Author: វល័ក្ខ

  • ចំណុច​ប្រុងប្រយ័ត្ន​សម្រាប់​សិស្ស​បាក់​ឌុប​ក្នុង​ថ្ងៃ​ចេញ​លទ្ធផល​នេះ

    ចំណុច​ប្រុងប្រយ័ត្ន​សម្រាប់​សិស្ស​បាក់​ឌុប​ក្នុង​ថ្ងៃ​ចេញ​លទ្ធផល​នេះ

    ថ្ងៃនេះ​ជា​ថ្ងៃ​ដែល​សិស្ស​ថ្នាក់​ទី 12 ត្រូវ​ដឹង​លទ្ធផល​សម្រាប់​ការប្រឡង​ដ៏​តឹងតែង​របស់ខ្លួន ហើយក៏​ជា​ថ្ងៃ​ដែល​សិស្ស​ជាច្រើន​សប្បាយរីករាយ និង​សោកសៅ ព្រោះ​លទ្ធផល​នឹង​ចេញមក​មិនដូចៗគ្នា​នោះទេ។ តែ​ទោះជា​យ៉ាងណាក៏ដោយ ក្នុង​លក្ខខណ្ឌ​ដែល​បេក្ខជន​នោះ​ជាប់ ក៏​ប្រាកដថា​មិនមែន​គ្រោះថ្នាក់​នោះទេ​នៅថ្ងៃនេះ។ ប្រសិនបើ​អ្នក​ទាំងអស់គ្នា​មិន​ប្រុងប្រយ័ត្ន​ទេនោះ អ្នកនឹង​ត្រូវ​ជួប​រឿង​ស្តាយក្រោយ​ជាក់​ជាមិនខាន ហើយ​វិបត្តិ​ទាំងអស់នោះ​នឹង​ជះឥទ្ធិពល​ខ្លាំង​បំផុត​សម្រាប់​ជីវិត។

    ខាងក្រោម​នេះ​ជា​បញ្ហា​មួយចំនួន​ដែល​អ្នក​ទាំងអស់គ្នា​ត្រូវ​ដឹង​សម្រាប់​ថ្ងៃ​ដ៏​ពិសេស​នេះ ហើយ​សូម​ចូលរួម​ទប់ស្កាត់​បញ្ហា​ទាំងអស់នោះ​កុំឱ្យ​វា​បំផ្លាញ​ជីវិត​យើង​បាន​ឱ្យសោះ។

    1.ជប់លៀង​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត

    ក្រោយពេល​ជួបជុំ សប្បាយរីករាយ សិស្ស និង​មនុស្ស​នៅ​កម្ពុជា​ចូលចិត្ត​ទទួលទាន​គ្រឿង​ស្រវឹង។ អ្នក​ជាប់​គេ​ផឹក​ដើម្បី​អបអរសាទរ ហើយ​អ្នកធ្លាក់​គេ​នឹង​ផឹក​ដើម្បី​បំបាត់​ភាព​ស្មុ​គ្រ​ស្មាញ បញ្ហា​នេះ​ជា​រឿង​ដែល​ត្រូវ​ប្រុងប្រយ័ត្ន ព្រោះថា​ប្រសិនបើ​អ្នក​ភ្លេចខ្លួន​តែ​បន្តិច អ្នកនឹង​ស្តាយក្រោយ។

    ជា​រៀងរាល់ឆ្នាំ បណ្តាញ​ព័ត៌មាន​សុទ្ធតែ​បាន​ចុះ​ពី​គ្រោះថ្នាក់​របស់​សិស្ស​ថ្នាក់​ទី 12 ដែល​គ្រោះថ្នាក់​បន្ទាប់ពី​ជប់លៀង​មិត្តភក្តិ​បន្ទាប់ពី​មើល​លទ្ធផល ហេតុនេះ​សូមមេត្តា​ការពារ​ខ្លួន​មុនពេល​សម្រេចចិត្ត​នៅ​ទៅ​ជប់លៀង​នៅ​ល្ងាច​នេះ កុំ​ឱ្យដល់​កំពង់ លង់​ទូក ប្រឡង​ជាប់ បែរជា​ត្រូវ​ជួប​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៅវិញ ព្រោះ​នៅ​ថ្ងៃ​ដែល​សប្បាយរីករាយ​ខ្លាំង ឬ​កើត​ទុក​ខ្លាំង​អ្នក​ទាំងអស់គ្នា​នឹង​ភ្លេច​ពី​រឿងផ្សេងៗបើទោះបីជា​វា​ជា​រឿង​គ្រោះថ្នាក់​ក៏ដោយ។

    2.ជុំគ្នា​ស្តាប់​យោបល់​ខ្វះ​ការគិត​ឱ្យធ្វើ​ឱ្យ​យើង​ដើរ​ខុស

    ក្រោយពេល​មើល​លទ្ធផល​ប្រឡង​បាក់​ឌុប ស្ទើរតែ 100% នៃ​សិស្ស​ដែល​ប្រឡង​ជាប់ តែងតែ​ជួបជុំគ្នា ហើយ​នៅ​ស្រប​ពេលដែល​សប្បាយ​ជុំគ្នា ប្រធាន​ដែល​និយាយ​ពី​ដំណើរ​បន្ត​នឹង​ត្រូវបាន​គេ​លើកឡើង។ នៅពេលនោះ សំឡេង​ជាច្រើន នឹង​ចូលមកក្នុង​ត្រចៀក​របស់​សិស្ស​ដែល​មិនទាន់មាន​គោលដៅ​ច្បាស់លាស់ ហើយ​ហេតុផលល្អៗជុំវិញ​អាជីព និង​មុខវិជ្ជា​ជាច្រើន​នឹង​ចូលទៅក្នុង​ខ្លួន​គាត់ ដែល​ពេលខ្លះ​អាចធ្វើឱ្យ​គាត់​ភ្លេច​ពី​ចំណុច​ពិសេស​របស់​ខ្លួនឯង ហើយ​ងាក​ទៅ​ជ្រើសរើស​ជម្រើស​តាម​មិត្តភក្តិ​ដែលមាន​វោហា​សព្ទ​ច្រើន។ ចំណុច​ទាំងអស់នេះ​អាចធ្វើឱ្យ​គាត់​ជាប់​បាក់​ឌុប តែ​ខាត​ពេល​រៀន​មហាវិទ្យាល័យ​ចំ​មុខវិជ្ជា​ដែល​ខ្លួន​មិន​ស្រឡាញ់​ពិតប្រាកដ។

    3.ក្រុម​បោកប្រាស់​មួយចំនួន​នឹង​ជ្រៀតចូល​ជាមួយ​ក្រដាស​ពាណិជ្ជកម្ម​គ្រឹះស្ថានសិក្សា

    ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃ​ប្រឡង​បាក់​ឌុប និង​ថ្ងៃ​ចេញ​លទ្ធផល តែងតែមាន​គ្រឹះស្ថាន​អប់រំ​ជាច្រើន​នឹងធ្វើ​ការចែក​ចាយ​នូវ​ខិត​បណ្ណ​ពាណិជ្ជកម្ម ព្រោងព្រាត។ ជា​បទពិសោធន៍​នៅក្នុង​ប្រទេស​យើង មាន​ក្រុមហ៊ុន ឬ​ក្រុមមនុស្ស​មួយចំនួន​ក៏​ប្រកាស​ជ្រើសរើស​សិស្ស​ឱ្យចូល​ធ្វើ​ការងារ​នៅក្នុង​នោះដែរ។

    ការងារ​ទាំងអស់នោះ​ភាគច្រើន​ជាការ​ងារ​ដែល​មិន​ត្រូវការ​បទពិសោធន៍ មាន​ប្រាក់ចំណូល​គិត​ជា​សប្តាហ៍ ជា​បណ្តាញ​ទីផ្សារ ឬ​ជាការ​ងារ​ដែល​ស្រួល អាចធ្វើ​តាម​អន​ឡាញ​បាន​ជាដើម។ ដំណឹង​ជ្រើសរើស​ការងារ​ទាំងអស់​នោះ អាចជា​ដំណឹង​បោកប្រាស់ ឬ​ជា​តំណឹង​ដែល​ចង់​កេងចំណេញ​លុយកាក់​ពី​សិស្ស​វិទ្យាល័យ​ដែល​ចង់បាន​ការងារភ្លាមៗ ហេតុនេះ​សូម​គិតពិចារណា​មុនពេល​សម្រេចចិត្ត ឬ​មុនពេល​សម្រេចចិត្ត​ចាប់យក​ឱកាស​ទាំងអស់នោះ៕

  • អបអរសាទ! ភ្នំពេញ សៀមរាប និង​កណ្តាល មាន​សិស្ស​ជាប់​និទ្ទេស A ច្រើនជាងគេ

    អបអរសាទ! ភ្នំពេញ សៀមរាប និង​កណ្តាល មាន​សិស្ស​ជាប់​និទ្ទេស A ច្រើនជាងគេ

    ថ្ងៃទី 10 ខែកញ្ញា ឆ្នាំ 2017 នេះ ជា​ថ្ងៃ​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​លទ្ធផល​នៃ​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល។

    នៅមុន​ពេល​បិទ​ប្រកាស​លទ្ធផល​ជា​ផ្លូវការ ក្រសួង​អប់រំ បានចេញ​សេចក្តីប្រកាស​មួយ​ដែល​បង្ហាញ​ពី​ចំនួន​សិស្ស​និទ្ទេស A នៅ​ទូទាំងប្រទេស​ជាមុនសិន ដែល​ក្នុងនោះ សិស្ស​និ​ទ្ធេ​ស A នៅក្នុង​រាជធានី​ភ្នំពេញ​មាន​ចំនួន​ច្រើនជាងគេ​នៅក្នុង​ប្រទេស គឺមាន 194នាក់ បន្ទាប់មក​គឺ ខេត្តសៀមរាប ដែលមាន​សិស្ស​ជាប់​និទ្ទេស A ចំនួន 47នាក់ និង​លេខ​រៀង​ទី 3 គឺ​ខេត្តកណ្តាល ដែលមាន​សិស្ស​ជាប់​និទ្ទេស A ចំនួន 26នាក់។

    ក្រៅពីនោះ​គឺ​ខេត្តនីមួយៗទទួលបាន​និទ្ទេស A តាម​ចំនួន​ដូចខាងក្រោម៖

    – បាត់ដំបង ចំនួន23នាក់
    – កំពត ចំនួន21នាក់
    – កំពង់ចាម ចំនួន20នាក់
    – ព្រៃវែង ចំនួន១២នាក់
    – បន្ទាយមានជ័យ ចំនួន12នាក់
    – កំពង់ឆ្នាំង ចំនួន12នាក់
    – ព្រះសីហនុ ចំនួន9នាក់
    – កំពង់ធំ ចំនួន9នាក់
    – តាកែវ ចំនួន8នាក់
    – ត្បូងឃ្មុំ ចំនួន7នាក់
    – ពោធិ៍សាត់ ចំនួន6នាក់
    – ក្រចេះ ចំនួន6នាក់
    – ស្វាយរៀង ចំនួន5នាក់
    – ព្រះវិហារ ចំនួន2នាក់
    – កែប ចំនួន2នាក់
    – កំពង់ស្ពឺ ចំនួន1នាក់
    – ប៉ៃលិន ចំនួន1នាក់
    – កោះកុង ចំនួន1នាក់
    ជារួម​នៅ​ទូទាំងប្រទេស​ឆ្នាំនេះ មាន​បេក្ខជន​ប្រឡង”ជាប់” ចំនួន 63,668នាក់ ត្រូវជា63.84% នៃ​បេក្ខជន​វត្តមាន​សរុប​ចំនួន 99,728នាក់។ ថ្នាក់​វិទ្យាសាស្ត្រ មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន 34,234នាក់ ត្រូវជា53.40% និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន 29,434នាក់ ត្រូវជា82.62%៕

  • ត្រៀមខ្លួន​ឱ្យ​ហើយ​ទៅ កម្មវិធី Google Drive ជិត​ដល់​ថ្ងៃ​បញ្ចប់​ហើយ

    ត្រៀមខ្លួន​ឱ្យ​ហើយ​ទៅ កម្មវិធី Google Drive ជិត​ដល់​ថ្ងៃ​បញ្ចប់​ហើយ

    ប្រសិនបើ​លោកអ្នក​ស្ថិតក្នុង​ចំណោម​មនុស្ស​ទាំង 80 លាន​នាក់ ដែល​កំពុង​ប្រើប្រាស់​កម្មវិធី​ផ្ទុក​ទិន្នន័យ​លើ​អ៊ី​ន​ធើ​ណិ​តរបស់​ក្រុមហ៊ុន Google សូម​ត្រៀម​ធ្វើការ Backup និង​ធ្វើការ​ផ្លាស់ប្ដូរ​កន្លែង​ផ្ទុក​ឱ្យ​ហើយ​ទៅ ខណៈ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយ​នេះ​បានប្រកាស​ពី​ការផ្អាក​ដំណើរការ​នៅ​ឆ្នាំក្រោយ។

    Google បានប្រកាស​កាលពី​ខែកក្កដា​កន្លងទៅ​ថា ខ្លួន​នឹង​ឈប់​គាំទ្រ​ដល់​កម្មវិធី Google Drive នៅលើកុំព្យូទ័រ ហើយ​ជាថ្មី​ម្ដងទៀត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលម្ង៉ៃ Google បាន​ជូនដំណឹង​ថា ខ្លួន​នឹង​ឈប់​គាំទ្រ​កម្មវិធី​នេះ​ចាប់ពី​ថ្ងៃទី11 ខែធ្នូ ឆ្នាំ2017 ហើយនឹង​បិទ​កម្មវិធី​នេះ​ទាំងស្រុង​ត្រឹម​ថ្ងៃទី12 ខែ​មិនា​ឆ្នាំក្រោយ​តែម្ដង ដោយជំនួសមកវិញនូវកម្មវិធី Backup and Sync app។ ទាំងនេះ ជា​ដំណឹង​អាក្រក់​មួយ​សម្រាប់​អ្នកប្រើប្រាស់​ទូទាំង​ពិភពលោក ដែលមាន​ទិន្នន័យ​ផ្ទុក​លើ Google Drive។ ដូច្នេះ សូម​ធ្វើ​ការត្រៀមធ្វើការ Backup កម្មវិធីថ្មីខាងលើ និង​រក​កន្លែង​ផ្ទុក​ផ្សេងទៀត មុន​ពេលដែល​កម្មវិធី​នេះ​ត្រូវបាន​បញ្ជ​ប់ដូ​ច​អ្វីដែល Google បានប្រកាស។

    គួរបញ្ជាក់ផងដែរថា ការបិទប្រើប្រាស់នេះ គឺបិទសម្រាប់តែកម្មវិធី Google Drive នៅលើកុំព្យូទ័រ តែប៉ុណ្ណោះ។ សម្រាប់អ្នក ដែលមាន ឯកសារក្នុងគណនី Google នៅតែមាន ដដែលទេ៕

  • យុទ្ធនាការ 100ថ្ងៃ ​ដើម្បី​ផ្ដល់​ភាពស្របច្បាប់​ជូន​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ

    យុទ្ធនាការ 100ថ្ងៃ ​ដើម្បី​ផ្ដល់​ភាពស្របច្បាប់​ជូន​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ

    ភ្នំពេញ – នៅ​ថ្ងៃទី11 ខែកញ្ញា​ខាងមុខនេះ មន្ដ្រី​ជំនាញ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​នឹង​ចេញដំណើរ​ទៅ​ប្រទេស​ថៃ ដើម្បី​ចាប់ផ្ដើម​យុទ្ធនាការ100ថ្ងៃ​ក្នុងការ​ធ្វើលិខិត​ឆ្លងដែន​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​បម្រើ​ការងារ​នៅក្នុង​ប្រទេស​ថៃ​ដែល​ពុំទាន់​បាន​បំពេញ​លក្ខខណ្ឌ​ស្របច្បាប់​នៅតាម​រោងចក្រ​ចំនួន 200កន្លែង។

    ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មានប្រសាសន៍ថា​យុទ្ធនាការ100ថ្ងៃនេះ​ត្រូវបាន​អនុវត្ដ​តាំងពី​ថ្ងៃ1 ខែសីហា ឆ្នាំ2017មកម្ល៉េះ ហើយនឹង​ត្រូវដាក់​បន្ថែ​ម​ក្រុម​ចល័ត4ក្រុម​បន្ថែមទៀត​ចុះទៅ​ធ្វើការ​ដល់​រោងចក្រ​ចំនួន200កន្លែង​ដែលមាន​ការប្រើប្រាស់​ពល​ករ​ខ្មែរ​លើសពី70នាក់។

    ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នឹង​ដំណើរការ​ការធ្វើ​លិខិត​ឆ្លងដែន​ជូន​ប្រជា​ពលករ​ខ្មែរ​នៅក្នុង​ប្រទេស​ថៃ​ដោយផ្ទាល់​ដោយ​ពុំ​ចាំបាច់​ចំណាយ​ពេលវេលា​ធ្វើដំណើរ​មក​ធ្វើលិខិត​ឆ្លងដែន​នៅ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះទេ។ ការធ្វើ​លិខិតឆ្លងដែន​នេះ​គឺ​ធ្វើ​តែមួយ​ថ្ងៃ​នឹង​ទទួលបាន​លិខិត​ឆ្លង​ដែរ​តែម្តង​ជាមួយនឹង​តម្លៃ2350បាត និង​គ្រោង​ធ្វើឱ្យបាន500នាក់​ក្នុង​មួយថ្ងៃ។ យុទ្ធនាការ​នោះ​មន្ដ្រី​ចល័ត​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នឹង​ផ្ដល់ជូន​នូវ​លិខិតឆ្លងដែន លិខិត​ធ្វើដំណើរ ព្រមទាំង​ប័ណ្ណ ​COWC។

    រដ្ឋមន្ដ្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានបញ្ជាក់​ទៀតថា ប្រសិនបើ​យុទ្ធនាការ100ថ្ងៃ​ផ្ដល់​ភាពស្របច្បាប់​ជូន​ពលករ​ខ្មែរ​ដែល​ធ្វើ​ជាមួយ​រាជរដ្ឋាភិបាល​ថៃ​បញ្ចប់ទៅ​ប្រកបដោយ​ជោគជ័យ​នោះ កម្ពុជា​នឹង​ពិចារណា​ថា នឹង​បន្ដ​យុទ្ធនា​ការផ្ដល់​ភាពស្របច្បាប់​សម្រាប់​ពល​ករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​បន្ដទៀត។

    គួររំឭកថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​កំពុងតែ​បម្រើ​ការងារ​នៅក្នុង​ប្រទេស​ថៃ​ក្នុង​រង្វង់1លាន 5ម៉ឺន​នាក់ ក្នុងនោះ​មាន​ប្រមាណ​តែ​ជាង70ម៉ឺន​នាក់​ប៉ុណ្ណោះ​ជា​ពលករ​ស្របច្បាប់ ចំណែក​ជាង30ម៉ឺន​នាក់​ទៀត​ពុំទាន់​មាន​ភាពស្របច្បាប់​នៅឡើយ​ទេ។ ដូច្នេះ​ទើប​រាជរដ្ឋាភិបាល​ដែលមាន​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជា​សេនាធិការ​សម្រេច​ធ្វើ​កិច្ចការ​នេះ​ឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ប្រជា​ពលករ​ខ្មែរ​ដែល​ពុំមាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​ធ្វើលិខិត​ឆ្លងដែន និង​ពុំទាន់​បំពេញបែបបទ​ស្របច្បាប់​ក្នុងការ​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ។

    យុទ្ធនាការ​នេះ​ត្រូវបាន​ដាក់ចេញ​បន្ទាប់ពី​ភាគី​ថៃ​ប្រកាសថា នឹង​រឹតបន្ដឹង​ផ្នែក​ច្បាប់​ដោយ​ដាក់ទោស​ធ្ងន់ធ្ងរ​ទៅលើ​ពលករ​បរទេស​ទាំងឡាយ​ណា​ដែល​ទៅធ្វើ​ការ​នៅ​ប្រទេស​ខ្លួន​ដោយ​មិន​ស្របច្បាប់  ពិសេស​ទៅលើ​ថៅកែ​ជនជាតិ​ថៃ​ណា​នៅតែ​បន្ដ​ទទួលយក​កម្មករ​មក​ធ្វើការ​ងារ​ដោយ​ខុសច្បាប់។ ទោះជា​យ៉ាងណា​ភាគី​ថៃ​ក៏បាន​ពន្យារពេល​ការ​អនុវត្ដ​ច្បាប់​រឹតបន្ដឹង​នេះ​រហូតដល់6ខែ ដើម្បី​ទុក​លទ្ធភាព​ឱ្យ​ពលករ​កម្ពុជា​អាចបំពេញ​លក្ខខណ្ឌ​ឱ្យស្រប​ច្បាប់៕

  • Mbappe រកបាន​គ្រាប់​បាល់​ថ្ងៃ​ចូល​លេង​ដំបូង ខណៈ PSG លត់ Metz ចាស់ដៃ

    Mbappe រកបាន​គ្រាប់​បាល់​ថ្ងៃ​ចូល​លេង​ដំបូង ខណៈ PSG លត់ Metz ចាស់ដៃ

    ខ្សែប្រយុទ្ធ Kylian Mbappe បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​នៅ​ថ្ងៃ​នៃ​ការចូល​លេង​ជា​លើកដំបូង​របស់គេ ខណៈដែល​ក្រុម Paris Saint-Germain បាន​កត់ត្រា​ជ័យជម្នះ​យ៉ាង​ងាយស្រួល​ក្នុង​លទ្ធផល 5-1 នៅលើ​ទឹកដី​ក្រុម Metz ដែល​នៅសល់​សមាជិក​តែ10នាក់ ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Ligue 1 កាលពី​ថ្ងៃ​សុក្រ។

    ការបញ្ជូន​បាល់​យ៉ាង​ល្អ​របស់ Neymar បាន​ជួយ​ឲ្យ​ខ្សែប្រយុទ្ធ Edinson Cavani រកបាន​គ្រាប់​បាល់​បើកឆាក​នៅ​នាទី​ទី31 នៅ​មុនពេល​កីឡាករ Emmanuel Riviere បានតែ​តបាល់​បញ្ចូល​ទី​ដើម្បី​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​មុនពេល​បញ្ចប់​តង់​ទី1។

    ប៉ុន្តែ ការប្រកួត​នេះ​បានបញ្ចប់​ទាំងស្រុង​ក្នុង​ចន្លោះពេល​ត្រឹមតែ3នាទី​ក្នុង​តង់​ទី2 ក្រោយពី Benoit Assou-Ekotto បាន​រង​ពិន័យ​កាត​ក្រហម ដោយសារតែ​ការប្រព្រឹត្ត​កំហុស​ទៅលើ Mbappe នៅ​មុនពេល​ខ្សែប្រយុទ្ធ​វ័យក្មេង​រូបនេះ បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​ជា​លើក​ទី1របស់គេ។ បន្ទាប់មក ក្រុម PSG បាន​វាយ​សម្រុក​យ៉ាងខ្លាំង​ដើម្បី​រក​គ្រាប់​បាល់​បន្ថែមទៀត ខណៈដែល Neymar ក៏​រក​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ទី​បានដែរ នៅមុន​ពេល Cavani បា​នរក​គ្រាប់​បាល់​ទី2របស់គេ ហើយ Lucas Moura បា​នរក​គ្រាប់​បាល់​ទី5ដើម្បី​បំពេញ​ការទទួល​ជ័យជម្នះ​សម្រាប់​ក្រុម​ខ្លួន​តែម្តង។

    ជ័យជម្នះ​នេះ គឺជា​ការទទួល​ជ័យជម្នះ​ជា​លើក​ទី5ជាប់ៗគ្នា​របស់ PSG នៅ​ដើមរដូវ​កាល​ថ្មី​នៃ​ក្របខ័ណ្ឌ Ligue 1 មកទល់ពេលនេះ និង​បានធ្វើ​ឲ្យ​ពួកគេ​នាំមុខ3ពិន្ទុ​ជា​បណ្តោះអាសន្ន​នៅលើ​កំពូល​តារាង ពីលើ​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Monaco ដែល​នឹងត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម Nice នៅ​ថ្ងៃ​សៅរ៍​នេះ។

    Mbappe ត្រូវបាន​ដាក់​ឲ្យ​ចូល​លេង​ក្នុង​ជម្រើស​ទាំង11នាក់​ដំបូង​នៅ​ថ្ងៃ​នៃ​ការ​បង្ហាញខ្លួន​ជា​លើក​ទី1របស់គេ ក្រោយពី​បាន​ផ្ទេរ​មកពី​ក្លិប Monaco ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល ជាមួយនឹង​ជម្រើស​ក្នុងការ​ទិញយក​ដាច់​ក្នុងតម្លៃ​ខ្លួន​មួយ​ដែល​អាច​នឹង​កើន​ដល់180លាន​អឺរ៉ូ (ស្មើនឹង216.5លាន​ដុល្លារ​អាមេរិក)៕

    ប្រភពពី៖ Sport24

  • កម្មវិធី​រាត្រីសមោសរ​ជួបជុំ​ម្ចាស់​អាជីវកម្ម​កម្ពុជា

    កម្មវិធី​រាត្រីសមោសរ​ជួបជុំ​ម្ចាស់​អាជីវកម្ម​កម្ពុជា

    កម្មវិធី​រាត្រីសមោសរ​ជួបជុំ​ម្ចាស់​អាជីវកម្ម​កម្ពុជា​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ដូចខាងក្រោម៖

    1/ លើកកម្ពស់​សហគ្រិនភាព​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ខ្លាំងក្លា​ក្នុងការ​ចូលរួមចំណែក​កសាង​សេដ្ឋកិច្ច​ក្នុងស្រុក​ឲ្យ​កាន់តែ​រឹងមាំ

    2/ ពង្រីក​ទំនាក់ទំនង​ធុរកិច្ច​ដោះដូរ​ពាណិជ្ជកម្ម​ក្នុងចំណោម​សហគ្រិន​កម្ពុជា​ឲ្យ​កាន់តែ​ទូលំទូលាយ និង​បង្កើន​ទំនាក់ទំនង​គាំទ្រ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងឡាយ​ឲ្យ​កាន់តែខ្លាំង

    3/ លើកទឹកចិត្ត​សហគ្រិន​ដែល​បាន​ខិតខំ​ប្រឹងប្រែង​កសាង​សមត្ថភាព​របស់ខ្លួន​ជាមួយ CEO Master Club ក្នុងការ​ដឹកនាំ​គ្រប់​គ្រង់​អាជីវកម្ម​របស់ខ្លួន​ពី​លក្ខណៈ​គ្រួសារ ទៅ​ស្ដង់ដារ តាមរយៈ​ការផ្ដល់ជូន Master CEO Award

    4/ ទទួលស្គាល់​ស្នាដៃ​សហគ្រិន​ឆ្នើម​របស់ CEO Master Club ដែល​បានបង្ហាញ​ពី​លទ្ធផល​នៃ​ការរីកចម្រើន​អាជីវកម្ម​របស់

    ខ្លួន​គួរ​ឲ្យ​កត់សម្គាល់​បន្ទាប់ពី​បាន​អនុវត្ត​នូវ​របៀបរបប​ក្នុង​ការដឹកនាំ​គ្រប់គ្រង​អាជីវកម្ម​របស់ខ្លួន​ពី លក្ខណៈ​គ្រួសារ​ទៅ​ស្ដង់ដារ​តាមរយៈ​ការផ្ដល់ជូន Outstanding CEO Award។

    គួរបញ្ជាក់​ផងដែរ​ថា កម្មវិធី​នេះ​ដឹង​ធ្វើឡើង​នៅ​ថ្ងៃ​សៅរ៍ ទី14 ខែតុលា ឆ្នាំ 2017 ចាប់ពី​ម៉ោង 2រសៀល ដល់​ម៉ោង 9យប់ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ៕

  • ក្រសួង​អប់រំ ប្រកាស​ប្តូរ​ថ្ងៃ​ចេញ​លទ្ធផល​បាក់​ឌុប

    ក្រសួង​អប់រំ ប្រកាស​ប្តូរ​ថ្ងៃ​ចេញ​លទ្ធផល​បាក់​ឌុប

    មុននេះបន្តិច ក្រសួង​អប់រំ យុវជន និង​កីឡា បានធ្វើការ​ប្រកាស​ប្តូរ​ថ្ងៃ​ចេញ​លទ្ធផល​ប្រឡង​មធ្យមសិក្សា​ពីថ្ងៃ​ទី12 ខែកញ្ញា ឆ្នាំ សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល និង​ថ្ងៃទី13 ខែកញ្ញា ឆ្នាំ2017 សម្រាប់​ខេត្តផ្សេងៗមក​ថ្ងៃទី 10 វិញ​សម្រាប់​រាជធានី​ភ្នំពេញ និង​ទី11 សម្រាប់​តាម​បណ្ដា​ខេត្ត (សូម​មើល​ព័ត៌មាន​លម្អិត​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ក្រសួង  Facebook.com/moeys.gov.kh ) ។

    ការប្រកាស​លទ្ធផល​នេះ​ត្រូវបាន​ធ្វើឡើង​មុន​កាលបរិច្ឆេទ​កំណត់ ដោយសារតែ​ដំណើរការ​នៃ​ការធ្វើ​កំណែ និង​ដំណើរការ​ស្រង់ បូក​ពិន្ទុ និង​ផ្ទៀងផ្ទាត់​ពិន្ទុ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​មាន​តម្លាភាព​ប្រកបដោយ​ស្មារតី​យក​ទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់​ពី​សំណាក់​ប្រធាន អនុប្រធាន និង​សមាជិក​អនុគណៈកម្មការ​ទាំងអស់​ដែល​ពាក់ព័ន្ធ ទើប​ធ្វើឱ្យមាន​ការប្រកាស​លទ្ធ​ផល​លឿន​ជាង​មុន៕

  • 8ខែ​កម្ពុជា​នាំ​អង្ករ​ទៅ​ក្រៅប្រទេស​បាន​រហូតដល់​ជិត40ម៉ឺន​តោន

    8ខែ​កម្ពុជា​នាំ​អង្ករ​ទៅ​ក្រៅប្រទេស​បាន​រហូតដល់​ជិត40ម៉ឺន​តោន

    ភ្នំពេញ៖ អង្ករ​ត្រូវ​បានផ្តល់​រហស្សនាម​ឱ្យ​ថា “មា​សស” ដោយសារតែ​វា​ជា​ដំណាំ​កសិកម្ម​សំខាន់​ជាងគេ​ក្នុងចំណោម​ដំណាំ​កសិកម្មផ្សេងៗនៅ​ប្រទេស​កម្ពុជា​ក្នុង​ការរកចំណូល​ចូល​គ្រួសារ​កសិករ និង​នាំ​ចំណូល​ចូល​រដ្ឋ​បាន​ច្រើន​សន្ធឹកសន្ធាប់​ក្នុងមួយឆ្នាំ។

    យោងតាម​របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ សម្រាប់​ការបំពេញ​បែបបទ​ការនាំចេញ​អង្ករ​បានឱ្យដឹងថា រយៈពេល8ខែ​ក្នុង​ឆ្នាំ2017ដោយ​គិត​ចាប់ពី​ខែមករា ដល់​ខែសីហា កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្ដរជាតិ​ប្រមាណ​ជិត​ 40ម៉ឺន​តោន កើនឡើង16ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ2016។

    របាយការណ៍​ផ្លូវការ​ខាងលើ​បញ្ជាក់ថា ចាប់ពី​ខែមករា ដល់​ខែសីហា ឆ្នាំ2017 កម្ពុជា​បាន​នាំចេញ​អង្ករ​បាន​ចំនួន 372,190តោន កើនឡើង16.30% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2016 ដែលមាន​ចំនួន​ត្រឹមតែ 319,989តោន​ប៉ុណ្ណោះ។

    ក្នុងចំណោម​ប្រទេស​ទទួល​ទិញ​អង្ករ​ខ្មែរ​ទាំង60ប្រទេស ប្រទេស​ចិន គឺជា​ប្រទេស​ដែល​ទិញ​អង្ករ​ពី​កម្ពុជា​ច្រើនជាងគេ​មាន​ចំនួន​ដល់​ទៅ​ជាង10ម៉ឺន​តោន បន្ទាប់មក​គឺ​ប្រទេស​បារាំង ដែលមាន​ចំនួន​ជិត5ម៉ឺន​តោន និង​ប្រទេស​ធំ​ទី3ដែល​ទិញ​អង្ករ​ពី​កម្ពុជា​គឺ​ប្រទេស​ប៉ូឡូញ​ដែលមាន​ចំនួន​ជាង3ម៉ឺន​តោន។

    គួរ​រំឭកថា កាលពី​ឆ្នាំ2016 កន្លងទៅ​កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ បាន​ចំនួន​ជាង50ម៉ឺន​តោន ហើយ​គេ​រំពឹងថា ការនាំចេញ​អង្ករ​ទៅ​ក្រៅប្រទេស​នឹងមាន​ចំនួន​កើនឡើង​កាន់តែច្រើន​ថែមទៀត​តាមរយៈ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ក្នុង​ការនាំ​អង្ករ​ចេញ​ឱ្យបាន1លាន​តោន​ក្នុង1ឆ្នាំ៕

  • កម្ពុជា​នឹង​ទទួលបាន​កំណប់​រ៉ែ​មាស​នៅ​ឆ្នាំក្រោយ ខណៈ​ចំណូល​ពី​រ៉ែមាន16លាន​ដុល្លារ

    កម្ពុជា​នឹង​ទទួលបាន​កំណប់​រ៉ែ​មាស​នៅ​ឆ្នាំក្រោយ ខណៈ​ចំណូល​ពី​រ៉ែមាន16លាន​ដុល្លារ

    ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល​បាន​ថ្លែង​ឲ្យ​ដឹងថា កម្ពុជា​នឹង​ទទួលបាន​រ៉ែ​មាស​នៅ​ឆ្នាំ2018 បន្ទាប់ពី​ក្រុមហ៊ុន1ក្នុងចំណោម2ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​បាន​ស្រាវជ្រាវ​រកឃើញ​រ៉ែ​មាស​នៅ​កម្ពុជា។

    អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​នៃ​ក្រសួង​រ៉ែ និង​ថាមពល លោក​ យស់ មុន្នី​រ៉ាត់ បាន​ថ្លែង​លើកឡើង​នៅក្នុង​សិក្ខាសាលា​កាលពី​ម្សិលមិញ​ថា នៅក្នុង​ការ​ស្វែង​រុករក​រ៉ែ​លោហៈ​នេះ ចាប់ពី​ឆ្នាំ2013មក​មាន​ក្រុមហ៊ុន​បរទេស​ជាច្រើន​បានមក​សុំ​អាជ្ញាប័ណ្ណ​ដើម្បី​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ​នេះ ប៉ុន្តែ​ដោយសារ​ការ​ស្វែង​រុករក​មិនបាន​ជួបប្រទះ​នូវ​ប្រភព​រ៉ែ​នោះ មាន​ក្រុមហ៊ុន​មួយចំនួន​បានបញ្ចប់​ការ​ស្វែង​រុករក​ជាបណ្តើរៗដែល​គិត​រហូតមកដល់​ឆមាស​ទី1ឆ្នាំនេះ នៅមាន​ក្រុមហ៊ុន​ចំនួន63ប៉ុណ្ណោះ​ដែល​នៅតែ​ស្វែង​រុករក​រ៉ែ ក្នុងនោះ​ក្រុមហ៊ុន​ចំនួន4ដែល​ក្រសួង​គ្រោង​នឹង​ដកហូត​អាជ្ញាប័ណ្ណ​លែង​ឲ្យ​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា។

    លោក​បន្តថា “ធនធាន​រ៉ែ​នៅ​កម្ពុជា​ជា​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម និង​ជា​វត្ថុធាតុដើម​មួយ​យ៉ាងសំខាន់​សម្រាប់​ផ្គត់ផ្គង់​ឧស្សាហកម្ម​ប្រើប្រាស់​វត្ថុធាតុដើម​រ៉ែ​ដើម្បី​ផលិត​ជា​ផលិតផលផ្សេងៗសម្រាប់​បំពេញ​សេចក្តីត្រូវការ​នៅក្នុង​ប្រទេស និង​ការនាំ​ចេញទៅ​ក្រៅប្រទេស។

    លោក យស់ មុន្នី​រ៉ាត់ បាន​បន្តថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន​ពីរ ក្នុងនោះ​ក្រុមហ៊ុន​នៅ​ខេត្ត​រតនគីរី​បាន​ស្វែង​រុករក​ឃើញ​រ៉ែ​មាស​ខ្នាត​មធ្យម​មួយ​ហើយ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​កំពុង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ធ្វើ​អាជីវកម្ម​ដែល​យ៉ាងយូរបំផុត​នៅ​ពាក់កណ្តាល​ឆ្នាំ2018យើង​នឹង​ទ​ទូល​បាន​កំណប់​ដុំ​មាស​នេះហើយ។ រីឯ​ក្រុមហ៊ុន​មួយទៀត​ដែលជា​ក្រុមហ៊ុន​របស់​ប្រទេស​អូស្ត្រាលី​ក៏បាន​ស្វែង​រុករក​រ៉ែ​មាស​ឃើញ​ផងដែរ គឺ​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី និង​បច្ចុប្បន្នកំពុង​ដាក់ពាក្យ​សុំ​ធ្វើ​អាជីវកម្ម។

    រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល​លោក ឌិ​ត ទីណា បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា កម្ពុជា​ជា​ប្រទេសមួយ​ពិតជា​មាន​រ៉ែ​មែន ប៉ុន្តែ​ប្រភេទ​រ៉ែ​ទាំងនោះ​រាជរដ្ឋាភិបាល​កម្ពុជា​មិនអាច​មានលទ្ធភាព​វិនិយោគ​ដោយ​ខ្លួនឯង​បានឡើយ ដោយសារ​ការ​ស្វែង​រុករក​រ៉ែ​គឺ​ត្រូវការ​មាន​ជំនាញ​ច្បាស់លាស់ ជាពិសេស​មាន​ឧបករណ៍​គ្រប់គ្រាន់​ទើប​យើង​អាច​ដំណើរការ​ទៅបាន។

    សូម​រំឭកថា សារពើពន្ធ​ប្រមូលបាន​ពី​វិស័យ​រ៉ែ​មាន​ចំនួន​ប្រមាណ ១៦លាន​ដុល្លារ​អាមេរិក កើនឡើង​ជាច្រើន​ដង​បើ​ប្រៀបធៀប​ទៅនឹងឆ្នាំមុន៕

  • ការជួសជុល​រថយន្ត​នៅតាម​យានដ្ឋាន​គ្មាន​ស្តង់ដារ បង្ក​ហានិភ័យ​ខ្ពស់

    ការជួសជុល​រថយន្ត​នៅតាម​យានដ្ឋាន​គ្មាន​ស្តង់ដារ បង្ក​ហានិភ័យ​ខ្ពស់

    ភ្នំពេញៈ ការយក​រថយន្ត​ទៅ​ជួសជុល​នៅតាម​យានដ្ឋាន​គ្មាន​ស្តង់ដា​នឹង​បង្ក​ហានិភ័យ​ខ្ពស់​ដល់​អ្នកបើកបរ និង​ម្ចាស់​រថយន្ត​នានា​ក្នុងករណី​ដែល​ពួកគេ​ជួសជុល​មិនបាន​ត្រឹមត្រូវ។ នេះ​បើតាម​ការលើកឡើង​ពី​អ្នកជំនាញ​នានា។

    អគ្គនាយក​ក្រុមហ៊ុន Great Wall Cambodia លោក ពាង ម៉ាន់ ដែល​បាន​នាំចូល​រថយន្ត​មកពី​ប្រទេស​ចិន​បាន​ថ្លែង​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី8 កញ្ញា​នេះ​ថា ជាង​ជួសជុល​រថយន្ត​នៅតាម​យានដ្ឋាន​ជួសជុល​រថយន្តថ្មីៗភាគច្រើន​មិនមាន​ចំណេះដឹង​តាម​ទាន់​ការវិវឌ្ឍ​នៃ​បច្ចេកវិទ្យា និង​គ្រឿង Software របស់​រថយន្តទំនើបៗទាំង​នោះទេ ដោយសារ​ការ​ពិនិត្យមើល​រថយន្ត​បច្ចុប្បន្ន​សុទ្ធតែ​ធ្វើឡើង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​ប្រើប្រាស់​ភាសា​អង់គ្លេស​ជា​គោល​ទាំងអស់។ ហេតុនេះ​ប្រសិនជា​ការយល់ដឹង​របស់​គាត់​មាន​កម្រិត និង​មិន​បានទទួល​ការបណ្តុះបណ្តាល​ត្រឹមត្រូវ​ពួកគាត់​មិនអាច​ជួសជុល​រថយន្តទំនើបៗបានទេ។

    លោក​បន្តថា “ជាង​ទាំងនោះ​អាច​ជួសជុល​គ្រឿង​ក្រោម​បាន ប៉ុន្តែ​លក្ខណៈ​បច្ចេកទេស​យានយន្ត ពួកគេ​មិនសូវ​យល់ដឹង​នោះទេ ប៉ុន្តែ​បើជា​ង​ដែលមាន​បទពិសោធ​ចាប់ពី10ឆ្នាំ​ឡើងទៅ ពួកគេ​មាន​ជំនាញ​ច្បាស់លាស់​ហើយ។ លោក​បន្តថា “ជាង​ជួសជុល​រថយន្ត​ដែលមាន​បទពិសោធ​យូរ​ឆ្នាំ ពួកគេ​មាន​សមត្ថភាព​ខ្លាំង​ជាង​បើ​ធៀប​នឹង​ជាង​ជួសជុល​ជា​ជនជាតិ​បរទេស​ផង ដោយសារ​នៅ​ស្រុក​ខ្មែរ​មាន​រថយន្ត​ច្រើន​ប្រភេទ។

    ទោះជា​យ៉ាងណា យានដ្ឋាន​ជួសជុល​រថយន្ត​របស់​ក្រុមហ៊ុន​នាំចូល​រថយន្តថ្មីៗទាំងនោះ គឺ​ផ្តល់​សេវាកម្ម​ជួសជុល និង​ថែទាំ​រថយន្ត​ដែល​ពួកគេ​នាំចូល និង​រថយន្ត​ដែលមាន​ម៉ាក​ដូចគ្នា​នឹង​រថយន្ត​នៃ​ក្រុមហ៊ុន​ដែល​ពួកគេ​នាំចូល​តែប៉ុណ្ណោះ។

    អគ្គនាយក​ផ្នែក​បច្ចេកទេស​យានយន្ត​នៃ​ក្រុមហ៊ុន RMA Cambodia លោក​សេង វឹង បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា យានដ្ឋាន​ជួសជុល​រថយន្ត​បែប​ប្រពៃណី ជាង​ជួសជុល​រថយន្ត​ភាគច្រើន​រៀន​តាម​គ្នា និង​មិនសូវមាន​ការយល់ដឹង​ពី​ការវិវឌ្ឍ​នៃ​បច្ចេកវិទ្យាថ្មីៗនោះទេ​ដែល​ធ្វើ​ឲ្យ​ពួកគាត់​មិនអាច​ធ្វើការ​ជួសជុលរ​ថ​យន្ត​បាន​ត្រឹមត្រូវ​នោះទេ។ ជាក់ស្តែង​ជាង​របស់លោក​បាន​ចុះ​ទៅយក​រថយន្តទំនើបៗពី​យានដ្ឋាន​ជួសជុល​រថយន្ត​ជាច្រើនលើក​មកហើយ ដោយសារតែ​ជាង​នៅតាម​យានដ្ឋាន​ទាំងនោះ មិន​ទទួលបាន​ការបណ្តុះបណ្តាល​ត្រឹមត្រូវ។

    លោក​បន្តថា “ការជួសជុល​រថយន្ត​នៅ​យានដ្ឋាន​គ្មាន​ស្តង់ដារ​បង្ក​គ្រោះថ្នាក់​ណាស់​ដល់​ម្ចាស់​យានយន្ត ព្រោះ​ការជួសជុល​បច្ចុប្បន្ន​សុទ្ធ​តែ​ឆែក​មើល​តាម​ប្រព័ន្ធ​កុំ​ព្យ​ទ័​រ និង​ត្រូវ​ចេះ​ភាសា​អង់គ្លេស ដូច្នេះ​បើជា​ង​មិនចេះ​ជំនាញ​ទាំងនេះ ពួកគេ​រៀបចំ​ប្រព័ន្ធ​សុវត្ថិភាព​យានយន្ត​មិនបាន​ត្រឹមត្រូវ​នោះឡើយ។ លោក​បន្តថា “ខ្ញុំ​គិតថា វា​គ្រោះថ្នាក់​ណាស់​សម្រាប់​ម្ចាស់​យានយន្ត​ត្រូវយក​រថយន្ត​ទៅ​ជួសជុល​ដែល​ពេលខ្លះ​គ្រឿងបន្លាស់​របស់​ពួកគេ​មិន​ស៊ីគ្នា​នឹង​រថយន្ត​នោះឡើយ។

    លោក សេង វឹង បាន​បន្តថា សម្រាប់​យានដ្ឋាន​របស់​យើង គឺ​ជាង​ជួសជុល​ទាំងអស់ សុទ្ធតែ​ទទួលបាន​ការបណ្តុះបណ្តាល​នៅក្រៅ​ប្រទេស និង​ក្នុងស្រុក​ជា

    ប្រចាំ ព្រោះ​រថយន្តទំនើបៗមាន​បច្ចេកវិទ្យាថ្មីៗជាប់​រហូត ហេតុនេះ​យើង​ទាមទារ​ឲ្យ​មានការ​បណ្តុះបណ្តាល​ជាប់​ជាប្រចាំ​ទើប​ជាង​ទាំងអស់​អាចមាន​សមត្ថ​ភាព​ជួសជុល​យានយន្តទំនើបៗបាន និង​ប្រកបដោយ​ស្តង់ដារ​ត្រឹមត្រូវ៕