Author: វល័ក្ខ

  • ឌី​ម៉ា ផ្តួល​ថៃ វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ជួយ​ឲ្យ​កម្ពុជា ឈ្នះ​មេដាយមាស​ទី2ក្នុង​ស៊ី​ហ្គេម

    ឌី​ម៉ា ផ្តួល​ថៃ វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ជួយ​ឲ្យ​កម្ពុជា ឈ្នះ​មេដាយមាស​ទី2ក្នុង​ស៊ី​ហ្គេម

    កីឡាករ​ប្រដាល់​គុន​ខ្មែរ ឃីម ឌី​ម៉ា របស់​កម្ពុជា​បានបង្ហាញ​ពី​សេចក្តីក្លាហាន និង​ទឹកចិត្ត​ប្រយុទ្ធ​ដ៏​គួរ​ឲ្យ​ស្ងើចសរសើរ​ដោយបាន​ផ្តួល​កីឡាករ​ថៃ​នៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើ​វិញ្ញាសា​ប្រដាល់សេរី វគ្គ​ផ្តាច់ព្រ័ត្រ ទម្ងន់៦៣,៥គីឡូក្រាម​នៅថ្ងៃនេះ ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ។

    ក្រោយពី​ដឹងថា ខ្លួន​ចាញ់​ពិន្ទុ​គូប្រកួត​ក្នុង​ទឹក​ទី1  ឌី​ម៉ា​បានធ្វើការ​វាយ​សម្រុកភ្លាមៗនៅក្នុង​ទឹក​ទី2 មុននឹង​ធ្វើការ​គ្រប់គ្រង​បាន​ទាំងស្រុង​លើ​គូប្រកួត​របស់ខ្លួន​ក្នុង2ទឹក​ចុង​ក្រោយនេះ និង​ឈ្នះ​មេដាយមាស​សម្រាប់​កម្ពុជា ក្នុង​យុទ្ធនាការ​កីឡា​ស៊ី​ហ្គេម ឆ្នាំ2017 នេះ​តែម្តង។

    ជ័យជម្នះ​របស់​ឌី​ម៉ា មានន័យថា បច្ចុប្បន្ន​កម្ពុជា​បានឈ្នះ​មេដាយមាស​ចំនួន2 ពី​ការប្រកួត​ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ​នេះ ក្រោយពី​ក្រុមកីឡា​ប៉េតង់ ជួយ​ឲ្យ​កម្ពុជា​ឈ្នះ​មេដាយមាស1រួចហើយ​កាល​សប្តាហ៍​មុន៕

  • យុវជន​កម្ពុជា​អាច​បាក់​ទឹកចិត្ត​នៅពេល​បារម្ភ​ជ្រុល​ជាមួយ​ទីផ្សារការងារ

    យុវជន​កម្ពុជា​អាច​បាក់​ទឹកចិត្ត​នៅពេល​បារម្ភ​ជ្រុល​ជាមួយ​ទីផ្សារការងារ

    ចាប់ផ្តើម​ដើរចូល​សាលា​ភ្លាម ចំណុច​ដំបូង​ដែល​និស្សិត​គិត និង​បារម្ភ​គឺ​ទីផ្សារការងារ កត្តា​នេះ​ធ្វើឱ្យ​និស្សិត​ពិបាក​សម្រេចចិត្ត​ព្រោះ​ពួកគេ​ខ្លាចក្រែង រៀន​ហើយ​មិនអាច​រក​ការងារ​បានធ្វើ។

    ជា​ស្ថានភាព​ទូទៅ យុវជន​កម្ពុជា​មួយចំនួន​បាន​ទុកចិត្ត​លើ​ខ្លួនឯង​សម្រាប់ធ្វើ​ការងារ​ឱ្យគេ ឬ​បង្កើត​អាជីវកម្ម​ដោយ​ខ្លួនឯង​ផ្ទាល់ ក្រោយពេល​ចេញពី​សាកល​វិទ្យាល័យ តែ​និស្សិត​មួយចំនួនទៀត​ហាក់​នៅមាន​ភាព​រារែក​ចំពោះ​កត្តា​គុណភាព​នៃ​ការអប់រំ ទាំង​ការសង្ស័យ​លើ​គុណភាព​សាលា និង​គុណភាព​របស់​ខ្លួនឯង​ផ្ទាល់។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​អតីត​ឯកអគ្គរាជទូត​យុវជន របស់​អូស្ត្រាលី លោក រិ​ន រ៉ាវុធ ធ្លាប់បាន​លើកឡើងថា យុវជន​នាពេល​បច្ចុប្បន្ន​ហាក់​មានការ​បារម្ភ​ជ្រុល​ពី​បញ្ហា​ទីផ្សារការងារ ព្រោះ​ពួកគេ​បានឮ​សំឡេង​មិនល្អ​ជាច្រើន​ពី​មជ្ឈដ្ឋាន​ជុំវិញខ្លួន។ មាន​និស្សិត​ខ្លះ​មានការ​រារែក​មិន​ចង់​ប្រឹងប្រែង ព្រោះ​បាន​ឮថា​ទីផ្សារការងារ​ចង្អៀត ប្រកួត​មិន​ឈ្នះ​កូន​អ្នកធំ ឬ​ខ្លាច​លើ​បញ្ហា​នានាផ្សេងៗទៀត​ដែល​ធ្វើឱ្យ​ពួកគេ​មាន​ភាព​រារែក។

    អ្នក​អប់រំ​ខាងលើ​បានលើកឡើង​ផងដែរ​ថា ការដែល​បារម្ភ​ជ្រុល​បែបនេះ អាចធ្វើឱ្យ​និស្សិត​កម្ពុជា​មិនមាន​កម្លាំងចិត្ត​ក្នុងការ​ប្រឹងប្រែង ព្រោះ​ខណៈពេលដែល​ពួកគេ​ប្រឹងប្រែង អារម្មណ៍​ភ័យខ្លាច​បាន​បង្អាក់​ការខិតខំ​ប្រឹងប្រែង​នោះ។ កត្តា​នេះ​អាចធ្វើឱ្យ​និស្សិត​ឆ្លង​មិន​ផុតពី​ដំណាក់កាល​សាកលវិទ្យាល័យ ឬ​ផ្តោត​ច្រើន​ទៅលើ​ចំណុច​ដែល​មិនគួរ​ផ្តោត ហើយ​មិន​គិត​ចំពោះ​ចំណុច​ដែល​ត្រូវ​គិត​ទៅវិញ។

    លោក​បាន​បញ្ជាក់ថា សម្រាប់​ទីផ្សារការងារ​នៅ​កម្ពុជា​មិន​គួរឱ្យ​បារម្ភ​ដូច​និស្សិត​គិត​នោះទេ អ្វីដែល​ត្រូវធ្វើ​គឺ ខំរៀន​ឱ្យបាន​ច្បាស់លាស់ និង​បង្កើន​សមត្ថភាព​ឱ្យទទួល​យកបាន​សម្រាប់​ទីផ្សារ ព្រោះ​មានការ​ងារ​ជាច្រើន​ណាស់​ដែល​កំពុង​ខ្វះ​មនុស្ស​ធ្វើការ៕

  • មហាជនចង់ឃើញកីឡាប្រដាល់​ខ្មែរ «ពីង ឡាំ» ឡើង​វាយ​លើស​ង្វៀន​ប៉ុស្ដិ៍​ទូរទស្សន៍​ខ្មែរ

    មហាជនចង់ឃើញកីឡាប្រដាល់​ខ្មែរ «ពីង ឡាំ» ឡើង​វាយ​លើស​ង្វៀន​ប៉ុស្ដិ៍​ទូរទស្សន៍​ខ្មែរ

    ថ្មីៗនេះ​កីឡាករ​ប្រដាល់សេរី​គុណ​ខ្មែរ ឈ្មោះថា ពីង ឡាំ បានធ្វើឱ្យ​មហាជន ដែល​ស្នេហា​វិស័យ​កីឡាប្រដាល់ មានការ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​ជាខ្លាំង​នូវ​ក្បាច់​វាយលុក​របស់គេ នៅក្នុង​ការប្រកួត​ជាមួយ​កីឡាករ​ថៃ ចៃ​ផេ​ត  ស្រី​សុ​ពុង នៅ​ស​ង្វៀង​ប៉ុស្ដិ៍​លេខ8 ថៃ។

    បើ​និយាយ​ពី​កីឡាករ​កម្ពុជា​រូបនេះ គេ​ពុំ​ធ្លាប់​ឃើញ​វត្ដ​មាន​ប្រកួត​នៅ​ស​ង្វៀង​ទីក្រុង​ភ្នំពេញ​ឡើយ ប៉ុន្ដែ​ក្រោយពី​បានឃើញ​ក្បាច់​ប្រយុទ្ធ និង​ការវាយលុក ពោរពេញ​ទៅដោយ​កម្លាំង និង​បទពិសោធ​របស់គេ មាន​អ្នកទស្សនា​ជាច្រើន​រំពឹងថា​កីឡាករ ពីង ឡាំ និង​មានឱកាស​បាន​ឡើងមក​លើស​ង្វៀន​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​បញ្ចេញ​សមត្ថភាព ឬ​ប្រកួត​ដណ្ដើម​ខ្សែក្រវ៉ាត់​នៅក្នុង​កម្មវិធី​ណាមួយ​របស់​ស្ថានីយទូរទស្សន៍​ខ្មែរ។

    ទោះយ៉ាងណា យើង​មិនមែន​លើកសរសើរ​តែ​មាត់​នោះទេ យើង​ក៏មាន​វីដេអូ​ឃ្លី​ប​ជុំវិញ​ការប្រកួត​របស់ ពីង ឡាំ ជាមួយ​កីឡាករ​ថៃ​ផងដែរ។ ធានាថា​ទស្សនិកជន​ចំណាយ​ទស្សនា​ហើយ​ពិតជា​ជក់​ចិ​ត្ដ​និង​មិន​ស្ដាយក្រោយ​នោះទេ៕

  • ខេត្ត​ណាខ្លះ​ដែលមាន​ប្រជាពលរដ្ឋ​ជំពាក់​ប្រាក់​ធនាគារ​ច្រើនជាងគេ?

    ខេត្ត​ណាខ្លះ​ដែលមាន​ប្រជាពលរដ្ឋ​ជំពាក់​ប្រាក់​ធនាគារ​ច្រើនជាងគេ?

    ភ្នំពេញ៖ យោងតាម​របាយការណ៍​ការិយាល័យ​ឥណទាន​កម្ពុជា ទីប្រជុំជនធំៗគឺជា​កន្លែង​ប្រមូលផ្តុំ​ឥណទាន​ច្រើនជាងគេ។ ការឱ្យ​ខ្ចី​សរុប​នៅ​ភ្នំពេញ​មាន​ចំនួន​លើសពី1ប៊ី​លាន​ដុល្លារ​អាមេរិក និង​បណ្តា​ខេត្ត​មួយចំនួន​ផ្សេងទៀត ដូចជា​ខេត្តកំពង់ចាម កណ្តាល ត្បូងឃ្មុំ សៀមរាប និង​បាត់ដំបង មាន​បរិមាណ​ឥណទាន​ចន្លោះ​ពី 700លាន​ដុល្លារ​អាមេរិក ទៅ1ប៊ី​លាន​ដុល្លារ​អាមេរិក។

    របាយការណ៍​បានធ្វើ​ការបែងចែក​ឥណទាន​ទៅតាម​បណ្តា​ខេត្ត និង​ស្រុក​ដូចខាងក្រោម៖

    1/ ចំនួន​អតិថិជន​ដែល​ទទួលបាន​ឥណទាន​តាម​ខេត្ត និង​ស្រុក
    ចំនួន​អតិថិជន​ដែល​ទទួលបាន​ឥណទាន​ច្រើនជាងគេ​គឺ​រាជធានី​ភ្នំពេញ ដោយមាន​អតិថិជន​ច្រើនជាង200.000នាក់ និង​ខេត្តកណ្តាល​មាន​អតិថិជន​ចន្លោះ​ពី 150,001នាក់ ដល់200.000 នាក់។ បន្ទាប់​ពីនេះ​រួមមាន ខេត្តកំពង់ស្ពឺ សៀមរាប កំពង់ចាម ព្រៃវែង តាកែវ កំពង់ធំ និង បាត់ដំបង​ដោយមាន​អ្នក​ខ្ចី​ចន្លោះ​ពី100.001នាក់ ដល់150.000នាក់។

    2/ ការបែងចែក​ឥណទាន​មិន​ដំណើរការ​តាម​ខេត្ត
    ចំពោះ​គុណភាព​ឥណទាន​វិញ​ឃើញថា រាជធានី​ភ្នំពេញ ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគីរី និង​កោះកុង មាន​ឥណទាន​មិន​ដំណើការ​ខ្ពស់​ជាងគេ ជាមួយនឹង​អត្រា​ធំ​ជាង 1,51% ខណៈដែល​ខេត្តកណ្តាល បាត់ដំបង បន្ទាយមានជ័យ និង ស្វាយរៀង មាន​អត្រា​ឥណទាន​មិន​ដំណើការ​តែ​ក្នុង​ចន្លោះ​ពី1,01% ទៅ1,50% ប៉ុណ្ណោះ ។

    3/ ករណី​សិក្សា​ដោយឡែក​អំពី​ខេត្តស្វាយរៀង
    ខេត្តស្វាយរៀង​មានស្រុក​ចំនួន8ដែលមាន​ប្រជាជន​ចំនួន87.828នាក់​បាន​ខ្ចីប្រាក់​ពី​ធនាគារ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ប្រតិបត្តិ​ករ​ឥណទានផ្សេងៗសរុប​ចំនួន​សរុប 267 លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ចំនួន​ប្រជាជន65%នៃ​ចំនួន​គ្រួសារ​ទូទាំង​ខេត្ត​បានទទួល​ឥណទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ (ដោយ​សន្មត​ថា ក្នុង1គ្រួសារ​មាន​មនុស្ស​តែ​ម្នាក់​គត់​ដែល​អាច​ទទួលបាន​ឥណទាន) ហើយ23%នៃ​ចំនួន​ប្រជាជន​ដែលមាន​អាយុ​លើសពី18ឆ្នាំ​ទទួលបាន​ឥណទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ៕

  • សាលា​ស្រណោះ​តន្ត្រី​ត្រូវការ​យុវជន 30នាក់ បង្ហាត់ ​Free លើ​ជំនាញ​តន្ដ្រី និង​ចម្រៀង

    សាលា​ស្រណោះ​តន្ត្រី​ត្រូវការ​យុវជន 30នាក់ បង្ហាត់ ​Free លើ​ជំនាញ​តន្ដ្រី និង​ចម្រៀង

    ភ្នំពេញ- លោក សូរ ស្រណោះ បណ្ឌិត​ឧបករណ៍​តន្ត្រី​ព្យ៉ា​ណូ​ដ៏​មាន​ទេពកោសល្យ និង​មានកេរ្ដិ៍ឈ្មោះ​ល្បីល្បាញ​នៅក្នុង​សង្គម​សិល្បៈ​បានប្រកាស​ស្វែងរក​កុមារ និង​សិស្ស​ជំទង់​សម្រាប់ធ្វើ​ការប្រឡង​សមត្ថភាព​ដើម្បី​បង្រៀន​ជំនាញ​ព្យ៉ា​ណូ​ក្នុង​សាលា​ស្រណោះ​តន្ត្រី​ដោយ​ពុំ​គិតថ្លៃ។

    លោក សូរ ស្រណោះ នាយក​សាលា និង​ជា​គ្រូ​ Piano បាន​ឲ្យ​ដឹងថា សាលា​ស្រណោះ​តន្ត្រី​រៀបចំ​កម្មវិធី​នេះ​ឡើង​ក្នុង​គោលបំណង​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ចំនួន 30នាក់​ ដោយ​មិន​ប្រកាន់​ឋានៈ​អ្វី​ទាំងអស់​ឲ្យ​តែ​ជា​សញ្ជាតិ​ខ្មែរ​មាន​អាយុ​ពី 13ឆ្នាំ ដល់25ឆ្នាំ​ ដែល​យើង​បាន​ផ្តោតជាសំខាន់។

    លោក​បន្ដថា ការប្រកាស​ស្វែងរក​សិស្សថ្មីៗមក​ធ្វើការ​ហ្វឹកហាត់​បណ្តុះបណ្តាល​ដើម្បី​បណ្ដុះ​គំនិត​យុវជន​សម័យ​ទំនើប​ឱ្យ​កាន់តែ​ពេញចិត្ត និង​លើកតម្កើង​វិស័យ​ព្យ៉ា​ណូ។ អ្វីដែល​ពិសេស​ជាង​នេះ​គឺ​ចង់​ឲ្យ​កូន​ខ្មែរ​អាចមាន​សមត្ថភាព​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ ដូច​ពេលកន្លងមក​ដែល​កុមារ​កម្ពុជា​បាន​ចេញទៅ​ប្រកួត​នៅ​ប្រទេស​សិង្ហ​បុរី​ដែល​សិស្សសាលា​ស្រណោះ​តន្ត្រី​ជាច្រើន​នាក់​ដណ្តើមបាន​មេដាយ និង​បង្ហាញ​នូវ​ភាព​លេចធ្លោ​នាំ​ឲ្យ​កម្ពុជា​មានមុខមាត់​ល្បី។

    ក្រៅពី​បង្ហាត់​ជំនាញ​ព្យ៉ា​ណូ​ហើយ​នោះ​សាលា​ក៏​នឹង​ផ្ដល់​ការបង្ហាត់​ទៅលើ​ផ្នែក​ចម្រៀង​ផងដែរ​ដោយមាន​គ្រូ​មាន​បទពិសោធ​ក្នុងការ​បង្ហាត់​ដើម្បី​រង់ចាំ​ផ្ទេរ​ចំណេះដឹង។

    បណ្ឌិត​ជំនាញ​ព្យ៉ា​ណូ​រូបនេះ​បញ្ជាក់ថា យើង​ចង់​ជួយ​ប្រជាជន​ខ្មែរ​ពិសេស​អ្នក​ខ្វះខាត​ថវិកា សំខាន់​នៅពេល​ធ្វើតេស្ដ​ឲ្យ​តែ​បុគ្គល​នោះ​មាន​សំឡេង​ល្អ​ទៅលើ​បច្ចេកទេស​ច្រៀង។ ក្រៅពី​មាន​សំឡេង​ល្អ​ហើយ​ត្រូវ​ច្រៀង​ឲ្យ​ត្រូវ​តុង និង​ចេះ​ប្រើ​មនោសញ្ចេតនា​ដាក់​ឲ្យ​ចំ​បទ​នៅពេល​ច្រៀង​ទៀតផង។ ចំពោះ​ការទទួល​ពាក្យ​គឺ​ចាប់ពី​ថ្ងៃទី29 ខែសីហា ឆ្នាំ2017 ដល់​ថ្ងៃទី11 ខែកញ្ញា ឆ្នាំ2017 នៅ​សាខា​ទួលគោក និង​បឹង​កេងកង។ បេក្ខជន​ដែល​អាចដាក់​ពាក្យ​បាន​គឺ​ត្រូវ​ចេះ​ច្រៀង1បទ​បើ​អាចជា​ភាសា​អង់គ្លេស​រឹតតែ​ប្រសើរ​ដើម្បី​កត់សម្គាល់​សំឡេង។ មាន​វគ្គ​ជម្រុះ​មួយទៀត​បេក្ខជន​ត្រូវ​ស្តាប់​សំឡេង​ព្យ៉ា​ណូ​ហើយ​ស្រែក​តាម​សំនៀង​ព្យ៉ា​ណូ ដើម្បី​កំណត់​កម្ពស់​សំឡេង និង​ចង្វាក់៕

  • រដ្ឋមន្ត្រី​កសិក​ម្ម៖ កម្ពុជា​គ្រោង​ផលិត​ស្រូវ 2ប្រភេទ​ទៀត

    រដ្ឋមន្ត្រី​កសិក​ម្ម៖ កម្ពុជា​គ្រោង​ផលិត​ស្រូវ 2ប្រភេទ​ទៀត

    ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​បាន​ថ្លែងថា កម្ពុជា​គ្រោង​នឹង​ដាំ​ដុះ​ស្រូវ​ថ្មី​ចំនួន2ប្រភេទ​ទៀត​ដើម្បី​នាំចេញ​ទៅកាន់​ប្រទេស​ជប៉ុន និង​ប្រទេស​មួយចំនួន​នៅ​តំបន់​មជ្ឈិមបូព៌ា។

    រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លោក វេ​ង សាខុន បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា កម្ពុជា​នឹងធ្វើ​ការផលិត​ស្រូវ2ប្រភេទ​ទៀត​សម្រាប់​នាំចេញ​នាពេល​អនាគត គឺ​ស្រូវ​ឈ្មោះ Japanica និង​ស្រូវ​ដែលមាន​គ្រាប់វែងៗសម្រាប់​នាំចេញ​ទៅកាន់​ប្រទេស​អ៊ីស្រាអែល និង​ប្រទេស​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​ដទៃទៀត។ លោក​បន្តថា ស្រូវ Japanica ជា​ប្រភេទ​ស្រូវ​ដែល​គេ​កិន​ជា​អង្ករ​សម្រាប់ធ្វើ​ស៊ូ​ស៊ី ដែលមាន​ភាព​ពេញនិយម​ខ្លាំង​នៅ​ប្រទេស​ជប៉ុន។

    លោក​បន្តថា “ប្រទេស​ក្នុង​តំបន់​បានធ្វើ​ការផលិត​ស្រូវ​ទាំង2ប្រភេទ​នេះ​ដើម្បី​នាំចេញ​ហើយ និង​នាពេល​អនាគត​ក្រុមហ៊ុន​នៅ​កម្ពុជា​ក៏​អាច​នឹង​ផលិត ដែរ​ប្រសិន​ជាមាន​ការបញ្ជាទិញ។

    លោក វេ​ង សាខុន បាន​បន្តថា តាម​ព័ត៌មាន​ក្រុមហ៊ុន Golden Rice និង​ក្រុមហ៊ុន​សោមា​គ្រុប​បាន​ពិចារណា​នាំចូល​ពូជស្រូវ​ទាំងពីរ​ប្រភេទ​នេះ​ដើម្បី​ធ្វើ​ការផលិត​នាំចេញ​ផងដែរ ប៉ុន្តែ​ព័ត៌មាន​លម្អិត​យ៉ាងណា​នោះ​លោក​មិនទាន់​បញ្ជាក់​ឲ្យ​ដឹង​នៅឡើយ​ទេ។

    លោក​ឧកញ៉ា សុង សារ៉ន អគ្គនាយក​ក្រុម​អេ​ម​រូ​រ៉ា​យ​បាន​ថ្លែងថា យើង​មានគំនិត​ផលិត​ស្រូវ​នេះ​តាំងពី​យូរ​មកហើយ ប៉ុន្តែ​ធ្វើ​មិនទាន់​ចេញ​ជា​លទ្ធផល​នៅឡើយ​ទេ ព្រោះ​លោក​កំពុងស្ថិត​ក្នុងដំណាក់កាល​សិក្សា ដោយសារ​ស្រូវ​ប្រភេទ​នេះ​មិនមែន​ចេះតែ​ដាំ​បាន​នៅ​គ្រប់​តំបន់​នោះទេ ព្រោះ​ការដាំ​ស្រូវ​ប្រភេទ​នេះ វា​ពាក់ព័ន្ធ​នឹង​លក្ខខណ្ឌ​អាកាសធាតុ និង​ភូមិសាស្ត្រ។ លោក​បន្តថា ស្រូវ​ប្រភេទ​នេះ ប្រសិនជា​ស្ថិតនៅក្រោម​លក្ខខណ្ឌ​អាកាសធាតុ​លើស 25អង្សារ​សេ​នៅពេល​យប់​គឺ​មិនអាច​ដាំ​បាន​នោះទេ។

    លោក​បន្តថា ស្រូវ​ប្រភេទ​នេះ​វា​ក៏​ពាក់ព័ន្ធ​នឹង​របាយ​ទឹកភ្លៀង​ផងដែរ ហេតុនេះ​ទោះបីជា​ស្រូវ​ប្រភេទ​នេះ​មាន​ទីផ្សារ​ល្អ​ក្តី ក៏​មិន​សុទ្ធតែ​ប្រទេស​ណា​ក៏​អាច​ដាំ​បាន​នោះដែរ។ លោក​បន្តថា ខេត្ត​ដែលមាន​ភាព​អំណោយផល សម្រាប់​ដាំ​ស្រូវ Japanica នេះ​គឺ ខេត្តព្រះវិហារ រតនគិរី និង​ខេត្តមណ្ឌលគិរី៕

  • តំបន់​ជនបទ​នឹងមាន​អ៊ី​ន​ធើ​ណិ​ត​ប្រើ​ពេញលេញ​ដូច​ទីក្រុង​ក្នុង​រយៈពេល 3 ឆ្នាំ​ទៀត

    តំបន់​ជនបទ​នឹងមាន​អ៊ី​ន​ធើ​ណិ​ត​ប្រើ​ពេញលេញ​ដូច​ទីក្រុង​ក្នុង​រយៈពេល 3 ឆ្នាំ​ទៀត

    រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ថ្លែង​ឱ្យដឹង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អន្តរជាតិ​ស្តីពី​ហេដ្ឋារចនាសម្ព័ន្ធ​វិស័យ ICT កាលពី​ថ្ងៃទី28 ខែសីហា ឆ្នាំ2017 នេះ​ថា តំបន់​ជនបទ​ទូទាំងប្រទេស​នឹង​មាន​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ប្រើ​បាន​ដូច​ទីក្រុង​ដែរ​ក្នុង​រយៈពេល 3 ឆ្នាំ​ទៀត។

    ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​បានបង្ហាញ​ពី​បរិយាកាស​នៃ​វិស័យ​ទូរគមនាគមន៍​នៅ​កម្ពុជា និង​បានលើកឡើង​អំពី​មហិច្ឆតា​របស់​កម្ពុជា​ក្នុង​ការតភ្ជាប់​ទំនាក់ទំនង​តាម​ប្រព័ន្ធ​ឌីជីថល​នៅត្រឹម​ឆ្នាំ 2020 ហើយ​បានទទួល​ស្គា​ល់ពី​តួនាទី​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន​នៃ​ភាពជា​ដៃគូ​រវាង​ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន​ក្នុងការ​សម្រេចបាន​នូវ​ការត្រៀមខ្លួន​ជាស្រេច​ក្នុង​វិស័យ ICT។

    ឯកឧត្តម​ថ្លែងថា៖«រាជរដ្ឋាភិបាល​សង្ឃឹម​ថា កម្ពុជា​នឹងមាន​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត​ប្រើប្រាស់100%នៅ​តំបន់​ប្រជុំជន និង70%នៅ​តំបន់​ជនបទ​នា​ឆ្នាំ 2020»។

    ដើម្បី​សម្រេចបាន​គម្រោង​មួយ​នេះ មន្ត្រី​រដ្ឋាភិបាល អ្នកដឹកនាំ​ធុរកិច្ច និង​អ្នកជំនាញ​ផ្នែក​ទូរគមនាគមន៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​បានមក​ជួបជុំគ្នា​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា និង​ស្វែងរក​ឱកាស​ជុំវិញ​ការចែករំលែក​បទពិសោធ និង​ចំណេះដឹង​ស្តីពី​ការគ្រប់គ្រង​បង្គោល​អង់​តែ​ន បទ​ប្បញ្ញត្តិ​នៃ​វិស័យ​ទូរគមនាគមន៍ និង​ក្របខ័ណ្ឌ​អាជ្ញាប័ណ្ណ​នៅ​កម្ពុជា។ ក្នុងនោះ ក្រសួង​បានធ្វើការ​សហការគ្នា​យ៉ាងសកម្ម និង​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​ជំនាញ គឺជា​គន្លឹះ​ដ៏​សំខាន់​ដើម្បី​ធានាថា យើង​កំពុង​ស្ថិតនៅ​លើផ្លូវ​ត្រឹមត្រូវ។

    ឯកឧត្តម​បញ្ជាក់ទៀតថា ជាមួយនឹង​កំណើន GDP ថេរ​ក្នុង​កម្រិត 7.០% កម្ពុជា គឺជា​ប្រទេសមួយ​ក្នុងចំណោម​បណ្តា​ប្រទេស​ដែលមាន​ការរីកចម្រើន​លូតលាស់​លឿន​បំផុត​ក្នុង​ទ្វីបអាស៊ី ហើយ​ក៏បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​អភិវឌ្ឍ​វិស័យ​ICTផងដែរ។ បច្ចុប្បន្ន​កម្ពុ​ជាមាន​អ្នកប្រើប្រាស់​អ៊ិន​ធើ​ណិ​ត​រហូតដល់​ទៅ 7.2 លាន​នាក់ និង​អ្នកប្រើប្រាស់​ទូរស័ព្ទ​ជិត 20 លាន​នាក់ ទីផ្សារ​អ៊ិន​ធើ​ណិ​ត​នឹង​ផ្តល់ជូន​នូវ​ឱកាស​ដ៏​ធំធេង​សម្រាប់​ការអភិវឌ្ឍ​ប្រទេស ខណៈដែល​ការ​ជ្រៀតចូល​នូវ​អ៊ិន​ធើ​ណិ​ត ត្រូវបាន​គេ​រំពឹងថា​នឹង​បន្ត​កើនឡើង​យ៉ាងខ្លាំង​បន្ថែមទៀត៕

  • ភាពខុសគ្នា​រវាង​តម្លៃ​ទឹក​ចាស់ និង​តម្លៃ​ទឹក​ថ្មី​របស់​រដ្ឋាករទឹក

    ភាពខុសគ្នា​រវាង​តម្លៃ​ទឹក​ចាស់ និង​តម្លៃ​ទឹក​ថ្មី​របស់​រដ្ឋាករទឹក

    ភ្នំពេញ៖ បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​តម្រូវឱ្យ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​សង​ប្រាក់​ទៅ​ប្រជាពលរដ្ឋ​នូវ​តម្លៃ​ទឹក​ដែល​មានការ​គណនា​តាមរបៀប​ថ្មី​ថ្លៃ​ជាង​ការ​គណនា​ចាស់​នោះមក ក្រសួង​ក៍​ដូចជា​អង្គភាព​រដ្ឋាករទឹក​ដែរ​បាន​ចេញមុខ​សុំទោស​ប្រជាពលរដ្ឋ និង​ប្រាប់​ពី​ភាពខុសគ្នា​នូវ​តម្លៃ​ទឹក​ចាស់ និង​ថ្មី​ដើម្បី​សង​ទៅ​ប្រជាពលរដ្ឋ​វិញ​ហើយ។

    យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ដែល​បាន​ជម្រាបជូន​សាធារណជន​ដែលជា​អតិថិជន​ប្រើប្រាស់​ទឹក​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្តាល​ឱ្យដឹងថា ក្រសួង​បានចេញ​សេចក្តីសម្រេច​ស្តីពី​ការកែសម្រួល​ថ្លៃ​លក់​ទឹកស្អាត​ដែល​បាន​ផលិត​និង​ផ្គត់ផ្គង់​ដោយ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​លេខ 149MIH/2017 ចុះ​ថ្ងៃទី15 ខែឧសភា ឆ្នាំ2017 ដោយបាន​បន្ថែម​កម្រិត​ប្រើប្រាស់​ចាប់ពី 0ម៉ែត្រគូប​ទៅដល់ 03ម៉ែត្រគូប​ក្នុងតម្លៃ 400រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រគូប ខណៈដែល​ការ​គណនា​ថ្មី​មានតម្លៃ​រហូតដល់550 រៀល​ឯណោះ​ក្នុង​មួយ​ម៉ែត្រគូប។

    សេចក្តីជូនដំណឹង​នេះ​បានដាក់​ការស្តីបន្ទោស​ទៅលើ​កំហុស​បច្ចេកទេស​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ដែល​បានធ្វើការ​គណនា និង​ចេញ​វិក្កយបត្រ​ពុំ​ត្រឹមត្រូវ​បណ្តាលឱ្យមាន​ការកើនឡើង​នៃ​តម្លៃ​ទឹក​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ។

    ជាមួយគ្នានេះ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ក៏បាន​សុំ​អភ័យទោស​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ក្រុងភ្នំពេញ និង​ក្រុង​តាខ្មៅ និង​បានប្រកាស​ធ្វើការ​កែតម្រូវ​នូវ​ការ​គណនា​តម្លៃ​ទឹក​ត្រឡប់​ទៅតាម​របៀប​គណនា​ចាស់ និង​សង​ជូន​អតិថិជន​វិញ​នូវ​រាល់​ទឹកប្រាក់​លម្អៀង ឬ​ទឹកប្រាក់​ដែល​បាន​យក​លើស​ជាបន្ទាន់។ សូម​ជម្រាប​ដែរ​ថា បន្ទាប់ពី​មានការ​ព្រមាន​ពី​ប្រមុខ​រដ្ឋាភិបាលភ្លាមៗ ទាំង​ក្រសួង និង​រដ្ឋាករ​ទឹកបាន​សន្យាថា នឹងមិន​ឱ្យមាន​កំហុស​ឆ្គង​ជា​លើក​ទី2ទៀតឡើយ៕

  • ប្រធាន CVEA ប្រាប់​លេខ​ទូរស័ព្ទ​ឲ្យ​ប្រជាពលរដ្ឋ​សាកសួរ​ព័ត៌មាន​រឿង​អចលនទ្រព្យ

    ប្រធាន CVEA ប្រាប់​លេខ​ទូរស័ព្ទ​ឲ្យ​ប្រជាពលរដ្ឋ​សាកសួរ​ព័ត៌មាន​រឿង​អចលនទ្រព្យ

    ភ្នំពេញៈ ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក គីម ហ៊ាង បាន​ថ្លែងថា ប្រជាពលរដ្ឋ​ដែលមាន​ចម្ងល់​ចង់ដឹង​ពី​ក្រុមហ៊ុន​វិនិយោគ​លើ​លំនៅដ្ឋាន​ជា​បុរី​ក្តី ជា​ខុន​ដូ​ក្តី អាច​ទូរស័ព្ទ​មក​សាកសួរ​សមាគម​បាន។

    លោក​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ម្សិលមិញ​ថា កន្លងមក​មាន​ក្រុមហ៊ុន​មួយចំនួន​ថា ខ្លួន​ជា​ក្រុមហ៊ុន ប៉ុន្តែ​ពេល​ឆែក​ព័ត៌មាន​ទៅបាន​រកឃើញថា ពួកគេ​មិនមាន​អាជ្ញាប័ណ្ណ​អភិវឌ្ឍន៍​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​ឡើយ គឺ​ពួកគេ​មានតែ​អាជ្ញាប័ណ្ណ​ចុះបញ្ជី​ក្រុមហ៊ុន​ពី​ក្រសួងពាណិជ្ជកម្ម​ប៉ុណ្ណោះ។ លោក​បន្តថា ដើម្បី​ស្រាយ​ចម្ងល់​ទាក់ទង​នឹង​បុរី ឬ​ខុន​ដូ​ថា តើ​មាន​អាជ្ញាប័ណ្ណ​ឬ​អត់ ប្រជាពលរដ្ឋ​អាច​សាកសួរ​មកកាន់​សមាគម​តាមរយៈ​ទូរស័ព្ទ​លេខ 023 63 24 834

    លោក​គីម ហ៊ាង​បាន​បន្តថា ករណី​ខ្លះទៀត​ប្រជាពលរដ្ឋ​អាច​សាកសួរ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា អចលនទ្រព្យ​ដែល​ខ្លួន​បាន​ទិញ​នោះ​មិនមាន​ហានិភ័យ​កើតឡើង។ ដូចជា​ដីឡូត៍​ពុះ​លក់​ជាដើម ប្រជាពលរដ្ឋ​គួរតែ​សាកសួរ​ព័ត៌មាន​រក​ម្ចាស់​ប័ណ្ណ​ពិតប្រាកដ។ លោក​បន្តថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​រងគ្រោះ​ពី​ការទិញ​ដីឡូត៍ ដោយសារ​ម្ចាស់​ដីឡូត៍​មួយចំនួន​បាន​កក់​ប្រាក់10ភាគរយ ហើយ​ម្ចាស់​ដី​បានត្រឹមតែ​បាន​ចុះ​ឈូសឆាយដី ហើយ​លើកស្លា​កល​ក់រួច​ប្រមូលប្រាក់​បាន​មួយចំនួន​ក៏​រត់ចោល​អ្នកទិញ​តែម្តង​ក៏មាន៕

  • Liverpool យល់ព្រម​លើ​តម្លៃ​ខ្លួន​ជា​កំណត់ត្រា​ដើម្បី​ទិញ Keita ពី​ក្លិប Leipzig

    Liverpool យល់ព្រម​លើ​តម្លៃ​ខ្លួន​ជា​កំណត់ត្រា​ដើម្បី​ទិញ Keita ពី​ក្លិប Leipzig

    ក្លិប​ហង្ស​ក្រហម Liverpool បាន​យល់ព្រម​លើ​តម្លៃ​ខ្លួន​ជា​កំណត់ត្រា​របស់​ក្លិប​ដើម្បី​ចុះហត្ថលេខា​ជាមួយនឹង Naby Keita មកពី​ក្លិប RB Leipzig ខណៈដែល​ខ្សែបម្រើ​ដ៏​មាន​ឥទ្ធិពល​រូបនេះ​នឹង​បំពេញ​ការផ្ទេរ​របស់គេ​ទៅកាន់​កីឡដ្ឋាន Anfield នៅ​ខែកក្កដា ឆ្នាំ2018។

    ក្រុម​ហង្ស​ក្រហម បាន​យល់ព្រម​លើទឹក​ប្រាក់​រំលាយ​កិច្ចសន្យា48លាន​ផោន (ស្មើនឹង 62លាន​ដុល្លារ​អាមេរិក) ដើម្បី​អនុញ្ញាត​ឲ្យ​កីឡាករ​វ័យ 22ឆ្នាំ​រូបនេះ​ផ្ទេរ​ចូលមក​នៅ​រដូវក្តៅ​ក្រោយ បូករួម​ទាំង​ប្រាក់​លើកទឹកចិត្ត​ជាច្រើន​ផ្សេងទៀត។ Keita បាន​ក្លាយជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ជា​អាទិភាព​របស់​គ្រូបង្វឹក​នៃ​ក្រុម Liverpool គឺ​លោក Jurgen Klopp នៅ​រដូវក្តៅ​នេះ ប៉ុន្តែ ក្លិប Leipzig បាន​បដិសេធ​ក្នុង​ការលក់​រូបគេ​ចេញ​នៅពេលនេះ។ ការផ្ទេរ​នេះ​នឹង​បំបែក​កំណត់ត្រា​លើ​តម្លៃ​ខ្លួន35លាន​ផោន ដែល Liverpool បាន​ចំណាយ​ទៅ​ឲ្យ​ក្លិប Newcastle ដើម្បី​បំពេញ​ការផ្ទេរ​ខ្សែប្រយុទ្ធ Andy Carroll កាលពី​ឆ្នាំ2011។ ក្លិប RB Leipzig បានបញ្ចប់​ដោយ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ2 បន្ទាប់ពី​ក្រុម Bayern Munich នៅលើ​តារាង​ក្របខ័ណ្ឌ Bundesliga កាលពី​រដូវ​កាល​មុន ដែល​មានន័យថា ពួកគេ​បានឈ្នះ​សិទ្ធិ​ទៅលេង​ក្នុង​ក្របខ័ណ្ឌ Champions League វគ្គ​ចែក​ពូ​ល។

    ក្រុម Liverpool បាន​រង​នូវ​ការច្រានចោល​ចំពោះ​សំណើ​ដេញថ្លៃ​ចំនួន2លើក​របស់ខ្លួន​រួចមកហើយ​សម្រាប់​តារា​ឆ្នើម​អន្តរជាតិ​ហ្គី​ណេ​រូបនេះ​នៅ​រដូវក្តៅ​នេះ ខណៈដែល​សំណើ​លើក​ទី2ត្រូវបាន​គេ​ជឿជាក់ថា មានតម្លៃ​ខ្លួន​ដល់​ទៅ70លាន​ផោន ប៉ុន្តែ​បច្ចុប្បន្ន​ការព្រមព្រៀង​គ្នា​មួយ​ត្រូវបាន​ឈានដល់ ស្រប​ពេលដែល Leipzig នឹង​រក្សាទុក​រូបគេ​នៅ​រដូវ​កាល​នេះ ហើយ​លោក Klopp នឹង​ទទួលបាន​រូបគេ​នៅ​រដូវ​កាល​ក្រោយ។

    ក្នុង​រដូវ​កាល​មកទល់ពេលនេះ Liverpool បាន​ចុះហត្ថលេខា​ជាមួយនឹង​ខ្សែបម្រើ​ស្លាប Mohamed Salah ពី​ក្លិប Roma ក្នុងតម្លៃ​ខ្លួន34លាន​ផោន ខ្សែការពារ Andrew Robertson ពី​ក្លិប Hull ក្នុងតម្លៃ​ខ្លួន8លាន​ផោន និង​ខ្សែប្រយុទ្ធ Dominic Solanke ក្រោយពី​កិច្ចសន្យា​របស់គេ​ផុតកំណត់​នៅ​ក្លិប Chelsea៕

    ប្រភពពី៖ BBC