Author: វល័ក្ខ

  • វិវាទ​ការងារ​ឆ្នាំនេះ មាន​ចំនួន70ករណី តែ​ដោះស្រាយបាន​តិចតួច

    វិវាទ​ការងារ​ឆ្នាំនេះ មាន​ចំនួន70ករណី តែ​ដោះស្រាយបាន​តិចតួច

    ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លោក អ៊ិត សំហេង បាន​ថ្លែងថា វិវាទ​ការងារ​ក្នុង​ឆមាស​ទី1ឆ្នាំនេះ​មាន​ចំនួន70ករណី ប៉ុន្តែ​ដោះស្រាយបាន​ចំនួន​តិចតួច​ប៉ុណ្ណោះ។

    លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ក្នុង​ពិធី​សិក្ខាសាលា​ពិគ្រោះ​យោបល់​ត្រីភាគី​ស្តីពី​សេចក្តីព្រាងច្បាប់ ស្តីពី​នីតិវិធី​ជម្រះក្តី វិវាទ​ការងារ នៅ​ព្រឹក​ថ្ងៃទី4 ខែកញ្ញា ឆ្នាំ2017នេះ​ថា ក្នុង​ឆមាស​ទី1 ឆ្នាំ2017 នាយកដ្ឋាន​វិវាទ​ការងារ បាន​ដោះស្រាយ​វិវាទ​បុគ្គល​ចំនួន70ករណី ដោះស្រាយបាន6ករណី មិនទាន់​ដោះស្រាយបាន​ចំនួន56ករណី និង​មោ​ឃៈ​ចំនួន8ករណី និង​ដោះស្រាយ​វិវាទ​ការងារ​រួម​ចំនួន15ករណី ដោះស្រាយបាន3ករណី និង​មិនទាន់​ដោះស្រាយបាន​ចំនួន12ករណី។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ការដោះស្រាយ​វិវាទ​ការងារ​បាន​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ត្រូវ​ដោះស្រាយ​បន្ថែម ក្នុងនោះ​គឺ​បញ្ហា​ប្រឈម​នឹង​ប្រព័ន្ធ​ដោះស្រាយ​វិវាទ​ការងារ​បច្ចុប្បន្ន​របស់​កម្ពុជា។

    ទាក់ទង​នឹង​ច្បាប់​ថ្មី​មួយ​ដែល​រៀបចំ​ដោយ​ក្រសួង​ការងារ និង​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) លោក អ៊ិត សំហេង បាន​បញ្ជាក់ថា ច្បាប់​នេះ​នឹង​ធានា​ក្នុង​ការផ្តល់​យុត្តិធម៌​លើ​បណ្តឹង​ការងារ​គ្រប់​ប្រភេទ​ដើម្បី​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ជន​ទាំងឡាយណា​ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ និង​ធានា​សុខដុម​នីយកម្ម​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ បរិយាកាស​ល្អ​សម្រាប់​ការវិនិយោគ និង​បង្កើត​ការងារ។

    លោក Alain Pelce អ្នកជំនាញការ​ជាន់ខ្ពស់​ផ្នែក​ច្បាប់​ស្តីពី​ការងារ​នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ​បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា ច្បាប់​នេះ​គឺជា​លិខិតបទដ្ឋាន​គតិយុត្ត​ថ្មី​មួយទៀត​ដែល​បង្កើត​ឲ្យ​មាន​ជា​ប្រព័ន្ធ​ដោះស្រាយ​វិវាទ​ការងារ​មួយ​ពេញលេញ​ដែល​រួមមាន​ទាំង​ការជំនុំជម្រះ​រឿងក្តី​ការងារ​ដោយ​តុលា​ការងារ ហើយ​ការរៀបចំ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​នេះ គឺជា​សមិទ្ធផល​ថ្មី​មួយ​ដែល​នឹង​រួមចំណែក​ក្នុងការ​ពង្រឹង​នីតិរដ្ឋ ការធានា​នូវ​ភាពសុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ ក៏ដូចជា​រួមចំណែក​ក្នុងការ​ដោះស្រាយ​វិវាទ​ការងារ​ឲ្យ​កាន់ តែមាន​ប្រសិទ្ធភាព​បន្ថែម​ផងដែរ៕

  • ម្ដាយ នី មុន្នីនាថ​ មិនអាច​យក​ក្រដាស​ខ្ចប់​ភ្លើង​បានទេ

    ម្ដាយ នី មុន្នីនាថ​ មិនអាច​យក​ក្រដាស​ខ្ចប់​ភ្លើង​បានទេ

    ក្រោយពី​ផ្ទុះ​ចេញ​នូវ​ព័ត៌មាន​ជុំវិញ​រឿង​កញ្ញា នី មុន្នីនាថ បាន​បោកប្រាស់​គូ​ដណ្ដឹង​ដែល​មហាជន​បានដឹងថា   បច្ចុប្បន្ន​ភាគី​ទាំងសងខាង​កំពុងតែ​បង្កើន​កម្តៅរៀងៗខ្លួន និង​ខណៈ​នេះ​ភាគី​ខាង​ប្រុស​កំពុងតែ​ត្រៀម​ប្ដឹង រីឯ​ភាគី​ខាង​ស្រី​កំពុងតែ​គិតគូរ​ជាមួយ​មេធាវី​របស់ខ្លួន​ដែរ។

    ដូច​អ្វីដែល​ឡា​រ៉ែ​ន​ធ្លាប់បាន​ចុះផ្សាយ​ម្តង​រួចមកហើយ​ថា ម្ដាយ​របស់​កញ្ញា នី មុន្នីនាថ កំពុងតែ​ធ្វើឱ្យ​មហាជន​មាន​មន្ទិល ខណៈ​មហាជន​បានឃើញ​សំណេរ​របស់​គូ​ដណ្ដឹង​កញ្ញា នី មុន្នីនាថ ដែល​សរសេរ​បញ្ជាក់​អំ​ពី​អារម្មណ៍​ខក​ចិ​ត្ដ គ្រា​ដែល​ខ្លួន​បានផ្ដល់​ក្ដី​ស្រឡាញ់​ស្មោះត្រង់​ឱ្យទៅ​មនុស្ស​ជាទី​ស្រឡាញ់ (នី មុន្នីនាថ)តែ​បែរជា​ទទួលបាន​ក្ដី​ស្រឡាញ់​ក្នុង​ភាព​បោកប្រាស់​មកវិញ។ ទោះបីជា​គេ​ពុំបាន​ដឹងថា គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា Solang Ung  ជា​គណនី​ពិត ឬ​ក្លែងក្លាយ​ដែល​គូ​ដណ្ដឹង​របស់ នី មុន្នីនាថ​បាន​ប្រើ​ក៏ដោយ ប៉ុន្ដែ​មហាជន​ចាត់ទុកថា សារ​នោះបាន​បង្ហាញឱ្យឃើញ​ពី​ការចាប់ផ្ដើម​នៃ​ចំហេះ​ភ្លើង​ហើយ​ទើប​មាន​ផ្សែងហុយ​ចេញមក។

    គ្រានោះ​ម្ដាយ​របស់​កញ្ញា នី មុន្នីនាថ បាន​ព្យាយាម​បិទបាំង​នូ​វឿ​ង​រ៉ាវ​ទាំងនោះ​ដោយ​អះអាងថា កូន​អ្នកស្រី និង​គូ​ដណ្ដឹង​នៅ​បន្ដ​ស្រឡាញ់គ្នា​ជាធម្មតា។ ទោះជា​យ៉ាងណា​គាត់​មិនអាច​យក​ក្រដាស​មក​ខ្ចប់​ភ្លើង​បានទេ ពោលគឺ​រឿងរ៉ាវ​ដែល​មហាជន​គិតថា វា​អាច​នឹង​កើតឡើង​រហូត​ឈានទៅដល់​ការ​មាន​ជម្លោះ​នឹង​គ្នា​នោះ ទីបំផុត​វា​ពិតជា​កើតមានឡើង​មែន។ ទោះយ៉ាងណា​យើង​ក៏​នៅតែ​ចង់ដឹងថា តើ​រឿងរ៉ាវ​នោះ​វិ​វ​ឌ្ឍ​ទៅដល់​ណា​ហើយ ? ឬក៏​ភាគី​ទាំងពីរ​យល់ព្រម​សម្រុះសម្រួល​ដោយ​ពុំ​ចាំបាច់​ប្រើ​ប្រព័ន្ធតុលាការ​វិញ​ហើយ?។

    ជុំវិញ​បញ្ហា​នេះ​យើង​បានខ​ល​ទំនាក់ទំនង​ទៅ​លេខ​ទូរស័ព្ទ​របស់​កញ្ញា នី មុន្នីនាថ  ប៉ុន្ដែ​ត្រូវបាន​ប្អូនស្រី​របស់​នាង​ជា​អ្នកទទួល​ជំនួស រួច​ឆ្លើយថា៖«បងស្រី​ខ្ញុំ​កំពុង​ជាប់​ថត ចាំ​គាត់​ថត​ចប់​ខ្ញុំ​នឹង​ឱ្យ​គា​ត់ខ​ល​ទៅវិញ ចំណែក​លេខ​ម៉ាក់​របស់ខ្ញុំ​ដែល​ធ្លាប់ប្រើ​ពីមុន​នោះ ឥឡូវ​ផ្អាក​ប្រើ​ហើយ» បន្ទាប់មក​នាង​ក៏​ចុច​ទូរស័ព្ទ​បិទ​ទៅ៕

  • អ្នកវិនិយោគ​អចលនទ្រព្យ​នៅ​កម្ពុជា​ថា កម្ដៅ​នយោបាយ​មិន​ប៉ះពាល់​វិស័យនេះ​ទេ

    អ្នកវិនិយោគ​អចលនទ្រព្យ​នៅ​កម្ពុជា​ថា កម្ដៅ​នយោបាយ​មិន​ប៉ះពាល់​វិស័យនេះ​ទេ

    ភ្នំពេញៈ អ្នកវិនិយោគ​វិស័យ​អចលនទ្រព្យ​នានា និង​អ្នកជំនាញ​ក្នុង​វិស័យនេះ​បាន​និយាយថា កម្ដៅ​នយោបាយ​បច្ចុប្បន្ននេះ មិន​ប៉ះពាល់​ដល់​ការវិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា​នោះទេ។

    លោក ទុយ ប៊ុន ភាគ​ហ៊ុ​និក​នៃ​ក្រុមហ៊ុន​លំនៅដ្ឋាន​L កម្ពុជា​ភ្នំពេញ​បាន​ថ្លែង​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី4 សីហា​នេះ​ថា ស្ថានភាព​នាពេលនេះ​មិនមាន​បញ្ហា​អ្វី​នោះទេ ប៉ុន្តែ​ក្នុងនាម​ជា​អ្នកវិនិយោគ លោក​ស្នើសុំ​ឲ្យ​អ្នកនយោបាយ​រួបរួមគ្នា និង​ធ្វើ​អ្វី​យក​ច្បាប់​មក​និយាយ​គ្នា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​សុខ និង​មិនមាន​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ។ លោក​បន្តថា យើង​រង់​ចាំមើល​ទាំងអស់គ្នា តែ​អ្វី​ជាការ​កត់សម្គាល់​របស់​លោក គឺ​ស្ថានភាព​មិនមាន​អ្វី​ប្លែក​គួរ​ឲ្យ​បារម្ភ​ទេ ព្រោះ​វា​ហាក់​កើតឡើងដដែលៗបន្ទាប់មក​វា​នឹង​ក្លាយជា​រឿង​ធម្មតា​សម្រាប់​ប្រទេស​របស់​យើង។

    លោក​ឧកញ៉ា សៀ រិទ្ធី អគ្គនាយក​ក្រុមហ៊ុន World Bridge Group ដែល​បាននិងកំពុង​វិនិយោគ​គម្រោង​ខុន​ដូ​THe Bridge The PeAk និង​គម្រោង​អចលនទ្រព្យ​ជាច្រើន​ទៀត​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ថ្លែង​ឲ្យ​ដឹងថា លោក​ជឿជាក់ថា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ការបោះឆ្នោត​នេះ​នឹង​ដំណើរការ​ទៅដោយ​រលូន។ លោក​បន្តថា យើង​ជា​អ្នករកស៊ី យើង​ត្រូវការ​ស្ថិរភាព​ដែលជា​រឿង​សំខាន់បំផុត ប៉ុន្តែ​ប្រជាជន​តែងតែមាន​ការបារម្ភ​ជា​រឿង​ធម្មតា តែ​សម្រាប់​លោក​ដែលជា​អ្នកវិនិយោគ​វិញ លោក​មានការ​ជឿជាក់។

    លោក​បន្តថា លោក​គិតថា ការបោះឆ្នោត​ឆ្នាំក្រោយ​មិនមាន​បញ្ហា​អ្វី​នោះទេ វា​ជា​អារម្មណ៍​របស់​ប្រជាជន​ប៉ុណ្ណោះ។ អ្នកវិនិយោគ​បរទេស ពួកគេ​មិន​និយាយ​មែន តែ​ពួកគេ​មិន​បារម្ភ​ទេ ព្រោះ​អ្នកវិនិយោគ​ដែល​ពូកែ គឺជា​អ្នកវិនិយោគ​ដែល​ពូកែ​ឆក់​ឱកាស ហេតុនេះ​បើ​មាន​អ្នកណា​ហ៊ាន អ្នកនោះ​នឹង​ទទួលបាន​ជោគជ័យ។

    ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក គីម ហ៊ាង បាន​ថ្លែងថា ការបោះឆ្នោត​ឆ្នាំ2018នឹង​មិនមាន​បញ្ហា​អ្វី​ឡើយ ទោះជា​មានការ​បារម្ភ​តិចតួច​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ក្តី ប៉ុន្តែ​វា​មិនមាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ។លោក​បន្តថា ទោះជា​យ៉ាងណា​ក៏​តម្លៃ​ដីធ្លី ឬ​អចលនទ្រព្យ​ដទៃទៀត​នឹងមិន​ឡើងថ្លៃ​នោះទេ ព្រោះ​វា​ជា​ពេលដែល​ប្រជាពលរដ្ឋ​ព្រួយបារម្ភ ហើយ​វា​ជា​អារម្មណ៍​ធម្មតា​របស់​ពួកគាត់។

    លោក​បន្តថា “វា​មិនមាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ តែ​ការបារម្ភ​របស់​មនុស្ស​មួយចំនួន​ក៏​នៅតែមាន​ជាធម្មតា ប៉ុន្តែ​ស្ថានភាព​ជាទូទៅ​មិនមាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទេ”៕

  • សកម្មភាព​បូក​ពិន្ទុ កាន់តែ​មមាញឹក​នៅថ្ងៃនេះ

    សកម្មភាព​បូក​ពិន្ទុ កាន់តែ​មមាញឹក​នៅថ្ងៃនេះ

    ដំណើរការ​នៃ​ការ​ស្រង់ បូក​ពិន្ទុ និង​ផ្ទៀងផ្ទាត់​ពិន្ទុ នៅ​ថ្ងៃទី 04 ខែកញ្ញា ឆ្នាំ2017 នេះ​កាន់តែ​មមាញឹក​ទៅ​ង​ហើយ ដើម្បី​ធ្វើយ៉ាងណា​ធានា​អាច​សរុប​លទ្ធផល​ឱ្យទាន់​ចេញ​ទាន់ពេលវេលា​ដែល​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី 12 សម្រាប់​នៅ​រាជធានី​ភ្នំពេញ-ខេត្តកណ្តាល និង​ថ្ងៃទី 13 សម្រាប់​វិទ្យាល័យ​នានា​នៅតាម​បណ្តា​ខេត្ត។

    សកម្មភាព​ស្រង់ បូក​ពិន្ទុ និង​ផ្ទៀ​ត​ផ្ទាត់​ពិន្ទុ នេះ​ធ្វើឡើង​នៅ​ការិយាល័យ​ប្រឡង​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ ដែលមាន​ការចូលរួម​ពី​សមាជិក អនុគណៈកម្មការ​គ្រប់គ្រង​សន្លឹក MCS និង​អនុគណៈកម្មការ​ស្រង់ បូក​ពិន្ទុ​ក្នុង​កុំព្យូទ័រ។

    ការបំពេញភារកិច្ច​បូក​ប​ញ្ជូ​ល​ពិន្ទុ​បេក្ខជន​តាម​កុំព្យូទ័រ​មាន​សភាព​ប្រក្រតី ស្ងប់ស្ងាត់​ល្អ និង​មានការ​យកចិត្តទុកដាក់​ខ្ពស់​ពី​មន្ត្រី​អប់រំ៕

  • ជិត 20 ឆ្នាំ ដែល​ពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​ផលិតផល Huawei ទាំង​មិនដឹង​ខ្លួន

    ជិត 20 ឆ្នាំ ដែល​ពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​ផលិតផល Huawei ទាំង​មិនដឹង​ខ្លួន

    គិត​មក​ត្រឹម​ឆ្នាំ 2017 នេះ មាន​រយៈពេល​ជិត 20 ឆ្នាំ​ហើយ​ដែល​ពលរដ្ឋ​ខ្មែរ​បាន​ទទួលយក​សេវាកម្ម និង​ប្រើប្រាស់​ផលិតផល​របស់​ក្រុមហ៊ុន Huawei ទាំង​មិនដឹង​ខ្លួន បន្ទាប់ពី​ក្រុមហ៊ុន​បាន​ចូលមក​រកស៊ី​នៅ​កម្ពុជា​តាំងពី​ឆ្នាំ 1999 លើ​វិស័យ​ទូរគមនាគមន៍( ICT)។ នេះ​បើតាម​ការ​ឱ្យដឹងពី​លោក Xiong Jian ដែលជា​នាយក​ជាន់ខ្ពស់​របស់ Huawei ប្រចាំ​ប្រទេស​កម្ពុជា​ថ្លែង​ក្នុង​សិក្ខា​សិលា “Huawei Solution Day” នៅ​សណ្ឋាគារ សូ​ហ្វ៊ី​តែ​ល​ភ្នំពេញ ភូ​គី​ត្រា កាលពី​ចុង​សប្ដាហ៍​នេះ។

    លោក Xiong Jian បានឱ្យដឹងថា ក្រុមហ៊ុន​លោក​បាន​ចូលមក​បម្រើប្រជាជន​ក​ម្ពុ​ជា ចាប់តាំងពី​ឆ្នាំ 1999 មកម្ល៉េះ ប៉ុន្ដែ​គ្មាន​អ្នកប្រើប្រាស់​ណា​បានដឹង​ឡើយ។ លោក​បន្ដថា ការចាប់​ផ្ដើមដំបូង Huawei ធ្វើការ​តែ​ជាមួយនឹង​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​បណ្ដាញទូរស័ព្ទ​ចល័ត​ប៉ុណ្ណោះ ដូចជា Smart, Metfone និង Cellcardជាដើម ដោយ​ខ្លួន​ជា​អ្នកផ្គត់ផ្គង់​ឧបករណ៍​នានា​ឱ្យ​ក្រុមហ៊ុន​ទាំងនោះ​អាច​ចែកចាយ​ប្រព័ន្ធ​បណ្ដាញ​សេវា​ទូរស័ព្ទ 2G, 3G និង 4G ឱ្យ​អ្នកប្រើប្រាស់​បាន។

    លោក​ថា៖«អ្នកប្រើប្រាស់ ពូក​គាត់​អត់​ដឹង​ទេ ព្រោះ​យើង​ជា​អ្នក​នៅ​ពីក្រោយ​ដំណើរការ​របស់​ក្រុមហ៊ុន​ទាំងនោះ ឧបករណ៍​ផ្ដល់​រលកសញ្ញា ប្រព័ន្ធគ្រប់គ្រងធំៗ គឺជា​របស់ Huawei»

    លោក​បន្ថែមទៀត អ្នកប្រើប្រាស់​ពួកគាត់​មិនបាន​ដឹង​ទេ​ថា តើ​អ្វី​នៅ​ពីក្រោយ​នោះ ហើយ​គេ​ធ្វើ​បែប​ម៉េច ដើម្បី​អាច​ដំណើរការ​ប្រព័ន្ធ​ទាំងអស់​ហ្នឹង​បាន។ ទាំងនេះ​គឺជា​អ្វីដែល​ក្រុមការងារ Huawei ធ្វើការ​ដុតដៃដុតជើង​ជាមួយនឹង​ដៃគូ​សហការ ដើម្បី​បម្រើ​ដល់​សេចក្ដីត្រូវការ​អ្នកប្រើប្រាស់ ហើយ​មកទល់ពេលនេះ​យើង​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង ហើយ Huawei នឹង​បន្ត​ការលើកកម្ពស់​ការវិនិយោគ ដើម្បី​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​មូលដ្ឋាន​ទូរគមនាគមន៍( ICT) ឱ្យ​កាន់តែ​រីកចម្រើន​ទៀត។

    នាយក​ជាន់ខ្ពស់​រូបនេះ​បញ្ជាក់ថា៖ ជិត 20 ឆ្នាំ​មកនេះ យើង​បានធ្វើ​ការងារ​ច្រើនណាស់​នៅ​កម្ពុជា ហើយ​ពលរដ្ឋ​ខ្មែរ ជាង 10 លាន​នាក់​កំពុង​ទទួលយក​សេវាកម្ម និង​ខ្លះ​កំពុង​ប្រើប្រាស់​ផលិតផល​របស់ Huawei ទាំង​មិនដឹង​ខ្លួន។ ក្រៅពី​ទូរស័ព្ទដៃ​មាន​បច្ចេកវិទ្យា​ជាច្រើន​ដែល​អ្នក​ប្រើ កំពុង​ប្រើតែ​មិន​ចាប់អារម្មណ៍​ថា ជា​របស់​Huawei ព្រោះ​អ្វី​ទាំងនោះ វា​ឈរលើ​ឈ្មោះ​នៃ​ក្រុមហ៊ុន​ដែលជា​ដៃគូ​របស់​យើង​តែប៉ុណ្ណោះ។ ដូច​កាលពី​ចន្លោះ ឆ្នាំ 2009 ដល់ 2013 មាន​ទូរស័ព្ទ និង​ឧបករណ៍ Modem អ៊ី​ន​ធើ​ណិ​ត ជាច្រើន​ត្រូវបាន​អ្នក​ប្រើ​ខ្មែរ​ទិញ​ប្រើ ជ្រក​ក្រោម​ឈ្មោះ​ក្រុមហ៊ុន​ទាំងនោះ  ដោយ​មិនមាន​អ្នកណា​ដឹងថា​ជា​របស់ Huawei ឡើយ។

    លោក Xiong Jian បន្ដ​ឱ្យដឹងទៀតថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​ក្រុមហ៊ុន​បានទទួល​ជោគជ័យ​លើ​ឧបករណ៍ប្រើប្រាស់​បណ្តាញ​ទូរគមនាគមន៍ និង​សម្ភារ​ផ្សេងទៀត​ក្នុង​វិស័យ​ជំនួញ (Enterprise Business) ដោយ​វា​ជា​មុខព្រួញ​ដែល Huawei ផ្តោតលើ និង​យកចិត្តទុកដាក់​នៅក្នុង​ប្រទេស​កម្ពុជា។ គោលបំណង​របស់​ក្រុមហ៊ុន​គឺ​ធ្វើឱ្យ​ពិភពលោក​មាន​ការតភ្ជាប់​គ្នា​កាន់តែ​ប្រសើរឡើង ដោយ​ដើរតួ​ជា​អ្នក​ដែលមាន​ការទទួលខុសត្រូវ ជា​អ្នកបង្កើត​គំនិត​ច្នៃប្រឌិត​ថ្មី​សម្រាប់​សង្គម​ព័ត៌មានវិទ្យា និង​ជា​អ្នក​រួមចំណែក​រួមគ្នា​ក្នុង​វិស័យសេដ្ឋកិច្ច និង​វិស័យ​ឧស្សាហកម្ម។

    ជាពិសេស យើង​បានរៀបចំ​សិក្ខា​សិលា​នេះ​រួមជាមួយ​ដៃគូ​ដ៏​មានតម្លៃ​របស់​យើង​គឺ Campura ក្នុង​បំណង​ចង់​ផ្តល់នូវ​ផលិតផល​ដ៏ល្អៗ និង​ផ្តល់នូវ​ដំណោះស្រាយ​នៃ​ការប្រើប្រាស់​ផលិតផល ICT ព្រមទាំង​ការចែករំលែក​រឿងរ៉ាវ​ធ្លាប់បាន​ជោគជ័យ​ជាច្រើន​នៅ​ទូទាំង​ពិភពលោក ។ យើង​ក៏មាន​បំណង​ចង់​ក្លាយជា​ក្រុមហ៊ុន​ផ្តល់​សេវា​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​គួរឱ្យ​ទុកចិត្ត​បំផុត​ដល់​អតិថិ​ជនក​ម្ពុ​ជា​ផងដែរ។

    លោក សៅ វ​លក្ខ​ណ៏ ដែលជា អគ្គនាយក​នៃ​ក្រុមហ៊ុន Campura បានឱ្យដឹង​ដែលថា លោក​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ដោយបាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន Huawei ដើម្បី​នាំយក​បច្ចេកវិទ្យាថ្មីៗ ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត​ដល់​ប្រទេស​កម្ពុជា។ ជាមួយនឹង​បទពិសោធ​ន៏​កន្លងមក​នៃ  System Integrator ហើយ​យើង​ស​ង្ឈឹ​មយ៉ាង​មុតមាំ ដើម្បីឱ្យ​មានការ​កើនឡើង​ទីផ្សារ​នៅក្នុង​ប្រទេស​កម្ពុជា និង​ផ្តល់ជូន​អោយ​អតិថិជន​ទាំងទ្បាយ​មានឱកាស​សាកល្បង​បច្ចេកវិទ្យា​ឈាន​មុនគេ​របស់ Huawei។ លើសពីនេះ​ទៀត ភាពជា​ដៃគូ​នេះ​ជា​យុត្តិសាស្ត្រ​មួយ​យ៉ាងសំខាន់  ដោយ​បូករួម​ជាមួយនឹង​ភាពខ្លាំង​របស់​ស្ថាប័ន​ទាំងពីរ​ដែល​ជំរុញឱ្យមាន​ការរីកចំរើន​នៅក្នុង​ប្រទេស​យើង។

    រហូតដល់​ឆ្នាំ 2017 ក្រុមហ៊ុន Huawei មាន​បុគ្គលិក​ជាង 400 នាក់​នៅក្នុង​ប្រទេស​កម្ពុ​ជា​ក្នុងនោះ 90% ជា​ប្រជាជន​កម្ពុជា។ ក្រុមហ៊ុន Huawei គឺជា​អ្នកផ្តល់​ដំណោះស្រាយ ICT ដ៏​ធំ​បំផុត​មួយ​លើ​ផលិតផល និង​សេវាកម្ម​ដែល​បម្រើ​ដល់​ប្រជាជន​កម្ពុជា​ចំនួន 70%។ ទាំងនោះ សបញ្ជាក់​ឱ្យឃើញថា ក្រុមហ៊ុន​បាន​បម្រើ និង​ត្រូវបាន​ពលរដ្ឋ​ខ្មែរ​ទទួលស្គាល់​តាំងពី​មិនទាន់​ស្គាល់ឈ្មោះ​មកម្ល៉េះ៕

  • តែ​ជាង1ខែ​ប៉ុណ្ណោះ ប្រាសាទសំបូរព្រៃគុក​មាន​មនុស្ស​ទៅលេង​ច្រើន​មិនគួរ​ឱ្យ​ជឿ

    តែ​ជាង1ខែ​ប៉ុណ្ណោះ ប្រាសាទសំបូរព្រៃគុក​មាន​មនុស្ស​ទៅលេង​ច្រើន​មិនគួរ​ឱ្យ​ជឿ

    ភ្នំពេញ៖ គិត​ចាប់​ពីថ្ងៃ​ដែល​ប្រាសាទសំបូរព្រៃគុក​បាន​ចុះ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក រាប់​មកដល់​ថ្ងៃនេះ​បានត្រឹមតែ​រយៈពេល50ថ្ងៃ​ប៉ុណ្ណោះ តែមាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​លេង​កម្សាន្ត​សរុប​ច្រើន​ដល់​ទៅ​ចំនួន 233,598 នាក់ ដែល​ក្នុងនោះ​មាន​ភ្ញៀវ​អន្តរជាតិ​ចំនួន 838នាក់ ដែលមាន​ការកើនឡើង​ស្ទើរតែ100% បើ​ធៀប​នឹង​ការដែល​មិនទាន់បាន​ចុះ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ នេះ​បើតាម​ការបញ្ជាក់​ឱ្យដឹងពី លោក សេង អាន ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តកំពង់ធំ នា​ព្រឹក​ថ្ងៃទី31 ខែសីហា ឆ្នាំ2017នេះ។

    លោក សេង អាន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ប្រាសាទសំបូរព្រៃគុក ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ប្រាសាទ​សំបូរ ឃុំ​ប្រសាទ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ បាន​ចុះ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កាលពី​ថ្ងៃទី8 ខែកក្កដា ឆ្នាំ2017 កន្លងទៅនេះ ហើយ​បើ​រាប់​មកដល់​ថ្ងៃនេះ បានត្រឹមតែ​រយៈពេល 54 ថ្ងៃ​ប៉ុណ្ណោះ តែមាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​កម្សាន្ត​សរុប​ចំនួន 233,598 នាក់ មក​ទស្សនា​លេង​កម្សាន្ត ក្នុងនោះ​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន 838នាក់ ដែលមាន​ការកើតឡើង​ស្ទើរតែ100% បើ​ធៀប​នឹង​ពេលដែល​យើង​មិនទាន់បាន​ចុះ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។

    ការកើនឡើង​របស់​ភ្ញៀវទេសចរ​នេះ​មានការ​កើន​ខ្ពស់បំផុត​នៅ​ថ្ងៃទី6 – 7 ខែសីហា ឆ្នាំ2017 ជា​ថ្ងៃ​ដែល​យើង​រៀបចំ​ធ្វើ​ពិធីបួងសួង​សុំ​សេចក្តីសុខ។ លោក​បាន​សង្កត់ធ្ងន់ថា ចំពោះ​ការកើនឡើង​របស់​ភ្ញៀវទេសចរ​ទាំងនេះ មន្ទីរ​ទេសចរណ៍​ក៏ដូចជា​ក្រសួងទេសចរណ៍​ដែរ​បានគ្រោង​មិន​អនុញ្ញាតឱ្យ​យានយន្ត​បើកបរ​ចូលមកក្នុង​តំបន់​ប្រាសាទ​នោះឡើយ ដោយ​ផ្តល់​ជា​សេវា​សម្រាប់​ភ្ញៀវទេសចរ​ចូលទៅ​ទស្សនា​ជា​រថយន្ត​ប្រើប្រាស់​ថាមពល​អគ្គិសនី ការ​ជិះ​កង់ និង​ជិះរទេះ វិញ ឬ​បើ​ភ្ញៀវទេសចរ​ចង់​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ក៏បាន។

    ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ធំ​រូបនេះ​បាន​បន្ថែមថា ការដែល​យើង​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​ថែរក្សា​ប្រាសាទ​ឱ្យបាន​គង់វង្ស លើសពីនេះទៅទៀត​ការបង្កើត​សេវា​ទេសចរណ៍​ទាំងអស់នេះ​ឡើង គឺ​ដើម្បី​បង្កើន​នូវ​កម្រិតជីវភាព​ដល់​បងប្អូន​ដែល​រស់នៅក្នុង​តំបន់​នោះ តាមរយៈ​ការលក់​ផលិតផល​ក្នុងស្រុក ការបង្កើត​ជា​ផ្ទះ​សម្រាប់​ស្នាក់ ដែល​ស្របតាម​ពាក្យស្លោក​ថា «ទេសចរណ៍ គឺជា​ឧស្សាហកម្ម​គ្មាន​ផ្សែង»។

    លោក សេង អាន ក៏​សូម​សំណូមពរ​ឱ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មក​ទស្សនា​ទាំងអស់​មេត្តាជួយ​ថែរក្សា​ប្រាង្គ​ប្រាសាទ​ដ៏​ល្អ​ឯក​នេះ​ឱ្យបាន​គង់វង្ស ជួយ​ថែរក្សា​នូវ​អនាម័យ បរិស្ថាន និង​ជួយ​ផ្សព្វផ្សាយ​បន្តទៀត ដើម្បី​ភាព​រីកចម្រើន​ខាង​វិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​បន្ថែមទៀត៕

  • ពិព័រណ៍​វិស័យ​សុខាភិបាល និង​សម្ផស្ស​ធំជាងគេ​ក្នុងប្រទេស​កម្ពុជា​នឹង​ចាប់ផ្ដើមឆាប់ៗនេះ

    ពិព័រណ៍​វិស័យ​សុខាភិបាល និង​សម្ផស្ស​ធំជាងគេ​ក្នុងប្រទេស​កម្ពុជា​នឹង​ចាប់ផ្ដើមឆាប់ៗនេះ

    នៅ​ថ្ងៃទី15 ដល់​ថ្ងៃទី 17 ខែកញ្ញា ឆ្នាំ 2017 នឹងមាន​កម្មវិធី​ពិព័រណ៍​វិស័យ​សុខាភិបាល និង​សម្ផស្ស​ធំជាងគេ ដែល​នឹង​ធ្វើឡើង​នៅ​ទីតាំង​អគារ A នៃ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ដោយ​ចាប់ផ្ដើម​ពី​ម៉ោង 9ព្រឹក ដល់​ម៉ោង 5ល្ងាច ជាពិសេស​គឺ​ចូលរួម​ដោយ​សេរី។

    ការតាំងពិព័រណ៍​នេះ គឺមាន​ក្រុមហ៊ុន​ចំនួន 50 ចូលរួម ដែល​មកពី​បណ្ដា​ប្រទេស​ដូចជា​ឥណ្ឌា ម៉ាឡេស៊ី អាមេរិក សឹង្ហ​បុរី ចិន ថៃ វៀតណាម និង​កម្ពុជា៕

  • ទូច ស្រី​លក្ខណ៍ ចេញ​មួយ​បទ​នេះ​ពិតជា​ចាក់​ដោត​អារម្មណ៍​អ្នក​នៅ​ឆ្ងាយ​ស្រុកកំណើត​មែន (មានវីដេអូ)

    ទូច ស្រី​លក្ខណ៍ ចេញ​មួយ​បទ​នេះ​ពិតជា​ចាក់​ដោត​អារម្មណ៍​អ្នក​នៅ​ឆ្ងាយ​ស្រុកកំណើត​មែន (មានវីដេអូ)

    គ្រា​ដែល​រដូវ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​ជិត​ខិតចូល​មកដល់​នោះ តារាចម្រៀងយេៗទូច ស្រី​លក្ខណ៍ បានធ្វើ​បទ​ចម្រៀង​0riginal Song  ដើម្បី​ចែកជូន​សម្រាប់​ប្រិ​យ​មិ​ត្ដ និង​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​ឱ្យ​ងាក​អារម្មណ៍​ទៅ​គិតដល់​ឪពុកម្ដាយ​ឱ្យបាន​ច្រើនជាង​មុន។

    នៅសល់​ប្រមាណ​តែ​ជាង 10 ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នឹង​មកដល់ ហើយ​យើង​សង្កេតឃើញថា អ្នក​ដែល​នៅ​ឆ្ងាយ​ពី​ភូមិ​ស្រុក​ចាប់ផ្ដើម​មាន​អារម្មណ៍​នឹក​ស្រុក​ជាបណ្ដើរៗហើយ ពិសេស​នឹក​ដល់​ឪពុកម្ដាយ​ដែល​ឃ្លាតឆ្ងាយ​ច្រើន​ខែ​ឆ្នាំ។ ទន្ទឹមនឹងនេះ​បទ​ចម្រៀង​មាន​ចំណងជើង​ថា៖ «រដូវ​បុណ្យ​ភ្ជុំ ខ្ញុំ​យំ​ហូរ​ទឹកភ្នែក»នឹង​អង្រួន​អារម្មណ៍​អ្នក​នឹក​ស្រុក​ដែល​នឹក​បារម្ភ​ពី​ឪពុកម្ដាយ​ឱ្យ​កាន់តែ​អន្ទះសា​ខ្លាំង​បន្ថែមទៀត។

    ក្នុង​អត្ថន័យ​បទ​ចម្រៀង​នោះបាន​បង្ហាញ​ពី​អារម្មណ៍​របស់​អ្នក​ដែល​ចាក​ចេញមក​ធ្វើ​ការងារ​ឆ្ងាយ​ពី​ស្រុកកំណើត​ខំធ្វើការ​ងារ​ដើម្បី​សន្សំ​ប្រាក់​យកទៅ​ទំនុកបម្រុង​គ្រួសារ​រំពឹងថា នឹង​បានរស់នៅ​ជួបជុំ​សុខដុមរមនា ប៉ុន្ដែ​ក្រោយពី​ពួកគេ​ទៅដល់ ស្រាប់តែ​បាត់បង់​ឪពុកម្ដាយ​ជាទី​ស្រឡាញ់​ទើប​មាន​អារម្មណ៍​ថា លុយកាក់ ទ្រព្យសម្បត្ដិ​មិន​សំខាន់​ដូច​ពេល​មាន​ឪពុកម្ដាយ​រស់នៅ​ជួបជុំគ្នា​ឡើយ។ ដូច្នេះហើយ​យើង​ជឿថា ក្រោយពី​បាន​ស្ដាប់​ចម្រៀង​មួយ​បទ​នេះហើយ កូនៗទាំងអស់​ដែល​ឃ្លាតឆ្ងាយ​ពី​ឪពុកម្ដាយ​ច្រើន​ខែ​ឆ្នាំ នឹង​នឹករលឹក និង​មិន​មើលរំលង​ឱកាស​ជួបជុំ​ឪពុកម្ដាយ​ធ្វើបុណ្យ​រួមគ្នា​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​នេះឡើយ ព្រោះ​វា​ជា​សកម្មភាព​នៃ​ការលើក​ទឹក​ចិ​ត្ដ​ពួកគាត់​ដែល​ស្ថិតនៅក្នុង​វ័យ​ចំណាស់។

    ខាងក្រោម​នេះ​ជា​វីដេអូ​របស់​អ្នកនាង​ទូច ស្រី​លក្ខណ៍៖

  • បែលហ្ស៊ិក ឈ្នះ​កៅអី​ទៅកាន់ World Cup ក្រោយ​ផ្តួល​ក្រុម​ក្រិ​ក

    បែលហ្ស៊ិក ឈ្នះ​កៅអី​ទៅកាន់ World Cup ក្រោយ​ផ្តួល​ក្រុម​ក្រិ​ក

    ក្រុមបាល់ទាត់​ជម្រើសជាតិ​បែលហ្ស៊ិក​បានឈ្នះ​កៅអី​របស់​ពួកគេ​សម្រាប់​យុទ្ធនាការ World Cup នៅ​ឆ្នាំក្រោយ ខណៈដែល​នៅសល់​ការប្រកួត​ជម្រុះ 2លើក​ទៀត ក្រោយពី​ពួកគេ​បាន​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​ក្រិ​ក ក្នុង​លទ្ធផល 2-1 កាលពី​ថ្ងៃអាទិត្យ។

    ខ្សែប្រយុទ្ធ Romelu Lukaku បានតែ​តបាល់​បំប៉ោង​សំណាញ់​ទី​ដើម្បី​រក​គ្រាប់​បាល់​ឈ្នះ​នៅ​នាទី​ទី74 ដើម្បី​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក​នាំមុខ​រហូតដល់8ពិន្ទុ​ដាច់​លើ​ក្រុម​ជម្រើសជាតិ​បូ​ស្នី នៅលើ​កំពូល​តារាង​នៃ​ពូ​ល H។

    ខ្សែបម្រើ Jan Vertonghen បា​នរក​គ្រាប់​បាល់​បើកឆាក​ឲ្យ​ក្រុម​បែលហ្ស៊ិក​របស់លោក Roberto Martinez នៅ​នាទី​ទី70 ប៉ុន្តែ​កីឡាករ Zeca បា​នរក​គ្រាប់​បាល់​តាម​ស្មើ​វិញ​ក្នុង​រយៈពេល1នាទី នៅមុន​ពេល Lukaku បា​នរក​គ្រាប់​បាល់​ឈ្នះ។

    បច្ចុប្បន្ន ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក កំពុងតែ​នាំមុខ8ពិន្ទុ​ដាច់​លើ​ក្រុម​ជម្រើសជាតិ​បូ​ស្នី និង9ពិន្ទុ​ពីលើ​ក្រុម​ជម្រើសជាតិ​ក្រិ​ក នៅលើ​កំពូល​តារាង​នៃ​ពូ​ល H ខណៈដែល​នៅសល់​ត្រឹមតែ​ការប្រកួត2លើក​ទៀត​ប៉ុណ្ណោះ។ ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក នឹងចូលរួម​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល អ៊ីរ៉ង់ ជប៉ុន ម៉ិ​ក​ស៊ិ​ក និង​ម្ចាស់ផ្ទះ​រុស្ស៊ី ក្នុងការ​ឈ្នះ​សិទ្ធិ​ទៅ​ប្រកួត​ជុំ​ផ្តាច់ព្រ័ត្រ​នៅ​ឆ្នាំ​ក្រោយនេះ។

    ប៉ុន្តែ ក្រុម​ជើង​ខ្លាំង​បារាំង​បាន​ជួប​ភាពអាម៉ាស ដោយ​ការបញ្ចប់​ត្រឹម​លទ្ធផល​ស្មើ ០-០ ជាមួយនឹង​ក្រុម​ជម្រើសជាតិ​លុច​សំបួ។ ក្រោយពី​បាន​បំបាក់​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 4-០រួចមក ក្រុម​ជម្រើសជាតិ​បារាំង​បាន​ជួប​ការខកចិត្ត​វិញ ខណៈដែល​លទ្ធផល​ស្មើ ០-០ កាលពី​ថ្ងៃអាទិត្យ​បានធ្វើ​ឲ្យ​ពួកគេ​នាំមុខ​លើ​ក្រុម​ជម្រើសជាតិ​ស៊ុយអែត ត្រឹមតែ1ពិន្ទុ​ប៉ុណ្ណោះ៕

    ប្រភពពី៖ Eurosport

  • ក្រុមហ៊ុន World City កំពុងធ្វើការ​ជាមួយ​ដៃគូ​ដើម្បី​ចាប់ផ្តើម​អភិវឌ្ឍ​ទីក្រុង​រណប​ CAMKO

    ក្រុមហ៊ុន World City កំពុងធ្វើការ​ជាមួយ​ដៃគូ​ដើម្បី​ចាប់ផ្តើម​អភិវឌ្ឍ​ទីក្រុង​រណប​ CAMKO

    ភ្នំពេញៈ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រុមហ៊ុន World City បាន​ថ្លែងថា នាពេលនេះ​ក្រុមហ៊ុន​កំពុងធ្វើការ​ងារ​ជាមួយ​ដៃគូ​ដើម្បី​ចាប់ផ្តើម​គម្រោង​វិនិយោគ​នានា​ក្នុង​ទីក្រុង​រណប CAMKO CITY។

    លោក ខេង សែ ប្រធាន​គ្រប់គ្រង​គម្រោង និង​នីតិកម្ម​នៃ​ក្រុមហ៊ុន​World City ដែល​បាននិងកំពុង​វិនិយោគ​គម្រោង​ទីក្រុង​រណប CAMKO CITY បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី2 ខែកញ្ញា​កន្លងទៅ​ថា បច្ចុប្បន្ននេះ​ក្រុមហ៊ុន​បានចាប់ផ្តើម​សាងសង់​បន្ត​អគារ​ចំនួន2ក្នុងចំណោម​អគារ​ខុន​ដូ​ចំនួន7ដែល​មិនទាន់បាន​សាងសង់​បញ្ចប់​កាលពី​ខែមិថុនា​ពាក់កណ្តាល​ឆ្នាំនេះ និង​គ្រោង​បញ្ចប់​អគារ​ទាំង2នេះ​នៅ​ខែ​មិនា ឆ្នាំ2018ខាងមុខនេះ។ អគារ​ចំនួន2នេះ​មានផ្ទះ​សរុប​ចំនួន 79យូ​នី​ត។

    លោក​បន្តថា “ក្នុង​ពេលនេះ ក្រុមហ៊ុន​កំពុងស្ថិត​ក្នុងដំណាក់កាល​ពិភាក្សា​ជាមួយ​ដៃគូ​ផ្សេងទៀត​នៅ​ប្រទេស​កូរ៉េ​ដើម្បី​ចាប់ផ្តើម​សាងសង់​គម្រោងផ្សេងៗទៀត​ក្នុង​ទីក្រុង​រណប​នេះ។

    អគ្គនាយក​ក្រុមហ៊ុន Century21 Mekong លោក ច្រឹ​ក សុខ​នី​ម បាន​ថ្លែងថា បច្ចុប្បន្ន​ទីក្រុង​រណប CAMKO មិន​ស្ថិតនៅ​ឆ្ងាយ​ទៀត​ទេ ព្រោះ​តំបន់​នេះ​កំពុងមាន​ការអភិវឌ្ឍ​ខ្លាំង ហេតុនេះ​ការចាប់ផ្តើម​គម្រោង​នេះ​គឺជា​សញ្ញា​ល្អ​ថ្មី​មួយ ដើម្បី​ទាញ​ទំនុកចិត្ត​ត្រឡប់មកវិញ ប៉ុន្តែ​យ៉ាងណាក៏ដោយ​ការពន្យារពេល​លើ​គម្រោង​អ្វីមួយ​ជា​រឿង​ធម្មតា។ លោក​បន្តថា ការចាប់ផ្តើម​ឡើងវិញ​ជាមួយ​គុណភាព​សំណង់ និង​ដាក់​តម្លៃ​ឲ្យ​បាន​សមរម្យ​សម្រាប់​គម្រោង​ទីក្រុង​រណប​នេះ​នឹង​ទទួលបាន​ជោគជ័យ មិនមាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ។

    លោក គុយ វ៉ាត អគ្គនាយក​ក្រុមហ៊ុន VTRUST GROUP បាន​ថ្លែង​ក្នុងពេល​ចុះ​ពិនិត្យ​ពី​វឌ្ឍនភាព​គម្រោង​នេះ​កាលពីពេល​កន្លងមក​ថា គម្រោង​នេះ​ជា​គម្រោង​ល្អ ដោយសារ​ក្រុមហ៊ុន​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ភាព​ទាក់ទាញ គុណភាព​លំនៅដ្ឋាន និង​ខុន​ដូ​មាន​ភាពល្អប្រសើរ និង​តម្លៃ​លក់​សមរម្យ​ពិតជា​មាន​ភាព​ទាក់ទាញ និង​ជា​កត្តា​កំណត់​ឲ្យ​ភាពជោគជ័យ​របស់​គម្រោង​នេះ៕