​ថា នឹងមាន​ការប្រកួត​ដ៏​ស្វិតស្វាញ​មួយ បើទោះបី​ក្រុម Liverpool ដណ្តើមបាន​ជ័យជម្នះ​ទាំង​ការប្រកួត​ក្នុង និង​ក្រៅ​ទឹកដី​លើ​ក្រុម​កាំភ្លើង​ធំ​កាលពី​រដូវ​កាល​មុន​ក៏ដោយ។ លោក Klopp បាន​ឲ្យ​ដឹងថា៖ «Arsenal នៅតែ​ជា​ក្រុម​ដ៏​ខ្លាំង​មួយ។

    កីឡាករ Alexis Sanchez អាច​នឹង​វិល​ចូល​លេង​នៅលើ​ទីលាន​ជា​លើក​ទី1 ហេតុនេះ​វត្តមាន​របស់គេ​នឹង​ផ្តល់នូវ​ការជឿជាក់​ដល់​ក្រុម​នេះ ហើយ​ពិតណាស់ វា​នឹង​ផ្តល់នូវ​ការ​មានប្រៀប​ដល់​ក្រុម Arsenal»។ គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​បាន​បន្ថែមទៀតថា៖ «វា​ពិតជា​ការប្រកួត​ដ៏​សំខាន់​ខ្លាំងណាស់។ កាលពី​ឆ្នាំមុន យើង​មាន​កំណត់ត្រា​យ៉ាង​ល្អ​នៅពេល​ប្រកួត​ជាមួយនឹង​ក្រុមខ្លាំងៗទាំង6»។ ក្រុម Liverpool និង Arsenal បាន​ជួប​លទ្ធផល​ខុសគ្នា​ស្រឡះ​កាលពីពេលថ្មីៗនេះ ដោយ​ក្រុម​ហង្ស​ក្រហម​បានចាប់ផ្តើម​យុទ្ធនាការ​ក្របខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ​ដោយ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ 3-3 ជាមួយនឹង​ក្រុម Watford មុននឹង​យកឈ្នះ​លើ​ក្រុម Crystal Palace 1-។ ដោយឡែក ក្រុម Arsenal បាន​យកឈ្នះ​លើ​ក្រុម Leicester ទាំង​ប្រផិតប្រផើយ​ក្នុង​លទ្ធផល 3-2 កាលពី​ថ្ងៃ​បើកឆាក មុននឹង​ចាញ់​ក្រុម​ម្ចាស់ផ្ទះ Stoke 1-។ ស្របពេល​ជាមួយគ្នានេះ ក្រុម Liverpool ទើបតែ​មានការ​ជឿជាក់ តាមរយៈ​ការឈាន​ទៅ​វគ្គ​ចែក​ពូ​ល​នៃ​ក្របខ័ណ្ឌ Champions League ក្រោយពី​បានបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​ដើម្បី​ផ្តួល​ក្រុម Hoffenheim ក្នុង​លទ្ធផល 4-2។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង10យប់៕

    ប្រភពពី៖ Sport24

  • ផ្សារ​រាត្រី​កុងតឺន័រ​មួយទៀត​នឹង​បើក​ដំណើរការ​នៅថ្ងៃនេះ

    ផ្សារ​រាត្រី​កុងតឺន័រ​មួយទៀត​នឹង​បើក​ដំណើរការ​នៅថ្ងៃនេះ

    ភ្នំពេញៈ ផ្សារ​រាត្រី​កុងតឺន័រ​មួយទៀត​នឹង​បើក​ដំណើរការ​ជា​ផ្លូវការ​ល្ងាច​ថ្ងៃទី26 សីហា​នេះ​បន្ទាប់ពី​ចំណាយពេល​រៀបចំ​អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមកនេះ។

    ផ្សារ​កុងតឺន័រ​ថ្មី​នេះ​មានឈ្មោះ Arts Container Market ដែលមាន​ទីតាំង​នៅក្នុង​តំបន់​អតីត​បឹងកក់ ឬ ​CITY Centerដែលជា​តំបន់​មួយ​កំពុងមាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស។

    អ្នកវិនិយោគ​ផ្សារ​ទំនើប​នេះ លោក ប៊ុន សេង បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ការបង្កើត​អាជីវកម្ម​នេះ (Art’s Container Market) គឺ​ដើម្បី​គាំទ្រ​ទាំង​អាជីវកម្ម​ដែល​បង្កើត​ថ្មី​ក្នុងស្រុក និង​ក្រៅ​ស្រុក​ក្នុងការ​បំពេញតម្រូវកា​រ​ដល់​អតិថិជន។ ការបង្កើត​កន្លែង​អាជីវកម្ម​នេះ​មិនមែនជា​លើកដំបូង​ទេ សំណង់​ផ្សារ​កុងតឺន័រ​ជិត80តូប​ដែល​ស្ថិតក្នុង​ផ្ទៃដី​ជិត3ពាន់​ម៉ែត្រការ៉េ​បាន​ខិតខំ​ធ្វើការ​ឌី​ហ្សា​ញ​ជា​លក្ខណៈ​ស្តង់ដារ​ថ្មី​ដោយ​ផ្តោត​សំខាន់​ទៅលើ​ទម្រង់​សិល្បៈ​ដែល​កំពុង​ពេញនិយម​សម្រាប់​ប្រជាជន​កម្ពុជា។

    លោក ប៊ុន សេង បាន​សម្តែង​សុ​ទិ្ទ​ដ្ឋិ​និយម និង​រំពឹង​ទទួលបាន​ជោគជ័យ​ពី​ផ្សារ​ទំនើប​នៅ​កម្ពុជា។

    ផ្សារ​រាត្រី​កុងតឺន័រ​បាន​រីកដុះដាល​យ៉ាងច្រើន​នៅ​កម្ពុជា​ទាំង​នៅ​រាជធានី​ភ្នំពេញ ក្រុងព្រះសីហនុ និង​ខេត្តសៀមរាប បន្ទាប់ពី​ផ្សារ​រាត្រី Jet Container Night Market ដែលមាន​ទីតាំងនៅ​ទល់មុខ​រដ្ឋសភាជាតិ​បាន​បើក​ដំណើរការ និង​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​រួចមក៕

  • ADB ៖ សេដ្ឋកិច្ចកម្ពុជាអាចសម្រេចបាន6.9ភាគរយក្នុងឆ្នាំ2018

    ADB ៖ សេដ្ឋកិច្ចកម្ពុជាអាចសម្រេចបាន6.9ភាគរយក្នុងឆ្នាំ2018

    ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើនត្រឹម6.9ភាគរយនៅឆ្នាំ2018ខាងមុខនេះជាការព្យាករមួយមានភាពស្រដៀងគ្នានឹងការព្យាកររបស់ធនាគារពិភពលោក និងមូលនិធិរូបិយប័ណ្ណអន្តរជាតិដែរ។

    ថ្លែងនៅក្នុងជំនួបជាមួយឯកឧត្តមសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីពេលថ្មីៗនេះ លោក ក្សាត្រាប៉ាទី ស៊ីវ៉ាជី (Kshratrapati Shivaji) នាយកប្រតិបត្តិនៃធនាគាADBបានថ្លែងលើកឡើងថា សេដ្ឋកិច្ចកម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសស្ថានភាពការរីកចម្រើននៃសេដ្ឋកិច្ចដែលសម្រេចបានកំណើនក្នុងរង្វង់7ភាគរយក្នុងរយៈពេល2ទស្សវត្សរ៍មកនេះក្នុងនោះបើតាមការព្យាករកំណើនសេដ្ឋកិច្ចនៅកម្ពុជានឹងអាចសម្រេ​ចបានប្រមាណ6.9ភាគរយនៅក្នុងឆ្នាំ2018ផងដែរ នេះគឺជាចក្ខុវិស័យចំពោះអនាគតកម្ពុជាដែលនៅតែសម្រេចបានមានលក្ខណៈវិជ្ជមាន។

    លោកបានលើកឡើងទៀតថា សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងរក្សាកំ​ណើនសេដ្ឋកិច្ចរយៈពេលវែងប្រកបដោយចីរភាពក្នុងរង្វង់7ភាគរយក្នុងមួយឆ្នាំៗ និងបានកាត់បន្ថយភាពក្រីក្របានលើស1ភាគរយក្នុងមួយឆ្នាំផងដែរ។ ការបន្តសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់បែបនេះនឹងធ្វើឲ្យចំណូលជាតិសរុបសម្រាប់ប្រជាជនម្នាក់ៗកើនឡើងដល់1,434ដុល្លារអាមេរិកនៅក្នុងឆ្នាំ2017 និងអាចរក្សាបានអតិផរណាជាមធ្យមប្រចាំឆ្នាំស្ថិតក្នុងរង្វង់3.5ភាគរយក្នុងមួយឆ្នាំ៕

  • ក្លិប Barcelona បំពេញ​ការចុះហត្ថលេខា​ជាមួយ Dembele ពី​ក្លិប Dortmund ជា​ផ្លូវការ​ហើយ

    ក្លិប Barcelona បំពេញ​ការចុះហត្ថលេខា​ជាមួយ Dembele ពី​ក្លិប Dortmund ជា​ផ្លូវការ​ហើយ

    ក្លិប​យក្ស Barcelona បាន​បំពេញ​ការចុះហត្ថលេខា​ជាមួយនឹង​ខ្សែបម្រើ​ប្រយុទ្ធ Ousmane Dembele ពី​ក្លិប Borussia Dortmund របស់​អាល្លឺម៉ង់​ក្នុង​កិច្ចសន្យា​រយៈពេល5ឆ្នាំ​ក្នុងតម្លៃ​ខ្លួន​ជា​កំណត់ត្រា​របស់​ក្លិប​ចំនួន105លាន​អឺរ៉ូ (ស្មើនឹង125លាន​ដុល្លារ​អាមេរិក) បូក​ទាំង​ប្រាក់ឧបត្ថម្ភ​ចំនួន42លាន​អឺរ៉ូ​ផ្សេងទៀត។ នេះ​បើ​យោងទៅតាម​ការបញ្ជាក់រ​បស់​ក្លិប​អេ​ស្ប៉ា​ញ​មួយ​នេះ កាលពី​ថ្ងៃ​សុក្រ។

    ខ្សែបម្រើ​អន្តរជាតិ​បារាំង Dembele បាន​ស៊ុត​បាល់​បញ្ចូល​ទី10គ្រាប់ និង​ជួយ​ឲ្យ​មិត្ត​រួម​ក្រុម​រកបាន20គ្រាប់​ផ្សេងទៀត​ក្នុង​រាល់​យុទ្ធនាការ​ទាំងអស់​ដើម្បី​ជួយ​ឲ្យ​ក្រុម Dortmund បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ2នៅលើ​តារាង​ក្របខ័ណ្ឌ Bundesliga កាលពី​រដូវ​កាល​មុន។ ក្រុម​នេះ​ក៏បាន​ឈ្នះ​ពាន German Cup ផងដែរ។ សេចក្តីប្រកាស​មួយ​ពី​ក្លិប Barca បាន​បញ្ជាក់ថា Dembele នឹងធ្វើ​ដំណើរ​ទៅដល់​ទីក្រុង Barcelona នៅ​ថ្ងៃអាទិត្យ​ស្អែក​នេះ ហើយ​និង​ត្រូវ​ពិនិត្យ​សុខភាព​នៅ​ថ្ងៃ​ចន្ទ​មុនពេល​ចុះហត្ថលេខា​លើ​កុងត្រា​មួយ​ដែល​នឹងមាន​លក្ខខណ្ឌ​រំលាយ​កិច្ចសន្យា​ក្នុង​ទឹកប្រាក 400លាន​អឺរ៉ូ។ រូបគេ​ក៏​នឹងត្រូវ​ប្រកាស​ជា​កីឡាករ​របស់ Barca ជា​ផ្លូវការ​នៅ​ថ្ងៃ​ចន្ទ​ដដែល​នោះ​ផងដែរ នៅឯ​កីឡដ្ឋាន Nou Camp របស់​ក្លិប​នេះ។

    Barcelona បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​លើ​គេហទំព័រ​របស់ខ្លួន​ថា៖ «ពិតណាស់ រូបគេ​ជា​កីឡាករ​ដ៏​មាន​ទេពកោសល្យ​ម្នាក់ និង​ជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ទ្វីប​នេះ»។ ភ្លាមៗក្រោយពី​ការប្រកាស​របស់​ក្លិប Barceona សេចក្តីប្រកាស​មួយ​ពី​ក្លិប Dortmund ក៏បាន​អះអាង​ពី​ការលក់​កីឡាករ​រូបនេះ​ផងដែរ។ ក្លិប​ស្ថិតក្នុង​ក្របខ័ណ្ឌ Bundesliga មួយ​នេះ បាន​ឲ្យ​ដឹងថា៖ «ក្លិប FC Barcelona នឹងត្រូវ​ទូទាត់​សំណង​ពី​ការផ្ទេរ​ក្នុង​ទឹកប្រាក់​ដុល​ចំនួន105លាន​អឺរ៉ូ។ ក្រៅពី ក៏មាន​ការព្រមព្រៀង​គ្នា​មួយ​ទៅលើ​សំណងផ្សេងៗទៀត​ដែលមាន​ចំនួន​រហូតដល់​ទៅ40ភាគ​នៃ​តម្លៃ​ខ្លួន​ក្នុងការ​ផ្ទេរ​នេះ»៕

    ប្រភពពី៖ BBC

  • គីមី​ទៀតហើយ! អាហារ​គ្រឿង​សមុទ្រ​នៅ​កំពង់សោម

    គីមី​ទៀតហើយ! អាហារ​គ្រឿង​សមុទ្រ​នៅ​កំពង់សោម

    ភ្នំពេញ៖ ជាទូទៅ​នៅពេល​ធ្វើដំណើរ​ទៅ​លម្ហែកាយ​នៅ​តំបន់​មាត់សមុទ្រ អ្នកទេសចរ​មិន​ថា​ខ្មែរ​ឬ​បរទេស​នោះទេ​តែង​ប៉ងប្រាថ្នា​ញ៉ាំ​គ្រឿង​សមុទ្រស្រស់ថ្មីៗគ្មាន​សារធាតុ​គីមី​ទើប​ស្រង់​ចេញពី​ទឹកសមុទ្រ។ ប៉ុន្តែ​មិនមែន​ដូច្នោះ​ទេ ព្រោះ​កាលពី​ម្សិលមិញ​នេះ​មន្ត្រី​កាំកុងត្រូល​ដែល​ចុះ​ពិនិត្យ​ទំនិញ​ដាក់លក់​នៅ​ទីនោះ​បាន​រកឃើញ​ទៀតហើយ គឺ​បន្លែ 4ប្រភេទ និង​គ្រឿង​សមុទ្រ​ផងដែរ​នោះ​មាន​ផ្ទុក​ទៅដោយ​សារធាតុ​គីមី​ខ្ពស់​ដែលនាំឱ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ។

    ក្នុង​ប្រតិបត្តិការ​របស់​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល​ដែលមាន​រថយន្ត​មន្ទី​ពិសោធ​ចល័ត និង​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម អាជ្ញាធរ​ដែនដី បានធ្វើ​តេស្ត​បឋម​លើ​ផលិតផល​ម្ហូបអាហារ សរុប​ចំនួន77គំរូ ក្នុងនោះ​មាន​គ្រឿង​សមុទ្រស្រស់ៗ (បង្គា មឹក) ចំនួន 36គំរូ និង​បន្លែ ផ្លែឈើ និង​ខ្ញី​ហាន់​រួច ជ្រក់​គ្រប់​ប្រភេទ ត្រីប្រឡាក់ សាច់ជ្រូក​ងៀត ស​សៃ​គុយទាវ បាញ់​កាញ់ ប្រហិត យ៉ាវ​ហេ ប្រហុក សរុប​ចំនួន41គំរូ​ផ្សេងទៀត ដើម្បី​រកសារ​ធាតុគីមី​ហាមឃាត់​លើ​ម្ហូបអាហារ​ដែល​ដាក់តាំង​លក់​នៅក្នុង​ផ្សារលើ។

    ជា​លទ្ធផល​ការធ្វើ​តេស្ត​បឋម​លើ​ផលិតផល​ម្ហូបអាហារ​ខាងលើ​យើង​បាន​រកឃើញ និង​ដកហូត​ផលិតផល​ដែលមាន​បញ្ហា​ចំនួន4គំរូ​បាន​ចំនួន​សរុប 35.80kgs ដែលមាន​ដូចខាងក្រោមៈ

    1.មឹក​ស្រស់​មួយ​គំរូ​មាន​សារ​ធាតុគីមី​ហាមឃាត់ FORMALINE ស្មើនឹង 2.2 kgs។

    2.ស្លឹក​គូឆាយ​មួយ​គំរូ​មាន​សំណល់​ថ្នាំ​កសិកម្ម​ស្មើនឹង​3kgs។

    3.ត្រសក់​ស្រស់​មួយ​គំរូ​មាន​សំណល់​ថ្នាំ​កសិកម្ម​ស្មើនឹង​23kgs។

    4.ស្លឹក​ខ្ទឹម​មួយ​គំរូ​មាន​សំណល់​ថ្នាំ​កសិកម្ម​ស្មើនឹង0.6kgs។

    5.ម្ទេស​ប្លោក​មួយ​គំ​រួ​មាន​សំណល់​ថ្នាំ​កសិកម្ម​ស្មើនឹង​7kgs។

    គួរបញ្ជាក់​ថា​ពេលថ្មីៗកន្លងទៅនេះ គេហទំព័រ​កាសែត​ឡា​រ៉ែ​ន បាន​ចុះផ្សាយ​ម្តង​ជា​ពីរដង​រួចមកហើយ​អំពី​ករណី​រកឃើញ​ចំណីអាហារ​ផ្ទុក​សារធាតុ​គីមី ហើយ​មន្ត្រី​ជំនាញ​កាំកុងត្រូល​តែងតែ​អប់រំ​ណែនាំ​កុំឱ្យ​អាជីវ​ករលក់​ចំណីអាហារ ឬ​បន្លែ​ផ្ទុក​សារធាតុ​គីមី​ដូច្នេះ​ទៀត ប៉ុន្តែ​អំពើ​អសកម្ម​ទាំងនេះ​នៅតែ​កើតមានជារឿយៗ ដូច្នេះ​មានតែ​អតិថិជន​ជា​អ្នកទិញ​ទេ​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​ខ្លួនឯង​គឺ ពេល​ទិញ​ចំណីអាហារ​គួរ​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់​ជាមុន។ យើង​មិន​បន្តុះបង្អាប់​លើ​ផលិតផល​គ្រឿង​សមុទ្រ​របស់​អ្នកនេសាទ​នៅ​កំពង់សោម​ទេ តែ​សូម​លើកទឹកចិត្ត​កុំឱ្យ​ដាក់​សារធាតុ FORMALINE នេះ​ដើម្បី​កុំឱ្យ​ខូច​ឈ្មោះ​អាហារ​សមុទ្រ​របស់​យើង និង​កុំឱ្យ​ប៉ះពាល់​សុខភាព​របស់​ប្រជាជន​ខ្មែរ​យើង៕