Author: វល័ក្ខ

  • លោក​ឧកញ៉ា សៀ រិទ្ធី៖ ស្រុក​ខ្មែរ​មិនទាន់​ដល់ពេល​វិនិយោគ​លើ​ផលិតផល​ប្រ៊េ​ន​ដ៍​ល្បី​ទេ

    លោក​ឧកញ៉ា សៀ រិទ្ធី៖ ស្រុក​ខ្មែរ​មិនទាន់​ដល់ពេល​វិនិយោគ​លើ​ផលិតផល​ប្រ៊េ​ន​ដ៍​ល្បី​ទេ

    ភ្នំពេញៈ ឧកញ៉ា​ដែលមាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​វិស័យ​អចលនទ្រព្យ​បាន​ថ្លែងថា ស្រុក​ខ្មែរ​នាពេលនេះ​មិនទាន់​ដល់ពេល​ត្រូវ​វិនិយោគ​លើ​ផលិតផល​ដែលមាន​ប្រ៊េ​ន​ដ៍ល្បីៗទេ វា​ទាមទារ​ពេលវេលា​យ៉ាងហោចណាស់​ក៏5ឆ្នាំ​ទៀត​ដែរ។

    លោក​ឧកញ៉ា សៀ រិទ្ធី ​អគ្គនាយក​ក្រុមហ៊ុន World Bridge Group បាន​ថ្លែង​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី២ ខែកញ្ញា​កន្លងទៅ​ថា ពេលណា​និយាយ​ពី​ផលិតផល​ប្រណីត គេ​និយាយ​ពី​ផ្នត់គំនិត​របស់​មនុស្ស​ក្នុង​ការទិញ ព្រោះ​ជនជាតិខ្មែរ​ក៏ដោយ ជនជាតិ​ថៃ​ក៏ដោយ​នៅតែ​និយម​ទៅ​ទិញ​ទំនិញ​នៅ​បរទេស។ សំណួរ​សូរ​ថា ហេតុ​អី​បាន​ខ្មែរ​ទៅ​ទិញ​នៅ​ប្រទេស​ថៃ ឯ​ជនជាតិ​ថៃ​ទៅ​ទិញ​ទំនិញ​នៅ​ក្រុងប៉ារីស ប្រទេស​បារាំង ដោយសារ​គាត់​យល់ថា ទំនិញ​នៅ​ទីនោះ​មានតម្លៃ​ថោក​ជាង ប៉ុន្តែ​ការ​ទៅ​ទិញ​នៅ​ប្រទេស​ថៃ​មិនមែន​ដោយសារ​ថោក​ជាង​នោះទេ តែ​ពួកគាត់​គិតថា ផលិតផល​នៅ​ទីនោះ​ជា​ផលិតផល​សុទ្ធ (មិនមែន​ផលិតផល​ក្លែងបន្លំ)។

    លោក​បន្តថា “ការពិត​ផលិតផល​ដែល​នាំ​មកកាន់​កម្ពុជា​ក៏​ជា​ផលិតផល​សុទ្ធ​ដែរ តែបើ​អារម្មណ៍​មិន​ចង់​ទិញ​ហើយ មើលទៅ​វា​ទាស់ចិត្ត​ទាំងអស់។ លោក​បន្តថា “នៅ​ប្រទេស​វៀតណាម​ក៏មាន​ស្ថានភាព​ដូច​កម្ពុជា​ដែរ ជនជាតិ​វៀតណាម​មិន​ទិញ​ទំនិញ​ប្រ៊េ​នដ៍ៗនៅក្នុង​ប្រទេស​របស់ខ្លួន​ទេ តែ​អ្នកធ្វើ​ពាណិជ្ជកម្ម​យីហោ ឬ​ប្រ៊េ​ន​ដ៍ល្បីៗ ពួកគេ​មិន​ខ្វល់​ទេ ព្រោះ​ពួកគេ​បើក​លក់​ជុំវិញ​ពិភពលោក អ្វីដែល​សំខាន់​ពួកគេ​អាច​ចែកចាយ​ទូទាំង​ពិភពលោក។

    លោក​ឧកញ៉ា សៀ រិទ្ធី បាន​បន្តថា ប្រសិនជា​និយាយ​ពី​កម្លាំង​ទិញ និង​និយាយ​ពី​ចំណូល វា​មិនទាន់​ស័ក្តិសម​ក្នុងការ​បោះទុន​វិនិយោគ​ក្នុង​វិស័យនេះ​នៅឡើយ​ទេ។

    អ្នកនាង អាន សុធី​តា នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​អន្តរជាតិ CBRE Cambodia បានលើកឡើង​ស្រដៀង​គ្នា​ដែរ​ថា ទោះជា​ផលិតផល​ប្រ៊េ​ន​ដ៍​ម៉ាកល្បីៗចូលមក​កាន់​ទីផ្សារ​ក​ម្ពុ​ជា​ក្តី តែ​វា​មិនទាន់មាន​ចំនួន​ច្រើន​នៅឡើយ ហើយ​ផលិតផល​ប្រ៊េ​ន​ដ៍ល្បីៗខ្លាំង​មិនទាន់បាន​ចូលមក​កាន់​ទីផ្សារ​នេះ​នៅឡើយ​ទេ ទោះជា​ចូលមកខ្លះៗមែន តែ​ក៏​មិនទាន់មាន​ចំនួន​ច្រើន​នៅឡើយ។ អ្នកនាង​បន្តថា កត្តា​ទំនុកចិត្ត​លើ​ផលិតផល​ទាំងនោះ​ក៏​ជា​ផ្នែក​មួយ​ផងដែរ ប៉ុន្តែ​តាម​ធម្មតា​បើ​ធៀប​កម្ពុជា​ជាមួយ​ប្រទេស​ឡាវ កម្ពុ​ជាមាន​ភាព​ស៊ី​វិ​ល័យ​ជាង និង​ប្រជាជន​ចំណាយ​ប្រាក់​ច្រើនជាង ទោះជា​ប្រាក់ចំណូល​សម្រាប់​ប្រជាជន​ម្នាក់​របស់​កម្ពុជា​នៅ​ទាប​ជាង​ប្រទេស​ឡាវ​ក៏ដោយ។

    អ្នកនាង​បន្តថា “កម្លាំង​ទិញ​នៅ​កម្ពុជា​នៅមានកម្រិត​នៅឡើយ ទោះជា​ប្រាក់ចំណូល​ប្រជាពលរដ្ឋ​កើនឡើង​ក្តី ប៉ុន្តែ​ទំហំ​នៃ​ការចំណាយ​លើ​ផលិតផល​ប្រ៊េ​នដ៍ៗក៏​នៅមានកម្រិត​ដែរ”៕

  • អាល្លឺម៉ង់ និង​អង់គ្លេស សម្លឹង​រក​ជ័យជម្នះ​ដូចគ្នា ក្នុង​វគ្គ​ជម្រុះ World Cup រាត្រី​នេះ

    អាល្លឺម៉ង់ និង​អង់គ្លេស សម្លឹង​រក​ជ័យជម្នះ​ដូចគ្នា ក្នុង​វគ្គ​ជម្រុះ World Cup រាត្រី​នេះ

    ក្រុមបាល់ទាត់​ជម្រើសជាតិ​អាល្លឺម៉ង់ និង​ក្រុម​ជម្រើសជាតិ​អង់គ្លេស នឹង​សម្លឹង​រក​ជ័យជម្នះ នៅពេលដែល​ពួកគេ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម​ជម្រើសជាតិ​ន័​រ​វែ​ស និង​ស្លូ​វ៉ា​គី រៀងៗខ្លួន ក្នុងការ​ប្រកួត​ជម្រុះ World Cup នៅ​រាត្រី​នេះ។

    ក្រុម​ម្ចាស់​ជើងឯក​ពិភពលោក​អាល្លឺម៉ង់ ទើបតែ​បាន​រក្សា​កំណត់ត្រា​ឈ្នះ 100ភាគរយ​របស់ខ្លួន ក្នុងការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល C ក្រោយពី​បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​សាធារណរដ្ឋ​ឆែក 1-0 ក្នុង​ទីក្រុង Prague កាលពី​ថ្ងៃ​សៅរ៍។ ជ័យជម្នះ​នេះ​មានន័យថា ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ ដណ្តើមបាន21ពិន្ទុ​ពេញ​ពី​ការប្រកួត​ទាំង7លើក ដើម្បី​នាំមុខ​លើ​ក្រុម​លេខ2 អៀរ​ឡង់​ខាងជើង​ចំនួន5ពិន្ទុ ខណៈដែល​ពួកគេ​ត្រូវការ​ត្រឹមតែ4ពិន្ទុ​ទៀត​ប៉ុណ្ណោះ​ពី​ការប្រកួត3លើកចុងក្រោយ​ដើម្បី​ឈ្នះ​សិទ្ធិ​ទៅកាន់​ប្រទេស​រុស្ស៊ី ឆ្នាំ2018 ជា​ស្ថាពរ។

    ប៉ុន្តែ ការដណ្តើម​បាន​ជ័យជម្នះ​លើ​ក្រុម​ជម្រើសជាតិ​ន័​រ​វែ​ស នៅ​កីឡដ្ឋាន Mercedes-Benz Arena ក្នុង​ទីក្រុង​ប៊ែ​រ​ឡាំង​នៅ​រាត្រី​នេះ​នៅតែ​គ្រប់គ្រាន់​សម្រាប់​ពួកគេ ប្រសិនបើ​ក្រុម​ជម្រើសជាតិ​អៀរ​ឡង់​ខាងជើង​មិនអាច​យកឈ្នះ​លើ​ក្រុម​សាធារណរដ្ឋ​ឆែក នៅ​ថ្ងៃ​ដដែល​នេះ​បានទេ​នោះ។

    ក្នុងពេល​ក្រុម​ទាំងពីរ​ជួបគ្នា​កាលពី​ជើង​ទី1 ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​ន័​រ​វែ​ស ក្នុង​លទ្ធផល 3។ ស្របពេល​ជាមួយគ្នានេះដែរ ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស ក៏​សម្លឹង​រក​ការបោះ​ជំហាន​កាន់តែ​កៀក​ទៅរក​ការ​ឈ្នះ​សិទ្ធិ​ទៅ​ប្រកួត World Cup ឆ្នាំ2018 ផងដែរ នៅពេលដែល​ពួកគេ​បើកទ្វារ​ទទួល​ក្រុម​កំពុង​ឈរ​លេខ2 ស្លូ​វ៉ា​គី ក្នុងការ​ប្រកួត​នា​កីឡដ្ឋាន Wembley នៅ​ថ្ងៃ​ចន្ទ​នេះ។

    ក្រុម​តោ​កំណាច​ទាំង3មួយ​នេះ បច្ចុប្បន្ន​កំពុងតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ1 ដោយមាន17ពិន្ទុ ក្នុង​ពូ​ល F ពោលគឺ​នាំមុខ2ពិន្ទុ​លើ​ក្រុម​ស្លូ​វ៉ា​គី ក្រោយពី​បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​ម៉េ​សេ​ដ្វា​ន 4០ កាលពី​ថ្ងៃ​សៅរ៍។

    ដោយឡែក ក្រុម​ជម្រើសជាតិ​ស្លូ​វ៉ា​គី នឹង​រក្សា​ការដេញ​តាម​ពីក្រោយ​ក្រុម​អង់គ្លេស​យ៉ាង​ប្រកៀក តាមរយៈ​ការយក​ឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​ស្លូ​វេ​នី 1-0 ក្នុងការ​ប្រកួត​ជម្រុះ World Cup កាលពី​ថ្ងៃ​សៅរ៍។ ក្នុងពេល​ក្រុម​ទាំងពីរ​ជួប​នៅលើ​ទឹកដី​ក្រុម​ស្លូ​វ៉ា​គី ក្រុម​ជម្រើសជាតិ​អង់គ្លេស ដណ្តើមបាន​ជ័យជម្នះ​ក្នុង​លទ្ធផល 1-0។ ការប្រកួត​ទាំងពីរ​គូ​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង1:45ទៀបភ្លឺ៕

  • Apple បង្ហាញមុខ​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ចែកចាយ​ផលិតផល​ខ្លួន​ក្នុង​ទីផ្សារ​កម្ពុជា

    Apple បង្ហាញមុខ​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ចែកចាយ​ផលិតផល​ខ្លួន​ក្នុង​ទីផ្សារ​កម្ពុជា

    ដូច​អ្វីដែល​គេហទំព័រ ឡា​រ៉ែ​ន ធ្លាប់បាន​ចុះផ្សាយ​កាលពី​ពាក់កណ្ដាល​ខែកក្កដា ដោយបាន​ដាក់​ចំណងជើង​ថា «កម្ពុ​ជាមាន​ក្រុមហ៊ុន​តំណាង Apple ជា​ផ្លូវការ​ហើយ» ពេលនេះអ្វីៗត្រូវបាន​លាតត្រដាង​ហើយ ដោយ​ក្រុមហ៊ុន Falcon Tech Co, Ltd បានប្រកាស​ខ្លួន​ជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ស្របច្បាប់​ក្នុងការ​ចែកចាយ​ផលិតផល Apple សម្រាប់​ទីផ្សារ​កម្ពុជា ក្នុង​ពិធី​ជួបជុំ​ដៃគូ​អាជីវកម្ម​នៅ​ភោជនីយដ្ឋាន ទន្លេបាសាក់ II កាលពី​ថ្ងៃទី2 ខែកញ្ញា ឆ្នាំ 2017 កន្លងទៅថ្មីៗនេះ។

    លោក Jim ដែលជា​នាយក​គ្រប់គ្រង Falcon Tech Co., Ltd បានឱ្យដឹងថា ក្រុមហ៊ុន​លោក​បាន​បើក​ដំណើរការ​ក្នុង​ទីផ្សារ​កម្ពុជា​បាន​ប្រមាណ​ជា 2 ខែ​ហើយ បន្ទាប់ពី​ទទួលបាន​ការយល់ព្រម​ពី​ក្រុមហ៊ុន Apple Inc ក្នុងការ​នាំយក​នូវ​ផលិតផល Apple មកកាន់​កម្ពុជា។ លោក​បន្ដថា វត្តមាន Falcon នៅទីនេះ​នឹង​ផ្ដល់ជូន​នូវ​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​អ្នកប្រើប្រាស់​កម្ពុជា ជាមួយនឹង​ទំនុកចិត្ត ការជឿជាក់ គុណភាព និង​ការធានា​ដែល​ស្របច្បាប់​ជា​ចម្បង។

    លោក​ថា៖«មាន​លក្ខខណ្ឌ​ច្រើន​ដែល​តម្រូវឱ្យ​យើង​សម្រេច​ប្រកាស​ជា​ចំហ​នៅថ្ងៃនេះ។ ជាង 2 ខែ​នេះ Falcon បានធ្វើ​ការងារ​ច្រើន​ជាមួយនឹង​ដៃគូ​អាជីវកម្ម​ក្នុងស្រុក ជាពិសេស​តាម​បណ្ដា​ហាងធំ»

    ក្នុងនាម​ជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ស្របច្បាប់ ក្រុមហ៊ុន​នឹងធ្វើ​ការនាំ​ចូល​ទូរស័ព្ទ iPhone, iPad, កុំព្យូទ័រ MacBook, និង Accessories ជាច្រើន​ទៀត​របស់​ក្រុមហ៊ុន Apple លើកលែងតែ​នាឡិកា Apple Watch ប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ Falcon ក៏បាន​នាំចូល​នូវ​ទូរស័ព្ទ iPhone 6 ជំនាន់​ថ្មី​ជាមួយនឹង​ទំហំ​ផ្ទុក 32GB រួមទាំង​ការធានា​រយៈពេល​មួយឆ្នាំ​ពេញ​ទៀតផង​ពី Apple ដែលមាន​តម្លៃ 398 ដុល្លារ៕

  • ស៊ីម៉ងត៍​អូដ្ឋ​ថ្មី ជាមួយ​បេសកកម្ម “សាងសង់​ដោយ​មោទនភាព” អនុញ្ញាត​ឲ្យ​អតិថិជន​ពិសោធន៍​នូវ​គុណភាព​ដ៏​រឹងមាំ​នៃ​ស៊ីម៉ងត៍​ជាតិ​មួយ​នេះ​បាន

    ស៊ីម៉ងត៍​អូដ្ឋ​ថ្មី ជាមួយ​បេសកកម្ម “សាងសង់​ដោយ​មោទនភាព” អនុញ្ញាត​ឲ្យ​អតិថិជន​ពិសោធន៍​នូវ​គុណភាព​ដ៏​រឹងមាំ​នៃ​ស៊ីម៉ងត៍​ជាតិ​មួយ​នេះ​បាន

    ចាប់ពី​ខែ​វិ​ចិ្ឆ​កា​នេះ​តទៅ ប្រជាជន​កម្ពុជា​អាច​ចូលរួម​ធ្វើជា​សាក្សី​នៃ​គុណភាព​ដ៏​រឹងមាំ​របស់​ស៊ីម៉ងត៍​ដែល​ផលិត​ក្នុងស្រុក​បាន​ហើយ។ ក្រុមការងារ​របស់​ក្រុមហ៊ុន ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន នឹងធ្វើ​ដំណើរ​ជុំវិញ​ទីក្រុង​ភ្នំពេញ​និង​តាម​បណ្តាល​ខេត្ត​មួយចំនួន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់ពី​ថ្ងៃទី 4 ខែកញ្ញា រហូតដល់​ខែតុលា ឆ្នាំ 2017 ដើម្បី​ឲ្យ​អ្នកប្រើប្រាស់​យល់​កាន់តែច្បាស់​នូវ​គុណភាព​នៃ​ស៊ីម៉ងត៍​ដែលជា​ផលិត​ក្នុងស្រុក​មួយ​នេះ។

    លោក ឧកញ៉ា លាង ម៉េង អគ្គនាយក ក្រុមហ៊ុន ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន បាន​មានប្រសាសន៍ថា៖ «យើង​ចង់​ឲ្យ​ប្រជាជន​កម្ពុជា​បាន​ស្គាល់​កាន់តែច្បាស់​ក៏ដូចជា​ធ្វើ ជា​សាក្សី​នូវ​គុណភាព​ដ៏​រឹងមាំ​នៃ​ស៊ីម៉ងត៍​ដែល​ផលិត​នៅក្នុង​ទឹកដី​កម្ពុជា ស៊ីម៉ងត៍​របស់​យើង​មានគុណ​ភាពល្អ​មិន​ចាញ់​ផលិតផល​នាំចូល​ពី​បរទេស​ដែរ។ វា​ជា​ស៊ីម៉ងត៍​ដ៏​រឹងមាំ​បំផុត​មួយ​ក្នុងស្រុក​ដែល​ជាទី​មោទនភាព​របស់​ប្រជាជន​កម្ពុជា​គ្រប់រូប។ »

    សម្រាប់​ថ្ងៃទី 4 និង​ទី 5 ខែកញ្ញា​នេះ ក្រុមការងារ​ក្រុមហ៊ុន ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេ​នខ​ប​ភើ​រេ​សិន នឹងធ្វើ​ដំណើរ​ជុំវិញ​ទីក្រុង​ភ្នំពេញ ហើយ​អតិថិជន​អាច​ចូលរួម​ថតរូប​ដើម្បី​ឈ្នះ​រង្វាន់​ដ៏​ច្រើនសន្ធឹក​សន្ធាប់។ ហើយ​នៅ​ថ្ងៃទី 6 និង​ទី 7 ខែកញ្ញា នេះ​ក្រុមការងារ​ជំនាញ​របស់​ក្រុមហ៊ុន ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេ​នខ​ប​ភើ​រេ​សិន នឹង​បន្ត​ធ្វើដំណើរ​ទៅ​ជួប​ប្រជាជន​កម្ពុជា​នៅ​ផ្សារ​អូ​ឬ​ស្សី និង​ផ្សារ​អូឡាំពិក ដោយ​មានការ​ផ្តល់នូវ​ព័ត៌មាន​ពី​ផលិតផលថ្មីៗ ការលេង​ល្បែង​កម្សាន្ត​ដើម្បី​យក​រង្វាន់ ព្រមទាំង​កម្មវិធីសប្បាយៗជាច្រើន​ទៀត។ ប្រជាជន​កម្ពុជា​អាច​ចូលរួម​ពិសោធន៍​គុណភាព​ស៊ីម៉ងត៍​របស់​កម្ពុជា​ជាមួយ​ក្រុម​អ្នកជំនាញ​និង​ការបង្ហាញ​នូវ​បច្ចេកទេស​ក្នុងការ​បូក​ស៊ីម៉ងត៍​ឲ្យ​បាន​រលោង​ស្អាត​ហើយ​ធានា​គុណភាព​កាន់តែ​ជាប់​បានយូរ។

    ក្រុមហ៊ុន ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន ជួយ​ប្រជាជន​កម្ពុជា​ឲ្យ​កសាង គេហដ្ឋាន ក៏ដូចជា​សំណង់​អគារផ្សេងៗនៅ​ទូទាំងប្រទេស​ប្រកបដោយ​គុណភាព​ខ្ពស់​មាន​ទំនុកចិត្ត សុវត្ថិភាព និង​ភាពជឿជាក់​ដោយសារតែ​ផលិតផល​ស៊ីម៉ងត៍​នេះ​ត្រូវបាន​កែលម្អ និង​ផលិតឡើង​ដោយ​យកចិត្តទុកដាក់​ពី​អ្នកជំនាញ​ខ្មែរ និង​បរទេស​ជាច្រើន​នាក់​ដើម្បី​ធានា​នូវ​គុណភាព​តាម​ស្តង់ដារ​អន្តរជាតិ។

    ក្រុមហ៊ុន ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន កំពុងតែ​រៀបចំ​បើក​ដំណើរការ​រោងចក្រ​ស៊ីម៉ងត៍​ថ្មី ដ៏​ទំនើប​បំផុត ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ស្រុក​ទូក​មាស ខេត្តកំពត ជាមួយនឹង​ការចំណាយ​ទុន​ទឹកប្រាក់ ចំនួន 262 លាន​ដុល្លា​អាមេរិក ដែល​នឹង​ចាប់ផ្តើម​ដំណើរ​ចាប់ពី ខែវិច្ឆិកា​ឆ្នាំ 2017 នេះ​តទៅ។ រោងចក្រ​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន នេះ​នឹង​ក្លាយជា​រោងចក្រ​ស៊ីម៉ងត៍​ដែល​ធំជាងគេ​និង​ទំនើប​បំផុត​ដោយ​ប្រើ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ អតិថិជន​នឹង​ទទួលបាន​ផលិតផល​ស៊ីម៉ងត៍​ពី​វត្ថុធាតុដើម​ដែលមាន​គុណភាព​ខ្ពស់បំផុត​ជាមួយនឹង​ប្រព័ន្ធគ្រប់គ្រង​បច្ចេកវិទ្យា​ចុងក្រោយបង្អស់។

    ការវិនិយោគ​ដ៏​ធំ​រួមមួយ​នេះ​បានចាប់ផ្តើម​ឡើង​នៅ​ចុងឆ្នាំ 2015 ដោយ ក្រុមហ៊ុន ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន បាន​ច្របាច់​បញ្ចូល​គ្នា​រវាង​ទីផ្សារ​ក្នុងស្រុក និង​ការ​ចែកចាយ​ទីផ្សារ​របស់​ក្រុមហ៊ុន ជីបម៉ុង​គ្រុប​កម្ពុជា ជាមួយនឹង​ក្រុមហ៊ុន ស៊ីម៉ងត៍​ស្យាម របស់​ថៃ​ដែលជា​អ្នកជំនាញ ខាង​វិស័យ​សាងសង់ ជាច្រើន​ទសវត្សរ៍​មកហើយ។ ការវិនិយោគ​រួម​នេះ ផ្តល់​ជំហរ​ដ៏​រឹងមាំ​បំផុត​ក្នុង​ការកំណត់​នូវ​តម្រូវការ និង​ការចង់បាន​របស់​អតិថិជន​ដៃគូ ដែលជា​ជាងសំណង់ និង​អ្នក​សាងសង់​ផ្ទះ​គ្រប់រូប​នៅក្នុង​ទីផ្សារ​កម្ពុជា ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​នេះ៕

  • សត្វ​ដំរី និង​ខ្សែចំណង​តូច​មួយ

    សត្វ​ដំរី និង​ខ្សែចំណង​តូច​មួយ

    នៅពេល​បុរស​ម្នាក់​ដើរកាត់​មុខ​សត្វ​ដំរី​ដ៏​ធំ​មួយ​ក្បាល ​ដែល​ត្រូវ​ចងជើង​ជាប់​នឹង​ដើមឈើ​មួយ​ដើម​នៅក្បែរ​ផ្លូវ​នោះ គេ​ក៏ត្រូវ​ទុ​ច​ង៉ក់​ព្រោះ​ជំពប់​ចិត្ត​ជាមួយ​អ្វី​ម្យ៉ាង ​ដែល​មើលទៅ​ហាក់ដូចជា​មិន​សម​ហេតុ​សម​ផល​សោះ។ នោះ​ក៏​គឺ សត្វ​ដំរី​ដ៏​ធំ​មួយ​ក្បាល​នេះ​មាន​ត្រឹមតែ​ខ្សែចំណង​ដ៏​តូច​មួយ​ចង​ជាប់ជើង​ខាងមុខ​មួយ​ទៅនឹង​ដើមឈើ​មួយ​ដើម​នោះ​ប៉ុណ្ណោះ។ មិនមែនជា​ច្រវាក់​ដែល​ធំ​មាំមួន ឬ​មាន​អ្វី​ផ្សេង​គ្រៀក​ខ្លួន​វា​ទៀតឡើយ ដែល​បើ​មើល​ពី​ទំហំ​មាឌ​របស់​សត្វ​ដំរី និង​ខ្សែ​នោះ​ហើយ ដំរី​នេះ​អាច​ទាញ​ខ្សែ​ដ៏​តូច​មួយ​សរសៃ​នោះ​ដាច់​បាន​គ្រប់ពេល តែ​វា​មិន​ធ្វើ​បែប​នោះទេ បែរជា​ឈរ​យ៉ាង​ស្ងប់ស្ងាត់ និង​គ្មាន​ក្តី​ព្យាយាម​នឹងធ្វើ​អ្វី​ទាំងអស់។

    គេ​ដើរចូល​ទៅរក​ហ្មដំរី​ដែល​អង្គុយ​នៅ​ជិត​នោះ​ព្រមជាមួយ​សំណួរ​ដែល​គេ​នឹក​សង្ស័យថា ហេតុ​អី​បានជា​សត្វ​ដំរី​មិន​ទាញ​បណ្ដាច់​ខ្សែ​ហើយ​រត់គេច​ទៅ ទាំង​ដែល​ខ្សែ​នោះ​តូច​ត្រឹមតែ​ប៉ុណ្ណឹង​សោះ? តែ​គេ​ក៏​ទទួលបាន​ចម្លើយ​ដ៏​គួរឱ្យ​ស្ងើច​មកវិញ​ថា៖

    គឺ​កាលពី​វា​នៅ​តូច យើង​ក៏​ប្រើ​ខ្សែ​ប៉ុន​ហ្នឹង​ចងវា ហើយ​កាលពី​វា​អាយុ​ប៉ុន​នោះ ទោះជា​វា​ខំព្យាយាម​យ៉ាងណា ក៏​វា​មិនទាន់មាន​កម្លាំងកំហែង​គ្រប់គ្រាន់​ក្នុងការ​ទាញ​ខ្សែ​នោះ​ឱ្យដាច់​បានដែរ លុះដល់​វា​ធំ​ឡើង​វា​ក៏​នៅតែ​ជឿ​ដូច​មុនដ​ដែលថា វា​មិនអាច​ធ្វើ​បានទេ ទើប​វា​មិន​ធ្វើ

    បុរស​ម្នាក់​នោះ​នឹក​ចម្លែក​ចិត្ត​យ៉ាងខ្លាំង ទាំង​ត្រឹមតែ​មើល​នឹង​ភ្នែក​ក៏​អាច​ដឹង​ដែរ​ថា សត្វ​ដំរី​មួយ​ក្បាល​នេះ​អាច​ទាញ​ខ្សែ​នោះ​ឱ្យដាច់​បាន ហើយ​នឹងមាន​សេរីភាព​យ៉ាង​មិន​ពិបាក​ឡើយ តែ​វា​មិន​ធ្វើ​ដោយសារតែ​វា​នៅតែ​ជឿថា វា​ធ្វើ​មិនបាន។

    ប្រៀបដូចជា​មនុស្ស​យើង​ដូច្នោះ​ដែរ មាន​ច្រើន​នាក់​ណាស់​ដែល​មិន​ហ៊ាន​ក្នុង​ការធ្វើ​អ្វីដែល​ខ្លួន​ចង់​ធ្វើ ព្រោះតែ​ជឿថា យើង​ធ្វើ​មិនបាន គ្រាន់តែ​ដោយសារ​ពីមុន​យើង​ធ្លាប់ធ្វើ​មិនបាន ឬ​ធ្លាប់ធ្វើ​រួចហើយ តែ​មិន​សម្រេច​កាលពី​អតីតកាល។

    ប៉ុន្មាន​ដង​ហើយ​ដែល​អ្នក​មិន​ហ៊ាន​ធ្វើ​អ្វី ដោយសារតែ​ធ្លាប់មាន​បទពិសោធ​មិនល្អ ឬ​ជំនឿ​កាលពី​អតីតកាល។
    ប៉ុន្មាន​ដង​ហើយ​ដែល​អ្នក​មិន​ហ៊ាន​ធ្វើ​អ្វីថ្មីៗ គ្រាន់តែ​ដោយសារ​អ្នក​ជឿថា អ្នកធ្វើ​មិនបាន។
    នៅពេលដែល​អ្នក​ផ្លាស់ប្តូរ​ជំនឿ​បាន អ្នកនឹង​មានឱកាស​ធ្វើបាន។

    កុំ​បណ្តោយឱ្យ​បទពិសោធ​មិនល្អ ឬ​ជំនឿ​កាលពី​អតីតកាល​មក​កម្រិត​អ្វីដែល​អ្នក​ចង់​ធ្វើ​នៅពេលនេះ និង​ពេលអនាគត​ឱ្យសោះ៕                                                                                                                ស្រាវជ្រាវ​ដោយ តា​វ៉ែនតា

  • រដ្ឋាករទឹក​ប្រកាស​ឱ្យ​ពលរដ្ឋ​ទៅ​ដក​ប្រាក់​វិញ​នៅ​ថ្ងៃទី04 ខែកញ្ញា​នេះ

    រដ្ឋាករទឹក​ប្រកាស​ឱ្យ​ពលរដ្ឋ​ទៅ​ដក​ប្រាក់​វិញ​នៅ​ថ្ងៃទី04 ខែកញ្ញា​នេះ

    ភ្នំពេញ៖ បន្ទាប់ពី​មានការ​ស្នើ​សុំឱ្យ​សង​ប្រាក់​ដែល​ទូទាត់​លើស​ដល់​ប្រជាពលរដ្ឋ​វិញ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បានប្រកាស​ជូនដំណឹង​ឱ្យ​សាធារណជន​នៅ​ទូទាំង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្តាល អាច​យក​វិក្កយបត្រ​ទៅ​ដក​ប្រាក់​វិញ​បាន​ហើយ​នៅ​ថ្ងៃទី04 ខែកញ្ញា ឆ្នាំ2017នេះ។

    ខ្លឹមសារ​នៃ​សេចក្តីជូនដំណឹង​ខាងលើ​ឱ្យដឹងថា រដ្ឋាករ​ស្វយ័ត​ក្រុងភ្នំពេញ​នឹងធ្វើ​ការទូទាត់​សង​ប្រាក់​លម្អៀង​លើស​ជូន​អតិថិជន​វិញ​ចាប់ពី​ថ្ងៃទី04 ខែកញ្ញា ឆ្នាំ2017នេះ​តទៅ​នៅតាម​បញ្ជរ​បេឡា​ទាំងអស់​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​រៀងរាល់​ម៉ោង​ធ្វើការ​ចាប់ពី​ម៉ោង08.00 ដល់​ម៉ោង 16.00 ដោយ​មិន​មានការ​សម្រាក​ពេល​ថ្ងៃត្រង់​ឡើយ។

    សម្រាប់​លក្ខខណ្ឌ និង​ឯកសារផ្សេងៗដែល​សាធារណជន​អាច​យកទៅ​ដក​ប្រាក់​សំណង​វិញ​បាន​នេះ​គឺ ត្រូវ​ភ្ជាប់​ជាមួយ​នូវ៖

    1. វិក្កយបត្រ​បង់ប្រាក់​ថ្លៃ​ទឹក​ថ្មី(ក្រោយពី​មានការ​កែសម្រួល​តាម​កា​រ​គណនា​ចាស់)

    2.សក្ខី​ប​ត្រ​ដែល​នឹង​ចែកជូន​ដោយ​ភ្នាក់ងារ​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ។

    ពាក់ព័ន្ធ​ករណីនេះ​អ្នកនាង សន សុភ​ក្ត្រ អាជីវករ​បោក​សម្លៀកបំពាក់​ខ្នាតតូច​នៅ​ភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​មានប្រសាសន៍ថា កន្លងមក​ក្នុង​មួយខែ​អ្នកនាង​ចំណាយ​ថ្លៃ​ទឹក​អស់​ប្រមាណ​ជា4 ទៅ5ម៉ឺន​រៀល​ប៉ុណ្ណោះ ប៉ុន្តែ​បន្ទាប់ពី​ប្រើ​រូបមន្ត​គណនា​ថ្មី​កាលពី​ខែ​មុននេះ ស្រាប់តែ​តម្លៃ​ទឹក​ប្រើប្រាស់​ត្រូវ​ចំណាយ​ទ្វេដង គឺ​ឡើង​ជិត​ដល់8ម៉ឺន​រៀល​ឯណោះ​ក្នុង​មួយខែ។ ករណីនេះ​អ្នកនាង សុភ​ក្ត្រ នឹង​ទៅ​ទូទាត់​យកប្រាក់​សំណង​វិញ​នៅថ្ងៃនេះ​ដែរ។

    មហាជន​ទូទៅ​បានធ្វើ​ការរិះគន់​ខ្លះ​ដែរ​ថា នេះ​ជា​កំហុស​ដោយ​ចេតនា​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ដូច្នេះ​គួរតែ​ធ្វើការ​ផ្តល់​សំណង​ទៅតាម​ផ្ទះ​របស់គាត់នីមួយៗវិញ​ដោយសារ​ពួកគាត់​ជាប់រវល់​ការងារ​ច្រើន និង​មានការ​លំបាក​ក្នុងការ​ធ្វើដំណើរ​ទៅ​ទូទាត់​ប្រាក់​សំណង​ពី​រដ្ឋាករទឹក​នេះ។

    សូមជម្រាបថា សម្រាប់​ព័ត៌មានផ្សេងៗពាក់ព័ន្ធ​នឹង​ការទូទាត់​សំណង​នូវ​ទឹកប្រាក់​ដែល​បាន​បង់​លើស​នេះ រដ្ឋាករទឹក​ក៏បានផ្តល់​លេខ​ទូរស័ព្ទ 023 430 541 ដើម្បីឱ្យ​អតិថិជន​ធ្វើការ​ទំនាក់ទំនង​សាកសួរ ឬ​អាច​ទៅ​សាកសួរ​ដោយផ្ទាល់​បាន​នៅតាម​បញ្ជរ​បេឡា​ទទួល​ប្រាក់​ណាមួយ​របស់​រដ្ឋាក​រ​ទឹកបាន​រៀងរាល់​ម៉ោង​ធ្វើការ៕

  • តើ​ប្រាក់ខែ​កម្មករ​នៅ​ប្រទេស​កម្ពុជា​ឈរ​លំដាប់​ទី​ប៉ុន្មាន​នៅ​តំបន់​អាស៊ី?

    តើ​ប្រាក់ខែ​កម្មករ​នៅ​ប្រទេស​កម្ពុជា​ឈរ​លំដាប់​ទី​ប៉ុន្មាន​នៅ​តំបន់​អាស៊ី?

    ភ្នំពេញ៖ សិង្ហ​បុរី ម៉ាឡេស៊ី និង​ហ្វីលីពីន​ត្រូវគេ​ដឹងថា ជា​ប្រទេស​ដែលមាន​ប្រាក់ខែ​ខ្ពស់​ជាងគេ​ក្នុងចំណោម​ប្រទេស​នានា​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​ក្នុងនោះ​ប្រាក់ខែ​ជា​មធ្យម​នៅ​ប្រទេស​សិង្ហ​បុរី​មាន​ចំនួន 747 ដុល្លារ​ក្នុង​មួយខែ​កាលពី​ឆ្នាំ2016 ខណៈដែល​ប្រាក់​ខែម​ធ​ម្យ​កម្ពុជា​បានត្រឹមតែ 140ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយខែ។

    ប្រសិនបើ​អ្នកមាន​គម្រោង​ផ្លាស់​ទីលំនៅ​ទៅ​តំបន់​អាស៊ីអាគ្នេយ៍​ដើម្បី​ស្វែងរក​ការងារ​ដែល​ទទួលបាន​ប្រាក់ខែ​ខ្ពស់ រស់នៅ​សមរម្យ​នោះ សូម​មើល​តារាង​ប្រាក់ខែ​អប្បបរមា​រវាង​ប្រទេសនីមួយៗដូចតទៅ៖

    1. ប្រទេស​វៀតណាម​ប្រាក់ខែ​ជា​មធ្យម 131ដុល្លារ​ក្នុង​មួយខែ
    2. ប្រទេស​ម៉ាឡេស៊ី​បាន​ប្រមាណ​ជា 236ដុល្លារ​ក្នុង​មួយខែ
    3. ប្រទេស​ថៃ​ប្រហែល 189ដុល្លារ​ក្នុង​មួយខែ
    4. ប្រទេស​ហ្វីលីពីន​ទទួលបាន 318ដុល្លារ​ក្នុង​មួយខែ
    5. ប្រទេស​កម្ពុជា​ទទួលបាន 140ដុល្លារ​ក្នុង​មួយខែ
    6. ប្រទេស​មី​យ៉ាន់​ម៉ា 61.6ដុល្លារ​ក្នុង​មួយខែ
    7. ប្រទេស​ឡាវ 110ដុល្លារ​ក្នុង​មួយខែ
    8. ប្រទេស​ឥណ្ឌូនេស៊ី​បាន 145ដុល្លារ​ក្នុង​មួយខែ
    9. ប្រទេស​សិង្ហ​បុរី​ទទួលបាន​ចំណូល 747ដុល្លារ​ក្នុង​មួយខែ។

    តែ​យ៉ាងណា​នោះ យោងតាម​របាយការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ(ILO) បានឱ្យដឹង​ដែរ​ថា ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​នៅ​កម្ពុជា​បាន​កើន​លើសពី​កម្រិត​នៅ​ប្រទេស​មួយចំនួន​គួរឱ្យកត់សម្គាល់។ ជាពិសេស​នៅ​ឆ្នាំ 2018 ប្រសិនបើ​បាន​ដូច​ការប្រកាស​របស់​ស​ម្តេច​នាយករដ្ឋមន្ត្រី​មែន គឺ​កម្មករ​ទទួលបាន168ដុល្លារ​ក្នុង​មួយខែ ហើយ​បើ​បូក​បញ្ចូល​ការចំណាយ​របស់​និយោជក​ទៅលើ​វត្តមាន​ធ្វើការ​ទៀងទាត់(10ដុល្លារ) និង​ការឧបត្ថម្ភ​សោហ៊ុយ​ធ្វើដំណើរ (7ដុល្លារ) ទៀតផង​នោះ នៅ​ឆ្នាំ2018 កម្មករ​ក្នុង​វិស័យ​កាត់ដេរ​នឹង​ទទួលបាន​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន185ដុល្លារ​ក្នុង​មួយខែ ខណៈ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា បង់​ក្លា​ដែ​ស និង​ស្រ៊ី​លង្កា មាន​កម្រិត​ប្រាក់​ឈ្នួល​អប្បបរមា​មិន​ដល់100ដុល្លារ​ផង​ក្នុង​មួយខែ​ផង ។ សូម​មើល​ក្រាហ្វិក​ខាងក្រោម៖

    គួរ​បញ្ជាក់ថា នៅ​ប្រទេស​វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និង​ឥណ្ឌូនេស៊ី​មាន​ប្រាក់ខែ​អប្បបរមា​ថ្នាក់​តំបន់ តែ​ខុសគ្នា​ខ្លាំង​រវាង​ខេត្ត​ក្រីក្រ និង​រដ្ឋធានី។ ចំណែក​នៅក្នុង​ប្រទេស​ថៃ​ប្រាក់ខែ​អប្បបរមា​នៅ​ឆ្នាំ 2016 ដែល​ទិន្នន័យ​នៅលើ​តារាង​ត្រូវបាន​ផ្អែកលើ​អតីត​តម្លៃ​ឈ្នួល​របស់​ថៃ​ចំនួន 300 នាក់​ក្នុង​មួយថ្ងៃ​ដោយ​ជួល​កម្មករ​ម្នាក់​ធ្វើការ 22 ថ្ងៃ​ក្នុង​មួយខែ។

    នៅក្នុង​ប្រទេស​មួយចំនួន ដូចជា​ប្រទេស​កម្ពុជា និង​សិង្ហ​បុរី​មាន​វិស័យសេដ្ឋកិច្ច​តិចតួច​ប៉ុណ្ណោះ​ដែលមាន​ប្រាក់កម្រៃ​អប្បបរមា​ទៀងទាត់​ដូចជា ឧស្សាហកម្ម​កាត់ដេរ​ស​ម្លៀ​ក​បំពាក់ និង​ស្បែកជើង​ជាដើម៕

  • ក្លិប​អង់គ្លេស​ចំណាយ​អស់1.4ពាន់​លាន​ផោន​លើ​ការទិញចូល​កីឡាករ​ថ្មី

    ក្លិប​អង់គ្លេស​ចំណាយ​អស់1.4ពាន់​លាន​ផោន​លើ​ការទិញចូល​កីឡាករ​ថ្មី

    ក្លិប​កីឡាបាល់ទាត់​របស់​អង់គ្លេស​បាន​ជះ​ប្រាក់​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ការបើក​ទីផ្សារ​ដោះដូរ​កីឡាករ​រហូតដល់​ទៅ210លាន​ផោន (ស្មើនឹង272លាន​ដុល្លារ​អាមេរិក) និង​បានធ្វើ​ឲ្យ​ការចំណាយ​សរុប​កើន​រហូតដល់​ទៅ1.4ពាន់​លាន​ផោន ខណៈដែល​ក្របខ័ណ្ឌ Premier League បាន​បញ្ចេញ​សាច់ដុំ​ផ្នែក​ហិរញ្ញវត្ថុ​របស់ខ្លួន​ម្តងទៀត។

    តួលេខ​ពី​ក្រុមហ៊ុន Sports Business Group របស់​អង្គភាព Deloitte បាន​បង្ហាញថា ការចំណាយ​សរុប​កើន​ច្រើន​រហូតដល់​ទៅ23ភាគរយ បើ​ធៀប​ទៅនឹង​កំណត់ត្រា​ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​រដូវ​កាល​ក្តៅ​មុន។ ការចំណាយ​នោះ​នឹងមាន​ចំនួន​កាន់តែ​ខ្ពស់​ជាងនេះទៅទៀត ប្រសិនបើ​ការផ្ទេរ​ជាច្រើន​ផ្សេងទៀត​បានទទួល​ជោគជ័យ​ដូច​ការរំពឹងទុក កាលពី​ថ្ងៃ​ព្រហស្បតិ៍។ បើទោះបី​បាន​ចំណាយ​ប្រាក់​ជាច្រើន​ក៏ដោយ ប៉ុន្តែ ក្លិប​ស្ថិតក្នុង​ក្របខ័ណ្ឌ Premier League មិនមាន​ការខាតបង់​អ្វី​ឡើយ ក្រោយពី​ទទួលបាន​ប្រាក់ចំណូល​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ពី​ការលក់​សិទ្ធិ​ផ្សាយ​ការប្រកួត។

    លោក Dan Jones ដែលជា​ដៃគូ​ក្នុង​ក្រុមហ៊ុន Sports Business Group របស់ Deloitte បាន​ឲ្យ​ដឹងថា៖ «នៅពេលដែល​យើង​បានធ្វើ​ការវិភាគ​ទៅលើ​ប្រាក់ចំណូល​ដែល​ប្រមូលបាន​ពី​ការលក់​សិទ្ធិ​ផ្សាយ​ការប្រកួត ពាណិជ្ជកម្មផ្សេងៗ និង​ចំណូល​ពី​ការលក់​សំបុត្រ ក្លិប​របស់​ក្របខ័ណ្ឌ Premier League កំពុងតែ​ចំណាយ​ប្រាក់​ក្នុង​កម្រិត​យ៉ាង​ល្អ​មួយ»។

    លោក Jones បាន​បន្ថែមទៀតថា៖ «សម្រាប់​រយៈពេល15ឆ្នាំ​ចុង​ក្រោយនេះ ការចំណាយ​សរុប​ប្រចាំឆ្នាំ នៅតែ​ស្ថិតក្នុង​កម្រិត​ចន្លោះ​ពី1/5 និង1/3 នៃ​ប្រាក់ចំណូល​សរុប​របស់​ពួកគេ»។ បើ​ផ្អែកទៅលើ​ការប៉ាន់ប្រមាណ​ទៅលើ​ប្រាក់ចំណូល​សម្រាប់​ក្លិប​ទាំង20របស់​ក្របខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ ការចំណាយ​ប្រាក់1.4ពាន់​លាន​ផោន ទៅលើ​ការទិញចូល​កីឡាករ​ថ្មី បង្ហាញ​ពី​ចំនួន​មធ្យម​នៃ​ការកើនឡើង​ប្រាក់ចំណូល​ចំនួន31ភាគរយ ក្នុង​មួយ​ក្លិប៕

    ប្រភពពី៖ Eurosport

  • តើ​អាមេរិក​នាំ​អ្វី​ខ្លះមក​កម្ពុជា ហើយ​កម្ពុជា​នាំ​ទំនិញ​អ្វី​ទៅ​អាមេរិក​វិញ?

    តើ​អាមេរិក​នាំ​អ្វី​ខ្លះមក​កម្ពុជា ហើយ​កម្ពុជា​នាំ​ទំនិញ​អ្វី​ទៅ​អាមេរិក​វិញ?

    ភ្នំពេញ៖ រយៈពេល 6ខែ​ដើមឆ្នាំ2017នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អាមេរិក​មាន​ទឹកប្រាក់ 1,546លាន​ដុល្លារ ក្នុងនោះ​កម្ពុជា​នាំ​ចេញទៅ​អាមេរិក​មានទឹក​ប្រាក់​ស​រុ​ប​ជាង 1,362លាន​ដុល្លារ។ ខណៈ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​មានតម្លៃ​ប្រមាណ​ជា 3.2ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ2016។ តើ​ទំនិញ​ដោះដូរ​រវាង​កម្ពុជា និង​អាមេរិក​មាន​អ្វីខ្លះ?

    របាយការណ៍​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ឱ្យដឹងថា កម្ពុជា​នាំ​ទំនិញ​ទៅ​អាមេរិក​មានតម្លៃ​សរុប 2.8ពាន់​លាន​ដុល្លា ដែល​រួមមាន​សម្លៀកបំពាក់ ស្បែកជើង ប្លា​ស្ទិ​ក និង​ផលិតផល​ស្បែក​រួម​នឹង​ផលិតផល​កសិកម្ម​ដែលមាន​ទឹកប្រាក់ 23លាន​ដុល្លា ដូចជា​ផ្លែឈើ បន្លែ អង្ករ និង​ផលិតផល​ដទៃទៀត។

    ចំណែក​ទំនិញ​នាំចេញ​របស់​អាមេរិក​មាន​តម្លៃ​សរុប 361 លាន​ដុល្លា រួមមាន​រថយន្ត គ្រឿង​ម៉ាស៊ីន អាហារ​សំណល់​សម្រាប់​យកទៅ​កែច្នៃ ចំណី​សត្វ សម្លៀកបំពាក់​ធ្វើ​ពី​រោមសត្វ និង​វាយ​ន​ភណ្ឌ​មិនមែន​តម្បាញ​ជាដើម។

    ប្រទេស​កម្ពុជា និង​សហរដ្ឋអាមេរិក​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​កាន់តែ​រឹងមាំ ខណៈ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បានរៀបចំ​ពិធី​មួយ​ដើម្បីឱ្យ​សមាជិកសំខាន់ៗនៃ​អ្នកជំនួញ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ជួប​ជាមួយ​លោក​Michael Newbill អនុប្រធាន​ទូត​អាមេរិក​ថ្មី និង​លោក David Sequeira មន្ត្រី​ទូត​ទទួលបន្ទុក​ផ្នែក​សេដ្ឋកិច្ច​ដែល​ទើបនឹង​មកដល់​ប្រទេស​កម្ពុជា។

    អ្វីដែល​គេ​ចាប់អារម្មណ៍​គឺ សហគ្រិន​អាមេរិក​គ្រោង​បើកហាង​លក់​ម៉ូតូ​ម៉ាក​Harley-Davidson ដែលជា​ម៉ាក​សញ្ញា​ដើម​នៅ​អាមេរិក​មក​លក់រាយ​ដំបូង​នៅ​ភ្នំពេញ ហើយ​គ្រោង​បើក​នៅ​ចុង​ឆ្នាំនេះ ដែលមាន​តម្លៃនៅលើទីផ្សា​រ​ក្រៅប្រទេស​ប្រហែល12,000ដុល្លារ​ក្នុង​មួយគ្រឿង៕

  • ដឹង​តម្លៃ និង​ថ្ងៃ​ដាក់ឱ្យ Pre-Order ទូរស័ព្ទ Galaxy Note 8 នៅ​កម្ពុជា​ហើយ!

    ដឹង​តម្លៃ និង​ថ្ងៃ​ដាក់ឱ្យ Pre-Order ទូរស័ព្ទ Galaxy Note 8 នៅ​កម្ពុជា​ហើយ!

    ក្រោយ​បង្ហាញខ្លួន​បាន​ជាង​មួយ​សប្ដាហ៍​ទូរស័ព្ទ Galaxy Note 8 ត្រូវបាន​ក្រុមហ៊ុន Samsung ប្រចាំ​កម្ពុជា ប្រកាស​ពី​តម្លៃ និង​ថ្ងៃ​ដាក់ឱ្យ​ធ្វើការ Pre-Order ហើយ​កាលពី​ព្រឹក​ថ្ងៃទី1 ខែកញ្ញា ឆ្នាំ2017 ម្សិលមិញ​នេះ។

    តាម​ប្រភពពី​ទំព័រ Facebook ផ្លូវការ​នៃ​ក្រុមហ៊ុន Samsung កម្ពុជា​ឱ្យដឹងថា ត្រកូល Galaxy Note 8 នេះ អតិថិជន​អាចធ្វើ​ការ​កុម្ម៉ង់​ទិញ​ទុកជាមុន (Pre-Order) ចាប់​ថ្ងៃទី4 ដល់ទី22 ខែកញ្ញា ជាមួយនឹង​តម្លៃ​ត្រឹមតែ 919ដុល្លារ​ប៉ុណ្ណោះ ជាមួយនឹង​ពណ៌​ខ្មៅ និង​ពណ៌​មាស។ ការបញ្ជាទិញ​នេះ​ទៀតសោត ក្រុមហ៊ុន​នឹងមាន​ផ្ដល់ជូន​នូវ​កាស Samsung U-Flex មួយ​ដោយ​ឥតគិតថ្លៃ ជាមួយនឹង​គម្រោង​ស្មា​ត​ធំ​ហ្មង! ព្រមទាំង​លេខ​ពិសេស​ចំនួន 1 ផងដែរ។

    សម្រាប់​តម្លៃ​នេះ ត្រូវបាន​គេ​មើលឃើញថា រៀង​ទាប​ជាង​ទីផ្សារ​បរទេស​បន្តិច ខណៈ​នៅ​អាមេរិក​មានតម្លៃ​ប្រមាណ930 ដុល្លារ​ឡើងទៅ ដោយ​អ្នកប្រើប្រាស់​អាច​ចូលទៅ​ធ្វើការ Pre-Order ដោយផ្ទាល់​នៅលើ​គេហទំព័រ Samsung.com ដោយ​តម្លៃ​អាច​ប្រែប្រួល​តាម​កញ្ជប់​សេវា។ ជាមួយគ្នានេះដែរ ក្នុង​បទ​សម្ភាស​មួយ​នៅ​ទីក្រុង​ប៊ែ​រ​ឡាំង ប្រទេស​អាល្លឺម៉ង ប្រធាន​អាជីវកម្ម​ទូរស័ព្ទ​ចល័ត​របស់ Samsung Electronics លោក DJ Koh ធ្លាប់បាន​និយាយថា វា​ពិបាក​រក្សា​តម្លៃ​ទូរស័ព្ទ​ថ្មី​នេះ​ឱ្យទាប​ជាង 1លាន​វ៉ុ​ន (887 ដុល្លារ) ណាស់ ព្រោះ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ត្រូវបាន​បង្កើតឡើង​មាន​លក្ខណសម្បត្តិ​សម្បូរបែប​ខ្លាំងណាស់។

    ចំពោះ​ទូរស័ព្ទ Galaxy Note 8 នេះ​ប្រើ​នូវ​អេក្រង់ Super AMOLED កម្រិត QHD+ និង​គាំទ្រ Mobile HDR Premium ហើយ​មាន​មុខងារ Always on Display និង Screen off memos ។ កាមេរ៉ា​ក្រោយ​របស់​វា​មាន 2 គ្រាប់​ទំហំ 12MP ដូចគ្នា មួយ​ជា​កម្រិត f/1.7 សម្រាប់ Lens ធម្មតា និង​មួយទៀត​កម្រិត f/2.4 សម្រាប់ Telephoto lensហើយ​ក៏មាន​បំពាក់​នូវ​បច្ចេកវិទ្យា Optical Stabilization ដូចគ្នា។ ស្មា​ត​ហ្វូ​ន​នេះ​មាន RAM ទំហំ 6GB ដំណើរការ​ដោយ​ប្រព័ន្ធ Android 7.0 Nougat និង​មាន​ថាមពល​ថ្ម 3300mAh។

    ក្រុមហ៊ុន​បានបញ្ជាក់​បន្ថែមទៀតថា ក្រោយពេល Pre-Order បានបញ្ចប់ អតិថិជន​អាច​ទទួលបាន​ទូរស័ព្ទ Galaxy Note 8 នៅ​ថ្ងៃទី 29 ចុងខែ​កញ្ញា​នៅតាម​ហាង​ដែល​បាន​បញ្ជា​ទិញ ហើយ​ចំពោះ​អ្នក​នៅតាម​ខេត្ត​អាច​ទទួលបាន​នៅក្រោយ​គ្នា​មួយថ្ងៃ៕