Author: វល័ក្ខ

  • ក្រុមហ៊ុន SEATEL ចែកជូន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន 100 គ្រឿង​ក្នុងឱកាស​គម្រប់​ខួប​ពីរ​ឆ្នាំ

    ក្រុមហ៊ុន SEATEL ចែកជូន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន 100 គ្រឿង​ក្នុងឱកាស​គម្រប់​ខួប​ពីរ​ឆ្នាំ

    ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី 25 ខែសីហា ឆ្នាំ 2017 ក្នុងឱកាស​គម្រប់​ខួប​ពីរ​ឆ្នាំ​របស់ខ្លួន ក្រុមហ៊ុន SEATEL បានរៀបចំ​កម្មវិធី​ពិសេស​មួយ​គឺ​ចែកជូន​ទូរស័ព្ទដៃ​ម៉ាក SEATEL F1 មួយរយ​គ្រឿង​ដល់​អតិថិជន​ដែលមាន​សំណាង នៅ​ការិយាល័យ​កណ្តាល ដែលមាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ149 ផ្លូវ​លេខ432 ភូមិ​ទី5 សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​ក្រុមហ៊ុន SEATEL ភ្ញៀវកិត្តិយស និង​អតិថិជន​ជាច្រើន។

    ក្នុងឱកាស​ពិសេស ថ្នាក់​គ្រប់គ្រង​ក្រុមហ៊ុន SEATEL បាន​មានប្រសាសន៍ថា កម្មវិធី​ពិសេស​នេះ ត្រូវបាន​រៀបចំឡើង​ក្នុងឱកាស​គម្រប់​ខួប​ពីរ​ឆ្នាំ​របស់​ក្រុមហ៊ុន​ក្នុង​គោលបំណង​ថ្លែងអំណរគុណ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុន​ចំពោះ​អតិថិជន​ដែល​តែងតែបាន​គាំទ្រ​ផលិតផល និង​សេវាកម្ម​របស់​ក្រុមហ៊ុន SEATEL

    កម្មវិធី​ពិសេស​នេះ បាន​ព្រឹ​ត្ត​ធ្វើឡើង​ចាប់ពី​ម៉ោង9 ព្រឹក ដល់​ម៉ោង 4ល្ងាច ដោយមាន​អតិ​ជិន អញ្ជើញ​មក​ចូលរួម​យ៉ាងច្រើន​កុះករ។ កម្មវិធី​ពិសេស​នេះ​គឺមាន​ការចាប់​ឆ្នោត​ធ្វើ​ដោយ​បើកចំហ ចុះឈ្មោះ​ភ្លាម ចាប់ឆ្នោត​ភ្លាម ទទួលបាន​រង្វាន់​ភ្លាម។  គេ​បាន​រកឃើញ​អតិថិជន​ដែល​សំណាង​ចំនួន 100នាក់ បានឈ្នះ​ទូរស័ព្ទដៃ F1ក្នុង​ម្នាក់​មួយគ្រឿង ព្រមទាំង​រង្វាន់​ទិន្នន័យ​អ៊ិន​ធឺ​ណិ​ត 30GB  និង​ការហៅ​ក្នុង​ប្រព័ន្ធ​កន្លះ​ឆ្នាំ​ដោយ​ឥតគិតថ្លៃ។ ក្រៅពី​កម្ម​វិធិពិសេស​នេះ នៅមាន​កម្មវិធី​ពិសេស​ជាច្រើន​ទៀត​ដូចជា៖

    • រាល់​ការទិញ​ទូរស័ព្ទដៃ SEATEL T6 មួយគ្រឿង បន្ថែម​ជូន​ទូរស័ព្ទដៃ SEATEL F1 មួយគ្រឿង ទៅលើ​ការផ្តល់ជូន​ដែលមាន​ស្រាប់
    • រាល់​ការទិញ​ទូរស័ព្ទដៃ SEATEL F1 ម្តង​ចាប់ពី 2គ្រឿង​ឡើងទៅ មាន​ផ្តល់ជូន​ឆ្នោត​កោស​ផ្សងសំណាង KPWមួយ​សន្លឹក ដែលមាន​ឱកាស​ឈ្នះ​រង្វាន់​ធំ​ទឹកប្រាក់ 10000 ដុល្លារ។
    • កម្មវិធី​ភ្ជាប់​ទិន្នន័យ ផ្តល់ជូន​ទូរស័ព្ទដៃ ភ្ជាប់​ទិន្នន័យ​ផ្តល់ជូន MIFI ដោយ​ឥតគិតថ្លៃ។

    ក្រុមហ៊ុន South East Asia Telecom Group Ltd (ហៅ​កាត់​ថា SEATEL Group) បង្កើតឡើង​នៅ​ប្រទេស​សិង្ហ​បុរី នា​ឆ្នាំ២០១៤ គឺជា​ក្រុមហ៊ុន​វិនិយោគ​លើ​សេវា​អ៊ិន​ធើ​ណែ​ត និង​ទូរគមនាគមន៍​ចល័ត។ ក្រុមហ៊ុន SEATEL គឺជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ព​ហុ​វិស័យ ដែលមាន​អាជីវកម្ម​គ្របដណ្តប់​លើ​សេវា​អ៊ិន​ធើ​ណែ​ត និង​សេវា​ទូរគមនាគមន៍​ចល័ត។ ក្រុមហ៊ុន​នេះ​បានទទួល​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងនោះ​រួមមាន៖ សេវា​ទូរគមនាគមន៍​ចល័ត ( រូ​ម​មាន 4GLTE), ISP, Fixed Wireless Phone និង VOIP ជាដើម។ ក្រុមហ៊ុន​បាន​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​បណ្តាញ​ទំនាក់ទំនង​ចល័ត ដោយមាន​អាជីវកម្ម​ផ្តោត​សំខាន់​ទៅលើ​សេវា Mobile Voice, Data, IP Phone, Broadband Internet Access, Multi-Media និង​សេវាកម្ម​ដទៃទៀត។  ក្រុមហ៊ុន​ខិតខំ​នាំយកមក​នូវ​បច្ចេកវិទ្យា​ទំនើប​បំផុត ការប្រើប្រាស់​សំបូរបែប និង​បណ្តាញ​ដ៏​មាន​ស្ថេរភាព​មក​ផ្តល់ជូន​ទីផ្សារ ដើម្បី​ផ្តល់ជូន​ប្រជាជន​អាស៊ីអាគ្នេយ៍​នូវ​សេវា​ព័ត៌មានវិទ្យា​ដែលមាន​ភាព​សំបូរបែប​គ្រប់​កម្រិត និង​មិន​ធ្លាប់មាន​ពីមុន៕

  • អ្នកជំនាញ៖ ការធ្វើ​អាជីវកម្ម​តាម​គ្នា​ធ្វើ​ឲ្យ​បាត់​ប្រសិទ្ធភាព​សេដ្ឋកិច្ច

    អ្នកជំនាញ៖ ការធ្វើ​អាជីវកម្ម​តាម​គ្នា​ធ្វើ​ឲ្យ​បាត់​ប្រសិទ្ធភាព​សេដ្ឋកិច្ច

    ភ្នំពេញៈ ស្របពេល​អាជីវកម្ម​នៅ​កម្ពុជា​ភាគច្រើន​ជា​អាជីវកម្ម​ធ្វើឡើង​តាម​គ្នា​នោះបាន​ធ្វើ​ឲ្យ​អ្នកជំនាញ​មានការ​ព្រួយបារម្ភ និង​ចាត់ទុកថា​ការធ្វើ​អាជីវកម្ម​បែបនេះ​នឹងធ្វើ​ឲ្យ​បាត់​ប្រសិទ្ធភាព​សេដ្ឋកិច្ច។

    លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន​ Emerging Market Consulting បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី28 សីហា​នេះ​ថា ការធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​ភាគច្រើន​ធ្វើតាម​គ្នា ដោយសារ​សហគ្រិន​នានា​ខ្វះ​គំនិត​ច្នៃប្រឌិត ហើយ​មិន​ផ្តោតលើ​គុណភាព និង​សេវាកម្ម​នោះឡើយ ពួកគេ​ផ្តោតលើ​តម្លៃ​ជាជាង​គុណភាព និង​សេវាកម្ម​ដែល​ធ្វើ​ឲ្យ​ពួកគេ​ឈឺចាប់​ទាំងអស់គ្នា។ លោក​បន្តថា ពេល​ដំណើរការបាន6ខែ ទៅ1ឆ្នាំ ពួកគេ​មើលឃើញ​ភាព​រើប​ឡើង​នៃ​អាជីវកម្ម​របស់​ពួកគេ ប៉ុន្តែ​ដៃគូ​ប្រកួតប្រជែង​ថ្មី​បានមក​ដល់​ដោយសារ​ពួកគេ​ធ្វើតាម​គ្នា។

    លោក​បន្តថា “ពេល​និយាយ​ពី​ការខិតខំ រដ្ឋាភិបាល​បាន​លើកទឹកចិត្ត​សហគ្រិនថ្មីៗច្រើន ប៉ុន្តែ​រដ្ឋាភិបាល​គួរ​បង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ​មួយ​ដើម្បី​រិះរក​គំនិត​អាជីវកម្មថ្មី។ លោក​បន្តថា “បើទោះបីជា​កម្មវិធីសិក្សា​នៅតាម​មហាវិទ្យាល័យ​មួយចំនួន​បាន​បញ្ចូល​ភាពជា​សហគ្រិន​ក្តី តែ​វា​មិនមាន​លក្ខណៈ​ស៊ីជម្រៅ​នោះឡើយ ហើយ​វា​ជា​គំនិត​របស់គេ។

    លោក ង៉ែត ជូ បាន​បន្តថា ការធ្វើ​អាជីវកម្មថ្មីៗក៏​ជាការ​បង្កើត​នូវ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ផងដែរ ហើយ​ធ្វើ​ឲ្យ​អាជីវកម្ម​ប្រាសចាក​ហានិភ័យ ផ្ទុយទៅវិញ​ការធ្វើ​អាជីវកម្ម​តាម​គ្នា​ធ្វើ​ឲ្យ​បាត់​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ផងដែរ។ ឧទាហរណ៍​ក្នុងភូមិ​មួយ​មាន​ប្រជាជន200គ្រួសារ​កាលពី5ឆ្នាំមុន ហើយ​មាន​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ5ទៅ6ស្ថាប័ន​ប៉ុណ្ណោះ ប៉ុន្តែ5ឆ្នាំក្រោយ ចំនួន​ប្រជាជន​ឡើងដល់250គ្រួសារ​តែ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នៅ​ភូមិ​ដដែល​នោះបាន​កើនឡើង​ពី40ទៅ50ស្ថាប័ន វា​ប្រៀប​ដូច​មាន​នំ​តូច​មួយ​ហើយ​ចែកគ្នា​ហូប​ច្រើន​នាក់ សួរថា​តើ​អ្នក​ហូប​ទទួលបាន​ចំណែក​ប៉ុន្មាន?។

    អគ្គនាយក​ក្រុមហ៊ុន VTRUST GROUP លោក គុយ វ៉ាត បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា ការធ្វើ​អាជីវកម្ម​តាម​គ្នា​មិនមាន​និរន្តរភាព​នោះទេ ប៉ុន្តែ​និន្នាការ​នេះ​បានកើត​មាននៅ​កម្ពុជា​ជា​យូរ​មកហើយ​ធ្វើ​ឲ្យ​ម្ចាស់​អាជីវកម្ម​ដែល​ធ្វើតាម​គេ និង​គ្មាន​ជំនាញ​បទពិសោធ​ច្បាស់លាស់​ទាំងនោះ​ប្រឈមមុខ​នឹង​ការបរាជ័យ។លោក​បន្តថា ឧទាហរណ៍​នៅ​ទីក្រុង​ភ្នំពេញ​មាន​ហាង​កាហ្វេ​ច្រើន​ដែលជា​ការធ្វើ​តាម​គ្នា​ពីមួយ​ទៅមួយ ប៉ុន្តែ​ហាង​កាហ្វេ​មួយចំនួន​ក៏បាន​បិទទ្វារ​ដោយសារ​ការធ្វើ​តាម​គ្នា​នេះដែរ។

    លោក​បន្តថា ជាក់ស្តែង​យើង​អាច​ក្រឡេកមើល​ភោជនីយដ្ឋាន​នៅតាម​ផ្លូវជាតិ​លេខ​6A ពេល​សម្ពោធ​ស្ពាន​ជ្រោយចង្វារដំបូងៗមាន​ភោជនីយដ្ឋាន​រាប់រយ​នៅ​តំបន់​នោះ ប៉ុន្តែ​ពេលនេះ​មាន​ភោជនីយដ្ឋាន​ប៉ុន្មាន​ដែល​នៅសល់?៕

  • គម្រោង​បង្កើត​សាលា​ជំនាញ​ដីធ្លី​នៅ​កម្ពុជា​នៅ​មិនទាន់មាន​ភាពច្បាស់លាស់

    គម្រោង​បង្កើត​សាលា​ជំនាញ​ដីធ្លី​នៅ​កម្ពុជា​នៅ​មិនទាន់មាន​ភាពច្បាស់លាស់

    ភ្នំពេញ៖  វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា នៅតែមាន​សកម្មភាព​រឹងមាំ​នៅឡើយ បើទោះបី​កម្ពុជា​ត្រៀម​រៀបចំ​បោះឆ្នោតជាតិ​នៅ​ឆ្នាំ2018ខាងមុខ​ក៏ដោយ  ហើយ​ដើម្បីឱ្យ​វិស័យនេះ កាន់តែ​រឹងមាំ សមាគម​អចលនទ្រព្យ​កម្ពុ​ជាមាន​គម្រោង​នឹង​បង្កើត​សាលា​ជំនាញ​ដីធ្លី​នេះ​ឡើង ប៉ុន្តែ​នៅ​មិនទាន់មាន​ភាពច្បាស់លាស់​នៅឡើយ។

    លោក​បណ្ឌិត គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បានផ្តល់​បទ​សម្ភាស​ពី​ប្រទេស​ម៉ាឡេស៊ី​មក​ថា បើ​មិនមាន​ការប្រែប្រួល​ទេនោះ គម្រោង​បង្កើត​សាលា​ជំនាញ​ដីធ្លី​នឹង​ប្រព្រឹត្តទៅ​នៅ​ដើមឆ្នាំ2018ខាងមុខ​នេះហើយ។ ប៉ុន្តែ​ទោះយ៉ាងណា លុះត្រាតែ​មានការ​ចូលរួម​គាំទ្រ​ពី​សមាជិក​នៅក្នុង​សមាគម​ដែលមាន​ចំនួន​សរុប102ក្រុមហ៊ុន​នោះដែរ។

    លោក​ថា ដើម្បីឱ្យ​គម្រោង​នេះ​មាន​ភាពច្បាស់លាស់ នៅ​ដើមខែ​កញ្ញាឆាប់ៗខាងមុខនេះ លោក​នឹង​កោះហៅ​សមាជិកសមាគម​ទាំងអស់​មក​ចូលរួម​ប្រជុំ​ផ្លាស់ប្តូរ​យោបល់​ដើម្បី​ស្វែងរក​ការគាំទ្រ។ លោក គីម ហ៊ាង បន្តថា «គម្រោង​នេះ​នៅ​មិនទាន់​ច្បាស់​នៅឡើយ លុះត្រាតែ​មានការ​ប្រជុំ​ដែលមាន​ការចូលរួម និង​គាំទ្រ​ច្រើន​ពី​សមាជិកសមាគម​ដែរ មានន័យថា បើ​សមាជិក​គាំទ្រ​ច្រើន គម្រោង​បង្កើត​សាលា​នេះ​នឹង​ដំណើរការ​នៅ​ដើមឆ្នាំ2018 តែបើ​មិនមាន​ការគាំទ្រ​ទេ​គម្រោង​នេះ​ក៍​មិនអាច​ទៅរួច​ដែរ»។

    យ៉ាងណា​ក៍ដោយ សម្រាប់​កញ្ចប់​ថវិកា​ហាក់ដូចជា​មិនមាន​ការលំបាក​នោះទេ ដើម្បី​មានលទ្ធភាព​បង្កើត​វិទ្យាស្ថាន​នេះ​ឡើង ដោយ​គ្រោង​ចំណាយ​ត្រឹមតែ​ជាង10ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ គឺ​សម្រាប់តែ​ប្រធាន​ក្រុមហ៊ុន​ចំនួន2ឬ3ក្រុមហ៊ុន​នឹង​អាចបង្កើត​បាន​ហើយ តែបើ​សិន​មិនមាន​សំឡេងគាំទ្រ​ភាគច្រើន​ពី​សមាជិក​ទាំង102ក្រុមហ៊ុន​ទេ នឹងមិន​អាច​ដំណើរការ​បានឡើយ។

    ចំពោះ​ផែនការ​បង្កើត​សាលា​នេះ នៅ​ដំណាក់កាល​ដំបូង សមាគម​អ្នកវាយតម្លៃ​អចលនទ្រព្យ នឹង​ជួល​គ្រូ​ជំនាញ​មកពី​សាកលវិទ្យាល័យ UTM ប្រទេស​ម៉ាឡេស៊ី និង​គ្រូ​ជំនាញ​នៅ​ប្រទេស​សិង្ហ​បុរី​ដែលជា​គ្រូ​ជំនាញ​មានការ​ទទួលស្គាល់​លើ​ឆាក​អន្តរជាតិ​មក​បណ្តុះបណ្តាល​គ្រូ​បង្គោល ដែលជា​ប្រធាន​ក្រុមហ៊ុន មាន​សញ្ញាបត្រ​បណ្ឌិត ឬ​អនុបណ្ឌិត​ដែលមាន​បទពិសោធ​ផ្នែក​ដីធ្លី​ច្រើន​ឆ្នាំ។ ហើយ​នៅពេល​បណ្តុះបណ្តាល​គ្រូ​បង្គោល​បាន​ហើយ សមាគម​នឹង​បង្កើត​វិទ្យាស្ថាន​ជំនាញ​ដីធ្លី​នេះ​ឡើង​ដើម្បី​ទទួល​សិស្ស​ចូលរៀន ដែលមាន​វគ្គ​បណ្តុះបណ្តាល​ខ្លី3ខែ ឬ6ខែ និង​ថ្នាក់​បរិញ្ញាបត្ររង​ជាដើម។ លោក គីម ហ៊ាង បញ្ជាក់ថា សិស្ស​ដែល​ចូលរៀន​ដំណាក់កាល​ដំបូង​នេះ ភាគច្រើន​ជា​អ្នក​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា។

    ចំពោះ​ទស្សនវិស័យ​នៃ​ការបង្កើត​សាលា​ជំនាញ​ដីធ្លី​នេះ​ឡើង លោក​គឹម ហ៊ាង បញ្ជាក់​ដូច្នេះ​ថា «ដើម្បី​បង្កើត​ព្រមទាំង​បង្កើន​ចំនួន​ភ្នាក់ងារ​អចលនទ្រព្យ និង​អ្នកវាយតម្លៃ​អចលនទ្រព្យ ដែល​សមត្ថភាព និង​មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​ល្អ​ក្នុង​ការជួយ​ជំ​រុញឱ្យ​ឧស្សាហកម្ម​អចលនទ្រព្យ​នៅ​កម្ពុជា​ឈានដល់​កម្រិត​មួយទៀត ពិសេស​ដើម្បី​បង្កើន​ចំនួន​អ្នកវិនិយោគទុន​ដែល​ត្រឹមត្រូវ​ឱ្យបាន​ច្រើន នោះ​មាន​ការងារ​ច្រើនណាស់​ដែល​ត្រូវធ្វើ ហើយ​អ្វីដែល​ត្រូវ​ចាប់ផ្តើម​មុនគេ​ជា​អាទិភាព គឺ​ការអប់រំ!  បើ​ឥឡូវ​មិនមែនជា​ពេល​ត្រូវ​បើក​សាលារៀន​ដីធ្លី​នៅ​កម្ពុជា តើ​ពេលណា? »៕

  • សា​រ៉ា​យ ស​ក្ខ​ណា និង​ DJ អា​ណូ កំពុងស្ថិត​នៅក្នុង​តំណែង​តួឯក​នៅ ​CTN

    សា​រ៉ា​យ ស​ក្ខ​ណា និង​ DJ អា​ណូ កំពុងស្ថិត​នៅក្នុង​តំណែង​តួឯក​នៅ ​CTN

    Red Picture ជា​ផលិតកម្ម​ដែល​ទទួលបាន​ភាពជោគជ័យ​យ៉ាងខ្លាំង​ក្នុងការ​ផលិត​រឿង​ជាច្រើន ដូចជា​រឿង «ភូមិ​អត់​មនុស្ស» «ទង់ព្រលឹង» និង «ផ្ទះ​សសរ​កណ្ដាល» ជាដើម។ បច្ចុប្បន្ន​ផលិតកម្ម​មួយ​នេះ​បាន​ពង្រីក​សក្ដានុពល​កា​ន់​តែ​ខ្លាំង​បន្ថែមទៀត តាមរយៈ​ការសហការ​ជាមួយ​ CTN  , KONGCHAK Picture W&H Investment Holding Co.,Ltd,Black magic design។

    ក្នុងឱកាស​សន្និសីទកាសែត​ស្ដីពី​កិច្ចសហប្រតិបត្ដិការ​រ​វាង Red Picture  និង​ស្ថាប័ន​ទាំង4 ត្រូវបាន​លោក ឌៀប សុវណ្ណ​រ៉ា ចាងហ្វាង​លិ​ត​កម្ម Red Picture លើកឡើងថា ក្នុង​កិច្ចសហប្រតិបត្ដិការ​នេះ​ផលិតកម្ម​លោក​គ្រោង​នឹង​ផលិត​រឿង​ភាគ​ឱ្យ​ស្ថានីយទូរទស្សន៍ ​CTN ចំនួន 4រឿង​ក្នុង​មួយឆ្នាំ ដូច្នេះ​ផលិតកម្ម​របស់លោក​ត្រូវការ​តារា​សម្ដែង​ជាច្រើន។ ម្យ៉ាងទៀត ក្រៅពី​ខ្សែភាពយន្ដ​ភាគ​ឱ្យ​ស្ថានីយទូរទស្សន៍ ​CTN ហើយ​នោះ Red ក៏​ផលិត​ខ្សែភាពយន្ដ​ដុំ​ខ្នាត​ធំ​ផងដែរ។

    លោក​បន្ដថា ជំហាន​ដំបូង​ក្នុង​ការផលិត​ភាពយន្ដ​ភាគ Red Picture បាន​សម្លឹង​ឃើញ​តារា​នៅក្នុង​ចិ​ត្ដ​ដើម្បី​យកមក​ធ្វើជា​តួឯក​រួចហើយ គឺ​ទី1 អ្នកនាង​សា​រ៉ា​យ ស​ក្ខ​ណា ទី2 DJ អា​ណូ។លោក​អះអាងថា អ្នក​ទាំងពីរ​សុទ្ធតែជា​តារា​សម្ដែង​មាន​បទពិសោធ និង​មាន​សមត្ថភាព​ដែល​លោក​គិតថា ស័​ក្កិ​សម​ទៅនឹង​សាច់រឿង​ដែល​លោក​គ្រោង​នឹង​ផលិត​នាពេលខាងមុខ។

    ទោះជា​យ៉ាងណា​លោក ឌៀប សុវណ្ណារ៉ា បាន​បញ្ជាក់ថា ពាក់ព័ន្ធ​ជាមួយនឹង DJ អា​ណូ​យើង​គ្រាន់តែ​បាន​បង្ហើប​ដំណឹង​នេះ​ទៅដល់​គាត់​ប៉ុ​ណ្នោះ ប៉ុន្ដែ​កិច្ចការ​លម្អិត​យើង​ត្រូវ​ជជែក​គ្នា​បន្ថែមទៀត​ដើម្បី​ឈានទៅដល់​ការធ្វើ​កុងត្រា​តែម្ដង។

    ដោយឡែក​អ្នកនាង សា​រ៉ា​យ ស​ក្ខ​ណា ទើប​ត្រឡប់​មកពី​អាមេរិក​បាន​បញ្ជាក់ថា នាង​មក​ស្រុកកំណើត​ក្នុង​គោលបំណង2 ទីមួយ​មកលេង​ក្រុមគ្រួសារ ទី​ពីរ​មក​ធ្វើការ​ងារ​ដោយ​នាង​បានទទួល​ការងារ​ពី​ផលិតកម្ម ​Red Picture។ នាង​បន្ដថា នាង​មិនទាន់​ដឹងថា នឹង​ចេញ​ថត​នៅពេលណា​នោះទេ ប៉ុន្ដែ​នាង​អះអាងថា ក្នុង​រឿង​ថ្មី​របស់​CTN នាង​ទទួលបាន​តំណែង​ជា​តួ​ស្រី​ហើយ៕

  • ការឱ្យ​ពិន្ទុ​បាក់​ឌុប​ឆ្នាំនេះ​តឹងតែង​ជាង​រាល់​ឆ្នាំ

    ការឱ្យ​ពិន្ទុ​បាក់​ឌុប​ឆ្នាំនេះ​តឹងតែង​ជាង​រាល់​ឆ្នាំ

    ដើម្បី​ធានា​ដល់​ភាព​សុក្រឹត​ក្នុងការ​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ ក្រសួង​អប់រំ យុវជន និង​កីឡា បានធ្វើ​ការតាមដាន​ការអនុវត្ត និង​នីតិវិធី​តាំងពីដើម​រហូតមកដល់​ដំណាក់កាល​កែ​វិញ្ញាសា និង​អាច​បន្ត​រហូតដល់​ការប្រកាស​លទ្ធផល នៅ​ថ្ងៃទី12 ខែកញ្ញា សម្រាប់​មណ្ឌល​នៅ​ភ្នំពេញ និង​ខេត្តកណ្តាល និង​នៅ​ថ្ងៃទី13 ខែកញ្ញា សម្រាប់​មណ្ឌល​ប្រឡង​នៅតាម​ខេត្ត។

    នៅក្នុង​ដំណើរការ​នៃ​ការឱ្យ​ពិន្ទុ​សិស្ស​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ ជាទូទៅ​មាន​ស្ថានភាព​ប្រសើរ និង​តឹងតែង ព្រោះ​ក្រសួង​បាន​ឃ្លាំមើល និង​តាមដាន ការកែ​ដោយ​សហការ​ជាមួយនឹង​អង្គភាព​ប្រឆាំង​អំពើពុករលួយ រួមជាមួយ​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ទៀត។

    ជាក់ស្តែង ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន ក៏បាន​ចុះទៅពិនិត្យ​ដោយផ្ទាល់​នៅតាម​មណ្ឌល​កំណែ​នានា ដែល​ថ្ងៃទី27 ម្សិលមិញ​នេះ រដ្ឋមន្ត្រីក្រសួង​អប់រំ ក៏បាន​ចុះទៅពិនិត្យ​ការធ្វើ​កំណែ​នៅ​មណ្ឌល​កំណែ​ជាស៊ីម​បឹង​កេងកង សម្រាប់​កំណែ​មុខវិជ្ជា​ភូមិវិទ្យា​ជាដើម។ ស្របពេល​ជាមួយគ្នានេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏បាន​ដាក់​អ្នកសង្កេតការណ៍​សកម្ម​ភាព នៃ​ដំណើរការ​កំណែ​សន្លឹក​កិច្ចការ​បេក្ខជន ដោយ​ពួកគាត់​បាន​ប្រើប្រាស់​កាមេរ៉ា​សុវត្ថិភាព​ដើម្បី​ឃ្លាំមើល និង​អាច​ថត​ទុកជា​ភស្តុតាង​សម្រាប់​ភាពមិនប្រក្រតី​នានា​ផងដែរ៕

  • Liverpool លត់ Arsenal ចាស់ដៃ ខណៈ Morata ជួយ​ឲ្យ Chelsea ផ្តួល Everton

    Liverpool លត់ Arsenal ចាស់ដៃ ខណៈ Morata ជួយ​ឲ្យ Chelsea ផ្តួល Everton

    ខ្សែប្រយុទ្ធ Roberto Firmino, Sadio Mane និង Mohamed Salah របស់​ក្រុម​ហង្ស​ក្រហម Liverpool បាន​ហែក​ក្រុម Arsenal ជាចម្រៀកៗ ខណៈដែល​ក្រុម​របស់លោក Arsene Wenger បាន​រង​បរាជ័យ​យ៉ាង​អាម៉ាស​ក្នុង​លទ្ធផល 4-០ នៅ​កីឡដ្ឋាន Anfield កាលពី​ថ្ងៃអាទិត្យ។

    តារា​ឆ្នើម​ទាំង3សុទ្ធសឹង​បាន​រក​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ទី​ដើម្បី​ធ្វើ​ឲ្យ​ក្រុម Arsenal រង​បរាជ័យ​ជា​លើក​ទី2ជាប់ៗគ្នា​ក្រោយពី​ចាញ់​ក្រុម Stoke ក្នុង​លទ្ធផល 1-០ ខណៈដែល​ការ​ចាញ់​ទាំង​ពីរលើក​នេះ​បានធ្វើ​ឲ្យ​ពួកគេ​ដេញតាម​ពីក្រោយ​ក្រុម​កំពុង​នាំមុខ Manchester United ចំនួន6ពិន្ទុ​នៅលើ​តារាង​ក្របខ័ណ្ឌ Premier League ដោយ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ16។ ក្រុម Liverpool បាន​ឡើងទៅ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ2 ដោយ​ដេញតាម​ពីក្រោយ​ក្រុម Man United ចំនួន2ពិន្ទុ និង​នាំមុខ1ពិន្ទុ​ពីលើ​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Chelsea ដែលមាន​កត់ត្រា​ជ័យជម្នះ​ជា​លើក​ទី2ក្នុង​លទ្ធផល 2-០ លើ​ក្រុម Everton។ លោក Jurgen Klopp អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Liverpool បាន​ឲ្យ​ដឹងថា៖ «យើង​ពិតជា​មានការ​រៀបចំ​បានល្អ។ ប្រសិនបើ​យើង​ផ្តល់​ពេលវេលា និង​ឱកាស​ឲ្យ​ក្រុម Arsrenal អ្នកនឹង​ចាញ់ នៅ​មុនពេល​ការប្រកួត​នេះ​ចាប់ផ្តើម ហេតុនេះ ខ្ញុំ​គិតថា ពួកគេ​មិនអាច​ធ្វើ​អ្វី​បាន​ច្រើន​តាម​ដែល​ពួកគេ​ចង់​ឡើយ។ កីឡាករ​ពិតជា​លេង​បានល្អ​មែន ពីព្រោះ​ពួកគេ​ពិតជា​ព្យាយាម​ណាស់»។ ដោយឡែក លោក Wenger បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា៖ «ប្រសិនបើ​មនុស្ស​មួយចំនួន​មាន​អារម្មណ៍​ថា ខ្ញុំ​គឺជា​បញ្ហា នោះ​ខ្ញុំ​ពិតជា​សុំទោស​ដែល​ខ្ញុំ​គឺជា​បញ្ហា។ ប៉ុន្តែ យើង​ចង់​ឲ្យ​អ្នកគាំទ្រ​របស់​យើង​ស្ថិតនៅ​ជាមួយនឹង​យើង​ក្នុងពេល​បាត់បង់​ទម្រង់​លេង​បែបនេះ»។

    ស្របពេល​ជាមួយគ្នានេះ Tottenham Hotspurs កំពុងតែ​ដេញតាម​ពីក្រោយ​ក្រុម​កំពូល​តារាង​ចំនួន5ពិន្ទុ ក្រោយពី​ពួកគេ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ 1-1 ជាមួយនឹង​ក្រុម Burnley៕

    ប្រភពពី៖ Sport24

  • Mayweather ផ្តួល​អ្នក​គុន​ចម្រុះ McGregor សន្លប់​ទឹក​ទី10យ៉ាង​ងាយស្រួល

    Mayweather ផ្តួល​អ្នក​គុន​ចម្រុះ McGregor សន្លប់​ទឹក​ទី10យ៉ាង​ងាយស្រួល

    កីឡាករ​ប្រដាល់ Floyd Mayweather បាន​ផ្តួល​តារា​ប្រយុទ្ធ​ក្នុង​ក្បាច់គុន​ចម្រុះ Conor McGregor សញ្ជាតិ​អៀរ​ឡង់ ឲ្យ​សន្លប់​ដោយ​បច្ចេកទេស​នៅ​ទឹក​ទី10 ក្នុងការ​ប្រកួត​ដែល​ផ្តល់​តម្លៃ​ខ្លួន​ដ៏​ខ្ពស់​កាលពី​ថ្ងៃ​សៅរ៍ (ត្រូវ​នឹង​ព្រឹក​ថ្ងៃអាទិត្យ​នៅ​កម្ពុជា) ដើម្បី​រក្សា​កំណត់ត្រា​ឈ្នះ​យ៉ាង​ល្អឥតខ្ចោះ​របស់គេ។

    Mayweather ដែល​បាន​ចាក​ចេញពី​ការចូលនិវត្តន៍​រយៈពេល2ឆ្នាំ​របស់គេ​ក្នុង​វ័យ40ឆ្នាំ​សម្រាប់​ការប្រកួត​នេះ បានធ្វើ​ឲ្យ​កំណត់ត្រា​ឈ្នះ​របស់គេ​កើន​ដល់50លើក មិនដែល​ចាញ់​ដើម្បី​ឡើងទៅ​ឈរ​ពីលើ​អតីត​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក Rocky Marciano ដែលមាន​កំណត់ត្រា​ឈ្នះ49លើក មិនដែល​ចាញ់ ឬ​ស្មើ។ McGregor ដែលជា​ម្ចាស់​ខ្សែក្រវាត់​ក្នុង​យុទ្ធ​គុន​ចម្រុះ (MMA) និង​បានធ្វើការ​បង្ហាញខ្លួន​ក្នុងការ​ប្រកួត​ប្រដាល់​អាជីព​ជា​លើក​ទី1របស់គេ​នោះ មិនបាន​បង្កើត​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដ៏​អស្ចារ្យ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​កីឡា​ប្រយុទ្ធ​ឡើយ ប៉ុន្តែ​បានធ្វើ​ឲ្យ​ការប្រកួត​នេះ​បញ្ចប់​ក្នុង​លទ្ធផល​ដែល​លើសពី​ការ​ព្យាករ​របស់​អ្នកជំនាញ​ភាគច្រើន។ ការប្រកួត​នេះ បានបញ្ចប់​នៅពេលដែល McGregor បាន​រង​នូវ​ការ​វាយ​ឲ្យ​ថយ​ទៅ​ជាប់​នឹង​ខ្សែ​រេញ2លើក និង​ត្រូវបាន Mayweather វាយ​ចំ​គោលដៅ​យ៉ាង​ល្អ​ចំនួន2ដៃ។

    McGregor បានចាប់ផ្តើម​យ៉ាង​ល្អ​ក្នុងការ​ប្រកួត​នេះ តាមរយៈ​ការចាប់ផ្តើម​វាយ​សម្រុក​ទៅលើ​ដៃគូភ្លាមៗ ប៉ុន្តែ ចាប់ពី​ទឹក​ទី4ឡើងទៅ Mayweather បានធ្វើការ​គ្រប់គ្រង​លើ​ដៃគូ​របស់ខ្លួន​ទាំងស្រុង។ ក្រោយពី​ការប្រកួត​ដ៏​កក្រើក​នេះ កីឡាករ​មិន​ស្គាល់​ចាញ់​របស់​អាមេរិក​រូប​នេះ​បាន​បញ្ជាក់ថា រូបគេ​នឹងមិន​បង្ហាញខ្លួន​នៅលើ​សង្វៀន​ប្រកួត​ម្តង​ទៀតឡើយ ខណៈដែល​រូបគេ​នឹងធ្វើ​ដំណើរ​ឆ្ពោះទៅកាន់​ការចូលនិវត្តន៍​ជា​អចិន្ត្រៃយ៍។ Mayweather បាន​បញ្ជាក់ថា៖ «ពិតណាស់ នេះ​គឺជា​រាត្រី​នៃ​ការប្រកួត​ចុងក្រោយ​របស់ខ្ញុំ​ហើយ។ រាត្រី​នេះ គឺជា​ការប្រកួត​ចុងក្រោយ​របស់ខ្ញុំ។ នៅ​រាត្រី​នេះ ខ្ញុំ​បានជ្រើសរើស​យកដៃ​គូ​រាំ​ដ៏​ត្រឹមត្រូវ​ដើម្បី​រាំ​ជាមួយ​ហើយ។ Conor គឺជា​ម្ចាស់​ជើងឯក​ដ៏​ខ្លាំង​ម្នាក់»។

    កីឡាករ​អាមេរិក​រូប​នេះ ក៏​នឹងត្រូវ​ទទួលបាន​ប្រាក់​តម្លៃ​ខ្លួន​ប្រមាណ​ជា200លាន​ដុល្លារ​អាមេរិក​ផងដែរ ដើម្បី​ធ្វើ​ឲ្យ​ចំណូល​សរុប​ក្នុង​អាជីព​របស់គេ​មាន​ចំនួន1ពាន់​លាន​ដុល្លារ​អាមេរិក។ ស្របពេល​ជាមួយគ្នានេះ McGregor ដែលជា​តារា​ប្រដាល់​ក្បាច់គុន​ចម្រុះ​ក្នុង​ស្ថាប័ន Ultimate Fighting Championship នោះ​ត្រូវបាន​រំពឹងទុក​ថា ទទួលបាន​តម្លៃ​ខ្លួន100លាន​ដុល្លារ​អាមេរិក៕

    ប្រភពពី៖ ESPN

  • ហេង ឡុង ប្រកាសលែងរាប់អាននាយពាក់ មី

    ហេង ឡុង ប្រកាសលែងរាប់អាននាយពាក់ មី

    ទំនាក់ទំនងស្អិតរមួតក្នុងលក្ខណៈជាមិត្ដភ័ក្ដិបងប្អូនរវាងលោកហេង​ ឡុង និងនាយពាក់ មី ត្រូវបានកាត់ផ្ដាច់ហើយកាលពីយប់ម៉ិញបន្ទាប់ពីលោកហេង ឡុង ចេញមកមកបញ្ជាក់តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកទៅកាន់ប្រិយមិត្ដខ្លួន។

    គេសឹងតែមិនជឿជាថាលោកហេង ឡុង ហ៊ានប្រើពាក្យកាត់កាលចំពោះលោកពាក់មីនោះទេ ។ នៅពេលលោកធ្វើការLive នៅលើបណ្ដាសង្គមគេគិតថាវាគ្រាន់តែការលេងសើច បញ្ញាក់អារម្មណ៍   ទស្សនិកជន ដើម្បីភាពទាក់ទាញនូវចំណាប់អារម្មណ៍ប៉ុណ្ណោះ ប៉ុន្ដែក្រោយពីលោកហេង ឡុង ឆ្លើយតបទៅនឹងការComment របស់មហាជនជាច្រើននិងលើកហេតុផលមកទើបដឹងថា នោះវាជាពាក្យសំដី ពិតដែលកើតចេញពីកំហឹង។

    គួរបញ្ជាក់ថា មូលហេតុចំបងធ្វើឱ្យលោកហេង ឡុង ខឹងនាយពាក់មីរហូតដល់ប្រកាសកាត់ផ្ដាច់សម្ព័ន្ធភាពមិត្ដភ័ក្ដបងប្អូន ក៏ព្រោះថា តែកាលពីម្សិលម៉ិញជាពេលវេលាណាត់ជួបជាមួយប្រិយមិត្ដខ្លួនប្រគល់រង្វាន់ និងត្រូវLive តាមហ្វេសប៊ុក។ លោកហេង ឡុង ខលទៅលោកពាក់មី  ពីរ បីដឹងក៏មិនលើក និងមិនខលត្រលប់មកវិញ គ្រាដែលប្រិយអ្នកត្រូវរង្វាន់បានមកដល់ទីតាំង និងដល់ម៉ោងLive កម្មវិធីដែលអ្នកទាំងពីរបានរៀបចំជាមួយគ្នាហើយនៅតែមិនឃើញនាយពាក់ មីទៀត ក៏ធ្វើឱ្យលោកហេង ឡុង ខឹងនិងប្រកាសកាត់កាលនាយពាក់មីតែម្ដង៕

  • រឿង​ពិត! ប្រវត្តិ​គ្រួសារ​មនុស្ស​ស៊ី​មនុស្ស​អស់​ជាង1000នាក់​នៅក្នុង​ល្អាង​ភ្នំ

    រឿង​ពិត! ប្រវត្តិ​គ្រួសារ​មនុស្ស​ស៊ី​មនុស្ស​អស់​ជាង1000នាក់​នៅក្នុង​ល្អាង​ភ្នំ

    រឿងរ៉ាវ​របស់​មនុស្ស​ស៊ីសាច់​មនុស្ស​ត្រូវបាន​តំណាលតៗគ្នា​តាំងពី​អតីតកាល​រហូតមកដល់​បច្ចុប្បន្ន តែ​រឿង​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​ដែល​សាង​ក្តី​ភ័យរន្ធត់​ដល់​មនុស្សម្នា​ខ្លាំង​បំផុត​នោះ​ប្រហែលជា​គេច​មិន​ផុតពី​រឿងរ៉ាវ​របស់ អា​ឡេ​កសាន​ឌើ​រ “សវ៍នីយ៍” ប៊ី​ន បុរស​ដែលជា​មេ​គ្រួសារ​មួយ​ដែលមាន​សមាជិក 48នាក់​ ដែល​បានសម្លាប់​ជនរងគ្រោះ​យកមក​ធ្វើជា​អាហារ​អស់​មិនតិចជាង 1000នាក់​មកហើយ​នោះឡើយ។

    រឿងរ៉ាវ​ដ៏​គួរឱ្យ​ភ័យខ្លាច​នេះ​កើតឡើង​ក្នុង​ចន្លោះ​សតវត្សរ៍​ទី16 ក្នុង​តំបន់ East Lothian ក្នុងប្រទេស​ស្កុ​តលែ​ន​ដ៍។ សវ៍នីយ៍ ជា​ក្មេង​ដែល​កើត​ក្នុង​គ្រួសារធម្មតាៗមួយ ដោយ​ឪពុក​របស់គេ​គ្រាន់តែ​ជា​អ្នក​ជីក​រ៉ែ និង​ជាជាង​តុបតែង​ដើមឈើ​ធម្មតា​ម្នាក់​ប៉ុណ្ណោះ។ សវ៍នីយ៍ ធំធាត់​ឡើង​ដើម្បី​ស្នង​ជំនាញ​ពី​ឪពុក តែ​ក៏​កើតហេតុ​ការណ៍​មួយ​ឡើង​ធ្វើឱ្យ​ជីវិត​របស់គេ​ត្រូវ​ប្រែប្រួល​រហូត​ទៅ។

    សវ៍នីយ៍ រត់​ចេញពីផ្ទះ​ទៅជា​មួយ​ស្រី​អាវ៉ាសែ​ម្នាក់ ប្រាកដ​ណាស់​ថា ជីវិត​របស់គេ​ទាំងពីរ​មិន​បានល្អ​ប្រពៃ​ដូចដែល​ពួកគេ​បាន​រំពឹងទុក​នោះទេ។ សវ៍នីយ៍ ជា​មនុស្ស​ឈាម​ក្តៅ ឆាប់​ឆេវឆាវ មួម៉ៅ និង​កាច​សាហាវ ចូល​ជាមួយ​អ្នកណា​ក៏​មិន​ចុះ និង​ដោយសារតែ​ក្តី​ទីទាល់ក្រ​ធ្វើឱ្យ​រូបគេ និង​ប្រពន្ធ​ត្រូវ​ពនេចរ​រសាត់​អ​ណ្ដែ​តគ្មា​នទី​ស្នាក់អាស្រ័យ រហូត​បានមក​ជួបនឹង​ល្អាង​ភ្នំ​មួយ​នៅក្នុង​តំបន់ Bennane Head ដែល​ទាំងពីរ​នាក់​បានសម្រេច​ចិត្ត​យក​ទីនេះ​ធ្វើជា​ទីលំនៅ។

    ល្អាង​ភ្នំ​ដែលមាន​ជម្រៅ​ជាង100 ម៉ែត្រ​នៅជាប់​នឹង​មាត់សមុទ្រ​នេះ​គឺជា​ទីកន្លែង​លាក់​បំពួន​អាត្មា​ដ៏​ល្អ​បំផុត​របស់​សវ៍នីយ៍ និង​ប្រពន្ធ។ ទាំងពីរ​នាក់​ប្រើ​ពេលវេលា​រស់នៅក្នុង​ល្អាង​ភ្នំ​នេះ​យូរ​ដល់​ទៅ 25ឆ្នាំ​ដោយ​គ្មាន​នរណាម្នាក់​រកឃើញ​ឡើយ ដោយសារតែ​ពេល​ទឹកជោរ​ឡើង ផ្លូវ​ចូល​ល្អាង​ត្រូវបាន​បិទ​ជិត​រហូត​មិនអាច​មើលឃើញ​បានឡើយ ហើយ​អ្វីដែល​ពួកគេ​ធ្វើ​ដើម្បី​ចិញ្ចឹមជីវិត​ក៏​គឺ ការ​ប្លន់ សម្លាប់ ឆក់យក​ទ្រព្យសម្បត្តិ និង​លួច​ស្បៀងអាហារ​ពី​អ្នកធ្វើដំណើរ​ដែល​ឆ្លងកាត់​ទៅមក​ក្នុងអំឡុង​ពេលយប់។

    ក្នុង​ចន្លោះពេល​នោះឯង គូស្នេហ៍​កំពូល​ឃោរឃៅ​ចាប់ផ្តើម​ផលិត​កូនចៅ​ចេញមកជារឿយៗដោយ​ពួកគេ​ទាំងពីរ​នាក់​មានកូន​ប្រុស 8នាក់ កូនស្រី6នាក់ ចៅប្រុស18នាក់ ចៅស្រី14នាក់ និងចៅៗដែល​បង្កើតកូន​មកទៀត​តាមរយៈ​ការយក​បងប្អូន​ឯង​បង្កើត​ធ្វើជា​ប្តី​ប្រពន្ធ។

    សមាជិក​ក្នុង​គ្រួសារ​មួយចំនួន​មាន​បញ្ហា​ផ្នែក​សតិបញ្ញា អ្នកខ្លះ​ពិការ​ក៏មាន ដែលជា​សរុបទៅ​សមាជិកគ្រួសារ​របស់​ស​វ៍​នី​យ៍​មាន​ច្រើន​រហូតដល់​ទៅ 48នាក់។ វា​ប្រាកដ​ណាស់​ថា ស្បៀងអាហារ​ដែល​ពួកគេ​ប្លន់​មក​បាន​នោះ​មិនដែល​គ្រប់គ្រាន់​ឡើយ ដូច្នេះហើយ​រឿង​មួយ​ដែល​នឹងធ្វើ​ឱ្យ​ពួកគេ​អាចមាន​ជីវិត​រស់នៅ​បាន​នោះ​គឺ ការ “ស៊ីសាច់​មនុស្ស” ហ្នឹងឯង។

    ជនរងគ្រោះ​ដោយសារ​ការ​ប្លន់​របស់​សវ៍នីយ៍​ត្រូវបាន​នាំខ្លួន​មក​ក្នុង​ល្អាង ហើយ​ត្រូវបាន​ពន្លះ​ចេញ​ជាចំណែកៗដើម្បី​ចែកគ្នា​ស៊ីក្នុង​ក្រុមគ្រួសារ។ អវយវៈ​មួយចំណែក​ក៏ត្រូវ​បោះចោល​ទៅក្នុង​សមុទ្រ និង​អណ្ដែត​ទៅ​ទើរ​នៅលើ​បរិវេណ​ឆ្នេរ​ដែលនៅក្បែរៗនោះ។ ទាំងអស់គ្នា​នៅក្នុង​គ្រួសារ​របស់​សវ៍នីយ៍​មិន​ស្គាល់​ខុសត្រូវ ល្អ​អាក្រក់​ឡើយ ទាំងអស់គ្នា​ស្គាល់​តែ​ម្យ៉ាង​គត់​គឺ​ធ្វើយ៉ាងណា​ឱ្យតែ​ឆ្អែត​ពោះ​ប៉ុណ្ណោះ។

    ក្នុងអំឡុងពេលដំបូងៗ អ្នកស្រុក​ដែល​រស់នៅក្នុង​តំបន់ក្បែរៗនោះ​មិនបាន​នឹក​ចាប់អារម្មណ៍​នឹង​ការបាត់​ខ្លួន​របស់​អ្នកដំណើរ​ប៉ុន្មាន​ឡើយ តែ​ដល់​ការបាត់​ខ្លួន​ចាប់ផ្តើម​ញឹកញាប់ឡើងៗ ទើប​ពួក​អ្នកស្រុក​ចាប់ផ្តើម​ធ្វើការ​ស្វែងរក​ជនបង្ក​ហេតុ​នៅក្នុង​តំបន់​កើតហេតុ ដែលមាន​ម្តងនោះ​មាន​អ្នក​សង្កេតឃើញ​ល្អាង​ភ្នំ​ដែល​សវ៍នីយ៍​ស្នាក់អាស្រ័យ​នោះដែរ តែ​គ្មាន​នរណាម្នាក់​ជឿថា នឹងមាន​មនុស្ស​រស់នៅក្នុង​ល្អាង​ភ្នំ​បែប​ហ្នឹង​បានឡើយ ទើប​ការរុករក​នៅក្នុង​ល្អាង​ភ្នំ​នោះ​មិន​ត្រូវបាន​ធ្វើឡើង​ឡើយ ដូច្នេះហើយ​ទើប​ក្តី​ស៊យ​ចង្រៃ​ត្រូវ​ធ្លាក់​ទៅលើ​បណ្តា​ម្ចាស់​សណ្ឋាគារ​ដែល​ត្រូវបាន​ក្លាយជា​ជនសង្ស័យ ដោយសារតែ​សណ្ឋាគារ​ជាទី​កន្លែង​ដែលមាន​អ្នក​បានឃើញ​ជនរងគ្រោះ​កាលពីពេល​នៅរស់។

    រហូតមកដល់​យប់​មួយ មាន​ប្តី​ប្រពន្ធ​មួយគូ​ជិះសេះ​ធ្វើដំណើរ​ឆ្លងកាត់​មក ហើយក៏​ត្រូវ​ក្រុមគ្រួសារ​របស់​សវ៍នីយ៍​ស្ទាក់​វាយប្រហារ។ ប្តី​ជា​មនុ​ស្សមាន​ជំនាញ​ខាង​ការប្រយុទ្ធ ខំព្យាយាម​វាយវាត់​ដាវ​នៅក្នុង​ដៃ និង​ប្រើ​កាំភ្លើង​បាញ់​តស៊ូ តែ​ពួក​របស់​សវ៍នីយ៍​ក៏​ចាប់​អូស​ប្រពន្ធ​របស់គេ​ធ្លាក់​ពី​ខ្នង​សេះ​ទៅលើ​ដី រួចហើយ​នាង​ក៏ត្រូវ​ពួក​នោះ​រោម​ហែក​ស៊ី​ទាំង​រស់​ភ្លាម​តែម្តង។

    ចំណែកឯ​ស្វាមី​សំណាងអាក្រក់​នោះ​ប៊ិះ​តែ​ក្លាយជា​ចំណី​របស់​គ្រួសារ​ឃោរឃៅ​នោះ​ម្នាក់ទៀត តែ​សំណាងល្អ​ដែលមាន​មនុស្ស​មួយក្រុម​ធំ​ទៀត​ធ្វើដំណើរ​មកដល់ ទើប​បក្ខពួក​របស់​ស​វ៍​នី​យ៍​ប្រញាប់​នាំគ្នា​រត់គេច​អស់យ៉ាង​ឆាប់រហ័ស។

    រឿងរ៉ាវ​ដ៏​គួរឱ្យ​ភ័យខ្លាច​នេះ​បាន​សាយភាយ​ចេញទៅ​យ៉ាង​ឆាប់រហ័ស​រហូត​ឮ​ទៅដល់​ព្រះអង្គម្ចាស់ ចេ​ម​ស៍ ទី6នៃ​ស្កុ​តលែ​ន​ដ៍(ក្រោយមក​ក្លាយជា​ព្រះអង្គម្ចាស់ ចេ​ម​ស៍​ទី1 នៃ​អង់គ្លេស) ព្រះអង្គ​ក៏​បញ្ជា​ឱ្យ​កង​ទាហាន​ជាង 400 នាក់​ព្រមជាមួយ​សត្វ​សុនខ​ប្រមាញ់​ជាច្រើន​ក្បាល​ទៀត​ចេញ​ស្វែងរក​ជនល្មើស និង​មិនយូរប៉ុន្មាន ក្រុម​ស្វែងរក​ក៏បាន​ជួបនឹង​ល្អាង​លាក់ខ្លួន​របស់​សវ៍នីយ៍ និង​កូនចៅ។ គ្រប់គ្នា​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ថ្នាក់​ស្រឡាំងកាំង​ចំពោះ​អ្វីដែល​ពួកគេ​បានឃើញ​នៅក្នុង​ល្អាង​ដ៏​តូច​មួយ​នេះ។

    ខាងក្នុង​ល្អាង​ដែល​ត្រូវបាន​ប្រើប្រាស់​ធ្វើជា​កន្លែង​ស៊ីសាច់​មនុស្ស​រហូត 25ឆ្នាំ​កន្លងមកនេះ ពោរពេញ​ទៅដោយ​ក្លិនស្អុយ​នៃ​គម្រង់​ខ្មោច គំនរ​ឆ្អឹង​ដ៏​ច្រើន​កម្ពស់​សឹងតែ​ប៉ុន​កូនភ្នំ​មួយ កម្ទេច​សាច់មនុស្ស​ដែល​ត្រូវបាន​ប្រឡាក់​ផ្អាប់​ទុកជា​ច្រើន​ទៀត និង​នៅមាន​សាកសព​មនុស្ស​មួយចំនួនទៀត​ដែល​ដេកស្លាប់​នៅ​រាយប៉ាយ​ពេញ​ក្នុង​ល្អាង និង​ដែល​សំខាន់បំផុត​នោះ​គឺ បណ្តា​សមាជិកគ្រួសារ​ទាំង48នាក់​ដែលមាន​សភាព​រាងកាយ​កខ្វក់ ស្អុយ និង​គ្រប់គ្នា​មើលទៅ​មានការ​ភ័យខ្លាច តែ​បង្កប់​ទៅដោយ​ខ្សែ​ភ្នែកមាន​កំហឹង និង​ចងអាឃាត។

    ក្រុមគ្រួសារ​សវ៍នីយ៍​ទាំងអស់​ត្រូវបាន​ចាប់ខ្លួន និង​នាំទៅ​ឃុំឃាំង​ក្នុង​គុក Tolbooth នៅ​អេ​ឌិន​ប៊ើ​ក មុននឹង​ដឹកយក​ទៅ​ប្រហារជីវិត​យ៉ាង​សាហាវ​នៅឯ ហ្ក្រា​ស្កូ ដោយ​មនុស្ស​ប្រុស​ទាំងអស់​ត្រូវបាន​កាត់​ដៃ ជើង និង​អវយវៈ​ភេទ​ចោល រួច​ទុកចោល​ឱ្យ​ឈាម​ហូរ​អស់ពី​ខ្លួន​រហូតដល់​ស្លាប់ ចំណែក​ស្រី និង​កុមារ បន្ទាប់ពី​បណ្តោយឱ្យ​ឈរ​មើល​ពួកប្រុសៗស្លាប់​យ៉ាង​វេទនា​អស់ហើយ ក៏​ត្រូវបាន​នាំខ្លួន​ទៅ​ដុត​សម្លាប់ចោល​ទាំង​រស់។

    ប្រវត្តិ​រឿងរ៉ាវ​របស់​គ្រួសារ​ស៊ីម​នុស្ស​មួយ​នេះ​មើលទៅ​ហាក់ដូចជា​ត្រូវបាន​បញ្ចប់ទៅ​យ៉ាង​អាណោចអាធ័ម​ត្រឹមតែ​ប៉ុណ្ណឹង តែ​នៅមាន​ប្រវត្តិ​រឿងរ៉ាវ​មួយទៀត​នៅឯ​ទីក្រុង Girvan ដែល​ស្ថិតនៅ​ក្បែរ​នោះដែរ​បាន​និយាយ​អំពី​កូនស្រី​របស់​សវ៍នីយ៍ ប៊ី​ន​ម្នាក់​ដែល​បាន​រត់គេច​រួចខ្លួន​ចេញពី​ល្អាង​ភ្នំ​នោះ និង​បានមក​សម្ងំ​ស្នាក់អាស្រ័យ​នៅក្នុង​ទីក្រុង​មួយ​នេះ​នៅក្នុង​ទីកន្លែង​តូច​មួយ​ដែល​នាង​បាន​ដាំ​ដើម Dule Tree រហូត​ក្លាយជា​កន្លែង​មួយ​ដែលមាន​គេ​ស្គាល់​ច្រើន​ក្នុង​ឈ្មោះថា The Hairy Tree ដែល​ក្រោយពី​ក្រុមគ្រួសារ​សវ៍នីយ៍​ត្រូវ​ចាប់ខ្លួន​មក ប្រវត្តិ​របស់​នាង​ត្រូវបាន​បើក​កកាយ​ដោយ​ពួក​អ្នកស្រុក​ដែល​នៅមាន​គំនុំ និង​បាន​ពួត​គ្នា​ចាប់ខ្លួន​នាង​យកទៅ​ព្យួរ​កនៅ​នឹង​ដើមឈើ​មួយ​នោះ​ទៅ៕

    ស្រាវជ្រាវ​ដោយ តា​វ៉ែនតា

  • មហាហង្ស ទទួលបាន​លទ្ធផល​វិជ្ជមាន តែ​កីឡាករ​បួស​ច្រើន

    មហាហង្ស ទទួលបាន​លទ្ធផល​វិជ្ជមាន តែ​កីឡាករ​បួស​ច្រើន

    តារា​សម្ដែងល្បីៗជាច្រើន​នៅក្នុង​ពិភព​សិល្បៈ បានបង្ហាញ​ខ្លួន​នៅលើ​ទីលាន​បាល់ទាត់​នៅ​ពហុកីឡាដ្ឋាន​វេ​ស្ទើ​ន ដើម្បី​ចូលរួម​ប្រកួត​ជា​លើក​ទី12 ក្នុងនាម​ជា​ក្រុមបាល់ទាត់​មហាហង្ស ប៉ះគ្នា​ជាមួយ​ក្រុម​បាត់​ទាល់ Online។

    ឆ្លងកាត់​ការប្រកួត​រយៈពេល​ពីរ​តង់ ក្រុមបាល់ទាត់​ដែល​ចម្រុះ​ដោយ​តារា​សិល្បៈល្បីៗស្ទើរតែ​ទទួលបាន​ជោគជ័យ​ទៀតហើយ​លើ​ក្រុម​គូប្រកួត​ក្នុង​លទ្ធផល​ដ៏​អស្ចារ្យ​គឺ 7 ទល់ 2។ លោក​អ៊ិន សុ​ភិន ជា​ប្រធាន​ក្រុម​បាន​អះអាងថា សម្រាប់​ការប្រកួត​ដែល​បាន​ធ្វើឡើង​កាលពី​យប់ម្សិល​មិញ​គឺជា​ប្រកួត​លើក​ទី12របស់​ក្រុម​មហាហង្ស ហើយក៏​ជា​ជ័យជម្នះ​លើក​ទី1របស់​ក្រុម​ខ្លួន​ផង ចាប់តាំងពី​ក្រុម​ដែល​ចម្រុះ​តារា​សិល្បៈ​មួយ​នេះ​ត្រូវបាន​បង្កើតឡើង។

    លោក​បន្ដថា​ការប្រកួត​លើក​នេះ គឺជា​ការ​ប៉ះគ្នា​ជាមួយ​ក្រុមបាល់ទាត់ Online ដោយ​ក្រុម​របស់លោក​រកបាន​គ្រាប់​បាល់​រហូតដល់7គ្រាប់​ឯណោះ សម្រាប់​ការប្រកួត 90នាទី​នៅលើ​ទីលាន។ យ៉ាងណាមិញ លោក​ក៏​សរសេរ​ដៃគូរ​ប្រកួត​របស់ខ្លួន​ថា មិនមែនជា​ក្រុម​ខ្សោយ​នោះទេ ប៉ុន្តែ​មកពី​ក្រុម​តារា​សិល្បៈ​ដែលជា​សមាជិក​របស់​ក្រុម​មហាហង្ស​កាន់តែ​មាន​ទម្រង់​លេង​ល្អ ទើប​មាន​លទ្ធផល​ជា​វិជ្ជមាន​ដូចនេះ។

    ចាងហ្វាង​ផលិតកម្ម​រូបនេះ បាន​សារភាពថា ក្នុង​ក្រុម​របស់លោក​តារា​សិល្បៈ​ចូលរួម​ប្រកួត មាន​របួស​ក្រោយ​បញ្ចប់​ការប្រកួត តែ​មិនមាន​បញ្ហា​ធ្ងន់ធ្ងរ​ណាមួយ​ទេ គឺ​គ្រាន់​តែមាន​បញ្ហា​របួស​ជើង​តិចតួចម្នាក់ៗប៉ុណ្ណោះ លើកលែងតែ​លោក ភឹម តារា​វិបុល ដែលមាន​របួស​ជើង​ធ្ងន់​ជាងគេ​ក្រោយ​ការប៉ះទង្គិច​នៅលើ​ទីលាន។

    សមាសភាពតារាៗបានបង្ហាញ​ខ្លួន​ចូល​ប្រកួត​ក្នុង​ទីលាន​នា​ល្ងាច​នោះ​រួមមាន តារា​កំប្លែង​នាយ​ចឺម លោក​ហេង នរៈ​កក្កដា លោក​ជា សុវណ្ណ​ន​រា​ហ៍ លោក​លឹម ជា​ឡាយ  លោក​ភឹម តារា​វិបុល លោក​អូន ឧស្សាហ៍ លោក​ហូ ប៉ូ​សេង (សេង នរៈ​មង្គល) លោក​ឈុន សុវណ្ណ​ភក្ដី តារា​សម្ដែង​ប្រចាំ​ផលិតកម្ម BKS លោក​ប៉ែន តុលា និង​តារា​សម្ដែងថ្មីៗជាច្រើនរូប​ទៀត។ ក្នុងនោះ​តារា​សិល្បៈ​ដែល​បង្ហាញខ្លួន​ទៅ​លើកទឹកចិត្ត​ដោយផ្ទាល់​ក៏មាន​សុទ្ធសឹងតែ​វត្តមាន​តារាល្បីៗផងដែរ ដូចជា​លោក​ហម ឈ​រ៉ា កញ្ញា​សឿន ផា​ភួង អ្នកនាង​ភិន សុ​ដា​លី​ស កញ្ញា​ថន លក្ខិណា និង​តារា​សម្ដែង​ជាច្រើនរូប​ទៀត ដែល​ភាគច្រើន​គឺជា​តារា​សម្ដែង​ប្រចាំ​ផលិតកម្ម​មហាហង្ស និង BKS៕