Author: វល័ក្ខ

  • សា​រ៉ា​យ ស​ក្ខ​ណា បង្ហើរពាក្យ​គំរាម​ស្វាមី (មានវីដេអូ)

    សា​រ៉ា​យ ស​ក្ខ​ណា បង្ហើរពាក្យ​គំរាម​ស្វាមី (មានវីដេអូ)

    អ្នកនាង​សា​រ៉ា​យ ស​ក្ខ​ណា និង​ស្វាមី​ត្រូវបាន​មហាជន​មើលឃើញថា អ្នក​ទាំងពីរ​ជា​គូ​ស្វាមីភរិយា​ដែល​ស្រឡាញ់គ្នា​យ៉ាង​ល្អូកល្អិន​ចាក់ទឹកមិនលិច​រហូត​មក ហើយ​សុភមង្គល​ដែល​ពួកគេ​មាន​នេះ​វា​កើតឡើង​ដោយសារតែ​ការ​ទុក​ចិ​ត្ដ​គ្នា។

    មហាជន​ជាច្រើន​ប្រាកដជា​នៅចាំ​បាន​ថា អ្នកនាង​សា​រ៉ា​យ ស​ក្ខ​ណា បាន​រៀបការ​តាំងពី​ឆ្នាំ2012ម្ល៉េះ។ ចាប់តាំងពី​ពួកគេ​ចាប់ដៃគ្នា​ជា​គូ​ស្វាមីភរិយា​មក​ពុំ​ធ្លាប់​លេចឮ​នូវ​ដំណឹង​រកាំរកូស​អ្វី​ឡើយ ផ្ទុយទៅវិញ​មានតែ​ព័ត៌មាន​លើកឡើង​ពី​ការស្រឡាញ់ និង​យក​ចិ​ត្ដ​ទុកដាក់​របស់​ស្វាមី​មកលើ​រូបនាង​រហូត​គេ​គិតថា អ្នកនាង​សា​រ៉ា​យ ស​ក្ខ​ណា ប្រហែលជា​ស្រឡាញ់​ស្វាមី​បាត់​មុខ​មិនបាន​ហើយ​មើលទៅ។ តែ​ទោះជា​យ៉ាងណា ចំពោះ​រឿងនេះ​ត្រូវបាន​នាង​លើកឡើងថា ការដែល​ស្វាមី​ស្រឡាញ់​ទុក​ចិ​ត្ដ​នាង​ពិត​ជាមាន100%  ផ្ទុយទៅវិញ​បើ​ស្វាមី​ហ៊ាន​ក្បត់​នាង​ទៅ​មាន​ស្រី​ផ្សេង ដឹង​តែ​លែង​គ្នា​តែម្ដង ពិសេស​នៅពេល​ស្វាមី​ឡើង​ចុះ​ទៅមក​ក្រៅប្រទេស​ច្រើន ធ្វើឱ្យ​នាង​មាន​ភាពស្រពិចស្រពិល​ទៅវិញ។

    សា​រ៉ា​យ ស​ក្ខ​ណា បញ្ជាក់ថា៖«ខ្ញុំ​មិន​ចង់​ឱ្យគេ​លើកឡើងថា ឱ្យតែ​អ្នកសិល្បៈ​ការ​ហើយ​លែង​គ្នា​វិញ  ការពិត​មិនមែន​ទេ​គ្មាន​នរណាម្នាក់​ចង់កា​រហើយ​លែង​គ្នា​ទេ។ ផ្ទុយទៅវិញ​ប្រសិនបើ​ខ្ញុំ​តាមដាន​ដឹងថា ស្វាមី​មាន​ស្រី និង​បើ​បី្ដ​ខ្ញុំ​មាន​ស្រី​មែន​នោះ គ្មាន​លើក​ទី2ទេ ត្រឹមតែ​លើក​ទី1 ត្រូវតែ​ចប់ ត្រូវ​ចប់!»។

    បើទោះបីជា​ការលើកឡើង​បែបនេះ​ត្រូវបាន​គេ​គិត​ចាត់ទុកថា វា​ដូចជា​ប្រផ្នូល​មិនល្អ​ក៏ដោយ ប៉ុន្ដែ​ត្រូវ​អ្នកនាង​សា​រ៉ា​យ ស​ក្ខិ​ណា អះអាងថា បច្ចុប្បន្ន​សុភមង្គល​ក្នុង​គ្រួសារ​របស់​នាង​នៅតែមាន​ភាពល្អប្រសើរ​ដូច​មុន​ដដែល៕

     

  • អ្នកវិនិយោគ​កម្ពុជា និង​តៃវ៉ាន់​បោះទុន​ប្រមាណ 250លាន​ដុល្លារ​សាងសង់​អគារ​ពាណិជ្ជកម្ម

    អ្នកវិនិយោគ​កម្ពុជា និង​តៃវ៉ាន់​បោះទុន​ប្រមាណ 250លាន​ដុល្លារ​សាងសង់​អគារ​ពាណិជ្ជកម្ម

    ភ្នំពេញៈ ទីផ្សារ​ខុន​ដូ​នៅតែ​មិនទាន់​ឆ្អែត​នៅឡើយ​ទេ ជាក់ស្តែង​អ្នកវិនិយោគ​កម្ពុជា និង​តៃវ៉ាន់​បាន​សហការគ្នា​បោះទុន​រួមគ្នា​នូវ​ទឹកប្រាក់​ចំនួន 250លាន​ដុល្លារ​អាមេរិក​ដើម្បី​សាងសង់​អគារ​ពាណិជ្ជកម្ម​ភ្លោះ​កណ្តាល​រាជធានី​ភ្នំពេញ។

    ក្រុមហ៊ុន​ដែល​បាន​វិនិយោគ​អគារ​ពាណិជ្ជកម្ម​ខ្ពស់កប់ពពក​នេះ មាន​ក្រុមហ៊ុន​ខេ​ស៊ី ប៉ាស៊ីហ្វិក​គ្រុប​របស់​កម្ពុជា និង​ក្រុមហ៊ុន លី ស៊ីន គ្រុប​ដែលមាន​មូលដ្ឋាន​នៅ​កោះ​តៃវ៉ាន់។

    ថ្លែង​ក្នុង​ពិធី​សម្ពោធ​គម្រោង​អគារ​ពាណិជ្ជកម្ម ស៊ី​អ៊ី​អូ ខេ​ធី ប៉ាស៊ីហ្វិក ដែលមាន​ទីតាំង​ស្ថិត​នៅក្បែរ​វិទ្យាល័យ​បាក់​ទូក​កាលពី​ល្ងាច​ថ្ងៃ​ម្សិលមិញ ប្រធាន​ក្រុមហ៊ុន​លី​ស៊ីន លោក ស៊ី មឹង​ចោ​វ បាន​ឲ្យ​ដឹងថា អគារ​នេះ​នឹង​សាងសង់ឡើង​មាន​កម្ពស់ 33ជាន់ ដែល​ផ្តោតលើ​គោលដៅ​អភិ​វ​ឌ្ឈ​ន៍​ជា​គម្រោង​លំនៅដ្ឋាន និង​ពាណិជ្ជកម្ម រួមមាន​ការិយាល័យ សាលប្រជុំ​ ទទួលភ្ញៀវ​ មាន​លក្ខណៈ​ប្រណីត​លំដាប់​អន្តរជាតិ។ លោក​ឲ្យ​ដឹង​ទៀតថា អគារ​ថ្មី​នេះ​នឹង​ត្រូវការ​សាងសង់ឡើង​រយៈពេល3ឆ្នាំ ព្រម​ជាមួយនឹង​ការបំពាក់​ដោយ​គ្រឿង​បរិក្ខារ​គុណភាព​ខ្ពស់ និង​ស្តង់ដារ។

    លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា-ព្រឹទ្ធសភា និង​អធិការកិច្ច​បានចាត់ទុក​វិស័យ​ឯកជន​ជា​ក្បាលម៉ាស៊ីន​ជំរុញ​កំណើនសេដ្ឋកិច្ច​យ៉ាង​លឿន ជាពិសេស​ខាង​ពាណិជ្ជកម្ម​សំណង់ ទេសចរណ៍ ទីផ្សារ​ពលករ​មានតម្លៃ​ទាប និង​ច្បាប់​វិនិយោគ​ដែល​ផ្តល់​ភាពអនុគ្រោះ​ដល់​ធុរជន ទើប​កម្ពុជា​កំពុងតែ​ក្លាយជា​គោលដៅ​ថ្មី​មួយ​គួរ​ឲ្យ​ចាប់អារម្មណ៍​ពី​អ្នកវិនិយោគ​ក្នុងស្រុក និង​បរទេស៕

  • CBRE ការអភិវឌ្ឍ​លើ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចាប់ផ្តើម​ប្រសើរ​ឡើងវិញ

    CBRE ការអភិវឌ្ឍ​លើ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចាប់ផ្តើម​ប្រសើរ​ឡើងវិញ

    ភ្នំពេញៈ ការសាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ត្រីមាស​ទី 2ឆ្នាំនេះ មាន​ភាពល្អ​ប្រសើរឡើង​វិញ បន្ទាប់ពី​មាន​សភាព​ស្ងប់ស្ងាត់​កាលពីដើមឆ្នាំ​ដោយសារ​ការព្រួយបារម្ភ​ទាក់ទង​នឹង​ការបោះឆ្នោត។

    យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក CBRE Cambodia ដែល​បានបញ្ចប់​កាលពីពេលថ្មីៗនេះ​បាន​រកឃើញថា ទុនវិនិយោគ​ដែល​បាន​វិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​ឆ្នាំនេះ​បាន​កើនឡើង 64ភាគរយ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដោយ​ទំហំ​ទឹកប្រាក់​បាន​កើន​ឡើងដល់​ប្រមាណ 3660លាន​ដុល្លារ​អាមេរិក និង​គម្រោង​ចំនួន 737ត្រូវ​បានផ្តល់​ការអនុម័ត​ដោយ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់។

    របាយការណ៍​ដដែល​បាន​រកឃើញថា ក្នុងអំឡុង​ឆ្នាំ​ដដែល​នេះ តម្លៃ​ខុន​ដូ​ស្ថិតក្នុង​សភាព​ទ្រឹង ខណៈ​មាន​ខុន​ដូ​តែមួយ​គម្រោង​ប៉ុណ្ណោះ​បាន​បើកសម្ពោធ​សាងសង់​នៅ​តំបន់​ជ្រោយចង្វារ។

    ទោះជា​យ៉ាងណា របាយការណ៍​របស់ CBRE Cambodia ក៏បាន​រកឃើញ​វឌ្ឍនភាព​ផងដែរ​ទាក់ទង​នឹង​អត្រា​ប្រើប្រាស់​ការិយាល័យ​មានការ​កើនឡើង​ក្នុង​ឆមាស​ទី1ឆ្នាំនេះ ដោយ​អត្រា​ប្រើប្រាស់​បាន​កើនឡើង 1.25ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

    លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Century21 Mekong បាន​ថ្លែងថា ការប្រើប្រាស់​ការិយាល័យ​មាន​និន្នាការ​កើនឡើង​ក្នុង​ទីផ្សារ​នេះ ដោយសារ​ការចូល​មក​ដល់​នូវ​ក្រុមហ៊ុនថ្មីៗ និង​ក្រុមហ៊ុន​ក្នុងស្រុក​កំពុងបង្វែរ​ការចាប់អារម្មណ៍ ដោយ​ងាក​ពី​ការជួល​ផ្ទះល្វែង ឬ​ផ្ទះ​វីឡា​មកប្រើប្រាស់​អគារ​ការិយាល័យ​រួម​វិញ។ ការិយាល័យ​មាន​ភាព​ពេញនិយម​នៅតែ​ជា​ប្រភេទ​ការិយាល័យ​លំដាប់ B ដោយសារ​វា​មានតម្លៃ​សមរម្យ និង​សមស្រប​នឹង​លក្ខខណ្ឌ​ក្រុមហ៊ុន​នៅ​កម្ពុជា។

    ទាក់ទង​វិស័យ​ខុន​ដូ​វិញ ការសាងសង់​ខុន​ដូ​បន្តសកម្មភាព​ល្អប្រសើរ ហើយ​ការលក់​ក៏​មិន​ជួប​បញ្ហា​អ្វី​នោះដែរ ដោយសារ​តម្រូវការ​នៅតែ​បន្ត​កើនឡើង​ទោះបីជា​ការផ្គត់ផ្គង់​បាន​កើនឡើង​យ៉ាងគំហុក​ក្តី៕

  • លោក​ស៊ូ សុជាតិ៖ ផ្សារ​ហ៊ុន​បើកទ្វារ​ជានិច្ច​សម្រាប់​ក្រុមហ៊ុន​ចូល​បោះ​លក់​មូល​ប​ត្រ

    លោក​ស៊ូ សុជាតិ៖ ផ្សារ​ហ៊ុន​បើកទ្វារ​ជានិច្ច​សម្រាប់​ក្រុមហ៊ុន​ចូល​បោះ​លក់​មូល​ប​ត្រ

    ភ្នំពេញៈ ស្របពេល​ចំនួន​ក្រុមហ៊ុន​ចូលរួម​បោះផ្សាយ​លក់​មូល​ប​ត្រ​នៅមានកម្រិត អគ្គនាយក​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា​បាន​ថ្លែងថា ផ្សារ​ហ៊ុន​កម្ពុជា​បើកទ្វារ​ជានិច្ច​រង់ចាំ​ស្វាគមន៍​ក្រុមហ៊ុន​ដែលមាន​បំណង​ចូលរួម​បោះផ្សាយ​លក់​មូល​ប​ត្រ​ក្នុង​ផ្សារ​នេះ។

    លោក ស៊ូ សុជាតិ អគ្គនាយក​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី30 សីហា​នេះ​ថា គណៈកម្មការ​មូល​ប​ត្រ​មាន​បទ​ប្បញ្ញត្តិ​រួចរាល់​អស់ហើយ ដើម្បី​ធ្វើ​ការងារ​ជា​មូ​យ​ក្រុមហ៊ុន​ឯកជន​នានា​សម្រាប់​ការរៀបចំ​ខ្លួន​ចូល​ផ្សា​រមូល​ប​ត្រ​កម្ពុជា ដែល​រហូត​មកទល់ពេលនេះ​ផ្សារ​ហ៊ុន​កម្ពុជា​មានតែ​ក្រុមហ៊ុន​ចំនួន5ប៉ុណ្ណោះ​កំពុង​បោះផ្សាយ​លក់​មូល​ប​ត្រ​របស់ខ្លួន​ក្នុង​ផ្សារ​នេះ។ លោក​បន្តថា តាម​ការសិក្សា​ក្រុមហ៊ុន​ឯកជន​នានា​មានការ​យល់ដឹង​ពី​ផលប្រយោជន៍ និង​បរិបទ​នៃ​ការចូល​ផ្សារ​ហ៊ុន​ច្រើនជាង​មុន ប៉ុន្តែ​ការសម្រេចចិត្ត​ចូល​ផ្សារ​ហ៊ុន​ឬ​មិន​ចូល វា​អាស្រ័យ​លើ​ការសម្រេច​របស់​ក្រុមហ៊ុន​ណាមួយ​នោះ។

    លោក​បន្តថា ទ្វារ​ផ្សារ​ហ៊ុន​បើកចំហ​ជានិច្ច​រង់ចាំ​ស្វាគមន៍​ក្រុមហ៊ុន​ឯកជន ដើម្បី​បោះផ្សាយ​លក់​មូល​ប​ត្រ​របស់ខ្លួន ហើយ​យើង​រំពឹងថា នៅ​ចុង​ឆ្នាំនេះ ឬ​ដើម​ឆ្នាំក្រោយ​នឹងមាន​ក្រុមហ៊ុន​ឯកជន​មួយទៀត​អាច​ចូល​បោះផ្សាយ​មូល​ប​ត្រ​របស់ខ្លួន​បាន។

    បច្ចុប្បន្ន​ផ្សារ​ហ៊ុន​កម្ពុ​ជាមាន​ក្រុមហ៊ុន​ចំនួន5កំពុង​បោះផ្សាយ​លក់​មូល​ប​ត្រ ដូចជា​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ កំពង់ផែ​ភ្នំពេញ កំពង់ផែ​ខេត្ត​ព្រះសីហនុ ក្រុមហ៊ុនកាត់ដេរ​ហ្គ្រេ​ន​ធ្វី​ន និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ។

    លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting បាន​ថ្លែងថា សកម្មភាព​នៃ​ការទិញ​លក់​មូល​ប​ត្រ​នៅក្នុង​ផ្សារ​ហ៊ុន​ពិតជា​មិនមាន​សកម្មភាព​ច្រើន​នោះទេ ដោយសារ​មាន​ក្រុមហ៊ុន​តិចតួច​បាន​ចូល​ផ្សារ​ហ៊ុន ការមិន​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកវិនិយោគ ប្រជាពលរដ្ឋ​មិនទាន់​ផ្តល់​ទំនុកចិត្ត​ដល់​ក្រុមហ៊ុន​បោះផ្សាយ​លក់​មូល​ប​ត្រ​ទាំងនោះ ដែល​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​បង្កើន​ទំនុកចិត្ត​ដល់​អតិថិជន។

    លោក​បន្តថា បញ្ហា​ប្រឈម​ដទៃទៀត​គឺ​ក្រុមហ៊ុន​ប្រភេទ SME ភាគច្រើន​មិនទាន់បាន​ត្រៀមខ្លួន​ក្នុងការ​ផ្លាស់ប្តូរ​ក្រុមហ៊ុន​ពី​លក្ខណៈ​គ្រួសារ​ទៅជា​ក្រុមហ៊ុន​មាន​ស្តង់ដា​នោះទេ។ ស្របពេល​ជាមួយគ្នានេះ ផ្សារ​ហ៊ុន​កម្ពុជា​មិនទាន់​ដើរ​បាន​រលូន ក៏​ជា​ផ្នែក​មួយ​មិន​ទាក់ទាញ​ក្រុមហ៊ុន​ឲ្យ​ចូលរួម​បោះផ្សាយ​លក់​មូល​ប​ត្រ​ផងដែរ៕

  • កម្ពុជា​អាច​នាំ​ទំនិញ​ទៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដោយ​មិនបាច់​មាន​ក្រដាស​ស្នាម

    កម្ពុជា​អាច​នាំ​ទំនិញ​ទៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដោយ​មិនបាច់​មាន​ក្រដាស​ស្នាម

    ភ្នំពេញ៖ ដើម្បី​ផ្តល់​ភាពងាយស្រួល ក៏​ដួច​ជាការ​លើកកម្ពស់​ពាណិជ្ជកម្ម​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ដោយ​ពុំ​ប្រើប្រាស់​ក្រដាស​ស្នាម​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

    ចំនួន​ប្រទេស​ដែល​ស្ថិតក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក រួមមាន​ប្រមាណ​ជា 48ប្រទេស​ដែល​ក្នុងនោះ​មានដូចជា អូស្ត្រាលី ជប៉ុន ប៉ូឡូញ បង់​ក្លា​ដែ​ស ចិន កាណាដា ឥណ្ឌា  ណេ​ប៉ាល់ ម៉ុង​ហ្គោ​លី ម៉ូ​រ៉ុ​កកូ ហ្វីលីពីន រុស្ស៊ី និង​កម្ពុជា​ជាដើម។ល។

    កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី29 ខែសីហា ឆ្នាំ2017 នៅ​ទីស្នាក់ការ​កណា្ត​ល​គណៈកម្មាធិការ​សេដ្ឋកិច្ច និង​សង្គម​សម្រាប់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​អង្គការសហប្រជាជាតិ(UNESCAP) ជាមួយ​ប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​លើ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ដោយ​ពុំ​ប្រើប្រាស់​ក្រដាស​ស្នាម​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុង​កិច្ចសន្ទនា​ថ្នាក់ខ្ពស់​ទាក់ទិន​ការជំរុញ​ពាណិជ្ជកម្ម​តំបន់ តាមរយៈ​ការចូលរួម​សេដ្ឋកិច្ច​ឌីជីថល ក្រោម​ការសម្របសម្រួល​របស់​គណៈកម្មាធិការ UNESCAP។

    ឯកឧត្តម ប៉ាន សូរ​ស័ក្តិ មានប្រសាសន៍ថា កិច្ចព្រមព្រៀង​នេះ​មាន​គោលបំណង​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ជា​សមាជិក​តាមរយៈ​ការប្រើប្រាស់​ឯកសារ​នាំចេញ-នាំចូល ជា​ទម្រង់​អេឡិចត្រូនិក​ដោយ​មិនចាំបាច់​ប្រើ​ក្រដាស​ស្នាម និង​កំណត់​វិធាន​ជា​មូលដ្ឋាន​ព្រមទាំង​បង្កើត​យន្តការ​នានា​សម្រាប់​គាំទ្រ​ដល់​ការទទួលស្គាល់​នូវ​ឯកសារ និង​ទិន្នន័យ​ទាក់ទង​នឹង​ការនាំចេញ-នាំចូល ដែល​កិច្ចការ​នេះ​មាន​លក្ខណៈ​ប្រហាក់ប្រហែលគ្នា​នឹង​គម្រោង​បញ្ជរ​តែមួយ​អាស៊ាន និង​បញ្ជរ​តែមួយ​ជាតិ​ផងដែរ។

    សូម​ជម្រាប​ផងដែរ​ថា ប្រទេស​បង់​ក្លា​ដែ​ស ប្រទេស​ចិន ក៏បាន​ចុះហត្ថលេខា​ជាមួយ​ប្រទេស​កម្ពុជា​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​ផងដែរ។ ក្រោយពី​ចុះហត្ថលេខា ប្រទេស​កម្ពុជា​នឹង​បន្ត​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​តាម​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ កសាង​លិខិតបទដ្ឋាន​គតិយុត្ត និង​បណ្តុះបណ្តាល​ធនធានមនុស្ស​ជាបណ្តើរៗ តាមរយៈ​ការ​ផ្តល់ជំនួយ​បច្ចេកទេស​ពី​ដៃគូ​អភិវឌ្ឍន៍​នានា ពិសេស​គណៈកម្មាធិការ UNESCAP មុននឹង​ផ្តល់​សច្ចាប័ន និង​ជូនដំណឹង​ទៅ UNESCAP អំពី​ការចាប់ផ្តើម​អនុវត្ត​កិច្ចព្រមព្រៀង​នេះ៕

  • Arsenal ច្រានចោល​សំណើ 50លាន​ផោន​ពី Man City សម្រាប់ Sanchez

    Arsenal ច្រានចោល​សំណើ 50លាន​ផោន​ពី Man City សម្រាប់ Sanchez

    ក្លិប Arsenal បានសម្រេច​ចិត្ត​ធ្វើការ​ច្រានចោល​សំណើ​ដេញថ្លៃ​ក្នុង​ទឹកប្រាក់ 50លាន​ផោន (ស្មើនឹង64.6លាន​ដុល្លារ​អាមេរិក) សម្រាប់​ខ្សែប្រយុទ្ធ​អន្តរជាតិ​ស៊ី​លី Alexis Sanchez ពី​ក្លិប Manchester City ដែលជា​គូប្រជែង​ក្នុង​ក្របខ័ណ្ឌ Premier League។ នេះ​បើ​យោងទៅតាម​ការបញ្ជាក់រ​បស់​ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​មួយ​នេះ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

    កាសែត​អង់គ្លេស​ជាច្រើន​សុទ្ធសឹង​បានចេញ​ផ្សាយ​ថា Sanchez ត្រូវបាន​ទាក់ទង​ជាមួយនឹង​ការផ្ទេរ​មួយ​ទៅកាន់​ក្រុម​របស់លោក Pep Guardiola តាមរយៈ​ការយក​ខ្សែប្រយុទ្ធ​អន្តរជាតិ​អង់គ្លេស Raheem Sterling ធ្វើជា​ថ្នូរ​នៃ​ការដោះដូរ​នោះ។

    អ្នកនាំពាក្យ​ម្នាក់​របស់ Arsenal បាន​ឲ្យ​ដឹងថា៖ «មិនមាន​សំណើ​ដេញថ្លៃ​ជា​ផ្លូវការ​ឡើយ ប៉ុន្តែ​វា​ពិតជា​ស័ក្តិសម​ណាស់​ក្នុងការ​បញ្ជាក់ថា តួលេខ​នេះ​ត្រូវបាន​ច្រានចោល។ គ្មាន​កីឡាករ​ណា​ម្នាក់​ទាក់ទិន​ឡើយ»។ កីឡាករ​ជាច្រើន​អាច​នឹង​ចាក​ចេញពី​កីឡដ្ឋាន Emirates នៅ​មុនពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បិទ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ក្រោយពី​បណ្តាញសារព័ត៌មាន​ចក្រភព​អង់គ្លេស​បានចេញ​ផ្សាយ​ថា ការព្រមព្រៀង​គ្នា​មួយ​ត្រូវបាន​ឈានដល់​ជាមួយនឹង​ក្លិប Chelsea ជុំវិញ​ការផ្ទេរ Alex Oxlade-Chamberlain។

    សំណើ​ដេញថ្លៃ​ក្នុង​ទឹកប្រាក់​ដ៏​ច្រើន​នេះ មិនបាន​បង្ខំ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ចិត្ត​របស់ Arsenal ឡើយ។ Arsenal ប្តេជ្ញាចិត្ត​ថា នឹង​រក្សាទុក Sanchez រហូតដល់​ឆ្នាំ​ចុងក្រោយ​នៃ​កិច្ចសន្យា​របស់គេ ទោះបី​កីឡាករ​រូបនេះ​បានបញ្ជាក់​យ៉ាងច្បាស់​ថា រូបគេ​នឹងមិន​បន្ត​កុងត្រា​ថ្មី​ក៏ដោយ ហេតុនេះ Sanchez នឹងត្រូវ​ចាកចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន នៅ​រដូវក្តៅ​ក្រោយ៕

    ប្រភពពី៖ Reuters

  • លោក Ulf Sebecke ៖ ការទិញ​រថយន្ត​ពី​ទីផ្សារ​ខាងក្រៅ ជាការ​ខ្ជះខ្ជាយ​ថវិកា

    លោក Ulf Sebecke ៖ ការទិញ​រថយន្ត​ពី​ទីផ្សារ​ខាងក្រៅ ជាការ​ខ្ជះខ្ជាយ​ថវិកា

    នៅ​កម្ពុជា អ្នកប្រើប្រាស់​រថយន្ត​ស្ទើរតែ 90% និយម​ចូលចិត្ត​ទិញ​រថយន្ត​ពី​ទីផ្សារ​ខាងក្រៅ ដែល​មិនមែន​ធ្វើឡើង​តាមរយៈ​ក្រុមហ៊ុន​ស្របច្បាប់​ដែល​ទទួល​សិទ្ធិ​ពី​រោងចក្រ ឬ​ក្រុមហ៊ុន​ដើម​នៅឯ​បរទេស។

    ដោយ​មិន​ផ្ដោតលើ​អ្នកទិញ​រថយន្ត​ជជុះ លោក Ulf Sebeckeនាយក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន​រថយន្ដ Jaguar Land Rover ប្រចាំ​កម្ពុជា​បាន​និយាយថា អតិថិជន​ដែល​និយម​ទិញ​រថយន្ត​ថ្មី​ពី​ទីផ្សារ​ខាងក្រៅ​ដែល​គេ​និយម​ហៅថា Gray Market ជាការ​ខ្ជះខ្ជាយ​ថវិកា​លើ​រឿង​ឥតប្រយោជន៍​មួយចំនួន។

    នាយក​គ្រប់គ្រង​ទូទៅ​ខាងលើ​បានឱ្យដឹងថា ការទិញ​រថយន្ត​ពី​ក្រុមហ៊ុន​ទទួល​សិទ្ធិផ្ដាច់មុខ និង​ការទិញ​រថយន្ដ​ពី​ទីផ្សារ​ខាងក្រៅ​មាន​ភាពខុស​គ្នាច្រើន។  អ្នកប្រើប្រាស់​ភាគច្រើន​គិត​លើ​តម្លៃ​ជាធំ ប៉ុន្តែ​មិនបាន​គិត​លើ​គុណភាព និង​លក្ខខណ្ឌ​បច្ចេកទេស​នៃ​រថយន្ត​ដែល​ពួកគាត់​កំពុង​ជិះ​នោះទេ។

    លោក​បន្ដថា រថយន្ដនីមួយៗគឺ​ត្រូវតែ​តម្រូវ​ទៅតាម​លក្ខខណ្ឌ​របស់​ប្រទេសនីមួយៗ ដូចជា​គុណភាព​ប្រេង អាកាសធាតុ និង​ស្ថានភាព​ផ្លូវ ជាដើម។ ដូច្នេះ ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​ត្រឹមត្រូវ​ពី​រោងចក្រ មិន​ត្រឹមតែ​លក់​រថយន្ដ​ទៅតាម​ការស្រឡាញ់​ពេញចិត្ត​របស់​អតិថិជន​នោះទេ តែ​ថែមទាំង​បាន​ធានា​ទាំងស្រុង​ក្នុងការ​ផ្ដល់ជូន​នូវ​រថយន្ដ ដែល​ស្របទៅតាម​លក្ខខណ្ឌ​រប​ស់​ប្រទេស​នោះ​ទៀតផង។

    លោក​ថ្លែងថា៖«ពិតណាស់​អតិថិជន​ខាតបង់​ពេលវេលា និង​ថវិកា​ច្រើន ប្រសិនបើ​រថយន្ត​ទាំងនោះ​មាន​បញ្ហា ហើយ​អ្វីដែល​សំខាន់ គឺ​ការជួសជុល​អាច​នឹងមិន​ត្រូវ​លក្ខខណ្ឌ​បច្ចេកទេស​ទៀតផង»

    លោក​បន្ដទៀតថា រថយន្ត​ដែល​លក់​នៅ​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ស្របច្បាប់ ធានាថា​គ្មាន​បញ្ហា Diesel Particulate Filter (DPF) គ្មាន​បញ្ហា​គុណភាព​ប្រេងឥន្ធនៈ គ្មាន​បញ្ហា​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់ ប្រព័ន្ធ​កម្ដៅ​ម៉ាស៊ីន និង​គ្មាន​បញ្ហា AD-BLUE (Additive) ជាដើម។ មួយវិញទៀត ក្រុមហ៊ុន​ក៏មាន​ផ្ដល់ជូន​នូវ​ការត្រួតពិនិត្យ​ស្ថានភាព​រថយន្ដ​ដោយ​ឥតគិតថ្លៃ​តាម​បច្ចេកវិទ្យា​ចុងក្រោយបង្អស់‘eVHC’ និង​ការជួសជុល ដោយ​ប្រើ​ឧបករណ៍​ជំនាញ​សម្រាប់​វិភាគ ថែទាំ និង​ជួសជុល​រថយន្ដ​ចុងក្រោយ​គេ​បង្អស់​ពី​រោងចក្រ​ផ្ទាល់ ជាមួយនឹង​មេជាង​ដែល​ទទួលបាន​ការបណ្ដុះ​បណ្ដាល និង​ទទួលស្គាល់​ពី​រោងចក្រ។

    ដោយ​រថយន្ត​ទទួល​សិទ្ធិផ្ដាច់មុខ​ពី​រោងចក្រ​ស្របច្បាប់​ត្រូវបាន​សិក្សា​លម្អិត​ទៅលើ​ចំណុច​ខាងលើ​ដែល​ប្រេងឥន្ធនៈ​ជា​រឿង​ត្រូវបាន​គិតគូរ​ជា​ចម្បង​ព្រោះថា ប្រេងឥន្ធនៈ​ដែលមាន​ក្នុង​ទីផ្សារ​កម្ពុជា​ខុសគ្នា​នឹង​ប្រេង​ដែលមាន​ក្នុង​ទីផ្សារ​អឺរ៉ុប។  ប្រេងម៉ាស៊ូត​ដែល​ប្រើ​នៅ​អឺរ៉ុប​មាន​កម្រិត EU6 ខណៈ​ប្រេង​នៅ​កម្ពុ​ជាមាន​កម្រិត​ត្រឹម EU3  នេះ​មានន័យថា ប្រេង​នៅ​ស្រុក​ខ្មែរ​មានគុណ​ភាព​ទាប​ជាង ដែលនាំឱ្យ​ម៉ាស៊ីនរថយន្ត​ទាំងនោះ​ដំណើរ​ការមិន​បានល្អ ឆាប់​ហុយផ្សែង ដែល​ឈានទៅរក​ការរុះរើ​ម៉ាស៊ីនរថយន្ត​ជាក់​ជាមិនខាន។ មួយវិញទៀត នៅពេលដែល​ខាង​រោងចក្រ​រកឃើញ​កំហុសឆ្គង​ណាមួយ ដែល​តម្រូវឱ្យ​ប្រមូល​រថយន្ត​ចូល​វិញ អ្នក​ដែល​ទិញ​ពី​ក្រុមហ៊ុន​មានឱកាស​ខ្ពស់ ខណៈ​អ្នកទិញ​ពី​តាម​ហាង​នៅតែ​បន្ដ​ប្រើ​រថយន្ត​របស់​ពួកគាត់​ទាំង​មាន​បញ្ហា ឬ​ទៅរក​សេវា​ជួលជុល​ខាងក្រៅ ដែល​គ្មាន​ជំនាញ​ត្រឹមត្រូវ ខាតបង់​ទាំង​ពេលវេលា និង​ប្រាក់កាស​ជាដើម។

    លោក​ថ្លែងថា៖«រថយន្ត​ជិះ​គង់​នឹងមាន​បញ្ហា ប៉ុន្តែ​អតិថិជន​នឹងមាន​ទំនុកចិត្ត​ខ្ពស់ និង​មិន​ខ្លាច​មាន​បញ្ហា​នៅ​ថ្ងៃក្រោយ​ឡើយ​បន្ទាប់ពី​ទិញ​រថយន្ដ​រួច ព្រោះថា យើង​មានអ្វីៗសព្វគ្រប់ ទាំង​គ្រឿងបន្លាស់ ឧបករណ៍​បម្រើ​ដល់​ការជួសជុលទំនើបៗ និង​អ្នកជំនាញ​ពេញដៃ»។

    នៅទីនេះ ក្រុមហ៊ុន​សូម​ធានា​ផ្ដល់នូវ​ផលិតផល​ពិតប្រាកដ 100% ដែល​រចនា និង​ផលិតឡើង​បំពេញ​តាម​លក្ខខណ្ឌ​នៃ​ទីផ្សារ​ប្រទេស​កម្ពុជា​ដូចជា​អាកាសធាតុ និង​គុណភាព​ប្រេង។ រថយន្ត​របស់​យើង​ត្រូវបាន​នាំចូល​ផ្ដាច់មុខ ការធានា និង​គម្រោង​ផ្ដល់​សេវាកម្ម​ពី​ឧស្សាហករ​ដែល​ផ្តល់ឱ្យ​អតិថិជន​របស់​យើង​មាន​ទំនុក​ចិ​ត្ដ​បំផុត។ ផលិតផល និង​សេវាកម្ម​ទាំងអស់​ត្រូវបាន​បញ្ជូន​ទៅ​បម្រើ​អ្នក និង​ជាមួយនឹង​ជំនាញ​ឯកទេស​ខ្ពស់បំផុត ដែល​បាន​បណ្តុះបណ្តាល និង​បានបញ្ជាក់​ដោយ​អ្នកជំនាញ​មកពី​រោងចក្រ​ដើម​នៅ​ចក្រភព​អង់គ្លេស។

    តាម​ការបញ្ជាក់​ពី​ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា​លោក​ Peter Brongers កាលពីពេល​កន្លង​ទៅបាន​ឱ្យដឹងថា រថយន្ត​ប្រមាណ 60.000 គ្រឿង ត្រូវបាន​នាំចូល​ក្នុង​មួយឆ្នាំ​ដោយ​ក្រុមហ៊ុន​ចែកចាយ​ក្រៅផ្លូវការ ហើយ​កម្ពុជា​ជា​ប្រទេស​អាស៊ាន​ដែលមាន​ទីផ្សារ​ភាគហ៊ុន​ផ្លូវ​ការដែល​មិនទាន់មាន​ការកែលម្អ និង​ធំជាងគេ។ ក្នុងចំណោម​ប្រទេស​អាស៊ាន​ទាំង10មាន 7 ប្រទេស​បាន​ចុះបញ្ជី​ច្បាប់​លើ​បញ្ហា​នេះ​ដោយ​ហាមឃាត់​ការ​នាំចូល​រថយន្ត​ជជុះ​ទាំងនោះ។ ដោយ​មិនមាន​ដែន​កំណត់​លើ​ការ​នាំចូល មី​យ៉ាន់​ម៉ា និង​កម្ពុជា​គឺជា​សមាជិក​ដែល​មិនទាន់​ល្អ​នៃ​អាស៊ាន។

    សព្វថ្ងៃ​ការ​ប្រឈម​មួយ​ក្នុងចំណោម​ការ​ប្រឈមសំខាន់ៗ គឺ​ការណែនាំ​អតិថិជន​ឱ្យដឹងពី​ភាពខុសគ្នា​រវាង​រថយន្ត​នាំចូល​ដោយ​ក្រុមហ៊ុន​ស្របច្បាប់ និង​តាម​ហាង​នាំចូល​ក្រៅផ្លូវការ។ យានយន្ត​ដែល​ទ​ទូល​បាន​សិទ្ធិ​ដាក់លក់ ត្រូវបាន​កែសម្រួល​ទៅតាម​ស្ថានភាព​ក្នុងស្រុក និង​ផ្តល់​ផលប្រយោជន៍​ផ្ទាល់​ដល់​អតិថិជន​កម្ពុជា​រយៈពេល​យូរអង្វែង។ យានយន្ត​ដែល​ទទួល​សិ​ទិ្ធ​ដាក់លក់​នេះ ត្រូវបាន​ធ្វើឱ្យ​ប្រសើរឡើង ស្របតាម​លក្ខខណ្ឌ​ប្រេងឥន្ធនៈ​កម្ពុជា ការបង្កើត​តួ​រថយន្ត​ត្រូវ​ទៅនឹង​ស្ថានភាព​ផ្លូវ និង​ម៉ាស៊ីនត្រជាក់​មាន​សមត្ថ​ភាព​ខ្ពស់ជាង ត្រូវ​នឹង​អាកាសធាតុ​តំបន់​ត្រូពិច ដែល​ទាំងអស់នេះ​នឹង​នាំមក​នូវ​សុវត្ថិភាព​របស់​អតិថិជន៕

  • ក្រសួង​ការងារ​ផ្តល់​អាហារូបករណ៍​ជាង1ម៉ឺន​កន្លែង​លើ​ជំនាញ​ដែល​សង្គម​កំពុង​ត្រូវការ

    ក្រសួង​ការងារ​ផ្តល់​អាហារូបករណ៍​ជាង1ម៉ឺន​កន្លែង​លើ​ជំនាញ​ដែល​សង្គម​កំពុង​ត្រូវការ

    ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​សេចក្តីប្រកាស​មួយ​ស្តីពី​ការផ្តល់​អាហារូបករណ៍​នៅក្នុង​ឆ្នាំ 2017-2018 សម្រាប់​មុខវិជ្ជា​ជាច្រើន​ដែល​សង្គម​កំពុង​ត្រូវការ។

    នៅក្នុង​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​ឯកឧត្តម អ៊ិត សំហេង កាលពី​ថ្ង​ទី28 ខែសីហា ម្សិលមិញ​នេះ​បាន​បង្ហាញថា នៅ​ឆ្នាំនេះ​ក្រសួង​ផ្តល់​អាហារូបករណ៍​ចំនួន 11,003កន្លែង​ដល់​សិស្ស​កម្ពុជា​លើ​ជំនាញ​ដែលមាន​តម្រូវការ​ទីផ្សារការងារ​ខ្ពស់​ក្នុងពេល​អនាគត និង​ពេលបច្ចុប្បន្ន។ ជំនាញ​ទាំងអស់នោះ​រួមមាន​ថ្នាក់​បរិញ្ញាបត្រ​បច្ចេកវិទ្យា ឯកទេស​វិស្វកម្ម ថ្នាក់​សញ្ញាបត្រ​ជាន់ខ្ពស់ បរិញ្ញាបត្ររង​បច្ចេកទេស ឬ​ឯកទេស និង​វិជ្ជាជីវៈ។

    ដើម្បី​ទទួលបាន​ឱកាស​អាហារូបករណ៍​ទាំងអស់នោះ សិស្ស​ចាំបាច់​ត្រូវបំពេញ​លក្ខខណ្ឌ​ដូចខាងក្រោម៖

    • សម្រាប់​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ1 បេក្ខជន​ត្រូវតែ​ជា​បេក្ខជន​ដែល​បាន​រៀន​ចប់​មធ្យមសិក្សា​ទុតិយភូមិ (ថ្នាក់​ទី៩) ឬ​បានបញ្ចប់​ថ្នាក់​ស្ពាន​ចម្លង​ជំនា​ន់ទី8 និង​ទី9 ឬ​មាន​សញ្ញាបត្រ​កម្រិត​សមមូល។
    • សម្រាប់​សញ្ញាបត្រ​ជាន់ខ្ពស់ ដែលមាន​តម្លៃ​ស្មើ​សញ្ញាបត្រ​បរិញ្ញាបត្ររង ឬ​សញ្ញាបត្រ​បច្ចេកទេស និង​ឯកទេស បេក្ខជន​ត្រូវតែ​ជា​អ្នក​ដែល​បាន​រៀន​ចប់​មធ្យមសិក្សា​ទុតិយភូមិ (ប្រឡង​ធ្លាក់) ឬ​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ3 ឬ​សញ្ញាបត្រ​ដែលមាន​តម្លៃ​ស្មើ។
    • សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​បច្ចេកវិទ្យា ឯកទេស​សញ្ញាបត្រ​វិស្វកម្ម បេក្ខជន​ត្រូវមាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រ​បច្ចេកទេស​កម្រិត 3 ឬ​សញ្ញាបត្រ​ដែលមាន​កម្រិត​ស្មើ៕
  • ថៃ ផ្តួល​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី ដើម្បី​ការពារ​មេដាយមាស​ស៊ី​ហ្គេម​របស់ខ្លួន

    ថៃ ផ្តួល​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី ដើម្បី​ការពារ​មេដាយមាស​ស៊ី​ហ្គេម​របស់ខ្លួន

    ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ បានការ​ពារ​មេដាយមាស​របស់ខ្លួន​យ៉ាង​ជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី29 ក្រោយពី​បាន​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល 1-0 ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយនឹង​ក្រុម​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី នា​កីឡដ្ឋាន Shah Alam រដ្ឋ Selangor ប្រទេស​ម៉ាឡេស៊ី កាលពី​រាត្រី​ថ្ងៃ​អង្គារ។

    គ្រាប់​បាល់​តែមួយ​គ្រាប់​ក្នុងការ​ប្រកួត​នោះ បាន​កើតឡើង​ដោយសារតែ​ការធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​របស់​អ្នកចាំទី​ម៉ាឡេស៊ី Haziq Nadzli ដែល​បាន​ព្យាយាម​ដាល់​បាល់​ចេញពី​ការ​ទាត់​ចេញពី​ជ្រុង​ម្ខាង​នៅ​នាទី​ទី38 តែ​ការព្យាយាម​របស់គេ​បែរជា​បានធ្វើ​ឲ្យ​បាល់​ហោះ​ទៅ​ចូលក្នុង​ទី​ខ្លួនឯង​ទៅវិញ។ នៅ​រយៈពេល30នាទី​ដំបូង​នៃ​ការប្រកួត​នេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​ម៉ាឡេស៊ី ហាក់ដូចជា​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​តំបន់​ការពារ ក្រោយពី​ក្រុម​ជម្រើសជាតិ​ថៃ​បានធ្វើការ​វាយ​សម្រុក​យ៉ាងខ្លាំង ពិសេស​ពួកគេ​បានទទួល​បាល់ទាត់​ចេញពី​ជ្រុង​ជាច្រើនលើក។ ការធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​នោះ បានដាក់​សម្ពាធ​ដ៏​ធំ​មួយ​ដល់​ក្រុម​ម្ចាស់ផ្ទះ ពីមុខ​អ្នកគាំទ្រ​ប្រមាណ​ជា80,000នាក់​ដែល​បានមក​លើកទឹកចិត្ត​មិត្ត​រួម​ជាតិ​របស់ខ្លួន​នៅក្នុង​កីឡដ្ឋាន​ដែលមាន​កៅអី​ទស្សនា​សម្រាប់​អ្នកគាំទ្រ​ថៃ​ត្រូវ​បានកំណត់​ត្រឹមតែ5,000នាក់​ប៉ុណ្ណោះ។

    ក្នុងការ​ប្រកួត​តង់​ទី2 ក្រុម​ទាំងពីរ​បានធ្វើការ​វាយ​សម្រុក​គ្នា​ទៅវិញទៅមក ខណៈដែល​ក្រុម​ជម្រើសជាតិ​ថៃ​បាន​ព្យាយាម​ដាក់​សម្ពាធ​ទៅលើ​ម៉ាឡេស៊ី​ដើម្បី​កាត់ផ្តាច់​ឱកាស​នៃ​ការរក​គ្រាប់​បាល់​តាម​ស្មើ ស្របពេល​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី ក៏បាន​ព្យាយាម​វាយ​សម្រុក​លើ​គូប្រកួត​របស់ខ្លួន​ផងដែរ។ គួរ​បញ្ជាក់ដែរថា ជ័យជម្នះ​លើក​នេះ​បានធ្វើឱ្យ​ក្រុម​ជម្រើសជាតិ​ថៃ​ក្លាយជា​ជើងឯក​បាល់ទាត់​ស៊ី​ហ្គេម​ចំនួន 16 លើក និង​ក្នុងនោះ​ជាការ​ឈ្នះ 3 លើកចុងក្រោយជាប់ៗគ្នា៕
    ប្រភពពី៖ Bangkok Post

  • ទូរស័ព្ទ​អេក្រង់​ភ្លោះ​របស់ Meizu លក់​នៅ​ខ្មែរ​ធូរ​ថ្លៃ​ជាង​នៅ​បរទេស

    ទូរស័ព្ទ​អេក្រង់​ភ្លោះ​របស់ Meizu លក់​នៅ​ខ្មែរ​ធូរ​ថ្លៃ​ជាង​នៅ​បរទេស

    បន្ទាប់ពី​ចេញលក់​នៅលើ​ទីផ្សារ​បរទេស​កាល​ថ្ងៃទី5 ខែសីហា​កន្លងមក ទូរស័ព្ទ Meizu Pro 7 និង Pro 7 Plus បានបង្ហាញ​វត្តមាន​ក្នុង​ទីផ្សារ​កម្ពុជា​យើង​ហើយ​ជាមួយនឹង​តម្លៃ​ធូរ​ថ្លៃ​ជាង​ប្រមាណ 50 ដុល្លារ បើ​ប្រៀបធៀប​នឹង​អ្វីដែល​គេហទំព័រ​បរទេស​ចុះផ្សាយ។

    តាម​ការ​ឱ្យដឹងពី​ប្រធាន​ទីផ្សារ​ក្រុមហ៊ុន Meizu ប្រចាំ​កម្ពុជា លោក សាន់ សួ​ហា​រ៉ូ បាន​ថ្លែងថា វត្តមាន​ទូរស័ព្ទ​ទាំង 2 ស៊េរី​នេះ​សម្រាប់​ទីផ្សារ​កម្ពុជា ក្រុមហ៊ុន​ចង់​ផ្ដល់ជូន​នូវ​អ្វីដែល​ពិសេស និង​ល្អប្រសើរ​ជាង​ទីផ្សារ​ស្រុក​ក្រៅ។ ទូរស័ព្ទ Meizu Pro 7 មានតម្លៃ 430 ដុល្លារ និង Pro 7 Plus មានតម្លៃ 550 ដុល្លារ សម្រាប់​ទីផ្សារ​ចិន និង​ប្រទេស​មួយចំនួនទៀត។ ប៉ុន្តែ​នៅ​កម្ពុជា ទូរស័ព្ទ Pro 7 មានតម្លៃ​ត្រឹមតែ399 ដុល្លារ និង Pro 7 Plus មានតម្លៃ 525 ដុល្លារ​ប៉ុណ្ណោះ។

    Meizu ត្រកូល Pro នេះ​ជា​ទូរស័ព្ទ​ដំបូង​របស់ Meizu ដែល​បំពាក់​កាមេរ៉ា​ភ្លោះ និង​អេក្រង់​ភ្លោះ​នៅ​ផ្នែក​ខាងក្រោយ។ ទូរស័ព្ទ Meizu Pro 7 មាន​អេក្រង់ 5.2 អ៊ី​ញ ប្រភេទ​Full HD ចំណែក Pro 7 Plus វិញ​មាន​អេក្រង់ 5.7 អ៊ី​ញ អាច​បង្ហាញ​រូបភាព​ដល់ Quad HD ជា​អេក្រង់​ប្រភេទ Super AMOLED ទាំង 2 និង​មាន​អេក្រង់​ខាងក្រោយ​ទំហំ 1.9 អ៊ី​ញ​ដូចគ្នា។ ចំពោះ​អេក្រង់​តូច​ផ្នែក​ខាងក្រោយ​អាចឱ្យ​យើង​មើល​សារ ឬ​ដំណឹងផ្សេងៗ បញ្ជា​តន្ត្រី ហើយក៏​អាច​ថតរូប Selfie ជាមួយ​កាមេរ៉ា​ខាងក្រោយ​បាន​ផងដែរ។

    ស្មា​ត​ហ្វូ​ន​ទាំង 2 នេះ បំពាក់​នូវ​កាមេរ៉ា​ក្រោយ 2 គ្រាប់​ទំហំ 12MP ផលិត​ដោយ​ក្រុមហ៊ុន Sony ស៊េរី IMX386 មាន Aperture F2.0 ដែល​មួយ​សម្រាប់​ថតរូប ពណ៌​ធម្មជាតិ និង​មួយទៀត​សម្រាប់​ថតរូប​ភាព​បែប ស ខ្មៅ ដូចគ្នា ហើយ​មាន​កាមេរ៉ា​មុខ​មាន​ទំហំ 16MP។ ដោយ​សមត្ថភាព​ដំណើរការ​វិញ Meizu Pro 7 ប្រើ​នូវ​បន្ទះ​ឈី​ប MediaTekHelio P25 មាន Ram ទំហំ 4GB និង​អង្គ​ផ្ទុក​ទិន្នន័យ 64GB ចំណែកឯ Pro 7 Plus បំពាក់​នូវ​បន្ទះ​ឈី​ប Helio X30 ស៊េរី​ថ្មី​ទំហំ 10nm មាន CPU 10 គ្រាប់ ជាមួយ Ram ទំហំ 6GB និង​អង្គ​ផ្ទុក​ទិន្នន័យ 128GBដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 7.0 ស្រាប់​ជាមួយនឹង​ផ្ទាំង​កម្មវិធី Flyme ជំនា​ន់ទី 6។ សម្រាប់ Meizu Pro 7 មាន​ថ្ម​ទំហំ 3,000 mAh រីឯ Pro 7 Plus មាន​ថ្ម​ទំហំ 3,500 mAh ដោយ​ប្រើ​បច្ចេកវិទ្យា mCharge 4.0 ដែល Meizu អះអាងថា វា​អាច​សាក​ថ្ម​បាន 67% ចំណាយពេល​ត្រឹមតែ 30 នាទី៕